២១:៥៦
២៩.៣.២០២២
ថ្ងៃអង្គារ ទី២៩ ខែមីនា៖
- ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានពិភាក្សាជាមួយនឹងនាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lee Hsien Loong នៅសេតវិមាននៅថ្ងៃអង្គារនេះអំពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននិងអំពីតួនាទីរបស់ប្រទេសចិននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ លោក Biden បានប្រាប់អ្នកកាសែតនៅពេលលោកចាប់ផ្ដើមជំនួបនោះថា សហរដ្ឋអាមេរិកគាំទ្រការអនុវត្តយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់ខ្លួន បើទោះបីជានៅពេលបច្ចុប្បន្ននេះមានការផ្ដោតលើស្ថានការណ៍នៅអឺរ៉ុបក្នុងអំឡុងពេលដែលមានសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនក៏ដោយ។ លោកនិយាយដូច្នេះថា៖ «ទោះបីជាយើងកំពុងដោះស្រាយវិបត្តិនៅអឺរ៉ុបក៏ដោយ ក៏រដ្ឋបាលរបស់ខ្ញុំមានការគាំទ្រយ៉ាងមុតមាំចំពោះការងាកឱ្យបានឆាប់ទៅរកការអនុវត្តយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក»។ លោក Biden បានបញ្ជាក់ថា សហរដ្ឋអាមេរិក ជា «ប្រទេសដ៏មានមោទនភាពមួយនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក» ហើយលោកបានបន្ថែមថា លោកចង់ធានាថាតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនៅតែជាតំបន់ «សេរីនិងបើកចំហ»។ ចំណែកឯលោក Lee Hsien Loong វិញ បានជំរុញឱ្យមានទំនាក់ទំនងជិតស្និទ្ធរវាងសហរដ្ឋអាមេរិកនិងបណ្ដាប្រទេសអាស៊ាន (ASEAN) ដោយលោកបាននិយាយថា៖ «វាជួយធ្វើឱ្យសហរដ្ឋអាមេរិកមានវត្តមាននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងជួយឱ្យសហរដ្ឋអាមេរិកពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយនឹងមិត្តភក្តិជាច្រើននិងថែមទាំងពង្រឹងផលប្រយោជន៍ផ្នែកយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ផងដែរ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters និងទីភ្នាក់ងារព័ត៌មាន AFP។
- ចក្រភពអង់គ្លេសបានមានប្រតិកម្មនៅថ្ងៃអង្គារនេះ បន្ទាប់ពីរុស្ស៊ីបានបញ្ជាក់នៅក្រោយការចរចាសន្តិភាពជាមួយនឹងអ៊ុយក្រែននៅក្នុងប្រទេសតួកគីនៅថ្ងៃអង្គារនេះថា ខ្លួនមានបំណងកាត់បន្ថយការវាយប្រយុទ្ធនៅជុំវិញទីក្រុងពីររបស់អ៊ុយក្រែន។ អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានដូច្នេះថា៖ «យើងនឹងវិនិច្ឆ័យលើ [ប្រធានាធិបតីរុស្ស៊ី] លោក Vladimir Putin និងរបបដឹកនាំរបស់លោកតាមរយៈសកម្មភាពរបស់លោក មិនមែនតាមរយៈពាក្យសម្ដីរបស់លោកនោះទេ។ យើងមិនចង់ឃើញអ្វីដែលតិចជាងការដកកងទ័ពរបស់រុស្ស៊ីទាំងស្រុងចេញពីទឹកដីអ៊ុយក្រែននោះឡើយ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បាននិយាយនៅថ្ងៃអង្គារនេះថា សហរដ្ឋអាមេរិកនៅមិនច្បាស់ក្នុងចិត្តថាតើរុស្ស៊ីពិតជាម៉ឺងម៉ាត់នៅក្នុងការចរចាជាមួយអ៊ុយក្រែនពិតប្រាកដមែនឬក៏យ៉ាងណានោះ។ លោក Blinken ថ្លែងដូច្នេះ បន្ទាប់ពីមានសេចក្ដីរាយការណ៍ដែលថាមានការវិវឌ្ឍន៍ទៅមុខនៃការចរចារវាងរុស្ស៊ីនិងអ៊ុយក្រែននៅក្នុងប្រទេសតួកគីនៅថ្ងៃអង្គារនេះ។ លោកថ្លែងនៅក្នុងសន្និសីទកាសែតមួយនៅក្នុងប្រទេសម៉ារ៉ុកថា៖ «ខ្ញុំមិនឃើញមានអ្វីដែលបង្ហាញថា ចំណុចនេះនឹងវិវត្តទៅមុខប្រកបដោយប្រសិទ្ធភាពនោះទេ ដោយសារតែយើងមិនបានឃើញមានសញ្ញាណាមួយ» ដែលបង្ហាញឱ្យឃើញថារុស្ស៊ី «មានការម៉ឺងម៉ាត់ពិតប្រាកដ» ចំពោះរឿងនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- ប្រទេសបែលហ្ស៊ិក ហូឡង់ និងអៀរឡង់ ដែលជាសមាជិកសហភាពអឺរ៉ុប បានប្រកាសនៅថ្ងៃអង្គារនេះអំពីការបណ្ដេញមន្ត្រីការទូតរុស្ស៊ីរាប់សិបនាក់ចេញពីប្រទេសក្រោមបទចោទប្រកាន់ថាបានប្រព្រឹត្តិអំពើចារកម្ម។ រដ្ឋមន្ត្រីការបរទេសបែលហ្ស៊ិកលោកស្រី Sophie Wilmes បាននិយាយថា ប្រទេសរបស់លោកស្រីបានបណ្ដេញមន្ត្រីការទូតរុស្ស៊ី ២១ នាក់ ចេញពីប្រទេស ដោយទុកពេលឱ្យមន្ត្រីទាំងនោះពីរសប្ដាហ៍ដើម្បីចាកចេញ។ រីឯក្រសួងការបរទេសហូឡង់វិញបានបញ្ជាក់ថា ខ្លួនបានបណ្ដេញមន្ត្រីការទូតរុស្ស៊ី ១៧ នាក់ ចេញពីប្រទេស ដោយសារតែមន្ត្រីទាំងនោះបានដើរតួជាមន្ត្រីស៊ើបការណ៍ «យ៉ាងសកម្មដោយសម្ងាត់»។ ចំណែកឯក្រសួងការបរទេសអៀរឡង់វិញបានលើកឡើងថា ខ្លួនបានប្រាប់ «មន្ត្រីជាន់ខ្ពស់» ៤ នាក់នៃស្ថានទូតរុស្ស៊ីនៅក្នុងទីក្រុងឌុយប្លាំងឱ្យចាកចេញ ដោយសារមន្ត្រីទាំងនោះមានការពាក់ព័ន្ធនឹងសកម្មភាព «មិនស្របតាមបទដ្ឋានអន្តរជាតិនៃឥរិយាបថការទូត»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- ប្រទេសរុស្ស៊ីបានសងសឹកនៅថ្ងៃអង្គារនេះនៅក្នុងអ្វីដែលខ្លួនហៅថាជា «សង្គ្រាមសេដ្ឋកិច្ច» ជាមួយក្រុមបស្ចិមប្រទេស ដោយខ្លួនបានស្នើទិញត្រឡប់មកវិញជាប្រាក់រូបមិនមែនប្រាក់ដុល្លារអាមេរិកនូវសញ្ញាបណ្ណអឺរ៉ូចំនួន ២ ពាន់លានដុល្លារអាមេរិកនៅខែក្រោយ។ ក្រសួងហិរញ្ញវត្ថុរុស្ស៊ីបានស្នើដូច្នេះ បន្ទាប់ពីក្រុមបស្ចិមប្រទេសបានចាត់វិធានការបន្តឹងការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ីទាក់ទិននឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- សេតវិមានបានបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានពិភាក្សាអំពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយនឹងសម្ព័ន្ធមិត្តបស្ចិមប្រទេសសំខាន់ៗនៅអឺរ៉ុបនៅថ្ងៃអង្គារនេះ។ លោក Biden បាននិយាយទូរសព្ទនៅម៉ោង៩និង១៥នាទីព្រឹកត្រូវនឹងម៉ោង១និង១៥នាទីរសៀលតាមម៉ោងសាកលជាមួយពួកមេដឹកនាំអង់គ្លស បារាំង អាល្លឺម៉ង់និងអ៊ីតាលីដើម្បី«ពិភាក្សាគ្នាអំពីព្រឹត្តិការណ៍ថ្មីៗបំផុតនៃការលុកលុយរបស់រុស្ស៊ីក្នុងអ៊ុយក្រែន»នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- ក្រសួងការបរទេសអ៊ុយក្រែននៅថ្ងៃអង្គារនេះបានផ្សព្វផ្សាយអំពីការប៉ាន់ប្រមាណរបស់ខ្លួនអំពីការបាត់បង់របស់រុស្ស៊ីនៅសមរភូមិ តាំងពីពេលដែលរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈមក។ អ៊ុយក្រែនថា ទាហានរុស្ស៊ីចំនួន ១៧.២០០ នាក់ត្រូវបានសម្លាប់ និងសព្វាវុធផ្សេងៗជាច្រើនទៀតត្រូវបានបំផ្លាញ។
- សមាជិក ១២ រូបនៃគណៈកម្មាធិការទំនាក់ទំនងបរទេសនៃព្រឹទ្ធសភាសហរដ្ឋអាមេរិកបានជំរុញរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ឱ្យជំរុញឱ្យមានការដករុស្ស៊ីចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដោយលើកឡើងអំពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ នៅក្នុងលិខិតមួយច្បាប់កាលពីថ្ងៃចន្ទ ដែលទីភ្នាក់ងារព័ត៌មាន Reuters ទទួលបាន សមាជិកគណៈកម្មាធិការនោះខាងគណបក្សប្រជាធិបតេយ្យចំនួន ៨ រូប និងខាងគណបក្សសាធារណរដ្ឋចំនួន ៤ រូប បានស្នើឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិលោកស្រី Linda Thomas-Greenfield ឱ្យស្នើសេចក្ដីសម្រេចមួយដករុស្ស៊ីចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដោយលើកឡើងអំពីករណីស្លាប់និងរងគ្រោះជាច្រើននៅក្នុងប្រទេសអ៊ុយក្រែននិងការបំផ្លិចបំផ្លាញអាគារស្នាក់នៅរបស់ពលរដ្ឋ មន្ទីពេទ្យ និងសាលារៀននានា។
- រដ្ឋាភិបាលរុស្ស៊ីបានបញ្ជាក់នៅថ្ងៃអង្គារនេះថា ប្រទេសរុស្ស៊ីនិងសហរដ្ឋអាមេរិកចាំបាច់ត្រូវពិភាក្សាគ្នាអំពីបញ្ហាសន្តិសុខមិនយូរមិនឆាប់នៅពេលខាងមុខ ប៉ុន្តែទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងប៉ះពាល់ដោយចៀសមិនផុតដោយសារ «ការប្រមាថជាលក្ខណៈបុគ្គល» របស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ចំពោះប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- លោក Vladimir Medinsky ប្រធានក្រុមចរចារបស់រុស្ស៊ី បាននិយាយនៅថ្ងៃអង្គារនេះថា សំណើរបស់រដ្ឋាភិបាលអ៊ុយក្រែនចំពោះរដ្ឋាភិបាលរុស្ស៊ីនៅក្នុងការចរចាសន្តិភាពក្នុងទីក្រុង Istanbul ប្រទេសតួកគី នៅថ្ងៃអង្គារនេះ បានបញ្ចូលសំណើមួយដែលថា រុស្ស៊ីនឹងមិនប្រឆាំងនឹងការចូលជាសមាជិករបស់អ៊ុយក្រែននៅក្នុងសហភាពអឺរ៉ុបនោះទេ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ក្រសួងការបរទេសតួកគីបានបញ្ជាក់ថា ការចរចាសន្តិភាពរវាងក្រុមចរចារុស្ស៊ីនិងក្រុមចរចាអ៊ុយក្រែននៅក្នុងទីក្រុង Istanbul ប្រទេសតួកគីនៅថ្ងៃអង្គារនេះនឹងមិនបន្តនៅថ្ងៃទីពីរនោះទេ។ អនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីមួយរូបបាននិយាយនៅមុនពេលនេះថា រុស្ស៊ីបានសម្រេចកាត់បន្ថយឱ្យបានច្រើនបំផុតនូវសកម្មភាពយោធារបស់ខ្លួននៅជុំវិញទីក្រុងកៀវនិងទីក្រុង Chernihiv ក្នុងប្រទេសអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋមន្ត្រីការបរទេសតួកគីលោក Mevlut Cavusoglu បាននិយាយថា ការចរចានៅថ្ងៃអង្គារនេះរវាងរុស្ស៊ីនិងអ៊ុយក្រែននៅក្នុងទីក្រុង Istanbul ប្រទេសតួកគី មាន «ដំណើរវិវឌ្ឍន៍គួរឱ្យកត់សម្គាល់បំផុត» តាំងពីសង្គ្រាមបានផ្ទុះឡើងរវាងប្រទេសទាំងពីរមក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- នៅក្នុងការចរចាសន្តិភាពរវាងអ៊ុយក្រែននិងរុស្ស៊ីនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុលនៃប្រទេសតួកគី ដែលទើបនឹងបញ្ចប់នៅថ្ងៃអង្គារនេះ គណៈប្រតិភូអ៊ុយក្រែនបានស្នើអនុវត្តឋានៈភាពអព្យា ក្រឹតសម្រាប់ប្រទេសអ៊ុយក្រែនជាថ្នូរនឹងការធានាផ្នែកសន្តិសុខ។ ចំណុចនេះមានន័យថា អ៊ុយក្រែននឹងមិនចូលជាសមាជិករបស់អង្គការអូតង់(NATO) ឬក៏ទទួលដាក់មូលដ្ឋានយោធាណាមួយឡើយ។ នេះបើតាមការបញ្ជាក់របស់ក្រុមអ្នកចរចាអ៊ុយក្រែន។ ក្រុមអ្នកចរចាអ៊ុយ ក្រែននោះ បានលើកឡើងថា សំណើនេះក៏បានបញ្ជាក់ផងដែរអំពីដំណាក់កាលប្រឹក្សារយៈ ពេល១៥ឆ្នាំ អំពីឋានៈភាពរបស់តំបន់ Crimea ដែលរុស្ស៊ីបានភ្ជាប់យកជាផ្នែកមួយរបស់ខ្លួនកាលពីឆ្នាំ២០១៤ ហើយសំណើនេះនឹងចូលជាធរមានពេញលេញនៅពេលណាដែលមានបទឈប់បាញ់គ្នាទាំងស្រុងតែប៉ុណ្ណោះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានបញ្ជាក់នៅថ្ងៃអង្គារនេះថា ការ ឡោមព័ទ្ធរបស់រុស្ស៊ីលើទីក្រុង Mariupol ដែលជាទីក្រុងកំពង់ផែរបស់អ៊ុយក្រែនជា «ឧក្រិដ្ឋ កម្មប្រឆាំងនឹងមនុស្សជាតិ»។ លោក Zelenskyy បានថ្លែងទៅកាន់សភាប្រ ទេសដាណឺម៉ាកតាមរយៈសុន្ទរកថាជាវីដេអូថា៖ «អ្វីដែលកងទ័ពរុស្ស៊ីកំពុងធ្វើចំពោះទីក្រុង Mariupol គឺជាឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ដែលកំពុងកើតឡើងផ្ទាល់ជាក់ស្ដែងនៅចំពីមុខមនុស្សទាំងអស់នៅលើពិភពលោក»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- រដ្ឋាភិបាលរុស្ស៊ីបានបញ្ជាក់នៅថ្ងៃអង្គារនេះថា ខ្លួនបានបណ្ដេញមន្ត្រីការទូតមកពីប្រទេសឡេតូនី លីទុយអានី និងអេស្តូនីចំនួន១០នាក់ចេញពីប្រទេស។ នេះគឺជាវិធាន ការសងសឹកទៅវិញទៅមកមួយ បន្ទាប់ពីប្រទេសទាំងនោះបានបណ្ដេញមន្ត្រីការទូតរុស្ស៊ីចេញពីប្រទេសដោយសារតែរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- ក្រសួងការបរទេសរុស្ស៊ីនៅថ្ងៃអង្គារនេះបានចោទប្រកាន់សហរដ្ឋអាមេរិកថា បានដឹកនាំកិច្ចប្រតិបត្តិការបណ្តាញអ៊ីនធឺណិតដ៏ធំមួយសំដៅលើស្ថាប័នរដ្ឋរបស់រុស្ស៊ីជារៀង រាល់ថ្ងៃ និងបានបញ្ជាក់ថា ខ្លួននឹងស្វែងរកអ្នកដែលទទួលខុសត្រូវចំពោះ «ភាពគឃ្លើនតាមបណ្តាញអ៊ីនធឺណិត» នេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ក្រសួងពាណិជ្ជកម្មជប៉ុនបានបញ្ជាក់នៅថ្ងៃអង្គារនេះថា ជប៉ុន នឹងហាមឃាត់ការនាំ ចេញរថយន្តទំនើបនិងទំនិញប្រណិតផ្សេងៗទៀតទៅកាន់ប្រទេសរុស្ស៊ី ចាប់ពីថ្ងៃទី៥ ខែមេសាខាងមុខនេះតទៅ ដែលនេះជាការឆ្លើយតបនៅពេលថ្មីៗបំផុតរបស់ខ្លួនចំពោះការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- មន្ត្រីជាន់ខ្ពស់មួយរូបនៃរដ្ឋាភិបាលអាមេរិកបាននិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden មានគម្រោងពិភាក្សាជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lee Hsien Loong នៅសេតវិមាននៅថ្ងៃអង្គារនេះ អំពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយ ក្រែននិងអំពីតួនាទីរបស់ប្រទេសចិននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ មន្ត្រីជាន់ខ្ពស់រូបនេះដែលថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា សហរដ្ឋអាមេរិកសប្បាយចិត្តជាមួយនឹងការ សម្រេចចិត្តរបស់ប្រទេសសិង្ហបុរីនៅក្នុងការដាក់ទណ្ឌកម្មលើរុស្ស៊ីនិងដាក់កំហិតលើការនាំ ចេញទៅរុស្ស៊ីទាក់ទិននឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីខែមុន។ មន្ត្រីរូបនោះបានថ្លែងដូច្នេះថា៖ «សហរដ្ឋអាមេរិកសប្បាយចិត្តខ្លាំងណាស់ជាមួយនឹងអ្វីដែលប្រទេសសិង្ហបុរីបានធ្វើ ហើយខ្ញុំគិតថា ចំណុចសំខាន់គឺការបន្តស្វែងរកវិធីដែលយើងអាចពង្រីកកិច្ច សហប្រតិបត្តិការរបស់យើងបានលើបញ្ហានេះនិងបញ្ហាផ្សេងៗទៀត»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- លោកស្រី Jens Laerke អ្នកនាំពាក្យការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្រប សម្រួលកិច្ចការមនុស្សធម៌(OCHA) បានបញ្ជាក់នៅថ្ងៃអង្គារនេះថា ទីភ្នាក់ងារជំនួយមនុស្ស ធម៌នានារបស់អង្គការសហប្រជាជាតិ បានជួយពលរដ្ឋរហូតដល់៩ សែននាក់នៅក្នុងប្រទេសអ៊ុយក្រែននាពេលកន្លងមក ប៉ុន្តែភាគីជម្លោះត្រូវតែធានាសុវត្ថិភាពចំពោះប្រតិបត្តិការរបស់ទីភ្នាក់ងារទាំងនោះ ដើម្បីឱ្យពួកគេអាចធ្វើកិច្ចការជួយជនស៊ីវិលនេះបានបន្ថែមទៀត។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- គណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) បានអំពាវនាវនៅថ្ងៃអង្គារនេះឱ្យប្រ ទេសអ៊ុយក្រែននិងប្រទេសរុស្ស៊ីសម្រេចឱ្យបានកិច្ចព្រមព្រៀងច្បាស់លាស់មួយសម្រាប់ការជម្លៀសជនស៊ីវិលចេញដោយសុវត្ថិភាពពីទីក្រុង Mariupol និងកន្លែងផ្សេងៗទៀតនៅពេលដែលការផ្គត់ផ្គង់សំខាន់នានាមិនមាននៅសល់។
- ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានបញ្ជាក់នៅថ្ងៃអង្គារនេះថា អគ្គលេខាធិ ការរបស់ខ្លួនបានធ្វើដំណើរទៅដល់ប្រទេសអ៊ុយក្រែនដើម្បីពិភាក្សាជាមួយនឹងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអ៊ុយក្រែនអំពីការផ្ដល់ «ជំនួយបច្ចេកទេសបន្ទាន់» ដើម្បីធានាសុវត្ថិភាពនៃរោង ចក្រនុយក្លេអ៊ែរនានារបស់អ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AP។
- ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានអំពាវនាវនៅថ្ងៃអង្គារនេះឱ្យមានកិច្ចឈប់បាញ់គ្នាជាបន្ទាន់មួយ និងថា ភាគីទាំងពីរមានការទទួលខុសត្រូវក្នុង «ការបញ្ឈប់សោកនាដកម្មនេះ»។ លោក Erdogan បានលើកឡើងដូច្នេះនៅក្នុងសុន្ទ រកថាមួយតាមទូរ ទស្សន៍ មុនការចរចារវាងគណៈប្រតិភូរុស្ស៊ីនិងគណៈប្រតិភូអ៊ុយ ក្រែនចូលមកដល់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba នៅថ្ងៃអង្គារនេះបានជំរុញនៅលើ Twitter ឱ្យ «ប្រទេសនានានៅជុំវិញពិភពលោក» ចាត់ទុកជាបទឧក្រិដ្ឋចំពោះ «ការប្រើអក្សរ «Z» ជានិមិត្តសញ្ញាតំណាងឱ្យការគាំទ្រជាសាធារណៈលើសង្គ្រាមរបស់រុស្ស៊ី»។ កន្លងមក គេសង្កេតឃើញថា អក្សរ «Z» ត្រូវបានប្រើជាសញ្ញាសំគាល់នៅលើរថយន្តរបស់យោធារុស្ស៊ីដែលចូលរួមនៅក្នុងសង្គ្រាមនៅអ៊ុយក្រែន ហើយអក្សរ «Z» នេះត្រូវបានពលរដ្ឋរុស្ស៊ីដែលគាំទ្រសង្គ្រាមយកមកប្រើនៅលើទង់និងនៅឯការជួបជុំគាំទ្ររដ្ឋាភិបាលរុស្ស៊ី។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រធានគណៈកម្មការសុខាភិបាលនៃសហភាពអឺរ៉ុបបានបញ្ជាក់នៅថ្ងៃអង្គារនេះថា សហ ភាពអឺរ៉ុបកំពុងបង្កើតមណ្ឌលនានានៅតាមព្រំដែននៃប្រទេសជាសមាជិករបស់ខ្លួនដែលជាប់នឹងប្រទេសអ៊ុយក្រែនដើម្បីទទួលនិងសម្របសម្រួលបែងចែកជនភៀសខ្លួនដែលត្រូវការសេវាសុខាភិបាលទៅឱ្យប្រទេសជាសមាជិកដែលអាចផ្ដល់សេវាព្យា បាលបានល្អចំពោះអ្នកទាំងនោះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- នៅក្នុងរបាយការណ៍ប្រតិបត្តិការមួយ កងទ័ពអ៊ុយក្រែនបាននិយាយថា ខ្លួនបានវាយរុញ ច្រានការវាយប្រហាររបស់រុស្ស៊ីបាន៧ដងកាលពីថ្ងៃចន្ទ។ របាយការណ៍របស់អ៊ុយ ក្រែននេះបានបញ្ជាក់ទៀតថា កងទ័ពអ៊ុយក្រែន បានបំផ្លាញរថក្រោះរុស្ស៊ី១២ គ្រឿងនិងរថយន្តចម្បាំង ១០គ្រឿង ហើយកងទ័ពអាកាសរបស់អ៊ុយក្រែន បានវាយចំគោលដៅចំនួន១៧កន្លែង។ នេះបើយោងតាមសេចក្ដីសង្ខេបមួយដែលផ្ដល់ឱ្យកាសែតThe Guardian របស់ចក្រភពអង់គ្លេស។
- រដ្ឋាភិបាលរុស្ស៊ីនៅថ្ងៃអង្គារនេះបានច្រានចោលនូវសេចក្ដីរាយការណ៍ដែលថា ម្ចាស់ក្លឹបបាល់ទាត់ Chelsea លោក Roman Abramovich ត្រូវបានបំពុល នៅពេលចូលរួមនៅក្នុងការចរចាសន្តិភាពជាមួយអ៊ុយក្រែន។ កាសែត The Wall Street Journal បានរាយការណ៍កាល ពីថ្ងៃចន្ទថា លោក Abramovich និងក្រុមអ្នកចរចាអ៊ុយក្រែនបានរងការវាយប្រហារដោយការបំពុលដែលគេសង្ស័យ ដែលអាចធ្វើឡើងដោយក្រុមជ្រុលនិយមនៃរដ្ឋាភិបាលរុស្ស៊ីដែលមានបំណងបំផ្លាញដល់ការចរចាសន្តិភាពនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- សមាជិកគណៈប្រតិភូដែលនឹងចូលរួមនៅក្នុងការចរចាសន្តិភាពរវាងអ៊ុយក្រែននិងរុស្ស៊ីមានរោគសញ្ញាមួយចំនួនដែលគេសង្ស័យថាបណ្ដាលមកពីការបំពុល បន្ទាប់ពីបានចូលរួមនៅក្នុងការប្រជុំមួយនៅក្នុងទីក្រុងកៀវ ប្រទេសអ៊ុយក្រែនកាលពីដើមខែនេះ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់កាសែត The Wall Street Journal កាលពីថ្ងៃចន្ទ។
២៣:៥៥
៣០.៣.២០២២
ថ្ងៃពុធ ទី ៣០ ខែមីនា៖
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានសរសេរនៅលើ Twitter ថា លោកបានពិភាក្សាអំពីការគាំទ្រផ្នែកការពារជាក់លាក់ជាមួយនឹងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នៅក្នុងការសន្ទនាតាមទូរស័ព្ទរយៈពេលមួយម៉ោងនៅថ្ងៃពុធនេះ។ លោក Zelenskyy បានបន្ថែមថា លោកទាំងពីរក៏បានពិភាក្សាគ្នាផងដែរអំពីកញ្ចប់ទណ្ឌកម្មថ្មីដែលនឹងដាក់លើរុស្ស៊ី និងអំពីជំនួយផ្នែកហិរញ្ញវត្ថុនិងផ្នែកមនុស្សធម៌សម្រាប់អ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បាននិយាយនៅថ្ងៃពុធនេះថា លោកបានពិភាក្សាអំពីបញ្ហាអ៊ីរ៉ង់និងសង្គ្រាមនៅអ៊ុយក្រែននៅក្នុងជំនួបជាមួយនឹងព្រះអង្គម្ចាស់រជ្ជទាយាទ Sheikh Mohammed bin Zayed al-Nahyan នៃប្រទេសអេមីរ៉ាតអារ៉ាប់រួមនៅក្នុងប្រទេសម៉ារ៉ុកកាលពីថ្ងៃអង្គារ ប៉ុន្តែមិនបានផ្ដោតសំខាន់លើបញ្ហាថាមពលនោះទេ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រភពពីសហភាពអឺរ៉ុបបានបញ្ជាប់ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធនេះថា គណៈកម្មការអឺរ៉ុបនៃសហភាពអឺរ៉ុបត្រៀមលក្ខណៈរួចរាល់នៅក្នុងការដាក់ទណ្ឌកម្មថ្មីលើរដ្ឋាភិបាលរុស្ស៊ីទាក់ទិននឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ដោយទំហំនៃទណ្ឌកម្មថ្មីនេះគឺអាស្រ័យលើគោលជំហររបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដែលចង់ឱ្យប្រទេសដែលលោកហៅថាជា «ប្រទេសអមិត្ត» ទិញប្រេងឥន្ធនៈពីខ្លួនបង់ប្រាក់ជាប្រាក់រូបរបស់រុស្ស៊ី។ ប្រភពពីរដែលផ្ដល់ព័ត៌មាននេះបានបញ្ជាក់ថា កញ្ចប់ទណ្ឌកម្មថ្មីរបស់សហភាពអឺរ៉ុបនេះនឹងអាចរួចរាល់នៅដើមសប្ដាហ៍ក្រោយ។
- នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Boris Johnson បាននិយាយនៅថ្ងៃពុធនេះថា បណ្ដាមហាអំណាចបស្ចិមប្រទេសគួរតែបន្ដឹងទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី រហូតទាល់តែរុស្ស៊ីដកកងទ័ពរបស់ខ្លួនទាំងអស់ចេញពីប្រទេសអ៊ុយក្រែន។ នៅក្នុងសវនាការមួយរបស់រដ្ឋសភាចក្រភពអង់គ្លេស លោក Johnson បានបញ្ជាក់ប្រាប់សមាជិកសភាថា ការដកទណ្ឌកម្មរបស់ក្រុមប្រទេស G-7 ដើម្បីជាថ្នូរនឹងការទទួលបានការឈប់វាយប្រយុទ្ធរបស់រុស្ស៊ីនៅអ៊ុយក្រែនគឺនឹង «ធ្លាក់ចូលទៅក្នុងយុទ្ធសាស្ត្ររបស់ [ប្រធានាធិបតីរុស្ស៊ី] លោក Vladimir Putin»។ លោក Johnson បានបន្ថែមថា៖ «ទស្សនៈរបស់ខ្ញុំគឺថា យើងគួរតែបង្កើនការដាក់ទណ្ឌកម្មមួយម្ដងៗរហូតទាល់តែទាហានរបស់លោក Putin ទាំងអស់ដកចេញពីអ៊ុយក្រែន»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- នាយឧត្តមសេនីយ៍កងទ័ពជើងអាកាសសហរដ្ឋអាមេរិកលោក Tod Wolters ដែលកាន់ដំណែងជាអគ្គមេបញ្ជាការសម្ព័ន្ធមិត្តកំពូលរបស់អង្គការអូតង់នៅទ្វីបអឺរ៉ុប បានបញ្ជាក់ប្រាប់សភាសហរដ្ឋអាមេរិកនៅថ្ងៃពុធនេះថា ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនគួរតែជំរុញឱ្យមានការពិនិត្យឡើងវិញនូវវត្តមានអចិន្ត្រៃយ៍របស់អង្គការអូតង់ (NATO) នៅតំបន់អឺរ៉ុបខាងកើត។ លោក Wolters បានតបទៅនឹងសំណួរអំពីលទ្ធភាពនៃការមានវត្តមានអចិន្ត្រៃយ៍ជាងមុនរបស់កងទ័ពអាមេរិកនៅតំបន់បាល់ទិកនិងកន្លែងផ្សេងទៀតថា៖ «វាត្រូវតែផ្លាស់ប្ដូរ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- លោក Mykhailo Podolyak ទីប្រឹក្សារបស់ប្រធានាធិបតីអ៊ុយក្រែន បាននិយាយនៅថ្ងៃពុធនេះថា កងទ័ពរុស្ស៊ីត្រូវតែដកចេញទៅកាន់កន្លែងដើមវិញមុនការឈ្លានពានរបស់ខ្លួនថ្ងៃទី ២៤ ខែកុម្ភៈ ដើម្បីបើកផ្លូវឱ្យមានកិច្ចព្រមព្រៀងសន្តិភាពណាមួយដែលនឹងដាក់ឱ្យមានការបោះឆ្នោតប្រជាមតិថ្នាក់ជាតិ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Associated Press។ លោក Podolyak បានបញ្ជាក់នៅក្នុងការជូនដំណឹងតាមអនឡាញមួយថា កិច្ចព្រមព្រៀងស្ដីពីការធានាសន្តិសុខពហុភាគីសម្រាប់ប្រទេសអ៊ុយក្រែនគឺជាផ្នែកដ៏សំខាន់មួយនៃចំណុចផ្សេងៗដែលនឹងត្រូវពិភាក្សា។
- លោក Vladimir Medinsky ប្រធានក្រុមចរចារបស់រុស្ស៊ីដែលបានចូលរួមចរចាជាមួយអ៊ុយក្រែនកាលពីថ្ងៃអង្គារ បាននិយាយនៅថ្ងៃពុធនេះថា រដ្ឋាភិបាលអ៊ុយក្រែនបានបង្ហាញឆន្ទៈនៅក្នុងការបំពេញតាមតម្រូវការរបស់រុស្ស៊ី។ ប៉ុន្តែលោកថា គោលជំហររបស់រុស្ស៊ីចំពោះតំបន់ Donbas និងតំបន់ Crimea គឺនៅដដែលមិនប្រែប្រួលនោះទេ។ លោក Medinsky បាននិយាយតាមទូរទស្សន៍របស់រុស្ស៊ីថា អ៊ុយក្រែនបានបញ្ជាក់ជាលាយលក្ខណ៍អក្សរថា ខ្លួនមានឆន្ទៈនៅក្នុងការលះបង់មហិច្ឆតាចូលជាសមាជិករបស់អង្គការអូតង់ (NATO) អនុវត្តតាមឋានៈអព្យាក្រឹត្យ លះបង់ចោលនូវអាវុធនុយក្លេអ៊ែរនិងអាវុធប្រល័យលោកផ្សេងៗទៀត និងប្ដេជ្ញាមិនឱ្យមានកងទ័ពឬមូលដ្ឋានយោធាណាមួយនៅលើទឹកដីអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋាភិបាលអ៊ុយក្រែននិងគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) បានបញ្ជាក់នៅថ្ងៃពុធនេះថា កងកម្លាំងរុស្ស៊ីបានវាយប្រហារចំអគារកាកបាទក្រហមមួយកន្លែងនៅក្នុងទីក្រុង Mariupol ដែលជាទីក្រុងឡោមព័ទ្ធដោយកងទ័ពរុស្ស៊ីនិងរងការបំផ្លិចបំផ្លាញនៅភាគខាងត្បូងប្រទេសអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy នៅថ្ងៃពុធនេះបានអំពាវនាវឱ្យមានការចូលរួមនៅទូទាំងពិភពលោកនៅក្នុងព្រឹត្តិការណ៍ «ក្រោកឈរដើម្បីអ៊ុយក្រែន (Stand Up For Ukraine)»នាពេលខាងមុខ។ ព្រឹត្តិការណ៍នេះមានគោលបំណងរៃអង្គាសថវិកាសម្រាប់ប្រជាពលរដ្ឋអ៊ុយក្រែនដែលរងគ្រោះដោយសារសង្គ្រាម។ កិច្ចប្រជុំសន្យាផ្ដល់ជំនួយមនុស្សធម៌តាមអនឡាញនេះនឹងធ្វើឡើងនៅថ្ងៃទី ៩ ខែមេសា និងរៀបចំឡើងដោយប្រធានគណៈកម្មការសហភាពអឺរ៉ុបអ្នកស្រី Ursula von der Leyen និងនាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau ក្នុងកិច្ចសហប្រតិបត្តិការជាមួយអង្គការ Global Citizen របស់សកម្មជន។
- ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅថ្ងៃពុធនេះបានតែងតាំងចៅក្រមជនជាតិន័រវែសម្នាក់ ដែលធ្លាប់ធ្វើជាចៅក្រមនៅក្នុងតុលាការអន្តរជាតិមួយចំនួន ឱ្យដឹកនាំការស៊ើបអង្កេតលើការរំលោភបំពាននានាដែលប្រព្រឹត្តឡើងនៅក្នុងសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។ ចៅក្រមនោះគឺលោក Erik Mose ដែលជាអតីតចៅក្រមនៃតុលាការកំពូលប្រទេសន័រវែសនិងជាអតីតចៅក្រមនៃតុលាការសិទ្ធិមនុស្សអឺរ៉ុប (ECHR) និងធ្លាប់ធ្វើជាប្រធានតុលាការព្រហ្មទណ្ឌអន្តរជាតិសម្រាប់ប្រទេសរវ៉ាន់ដា (ICTR)។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- ប្រធានទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Rafael Grossi បានធ្វើទស្សនកិច្ចទៅកាន់រោងចក្រថាមពលនុយក្លេអ៊ែរនៅភាគខាងត្បូងប្រទេសអ៊ុយក្រែននៅថ្ងៃពុធនេះ។ លោកបានសរសេរនៅលើ Twitter នៅថ្ងៃពុធនេះថា៖ «ខ្ញុំកំពុងស្ថិតនៅរោងចក្រថាមពលនុយក្លេអ៊ែរនៅភាគខាងត្បូងអ៊ុយក្រែន (South Ukraine Power Plant) ដើម្បីជួបពិភាក្សាជាមួយនឹងមន្ត្រីនិងបុគ្គលិករដ្ឋាភិបាលអ៊ុយក្រែន និងដើម្បីចាប់ផ្ដើមការជួយជ្រោមជ្រែងផ្នែកបច្ចេកទេសរបស់ទីភ្នាក់ងារ IAEA ដើម្បីសុវត្ថិភាពនិងសន្តិសុខរបស់រោងចក្រនុយក្លេអ៊ែរអ៊ុយក្រែន»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- ទីភ្នាក់ងារព័ត៌មាន RIA របស់រុស្ស៊ីបានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បាននិយាយនៅថ្ងៃពុធនេះថា រដ្ឋាភិបាលរុស្ស៊ីនឹងធ្វើការជាមួយនឹងប្រទេសអ៊ីរ៉ង់ដើម្បីចាត់វិធានការជាក់ស្ដែងក្នុងកិច្ចប្រឹងប្រែងគេចពីទណ្ឌកម្មរបស់ក្រុមបស្ចិមប្រទេស។ គេនៅមិនទាន់ច្បាស់នៅឡើយទេថា តើទណ្ឌកម្មដែលលោក Lavrov លើកឡើងចង់សំដៅលើទណ្ឌកម្មប្រឆាំងនឹងតែរុស្ស៊ី ឬក៏សំដៅផងដែរលើទណ្ឌកម្មដែលក្រុមបស្ចិមប្រទេសដាក់លើប្រទេសអ៊ីរ៉ង់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- អង្គការសហប្រជាជាតិបានបញ្ជាក់នៅថ្ងៃពុធនេះថា ឥឡូវនេះ ពលរដ្ឋអ៊ុយក្រែនជាង ៤ លាននាក់បានភៀសខ្លួនពីប្រទេស ដើម្បីគេចចេញពី «សង្គ្រាមឆ្កួតលីលា» របស់រុស្ស៊ី។ លោក Filippo Grandi ប្រធានឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការជនភៀសខ្លួន (UNHCR) បានបញ្ជាក់នៅលើ Twitter ថា៖ «ជនភៀសខ្លួនមកពីប្រទេសអ៊ុយក្រែនឥឡូវនេះមានចំនួន ៤ លាននាក់ហើយ គឺ ៥ សប្ដាហ៍ បន្ទាប់ពីរុស្ស៊ីបានចាប់ផ្ដើមវាយប្រហារ [លើអ៊ុយក្រែន]»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- ខុទ្ទកាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីតាលីបានបញ្ជាក់ថា នាយករដ្ឋមន្ត្រីអ៊ីតាលីលោក Mario Draghi នឹងពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅថ្ងៃពុធនេះ។ លោក Draghi បាននិយាយកាលពីថ្ងៃសុក្រសប្ដាហ៍មុនថា លោកមានគម្រោងពិភាក្សាជាមួយនឹងលោក Putin អំពីសង្គ្រាមនៅអ៊ុយក្រែន។ កាលពីដើមសប្ដាហ៍នេះ លោក Draghi បាននិយាយជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ដោយបញ្ជាក់សារជាថ្មីអំពីការគាំទ្ររបស់រដ្ឋាភិបាលអ៊ីតាលីចំពោះអាជ្ញាធរនិងប្រជាពលរដ្ឋអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋាភិបាលតៃវ៉ាន់បានបញ្ជាក់នៅថ្ងៃពុធនេះដោយយោងលើការប្រជុំរបស់ទីប្រឹក្សាជាន់ខ្ពស់របស់ខ្លួនថា ការធ្វើសង្គ្រាមមិនបានល្អរបស់រុស្ស៊ីនៅអ៊ុយក្រែននឹងធ្វើឱ្យប្រទេសចិនកាន់តែមានការប្រយ័ត្នប្រយែងបន្ថែមទៀតអំពីការវាយប្រហារណាមួយលើតៃវ៉ាន់ ដោយសារតែរដ្ឋាភិបាលចិនកំពុងតាមដានសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែននេះដើម្បីសិក្សាអំពីមេរៀនផ្នែកយោធា។ ក្រុមប្រឹក្សាតៃវ៉ាន់ទទួលបន្ទុកកិច្ចការចិនដីគោកបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយ បន្ទាប់ពីមានការប្រជុំរបស់ទីប្រឹក្សាតៃវ៉ាន់ផ្នែកគោលនយោបាយចិនថា រដ្ឋាភិបាលចិនកំពុងតាមដានមើលបទពិសោធន៍ធ្វើសង្គ្រាមរបស់រុស្ស៊ី ការតស៊ូក្រាញននៀលរបស់អ៊ុយក្រែន និងការដាក់ទណ្ឌកម្មអន្តរជាតិ «ដើម្បីកាត់បន្ថយស្ថានការណ៍ជម្លោះដែលអាចកើតឡើងនានានៅច្រកសមុទ្រតៃវ៉ាន់»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋមន្ត្រីការបរទេសរុស្ស៊ីនឹងធ្វើទស្សនកិច្ចរយៈពេលពីរថ្ងៃទៅកាន់ប្រទេសឥណ្ឌានៅថ្ងៃព្រហស្បតិ៍ស្អែក។ នៅក្នុងដំណើរទស្សនកិច្ចនេះ រុស្ស៊ីទំនងជានឹងជំរុញរដ្ឋាភិបាលឥណ្ឌាឱ្យប្រឆាំងនឹងការដាក់សម្ពាធរបស់ក្រុមបស្ចឹមប្រទេសដែលចង់ឱ្យឥណ្ឌាថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន។ កន្លងមក ឥណ្ឌាបានបោះឆ្នោតអនុប្បវាទលើសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិដែលរិះគន់រុស្ស៊ី ហើយនៅតែបន្តទិញប្រេងឥន្ធនៈនិងទំនិញផ្សេងៗទៀតពីរុស្ស៊ី។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃពុធនេះថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី និងរដ្ឋមន្ត្រីការបរទេសចិននៅថ្ងៃពុធនេះបានថ្កោលទោសអ្វីដែលពួកគេហៅថា ការដាក់ទណ្ឌកម្មខុសច្បាប់និងមានលទ្ធផលផ្ទុយពីការរំពឹងទុករបស់ក្រុមបស្ចិមប្រទេសលើរដ្ឋាភិបាលរុស្ស៊ីទាក់ទិននឹងសកម្មភាពយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន។ ក្រសួងការបរទេសរុស្ស៊ីបានលើកឡើងដូច្នេះថា៖ «រដ្ឋមន្ត្រី [ការបរទេសទាំងពីរ] បានផ្ដោះប្ដូរយោបល់គ្នាយ៉ាងហ្មត់ចត់អំពីស្ថានការណ៍ជុំវិញអ៊ុយក្រែន។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានប្រាប់រដ្ឋមន្ត្រីការបរទេសចិនអំពីដំណើរវិវឌ្ឍន៍នៃប្រតិបត្តិការយោធាពិសេស [របស់រុស្ស៊ី] ... និងអំពីសន្ទុះនៃដំណើរការចរចាជាមួយនឹងរដ្ឋាភិបាលអ៊ុយក្រែន។ ភាគីទាំងពីរក៏បានកត់សម្គាល់ផងដែរអំពីលទ្ធផលផ្ទុយពីការរំពឹងទុកនៃទណ្ឌកម្មដោយឯកតោភាគីរបស់សហរដ្ឋអាមេរិកនិងបណ្ដាប្រទេសរណបអាមេរិកដែលដាក់លើរុស្ស៊ី»។ រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានទទួលជួបពិភាក្សាជាមួយនឹងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov នៅក្នុងខេត្ត Anhui នៅភាគខាងកើតប្រទេសចិន ដែលនៅទីនោះ ចិនបានរៀបចំការប្រជុំរយៈពេល ២ ថ្ងៃអំពីប្រទេសអាហ្វហ្គានីស្ថាន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- នាយករដ្ឋមន្ត្រីប៉ូឡូញលោក Mateusz Morawiecki បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសរបស់លោកកំពុងចាត់វិធានការដើម្បីបញ្ចប់ការនាំចូលប្រេងឥន្ធនៈពីប្រទេសរុស្ស៊ីនៅត្រឹមចុងឆ្នាំនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Associated Press។ កន្លងមក ប្រទេសប៉ូឡូញបានកាត់បន្ថយភាគច្រើនរួចមកហើយនូវការពឹងផ្អែករបស់ខ្លួនលើប្រេងឥន្ធនៈរបស់រុស្ស៊ី។
- រដ្ឋាភិបាលរុស្ស៊ីនៅថ្ងៃពុធនេះបានទទួលស្វាគមន៍ដែលរដ្ឋាភិបាលអ៊ុយក្រែនដាក់ការទាមទាររបស់ខ្លួនជាលាយលក្ខណ៍អក្សរឱ្យបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ប៉ុន្តែបានបញ្ជាក់ថា មិនទាន់មានសញ្ញាដំណោះស្រាយនៅឡើយទេ។ អ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ីលោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា ប្រទេសរុស្ស៊ីមិនបានកត់សម្គាល់ឃើញមានអ្វីដែលគួរជាទីសង្ឃឹម ឬអាចជាដំណោះស្រាយនោះឡើយ និងបាននិយាយថា មានកិច្ចការដែលត្រូវធ្វើដ៏យូរទៅមុខទៀត។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានបង្ហាញការសង្ស័យកាលពីយប់ថ្ងៃអង្គារអំពីការប្រកាសរបស់រុស្ស៊ីដែលថា ខ្លួននឹងកាត់បន្ថយឱ្យបានច្រើននូវប្រតិបត្តិការយោធានៅជិតរដ្ឋធានីកៀវ និងទីក្រុងមួយទៀតនៅភាគខាងជើងប្រទេសអ៊ុយក្រែន។ លោក Zelenskyy បាននិយាយថា៖ «យើងអាចហៅសញ្ញាដែលយើងបានឮនៅឯការចរចានោះថាមានលក្ខណៈវិជ្ជមាន។ ប៉ុន្តែសញ្ញាទាំងនោះមិនបានធ្វើឱ្យរុស្ស៊ីបញ្ឈប់ការបាញ់ផ្លោងនោះទេ។ ជាការណ៍ពិត យើងឃើញហានិភ័យ។ ជាការពិត យើងមិនឃើញមានមូលដ្ឋានណាមួយសម្រាប់ជឿតាមពាក្យសម្ដីរបស់អ្នកទាំងនោះ ឬអ្នកតំណាងនៃប្រទេសមួយដែលនៅបន្តធ្វើសង្គ្រាមបំផ្លិចបំផ្លាញអ៊ុយក្រែននោះឡើយ។ ប្រជាពលរដ្ឋអ៊ុយក្រែនមិនមែនល្ងង់នោះទេ។ អំឡុងពេលនៃការឈ្លានពាន ៣៤ ថ្ងៃកន្លង [របស់រុស្ស៊ី] និងក្នុងអំឡុងពេល ៨ ឆ្នាំ ចុងក្រោយនៃសង្គ្រាមនៅក្នុងតំបន់ Donbas នោះ ប្រជាពលរដ្ឋអ៊ុយក្រែនបានស្វែងយល់រួចមកហើយថា យើងអាចទុកចិត្តបានតែនៅពេលណាមានលទ្ធផលជាក់ស្ដែងតែប៉ុណ្ណោះ»។
០២:៣៣
១.៤.២០២២
ថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា៖
- សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មថ្មីនៅថ្ងៃព្រហស្បតិ៍នេះលើប្រទេសរុស្ស៊ីទាក់ទិននឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ ទណ្ឌកម្មលើកនេះសំដៅលើប្រតិបត្តិករនៅក្នុងវិស័យបច្ចេកវិទ្យារបស់រុស្ស៊ី ដែលនេះគឺជាកិច្ចប្រឹងប្រែងមួយនៅក្នុងការរារាំងរដ្ឋាភិបាលរុស្ស៊ីមិនឱ្យគេចពីទណ្ឌកម្មនានាបាន និងនៅក្នុងការពង្រីកអំណាចដាក់ទណ្ឌកម្មរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។ ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ខ្លួនបានដាក់ទណ្ឌកម្មលើអង្គភាពចំនួន ២១ និងបុគ្គលចំនួន ១៣ នាក់ របស់រុស្ស៊ី ដែលក្នុងនោះរួមមានទាំងក្រុមហ៊ុន Mikron ដែលជាក្រុមហ៊ុនរួមភាគហ៊ុនផងដែរ។ ក្រុមហ៊ុននេះគឺជាក្រុមហ៊ុនផលិតនិងនាំចេញដ៏ធំបំផុតរបស់រុស្ស៊ីលើឧបករណ៍មីក្រូអេឡិចត្រូនិក និងជាក្រុមហ៊ុនផលិតបន្ទះអេឡិចត្រូនិកដ៏ធំបំផុតរបស់រុស្ស៊ី។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ស្ថានបេសកកម្មសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិលោកស្រី Linda Thomas-Greenfield នឹងធ្វើដំណើរទៅកាន់ប្រទេសម៉ុលដាវីនិងប្រទេសរ៉ូម៉ានីនៅចុងសប្ដាហ៍នេះ ដើម្បីមើលលើកិច្ចប្រឹងប្រែងនានានៅក្នុងការជួយជនភៀសខ្លួនអ៊ុយក្រែន។ យោងតាមអង្គការសហប្រជាជាតិ ពលរដ្ឋអ៊ុយក្រែនជាង ៦០០.០០០ នាក់បានភៀសខ្លួនទៅកាន់ប្រទេសរ៉ូម៉ានី និង ៣៨៨.០០០ នាក់ទៀតបានភៀសខ្លួនទៅកាន់ប្រទេសម៉ុលដាវី តាំងពីពេលដែលរុស្ស៊ីបានឈ្លានពានអ៊ុយក្រែននៅថ្ងៃទី ២៤ ខែកុម្ភៈមក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការការពាររបស់ប្រទេសរបស់លោកប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីបានស្ថិតក្នុង «ស្ថានការណ៍របត់» មួយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Associated Press។ លោក Zelenskyy បានថ្លែងនៅក្នុងសុន្ទរកថាជាវីដេអូមួយទៅកាន់ប្រជាជាតិថា៖ «ប្រសិនបើយើងពិតជាកំពុងប្រយុទ្ធដើម្បីសេរីភាពនិងការការពារលទ្ធិប្រជាធិបតេយ្យទាំងអស់គ្នាមែន នោះយើងមានសិទ្ធិនៅក្នុងការទាមទារសុំជំនួយនៅក្នុងស្ថានការណ៍របត់ដ៏លំបាកនេះ»។
- នាយករដ្ឋមន្ត្រីន័រវែសលោក Jonas Gahr Store បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានធានាចំពោះលោកថា រុស្ស៊ីនឹងរួមចំណែកធានាសុវត្ថិភាពដល់ទីភ្នាក់ងារមនុស្សធម៌នានានៅក្នុងការចូលទៅជួយជនស៊ីវិលដែលកំពុងជាប់គាំងនៅក្នុងទីក្រុង Mariupol ប្រទេសអ៊ុយក្រែន។ នៅក្នុងការសន្ទនាតាមទូរស័ព្ទរយៈពេលមួយម៉ោងជាមួយនឹងលោក Putin លោក Store បានបញ្ជាក់ថា លោកបានជំរុញលោក Putin ឱ្យបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ដកកងទ័ពរុស្ស៊ីចេញពីអ៊ុយក្រែន និងផ្ដល់លទ្ធភាពដល់ផ្នែកមនុស្សធម៌ឱ្យបានចូលទៅដល់តំបន់សង្គ្រាម។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- អង្គការសហប្រជាជាតិបានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះថា លំហូរជនភៀសខ្លួនពីប្រទេសអ៊ុយក្រែនគឺជា «វិបត្តិមនុស្សធម៌ដ៏ធំបំផុត» មួយ ដែលកើនឡើងយ៉ាងឆាប់រហ័ស។ អង្គការសហប្រជាជាតិលើកឡើងដូច្នេះ បន្ទាប់ពីមានជនភៀសខ្លួនប្រមាណ ៤០.០០០ នាក់ទៀតបានភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែននៅក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ លំហូរជនភៀសខ្លួនដែលរត់គេចពីសង្គ្រាមរបស់រុស្ស៊ីឆ្លងព្រំដែនភាគខាងលិចអ៊ុយក្រែនគឺមានចំនួនប្រហែល ៤០.០០០ នាក់ជារៀងរាល់ថ្ងៃនៅក្នុងរយៈពេលមួយសប្ដាហ៍កន្លងមកនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- អង្គការប្រទេសនាំចេញប្រេងឥន្ធនៈ (OPEC) និងសម្ព័ន្ធមិត្តរបស់ខ្លួនដែលដឹកនាំដោយរុស្ស៊ី នៅថ្ងៃព្រហស្បតិ៍នេះបានប្រកាន់គោលជំហរមិនប្រែប្រួលចំពោះគោលនយោបាយរបស់ខ្លួននៅក្នុងការបង្កើនការផលិតប្រេងឥន្ធនៈក្នុងកម្រិតល្មមតែប៉ុណ្ណោះ ទោះបីជាមានសម្ពាធពីក្រុមបស្ចិមប្រទេសឱ្យបង្កើនការផលិតឱ្យបានច្រើនក៏ដោយ។ ក្រុមបស្ចិមប្រទេសជំរុញឱ្យមានការបង្កើនការផលិតប្រេងឥន្ធនៈនេះគឺដោយសារតែការដាក់ទណ្ឌកម្មលើរុស្ស៊ីកន្លងមកទាក់ទិននឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនបានធ្វើឱ្យតម្លៃប្រេងឥន្ធនៈកើនឡើងនៅលើពិភពលោក។ អង្គការ OPEC បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ខ្លួននឹងបង្កើនផលិតកម្មប្រេងឥន្ធនៈឱ្យបាន ៤៣២.០០០ បារែលក្នុងមួយថ្ងៃនៅខែឧសភាខាងមុខ គឺខ្ពស់ជាងតិចតួចនៃផលិតកម្មប្រេងនេះចំនួន ៤០០.០០០ បារែលក្នុងមួយថ្ងៃកាលពីខែមុនៗ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា យោងទៅលើអនុក្រឹត្យថ្មីមួយដែលលោកទើបចុះហត្ថលេខាទាក់ទិននឹងការធ្វើពាណិជ្ជកម្មឧស្ម័នធម្មជាតិជាមួយនឹង «បណ្ដាប្រទេសអមិត្ត» ក្រុមហ៊ុននានានឹងចាំបាច់ត្រូវមានគណនីនៅក្នុងធនាគាររបស់រុស្ស៊ីនិងបង់ថ្លៃចំណាយជាប្រាក់រូបរបស់រុស្ស៊ីលើកិច្ចសន្យា។ លោក Putin បានបញ្ជាក់ដូច្នេះថា៖ «ថ្ងៃនេះ ខ្ញុំបានចុះហត្ថលេខាលើអនុក្រឹត្យមួយដែលកំណត់បទបញ្ញត្តិសម្រាប់ការធ្វើពាណិជ្ជកម្មឧស្ម័នធម្មជាតិរបស់រុស្ស៊ីជាមួយនឹងបណ្ដាប្រទេសអមិត្ត។ យើងស្នើថា ភាគីអ្នកទិញនៅក្នុងប្រទេសទាំងនេះប្រើគម្រោងសាមញ្ញបំផុតនិងមានតម្លាភាពដើម្បីទិញឧស្ម័នរបស់រុស្ស៊ី ដោយពួកគេត្រូវបើកគណនីដែលប្រើប្រាក់រូបរបស់រុស្ស៊ីនៅក្នុងធនាគាររបស់រុស្ស៊ី និងបង់ថ្លៃចំណាយតាមរយៈគណនីទាំងនេះ»។ បទបញ្ញត្តិថ្មីរបស់លោក Putin នេះនឹងចូលជាធរមាននៅថ្ងៃសុក្រស្អែក។ នេះបើយោងតាមបណ្ដាញព័ត៌មាន CNN។
- នាយករដ្ឋមន្ត្រីអ៊ីតាលីលោក Mario Draghi បានថ្លែងនៅក្នុងសន្និសីទកាសែតមួយនៅថ្ងៃព្រហស្បតិ៍នេះ នៅពេលគេសួរអំពីការសុន្ទនារបស់លោកតាមទូរស័ព្ទជាមួយនឹងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ថា លោក Putin បានប្រាប់លោកថា ស្ថានភាពនៅមិនទាន់រួចរាល់នៅឡើយទេសម្រាប់ឱ្យមានកិច្ចឈប់វាយប្រយុទ្ធគ្នានៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានថ្លែងប្រាប់សភាប្រទេសបែលហ្ស៊ិកនៅថ្ងៃព្រហស្បតិ៍នេះថា ការសម្រេចឱ្យបាននូវសន្តិភាពយូរអង្វែងនៅក្នុងប្រទេសអ៊ុយក្រែនគឺមានតម្លៃជាងឧស្ម័នឬក៏ពេជ្ររបស់រុស្ស៊ីទៅទៀត។ លោក Zelenskyy បានបញ្ជាក់នៅក្នុងសុន្ទរកថាជាវីដេអូមួយទៅកាន់សមាជិកសភាបែលហ្ស៊ិកថា៖ «សម្រាប់អ្នកខ្លះ ពេជ្ររបស់រុស្ស៊ីដែលពេលខ្លះលក់នៅ [ទីផ្សារលក់ពេជ្រ] ក្នុងទីក្រុង Antwerp [របស់ប្រទេសបែលហ្ស៊ិក] គឺសំខាន់ជាង»។ លោកបានបន្ថែមថា៖ «សន្តិភាពគឺមានតម្លៃជាងពេជ្រ ជាងនាវារបស់រុស្ស៊ីនៅតាមកំពង់ផែនានា និងជាងប្រេងឥន្ធនៈនិងឧស្ម័ន [របស់រុស្ស៊ី] ទៅទៀត។ ដូច្នេះសូមជួយពួកយើងផង»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- ប្រធានាធិបតីអ៊ុយក្រែនលោកVolodymyr Zelenskyy បានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះថា មនុស្សរាប់ពាន់នាក់ត្រូវបានសម្លាប់នៅក្នុងទីក្រុងMariupolប្រទេសអ៊ុយក្រែនតាំងពីពេលដែលកងទ័ពរុស្ស៊ីបានចាប់ផ្ដើមឡោមព័ទ្ធទីក្រុងកំពង់ផែយុទ្ធសាស្ត្រនេះមក។លោក Zelenskyyបានថ្លែងប្រាប់សមាជិកសភាបែលហ្ស៊ិកនៅក្នុងការថ្លែងជាវីដេអូមួយថា៖ «មនុស្សគ្រប់គ្នាដឹងថាមានមហន្តរាយមនុស្សធម៌កើតឡើងនៅទីនោះ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានReuters។
- អគ្គលេខាធិការអង្គការអូតង់ (NATO) លោកJens Stoltenberg បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថាអង្គការអូតង់មិនឃើញមានការដកកងទ័ពណាមួយរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែននោះទេហើយរំពឹងថា [រុស្ស៊ី]នឹងធ្វើ«សកម្មភាពវាយប្រហារបន្ថែមទៀត»។ លោក Stoltenberg បានបញ្ជាក់នៅក្នុងសន្និសីទកាសែតមួយថា៖ «យោងតាមផ្នែកស៊ើបការណ៍សម្ងាត់របស់យើងកងទ័ពរុស្ស៊ីមិនបានដកខ្លួនចេញនោះទេប៉ុន្តែបានប្ដូរទីតាំងទៅកាន់កន្លែងផ្សេង។ រុស្ស៊ីកំពុងព្យាយាមរៀបចំក្រុមឡើងវិញផ្គត់ផ្គង់ឡើងវិញនិងពង្រឹងការវាយប្រហាររបស់ខ្លួននៅក្នុងតំបន់Donbas»នៅភាគខាងកើតប្រទេសអ៊ុយក្រែន។នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- លោក Daleep Singh ទីប្រឹក្សារងផ្នែកសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចអន្តរជាតិបានបញ្ជាក់នៅក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងញូវដែលីប្រទេសឥណ្ឌានៅថ្ងៃព្រហស្បតិ៍នេះថាសហរដ្ឋអាមេរិកនឹងមិនកំណត់«ការដាក់កំហិត»ណាមួយសម្រាប់ឥណ្ឌាទាក់ទិននឹងការដែលឥណ្ឌានាំថាមពលចូលពីប្រទេសរុស្ស៊ីនោះទេប៉ុន្តែមិនចង់ឃើញ«ការបង្កើនយ៉ាងលឿន»នូវការទិញនោះឡើយ។នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ទីភ្នាក់ងារព័ត៌មានRIAរបស់រុស្ស៊ីបានដកស្រង់ការលើកឡើងរបស់ក្រសួងការបរទេសរុស្ស៊ីនៅថ្ងៃព្រហស្បតិ៍នេះថារដ្ឋាភិបាលរុស្ស៊ីនឹងមិនបដិសេធជំនួបរវាងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោកSergei Lavrov និងរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba នោះទេប៉ុន្តែការពិភាក្សាណាមួយរវាងរដ្ឋមន្ត្រីទាំងពីរចាំបាច់ត្រូវមានសារៈសំខាន់។នេះបើយោងតាមទីភ្នាក់ងារព័ត៌មានReuters។
- រដ្ឋមន្ត្រីការបរទេសតួកគីលោកMevlut Cavusoglu បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថាប្រទេសតួកគីកំពុងធ្វើការដើម្បីឱ្យរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែននិងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានជួបចរចាគ្នាបន្ទាប់ពីខ្លួនបានរៀបចំការចរចាសន្តិភាពរវាងអ៊ុយក្រែននិងរុស្ស៊ីនៅក្នុងទីក្រុងIstanbulប្រទេសតួកគីនៅសប្តាហ៍នេះ។ លោកបានបន្ថែមថាជំនួបរវាងរដ្ឋមន្ត្រីការបរទេសទាំងពីរអាចនឹងកើតឡើងនៅក្នុងពេលពីរសប្ដាហ៍ខាងមុខ។នេះបើយោងតាមទីភ្នាក់ងារព័ត៌មានReuters។
- ចក្រភពអង់គ្លេសនៅថ្ងៃព្រហស្បតិ៍នេះបានប្រកាសអំពីការដាក់ទណ្ឌកម្មថ្មីលើ«អ្នកឃោសនារបស់រុស្ស៊ី»ដែលក្នុងនោះរួមមានទាំងពិធីករទូរទស្សន៍ដ៏ល្បីឈ្មោះម្នាក់ផងដែរនិងលើប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយដែលឧបត្ថម្ភដោយរដ្ឋាភិបាលរុស្ស៊ីចំនួនពីរ ដែលរងការចោទប្រកាន់ថាបានផ្សព្វផ្សាយ«ការកុហកនិងការបំភាន់»អំពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ទណ្ឌកម្មថ្មីចុងក្រោយបង្អស់ចំនួន១៤នេះបានធ្វើឡើងបន្ទាប់ពីចក្រភពអង់គ្លេសបានដាក់ទណ្ឌកម្មកន្លងមកលើបុគ្គលនិងអង្គភាពរបស់រុស្ស៊ីនិងបេឡារុសចំនួនជាង១.០០០ដើម្បីឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ីនេះ។នេះបើយោងតាមទីភ្នាក់ងារព័ត៌មានAFP។
- ប្រធានាធិបតីអ៊ុយក្រែនលោកVolodymyr Zelenskyy បានថ្លែងប្រាប់សភាអូស្ត្រាលីនៅថ្ងៃព្រហស្បតិ៍នេះថាទណ្ឌកម្មថ្មីនិងខ្លាំងក្លាជាងមុនប្រឆាំងនឹងរុស្ស៊ីគឺត្រូវការជាចាំបាច់ដើម្បីបង្កើនសម្ពាធលើរដ្ឋាភិបាលរុស្ស៊ីទាក់ទិននឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។កន្លងមក ប្រទេសអូស្ត្រាលីបានផ្ដល់ឧបករណ៍យោធានិងគ្រឿងផ្គត់ផ្គង់មនុស្សធម៌ទៅឱ្យប្រទេសអ៊ុយក្រែន ហើយក៏បានដាក់បម្រាមលើការនាំចេញរ៉ែអាលុយមីញ៉ូមទៅកាន់ប្រទេសរុស្ស៊ី និងបានដាក់ទណ្ឌកម្មលើបុគ្គល៤៤៣ នាក់ និងអង្គភាពរបស់រុស្ស៊ីចំនួន៣៣។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថាក្រសួងការពារជាតិតៃវ៉ាន់បានបង្កើតក្រុមការងារដើម្បីសិក្សាអំពីយុទ្ធសាស្ត្រសង្គ្រាមនៅអ៊ុយក្រែនដែលក្នុងនោះរួមមានទាំងវិធីដែលប្រទេសអ៊ុយក្រែនអាចទប់ទល់ប្រឆាំងនឹងរុស្ស៊ីផងដែរហើយខ្លួនបានពិភាក្សាអំពីរឿងនេះជាមួយនឹងសហរដ្ឋអាមេរិក។រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់លោកChiu Kuo-cheng បានបញ្ជាក់ថាចំណុចដែលតៃវ៉ាន់កំពុងតាមដានមើលគឺរួមមានទាំងការប្រយុទ្ធមិនបានល្អរបស់កងទ័ពរុស្ស៊ីនិងការតស៊ូប្រឆាំងយ៉ាងស្វិតស្វាញរបស់អ៊ុយក្រែនផងដែរ។ លោកនិយាយដូច្នេះថា៖«ចំណុចនេះត្រូវបានពិភាក្សាមិនត្រឹមតែនៅក្នុងការប្រជុំផ្ដោះប្ដូរយោបល់រវាងសហរដ្ឋអាមេរិកនិងតៃវ៉ាន់ប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានពិភាក្សាជាមួយនឹងបណ្ដាប្រទេសផ្សេងៗដែលមានទំនាក់ទំនងជាប្រចាំជាមួយនឹងតៃវ៉ាន់ផងដែរ»។នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ(ICRC)បានបញ្ជាក់ថាខ្លួនកំពុងត្រៀមលក្ខណៈសម្របសម្រួលការជម្លៀសជនស៊ីវិលប្រកបដោយសុវត្ថិភាពចេញពីទីក្រុងMariupolរបស់ប្រទេសអ៊ុយក្រែននៅថ្ងៃសុក្រស្អែកដោយសារតែភាគីទាំងអស់បានយល់ព្រមចំពោះលក្ខខណ្ឌនានារួចហើយ។ទីភ្នាក់ងារ ICRCបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖«វាជារឿងសំខាន់បំផុតដែលប្រតិបត្តិការនេះកើតឡើង។ ជីវិតរបស់មនុស្សរាប់ម៉ឺននាក់នៅក្នុងទីក្រុងMariupol អាស្រ័យលើប្រតិបត្តិការនេះ»។នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថាកងទ័ពអ៊ុយក្រែនកំពុងត្រៀមលក្ខណៈសម្រាប់ការវាយប្រហារថ្មីរបស់រុស្ស៊ីនៅភាគខាងកើតប្រទេសអ៊ុយក្រែនដោយសារតែរដ្ឋាភិបាលរុស្ស៊ីបានបង្កើនកងទ័ពរបស់ខ្លួននៅតំបន់នោះក្រោយពីបានរងការបង្អាក់នៅជិតរដ្ឋធានីកៀវ។កន្លងមកការប្រយុទ្ធតបតដោយក្រាញននៀលរបស់កងកម្លាំងអ៊ុយក្រែនបានរារាំងកងទ័ពរុស្ស៊ីមិនឱ្យដណ្ដើមកាន់កាប់ទីក្រុងធំៗណាមួយបានដែលក្នុងនោះរួមមានទាំងរដ្ឋធានីកៀវផងដែរ។នេះបើយោងតាមទីភ្នាក់ងារព័ត៌មានReuters។
- ប្រធានាធិបតីលីទុយអានីលោកGitanas Nauseda បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថាទ្វីបអឺរ៉ុបត្រូវតែឈប់ទិញប្រេងឥន្ធនៈនិងឧស្ម័នពីរុស្ស៊ី និងគួរតែដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ីទាក់ទិននឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។លោក Nausedaបានថ្លែងនៅក្នុងសន្និសីទកាសែតរួមគ្នាមួយជាមួយនឹងនាយករដ្ឋមន្ត្រីដាណឺម៉ាកថា៖«អឺរ៉ុបត្រូវតែឈប់ទិញឧស្ម័ននិងប្រេងឥន្ធនៈពីរុស្ស៊ី ដោយសារតែរដ្ឋាភិបាលរុស្ស៊ីប្រើថវិកាទាំងនេះដើម្បីធ្វើជាទុនសម្រាប់ការបំផ្លិចបំផ្លាញទីក្រុងនានារបស់ប្រទេសអ៊ុយក្រែននិងវាយប្រហារលើជនស៊ីវិល»។ លោកបានបន្ថែមថា៖«កញ្ចប់ទណ្ឌកម្មទី៥ [របស់អឺរ៉ុប]ត្រូវតែធ្វើឡើងឱ្យបានខ្លាំងក្លាជាអតិបរមាលើរដ្ឋាភិបាលរុស្ស៊ី»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- អ្នកនាំពាក្យរបស់រដ្ឋមន្ត្រីក្រសួងថាមពលអូស្ត្រាលីបានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះថា ទីភ្នាក់ងារថាមពលអន្តរជាតិ(IEA)បានអំពាវនាវឱ្យមានការប្រជុំថ្នាក់រដ្ឋមន្ត្រីបន្ទាន់មួយនៅថ្ងៃសុក្រស្អែកដើម្បីពិភាក្សាអំពីស្ថានភាពទីផ្សារប្រេងឥន្ធនៈ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters
- ប្រភព ៤ របស់សហរដ្ឋអាមេរិកបានបញ្ជាក់កាលពីថ្ងៃពុធម្សិលមិញថា រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោកJoe Biden កំពុងពិចារណាផលិតប្រេងឥន្ធនៈរហូតដល់ ១៨០ លានបារែលពីកន្លែងបម្រុងទុកប្រេងឥន្ធនៈយុទ្ធសាស្ត្រ(Strategic Petroleum Reserve (SPR)) នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខស្របពេលដែលសេតវិមានព្យាយាមធ្វើឱ្យតម្លៃប្រេងឥន្ធនៈថយចុះ។នេះបើយោងតាមទីភ្នាក់ងារព័ត៌មានReuters។
- ក្រុមវិភាគរបស់ក្រុមហ៊ុនGoogleផ្នែកការគំរាមកំហែងដោយការលួចចូលបណ្ដាញអ៊ីនធឺណិតបានបញ្ជាក់នៅក្នុងរបាយការណ៍មួយកាលពីថ្ងៃពុធថាក្រុមរបស់រុស្ស៊ីដែលជាអ្នកលួចចូលប្រព័ន្ធអ៊ីនធឺណិតនៅពេលថ្មីៗនេះបានប៉ុនប៉ងលួចចូលបណ្ដាញអ៊ីនធឺណិតរបស់អង្គការអូតង់(NATO)និងរបស់យោធានៃប្រទេសអឺរ៉ុបខាងកើតមួយចំនួន។នេះបើយោងតាមទីភ្នាក់ងារព័ត៌មានReuters។
២០:៣៩
១.៤.២០២២
ថ្ងៃសុក្រ ទី១ ខែមេសា៖
- សារព័ត៌មាន AP រាយការណ៍ថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានសរសើរឥណ្ឌាចំពោះការមិនវិនិច្ឆ័យក្នុង «ផ្លូវម្ខាង» ខណៈដែលលោកបានពិភាក្សាអំពីការចូលរួមផ្នែកយោធារបស់ទីក្រុងម៉ូស្គូក្នុងប្រទេសអ៊ុយក្រែនជាមួយសមភាគីឥណ្ឌានៅថ្ងៃសុក្រ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានជំរុញឱ្យឥណ្ឌាប្រើឥទ្ធិពលរបស់ខ្លួនជាមួយរុស្ស៊ីដើម្បីបញ្ចប់សង្គ្រាម។ រដ្ឋមន្ត្រីការបរទេសឥណ្ឌាលោក Subrahmanyam Jaishankar និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បាននិយាយថា ទំនាក់ទំនងរវាងប្រទេសទាំងពីរបានជួយ ពួកគេឆ្លងកាត់គ្រាលំបាកនាពេលកន្លងមក។ លោក Jaishankar បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបញ្ឈប់អំពើហិង្សា ប៉ុន្តែបានជៀសវាងការថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។
- សារព័ត៌មាន CNN រាយការណ៍ថា ប្រទេសរុស្ស៊ីនិយាយថាខ្លួននឹងមិនចាប់ផ្តើមកាត់ផ្តាច់ការផ្គត់ផ្គង់សាំងដល់ «បណ្តាប្រទេសដែលមិនរាក់ទាក់» ភ្លាមៗនោះទេ ហើយនៅក្រោមក្រឹត្យថ្មី រុស្ស៊ីតម្រូវឱ្យមានការទូទាត់ជាប្រាក់រូបចាប់ពីថ្ងៃទី១ ខែមេសា។
- រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែននិយាយថា ពេលនេះរដ្ឋាភិបាលរបស់ប្រទេសលោកបានគ្រប់គ្រងទីតាំងនុយក្លេអ៊ែរ Chernobyl វិញ ហើយខ្លួននឹងធ្វើការជាមួយទីភ្នាក់ងារបរមាណូរបស់អង្គការសហប្រជាជាតិ ដើម្បីកំណត់អ្វីដែលរុស្ស៊ីបានធ្វើនៅទីនោះ និងកាត់បន្ថយគ្រោះថ្នាក់ណាមួយ។ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បាននិយាយថា កងកម្លាំងរុស្ស៊ីមានអាកប្បកិរិយាមិនទទួលខុសត្រូវនៅទីតាំងនោះ ក្នុងអំឡុងពេលជាង ៤ សប្តាហ៍ដែលពួកគេបានកាន់កាប់ទីនោះ ដោយរារាំងបុគ្គលិកនៅក្នុងរោងចក្រមិនឱ្យបំពេញកាតព្វកិច្ចពេញលេញរបស់ពួកគេ និងជីកលេណដ្ឋាននៅក្នុងតំបន់ដែលមានជាតិពុល។ លោក Kuleba បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុង Warsaw ថា រដ្ឋាភិបាលរុស្ស៊ីបានដាក់ទាហានរបស់ខ្លួនឲ្យប៉ះវិទ្យុសកម្ម ដែលបង្កគ្រោះថ្នាក់ដល់សុខភាពរបស់ពួកគេ។ នេះបើយោងតាមសារព័ត៌មាន AP។
- សារព័ត៌មាន CNN រាយការណ៍ថា អភិបាលក្រុង Chernihiv នៃប្រទេសអ៊ុយក្រែន លោក Vladyslav Atroshenko បាននិយាយថា ការបាញ់ផ្លោងរបស់រុស្ស៊ីបានបំផ្លាញផ្នែកព្យាបាលជំងឺមហារីកនៃមន្ទីរពេទ្យមួយនៅភាគខាងជើងនៃទីក្រុង ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីប្រទេសរុស្ស៊ីបាននិយាយថា ខ្លួននឹង «កាត់បន្ថយយ៉ាងខ្លាំង»ការវាយប្រហារយោធារបស់ខ្លួនលើទីក្រុងកៀវ និង Chernihiv ។ លោក Atroshenko ក៏បាននិយាយថា គ្មានទឹក ឬភ្លើងទេ ហើយទីក្រុងអាចនឹងអស់អាហារ និងថ្នាំក្នុងរយៈពេលមួយសប្តាហ៍ទៀត។ ការផ្គត់ផ្គង់តែមួយគត់ដែលចូលមកទីក្រុងត្រូវបានផ្តល់ដោយយោធា និងអ្នកស្ម័គ្រចិត្ត។
- មន្ត្រីអ៊ុយក្រែនបានបន្តរាយការណ៍ពីការបាញ់ផ្លោងយ៉ាងធ្ងន់ធ្ងរនៅភាគខាងកើតអ៊ុយក្រែននៅថ្ងៃសុក្រ ជាពិសេសនៅទីតាំង Luhansk នៃតំបន់Donbas ចំពេលមានការផ្លាស់ប្តូរយុទ្ធសាស្រ្តដោយរុស្ស៊ីក្នុងការបង្វែរកិច្ចខិតខំប្រឹងប្រែងយោធាទៅកាន់តំបន់នេះ។ ប្រមុខអង្គការអូតង់បានព្រមានថា កងកម្លាំងរុស្ស៊ីកំពុងដាក់ទីតាំងឡើងវិញ ទំនងមិនមែនដកថយទេ ខណៈដែលមន្ត្រីអ៊ុយក្រែន និងអាមេរិកនិយាយថា កងកម្លាំងរុស្ស៊ីអាចនឹងប្រមូលផ្តុំគ្នាឡើងវិញនៅក្នុងប្រទេសបេឡារុស។
- ជនស៊ីវិលប្រហែល ២ ពាន់នាក់នៅបានឡើងជិះរថយន្តក្រុង ដែលធ្វើដំណើរពីទីក្រុងឆ្នេរសមុទ្រ Berdyansk ទៅកាន់ទីក្រុង Zaporizhzhia ដែលគ្រប់គ្រងដោយរដ្ឋាភិបាលអ៊ុយក្រែន។ រថយន្តក្រុងទាំងនេះ ដឹកជនស៊ីវិលដែលត្រូវបានជម្លៀសចេញពីទីក្រុង Mariupol ដែលត្រូវបានឡោមព័ទ្ធ។ អាជ្ញាធរអ៊ុយក្រែនបានឱ្យដឹងថា ជនស៊ីវិលជាង ១ សែននាក់នៅតែជាប់នៅក្នុងទីក្រុង Mariupol។ នេះបើយោងតាមសារព័ត៌មាន CNN។
- ក្រុមប្រឹក្សាអឺរ៉ុបបាននិយាយថា មេដឹកនាំចិនលោក Xi Jinping និងនាយករដ្ឋមន្ត្រីចិនលោក Li Keqiang នឹងជួបជាមួយមេដឹកនាំសហភាពអឺរ៉ុបនៅក្នុងកិច្ចប្រជុំកំពូលតាមអ៊ីនធឺណិតនៅថ្ងៃសុក្រ ហើយសង្រ្គាមនៅអ៊ុយក្រែននឹងក្លាយជា «ការផ្តោតសំខាន់» នៃកិច្ចប្រជុំកំពូលនេះ។ ចិនបន្តប្រឈមនឹងសម្ពាធឲ្យថ្កោលទោសការឈ្លានពានរបស់រុស្ស៊ី។ នេះបើយោងតាមសារព័ត៌មាន CNN។
- សាលារៀនបារាំងបានចុះឈ្មោះកុមារចំនួន ៦៧៨៣ នាក់មកពីប្រទេសអ៊ុយក្រែនចាប់តាំងពីប្រទេសរុស្ស៊ីបានចាប់ផ្តើមឈ្លានពាននៅថ្ងៃទី២៤ ខែកុម្ភៈ នេះបើយោងតាមតួលេខដែលចេញផ្សាយដោយក្រសួងអប់រំបារាំងកាលពីថ្ងៃ សុក្រ។ទិន្នន័យរបស់ក្រសួងបានឱ្យដឹងថា ក្មេងៗទាំងនេះកំពុងចូលរៀននៅគ្រប់តំបន់នៃប្រទេសបារាំងដីគោក និង កោះ Corsica។ ប្រហែល ៦១ ភាគរយនៃកុមារមានអាយុ ១១ ឆ្នាំចុះក្រោម ម្នាក់ក្នុងចំណោម ៥ នាក់មានអាយុពី ៣ ទៅ ៥ ឆ្នាំ។ ជនភៀសខ្លួនមកពីអ៊ុយក្រែនជាង ៣ ម៉ឺននាក់បានមកដល់ប្រទេសបារាំងនៅចន្លោះថ្ងៃទី២៤ ខែកុម្ភៈ ដល់ថ្ងៃទី ២៥ ខែមីនា នេះបើយោងតាមតួលេខចុងក្រោយរបស់ក្រសួងមហាផ្ទៃបារាំង។ ៩៧ ភាគរយនៃជនភៀសខ្លួនទាំងនោះជាពលរដ្ឋអ៊ុយក្រែន។
- សារព័ត៌មាន The Washington Post រាយការណ៍ថាអ៊ុយក្រែននិងរុស្ស៊ីនឹងបន្តកិច្ចចរចាសន្តិភាពឡើងវិញនៅថ្ងៃសុក្រនេះហើយការពិភាក្សានឹងធ្វើឡើងតាមអ៊ីនធឺណិត។
- សារព័ត៌មាន BBC រាយការណ៍ថា អូស្ត្រាលីនឹងបញ្ជូនរថពាសដែកចំនួនមិនជាក់លាក់ទៅឱ្យប្រទេសអ៊ុយក្រែន។ការប្រកាសនេះធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ថ្លែងទៅកាន់សភាអូស្ត្រាលីដោយស្នើសុំជំនួយយោធា។
- សារព័ត៌មាន BBC រាយការណ៍ថា អភិបាលថ្នាក់តំបន់នៃទីក្រុង Belgorod របស់រុស្ស៊ីនិយាយថា អ៊ុយក្រែនបានវាយប្រហារឃ្លាំងប្រេងមួយនៅក្នុងទីក្រុងនេះ។ អភិបាលក្រុងរូបនេះនិយាយថា ឧទ្ធម្ភាគចក្រអ៊ុយក្រែនពីរគ្រឿងបានបាញ់មកលើឃ្លាំងប្រេងនោះ ហើយបណ្តាលឲ្យវាចេះ។ អ៊ុយក្រែនមិនបានអះអាងទទួលខុសត្រូវចំពោះការឃ្លាំងប្រេងនោះទេ។
- អាជ្ញាធរអ៊ុយក្រែនប៉ាន់ស្មានថា រុស្ស៊ីបានដកគ្រឿងបរិក្ខារយោធាចំនួន ៧០០ គ្រឿងចេញពីទីក្រុងកៀវពេញមួយយប់ត្រឡប់ទៅប្រទេសបេឡារុសវិញ។លោកឧត្តមសេនីយ៍ Oleksandr Gruzevych នាយអគ្គសេនាធិការរងនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបាននិយាយថារថពាសដែកដែលចាកចេញអាចនឹងត្រូវបានដាក់ពង្រាយឡើងវិញនៅតំបន់ Donbas ភាគខាងកើតអ៊ុយក្រែនដើម្បីពង្រឹងកងកម្លាំងនៅទី នោះសម្រាប់ការវាយលុក។ការដកទ័ពនេះហាក់ដូចជាស្របនឹងការប្រកាសរបស់រុស្ស៊ីដែលថារដ្ឋាភិបាលក្រុងម៉ូស្គូមានបំណងបន្ថយសកម្មភាពយោធាជុំវិញក្រុងកៀវនិងផ្តោតលើតំបន់ Donbas វិញ។
- គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិនិយាយថាខ្លួនត្រៀមខ្លួនជាស្រេចដើម្បីដឹកនាំប្រតិបត្តិការច្រករបៀងមនុស្សធម៌នៅថ្ងៃសុក្រនេះដើម្បីជួយប្រជាជនភៀសខ្លួនចេញពីទីក្រុង Mariupol ប្រទេសអ៊ុយក្រែន។ គណៈកម្មាធិការកាកបាទក្រហមនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា«វាមានសារៈសំខាន់ខ្លាំងណាស់ដែលប្រតិបត្តិការនេះត្រូវតែកើតឡើង។ ជីវិតមនុស្សរាប់ម៉ឺននាក់នៅទីក្រុង Mariupol ពឹងផ្អែកលើប្រតិបត្តិការនេះ»។
- ក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេសបាននិយាយថា អ៊ុយក្រែនបានដណ្តើមយកវិញនូវភូមិចំនួនពីរគឺភូមិ Sloboda និង Lukashivka នៅភាគខាងត្បូងនៃទីក្រុង Chernihiv។ ក្រសួងនេះនិយាយបន្ថែមថា ទោះបីជារុស្ស៊ីបានអះអាងថាបានកាត់បន្ថយការវាយប្រហារនៅក្នុងតំបន់នេះក៏ដោយ ក៏ទីក្រុង Chernihiv និងទីក្រុង Kyiv ត្រូវបានវាយប្រហារតាមអាកាសនិងមីស៊ីល។
- សារព័ត៌មាន The Washington Post រាយការណ៍ថា អង់គ្លេសនឹងបញ្ជូន«ជំនួយអាវុធ»បន្ថែមទៀតឲ្យអ៊ុយក្រែន រួមមានរថពាសដែកកាំភ្លើងធំរយៈចម្ងាយឆ្ងាយនិងអាវុធបាញ់យន្តហោះ។
- ការិយាល័យអគ្គរដ្ឋអាជ្ញារបស់អ៊ុយក្រែនបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃសុក្រថា យ៉ាងហោចណាស់កុមារចំនួន១៥៣នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសនេះចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីបានចាប់ផ្តើមកាលពីប្រាំសប្តាហ៍មុនហើយកុមារយ៉ាងហោចណាស់ ២៤៥ នាក់បានរងរបួស។ ការទម្លាក់គ្រាប់បែកនិងការបាញ់ផ្លោងក៏បានធ្វើឱ្យខូចខាតដល់ស្ថាប័នអប់រំចំនួន៨៥៩ក្នុងនោះមាន៨៣ដែលត្រូវបាន«បំផ្លាញទាំងស្រុង»។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាននេះ។