២២:១៦
២៥.៣.២០២២
ថ្ងៃសុក្រ ទី ២៥ ខែមីនា៖
- ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កាលពីថ្ងៃសុក្រ បានឃើញស្ថានភាពជាក់ស្តែងដោយផ្ទាល់អំពីកិច្ចប្រឹងប្រែងជួយជនភៀសខ្លួនអ៊ុយក្រែនខ្លះក្នុងបណ្តាជនភៀសខ្លួនសង្គ្រាមរាប់លាននាក់នៅក្នុងប្រទេសប៉ូឡូញ ហើយលោកក៏បានថ្លែងទៅកងទ័ពអាមេរិកនៃកងអនុសេនាធំទី ៨២ ដែលឈរជើងនៅអាកាសយានដ្ឋាន Rzeszow ហើយថ្លែងអំពីបញ្ហាប្រឈមកាន់តែច្រើនឡើងដែលកើតចេញពីការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
- អភិបាលតំបន់ Donetsk នៃប្រទេសអ៊ុយក្រែនកាលពីថ្ងៃសុក្រ បានថ្លែងថា ទាហានអ៊ុយក្រែននៅតែបន្តគ្រប់គ្រងភាគខាងត្បូងនៃទីក្រុងកំពង់ផែ Mariupol ដែលជាប់សមុទ្រ Azov។ ថ្លែងតាមទូរទស្សន៍ជាតិ លោកអភិបាល Pavlo Kyrylenko និយាយថា មនុស្សប្រមាណ ៦ម៉ឺន ៥ពាន់នាក់ បានភៀសខ្លួនចេញពីទីក្រុងតាមរថយន្តឯកជន ឬតាមថ្មើរជើង ទោះបីកិច្ចប្រឹងប្រែងជម្លៀសពួកគេចេញក្នុងទ្រង់ទ្រាយធំតាមរយៈបទឈប់បាញ់បណ្តោះអាសន្នបានបរាជ័យក្តី។ នេះបើតាមទីភ្នាក់ងារ Reuters។
- កាសែត The Washington Post បានរាយការណ៍ថា លោកប្រធានាធិបតីអាមេរិក Joe Biden ខកចិត្តដែលមិនអាចធ្វើដំណើរចូលទៅក្នុងប្រទេសអ៊ុយក្រែនកាលពីថ្ងៃសុក្រដើម្បីពិនិត្យមើលស្ថានភាពនៃវិបត្តិមនុស្សធម៌ក្នុងប្រទេសនេះ ដែលរងការឈ្លានពានរបស់រុស្ស៊ី។ លោកបានថ្លែងសុន្ទរកថានៅទីក្រុង Rzeszow ក្នុងប្រទេសប៉ូឡូញ ដែលស្ថិតប្រមាណតែ ១០០ គីឡូម៉ែត្រពីព្រំដែនប្រទេសអ៊ុយក្រែនថា៖ «និយាយត្រង់ទៅ មូលហេតុមួយដែលខ្ញុំខកចិត្ត គឺដោយសារតែខ្ញុំមិនអាចមើលឃើញស្ថានភាពជាក់ស្តែងនៅតាមតំបន់នានា[ក្នុងប្រទេសអ៊ុយក្រែន]។ ពួកគេ [ក្រុមសន្តិសុខអាមេរិក] មិនអនុញ្ញាតឲ្យខ្ញុំឆ្លងព្រំដែនហើយឃើញស្ថានភាពជាក់ស្តែងដែលកំពុងកើតមានឡើងនៅក្នុងប្រទេសអ៊ុយក្រែននោះទេ»។
- ទីភ្នាក់ងារព័ត៌មាន Reuters រាយការណ៍ថា អគ្គលេខាធិការអង្គការអូតង់លោក Jens Stoltenberg បានថ្លែងកាលពីថ្ងៃពុធកន្លងទៅនេះថា ការប្រើប្រាស់អាវុធគីមីនៅក្នុងសង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែនអាចនឹងរងផលវិបាកធ្ងន់ធ្ងរ។ លោកបានថ្លែងថា៖ «ការប្រើប្រាស់អាវីធគីមីនឹងផ្លាស់ប្តូរស្ថានភាពនៃជម្លោះនេះទាំងស្រុង។ វានឹងក្លាយជាការរំលោភបំពានដ៏ធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ហើយនឹងរងផលវិបាកយ៉ាងខ្លាំងក្លា»។
- កាលពីថ្ងៃសុក្រុ ការិយាល័យប្រធានាធិបតីតួកគី បានឲ្យដឹងថា ប្រធានាធិបតីតួកគីលោក Tayyip Erdogan បានហៅទូរស័ព្ទទៅកាន់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ហើយអ្នកទាំងពីរបានពិភាក្សាគ្នាអំពីស្ថានភាពជាក់ស្តែងនៅក្នុងប្រទេសអ៊ុយក្រែន ហើយអំពីដំណាក់ការនៃកិច្ចចរចារវាងរដ្ឋាភិបាលអ៊ុយក្រែននិងរដ្ឋាភិបាលរុស្ស៊ី។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- កាលពីថ្ងៃសុក្រ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានចោទប្រកាន់បណ្តាប្រទេសលោកខាងលិចថាបានលុបបំបាត់វប្បធម៌អក្សរសិល្ប៍ និងសិល្បៈតន្ត្រីដ៏រីកចម្រើនរបស់រុស្ស៊ី ក្នុងនោះរួមមានអ្នកនិពន្ធតន្ត្រីរុស្ស៊ីដ៏ល្បីឈ្មោះគឺលោក Pyotr Tchaikovsky និងលោក Sergei Rachmaninov។ ដូចគ្នាដែរ លោក Putin ថា រុស្ស៊ីក៏បានលុបបំបាត់ចោលនូវសាច់រឿង «Harry Potter» របស់អ្នកនិពន្ធអង់គ្លេស J.K. Rowling។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។
- កាសែត The Washington Post បានរាយការណ៍ថា ភាពសាមគ្គីភាពជាសកលលោកក្នុងការជួយដល់ប្រជាពលរដ្ឋអ៊ុយក្រែនដែលរត់ភៀសខ្លួនពីការឈ្លានពានរបស់រុស្ស៊ី គួរតែ«ជាគម្រូដល់វិបត្តិជនភៀសខ្លួនឯទៀតៗ»។ នេះបើតាមការលើកឡើងរបស់ប្រធានទីភ្នាក់ងារទទួលបន្ទុកកិច្ចការជនភៀសខ្លួនប្រចាំអង្គការសហប្រជាជាតិជាតិ ដែលធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍។
- កម្មវិធីស្បៀងអាហារពិភពលោកប្រចាំអង្គការប្រជាជាតិបានផ្តល់ជំនួយស្បៀងអាហារដល់មនុស្សរាប់ម៉ឺននាក់ដែលបានរងគ្រោះដោយសារសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើតាមសាររបស់លោក David Beasley នាយកប្រតិបត្តិកម្មវិធីស្បៀងអាហារពិភពលោកដែលចេញផ្សាយកាលពីថ្ងៃសុក្រតាមបណ្តាញ Twitter។
- ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា កាលពីថ្ងៃសុក្រ មេដឹកនាំនៃបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុបពិបាកនឹងព្រមព្រៀងគ្នាអំពីវិធានការដែលត្រូវធ្វើដើម្បីសម្រួលដល់ផលប៉ះពាល់នៃទីផ្សារថាមពល ដែលកាន់តែធ្ងន់ធ្ងរឡើងដោយសារការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ដោយព្យាយាមរកដំណោះស្រាយដល់ការខ្វែងគំនិតគ្នាសំខាន់ៗ ស្តីអំពីផលប៉ះពាល់ធ្ងន់ធ្ងរដល់អ្នកប្រើប្រាស់ដោយសារតែតម្លៃប្រេងសាំងនិងឧស្ម័នឡើងថ្លៃខ្លាំង។
- ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកដ៏ធំ Apple កាលពីថ្ងៃសុក្រ បានផ្អាកដំណើរការបង់សាច់ប្រាក់របស់ខ្លួនដែលហៅថា Apple Pay ពីប្រព័ន្ធផ្ទៀងផ្ទាត់សាច់ប្រាក់Mir ដ៏ធំមួយរបស់រុស្ស៊ី ដោយមិនអនុញ្ញាតឲ្យរុស្ស៊ីអាចប្រើប្រាស់សេវារបស់ខ្លួនបានទៀតឡើយ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋាភិបាលក្រុង Mariupol នៃប្រទេសអ៊ុយក្រែនឲ្យដឹងថា មនុស្ស ៣០០ នាក់ បានស្លាប់ដោយសារការវាយប្រហារតាមផ្លូវអាកាសដោយទាហានរុស្ស៊ី កាលពីថ្ងៃទី ១៦ ខែមីនាកន្លងទៅ លើរោងភាពយន្តមួយដែលត្រូវបានយកធ្វើជាជម្រកការពារខ្លួនពីការទម្លាក់គ្រាប់បែក។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារ AP។
- ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានទៅដល់ទីក្រុងមួយនៅប្រទេសប៉ូឡូញ ដែលស្ថិតនៅចម្ងាយពីជិត ១០០គីឡូម៉ែត្រពីព្រំដែនអ៊ុយក្រែន។ នៅទីនោះ លោកនឹងទទួលបានព័ត៌មានស្តីអំពីស្ថានភាពនៃវិបត្តិជនភៀសខ្លួនអ៊ុយក្រែនរាប់លាននាក់ ដោយសារការឈ្លានពានរបស់រុស្ស៊ី។ បន្ទាប់មកនៅថ្ងៃសៅរ៍ លោកនឹងធ្វើដំណើរទីកាន់ទីក្រុងវ៉ាសូវីដើម្បីចូលរួមកិច្ចប្រជុំទ្វេភាគីជាមួយប្រធានាធិបតីប៉ូឡូញលោក Andrzej Duda ដោយលោកនឹងថ្លែងអំណរគុណដល់រដ្ឋាភិបាលប៉ូឡូញ សម្រាប់កិច្ចប្រឹងប្រែងជួយដល់អ៊ុយក្រែន ហើយសហរដ្ឋអាមេរិកនឹងជួយសម្របសម្រួលដល់ការផ្តល់ជំនួយមនុស្សធម៌។ នៅទីនោះ លោក Biden នឹងជួបជនភៀសខ្លួនអ៊ុយក្រែនហើយនឹងថ្លែងសុន្ទរកថា។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែត The Washington Post។
- ប្រមាណពាក់កណ្តាលនៃប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងKharkiv ភាគខាងកើតប្រទេសបានចាកចេញពីផ្ទះសម្បែងរបស់ខ្លួន។ ចំណែកឯ ស្បៀងអាហារនិងសម្ភារៈចាំបាច់ប្រចាំថ្ងៃឯទៀត កំពុងរលោះបន្តិចម្តងៗសម្រាប់អ្នកដែលមិនអាចភៀសខ្លួនបាន។ កាលពីថ្ងៃព្រហស្បតិ៍ ប្រជាពលរដ្ឋដែលនៅជាប់ក្នុងក្រុងនេះ បានតម្រង់ជួរនៅមុខសំណង់អគារមួយ ខណៈពួកគេរង់ចាំទទួលជំនួយពីកាកបាទក្រហម។ នេះបើតាមទីភ្នាក់ងារ AP។
- សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបបានប្រកាសភាពជាដៃគូថ្មីមួយដើម្បីកាត់បន្ថយការពឹងផ្អែករបស់អឺរ៉ុបលើរុស្ស៊ីសម្រាប់ការផ្គត់ផ្គង់ថាមពល។ មន្ត្រីជាន់ខ្ពស់បានចាត់ទុកជំហាននេះថាជាចំណុចផ្តើមនៃកិច្ចផ្តួចផ្តើមរយៈពេលច្រើនឆ្នាំរវាងសម្ព័ន្ធមិត្តទាំងពីរ ដើម្បីបន្តធ្វើឲ្យរដ្ឋាភិបាលរុស្ស៊ីឯកា ក្រោយពីការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានបញ្ជាក់នៅថ្ងៃសុក្រនេះថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កំពុងប្រើប្រាស់វិស័យថាមពលដើម្បី «បំភិតបំភ័យប្រទេសជិតខាងខ្លួន» ហើយប្រើប្រាស់ផលចំណេញពីការលក់ថាមពលរបស់ខ្លួនដើម្បី «បញ្ជាក្បាលម៉ាស៊ីនសង្គ្រាមរបស់ខ្លួន»។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារ AP។
- ទាហានរុស្ស៊ីបានបាញ់មីស៊ីលពីរគ្រាប់នាយប់ថ្ងៃព្រហស្បតិ៍លើកងយោធាអ៊ុយក្រែនមួយ ដែលស្ថិតនៅជាយក្រុង Dnipro ដែលជាក្រុងធំទី ៤ របស់ប្រទេសអ៊ុយក្រែន។ នេះបើយោងតាមក្រុមសង្គ្រោះបន្ទាន់ក្នុងតំបន់។ ការបាញ់មីស៊ីលនេះ បានបំផ្លាញសំណង់អគារនានា ហើយបានធ្វើឲ្យមានអគ្គិភ័យឆាបឆេះក្នុងក្រុង។ មកទល់ពេលនេះ ក្រុមអ្នកសង្គ្រោះបន្ទាន់មិនទាន់អាចកំណត់ចំនួនមនុស្សដែលត្រូវបានសម្លាប់និងរងរបួសនៅឡើយទេ។ នេះបើតាមទីភ្នាក់ងារAP។
- ទីក្រុង Chernihiv ភាគខាងជើងអ៊ុយក្រែន ត្រូវបានហ៊ុមព័ទ្ធដោយទាហានរុស្ស៊ី នេះបើតាមការលើកឡើងរបស់អភិបាលរដ្ឋក្នុងតំបន់នៅថ្ងៃសុក្រនេះ។ លោកអភិបាលតំបន់ Viacheslav Chaus បានថ្លែងតាមទូរទស្សន៍ជាតិថា «សត្រូវបានឡោមព័ទ្ធទីក្រុង» ដោយលោកបានបន្ថែមថា អគ្គិភ័យកំពុងឆាបឆេះតំបន់ជាច្រើននៅក្នុងទីក្រុងដោយសារតែការបាញ់គ្រាប់ផ្លោងតាមផ្លូវគោកនិងផ្លូវអកាសដោយទាហានរុស្ស៊ី។ នេះបើតាមទីភ្នាក់ងារ Reuters។
- មនុស្សប្រមាណ ២ម៉ឺននាក់បានសម្រេចចិត្តចាកចេញពីទីក្រុង Boryspil តាមការអំពាវនាវរបស់រដ្ឋាភិបាលអ៊ុយក្រែន។ ទីក្រុងនេះស្ថិតនៅក្បែរអកាសយានដ្ឋានអន្តរជាតិមួយ នេះបើយោងតាមការលើកឡើងរបស់អភិបាលក្រុង Boryspil តាមទូរទស្សន៍ជាតិនៅថ្ងៃសុក្រនេះ។ នេះបើតាមទីភ្នាក់ងារ Reuters។
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានថ្លែងអំណរគុណដល់មេដឹកនាំរបស់សហភាពអឺរ៉ុបដែលបានធ្វើការងាររួមគ្នាដើម្បីជួយគាំទ្រដល់អ៊ុយក្រែន ហើយដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ី។ លោកក៏បានអបអរសាទរសេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាលអាល្លឺម៉ង់ ក្នុងការរារាំងមិនឲ្យរុស្ស៊ីបញ្ជូនថាមពលឧស្ម័នធម្មជាតិទៅកាន់ទី្វបអឺរ៉ុប តាមរយៈគម្រោងបំពង់បង្ហូរប្រេងនិងថាមពល Nord Stream 2 ថ្មី។ នេះបើតាមទីភ្នាក់ងារ AP។
- ទីភ្នាក់ងារ Reuters បានរាយការណ៍ថា សហរដ្ឋអាមេរិកនឹងផ្គត់ផ្គង់ថាមពលឧស្ម័នធម្មជាតិរាវក្នុងបរិមាណ១៥ ពាន់លានម៉ែត្រគីបដល់ប្រទេសជាសមាជិកនៃសហភាពអឺរ៉ុបនៅក្នុងឆ្នាំនេះ ដើម្បីជួយឲ្យប្រទេសទាំងអស់នោះគេចផុតពីការប្រើប្រាស់ថាមពលឧស្ម័នរបស់រុស្ស៊ី។ នេះបើតាមដៃគូប្រទេសឆ្លងមហាសមុទ្រអាត្លង់ទិក។
- នៅថ្ងៃសុក្រនេះវិមានក្រឹមឡាំងបានឲ្យដឹងថា គ្មានអ្វីអាក្រក់នឹងកើតឡើងនោះទេ បើសិនជាសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តទទួលជោគជ័យក្នុងការបណ្តេញរុស្ស៊ីចេញពីក្រុមប្រទេសមានសេដ្ឋកិច្ចធំៗហៅថា G-20 នោះ ពីព្រោះសមាជិកជាច្រើននៃប្រទេស G-20 នេះ កំពុងតែធ្វើសង្គ្រាមសេដ្ឋកិច្ចជាមួយរដ្ឋាភិបាលរុស្ស៊ីរួចទៅហើយដែរ។ លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បានថ្លែងឆ្លើយតបនឹងការលើកឡើងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ដែលថា លោកគាំទ្រឲ្យមានការដកប្រទេសរុស្ស៊ីចេញពី G-20 ក្រោយពីរុស្ស៊ីបានបញ្ជូនទាហានរាប់ម៉ឺននាក់ឈ្លានពានអ៊ុយក្រែន។ នេះបើតាមទីភ្នាក់ងារ Reuters។
- ការបាញ់ផ្តក់របស់ទាហានរុស្ស៊ីបានបំផ្លាញគ្លីនិកមួយដែលត្រូវបានប្រើប្រាស់ធ្វើជាមណ្ឌលជំនួយមនុស្សធម៌នៅទីក្រុង Kharkiv ភាគខាងកើតអ៊ុយក្រែន ដោយបានសម្លាប់មនុស្ស៤នាក់។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ប៉ូលិសក្នុងតំបន់ដែលចេញផ្សាយនៅថ្ងៃសុក្រនេះ។ សេចក្តីថ្លែងការណ៍នេះបានសរសេរតាមបណ្តាញសង្គមថា៖ «ដោយសារតែការបាញ់ផ្តក់គ្រាប់រុក្កែតជាច្រើនគ្រាប់លើសំណង់អគាររស់នៅរបស់ប្រជាពលរដ្ឋមនុស្ស ៧ នាក់ បានរងរបួស ហើយ ៤ នាក់បានស្លាប់។ គ្មានមូលដ្ឋានយោធានៅក្បែរក្រុងនោះទេ»។ នេះបើតាមទីភ្នាក់ងារ Reuters។
- ទីភ្នាក់ងារព័ត៌មានReuters បានរាយការណ៍ថា ទាហានអ៊ុយក្រែនបានកាន់កាប់ក្រុងមួយចំនួននៅភាគខាងកើតនៃរដ្ឋធានីកៀវឡើងវិញ ហើយទាហានរុស្ស៊ីដែលព្យាយាមកាន់កាប់ទីក្រុងនេះ បានដកថយទៅទីតាំងផ្គត់ផ្គង់សម្ភារៈយោធារបស់ខ្លួនវិញ។ នេះបើតាមការអះអាងរបស់ចក្រភពអង់គ្លេស។
- កងទាហានរុស្ស៊ីបានបំផ្លាញឃ្លាំងស្តុកប្រេងឥន្ធនៈដ៏សំខាន់មួយរបស់អ៊ុយក្រែន នៅជាយក្រុងកៀវ តាមរយៈការបាញ់មីស៊ីល។ នេះបើតាមការអះអាងរបស់ក្រសួងការពារជាតិរុស្ស៊ីនៅថ្ងៃសុក្រនេះ។
- ជាង ៦០ភាគរយនៃគ្រាប់មីស៊ីលសម្រាប់បាញ់ចំគោលដៅរបស់រុស្ស៊ី មិនដំណើរការនៅពេលប្រើក្នុងសមរភូមិឈ្លានពានលើប្រទេសអ៊ុយក្រែន នេះបើតាមមន្ត្រីអាមេរិកបីនាក់ ដែលដឹងអំពីព័ត៌មានស៊ើបការណ៍សម្ងាត់នេះ ដែលបានប្រាប់ទីភ្នាក់ងារ Reuters។ ហើយនេះអាចជាមូលហេតុធ្វើឲ្យរុស្ស៊ីជួបឧបសគ្គនៅក្នុងការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែន។
- កាសែត The Washington Post បានរាយការណ៍ថា ប្រេសិតចិនប្រចាំសហរដ្ឋអាមេរិកបានថ្លែងថា មិត្តភាព«គ្មានដែនកំណត់»របស់រដ្ឋាភិបាលចិនជាមួយនឹងរដ្ឋាភិបាលរុស្ស៊ី តាមពិត គឺមានដែនកំណត់ខ្លះដែរ។ ការលើកឡើងនេះកើតឡើង ខណៈលោកប្រធានាធិបតីចិន ស៊ី ជីនពីង ប្រឈមនឹងសម្ពាធកាន់តែច្រើនឡើងពីបណ្តាប្រទេសលោកខាងលិច ឲ្យដកខ្លួនពីប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។
- ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan ថ្លែងថា អ៊ុយក្រែននិងរុស្ស៊ី ទំនងជាសម្រេចបានលទ្ធផលខ្លះលើបញ្ហា៤ ដែលពួកគេកំពុងចរចារគ្នាដើម្បីបញ្ចប់ការប្រយុទ្ធគ្នា ប៉ុន្តែភាគីទាំងពីរនៅតែខ្វែងគំនិតគ្នាលើបញ្ហាសំខាន់ ២។ ថ្លែងទៅកាន់អ្នកសារព័ត៌មានពេលលោកបានត្រឡប់ពីចូលរួមកិច្ចប្រជុំកំពូលអង្គការអូតង់កាលពីល្ងាចថ្ងៃព្រហស្បតិ៍ លោក Erdogan ថា រដ្ឋាភិបាលអ៊ុយក្រែនបានបង្ហាញឆន្ទៈបោះបង់ចោលគោលបំណងក្លាយជាសមាជិកម្នាក់នៃអង្គការអូតង់ ហើយត្រៀមខ្លួនរួចរាល់ដើម្បីទទួលយកភាសារុស្ស៊ីជាភាសាផ្លូវការមួយរបស់ខ្លួន ហើយអាចនឹងទទួលយក «សម្បទានមួយចំនួន» ពាក់ព័ន្ធនឹងការកាត់បន្ថយសមាសភាពយោធារបស់ខ្លួន និង «សន្តិសុខរួម»។ នេះបើតាមទីភ្នាក់ងារ AP។
- រដ្ឋមន្ត្រីសេដ្ឋកិច្ចអាល្លឺម៉ង់ថ្លែងថា ប្រទេសអាល្លឺម៉ង់បានបង្កើតកិច្ចសន្យាជាមួយក្រុមហ៊ុនផ្គត់ផ្គង់ថាមពលថ្មី ដែលនឹងអនុញ្ញាតឲ្យអាល្លឺម៉ង់កាត់បន្ថយខ្លាំងពីការពឹងផ្អែកលើថាមពលធ្យូងថ្ម ឧស្ម័ន និងប្រេងកាតពីរុស្ស៊ី នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។ នេះបើតាមទីភ្នាក់ងារ AP។
- នាយករដ្ឋមន្ត្រីហុងគ្រីនៅថ្ងៃសុក្រនេះ បានបដិសេធមិនធ្វើតាមការទទូចអំពាវនាវរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ដែលស្នើឲ្យហុងគ្រីផ្តល់អាវុធដល់អ៊ុយក្រែន ហើយគាំទ្រការដាក់ទណ្ឌកម្មលើវិស័យថាមពលរបស់រុស្ស៊ី។ នេះបើតាមទីភ្នាក់ងារ AP។
- បណ្តាប្រទេសនៃសហភាពអឺរ៉ុបបានឆ្លើយតបនឹងការទាមទាររបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ឲ្យបណ្តាប្រទេសដែលលោកចាត់ទុកថា «មិនស្និទ្ធស្នាល» នឹងរុស្ស៊ី បង់ថ្លៃសម្រាប់ការនាំចេញឧស្ម័នរុស្ស៊ីជារូបិយបណ្ណរូប៊លចាប់ពីពេលនេះតទៅ ថាជាការរំលោភធ្ងន់ធ្ងរមួយលើកិច្ចសន្យារបស់ពួកគេ។ ទាំងអធិការបតីអាល្លឺម៉ង់លោក Olaf Scholz និងនាយករដ្ឋមន្ត្រីអ៊ីតាលីលោក Mario Draghi សុទ្ធតែអះអាងថា ពួកគេនឹងមិនធ្វើតាមការទាមទារនេះទេ។ នេះបើតាមទីភ្នាក់ងារ AP។
- កាសែត The Washington Post រាយការណ៍ថា ក្រុមអ្នកវិភាគលើការស៊ើបការណ៍សម្ងាត់របស់អាមេរិក បានសន្និដ្ឋានថា ក្រុមអនាមិកឈ្លបយកការណ៍របស់យោធារុស្ស៊ី គឺជាក្រុមដែលបានវាយប្រហារលើសេវាអ៊ីនធឺណិតតាមផ្កាយរណបមួយដែលធ្វើឲ្យប៉ះពាល់ដល់ការទាក់ទងគ្នារបស់ទាហានអ៊ុយក្រែន នៅពេលរុស្ស៊ីបានចាប់ផ្តើមឈ្លានពានលើអ៊ុយក្រែនកាលពីខែកុម្ភៈ។ នេះបើតាមមន្ត្រីអាមេរិកដែលដឹងអំពីកិច្ចការនេះ។ ក៏ប៉ុន្តែ រដ្ឋាភិបាលអាមេរិកមិនទាន់ប្រកាសជាសាធារណៈអំពីការសន្និដ្ឋាននេះនៅឡើយទេ។
១៩:២២
២៦.៣.២០២២
ថ្ងៃសៅរ៍ ទី ២៦ ខែមីនា៖
- ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានថ្លែងប្រាប់ប្រធានាធិបតីប៉ូឡូញលោក Andrzej Duda ថា «សេរីភាពរបស់អ្នក គឺជាសេរីភាពរបស់យើង» ដែលមានអត្ថន័យស្រដៀងនឹងបាវចនាក្រៅផ្លូវការមួយរបស់ប្រទេសប៉ូឡូញ។ លោកបានធានាដល់លោក Duda ថា សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តអូតង់ នឹងជួយដល់ប៉ូឡូញប្រសិនបើរុស្ស៊ីវាយប្រហារលើប៉ូឡូញ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AP។
- នៅរសៀលថ្ងៃសៅរ៍ស៊ីរ៉ែនត្រូវបានបន្លឺឡើងនៅទីក្រុងLviv ភាគខាងលិចប្រទេសអ៊ុយក្រែន ហើយអភិបាលតំបន់លោក Maxym Kozytsky បានរាយការណ៍ថា «មានករណីផ្ទុះដ៏ខ្លាំងក្លាចំនួន ៣ ក្បែរទីក្រុង Lviv» ដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែមថាករណីផ្ទុះទាំងអស់នេះបានបំផ្លាញអ្វីខ្លះនោះទេ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AP។
- ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានស្ងប់ស្ងែងស្មារតីនិងភាពអំណត់របស់ជនភៀសខ្លួនអ៊ុយក្រែនបន្ទាប់ពីរុស្ស៊ីបាននិងកំពុងឈ្លានពានដ៏ឃោរឃៅនៅក្នុងប្រទេសអ៊ុយក្រែន។ នៅថ្ងៃសៅរ៍ក្នុងដំណើរទស្សនកិច្ចជួបជាមួយជនភៀសខ្លួនអ៊ុយក្រែននៅប្រទេសប៉ូឡូញ លោក Biden បានឱបស្ត្រីជាម្តាយនិងកុមារជនភៀសខ្លួនអ៊ុយក្រែន។ នៅក្នុងប្រទេសប៉ូឡូញ លោក Biden ក៏បានសន្យាផ្តល់ជំនួយជាហូរហែរពីបណ្តាប្រទេសមហាអំណាចលោកខាងលិចផ្សេងៗទៀតផងដែរ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AP។
- ប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយជាមួយមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលអ៊ុយក្រែននៅទីក្រុងវ៉ាសូវី នៅថ្ងៃសៅរ៍ ហើយបានហៅប្រធានាធិបតីរុស្ស៊ីVladimir Putin ថាជា«ឃាតករសម្លាប់មនុស្សច្រើននាក់» នៅក្នុងកិច្ចប្រជុំមួយជាមួយជនភៀសខ្លួនដែលរត់ចេញពីសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន មកកាន់រដ្ឋធានីនៃប្រទេសប៉ូឡូញ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។
- នៅថ្ងៃសៅរ៍ គ្រាប់រុក្កែតចំនួន ២ បានបាញ់ចំទីក្រុង Lviv ភាគខាងលិចប្រទេសអ៊ុយក្រែន ដោយបានបណ្តាលឲ្យមនុស្សយ៉ាងតិច ៥ នាក់រងរបួស។ អភិបាលតំបន់លោក Maksym Kozytsky បានថ្លែងដូច្នេះ ក្រោយពីអាជ្ញាធរមូលដ្ឋានបានប្រាប់ឲ្យពលរដ្ឋរកទីសុវត្ថិភាព ក្រោយពីមានករណីផ្ទុះជាបន្តបន្ទាប់នៅជាយក្រុងនេះ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។
- កាសែតThe New York Times រាយការណ៍ថា លោក Dmitri A. Medvedev អតីតប្រធានាធិបតីរុស្ស៊ីនិងជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានថ្លែងថា ប្រទេសរុស្ស៊ីបានត្រៀមខ្លួនជាស្រេចដើម្បីប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងសហរដ្ឋអាមេរិកនិងអឺរ៉ុប ប្រសិនបើប្រទេសរុស្ស៊ីត្រូវបានគំរាមកំហែង។ លោកបានលើកឡើងអំពីករណីប្រើអាវុធប្រល័យនុយក្លេអ៊ែរនេះ ខណៈរុស្ស៊ីប្រឈមនឹងការប្រឆាំងដ៏ខ្លាំងក្លានៅក្នុងប្រទេសអ៊ុយក្រែន។ លោក Medvedev បានថ្លែងដូច្នេះទៅកាន់ទីភ្នាក់ងារព័ត៌មានរដ្ឋRIA នៅថ្ងៃសៅរ៍ គឺត្រូវនឹងថ្ងៃដូចគ្នាដែលលោកប្រធានាធិបតី Joe Biden កំពុងជួបពិភាក្សាជាមួយប្រធានាធិបតីប៉ូឡូញ នៅទីក្រុង វ៉ាសូវី។
- អគ្គលេខាធិការរងអង្គការអូតង់ថា «សង្គ្រាមដ៏ព្រៃផ្សៃ»រយៈពេលជាមួយខែរបស់ប្រធានាធិបតីរុស្ស៊ី Vladimir Putin នៅក្នុងប្រទេសអ៊ុយក្រែន ជាសង្គ្រាមមួយដែលលោក Putin មិនអាចឈ្នះ។ លោក Mircea Geoanaថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មាន AP ថា អង្គការអូតង់នឹងត្រូវបាន «បង្ខំឲ្យចាត់វិធានការសមស្របណាមួយ» ក្នុងករណីដែលមានការប្រើអាវុធជីវសាស្ត្រ ឬអាវុធនុយក្លេអ៊ែរណាមួយនោះ។ លោកបានថ្លែងដូច្នេះ បន្ទាប់ពីមានការអធិប្យាយជាបន្តបន្ទាប់ពីក្រុមមន្ត្រីរុស្ស៊ីដែលលើកឡើងពីលទ្ធភាពនៃការប្រើប្រាស់អាវុធបែបនេះ។
- ទីភ្នាក់ងារ Reuters បានរាយការណ៍ថា លោកប្រធានាធិបតីអាមេរិក Joe Biden បានចូលជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់អ៊ុយក្រែននៅរដ្ឋធានី Warsaw ក្នុងប្រទេសប៉ូឡូញ កាលពីថ្ងៃសៅរ៍ នៅក្នុងកិច្ចប្រជុំមួយរវាងរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba និងរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក Oleksii Reznikov ជាមួយនឹងលោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកនិងលោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិអាមេរិក។ លោក Kuleba បានថ្លែងប្រាប់ទូរទស្សន៍ជាតិអ៊ុយក្រែនបន្ទាប់ពីជំនួបនេះថា៖ «លោកប្រធានាធិបតី Biden និយាយថា អ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែន នឹងផ្លាស់ប្តូរប្រវត្តិសាស្ត្រសតវត្សរ៍ទី ២១ ហើយថា យើងនឹងធ្វើការរួមគ្នាដើម្បីធានាថា ការផ្លាស់ប្តូរនាំប្រយោជន៍ដល់យើងទាំងអស់គ្នា ដល់អ៊ុយក្រែន និងដល់ប្រទេសប្រជាធិបតេយ្យ»។
- ជនភៀសខ្លួនដែលបានទៅដល់ប្រទេសប៉ូឡូញពីប្រទេសអ៊ុយក្រែន បានអង្វរសុំជំនួយបន្ថែមទៀត ដើម្បីបញ្ចប់សង្គ្រាមខណៈប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កំពុងត្រៀមបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល៤ ថ្ងៃរបស់លោកទៅកាន់ទ្វីបអឺរ៉ុប។ សហរដ្ឋអាមេរិកបានផ្ញើហិរញ្ញប្បទាននិងជំនួយផ្សេងៗទៀតដល់កិច្ចប្រឹងប្រែងជួយជនភៀសខ្លួន។ ក្នុងសប្តាហ៍នេះ លោក Biden បានប្រកាសជំនួយជាទឹកប្រាក់ ១ ពាន់លានដុល្លារបន្ថែមទៀត ហើយថា សហរដ្ឋអាមេរិកនឹងទទួលយកជនភៀសខ្លួនរហូតដល់ទៅ ១ សែននាក់។ នេះបើតាមទីភ្នាក់ងារ AP។
- នៅថ្ងៃសៅរ៍អភិបាលក្រុង Chernihiv ភាគខាងជើងប្រទេសអ៊ុយក្រែន បានថ្លែងថា មនុស្ស ៤៤ នាក់បានរងរបួសធ្ងន់ ក្នុងនោះរួមមានកុមារ៣ នាក់ ហើយថា ពួកគេមិនអាចត្រូវបានជម្លៀសចេញពីទីក្រុងទៅកាន់កន្លែងសុវត្ថិភាពដើម្បីទទួលបានការព្យាបាលបាននោះទេ ពីព្រោះថាទីក្រុង Chernihiv ត្រូវបានហ៊ុមព័ទ្ធដោយទាហានរុស្ស៊ី។ នេះបើតាមទីភ្នាក់ងារ Reuters។
- ទីភ្នាក់ងារព័ត៌មាន Reuters រាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានជំរុញឲ្យមានការចរចាគ្នាថែមទៀតជាមួយរុស្ស៊ី ខណៈរដ្ឋាភិបាលម៉ូស្គូបានផ្តល់សញ្ញាថាខ្លួនបន្ថយមហិច្ឆតារបស់ខ្លួនដើម្បីផ្តោតការយកចិត្តទុកដាក់លើតំបន់ Donbass ស្ថិតនៅភាគខាងកើតប្រទេស ដែលត្រូវបានកាន់កាប់ដោយក្រុមផ្តាច់ខ្លួនពីរដ្ឋាភិបាលអ៊ុយក្រែននិងគាំទ្រដោយរដ្ឋាភិបាលរុស្ស៊ី។
- អភិបាលក្រុងកៀវលោក Oleksandr Pavlyuk បានថ្លែងថា ទាហានរុស្ស៊ីបានកាន់កាប់ភូមិ Slavutych ដែលជាទីកន្លែងក្រុមការងារធ្វើការនៅរោងចក្រផលិតថាមពលនុយក្លេអ៊ែរ Chernobyl រស់នៅ។ នេះបើតាមទីភ្នាក់ងារ Reuters។
- អភិបាលក្រុងកំពង់ផែ Mariupol លោក Vadym Boichenko បានថ្លែងថា ស្ថានភាពក្នុងក្រុងនៅតែដុនដាប ដោយមានការវាយប្រយុទ្ធគ្នាតាមដងផ្លូវនានានៃកណ្តាលក្រុង។ នេះបើតាមទីភ្នាក់ងារ Reuters។
- នៅក្នុងវីដេអូមួយដែលចេញផ្សាយដោយក្រសួងការពារជាតិរុស្ស៊ីគេឃើញរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បានធ្វើជាអធិបតីនៃកងប្រជុំមួយរបស់កងទ័ពរុស្ស៊ី ហើយបានពិភាក្សាអំពីការបញ្ជូនអាវុធបន្ថែម។ នេះជាលើកដំបូងដែលរដ្ឋមន្ត្រីរូបនេះបានបង្ហាញខ្លួនជាសាធារណៈម្តងទៀត បន្ទាប់ពីមិនបានធ្វើសកម្មភាពជាសាធារណៈរយៈពេលពីរសប្តាហ៍មក។ នេះបើតាមទីភ្នាក់ងារ Reuters។
- កាលពីថ្ងៃសុក្ររុស្ស៊ីអះអាងថា ខ្លួនបានជិតបញ្ចប់ដំណាក់ការទី១ នៃប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន ហើយថារុស្ស៊ីនឹងផ្តោតការយកចិត្តទុកដាក់លើ«ការរំដោះ» តំបន់ Donbass។ នេះបើតាមទីភ្នាក់ងារ Reuters។
- អភិបាលក្រុង Mariupol ថា លោកបានសន្ទនាជាមួយឯកអគ្គរដ្ឋទូតបារាំងប្រចាំអ៊ុយក្រែន អំពីជម្រើសនានាដើម្បីជម្លៀសជនស៊ីវលពីក្រុងនេះ បន្ទាប់ពីលោក Emmanuel Macron ប្រធានាធិបតីបារាំងបានថ្លែងថា លោកនឹងស្នើផែនការមួយទៅកាន់រុស្ស៊ី ដើម្បីជួយពលរដ្ឋភៀសខ្លួនពីក្រុងនេះ។ នេះបើតាមទីភ្នាក់ងារ Reuters។
- អាជ្ញាធរតួកគីបានព្រមាននាវានានាមិនឲ្យធ្វើដំណើរតាមសមុទ្រខ្មៅ (Black Sea) ខណៈក្រុមជ្រមុជទឹកមួយក្រុមកំពុងពិនិត្យមើលលើ «វត្ថុមួយដែលមានរាងដូចគ្រាប់មីន» ដែលបានអណ្តែតនៅភាគខាងជើងទីក្រុង Istanbul ក្បែរសមុទ្រខ្មៅ។ ការព្រមាននេះកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីរុស្ស៊ីបានព្រមានថា គ្រាប់មីនជាច្រើនគ្រាប់បានអណ្តែតចេញពីកំពង់ផែនានានៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើតាមទីភ្នាក់ងារ Reuters។
- នៅថ្ងៃសៅរ៍នេះ នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ថ្លែងថា លទ្ធភាពដែលរុស្ស៊ីនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ «កាន់តែអាចក្លាយជាការពិត» ដោយលោកបានស្វាគមន៍ឯកអគ្គរដ្ឋទូតអាមេរិកដែលធ្វើដំណើរទៅក្រុង Hiroshima ដែលជាទីក្រុងដំបូងគេដែលបានរងការវាយប្រហារដោយអាវុធនុយក្លេអ៊ែរ។ នេះបើតាមទីភ្នាក់ងារReuters។
- នៅថ្ងៃសៅរ៍នេះ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានអំពាវនាវដល់បណ្តាប្រទេសនានាដែលផលិតថាមពលឲ្យបង្កើនបរិមាណផលិតរបស់ខ្លួន ដើម្បីធ្វើយ៉ាងណាឲ្យរុស្ស៊ីមិនអាចប្រើប្រាស់ធនធានប្រេងនិងឧស្ម័នរបស់ខ្លួន«គំរាមកំហែង» ដល់ប្រទេសដទៃទៀត។ នេះបើតាមទីភ្នាក់ងារ Reuters។
- ការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែនបានសម្លាប់កុមារយ៉ាងតិច ១៣៦ នាក់ ក្នុងរយៈពេល ៣១ ថ្ងៃ បន្ទាប់ពីទាហានរុស្ស៊ីបានចាប់ផ្លើមការវាយប្រហាររបស់ខ្លួន។ នេះបើតាមការិយាល័យរបស់អគ្គរដ្ឋអាជ្ញារបស់ប្រទេសអ៊ុយក្រែន នៅក្នុងសារមួយដែលផ្សព្វផ្សាយតាមកម្មវិធីទូរស័ព្ទ Telegram។ បន្ថែមលើនេះ កុមារប្រមាណ ១៩៩ នាក់ទៀតបានរងរបួស។ ទីភ្នាក់ងារព័ត៌មាន Reuters មិនអាចបញ្ជាក់ភ្លាមៗលើតួលេខនេះបានទេ។
- អតីតប្រធានាធិបតីរុស្ស៊ីនិងអនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ីលោកDmitry Medvedev ត្រូវបានដកស្រង់សម្តីកាលពីថ្ងៃសុក្រថា លោកយល់ថា វាជារឿង«ឆោតល្ងង់» ក្នុងការជឿថា ការដាក់ទណ្ឌកម្មរបស់បណ្តាប្រទេសលោកខាងលិចលើក្រុមហ៊ុនអាជីវកម្មរុស្ស៊ី អាចនឹងជះឥទ្ធិពលលើរដ្ឋាភិបាលរុស្ស៊ី។ នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មាន RIA របស់រុស្ស៊ី លោក Dmitry Medvedev បាននិយាយថា ទណ្ឌកម្មទាំងអស់នេះនឹងកាន់តែពង្រឹងកម្លាំងក្នុងសង្គមជាតិរុស្ស៊ីទៅវិញទេ ហើយវានឹងមិនអាចបង្កឲ្យមានការមិនពេញចិត្តនឹងអាជ្ញាធររុស្ស៊ីឡើយ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។
- នៅថ្ងៃសៅរ៍ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នឹងថ្លែងសុន្ទរកថាក្នុងប្រទេសប៉ូឡូញដោយផ្តោតលើសាមគ្គីភាពរបស់«ពិភពលោកសេរី» ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ហើយថា បណ្តាប្រទេសដែលមានសេដ្ឋកិច្ចធំៗមានសាមគ្គីភាពគ្នាដែលចាំបាច់ដើម្បីបញ្ឈប់លោក Vladimir Putin។ នេះបើតាមសេតវិមាន។ បីថ្ងៃបន្ទាប់ពីចូលរួមកិច្ចប្រជុំបន្ទាន់ជាមួយបណ្តាប្រទេសជាសម្ព័ន្ធមិត្តប្រទេស G-7 ជាមួយក្រុមប្រឹក្សាអឺរ៉ុប និងជាមួយអង្គការអូតង់និងដំណើរទស្សនកិច្ចកងទ័ពអាមេរិកនៅប្រទេសប៉ូឡូញមក លោក Bidenជួបជាមួយប្រធានាធិបតីប៉ូឡូញលោក Andrzej Duda នៅថ្ងៃសៅរ៍នេះ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។
- កាសែត The Washington Post បានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy «ខកចិត្តយ៉ាងខ្លាំង» ចំពោះលទ្ធផលនៃកិច្ចប្រជុំកំពូលបន្ទាន់របស់អង្គការអូតង់នៅសប្តាហ៍នេះ ដែលលោកប្រធានាធិបតីអាមេរិក Joe Biden បានចូលរួមនោះ។ នេះបើយោងតាមនាយខុទ្ទកាល័យរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Andriy Yermak។
- កាសែត The New York Times បានរាយការណ៍ថា ប្រទេសអ៊ុយក្រែនកំពុងប្រឈមនឹងមហន្តរាយសុខាភិបាលសាធារណៈមួយដែលអាចកំពុងកើតមានឡើង ដោយអះអាងថា៖ «អ៊ុយក្រែនមានប្រជាពលរដ្ឋច្រើនដែលមានជំងឺអេសដ៍ ជំងឺរលាកថ្លើមប្រភេទស៊ី ហើយចំនួនអ្នកចាក់វ៉ាក់សាំងបង្ការជំងឺកញ្ជ្រិល ជំងឺស្វិតដៃជើង និងជំងឺកូវីដ១៩ នៅទាបនៅឡើយ»។
- អង្គការសុខភាពពិភពលោកបានឲ្យដឹងថា មានការវាយប្រហារ ៧០ដង លើមន្ទីរពេទ្យ រថយន្តសង្គ្រោះបន្ទាន់ និងក្រុមវេជ្ជបណ្ឌិត នៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មានរបស់ BBC ហើយករណីវាយប្រហារនេះនឹងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
- ព័ត៌មានចុងក្រោយពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ចក្រភពអង់គ្លេសអះអាងថា រុស្ស៊ីអាចនឹងបន្តប្រើប្រាស់«អាវុធធុនធ្ងន់» នៅក្នុងការប្រយុទ្ធរបស់ខ្លួនតាមតំបន់ទីប្រជុំជនដែលនេះជាផ្នែកមួយនៃ«យុទ្ធសាស្ត្របាញ់គ្រាប់ផ្លោងតាមផ្លូវគោកនិងការទម្លាក់គ្រាប់បែកពីអាកាសដោយមិនរើសគោលដៅ» របស់រុស្ស៊ី។
- ទីភ្នាក់ងារព័ត៌មានបារាំង AFP រាយការណ៍ថា ប្រធានាធិបតីបារាំងលោក Emmanuel Macron បានច្រានចោលការទាមទាររបស់រុស្ស៊ី ដែលឲ្យខ្លួនបង់ថ្លៃឧស្ម័នដោយរូបិយបណ្ណរ៉ូប៊ល។ លោក Macron បានថ្លែងថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កំពុងតែព្យាយាមគេចវេសពីការដាក់ទណ្ឌកម្ម។
- អាជ្ញាធរនៅទីក្រុងកៀវដែលជារដ្ឋធានីរបស់ប្រទេសអ៊ុយក្រែន បានប្រកាសអនុវត្តវិធានការគោចររយៈពេល ៣៥ ម៉ោងនៅក្នុងក្រុង។ នេះបើតាមទីភ្នាក់ងារ AP។
- ក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេសថា រុស្ស៊ីបន្តកាន់កាប់ទីក្រុងមួយចំនួនរបស់ប្រទេសអ៊ុយក្រែន ក្នុងនោះរួមមានទីក្រុង Kharkiv ទីក្រុង Chernihiv និងទីក្រុង Mariupol។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AP។
- នៅក្នុងការបង្ហាញខ្លួនតាមរយៈវីដេអូមួយទៅកាន់វេទិកាដូហានៅក្នុងទីក្រុងហ្គាតា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy នៅថ្ងៃសៅរ៍នេះ បានថ្លែងរិះគន់សង្គ្រាមរបស់រុស្ស៊ីដែលកំពុងមានធ្វើលើប្រទេសអ៊ុយក្រែនរបស់លោក។ លោកបានអំពាវនាវដល់អង្គការសហប្រជាជាតិ និងប្រទេសមហាអំណាចនៅជុំវិញពិភពលោកជួយប្រទេសលោក។ លោកបានប្រៀបធៀបការវាយប្រហាររបស់រុស្ស៊ីដែលបំផ្លិចបំផ្លាញទីក្រុងកំពង់ផែ Mariupol របស់ប្រទេសអ៊ុយក្រែន ទៅនឹងការវាយប្រហាររបស់រុស្ស៊ីដែលបានបំផ្លិចបំផ្លាញទីក្រុង Aleppo នៅក្នុងសង្គ្រាមស៊ីរី។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AP។
- ប្រធានខុទ្ទកាល័យរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Andriy Yermak បានថ្លែងនៅក្នុងសុន្ទរកថាមួយកាលពីល្ងាចថ្ងៃសុក្រ ដោយអំពាវនាវដល់បណ្តាប្រទេសលោកខាងលិចឲ្យបង្កើតកម្មវិធីផ្គត់ផ្គង់ថ្មីមួយ[ដូចជាស្បៀងអាហារ ប្រេងកាត និងសម្ភារៈចាំបាច់នានា] ដល់ប្រទេសអ៊ុយក្រែន ដែលកម្មវិធីនេះធ្លាប់ជាកិច្ចប្រឹងប្រែងមួយនៅក្នុងអំឡុងសង្គ្រាមលោកលើកទី ២ ដែលបានបញ្ជូនសម្ភារៈផ្គត់ផ្គង់របស់សហរដ្ឋអាមេរិកទៅដល់សហភាពសូវៀតដើម្បីវាយប្រយុទ្ធជាមួយក្រុមណាស៊ីអាល្លឺម៉ង់។ លោក Andriy Yermak បានថ្លែងថា «យើងចាំបាច់ត្រូវការផែនការផ្គត់ផ្គង់នេះ»។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AP។
១៩:៥៩
២៧.៣.២០២២
ថ្ងៃអាទិត្យ ទី២៧ ខែមីនា៖
- រដ្ឋាភិបាលអ៊ុយក្រែនបានស្នើគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) កុំឱ្យបើកការិយាល័យដូចដែលបានគ្រោងទុកនៅក្នុងទីក្រុង Rostov-on-Don នៃប្រទេសរុស្ស៊ី ដោយបានបញ្ជាក់ថា ការធ្វើដូច្នេះគឺដូចជាការផ្ដល់ភាពស្របច្បាប់ដល់ «ច្រករបៀងមនុស្សធម៌» របស់រដ្ឋាភិបាលរុស្ស៊ី និងការផ្ដល់ភាពស្របច្បាប់ដល់ការចាប់ពង្រត់និងការចាប់បញ្ជូនដោយបង្ខំរបស់រុស្ស៊ីនូវពលរដ្ឋអ៊ុយក្រែនទៅកាន់ប្រទេសរុស្ស៊ីដូច្នេះដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋមន្ត្រីការបរទេសបារាំងលោក Jean-Yves Le Drian បានថ្លែងនៅក្នុងសន្និសីទអន្តរជាតិរបស់អង្គការវេទិកាដូហា (Doha Forum) នៅថ្ងៃអាទិត្យនេះថា ប្រសិនបើមិនមានវិធានការអ្វីធ្វើឡើងដើម្បីជួយជនស៊ីវិលនៅក្នុងទីក្រុង Mariupol ប្រទេសអ៊ុយក្រែន ដែលកំពុងស្ថិតក្រោមការឡោមព័ន្ធរបស់កងទ័ពរុស្ស៊ីទេ នោះវាគឺជា «កំហុសរួម»។ លោក Le Drian បានបន្ថែមថា បណ្ដាប្រទេសមហាអំណាចអន្តរជាតិត្រូវតែបន្តចរចាជាមួយនឹងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin រហូតទាល់តែលោក Putin ត្រៀមលក្ខណៈរួចរាល់នៅក្នុងការបញ្ចប់ការឈ្លានពានរបស់លោកលើអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters និងទីភ្នាក់ងារព័ត៌មាន AFP។
- រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នៅថ្ងៃអាទិត្យនេះនៅបន្តកែសម្រួលការលើកឡើងដោយមិនបានត្រៀមលក្ខណៈជាមុនរបស់លោក Biden ដែលថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin «មិនអាចនៅកាន់តំណែងបានទៀតទេ»។ អ្នកស្រី Julianne Smith ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការអូតង់ (NATO) បានបញ្ជាក់នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយនឹងបណ្ដាញព័ត៌មាន CNN នៅថ្ងៃអាទិត្យនេះថា ការលើកឡើងដ៏គួរឱ្យភ្ញាក់ផ្អើលរបស់លោក Biden នោះគឺជា «ប្រតិកម្មរបស់មនុស្សដែលមានគោលសីលធម៌» ដែលបានធ្វើឡើងបន្ទាប់ពីលោកបានឃើញដោយផ្ទាល់ភ្នែកនូវសោកនាដកម្មនៃសង្គ្រាម នៅពេលលោកបានទៅសួរសុខទុក្ខជនភៀសខ្លួនអ៊ុយក្រែនរាប់រយនាក់។ អ្នកស្រីបាននិយាយដូច្នេះថា៖ «លោក [ប្រធានាធិបតី Biden] បានទៅពហុកីឡដ្ឋានជាតិនៅក្នុងទីក្រុងវ៉ាសូរី ប្រទេសប៉ូឡូញ និងបានជួបជាមួយពលរដ្ឋអ៊ុយក្រែនរាប់រយនាក់។ លោកបានឮរឿងរ៉ាវដ៏ក្លាហានរបស់អ្នកទាំងនោះនៅពេលពួកគេភៀសខ្លួនពីអ៊ុយក្រែនបន្ទាប់ពីរុស្ស៊ីបានធ្វើសង្គ្រាមឃោរឃៅលើអ៊ុយក្រែន។ នៅពេលនោះ ខ្ញុំគិតថា [ការលើកឡើងរបស់លោកប្រធានាធិបតី Biden] គឺជាប្រតិកម្មរបស់មនុស្សដែលមានគោលសីលធម៌ចំពោះរឿងរ៉ាវដែលលោកបានឮនៅថ្ងៃនោះ»។ នេះបើយោងតាមបណ្ដាញព័ត៌មាន CNN។
- លោក Jim Risch សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកខាងគណបក្សសាធារណរដ្ឋតំណាងរដ្ឋ Idaho ដែលជាសមាជិកជាន់ខ្ពស់មួយរូបនៃគណៈកម្មាធិការទំនាក់ទំនងបរទេសនៃព្រឹទ្ធសភាអាមេរិក បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន CNN នៅថ្ងៃអាទិត្យនេះថា លោកសង្ឃឹមថា សភាអាចអនុម័តសំណើច្បាប់ដែលមានការគាំទ្រពីគណបក្សទាំងពីរដើម្បីដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ី។ លោកថ្លែងដូច្នេះថា៖ «តាមទស្សនៈរបស់ខ្ញុំ ខ្ញុំចង់ឃើញទណ្ឌកម្មបន្ទាប់បន្សំដាក់លើរាល់ធនាគារទាំងអស់របស់រុស្ស៊ី។ ខ្ញុំគិតថា ដោយសារតែអ្វីដែលកំពុងបន្តកើតឡើង យើងពិតជាមិនអាចតឹងតែងខ្លាំងពេកលើការដាក់ទណ្ឌកម្មនោះទេ។ យើងត្រូវតែបន្ធូរបន្ថយការដាក់ទណ្ឌកម្មទាំងនេះ»។ នេះបើយោងតាមបណ្ដាញព័ត៌មាន CNN។
- នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Naftali Bennett បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយជាមួយនឹងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken នៅក្នុងទីក្រុងហ្សេរុយសាឡិម ប្រទេសអ៊ីស្រាអែលនៅថ្ងៃអាទិត្យនេះថា ប្រទេសអ៊ីស្រាអែលគាំទ្រអ៊ុយក្រែនយ៉ាងមុតមាំ និងបានបង្កើតមន្ទីរពេទ្យមួយកន្លែងនៅអ៊ុយក្រែនដើម្បីព្យាបាលអ្នករងរបួស និងកំពុងធ្វើអ្វីដែលខ្លួនអាចធ្វើបានដើម្បីជួយបញ្ចប់សង្គ្រាមនេះ។ នេះបើយោងតាមបណ្ដាញព័ត៌មាន CNN។
- ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការជនភៀសខ្លួន (UNHCR) បានបញ្ជាក់ថា ពលរដ្ឋអ៊ុយក្រែនជាង ១០ លាននាក់ ដែលស្មើនឹងជិតមួយភាគបួននៃប្រជាជនសរុប បានភៀសខ្លួនពីផ្ទះសម្បែង តាំងពីពេលដែលរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនជាងមួយខែកន្លងមក។ មនុស្សប្រហែល ៣ លាន ៧ សែននាក់បានភៀសខ្លួនទៅកាន់ប្រទេសជិតខាង មនុស្សជាង ៦ លាន ៥ សែននាក់ទៀតបានភៀសខ្លួននៅក្នុងប្រទេសអ៊ុយក្រែនផ្ទាល់ និងមនុស្ស ១៣ លាននាក់ទៀតកំពុងជាប់គាំងនៅក្នុងតំបន់សង្គ្រាម ដោយមិនអាចចាកចេញបានដោយសារគ្រោះថ្នាក់។
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានជំរុញក្រុមបស្ចិមប្រទេសឱ្យផ្ដល់រថក្រោះ យន្តហោះ និងមីស៊ីលដល់អ៊ុយក្រែន ដើម្បីទប់ទល់នឹងកងកម្លាំងរបស់រុស្ស៊ី ស្របពេលរដ្ឋាភិបាលរបស់លោកបានបញ្ជាក់ថា កងទ័ពរុស្ស៊ីបានវាយប្រហារសំដៅលើឃ្លាំងស្តុកប្រេងឥន្ធនៈនិងស្បៀងអាហាររបស់អ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- សម្ដេចប៉ាប Francis បានបង្កើនការអង្វរកររបស់ព្រះអង្គឱ្យមានការចរចាដើម្បីបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។ ទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍ថា សម្ដេចប៉ាប Francis បានថ្លែងទៅកាន់សាធារណជននៅទីលាន St. Peter នៅថ្ងៃអាទិត្យនេះថា «សង្គ្រាមឃោរឃៅនិងឆ្កួតលីលានេះ» ដែលនៅបន្តអស់រយៈពេលជាងមួយខែមក តំណាងឱ្យ «ការបរាជ័យសម្រាប់ទាំងអស់គ្នា»។
- នៅក្នុងការឆ្លើយតបទៅនឹងការលើកឡើងកាលពីថ្ងៃសៅរ៍របស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ដែលថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin «មិនអាចនៅកាន់តំណែងបានទៀតទេ» អ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ីលោក Dmitry Peskov បានបញ្ជាក់ថា៖ «នេះមិនមែនជាអ្វីដែលលោក Biden ជាអ្នកសម្រេចនោះទេ។ ប្រធានាធិបតីរុស្ស៊ីគឺជ្រើសរើសដោយប្រជាពលរដ្ឋរុស្ស៊ី»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានប្រាប់អ្នកសារព័ត៌មាននានានៅថ្ងៃអាទិត្យនេះថា សហរដ្ឋអាមេរិកគ្មានយុទ្ធសាស្ត្រណាមួយក្នុងការធ្វើឱ្យមានការផ្លាស់ប្ដូររបបដឹកនាំនៅក្នុងប្រទេសរុស្ស៊ីនោះទេ។ លោកលើកឡើងដូចនេះ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin «មិនអាចនៅកាន់តំណែងបានទៀតទេ»។ លោក Blinken បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងហ្សេរុយសាឡិម ប្រទេសអ៊ីស្រាអែលថា៖ «ខ្ញុំគិតថា លោកប្រធានាធិបតី [Biden] និងសេតវិមានបានបញ្ជាក់កាលពីយប់មិញថា លោកប្រធានាធិបតី Putin មិនអាចត្រូវគេផ្ដល់អំណាចឱ្យដើម្បីធ្វើសង្គ្រាមឬក៏ប្រឡូកនៅក្នុងភាពគឃ្លើនណាមួយប្រឆាំងនឹងអ៊ុយក្រែនឬក៏ប្រទេសណាមួយនោះទេ»។ លោក Blinken បានបញ្ជាក់ទៀតថា៖ «ដូចអ្នកបានដឹងនិងបានឮយើងនិយាយម្ដងហើយម្ដងទៀតថា សហរដ្ឋអាមេរិកមិនមានយុទ្ធសាស្ត្រណាមួយនៅក្នុងការផ្លាស់ប្ដូររបបដឹកនាំនៅក្នុងប្រទេសរុស្ស៊ី ឬក៏ប្រទេសណាមួយនោះទេ។ នៅក្នុងករណីនេះ ក៏ដូចជានៅក្នុងករណីផ្សេងទៀតដែរ វាអាស្រ័យលើប្រជាពលរដ្ឋនៃប្រទេសនោះផ្ទាល់ [ជាអ្នកសម្រេច]។ វាអាស្រ័យលើប្រជាពលរដ្ឋរុស្ស៊ី»។ លោក Blinken បានបន្ថែមថា៖ «ប៉ុន្តែអ្វីដែលយើងមានគឺយុទ្ធសាស្ត្រគាំទ្រអ៊ុយក្រែនឱ្យបានខ្លាំងក្លា យុទ្ធសាស្ត្រដាក់សម្ពាធមិនធ្លាប់មានពីមុនមកលើរុស្ស៊ី ហើយយើងនឹងអនុវត្តយុទ្ធសាស្ត្រទាំងនេះឆ្ពោះទៅមុខ។ យើងក៏មានយុទ្ធសាស្ត្រនៅក្នុងការធ្វើឱ្យច្បាស់ថា យើងផ្ដល់ការគាំទ្រផ្នែកមនុស្សធម៌គ្រប់បែបយ៉ាងដែលយើងអាច និងយុទ្ធសាស្ត្រនៅក្នុងការពង្រឹងអង្គការអូតង់ (NATO)» ផងដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- លោក Ibrahim Kalin អ្នកនាំពាក្យប្រធានាធិបតីតួកគីបាននិយាយនៅថ្ងៃអាទិត្យនេះថា ប្រទេសតួកគីនិងប្រទេសផ្សេងទៀតត្រូវតែនៅបន្តចរចាជាមួយនឹងរុស្ស៊ីដើម្បីជួយបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន និងថា រដ្ឋាភិបាលអ៊ុយក្រែនត្រូវការការគាំទ្របន្ថែមទៀតដើម្បីការពារខ្លួន។ លោក Kalin បានបញ្ជាក់នៅក្នុងវេទិកាអន្តរជាតិដូហាថា៖ «ប្រសិនបើមនុស្សគ្រប់គ្នាឈប់ទាក់ទងជាមួយរុស្ស៊ី តើនរណានឹងចរចាជាមួយនឹងរុស្ស៊ី។ អ៊ុយក្រែនត្រូវការការគាំទ្រគ្រប់មធ្យោបាយទាំងអស់ដែលអាចទៅរួច ដូច្នេះអ៊ុយក្រែនអាចការពារខ្លួនឯងបាន»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- លោក Kyrylo Budanov ប្រធានផ្នែកស៊ើបការណ៍សម្ងាត់នៃយោធាអ៊ុយក្រែនបាននិយាយនៅថ្ងៃអាទិត្យនេះថា ប្រទេសរុស្ស៊ីកំពុងព្យាយាមបំបែកប្រទេសអ៊ុយក្រែនជាពីរដើម្បីបង្កើតតំបន់ដែលគ្រប់គ្រងដោយរុស្ស៊ី បន្ទាប់ពីរុស្ស៊ីបានបរាជ័យនៅក្នុងការដណ្ដើមគ្រប់គ្រងប្រទេសអ៊ុយក្រែនទាំងមូល។ លោកថ្លែងដូច្នេះថា៖ «តាមការពិត នេះគឺជាការប៉ុនប៉ងដើម្បីបំបែកអ៊ុយក្រែនជាពីរដូចកូរ៉េខាងជើងនិងកូរ៉េខាងត្បូងដូច្នេះដែរ»។ លោកបានបន្ថែមថា នៅពេលឆាប់ៗខាងមុខនេះ អ៊ុយក្រែននឹងចាប់ផ្ដើមធ្វើសង្គ្រាមទ័ពព្រៃនៅក្នុងដែនដីដែលកាន់កាប់ដោយរុស្ស៊ី។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រធានាធិបតីបារាំងលោក Emmanuel Macron បានព្រមាននៅថ្ងៃអាទិត្យនេះប្រឆាំងនឹង «ការរីករាលដាល» នៃការផ្ដោះប្ដូរពាក្យសម្ដីជាមួយនឹងរដ្ឋាភិបាលរុស្ស៊ី បន្ទាប់ពីប្រធានាធិបតី សហរដ្ឋអាមេរិកលោក Joe Biden បានហៅប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ថាជា «ឃាតករកាប់សម្លាប់មនុស្ស» ទាក់ទិននឹងការឈ្លានពានរបស់លោក Putin លើអ៊ុយក្រែន។ លោក Marcon បានបញ្ជាក់ប្រាប់ស្ថានីយទូរទស្សន៍ France 3 ថា លោកយល់ថា កិច្ចការដែលត្រូវធ្វើគឺ «ដំបូងត្រូវសម្រេចឱ្យបាននូវកិច្ចឈប់វាយប្រយុទ្ធគ្នា ហើយបន្ទាប់មកត្រូវមានការដកកងទ័ពរុស្ស៊ីចេញទាំងស្រុងតាមរយៈមធ្យោបាយការទូត»។ លោកបានបន្ថែមថា៖ «ប្រសិនបើយើងចង់ធ្វើដូច្នេះ យើងមិនអាចធ្វើឱ្យមានការរីករាលដាលបន្ថែមទៀតនោះទេទាំងពាក្យសម្ដីនិងសកម្មភាព»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បាននិយាយនៅថ្ងៃអាទិត្យនេះថា តំណែងរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin គឺ «អាស្រ័យលើប្រជាពលរដ្ឋរុស្ស៊ី»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- លោក Leonid Pasechnik មេដឹកនាំតំបន់ផ្ដាច់ខ្លួន Lugansk នៃប្រទេសអ៊ុយក្រែន បាននិយាយនៅថ្ងៃអាទិត្យនេះថា តំបន់នេះប្រហែលជានឹងរៀបចំការស្ទង់មតិមួយអំពីការចូលជាផ្នែកមួយនៃប្រទេសរុស្ស៊ី។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។ ទីភ្នាក់ងារព័ត៌មាននានារបស់រុស្ស៊ីបានស្រង់សម្ដីរបស់លោក Pasechnik ដែលបាននិយាយថា៖ «ខ្ញុំគិតថា នៅពេលអនាគតដ៏ខ្លីខាងមុខនេះ យើងនឹងធ្វើការស្ទង់មតិមួយអំពីដែនដីនៃសាធារណរដ្ឋ [Lugansk] នេះ ដែលនៅក្នុងការស្ទង់មតិនោះ ពលរដ្ឋនឹង...បង្ហាញទស្សនៈរបស់ខ្លួនអំពីការចូលរួមជាមួយនឹងសហព័ន្ធរុស្ស៊ី»។
- គណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) បានច្រានចោលការចោទប្រកាន់ដែលថា ខ្លួនបានជួយរៀបចំឬក៏អនុវត្តការជម្លៀសពលរដ្ឋអ៊ុយក្រែនដោយបង្ខំទៅកាន់ប្រទេសរុស្ស៊ី។ អង្គការនេះបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីយប់ថ្ងៃសៅរ៍ថា៖ «គណៈកម្មាធិការអន្តរជាតិកាកបាទក្រហមមិនដែលជួយរៀបចំឬក៏អនុវត្តការជម្លៀសដោយបង្ខំនោះទេ។ យើងមិនដែលធ្វើដូច្នេះនោះឡើយនៅគ្រប់កន្លែងទាំងអស់ដែលយើងធ្វើការ។ យើងនឹងមិនគាំទ្រប្រតិបត្តិការណាមួយដែលផ្ទុយពីឆន្ទៈរបស់ប្រជាពលរដ្ឋនិងផ្ទុយពីគោលការណ៍របស់យើងនោះឡើយ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- កាលពីថ្ងៃសៅរ៍ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានរិះគន់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ទាក់ទិននឹងការធ្វើសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ដោយហៅលោក Putin ថាជា «ឃាតករកាប់សម្លាប់មនុស្ស» ដែល «មិនអាចនៅកាន់តំណែងបានទៀតទេ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- ទីប្រឹក្សាក្រសួងមហាផ្ទៃអ៊ុយក្រែនលោក Vadym Denysenko បាននិយាយថា រុស្ស៊ីកំពុងបំផ្លាញឃ្លាំងស្ដុកស្បៀងអាហារនិងប្រេងឥន្ធនៈរបស់អ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Al Jazeera។
- អង្គការសហប្រជាជាតិបានបញ្ជាក់ថា ពលរដ្ឋអ៊ុយក្រែន ៩០% អាចធ្លាក់ចូលក្នុងភាពក្រីក្រ ប្រសិនបើសង្គ្រាមរបស់រុស្ស៊ីជាមួយអ៊ុយក្រែននៅតែបន្ត។ នេះបើយោងតាមបណ្ដាញព័ត៌មាន Al Jazeera។
- ចក្រភពអង់គ្លេសបានរឹបអូសយន្តហោះពីរគ្រឿងរបស់មហាសេដ្ឋីរុស្ស៊ីលោក Eugene Shvidler។ នេះបើយោងតាមបណ្ដាញព័ត៌មាន Al Jazeera។ សារព័ត៌មាន The Times របស់អង់គ្លេសបានរាយការណ៍ថា យន្តហោះទាំងពីរគ្រឿងនោះគឺយន្តហោះ Global 6500 របស់ក្រុមហ៊ុន Bombardier ដែលមានតម្លៃ ៤៥ លានដុល្លារអាមេរិក និងយន្តហោះ Citation Latitude របស់ក្រុមហ៊ុន Cessna ដែលមានតម្លៃ ១៣ លានដុល្លារអាមេរិក។
- មនុស្សជាង ៥.០០០ នាក់ ត្រូវបានជម្លៀសចេញដោយសុវត្ថិភាពតាមច្រករបៀបមនុស្សធម៌នៅក្នុងប្រទេសអ៊ុយក្រែនកាលពីថ្ងៃសៅរ៍។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់បណ្ដាញព័ត៌មាន CNN។
- ការវាយប្រហាររបស់រុស្ស៊ីលើប្រព័ន្ធអ៊ីនធឺណិតរបស់ហេដ្ឋារចនាសម្ព័ន្ធសហរដ្ឋអាមេរិកគឺនៅតែអាចទៅរួច។ នេះបើតាមការបញ្ជាក់របស់អ្នកស្រី Jen Easterly ប្រធានទីភ្នាក់ងារសន្តិសុខប្រព័ន្ធអ៊ីនធឺណិតនិងសន្តិសុខហេដ្ឋារចនាសម្ព័ន្ធសហរដ្ឋអាមេរិក។ អ្នកស្រីបានប្រាប់បណ្ដាញព័ត៌មាន CNN ថា ពលរដ្ឋអាមេរិកាំងគួរតែត្រៀមខ្លួនរួចរាល់សម្រាប់រឿងនេះ ដោយ «នេះមិនមែនជាអ្វីដែលត្រូវស្លន់ស្លោនោះទេ ប៉ុន្តែគឺជាការត្រៀមលក្ខណៈ»។
- ការស្ទង់មតិមួយដែលធ្វើឡើងដោយវិទ្យាស្ថានអូស្លូស្រាវជ្រាវសន្តិភាព (Peace Research Institute Oslo (PRIO)) បានបញ្ជាក់កាលពីថ្ងៃសៅរ៍ថា ពលរដ្ឋអ៊ុយក្រែនជិតពាក់កណ្ដាលដែលមានអាយុចាប់ពី ១៨ ដល់ ៥៥ ឆ្នាំ ត្រៀមខ្លួនរួចរាល់នៅក្នុងការវាយប្រយុទ្ធដើម្បីការពារប្រទេសរបស់ពួកគេប្រឆាំងនឹងរុស្ស៊ី។ ក្នុងចំណោមនោះ បុរសប្រហែល ៧០% និងស្ត្រីប្រហែល ៣០% បានបញ្ជាក់ថា ពួកគេមានឆន្ទៈនៅក្នុងការកាន់អាវុធដើម្បីប្រយុទ្ធ។
២០:៤៦
២៨.៣.២០២២
ថ្ងៃចន្ទ ទី២៨ ខែមីនា៖
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiyy បាននិយាយនៅថ្ងៃចន្ទនេះថាលោកបានពិភាក្សាជាមួយនឹងអធិការបតីអាល្លឺម៉ង់លោក Olaf Scholz តាមទូរស័ព្ទអំពីដំណើរវិវឌ្ឍន៍នៃការចរចាសន្តិភាពរវាងអ៊ុយក្រែននិងរុស្ស៊ី។ លោកបានសរសេរនៅលើ Twitter ដូច្នេះថា៖ «ការដាក់សម្ពាធលើរុស្ស៊ីត្រូវតែបន្ត។ ទណ្ឌកម្មគឺត្រូវតែខ្លាំងក្លាជាងមុន»។នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បាននិយាយនៅថ្ងៃចន្ទនេះថារដ្ឋាភិបាលក្រុងមូស្គូត្រៀមខ្លួននៅក្នុងការរារាំងមិនឱ្យពលរដ្ឋនៃបណ្ដាប្រទេស«អមិត្ត»ចូលក្នុងទឹកដីរុស្ស៊ី។ ប្រទេស «អមិត្ត»ទាំងនោះរួមមានចក្រភពអង់គ្លេសសហរដ្ឋអាមេរិកនិងបណ្ដាប្រទេសសហភាពអឺរ៉ុបទាំងអស់។ លោក Lavrov បានបញ្ជាក់នៅក្នុងការលើកឡើងមួយដែលផ្សាយតាមទូរទស្សន៍ថា៖ «សេចក្ដីព្រាងនៃអនុក្រឹត្យរបស់ប្រធានាធិបតីកំពុងធ្វើឡើងលើវិធានការសងសឹកផ្នែកទិដ្ឋាការដើម្បីឆ្លើយតបទៅនឹងចំណាត់ការបែប«អមិត្ត»របស់បណ្ដាប្រទេសមួយចំនួន។វិធានការនេះនឹងស្នើនូវការដាក់កំហិតមួយចំនួនលើការចូលមកក្នុងទឹកដីរបស់រុស្ស៊ី»។នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- អ្នកកាសែតអ៊ុយក្រែន២ នាក់ និងអ្នកកាសែតបរទេស៣ នាក់ត្រូវបានសម្លាប់នៅពេលបំពេញការងារនៅក្នុងប្រទេសអ៊ុយក្រែនតាំងពីពេលដែលរុស្ស៊ីបានឈ្លានពានប្រទេសអ៊ុយក្រែននៅថ្ងៃទី ២៤ ខែកុម្ភៈមក។នេះបើយោងតាមការបញ្ជាក់របស់អង្គការអ្នកកាសែតគ្មានព្រំដែន (Reporters Without Borders (RSF)) នៅថ្ងៃចន្ទនេះ។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនអង្គការនេះបានអំពាវនាវឱ្យអាជ្ញាធររុស្ស៊ីនិងអាជ្ញាធរអ៊ុយក្រែនធានាសុវត្ថិភាពដល់អ្នកកាសែតនៅក្នុងប្រទេសអ៊ុយក្រែន។អង្គការនេះបានបញ្ជាក់ថា៖«ការវាយប្រហារលើអ្នកកាសែតគឺជាឧក្រិដ្ឋកម្មសង្គ្រាម»។
- ការស្លាប់របស់នាយឧត្តមសេនីយ៍និងមន្ត្រីយោធាជាន់ខ្ពស់របស់រុស្ស៊ីមួយចំនួននៅក្នុងសមរភូមិនៅប្រទេសអ៊ុយក្រែនបានបង្ហាញឱ្យឃើញអំពីទំហំនៃការបាត់បង់ធ្ងន់ធ្ងរនិងបញ្ហារបស់កងទ័ពឈ្លានពានរបស់រុស្ស៊ី។រដ្ឋាភិបាលអ៊ុយក្រែនបានបញ្ជាក់ថា នាយឧត្តមសេនីយ៍យោធារុស្ស៊ី៧ នាក់ ត្រូវបានសម្លាប់តាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈមក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- អ្នកស្រី Rebeca Grynspan អគ្គលេខាធិការសន្និសីទសហប្រជាជាតិស្ដីពីពាណិជ្ជកម្មនិងការអភិវឌ្ឍ(UNCTAD)បានបញ្ជាក់ថាបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ត្រូវចាត់វិធានការជាបន្ទាន់ដើម្បីគ្រប់គ្រងបំណុលរបស់ពួកគេបន្ទាប់ពីតម្លៃម្ហូបអាហារនិងប្រេងឥន្ធនៈបានកើនឡើងដោយសារសង្គ្រាមនៅអ៊ុយក្រែន។នេះបើយោងតាមទីភ្នាក់ងារព័ត៌មានAFP។
- បណ្ដាក្រុមប្រទេសG-7ដែលជឿនលឿនខាងឧស្សាហកម្មបានបញ្ជាក់ជាថ្មីនៅថ្ងៃចន្ទនេះថាការបង់ថ្លៃចំណាយសម្រាប់ឧស្ម័នរបស់រុស្ស៊ីជាប្រាក់រូបគឺមិនអាចទទួលយកបាននោះទេ។រដ្ឋមន្ត្រីសេដ្ឋកិច្ចអាល្លឺម៉ង់លោក Robert Habeck ដែលប្រទេសរបស់លោកគឺជាប្រធាននៃក្រុមប្រទេសG-7បាននិយាយថា៖«រដ្ឋមន្ត្រីផ្នែកថាមពលនៃបណ្ដាប្រទេសG-7ទាំងអស់បានឯកភាពគ្នាថានេះគឺជាការរំលោភជាឯកតោភាគីនិងយ៉ាងច្បាស់លើកិច្ចព្រមព្រៀងដែលមានស្រាប់»។ លោកបានបន្ថែមថា៖ «ការចំណាយជាប្រាក់រូបរបស់រុស្ស៊ីគឺមិនអាចធ្វើបាននោះទេហើយ...យើងអំពាវនាវដល់ក្រុមហ៊ុនដែលពាក់ព័ន្ធមិនឱ្យធ្វើតាមការទាមទាររបស់ប្រធានាធិបតីរុស្ស៊ីលោកVladimir Putin»។នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- ប្រធានាធិបតីរុស្ស៊ីលោកVladimir Putin បានបញ្ជាឱ្យធនាគារកណ្ដាលរដ្ឋាភិបាលនិងក្រុមហ៊ុន Gazpromរបស់រុស្ស៊ីឱ្យដាក់សំណើនៅត្រឹមថ្ងៃទី ៣១ខែមីនាខាងមុខនេះដើម្បីប្រមូលចំណូលជាប្រាក់រូបពីការលក់ឧស្ម័នឱ្យ«ប្រទេសអមិត្តនានា»ដែលក្នុងនោះរួមមានទាំងបណ្ដាប្រទេសសហភាពអឺរ៉ុបទាំងអស់ផងដែរ។រដ្ឋាភិបាលរុស្ស៊ីបានបញ្ជាក់នៅថ្ងៃចន្ទនេះថាខ្លួននឹងចាត់វិធានការនៅពេលសមរម្យណាមួយប្រសិនបើបណ្ដាប្រទេសអឺរ៉ុបទាំងនោះបដិសេធមិនព្រមបង់ថ្លៃចំណាយជាប្រាប់រូបរបស់រុស្ស៊ី។
- ក្រុមហ៊ុនអចលនទ្រព្យជាច្រើនបានបញ្ជាក់ថាពលរដ្ឋរុស្ស៊ីមានៗកំពុងទិញអចលនទ្រព្យនៅក្នុងប្រទេសតួកគីនិងប្រទេសអេមីរ៉ាតអារ៉ាប់រួមដោយពួកគេស្វែងរកជម្រកសុវត្ថិភាពផ្នែកហិរញ្ញវត្ថុបន្ទាប់ពីរុស្ស៊ីបានឈ្លានពានលើអ៊ុយក្រែននិងរងទណ្ឌកម្មរបស់ក្រុមបស្ចិមប្រទេសមក។នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- លោកស្រី Olena Zelenska ភរិយារបស់ប្រធានាធិបតីអ៊ុយក្រែន បានបង្ហោះវីដេអូមួយថ្លែងអំណរគុណដល់ប្រទេសជាច្រើនដែលបានជួយប្រជាពលរដ្ឋអ៊ុយក្រែន នៅក្រោយពេលដែលរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន។ វីដេអូដែលក្រសួងការបរទេសអ៊ុយក្រែនបានបង្ហោះនៅលើ Twitter នៅថ្ងៃចន្ទនេះ បានបង្ហាញអំពីសេចក្ដីថ្លែងការណ៍របស់ភរិយាមេដឹកនាំប្រទេសមួយចំនួន ដែលបានបង្ហាញការគាំទ្រជាសាធារណៈចំពោះប្រទេសអ៊ុយក្រែននៅក្នុងពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ។
- ក្រុមប្រឹក្សាអឺរ៉ុបនៃសហភាពអឺរ៉ុបបានអំពាវនាវនៅថ្ងៃចន្ទនេះឱ្យរដ្ឋាភិបាលនៃបណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុបបញ្ឈប់កម្មវិធីជាតិដែលលក់សញ្ជាតិឱ្យវិនិយោគិន និងបានជំរុញឱ្យរដ្ឋាភិបាលទាំងអស់ផ្អាកការលក់ទិដ្ឋាការដល់ពលរដ្ឋរុស្ស៊ីនិងពលរដ្ឋបេឡារុស។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ទីភ្នាក់ងារ Eurojust ដែលជាទីភ្នាក់ងាររបស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការសហប្រតិបត្តិការយុត្តិធម៌ព្រហ្មទណ្ឌ បានបញ្ជាក់នៅថ្ងៃចន្ទនេះថា ខ្លួនគាំទ្រឱ្យមានការបង្កើតក្រុមស៊ើបអង្កេតរួមដើម្បីស៊ើបអង្កេតលើការចោទប្រកាន់ដែលថាមានការប្រព្រឹត្តិឧក្រិដ្ឋកម្មសង្គ្រាមនៅអ៊ុយក្រែន។ ទីភ្នាក់ងារ Eurojust បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «អាជ្ញាធរជាតិដែលមានការទទួលខុសត្រូវនៃប្រទេសលីទុយអានី ប៉ូឡូញ និងអ៊ុយក្រែន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្រុមស៊ើបអង្កេតរួមកាលពីថ្ងៃទី ២៥ ខែមីនា ដើម្បីផ្ដល់លទ្ធភាពឱ្យមានការផ្ដោះប្ដូរព័ត៌មាននិងសម្របសម្រួលការស៊ើបអង្កេតលើឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មចម្បងៗផ្សេងៗទៀត»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បាននិយាយនៅថ្ងៃចន្ទនេះថា ទំនាក់ទំនងរបស់រុស្ស៊ីជាមួយនឹងប្រទេសចិននៅពេលបច្ចុប្បន្ននេះមានកម្រិតខ្លាំងក្លាបំផុតជាងពេលណាៗទាំងអស់។ លោក Lavrov បានលើកឡើងដូច្នេះ នៅចំពេលដែលក្រុមបស្ចិមប្រទេសកំពុងស្វះស្វែងធ្វើឱ្យរដ្ឋាភិបាលរុស្ស៊ីនៅឯកោតាមរយៈការដាក់ទណ្ឌកម្មខ្លាំងក្លាទាក់ទិននឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ កន្លងមក រដ្ឋាភិបាលក្រុងប៉េកាំងមិនបានថ្កោលទោសណាមួយលើការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននេះទេ និងបានបង្ហាញជំហរជំទាស់ម្ដងហើយម្ដងទៀតចំពោះការដាក់ទណ្ឌកម្មលើរុស្ស៊ីនេះ។ ជាងនេះទៀត រដ្ឋាភិបាលចិនបានទទូចថា ខ្លួននៅតែរក្សាទំនាក់ទំនងធម្មតាផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយនឹងរុស្ស៊ី។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រទេសស្លូវ៉ាគីបានផ្ដល់ពានរង្វាន់ State Award of Alexander Dubcek ដែលជាពានរង្វាន់កំពូលមួយរបស់ប្រទេសទៅឱ្យប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy។ ពានរង្វាន់នេះតំណាងឱ្យ «សេរីភាពនិងក្ដីសង្ឃឹម»។
- អ្នកស្រី Yulia Svyrydenko រដ្ឋមន្ត្រីសេដ្ឋកិច្ចអ៊ុយក្រែនបាននិយាយថា ប្រទេសអ៊ុយក្រែនបានខាតបង់គិតជាទឹកប្រាក់ចំនួនជាង ៥៦០ ពាន់លានដុល្លារអាមេរិក តាំងពីពេលដែលរុស្ស៊ីបានឈ្លានពានប្រទេសនេះមក។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន The Kyiv Independent នៅថ្ងៃចន្ទនេះ។ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន The Kyiv Independent បានសរសេរនៅលើ Twitter ដូច្នេះថា៖ «យោងតាមរដ្ឋមន្ត្រីសេដ្ឋកិច្ច [អ៊ុយក្រែន] អ្នកស្រី Yulia Svyrydenko អ៊ុយក្រែនបានខាតបង់ទឹកប្រាក់ចំនួន ៥៦៤.៩០០ លានដុល្លារអាមេរិករួចហើយ ដែលក្នុងនោះរួមមានទាំងការខាតបង់ចំនួន ១១៩ ពាន់លានដុល្លារលើផ្នែកហេដ្ឋារចនាសម្ព័ន្ធផងដែរ ដោយសារតែការឈ្លានពានពេញទំហឹងរបស់រុស្ស៊ី»។
- អ្នកស្រី Nina Belvaveva សមាជិកក្រុមប្រឹក្សាស្រុក Semilukskyនៃភាគខាងត្បូងប្រទេសរុស្ស៊ី ដែលរិះគន់ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនថាជាឧក្រិដ្ឋកម្មសង្គ្រាម បាននិយាយថា អ្នកស្រីមានកាតព្វកិច្ចនៅក្នុងការហ៊ាននិយាយនិងត្រៀមខ្លួនរួចរាល់ហើយសម្រាប់ផលវិបាកផ្សេងៗ។ ក្រុមប្រឹក្សាស្រុក Semiluksky នៃទីក្រុង Voronezh ដែលស្ថិតនៅចម្ងាយប្រមាណ ៥០០ គីឡូម៉ែត្រភាគខាងត្បូងរដ្ឋធានីមូស្គូ ប្រទេសរុស្ស៊ី បានស្នើអាជ្ញាធរឱ្យស៊ើបអង្កេតលើអ្នកស្រី Belvaveva ពីបទចោទប្រកាន់ថាអ្នកស្រីមានភាពជ្រុលនិយម បន្ទាប់ពីអ្នកស្រីបាននិយាយថាការឈ្លានពានរបស់រុស្ស៊ីគឺជាឧក្រិដ្ឋកម្មសង្គ្រាមនៅក្នុងការប្រជុំមួយកាលពីថ្ងៃទី ២២ ខែមីនា។ អ្នកស្រីបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា៖ «ខ្ញុំមិនខ្លាចទេ។ ខ្ញុំចង់និយាយថា ខ្ញុំប្រឆាំងនឹងអ្វីដែលកំពុងកើតឡើង»។
- កម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់អង្គការសហប្រជាជាតិបានព្រមានថា ស្បៀងអាហារគឺកាន់តែពិបាកស្វែងរកនៅក្នុងប្រទេសអ៊ុយក្រែន នៅពេលដែលសង្គ្រាមនៅបន្ត។ ប្រទេសអ៊ុយក្រែនដែលមានប្រជាជនសរុបចំនួន ៤៤ លាននាក់ កំពុងខ្វះខាតស្បៀងអាហារ។ អង្គការ WFP បានប៉ាន់ប្រមាណថា ពលរដ្ឋអ៊ុយក្រែនប្រហែល ៤៥% មានការបារម្ភថាមិនអាចរកម្ហូបអាហារបានគ្រប់គ្រាន់ដើម្បីបរិភោគ។
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy នឹងថ្លែងទៅកាន់សភាប្រទេសក្រិកនៅថ្ងៃទី ៧ ខែមេសាខាងមុខ។ នេះបើតាមសម្តីរបស់មន្ត្រីសភាប្រទេសក្រិកនៅថ្ងៃចន្ទនេះ។លោក Zelenskyy បានទទួលការអញ្ជើញពីប្រធានសភាក្រិកលោក Constantinos Tasoulas ដែលស្នើឱ្យលោកថ្លែងទៅកាន់សភាក្រិកតាមអនឡាញ បន្ទាប់ពីមានការសន្ទនាតាមទូរសព្ទជាមួយនាយករដ្ឋមន្ត្រីក្រិកលោក Kyriakos Mitsotakis កាលពីថ្ងៃសុក្រ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ក្រសួងមហាផ្ទៃអាល្លឺម៉ង់បានបញ្ជាក់នៅថ្ងៃចន្ទនេះថា បុគ្គលណាដែលបង្ហាញអក្សរ «Z» នៅក្នុងប្រទេសអាល្លឺម៉ង់ ដើម្បីជានិមិត្តរូបនៃការគាំទ្រលើសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែនអាចមានទោស។ អ្នកនាំពាក្យក្រសួងមហាផ្ទៃអាល្លឺម៉ង់បានបញ្ជាក់នៅក្នុងសន្និសីទកាសែតជាប្រចាំថា៖ «សង្គ្រាមយ៉ាងគឃ្លើនរបស់រុស្ស៊ីលើអ៊ុយក្រែនគឺជាទង្វើឧក្រិដ្ឋ ហើយនរណាដែលគាំទ្រជាសាធារណៈលើសង្គ្រាមយ៉ាងគឃ្លើននេះនឹងធ្វើឱ្យខ្លួនឯងជាប់ពិរុទ្ធ»។ កន្លងមក គេសង្កេតឃើញថា អក្សរ «Z» ត្រូវបានប្រើជាសញ្ញាសំគាល់នៅលើរថយន្តរបស់យោធារុស្ស៊ីដែលចូលរួមនៅក្នុងសង្គ្រាមនៅអ៊ុយក្រែន ហើយអក្សរ «Z» នេះត្រូវបានពលរដ្ឋរុស្ស៊ីដែលគាំទ្រសង្គ្រាមយកមកប្រើនៅលើទង់និងនៅកន្លែងជួបជុំគាំទ្រដើម្បីរដ្ឋាភិបាលរុស្ស៊ី។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋាភិបាលអ៊ុយក្រែនបានបញ្ជាក់នៅថ្ងៃចន្ទនេះថា ខ្លួនកំពុងផ្អាកការជម្លៀសជនស៊ីវិលចេញពីតំបន់សង្គ្រាមក្នុងប្រទេស ដោយសាររបាយការណ៍ស៊ើបការណ៍សម្ងាត់នានាបានបង្ហាញថា កងទ័ពរុស្ស៊ីមានផែនការវាយប្រហារលើច្រករបៀងមនុស្សធម៌។ ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែនអ្នកស្រី Iryna Vereshchuk បានបញ្ជាក់នៅក្នុងសារមួយនៅលើបណ្ដាញសង្គមអនឡាញថា៖ «ផ្នែកស៊ើបការណ៍សម្ងាត់របស់យើងបានរាយការណ៍ថាពួកឈ្លានពានកាន់កាប់អាច បង្កហេតុលើច្រករបៀបមនុស្សធម៌។ ដូច្នេះ ដើម្បីសុវត្ថិភាពរបស់សាធារណជន ថ្ងៃនេះយើងមិនបើកច្រករបៀបមនុស្សធម៌ទេ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- រដ្ឋមន្ត្រីផ្នែកអាកាសធាតុរបស់ប្រទេសប៉ូឡូញអ្នកស្រី Anna Moskwa បានបញ្ជាក់នៅថ្ងៃចន្ទនេះថា ផែនការរបស់ប្រទេសប៉ូឡូញនៅក្នុងការកាត់បន្ថយការនាំចូលឥន្ធនៈផូស៊ីលរបស់រុស្ស៊ីគឺមានលក្ខណៈទូលំទូលាយជាងផែនការដូចគ្នានេះដែររបស់ប្រទេសអាល្លឺម៉ង់។ អ្នកស្រីបានប្រាប់អ្នកសារព័ត៌មានថា៖ «ផែនការនេះគឺមានរួចរាល់ហើយ។ យើងនឹងបង្ហាញអំពីទម្រង់និងសេចក្ដីលម្អិតនៃផែនការនេះក្នុងពេលប៉ុន្មានថ្ងៃខាងមុខ។ ខ្ញុំអាចនិយាយបានថា វាមានលក្ខណៈទូលំទូលាយជាងផែនការដែលអាល្លឺម៉ង់បានបង្ហាញ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- នៅថ្ងៃចន្ទនេះ រដ្ឋាភិបាលរុស្ស៊ីបានបង្ហាញក្ដីបារម្ភ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានហៅប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ថាជា «ឃាតករកាប់សម្លាប់មនុស្ស» ទាក់ទិននឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ អ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ីលោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មាននានាក្នុងអំឡុងសន្និសីទកាសែតប្រចាំថ្ងៃរបស់លោកថា៖ «នេះគឺជាការលើកឡើងដែលគួរឱ្យបារម្ភ»។ លោកបានបន្ថែមថា៖ «យើងនឹងបន្តតាមដានដោយយកចិត្តទុកដាក់លើការលើកឡើងនានារបស់ប្រធានាធិបតីអាមេរិក»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- លោក Ihor Zhovkva អនុប្រធានខុទ្ទកាល័យប្រធានាធិបតីអ៊ុយក្រែន បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសតួកគីស្ថិតក្នុងចំណោមប្រទេសដែលអាចផ្ដល់ការធានាផ្នែកសន្តិសុខដល់រដ្ឋាភិបាលអ៊ុយក្រែន ដែលជាផ្នែកនៃកិច្ចព្រមព្រៀងណាមួយដែលអាចធ្វើឡើងរវាងអ៊ុយក្រែននិងរុស្ស៊ីដើម្បីបញ្ចប់សង្គ្រាម។ លោក Zhovkva បានបញ្ជាក់ដូច្នេះថា៖ «តួកគីស្ថិតក្នុងចំណោមប្រទេសដែលអាចក្លាយជាអ្នកធានាសម្រាប់សន្តិសុខរបស់អ៊ុយក្រែននៅពេលអនាគត»។ លោកថ្លែងដូច្នេះនៅមុនការចរចាស្វែងរកសន្តិភាពរវាងរដ្ឋាភិបាលអ៊ុយក្រែននិងរដ្ឋាភិបាលរុស្ស៊ីដែលនឹងធ្វើនៅប្រទេសតួកគីនៅថ្ងៃអង្គារ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- នៅក្នុងការថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននានារបស់ប្រទេសស៊ែប៊ី រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បាននិយាយនៅថ្ងៃចន្ទនេះថា ជំនួបណាមួយនៅពេលឥឡូវនេះរវាងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ដើម្បីផ្លាស់ប្ដូរទស្សនៈអំពីសង្គ្រាមនេះគឺជារឿងខូចប្រយោជន៍ទៅវិញទេ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- លោក Vadym Denysenko ទីប្រឹក្សាក្រសួងមហាផ្ទៃនៃប្រទេសអ៊ុយក្រែនបាននិយាយនៅថ្ងៃចន្ទនេះ មុនការចរចាសន្តិភាពរវាងក្រុមអ្នកតំណាងនៃប្រទេសអ៊ុយក្រែននិងក្រុមអ្នកតំណាងនៃប្រទេសរុស្ស៊ីនៅក្នុងប្រទេសតួកគីចូលមកដល់ថា លោកមិនរំពឹងថានឹងមានដំណោះស្រាយណាមួយដែលកើតចេញពីការចរចានេះនោះឡើយ។ លោកថ្លែងថា៖ «ខ្ញុំមិនគិតថានឹងមានដំណោះស្រាយណាមួយសម្រាប់បញ្ហាចម្បងនោះទេ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- នៅក្នុងរបាយការណ៍ស៊ើបការណ៍សម្ងាត់មួយស្ដីពីសមរភូមិប្រយុទ្ធ ក្រសួងការពារជាតិចក្រភពអង់គ្លេសបានបញ្ជាក់នៅថ្ងៃចន្ទនេះថា «មិនមានការប្រែប្រួលជាដុំកំភួនណាមួយចំពោះការចាត់ចែងកងទ័ពរបស់រុស្ស៊ីនៅក្នុងតំបន់ដែលរុស្ស៊ីកាន់កាប់ក្នុងប្រទេសអ៊ុយក្រែននោះទេ» ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ សេចក្ដីថ្លែងការណ៍នោះលើកឡើងថា៖ «កង្វះជាបន្តនូវការចាត់ចែងកងទ័ពកាន់តែមានភាពយ៉ាប់យ៉ឺនថែមទៀតដោយសារកង្វះជាបន្តនូវសន្ទុះទឹកចិត្តក្នុងចំណោមទាហានរុស្ស៊ី និងការវាយប្រយុទ្ធខ្លាំងក្លាពីសំណាក់ពលរដ្ឋអ៊ុយក្រែន»។ សេចក្ដីថ្លែងការណ៍នេះបានបន្ថែមថា៖ «រុស្ស៊ីបានដណ្ដើមកាន់កាប់ផ្នែកភាគច្រើននៅភាគខាងត្បូងនៃតំបន់ជុំវិញទីក្រុង Mariupol ដែលនៅទីនោះ ការវាយប្រយុទ្ធគ្នាខ្លាំងក្លានៅបន្តនៅពេលដែលរុស្ស៊ីប៉ុនប៉ងដណ្ដើមឱ្យបានកំពង់ផែនោះ»។
- រដ្ឋាភិបាលអ៊ុយក្រែនបានព្រមាននៅថ្ងៃចន្ទនេះថា វិបត្តិមនុស្សធម៌នៅក្នុងទីក្រុង Mariupol ដែលខ្ទេចខ្ទាំដោយសារសង្គ្រាម ឥឡូវនេះមានលក្ខណៈ «មហន្តរាយ»។ ស្របពេលនោះដែរ រដ្ឋាភិបាលអ៊ុយក្រែនបានផ្ដល់សញ្ញាអំពីហេតុផលសម្រាប់ការសម្រុះសម្រួលនៅមុនការចរចាទល់មុខគ្នាជាមួយនឹងរុស្ស៊ីអំពីសន្តិភាពដែលនឹងធ្វើឡើងនៅប្រទេសតួកគី។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- ក្រុមហ៊ុន DJI ដែលជាក្រុមហ៊ុនផលិតដ្រូនរបស់ចិន បានច្រានចោលការចោទប្រកាន់ ដែលថា យោធារុស្ស៊ីកំពុងប្រើដ្រូនរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន ថាជាការចោទប្រកាន់«ខុសទាំងស្រុង»។ ការច្រានចោលនេះបានធ្វើឡើង បន្ទាប់ពីក្រុមហ៊ុនលក់រាយរបស់អាល្លឺម៉ង់មួយបានយោងលើព័ត៌មាននេះថាជាមូលហេតុដែលខ្លួនឈប់លក់ផលិតផលដ្រូនទាំងនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា «អធិបតេយ្យភាពនិងបូរណភាពទឹកដី» របស់ប្រទេសរបស់លោកគឺជាអាទិភាព ខណៈពេលដែលអ៊ុយក្រែននិងរុស្ស៊ីគ្រោងធ្វើការចរចាសន្តិភាពជាថ្មីមួយទៀតនៅក្នុងទីក្រុង Istanbul ប្រទេសតួកគីនៅថ្ងៃអង្គារ។ លោក Zelenskyy បានថ្លែងនៅក្នុងសុន្ទរកថាជាវីដេអូមួយកាលពីយប់ថ្ងៃអាទិត្យថា៖ «យើងកំពុងស្វែងរកសន្តិភាពដោយគ្មានការបង្អែបង្អង់។ មានឱកាសនិងសេចក្តីត្រូវការសម្រាប់ការប្រជុំទល់មុខនៅក្នុងប្រទេសតួកគី។ ចំណុចនេះមិនអាក្រក់នោះទេ។ យើងចាំមើលលទ្ធផល [ទាំងអស់គ្នា]»។