- ដោយ Reuters
អង្គការអូតង់ប្រជុំនៅថ្ងៃសុក្រ គ្រាដែលអ៊ុយក្រែនអំពាវនាវឲ្យប្រកាសតំបន់ហាមហោះហើរដើម្បីរារាំងរុស្ស៊ី
ក្រុមរដ្ឋមន្ត្រីការបរទេសនៃអង្គការអូតង់ ជួបប្រជុំគ្នានៅទីក្រុងប្រ៊ុចសែល នៅថ្ងៃសុក្រ ដើម្បីពិភាក្សាអំពីការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន ខណៈដែលរដ្ឋាភិបាលអ៊ុយក្រែនអំពាវនាវឲ្យសម្ព័ន្ធមិត្តបស្ចិមប្រទេស ប្រកាសតំបន់ហាមហោះហើរ ឬមួយក៏ផ្តល់ឲ្យអ៊ុយក្រែននូវយន្តហោះថែមទៀត ដើម្បីការពារជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធ ដែលមានរួមទាំងបណ្តារោងចក្រថាមពលនុយក្លេអ៊ែរផងដែរ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានអំពាវនាវជាហូរហែរឲ្យមានតំបន់ហាមហោះហើរ ចាប់តាំងពីរដ្ឋាភិបាលក្រុងមូស្គូ បានឈ្លានពានប្រទេសអ៊ុយក្រែន ជាងមួយសប្តាហ៍មកនេះ ក៏ប៉ុន្តែសម្ព័ន្ធមិត្តអូតង់ មិនព្រមចាត់វិធានការដែលអាចអូសទាញពួកគេចូលក្នុងសង្គ្រាមជាមួយប្រទេសរុស្ស៊ីដែលមានអាវុធនុយក្លេអ៊ែរ។
ថ្លែងនៅមុនកិច្ចប្រជុំនៅទីស្នាក់ការនៃអង្គការអូតង់ នៅទីក្រុងប្រ៊ុចសែល ប្រទេសលីទុយអានី បាននិយាយថា សម្ព័ន្ធមិត្តអូតង់អាចត្រូវអូសទាញចូលក្នុងសង្គ្រាម បើសិនជាអូតង់ប្រកាសតំបន់ហាមហោះហើរនោះ៕
- ដោយ Reuters
អគារនៅក្រុង Chernihiv អ៊ុយក្រែនត្រូវបានបំផ្លាញ
វីដេអូថតដោយប៉ូលិសអ៊ុយក្រែនបង្ហាញភ្លើងឆាបឆេះនិងការបំផ្លិចបំផ្លាញលើអគារមួយចំនួននៅតំបន់ក្រុង Chernihiv ក្រោយពីទាហានរុស្ស៊ីបានបាញ់គ្រាប់ផ្តក់លើតំបន់នេះ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ ក្រុមអ្នកសង្គ្រោះបន្ទាន់អ៊ុយក្រែនបានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ ២២ នាក់បានស្លាប់ក្នុងករណីបាញ់ផ្តក់របស់ទាហានរុស្ស៊ីលើតំបន់ក្រុងនេះ៕
ធនាគារពិភពលោកព្រមានថាសង្គ្រាមអ៊ុយក្រែនជាមហន្តរាយសេដ្ឋកិច្ច
សង្គ្រាមអ៊ុយក្រែនជាមហន្តរាយមួយសម្រាប់ពិភពលោកដែលនឹងកាត់បន្ថយការលូតលាស់សេដ្ឋកិច្ច។នេះបើតាមសម្តីរបស់ប្រធានធនាគារពិភពលោកដែលបានថ្លែងប្រាប់បណ្តាយផ្សាយព័ត៌មាន BBC។
សង្គ្រាមក្នុងប្រទេសអ៊ុយក្រែន កើតឡើងចំពេលដ៏អាក្រក់មួយ សម្រាប់ពិភពលោក ពីព្រោះអតិផរណាកំពុងតែកើនឡើងរួចស្រេចហើយ។ នេះបើតាមសម្តីរបស់លោក David Malpass ប្រធានធនាគារពិភពលោក។
លោកបានសង្កត់ថាការព្រួយបារម្ភធំជាងគេរបស់លោកគឺ «អំពីការបាត់បង់ជីវិតមនុស្ស» ដែលកំពុងតែកើតឡើងជាបន្តបន្ទាប់។
លោក Malpass បានថ្លែងថាផលប៉ះពាល់សេដ្ឋកិច្ច ដែលកើតឡើងដោយសារសង្គ្រាម មិនត្រឹមតែប៉ះពាល់ប្រទេសអ៊ុយក្រែនតែមួយទេហើយថាការឡើងថ្លៃប្រេងឥន្ធនៈនៅជុំវិញពិភពលោកនឹង «ប៉ះពាល់ខ្លាំងបំផុតដល់អ្នកក្រ ដូចបញ្ហាអតិផរណាដែរ»។
តម្លៃម្ហូបអាហារក៏បានកើនឡើងដោយសារសង្រ្គាមនៅអ៊ុយក្រែនដែរ ហើយលោកប្រធានធនាគារពិភពលោក បានថ្លែងថា «នេះជាការត្រូវពិចារណា និងជាបញ្ហាចម្បងដ៏ពិតប្រាកដសម្រាប់ពលរដ្ឋនៅក្នុងបណ្តាប្រទេសក្រីក្រ»៕ (BBC)
- ដោយ New York Times
បាតុកររាប់សិបនាក់ធ្វើបាតុកម្មនៅខាងក្រៅទីស្នាក់ការអង្គការអូតង់ដើម្បីគាំទ្រអ៊ុយក្រែន
បាតុកររាប់សិបនាក់បានស្រែកថា «អង្គការអូតង់ ចាត់វិធានការឥឡូវនេះ» នៅពេលដែលពួកគេកំពុងឈរនៅខាងក្រៅទីស្នាក់ការអង្គការអូតង់នៅក្នុងទីក្រុងប៊្រុចសែល ខណៈដែលក្រុមរដ្ឋមន្ត្រីការបរទេសអូតង់ជួបប្រជុំដើម្បីពិភាក្សាអំពីការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែត The New York Times ។
ក្រុមបាតុករដែលនាំគ្នាកាន់ទង់ជាតិអ៊ុយក្រែន បានធ្វើបាតុកម្មនៅពេលដែលក្រុមមន្ត្រីអ៊ុយក្រែនបានអំពាវនាវឲ្យមានការប្រកាសតំបន់ហាមហោះហើរនៅដែនអាកាសអ៊ុយក្រែន។ អង្គការអូតង់កំពុងភ័យខ្លាចថា ការប្រកាសតំបន់ហាមហោះហើរនោះអាចទាញរដ្ឋជាសមាជិកនៃអង្គការអូតង់ឲ្យចូលក្នុងសង្គ្រាមដោយផ្ទាល់៕