- ដោយ AP
លោក Biden ថ្កោលទោសលោក Putin ក្នុងសុន្ទរកថា «ស្ថានភាពសហព័ន្ធ» ទៅកាន់សភា
ប្រធានាធិបតីអាមេរិក លោក Joe Biden បានប្តេជ្ញាថានឹងធ្វើឱ្យប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin «ខាតបង់» សម្រាប់ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននៅក្នុងសុន្ទរកថាស្ថានភាពសហព័ន្ធដំបូងរបស់លោក។
លោក Biden ប្ដេជ្ញាថានឹងពិនិត្យមើលភាពគឃ្លើនរបស់រុស្ស៊ី និងទប់ទល់អតិផរណា
ថ្លែងទៅកាន់ប្រទេសជាតិមួយដែលកំពុងតែព្រួយបារម្ភ និងពិភពលោកមួយដែលកំពុងតែខ្វាយខ្វល់ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានប្ដេជ្ញានៅក្នុងសុន្ទរកថាប្រចាំឆ្នាំស្ដីអំពីស្ថានភាពសហព័ន្ធ (State of the Union) កាលពីយប់ថ្ងៃអង្គារថា នឹងយកចិត្តទុកដាក់ចំពោះភាពគឃ្លើនរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន កាត់បន្ថយការកើនឡើងអតិផរណានៅក្នុងប្រទេស និងដោះស្រាយបញ្ហានៃការរាតត្បាតជំងឺកូវីដ១៩ ដែលកំពុងតែចុះថមថយ ប៉ុន្តែនៅតែជាគ្រោះថ្នាក់ចំពោះប្រជាជន។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារ AP។
លោកប្រធានាធិបតីបានស្នើឲ្យសមាជិកសភាទាំងពីរថ្នាក់ ក្រោកឈរឡើងដើម្បីសម្តែងការគោរពដល់ពលរដ្ឋអ៊ុយក្រែន នៅពេលដែលលោកចាប់ផ្ដើមថ្លែងសុន្ទរកថាប្រចាំឆ្នាំនេះ។ សមាជិកសភាបាននាំគ្នាក្រោកឈរ និងទះដៃអបអរជនជាតិអ៊ុយក្រែនដែលមានវត្តមាននៅទីនោះ។
នៅក្នុងសុន្ទរកថានៅចំពោះមុខសភា លោក Biden បានគូសបញ្ជាក់អំពីភាពអង់អាចក្លាហានរបស់ប្រជាជនអ៊ុយក្រែនដែលប្រយុទ្ធដើម្បីការពារទឹកដី និងការប្ដេជ្ញារបស់សម្ព័ន្ធមិត្តបស្ចិមប្រទេសដែលបានផ្ដល់គ្រឿងសព្វាវុធដល់យោធាអ៊ុយក្រែន និងដាក់សម្ពាធលើសេដ្ឋកិច្ចរបស់រុស្ស៊ីតាមរយៈទណ្ឌកម្ម។ លោក Biden ក៏បានព្រមានអំពីផលវិបាកនៃទណ្ឌកម្មនេះមកលើសេដ្ឋកិច្ចសហរដ្ឋអាមេរិកផងដែរ ប៉ុន្តែលោកក៏បានព្រមានថា ប្រសិនបើគ្មានផលវិបាកទាំងនេះទេ នោះភាពគឃ្លើនរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ចំពោះប្រទេសអ៊ុយក្រែននឹងមិនអាចទប់មិនឲ្យរាលដាលកាន់តែធំបានទេ។
លោក Biden ថ្លែងថា៖ «នៅក្នុងប្រវត្តិសាស្ត្ររបស់យើង យើងបានរៀនអំពីមេរៀនដែលថា នៅពេលដែលមេដឹកនាំផ្ដាច់ការមិនទទួលបានផលវិបាកពីសកម្មភាពគឃ្លើនរបស់ពួកគេ នោះពួកគេនឹងបង្កភាពចលាចលកាន់តែច្រើន»។ លោកបានថ្លែងទៀតថា៖ «ពួកគេបន្ដបង្ករឿង ហើយផលវិបាកនិងការគំរាមកំហែងចំពោះសហរដ្ឋអាមេរិកនិងពិភពលោកបន្ដកើនឡើង»។
អានព័ត៌មានលម្អិតតាមរយៈតំណភ្ជាប់ខាងក្រោមនេះ៖
លោក ហ៊ុន សែន ថាជំហរកម្ពុជាមិនចង់ឃើញការផ្តល់អាវុធដល់អ៊ុយក្រែនឡើយ
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃពុធនេះ បានថ្លែងថាលោកមិនលើកទឹកចិត្តឲ្យផ្តល់អាវុធទៅក្នុងប្រទេសណាមួយក្នុងជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែនឡើយ ដោយលោកហៅថាសង្រ្គាមនេះ ឈានទៅដល់«អឺរ៉ុបនីយកម្ម» ដែលពាក់ព័ន្ធនឹងប្រទេសផ្សេងទៀត។
លោក ហ៊ុន សែន ថ្លែងបែបនេះនៅក្នុងពិធីសម្ពោធផ្លូវជាតិលេខ៣ ដែលជាជំនួយរបស់ប្រទេសចិន។
នៅចំពោះមុខឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក ហ៊ុន សែន បានថ្លែងថាគោលជំហរផ្លូវការរបស់កម្ពុជាលើសង្រ្គាមនៅអ៊ុយក្រែន គឺអាស្រ័យទៅលើការវិវត្តនៃសភាពការណ៍។ លោកបន្ថែមថាកម្ពុជាមិនលើកទឹកចិត្តចំពោះការប្រើប្រាស់កម្លាំង ឬការគំរាមកំហែងប្រើប្រាស់កម្លាំងប្រឆាំងនឹងប្រទេសណាមួយឡើយ ហើយលើកទឹកចិត្តឲ្យមានការចរចា។
បើតាមលោក ហ៊ុន សែន សង្រ្គាមនេះបានឈានទៅដល់«អន្តរតូបនីយកម្ម»រួចទៅហើយ ដោយសារមានការផ្គត់ផ្គង់អាវុធទៅប្រទេសអ៊ុយក្រែនពីបណ្តាប្រទេសមួយចំនួន។
អានព័ត៌មានលម្អិតតាមរយៈតំណភ្ជាប់ខាងក្រោមនេះ៖
លោក Blinken ថា គេមិនត្រូវអនុញ្ញាតឱ្យលោក Putin បំពានច្បាប់មនុស្សធម៌អន្តរជាតិ
នៅក្នុងការថ្លែងតាមវីដេអូអនឡាញទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គារសហប្រជាជាតិកាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានព្រមានថា បញ្ហាសិទ្ធិមនុស្សនិងវិបត្តិមនុស្សធម៌ដែលកំពុងប៉ះពាល់ប្រទេសអ៊ុយក្រែននឹងកាន់តែអាក្រក់ជាងមុន ប្រសិនបើប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ទទួលបានជ័យជម្នះនៅក្នុងការផ្ដួលរំលំរដ្ឋាភិបាលដែលជ្រើសរើសតាមបែបប្រជាធិបតេយ្យរបស់ប្រទេសអ៊ុយក្រែន។
លោក Blinken និយាយដូច្នេះថា៖ «ចូរមើលលើតំបន់ Crimea ដែលនៅទីនោះ ការគ្រប់គ្រងរបស់រុស្ស៊ីបានបណ្ដាលឱ្យមានការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការបាត់ខ្លួនដោយបង្ខំ ទារុណកម្ម ការឃុំខ្លួនដោយខុសច្បាប់ ការធ្វើទុក្ខបុកម្នេញលើជាតិសាសន៍ភាគតិចនិងអ្នកកាន់សាសនាភាគតិច និងការបង្ក្រាបដ៏ឃោរឃៅលើអ្នកប្រឆាំង។ ...សេចក្ដីរាយការណ៍អំពីការរំលោភបំពានរបស់រុស្ស៊ីលើសិទ្ធិមនុស្សនិងច្បាប់មនុស្សធម៌អន្តរជាតិកំពុងកើនឡើងជាបន្ត»។
ចាប់តាំងពីពេលដែលរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនកាលពីប៉ុន្មានថ្ងៃមុនមក លោក Blinken បានកត់សម្គាល់ឃើញថា ការវាយប្រហាររបស់រុស្ស៊ីលើជនស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលបានកើនឡើង។
លោកបានបញ្ជាក់ថា សាលារៀន មន្ទីរពេទ្យ និងអាគារស្នាក់នៅនានាគឺជាគោលដៅនៃការវាយប្រហារ។ លោកបានបន្ថែមថា រុស្ស៊ីបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលផ្ដល់ទឹកបរិភោគ ឧស្ម័ន និងអគ្គិសនីដល់ប្រជាពលរដ្ឋរាប់លាននាក់។
អានព័ត៌មានលម្អិតតាមរយៈតំណភ្ជាប់ខាងក្រោមនេះ៖