- ដោយ AP
ទាហានបម្រុងអ៊ុយក្រែនត្រៀមការពារប្រទេស
ទាហានបម្រុងអ៊ុយក្រែនកំពុងត្រៀមខ្លួនការពារប្រទេសរបស់ពួកគេពីយោធារុស្ស៊ីនៅថ្ងៃអាទិត្យ។
សមាជិកនៃកងកម្លាំងការពារដែនដីដែលមានមូលដ្ឋាននៅទីក្រុង Fastiv ជិតរដ្ឋធានីកៀវ កំពុងត្រូវបានបង្រៀនអំពីវិធីសង្រោះបន្ទាន់ដំបូង ការហ្វឹកហាត់ប្រើប្រាស់អាវុធ និងក្បួនការពារសំខាន់ៗ មុនពេលចាកចេញពីមូលដ្ឋានរបស់ពួកគេដើម្បីល្បាតក្នុងតំបន់។
រដ្ឋធានីកៀវមានភាពស្ងប់ស្ងាត់ បន្ទាប់ពីការផ្ទុះធំៗនៅពេលព្រឹក ហើយអាជ្ញាធរបានរាយការណ៍ពីការផ្ទុះនៅអាកាសយានដ្ឋានមួយរបស់ខ្លួនកាលពីថ្ងៃអាទិត្យ។
- ដោយ Reuters
សហរដ្ឋអាមេរិកទទូចឱ្យពលរដ្ឋខ្លួនពិចារណាចាកចេញពីរុស្ស៊ីភ្លាមៗ
ក្រសួងការបរទេសសហរដ្ឋអាមេរិកនិយាយកាលពីថ្ងៃអាទិត្យថា ពលរដ្ឋអាមេរិកគួរពិចារណាចាកចេញពីប្រទេសរុស្ស៊ីភ្លាមៗ តាមជើងយន្តហោះស៊ីវិល ដោយក្រសួងនេះបានយោងលើតួលេខអាកាសចរណ៍កាន់តែច្រើនដែលសម្រេចលុបចោលជើងហោះហើរហើយប្រទេសកាន់តែច្រើនដែលសម្រេចបិទដែនអាកាសរបស់ខ្លួនចំពោះយន្តហោះពីប្រទេសរុស្ស៊ី ក្រោយពីរុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែន។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានReuters។
- ដោយ RFE/RL
សហភាពអឺរ៉ុបនឹងផ្តល់ហិរញ្ញវត្ថុសម្រាប់ទិញអាវុធឱ្យអ៊ុយក្រែន
សហភាពអឺរ៉ុបគ្រោងចាត់វិធានការដែលខ្លួនមិនធ្លាប់ធ្វើពីមុនមក ក្នុងការផ្តល់ហិរញ្ញវត្ថុសម្រាប់ទិញអាវុធឱ្យអ៊ុយក្រែន។ នេះបើតាមការបញ្ជាក់របស់មន្ត្រីសហភាពអឺរ៉ុបកាលពីថ្ងៃទី២៧ ខែកុម្ភៈ ខណៈដែលអង្គការតំបន់មួយនេះបានប្រកាសពីទណ្ឌកម្មថ្មីៗទៀតដើម្បីឆ្លើយតបនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ នេះបើតាមការរាយការណ៍របស់បណ្តាញព័ត៌មាន RFE/RL៕
- ដោយ AFP
បេឡារុសបោះឆ្នោតអនុញ្ញាតឱ្យទទួលអាវុធនុយក្លេអ៊ែរបាន
ពលរដ្ឋបេឡារុសកាលពីថ្ងៃច័ន្ទបានបោះឆ្នោតអនុញ្ញាតឲ្យប្រទេសខ្លួន អាចមានអាវុធនុយក្លេអ៊ែរបាន និងអាចទទួលកងទ័ពរុស្ស៊ីឱ្យដាក់ប្រចាំការជាអចិន្ត្រៃយ៍។ នេះបានតាមលទ្ធផលនៃការបោះឆ្នោតជាកញ្ចប់លើកំណែទម្រង់រដ្ឋធម្មនុញ្ញ ដែលបានបន្ថែមរយៈពេលនៃការកាន់អំណាចរបស់មេដឹកនាំលោក Alexander Lukashenko ថែមទៀត។
ការបោះឆ្នោតប្រជាមតិមួយត្រូវបានធ្វើឡើងកាលពីថ្ងៃអាទិត្យ ខណៈដែលប្រទេសអ៊ុយក្រែនដែលជាប្រទេសជិតខាងរបស់អតីតរដ្ឋសហភាពសូវៀតមួយនេះ កំពុងស្ថិតក្រោមការឈ្លានពានពីរុស្ស៊ី ហើយគណៈប្រតិភូពីទាំងទីក្រុងមូស្គូ និងទីក្រុងកៀវ ត្រូវគេរំពឹងថានឹងជួបចរចាគ្នានៅព្រំដែនបេឡារុស។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានAFP៕