២១:០១
១៨.៨.២០២២
ថ្ងៃព្រហស្បតិ៍ ទី ១៨ ខែសីហា៖
- ទីភ្នាក់ងារព័ត៌មាន Reuters រាយការណ៍ថា ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ខ្លួនអាចនឹងបិទរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ប្រសិនបើការបាញ់ផ្លោងដាក់រោងចក្រនេះ នៅតែបន្តនោះ។ នៅក្នុងកិច្ចប្រជុំខ្លីមួយ លោក Igor Kirillov ប្រធានកងកម្លាំងការពារផ្នែកអាវុធជីវសាស្រ្ត គីមី និងវិទ្យុសកម្មរបស់រុស្ស៊ី បាននិយាយថា ប្រព័ន្ធបម្រុងរបស់រោងចក្រនេះបានទទួលរងការខូចខាត ដោយសារតែការបាញ់ផ្លោង។ មន្ត្រីរុស្ស៊ីរូបនេះក៏បាននិយាយផងដែរថា ក្នុងករណីដែលមានការផ្ទុះធ្លាយនោះ សារធាតុវិទ្យុសកម្មរបស់រោងចក្រនេះ អាចទៅដល់ប្រទេសអាល្លឺម៉ង់ ប៉ូឡូញ និងប្រទេសស្លូវ៉ាគី។ រោងចក្រថាមពលនុយក្លែអ៊ែរនេះ ត្រូវបានកងទ័ពរុស្ស៊ីដណ្តើមកាន់កាប់កាលពីខែមីនាកន្លងទៅ។
- ប្រទេសកាណាដា បានផ្តល់ប្រាក់កម្ចីប្រមាណជាង ៣៤៨ លានដុល្លារអាមេរិក ដល់ប្រទេសអ៊ុយក្រែន ដើម្បីគាំទ្រដល់ការទិញប្រេងសម្រាប់ម៉ាស៊ីនកម្តៅចាំបាច់ សម្រាប់ប្រើប្រាស់ក្នុងរដូវរងារខាងមុខ។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកាណាដាលោកស្រី Chrystia Freeland នៅក្នុងសេចក្តីថ្លែងការណ៍មួយ។ ប្រាក់កម្ចីនេះជាផ្នែកមួយនៃទឹកប្រាក់កម្ចីសរុបចំនួន ១,៥១ ពាន់លានដុល្លារអាមេរិក ដែលប្រទេសកាណាដា បានសន្យាឱ្យអ៊ុយក្រែនខ្ចី ដើម្បីគាំទ្រដល់ប្រទេសនេះ ក្នុងអំឡុងពេលនៃការចូលឈ្លានពានរបស់រុស្ស៊ី។
- រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បាននិយាយនៅថ្ងៃពុធជាមួយរដ្ឋមន្ត្រីកាបរទេសអ៊ុយក្រែន លោក Dmytro Kuleba ស្តីពីការគាំទ្របន្តរបស់សហរដ្ឋអាមេរិកទៅលើវិស័យការពារដែលអ៊ុយក្រែនត្រូវការ។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price។ រដ្ឋមន្ត្រីការបរទេសអាមេរិក ក៏បានជម្រាបជូនរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនផងដែរ ពីការបញ្ជូនជំនួយសន្តិសុខរបស់អាមេរិកទៅឱ្យអ៊ុយក្រែន និងបានថ្កោលទោសសកម្មភាពនាពេលថ្មីៗនេះរបស់កងកម្លាំងរុស្ស៊ី នៅទីតាំងនិងជុំវិញរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia របស់អ៊ុយក្រែននោះ។
- ជនស៊ីវិលពីរនាក់ស្លាប់ និង ១៨ នាក់ផ្សេងទៀតរងរបួស នៅក្នុងការវាយប្រហារដោយគ្រាប់រ៉ុកក្កែតកាលពីព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍នេះ នៅក្នុងទីក្រុង Kharkiv ភាគខាងកើតអ៊ុយក្រែន។ នេះបើតាមការបញ្ជាក់របស់អភិបាលតំបន់ លោក Oleh Synehubov។ បើតាមអភិបាលតំបន់រូបនេះ ការវាយប្រហារនោះកើតមានឡើង បន្ទាប់ពីការវាយប្រហារផ្សេងមួយទៀតរបស់រុស្ស៊ីទៅលើទីក្រុង Kharkiv កាលពីថ្ងៃពុធ ដែលបានសម្លាប់ជនស៊ីវិល ៧ នាក់ និងធ្វើឲ្យរងរបួស ១៧ នាក់នោះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
- យន្តហោះចម្បាំងរុស្ស៊ីប្រភេទ MiG-31 ពីរគ្រឿង ត្រូវបានសង្ស័យថា បានហោះរំលោភចូលទៅក្នុងដែនអាកាសរបស់ប្រទេសហ្វាំងឡង់ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ នៅជិតទីក្រុងមាត់សមុទ្រ Porvoo នៃឈូងសមុទ្រហ្វាំងឡង់។ នេះបើតាមការឱ្យដឹងរបស់ក្រសួងការពារជាតិហ្វាំងឡង់។ ប្រធានផ្នែកទំនាក់ទំនងក្រសួងការពារជាតិហ្វាំងឡង់ លោក Kristian Vakkuri ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា «ការរំលោភរបស់យន្តហោះចម្បាំងរុស្ស៊ី ដែលត្រូវបានសង្ស័យនោះ គឺមានចម្ងាយប្រមាណ ១ គីឡូម៉ែត្រចូលទៅក្នុងដែនអាកាសរបស់ប្រទេសហ្វាំងឡង់»៕
២២:៤៤
១៧.៨.២០២២
ថ្ងៃពុធ ទី ១៧ ខែសីហា៖
- ចិននឹងបញ្ជូនកងទ័ពរបស់ខ្លួនទៅកាន់ប្រទេសរុស្ស៊ី ដើម្បីចូលរួមនៅក្នុងសមយុទ្ធយោធារួមគ្នាមួយជាមួយរុស្ស៊ីនិងប្រទេសផ្សេងៗទៀត ដែលរួមមានឥណ្ឌា បេឡារុស និងប្រទេសតាហ្ស៊ីគីស្ថាន។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធនេះ ដែលបានស្រង់សម្តីក្រសួងការពារជាតិចិន។ ការចូលរួមរបស់កងទ័ពចិននៅក្នុងសមយុទ្ធយោធារួមគ្នានេះមិនពាក់ព័ន្ធទៅនឹងស្ថានភាពតំបន់និងអន្តរជាតិនាពេលបច្ចុប្បន្ននេះឡើយ។ នេះបើតាមការលើកឡើងរបស់ក្រសួងការពារជាតិចិននៅក្នុងសេចក្តីថ្លែងការណ៍មួយ។ សេចក្តីថ្លែងការណ៍នេះបន្តទៀតថា សមយុទ្ធយោធានេះជាផ្នែកមួយនៃកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីប្រចាំឆ្នាំ ដែលកំពុងធ្វើឡើង។
- រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានប្រកាសកាលពីយប់ថ្ងៃចន្ទនូវទឹកប្រាក់ចំនួន ៦៨ លានដុល្លារ ដើម្បីជួយដល់ការទិញ ដឹកជញ្ជូន និងស្តុកទុកនូវស្រូវសាឡីអ៊ុយក្រែនរហូតដល់ ១ សែន ៥ ម៉ឺនតោន ដើម្បីដោះស្រាយនូវបញ្ហាអសន្តិសុខស្បៀងធ្ងន់ធ្ងរ។ ស្របពេលដែលមានការបន្តឡើងវិញនូវការនាំចេញគ្រាប់ធញ្ញជាតិពីកំពង់ផែសមុទ្រខ្មៅរបស់អ៊ុយក្រែន ដែលជាជំហានវិជ្ជមានមួយក្នុងការដោះស្រាយនូវតម្រូវការក្នុងប្រទេសដែលខ្វះខាតស្បៀងអាហារនោះ ការដឹកជញ្ជូននេះត្រូវតែបន្តធ្វើទៅទៀត ដើម្បីធ្វើឱ្យស្បៀងអាហារជាច្រើនលានតោនដែលនៅជាប់គាំងអាចទៅដល់ទីផ្សារ និងជួយដល់ប្រទេសដែលងាយរងគ្រោះបំផុតនៅក្នុងពិភពលោក។ នេះបើតាមការលើកឡើងរបស់លោក Blinken នៅក្នុងសេចក្តីថ្លែងការណ៍មួយ។
- អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres មានគម្រោងនឹងទៅធ្វើទស្សនកិច្ចនៅប្រទេសអ៊ុយក្រែននៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីជួបប្រជុំជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Zelenskyy និងប្រធានាធិបតីប្រទេសតួកគីលោក Recep Tayyip Erdogan។ អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Stephane Dujarric បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ប្រធានអង្គការសហប្រជាជាតិរូបនេះក៏នឹងធ្វើដំណើរទៅកាន់ទីក្រុង Odesa ដែលស្ថិតនៅភាគខាងត្បូងអ៊ុយក្រែនផងដែរនៅថ្ងៃសុក្រនេះ ដើម្បីពិនិត្យមើលកំពុងផែមួយ ដែលកំពុងត្រូវបានប្រើប្រាស់ជាផ្នែកមួយនៃគំនិតផ្តួចផ្តើម ក្នុងការចាប់ផ្តើមឡើងវិញនូវការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែននោះ។ អង្គការសហប្រជាជាតិនិងប្រទេសតួកគី បានផ្តួចផ្តើមឱ្យមានកិច្ចព្រមព្រៀងមួយជាមួយរុស្ស៊ីនិងអ៊ុយក្រែន ខណៈពេលដែលកំពុងមានវិបត្តិស្បៀងអាហារជាសាកល ហើយមាននាវាដឹកជញ្ជូនជាច្រើនគ្រឿង បានដឹកគ្រាប់ធញ្ញជាតិចេញពីប្រទេសអ៊ុយក្រែនរួចហើយ។
- ក្រុមអ្នកបច្ចេកទេសអ៊ុយក្រែននៅទីតាំងរោងចក្រថាមពលនុយក្លេអ៊ែរដែលទទួលរងការបាញ់ផ្លោងនិងកំពុងកាន់កាប់ដោយកងកម្លាំងរុស្ស៊ីនោះ បានធ្វើការក្រោមចុងកាំភ្លើងរបស់កងទ័ពរុស្ស៊ី និងប្រឈមនឹងការដាក់សម្ពាធជាខ្លាំង ប៉ុន្តែពួកគេនៅតែស្ថិតនៅទីនោះ ដើម្បីធានាថានឹងមិនមានមហន្តរាយណាមួយ ដូចអ្វីដែលកើតមានឡើងនៅរោងចក្រនុយក្លេអ៊ែរ Chornobyl នោះឡើយ។ នេះបើតាមការបញ្ជាក់របស់អ្នកបច្ចេកទេសអ៊ុយក្រែនមួយរូប ហើយដែលត្រូវបានរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន Reuters។ អ្នកបច្ចេកទេសអ៊ុយក្រែនរូបនេះ ដែលសុំមិនបញ្ចេញឈ្មោះ ដោយខ្លាចមានការសងសឹកពីសំណាក់រុស្ស៊ីនោះ បានលើកឡើងពីស្ថានភាពការងារដ៏លំបាកនៅរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ដែលភាគីអ៊ុយក្រែននិងរុស្ស៊ីបានចោទប្រកាន់គ្នាទៅវិញទៅមកជុំវិញរឿងបាញ់ផ្លោងដាក់រោងចក្រនេះ។
- កងនាវាជើងទឹករុស្ស៊ីនៅសមុទ្រខ្មៅដែលមានមូលដ្ឋានក្នុងតំបន់ Crimea របស់រុស្ស៊ី បានតែងតាំងមេបញ្ជាការថ្មីម្នាក់។ នេះបើតាមទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៊ី RIA ដែលបានស្រង់ប្រភពមួយចំនួនចេញផ្សាយនៅថ្ងៃពុធនេះ បន្ទាប់ពីមានការផ្ទុះដ៏កក្រើកនៅមូលដ្ឋានយោធារុស្ស៊ីនៅក្នុងឧបទ្វីបនេះ កាលពី៩ថ្ងៃមុន។ ទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៊ីមួយនេះក៏បានស្រង់ប្រភពនានាដោយនិយាយថា មេបញ្ជាការយោធាថ្មីប្រចាំតំបន់នេះ គឺលោក Viktor Sokolov ត្រូវបានគេណែនាំឱ្យជួបជាមួយសមាជិកក្រុមប្រឹក្សាយោធាកងទ័ពជើងទឹករុស្ស៊ី នៅកំពង់ផែ Sevastopol ។
២៣:៣៦
១៦.៨.២០២២
ថ្ងៃអង្គារ ទី ១៦ ខែសីហា៖
- តុលាការមួយនៅក្នុងប្រទេសរុស្ស៊ីបានផាកពិន័យក្រុមហ៊ុនផ្សាយព័ត៌មាន Twitch ចំនួន៣៣.០០០ដុល្លារអាមេរិកនៅថ្ងៃអង្គារនេះ ដែលបានផ្សព្វផ្សាយនូវព័ត៌មាន ដែលមិនគួរឱ្យទុកចិត្តបាន ស្តីពីការចោទប្រកាន់ឧក្រិដ្ឋកម្មសង្គ្រាមនៅក្នុងទីប្រជុំជន Bucha ក្នុងប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ដែលបានស្រង់ផ្សាយបន្តពីទីភ្នាក់ងារព័ត៌មាន Interfax របស់រុស្ស៊ី។ កាលពីពេលកន្លងទៅ ប្រព័ន្ធសេវាកម្មសារតាមបណ្តាញ Telegram ត្រូវទទួលរងការផាកពិន័យនូវទឹកប្រាក់ប្រមាណ៦៦.០០០ដុល្លារអាមេរិក ដោយសារការបដិសេធមិនព្រមលុបខ្លឹមសារបង្ហោះទាក់ទងនឹងជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន។
- រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីលោក Sergei Shoigu បាននិយាយនៅថ្ងៃអង្គារនេះ នៅក្នុងសុន្ទរកថាមួយនៅឯសន្និសីទស្តីពីសន្តិសុខអន្តរជាតិក្នុងទីក្រុងមូស្គូថា ប្រទេសរុស្ស៊ីមិនចាំបាច់ប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅក្នុងប្រទេសអ៊ុយក្រែននោះឡើយ។ នេះបើយោងទៅលើការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ លោក Shoigu ក៏បានចោទប្រកាន់ផងដែរថា សកម្មភាពប្រតិបត្តិការយោធាអ៊ុយក្រែន ត្រូវបានរៀបចំធ្វើឡើងដោយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ហើយអង្គការអូតង់បានបង្កើនការពង្រាយកងទ័ពរបស់ខ្លួន នៅក្នុងតំបន់អឺរ៉ុបភាគកណ្តាលនិងខាងកើតអស់រយៈពេលជាច្រើនលើកច្រើនសារ។
- រុស្ស៊ីនិយាយនៅថ្ងៃអង្គារនេះថា ការផ្ទុះដ៏ខ្លាំងនៅទីតាំងយោធាមួយកន្លែងក្នុងឧបទ្វីបCrimea ដែលគ្រប់គ្រងដោយរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន ហើយដែលបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីនោះ គឺជាសកម្មភាពនៃការធ្វើវិទ្ធង្សនាមួយ។ ទន្ទឹមនឹងនេះដែរ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក៏បាននិយាយថា សហរដ្ឋអាមេរិកកំពុងព្យាយាមអូសបន្លាយជម្លោះ និងបានចោទប្រកាន់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនថា បានដាក់ពលរដ្ឋអ៊ុយក្រែននៅខែ្សបន្ទាត់ជួរមុខនៃការវាយប្រហារ ហើយបានផ្តល់ឱ្យរដ្ឋាភិបាលអ៊ុយក្រែន នូវអាវុធធន់ធ្ងន់ជាច្រើន។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។
- ប្រទេសហ្វាំឡង់នឹងកម្រិតចំនួនទិដ្ឋាការទេសចរណ៍សម្រាប់ជនជាតិរុស្ស៊ី នៅត្រឹម១០ភាគរយ ចាប់ពីថ្ងៃទី១ ខែកញ្ញាខាងមុខនេះតទៅ ដោយសារការមិនសប្បាយចិត្តទៅលើការធ្វើទេសចរណ៍របស់ពលរដ្ឋរុស្ស៊ី ក្នុងអំឡុងពេលដែលសង្គ្រាមកំពុងកើតមានឡើងនៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើតាមការបញ្ជាក់របស់រដ្ឋាភិបាលហ្វាំងឡង់នៅថ្ងៃអង្គារនេះ។ «ទិដ្ឋាការប្រភេទទេសចរណ៍នឹងមិនត្រូវបញ្ឈប់ទាំងស្រុងនោះឡើយ ប៉ុន្តែចំនួនទិដ្ឋាការដែលនឹងត្រូវផ្តល់ដល់ពលរដ្ឋរុស្ស៊ី នឹងត្រូវកាត់បន្ថយក្នុងចំនួនដ៏ច្រើន»។ នេះបើតាមរដ្ឋមន្ត្រីការបរទេសហ្វាំងឡង់លោក Pekka Haavisto ដែលបានប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្នុងរដ្ឋធានីហែលស៊ីនគី (Helsinki) នៃប្រទេសហ្វាំងឡង់។ បច្ចុប្បន្ននេះ ហ្វាំងឡង់ផ្តល់ទិដ្ឋាការទេសចរណ៍ដល់ពលរដ្ឋរុស្ស៊ីប្រមាណ១ពាន់នាក់ក្នុងមួយថ្ងៃ។ នេះបើតាមរដ្ឋមន្ត្រីការបរទេសហ្វាំងឡង់រូបនេះ ដែលបានប្រាប់វិទ្យុរដ្ឋ Yle ក្នុងពេលដាច់ដោយឡែកមួយ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
- កងយោធាអ៊ុយក្រែននិយាយថា ខ្លួនកំពុងត្រៀមខ្លួនដើម្បីទប់ទល់នឹងការវាយប្រហាររបស់រុស្ស៊ី ក្នុងឱកាសនៃបុណ្យខួបឯករាជ្យជាតិរបស់ខ្លួន។ នេះបើតាមការចេញផ្សាយរបស់ទីសារព័ត៌មាន Kyiv Independent នៅថ្ងៃអង្គារនេះ។ អ្នកនាំពាក្យទីបញ្ជាការដ្ឋានកងទ័ពជើងអាកាសលោក Yuriy Ihnat បាននិយាយថា របាយការណ៍ចារកម្មបានបង្ហាញថា រុស្ស៊ីកំពុងបង្កើនសកម្មភាពយោធានៅលើទឹកដីប្រទេសបេឡារុស ហើយប្រហែលជាកំពុងប្រុងប្រៀបបើកការវាយប្រហារមកលើអ៊ុយក្រែន ក្នុងឱកាសនៃបុណ្យឯករាជ្យជាតិរបស់ប្រទេសនេះ នៅថ្ងៃទី២៤ ខែសីហា ខាងមុខនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានមួយនេះ។
២២:៥៩
១៥.៨.២០២២
ថ្ងៃចន្ទ ទី ១៥ ខែសីហា៖
- ប្រទេសរុស្ស៊ីនឹងធ្វើ«អ្វីៗទាំងអស់ដែលចាំបាច់» ដើម្បីអនុញ្ញាតឱ្យក្រុមអ្នកជំនាញមកពីទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ(IAEA) អាចទៅពិនិត្យមើលរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia នៅផ្នែកខាងត្បូងប្រទេសអ៊ុយក្រែន។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសរុស៊្សីលោកស្រី Maria Zakharova ដែលបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃចន្ទនេះ។ ទីតាំងរោងចក្រនេះ ទទួលរងនូវការបាញ់ផ្លោងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយភាគីរុស្ស៊ីនិងអ៊ុយក្រែន បានចោទប្រកាន់គ្នាទៅវិញទៅមក ថាបង្កឱ្យមានហានិភ័យទៅលើទីតាំងនេះ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
- កម្មវិធីមួយដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំទៅដើម្បីគាំទ្រដល់ការជម្លៀសពលរដ្ឋ អាហ្វហ្គានីស្ថាន បន្ទាប់ពីការដកកងទ័ពអាមេរិកចេញពីប្រទេសនេះដោយភាពច្របូកច្របល់នោះ ត្រូវបានពង្រីកក្នុងពេលថ្មីៗនេះ ដើម្បីជួយដល់ពលរដ្ឋអ៊ុយក្រែន ដែលកំពុងរត់គេចខ្លួនចេញពីប្រទេសរបស់ខ្លួន ដោយសារតែការចូលឈ្លានពានរបស់កងកម្លាំងរុស្ស៊ីទៅក្នុង។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។ កម្មវិធីនេះដែលត្រូវបានចាប់ផ្តើមឡើងដោយសម្ព័ន្ធអង្គការមិនរកប្រាក់កម្រៃ ដោយធ្វើជាដៃគូជាមួយក្រសួងការបរទេសអាមេរិក អនុញ្ញាតឱ្យក្រុមដែលមានគ្នាលើសពី៥នាក់ឬក្រុមមនុស្សពេញវ័យច្រើនជាងនេះ ដើម្បីធ្វើការគាំទ្រដល់ការទៅតាំងទីលំនៅជាបណ្តោះអាសន្នក្នុងសហរដ្ឋអាមេរិក។ នេះជាការងារមួយដែលជាទូទៅ ត្រូវបានអនុវត្តដោយទីភ្នាក់ងារមួយចំនួនក្នុងពេលកន្លងទៅ ដែលត្រូវបានបង្កើតឡើងសម្រាប់ជួយដល់អ្នកតាំងទីលំនៅថ្មី។
- ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំសហរដ្ឋអាមេរិកលោក Jose Manuel Romualdez បាននិយាយនៅថ្ងៃចន្ទនេះថា រដ្ឋាភិបាលប្រទេសហ្វីលីពីន កំពុងសម្លឹងទៅរកការទិញឧទ្ធម្ភាគចក្រធន់ធ្ងន់ Chinook ពីសហរដ្ឋអាមេរិក បន្ទាប់ពីលុបចោលកិច្ចព្រមព្រៀងទិញឧទ្ធម្ភាគចក្ររបស់រុស្ស៊ី ដែលមានតម្លៃប្រមាណ២២៧,៣៥លានដុល្លារអាមេរិក ដើម្បីជៀសវាងការដាក់ទណ្ឌកម្ម។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។ សហរដ្ឋអាមេរិកមានបំណងយល់ព្រមទៅលើលើកិច្ចព្រមព្រៀងមួយជាមួយរដ្ឋាភិបាលហ្វីលីពីនក្នុងទឹកប្រាក់ដែលប្រទេសហ្វីលីពីនមានគម្រោងថានឹងទិញឧទ្ធម្ភាគចក្រពីប្រទេសរុស្ស៊ី។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់ឯកអគ្គរដ្ឋទូតហ្វីលីពីនរូបនេះ ដែលបានប្រាប់ក្រុមអ្នកសារព័ត៌មានតាមប្រព័ន្ធអនឡាញ។ លោកបន្ថែមទៀតថា កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីតោនជុំវិញរឿងនេះ ក៏រួមមានបញ្ចូលផងដែរ ការជួសជុលថែរក្សានិងការផ្តល់គ្រឿងបន្លាស់ជាដើម។
- ប្រទេសនូវែលស៊ីឡង់បានបញ្ជូនបុគ្គលិកយោធាចំនួន១២០នាក់ទៅកាន់ចក្រភពអង់គ្លេស ដើម្បីធ្វើការបណ្តុះបណ្តាលដល់កងទ័ពអ៊ុយក្រែន ក្នុងការប្រយុទ្ធក្នុងសមរភូមិជួរមុខ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទនេះ ដោយដកស្រង់សម្តីមន្ត្រីរដ្ឋាភិបាលនូវែលស៊ីឡង់។ ក្រុមបណ្តុះបណ្តាលកងទ័ពជើងគោកនូវែលស៊ីឡង់ពីរក្រុមនឹងផ្តល់ការហ្វឹកហ្វឺនជំនាញសំខាន់ៗដល់កងកម្លាំងអ៊ុយក្រែន ដើម្បីធ្វើការប្រយុទ្ធឱ្យមានប្រសិទ្ធភាព ក្នុងនោះក៏រួមរបៀបប្រើប្រាស់អាវុធ ការជួយសង្គ្រោះបឋម ការអនុវត្តច្បាប់ និងជំនាញផ្សេងៗទៀតផងដែរ។ ការហ្វឹកហ្វឺនដល់កងកម្លាំងអ៊ុយក្រែនចំនួនប្រមាណ៨០០នាក់ នឹងត្រូវធ្វើឡើងនៅក្នុងទីតាំងមួយ ក្នុងចំណោមទីតាំងទាំង៤កន្លែង នៅក្នុងប្រទេសអង់គ្លេស។ បុគ្គលិកក្រសួងការពារជាតិនូវែលស៊ីឡង់នឹងមិនធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែននោះឡើយ។ នេះបើតាមរដ្ឋាភិបាលនូវែលស៊ីឡង់ ដែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ។
- ប្រទេសចំនួន៤២នៅជុំវិញពិភពលោក បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍មួយ ដោយជំរុញឱ្យរុស្ស៊ីដកកងកម្លាំងយោធារបស់ខ្លួនចេញពីទីតាំងរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia នៅក្នុងប្រទេសអ៊ុយក្រែន ដោយនិយាយថា វត្តមានរបស់ពួកគេនៅទីនោះ បង្កឱ្យមានគ្រោះថ្នាក់ជាខ្លាំងទៅលើរោងចក្រនេះ។ នេះបើយោងទៅតាមការផ្សព្វផ្សាយរបស់វិទ្យុសេរីភាព/វិទ្យុអឺរ៉ុបសេរី។ សេចក្តីថ្លែងការណ៍នេះត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័រសហភាពអឺរ៉ុប កាលពីថ្ងៃទី១៤ ខែសីហា ដោយថ្កោលទោសទៅលើការចូលឈ្លានពានដោយគ្មានហេតុផល របស់កងកម្លាំងរុស្ស៊ីទៅក្នុងប្រទេសអ៊ុយក្រែន និងបាននិយាយថា វត្តមានរបស់កងកម្លាំងរុស្ស៊ីនៅទីតាំងរោងចក្រថាមពលនោះ នឹងរារាំងដល់អ្នកជំនាញក្នុងការចូលទៅថែរក្សាជួសជុល និងពិនិត្យមើលសុវត្ថិភាពនៃវិទ្យុសកម្មរបស់វា។
- ក្រុមការពារក្តីរបស់តារាបាល់បោះអាមេរិកលោកស្រី Brittney Griner ដែលត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន៩ឆ្នាំនៅក្នុងប្រទេសរុស្ស៊ី ពីបទពាក់ព័ន្ធនឹងគ្រឿងញៀននោះ បានប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការកាត់ទោសរបស់ខ្លួនពីបទប្រើប្រាស់និងរត់ពន្ធគ្រឿងញៀន។ នេះបើតាមមេធាវីរបស់តារាបាល់បោះរូបនេះ គឺលោកស្រី Maria Blagovolina ដែលបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទនេះ។ រដ្ឋាភិបាលសហរដ្ឋអាមេរិកបាននិយាយថា លោកស្រីត្រូវបានចាប់ឃុំខ្លួនដោយខុសច្បាប់ ហើយបានស្នើដើម្បីធ្វើការដោះដូរលោកស្រីជាមួយនឹងឈ្មួញអាវុធរុស្ស៊ីលោក Viktor Bout ដែលកំពុងជាប់ពន្ធនាគារចំនួន២៥ឆ្នាំ នៅក្នុងសហរដ្ឋអាមេរិក។