២១:១៤
១២.៨.២០២២
ថ្ងៃសុក្រ ទី ១២ ខែសីហា៖
- របាយការណ៍ចារកម្មចុងក្រោយរបស់ក្រសួងការពារជាតិចក្រភពអង់គ្លេស បានឱ្យដឹងថា ការផ្ទុះនៅព្រលានយន្តហោះយោធា Saky ដែលប្រតិបត្តិការដោយរុស្ស៊ីកាលពីដើមសប្តាហ៍នេះ គឺអាចបណ្តាលមកពីការផ្ទុះឃ្លាំងគ្រាប់រហូតដល់ទៅ ៤ កន្លែងនៅក្នុងទីតាំងនោះ។ យន្តហោះយ៉ាងហោចណាស់ចំនួន ៨ គ្រឿងដែរ ត្រូវបានបំផ្លាញ ឬរងនូវការខូចខាតយ៉ាងធ្ងន់ធ្ងរ។ នេះបើយោងទៅលើរបាយការណ៍ចារកម្មចុងក្រោយរបស់អង់គ្លេស។ បើទោះបីជាព្រលានយន្តហោះនោះនៅអាចដំណើរការបានយ៉ាងណាក្តី ក៏ការផ្ទុះនេះបានធ្វើឱ្យសមត្ថភាពកងទ័ពនាវាជើងទឹករុស្ស៊ីនៅក្នុងសមុទ្រខ្មៅ មានការថយចុះខ្លាំង។
- ក្រុមមន្ត្រីរុស្ស៊ីត្រូវបានបណ្តុះបណ្តាលក្នុងប្រទេសអ៊ឺរ៉ង់ក្នុងពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងផ្ទេរយន្តហោះគ្មានមនុស្សបើកបរគឺ ដ្រូនរវាងប្រទេសទាំងពីរ។ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេសអាមេរិក ហើយដែលត្រូវបានចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។ ក្រុមមន្ត្រីអាមេរិកបាននិយាយកាលពីខែមុនថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនមានព័ត៌មានថា ប្រទេសអ៊ីរ៉ង់កំពុងរៀបចំផ្តល់យន្តហោះដ្រូនរាប់រយគ្រឿងទៅឱ្យប្រទេសរុស្ស៊ី ដែលក្នុងនោះមានយន្តហោះដ្រូនមួយចំនួនអាចមានសមត្ថភាពបំពាក់អាវុធបានទៀតផង។ ទន្ទឹមនឹងនេះដែរ ក្រុមមន្ត្រីរុស្ស៊ីមួយចំនួនបានធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់ដើម្បីត្រួតពិនិត្យមើលប្រភេទយន្តហោះដ្រូនដែលមានសមត្ថភាពធ្វើការវាយប្រហារបាន។ ការអះអាងនេះ បានធ្វើឱ្យមានក្តីបារម្ភថា ប្រទេសអ៊ីរ៉ង់ ដែលបានផ្គត់ផ្គង់យន្តហោះដ្រូនទៅឱ្យសម្ព័ន្ធមិត្តនៅក្នុងតំបន់មជ្ឈឹមបូព៌ានោះ នៅពេលនេះកំពុងផ្តល់ការគាំទ្ររបស់ខ្លួនទៅឱ្យរុស្ស៊ីក្នុងការធ្វើសង្រ្គាមនៅប្រទេសអ៊ុយក្រែន។
- សាធារណរដ្ឋឆែក ដែលធ្វើជាប្រធានប្តូរវេនរបស់សហភាពអឺរ៉ុប បាននិយាយនៅថ្ងៃសុក្រថា ការដាក់បម្រាមទិដ្ឋាការជាទូទៅ លើអ្នកធ្វើដំណើរជនជាតិរុស្ស៊ីអាចជាការដាក់ទណ្ឌកម្មជំហានបន្ទាប់របស់ប្លុកមួយនេះលើរុស្ស៊ី។ ការបិទទិដ្ឋាការដល់ពលរដ្ឋរុស្ស៊ីដោយរដ្ឋជាសមាជិកទាំងអស់របស់សហភាពអឺរ៉ុប អាចជាវិធានការថ្មីមួយទៀត ដែលមានប្រសិទ្ធភាពខ្លាំងបំផុត»។ នេះបើតាម សេចក្តីថ្លែងការណ៍រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសឆែក លោក Jan Lipavsky ដែលទីភ្នាក់ងារព័ត៌មាន AFP ទទួលបាន។ លោកថ្លែងថា លោកនឹងស្នើគំនិតនេះឡើង នៅក្នុងកិច្ចប្រជុំក្រៅផ្លូវការមួយរបស់រដ្ឋមន្ត្រីការបរទសសហភាពអឺរ៉ុបនៅក្នុងរដ្ឋធានីប្រាក ប្រទេសឆែក នៅដំណាច់ខែសីហានេះ។ លោកថ្លែងទៀតថា៖ «នៅក្នុងអំឡុងពេលដែលរុស្ស៊ីកំពុងតែឈ្លានពានអ៊ុយក្រែន ហើយវិមានក្រឹមឡាំងនៅតែធ្វើឱ្យស្ថានភាពកាន់តែក្តៅខ្លាំងថែមទៀតនោះ គេមិនអាចនិយាយដល់ការធ្វើដំណើរទេសចរណ៍ជាទូទៅរបស់ពលរដ្ឋរុស្ស៊ីនោះឡើយ»។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP។
- ទីភ្នាក់ងារសន្តិសុខរបស់អ៊ុយក្រែនជាច្រើនបានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយនៅថ្ងៃសុក្រនេះ ដោយអំពាវនាវឱ្យអង្គការសហប្រជាជាតិ និងគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិបញ្ជូនតំណាងទៅទីកន្លែងមួយចំនួន ដែលរុស្ស៊ីកំពុងឃុំខ្លួនឈ្លើយសឹកអ៊ុយក្រែន។ ការស្នើសុំនេះ កើតមានឡើងបន្ទាប់ពីមានការចោទប្រកាន់កាលពីពេលកន្លងទៅដោយរដ្ឋាភិបាលក្រុងកៀវថា កងកម្លាំងរុស្ស៊ី បានធ្វើទារុណកម្មនិងសម្លាប់អ្នកទោសសង្គ្រាម ដែលក្នុងនោះរួមមានទាំងការដាក់គ្រាប់បំផ្ទុះនៅក្នុងជំរំឈ្លើយសឹក នៅក្នុងទីក្រុង Olenivka ផងដែរ។ រដ្ឋាភិបាលក្រុងម៉ូស្គូបានអះអាងថា កងទ័ពអ៊ុយក្រែនជាអ្នកផ្លោងដាក់ជំរំនោះ ដោយសម្លាប់ឈ្លើយសឹកជាង ៥០ នាក់។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters៕
២៣:១៧
១១.៨.២០២២
ថ្ងៃព្រហស្បតិ៍ ទី ១១ ខែសីហា៖
- ចក្រភពអង់គ្លេសនឹងផ្តល់ឱ្យប្រទេសអ៊ុយក្រែននូវប្រព័ន្ធបាញ់ពហុរ៉ុក្កែតបន្ថែមជាច្រើនគឿងទៀត ដែលអាចធ្វើការវាយប្រហារទៅលើគោលដៅសត្រូវរហូតដល់ចម្ងាយ ៨០គីឡូម៉ែត្រ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។ រដ្ឋមន្ត្រីការពារជាតិចក្រភពអង់គ្លេស លោក Ben Wallace បាននិយាយថា ការផ្តល់នូវគ្រឿងសព្វាវុធដល់អ៊ុយក្រែននឹងជួយឱ្យប្រទេសនេះអាចការពារខ្លួនដោយខ្លួនឯងបាន ដើម្បីប្រឆាំងទប់ទល់នឹងកាំភ្លើងផ្លោងធុនធ្ងន់របស់រុស្ស៊ី។ លោកនិយាយក្នុងសេចក្តីថ្លែងការណ៍ថា៖ «ការគាំទ្រជាបន្តរបស់យើងបានបញ្ជូនសារដ៏ច្បាស់លាស់មួយថា ចក្រភពអង់គ្លេស និងសហគមន៍អន្តរជាតិនៅតែប្រឆាំងទៅនឹងសង្គ្រាមខុសច្បាប់របស់រុស្ស៊ី ហើយយើងប្រគៀកស្មាគ្នាដើម្បីផ្តល់នូវជំនួយយោធាការពារជាតិទៅឱ្យអ៊ុយក្រែនដើម្បីជួយពួកគេក្នុងការការពារទប់ទល់នឹងការឈ្លានពានរបស់លោក Putin»។
- ក្រសួងការបរទេសរុស្ស៊ីបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសស្វីសមិនអាចធ្វើជាតំណាងឱ្យផលប្រយោជន៍របស់អ៊ុយក្រែននៅក្នុងប្រទេសរុស្ស៊ី ហើយក៏មិនអាចធ្វើជាតំណាងផលប្រយោជន៍របស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែនបានដែរ ដោយសារតែប្រទេសស្វីសមិនមែនជាប្រទេសអព្យាក្រឹតតទៅទៀតនោះឡើយ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។ មន្ត្រីក្រសួងការបរទេសរុស្ស៊ីលោកស្រី Ivan Nechayev បាននិយាយថា៖ «ប្រទេសស្វីសបានបញ្ចប់នូវភាពជារដ្ឋជាអព្យាក្រឹត ដោយបានចូលរួមដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី»។
- កងកម្លាំងរុស្ស៊ីបានបង្កើនការវាយប្រហារតាមផ្លូវអាកាសទ្វេដងទៅលើទីតាំងកងយោធារបស់អ៊ុយក្រែន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល បើប្រៀបធៀបទៅចំនួនវាយប្រហាររបស់រុស្ស៊ីកាលពីសប្តាហ៍មុន។ នេះបើតាមការឱ្យដឹងរបស់ឧត្តមសេនីយ៍ត្រីអ៊ុយក្រែន លោក Oleksiy Hromov នៅថ្ងៃព្រហស្បតិ៍នេះ។ លោកបានប្រាប់សន្និសីទសារព័ត៌មានមួយថា៖ «យន្តហោះនិងឧទ្ធម្ភាចក្ររបស់រុស្ស៊ីបានចៀសវាងហោះចូលរង្វង់ការពារដែនអាកាសរបស់យើង ហេតុដូចនេះហើយលទ្ធភាពរបស់សត្រូវវាយប្រហារចំទិសដៅមានកម្រិតទាប។ លោកក៏បានបន្ថែមទៀតថា អ៊ុយក្រែននឹងបញ្ជូនកម្លាំងបន្ថែមទៀតទៅកាន់ទីប្រជុំជនខ្សែត្រៀមជួរមុខ Pisky ដែលស្ថិតជាយទីក្រុង Donetsk ដែលកាន់កាប់ដោយក្រុមបំបែកខ្លួន ហើយដែលកំពុងមានការប្រយុទ្ធគ្នាដ៏តឹងតែងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗកន្លងទៅនេះ។ ក្រុមអ្នកបំបែកខ្លួន ដែលគាំទ្រដោយរុស្ស៊ី បានធ្វើការអះអាងពីការកាន់កាប់ទីប្រជុំជន Pisky ប៉ុន្តែមន្ត្រីអ៊ុយក្រែនបានបដិសេធថា មិនពិតឡើយ។ ទីភ្នាក់ងារព័ត៌មាន Reuters នៅមិនទាន់ធ្វើការផ្ទៀងផ្ទាត់បាននៅឡើយទេជុំវិញរឿងនេះ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាននេះ។
- នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Boris Johnson បានប្រាប់ប្រធានាធិបតីប្រទេសអេមីរ៉ាតអារ៉ាប់រួម ព្រះអង្គម្ចាស់ Sheikh Mohammed bin Zayed al-Nahyan នៅក្នុងការហៅតាមទូរស័ព្ទមួយថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរស្តីពីប្រទេសអ៊ុយក្រែននិងស្ថិរភាពតំបន់ គឺមានសារៈសំខាន់ខ្លាំងសម្រាប់ពិភពលោកទាំងមូល។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យនាយករដ្ឋមន្ត្រីអង់គ្លេសរូបនេះ។ អ្នកនាំពាក្យរូបនេះបន្តទៀតថា៖ «លោក Johnson បានសម្តែងនូវជំនឿចិត្តថា កិច្ចសហប្រតិបត្តិការរវាងចក្រភពអង់គ្លេសនិងប្រទេសអេមីរ៉ាតអារ៉ាប់រួម នឹងបន្តកើតមានជាច្រើនឆ្នាំទៅមុខទៀត»។
- ប្រទេសរុស្ស៊ីនៅថ្ងៃព្រហស្បតិ៍នេះបានថ្កោលទោសទៅលើសេចក្តីសម្រេចមួយរបស់សភាប្រទេសឡេតូនី ដែលបានដាក់រុស្ស៊ីជា «រដ្ឋគាំទ្រភេរវកម្ម»។ នេះតាមទីភ្នាក់ងារព័ត៌មាន Reuters។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានបង្ហោះសារលើតេឡេក្រាមថា «ដោយគ្មានបង្ហាញភស្តុតាងច្បាស់លាស់ តែមានការគុំកួនមិនចូលចិត្តប្រទេសរុស្ស៊ី ដែលនៅពីក្រោយសេចក្តីសម្រេចនោះ វាចាំបាច់ដែលយើងហៅការសម្រេចនោះថា គ្មានអ្វីក្រៅពីណាហ្ស៊ីជំនាន់ថ្មីនោះឡើយ»។ សេចក្តីសម្រេចនោះនិយាយថា «ប្រទេសឡេតូនីទទួលស្គាល់សកម្មភាពរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែនថា ជាអំពើប្រល័យពូជសាសន៍មួយ ដែលបានកំណត់ទិសដៅ ប្រឆាំងប្រជាជនអ៊ុយក្រែន» និងបានអំពាវនាវឱ្យមានការជួយគាំទ្របន្ថែមទៀតខាងផ្នែកយោធា ហិរញ្ញវត្ថុ មនុស្សធម៌ និងការទូតសម្រាប់ប្រទេសអ៊ុយក្រែន»៕
០០:៥៨
១១.៨.២០២២
ថ្ងៃពុធ ទី ១០ ខែសីហា៖
- ការបង្ហូរប្រេងរបស់រុស្ស៊ីដែលត្រូវបានផ្អាកទៅកាន់ផ្នែកខ្លះរបស់អឺរ៉ុប អាចនឹងត្រូវបើកដំណើរការឡើងវិញ ក្រោយពីក្រុមហ៊ុនប្រេង MOL របស់ប្រទេសហុងគ្រី បានបង់ថ្លៃបញ្ជូនប្រេងដែលជំពាក់ទៅឱ្យប្រទេសអ៊ុយក្រែនរួចហើយ ដែលនេះជាការផ្តល់នូវដំណោះស្រាយជាបណ្តោះអាសន្នមួយ ចំពោះការធ្វើឱ្យរាំងស្ទះទៅលើការផ្គត់ផ្គង់ថាមពលរបស់រុស្ស៊ីនាពេលថ្មីៗចុងក្រោយបំផុតនេះ។ នេះបើតាមការឱ្យដឹងរបស់មន្រ្តីមួយចំនួននិងរដ្ឋមន្ត្រីមួយរូប។ ក្រុមហ៊ុនប្រេង Transneft បាននិយាយកាលពីថ្ងៃអង្គារថា បំពង់បង្ហូរប្រេងរបស់រុស្ស៊ីទៅកាន់ផ្នែកខ្លះនៃអឺរ៉ុបកណ្តាល ត្រូវបានផ្អាកចាប់តាំងពីថ្ងៃទី៤ ខែសីហាមក ដោយសារតែទណ្ឌកម្មរបស់ប្រទេសលោកខាងលិច បានរារាំងដល់ការបង់ថ្លៃបង្ហូរប្រេងពីរុស្ស៊ីទៅអ៊ុយក្រែន។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រទេសដាណឺម៉ាកនឹងបញ្ជូនគ្រូបណ្តុះបណ្តាលផ្នែកយោធាទៅកាន់ចក្រភពអង់គ្លេស ដើម្បីជួយបង្វឹកកងទាហានអ៊ុយក្រែននៅទីនោះ និងស្នើសុំការការបណ្តុះបណ្តាលមន្ត្រីអ៊ុយក្រែននៅក្នុងប្រទេសរបស់ខ្លួនផងដែរ។ នេះបើតាមការបញ្ជាក់របស់ក្រសួងការពារជាតិដាណឺម៉ាកនៅថ្ងៃពុធនេះ។ សេចក្តីប្រកាសនេះត្រូវបានធ្វើឡើង នៅមុនសន្និសីទមួយក្នុងរាជធានីកូប៉ិនហាក ប្រទេសដាណឺម៉ាក នៅថ្ងៃព្រហស្បតិ៍នេះ នៅពេលដែលរដ្ឋមន្ត្រីការពារជាតិចក្រភពអង់គ្លេស ប្រទេសដាណឺម៉ាក និងអ៊ុយក្រែន ត្រូវគេរំពឹងថានឹងជួបប្រជុំគ្នា ដើម្បីពិភាក្សាអំពីការគាំទ្រយូរអង្វែងមួយដល់ប្រទេសអ៊ុយក្រែន ដែលក្នុងនោះរួមមានការបណ្តុះបណ្តាលផ្នែកយោធា ការដោះមីន និងការផ្គត់ផ្គង់អាវុធជាដើម។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
- ក្រុមអ្នកស៊ើបអង្កេតរុស្ស៊ីនៅថ្ងៃពុធនេះបានបើកការស៊ើបអង្កេតករណីព្រហ្មទណ្ឌមួយ ទៅលើអ្នកសារព័ត៌មានលោកស្រី Marina Ovsyannikova ដែលបានថ្កោលទោសការចូលឈ្លានពានរបស់កងកម្លាំងរុស្ស៊ីទៅក្នុងប្រទេសអ៊ុយក្រែន នៅក្នុងការផ្សាយបន្តផ្ទាល់លើកញ្ចក់ទូរទស្សន៍។ លោកស្រីត្រូវបានចាប់ឃុំខ្លួន។ នេះបើតាមការឱ្យដឹងពីមេធាវីការពារក្តីរបស់លោកស្រី។ មេធាវីការពារក្តីលោកស្រី គឺលោក Dmitry Zakhvatov បានប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFP ថា៖ «ការស៊ើបអង្កេតករណីព្រហ្មទណ្ឌមួយត្រូវបានធ្វើឡើង»។ លោកបន្ថែមទៀតថា ពេលនេះពួកគេកំពុងរង់ចាំនូវការសម្រេចចិត្តរបស់ក្រុមអ្នកស៊ើបអង្កេត ទៅលើវិធានការមុនការជំនុំជម្រះក្តីទៅលើលោកស្រី។ លោកស្រី Ovsyannikova មានកូន២នាក់។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
- នាយករដ្ឋមន្ត្រីប៉ូឡូញលោក Mateusz Morawiecki បានចោទប្រកាន់សហភាពអឺរ៉ុបថាប្រកាន់អត្តចរិតបែបចក្រពត្តិនិយម ទៅលើសមាជិកដែលជារដ្ឋតូចៗ នៅក្នុងអត្ថបទទស្សនៈរបស់លោកមួយ ដែលត្រូវបានចេញផ្សាយនៅលើគេហទំព័រព័ត៌មាន Welt នៅថ្ងៃពុធនេះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។ នាយករដ្ឋមន្ត្រីប៉ូឡូញរូបនេះ ដែលបានប៉ះទង្គិចគ្នាជាញឹកញាប់ជាមួយនឹងការអនុវត្តច្បាប់ហួសកម្រិតរបស់សហភាពអឺរ៉ុបនោះ បាននិយាយថា ការចូលឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន បានឆ្លុះបញ្ចាំងឱ្យឃើញពីកង្វះខាតរបស់សហភាពអឺរ៉ុប។ លោកបានអំពាវនាវឱ្យមានការ «កែទម្រង់ស៊ីជម្រៅមួយ ដោយដាក់មកវិញនូវភាពល្អជាទូទៅនិងភាពស្មើគ្នា ទៅក្នុងគោលការណ៍ដ៏សំខាន់របស់សហភាពអឺរ៉ុប»។
០០:០២
១០.៨.២០២២
ថ្ងៃអង្គារ ទី ៩ ខែសីហា៖
- វិមានក្រឹមឡាំងនៅថ្ងៃអង្គារនេះបានបដិសេធនូវការអំពាវនាវរបស់របស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ដែលសុំឱ្យមានការដាក់បម្រាមដល់ការធ្វើដំណើររបស់ពលរដ្ឋរុស្ស៊ីទាំងអស់ទៅកាន់ប្រទេសលោកខាងលិច ថាជារឿងមួយមិនសមហេតុផលគ្មានការពិចារណា និងបាននិយាយថា អឺរ៉ុបនឹងត្រូវគិតនៅទីបំផុតថាតើខ្លួននឹងចង់ខាតបង់ទៅតាមការចង់បានរបស់លោក Zelenskyy ឬយ៉ាងណានោះ។ នេះបើតាមសេចក្តីរាយកាណ៍របស់ទីភ្នាក់ងារព័ត៌មានReuters។ នៅក្នុងបទសម្ភាសន៍មួយជាមួយកាសែត The Washington Post លោក Zelenskyy បានអំពាវនាវឱ្យមេដឹកនាំប្រទេសលោកខាងលិចបញ្ឈប់ការអនុញ្ញាតឱ្យពលរដ្ឋរុស្ស៊ីធ្វើដំណើរទៅកាន់ប្រទេសរបស់ខ្លួន ដែលជាការដាក់ទណ្ឌកម្មទៅលើការសម្រេចចិត្តរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ក្នុងការបញ្ជូនទ័ពចូលឈ្លានពានប្រទេសអ៊ុយក្រែននោះ។ លោក Zelenskyy ត្រូវបានស្រង់សម្តីដោយកាសែត The Washington Post ថា ពលរដ្ឋរុស្ស៊ីគួរត្រូវបានបង្ខំ«ឱ្យរស់នៅក្នុងប្រទេសរបស់ខ្លួនរហូតដល់ពួកគេធ្វើការផ្លាស់ប្តូរនូវទស្សនៈយល់ឃើញរបស់ពួកគេ»។
- អភិបាលរងទីក្រុង Nova Kakhovka របស់អ៊ុយក្រែន ដែលត្រូវបានតែងតាំងដោយរដ្ឋាភិបាលក្រុងម៉ូស្គូ លោក Vitaliy Efymenko ត្រូវបានឃុំខ្លួនពីបទព្រហ្មទណ្ឌ។ នេះបើតាមការផ្សព្វផ្សាយរបស់វិទ្យុសេរីភាពនិងវិទ្យុអឺរ៉ុបសេរីនៅថ្ងៃអង្គារនេះ។ ក្រុមអាជ្ញាធរដែលត្រូវបានលើកបន្តុបដោយរុស្ស៊ីនៅក្នុងទីក្រុង Kherson នៃតំបន់ភាគអាគ្នេយ៍អ៊ុយក្រែន បានឱ្យដឹងនៅថ្ងៃទី៨ ខែសីហាថា ពួកគេបានរឹបអូសយកអាវុធខុសច្បាប់ជាច្រើនដើម និងលុយរូប្លរុស្ស៊ីជាច្រើនលានពីលោក Efymenko ដែលត្រូវបានគេស្គាល់ផងដែរ ថាជាអ្នកជំនួញក្នុងស្រុកមួយរូបនោះ។ យោងទៅលើអ្វីដែលគេហៅថាជាអគ្គនាយកដ្ឋានបណ្តោះអាសន្ននៃក្រសួងមហាផ្ទៃរុស្ស៊ីនៅក្នុងតំបន់នោះ លោក Efymenko ត្រូវបានសង្ស័យថា ជាសមាជិកនៃក្រុមជនអន្ធពាល ដែលបានធ្វើការវាយប្រហារយ៉ាងតិចណាស់ក៏ចំនួន២ដងដែរ ទៅលើអ្នកជំនាញក្នុងស្រុក២រូប នៅក្នុងសប្តាហ៍ថ្មីៗកន្លងទៅនេះ។
- រុស្ស៊ីបានជំរុញកងកម្លាំងជើងគោក បង្កើនការវាយប្រហារតាមជើងអាកាស និងប្រើកាំភ្លើងធំបាញ់ផ្លោង ខណៈខ្លួនកំពុងធ្វើការវាយប្រហារកាន់តែខ្លាំង ដើម្បីត្រួតត្រាបានទាំងស្រុងនូវតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែន ប៉ុន្តែរដ្ឋាភិបាលក្រុងកៀវបាននិយាយថា កងកម្លាំងរបស់ខ្លួន កំពុងធ្វើការទប់ទល់យ៉ាងស្វិតស្វាញជាមួយកងកម្លាំងរុស្ស៊ី និងកំពុងគ្រប់គ្រងខ្សែបន្ទាត់សមរភូមិខាងមុខ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។ ការវាយប្រហារដ៏ខ្លាំងក្លាត្រូវបានគេរាយការណ៍ថាបានកើតមាននៅក្នុងទីប្រជុំជននៃខ្សែបន្ទាត់ជួរមុខក្នុងទីក្រុងភាគខាងកើតតំបន់ Donetsk នៅថ្ងៃអង្គារនេះ ទីដែលមន្ត្រីអ៊ុយក្រែននិយាយថា កងកម្លាំងរុស្ស៊ី កំពុងធ្វើការវាយប្រហារជាប់គ្នាផ្ទួនៗ ខណៈពេលដែលរុស្ស៊ីកំពុងព្យាយាមដណ្តើមគ្រប់គ្រងតំបន់ឧស្សាហកម្ម Donbas នោះ។
- គេឮសូរសំឡេងផ្ទុះជាច្រើនកន្លែងកើតមានឡើងនៅថ្ងៃអង្គារនេះ នៅជិតមូលដ្ឋានកងទ័ពជើងអាកាសរបស់រុស្ស៊ី នៅក្នុងតំបន់ Crimea ដែលត្រូវបានបញ្ចូលជាផ្នែកមួយរបស់រុស្ស៊ី និងជាកន្លែងទេសចរណ៍ដ៏ពេញនិយមមួយ។ នេះបើតាមការឱ្យដឹងរបស់មន្ត្រីក្នុងស្រុកមួយចំនួន។ ជំនួយការមួយរូបរបស់មេដឹកនាំតំបន់ Crimea ដែលត្រូវបានលើកបន្តុបដោយរដ្ឋាភិបាលក្រុងម៉ូស្គូ លោក Oleg Kryuchkov បាននិយាយនៅក្នុងសារតេឡេក្រាមថា «ខ្ញុំអាចបញ្ជាក់បានថា មានការផ្ទុះជាច្រើនមែននៅក្នុងតំបន់ Novofyodorovka ហើយមូលហេតុនៃការផ្ទុះនោះកំពុងត្រូវបានធ្វើការពិនិត្យបញ្ជាក់»។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។ ដោយឡែកក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ការផ្ទុះនៅក្នុងមូលដ្ឋានកងទ័ពជើងអាកាសរុស្ស៊ីនៅក្នុងតំបន់ Crimea នោះ គឺបណ្តាលមកពីការផ្ទុះគ្រាប់ ហើយពុំមានការខូចខាតអ្វីនោះឡើយ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។