០០:០០
៩.៨.២០២២
ថ្ងៃចន្ទ ទី ៨ ខែសីហា៖
- វិមានក្រឹមឡាំងនិយាយថានៅថ្ងៃចន្ទនេះថា ពុំមានមូលដ្ឋានណាមួយសម្រាប់កិច្ចប្រជុំរវាងប្រធានាធិបតីរុស៊្សីនិងប្រធានាធិបតីអ៊ុយក្រែននៅពេលនេះឡើយ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។ ឆ្លើយតបទៅនឹងសំណួរមួយពីកិច្ចប្រឹងប្រែងរបស់ប្រធានាធិបតីតួកគីលោក Tayyip Erdogan ដើម្បីជួយជ្រោមជ្រែងឱ្យមានកិច្ចពិភាក្សាសន្តិភាពនោះ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅក្នុងជំនួបប្រជុំតាមទូរសព្ទថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiyy អាចជួបប្រជុំគ្នាបាន លុះត្រាតែក្រុមអ្នកចរចានៃប្រទេសទាំងពីរ បានសម្រេចការងាររបស់ពួកគេរួចហើយ។ កិច្ចពិភាក្សារវាងរដ្ឋាភិបាលក្រុងម៉ូស្គូនិងរដ្ឋាភិបាលក្រុងកៀវបានជាប់គាំងជាច្រើនខែ ដោយភាគីនីមួយៗ បានស្តីបន្ទោសគ្នាទៅវិញទៅមក ពីរឿងមិនមានការចម្រើនទៅមុខនៃជំនួបពិភាក្សានេះ។
- ប្រទេសហ្វាំងឡង់បានចុះឈ្មោះអ្នកសុំសិទ្ធិជ្រកកោនក្នុងប្រទេសរបស់ខ្លួនក្នុងចំនួនដ៏ច្រើនមិនធ្លាប់មានពីមុនមក ចាប់តាំងពីរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែន ដែលចំនួននេះមានច្រើនជាងចំនួនអ្នកសុំសិទ្ធិជ្រកកោនកាលពីក្នុងអំឡុងនៃវិបត្តិជនចំណាកស្រុកកាលពីឆ្នាំ២០១៥ទៅទៀត។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរហ្វាំងឡង់នៅថ្ងៃចន្ទនេះ។ គិតត្រឹមថ្ងៃទី៤ ខែសីហា អ្នកដែលបានរត់គេចពីប្រទេសអ៊ុយក្រែន ដោយសារតែការវាយប្រហាររបស់កងកម្លាំងរុស្ស៊ីនោះ ដែលបានដាក់ពាក្យសុំការការពារបណ្តាះអាសន្នពីប្រទេសហ្វាំងឡង់ មានចំនួនជាង ៣ ម៉ឺន ៥ពាន់នាក់ហើយ។ នេះបើតាមការលើកឡើងរបស់ការិយាល័យអន្តោប្រវេសន៍ហ្វាំងឡង់នៅក្នុងសេចក្តីថ្លែងការណ៍មួយ។ ការិយាល័យនេះបន្ថែមទៀតថា ១ភាគ៣នៃជនដែលរត់គេចខ្លួនចេញពីប្រទេសអ៊ុយក្រែន គឺជាកុមារ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
- នាវាដឹកពោតនិងសណ្តែកសៀង២គ្រឿងបន្ថែមទៀត បានចាកចេញពីកំពង់ផែសមុទ្រខ្មៅរបស់អ៊ុយក្រែននៅថ្ងៃចន្ទនេះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters ដែលបានដកស្រង់ប្រភពពីប្រទេសអ៊ុយក្រែននិងតួកគី ដោយនិយាយថា មាននាវាចំនួនសរុប១០គ្រឿងហើយដែលបានដឹកគ្រាប់ធញ្ញជាតិចេញពីប្រទេសអ៊ុយក្រែន ចាប់តាំងពីនាវាទី១បានចាកចេញពីកំពង់ផែអ៊ុយក្រែនកាលពីសប្តាហ៍មុន នៅក្រោមកិច្ចព្រមព្រៀងមួយ ដែលត្រូវបានធ្វើឡើងជាមួយរុស្ស៊ី ដែលថាមិនបិទខ្ទប់ការដឹកជញ្ជូនគ្រាប់ធញ្ញជាតិចេញពីអ៊ុយក្រែននោះឡើយ។ នាវាដឹកទំនិញ Sacura ដែលបានចាកចេញពីកំពង់ផែ Pivdennyi បានដឹកគ្រាប់សណ្តែកសៀងចំនួន ១ ម៉ឺន ១ ពាន់តោនទៅកាន់ប្រទេសអ៊ីតាលី។ នេះបើតាមការបញ្ជាក់របស់ក្រសួងការពារជាតិតួកគី ដែលបានឱ្យដឹងនៅថ្ងៃចន្ទនេះ ស្របពេលដែលនាវាដឹកទំនិញមួយគ្រឿងទៀតឈ្មោះ Arizona បានចាកចេញពីកំពង់ផែ Chornomorsk និងដឹកគ្រាប់ពោតចំនួន ៤៨.៤៥៨ តោន ទៅកាន់ទីក្រុង Iskenderun នៅភាគខាងត្បូងប្រទេសតួកគី។
- អង្គការសិទ្ធិមនុស្សAmnesty International បាននិយាយកាលពីថ្ងៃទី៧ ខែសីហាថា ខ្លួនមានការសោកស្តាយដែលរបាយការណ៍របស់ខ្លួនបានបង្កឱ្យមានការអន់ចិត្តនិងខឹងសម្បា ដែលបានចោទប្រកាន់ថាអ៊ុយក្រែនបានប្រើប្រាស់ជនស៊ីវិលឱ្យទទួលរងនូវការបាញ់ប្រហាររបស់កងកម្លំាងរុស្ស៊ីនោះ។ នេះបើតាមការផ្សព្វផ្សាយរបស់វិទ្យុសេរីភាពនិងវិទ្យុអឺរ៉ុបសេរីកាលពីថ្ងៃចន្ទ។ អង្គការការពារសិទ្ធិមនុស្សមួយនេះបានផ្សព្វផ្សាយនូវរបាយការណ៍របស់ខ្លួនកាលពីថ្ងៃទី៤ ខែសីហា ថា កងទ័ពអ៊ុយក្រែនបានធ្វើឱ្យគ្រោះថា្នក់ដល់ជនស៊ីវិលជាច្រើននាក់ ដោយដាក់ពួកគេនៅតាមអគារលំនៅដ្ឋាន សាលារៀន និងមន្ទីរពេទ្យ ហើយធ្វើការវាយប្រហារប្រឆាំងតបទៅរុស្ស៊ីវិញ ពីតំបន់ដែលមានមនុស្សច្រើនកុះករកំពុងរស់នៅនោះ។ ជាការឆ្លើយតបទៅលើរបាយការណ៍នេះ ប្រធានការិយាល័យរបស់អង្គការសិទ្ធិមនុស្សAmnesty ប្រចាំនៅអ៊ុយក្រែនបានលាលែងចេញពីតំណែង ដោយចោទប្រកាន់អង្គការនេះ ថាបានធ្វើតាមបណ្តាញឃោសនារបស់វិមានក្រឹមឡាំង។ ទន្ទឹមនឹងនេះដែរ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy និយាយថា អង្គសិទ្ធិមនុស្សមួយនេះ បានព្យាយាមលើកលែងទោសដល់រដ្ឋភេរវករ ដោយបង្វែរការទទួលខុសត្រូវពីអ្នកចូលឈ្លានពានទៅឱ្យជនរងគ្រោះវិញ។ ដោយឡែកអង្គការសិទ្ធិមនុស្សAmnesty International បាននិយាយថា៖ «ខ្លួននៅតែប្រកាន់ជំហរទៅលើរបាយការណ៍ដែលខ្លួនបានផ្សព្វផ្សាយ ប៉ុន្តែបានបញ្ជាក់ថា ខ្លួនមិនបានរកឃើញឯកសារណាមួយដែលលើកឡើងថា កងកម្លាំងអ៊ុយក្រែនបានប្រព្រឹត្តនូវការរំលោភបំពានខ្លាំងជាងកងកម្លាំងរុស្ស៊ីនោះឡើយ»។
- កងកម្លាំងអ៊ុយក្រែនបានទទួលប្រព័ន្ធបាញ់យន្តហោះ ដែលបំពាក់ក្បាលគ្រាប់បាញ់ដោយ ប្រភេទ Gepard ដែលផលិតក្នុងប្រទេសអាល្លឺម៉ង់ចំនួន៣គ្រឿងជាលើកដំបូង ហើយនឹងប្រើប្រាស់វាដើម្បីការពារទីតាំងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗមួយចំនួន។ នេះបើតាមការឱ្យដឹងរបស់ទីបញ្ជាការដ្ឋានកងទ័ពភាគខាងត្បូងរបស់អ៊ុយក្រែននៅថ្ងៃចន្ទនេះ ហើយដែលត្រូវបានរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន Reuters។ ប្រព័ន្ធការពារដែនអាកាសនេះដែលអាចប្រតិបត្តិការដោយមនុស្ស៣នាក់ ហើយដែលអាចបាញ់ចេញទៅកម្ទេចគោលដៅក្នុងចម្ងាយរហូតដល់៤គីឡូម៉ែត្រនោះ គឺជាផ្នែកមួយនៃប្រភេទអាវុធរបស់ប្រទេសលោកខាងលិច ដែលត្រូវបានផ្តល់ទៅឱ្យប្រទេសអ៊ុយក្រែន ក្នុងការជួយការពារដែនអាកាសរបស់ខ្លួន ប្រឆាំងទប់ទល់នឹងការចូលឈ្លានពានរបស់រុស្ស៊ី ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈមក។
- អតីតអធិការបតីអាល្លឺម៉ង់លោក Gerhard Schroeder នឹងនៅតែស្ថិតជាសមាជិករបស់គណបក្សអ្នកប្រជាធិបតេយ្យសង្គម(SPD)ដែលកំពុងកាន់អំណាចនៅក្នុងប្រទេសអាល្លឺម៉ង់។ នេះបើតាមការឡើងរបស់គណបក្សនៅថ្ងៃចន្ទនេះ។ គណបក្សនេះរកឃើញថាទំនាក់ទំនងរបស់លោកជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin មិនបានរំលោភបំពានទៅលើបទបញ្ញត្តិណាមួយរបស់គណបក្សនោះឡើយ។ លោក Schroeder ដែលបានកាន់អំណាចជាអធិការបតីអាល្លឺម៉ង់ពីឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០០៥ នោះ បានបដិសេធមិនបោះបង់ការគាំទ្ររបស់លោកទៅលើលោក Putin នោះឡើយ បើទោះបីជារុស្ស៊ីបានចូលឈ្លានពានទៅលើអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈក៏ដោយ។ លោកបានជួបជាមួយប្រធានាធិបតីរុស្ស៊ី Vladimir Putin នៅក្នុងទីក្រុងម៉ូស្គូកាលពីខែកក្កដាកន្លងទៅ។ នៅក្នុងបទសម្ភាសន៍មួយ ក្រោយដំណើរទស្សនកិច្ចរបស់លោកទៅជួបមេដឹកនាំរុស្ស៊ីរូបនោះ លោក Schroeder ដែលមានវ័យ៧៨ឆ្នាំបានអះអាងថា រុស្ស៊ីចង់ឱ្យមាននូវដំណោះស្រាយមួយដោយការចរចាទៅលើសង្គ្រាម។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានហៅការធ្វើអត្ថាធិប្បាយរបស់លោកនៅក្នុងកិច្ចសម្ភាសន៍នោះថា «គួឱ្សស្អប់ខ្ពើម។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
២១:៤៦
៥.៨.២០២២
ថ្ងៃសុក្រ ទី ៥ ខែសីហា៖
- ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan គ្រោងជួបសមភាគីរុស្ស៊ីលោក Vladimir Putin នៅរមណីយដ្ឋាន Sochi ក្បែរសមុទ្រខ្មៅរបស់រុស្ស៊ី។vនេះបើតាមលោក Dorian Jones នៃ VOA។ កិច្ចព្រមព្រៀងដែលទើបនឹងបញ្ចប់ស្តីពីការដឹកគ្រាប់ធញ្ញជាតិអ៊ុយក្រែន និងការគាំទ្ររបស់រុស្ស៊ីដល់ការវាយលុកថ្មីរបស់តួកគីលើកងកម្លាំងឃឺដ នៅស៊ីរី មាននៅក្នុងរបៀបវារៈនៃជំនួបនេះ។ ជំនួបថ្ងៃសុក្ររបស់លោក Erdogan និងលោក Putin ប្រធានាធិបតីរុស្ស៊ី គឺជាជំនួបលើកទី ២ ក្នុងរយៈពេលមួយខែ។ កិច្ចប្រជុំនេះធ្វើឡើង បន្ទាប់ពីកប៉ាល់ទី ១ ដែលដឹកគ្រាប់ធញ្ញជាតិអ៊ុយក្រែនបានចាកចេញពីសមុទ្រខ្មៅក្រោមកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលក្រុងកៀវ និងរុស្ស៊ីសម្របសម្រួលដោយតួកគីនិងអង្គការសហប្រជាជាតិ។
- ប្រទេសកាណាដានឹងបញ្ជូនបុគ្គលិកដល់ទី ២២៥ នាក់ ទៅកាន់ចក្រភពអង់គ្លេសដើម្បីបណ្តុះបណ្តាលទាហានអ៊ុយក្រែន ដោយចាប់ផ្តើមនៅសប្តាហ៍ក្រោយនេះ។ នេះបើយោងតាមសារព័ត៌មាន Reuters ដកស្រង់សម្តីរដ្ឋមន្ត្រីការពារជាតិកាណាដា លោកស្រី Anita Anand កាលពីថ្ងៃព្រហស្បតិ៍។ អ៊ុយក្រែនបានបាត់បង់ទឹកដីមួយចំនួននៅភាគខាងកើតប្រទេស ដោយសារការវាយលុករបស់រុស្ស៊ី ហើយប្រមុខអង្គការអូតង់បាននិយាយថា គេមិនត្រូវបណ្តោយឱ្យរដ្ឋាភិបាលទីក្រុងម៉ូស្គូឈ្នះសង្រ្គាមឈ្លានពានដែលបានចាប់ផ្តើមឡើងតាំងពីខែកុម្ភៈនោះទេ។ កងកម្លាំងប្រដាប់អាវុធកាណាដាបានបណ្តុះបណ្តាលបុគ្គលិកយោធា និងសន្តិសុខអ៊ុយក្រែនជាង ៣ ម៉ឺន ៣ ពាន់នាក់ ចាប់តាំងពីឆ្នាំ ២០១៥ មក។
- សមាជិកអង្គការអូតង់កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនដែលផលិតអាវុធយោធា ដើម្បីធានាថា អ៊ុយក្រែនទទួលបានអាវុធ និងសម្ភារៈយោធាបន្ថែមទៀត ដើម្បីត្រៀមខ្លួនសម្រាប់សង្គ្រាមដ៏វែងឆ្ងាយជាមួយរុស្ស៊ី។ អគ្គលេខាធិការអង្គការអូតង់លោក Jens Stoltenberg បាននិយាយដូចនេះ កាលពីថ្ងៃព្រហស្បតិ៍។ លោកបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ក្នុងបទសម្ភាសន៍ថា៖ «យើងកំពុងផ្តល់ការគាំទ្រជាច្រើន ប៉ុន្តែយើងត្រូវតែធ្វើបន្ថែមទៀត ហើយត្រូវត្រៀមខ្លួនសម្រាប់ដំណើរដ៏វែងឆ្ងាយ»។
- ទីក្រុង Druzhkivka ភាគខាងកើតអ៊ុយក្រែន ស្ទើរតែគ្មានទឹកផឹក ហើយគ្រប់ទីកន្លែងដែលមានទឹក ប្រជាជនតម្រង់ជួរដោយកាន់ធុងទឹក។ ទីកន្លែងជាច្រើននៃតំបន់ Donetsk មិនមានការផ្គត់ផ្គង់ទឹកជាប្រចាំនោះទេ។ នៅទីក្រុង Bakhmut ភាគខាងកើតអ៊ុយក្រែនឯណោះវិញ ការប្រយុទ្ធយ៉ាងសកម្មនៅតែបន្តនៅជាយក្រុង ខណៈដែលកងកម្លាំងរុស្ស៊ីព្យាយាមដណ្តើមយកតំបន់ដ៏សំខាន់នេះ។ នេះបើតាមអ្នកស្រីMaryan Kushnir អ្នកឆ្លើយឆ្លងព័ត៌មានរបស់វិទ្យុអឺរ៉ុបសេរី/វិទ្យុសេរីភាព ដែលបាននិយាយជាមួួយប្រជាពលរដ្ឋនៅតំបន់នោះ ដែលបានបដិសេធមិនព្រមចាកចេញពីលំនៅដ្ឋានរបស់ខ្លួន ទោះបីជាមានការប្រយុទ្ធគ្នាក៏ដោយ។
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានរិះគន់អង្គការលើកលែងទោសអន្តរជាតិ Amnesty International នៅក្នុងសុន្ទរកថាប្រចាំថ្ងៃរបស់លោក ស្តីពីរបាយការណ៍របស់អង្គការសិទ្ធិមនុស្សនេះ ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍។ របាយការណ៍បានឲ្យដឹងថា៖ «កងកម្លាំងអ៊ុយក្រែនបានធ្វើឱ្យជនស៊ីវិលមានគ្រោះថ្នាក់ ដោយបង្កើតមូលដ្ឋាននិងដាក់ប្រព័ន្ធប្រតិបត្តិការអាវុធនៅក្នុងតំបន់លំនៅដ្ឋាន រួមទាំងនៅក្នុងសាលារៀននិងមន្ទីរពេទ្យ ខណៈអ៊ុយក្រែនព្យាយាមបណ្តេញកងទ័ពរុស្ស៊ី ដែលបានចាប់ផ្តើម ការលុកលុយនៅក្នុងខែកុម្ភៈ។ លោក Zelenskyy បាននិយាយថា របាយការណ៍នេះ «ជាអកុសលព្យាយាមលើកលែងទោសរដ្ឋភេរវករ ហើយទម្លាក់ការទទួលខុសត្រូវពីអ្នកឈ្លានពានមកឱ្យជនរងគ្រោះ»។ អគ្គលេខាធិការនៃអង្គការលើកលែងទោសអន្តរជាតិលោកស្រី Agnes Callamard បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា អង្គការលើកលែងទោសអន្តរជាតិមាន «ឯកសារដែលកងកម្លាំងអ៊ុយក្រែនធ្វើឱ្យជនស៊ីវិលប្រឈមនឹងហានិភ័យ និងបំពានច្បាប់សង្រ្គាម នៅពេលទាហានអ៊ុយក្រែនប្រតិបត្តិការនៅក្នុងតំបន់ដែលមានប្រជាជនរស់នៅ»។ លោកស្រីបានថ្លែងថា៖ «ទោះជាការប្រយុទ្ធដើម្បីការពារខ្លួនក៏ដោយ យោធាអ៊ុយក្រែនមិនអាចមិនគោរពច្បាប់មនុស្សធម៌អន្តរជាតិបានឡើយ»។
- អគ្គលេខាធិការអង្គការអូតង់ លោក Jens Stoltenberg បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សម្ព័ន្ធមិត្តយោធាលោកខាងលិចមានភារកិច្ចរួមគ្នាក្នុងការជួយអ៊ុយក្រែនប្រយុទ្ធប្រឆាំងការឈ្លានពានរបស់រុស្ស៊ី និងការពារមិនឱ្យជម្លោះនេះរីករាលដាលទៅជាសង្រ្គាមរវាងរុស្ស៊ី និងអូតង់។ លោក Stoltenberg បាននិយាយថា អង្គការអូតង់មានការទទួលខុសត្រូវខាងសីលធម៌ក្នុងការគាំទ្រអ៊ុយក្រែន និងប្រជាជនអ៊ុយក្រែនប្រឆាំងសង្រ្គាមឈ្លានពាន។ លោកបានថ្លែងថា៖ «យើងកំពុងមើលឃើញសកម្មភាពសង្រ្គាមវាយប្រហារលើជនស៊ីវិល និងការបំផ្លិចបំផ្លាញ ដែលយើងមិនបានឃើញចាប់តាំងពីសង្គ្រាមលោកលើកទី ២» មក។ នេះបើយោងតាមការចេញផ្សាយរបស់អង្គការអូតង់។
- ក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេសបាននិយាយថា កងកម្លាំងអ៊ុយក្រែនកំពុងប្រើប្រាស់មីស៊ីល និងការវាយប្រហារដោយកាំភ្លើងធំលើ «បន្ទាយយោធា បុគ្គលិកយោធា មូលដ្ឋានភស្តុភានិងឃ្លាំងរំសេវ»។ សេចក្តីថ្លែងការណ៍របស់ក្រសួងនេះបាននិយាយថា ការវាយប្រហារបែបនេះទំនងជាមានផលប៉ះពាល់យ៉ាងខ្លាំងដល់កិច្ចខិតខំប្រឹងប្រែងរបស់រុស្ស៊ី ក្នុងការគាំទ្រនិងផ្គត់ផ្គង់កងកម្លាំងរបស់ខ្លួន៕

២៣:៣៤
៤.៨.២០២២
ថ្ងៃព្រហស្បតិ៍ ទី ៤ ខែសីហា៖
- សហភាពអឺរ៉ុបគ្រោងនឹងរៀបចំផ្តល់កញ្ចប់ជំនួយហិរញ្ញវត្ថុថ្មីមួយទៀតដល់ប្រទេសអ៊ុយក្រែន នៅត្រឹមខែកញ្ញាខាងមុខនេះ ដែលមានទឹកប្រាក់ប្រមាណ ៨,១៥ ពាន់លានដុល្លារអាមេរិក។ នេះបើតាមប្រភពមួយរបស់រដ្ឋាភិបាលអាល្លឺម៉ង់។ ផ្នែកខ្លះនៃកញ្ចប់ជំនួយថវិកាថ្មីនេះ នឹងត្រូវផ្តល់ជាប្រាក់ជំនួយឥតសំណង ក៏ប៉ុន្តែផ្នែកខ្លះទៀតនៃជំនួយនេះនឹងរួមមានជាប្រាក់កម្ចីផងដែរ។ នេះបើតាមមន្ត្រីរដ្ឋាភិបាលអាល្លឺម៉ង់មួយរូប ដែលបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍។ កាលពីខែឧសភាកន្លងទៅ ក្រុមមេដឹកនាំប្រទេសដែលមានឧស្សាហកម្មជឿនលឿន ឬ G7បានឯកភាពគ្នាផ្តល់ជំនួយថ្មីដែលមានទឹកប្រាក់ប្រមាណ ៩,៥ ពាន់លានដុល្លារអាមេរិកដល់ប្រទេសអ៊ុយក្រែន ដែលភាគច្រើននៃជំនួយទាំងនោះត្រូវបានផ្តល់ដោយសហរដ្ឋអាមេរិក។ ប្រទេសអាល្លឺម៉ង់បានផ្តល់ជំនួយប្រមាណ ១ ពាន់លានដុល្លាររួចហើយ នៅក្នុងកញ្ចប់ជំនួយកាលពីខែឧសភានោះ។ នេះបើតាមសេក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
- មនុស្សយ៉ាងតិចណាស់ ៥ នាក់ត្រូវបានសម្លាប់ និង ៦ នាក់ផ្សេងទៀតបានរងរបួសនៅថ្ងៃព្រហស្បតិ៍ នៅពេលដែលកងកម្លាំងអ៊ុយក្រែនបានបាញ់ផ្លោងដាក់តំបន់ Donetsk ដែលកំពុងគ្រប់គ្រងដោយក្រុមអ្នកបំបែកខ្លួនដែលគាំទ្រដោយរុស្ស៊ីនោះ។ នេះបើតាមការឱ្យដឹងរបស់ក្រុមមន្ត្រីនៅក្នុងតំបន់ផ្តាច់ខ្លួនមួយនេះ។ រូបភាពវីដេអូ ដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គម បានបង្ហាញសាកសពជនរងគ្រោះ ដែលខ្លះដាច់ជាបំណែកនៅតាមដងផ្លូវនៅកណ្តាលក្រុង Donetsk។ គេបានឃើញឈាមប្រឡាក់ជាច្រើននៅតាមដងផ្លូវ។ ទីភ្នាក់ងារព័ត៌មាន Reuters មិនទាន់អាចធ្វើការផ្ទៀងផ្ទាត់បានភ្លាមៗនៅឡើយទេ ទៅលើរបាយការណ៍ព័ត៌មានពីសមរភូមិប្រយុទ្ធ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាននេះ។
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy និយាយថា វាជារឿងមួយគួរឱ្យស្អប់ខ្ពើមដែលអតីតមេដឹកនាំអឺរ៉ុបធ្វើការបម្រើឱ្យប្រទេសរុស្ស៊ីនោះ។ ការលើកឡើងរបស់លោក Zelenskyy ទំនងដូចជាសំដៅលើការអត្ថាធិប្បាយរបស់អតីតអធិការបតីអាល្លឺម៉ង់លោក Gerhard Schroeder ដែលបាននិយាយថា រដ្ឋាភិបាលក្រុងមូស្គូចង់បានដំណោះស្រាយដោយការចរចារទៅលើសង្គ្រាម។ «ព័ត៌មានដែលល្អគឺថា រដ្ឋាភិបាលវិមានក្រឹមឡាំងចង់បានដំណោះស្រាយដោយការចរចារមួយ»។ នេះបើតាមការលើកឡើងរបស់អតីតមេដឹកនាំអាល្លឹម៉ង់វ័យ ៧៨ ឆ្នាំរូបនេះ ដែលត្រូវបានដកស្រង់សម្តីយកមកចុះផ្សាយ បន្ទាប់ពីលោកបានបញ្ជាក់ថា លោកបានជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅក្នុងរដ្ឋធានីម៉ូស្គូ កាលពីសប្តាហ៍មុន។ «វាជារឿងគួឱ្យស្អប់ខ្ពើមមួយ ដែលអតីតមេដឹកនាំនៃរដ្ឋមហាអំណាចមួយ ដែលប្រកាន់គុណតម្លៃអឺរ៉ុប បានធ្វើការជាមួយរុស្ស៊ី ដែលកំពុងប្រយុទ្ធប្រឆាំងនឹងគុណតម្លៃនេះ។ នេះបើតាមការលើកឡើងរបស់លោក Zelenskyy នៅក្នុងសុន្ទរកថាជាវីដេអូដោយមិនបាននិយាយដោយផ្ទាល់ទៅលើអតីតមេដឹកនាំអាល្លឺម៉ង់លោក Schroeder នោះឡើយ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
- ខណៈដែលកងកម្លាំងរុស្ស៊ីកំពុងបន្តការវាយប្រហាររបស់ខ្លួនទៅលើប្រទេសអ៊ុយក្រែននោះ ពលរដ្ឋអ៊ុយក្រែនកំពុងប្រឈមមុខនឹងស្ថានភាពសុខភាពកាន់តែអាក្រក់ឡើង។ នេះបើតាមការលើកឡើងរបស់អង្គការសុខភាពពិភពលោក។ រួមទាំងការខ្វះខាតបុគ្គលិក ការបាញ់ផ្លោងកើនឡើងនិងការចូលមកដល់នៃរដូវត្រជាក់ខាងមុខនេះ បានធ្វើឱ្យអង្គការសុខភាពពិភពលោកមានក្តីបារម្ភជាខ្លាំង។ នៅក្នុងបទសម្ភាសន៍មួយជាមួយទីភ្នាក់ងារព័ត៌មាន Reuters អ្នកសម្របសម្រួលគ្រាអាសន្នរបស់អ៊ុយក្រែននៃអង្គការ WHO លោកស្រី Heather Papowitz បាននិយាយថា ក្រុមថែទាំសុខភាព នៅក្នុងតំបន់ជាច្រើនបានស៊ាំទៅហើយ ទៅនឹងសំឡេងគ្រាប់ផ្លោងធ្លាក់នៅខាងក្រៅអគារធ្វើការងាររបស់គេ។
- បើទោះបីជានាវាដឹកគ្រាប់ធញ្ញជាតិទី ១ ដែលបានចាកចេញពីអ៊ុយក្រែននិងឆ្លងកាត់តាមសមុទ្រខ្មៅ បានឆ្លងផុតការត្រួតពិនិត្យនៅទីក្រុងអ៊ីស្តង់ប៊ុលនៃប្រទេសតួកគី និងកំពុងធ្វើដំណើរទៅកាន់ប្រទេសលីបង់ក៏ដោយ ក៏ប្រទេសអ៊ុយក្រែននិយាយថា ខ្លួនមាននាវាផ្ទុកគ្រាប់ធញ្ញជាតិពេញចំនួន ១៧ គ្រឿងទៀត កំពុងរង់ចាំការអនុញ្ញាតដើម្បីចេញដំណើរពីកំពង់ផែរបស់ខ្លួន។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP។ គេនៅមិនទាន់នៅឡើយទេថា តើពេលណាបាននាវាទាំងនេះ អាចចេញដំណើរពីកំពង់ផែរបស់ខ្លួននោះ៕