០១:០៩
២៩.៧.២០២២
ថ្ងៃព្រហស្បតិ៍ ទី ២៨ ខែកក្កដា៖
- មន្ត្រីតួកគីបានបើកមជ្ឈមណ្ឌលសម្របសម្រួលរួមមួយសម្រាប់ការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន ហើយរំពឹងថា ការនាំចេញនឹងចាប់ផ្តើមនៅប៉ុន្មានថ្ងៃខាងមុខនេះ ខណៈរដ្ឋាភិបាលក្រុងកៀវ បាននិយាយថា ការងារបានបន្តនៅកំពង់ផែសមុទ្រខ្មៅចំនួនបី ក្រោមកិច្ចព្រមព្រៀងនាពេលថ្មីៗនេះ ជាមួយប្រទេសរុស្ស៊ីសម្របសម្រួលដោយអង្គការសហប្រជាជាតិសម្រាប់ដឹកគ្រាប់ធញ្ញជាតិ ដែលត្រូវបានរារាំងដោយការលុកលុយរបស់រដ្ឋាភិបាលក្រុងម៉ូស្គូ។ កាតព្វកិច្ចចម្បងរបស់មជ្ឈមណ្ឌលដែលបើកនៅថ្ងៃទី ២៧ ខែកក្កដានេះ ពាក់ព័ន្ធនឹងការត្រួតពិនិត្យការឆ្លងកាត់របស់កប៉ាល់ដឹកគ្រាប់ធញ្ញជាតិអ៊ុយក្រែនប្រកបដោយសុវត្ថិភាព និងត្រួតពិនិត្យមិនឱ្យមានអាវុធដែលហាមឃាត់នៅច្រកចេញចូលពីសមុទ្រខ្មៅ។ ដោយប្រើទំនាក់ទំនងដ៏រឹងមាំរបស់ខ្លួនជាមួយទាំងអ៊ុយក្រែន និងរុស្ស៊ី រដ្ឋាភិបាលតួកគីបានជួយសម្របសម្រួលកិច្ចព្រមព្រៀង ហើយមានតួនាទីនាំមុខគេក្នុងការធានាការប្រតិបត្តិនេះ។ ខណៈប្រទេសតួកគីត្រៀមខ្លួនជាស្រេចក្នុងការត្រួតពិនិត្យនោះ ក្រុមនាវាដឹកជញ្ជូនរបស់អ៊ុយក្រែនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការងារបានដំណើរការឡើងវិញនៅក្នុងកំពង់ផែ Odesa កំពង់ផែ Chernomorsk និងកំពង់ផែ Pivdenniy នៅសមុទ្រខ្មៅ។ នេះបើតាមសេចក្តីរាយការណ៍របស់វិទ្យុអឺរ៉ុបសេរី / វិទ្យុសេរីភាព។
- រដ្ឋមន្ត្រីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកលោក Merrick Garland កាលពីខែមុន បានតែងតាំងមន្ត្រីជើងចាស់បម្រើការនៅក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកអស់រយៈពេល ៣៧ ឆ្នាំលោក Eli Rosenbaum ធ្វើជាអ្នកសម្របសម្រួលការស៊ើបអង្កេតអំពើឃោរឃៅ នៅក្នុងប្រទេសអ៊ុយក្រែន ដែលផ្តើមចេញពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ លោក Rosenbaum ដែលមានងារថា «អ្នកប្រមាញ់ពួក Nazi» បានចំណាយពេលជាច្រើននៃអាជីពរបស់លោកស៊ើបអង្កេត និងកាត់ទោសឧក្រិដ្ឋជនសង្គ្រាម Nazi ដែលរត់គេចខ្លួន។ នៅក្នុងបទសម្ភាសន៍ជាមួយលោក Masood Farivar នៃវីអូអេ លោក Rosenbaum និងលោក Christian Levesque ដែលជារដ្ឋអាជ្ញាកំពូលសម្រាប់ក្រុមស៊ើបអង្កេតការទទួលខុសត្រូវឧក្រិដ្ឋកម្មសង្គ្រាមបាននិយាយអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងដើម្បីឱ្យជនល្មើសទទួលខុសត្រូវឧក្រិដ្ឋកម្មសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើតាមសេចក្តីរាយការណ៍របស់វីអូអេ។
- ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ បាននិយាយកាលពីថ្ងៃពុធថា អង្គការពិភពលោកនេះ និងដៃគូបានជួយប្រជាជនអ៊ុយក្រែនចំនួន ១១ លាននាក់ខាងជំនួយមនុស្សធម៌ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាម នៅថ្ងៃទី ២៤ ខែកុម្ភៈ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters។
- អាជ្ញាធរនៅក្នុងទីក្រុង Kherson ប្រទេសអ៊ុយក្រែនគ្រប់គ្រងដោយរុស្ស៊ី បានបិទស្ពានតែមួយគត់ដែលឆ្លងកាត់ទន្លេ Dnipro នៅក្នុងទីក្រុងនេះ បន្ទាប់ពីស្ពាននេះបានឆេះដោយសារការវាយប្រហារពីប្រព័ន្ធកាំភ្លើងធំចល័ត HIMARS ផ្តល់ដោយសហរដ្ឋអាមេរិក។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters ដកស្រង់សម្តីមន្ត្រីម្នាក់របស់រដ្ឋបាលបន្តុបដោយរុស្ស៊ី ដែលបាននិយាយកាលពីថ្ងៃពុធ។ លោក Kirill Stremousov អនុប្រធានរដ្ឋបាលតំបន់ Kherson បានប្រាប់បណ្តាញព័ត៌មាន Interfax ថា ស្ពាន Antonivskyi ត្រូវបានបិទមិនឱ្យជនស៊ីវិលឆ្លងកាត់ ប៉ុន្តែរចនាសម្ព័ន្ធស្ពាននេះមិនរងការខូចខាតទាំងស្រុងពីការបាញ់ផ្លោងនោះទេ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters។
- ប្រទេសអាល្លឺម៉ង់បានយល់ព្រមលក់រថក្រោះចំនួន ១០០ គ្រឿងតម្លៃ ១ ពាន់ ៧ រយលានអឺរ៉ូទៅឱ្យប្រទេសអ៊ុយក្រែន។ នេះបើតាមទស្សនាវដ្តី Der Spiegel ដែលដកស្រង់សម្តីអ្នកនាំពាក្យរបស់ក្រុមហ៊ុន Krauss-Maffei Wegmann។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters។ ទស្សនាវដ្តីនេះបានរាយការណ៍ថា ក្រុមហ៊ុន Krauss-Maffei Wegmann បានចាប់ផ្តើមផលិតគ្រឿងចក្រម៉ូដែល Panzerhaubitze 2000 ដែលនឹងចំណាយពេលច្រើនឆ្នាំទើបផលិតចប់សព្វគ្រប់។ ក្រុមហ៊ុននេះបានបន្ថែមថា នៅមិនទាន់ច្បាស់នៅឡើយទេថា តើពេលណាទើបអាចបញ្ជូនរថក្រោះដំបូងទៅឱ្យអ៊ុយក្រែននោះទេ។ អ៊ុយក្រែនបានសុំឱ្យប្រទេសលោកខាងលិចបញ្ជូនកាំភ្លើងធំកាន់តែច្រើន និងមានប្រសិទ្ធភាពកាន់តែប្រសើរ ខណៈប្រទេសនេះអស់អាវុធសម័យសហភាពសូវៀត។
- មន្ត្រីជាន់ខ្ពស់ប្រទេសមានឧស្សាហកម្មជឿនលឿនគឺ G7 បាននិយាយកាលពីថ្ងៃពុធថា ក្រុមប្រទេស G7 មានគោលបំណងចង់ឱ្យមានយន្តការកំណត់តម្លៃលើការនាំចេញប្រេងរបស់រុស្ស៊ីនៅត្រឹមថ្ងៃទី ៥ ខែធ្នូ នៅពេលទណ្ឌកម្មរបស់សហភាពអឺរ៉ុបដែលហាមឃាត់ការនាំចូលប្រេងឆៅពីសមុទ្ររបស់រុស្ស៊ីចូលជាធរមាន។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters។ មន្ត្រីដែលសុំមិនបញ្ចេញឈ្មោះនេះបាននិយាយថា «គោលដៅគឺស្របទៅនឹងពេលវេលាដែលសហភាពអឺរ៉ុបបានកំណត់រួចហើយ។ យើងចង់ធ្វើឱ្យប្រាកដថា យន្តការកំណត់តម្លៃនេះចូលជាធរមានក្នុងពេលតែមួយ»។ ក្រុមប្រទេស G7 ដែលរួមមាន សហរដ្ឋអាមេរិក កាណាដា ជប៉ុន អាល្លឺម៉ង់ បារាំង អ៊ីតាលី និងអង់គ្លេស បាននិយាយកាលពីខែមុនថាពួកគេនឹងពិចារណាកំណត់តម្លៃប្រេងឆៅរបស់រុស្ស៊ីដើម្បីទប់ស្កាត់ប្រាក់ចំណូលប្រេងដែលរដ្ឋាភិបាលទីក្រុងម៉ូស្គូប្រើ ដើម្បីផ្គត់ផ្គង់ហិរញ្ញវត្ថុដល់ការឈ្លានពានអ៊ុយក្រែន។ ចាប់តាំងពីពេលនោះមក មានកិច្ចខិតខំប្រឹងប្រែងដើម្បីឱ្យប្រទេសចិន និងឥណ្ឌាចូលរួម ប៉ុន្តែប្រទេសពីរនេះ កំពុងទិញប្រេងពីរុស្ស៊ីបញ្ចុះតម្លៃរួចជាស្រេច។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters៕
០០:១៥
២៨.៧.២០២២
ថ្ងៃពុធ ទី២៧ ខែកក្កដា៖
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiyy បានតែងតាំងសមាជិកសភាលោក Andriy Kostin មកពីគណបក្សបម្រើប្រជាជននិងមន្ត្រីរាជការរបស់លោកឱ្យធ្វើជាអគ្គរដ្ឋអាជ្ញាថ្មី។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ លោក Zelenskiyy បានបញ្ជូនសំណើជាផ្លូវការទៅកាន់សភាអ៊ុយក្រែនដើម្បីបោះឆ្នោតគាំទ្រការតែងតាំងលោកKostin ឱ្យជំនួសលោកស្រី Iryna Venediktova ដែលត្រូវបានដកចេញពីតួនាទីជាអគ្គរដ្ឋអាជ្ញាកាលពីដើមខែនេះ។ គេនៅមិនទាន់ដឹងនៅឡើយទេថា តើសភាអ៊ុយក្រែននឹងបោះឆ្នោតយល់ព្រមលើការតែងតាំងលោក Kostin នោះនៅពេលណាទេ។ សភាអ៊ុយក្រែនបានដកតួនាទីលោកស្រី Venediktova និងប្រធានទីភ្នាក់ងារសន្តិសុខជាតិអ៊ុយក្រែនលោក Ivan Bakanovកាលពីថ្ងៃទី១៩ ខែកក្កដាកន្លងទៅគឺ២ថ្ងៃបន្ទាប់ពីលោក Zelenskiy បានផ្អាកការងាររបស់ពួកគេ ដោយសារតែការបរាជ័យក្នុងការស្វែងរកឫសគល់នៃក្រុមចារកម្មរុស្ស៊ីចាប់តាំងពីការចូលឈ្លានពានរបស់កងទ័ពរុស្ស៊ីមកលើប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈកន្លងទៅមក។
- ទីប្រឹក្សាការិយាល័យប្រធានាធិបតីអ៊ុយក្រែនលោក Mykhailo Podolyak បានព្រមានរុស្ស៊ីឱ្យចាកចេញពីទីក្រុង Kherson ដោយនិយាយថា ការវាយប្រហារលើស្ពានដ៏សំខាន់មួយនៅក្នុងទីក្រុងនោះត្រូវបានបាញ់ទម្លាក់ដោយគ្រាប់មីស៊ីលរបស់អ៊ុយក្រែន។
- ប្រទេសរុស្ស៊ីបានផ្គត់ផ្គង់ឧស្ម័នតិចជាងរាល់ដងនៅថ្ងៃពុធទៅឱ្យសហភាពអឺរ៉ុបនៅពេលមានភាពតានតឹងមិនឈ្នះមិនចាញ់ទាក់ទិននឹងប្រេងឥន្ធនៈរវាងរដ្ឋាភិបាលក្រុងម៉ូស្គូនិងសហភាពអឺរ៉ុបដែលនឹងធ្វើឱ្យប្លុកមួយនេះអាចជួបការលំបាកជាងមុននិងតម្លៃខ្ពស់ជាងមុននៅក្នុងការស្វែងរកការផ្គត់ផ្គង់ជំនួសរុស្ស៊ីនៅមុនពេលរដូវត្រជាក់ចូលមកដល់ក្នុងពេលខាងមុខនេះ។ រដ្ឋាភិបាលអាល្លឺម៉ង់បានថ្កោលទោសដល់រុស្ស៊ីដែលបានកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័នរបស់ខ្លួនតាមបំពង់បង្ហូរប្រេងNord Stream 1កាលពីថ្ងៃពុធ ដោយអ្នកនាំពាក្យរដ្ឋាភិបាលក្រុងប៊ែរឡាំងនិយាយថា រុស្ស៊ីគ្មានហេតុផលណាមួយដែលមិនព្រមទទួលយកវិញនូវម៉ាស៊ីនតួប៊ីនដែលជួសជុលរួចសម្រាប់បំពង់បង្ហូរប្រេងនោះឡើយ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រទេសតួកគីនៅថ្ងៃពុធបានបើកជាផ្លូវការនូវមជ្ឈមណ្ឌលសម្របសម្រួលរួមគ្នាមួយ សម្រាប់ការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែននៅក្រោមកិច្ចព្រមព្រៀងមួយដែលគាំទ្រដោយអង្គការសហប្រជាជាតិដែលសំដៅបន្តឡើងវិញនូវការដឹកជញ្ជូនជាលើកទី១ ក្រោយរុស្ស៊ីចូលឈ្លានពានប្រទេសអ៊ុយក្រែន កាលពីខែកុម្ភៈមក។ រដ្ឋមន្ត្រីការពារជាតិតួកគីលោក Hulusi Akar បានបើកសម្ពោធមជ្ឈមណ្ឌលនេះនៅក្នុងពិធីមួយ ក្រោយរយៈពេល៥ថ្ងៃបន្ទាប់ពីរុស្ស៊ីនិងអ៊ុយក្រែនបានសម្រេចនូវកិច្ចព្រមព្រៀងមួយដែលអនុញ្ញាតឱ្យអ៊ុយក្រែនអាចដឹកជញ្ជូនស្រូវសាឡីនិងគ្រាប់ធញ្ញជាតិកាត់តាមសមុទ្រខ្មៅចេញពីកំពង់ផែ៣របស់អ៊ុយក្រែនដែលត្រូវបានកំណត់។ លោក Akarបានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាននៅក្នុងសុន្ទរកថាសម្ពោធមជ្ឈមណ្ឌលនោះថា៖ «បុគ្គលិកដែលធ្វើការនៅក្នុងមជ្ឈមណ្ឌលនេះដឹងថា ពិភពលោកកំពុងផ្តោតសម្លឹងទៅរកពួកគេ។ នេះជាក្តីសង្ឃឹមរបស់យើងដែលថា មជ្ឈមណ្ឌលនេះ នឹងផ្តល់ការរួមវិភាគទានដ៏ល្អបំផុតមួយតាមដែលអាចធ្វើទៅបាន សម្រាប់សេចក្តីត្រូវការផ្នែកមនុស្សធម៌និងសន្តិភាព»។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
- រដ្ឋមន្ត្រីការបរទេសរុស្ស៊ីនៅថ្ងៃពុធបានបដិសេធថា ប្រទេសរបស់លោកមិនមែនជាអ្នកទទួលខុសត្រូវចំពោះការធ្វើឱ្យស្បៀងអាហារឡើងថ្លៃ បន្ទាប់ពីការចូលឈ្លានពានរបស់ខ្លួនលើប្រទេសអ៊ុយក្រែន ដោយបានទាត់ចោលនូវអ្វីដែលលោកហៅថា ជា វិបត្តិស្បៀងអាហារ ខណៈពេលលោកកំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសមួយចំនួន នៅក្នុងទ្វីបអាហ្វ្រិកដែលកំពុងទទួលរងការប៉ះពាល់ជាពិសេសដោយសារបញ្ហានេះ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានAP។
២២:៤៣
២៦.៧.២០២២
ថ្ងៃអង្គារ ទី២៦ ខែកក្កដា៖
- ចក្រភពអង់គ្លេសបាននិយាយនៅថ្ងៃអង្គារថា ខ្លួនបានបន្ថែមការដាក់ទណ្ឌកម្មថ្មីចំនួន៤២ប្រភេទទៀតនៅក្រោមទណ្ឌកម្មរបស់ខ្លួនប្រឆាំងនឹងប្រទេសរុស្ស៊ីដែលជាការឆ្លើយតបទៅនឹងចូលឈ្លានពានរបស់រដ្ឋាភិបាលក្រុងម៉ូស្គូលើប្រទេសអ៊ុយក្រែន។នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ ការដាក់ទណ្ឌកម្មទាំងនេះ រួមមានការហាមប្រាមការធ្វើដំណើរនិងការបង្កកទ្រព្យសម្បត្តិត្រូវបានធ្វើឡើងលើអភិបាលតំបន់ជាច្រើនរូបនៃប្រទេសរុស្ស៊ី។
- បណ្តាប្រទេសក្នុងសហភាពអឺរ៉ុបបានឯកភាពគ្នានៅថ្ងៃអង្គារលើការដាក់ចេញនូវបទបញ្ញតិ្តមួយដើម្បីការពារទប់ទល់នឹងការប្រើប្រាស់ឧស្ម័នរបស់ពួកគេនៅក្នុងរដូវត្រជាក់ខាងមុខនេះស្របពេលដែលទ្វីបអឺរ៉ុបកំពុងត្រៀមខ្លួនសម្រាប់ការផ្គង់ផ្គង់ថាមពលមិនច្បាស់លាស់មួយពីប្រទេសរុស្ស៊ីនៅក្នុងរដូវត្រជាក់ខាងមុខនេះ។ «នេះមិនមែនជាបេសកកម្មដែលមិនអាចធ្វើទៅបាននោះឡើយ។ រដ្ឋមន្ត្រីនៃប្រទេសសហភាពអឺរ៉ុប បានឯកភាពគ្នាសម្រេចបាននូវកិច្ចព្រមព្រៀងនយោបាយមួយ លើតម្រូវការនៃការកាត់បន្ថយឧស្ម័ននៅមុនរដូវត្រជាក់ខាងមុខនេះ»។ នេះបើតាមសាធារណរដ្ឋឆែក ដែលជាប្រធានប្តូរវេននៃសហភាពអឺរ៉ុប ដែលបាននិយាយនៅក្នុងសារបង្ហោះមួយក្នុងបណ្តាញ Twitter។
- បើតាមសេចក្តីរាយការណ៍មួយ ដែលបានផ្សព្វផ្សាយនៅលើគណនីតេឡេក្រាមឯករាជ្យរបស់រដ្ឋាភិបាលក្រុងកៀវបានឱ្យដឹងថា អភិបាលទីក្រុង Kharkiv លោក Ihor Terekhov បាននិយាយថា ការវាយប្រហារមួយដោយកាំជ្រួចមីស៊ីលរបស់រុស្ស៊ីបានត្រូវចំតំបន់លំនៅដ្ឋានរបស់អ្នកស្រុករស់នៅមួយកន្លែងរបស់ទីក្រុងនេះកាលពីថ្ងៃទី២៦ ខែកក្កដា។ គេនៅមិនទាន់មានព័ត៌មានបញ្ជាក់ពីចំនួនមនុស្សស្លាប់និងរបួសដោយការវាយប្រហារនោះនៅឡើយទេ។
- ប្រទេសរុស្ស៊ីបាននិយាយថា ខ្លួននឹងកាត់ផ្តាច់ការផ្គត់ផ្គង់ឧស្ម័នទៅឱ្យអឺរ៉ុបចាប់ពីថ្ងៃពុធនេះតទៅដើម្បីប្រឆាំងទៅនឹងប្រទេសនានា ដែលបានគាំទ្រប្រទេសអ៊ុយក្រែន ខណៈ ពេលដែលការវាយប្រហារដោយកាំជ្រួចមីស៊ីលនៅក្នុងតំបន់ឆ្នេរសមុទ្រខ្មៅបានបង្ហាញពីមន្ទិលសង្ស័យទៅលើថាតើរុស្ស៊ីនឹងអនុវត្តទៅតាមកិច្ចព្រមព្រៀង ដែលអនុញ្ញាតឱ្យអ៊ុយក្រែននាំចេញគ្រាប់ធញ្ញជាតិឬយ៉ាងណានោះ។ នេះបើតាមទីភ្នាក់ងារព័ត៌មានReuters។
- ប្រទេសរុស្ស៊ីនិយាយថា ខ្លួនបានសម្រេចចិត្តដកខ្លួនចេញពីស្ថានីយអវកាសអន្តរ ជាតិ ក្រោយឆ្នាំ២០២៤។ នេះបើតាមការឱ្យដឹងរបស់ប្រធានទីភ្នាក់ងារអវកាសថ្មីរបស់រុស្ស៊ីដែលទើបត្រូវបានតែងតាំង ហើយដែលបានប្រាប់ទៅប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កាលពីថ្ងៃអង្គារ។ ការប្រកាសនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានភាពតានតឹងរវាងរុស្ស៊ីនិងប្រទេសលោកខាងលិចទាក់ទិននឹងការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែនហើយនឹងការដាក់ទណ្ឌកម្មនានាប្រឆាំងនឹងរុស្ស៊ី។ រុស្ស៊ីនិងសហរដ្ឋអាមេរិកបានធ្វើការរួមគ្នានៅលើស្ថានីយអវកាសអន្តរជាតិដែលស្ថិតនៅលើតារាវិថីចាប់តាំងពីឆ្នាំ១៩៩៨មក។ លោកពូទីនបានឆ្លើយតបវិញនៅក្នុងការធ្វើអត្ថាធិប្បាយ ដែលចេញផ្សាយដោយវិមានក្រឹមឡាំងថា «នេះជាការល្អ»។ នេះបើតាមសេចក្តីរាយការណ៍របស់ទភ្នាក់ងារព័ត៌មាន AFP។
២២:៣៣
២៥.៧.២០២២
ថ្ងៃចន្ទ ទី ២៥ ខែកក្កដា៖
- ប្រទេសអ៊ុយក្រែនបានបញ្ជាក់នៅថ្ងៃចន្ទនេះថា កងទ័ពអ៊ុយក្រែនបានប្រើប្រព័ន្ធរ៉ុក្កែត HIMARS ដែលផ្ដល់ឱ្យដោយសហរដ្ឋអាមេរិកដើម្បីបំផ្លាញឃ្លាំងគ្រាប់រំសេវចំនួន ៥០ កន្លែងរបស់រុស្ស៊ី តាំងពីពេលទទួលបានប្រព័ន្ធអាវុធនេះកាលពីខែមុនមក។ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក Oleksiy Reznikov បាននិយាយថា៖ «ករណីនេះបានកាត់ផ្ដាច់ខ្សែសង្វាក់ភស្តុភាររបស់រុស្ស៊ី និងកាត់ផ្ដាច់មិនឱ្យរុស្ស៊ីមានលទ្ធភាពប្រយុទ្ធយ៉ាងសកម្ម និងបាញ់ផ្លោងយ៉ាងខ្លាំងក្លាលើកងទ័ពអ៊ុយក្រែន»។ ទីភ្នាក់ងារព័ត៌មាន Reuters ថា ខ្លួនមិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យចំពោះការលើកឡើងរបស់លោក Reznikov នេះបានទេ។
- ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់នៅថ្ងៃចន្ទនេះថា កងទ័ពរុស្ស៊ីបានបំផ្លាញឃ្លាំងផ្ទុកប្រព័ន្ធរ៉ុក្កែត HIMARS ដែលធ្វើនៅសហរដ្ឋអាមេរិកមួយកន្លែង នៅក្នុងអនុតំបន់ Bogdanovtsy នៃតំបន់ Khmelnvtskyi ក្នុងប្រទេសអ៊ុយក្រែន។ ប៉ុន្តែទីភ្នាក់ងារព័ត៌មាន Reuters ថា ខ្លួនមិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យអំពីសេចក្តីរាយការណ៍នេះទេ។ កាលពីលើកមុន រុស្ស៊ីក៏ធ្លាប់បានអះអាងផងដែរថា ខ្លួនបានបំផ្លាញប្រព័ន្ធរ៉ុក្កែត HIMARS មួយចំនួនដែលក្រុមបស្ចិមប្រទេសផ្គត់ផ្គង់ឱ្យអ៊ុយក្រែន ដែលការអះអាងទាំងនេះត្រូវបានរដ្ឋាភិបាលអ៊ុយក្រែនបដិសេធ។
- ការប្រយុទ្ធគ្នាដែលគ្មានលទ្ធផលបានបន្តធ្វើនៅក្នុងតំបន់ Donbas និងតំបន់ Kherson នៅភាគខាងកើតប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការបញ្ជាក់របស់ផ្នែកស៊ើបការណ៍សម្ងាត់យោធាចក្រភពអង់គ្លេសនៅថ្ងៃចន្ទនេះ។ ក្រសួងការពារជាតិចក្រភពអង់គ្លេសបានលើកឡើងតាម Twitter ថា មេបញ្ជាការរុស្ស៊ីនៅបន្តប្រឈមនឹងស្ថានការណ៍ពិបាកសម្រេចចិត្តថា តើគួរតែផ្ដល់ធនធានដល់ការវាយប្រយុទ្ធរបស់រុស្ស៊ីនៅភាគខាងកើតអ៊ុយក្រែន ឬក៏ពង្រឹងការការពារនៅភាគខាងលិចអ៊ុយក្រែន។
- មន្ត្រីរដ្ឋាភិបាលអ៊ុយក្រែនម្នាក់បាននិយាយកាលពីថ្ងៃអាទិត្យថា តំបន់ Kherson នៅភាគខាងត្បូងប្រទេសអ៊ុយក្រែន ដែលបានធ្លាក់ទៅក្នុងដៃរបស់ទាហានរុស្ស៊ីនៅក្នុងរយៈពេលដំបូងៗនៃការឈ្លានពានរបស់រុស្ស៊ីកាលពីខែកុម្ភៈនោះ នឹងត្រូវទាហានអ៊ុយក្រែនដណ្ដើមកាន់កាប់បានមកវិញនៅត្រឹមខែកញ្ញាខាងមុខ។ លោក Sergiy Khlan ដែលជាជំនួយការប្រធានតំបន់ Kherson បានបញ្ជាក់នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយនឹងទូរទស្សន៍អ៊ុយក្រែនថា៖ «យើងអាចនិយាយបានថា តំបន់ Kherson នឹងត្រូវបានរំដោះទាំងស្រុងនៅត្រឹមខែកញ្ញាខាងមុខ ហើយផែនការទាំងអស់របស់ពួកឈ្លានពានត្រួតត្រានឹងត្រូវបរាជ័យ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- ប្រធានាធិបតីអាល្លឺម៉ង់លោក Frank Walter Steinmeier បាននិយាយកាលពីថ្ងៃអាទិត្យថា សង្គ្រាមដែលប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កំពុងធ្វើប្រឆាំងនឹងអ៊ុយក្រែននោះក៏ជា «សង្គ្រាមប្រឆាំងនឹងសាមគ្គីភាពរបស់អឺរ៉ុប» ផងដែរ។ លោកបានថ្លែងនៅក្នុងសុន្ទរកថាមួយនៅក្នុងទីក្រុង Paderborn នៅភាគខាងលិចប្រទេសអាល្លឺម៉ង់ថា៖ «យើងមិនត្រូវបណ្តោយឱ្យខ្លួនយើងបែកបាក់គ្នាទេ។ យើងមិនត្រូវបណ្តោយឱ្យកិច្ចការសាមគ្គីគ្នាដ៏ប្រសើរបំផុតរបស់អឺរ៉ុប ដែលយើងបានចាប់ផ្ដើមប្រកបដោយក្ដីសង្ឃឹមនោះ ត្រូវបានបំផ្លាញនោះឡើយ»។ លោកបានបន្ថែមថា៖ «នេះមិនមែនគ្រាន់តែសង្គ្រាមអំពីទឹកដីរបស់អ៊ុយក្រែនប៉ុណ្ណោះទេ វាជាសង្គ្រាមអំពីមូលដ្ឋានរួមទ្វេនៃគុណតម្លៃនិងរបៀបរៀបរយសន្តិភាពរបស់យើងផងដែរ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- ប្រទេសកូរ៉េខាងជើងបានចោទប្រកាន់កាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកបានផលិតអាវុធជីវសាស្ត្រនៅក្នុងប្រទេសអ៊ុយក្រែន ដែលនេះគឺជាការបន្ទរតាមការអះអាងរបស់រុស្ស៊ីដែលអង្គការសហប្រជាជាតិបានច្រានចោលកាលពីខែមីនា។ ទីភ្នាក់ងារព័ត៌មាន KCNA របស់កូរ៉េខាងជើងបានរាយការណ៍កាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិក«បានបង្កើតមន្ទីរពិសោធន៍ជីវសាស្ត្រជាច្រើនកន្លែងនៅតាមប្រទេស និងតំបន់ចំនួន ១០ ដែលក្នុងនោះរួមមានទាំងប្រទេសអ៊ុយក្រែនផងដែរ ដោយរំលោភលើសន្ធិសញ្ញាអន្តរជាតិនានា»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។