ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។

LIVE BLOG: ព្រឹត្តិការណ៍ថ្មីៗអំពីការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ៣ វិច្ឆិកា ២០២២

រុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែន តាំងពីថ្ងៃទី២៤ ខែកម្ភៈ មក។ សូមតាមដានព្រឹត្តិការណ៍ថ្មីៗប្រចាំថ្ងៃទាក់ទងនឹងវិបត្តិអ៊ុយក្រែន នៅ​លើ​ទំព័រ Live Blog ដែលផ្សាយផ្ទាល់នេះ។

១៩:០៦ ២២.៧.២០២២

ថ្ងៃសុក្រ ទី ២២ ខែកក្កដា៖

  • រុស្ស៊ី​និង​អ៊ុយក្រែន​នឹង​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយ​នៅ​ថ្ងៃ​សុក្រ​នេះ ​ដើម្បី​បើក​កំពង់ផែ​នានា​របស់​អ៊ុយក្រែន​នៅ​សមុទ្រ​ខ្មៅ​ឲ្យ​ដំណើរ​ការ​ឡើង​វិញ​សម្រាប់​ការ​នាំចេញ​គ្រាប់​ធញ្ញជាតិ។ ​នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​ប្រទេស​តួកគី។ កិច្ច​ព្រមព្រៀង​នេះ​អាច​ផ្តល់​ក្តី​សង្ឃឹម​ដល់​ការ​ស្រោចស្រង់​វិបត្តិ​ស្បៀង​អាហារ​សកល​លោក​ បង្ក​ឡើង​ដោយ​សារ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន។ ​នេះ​បើ​យោងតាម​សេចក្តី​រាយ​ការណ៍​របស់​ទីភ្នាកងារ​ព័ត៌មាន​ Reuters។ ​
  • រុស្ស៊ី​បាន​បង្កើន​ការ​ប្រើប្រាស់​កាំជ្រួច​មីស៊ីល​ការពារ​ដែន​អាកាស ​នៅ​ក្នុង​ការវាយ​ប្រហារ​លើ​ដីគោក​បន្ទាប់​បន្សំ​ ដោយសារ​តែ​រុស្ស៊ី​ខ្វះ​យ៉ាង​ខ្លាំង​នូវ​កាំជ្រួច​មីស៊ីល​សម្រាប់​ប្រយុទ្ធ​លើ​ដីគោក។​ ទីភ្នាក់ងារ​ចក្រភព​អង់គ្លេស​ស៊ើប​ការណ៍​សម្ងាត់​យោធា​បាន​ថ្លែង​ដូច្នេះ​នៅ​ថ្ងៃ​សុក្រ​នេះ។ ​កង​យោធា​រុស្ស៊ី​ទំនង​ចូល​កាន់​តែ​ជិត​រោងចក្រ​ផលិត​ថាមពល​ដ៏​ធំ​បង្អស់​ទី​ ២​ របស់​ប្រទេស​អ៊ុយក្រែន​ នៅ​ទីក្រុង​ Vuhlehirska ​នៅ​ភាគឦសាន​ចម្ងាយ​ប្រមាណ​ ៥០​គីឡូម៉ែត្រ​ពី​តំបន់​ Donetsk ​ដើម្បី​កាន់កាប់​ហេដ្ឋា​រចនា​សម្ព័ន្ធ​សំខាន់ៗ ​និង​ទីក្រុង​នានា​នៃ​តំបន់ ​Kramatorsk ​និង​តំបន់ ​Sloviansk។​ នេះ​បើ​យោង​តាម​ចក្រភព​អង់គ្លេស ​ដែល​ត្រូវ​បាន​រាយ​ការណ៍​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន ​Reuters។​
  • អ្នក​នាំពាក្យ​ប្រចាំ​អង្គការ​សហ​ប្រជាជាតិ​ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ កិច្ច​ព្រមព្រៀង​ស្តីពី​ការ​នាំ​ចេញ​គ្រាប់​ធញ្ញជាតិ​នឹង​ត្រូវ​បាន​ចុះ​ហត្ថលេខា​នៅ​ទីក្រុង​អ៊ីស្តង់ប៊ុល​ ប្រទេស​តួកគី ​នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ​ ដោយ​មាន​វត្តមាន​របស់​អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ​លោក ​Antonio Guterres ​និង​ភាគី​របស់​ប្រទេស​រុស្ស៊ី ​អ៊ុយក្រែន ​និង​តួកគី។ ​លោក Michele Zaccheo ​អ្នក​នាំពាក្យ​អង្គការ​សហ​ប្រជាតិ​ បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​នៅទីក្រុង​ហ្សឺណែវ​ថា ​«ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​នេះ ​នឹង​ធ្វើ​ឡើង​នៅ​រសៀល​ម៉ោង ​៤:៣០​នាទី​ល្ងាច​ ម៉ោង​នៅ​ទីក្រុង​អ៊ីស្តង់ប៊ុល»។​ នេះ​បើ​យោង​តាម​សេចក្តី​រាយ​ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន ​Reuters។​
  • ទោះ​បី​មាន​សង្ឃឹម​ថា​នឹង​មាន​កិច្ច​ចរចា​គ្នា​ក្តី កង​ទ័ព​រស្ស៊ី​នៅតែ​បន្ត​ការ​បាញ់​ផ្លោង​ឥត​ឈប់ឈរ​លើ​តំបន់​ Donetsk​ នៅ​ភាគខាង​កើត​ ដែល​បាន​ក្លាយ​ជា​គោលដៅ​ដ៏​សំខាន់​នៃ​យុទ្ធនាការ​យោធា​របស់​រុស្ស៊ី​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ។​ វិមាន​ប្រធានាធិបតី​អ៊ុយក្រែន​បាន​ប្រកាស​នៅ​ថ្ងៃ​សុក្រ​ថា ​«មនុស្ស ​៥ ​នាក់​ បាន​ស្លាប់ ​ហើយ ​១០ ​នាក់​ទៀត​ បាន​រង​របួស​នៅ​ក្នុង​តំបន់​ ក្នុង​រយៈ​ពេល ​២៤​ ម៉ោង​នេះ»។ ​នេះ​បើ​យោង​តាម​សេចក្តី​រាយ​ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ AFP។​
  • រដ្ឋអាជ្ញា​អ៊ុយក្រែន​បាន​ឲ្យ​ដឹង​ថា ​នៅ​ទីក្រុង ​Kharkiv ​មនុស្ស​ ៣ ​នាក់​ត្រូវ​បាន​សម្លាប់ ​ហើយ ​២៣ ​នាក់​ទៀត ​បាន​រង​របួស ​នៅ​ក្នុង​ការ​បាញ់​មីស៊ីល​របស់​រុស្ស៊ី។​ នៅ​ឯ​ទីក្រុង​ Kramatorsk ​ក្នុង​តំបន់​ Donbas ​ភាគខាង​កើត​ប្រទេស​អ៊ុយក្រែន​ដែល​មាន​ការ​ប្រយុទ្ធ​ដ៏​ខ្លាំងក្លា​នោះ​ មន្ត្រី​អ៊ុយក្រែន​និយាយ​ថា​ សាលារៀន​មួយ​ដែល​ត្រូវ​បាន​យក​ធ្វើ​ជា​ឃ្លាំង​ស្តុក​ស្បៀង​ត្រូវ​បាន​វាយ​ប្រហារ។ ​នេះ​បើ​យោង​តាម​សេចក្តី​រាយ​ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន ​AFP៕


២០:៥៣ ២១.៧.២០២២

ថ្ងៃព្រហស្បតិ៍ ទី ២១ ខែកក្កដា៖

  • រដ្ឋមន្ត្រី​ការ​បរទេស​តួកគី​លោក ​Mevlut Cavusoglu ​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ការ​ចរចា​រវាង​ប្រទេស​តួកគី​ រុស្ស៊ី ​អ៊ុយក្រែន ​និង​អង្គការ​សហ​ប្រជាជាតិ ​អំពី​ការ​បន្ត​ឡើង​វិញ​នូវ​ការ​នាំចេញ​ធញ្ញជាតិ​របស់​អ៊ុយក្រែន​តាម​សមុទ្រ​ខ្មៅ​ បាន​ដំណើរការ​ទៅ​មុខ​យ៉ាង​ល្អ​ក្នុង​ពេល​កន្លង​មក។ ​លោក​ Cavusoglu ​បាន​បន្ថែម​ថា ​លោក​សង្ឃឹម​ថា នឹង​មានកិច្ច​ព្រមព្រៀង។ ​កាល​ពី​សប្ដាហ៍​មុន ​តួកគី​បាន​រៀបចំ​ទទួល​មន្ត្រី​មកពី​ប្រទេស​រុស្ស៊ី ​អ៊ុយក្រែន ​និង​អង្គការ​សហ​ប្រជាជាតិ​ ដើម្បី​ពិភាក្សា​អំពី​សេចក្ដី​លម្អិត​នៃ​ផែនការ​ដែល​ដឹកនាំ​ដោយ​អង្គការ​សហ​ប្រជាជាតិ​នេះ។ ​តាំង​ពី​ពេល​នោះ​មក​ រដ្ឋាភិបាល​តួកគី​ថា ​ការ​ព្រមព្រៀង​ជា​ទូទៅ​ត្រូវ​បាន​សម្រេច​ឡើង ​និង​ថា​ ខ្លួន​ចង់​ឱ្យ​ការ​ព្រមព្រៀង​នេះ​ក្លាយ​ជា​លាយលក្ខណ៍​អក្សរ​នៅ​សប្ដាហ៍​នេះ។ ​លោក Cavusoglu ​បាន​បញ្ជាក់​ប្រាប់​ទូរទស្សន៍ ​TRT Haber ​របស់​តួកគី​ថា លោក​សង្ឃឹម​ថា​ នឹង​អាច​ប្រកាស​ «ដំណឹង​ល្អ»​ អំពី​ការ​ចរចា​នេះ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ ប៉ុន្តែ​លោក​បាន​បន្ថែម​ថា ​នៅ​មាន​បញ្ហា​តូចតាច​មួយ​ចំនួន​ដែល​ភាគី​ទាំង​អស់​កំពុង​ពិភាក្សា។​ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន ​Reuters។​
  • អ្នក​នាំពាក្យ​រដ្ឋាភិបាល​រុស្ស៊ី​លោក​ Dmitry Peskov ​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ បញ្ហា​លំបាក​ទាំងអស់​ទាក់ទិន​នឹង​ការ​ផ្គត់ផ្គង់​ឧស្ម័ន​ធម្មជាតិ​របស់​រុស្ស៊ី​ដល់​អឺរ៉ុប​គឺ​បណ្ដាល​មក​ពី​ការ​ដាក់​កំហិត​របស់​ក្រុម​បស្ចិម​ប្រទេស។ ​លោក ​Peskov ​ថា ​រុស្ស៊ី​នៅតែ​ជា ​«ផ្នែក​មួយ​ដ៏​មាន​សារៈ​សំខាន់​បំផុត​ និង​មិន​អាច​អត់​បាន​នៃ​សន្តិសុខ​ថាមពល​របស់​អឺរ៉ុប»។​ នៅ​ចំ​ពេល​មាន​ក្ដី​បារម្ភ​នៅ​អឺរ៉ុប​ដែល​ថា ​រុស្ស៊ី​ប្រហែល​ជា​ដាក់​កំហិត​បន្ថែម​ទៀត​លើ​ការ​ផ្គត់ផ្គង់​ឧស្ម័ន​ទៅ​កាន់​ទ្វីប​អឺរ៉ុប​នោះ​ ​លោក ​Peskov ​បាន​យោង​ទៅ​លើ​ការ​លើក​ឡើង​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក ​Vladimir Putin ​កាលពី​លើក​មុន​ដែល​ថា ​ក្រុមហ៊ុន​ Gazprom​ បាន​បំពេញ ​និង​នៅតែ​បន្ត​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ចំពោះ​អតិថិជន។ ​នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។​
  • រដ្ឋាភិបាល​រុស្ស៊ី​បាន​បញ្ជាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​ប្រធានាធិបតី​រុស្ស៊ី​លោក​ Vladimir Putin ​មាន​សុខភាព​ល្អ​ធម្មតា​ទេ ​ដោយ​បាន​ច្រានចោល​ពាក្យ​ចចាម​អារ៉ាម​ដែល​ថា​ លោក​មាន​សុខភាព​មិន​ល្អ។ ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​រុស្ស៊ី​លោក​ Dmitry Peskov ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នានា​ថា​ មាន​ការ​ប៉ាន់ស្មាន​នៅ​បស្ចិម​ប្រទេស​អំពី​សុខភាព​របស់​លោក ​Putin ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ​ប៉ុន្តែ​សេចក្ដី​រាយ​ការណ៍​ដែល​ថា​ លោក Putin ​ឈឺ​ គឺ​ជា​សេចក្ដី​រាយ​ការណ៍ «ក្លែងក្លាយ​ទាំង​ស្រុង»។ ​នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters។​
  • រដ្ឋមន្ត្រី​ការពារ​ជាតិ​ចក្រភព​អង់គ្លេស​លោក ​Ben Wallace ​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​ចក្រភព​អង់គ្លេស​នឹង​បញ្ជូន​កាំភ្លើង​ធំ​ជា​ច្រើន​ និង​អាវុធ​បាញ់​រថក្រោះ​ជាង ​១.៦០០​ គ្រឿង​ ទៅ​កាន់​ប្រទេស​អ៊ុយក្រែន។ ​នេះ​គឺ​ជា​ការ​ផ្គត់ផ្គង់​សព្វាវុធ​ថ្មី​ចុង​ក្រោយ​បង្អស់​របស់​បស្ចិម​ប្រទេស​ដើម្បី​ជួយ​ពង្រឹង​ការ​ការពារ​របស់​អ៊ុយក្រែន​ប្រឆាំង​នឹង​រុស្ស៊ី។​ ការ​លើកឡើង​នេះ​បាន​ធ្វើ​ឡើង ​បន្ទាប់ពី​នាយក​រដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​លោក​ Boris Johnson ​បាន​សន្យា​កាលពី​ខែ​មុន​ថា ​នឹង​ផ្ដល់​ការ​ផ្គត់ផ្គង់​ផ្នែក​យោធា​ដល់​អ៊ុយក្រែន​គិត​ជា​ទឹក​ប្រាក់ ​១.២០០​ លាន​ដុល្លារ​ទៀត។ ​នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters។​
  • មន្ត្រី​ការទូត​សហភាព​អឺរ៉ុប​ដែល​បាន​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ទីក្រុង​ប្រ៊ុចសែល ​ប្រទេស​ ប៊ែលហ្ស៊ិក ​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​ បាន​ឯកភាព​គ្នា​លើ​ទណ្ឌកម្ម​ជុំ​ថ្មី​ប្រឆាំង​នឹង​រដ្ឋាភិបាល​រុស្ស៊ី ​ដោយសារតែ​រុស្ស៊ី​បាន​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន។​ ទណ្ឌកម្ម​ជុំ​ថ្មី​នេះ​ក៏​រួម​មាន​ផង​ដែរ​នូវ​ការ​ហាម​ឃាត់​លើ​ការ​នាំចូល​មាស​ពី​រុស្ស៊ី​ និង​ការ​បង្កក​ទ្រព្យ​សម្បត្តិ​របស់​ធនាគារ Sberbank ​ដែល​ជា​ធនាគារ​ផ្ដល់​ប្រាក់​កម្ចី​ធំ​ជាង​គេ​បំផុត​នៅ​រុស្ស៊ី។​ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters។ ​
  • ប្រទេស​ឆែក​ ដែល​បច្ចុប្បន្ន​ជា​ប្រធាន​ដឹកនាំ​ការ​ពិភាក្សា​ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​ទាំង ​២៧ ​បាន​បញ្ជាក់​ថា ​ទណ្ឌកម្ម​ជុំ​ថ្មី​នេះ​ដែល​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​មាន​ដូចជា​ការ​ដាក់​ចូល​បញ្ជី​ខ្មៅ​នូវ​បុគ្គល ​និង​អង្គភាព​បន្ថែម​ទៀត​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​សង្គ្រាម​នៅ​អ៊ុយក្រែន។​ ប្រធានាធីបតី​អ៊ុយក្រែន​លោក ​Volodymyr Zelenskyy ​បាន​ច្រានចោល​ទណ្ឌកម្ម​ជុំ​ថ្មី​នេះ​ថា ​មាន​លក្ខណៈ​មិន​គ្រប់គ្រាន់៕
២១:៥៤ ២០.៧.២០២២

ថ្ងៃពុធ ទី ២០ ខែកក្កដា៖

  • សហភាព​អឺរ៉ុប​នៅ​ថ្ងៃ​ពុធ​នេះ​បាន​បង្កើត​ផែនការ​សម្រាប់​គ្រា​អាសន្ន​ដល់​ប្រទេស​នានា​ដើម្បី​កាត់​បន្ថយ​ការ​ប្រើប្រាស់​ឧស្ម័ន​របស់​ពួកគេ​ឱ្យ​បាន ១៥% រហូត​ដល់​ខែ​មីនា​ឆ្នាំ​ក្រោយ ដោយ​បាន​ព្រមាន​ប្រទេស​ទាំង​នោះ​ថា ប្រសិនបើ​ពួកគេ​មិន​កាត់​បន្ថយ​ឱ្យ​បាន​ខ្លាំងក្លា​នៅ​ពេល​ឥឡូវ​នេះ​ទេ នោះ​ពួកគេ​នឹង​ប្រឈម​នឹង​បញ្ហា​លំបាក​ផ្នែក​ប្រេង​ឥន្ធនៈ​ក្នុង​អំឡុង​ពេល​រដូវ​រងា​ខាង​មុខ ប្រសិនបើ​រុស្ស៊ី​កាត់ផ្ដាច់​ការ​ផ្គត់ផ្គង់​ឧស្ម័ន។ អឺរ៉ុប​កំពុង​ប្រឹងប្រែង​ឱ្យ​បាន​លឿន​ ដើម្បី​ស្តុក​ទុក​ឧស្ម័ន​របស់​ខ្លួន​មុន​រដូវ​រងា​ខាង​មុខ​ចូល​មក​ដល់ ហើយ​បាន​បង្កើត​វិធាន​ការ​ការពារ​ខ្លួន ក្នុង​ករណី​ដែល​រុស្ស៊ី​ដាក់​កំហិត​បន្ថែម​ទៀត​លើ​ការ​ផ្គត់ផ្គង់​ឧស្ម័ន​ដល់​អឺរ៉ុប។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា រដ្ឋាភិបាល​រុស្ស៊ី​មិន​បាន​ឃើញ​ឆន្ទៈ​ណា​មួយ​ពី​ភាគី​អ៊ុយក្រែន​នៅ​ក្នុង​ការ​បំពេញ​តាម​លក្ខខណ្ឌ​នៃ​អ្វី​ដែល​លោក​ហៅ​ថា​ជា​កិច្ច​ព្រមព្រៀង​សន្តិភាព​ដំបូង ​ដែល​បាន​ឯកភាព​គ្នា​ កាលពី​ខែ​មីនា​នោះ​ទេ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។ លោក Putin ថ្លែង​ដូច្នេះ​ថា៖ «ជា​ការពិត លទ្ធផល​ចុងក្រោយ...អាស្រ័យ​លើ​ឆន្ទៈ​នៃ​ភាគី​កិច្ច​ព្រមព្រៀង​នៅ​ក្នុង​ការ​អនុវត្ត​តាម​កិច្ច​ព្រមព្រៀង​ដែល​បាន​សម្រេច​បាន។ ឥឡូវ​នេះ យើង​ឃើញ​ថា អ្នក​មាន​អំណាច​នៅ​ក្នុង​រដ្ឋាភិបាល​អ៊ុយក្រែន​មិន​មាន​ឆន្ទៈ​ដូច​នេះ​ទេ»។ ការ​ចរចា​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន​បាន​ធ្វើ​ឡើង​កាលពី​ខែ​មីនា ដោយ​ភាគី​ទាំង​ពីរ​បាន​ដាក់​នូវ​សំណើ ប៉ុន្តែ​មិន​មាន​ដំណោះស្រាយ​ណា​មួយ​នៅ​ឡើយ​ទេ។ នៅ​ពេល​នោះ ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​និយាយ​ថា មាន​តែ​លទ្ធផល​ជាក់​ច្បាស់​ដែល​កើត​ចេញ​ពី​ការ​ចរចា​តែ​ប៉ុណ្ណោះ​ ដែល​អាច​ទុក​ចិត្ត​បាន។
  • រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergei Lavrov បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា គោល​បំណង​ភូមិសាស្ត្រ​នៃ «ប្រតិបត្តិការ​យោធា​ពិសេស» របស់​រដ្ឋាភិបាល​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ គឺ​លែង​កំណត់​ត្រឹម​តែ​ភាគ​ខាង​កើត​នៃ​តំបន់ Donbas ទៀត​ហើយ ប៉ុន្តែ​នឹង​រួម​បញ្ចូល​ដែនដីមួយ​ចំនួន​ផ្សេង​ទៀត​ផង​ដែរ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន RIA Novosti របស់​រុស្ស៊ី។ លោក Lavrov បាន​ថ្លែង​បន្ថែម​ថា គោល​បំណង​របស់​រដ្ឋាភិបាល​រុស្ស៊ី​នឹង​នៅតែ​ពង្រីកកាន់តែ​ធំ​បន្ថែម​ទៀត ប្រសិនបើ​ក្រុម​បស្ចិម​ប្រទេស​ផ្ដល់​អាវុធ​ដែល​បាញ់​បាន​ចម្ងាយ​ឆ្ងាយ​ដល់​រដ្ឋាភិបាល​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • លោក John Kirby អ្នក​នាំ​ពាក្យ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​សេតវិមាន បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​របស់​សេតវិមាន​ថា នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ សហរដ្ឋ​អាមេរិក​នឹង​ប្រកាស​អំពី​កញ្ចប់​ជំនួយ​សព្វាវុធ​ថ្មី​មួយ​ទៀត​សម្រាប់​ប្រទេស​អ៊ុយក្រែន។ លោក​បាន​និយាយ​ថា កញ្ចប់​ជំនួយ​បែប​នេះ​គឺ​ជា​កញ្ចប់​ជំនួយ​លើក​ទី ១៦ ដែល​អនុម័ត​ដោយ​សភា និង​ផ្ដល់​ជូន​ក្រោម​សិទ្ធិ​អំណាច​របស់​ប្រធានាធិបតី។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។ សហរដ្ឋ​អាមេរិក​បាន​ផ្ដល់​ជំនួយ​ផ្នែក​សន្តិសុខ​ដែល​គិត​ជា​ទឹកប្រាក់​ចំនួន ៨ ពាន់​លាន​ដុល្លារ​រួច​មក​ហើយ​ដល់​អ៊ុយក្រែន​ ចាប់​តាំងពី​ពេល​ដែល​សង្គ្រាម​នៅ​អ៊ុយក្រែន​បាន​ផ្ទុះ​ឡើង​មក ដែល​ក្នុង​នោះ​ជំនួយ​ដែល​គិត​ជា​ទឹកប្រាក់​ចំនួន ២.២០០ លាន​ដុល្លារ​ ត្រូវ​បាន​ផ្ដល់​ជូន​កាលពី​ខែ​មុន។
  • សេតវិមាន​បាន​បញ្ជាក់​កាលពី​ថ្ងៃ​អង្គារ​ថា រដ្ឋាភិបាល​រុស្ស៊ី​កំពុង​ត្រៀម​ភ្ជាប់​យក​ដែនដី​អ៊ុយក្រែន​បន្ថែម​ទៀត និង​កំពុង​តែងតាំង​មន្ត្រី​តំណាង​ដោយ​ខុស​ច្បាប់​នៅ​តាម​តំបន់​ដែល​ខ្លួន​កំពុង​ត្រួតត្រា​ក្នុង​ភាគ​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន។ អ្នក​នាំពាក្យ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​សេតវិមាន​លោក John Kirby បាន​លើកឡើង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​សេតវិមាន​ថា រដ្ឋាភិបាល​រុស្ស៊ី​កំពុង​ត្រៀម​តែងតាំង​មន្ត្រី​តំណាង កំណត់​យក​ប្រាក់​រូប្ល​របស់​រុស្ស៊ី​ ជា​រូបិយបណ្ណ​ផ្លូវការ និង​បង្ខំ​ឱ្យ​ពលរដ្ឋ​ដាក់​ពាក្យ​ចូល​សញ្ជាតិ​រុស្ស៊ី។ លោក Kirby បាន​និយាយ​ថា៖ «យើង​មាន​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ព័ត៌មាន​មិន​សូវ​សម្ងាត់​ដែល​យើង​អាច​ចែកចាយ​ជាមួយ​អ្នក​ផង​ដែរ អំពី​របៀប​ដែល​រុស្ស៊ី​ត្រៀម​លក្ខណៈ​រួចរាល់​ដើម្បី​ភ្ជាប់​យក​ដែនដី​អ៊ុយក្រែន​ដែល​ខ្លួន​កំពុង​ត្រួតត្រា​ដោយ​រំលោភ​ដោយ​ផ្ទាល់​លើ​អធិបតេយ្យភាព​របស់​អ៊ុយក្រែន»។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។ លោក Kirby បាន​ថ្លែង​បន្ថែម​ថា នេះ​គឺ​ជា​ល្បិច​ដែល​ដូច​ទៅ​នឹង​ល្បិច​កាលពី​ឆ្នាំ ២០១៤ ដែល​នៅ​ពេល​នោះ​រុស្ស៊ី​បាន​ប្រកាស​ថា​ខ្លួន​បាន​ភ្ជាប់​យក​តំបន់ Crimea បន្ទាប់ពី​ដណ្ដើម​ត្រួតត្រា​បាន​តំបន់​នេះ​ពី​អ៊ុយក្រែន​មក៕
២២:២០ ១៩.៧.២០២២

ថ្ងៃអង្គារ ទី១៩ ខែកក្កដា៖

  • អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក Antonio Guterres បាន​ព្រមាន​ថា ពិភពលោក​ប្រឈម​នឹង​គ្រោះទុរ្ភិក្ស​ជាច្រើន​នៅ​ឆ្នាំ​នេះ ដោយសារ​កត្តា​ជាច្រើន រួមទាំង​សង្រ្គាម​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ដែល​សម្បូរ​ដោយ​គ្រាប់​ធញ្ញជាតិ។ លោក Guterres បាន​និយាយ​ថា ឆ្នាំ​ក្រោយ​អាច​កាន់​តែ​អាក្រក់។ លោក​បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​របស់​លោក​ទៅ​កាន់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ថា៖ «ប៉ុន្តែ​យើង​អាច​ជៀសវាង​គ្រោះ​មហន្តរាយ​នេះ​បាន ប្រសិន​បើ​យើងចាត់​វិធានការ​ដោះស្រាយ​ឥឡូវ​នេះ»។
  • ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​ឲ្យដឹង​នៅ​ថ្ងៃអង្គារ​ថា កងកម្លាំង​របស់​ខ្លួន​បាន​បំផ្លាញ​ឃ្លាំង​គ្រាប់​រំសេវ​នៅ​ក្នុង​តំបន់ Odesa របស់​អ៊ុយក្រែន ដែល​កំពុង​រក្សា​ទុក​អាវុធផ្គត់ផ្គង់​ដល់​អ៊ុយក្រែន ដោយ​សហរដ្ឋ​អាមេរិក​និង​បណ្តា​ប្រទេស​អឺរ៉ុប។
  • សារព័ត៌មាន Kyiv Independent រាយការណ៍​តាម​បណ្តាញ Telegram ថា កងកម្លាំង​រុស្ស៊ី​បាន​បាញ់​ផ្លោង ទីក្រុង Nikopol ភាគ​ខាង​ត្បូង​អ៊ុយក្រែន ដល់​ទៅ ៤០ ដង​ពេញ​មួយ​យប់។ ពុំ​មាន​អ្នក​រង​គ្រោះ​ណា​ម្នាក់​ត្រូវ​បាន​រាយការណ៍​នៅ​ឡើយ​ទេ ប៉ុន្តែ​ការ​បាញ់ផ្លោង​នេះ​ត្រូវ​បានរាយការណ៍​ថា បាន​ឆាប​ឆេះ​ទាំង​អគារ​លំនៅដ្ឋាន និង​តំបន់​ឧស្សាហកម្ម​នានា។
  • ប៉ូឡូញ គ្រោង​នឹង​ផ្តល់​ជូន​គ្រួសារ​នីមួយៗ​នូវ​ទឹកប្រាក់ ៣.០០០ zlotys ប្រមាណ ៦៣៥ ដុល្លាអាមេរិក ដើម្បី​ជួយ​ទិញធ្យូង​ដែល​កាន់​តែ​ឡើង​ថ្លៃ។ នេះ​បើ​យោង​តាម​សេចក្តី​ព្រាង​ច្បាប់​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​យប់​ថ្ងៃចន្ទ ខណៈប្រទេស​នេះ​ប្រឈម​នឹង​ការ​កើន​ឡើង​នៃ​តម្លៃ​ថាមពល​ ដែល​ជា​លទ្ធផល​នៃ​សង្គ្រាម​នៅ​អ៊ុយក្រែន។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។ ធ្យូង​ថ្ម​របស់​រុស្ស៊ី​មាន​គុណភាព​ខ្ពស់ ហើយ​ត្រូវ​បាន​នាំចូល​ប៉ូឡូញ​សម្រាប់​ប្រើប្រាស់​ជា​ប្រចាំ​ថ្ងៃ​ដោយ​គ្រួសារ​ជនជាតិ​ប៉ូឡូញ​ និង​រោងចក្រ​កំដៅ​នៅក្នុង​ទីក្រុង​តូចៗ មុន​ពេល​ត្រូវ បាន​ហាមឃាត់​កាលពី​ខែ​មេសា។ ការ​កើន​ឡើងតម្លៃ​ធ្យូង​ថ្ម​ជា​បន្ត​បន្ទាប់ ដែល​បណ្តាល​មក​ពី​កង្វះ​ខាត បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​ប៉ូឡូញ​ជាច្រើន​ភ័យ​ខ្លាច​ថា ពួកគេ​នឹង​មិន​អាច​កំដៅ​ផ្ទះ​របស់​ពួកគេ​ក្នុង​រដូវ​រងារ​បាន។
  • ភរិយា​ប្រធានាធិបតី​អ៊ុយក្រែន លោក​ស្រី Olena Zelenska គ្រោង​នឹង​ជួប​ជាមួយ​ភរិយា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោកស្រី Jill Biden នៅ​សេតវិមាន​ នៅ​ថ្ងៃ​អង្គារ។ អ្នក​ទាំង​ពីរ​បាន​ជួបគ្នា​ចុងក្រោយ​ក្នុង​អំឡុង​ពេល​ដំណើរ​ទស្សនកិច្ច​ដោយ​មិន​ប្រកាស​របស់​លោកស្រី Jill Biden ទៅ​កាន់​ភាគ​ខាងលិច​នៃ​ប្រទេស​អ៊ុយក្រែន​ កាល​ពី​ខែ​ឧសភា នៅ​ពេល​ដែល​អ្នក​ទាំង​ពីរ​បាន​ទៅ​ទស្សនកិច្ច​នៅសាលារៀន​មួយ និង​បាន​ចូលរួម​ជាមួយ​ក្មេងៗ​ ដែលកំពុង​អបអរ​សាទរ​ទិវា​មាតា។ លោកស្រី Zelenska កាល​ពី​ថ្ងៃ​ចន្ទ​ បាន​ជួបជាមួយ​រដ្ឋមន្ត្រី​ការ​បរទេសអាមេរិក លោក Antony Blinken ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។ អ្នកនាំពាក្យ​ក្រសួងការ​បរទេស​សហរដ្ឋ​អាមេរិក លោក Ned Price បាន​និយាយ​ថា លោកស្រី Zelenska និងលោក Blinken បាន​ជជែក​គ្នា​អំពី «ការ​បាត់បង់​ជីវិត​មនុស្ស​ដ៏​ច្រើន និង​ការ​កើន​ឡើង​នៃ​ការ​លុកលុយ​ពេញ​ទំហឹងរបស់រុស្ស៊ី» ហើយ​លោក Blinken បាន​សង្កត់ធ្ងន់​ពី​ការប្តេជ្ញាចិត្ត​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​គាំទ្រ​អ៊ុយក្រែន។
  • ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​រាយការណ៍​ថា អតីត​ប្រធានាធិបតី​រុស្ស៊ី លោក Dmitry Medvedev បាន​និយាយ​នៅថ្ងៃ​អង្គារ​ថា ប្រទេស​របស់​លោក ​នឹង​ឈ្នះ​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ហើយ​នឹង​កំណត់​លក្ខខណ្ឌ​សម្រាប់​កិច្ចព្រមព្រៀង​សន្តិភាព​នា​ពេល​អនាគត​ជាមួយ​រដ្ឋាភិបាល​អ៊ុយក្រែន។ លោក Medvedev ដែល​ឥឡូវ​ជា​អនុប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​របស់​រុស្ស៊ី​ បាន​និយាយ​នៅ​ក្នុង​សារ​តាម​បណ្តាញ​ Telegram ថា៖ «រុស្ស៊ី​នឹង​សម្រេច​បាន​នូវ​គោលដៅ​ទាំងអស់។ សន្តិភាពនឹង​កើត​មាន​ឡើង​តាម​លក្ខខណ្ឌ​របស់​យើង»៕

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG