២១:៣៩
១៨.៧.២០២២
ថ្ងៃចន្ទ ទី១៨ ខែកក្កដា៖
- ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានព្យួរតំណែងប្រធានទីភ្នាក់ងារចារកម្មអ៊ុយក្រែន លោក Ivan Bakanov និងអគ្គរដ្ឋអាជ្ញា អ្នកស្រី Iryna Venediktova ដោយលើកឡើងពីករណីក្បត់ជាតិជាច្រើននៅក្នុងអង្គភាពដ៏មានឥទ្ធិពលទាំងពីរ។ លោកបាននិយាយថា អតីតបុគ្គលិកជាង ៦០ នាក់ក្នុងអង្គភាពទីពីរ ឥឡូវនេះកំពុងធ្វើការប្រឆាំងនឹងអ៊ុយក្រែន នៅក្នុងតំបន់ដែលកាន់កាប់ដោយរុស្ស៊ី។ លោកបានបន្ថែមថា ករណីសហការនិងអំពើក្បត់ជាតិសរុបចំនួន ៦៥១ ត្រូវបានដាក់ប្រឆាំងនឹងមន្ត្រីអនុវត្តច្បាប់។
- មន្ត្រីសង្គ្រោះបន្ទាន់របស់អ៊ុយក្រែនបាននិយាយនៅថ្ងៃចន្ទថា មនុស្ស ៦ នាក់បានស្លាប់ បន្ទាប់ពីយោធារុស្ស៊ីបានបាញ់ផ្លោងលើអគារមួយនៅក្នុងទីក្រុង Toretsk ភាគខាងកើតប្រទេសអ៊ុយក្រែន។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន RFE/RL។
- នៅថ្ងៃចន្ទនេះ រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបកំពុងពង្រីកការរឹតបន្តឹងទណ្ឌកម្មដ៏ទូលំទូលាយលើរុស្ស៊ី និងសម្លឹងមើលមធ្យោបាយបន្ថែមទៀត ដើម្បីហាមឃាត់លើការនាំចេញមាស ដោយសង្ឃឹមថា វិធានការនេះអាចចាប់ផ្តើមមានឥទ្ធិពលខ្លាំងក្លាលើសង្គ្រាមនៅអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AP។
- រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានជំរុញឱ្យរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប ផ្តល់ជំនួយយោធាបន្ថែមទៀត បង្កើតការហាមឃាត់លើថាមពលរុស្ស៊ី និងដាក់កម្រិតលើតម្លៃប្រេងរបស់រុស្ស៊ី។ លោកក៏បានលើកទឹកចិត្តដល់ការគាំទ្ររបស់អឺរ៉ុបចំពោះសាលាក្តីដើម្បីកាត់ទោសឧក្រិដ្ឋកម្មឈ្លានពាន ដែលកំពុងកើតមាននៅក្នុងអ៊ុយក្រែនផងដែរ។
- រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken កំពុងទទួលស្វាគមន៍ភរិយាប្រធានាអធិបតីអ៊ុយក្រែន លោកស្រី Olena Zelenska នៅក្នុងកិច្ចប្រជុំមួយនៅថ្ងៃចន្ទ ដែលធ្វើឡើងនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។
- ការិយាល័យរដ្ឋអាជ្ញាអនីតិជនអ៊ុយក្រែនបាននិយាយនៅថ្ងៃចន្ទថា យ៉ាងហោចណាស់កុមារ ៣៥៣ នាក់បានស្លាប់ និងជាង ៦៦៥ នាក់បានរងរបួសដោយសារតែការលុកលុយរបស់រុស្ស៊ី។ ការិយាល័យនេះបាននិយាយថា ការរងរបួសភាគច្រើនត្រូវបានគេរាយការណ៍នៅក្នុងទីក្រុង Donetsk ទីក្រុង Kharkiv និងរដ្ឋធានីកៀវ ហើយយ៉ាងហោចណាស់ស្ថាប័នអប់រំចំនួន ២.១៣៨ ត្រូវបានខូចខាត ដែលក្នុងនោះ ២២១ ត្រូវបានបំផ្លាញទាំងស្រុង។
- រុស្ស៊ីបានបញ្ជាឱ្យកងកម្លាំងរបស់ខ្លួនកំណត់មីស៊ីលរយៈចម្ងាយឆ្ងាយ និងអាវុធកាំភ្លើងធំ ដែលបណ្តាប្រទេសលោកខាងលិចបានផ្គត់ផ្គង់ដល់អ៊ុយក្រែននាពេលថ្មីៗនេះ ជាគោលដៅវាយប្រហារ។ នេះជាសញ្ញាមួយបង្ហាញថា កម្លាំងអាវុធបន្ថែមរបស់អ៊ុយក្រែន បានចាប់ផ្តើមផ្លាស់ប្តូរស្ថានភាពសង្គ្រាម។ នៅថ្ងៃចន្ទ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានប្រាប់ទាហានរុស្ស៊ីមួយក្រុម ឱ្យវាយប្រហារលើអាវុធរយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែន ជាគោលដៅអាទិភាព ដើម្បីទប់ស្កាត់ការបាញ់ផ្លោងនៅក្នុងតំបន់ភាគខាងកើតអ៊ុយក្រែន ដែលកាន់កាប់ដោយកងកម្លាំងរុស្ស៊ី។ នេះបើយោងតាមក្រសួងការពារជាតិរុស្ស៊ី៕
២១:២៦
១៥.៧.២០២២
ថ្ងៃសុក្រ ទី ១៥ ខែកក្កដា៖
- ទូរទស្សន៍ Al Jazeera រាយការណ៍ថា នាយករដ្ឋមន្ត្រីហុងគ្រីលោក Victor Orban បាននិយាយថា សហភាពអឺរ៉ុបបាន «បាញ់ខ្លួនឯងចំសួត» ជាមួយនឹងទណ្ឌកម្មរបស់ខ្លួនប្រឆាំងនឹងប្រទេសរុស្ស៊ី។ នៅក្នុងបទសម្ភាសន៍តាមវិទ្យុសាធារណៈ លោក Orban បាននិយាយថា៖ «ដំបូងឡើយ ខ្ញុំគិតថា យើងគ្រាន់តែបាញ់ខ្លួនឯងចំជើងប៉ុណ្ណោះ ក៏ប៉ុន្តែឥឡូវនេះ វាច្បាស់ណាស់ថា សេដ្ឋកិច្ចអឺរ៉ុបបានបាញ់ខ្លួនឯងចំសួត ហើយអឺរ៉ុបកំពុងព្យាយាមដកដង្ហើមយ៉ាងលំបាក»។
- ព័ត៌មានសម្ងាត់នៅពេលថ្មីៗនេះពីក្រសួងការពារជាតិចក្រភពអង់គ្លេស បានឲ្យដឹងថា កងកម្លាំងបំបែកខ្លួនគាំទ្ររុស្ស៊ីរបស់សាធារណរដ្ឋប្រជាមានិត Luhansk បានអះអាងថា បានចូលដល់ជាយក្រុង Siversk។ ព័ត៌មានសម្ងាត់ថ្មីនេះបានបញ្ជាក់ថា ការអះអាងនេះមិនទាន់បានផ្ទៀតផ្ទាត់ថាពិតប្រាកដមែននោះទេ ហើយថា នៅពេលដែលទីក្រុង Siversk ត្រូវបានចូលកាន់កាប់ហើយនោះ ទីក្រុង Bakhmut ទំនងជាគោលដៅបន្ទាប់។
- ទូរទស្សន៍ Al Jazeera បានរាយការណ៍ថា សហភាពស្គីអន្តរជាតិបានទម្លាក់ប្រទេសរុស្ស៊ីពីការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ Grant Prix of Figure Skating។ ទីក្រុង Espoo ប្រទេសហ្វាំងឡង់ នឹងរៀបចំព្រឹត្តិការណ៍នេះជំនួសវិញ នៅថ្ងៃទី ២៥ ដល់ ២៧ ខែវិច្ឆិកា។
- វិទ្យាស្ថានសម្រាប់ការសិក្សាសង្គ្រាម ដែលជាស្ថាប័នស្រាវជ្រាវសហរដ្ឋអាមេរិកមួយ បាននិយាយនៅក្នុងការវាយតម្លៃចុងក្រោយរបស់ខ្លួនអំពីជម្លោះអ៊ុយក្រែនថា រុស្ស៊ីនៅតែបន្តវាយលុកទីក្រុង Vinnytsia ទីក្រុង Kharkiv និងទីក្រុង Mykolaiv។ រុស្ស៊ីក៏កំពុងព្យាយាមបន្តវាយលុកក្នុងទីក្រុង Siversk និងវាយប្រហារទីក្រុង Bakhmut និងទីក្រុង Slovyansk ផងដែរ។
- សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងមិនរារាំងការលក់ឧបករណ៍កសិកម្មទៅឱ្យរុស្ស៊ីទេ ហើយបដិសេធជាថ្មីម្តងទៀតនូវការចោទប្រកាន់របស់រុស្ស៊ីដែលថា ទណ្ឌកម្មរបស់លោកខាងលិច គឺជាមូលហេតុនៃវិបត្តិស្បៀងអាហារពិភពលោក មិនមែនការលុកលុយរបស់ខ្លួនលើអ៊ុយក្រែននោះទេ។ ក្រសួងរតនាគារអាមេរិកក្នុងសេចក្តីច្បាប់ស្តីពីករណីលើកលែងក្នុងទណ្ឌកម្មបាននិយាយថា ខ្លួននឹងមិនបញ្ឈប់ប្រតិបត្តិការរបស់សហរដ្ឋអាមេរិកទាក់ទងនឹងការផលិត ការលក់ឬការដឹកជញ្ជូនឧបករណ៍កសិកម្មនោះទេ។ អនុលោមតាមវិធានពីមុន ដែលបានកំណត់បន្ទាប់ពីការលុកលុយថ្ងៃទី ២៤ ខែកុម្ភៈ របស់រុស្ស៊ី ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកក៏បាននិយាយថា ខ្លួនមិនហាមឃាត់ទំនិញកសិកម្មដូចជាជី ក៏ដូចជាឧបករណ៍វេជ្ជសាស្ត្រនិងឧបករណ៍តេស្តរកជំងឺកូវីដ១៩ នោះទេ។
- ពីរខែបន្ទាប់ពីធ្លាក់ចូលក្នុងការកាន់កាប់របស់ទាហានរុស្ស៊ី ទីក្រុង Popasna ភាគខាងកើតអ៊ុយក្រែនដែលមានប្រជាពលរដ្ឋរស់នៅ ២០.០០០ នាក់ បានប្រែទៅជាទីក្រុងខ្មោច ដែលមានសញ្ញានៃជីវិតតិចតួច។ កងទ័ពអ៊ុយក្រែនបានដកថយពីទីក្រុង Popasna ក្នុងខែឧសភា បន្ទាប់ពីកងកម្លាំងរុស្ស៊ីបានបើកការវាយលុកភាគច្រើន នៅតាមបណ្តោយភាគខាងកើតនៃប្រទេសអ៊ុយក្រែន ដោយមានការវាយប្រហារយ៉ាងខ្លាំងក្លា និងការបាញ់ផ្លោងជុំវិញទីក្រុងក្នុងតំបន់ Luhansk។ អ្នកយកព័ត៌មាន Reuters ម្នាក់ បានទៅមើលទីក្រុង Popasna កាលពីថ្ងៃព្រហស្បតិ៍ ហើយបានរកឃើញថា ទីក្រុងនេះត្រូវបានបោះបង់ចោល ដោយអគារផ្ទះល្វែងស្ទើរតែទាំងអស់ត្រូវបានបំផ្លាញ ឬខូចខាតយ៉ាងខ្លាំង។ ដងផ្លូវគ្មានមនុស្ស ឬសត្វឡើយ៕
២០:០៦
១៤.៧.២០២២
ថ្ងៃព្រហស្បតិ៍ ទី ១៤ ខែកក្កដា៖
- ក្រុមមន្ត្រីដែលត្រូវបានតែងតាំងដោយរុស្ស៊ីនៅផ្នែកខ្លះនៃតំបន់ Zaporizhzhia ភាគខាងត្បូងអ៊ុយក្រែន ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ី មានគោលបំណងធ្វើប្រជាមតិស្តីពីការចុះចូលជាមួយរដ្ឋាភិបាលរុស្ស៊ីនៅខែកញ្ញាខាងមុខនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន RIA Novosti របស់រុស្ស៊ី ដែលដកស្រង់សម្តីមន្ត្រីក្នុងតំបន់ម្នាក់ ហើយដែលត្រូវបានរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន Reuters។
- ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិឲ្យដឹងថា ជនស៊ីវិលជាង ៥.០០០ នាក់ ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីប្រទេសរុស្ស៊ីបានឈ្លានពានលើអ៊ុយក្រែននៅថ្ងៃទី ២៤ ខែកុម្ភៈមក ហើយថា ចំនួនមនុស្សស្លាប់ពិតប្រាកដទំនងជាខ្ពស់ជាងនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Al Jazeera។
- មន្ត្រីអ៊ុយក្រែនថា កាំជ្រួចមីស៊ីលរុស្ស៊ីបីគ្រាប់ត្រូវបានបាញ់ទៅលើអគារនានាក្នុងទីក្រុង Vinnytsia ភាគកណ្តាលប្រទេសអ៊ុយក្រែន។ ការិយាល័យអគ្គរដ្ឋអាជ្ញានៃប្រទេសអ៊ុយក្រែន បាននិយាយថា មនុស្សយ៉ាងហោចណាស់ ២០ នាក់ រួមទាំងកុមារពីរនាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមអាកាសនេះ។ ការិយាល័យនេះបានបន្ថែមថា «មនុស្សជាច្រើននាក់» ផ្សេងទៀត បានរងរបួស ហើយប្រតិបត្តិការស្វែងរកនិងសង្គ្រោះកំពុងបន្តធ្វើឡើង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន CNN។
- រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក អ្នកស្រី Janet Yellen បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា សង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែនបានជះឥទ្ធិពលអវិជ្ជមាននៅទូទាំងពិភពលោក ដូចដែលបានឃើញនៅពេលតម្លៃថាមពលឡើងថ្លៃខ្ពស់ និងការកើនឡើងនៃអសន្តិសុខស្បៀងអាហារ។ ការអត្ថាធិប្បាយរបស់អ្នកស្រី Yellen បានធ្វើឡើងក្នុងអំឡុងពេលសន្និសីទសារព័ត៌មាន ដែលធ្វើឡើងនៅលើកោះបាលី ប្រទេសឥណ្ឌូណេស៊ី ជាទីដែលមេដឹកនាំហិរញ្ញវត្ថុនៃបណ្តាប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនទាំង ២០ ឬហៅថា G-20 រួមទាំងរុស្ស៊ី កំពុងជួបប្រជុំគ្នា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ទីភ្នាក់ងារព័ត៌មាន The Guardian រាយការណ៍ថា ជនជាតិអាមេរិកាំងទី ៣ កំពុងត្រូវបានចាប់ខ្លួនដោយក្រុមបំបែកខ្លួនដែលគាំទ្ររុស្ស៊ី។ លោក Suedi Murekezi ត្រូវបានចាប់ខ្លួនកាលពីខែមុន នៅក្នុងទីក្រុងកំពង់ផែ Kherson ដែលកាន់កាប់ដោយរុស្ស៊ី នៅភាគខាងត្បូងអ៊ុយក្រែន។ លោក Sele Murekezi ដែលត្រូវជាបងប្រុស បាននិយាយថា បុរសអាយុ ៣៥ ឆ្នាំរូបនេះ បានរស់នៅទីនោះអស់រយៈពេលជាង ២ ឆ្នាំមកហើយ។ លោក Suedi Murekezi បានធ្វើទស្សនកិច្ចនៅអ៊ុយក្រែន ដើម្បីធ្វើជំនួញ។
- កូរ៉េខាងជើងបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ខ្លួនបានផ្ញើសារទៅកាន់ក្រុមមេដឹកនាំនៃតំបន់ផ្តាច់ខ្លួន Donetsk និង Luhansk នៅភាគខាងកើតអ៊ុយក្រែន ដែលគាំទ្រដោយរុស្ស៊ី អំពីឆន្ទៈរបស់កូរ៉េខាងជើង នៅក្នុងការអភិវឌ្ឍទំនាក់ទំនងការទូត។ ប្រទេសកូរ៉េខាងជើង រួមជាមួយនឹងរុស្ស៊ី និងស៊ីរី គឺជាប្រទេសដែលទទួលស្គាល់ឯករាជ្យនៃបណ្តាខេត្តនៅអ៊ុយក្រែន ដែលក្រុមផ្តាច់ខ្លួនបានកាន់កាប់តាំងពីឆ្នាំ ២០១៤៕
០២:៥៥
១៤.៧.២០២២
ថ្ងៃពុធ ទី ១៣ ខែកក្កដា៖
- ជនភៀសខ្លួនប្រមាណពីរភាគបីមកពីអ៊ុយក្រែន រំពឹងថានឹងបន្តស្នាក់នៅក្នុងប្រទេសដែលពួកគេបានភៀសខ្លួនទៅ រហូតដល់ការប្រយុទ្ធគ្នាថមថយ ហើយស្ថានភាពសន្តិសុខប្រសើរឡើងវិញនៅក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីរុស្ស៊ីបានឈ្លានពានលើអ៊ុយក្រែន។ នេះបើយោងតាមការរកឃើញពីការស្ទង់មតិមួយរបស់ទីភ្នាក់ងារទទួលបន្ទុកកិច្ចការជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ UNHCR។ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា ជនភៀសខ្លួនភាគច្រើនមកពីប្រទេសអ៊ុយក្រែន ជាពិសេសស្ត្រីនិងកុមារ សង្ឃឹមថានឹងវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញ នៅពេលណាមួយនាថ្ងៃអនាគត។ នេះបើយោងតាមការស្ទង់មតិពីជនភៀសខ្លួនប្រមាណ ៤.៩០០ នាក់មកពីអ៊ុយក្រែន ដែលកំពុងរស់នៅក្នុងសាធារណរដ្ឋឆេក ប្រទេសហុងគ្រី ម៉ុលដាវី ប៉ូឡូញ រូម៉ានី និងប្រទេសស្លូវ៉ាគី។ ការស្ទង់មតិនេះត្រូវបានធ្វើឡើងក្នុងចន្លោះពាក់កណ្តាលខែឧសភានិងពាក់កណ្តាលខែមិថុនា។ ទីភ្នាក់ងារ UNHCR ក៏បានឲ្យដឹងផងដែរថា ជនភៀសខ្លួនប្រមាណ ៥លាន ៦សែននាក់ ត្រូវបានកត់ត្រាថាកំពុងមានវត្តមាននៅទូទាំងទ្វីបអ៊ឺរ៉ុប ដោយមនុស្សជិត ៨ លាន ៨ សែននាក់ បានភៀសខ្លួនចេញពីអ៊ុយក្រែន ហើយជិត ៣ លាន ៣ សែននាក់ បានឆ្លងព្រំដែនត្រឡប់ទៅអ៊ុយក្រែនវិញ ចាប់តាំងពីរុស្ស៊ីបានឈ្លានពានលើប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ២៤ ខែកុម្ភៈមក។
- ប្រទេសអ៊ុយក្រែន កំពុងស្ថិតក្នុង «ពីរជំហាន» ពីការសម្រេចបានកិច្ចព្រមព្រៀងមួយជាមួយរុស្ស៊ីដើម្បីនាំចេញគ្រាប់ធុញ្ញជាតិរបស់អ៊ុយក្រែនទៅកាន់ទីផ្សារអន្តរជាតិ។ នេះបើតាមរដ្ឋមន្ត្រីការបរទេស Dmytro Kuleba ដែលបានថ្លែងប្រាប់សារព័ត៌មានអេស្ប៉ាញ El Pais មុនកិច្ចពិភាក្សាចម្រុះភាគីលើបញ្ហានេះ នៅទីក្រុង Istanbul ប្រទេសតួកគី។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។ តួកគីកំពុងធ្វើការជាមួយអង្គការសហប្រជាជាតិ ដើម្បីសម្រួលឲ្យមានកិច្ចព្រមព្រៀងមួយនេះឡើង ក្រោយពីការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែនចាប់តាំងពីថ្ងៃទី ២៤ ខែកុម្ភៈមក ដែលការណ៍នេះបានបណ្តាលឲ្យតម្លៃគ្រាប់ធុញ្ញជាតិ ប្រេងចម្អិនអាហារ ប្រេងឥន្ធនៈ និងតម្លៃជី ឡើងថ្លៃ ហើយបង្កឲ្យមានវិបត្តិស្បៀងអាហារសកលលោក។
- ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា ខ្លួននឹងពិចារណាបន្តដឹកជញ្ជូនឧស្ម័នទៅកាន់ទ្វីបអ៊ឺរ៉ុប ឆ្លងកាត់ប្រទេសអ៊ុយក្រែន ក្រៅពីកិច្ចសន្យាបច្ចុប្បន្នរបស់ខ្លួនដែលនឹងអស់សុពលភាពនៅឆ្នាំ ២០២៤ ឲ្យតែបណ្តាប្រទេសនៅទ្វីបអ៊ឺរ៉ុបនៅតែចង់បានឧស្ម័នរុស្ស៊ី ហើយឲ្យតែប្រព័ន្ធបញ្ជូនឧស្ម័នរបស់អ៊ុយក្រែនដំណើរការ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters ដែលបានដកស្រង់ខ្លឹមសារព័ត៌មានពីទីភ្នាក់ងារព័ត៌មាន RIA Novosti។ ទោះជាសង្គ្រាមក្នុងប្រទេសអ៊ុយក្រែននៅតែបន្តក្តី ក៏រុស្ស៊ីកំពុងបន្តដឹកជញ្ជូនឧស្ម័នក្នុងបរិមាណធំតាមច្រកនានាក្នុងប្រទេសអ៊ុយក្រែន ទៅកាន់ប្រទេសនានាក្នុងទ្វីបអ៊ឺរ៉ុប ដែលជាអតិថិជនសកលដ៏សំខាន់មួយរបស់រដ្ឋាភិបាលរុស្ស៊ីក្នុងការនាំចេញឧស្ម័ន ដែលមានតម្លៃជាទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិក។
- ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងនៅថ្ងៃពុធថា កងទ័ពរុស្ស៊ីបានបាញ់ទម្លាក់យន្តហោះចម្បាំងយោធាចំនួន៤គ្រឿង របស់អ៊ុយក្រែន នៅក្នុងទឹកដីអ៊ុយក្រែន។ នៅក្នុងសេចក្តីថ្លែងការណ៍ប្រចាំថ្ងៃមួយ ក្រសួងនេះបានអះអាងថា កងទ័ពរុស្ស៊ីបានបាញ់កម្ទេចយន្តហោះចម្បាំង Su-25 និង Su-24 ដែលជាយន្តហោះពីសម័យសូវៀតប្រើដោយកងទ័ពអ៊ុយក្រែន នៅតំបន់ Donetsk ភាគខាងកើតប្រទេសអ៊ុយក្រែន និងយន្តហោះចម្បាំង Su-25 មួយគ្រឿងទៀត រួមទាំងយន្តហោះ Mig-29 ដែលជាយន្តហោះចម្បាំងផលិតក្នុងសម័យសូវៀត នៅតំបន់ Mykolaiv ភាគខាងត្បូងប្រទេសអ៊ុយក្រែន។ ទីភ្នាក់ងារព័ត៌មាន Reuters មិនអាចសុំការបញ្ជាក់នូវព័ត៌មាននេះបាននៅឡើយទេ៕