០១:១៨
១៣.៧.២០២២
ថ្ងៃអង្គារ ទី ១២ ខែកក្កដា៖
- ប្រទេសអ៊ុយក្រែនអាចនឹងរងការវាយប្រហារថ្មីទៀតពីកងទ័ពរុស្ស៊ី បន្ទាប់ពីមានការបាញ់ផ្លោងគ្រាប់កាំភ្លើងធំទ្រង់ទ្រាយធំដែលបានសម្លាប់មនុស្សជាង ៣០ នាក់ ខណៈសម្ព័ន្ធមិត្តជាប្រទេសលោកខាងលិចរបស់រដ្ឋាភិបាលអ៊ុយក្រែន ត្រៀមទប់ទល់នឹងវិបត្តិថាមពលសកលលោកដ៏កាន់តែធ្ងន់ធ្ងរ បើរុស្ស៊ីសម្រេចកាត់ផ្តាច់ការផ្គត់ផ្គង់ប្រេងនិងឧស្ម័នរបស់ខ្លួន។ នេះបើយោងតាមសេចក្តីរាយកាណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
- បុគ្គលិករដ្ឋាភិបាលអ៊ុយក្រែនបានឲ្យដឹងថា ការបាញ់ផ្លោងគ្រាប់កាំភ្លើងធំនៅទូទាំងប្រទេសអ៊ុយក្រែនគឺជាការត្រៀមប្រយុទ្ធកាន់តែខ្លាំងជាងមុន ខណៈរុស្ស៊ីព្យាយាមកាន់កាប់តំបន់ Donetsk និងគ្រប់គ្រងទាំងស្រុងលើតំបន់ Donbas របស់អ៊ុយក្រែនដែលជាទីតាំងឧស្សាហកម្មដ៏សំខាន់។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានថ្លែងថា រុស្ស៊ីបានវាយប្រហារតាមអាកាសចំនួន ៣៤ លើក ចាប់តាំងពីថ្ងៃសៅរ៍មក ហើយការវាយប្រហារមួយបានបាញ់ចំអគារលំនៅដ្ឋានពលរដ្ឋ កម្ពស់៥ជាន់ ដោយបានសម្លាប់មនុស្ស ៣១ នាក់ និងជាច្រើននាក់ទៀតជាប់គាំងក្រោមគំនរអគារ។ រដ្ឋាភិបាលរុស្ស៊ីបដិសេធថាមិនបានយកជនស៊ីវិលជាគោលដៅនៃការវាយប្រហាររបស់ខ្លួនទេ ក៏ប៉ុន្តែនៅតាមទីក្រុង ទីប្រជុំជន និងភូមិជាច្រើនរបស់អ៊ុយក្រែន បានរងការបំផ្លិចបំផ្លាញ។ ហើយការស្លាប់បាត់បង់ជីវិតរបស់ជនស៊ីវិលនៅក្នុងការឈ្លានពានរបស់រុស្ស៊ីនេះ កាន់តែកើនឡើងជាបន្តបន្ទាប់។ ការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែនបានក្លាយជាជម្លោះដ៏ធំបំផុតមួយនៅក្នុងទ្វីបអឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទី ២ ហើយជម្លោះនេះកំពុងឈានចូលដល់ខែទី ៥ ហើយ។ ដោយឡែក រុស្ស៊ី បានឲ្យដឹងថា ការវាយប្រហាររបស់អ៊ុយក្រែនលើទីប្រជុំជន Nova Kakhovka នៅតំបន់ Kherson ដែលរុស្ស៊ីកាន់កាប់ បានបង្កឲ្យជនស៊ីវិលមួយចំនួនស្លាប់ ប៉ុន្តែគេនៅមិនទាន់ដឹងតួលេខច្បាស់លាស់នៅឡើយទេ។
- ខណៈកងទ័ពរុស្ស៊ីបង្កើនការវាយប្រហាររបស់ខ្លួននៅភាគខាងកើតប្រទេសអ៊ុយក្រែន អាជ្ញាធរអ៊ុយក្រែនកំពុងជំរុញឲ្យពលរដ្ឋនៅតាមតំបន់ទាំងនោះ ជម្លៀសខ្លួនទៅកាន់ទីក្រុង និងទីប្រជុំជនផ្សេងទៀតនៅភាគខាងលិច ដែលមានសុវត្ថិភាពជាង។ ក៏ប៉ុន្តែ មានប្រជាពលរដ្ឋខ្លះនៅតែបដិសេធមិនជម្លៀសខ្លួន។ ពួកគេភាគច្រើនជាមនុស្សចាស់ជរាចូលនិវត្តន៍ដែលរស់នៅតែម្នាក់ឯង។ អ្នកខ្លះថា ពួកគេមិនរកប្រាក់បានគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់ខ្លួនឯង នៅទីតាំងផ្សេងក្រៅពីលំនៅដ្ឋានរបស់ពួកគេឡើយ។ អ្នកខ្លះទៀតថា ពួកគេមានមូលហេតុស្មុគស្មាញ រួមមានការមិនពេញចិត្តនឹងរដ្ឋាភិបាលអ៊ុយក្រែនបច្ចុប្បន្ន ឬក៏ជឿថា ជីវិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ី នឹងមិនមានអ្វីខុសប្លែកខ្លាំងពីជីវិតសព្វថ្ងៃរបស់ពួកគេឡើយ។ អភិបាលតំបន់ Donetsk លោក Pavlo Kyrylenko បានជំរុញឲ្យប្រជាពលរដ្ឋក្នុងតំបន់ជម្លៀសខ្លួនចេញ ដោយអះអាងថា ការធ្វើដូច្នេះអាចនឹងអនុញ្ញាតឲ្យកងទ័ពអ៊ុយក្រែន ការពារខ្លួនប្រសើរជាងនេះ។ លោកបានថ្លែងបន្ថែមថា ពលរដ្ឋជាង ៨០% បានចាកចេញពីតំបន់នេះ គិតត្រឹមថ្ងៃចន្ទ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន The Associated Press។
- ប្រទេសអ៊ុយក្រែនបានឲ្យដឹងនៅថ្ងៃអង្គារថា ខ្លួនបានវាយប្រហារដោយជោគជ័យដោយប្រើគ្រាប់រ៉ុក្កែតក្នុងរង្វង់ចម្ងាយឆ្ងាយលើកងទ័ពរុស្ស៊ី នៅភាគនិរតីនៃប្រទេស ជាដែនដីដែលខ្លួនគ្រោងវាយដណ្តើមយកមកវិញ តាមការប្រយុទ្ធដោយប្រើកងទ័ពរាប់ពាន់នាក់។ យោងតាមអ៊ុយក្រែន ការវាយប្រហារមួយបានបាញ់ចំទីកន្លែងបោះបង់ចោលអាវុធគ្រឿងផ្ទុះ នៅក្នុងទីប្រជុំជន Nova Kakhovk នៃតំបន់ Kherson ហើយបានសម្លាប់ជនជាតិរុស្ស៊ីចំនួន ៥២ នាក់។ ការវាយប្រហារនេះបានធ្វើឡើង បន្ទាប់ពីរដ្ឋាភិបាលអាមេរិកបានផ្គត់ផ្គង់ដល់អ៊ុយក្រែននូវប្រព័ន្ធកាំភ្លើងធំចល័ត HIMARS ដែលរដ្ឋាភិបាលអ៊ុយក្រែនថា កងទ័ពអ៊ុយក្រែនកំពុងចាប់ផ្តើមប្រើប្រាស់កាំភ្លើងនេះដោយទទួលបានប្រសិទ្ធភាពខ្ពស់។ ក៏ប៉ុន្តែ មន្ត្រីតែងតាំងដោយរុស្ស៊ីម្នាក់នៅតំបន់ Kherson បានរៀបរាប់ស្ថានការណ៍ផ្ទុយពីនេះ។ លោកថា យ៉ាងហោចណាស់ មនុស្ស ៧ នាក់ ត្រូវបានសម្លាប់ដោយសារការវាយប្រហាររបស់អ៊ុយក្រេន ហើយថាជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល បានរងការបំផ្លិចបំផ្លាញ។ ទីភ្នាក់ងារព័ត៌មាន Reuters មិនអាចគូសបញ្ជាក់ពីភាពត្រឹមត្រូវនៃការអះអាងទាំងនេះនៅឡើយទេ។
- រដ្ឋាភិបាលរុស្ស៊ីបានថ្លែងនៅថ្ងៃអង្គារថា ពលរដ្ឋអ៊ុយក្រែនជាច្រើននាក់ចង់ក្លាយជាប្រជាជនរបស់ប្រទេសរុស្ស៊ី។ ការអះអាងនេះធ្វើឡើង មួយថ្ងៃបន្ទាប់ពីរដ្ឋាភិបាលរុស្ស៊ីបានចេញសេចក្តីប្រកាសមួយដោយសម្រួលវិធានការច្បាប់មួយចំនួនដល់ប្រជាជនអ៊ុយក្រែន ដើម្បីទទួលបានលិខិតឆ្លងដែនរុស្ស៊ី។ ក្នុងអំឡុងពេលឆ្លើយឆ្លងទូរស័ព្ទជាមួយក្រុមអ្នកសារព័ត៌មាន អ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ីលោក Dmitry Pesko បានថ្លែងថា មិនមាន«ការពិភាក្សា»អំពីកិច្ចចរចាដើម្បីសន្តិភាពសាជាថ្មីជាមួយរដ្ឋាភិបាលអ៊ុយក្រែននោះទេ បួនខែក្រោយពីរស្ស៊ីបានបញ្ជូនទ័ពចូលប្រទេសអ៊ុយក្រែន។ រុស្ស៊ីបានឲ្យដឹងថា ប្រជាពលរដ្ឋនៅក្នុងតំបន់នានានៃភាគខាងត្បូង និងខាងកើតប្រទេសអ៊ុយក្រែនដែលខ្លួនបានកាន់កាប់តាំងពីខែកុម្ភៈមក ត្រូវបានផ្តល់លទ្ធភាពឲ្យទទួលបានសិទ្ធិកា្លយជាពលរដ្ឋរុស្ស៊ី។ នេះជាជំហានមួយដែលអ៊ុយក្រែន និងប្រទេសលោកខាងលិច ថាជាអំណះអំណាងដែលថា រដ្ឋាភិបាលរុស្ស៊ីគ្រោងបន្តគ្រប់គ្រងតំបន់ទាំងអស់នេះ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
- កិច្ចចរចារថ្មីមួយរវាងរុស្ស៊ី អ៊ុយក្រែន តួកគី និងអង្គការសហប្រជាជាតិ ស្តីអំពីការនាំចេញគ្រាប់ធញ្ញជាតិពីអ៊ុយក្រែន នឹងធ្វើឡើងនៅថ្ងៃពុធ នៅទីក្រុង Istanbul ប្រទេសតួកគី។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរុស្ស៊ី Interfax ដែលបានដកស្រង់សម្តីរបស់ក្រសួងការបរទេសរុស្ស៊ី។ អ៊ុយក្រែនគឺជាប្រទេសដែលនាំចេញផលិតផលកសិកម្មដ៏សំខាន់មួយ ហើយការដែលអ៊ុយក្រែនមិនអាចនាំចេញការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិរបស់ខ្លួន បានបង្កឲ្យតម្លៃចំណីអាហារឡើងថ្លៃខ្លាំង ហើយបានបង្កជាក្តីព្រួយបារម្ភដ៏ធ្ងន់ធ្ងរពីវិបត្តិស្បៀងអាហារសកលលោក។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
០០:៣៩
១២.៧.២០២២
ថ្ងៃចន្ទ ទី ១១ ខែកក្កដា៖
- ប្រទេសប៉ូឡូញរំពឹងថា កុមារអ៊ុយក្រែន២០ម៉ឺននាក់បន្ថែមទៀតនឹងចូលរៀននៅសាលារបស់ប្រទេសខ្លួននៅឆ្នាំសិក្សាក្រោយនេះ។ នេះបើតាមកាសែត Kyiv Independent។ យោងតាមលោក Przemyslaw Czarnek រដ្ឋមន្ត្រីក្រសួងអប់រំ និងវិទ្យាសាស្ត្ររបស់ប្រទេសប៉ូឡូញ ប្រទេសនេះបានទទួលយកកុមារចំនួន២០ម៉ឺននាក់ពីអ៊ុយក្រែនរួចហើយ រួមទាំងកុមារមត្តេយ្យចំនួន៤ម៉ឺននាក់។ ចំនួនកុមារអ៊ុយក្រែននៅក្នុងសាលាប៉ូឡូញអាចកើនឡើងទ្វេដងក្នុងឆ្នាំសិក្សាបន្ទាប់។លោក Czarnek បានបន្ថែមថា សាលារៀនមួយចំនួនបានបង្រៀនភាសាអ៊ុយក្រែនដើម្បីជួយកុមារធ្វើសមាហរណកម្ម។
- អតីតអធិការបតីអាល្លឺម៉ង់ Gerhard Schroeder បាននិយាយថាលោកចង់រក្សាទំនាក់ទំនងជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ទោះបីជាមានសម្ពាធឱ្យគាត់ផ្តាច់ទំនាក់ទំនងមិត្តភាពដោយសារតែសង្គ្រាមរបស់រដ្ឋាភិបាលទីក្រុងមូស្គូនៅអ៊ុយក្រែនក៏ដោយ។ នេះបើតាមវិទ្យុអឺរ៉ុបសេរី / វិទ្យុសេរីភាព។ លោកSchroeder បានប្រាប់កាសែត Frankfurter Allgemeine Zeitung ក្នុងមតិបានចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដាថា «ខ្ញុំនឹងមិនបោះបង់ចោលឱកាសរបស់ខ្ញុំសម្រាប់ការពិភាក្សាជាមួយលោកប្រធានាធិបតីពូទីនទេ»។
- ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែនកាលពីថ្ងៃអាទិត្យបានជំរុញឱ្យជនស៊ីវិលនៅក្នុងតំបន់ Kherson ភាគខាងត្បូងកាន់កាប់ដោយរុស្ស៊ីជម្លៀសចេញជាបន្ទាន់ ខណៈកងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែនកំពុងរៀបចំការវាយមកនៅទីនោះ។ ឧបនាយករដ្ឋមន្ត្រី អ៊ុយក្រែនអ្នកស្រីIryna Vereshchuk បាននិយាយតាមទូរទស្សន៍ជាតិថា៖ «វាច្បាស់ណាស់ថា នឹងមានការប្រយុទ្ធគ្នា មានការបាញ់ផ្លោងកាំភ្លើងធំ... ដូច្នេះយើងជំរុញឱ្យ (ប្រជាជន) ជម្លៀសចេញជាបន្ទាន់»។ អ្នកស្រីបាននិយាយថា អ្នកស្រីមិនអាចនិយាយបានច្បាស់ថាតើការវាយលុកនឹងកើតឡើងនៅពេលណានោះទេ។
- ក្រសួងការពារជាតិចក្រភពអង់គ្លេស និយាយថា ក្រុមទាហានអ៊ុយក្រែនដំបូង ដែលភាគច្រើនមិនមានបទពិសោធន៍យោធាពីមុន បានមកដល់ចក្រភពអង់គ្លេសដើម្បីហ្វឹកហាត់ប្រយុទ្ធ ខណៈប្រទេសនេះព្យាយាមជំនួសទាហានដែលបានស្លាប់ និងរបួសក្នុងសង្គ្រាមប្រឆាំងនឹងរុស្ស៊ី។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន The Associated Press។ អ្នកត្រូវជ្រើសរើសពីរបីរយនាក់ដំបូងកំពុងទទួលហ្វឹកហាត់នៅតាមកន្លែងនានាទូទាំងប្រទេសអង់គ្លេស។ វាជាដំណាក់កាលដំបូងនៃកម្មវិធីដែលមានគោលបំណងបណ្តុះបណ្តាលទាហានអ៊ុយក្រែនដល់ទៅ១ម៉ឺននាក់អំពីរបៀបប្រើអាវុធ ការជួយសង្គ្រោះនៅសមរភូមិ និងយុទ្ធសាស្ត្រល្បាត។ វាគឺជាផ្នែកមួយនៃកញ្ចប់ជំនួយដ៏ទូលំទូលាយសម្រាប់អ៊ុយក្រែន ដែលរួមមានថវិកា២,៨ពាន់លានដុល្លារសម្រាប់អាវុធប្រឆាំងរថក្រោះ ប្រព័ន្ធរ៉ុក្កែត និងសម្ភារៈផ្សេងទៀត។
- គ្រាប់ធញ្ញជាតិប្រមាណ២២លានតោនត្រូវបានរារាំងនៅក្នុងប្រទេសអ៊ុយក្រែន ហើយសម្ពាធកំពុងកើនឡើងនៅពេលដែលការប្រមូលផលថ្មីចាប់ផ្តើម។ ប្រទេសនេះជាធម្មតាផ្តល់ប្រហែល៣០% នៃគ្រាប់ធញ្ញជាតិទៅអឺរ៉ុប ៣០% ទៅអាហ្វ្រិកខាងជើង និង ៤០% ទៅអាស៊ី។ ប៉ុន្តែដោយសារការបិទផ្លូវដោយកងទ័ពជើងទឹករុស្ស៊ីដែលកំពុងបន្តបិទកំពង់ផែសមុទ្រខ្មៅអ៊ុយក្រែននោះ ការប្រមូលផលរាប់លានតោនកាលពីឆ្នាំមុននៅតែមិនអាចដឹកទៅដល់គោលដៅ។ យោងតាមសារព័ត៌មាន The Associated Press អ្នកជំនាញក្នុងស្រុកម្នាក់និយាយថា បើគ្មានការបើកកំពង់ផែសមុទ្រខ្មៅទេ គាត់មិនឃើញដំណោះស្រាយឱ្យកសិករអ៊ុយក្រែនរស់បានទេ។ វានឹងនាំឱ្យមានការរំខានការផ្គត់ផ្គង់ស្បៀងអាហារសម្រាប់ពិភពលោក ជាពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍នៅអាហ្វ្រិក។
- ព័ត៌មានសម្ងាត់ចុងក្រោយពីក្រសួងការពារជាតិចក្រភពអង់គ្លេសបាននិយាយថា កាំភ្លើងធំរបស់រុស្ស៊ីនៅតែបន្តវាយប្រហារតំបន់ Sloviansk ក្នុងខេត្ត Donbas ។ ព័ត៌មាននេះក៏បានកត់សម្គាល់ផងដែរ ថា ប្រទេសរុស្ស៊ីប្រហែលជាបានវាតទីតិចតួចនៅតំបន់ Popasna។ ទីភ្នាក់ងារសារព័ត៌មាន The Associated Press បានរាយការណ៍ថា រដ្ឋាភិបាលអ៊ុយក្រែនបានជំរុញឱ្យប្រជាជននៅតំបន់ភាគខាងត្បូងជម្លៀសចេញកន្លែងកាន់កាប់ដោយកងកម្លាំងរុស្ស៊ីដើម្បីកុំឱ្យរុស្ស៊ីយកពួកគេជាខែល។
- ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នឹងជួបជាមួយមេដឹកនាំនៃរដ្ឋអារ៉ាប់មួយចំនួនក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់តំបន់នេះពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ខែកក្កដា។ យោងតាមកាសែត The New York Times លោក Biden នឹងស្នើឱ្យប្រទេសមួយចំនួនផ្តល់ឱ្យអ៊ុយក្រែននូវស្តុកអាវុធដែលនៅសេសសល់ដែលផលិតដោយសូវៀត ដែល«ប្រជាជនអ៊ុយក្រែនដឹងរបៀបប្រើប្រាស់»។
- អ៊ុយក្រែននឹងទទួលបានជំនួយឥតសំណងចំនួន១,៧ពាន់លានដុល្លារពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិUSAID ធនាគារអន្តរជាតិសម្រាប់ការកសាងឡើងវិញ និងអភិវឌ្ឍន៍ និងសមាគមអភិវឌ្ឍន៍អន្តរជាតិដើម្បីចំណាយលើសេវាវេជ្ជសាស្រ្ត។
- បំពង់បង្ហូរឧស្ម័នដ៏ធំបំផុតតែមួយដែលបង្ហូរឧស្ម័នពីរុស្ស៊ីទៅប្រទេសអាល្លឺម៉ង់ចាប់ផ្តើមជួសជុលប្រចាំឆ្នាំនៅថ្ងៃចន្ទ ហើយលំហូរប្រេងរំពឹងថា នឹងឈប់រយៈពេល១០ថ្ងៃ ប៉ុន្តែរដ្ឋាភិបាល ទីផ្សារ និងក្រុមហ៊ុនព្រួយបារម្ភថា ការបិទអាចនឹងបន្តអូសបន្លាយដោយសារសង្គ្រាមនៅអ៊ុយក្រែន។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានReuters។ បំពង់ Nord Stream 1 បង្ហូរឧស្ម័ន៥៥ ពាន់លានម៉ែត្រគូបក្នុងមួយឆ្នាំពីប្រទេសរុស្ស៊ីទៅប្រទេសអាល្លឺម៉ង់ក្នុងសមុទ្របាល់ទិក។ ដំណើរការជួសជុលនេះចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ២១ ខែកក្កដា។
- កាលពីខែមុន ប្រទេសរុស្ស៊ីបានកាត់បន្ថយលំហូរឧស្ម័នមកត្រឹម៤០% ដោយលើកឡើងថា មកពីការពន្យារពេលដឹកឧបករណ៍ដែលជួសជុលដោយក្រុមហ៊ុនSiemens Energyរបស់ប្រទេសអាល្លឺម៉ង់ពីប្រទេសកាណាដាមកវិញ។ អឺរ៉ុបបារម្ភថា រុស្ស៊ីអាចពន្យារពេលការជួសជុលដើម្បីរឹតបន្តឹងការផ្គត់ផ្គង់ឧស្ម័ននៅអឺរ៉ុបបន្ថែមទៀត ដែលធ្វើឱ្យច្របូកច្របល់ ផែនការស្តុកឧស្ម័នសម្រាប់រដូវរងានិងបង្កើនវិបត្តិឧស្ម័ន ដែលបានជំរុញឱ្យមានវិធានការបន្ទាន់ពីរដ្ឋាភិបាល និងអ្នកប្រើប្រាស់ចំណាយច្រើន។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានច្រានចោលការអះអាងដែលថា រុស្ស៊ីកំពុងប្រើប្រាស់ប្រេង និងឧស្ម័ន ដើម្បីដាក់សម្ពាធនយោបាយ ដោយនិយាយថា ការបិទដើម្បីជួសជុលគឺជាដំណើរការតាមកាលវិភាគ ហើយគ្មាននរណា «បង្កើត» លេសជួសជុលទេ។នេះបើយោងតាមទីភ្នាក់ងារព័ត៌មានReuters ។
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា អ៊ុយក្រែននឹងមិនទទួលស្គាល់ការកាន់កាប់របស់រុស្ស៊ីលើទឹកដីរបស់ខ្លួនឡើយ ហើយនឹងប្រយុទ្ធរហូតដល់ទាហានរុស្ស៊ីចុងក្រោយចេញពីប្រទេសលោក។ ក្រសួងការពារជាតិអង់គ្លេសនិយាយថា រុស្ស៊ីអាចនឹងអស់បរិក្ខារដែលចាំបាច់សម្រាប់ការវាយប្រហារលើអ៊ុយក្រែន។ កាលពីថ្ងៃសៅរ៍ ក្រសួងនេះបានប្រៀបធៀបរថយន្តចុងក្រោយបំផុតដែលរុស្ស៊ីបានដាក់ពង្រាយក្នុងប្រទេសអ៊ុយក្រែនទៅនឹងត្រាក់ទ័រ។
- រុស្ស៊ីទំនងជាមិនដកខ្លួនចេញពីទឹកដីនៅទូទាំងឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសអ៊ុយក្រែនទេ ហើយនឹងកម្ចាត់កងកម្លាំងអ៊ុយក្រែននៅក្នុងតំបន់ Donbas ភាគខាងកើតទាំងមូល។ នេះបើតាមឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅចក្រភពអង់គ្លេសបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃសៅរ៍។ នៅពេលគេសួរថាតើជម្លោះអាចបញ្ចប់ដោយរបៀបណា ឯកអគ្គរដ្ឋទូតរុស្ស៊ី លោកAndrei Kelin បាននិយាយថា កងកម្លាំងដែលគាំទ្រដោយរុស្ស៊ី និងរុស្ស៊ីមិនងាយដកខ្លួនចេញពីភាគខាងត្បូងអ៊ុយក្រែន ហើយទាហានអ៊ុយក្រែនក៏នឹងត្រូវរុញច្រានចេញពី Donbas ទាំងមូល។ Kelin បានប្រាប់ Reuters ក្នុងបទសម្ភាសន៍នៅឯគេហដ្ឋានរបស់លោកនៅទីក្រុងឡុងដ៍ថា «យើងនឹងរំដោះ Donbas ទាំងអស់។ ពិតជាពិបាកទស្សន៍ទាយណាស់អំពីការដកកងកម្លាំងរបស់យើងចេញពីភាគខាងត្បូងអ៊ុយក្រែន ពីព្រោះយើងធ្លាប់មានបទពិសោធន៍រួចហើយថា បន្ទាប់ពីការដកទ័ព ការបង្កហេតុចាប់ផ្តើម ហើយមនុស្សទាំងអស់ត្រូវបានបាញ់សម្លាប់ ជាដើម»។
- ប្រធានាធិបតីអ៊ុយក្រែនបាននិយាយថា «ចាប់តាំងពីការចាប់ផ្តើមលុកលុយរបស់រុស្ស៊ី មន្ត្រីអនុវត្តច្បាប់អ៊ុយក្រែនបានធ្វើអ្វីគ្រប់យ៉ាងដែលចាំបាច់ដើម្បីកត់ត្រាឧក្រិដ្ឋកម្មរបស់រុស្ស៊ី និងប្រមូលភស្តុតាង។ ដៃគូរបស់យើងមកពីប្រទេសជាច្រើនបានចូលរួមក្នុងការងារនេះ។ ភេរវកររុស្ស៊ីបានឆ្លងកាត់ខ្សែបន្ទាត់ហាមឃាត់យូរមកហើយ វាជាក់ស្តែងសម្រាប់មនុស្សជាច្រើននៅក្នុងពិភពស៊ីវិល័យឬមានអរិយធម៌ខ្ពស់ថា ដើម្បីសន្តិសុខពិភពលោកគឺត្រូវដាក់ទណ្ឌកម្មរុស្ស៊ី ដែលជារដ្ឋភេរវករសម្រាប់អ្វីគ្រប់យ៉ាងដែលរុស្ស៊ីបានធ្វើប្រឆាំងនឹងអ៊ុយក្រែន និងសណ្តាប់ធ្នាប់ច្បាប់អន្តរជាតិ។
- រដ្ឋាភិបាលបារាំងកំពុងត្រៀមសម្រាប់ការកាត់ផ្តាច់ការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ីទាំងស្រុង ដែលបារាំងមើលឃើញថា ជាសេណារីយ៉ូដែលទំនងបំផុតក្នុងការធ្វើផែនការទៅមុខរបស់ខ្លួន។ នេះបើតាមទីភ្នាក់ងារReutersដែលដកស្រង់សម្តីរដ្ឋមន្ត្រីហិរញ្ញវត្ថុបារាំងលោក Bruno Le Maire។ ប្រទេសបារាំងទទួលការផ្គត់ផ្គង់ប្រហែល១៧%នៃថាមពលរបស់ខ្លួនពីប្រទេសរុស្ស៊ី ដូច្នេះប្រទេសបារាំងមិនពឹងផ្អែកលើឧស្ម័នរបស់រុស្ស៊ីជាងប្រទេសជិតខាងមួយចំនួនទេ ប៉ុន្តែរដ្ឋាភិបាលបាននិងកំពុងរៀបចំផែនការបន្ទាន់។
- ប្រទេសប៉ូឡូញរំពឹងថា កុមារអ៊ុយក្រែន២០ម៉ឺននាក់បន្ថែមទៀតនឹងចូលរៀននៅសាលារបស់ប្រទេសខ្លួននៅឆ្នាំសិក្សាក្រោយនេះ។ នេះតាម កាសែត Kyiv Independent។ យោងតាមលោក Przemyslaw Czarnek រដ្ឋមន្ត្រីក្រសួងអប់រំ និងវិទ្យាសាស្ត្ររបស់ប្រទេសប៉ូឡូញ ប្រទេសនេះបានទទួលយកកុមារចំនួន២០ម៉ឺននាក់ពីអ៊ុយក្រែនរួចហើយ រួមទាំងកុមារមត្តេយ្យចំនួន ៤ម៉ឺននាក់។ ចំនួនកុមារអ៊ុយក្រែននៅក្នុងសាលាប៉ូឡូញអាចកើនឡើងទ្វេដងក្នុងឆ្នាំសិក្សាបន្ទាប់។លោក Czarnek បានបន្ថែមថា សាលារៀនមួយចំនួនបានបង្រៀនភាសាអ៊ុយក្រែនដើម្បីជួយកុមារធ្វើសមាហរណកម្ម។
- អតីតអធិការបតីអាល្លឺម៉ង់ លោកGerhard Schroeder បាននិយាយថាលោកចង់រក្សាទំនាក់ទំនងជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ទោះបីជាមានសម្ពាធឱ្យគាត់ផ្តាច់ទំនាក់ទំនងមិត្តភាពរបស់ពួកគេដោយសារតែសង្គ្រាមរបស់ទីក្រុងមូស្គូនៅអ៊ុយក្រែនក៏ដោយ។ នេះបើតាមសេចក្តីរាយការណ៍របស់វិទ្យុអឺរ៉ុបសេរី / វិទ្យុសេរីភាពបានរាយការណ៍។ Schroeder បានប្រាប់កាសែត Frankfurter Allgemeine Zeitung ថា «ខ្ញុំនឹងមិនបោះបង់ចោលឱកាសរបស់ខ្ញុំសម្រាប់ការពិភាក្សាជាមួយប្រធានាធិបតីពូទីន Schroeder បានប្រាប់កាសែត Frankfurter Allgemeine Zeitung នៅក្នុងមតិយោបល់ដែលបានចេញផ្សាយនៅថ្ងៃទី 10 ខែកក្កដា។ ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនប្រេងរដ្ឋរុស្ស៊ី Rosneft ។
- ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែនកាលពីថ្ងៃអាទិត្យបានជំរុញឱ្យជនស៊ីវិលនៅក្នុងតំបន់ Kherson ភាគខាងត្បូងកាន់កាប់ដោយរុស្ស៊ីឱ្យជម្លៀសចេញជាបន្ទាន់ ខណៈដែលកងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែនកំពុងរៀបចំការវាយប្រហារតបតនៅទីនោះ។ ឧបនាយករដ្ឋមន្ត្រី Iryna Vereshchuk បាននិយាយនៅលើកញ្ចក់ទូរទស្សន៍ជាតិថា «វាច្បាស់ណាស់ថានឹងមានការប្រយុទ្ធគ្នា មានការបាញ់ផ្លោងដោយកាំភ្លើងធំ... ដូច្នេះហើយយើងជំរុញឱ្យ (ប្រជាជន) ជម្លៀសជាបន្ទាន់»។ អ្នកស្រីបាននិយាយថា អ្នកស្រីមិនអាចនិយាយបានច្បាស់ថាតើការវាយលុកនឹងកើតឡើងនៅពេលណានោះទេ។
២១:០០
៨.៧.២០២២
ថ្ងៃសុក្រ ទី ៨ ខែកក្កដា៖
- រដ្ឋាភិបាលក្រុងកៀវបាននិយាយនៅថ្ងៃសុក្រថា ថាមពលឧស្ម័នរុស្ស៊ីដែលហូរកាត់តាមប្រទេសអ៊ុយក្រែនមាន «កម្រិតទាបបំផុតដែលមិនធ្លាប់មាន» កាលពីខែមុខហើយបានចោទប្រកាន់រដ្ឋាភិបាលក្រុងមូស្គូថាបង្កឱ្យមានអស្ថិរភាពនយោបាយនៅក្នុងទ្វីបអឺរ៉ុប ដោយការបន្ថយការផ្គត់ផ្គង់។ រុស្ស៊ីបានកាត់បន្ថយលំហូរថាមពលឧស្ម័នទៅអឺរ៉ុប កាត់តាមបំពង់បង្ហូរឧស្ម័នរបស់ក្រុមហ៊ុន Nord Stream នៅសមុទ្របាល់ទិកចំនួន ៦០ ភាគរយ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយលើកឡើងពីបញ្ហាបច្ចេកទេស។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
- តម្លៃម្ហូបអាហារសកលរួមទាំងស្រូវសាឡីបានធ្លាក់ចុះនៅក្នុងខែមិថុនា ដែលជាខែទី ៣ ថ្វីបើវានៅតែមានតម្លៃខ្ពស់បំផុតក្តី។ នេះបើតាមអង្គការម្ហូបអាហារនិងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) នៅថ្ងៃសុក្រ។ ការបង្អាក់នៃលំហូរនាំចេញបណ្តាលមកពីការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈ និងការដាក់ទណ្ឌកម្មរបស់អន្តរជាតិលើរដ្ឋាភិបាលក្រុងមូស្គូបានបណ្តាលឱ្យមានការភ័យខ្លាចពីវិបត្តិស្រេកឃ្លានសកល។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
- អ្នកការទូតកំពូលរបស់រុស្ស៊ីបានដើរចេញពីការចរចារបស់រដ្ឋមន្ត្រីការបរទេសប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនទាំង ២០ ឬ G -20 នៅក្នុងប្រទេសឥណ្ឌូណេស៊ីនៅថ្ងៃសុក្រ នៅពេលដែលមហាអំណាចប្រទេសលោកខាងលិចបានរិះគន់រដ្ឋាភិបាលក្រុងមូស្គូ អំពីការឈ្លានពានប្រទេសអ៊ុយក្រែន។ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងសម្ព័ន្ធមិត្តបានថ្កោលទោសរុស្ស៊ីមុនជំនួប មុនពេលរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានប្រឈមនឹងអ្វីដែលរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានហៅថា ការរិះគន់គ្រប់ទិសទីរបស់ប្រទេសលោកខាងលិច នៅឯការចរចាសម្ងាត់។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
- រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោកស្រី Annalena Baerbock បានរិះគន់រដ្ឋាភិបាលក្រុងមូស្គូចំពោះការរារាំងការសន្ទនាជាមួយដៃគូអន្តរជាតិ បន្ទាប់ពីក្រុមអ្នកការទូតបាននិយាយថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានដើរចេញពីការថ្លែងសុន្ទរកថារបស់លោកស្រីនៅជំនួបរបស់ក្រុមប្រទេស G-20 នៅថ្ងៃសុក្រ។ ថ្លែងប្រាប់ទូរទស្សន៍របស់អាល្លឺម៉ង់អំពីជំនួបក្រុម G-20 នៅកោះបាលីនោះ លោកស្រី Baerbock បាននិយាយថា លោក Lavrov៖ «បានចាកចេញពីសម័យប្រជុំលើកទី ១ ដែលទើបដំណើការបានពាក់កណ្តាល» ហើយមិនចូលរួមកិច្ចប្រជុំលើកទី ២ ដែលបានបង្ហាញយ៉ាងច្បាស់ថា លោកមិនបានយកចិត្តទុកដាក់ក្នុងកិច្ចសហប្រតិបត្តិការ ឬការសន្ទនាអន្តរជាតិជាមួយប្រទេស G-19 ផ្សេងទៀតទេ។ ក្រុមអ្នកការទូតបាននិយាយថា លោក Lavrov បានចាកចេញពីបន្ទប់ប្រជុំ នៅពេលដែលលោកស្រី Baerbock បានរិះគន់រដ្ឋាភិបាលក្រុងមូស្គូអំពីសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ក្នុងអំឡុងនៃសម័យប្រជុំរបស់ក្រុមប្រទេស G -20។
- ក្នុងសន្ទរកថាតាមវីដេអូនៅពេលយប់ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា៖ «បន្ទាប់ពីសន្និសីទនៅក្នុងទីក្រុង Lugano ដែលបានផ្តោតលើការស្តារប្រទេសអ៊ុយក្រែនឡើងវិញនោះ មន្ត្រីរដ្ឋាភិបាលបានព្រមព្រៀងផ្តល់ជំនួយគ្រាហអាសន្នដល់ប្រទេសរបស់យើងចំនួនជាង ២ ពាន់លានដុល្លារ។ ថវិកាទាំងនោះនឹងជួយពង្រឹងថវិកានិងប្រុងប្រៀបសម្រាប់រដូវរងារ»។
- អគ្គលេខាធិការរងអង្គការអូតង់លោក Mircea Geoana បាននិយាយថា បណ្តាប្រទេសលោកខាងលិចនៅតំបន់បាល់កង់ មិនប្រឈមការគំរាមគំរាមដ៏ខ្លាំងមកពីសង្គ្រាមនៅក្នុងប្រទេស អ៊ុយក្រែនទេ ហើយជាផលប្រយោជន៍យុទ្ធសាស្ត្រដល់សម្ព័ន្ធមិត្តលោកខាងលិច។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។ លោក Geoana បានស្ថិតនៅក្នុងរដ្ឋធានី Pristinaប្រទេសកូសូវ៉ូ ដើម្បីជួបជាមួយក្រុមមន្ត្រីមូលដ្ឋាននិងទៅបំពេញទស្សនកិច្ចបេសកកម្មកងកម្លាំងកូសូវ៉ូដឹកនាំដោយអង្គការអូតង់។ លោកបានរិះគន់សង្គ្រាមមិនសមតាមតកវិជ្ជានិងព្រៃផ្សៃរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន និងការឈ្លានពាននិងឥទ្ធិពលរបស់រុស្ស៊ីនៅតំបន់បាល់កង់ភាគខាងលិច។ ប្រទេសខ្លះនៅតំបន់បាល់កង់ភាគខាងលិចជាសមាជិកអង្គការអូតង់។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
- ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនលោក Filippo Grandi បានព្រមានថា ប្រទេសអ៊ុយក្រែនប្រឈមនឹងបញ្ហាដ៏ធ្ងន់ធ្ងរ បន្ទាប់ពីកងកម្លាំងរុស្ស៊ីឈ្លានពានបានបំផ្លាញផ្ទះសម្បែងរាប់ពាន់ខ្នង ហើយពួកគេក៏ធ្វើឱ្យប៉ះទង្គិចផ្លូវចិត្តរបស់ប្រជាពលរដ្ឋ ធ្វើឱ្យក្រុមគ្រួសារព្រាត់ប្រាស់និងខ្វល់ខ្វាយក្នុងអំឡុងពេលសង្គ្រាម។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។ លោក Grandi ក៏បាននិយាយដែរថា លោកបានឃើញជនជាតិអ៊ុយក្រែនដែលរងគ្រោះដោយសារសង្គ្រាមបានបង្ហាញពីកម្លាំងការតស៊ូនិងការតាំងចិត្ត ដើម្បីកសាងជីវភាពរបស់ពួកគេឡើងវិញ នៅក្នុងការប្រឈមការបន្តវាយប្រហារដោយយោធារបស់រុស្ស៊ី។
- ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានថ្លែងអំណរគុណ នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Boris Johnson ចំពោះការគាំទ្រយ៉ាងខ្លាំងដល់ប្រទេសអ៊ុយក្រែននៅពេលដែលប្រទេសនេះប្រយុទ្ធការឈ្លានពានរបស់រុស្ស៊ី។ ក្នុងសារតាមវីដេអូដែលបានចុះផ្សាយតាម Twitter កាលពីថ្ងៃព្រហស្បតិ៍ លោក Mykhail Podolyak បាននិយាយថា អ៊ុយក្រែនដឹងគុណយ៉ាងធំធេងដល់លោក Johnson ចំពោះការកសាងការគាំទ្រពីអន្តរជាតិប្រឆាំងនឹងអ្វីដែលលោកហៅថា បីសាចសហព័ន្ធរុស្ស៊ី ហើយនឹងការជួយអ៊ុយក្រែនឱ្យបានទទួលអ្វីដែលអ៊ុយក្រែនត្រូវការដើម្បីការពារខ្លួនប្រកបដោយប្រសិទ្ធភាព។
- ក្រសួងការពារជាតិរុស្ស៊ីនិយាយថា យន្តហោះចម្បាំងមួយគ្រឿងរបស់រុស្ស៊ីបានសម្លាប់កងទ័ពអ៊ុយក្រែនដែលមិនដឹងពីចំនួននៅលើកោះពស់ នៅក្នុងសមុទ្រខ្មៅកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីកងទ័ពអ៊ុយក្រែនទាំងនោះបានឡើងទៅលើកោះដើម្បីលើកទង់ជាតិអ៊ុយក្រែន។ អ្នកនាំពាក្យក្រសួងការពារជាតិនិយាយថា យន្តហោះនោះបានវាយប្រហារកោះនោះ ភ្លាមៗ បន្ទាប់ពីទាហានអ៊ុយក្រែនជាច្រើននាក់បានទៅដល់កោះនោះតាមកាណូតមួយគ្រឿង ហើយបានថតរូបទង់ជាតិនោះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters៕
២២:១១
៧.៧.២០២២
ថ្ងៃព្រហស្បតិ៍ ទី៧ ខែកក្កដា៖
- កងទ័ពអ៊ុយក្រែនបានលើកទង់ជាតិរបស់ពួកគេនៅលើកោះនៅសមុទ្រខ្មៅ ដែលទើបដណ្តើមបាននៅថ្ងៃព្រហស្បតិ៍ ដែលសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលក្រុងមូស្គូ ក៏ប៉ុន្តែ រដ្ឋាភិបាលក្រុងកៀវបានបាត់បង់អ្នកគាំទ្រអន្តរជាតិដ៏សំខាន់ម្នាក់ បន្ទាប់ពីនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Boris Johnson បានប្រកាសថា លោកបានចុះចេញពីតំណែង។ កងទ័ពរុស្ស៊ីក៏បានបាញ់ផ្តក់យ៉ាងខ្លាំងដាក់តំបន់ភាគខាងកើតប្រទេសអ៊ុយក្រែនមុនការវាយប្រហារថ្មីដែលត្រូវបានគេរំពឹងទុក។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
- ជនភៀសខ្លួនអ៊ុយក្រែនបាននៅរាយប៉ាយទូទាំងទ្វីបអឺរ៉ុប និងពិភពលោកចាប់តាំងពីរុស្ស៊ីបានឈ្លានពានមាតុភូមិរបស់ពួកគេ កាលពីខែកុម្ភៈមក ក៏ប៉ុន្តែក្រុមមន្ត្រីប៉ូឡូញបានប៉ាន់ស្មានថា ជិតពាក់កណ្តាលនៃជនភៀសខ្លួនទាំងនោះបានស្ថិតនៅក្នុងប្រទេសប៉ូឡូញ។ ក៏ប៉ុន្តែពួកគេជាច្រើនកំពុងសម្រេចនៅជិតប្រទេសកំណើតដើម្បីងាយស្រួលធ្វើការឆ្លងកាត់ ព្រំដែនវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញនៅពេលឱកាសផ្តល់ឱ្យ។
- ការសិក្សាមួយរបស់អង្គការសហប្រជាជាតិដែលបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះបានបង្ហាញថា សង្គ្រាមរយៈពេល ៣ ខែដំបូងក្នុងប្រទេសអ៊ុយក្រែន បានធ្វើឱ្យតម្លៃប្រេងឥន្ធនៈនិងម្ហូបអាហារឡើងថ្លៃទូទាំងសកលលោក និងធ្វើឱ្យមានកំណត់ត្រាអតិផរណាដែលបានធ្វើឱ្យមនុស្សជាង ៧១ លាននាក់ធ្លាក់ចូលក្នុងភាពក្រីក្រ។ ថ្លែងក្នុងអំឡុងពេលសន្និសីទកាសែតតាមអនឡាញនៅក្នុងទីក្រុងហ្សឺណែវ លោក Achim Steiner មន្ត្រីរដ្ឋបាលនៃកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ បាននិយាយថា ការវិភាគរបស់ប្រទេសកំពុងអភិវឌ្ឍន៍ចំនួន ១៥៩ បានបង្ហាញថា ការឡើងថ្លៃយ៉ាងខ្លាំងលើទំនិញសំខាន់ៗ បានធ្វើឱ្យប៉ះពាល់ភ្លាមៗដល់ក្រុមគ្រួសារក្រីក្រក្នុងពិភពលោក។
- កងទ័ពរុស្ស៊ីឥឡូវនេះបានកាន់កាប់ដីស្រែចម្ការរបស់អ៊ុយក្រែនប្រហែក ២២ ភាគរយចាប់តាំងពីការឈ្លានពាននៅថ្ងៃទី ២៤ ខែកុម្ភៈមក ដែលកំពុងធ្វើឱ្យប៉ះពាល់ដ៏បំផុតមួយដល់ការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិនិងទីផ្សារប្រេងសម្រាប់បរិភោគក្នុងពិភពលោក។ នេះបើតាមទីភ្នាក់ងារអវកាសសហរដ្ឋអាមេរិក (NASA) កាលពីថ្ងៃព្រហស្បតិ៍។ទិន្នន័យតាមផ្កាយរណបដែលត្រូវបានវិភាគដោយក្រុមអ្នកវិទ្យាសាស្ត្រ នៅឯទីភ្នាក់ងារអវកាសសហរដ្ឋអាមេរិក បានបង្ហាញថា ការកាន់កាប់របស់រុស្ស៊ីនៅក្នុងតំបន់ភាគខាងកើតនិងខាងត្បូងប្រទេសអ៊ុយក្រែន បានធ្វើឱ្យរុស្ស៊ីកាន់កាប់ទឹកដីដែលផលិតគ្រាប់ធញ្ញជាតិរដូវរងាប្រហែល ២៨ ភាគរយនៅក្នុងប្រទេសអ៊ុយក្រែន ជាពិសេសស្រូវសាឡី រុក្ខជាតិ canola សម្រាប់ធ្វើប្រេងឆា គ្រាប់ barley និង rye សម្រាប់ធ្វើចំណីក្រៀមៗ ហើយចំនួន ១៨ ភាគរយ នៃគ្រាប់ធញ្ញជាតិរដូវក្តៅ ដែលភាគច្រើនគឺពោតនិងផ្កាឈូករ័ត្ន។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
- កងទ័ពអ៊ុយក្រែននិយាយនៅថ្ងៃព្រហស្បតិ៍ថា ខ្លួនបានដណ្តើមត្រួតត្រាកោះពស់នៅក្នុងសមុទ្រខ្មៅមកវិញហើយ បន្ទាប់ពីបានដាក់ទង់ជាតិនៅទីនោះនៅសប្តាហ៍នេះបន្ទាប់ពីកងទ័ពរុស្ស៊ីបានដកចេញពីទីនោះ។ លោក Oleksiy Gromov មន្ត្រីជាន់ខ្ពស់យោធាអ៊ុយក្រែនបានប្រាប់ទីភ្នាក់ងារព័ត៌មាន Interfax របស់អ៊ុយក្រែនថា «យើងបានធ្វើការត្រួតត្រាកោះពស់ឡើងវិញប្រកបដោយប្រសិទ្ធិភាព»។ លោកបាននិយាយថា កងទ័ពអ៊ុយក្រែនបានត្រួតត្រាកោះនោះ។ កោះពស់បានក្លាយជានិមិត្តរូបនៃការតស៊ូរបស់អ៊ុយក្រែន បន្ទាប់ពីការនិយាយឆ្លងឆ្លើយតាមវិទ្យុត្រូវបានផ្សព្វផ្សាយយ៉ាងខ្លាំងនៅពេលចាប់ផ្តើមសង្គ្រាម។ ក្នុងការឆ្លងឆ្លើយនោះ ទាហានអ៊ុយក្រែនបានទាត់ចោលការទាមទាររបស់នាវាចម្បាំងរបស់រុស្ស៊ីឱ្យពួកវគេចុះចាញ់។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
- ការបាញ់ផ្តក់នៅថ្ងៃព្រហស្បតិ៍បានសម្លាប់មនុស្សយ៉ាងតិចណាស់ក៏ម្នាក់ដែរ ហើយនឹងធ្វើឱ្យរងរបួសរាប់សិបនាក់ទៀតនៅក្នុងទីក្រុង Kramatorsk។ នេះបើតាមរដ្ឋបាលនៃតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែន ដែលស្ថិតនៅក្រោមការវាយប្រហាររបស់រុស្ស៊ី ហើយត្រូវបានរាយការណ៍ដោយអ្នកកាសែត AFP។ អ្នកកាសែតដែលបានស្ថិតនៅកន្លែងកើតហេតុនោះបាននិយាយថា ការផ្ទុះនោះបានធ្វើឱ្យមានរណ្តៅយ៉ាងធំនៅទីធ្លាដែលនៅចន្លោះសណ្ឋាគារនិងអគារដែលពលរដ្ឋរស់នៅ។ ក្រុមអ្នកកាសែតទាំងនោះបានបន្ថែមទៀតថា ពួកគេបានឃើញសាកសពមនុស្សម្នាក់ ដែលត្រូវបានសម្លាប់ហើយនឹងមនុសុ្សជាច្រើននាក់ទៀតបានរងរបួស ហើយរថយន្ត ២ គ្រឿងបានឆេះ។
- ក្រៅពីការប្រយុទ្ធជាមួយរុស្ស៊ី អ៊ុយក្រែនក៏ត្រូវតែប្រយុទ្ធយ៉ាងសកម្មនឹងអំពើពុករលួយដើម្បីទទួលបានប្រាក់យ៉ាងច្រើនសម្រាប់កសាងប្រទេសឡើងវិញ។ នេះបើតាមប្រធានទីភ្នាក់ងារអភិវឌ្ឍរបស់អង្គការសហប្រជាជាតិ ដែលបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP។ មន្ត្រីរដ្ឋបាលកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិលោក Achim Steiner បាននិយាយថា ការប្រយុទ្ធអំពើពុករលួយដែលបានរាលដាលនៅក្នុងប្រទេសអ៊ុយក្រែនមុនការឈ្លានពានរបស់រុស្ស៊ី នឹង«រារាំងការលួចពីពលរដ្ឋខ្លួនឯង»។នៅក្នុងសន្និសីទរយៈពេល ២ ថ្ងៃ នៅប្រទេសស្វីសដែលបានបញ្ចប់កាលពីថ្ងៃអង្គារនោះ ភាគីចូលរួមទាំងអស់បានយល់ស្របទៅនឹងសេចក្តីប្រកាសរបស់រដ្ឋាភិបាលស្វីស ដែលបានកំណត់គោលការណ៍សំខាន់ៗអំពីស្ថាបនាប្រទេសអ៊ុយក្រែនឡើងវិញ ពីផេះសង្គ្រាមដែលបង្កឡើងដោយរុស្ស៊ី។
- ការប៉ាល់ដឹកទំនិញមួយគ្រឿងដែលមានជម្លោះនិងរងការចោទប្រកាន់ថា បានលួចគ្រាប់ធញ្ញជាតិមកពីប្រទេសអ៊ុយក្រែននោះ បានវិលត្រឡប់ទៅកាន់ដែនទឹករបស់រុស្ស៊ីវិញហើយ។ នេះបើតាមប្រភពព័ត៌មានតួកគីដែលបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍។ បញ្ហានេះបានធ្វើឱ្យមានការថ្កោលទោសប្រកបដោយការខឹងសម្បារពីរដ្ឋាភិបាលអ៊ុយក្រែន។ ប្រភពព័ត៌មានតួកគីបានប្រាប់ឱ្យដឹងថា កប៉ាល់នោះបានទៅដល់ដែនទឹករុស្ស៊ី ក៏ប៉ុន្តែមិនបានចតនៅកំពង់ផែនៅឡើយទេ។ រដ្ឋាភិបាលអ៊ុយក្រែនបានចោទប្រកាន់ថា កប៉ាល់ដែលមានទម្ងន់ ៧ ពាន់តោននោះ បានចាកចេញពីកំពង់ផែ Berdyansk របស់អ៊ុយក្រែនដែលត្រូវបានកាន់កាប់ដោយរុស្ស៊ីបន្ទាប់ពីដាក់ស្រូវសាឡីដែលលួចបាននោះមក។
- រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានជួបជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov នៅលើកោះបាលីនៃប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាមុនជំនួបរបស់រដ្ឋមន្ត្រីការបរទេសនៃបណ្តាលប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនទាំង ២០ ឬ G-20 ដែលនិយាយច្រើនអំពីការឈ្លានពានរបស់រដ្ឋាភិបាលក្រុងមូស្គូលើប្រទេសអ៊ុយក្រែន។ លោកទាំងពីរត្រូវបានថតរូបក្នុងជំនួបទ្វេភាគីនៅកោះលំហែកាយនោះ នៅពេលប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកពិភាក្សាគ្នាពីបញ្ហាបន្ទាន់របស់សកលលោកនៅថ្ងៃសុក្រ ដោយសង្គ្រាមក្នុងប្រទេសអ៊ុយក្រែនជារបៀបវារៈលើគេ។ ថ្វីបើមានការរិះគន់ក៏ដោយ រដ្ឋាភិបាលក្រុងប៉េកាំងបានលើកស្ទួយចំណងទាក់ទងជាមួយរុស្ស៊ីនៅពេលដែលប្រទេសលោកខាងលិចបាន ស្វះស្វែងធ្វើឱ្យរដ្ឋាភិបាលរបស់លោក Putin ឯកោពីស្ថាប័នហិរញ្ញវត្ថុនិងការទូតសាកលលោក ដោយសារការវាយប្រហារខាងយោធាលើប្រទេសជិតខាងរបស់ខ្លួន។ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken នឹងចូលរួមសន្និសីទនោះដែរ ហើយគ្រោងចរចាទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសចិនលោក Wang នៅថ្ងៃសៅរ៍សប្តាហ៍នេះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
- សហភាពអឺរ៉ុបនឹងរារាំងរុស្ស៊ីមិនឱ្យប្រើប្រាស់ជំនួប G-20 នៅក្នុងប្រទេសឥណ្ឌូណេស៊ីជា« វេទិកាឃោសនា» សម្រាប់ព័ត៌មានមិនពិតរបស់រុស្ស៊ី ស្តីពីផលប៉ះពាល់នៃសង្គ្រាមរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើតាមស្ត្រីអ្នកនាំពាក្យនៅថ្ងៃព្រហស្បតិ៍។ វិបត្តិថាមពលនិងចំណីអាហារដែលកើតចេញពីការឈ្លានពានរបស់រុស្ស៊ី ជារបៀបវារៈខ្ពស់ជាងគេនៅក្នុងជំនួបរបស់រដ្ឋមន្ត្រីការបរទេសរបស់ G-20 ដែលចូលរួមដោយប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុបលោក Josep Borrell។ នេះបើតាមលោកស្រី Nabila Massrali ដែលជាអ្នកនាំពាក្យរបស់លោក Borrell៕