០០:១១
១.៧.២០២២
ថ្ងៃព្រហស្បតិ៍ ទី ៣០ ខែមិថុនា៖
- មេដឹកនាំអង្គការអូតង់បានជួបប្រជុំគ្នានៅថ្ងៃព្រហស្បតិ៍ នៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ សម្រាប់ថ្ងៃចុងក្រោយនៃកិច្ចប្រជុំកំពូល ដែលរួមបញ្ចូលការអនុម័តគោលគំនិតយុទ្ធសាស្ត្រថ្មីសម្រាប់សម្ព័ន្ធភាពនេះ ដោយចាត់ទុកថា«ការឈ្លានពានរបស់រុស្ស៊ី» «បញ្ហាប្រឈមជាប្រព័ន្ធដែលបង្កឡើងដោយសាធារណរដ្ឋប្រជាមានិតចិន» និង «ការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ»រវាងប្រទេសទាំងពីរជាអាទិភាពចម្បងកិច្ចប្រជុំនេះ។
- កាលពីថ្ងៃពុធ លោកប្រធានាធិបតី Joe Biden បានប្រកាសថា សហរដ្ឋអាមេរិកកំពុងពង្រឹងវត្តមានយោធានៅក្នុងទ្វីបអឺរ៉ុប រួមទាំងការដាក់ពង្រាយនាវាពិឃាត កងទ័ពជើងទឹកបន្ថែមនៅក្នុងប្រទេសអេស្ប៉ាញ និងនៅកន្លែងផ្សេងទៀត ដើម្បីឆ្លើយតបទៅនឹង «ការផ្លាស់ប្តូរបរិយាកាសសន្តិសុខ» និងដើម្បីពង្រឹង«សន្តិសុខរួម»។ សម្ព័ន្ធមិត្តបានយល់ព្រមជំរុញការគាំទ្រសម្រាប់អ៊ុយក្រែន ប្រឆាំងការឈ្លានពានរបស់រុស្ស៊ី ដែលឥឡូវនេះចូលដល់ខែទី ៥ ហើយ។
- ក្រសួងការពារជាតិអ៊ុយក្រែនបានប្រកាសកាលពីថ្ងៃពុធថា យុទ្ធជនចំនួន ១៤៤ នាក់របស់ខ្លួនត្រូវបានដោះលែងពីការជាប់ឃុំឃាំងរបស់រុស្ស៊ីតាមរយៈ «យន្តការដោះដូរអ្នកទោស»។ តំណាងរាស្រ្តអ៊ុយក្រែនឈានមុខគេបានប្រាប់ VOA ថា រដ្ឋាភិបាលក្រុងកៀវ និងរដ្ឋាភិបាលក្រុងមូស្គូ កំពុងដំណើរការការដោះដូរអ្នកទោស។
- ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍អំពីការដកខ្លួនចេញពីកោះពស់របស់អ៊ុយក្រែន។ ការប្រកាសនេះបានកើតឡើង បន្ទាប់ពីមានការវាយប្រហារដោយកងកម្លាំងអ៊ុយក្រែនប្រឆាំងនឹងទីតាំងរបស់រុស្ស៊ីនៅលើកោះនេះ។ រុស្ស៊ីបាននិយាយថា ចំណាត់ការរបស់ខ្លួនគឺជា «កាយវិការសុច្ឆន្ទៈ» ហើយបង្ហាញថា ខ្លួនមិនជ្រៀតជ្រែកកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសហប្រជាជាតិដើម្បីបង្កើតច្រករបៀងសម្រាប់ការនាំចេញផលិតផលគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែននោះទេ។ លោក Andriy Yermak ប្រធានការិយាល័យរបស់ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ពីការដកកងកម្លាំងរុស្ស៊ីចេញពីកោះនេះថា «គ្មានកងទ័ពរុស្ស៊ីនៅលើកោះពស់ទៀតទេ។ កងកម្លាំងប្រដាប់អាវុធរបស់យើងបានធ្វើការងារដ៏អស្ចារ្យ»។
- មេដឹកនាំសហរដ្ឋអាមេរិក អឺរ៉ុប និងអង្គការអូតង់បានសម្តែងការគាំទ្ររបស់ពួកគេសម្រាប់អ៊ុយក្រែនម្តងហើយម្តងទៀត ហើយបានគាំទ្រជាប្រាក់រាប់ពាន់លានដុល្លារសម្រាប់ប្រព័ន្ធអាវុធ និងជំនួយសន្តិសុខផ្សេងទៀត ដែលអនុញ្ញាតឱ្យកងកម្លាំងអ៊ុយក្រែនទប់ទល់ការឈ្លានពានរបស់រុស្ស៊ី។ប៉ុន្តែខណៈប្រទេសលោកខាងលិចបាននិយាយថា អ៊ុយក្រែននឹងសម្រេចថា តើត្រូវបញ្ចប់សង្រ្គាមដោយរបៀបណា និងនៅពេលណានោះ មន្ត្រីសហរដ្ឋអាមេរិកបានសម្តែងក្តីសង្ឃឹមសម្រាប់ការចរចាជាយថាហេតុ។
- ប្រធានាធិបតីរុស្ស៊ី Vladimir Putin បាននិយាយកាលពីថ្ងៃពុធថា រុស្ស៊ីនឹងឆ្លើយតបដូចសកម្មភាពខ្លួននៅអ៊ុយក្រែនទេ ប្រសិនបើអូតង់ដាក់ពង្រាយកងទ័ព និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសហ្វាំងឡង់ និងស៊ុយអែត បន្ទាប់ពីពួកគេចូលរួមជាមួយសម្ព័ន្ធមិត្តយោធាដឹកនាំដោយសហរដ្ឋអាមេរិកនេះ។ លោក Putin បានប្រាប់ទូរទស្សន៍រដ្ឋរុស្ស៊ីថា «ចំពោះស៊ុយអែត និងហ្វាំងឡង់ យើងមិនមានបញ្ហាដូចដែលយើងមានជាមួយអ៊ុយក្រែនទេ។ ពួកគេចង់ចូលរួមជាមួយអង្គការអូតង់ សូមបន្តទៅមុខ» ។
- រុស្ស៊ីបាននិយាយថា ខ្លួនត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយអង្គការសហប្រជាជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងហានិភ័យនៃវិបត្តិស្បៀងអាហារពិភពលោក ហើយមានឆន្ទៈបំពេញកាតព្វកិច្ចក្នុងការនាំចេញអាហារ និងជី។ ការប្តេជ្ញាចិត្តនេះធ្វើឡើងកាលពីថ្ងៃពុធ នៅក្នុងការសន្ទនារវាងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov និងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres។ ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងដូច្នេះនៅក្នុងសេចក្តីថ្លែងការណ៍មួយ។
- ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan កំពុងបង្ហាញសុទិដ្ឋិនិយមថា ច្រករបៀងមនុស្សធម៌អាចត្រូវបានបើកដើម្បីឱ្យការនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែន ចំពេលមានសង្រ្គាមរបស់រុស្ស៊ី។ នេះបើតាមសារព័ត៌មាន Associated Press។ មនុស្សរាប់សិបលាននាក់នៅទូទាំងពិភពលោកប្រឈមនឹងហានិភ័យនៃភាពអត់ឃ្លាន ខណៈដែលសង្រ្គាមរយៈពេលជាច្រើនខែនេះបានរំខានដល់ការនាំចេញគ្រាប់ធញ្ញជាតិពីអ៊ុយក្រែន។
- ប្រទេសអង់គ្លេសកាលពីថ្ងៃពុធបានប្រកាសដាក់ទណ្ឌកម្មលើសេដ្ឋីរុស្សីគឺលោក Vladimir Potanin ដែលដែលជាបុរសមានបំផុតទីពីររបស់រុស្ស៊ី និងជាអ្នកដែលបានទិញទ្រព្យសម្បត្តិពីក្រុមហ៊ុនដែលបានចាកចេញពីប្រទេសរុស្ស៊ីដោយសារការឈ្លានពានអ៊ុយក្រែន។ លោក Potanin ដែលត្រូវបានគេស្គាល់ថាជា «Nickel King» របស់រុស្ស៊ីត្រូវបានបញ្ចូលទៅក្នុងបញ្ជីទណ្ឌកម្មចុងក្រោយបំផុតដោយចក្រភពអង់គ្លេស។ អង់គ្លេស រួមជាមួយនឹងសម្ព័ន្ធមិត្តលោកខាងលិច បានដាក់ទណ្ឌកម្មប្រឆាំងនឹងឥស្សរជនរុស្ស៊ី ធនាគារ និងឧស្សាហកម្មយុទ្ធសាស្ត្រ ចាប់តាំងពីពេលដែលរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនកាលពីខែកុម្ភៈមក។
- រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ត្រូវបានសួរអំពីដំណោះស្រាយការទូតចំពោះសង្គ្រាមនៅអ៊ុយក្រែនកាលពីថ្ងៃពុធ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតអំពីផ្លូវឆ្ពោះទៅរកការចរចានោះទេ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់អ្នកស្រី Nike Ching នៃវីអូអេ៕
២៣:៣៧
២៩.៦.២០២២
ថ្ងៃពុធ ទី ២៩ ខែមិថុនា៖
- ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានប្រកាសកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកកំពុងបង្កើនវត្តមានយោធារបស់ខ្លួននៅក្នុងទ្វីបអឺរ៉ុប រួមទាំងការដាក់ពង្រាយនាវាចម្បាំងបន្ថែមនៅក្នុងប្រទេសអេស៉្បាញ ហើយនឹងបោះទីតាំងកងទ័ពកាន់តែច្រើនឡើងនៅទីកន្លែងផ្សេងទៀត។
- លោក Biden ដែលបាននៅក្នុងទីក្រុងម៉ាឌ្រីតដើម្បីចូលរួមសន្និសីទកំពូលរបស់អង្គការអូតង់ដែលមានសមាជិក ៣០ ប្រទេស បាននិយាយថា សហរដ្ឋអាមេរិក នឹងបង្កើតទីស្នាក់ការអចិន្ត្រៃយ៍សម្រាប់អង្គភាពយោធាទី ៥ របស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសប៉ូឡូញ បន្ថែមកងទ័ពផ្លាស់វេណមួយកងពលតូចដែលមានចំនួន ៣ ពាន់នាក់ហើយបុគ្គលិក ២ ពាន់នាក់ទៀត នឹងមានទីស្នាក់ការនៅក្នុងប្រទេសរ៉ូម៉ានី ព្រមទាំងបញ្ជូនយន្តហោះចម្បាំង F-35 ចំនួន ២ គ្រឿងបន្ថែមទៀត ទៅចក្រភពអង់គ្លេស។
- ក្រុមមេដឹកនាំអង្គការអូតង់កំពុងជួបប្រជុំគ្នានៅឯសន្និសីទកំពូល ដែលរួមមានការពិភាក្សាការជួយគាំទ្រដល់ប្រទេសអ៊ុយក្រែន ហើយនឹងរបៀបដែលសម្ព័ន្ធភាពយោធារបស់ប្រទេសលោកខាងលិច ដែលត្រូវបានបង្កើតបន្ទាប់ពីសង្គ្រាមលោកលើកទី ២ នោះ នឹងសម្របខ្លួនដើម្បីប្រឈមបញ្ហានៅពេលបច្ចុប្បន្ននិងអានាគត។
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃពុធបានប្រាប់ប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo ដែលកំពុងបំពេញទស្សនកិច្ចនៅអ៊ុយក្រែនថា លោកនឹងចូលរួមសន្និសីទកំពូលរបស់ក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនទាំង ២០ ឬ G-20 នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី ដោយអាស្រ័យថា តើមេដឹកនាំណាខ្លះដែលនឹងចូលរួមសន្និសីទកំពូលនោះ។ បន្ទាប់ពីការចរចានៅរដ្ឋធានីកៀវលោក Zelenskyy បានថ្លែងថា «ខ្ញុំប្រាកដជាទទួលយកសេចក្តីអញ្ជើញនោះ។ ការចូលរួមរបស់អ៊ុយក្រែននឹងអាស្រ័យលើស្ថានភាពសន្តិសុខនៅក្នុងប្រទេសនិងសមាសភាពនៃអ្នកចូលរួមសន្និសីទកំពូលនោះ។ លោក Zelenskyy ទំនងជានិយាយសំដៅប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។ លោក Widodo បានស្ថិតនៅក្នុងរដ្ឋធានីកៀវប្រទេសអ៊ុយក្រែន មុនពេលធ្វើដំណើរទៅកាន់រដ្ឋធានីមូស្គូ ដើម្បីជួបលោក Putin ដែលបានបញ្ជូនកងទ័ពកាលពីថ្ងៃទី ២៤ ខែកុម្ភ: ចូលក្នុងប្រទេសអ៊ុយក្រែនដែលគាំទ្រលោកខាងលិច។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
- ផ្នែកស៊ើបការណ៍សម្ងាត់របស់អ៊ុយក្រែនបានប្រាប់ឱ្យដឹងកាលពីថ្ងៃពុធថាទាហានអ៊ុយក្រែនចំនួន ១៤៤ នាក់ រួមទាំងអ្នកការពាររោងចក្រដែកថែប Azovstal មួយចំនួន នៅក្នុងទីក្រុងកំពង់ផែ Mariupol ភាគខាងត្បូង ត្រូវបានដោះលែងឱ្យមានសេរីភាពនៅក្នុងការដោះដូរអ្នកទោសជាមួយរដ្ឋាភិបាលក្រុងមូស្គូ។ រដ្ឋាភិបាលក្រុងមូស្គូនិងរដ្ឋាភិបាលក្រុងកៀវបានដោះដូរអ្នកទោសជាច្រើនលើកមកហើយ ចាប់តាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
- ប្រទេសស៊ីរីដែលជាសម្ព័ន្ធមិត្តរបស់រដ្ឋាភិបាលក្រុងមូស្គូកាលពីថ្ងៃពុធ បានទទួលស្គាល់ឯករាជ្យភាពរបស់សាធារណរដ្ឋចំនួន ២ ដែលទាមទារបំបែករដ្ឋពីអ៊ុយក្រែននៅភាគខាងកើត ដែលធ្វើឱ្យស៊ីរីក្លាយជាប្រទេសមុនដំបូងក្រៅពីប្រទេសរុស្ស៊ីដែលទទួលស្គាល់សាធារណរដ្ឋផ្តាច់ខ្លួនទាំង ២ នេះ។ រដ្ឋផ្តាច់ខ្លួនទាំងនោះ គឺ Donetsk និង Luhansk ដែលរដ្ឋាភិបាលក្រុងមូស្គូទទួលស្គាល់ឯករាជ្យភាពកាលពីខែកុម្ភៈ។ រដ្ឋទាំង ២ នោះស្ថិតនៅក្នុងតំបន់ Donbas ដែលជាចំណុចស្នូលនៃការឈ្លានពានរបស់រុស្ស៊ី និងបានចេញពីគ្រប់គ្រងរបស់អ៊ុយក្រែនតាំងពីឆ្នាំ ២០១៤។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
- ប្រធានាធិបតីប្រទេសប៉ូឡូញកាលពីថ្ងៃពុធបានសរសើរការតាំងចិត្តរបស់សហរដ្ឋអាមេរិកបង្កើតទីស្នាក់ការអង្គភាពកងទ័ពទី ៥ នៅក្នុងប្រទេសប៉ូឡូញ ដោយនិយាយថា សុបិនយូរអង្វែងក្លាយជាការណ៍ពិតក្នុងការលើកស្ទួយសន្តិសុខដែលបញ្ជូនសញ្ញាបង្ការដ៏ច្បាស់មួយដល់ប្រទេសរុស្ស៊ី។
- ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានប្រាប់សន្និសីទកំពូលអង្គការអូតង់នៅក្នុងទីក្រុងម៉ាឌ្រីដ កាលពីព្រឹកថ្ងៃពុធថា សហរដ្ឋអាមេរិកនឹងបង្កើនកងទ័ពរបស់ខ្លួននិងឧបករណ៍នៅទូទាំងទ្វីបអឺរ៉ុបហើយនឹងបង្កើតទីស្នាក់ការយោធានៅក្នុងប្រទេសប៉ូឡូញ នៅក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងថ្មីដ៏ខ្លាំងពីប្រទេសរុស្ស៊ី បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
- អ្នកការទូតកំពូលរបស់រុស្ស៊ីបានប្រាប់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិកាលពីថ្ងៃពុធថា ប្រទេសរុស្ស៊ីបានប្រុងប្រៀបខ្លួនជាស្រេចហើយ ដើម្បីសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការគំរាមកំហែងនៃវិបត្តិចំណីអាហារសកលលោក។ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេសរុស្ស៊ី។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានប្រាប់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres នៅក្នុងការសន្ទនាតាមទូរស័ព្ទថា រដ្ឋាភិបាលក្រុងមូស្គូបានតាំងចិត្តបំពេញកាតព្វកិច្ចរបស់ខ្លួន នៅក្នុងការនាំចេញធញ្ញជាតិនិងជី។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
- ក្រុមមេដឹកនាំអង្គការអូតង់កំពុងចូលរួមសន្និសីទកំពូលនៅក្នុងរាជធានីម៉ាឌ្រីដប្រទេសអេស៉្បាញ ដែលនឹងរួមបញ្ចូលការពិភាក្សាពីការជួយឧបត្ថម្ភប្រទេសអ៊ុយក្រែន និងរបៀបសម្ព័ន្ធមិត្តនេះនឹងសម្របខ្លួនសម្រាប់បញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងអនាគត។ ក្រុមមេដឹកនាំទាំងនេះត្រូវគេរំពឹងនឹងព្រមព្រៀងគ្នា ដើម្បីជំរុញការជួយឧបត្ថម្ភដល់ប្រទេសអ៊ុយក្រែន នៅពេលប្រទេសនេះការពារខ្លួនពីការឈ្លានពានរបស់ប្រទេសរុស្ស៊ី។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy នឹងធ្វើសុន្ទរកថាទៅកាន់សន្និសីទកំពូលនោះតាមវីដេអូ។
- ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយថា នៅពេលប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin «បានបំផ្លាញសន្តិភាពនៅក្នុងតំបន់អឺរ៉ុប ហើយបានវាយប្រហារគោលការណ៍សំខាន់នៃសណ្តាប់ធ្នាប់ដែលផ្អែកលើច្បាប់ទម្លាប់»នោះ សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត «កំពុងបង្ហាញថា អង្គការអូតង់កាន់តែចាំបាច់ជាងពេលណាៗទាំងអស់ ហើយអង្គការអូតង់គឺសំខាន់ដូចកន្លងមក»។
- អគ្គលេខាធិការអង្គការអូតង់លោក Jens Stoltenberg បានប្រាប់អ្នកយកព័ត៌មានថា ជំនួបនេះនឹងក្លាយជាសន្និសីទកំពូលជាប្រវត្តិសាស្ត្រនិងនាំឱ្យមានការផ្លាស់ប្តូរសម្រាប់សម្ព័ន្ធភាព។ អាជ្ញាធរដែលគាំទ្រប្រទេសរុស្ស៊ីបាននិយាយនៅថ្ងៃពុធថា ពួកគេបានចាប់ផ្តើមសេវាកម្មរថយន្តក្រុងនិងរទេះភ្លើងរវាងឧបទ្វីប Crimea ដែលត្រួតត្រាដោយរដ្ឋាភិបាលក្រុងមូស្គូនិងតំបន់ Kherson និង Zaporizhzhia ភាគខាងត្បូងប្រទេសអ៊ុយក្រែន។
- លោក Sergei Aksyonov មេដឹកនាំតំបន់ Crimea បាននិយាយតាម Telegram ថា «ចាប់ពីថ្ងៃទី ១ ខែកក្កដា ទៅ សេវាកម្មរថយន្តក្រុងនិងរទេះភ្លើងរវាងតំបន់ Crimea និង Kherson និង Zaporizhzhia នឹងចាប់ផ្តើមដំណើរការជាលើកដំបូងនៅក្នុងរយៈពេល ៨ ឆ្នាំមកនេះ»។ លោកបានបញ្ជាក់ទៀតថា សមាជិកឆ្មាំការពារជាតិរុស្ស៊ីនឹងធានាសុវត្ថិភាពសម្រាប់ការធ្វើដំណើរ។
- តំបន់ Kherson និង Zaporizhzhia ភាគខាងត្បូងប្រទេសអ៊ុយក្រែនភាគច្រើនស្ថិតនៅក្រោមការត្រួតត្រារបស់រុស្ស៊ីចាប់តាំងពីសប្តាហ៍ទី ១ នៃអន្តរាគមន៍ខាងយោធារបស់រដ្ឋាភិបាលក្រុងមូស្គូហើយឥឡូវនេះត្រូវបានបង្ខំឱ្យបញ្ចូលក្នុងប្រព័ន្ធសេដ្ឋកិច្ចរបស់រុស្ស៊ី។
- ក្រុមមេដឹកនាំអង្គការអូតង់មានគម្រោងនៅថ្ងៃពុធនេះ ដើម្បីអញ្ជើញប្រទេសហ្វាំងឡង់និងស៊ុយអែតឱ្យចូលរួម បន្ទាប់ពីប្រទេសតួកគីបានទម្លាក់ចោលការជំទាស់ នៅពេលសម្ព័ន្ធមិត្តនេះស្វះស្វែងកែសម្រួលវិស័យការពារនៅឯសន្និសីទកំពូលដែលពិភាក្សាលើសលប់អំពីសង្គ្រាមនៅអ៊ុយក្រែន។ ប្រទេសសមាជិករបស់អង្គការអូតង់ដែលបានសន្យាផ្តល់ជំនួយយោធាច្រើនពាន់លានដុល្លារដល់រដ្ឋាភិបាលក្រុងកៀវនោះ នឹងព្រមព្រៀងគ្នា«លើកញ្ចប់ជំនួយដ៏ធំមួយសម្រាប់ប្រទេសអ៊ុយក្រែនដើម្បីជួយឱ្យអ៊ុយក្រែនការពារខ្លួនឯង»។
- លោក Jens Stoltenberg បាននិយាយថា «យើងបានជួបគ្នានៅពេលមានវិបត្តិសន្តិសុខធ្ងន់ធ្ងរបំផុតចាប់តាំងពីសង្គ្រាមលោកលើកទី ២ មក»។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
- សម្តេចប៉ាប Francis កាលពីថ្ងៃពុធបានហៅការបាញ់មីស៊ីលលើហាងទំនិញដែលមានមនុស្សកកកុញនៅក្នុងទីក្រុង Kremenchuk ថា«ជាការវាយប្រហារចុងក្រោយនៃការវាយប្រហារដ៏ព្រៃផ្សៃជាបន្តបន្ទាប់» ប្រឆាំងអ៊ុយក្រែន។
- អ៊ុយក្រែនបាននិយាយថា មនុស្សយ៉ាងតិច ១៨ នាក់បានស្លាប់ ហើយមនុស្សប្រហែល ៦០ នាក់បានរងរបួសកាលពីថ្ងៃចន្ទនោះ។ ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា ខ្លួនបានវាយប្រហារទីដៅយោធាស្របច្បាប់នៅក្នុងទីក្រុងនោះ ហើយថា ផ្សារទំនើបនោះមិនបានបើកដំណើរការទេ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
- ចក្រភពអង់គ្លេសនៅថ្ងៃពុធបានប្រកាសពីដាក់ទណ្ឌកម្មលើមហាសេដ្ឋី Vladimir Potanin ដែលគេហៅថា «ស្តេចនីកែល» ដោយហៅមហាសេដ្ឋីនេះថាជាអ្នកមានបំផុតទី២របស់រុស្ស៊ី។ លោក Potanin ត្រូវបានដាក់បញ្ចូលនៅក្នុងបញ្ជីទណ្ឌកម្មថ្មីៗដែលមានមនុស្សចំនួន១៣នាក់ដែលរួមមានអ្នកជំនួញល្បីៗ ក្រុមហ៊ុនហិរញ្ញវត្ថុនិងអង្គភាពផ្សេងទៀត៕
២២:០៧
២៨.៦.២០២២
ថ្ងៃអង្គារ ទី ២៨ ខែមិថុនា៖
- ក្រុមស៊ើបការណ៍សម្ងាត់របស់អ៊ុយក្រែនបានឲ្យដឹងនៅថ្ងៃអង្គារថា ជនជាតិអ៊ុយក្រែន ១៧ នាក់ដែលភាគច្រើនជាទាហាននោះ ត្រូវបានដោះលែងក្នុងការដោះដូរអ្នកទោសចុងក្រោយជាមួយរដ្ឋាភិបាលរុស្ស៊ី។ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ប្រចាំក្រសួងការពារជាតិអ៊ុយក្រែនបានឲ្យដឹងតាមសារនៅលើបណ្តាញ Telegram ថា នាយទាហានពីរនាក់ ទាហាន ១៤ នាក់ និងជនស៊ីវិលម្នាក់ត្រូវបានដោះលែង។ ក្នុងនោះ ៥ នាក់ បានរងរបួស ហើយត្រូវការការព្យាបាលជាបន្ទាន់។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
- នៅថ្ងៃអង្គារ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើគោលដៅចំនួន ១០០ ហើយបានហាមឃាត់ការនាំមាសថ្មី ពីរុស្ស៊ីដោយដាក់សម្ពាធបន្ថែមលើរុស្ស៊ីបន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន។ ចំណាត់ការនេះស្របតាមការតាំងចិត្តរបស់ក្រុមប្រទេស G-7 នៅក្នុងសប្តាហ៍នេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងហរិញ្ញវត្ថុសហរដ្ឋអាមេរិកឲ្យដឹងថា ក្រសួងនេះបានដាក់ទណ្ឌកម្មលើស្ថាប័នចំនួន ៧០ ដែលភាគច្រើនដើរតួនាទីសំខាន់នៅក្នុងគ្រឹះឧស្សាហកម្មយោធារបស់រុស្ស៊ី និងលើបុគ្គល ២៩ នាក់ទៀត ក្នុងកិច្ចប្រឹងប្រែងដើម្បីរារាំងសមត្ថភាពរបស់រុស្ស៊ីក្នុងការផលិត និងផ្គត់ផ្គង់អាវុធ និងបច្ចេកវិទ្យាដែលត្រូវបានប្រើប្រាស់នៅក្នុងការឈ្លានពានអ៊ុយក្រែន។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
- នៅថ្ងៃអង្គារ ប្រធានាធិបតីបារាំងថា រុស្ស៊ី «មិនអាច និងមិនគួរឈ្នះ» សង្គ្រាមនៅអ៊ុយក្រែនទេ ដោយលោកលើកឡើងពីការគាំទ្របន្តទៀតរបស់ប្រទេសលោកខាងលិចដល់រដ្ឋាភិបាលអ៊ុយក្រែន បន្ទាប់ពីការវាយប្រហារដ៏ឃោរឃៅដោយមីស៊ីលរបស់រុស្ស៊ីលើផ្សារទំនើបមួយ ដែលគូសបញ្ជក់ពីគ្រោះថ្នាក់បាត់បង់ជីវិតជនស៊ីវិលជាច្រើននាក់ក្នុងសង្គ្រាមនេះ។ ក្រុមមេដឹកនាំក្នុងប្រទេសអ៊ុយក្រែនប្រកាស ថាការវាយប្រហារនេះ ដែលបានសម្លាប់មនុស្សយ៉ាងតិច ១៨ នាក់នៅកណ្តាលទីក្រុង Kremenchuk នោះជាឧក្រិដ្ឋកម្មសង្គ្រាម និងជាការវាយប្រហារភេរវកម្ម។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានThe Associated Press។
- សេដ្ឋីអាលុយមីញ៉ូមរុស្ស៊ីលោក Oleg Deripaska បានថ្លែងនៅថ្ងៃអង្គារថា វាអាចជា «កំហុសដ៏មហិមា» មួយរបស់រុស្ស៊ីក្នុងការបំផ្លាញប្រទេសអ៊ុយក្រែនដោយការវាយលុកផ្នែកយោធា។ នេះជាការលើកឡើងបែបស្តីបន្ទោសដ៏កម្រពីអភិជនជំនួញនៅរុស្ស៊ី។ លោកបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានដ៏កម្រមួយនៅទីក្រុងមូស្គូថា «តើវាមានប្រយោជន៍ដល់រុស្ស៊ីទេ ក្នុងការបំផ្លាញប្រទេសអ៊ុយក្រែន? គ្មានប្រយោជន៍អ្វីទេ ហើយការធ្វើបែបនេះអាចជាកំហុសដ៏មហិមាមួយ»។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
- លោក Jens Stoltenberg អគ្គលេខាធិការអង្គការអូតង់នៅថ្ងៃអង្គារបានជំរុញឲ្យក្រុមមេដឹកនាំរបស់សម្ព័ន្ធមិត្តអូតង់ដែលនឹងចូលរួមកិច្ចប្រជុំនៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ នោះ រក្សាការគាំទ្រដល់ប្រទេសអ៊ុយក្រែន គ្រាដែលប្រទេសនេះកំពុងប្រឈមនឹងការវាយលុកដ៏ឃោរឃៅពីរុស្ស៊ី។ លោក Stoltenberg បានថ្លែងមុនកិច្ចប្រជុំនេះថា៖ «វាពិតជាសំខាន់ណាស់ដែលយើងត្រៀមខ្លួនបន្តផ្តល់ការគាំទ្ររបស់យើង ពីព្រោះឥឡូវនេះអ៊ុយក្រែនកំពុងប្រឈមនឹងអំពើសាហាវព្រៃផ្សៃដែលយើងមិនធ្លាប់បានឃើញពីមុននៅទ្វីបអឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទី ២ មក»។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
- ប្រធានាធិបតីអ៊ីតាលីលោក Mario Draghi បានថ្លែងនៅថ្ងៃអង្គារថា ប្រធានប្លុក G-20គឺ លោក Joko Widodo ដែលជាប្រធានាធិបតីឥណ្ឌូណេស៊ី បានលុបចោលការចូលរួមរបស់លោក Vladimir Putin នៅក្នុងកិច្ចប្រជុំកំពូល G-20 ដែលនឹងធ្វើឡើងនៅខែវិច្ឆិកាខាងមុខនេះ។ ការលើកឡើេងបែបនេះត្រូវបានរដ្ឋាភិបាលរុស្ស៊ីច្រានចោលភ្លាមៗ។ ប្រទេសឥណ្ឌូណេស៊ីនឹងធ្វើជាម្ចាស់ផ្ទះប្តូរវេនរៀបចំកិច្ចប្រជុំ G-20 ឆ្នាំនេះ ហើយប្រទេសលោកខាងលិចមួយចំនួនបានដាក់សម្ពាធឱ្យលោក Widodo មិនឲ្យប្រធានាធិបតីរុស្ស៊ីចូលរួមកិច្ចប្រជុំកំពូលនេះ បន្ទាប់ពីការប្រកាសកាលពីខែមេសាថា លោក Putin ត្រូវបានអញ្ជើញឲ្យចូលរួមនោះ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានថ្លែងនៅថ្ងៃអង្គារថា រុស្ស៊ីត្រូវតែបានចាត់ទុកជា «ប្រទេសគាំទ្រអំពើភេរវកម្ម» បន្ទាប់ពីបានវាយប្រហារដោយកាំជ្រួចមីស៊ីលលើផ្សារទំនើបមួយដែលមានមនុស្សកកកុញ នៅទីក្រុង Kremenchuk នៃប្រទេសអ៊ុយក្រែន ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៨ នាក់។ លោក Zelenskyy បានសរសេរជាសារនៅលើបណ្តាញ Telegram ថា៖ «មានតែពួកភេរវជនសាហាវប៉ុណ្ណោះ ដែលអាចបាញ់កាំជ្រួចមីស៊ីលលើទីតាំងដែលមានជនស៊ីវិលបែបនេះ។ រុស្ស៊ីគួរតែត្រូវបានចាត់ទុកថាជាប្រទេសគាំទ្រអំពើភេរវកម្ម»។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
- នៅថ្ងៃអង្គារ ក្រុមអ្នកពន្លត់អគ្គិភ័យ និងទាហានបានស្វែងរកអ្នករស់នៅមានជីវិតក្នុងគំនរបាក់បែករបស់ផ្សារទំនើបនោះ។ អង្គការសហប្រជាជាតិនិងបណ្តាប្រទេសលោកខាងលិចបានថ្កោលទោសការវាយប្រហារនេះ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
- លោក Zelenskyy បានឲ្យដឹងថា មនុស្សជាង ១ ពាន់នាក់នៅក្នុងផ្សារនោះ គ្រាដែលកាំជ្រួចមីស៊ីលពីរគ្រាប់បានបាញ់ចំផ្សារទំនើបនោះ។ លោក Dmytro Lunin អភិបាលក្រុង Poltava ឱ្យដឹងថា ក្រៅពីអ្នកស្លាប់ទាំង ១៨ នាក់នោះ នៅមាន មនុស្ស ២៥ នាក់ត្រូវបានព្យាបាលនៅមន្ទីរពេទ្យ ហើយ ៣៦ នាក់ទៀត កំពុងបាត់ខ្លួន។ រុស្ស៊ីបានបដិសេធការវាយប្រហារលើផ្សារទំនើបមួយនេះ ដោយអះអាងថា ខ្លួនបានបាញ់កាំជ្រួចមីស៊ីលចំឃ្លាំងស្តុកអាវុធ ហើយការផ្ទុះគ្រាប់រំសេវនោះបានបង្កឲ្យមានអគ្គិភ័យនៅតំបន់ក្បែរឃ្លាំងនោះតែប៉ុណ្ណោះ។
- លោក Zelenskyy បានថ្លែងនៅថ្ងៃអង្គារនេះថា នៅក្នុងកិច្ចសន្ទនាជាមួយប្រធានអង្គការអូតង់ លោកបានបញ្ជាក់ពីភាពចាំបាច់ក្នុងការទទួលបាន «ប្រព័ន្ធការពារមីស៊ីលដ៏មានប្រសិទ្ធភាពដើម្បីឲ្យអ៊ុយក្រែនទប់ទល់នឹងការវាយប្រហារបែបភេរវកម្មរបស់រុស្ស៊ី»។ ការសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាធិការអង្គការអូតង់លោក Jens Stoltenberg នេះបានធ្វើឡើង មុនកិច្ចប្រជុំកំពូលរបស់ក្រុមមេដឹកនាំអង្គការអូតង់ នៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ ដែលសង្គ្រាមនៅអ៊ុយក្រែនគឺជាប្រធានបទសំខាន់មួយនៅក្នុងជំនួបជាន់ខ្ពស់នេះ។ បន្ទាប់ពីបានសន្ទនាជាមួយលោក Zelenskyy លោក Stoltenberg បានសរសេរសារនៅលើបណ្តាញ Twitter ថា៖ «នៅកិច្ចប្រជុំរបស់អង្គការអូតង់ យើងនឹងបង្កើនការគាំទ្ររបស់យើងដល់អ៊ុយក្រែន ប្រទេសជាដៃគូដ៏ជិតស្និទ្ធរបស់យើង ពីពេលនេះនិងយូរអង្វែងតទៅទៀត។ សម្ព័ន្ធភាពអង្គការអូតង់គាំទ្រអ្នក»។
- អាជ្ញាធរមូលដ្ឋានបានឲ្យដឹងនៅថ្ងៃអង្គារថា ទីក្រុង Lysychansk ភាគខាងកើតប្រទេសអ៊ុយក្រែន បន្តទប់ទល់នឹងការវាយប្រហាររបស់រុស្ស៊ី បន្ទាប់ពីទាហានរបស់រដ្ឋាភិបាលក្រុងមូស្គូបានគ្រប់គ្រងទីក្រុង Severodonetsk ដែលជាទីក្រុងសំខាន់នៅជិតខាងក្រុងនោះ។ លោក Sergiy Gaiday អភិបាលតំបន់ Luhansk បានសរសេរជាសារនៅលើបណ្តាញ Telegram ថា «ទីក្រុង Lysychansk នឹងបន្តការពារ។ ការបំផ្លិចបំផ្លាញលើភូមិផងពិតជាធ្ងន់ធ្ងរណាស់»។ បើតាមលោក Gaiday ថា ក្នុងចំណោមមនុស្ស ៩ ម៉ឺន ៥ ពាន់នាក់ ដែលបានរស់នៅក្នុងក្រុងនេះមុនពេលការឈ្លានពានរបស់រុស្ស៊ីដែលចាប់ផ្តើមកាលពីថ្ងៃទី ២៤ ខែកុម្ភៈនោះ នៅសល់មនុស្សប្រមាណ ១ ម៉ឺន ៥ ពាន់នាក់ បន្តរស់នៅក្នុងក្រុងនេះ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
- ក្រុមមេដឹកនាំប្រទេសមានឧស្សាហម្មជឿនលឿនទាំង ៧ ហៅថា G-7 បានព្រមព្រៀងគ្នាស្វែងរកវិធីដាក់បំរាមមិនឲ្យមានការដឹកជញ្ជូនប្រេងរុស្ស៊ី ដែលបានដាក់លក់ចេញថ្លៃជាងតម្លៃធម្មតា។ នេះបើយោងតាមការដកស្រង់ខ្លឹមសារនៃឯកសារចុងក្រោយរបស់កិច្ចប្រជុំកំពូលនេះ។ មន្ត្រីអឺរ៉ុបម្នាក់បានឲ្យដឹងថា មេដឹកនាំទាំងនេះក៏បានព្រមព្រៀងគ្នាជំរុញឲ្យមានបំរាមមិនឲ្យមានការនាំមាសពីរុស្ស៊ី ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងដាក់ទណ្ឌកម្មលើរដ្ឋាភិបាលរុស្ស៊ីចំពោះការឈ្លានពានលើអ៊ុយក្រែន។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋាភិបាលរុស្ស៊ីបានថ្លែងនៅថ្ងៃអង្គារថា ក្រុមហ៊ុនផលិតឧស្ម័នដ៏ធំរបស់រុស្ស៊ី គឺ Gazprom GAZP.MM អាចនឹងកែសម្រួលកិច្ចសន្យាផ្គត់ផ្គង់ ប្រសិនបើបណ្តាប្រទេសលោកខាងលិចសម្រេចអនុវត្តការកំណត់តម្លៃឧស្ម័នរបស់រុស្ស៊ីនោះ។ លោក Dmitry Peskov អ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ី បានថ្លែងថា លោកមិនអាចបញ្ចេញមតិថា តើវិធានការដែលក្រុមមេដឹកនាំ G-7 បានពិភាក្សាក្នុងសប្តាហ៍នេះ អាចនឹងប៉ះពាល់ដល់រុស្ស៊ីយ៉ាងណានោះទេ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
- នៅថ្ងៃអង្គារ ប្រទេស G-7 បានជំរុញឲ្យប្រទេសនិងក្រុមហ៊ុនដែលមានស្តុកចំណីអាហារច្រើន ជួយសម្រួលដល់វិបត្តិអត់ឃ្លានដែលបង្កឡើងដោយការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ នៅក្នុងសេចក្តីថ្លែងការណ៍ចេញក្រោយកិច្ចប្រជុំនៅអាល្លឺម៉ង់ ក្រុមមេដឹកនាំនៃប្រទេសទាំង ៧ នេះបានថ្លែងថា៖ «យើងសូមអំពាវនាវដល់ដៃគូទាំងឡាយដែលមានស្តុកចំណីអាហារច្រើន រួមទាំងក្រុមហ៊ុនឯកជន ជួយបញ្ចេញចំណីអាហារ ហើយកុំបង្កបញ្ហាដល់ទីផ្សារ»។ ពួកគេក៏បានអំពាវនាវ «ឲ្យប្រទេសទាំងអស់កុំស្តុកទុកចំណីអាហារច្រើនហួស ហេតុ ដែលអាចបង្កឲ្យមានការកើនថ្លៃចំណីអាហារ»។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានAFP។
- ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងនៅថ្ងៃអង្គារថា ភរិយានិងកូនស្រីរបស់លោកប្រធានាធិបតីអាមេរិក Joe Biden រួមទាំងជនជាតិអាមេរិកាំងចំនួន ២៣ នាក់ទៀត ត្រូវបានហាមមិនឲ្យធ្វើដំណើរចូលប្រទេសរុស្ស៊ី។ ក្រសួងនេះបានថ្លែងកំណត់សម្គាល់អមជាមួយបញ្ជីឈ្មោះនេះថា «ជាប្រតិកម្មឆ្លើយតបនឹងការដាក់ទណ្ឌកម្មកាន់តែរីករាលដាលនិងឥតឈប់ឈររបស់អាមេរិកលើឥស្សរជនសាធារណៈនិងឥស្សរជននយោបាយរុស្ស៊ី ពលរដ្ឋអាមេរិកាំង ២៥ នាក់ត្រូវបានដាក់បញ្ចូលក្នុង «បញ្ជីហាមឃាត់»។ បញ្ជីឈ្មោះនេះក៏រួមមានសាស្ត្រាចារ្យនិងអ្នកស្រាវជ្រាវប្រចាំសាកលវិទ្យាល័យមួយចំនួន និងអតីតមន្ត្រីរដ្ឋាភិបាលអាមេរិកផងដែរ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
- រដ្ឋាភិបាលរុស្ស៊ីនៅថ្ងៃអង្គការ បានហៅអង្គការអូតង់ថាជា «ប្លុកបង្ករឿង» ដែលត្រូវបានបង្កើតឡើងដើម្បីជម្លោះ។ កាលពីថ្ងៃចន្ទ សម្ព័ន្ធភាពយោធាអូតង់បានប្រកាសពីការពង្រីកកងកម្លាំងដ៏ធំនៅទូទាំងទ្វីបអឺរ៉ុប ដែលត្រូវបានរៀបចំឡើងដើម្បីពង្រឹងការការពារ។ នៅក្នុងសន្និសីទតាមទូរស័ព្ទជាមួយក្រុមអ្នកសារព័ត៌មាន លោក Dmitry Peskov ក៏បានថ្លែងថា យុទ្ធនាការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែនដែលរុស្ស៊ីហៅថា «ប្រតិបត្តិការយោធាពិសេស» នោះដំណើរការទៅដូចការគ្រោងទុក ហើយនឹងសម្រេចគោលដៅ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
- មន្ត្រីអាមេរិកម្នាក់បានឲ្យដឹងនៅថ្ងៃអង្គារថា ក្រុមមេដឹកនាំ G-7 នឹងប្តេជ្ញាផ្តល់ទឹកប្រាក់ ៥ ពាន់លានដុល្សារ ដើម្បីជួយដោះស្រាយបញ្ហាផ្គត់ផ្គង់ចំណីអាហារដែលកំពុងកើតមានឡើងនៅជុំវិញពិភពលោក ហើយដែលមួយផ្នែកធំត្រូវបានបង្កឡើងដោយការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន ដែលជាប្រទេសផ្គត់ផ្គង់ផលិតផលកសិកម្មដ៏ធំមួយ។ មន្ត្រីជាន់ខ្ពស់នេះបានថ្លែងប្រាប់អ្នកសារព័ត៌មានថា៖ «G-7 នឹងប្តេជ្ញាផ្តល់ទឹកប្រាក់ ៥ ពាន់លានដុល្លារដើម្បីដោះស្រាយបញ្ហាសន្តិសុខចំណីអាហារសកល ហើយថា សហរដ្ឋអាមេរិកនឹងផ្តល់ថវិកាជាងពាក់កណ្តាលនៃចំនួនទឹកប្រាក់នេះ»។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP៕
២១:២៦
២៧.៦.២០២២
ថ្ងៃចន្ទ ទី ២៧ ខែមិថុនា៖
- ការវាយប្រហារដោយកាំជ្រួចមីស៊ីលរបស់រុស្ស៊ីកាលពីថ្ងៃចន្ទ បានបាញ់ចំផ្សារទំនើបដែលមានមនុស្សកកកុញមួយកន្លែងនៅទីក្រុង Kremenchuk ដែលស្ថិតនៅភាគខាងកើតប្រទេសអ៊ុយក្រែន ដែល លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានថ្លែងថា មនុស្សយ៉ាងហោចណាស់ ២ នាក់បានស្លាប់ ហើយជាច្រើននាក់ទៀតបានរងរបួស។ លោក Zelenskyy បានសរសេរនៅលើបណ្តាញ Telegram ថា៖ «ពួកក្រុមឈ្លានពានបានបាញ់កាំជ្រួចមីស៊ីលលើមជ្ឈមណ្ឌលផ្សារពាណិជ្ជកម្មមួយ ដែលមានមនុស្សប្រមាណ ១ ពាន់នាក់នៅទីនោះ។ ក្រុមសង្គ្រោះបន្ទាន់កំពុងពន្លត់អគ្គិភ័យ។ ជនរងគ្រោះអាចមានចំនួនច្រើន»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- ការវាយប្រហារដោយកាំជ្រួចមីស៊ីលមួយរបស់រុស្ស៊ីនៅក្នុងតំបន់ Odessa បានបំផ្លិចបំផ្លាញផ្ទះសម្បែង បង្កឲ្យមានអគ្គិភ័យ និងបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៦ នាក់រងរបួសក្នុងនោះរួមមានកុមារម្នាក់ ផងដែរ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters ដែលដកស្រង់សម្តីលោក Serhiy Bratchuk អ្នកនាំពាក្យមន្ទីររដ្ឋបាលក្នុងតំបន់។
- ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា កងទ័ពរុស្ស៊ីបានវាយប្រហារលើរោងចក្រមួួយដែលជាទីតាំងផលិតកាំជ្រួចមីស៊ីលនៅក្នុងទីក្រុងកៀវ ប្រទេសអ៊ុយក្រែន ប៉ុន្តែបានបដិសេធថាខ្លួនមិនមែនជាអ្នកទទួលខុសត្រូវចំពោះកាំជ្រួចមីស៊ីលដែលបានបាញ់ចំសំណង់អគារលំនៅដ្ឋានមួយនៅទីក្រុងនោះទេ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- លោក Jens Stoltenberg អគ្គលេខាធិការអង្គការអូតង់ បានឲ្យដឹងកាលពីថ្ងៃចន្ទនេះថា សម្ព័ន្ធមិត្តអូតង់ នឹងពង្រឹងកងកម្លាំងដែលត្រៀមខ្លួនសម្រាប់ការប្រយុទ្ធ «ប្រមាណជាង ៣ សែននាក់» ខណៈពួកគេពង្រឹងយុទ្ធសាស្ត្រ ដើម្បីឆ្លើយតបនឹងសង្គ្រាមរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។ ក្រុមមេដឹកនាំនៃសម្ព័ន្ធភាពយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិកនឹងជួបពិភាក្សាគ្នានៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ ក្នុងសប្តាហ៍នេះ ដែលលោក Jens Stoltenberg ថាអាចនឹងក្លាយជាកិច្ចប្រជុំកំពូល «ពោរពេញដោយការផ្លាស់ប្តូរ» ខណៈដែលសម្ព័ន្ធនេះកំពុងដោះស្រាយស្ថានការណ៍ការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
- ប្រធានាធិបតីប្រទេសម៉ុលដាវីបានថ្លែងនៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ុយក្រែនកាលពីថ្ងៃចន្ទថា ប្រទេសរបស់លោកស្រី «ផុយស្រួយ និងងាយរងគ្រោះថ្នាក់» ហើយត្រូវការជំនួយដើម្បីបន្ត «ធ្វើជាសមាជិកនៃប្រទេសលោកសេរី»។ បួនថ្ងៃក្រោយពីសហភាពអឺរ៉ុបសម្រេចចិត្តផ្តល់បេក្ខជនភាពសម្រាប់អ៊ុយក្រែននិងម៉ុលដាវីក្លាយជាសមាជិករបស់ខ្លួននោះ ប្រធានាធិបតីម៉ុលដាវីលោកស្រី Maia Sandu បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងបី ដែលអ៊ុយក្រែនសង្ស័យថា ទាហានរុស្ស៊ីបានប្រព្រឹត្តអំពើសាហាវព្រៃផ្សៃ ក្រោយពីរុស្ស៊ីបានឈ្លានពានលើអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈ។ នៅទីក្រុង Bucha ជាប់ជាយក្រុងកៀវ លោកស្រីបានថ្លែងថា៖ «រឿងនេះមិនគួរកើតឡើងនោះទេ។ ហើយយើងដឹងហើយថា ឈឺចាប់ណាស់ឃើញនិងស្តាប់រឿងរ៉ាវជាច្រើនដែលកើតឡើងនៅទីនេះ»។ លោកស្រីអំពាវនាវថា ជនដែលរងឃើញកំហុសថា បានប្រព្រឹត្តអំពើសាហាវព្រៃផ្សៃត្រូវតែទទួលខុសត្រូវតាមផ្លូវច្បាប់។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
- ទីប្រឹក្សាវិមានក្រឹមឡាំងម្នាក់បានថ្លែងនៅថ្ងៃចន្ទថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin គ្រោងនឹងចូលរួមកិច្ចប្រជុំកំពូល G-20 នៅក្នុងប្រទេសឥណ្ឌូណេស៊ី នៅខែវិច្ឆិកាខាងមុខនេះ។ លោក Yuri Ushakov បានប្រាប់ក្រុមអ្នកសារព័ត៌មានថា៖ «យើងបានទទួលលិខិតអញ្ជើញជាផ្លូវការ ហើយយើងបានឆ្លើយតបដោយវិជ្ជមាន ថា យើងចង់ចូលរួម»។ លោកបន្ថែមថា នៅយូរទៀតទើបដល់ពេលមានកិច្ចប្រជុំនេះដែលនឹងធ្វើឡើងពីថ្ងៃទី ១៥ និងទី ១៦ ខែវិច្ឆិកា នៅកោះបាលី ដូច្នេះរបៀបចូលរួមរបស់យើងអាចនឹងផ្លាស់ប្តូរ។ លោក Yuri Ushakov ថា «ប៉ុន្តែឥឡូវនេះ ការអញ្ជើញឲ្យចូលរួមគឺធ្វើឡើងដោយផ្ទាល់»។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
- ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងនៅថ្ងៃចន្ទថា រុស្ស៊ីបានប្រកាសបណ្តេញមន្ត្រីការទូតក្រិកចំនួន ៨ នាក់ ឱ្យចាកចេញពីប្រទេស ក្នុងពេល ៨ ថ្ងៃ។ ក្រសួងនេះឲ្យដឹងបន្ថែមទៀតថា រុស្ស៊ីបានកោះហៅឯកអគ្គរដ្ឋទូតក្រិក មកប្រាប់អំពីអ្វីដែលខ្លួនបានចាត់ទុកថា ជា «សកម្មភាពដ៏ចម្រូងចម្រាសរបស់អាជ្ញាធរក្រិកមកលើរុស្ស៊ី រួមទាំងការផ្គត់ផ្គង់អាវុធនិងសម្ភាៈយោធាដល់រដ្ឋាភិបាលអ៊ុយក្រែន»។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រទេសមានឧស្សាហកម្មជឿនលឿនទាំង ៧ ហៅថា G-7 នឹងបន្តដាក់សម្ពាធលើរុស្ស៊ីចំពោះការឈ្លានពានលើប្រទេសអ៊ុយក្រែន។ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានថ្លែងដូច្នេះកាលពីថ្ងៃចន្ទ ក្នុងកិច្ចប្រជុំកំពូល G-7 ដែលអាល្លឺម៉ង់ជាម្ចាស់ផ្ទះរៀបចំជំនួបនេះ។ លោកបានថ្លែងថា៖ «ក្នុងនាមជាប្រទេស G-7 យើងនៅតែបន្តសាមគ្គីជាមួយអ៊ុយក្រែន ហើយនឹងបន្តការគាំទ្ររបស់យើង។ ដូច្នេះ យើងត្រូវតែធ្វើសេចក្តីសម្រេចចិត្តដ៏ពិបាកតែចាំបាច់»។ លោក Olaf Scholz បានសរសេរដូច្នេះនៅក្នុងសារបង្ហោះតាមបណ្តាញសង្គម Twitter ដោយបានអរគុណប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ដែលបានថ្លែងទៅកាន់មេដឹកនាំពិភពលោកតាមរយៈវីដេអូ។ អធិការបតីអាល្លឺម៉ង់ក៏បានថ្លែងបន្តទៀតថា៖ «យើងនឹងបន្តបង្កើនសម្ពាធលើប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។ សង្គ្រាមនេះត្រូវតែបញ្ចប់»។
- លោក Volodymyr Zelenskyy កាលពីថ្ងៃចន្ទ បានជំរុញឲ្យមេដឹកនាំនៅកិច្ចប្រជុំប្រទេស G-7 ធ្វើឲ្យអស់ពីសមត្ថភាពដើម្បីបញ្ចប់ការឈ្លានពានរបស់រុស្ស៊ីលើប្រទេសរបស់លោក នៅត្រឹមចុងឆ្នាំ ២០២២ នេះ។ នេះបើយោងតាមប្រភពមួយដែលបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP។
- កាលពីថ្ងៃចន្ទ លោក Volodymyr Zelenskyy បានស្នើសុំប្រព័ន្ធការពារការវាយប្រហារតាមអាកាស ការដាក់ទណ្ឌកម្មបន្ថែមទៀតលើរុស្ស៊ី និងការធានាសន្តិសុខ នៅពេលលោកបានថ្លែងទៅកាន់ក្រុមមេដឹកនាំនៃប្រទេសជាសមាជិក G-7 ។ នេះបើតាមមន្ត្រីអឺរ៉ុបម្នាក់ដែលបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters។ ថ្លែងទៅកាន់កិច្ចប្រជុំ G-7 នៅ Bavarian Alps តាមវីដេអូ លោក Zelenskyy ក៏បានស្នើសុំជំនួយឲ្យមានការនាំចេញគ្រាប់ធញ្ញជាតិពីប្រទេសអ៊ុយក្រែន និងជំនួយកសាងប្រទេសឡើងវិញ។ នេះបើយោងតាមមន្ត្រីអឺរ៉ុបដដែលនោះដែលបានប្រាប់ Reuters ដោយមិនបញ្ចេញអត្តសញ្ញាណ។
- កាលពីថ្ងៃចន្ទ សហរដ្ឋអាមេរិកបានប្រកាសទណ្ឌកម្មថ្មីរបស់ប្រទេស G-7 លើវិស័យការពារជាតិរបស់រុស្ស៊ី ក្នុងគោលបំណងដើម្បីធ្វើឲ្យសមត្ថភាពយោធារបស់រដ្ឋាភិបាលរុស្ស៊ីចុះខ្សោយ ក្នុងអំឡុងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ សេតវិមានបានឲ្យដឹងថា៖ «មេដឹកនាំ G-7 នឹងសហការគ្នា ហើយពង្រីកទណ្ឌកម្មចំគោលដៅ ដើម្បីរឹតត្បិតការទទួលបានរបស់រុស្ស៊ីនូវ» បច្ចេកវិទ្យារបស់ប្រទេសលោកខាងលិចដែលអាចជួយដល់វិស័យយោធារបស់រុស្ស៊ី។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
- នៅថ្ងៃចន្ទនេះ កងទ័ពរុស្ស៊ីកំពុងវាយប្រយុទ្ធដើម្បីចូលកាន់កាប់ទីក្រុង Lysychansk ដែលជាទីក្រុងដ៏ធំមួយចុងក្រោយបង្អស់គ្រប់គ្រងដោយទាហានអ៊ុយក្រែនក្នុងតំបន់ Luhansk ភាគខាងកើតប្រទេសអ៊ុយក្រែន បន្ទាប់ពីក្រុមផ្តាច់ខ្លួនពីរដ្ឋាភិបាលអ៊ុយក្រែនដែលគាំទ្រដោយរុស្ស៊ី បានអះអាងថា ពួកគេកំពុងក្តោបក្តាប់ទីតាំងប្រយុទ្ធជាច្រើនកន្លែង។ នេះយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
- នៅថ្ងៃចន្ទដដែលនេះ អាជ្ញាធរក្នុងតំបន់បានជំរុញឲ្យជនស៊ីវិលជម្លៀសខ្លួនជាបន្ទាន់ចេញពីទីក្រុង Lysychansk ភាគខាងកើតប្រទេសអ៊ុយក្រែន ដែលកំពុងត្រូវបានវាយប្រហារដោយកងទ័ពរុស្ស៊ី។ លោក Serhiy Gaidai អភិបាលតំបន់ Luhansk បានសរសេរជាសារនៅលើបណ្តាញ Telegram ថា៖ «ជូនចំពោះប្រជាពលរដ្ឋក្នុងសហគមន៍នៃទីក្រុង Lysychansk និងសាច់ញាតិជាទីគោរព! ដោយសារតែគ្រោះថ្នាក់ជាក់ស្តែងដល់ជីវិតនិងសុខភាព យើងសូមអំពាវនាវឲ្យអ្នកទាំងអស់គ្នាជម្លៀសខ្លួនជាបន្ទាន់»។ លោកបានបន្ថែមថា ស្ថានភាពនៅទីក្រុង Lysychansk ពិតជា «លំបាកខ្លាំង» ប៉ុន្តែលោកមិនបានប្រាប់ឲ្យដឹងថាតើជនស៊ីវិលប៉ុន្មាននាក់កំពុងស្ថិតក្នុងតំបន់នេះទេ។ មុនការឈ្លានពានរបស់រុស្ស៊ីកាលពីថ្ងៃទី ២៤ ខែកុម្ភៈ មនុស្សប្រមាណ ១ សែននាក់ រស់នៅទីនោះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
- អភិបាលក្នុងតំបន់បានឲ្យដឹងកាលពីថ្ងៃចន្ទថា ស្ត្រីពីរនាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់រុស្ស៊ីលើតំបន់ Kharkiv ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅនេះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
- ប្រទេសអ៊ុយក្រែននឹងតំបន់ខ្ពស់ក្នុងទីក្រុង Lysychansk ដើម្បីការពារមូលដ្ឋានយោធានៅភាគខាងកើតប្រទេស បន្ទាប់ពីបានដកខ្លួនចេញពីតំបន់ប្រយុទ្ធបង្ហូរឈាមជាមួយរុស្ស៊ីនៅក្នុងទីក្រុងក្បែរនោះ ហើយរដ្ឋាភិបាលអ៊ុយក្រែននឹងព្យាយាមគ្រប់គ្រងស្ថានភាពក្នុងតំបន់នោះ។ នេះបើយោងតាមប្រធានក្រុមចារកម្មយោធារបស់អ៊ុយក្រែន កាលពីថ្ងៃសៅរ៍។ រុស្ស៊ីបានពង្រឹងកម្លាំងទ័ពឡើងវិញដោយបញ្ជូនកងទ័ពបម្រុង ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រប្រមូលផ្តុំដើម្បីវាយកាន់កាប់ ហើយយើងមិនអាចសង្ឃឹមទេថា រុស្ស៊ីនឹងខ្វះសមាសធាតុកងទ័ពសម្រាប់សង្គ្រាមនៅអ៊ុយក្រែននេះ។ លោក Kyrylo Budanov ប្រធានក្រុមចារកម្មយោធាអ៊ុយក្រែន បានថ្លែងដូច្នេះប្រាប់ទីភ្នាក់ងារព័ត៌មានReuters។
- លោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី នឹងធ្វើដំណើរទៅកាន់ប្រទេស Tajikistan (តាហ្ស៊ីគីស្ថាន) នៅថ្ងៃអង្គារ។ នេះបើយោងតាមអ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ី។ នេះគឺជាការធ្វើដំណើរចេញក្រៅប្រទេសលើកដំបូងរបស់លោក Putin ចាប់តាំងពីរដ្ឋាភិបាលរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន។ ថ្លែងអំពីទស្សនកិច្ចរបស់លោក Putin ទៅកាន់ប្រទេសដែលជាអតីតសមាជិកសហភាពសូវៀតនិងជាសម្ព័ន្ធមិត្តរបស់រដ្ឋាភិបាលរុស្ស៊ី លោក Dmitry Peskov អ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ី បាននិយាយថា៖ «ដំណើរទស្សនកិច្ចបំពេញការងាររបស់លោកប្រធានាធិបតី Putin ទៅកាន់ប្រទេស តាហ្ស៊ីគីស្ថាន(តាហ្ស៊ីគីស្ថាន) ត្រូវបានគ្រោងធ្វើឡើងនៅថ្ងៃអង្គារ»។ លោក Putin ក៏ត្រូវបានរំពឹងថានឹងធ្វើដំណើរទៅកាន់ប្រទេស Turkmenistan(តួកម៉េនីស្ថាន) នៅថ្ងៃពុធដើម្បីចូលរួមកិច្ចប្រជុំកំពូលរបស់បណ្តាប្រទេសដែលមានព្រំដែនជាប់សមុទ្រ Caspain។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP៕