ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។

LIVE BLOG: ព្រឹត្តិការណ៍ថ្មីៗអំពីការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ៣ វិច្ឆិកា ២០២២

រុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែន តាំងពីថ្ងៃទី២៤ ខែកម្ភៈ មក។ សូមតាមដានព្រឹត្តិការណ៍ថ្មីៗប្រចាំថ្ងៃទាក់ទងនឹងវិបត្តិអ៊ុយក្រែន នៅ​លើ​ទំព័រ Live Blog ដែលផ្សាយផ្ទាល់នេះ។

២១:០៣ ២៦.៦.២០២២

ថ្ងៃអាទិត្យ ទី ២៦ ខែមិថុនា៖

  • ការ​វាយ​ប្រហារ​ដោយ​កាំជ្រួច​មីស៊ីល​របស់​រុស្ស៊ី ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ​នេះ​បាន​បាញ់​ចំ​សំណង់​អគារ​លំនៅដ្ឋាន​ជាច្រើន​ខ្នង​ នៅ​រដ្ឋធានី​កៀវ ប្រទេស​អ៊ុយក្រែន ​ដោយ​បណ្តាល​ឲ្យ​មនុស្ស​មួយ​ចំនួន​ជាប់គាំង​ក្រោម​កម្ទេចកម្ទី​អគារ ​និង​យ៉ាង​ហោច​ណាស់ ​មនុស្ស ​៤ នាក់​បាន​រងរបួស​ហើយ​ត្រូវ​បាន​ជួយ​សង្គ្រោះ​ទៅ​មន្ទីរពេទ្យ។ ​នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​អភិបាល​ក្រុងនេះ។ ​ករណី​ផ្ទុះ​ចំនួន​បួន​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង ​៦ៈ៣០ ​នាទី​ព្រឹក​ថ្ងៃ​អាទិត្យ​ម៉ោង​នៅ​អ៊ុយក្រែន​គឺ​ កន្លះ​ម៉ោង​បន្ទាប់​ពី​ស៊ីរ៉ែន​ប្រកាស​អាសន្ន​អំពី​ការ​វាយ​ប្រហារតាម​អាកាស​ត្រូវ​បាន​ពន្លឺ​ឡើងនៅ​ទូទាំង​ក្រុង​នេះ។ អភិបាល​ក្រុង​កៀវ​លោក ​Vitali Klitschko បាន​ឲ្យ​ដឹង​ថា​ ក្នុង​ចំណោម​អ្នករបួស​៤នាក់​នេះ​រួម​មាន​ក្មេង​ស្រី​អាយុ​ ៧ ឆ្នាំ​ម្នាក់​ផង​ដែរ។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​ព័ត៌មាន​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។​
  • ក្រោយ​ពីរុស្ស៊ី​ធ្វើការ​វាយ​ប្រហារ​ទីក្រុង​កៀវ​ជា​លើក​ទីមួយ​ក្នុង​រយៈពេល​បី​សប្តាហ៍​មក​នេះ ប្រទេស​អ៊ុយក្រែន​បាន​អំពាវនាវ​សុំ​ការ​គាំទ្រ​ពី​មេ​ដឹកនាំ​នៃ​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន​ទាំង ​៧ ​ហៅ​ថា G-7 ដែល​ជួប​ប្រជុំ​គ្នា​នៅ​ប្រទេស​អាល្លឺម៉ង់។​ ការ​វាយប្រហារ​របស់​រុស្ស៊ី​បាន​កើត​ឡើង​នៅ​តំបន់​ទី​ប្រជុំ​ជន​មួយ ​ក្បែរ​រោងចក្រ​ស្តុក​អាវុធ​មួយ។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​ព័ត៌មាន​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​អាទិត្យ​ថា​ ខ្លួន​បាន​ប្រើ​អាវុធ​បាញ់​ចំ​គោលដៅ​ដ៏​មាន​ប្រសិទ្ធ​ភាព​ខ្ពស់ ​ដើម្បី​វាយ​ប្រហារ​លើ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​យោធា​អ៊ុយក្រែន​នៅតំបន់​ Chernihiv, Zhytomyr ​និង​ Lviv​ ក្នុង​ប្រទេស​អ៊ុយក្រែន។​ នេះ​បើ​តាម​សេចក្តី​រាយ​ការណ៍​ព័ត៌មាន​រុស្ស៊ី​ ដែល​ត្រូវ​បាន​ដកស្រង់​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​ឱ្យ​ដឹង​ថា​ រដ្ឋមន្ត្រី​របស់​ខ្លួន​គឺ​លោក ​Sergei Shoigu ​បាន​ចុះ​ពិនិត្យ​កង​យោធា​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។ នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​លើក​ឡើង​ថា៖​ «នៅ​ឯ​បញ្ជាការ​ដ្ឋាន​របស់​កងយោធា​រុស្ស៊ី ​ លោក ​Sergei Shoigu​ បាន​ស្តាប់​សេចក្តី​រាយ​ការណ៍​ពី​មេបញ្ជាការ​អំពី​ស្ថានភាព​បច្ចុប្បន្ន​និង​សកម្មភាព​របស់​កង​កម្លាំង​រុស្ស៊ី​នៅ​តំបន់​ប្រតិបត្តិការ​សំខាន់ៗ»។ គេ​មិន​ទាន់​អាច​បញ្ជាក់​នៅ​ឡើយ​ថា​តើ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​រូប​នេះ​ត្រូវបាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ណា​នោះ​ទេ។ ​នេះ​បើ​យោង​តាម​សេចក្តី​រាយ​ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន ​Reuters។​

ទាហានអ៊ុយក្រែនធ្វើប្រតិបត្តិការសង្គ្រោះមនុស្សនៅសំណង់អគារលំនៅដ្ឋានមួយ ដែលរងការបំផ្លិចបំផ្លាញដោយការវាយប្រហារកាំជ្រួចមីស៊ីលរបស់រុស្ស៊ី នៅក្នុងទីក្រុងកៀវ កាលពីថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២២។
ទាហានអ៊ុយក្រែនធ្វើប្រតិបត្តិការសង្គ្រោះមនុស្សនៅសំណង់អគារលំនៅដ្ឋានមួយ ដែលរងការបំផ្លិចបំផ្លាញដោយការវាយប្រហារកាំជ្រួចមីស៊ីលរបស់រុស្ស៊ី នៅក្នុងទីក្រុងកៀវ កាលពីថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២២។

  • រដ្ឋាភិបាល​អ៊ុយក្រែន​បាន​អំពាវនាវ​ឱ្យ​មេ​ដឹកនាំ​នៃ​បណ្តា​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន​ទាំង ​៧ ​ផ្តល់​សព្វាវុធ​បន្ថែម​ទៀត​ដល់​ប្រទេស​អ៊ុយក្រែន ​ហើយ​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​លើ​រដ្ឋាភិបាល​រុស្ស៊ី។ ​ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​រុស្ស៊ី​បាន​វាយប្រហារ​ដោយ​កាំជ្រួច​មីស៊ីល​លើ​ទីក្រុង​កៀវ ​នៅ​ថ្ងៃ​អាទិត្យ​នេះ។​ លោក​ Dmytro Kuleba​ រដ្ឋមន្ត្រី​ការ​បរទេស​អ៊ុយក្រែន​ បាន​សរសេរ​ជា​សារ​បង្ហោះ​តាម​បណ្តាញ​ Twitter ​ថា៖ ​«កិច្ចប្រជុំ​កំពូល​ G-7 ​ចាំបាច់​ត្រូវតែ​ឆ្លើយ​តប​ដោយ​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​លើ​រុស្ស៊ី ​ហើយ​ផ្តល់​អាវុធ​ធុនធ្ងន់​បន្ថែម​ទៀត​ដល់​អ៊ុយក្រែន។ ​អំពើ​ចក្រពត្តិ​និយម​ដ៏​ឆ្កួត​របស់​រុស្ស៊ី​ ត្រូវតែ​បរាជ័យ»។​ នេះ​បើ​យោង​តាម​សេចក្តី​រាយ​ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។​
  • កង​ទ័ព​រុស្ស៊ី​កំពុង​តែ​ស្វះស្វែង​ដណ្តើម​យក​ទាំងមូល​នូវ​តំបន់​ចុង​ក្រោយ​បង្អស់​មួួួយ​របស់​កងទ័ព​អ៊ុយក្រែន​ នៅ​តំបន់ ​Luhansk ​ ភាគខាង​កើត​ ស្រប​ពេល​ដែល​ពួកគេ​កំពុង​បង្កើន​សកម្មភាព​ប្រយុទ្ធ​ដណ្តើម​កាន់កាប់​តំបន់​ផ្សេងៗ​ទៀត ​ ក្រោយ​ទាហាន​អ៊ុយក្រែន​បាន​ដក​ខ្លួន​ចេញ​ពី​ទីក្រុង ​Sievierodonetsk ​ដែល​រង​ការ​បំផ្លិច​បំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ។​ យោធា​រុស្ស៊ី​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សៅរ៍​ថា ​ ក្រុម​ផ្តាច់​ខ្លួន​ពី​អ៊ុយក្រែន ​គាំទ្រ​ដោយ​រដ្ឋាភិបាល​រុស្ស៊ី ​កំពុង​គ្រប់គ្រង​រោងចក្រ​គីមី​ទាំង​ស្រុង។ ​នេះ​ជា​តំបន់​ចុង​ក្រោយ​បង្អស់​ដែល​ទាហាន​អ៊ុយក្រែន​បាន​កាន់​កាប់​នៅ​ទីក្រុង​ Sievierodonetsk។​ នេះ បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន ​The Associated Press។​
  • នៅ​កិច្ច​ប្រជុំ​កំពូល ​G-7 ​ នៅថ្ងៃ​អាទិត្យ​នេះ ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ​Joe Biden ​បាន​ចាត់ទុក​ថា​ សកម្មភាព​វាយ​ប្រហារ​ថ្មីៗ​របស់​រុស្ស៊ី​លើ​ទីក្រុង​កៀវ ​ជា​អំពើ​ «សាហាវ​ព្រៃផ្សៃ»។ ​នៅកិច្ច​ប្រជុំ​កំពូល​នេះ​នៅ​តំបន់​ភ្នំ​ German Alps ​ លោក​ Biden ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​ថា ​«នេះ​គឺ​ជា​សកម្មភាព​សាហាវ​ព្រៃផ្សៃ​បន្ថែម​ទៀត​របស់​រុស្ស៊ី»។ ​នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។ ​
  • លោក ​Biden ​បាន​កោត​សរសើរ​អធិការបតី​អាល្លឺម៉ង់​លោក​ Olaf Scholz​ នូវ​ការ​ដឹក​នាំ​របស់​លោក​ ក្នុង​អំឡុង​សង្គ្រាម​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន​ ហើយ​បាន​ជំរុញ​ឲ្យ​ប្រទេស​លោក​ខាង​លិច​បន្ត​សាមគ្គី​គ្នា។ ​ លោក​បាន​ប្រាប់​លោក​ Olaf Scholz ​ថា៖ ​«យើង​ត្រូវតែ​សាមគ្គីគ្នា​តទៅ​ទៀត»។ ​លោក​បន្ត​ថា ​ ប្រធានាធិបតី​រុស្ស៊ី​លោក​ Vladimir Putin ​បាន​រំពឹង​ថា ​«អង្គការ​អូតង់​និង​ G-7 ​នឹង​បែកបាក់​គ្នា។ ​ប៉ុន្តែ​យើង​មិន​បាន​បែកបាក់​ទេ​ ហើយ​យើង​នឹង​មិន​បែកបាក់​គ្នា​ឡើយ»។​ នេះ​បើ​យោង​តាម​សេចក្តី​រាយ​ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។ ​
  • ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក​ Joko Widodo ​ដែល​គេ​ស្គាល់​ជា​ទូទៅ ​ថា​ Jokowi ​ បាន​ថ្លែង​នៅ​ថ្ងៃ​អាទិត្យ​នេះ​ ថា ​ លោក​នឹង​ជំរុញ​ឲ្យ​សមភាគី​រុស្ស៊ី​និង​អ៊ុយក្រែន​បើក​ឱកាស​ដើម្បី​ឲ្យ​មាន​ការ​ពិភាក្សា​គ្នា​ក្នុង​អំឡុង​បេសក​កម្ម​កសាង​សន្តិភាព​មួយ​ ហើយ​ក៏​បាន​ស្នើ​ឲ្យ​ប្រធានាធិបតី​រុស្ស៊ី​លោក ​ Vladimir Putin ​បញ្ជា​ឲ្យ​មាន​ការ​បទ​ឈប់​បាញ់​ភ្លាមៗ។ ​ មុន​ពេល​ធ្វើ​ដំណើរ​ទៅ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​ G-7​ នៅ​ប្រទេស​អាល្លឺម៉ង់​ លោក​ បាន​ថ្លែង​ថា​ «សង្គ្រាម​ត្រូវតែ​បញ្ចប់ ​ ហើយ​សង្វាក់​ផ្គត់ផ្គង់​ចំណី​អាហារ​សកល​ត្រូវតែ​ដំណើរការ​ឡើង​វិញ»។ ​នេះ​បើ​យោង​តាម​សេចក្តី​រាយ​ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters។ ​
  • សមាជិក​នៃ​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន​ទាំង​ ៧​នៅ​ថ្ងៃ​អាទិត្យ ​នេះ​បាន​ប្រកាស​បំរាម​ហាម​ការ​នាំ​មាស​ពី​រុស្ស៊ី។ ​ការ​ថ្លែង​នេះ​ធ្វើ​ឡើង​ក្នុង​កិច្ច​ប្រជុំ​កំពូល​ G-7 ​ចាប់​ផ្តើម​នៅ​តំបន់​ជួរ​ភ្នំ ​Bavarian Alps ​ក្នុង​ប្រទេស​អាល្លឺម៉ង់ ​ គ្រា​សង្គ្រាម​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​កំពុង​បន្ត​ ហើយ​ផល​ប៉ះពាល់​នៃ​សង្គ្រាម​នេះ​កំពុង​បង្ក​ឲ្យ​មាន​ការ​ខ្វះខាត​ថាមពល​និង​វិបត្តិ​ចំណី​អាហារ។ ​ វិធានាការ​ដែល​ធ្វើ​ឡើង​ដោយ​ចក្រភព​អង់គ្លេស ​សហ​រដ្ឋ​អាមេរិក ​ជប៉ុន ​និង​កាណាដា​នេះ​ គឺ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ប្រឹងប្រែង​នានា​ដើម្បី​ពង្រឹង​ការ​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​រុស្ស៊ី ​និង​កាត់​ផ្តាច់​ចរន្ត​ហិរញ្ញវត្ថុ​ដែល​រុស្ស៊ី​ពឹង​ផ្អែក​ដើម្បី​គាំទ្រ​ការ​ឈ្លានពាន​លើ​ប្រទេស​អ៊ុយក្រែន ​រយៈពេល​ជាង​បួន​ខែ​មក​នេះ។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters៕
១៩:៥៣ ២៤.៦.២០២២

ថ្ងៃសុក្រ ទី ២៤ ខែមិថុនា៖

  • ប្រធានាធិបតី​អ៊ុយក្រែន​លោកVolodymyr Zelenskyy កាលពី​ថ្ងៃ​សុក្រ​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​មហោស្រព​តន្ត្រី Glastonbury ដោយ​បាន​ថ្លែង​ជំរុញ​ឲ្យ​អ្នក​ចូលរួម​មហោស្រព​នេះ​សាមគ្គី​គ្នា​ដើម្បី​ព្យាយាម​បញ្ឈប់​សង្គ្រាម​នៅ​អ៊ុយក្រែន។ លោក Zelenskyy បាន​ថ្លែង​ជា​ភាសា​អង់គ្លេស​នៅ​ក្នុង​សារ​ជាវីដេអូ​ដែល​ត្រូវបាន​ថត​ទុក​ជាមុន​ទៅកាន់​មនុស្ស​រាប់​ពាន់នាក់​ដែល​បាន​ចូលរួម​មហោស្រព​តន្ត្រី​នេះ​នៅ​ទីក្រុង Worthy Farm ភាគ​និរតី​នៃ​ប្រទេស​អង់គ្លេស ។ លោក​បាន​ថ្លែង​ក្នុង​សម្លៀក​បំពាក់​អាវ​យឺត​ទាហាន​របស់​លោក​ថា៖ «រុស្ស៊ី​បាន​ប្លន់យក​សន្តិភាព​របស់​យើង»។ នេះ​បើ​យោង​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ ងារ​ព័ត៌មាន​បារាំង AFP។ ​
  • ជា​ថ្មី​ម្តង​ទៀត ចំនួន​ជនជាតិ​អ៊ុយក្រែន​ដែល​បាន​ឆ្លង​កាត់​ព្រំដែន​ចូល​ប្រទេស​ប៉ូឡូញ​បាន​កើន​ច្រើន​ជាង​ចំនួន​ជនជាតិ​អ៊ុយក្រែន​ដែល​បាន​ចាកចេញ​ពី​ប៉ូឡូញ​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន​វិញ​ដែល​ខុស​គ្នា​កាលពីមួយ​ខែ​មុន។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​ប៉ូឡូញ​កាលពី​ថ្ងៃ​សុក្រ។ យោង​តាម​អាជ្ញាធរ​ព្រំដែន​ប៉ូឡូញ​បាន​ឱ្យ​ដឹង​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ ជនជាតិ​អ៊ុយក្រែន​ជា​មធ្យម​ជាង ៣ ពាន់​នាក់​បាន​ចូល​ក្នុង​ប្រទេស​ប៉ូឡូញ។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។ ​
  • ប្រទេស​ប៉ូឡូញ​កំពុង​ទទួល​បាន​កម្ចីជា​ថវិកា​ចំនួន ៤៥០ លាន​អឺរ៉ូ (៤៧៤លាន​ដុល្លារ​អាមេរិក)ពី​ធនាគារ​មួយ​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​ក្រុម​ការពារ​សិទ្ធិមនុស្ស​មួយ​របស់​អឺរ៉ុប​ដើម្បី​ជួយ​ប៉ូឡូញ​ទប់ទល់​នឹង​ការហូរចូល​នៃ​ជន​ភៀសខ្លួន​ដែល​បាន​ភៀស​ខ្លួន​ពី​ប្រទេស​អ៊ុយក្រែន ដោយសារ​តែ​ការ​ឈ្លានពាន​របស់​រុស្ស៊ី។ ប៉ូឡូញ​និង​ក្រុម ប្រឹក្សា​នៃ​ធនាគារ​អភិវឌ្ឍ​អឺរ៉ុប​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​កម្ចី​នេះ​កាលពី​ថ្ងៃ​សុក្រ។ ចាប់​តាំង​ពី​ខែ​កុម្ភៈ​មក ជន​ភៀស​ខ្លួន​ប្រមាណ ៤ លាន ៣ សែន​នាក់​បាន​ឆ្លង​ព្រំដែន​ចូល​ប្រទេស​ប៉ូឡូញ បន្ទាប់ពី​រុស្ស៊ី​បាន​ចាប់ផ្តើម​ឈ្លានពាន​លើ​អ៊ុយក្រែន។ ប៉ូឡូញ​កំពុង​ផ្តល់​ទីជម្រក កិច្ចគាំពារ​ផ្នែក​សុខាភិបាល​និង​សង្គម​និង​ឱកាស​ទទួល​បាន​ការ​អប់រំ​និង​ការងារ​ដល់​ជនភៀសខ្លួន​ទាំង​អស់​នេះ។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន The Associated Press។

រូបឯកសារ៖ ប៉ូលិសព្រំដែនរូម៉ានីជួយសម្រួលដល់ការធ្វើដំណើររបស់ជនភៀសខ្លួនអ៊ុយក្រែនដែលភាគច្រើនជាស្ត្រីនិងកុមារ ក្រោយពួកគេបានទៅដល់តំបន់ឆ្លងព្រំដែន Isaccea-Orlivka ក្នុងប្រទេសរូម៉ានី ថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២២។
រូបឯកសារ៖ ប៉ូលិសព្រំដែនរូម៉ានីជួយសម្រួលដល់ការធ្វើដំណើររបស់ជនភៀសខ្លួនអ៊ុយក្រែនដែលភាគច្រើនជាស្ត្រីនិងកុមារ ក្រោយពួកគេបានទៅដល់តំបន់ឆ្លងព្រំដែន Isaccea-Orlivka ក្នុងប្រទេសរូម៉ានី ថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២២។

  • មជ្ឈមណ្ឌល​កីឡា​មួយ​នៅ​ទីក្រុង Kharkiv ត្រូវបាន​បំផ្លាញ​យ៉ាង​ដំណំ ក្រោយពី​រង​ការវាយប្រហារ​កាលពី​យប់​ថ្ងៃព្រហស្បតិ៍។ យោង​តាម​មន្ត្រី​អ៊ុយក្រែន​កាលពី​ថ្ងៃ​សុក្រ​ ក្លឹប​ពហុ​កីឡាដ្ឋានKharkiv បាន​ត្រូវ​កាំជ្រួច​មីស៊ីល​ចំនួន២គ្រាប់ ដែល​បាន​បង្ក​ឱ្យ​មាន​អគ្គិភ័យ​ហើយ​អគារ​នេះ​ស្ទើរតែ​ខូចខាត​ទាំង​ស្រុង។ ករណី​ស្លាប់​ឬ​រងរបួស​មិន​ទាន់​ត្រូវបាន​រាយការណ៍​នៅ​ឡើយ​ទេ។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន The Associated Press។
  • ទីភ្នាក់ងារ​ឃ្លាំមើល​នុយក្លេអ៊ែរ​របស់​អង្គការ​សហប្រជាជាតិ កំពុង​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ឡើង​អំពី​ស្ថានភាព​របស់​បុគ្គលិក​អ៊ុយក្រែន​នៅ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ Zaporizhzhia នៅ​អ៊ុយក្រែនដែល​កំពុង​គ្រប់គ្រង​ដោយ​ទាហាន​រុស្ស៊ី។ ទីភ្នាក់ងារ​ថាមពលបរិមាណូ​អន្តរជាតិ IAEA បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ សុក្រ​ថា៖ «ទីភ្នាក់ងារIAEA បាន​ដឹង​អំពី​សេចក្តី​រាយការណ៍​ថ្មីៗ​នៅ​ក្នុង​សារព័ត៌មាន​និង​តាម​ទីកន្លែង​ផ្សេងៗ​ទៀត ​ដែល​បង្ហាញ​ពី​ស្ថានភាព​ដុនដាប​ទៅៗរបស់​បុគ្គលិក​អ៊ុយក្រែន​នៅ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ដ៏​ធំ​បង្អស់​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន»។ ទីភ្នាក់ងារ​នោះ​បានបន្ថែម​ថា ខ្លួន​ចាំបាច់​ធ្វើដំណើរ​ទៅកាន់​រោងចក្រ​នោះ​ឲ្យ​បាន​ឆាប់​តាមតែ​អាច​ធ្វើ​បាន។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • រុស្ស៊ី​កំពុង​តែ​ធ្វើ​ឲ្យ​មាន​អសន្តិសុខ​ចំណី​អាហារ​កាន់តែ​ធ្ងន់ធ្ងរ​ទៅ ដោយ​ការវាយ​ប្រ ហារ​ដោយ​គ្រាប់​បែក​និង​បិទច្រក​ចេញចូល​លើ​ហេដ្ឋារចនា​សម្ព័ន្ធ​សំខាន់ៗ​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​មួយ​ដែល​ចេញ​ផ្សាយ​ដោយ​ក្រុម​រដ្ឋមន្ត្រី​ការបរទេស​នៃ​បណ្តា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន​ទាំង ៧ ហៅ​ថា G-7 កាលពី​ថ្ងៃ​សុក្រ។ ក្រុម​រដ្ឋមន្ត្រី​ទាំង​នេះ​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​រុស្ស៊ី​ «បញ្ឈប់​សកម្មភាព​វាយប្រហារ​របស់​ខ្លួន​ ហើយ​បាន​គំរាម​ចាត់​វិធានការ​ ហើយ​ឲ្យ​រស្ស៊ី​បើក​ច្រក​កំពង់ផែ​នានា​នៅ​តំបន់​សមុទ្រ​ខ្មៅ​ក្នុង​ប្រទេស​អ៊ុយក្រែន សម្រាប់​ការ​នាំចេញ​ចំណី​អាហារ»។ នេះ​បើ​យោងតាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។ ​
  • អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​រុស្ស៊ីលោក Igor Konashenkov បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សុក្រ​ថា ក្រុម​អ្នក​ប្រយុទ្ធអ៊ុយក្រែន​ប្រមាណ ២ ពាន់​នាក់​កំពុង «ជាប់​គាំង» នៅ​ក្នុង​តំបន់ Hirske ដែល​ស្ថិត​ចម្ងាយ ២០ គីឡូម៉ែត្រ​ពី​ភាគខាង​ត្បូង​នៃ​ទីក្រុង Sievierodonetsk។ អ្នក​នាំពាក្យ​រូប​នេះ​បាន​អះអាង​ថា អ្នក​ជាប់​គាំង​នៅ​ទីនោះ រួមមាន​ទាហាន​អ៊ុយក្រែន​ចំនួន ១.៨០០ នាក់​និង​ទាហាន​ស៊ីឈ្នួល​បរទេស​ចំនួន ៨០ នាក់ រួមទាំង​ក្រុម​អ្នក​ប្រយុទ្ធ «Right Sector»។ ទីភ្នាក់ងារ​ព័ត៌មាន The Associated Press មិន​មាន​មធ្យោបាយ​ដើម្បី​បញ្ជាក់​ពី​ការលើកឡើង​របស់​អ្នកនាំពាក្យ​រុស្ស៊ី​បាន​ទេ ហើយ​លោក Igor Konashenkov ក៏​មិន​បាន​ផ្តល់​ភស្តុតាង ឬ​ព័ត៌មាន​លម្អិត​ផ្សេង​ទៀត​ដែរ។
  • លោក Serhiy Gaidai អភិបាល​តំបន់ Luhansk បាន​ឲ្យ​ដឹង​ថា កង​កម្លាំង​យោធា​អ៊ុយក្រែន​នឹង​ត្រូវ​ចាកចេញ​ពី​ទីក្រុង Sievierodonetsk។ លោក​ថា កង​ទ័ព​បាន​ទទួល​បញ្ជា​ឲ្យ​ចាកចេញ​ពី​ទីតាំង​នេះ ហើយ​ផ្លាស់​ទៅ​ទីតាំង​ថ្មី ក៏ប៉ុន្តែ​អភិបាល​តំបន់​រូប​នេះ​មិន​បាន​បញ្ជាក់​ថា​តើ​កងយោធា​អ៊ុយក្រែន​បាន​ចាកចេញ​ពី​ទីក្រុង Sievierodonetsk រួច​ហើយ​ឬ​ក៏​យ៉ាង​ណា​នោះ​ទេ។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • រដ្ឋាភិបាល​រុស្ស៊ី​បាន​ឲ្យដឹង​នៅ​ថ្ងៃ​សុក្រ​ថា សេចក្តី​សម្រេច​របស់​សហភាព​អឺរ៉ុប​ក្នុង​ការ​ផ្តល់​ឲ្យ​ប្រទេស​អ៊ុយក្រែន​នូវ​ឋានៈ​ជា​សមាជិក​នៃ​សហភាព​អឺរ៉ុប​ជា​ផ្លូវការ​ គឺជា​បញ្ហា«ផ្ទៃក្នុង»។ រុស្ស៊ី​បាន​កំពុង​ធ្វើ​ប្រតិបត្តិការ​យោធា​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។ លោក Dmitry Peskov អ្នក​នាំពាក្យ​រដ្ឋាភិបាល​រុស្ស៊ី បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា៖ «ទាំង​នេះ​ជា​កិច្ចការ​ផ្ទៃក្នុង​របស់​សហភាព​អឺរ៉ុប។ វា​សំខាន់​សម្រាប់​យើង​ដែល​ដំណើរការ​នេះ​មិន​នាំ​មក​នូវ​បញ្ហា​ថែម​ទៀត​ដល់​រុស្ស៊ី និង​បញ្ហា​ឯទៀតៗ​ដល់​ទំនាក់​ទំនង​របស់​រុស្ស៊ី​ជាមួយ​ប្រទេស​ទាំងអស់​នោះ»។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP។
  • កាលពី​ព្រឹក​ថ្ងៃ​សុក្រ មន្ត្រី​អ៊ុយក្រែន​ក្នុង​តំបន់​ម្នាក់​បាន​ថ្លែង​តាម​ទូរទស្សន៍​ថា ស្រុក​មួយ​ដែល​ស្ថិត​នៅ​ភាគខាង​ត្បូង​នៃ​ទីក្រុង Lysychansk ក្នុង​តំបន់ Luhansk ត្រូវ​បាន​កង​កម្លាំង​យោធា​រុស្ស៊ី «ក្តោបក្តាប់​ទាំងស្រុង»។ ទីក្រុង Lysychansk ជា​ទីក្រុង​ដ៏​ធំ​ចុង​ក្រោយ​បង្អស់​មួយ​ដែល​អ៊ុយក្រែន​បាន​កាន់កាប់​នៅ​ក្នុង​តំបន់ Luhansk។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • អាជ្ញាធរ​ក្នុង​តំបន់​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ​ថា មន្ត្រី​ដែល​តែងតាំង​ដោយ​រដ្ឋាភិបាល​រុស្ស៊ី​នៅ​តំបន់ Kherson ភាគ​ខាង​ត្បូង​នៃ​ប្រទេស​អ៊ុយក្រែន​បាន​ស្លាប់​នៅ​ក្នុង​ករណី​ផ្ទុះ​មួយ។ នេះ​គឺជា​ករណី​វាយប្រហារ​ជា​បន្តបន្ទាប់​លើ​ក្រុម​មន្ត្រី​ដែល​គាំទ្រ​រដ្ឋាភិបាល​រស្ស៊ី​នៅ​ក្នុង​តំបន់​នានា​នៃ​ប្រទេស​អ៊ុយក្រែន ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​រុស្ស៊ី។ ហើយ​នេះ​គឺជា​ករណី​សម្លាប់​ដំបូង​គេ​នៃ​មន្ត្រី​ដែល​គាំទ្រ​រដ្ឋាភិបាល​រុស្ស៊ី​នៅ​ក្នុង​ករណី​វាយ​ប្រហារ​នេះ ដែល​ត្រូវបាន​បញ្ជាក់។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ទាហានអ៊ុយក្រែនម្នាក់ឈរមើលស្ថានភាពបំផ្លិចបំផ្លាញសំណង់អគារនៃសាកលវិទ្យាល័យជាតិបច្ចេកវិទ្យា ក្នុងទីក្រុង Kharkiv ប្រទេសអ៊ុយក្រែន ថ្ងៃសុក្រ ទី ២៤ ខែមិថុនា ឆ្នាំ ២០២២។
ទាហានអ៊ុយក្រែនម្នាក់ឈរមើលស្ថានភាពបំផ្លិចបំផ្លាញសំណង់អគារនៃសាកលវិទ្យាល័យជាតិបច្ចេកវិទ្យា ក្នុងទីក្រុង Kharkiv ប្រទេសអ៊ុយក្រែន ថ្ងៃសុក្រ ទី ២៤ ខែមិថុនា ឆ្នាំ ២០២២។

  • អាជ្ញាធរ​នៅ​ក្នុង​ទីប្រជុំជន Derhachi ភាគ​ពាយព្យ​នៃ​ទីក្រុង Kharkiv បាន​ឲ្យដឹង​ថា ការបាញ់​ផ្តក់​យ៉ាង​ពេញ​ទំហឹង​របស់​ទាហាន​រុស្ស៊ី​បាន​កាត់ផ្តាច់​បណ្តាញ​ផ្គត់ផ្គង់​ឧស្ម័ន​ធម្មជាតិ​និង​អគ្គិសនី​នៅ​ក្នុង​ទីប្រជុំ​ជន​នោះ។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • មន្ត្រី​យោធា​អ៊ុយក្រែន​បាន​ឲ្យ​ដឹង​ថា នៅ​ភាគខាង​ត្បូង​ប្រទេស​អ៊ុយក្រែន កាំជ្រួច​មី ស៊ីល​ចំនួន ៣ គ្រាប់​បាន​បាញ់​ចំ​ទីក្រុង​កំពង់ផែ Mykolaiv កាលពី​ថ្ងៃ​ព្រហស្បតិ៍ ខណៈ​ដែល​កាំជ្រួច​មីស៊ីល ២ គ្រាប់ទៀតបាន​បាញ់​ចំ​តំបន់​ក្បែរ​ទីក្រុង Odesa។ ទីភ្នាក់ងារ​ព័ត៌ មាន Reuters មិន​អាច​បញ្ជាក់​ដោយ​ឯករាជ្យ​លើ​សេចក្តី​រាយការណ៍​ស្តីពី​ស្ថានភាព​នៅ​តំបន់​នោះ​បាន​ទេ។
  • កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក្រុម​មន្ត្រី​អាមេរិក​បាន​ឲ្យ​ដឹង​ថា សហរដ្ឋ​អាមេរិក​នឹង​ផ្តល់​ជំនួយ​ផ្នែក​សន្តិសុខ​ជា​ទឹកប្រាក់ ៤៥០ លាន​ដុល្លារ​បន្ថែម​ទៀត​ដល់​ប្រទេស​អ៊ុយក្រែន រួម​ទាំង​ប្រព័ន្ធ​រ៉ុក្កែត​វង់​ប្រតិបត្តិការ​ឆ្ងាយ​ទៀត​ផងដែរ។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ក្រុម​រដ្ឋមន្ត្រី​ផ្នែក​កសិកម្ម​និង​ការអភិវឌ្ឍ​និង​មន្ត្រី​ការបរទេស​មក​ពី​បណ្តា​ប្រទេស​ជុំវិញ​ពិភពលោក​បាន​ជួប​ប្រជុំ​ពិភាក្សា​គ្នា​នៅ​ទីក្រុង​ប៊ែឡាំង ប្រទេស​អាល្លឺម៉ង់ នៅ​ថ្ងៃ​សុក្រ នៅ​ក្នុង​សន្និសីទ​ស្តីពី​សន្តិសុខ​ចំណីអាហារ​ ខណៈ​មាន​ក្តី​ព្រួយបារម្ភ​ថា សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​អាច​បង្ក​ជា​គ្រោះ​ទុរភក្ស​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន។ តំណាង​ប្រទេស​ចំនួន៤០ រួមមាន​ប្រទេស​ដែល​រងផល​ប៉ះពាល់​ខ្លាំង​ជាង​គេ​ដូចជា នីហ្សេរីយ៉ា ទុយនីស៊ី និង​ឥណ្ឌូណេស៊ី នឹង​ចូលរួម​កិច្ច​ប្រជុំ​នេះ ដែល​មាន​ប្រធាន​បទ​ថា «សាមគ្គី ភាព​គ្នា​ដើម្បី​សន្តិសុខ​ចំណីអាហារ​សកលលោក» មុន​កិច្ច​ប្រជុំ​កំពូល​របស់​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន​ទាំង ៧ ហៅថា G-7 នៅ​ទីក្រុង Bavariaប្រទេស​អាល្លឺ ម៉ង់​ ដែល​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​អាទិត្យ។ នេះ​បើ​យោងតាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មានAFP។

រថយន្តមួយសំចតនៅស្ថានីយផលិតគ្រាបធញ្ញជាតិមួយកន្លែង ក្នុងអំឡុងពេលប្រមូលផលស្រូវសាឡី ក្នុងតំបន់ Odesa ខណៈការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននៅតែបន្ត នៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២២។
រថយន្តមួយសំចតនៅស្ថានីយផលិតគ្រាបធញ្ញជាតិមួយកន្លែង ក្នុងអំឡុងពេលប្រមូលផលស្រូវសាឡី ក្នុងតំបន់ Odesa ខណៈការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននៅតែបន្ត នៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២២។

  • ក្រសួង​សេដ្ឋកិច្ច​អាល្លឺម៉ង់​កំពុង​ពិចារណា​ប្រែក្លាយ​តំបន់​ខ្លះ​នៃ​បណ្តាញ​បំពង់​បង្ហូរ​ឧស្ម័នNord Stream 2 ទៅជា​ទីតាំង​ផ្សារភ្ជាប់​ស្ថានីយ​ឧស្ម័ន​ធម្មជាតិ​រាវ​មួយ​នៅ​តំបន់​ឆ្នេរ​សមុទ្រ​បាល់ទិក។ នេះ​បើ​យោង​តាម​សេចក្តីរាយការណ៍​របស់​កាសែត​អាល្លឺម៉ង់ Der Spiegel ដែល​ត្រូវបាន​ដកស្រង់​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • រដ្ឋាភិបាល​រុស្ស៊ី​ថា ខ្លួន​មិន​អាច​ឆ្លើយតប​នឹង​សេចក្តីរាយការណ៍​របស់​កាសែត​អាល្លឺម៉ង់ Der Spiegel ដែល​បាន​លើក​ឡើង​ថា អាល្លឺម៉ង់​កំពុង​ពិចារណា​លើ​ការ​កាត់ផ្តាច់​បណ្តាញ​បំពង់បង្ហូរ​ប្រេង Nord Stream 2 នោះ​ទេ។ យ៉ាងណា​មិញ លោក Dmitry Peskov អ្នក​នាំពាក្យ​រដ្ឋាភិបាល​រុស្ស៊ី​ បាន​ថ្លែង​ថា បើសិន​ជា​អាល្លឺម៉ង់​ចាត់​វិធានការ​ជាក់ស្តែង​លើ​ការកាត់ផ្តាច់​តំបន់​បង្ហូរ​ប្រេង​មែន​នោះ កិច្ចការ​ដំបូង​ដែល​រុស្ស៊ី​ត្រូវ​ធ្វើ គឺឲ្យ​ក្រុម​មេធាវី​ចាត់ចែង​លើ​កិច្ចការ​នេះ។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres បាន​ព្រមាន​ថា ពិភពលោក​នឹង​ប្រឈម «គ្រោះ​មហន្តរាយ» ដោយសារ​តែ​កង្វះខាត​ចំណីអាហារ​នៅ​ជុំវិញ​ពិភពលោក។ លោក​បាន​ឲ្យដឹង​ថា សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​បាន​បង្ក​ឲ្យ​មាន «វិបត្តិ​ភាព​អត់ឃ្លាន​សកល​លោក​ដែល​មិន​ធ្លាប់​មាន​ពី​មុន» ដែល​កំពុងតែ​បង្ក​ផល​ប៉ះពាល់​ដល់​មនុស្ស​រាប់​លាននាក់​រួច​ទៅ​ហើយ។ លោក​បាន​ថ្លែង​ទៀត​ថា ពិភពលោក​ប្រឈម «ហានិភ័យ​ពិតប្រាកដ​ដែល​នឹង​ប្រកាស​នៅ​ឆ្នាំ ២០២២ នេះ» ហើយ​ថា «ឆ្នាំ ២០២៣ អាច​នឹង​ធ្ងន់ធ្ងរ​ជាង​នេះ»។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន The Associated Press៕

២១:២៣ ២៣.៦.២០២២

ថ្ងៃពុធ ទី២២ ខែមិថុនា៖

  • រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ុយក្រែន​បាន​និយាយ​ថា​ អ៊ុយក្រែន​បាន​ទទួល​ជំនួយ​របស់​សហ​រដ្ឋ​អាមេរិក​ដែល​មាន​ប្រព័ន្ធ​រ៉ុក្កែត​កាំភ្លើងធំ​ចល័ត​កម្រិតខ្ពស់​ (HIMARS)។ ​ប្រព័ន្ធ​ដែល​បំពាក់​លើ​រថយន្ត​នេះ​អាច​ផ្ទុក​គ្រាប់​រ៉ុក្កែត​បាន​ចំនួន​ប្រាំមួយ​គ្រាប់​ដែល​អាច​បាញ់​បានចម្ងាយ​ប្រហែល​៧០​ គីឡូម៉ែត្រ។ ​កាលពី​ដើម​ខែ​នេះ​ សហ​រដ្ឋ​អាមេរិក​បាន​ប្រកាស​ថា ​ខ្លួន​កំពុង​បញ្ជូន​ជំនួយ​យោធា​ចំនួន​១ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត​ដល់​អ៊ុយក្រែន។ នោះ​ជា​ការផ្តល់អាវុធ ​និង​ឧបករណ៍​ធំ​បំផុត​លើក​ទី១២​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ ដែល​មាន​បំណង​ប្រឈមមុខ​នឹង​ការ​ជំរុល​ទៅ​មុខ​យឺតៗ​របស់​រុស្ស៊ី ​នៅ​តំបន់​ Donbas​ ដែល​នៅ​ភាគ​ខាងកើត​នៃ​ប្រទេស​អ៊ុយក្រែន។​
រូបឯកសារ៖ កងកម្លាំងយោធាសហរដ្ឋអាមេរិកបានបាញ់គ្រាប់រ៉ុក្កែត High Mobility Artillery Rocket System (HIMARS) ក្នុងអំឡុងពេលសមយុទ្ធបាញ់គ្រាប់ពិតប្រចាំឆ្នាំរបស់ហ្វីលីពីន-អាមេរិក (PHIBLEX) នៅក្នុងទីក្រុង Capas ខេត្ត Tarlac ភាគខាងជើងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦។
រូបឯកសារ៖ កងកម្លាំងយោធាសហរដ្ឋអាមេរិកបានបាញ់គ្រាប់រ៉ុក្កែត High Mobility Artillery Rocket System (HIMARS) ក្នុងអំឡុងពេលសមយុទ្ធបាញ់គ្រាប់ពិតប្រចាំឆ្នាំរបស់ហ្វីលីពីន-អាមេរិក (PHIBLEX) នៅក្នុងទីក្រុង Capas ខេត្ត Tarlac ភាគខាងជើងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦។
  • វិទ្យុអឺរ់ុប​សេរី / វិទ្យុសេរីភាព ​(RFE/RL) ​បាន​រាយ​ការណ៍​ថា ​ក្រុមហ៊ុន​សម្លៀក​បំពាក់​កីឡា​ដ៏ធំ​របស់​អាមេរិកាំង​ម៉ាក​ Nike​ និយាយ​ថា ​ខ្លួន​ចាក​ចេញ​ពី​ទីផ្សារ​រុស្ស៊ី​ទាំង​ស្រុង​ក្នុង​រយៈ​ពេល​បី​ខែ​បន្ទាប់ពី​ការ​ផ្អាក​ប្រតិបត្តិការនៅ​ក្នុង​ប្រទេស​នេះ។​ ក្រុមហ៊ុន​ Nike ​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ខ្លួន​កំពុង​ចូលរួម​ជា​មួយ​យីហោ​លោក​ខាង​លិច​សំខាន់ៗ​ផ្សេង​ទៀត​ក្នុង​ការ​ចាក​ចេញ​ពី​ទីផ្សារ​រុស្ស៊ី​ ដោយសារ​ការ​ចូល​ឈ្លាន​ពានរបស់​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​ទៅ​លើ​អ៊ុយក្រែន ​ដោយ​គ្មាន​ការ​បង្កហេតុ។​ ​
  • វិទ្យុអឺរ់ុប​សេរី / វិទ្យុសេរីភាព ​(RFE/RL) ​បាន​រាយ​ការណ៍​ដោយ​ស្រង់​សម្តី​មន្ត្រី​ក្នុង​តំបន់​ Luhansk ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ កង​កម្លាំង​រុស្ស៊ី​បាន​វាយ​យក​បាន​កន្លែង​តាំង​លំនៅ​ចំនួន​ពីរ​នៅ​ភាគ​ខាង​ត្បូង​នៃ​ទីក្រុង​ Lysychansk ​ដ៏​សំខាន់​ក្នុង​តំបន់​ Donbas​ ខណៈដែល​ពួកគេ​បានបន្ត​ការ​វាយ​លុក​មួយ​ក្នុង​គោល​បំណង​កាត់​ផ្តាច់​ទាំង​ស្រុង​នូវ​ការ​តស៊ូ​របស់​អ៊ុយក្រែន​នៅ​ក្នុង​តំបន់​ Luhansk។ ក្រសួង​ការពារ​ជាតិ​អង់គ្លេស​បាន​និយាយ​នៅ​ក្នុង​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​ព័ត៌មាន​ចារកម្ម​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​ថា ​ការធ្វើ​ឱ្យ​ប្រសើរឡើង​នូវ​ប្រតិបត្តិការ​យោធា​របស់​រុស្ស៊ី​នៅក្នុង​តំបន់​ Lysychansk​ និង​ទីក្រុង​ភ្លោះ ​Syevyerodonetsk ​ទំនង​ជា​លទ្ធផល​នៃ​ការ​ពង្រឹង​កងទ័ព​នាពេល​ថ្មីៗ​នេះ​ និង​ការ​ប្រើប្រាស់​កាំភ្លើង​ធំ​ច្រើន។ អភិបាល​យោធា​នៃ​តំបន់​ Luhansk ​លោក Serhiy Hayday ​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ភូមិ Loskutyvka ​និង​ Rai-Oleksandryvka ​នៅ​ភាគ​ខាងត្បូង​នៃ​ទីក្រុង​ Lysychansk ​និង​ Syevyerodonetsk​ បាន​ធ្លាក់​ទៅ​រុស្ស៊ី ​ប៉ុន្តែ​លោក​បាន​បន្ថែម​ថា ​កងកម្លាំង​អ៊ុយក្រែន​នៅតែ​បន្ត​ទប់ទល់​នៅ​ទីក្រុង​Syevyerodonetsk ​និង​កន្លែង​តាំង​លំនៅ​នៅ Zolote និង ​Vovchoyrovka ​ដែល​នៅ​ក្បែរ​នោះ។
  • អ៊ុយក្រែន​រំពឹង​ថា ​នឹង​បើក​សវនាការ​បឋម​នៅ​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​កាត់ទោស​ទាហាន​រុស្ស៊ី​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​រំលោភ​ស្ត្រី​អ៊ុយក្រែន​ម្នាក់​ក្នុង​អំឡុង​ពេល​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។ ​នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។​ ជន​សង្ស័យ​ឈ្មោះ​ Mikhail Romanov ​អាយុ​៣២​ឆ្នាំ​ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឃាតកម្ម​លើ​ជនស៊ីវិល​នៅ​ក្នុង​តំបន់​ជុំវិញ​ទីក្រុង​កៀវ​ ហើយ​បន្ទាប់​មក​បាន​រំលោភ​ប្រពន្ធ​របស់​បុរស​នោះ​ម្តង​ហើយ​ម្តង​ទៀត។ ​ទាហាន​នោះ​មិន​ស្ថិត​ក្នុង​មន្ទីរ​ឃុំឃាំង​របស់​អ៊ុយក្រែន​ទេ​ ហើយ​នឹង​ត្រូវ​កាត់​ទោស​កំបាំង​មុខ។​
  • ទីតាំង​វប្បធម៌ ​និង​ប្រវត្តិសាស្ត្រ​ជាង​១៥២​ត្រូវ​បាន​ខូចខាត​ ឬ​បំផ្លាញ​ចាប់តាំង​ពី​កងកម្លាំង​រុស្ស៊ី​បាន​ឈ្លានពាន​អ៊ុយក្រែន​ក្នុង​ខែកុម្ភៈ។ ​ នេះ​បើយោង​តាម​សេចក្តី​រាយ​ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​ AFP។​ សំណង់​ដែល​ខូច ​ឬ​បំផ្លាញនោះរួមមាន​ សារមន្ទីរ ​វិមាន ​ព្រះវិហារ ​និង​បណ្ណាល័យ។​
  • ទីភ្នាក់ងារ​ព័ត៌មាន​ The Associated Press ​កត់​សម្គាល់​ថា​ កិច្ចប្រជុំ​កំពូល​ចំនួន​បី​នៅ​សប្តាហ៍​ក្រោយ​នឹង​សាកល្បង​ការ​ប្តេជ្ញា​ចិត្ត​របស់​បស្ចិម​ប្រទេស​ក្នុង​ការ​គាំទ្រ​អ៊ុយក្រែន៖ មេដឹកនាំ​សហភាព​អឺរ៉ុប​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង​ព្រុចសែល​ ដើម្បី​ពិចារណា​បេក្ខភាព​អ៊ុយក្រែន​ជា​សមាជិក​សហភាព​អឺរ៉ុប។​ ក្រុម​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ឈានមុខ​គេ​ទាំង​ប្រាំពីរ​នឹង​រៀបចំ​កិច្ចប្រជុំ​កំពូល​ប្រចាំ​ឆ្នាំនៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់។ ​បន្ទាប់ពី​នោះ ​មេដឹកនាំ​អូតង់​នឹង​ជួបជុំ​គ្នា​នៅ​ទីក្រុង​ម៉ាឌ្រីដ។
រូបឯកសារ៖ ទាហាន​អ៊ុយក្រែន​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​តំបន់​ឧស្សាហកម្ម​នៃ​ទីក្រុង Sievierodonetsk ខណៈ​ដែល​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​មក​លើ​អ៊ុយក្រែន​នៅ​តែ​បន្ត អ៊ុយក្រែន ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០២២។
រូបឯកសារ៖ ទាហាន​អ៊ុយក្រែន​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​តំបន់​ឧស្សាហកម្ម​នៃ​ទីក្រុង Sievierodonetsk ខណៈ​ដែល​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​មក​លើ​អ៊ុយក្រែន​នៅ​តែ​បន្ត អ៊ុយក្រែន ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០២២។
  • កាសែត​ The New York Times ​រាយ​ការណ៍​ថា ​ទាំង​កង​កម្លាំង​អ៊ុយក្រែន​ និង​រុស្ស៊ី​កាន់តែ​នឿយហត់​ នៅ​ពេល​ដែល​ពួក​គេ​ប្រយុទ្ធ​ដណ្តើម​ទីក្រុង​ Sievierodonetsk ​និង​ Lysychansk។ លោក​ Mick Ryan ​ឧត្តមសេនីយ៍​អូស្ត្រាលី​ចូល​និវត្តន៍​ និង​ជា​មេបញ្ជាការ​នៃ​មហា​វិទ្យាល័យ​ការពារ​ជាតិ​អូស្ត្រាលី​ បាន​សរសេរ​ក្នុង​ការ​វិភាគ​ថ្មីៗ​នេះ​ថា​ «មាន​ភស្តុតាង​ដែល​ថា​ ភាគី​ទាំងពីរ​ ជិត​អស់​កម្លាំង​ ដោយសារ​ចំនួន​អ្នកស្លាប់​បាត់បង់​ជីវិត​ និង​ការ​ចំណាយ​គ្រាប់រំសេវ​ច្រើន។ ទំនង​ណាស់​ថា​ ប្រតិបត្តិការ​នឹង​ផ្អាក​នៅខែ​ក្រោយ ​ឬ​ពីរខែ​ទៀត»។​
  • ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​រុស្ស៊ី ​Tass ​បាន​ឱ្យ​ដឹង​ថា​ ពលរដ្ឋ​អង់គ្លេស​ពីរ​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​កងកម្លាំង​រុស្ស៊ី​នឹង​ប្តឹង​ឧទ្ធរណ៍​ចំពោះ​ការ​កាត់ទោស​ប្រហារ​ជីវិត​របស់​ពួកគេ។​ លោក​ Shaun Pinner ​និង​លោក ​Aiden Aslin ​បាន​ជួយ​កងកម្លាំង​អ៊ុយក្រែន​ក្នុង​ការ​ប្រយុទ្ធនៅ​ទីក្រុង​Mariupol ​នៅពេល​ដែល​ពួកគេ​ត្រូវ​បាន​ចាប់ខ្លួន​ ហើយ​ក្រោយ​មក​ត្រូវ​បានកាត់ទោស​នៅក្នុង​តុលាការ​ក្នុង​សាធារណរដ្ឋ​ប្រជាមានិត​ Donetsk ​ដែលជា​រដ្ឋបំបែក​ខ្លួន​គាំទ្រ​ដោយ​រុស្ស៊ី។​
  • នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ លោក​ Boris Johnson ​បាន​ប្រាប់​ក្រុម​បណ្តាញ​ព័ត៌មាន​អឺរ៉ុប​ថា​ ចារកម្ម​អង់គ្លេស​ជឿ​ថា​ រុស្ស៊ី​អាច​បាត់បង់​សន្ទុះ​ក្នុង​ការ​ប្រយុទ្ធ​ក្នុង​ប៉ុន្មាន​ខែ​ខាង​មុខ​ ដោយសារ​ធនធាន​របស់​ខ្លួន​ត្រូវ​បាន​បាត់បង់​នៅក្នុង​សង្គ្រាម​ដែល​មាន​ការ​បាញ់ផ្លោង​យ៉ាង​ធ្ងន់ធ្ងរ​ និង​ការស្លាប់​បាត់បង់​ជីវិត​ច្រើន។ ​អ្នកការទូត​អឺរ៉ុប​ម្នាក់​បាន​ប្រាប់​កាសែត​ The Washington Post ​ថា​ កងកម្លាំង​របស់​ទីក្រុង​មូស្គូ​អាច​នឹង​អស់​កម្លាំង​នៅ​ប្រហែល​ខែ​សីហា។​
  • មេ​ដឹកនាំ​នៃ​ប្រទេស​អេស្តូនី ​បាន​និយាយ​កាលពី​ថ្ងៃពុធ​ថា​ សមត្ថភាព​យោធា​របស់​រុស្ស៊ី​មិន​ទាន់​អស់​ទេ​ ហើយ​មិនគួរ​មើល​ស្រាល​ឡើយ។​ អ្នកស្រី​ Kaja Kallas​ នាយក​រដ្ឋមន្ត្រី​របស់​អេស្តូនី​បាន​និយាយ​ដូច​នេះ​នៅមុន​កិច្ចប្រជុំ​កំពូល​របស់​អង្គការ​អូតង់។​ អ្នកស្រី​បាន​បន្ថែម​ប្រាប់​ទីភ្នាក់ងារ​សារ​ព័ត៌មាន ​AP​ ថា៖ ​«ខ្ញុំ​បាន​ឮ​ការ​ពិភាក្សាថា គ្មាន​ការ​គំរាម​កំហែង​ទៀត​ទេ​ ពីព្រោះ​ពួក​គេ​បាន​អស់កម្លាំង។​ ទេ ​ពួកគេ​មិនទាន់​អស់​កម្លាំង​ទេ»៕
២២:៣៧ ២២.៦.២០២២

ថ្ងៃពុធ ទី២២ ខែមិថុនា៖

  • ទីភ្នាក់ងារ​សារ​ព័ត៌មាន​ Reuters ​បាន​រាយ​ការណ៍​ថា​ កង​កម្លាំង​រុស្ស៊ី​បាន​បាញ់​រ៉ុក្កែត​លើទីក្រុង​ Kharkiv ​ដែល​ជា​ទីក្រុង​ធំ​ទីពីរ​របស់​អ៊ុយក្រែន ​និង​តំបន់​ជនបទ​ជុំវិញ​ ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​ ១៥​ នាក់​ នៅ​ក្នុង​នោះ​រដ្ឋាភិបាលក្រុង​កៀវ​ហៅ​ថា ការ​ប៉ុនប៉ង​ដើម្បី​បង្ខំ​ឱ្យ​ខ្លួន​ទាញ​យក​កម្លាំង​ពី​សមរភូមិ​ដ៏​សំខាន់​មក​ការពារ​ជនស៊ីវិល​ក្នុង​ការ​វាយ​ប្រហារ​នេះ។​ ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​លើ​ទីក្រុង​ Kharkiv​ ពេញ​មួយ​ថ្ងៃអង្គារ​ និង​បន្ត​នៅព្រឹក​ថ្ងៃពុធ​ គឺ​ជា​ការ​វាយ​ប្រហារ​ដ៏​អាក្រក់​បំផុត​ក្នុង​ប៉ុន្មាន​សប្តាហ៍​នេះ​នៅ​ក្នុង​តំបន់​ដែល​ការ​រស់​នៅ​បាន​វិលត្រឡប់​មក​ធម្មតា​វិញ​ ចាប់តាំង​ពី​អ៊ុយក្រែន​បាន​រុញច្រាន​កងកម្លាំង​រុស្ស៊ី​ត្រឡប់​ទៅ​វិញ​នៅ​ក្នុង​ការ​វាយ​បក​ដ៏​ធំ​មួយ​កាលពី​ខែ​មុន។​
រូបឯកសារ៖ ធុងសណ្ដែកដែលបែកបាក់ត្រូវបានគេឃើញនៅផ្ទះរបស់ អ្នកស្រី Raisa Kozakova អាយុ ៨៥ ឆ្នាំ បន្ទាប់ពីគ្រាប់បែកផ្លោងមួយបានធ្លាក់លើសួនច្បាររបស់អ្នកស្រី ហើយបានសម្លាប់អ្នកស្រី ខណៈពេលដែលអ្នកស្រីកំពុងប្រមូលបន្លែ នេះបើយោងតាមចៅប្រុសរបស់អ្នកស្រី នៅក្នុងសង្កាត់ឧស្សាហកម្មក្នុងទីក្រុង Kharkiv ប្រទេសអ៊ុយក្រែន ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២២។
រូបឯកសារ៖ ធុងសណ្ដែកដែលបែកបាក់ត្រូវបានគេឃើញនៅផ្ទះរបស់ អ្នកស្រី Raisa Kozakova អាយុ ៨៥ ឆ្នាំ បន្ទាប់ពីគ្រាប់បែកផ្លោងមួយបានធ្លាក់លើសួនច្បាររបស់អ្នកស្រី ហើយបានសម្លាប់អ្នកស្រី ខណៈពេលដែលអ្នកស្រីកំពុងប្រមូលបន្លែ នេះបើយោងតាមចៅប្រុសរបស់អ្នកស្រី នៅក្នុងសង្កាត់ឧស្សាហកម្មក្នុងទីក្រុង Kharkiv ប្រទេសអ៊ុយក្រែន ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២២។
  • កង​កម្លាំង​ប្រដាប់​អាវុធ​បារាំង​បាន​ធ្វើ​សមយុទ្ធ​យោធា​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​ក្នុង​ប្រទេស​អេស្តូនី​ ដោយ​ដាក់​ពង្រាយ​ទាហាន​ឆ័ត្រ​យោង​ជាង​១០០​នាក់​នៅ​ប្រទេស​អេស្តូនី ​ដែល​ជា​ប្រទេស​ជិត​ខាង​របស់​រុស្ស៊ី។​ នេះ​បើតាម​ទីភ្នាក់ងារ​សារព័ត៌មាន​ The Associated Press បាន​រាយការណ៍​កាលពី​ថ្ងៃពុធ ​ដោយ​ដកស្រង់​ពី​ក្រសួង​ការពារ​ជាតិ​បារាំង។​ សេចក្តី​ថ្លែង​ការណ៍​បាន​និយាយ​ថា​ ប្រតិបត្តិការ​តាម​អាកាស​នេះ​បាន​ធ្វើឡើង​កាល​ពី​យប់​ថ្ងៃអង្គារ ហើយ​ត្រូវបាន​គេ​ដាក់​ឈ្មោះ​ថា ​ Thunder Lynx​ នោះ​ «បាន​បើក​ដំណើរការភ្លាមៗ​ ដោយមានការ​លោតឆ័ត្រ​របស់​ទាហាន​ឆ័ត្រយោង​ប្រហែល​១០០នាក់»​ ពី​កងពល​តូច​ទ័ព​អាកាស​ទី ១១​ របស់​បារាំង​ «លើ​តំបន់​ដែល​ការពារ​ដោយ​ទាហាន​អេស្តូនី»។​ សមយុទ្ធ​ដែល​រៀបចំ​យ៉ាង​ប្រញាប់​ប្រញាល់​ក្នុង​ប្រទេស​អេស្តូនី​ ដែល​ជា​សម្ព័ន្ធមិត្ត​អូតង់​នេះ​ ត្រូវ​បាន​ប្រតិបត្តិ​ជា​សកម្មភាព​«សាមគ្គីភាព​ជា​យុទ្ធសាស្ត្រ»​ ចំពេល​មាន​សង្រ្គាម​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន។​ សេចក្តី​ថ្លែង​ការណ៍​របស់​ក្រសួង​ការពារ​ជាតិ​បារាំង​បាន​និយាយ​ថា​ «ប្រតិបត្តិការ​តាម​អាកាស​នេះ​បង្ហាញ​ពី​សមត្ថភាព​របស់​កងកម្លាំង​ប្រដាប់​អាវុធ​បារាំង​ក្នុង​ការ​ធ្វើ​អន្តរាគមន៍​ ក្នុង​គ្រាអាសន្ន ​និង​គាំទ្រ​ប្រទេស​សម្ព័ន្ធមិត្ត»។​
  • សេចក្តីព្រាង​នៃ​សេចក្តី​ប្រកាស​ចុងក្រោយ​សម្រាប់​កិច្ចប្រជុំ​កំពូល​របស់​សហភាព​អឺរ៉ុប​នៅ​សប្តាហ៍​នេះ​ស្នើសុំ​ឋានៈ​បេក្ខភាពសម្រាប់​ប្រទេសអ៊ុយក្រែន​ និង​ម៉ុលដាវី។​ នេះ​បើ​តាម​ឯកសារ​ដែលវិទ្យុ​អឺរ៉ុប​សេរី /វិទ្យុសេរីភាព​បាន​ឃើញ។ ​លោក​ Jean Asselborn ​នៃ​ប្រទេស​ លុចសំបួ ​បាន​និយាយ​មុនកិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​សហភាព​អឺរ៉ុប​ថា ​នៅ​ក្នុង​សហភាព​អឺរ៉ុប​ «គ្មាន​ប្រទេស​ណា​មួយ​ជំទាស់»​នឹង​សំណើរ​នេះ​ទេ។​
  • ឯក​អគ្គរដ្ឋទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​នៅ​ប្រទេស​រុស្ស៊ី ​លោក ​John Sullivan ​បាន​និយាយ​ថា​ ការ​ឈ្លាន​ពាន​របស់​រុស្ស៊ីលើ​ប្រទេស​អ៊ុយក្រែន​ ដែល​ជា​ «ការ​ឈ្លានពាន​ដ៏ធំ»​នោះ​ គឺ​ជា​ប្រធានបទ​ដ៏​សំខាន់​មួយអំឡុងសន្និសីទ​នៃ​ប្រមុខ​បេសក​កម្ម​សកល​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ កាលពី​ថ្ងៃអង្គារ។​
  • រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អ៊ុយក្រែន​ លោក ​Oleksii Reznikov ​កាលពី​ថ្ងៃពុធ ​បាន​សរសេរ​នៅ​លើ បណ្តាញ ​Twitter​ ថា ​លោក​ទទួល​ស្វាគមន៍ព័ត៌មាន​នៃ​ទំនាក់ទំនង​ថ្មី​ជាមួយ​នឹង​គំនិត​ផ្តួចផ្តើម​សមុទ្រ​ ៣​ (3SI)។​ ប្រធានាធិបតី​ប៉ូឡូញ ​លោក ​Andrzej Duda ​បាន​ប្រកាស​ថា​ ប្រទេស​ជា​សមាជិក​គំនិត​ផ្តួចផ្តើម​សមុទ្រ​៣ ​បាន​ផ្តល់​ឋានៈ​ដល់​ប្រទេស​អ៊ុយក្រែន​ក្នុង​នាមជាដៃគូ​ចូល​រួម​ក្នុង​ក្រុម​នេះ​កាលពី​ថ្ងៃអង្គារ។ លោកនិយាយ​ថា ​វា​នឹង​ជួយ​អ៊ុយក្រែន​អភិវឌ្ឍ​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​គំនិត​ផ្តួចផ្តើម​សមុទ្រ​ ៣​ លើ​ផ្នែក​ថាមពល​ និង​ការ​ដឹក​ជញ្ជូន។ ​យោង​តាម​អង្គការ​នេះ ​គោលដៅ​ចម្បង​នៃ​គំនិត​ផ្តួចផ្តើម​នេះ​គឺ​ «ដើម្បី​ជំរុញ​កំណើន​សេដ្ឋ​កិច្ច ​និង​ភាព​ធន់​នៃ​តំបន់​នេះ ដោយ​ការ​អភិវឌ្ឍ​ការ​ដឹក​ជញ្ជូន ​ថាមពល ​និង​ហេដ្ឋារចនា​សម្ព័ន្ធ​ឌីជីថល»។ ​សមាជិក​នៃ​គំនិត​ផ្តួចផ្តើម​សមុទ្រសមុទ្រ​៣​នេះ​ រួម​មាន​ប្រទេស​ចំនួន​១២​នៅ​អឺរ៉ុប​ ដែល​ស្ថិត​នៅ​ចន្លោះ​សមុទ្រ​បាល់ទិក​ អាឌ្រីយ៉ាទិក ​និង​សមុទ្រ​ខ្មៅ។
រូបឯកសារ៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ថ្លែងទៅកាន់ប្រធានអគ្គសេនាធិការចម្រុះអាមេរិក លោកឧត្តមសេនីយ៍ Mark Milley និងរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន Oleksii Reznikov អំឡុងពេលកិច្ចប្រជុំក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែន នៅមុនកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអូតង់ នៅទីស្នាក់ការកណ្តាលរបស់សម្ព័ន្ធភាពអូតង់នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។
រូបឯកសារ៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ថ្លែងទៅកាន់ប្រធានអគ្គសេនាធិការចម្រុះអាមេរិក លោកឧត្តមសេនីយ៍ Mark Milley និងរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន Oleksii Reznikov អំឡុងពេលកិច្ចប្រជុំក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែន នៅមុនកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអូតង់ នៅទីស្នាក់ការកណ្តាលរបស់សម្ព័ន្ធភាពអូតង់នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។
  • ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃពុធ​ថា ​គណៈ​ប្រតិភូ​រុស្ស៊ី ​និង​តួកគី​បាន​យល់​ព្រម​បន្ត​ការ​ពិគ្រោះ​យោបល់​លើ​ការ​អនុញ្ញាត​ឲ្យ​កប៉ាល់​ចាកចេញ​ប្រកប​ដោយ​សុវត្ថិភាព​ និង​ការ​នាំចេញ​គ្រាប់​ធញ្ញជាតិ​ពី​កំពង់ផែ​អ៊ុយក្រែន។ ​អ៊ុយក្រែន​គឺជា​អ្នកផ្គត់ផ្គង់​ស្រូវ​សាលី​ធំជាង​គេ​បំផុត​មួយ​នៅ​ទូទាំង​ពិភពលោក​ ប៉ុន្តែ​ការ​នាំចេញ​គ្រាប់​ធញ្ញជាតិ​បាន​ជាប់គាំង​ ហើយ​គ្រាប់​ធញ្ញជាតិ​ជាច្រើន​តោន​ត្រូវជាប់​នៅ​ក្នុង​ឃ្លាំង​ ចាប់តាំង​ពី​រុស្ស៊ី​បាន​បញ្ជូន​កងទ័ព​ចូល​ទៅ​ឈ្លានពាន។​
  • រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​អាមេរិក ​លោក​ Merrick Garland​ បាន​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​អ៊ុយក្រែន​កាលពី​ថ្ងៃអង្គារ​ដើម្បី​បង្ហាញ​ការ​គាំទ្រ​របស់​អាមេរិក​ដល់​រដ្ឋាភិបាល​ក្រុង​កៀវ​ក្នុង​ការ​កាត់ទោស​កង​កម្លាំង​រុស្ស៊ី​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​សង្រ្គាម​ និង​អំពើ​ឃោរឃៅ​ផ្សេង​ទៀត។​ លោក​Garland ​បាន​ជួប​ជាមួយ​អគ្គរដ្ឋ​អាជ្ញា​អ៊ុយក្រែនគឺ​អ្នកស្រី​ Iryna Venediktova​ ដែល​កំពុង​ដឹកនាំ​ការ​ស៊ើប​អង្កេត​លើអ្វី​ដែល​ទីក្រុងកៀវ​និយាយ​ថា​ ជា​ឧក្រិដ្ឋកម្ម​សង្រ្គាម​ដែល​ត្រូវ​បាន​រាយ​ការណ៍​ចំនួន​១៦០០០​ករណី​ ចាប់តាំងពី​រុស្ស៊ី​បាន​ឈ្លានពាន​ប្រទេស​នេះ​កាលពី​ជិត​បួន​ខែ​មក​នេះ។​
  • ប្រទេស​ហ្វាំងឡង់​បាន​ត្រៀមខ្លួន​អស់​ជា​ច្រើន​ទសវត្សរ៍​សម្រាប់​ការវាយ​ប្រហារ​ដោយ​រុស្ស៊ី ​ហើយ​នឹង​តស៊ូ​យ៉ាង​ខ្លាំងក្លា​ ​ប្រសិន​បើ​មាន​ការ​វាយ​ប្រហារ​មែន។​ ​ទីភ្នាក់ងារ​សារព័ត៌មាន​ Reuters​ បាន​រាយ​ការណ៍​ដូច្នេះ​ដោយ​ដក​ស្រង់​សម្តី​ប្រមុខ​កងកម្លាំង​ប្រដាប់​អាវុធ​របស់​ហ្វាំងឡង់។​ ប្រទេស​ហ្វាំងឡង់​បាន​បង្កើន​អាវុធ​យុទ្ធភណ្ឌ​យ៉ាង​ច្រើន។ ​ប៉ុន្តែ​ក្រៅ​ពី​យុទ្ធោបករណ៍ លោក​ឧត្តម​សេនីយ៍​ Timo Kivinen ​បាន​និយាយ​ថា ​កត្តា​សំខាន់​មួយ​ទៀត​គឺថា ​ជនជាតិ​ហ្វាំងឡង់​មាន​ទឹកចិត្ត​ប្រយុទ្ធ។​ ប្រទេស​ហ្វាំងឡង់​បាន​ធ្វើ​សង្រ្គាម​ពីរ​លើក​ក្នុង​ទសវត្សរ៍​១៩៤០​ប្រឆាំង​នឹង​ប្រទេស​រុស្ស៊ី។​
  • ទីភ្នាក់ងារ​សារព័ត៌មាន ​Reuters ​បាន​រាយការណ៍​ថា​ សមាជិក​នៃ​គណៈប្រតិភូ​រុស្ស៊ី​ប្រចាំ​អង្គការ​សម្រាប់​សន្តិសុខ​ និង​កិច្ច​សហ​ប្រតិបត្តិការ​នៅ​អឺរ៉ុប ​ឬ ​OSCE​ ត្រូវ​បាន​អង់គ្លេស​បដិសេធ​មិនផ្តល់​ទិដ្ឋាការ​ទៅ​ចូលរួម​សម័យ​ប្រជុំ​បន្ទាប់​ទេ។​ លោក ​Vladimir Dzhabarov​ អនុប្រធាន​ទីមួយ​នៃ​គណៈកម្មាធិការ​កិច្ចការ​អន្តរជាតិ​នៃ​សភា​ជាន់ខ្ពស់​រុស្ស៊ី​បាន​ប្រាប់​ Reuters ដូច្នេះនៅ​ថ្ងៃពុធ។
  • ប្រធានាធិបតី​អាមេរិក​ លោក ​Joe Biden ​នឹង​និយាយ​នៅ​ថ្ងៃពុធ​នេះ ​អំពី​តម្លៃ​សាំង​ និង​ផលប៉ះពាល់សេដ្ឋកិច្ច​ដោយសារ​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន​ ខណៈ​លោក​ពិចារណា​ថា​ តើ​ត្រូវ​គាំទ្រ​ការផ្អាក​យក​ពន្ធ​សាំង​ដោយ​រដ្ឋាភិបាល​សហព័ន្ធ ឬ​យ៉ាង​ណា។​ លោក Biden ​បាន​និយាយ​ថា ​លោក​នឹង​ធ្វើការ​សម្រេច​ចិត្ត​ត្រឹម​ចុង​សប្តាហ៍​នេះ។ ​ពន្ធសាំង​ត្រូវ​បាន​កំណត់​ត្រឹម​១៨,៤​ សេន​ក្នុង​មួយ​ហ្គាឡុង ​ដោយ​ប្រាក់​ភាគ​ច្រើន​ប្រើប្រាស់​លើ​គម្រោង​សាង​សង់​ផ្លូវ។​
  • ក្រសួង​ការពារ​ជាតិ​របស់​ចក្រភព​អង់គ្លេស​បាន​និយាយ​កាលពី​ថ្ងៃពុធ​ថា​ ប្រទេស​រុស្ស៊ី​ទំនង​ជា​កំពុង​រៀបចំ​ដាក់​ពង្រាយ​កងទ័ព​បម្រុង​មួយ​ចំនួន​ធំ​ទៅ​កាន់​តំបន់​ Donbas ។ ​ក្រសួង​នេះ​បាន​និយាយ​ថា​ ការ​ស្លាប់បាត់​បង់ជីវិត​មាន​ចំនួន​ប្រហែល​ ៥៥% នៃ​កង​កម្លាំង​ដើម​របស់​កងទ័ព​សាធារណរដ្ឋ​ប្រជាមានិត​ Donetsk ​ដែល​ប្រកាស​ដោយ​ខ្លួន​ឯង​ (DPR) ​និង​ជា​តំបន់​រណបមួយ​របស់​រុស្ស៊ី​នៅ​ភាគ​ខាង​កើត​អ៊ុយក្រែន។​ តួលេខ​ដែល​បាន​ចេញ​ផ្សាយ​ដោយ​សាធារណរដ្ឋ​ប្រជាមានិត​ Donetsk ​បាន​បង្ហាញ​ថា ​គិតត្រឹម​ថ្ងៃ​ទី១៦​ ខែ​មិថុនា​ ទាហាន​ចំនួន​២.១២៨ ​នាក់​ត្រូវ​បាន​សម្លាប់​នៅក្នុង​បេសក​កម្ម​ ដោយ​មាន៨៨៩៧​នាក់​បាន​រងរបួស ​ចាប់​តាំង​ពីដើម​ឆ្នាំ​២០២២មក។​ ​នេះ​បើតាម​របាយ​ការណ៍​ដែល​បាន​បង្ហោះ​តាម​ប្រព័ន្ធ Twitter៕

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG