ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។

LIVE BLOG: ព្រឹត្តិការណ៍ថ្មីៗអំពីការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ៣ វិច្ឆិកា ២០២២

រុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែន តាំងពីថ្ងៃទី២៤ ខែកម្ភៈ មក។ សូមតាមដានព្រឹត្តិការណ៍ថ្មីៗប្រចាំថ្ងៃទាក់ទងនឹងវិបត្តិអ៊ុយក្រែន នៅ​លើ​ទំព័រ Live Blog ដែលផ្សាយផ្ទាល់នេះ។

២១:៤០ ២១.៦.២០២២

ថ្ងៃអង្គារ ទី២១ ខែមិថុនា៖

  • អ៊ុយក្រែន​បាន​ឃុំ​ខ្លួន​មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់ ​និង​មេដឹកនាំ​អាជីវកម្ម​ម្នាក់​ ដែល​សង្ស័យ​ថា​ ជា​ផ្នែក​មួយ​នៃ​បណ្តាញ​ចារកម្ម​រុស្ស៊ី។​ នេះ​បើ​តាម​សេចក្តី​រាយ​ការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន ​Reuters​ ​កាលពី​ថ្ងៃអង្គារ​ ដោយ​ដកស្រង់​ពី​សេវា​សន្តិសុខ​អ៊ុយក្រែន​(SBU)។​
  • សេវា​សន្តិសុខ​ (SBU) ​នេះ​មិន​បាន​បញ្ចេញ​ឈ្មោះ​ជនសង្ស័យ​ទាំងពីរ​នាក់​នោះ​ទេ​ ប៉ុន្តែ​បាន​បញ្ជាក់​អត្ត​សញ្ញាណ​ពួកគេ​ថា ​ជា​មន្ត្រី​ជាន់ខ្ពស់​នៅក្នុង​លេខាធិការដ្ឋាន​ខុទ្ទការល័យគណៈរដ្ឋមន្ត្រី ​និង​ម្នាក់​ទៀត​ជា​ប្រធាន​នាយកដ្ឋាន​នៅ​សភា​ពាណិជ្ជកម្ម ​និង​ឧស្សាហកម្ម ​ដែល​ជា​ក្រុម​បញ្ចុះ​បញ្ចូល​ធុរកិច្ច។ ​សេវា​សន្តិសុខ​នេះ​បាន​បញ្ជាក់​នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​តាម ​Telegram ​ថា​ ខ្លួន​បាន​អនុវត្ត​ «ប្រតិបត្តិការ​ពិសេស​ពហុ​ដំណាក់កាល»​ ដើម្បី​បង្ក្រាប​បណ្តាញ​ចារកម្ម​រុស្ស៊ី​ដែល​ជាប់​សង្ស័យ​នេះ។​
ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin ថត​រូប​ជាមួយ​និស្សិត​បញ្ចប់​ការ​សិក្សា​សាលា​យោធា​ក្នុង​ពេល​ជួប​ជុំ​នៅ​មុន​ថ្ងៃ​ខួប​លើក​ទី ៨១ នៃ​ការ​ឈ្លានពាន​របស់​ណាស៊ី​លើ​សហភាព​សូវៀត​ក្នុង​សង្គ្រាម​លោក​លើក​ទី ២ នៅ​ក្នុង​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២។
ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin ថត​រូប​ជាមួយ​និស្សិត​បញ្ចប់​ការ​សិក្សា​សាលា​យោធា​ក្នុង​ពេល​ជួប​ជុំ​នៅ​មុន​ថ្ងៃ​ខួប​លើក​ទី ៨១ នៃ​ការ​ឈ្លានពាន​របស់​ណាស៊ី​លើ​សហភាព​សូវៀត​ក្នុង​សង្គ្រាម​លោក​លើក​ទី ២ នៅ​ក្នុង​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២។
  • សម្ព័ន្ធ​មិត្ត​កំពូល​មួយ​រូប​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ាឌីមៀ ពូទីន ​បាន​ព្រមាន​ប្រទេស​លីទុយអានី​ កាលពី​ថ្ងៃអង្គារ​ថា​ រុស្ស៊ី​នឹង​ឆ្លើយតប​ទៅនឹង​ការ​បញ្ឈប់​ការដឹកជញ្ជូន​ទំនិញ​ ដែល​ត្រូវ​បាន​ដាក់ទណ្ឌកម្ម​ពី​សហភាព​អឺរ៉ុប​ ទៅកាន់​តំបន់​ Kaliningrad​ តាម​របៀប​ដែល​ពលរដ្ឋ​នៃ​ប្រទេស​សមាជិក​អង្គការ​អូតង់​ និង​សមាជិក​សហភាព​អឺរ៉ុប​នឹង​មាន​អារម្មណ៍​ឈឺចាប់។ ​នេះ​បើតាម​សេចក្តី​រាយ​ការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ Reuters។​
  • លោក​ Nikolai Patrushev​ អតីត​ភ្នាក់ងារ​ចារកម្ម ​KGB​ ដែល​បច្ចុប្បន្ន​ជា​លេខា​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​រុស្ស៊ី ​បាន​និយាយ​ថា ​សកម្មភាព​ «អរិភាព»​ របស់​ប្រទេស​លីទុយអានី ​បាន​បង្ហាញ​ថា​ រុស្ស៊ី​មិនអាច​ជឿទុកចិត្ត​លើ​បស្ចិម​ប្រទេស​បាន​ទេ។​
  • អ៊ុយក្រែន​កំពុង​ធ្វើការ​ចរចា​«ដ៏​ស្មុគស្មាញ»​ដើម្បី​រំដោះ​កំពង់ផែ​របស់​ខ្លួន​ពី​ការ​បិទខ្ទប់​ដោយ​កងទ័ព​ជើងទឹក​រុស្ស៊ី។ ​នេះ​បើតាម​ការ​ថ្លែង​របស់​ប្រធានាធិបតី​អ៊ុយក្រែនលោក​ Volodymyr Zelenskyy​ បន្ទាប់ពី​អ្នក​ការទូត​កំពូល​របស់​សហភាព​អឺរ៉ុប​បាន​ចោទ​ប្រកាន់​រុស្ស៊ី​ថា​ បានប្រព្រឹត្ត​ «ឧក្រិដ្ឋកម្ម​សង្រ្គាម​ពិតប្រាកដ»​ ដោយ​ការ​រារាំង​ការ​នាំចេញ​គ្រាប់​ធញ្ញជាតិ​ពី​កំពង់ផែ​នានា។​ នេះ​បើ​តាម​សេចក្តី រាយ​ការណ៍​របស់​វិទ្យុ​អឺរ៉ុប​សេរី / វិទ្យុ​សេរីភាព។​
  • រូបភាព​ពី​ផ្កាយរណប​បាន​បញ្ជាក់​ការ​ចោទ​ប្រកាន់​ថា​ រុស្ស៊ី​កំពុង​ដឹក​ជញ្ជូន​គ្រាប់​ធញ្ញជាតិដ៏ច្រើនលួច​ពីអ៊ុយក្រែន​ យក​ទៅឲ្យ​របប​របស់​លោក​ Bashar al-Assad ​ក្នុង​ប្រទេស​ស៊ីរី។ ​វិទ្យុ​អឺរ៉ុប​សេរី / សេវា​វិទ្យុ​សេរីភាព​អ៊ុយក្រែនបាន​ចងក្រង​ឯកសារ​នៃ​ការ​ដឹក​ជញ្ជូន​ជា​បន្ត​បន្ទាប់​តាម​រយៈ​ផែ​ធំ​បំផុត​សម្រាប់​ដឹក​គ្រាប់​ធញ្ញជាតិ​នៅ​តំបន់​គ្រីមៀ​ ដែល​កាន់កាប់​ដោយ​រុស្ស៊ី ​ហើយ​បាន​បោះពុម្ព​របាយ​ការណ៍​ស៊ើប​អង្កេត​នេះ។
  • អធិការបតី​អាល្លឺម៉ង់លោក Olaf Scholz ​បាន​និយាយ​ថា​ អាល្លឺម៉ង់​នឹង​បញ្ជូន​សព្វាវុធ​ទៅ​អ៊ុយក្រែន​លុះត្រា​លែង​ត្រូវ​ការ។ ​លោកបន្ថែម​ថា​ ចាប់តាំងពី​លោក​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​ Kyiv ​កាលពី​សប្តាហ៍​មុន ​វា​បង្ហាញ​កាន់តែ​ច្បាស់​ថា​ អ៊ុយក្រែន​ជា​ផ្នែក​មួយ​របស់​អឺរ៉ុប។​ លោក ​Scholz បាន​គូស​បញ្ជាក់​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​មួយ​កាលពី​ថ្ងៃ​អង្គារ​ថា ​អាល្លឺម៉ង់​ឈរ​យ៉ាង​ម៉ឺងម៉ាត់​ជាមួយ​ប្រទេស​លីទុយអានី ​និង​សម្ព័ន្ធ​មិត្ត​ភាគ​ខាង​កើត​ផ្សេង​ទៀត​ក្នុង​ការ​ការពារ​លទ្ធិ​ប្រជា​ធិបតេយ្យ ​និង​សេរីភាព ​សិទ្ធិមនុស្ស ​និង​សង្គម​សេរី។​
អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ថ្លែងក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៃសហព័ន្ធឧស្សាហកម្មអាល្លឺម៉ង់ (BDI) នៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២។
អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ថ្លែងក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៃសហព័ន្ធឧស្សាហកម្មអាល្លឺម៉ង់ (BDI) នៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២។
  • ប្រទេស​លីទុយអានី​បាន​ស្នើសុំ​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​បន្ថែម​ទៀត​ពី​សហភាព​អឺរ៉ុប​ដើម្បី​ដោះស្រាយ​បញ្ហា​ជនភៀស​ខ្លួន​អ៊ុយក្រែន។​ ប្រធានាធិបតី​ប្រទេស​លីទុយអានី​ លោក​ Gitanas Nauseda ​បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​កាលពី​ថ្ងៃអង្គារ​ថា​ សហភាព​អឺរ៉ុបត្រូវតែ​រួម​ចំណែក​ទទួលបន្ទុក​ហិរញ្ញ​វត្ថុ​ ​ដែល​នៅ​ពេលនេះ​ «ត្រូវ​បាន​ចាយ​វាយ​ពី​ថវិកា​ជាតិ​ដោយ​មិន​មាន​សមាមាត្រ​នឹង​គ្នា។​ សាមគ្គី​ភាព​របស់​សហភាព​អឺរ៉ុប​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​ធានា​នូវ​ការគាំទ្រ​ត្រឹមត្រូវ​ដល់​ជន​ភៀស​ខ្លួន​គេច​ចេញ​ពី​សង្គ្រាម​នៅ​អ៊ុយក្រែន»។​
  • អ៊ុយក្រែន​រាយ​ការណ៍​ឲ្យ​ដឹង​ពី​ការ​វាយ​ប្រហារ​យ៉ាង​ខ្លាំង​កាល​ពី​ថ្ងៃ​អង្គារ​នៅ​ក្នុង​តំបន់ ​Sievierodonetsk ​ខណៈ​កង​កម្លាំង​រុស្ស៊ី​ជំរុញ​ដើម្បី​គ្រប់​គ្រង​ទីក្រុង​ភាគ​ខាង​កើតនេះ​ទាំងមូល។ អ្នក​នាំពាក្យ​របស់​អគ្គ​សេនាធិការ​នៃ​កង​កម្លាំង​ប្រដាប់​អាវុធ​អ៊ុយក្រែន​បាន​និយាយ​នៅក្នុង​សន្និសីទ​សារ​ព័ត៌មាន​ប្រចាំថ្ងៃ​ថា ​ការ​ប្រយុទ្ធគ្នា​នៅ​ក្នុង​ទីក្រុង ​Sievierodonetsk ​មាន​ភាពខ្លាំងក្លា ​ដោយ​ប្រទេស​រុស្ស៊ី​បាន​ធ្វើការ​វាយប្រហារ​តាម​អាកាស ​និង​បាញ់​ផ្លោង​ទៅលើ​ទីតាំង​នានា​របស់​អ៊ុយក្រែន។​
  • អភិបាលក្រុង ​Luhansk ​លោក Serhiy Haidai​ បាន​រាយ​ការណ៍​ឲ្យ​ដឹង​ពី​ការ​ប្រយុទ្ធគ្នា​យ៉ាងខ្លាំង​នៅឯ​រោងចក្រ​គីមី​ Azot ​ក្នុង​ទីក្រុង​ Sievierodonetsk ​ជា​កន្លែង​ដែល​ក្រុម​យុទ្ធជន​អ៊ុយក្រែន ​និង​ជនស៊ីវិល​ប្រហែល​ ៥០០​ នាក់​កំពុង​ជ្រកកោន។​
  • រដ្ឋមន្ត្រី​ការ​បរទេស​របស់​ប្រទេស​លុចសំបួ​បាន​និយាយ​កាលពី​ថ្ងៃអង្គារ​ថា ​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​បាន​រួបរួមគ្នា​ក្នុង​ការ​គាំទ្រ​ការ​ផ្តល់​ឋានៈ​ជា​បេក្ខភាព​សមាជិក​សហភាព​អឺរ៉ុប​ដល់​អ៊ុយក្រែន។​ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​ Reuters។​
  • មុន​ពេល​កិច្ចប្រជុំ​ជាមួយ​រដ្ឋមន្ត្រី​សហភាព​អឺរ៉ុប​ផ្សេង​ទៀត​ លោក​ Jean Asselborn​ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា «យើង​កំពុង​ធ្វើការ​ឆ្ពោះ​ទៅរក​ចំណុច​ដែល​យើង​ប្រាប់​លោក ​Putin​ ថា​ អ៊ុយក្រែន​ជា​ផ្នែក​មួយ​របស់​សហភាព​អឺរ៉ុប ហើយ​ថា​ យើង​ក៏​នឹង​ការពារ​តម្លៃ​ដែល​អ៊ុយក្រែន​ការពារ​ផង​ដែរ»។​
  • ទិន្នន័យ​ពី​និយតករ​សារគមនាគមន៍​ Roskomnadzor ​របស់​រដ្ឋាភិបាល​រុស្ស៊ី​បាន​បង្ហាញ​កាលពី​ថ្ងៃ​អង្គារ​ថា​ គេហ​ទំព័រ​របស់​កាសែត​អង់គ្លេស​ The Telegraph ​ត្រូវ​បាន​បិទ​នៅ​ក្នុង​ប្រទេស​រុស្ស៊ី ​បន្ទាប់ពី​មាន​ការ​ស្នើ​សុំ​ពី​អគ្គរដ្ឋ​អាជ្ញា។ ​នេះបើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​ Reuters។​
  • ជនជាតិ​អាមេរិកាំង​ពីរ​នាក់​ដែល​ត្រូវបាន​ចាប់ខ្លួន​ក្នុង​ប្រទេស​អ៊ុយក្រែន​បច្ចុប្បន្ន​កំពុងស្ថិត​នៅក្នុង​តំបន់​ Donetsk ​ដែល​គាំទ្រ​ដោយ​រុស្ស៊ី។ ​នេះបើតាម​ទីភ្នាក់ងារ​សារព័ត៌មាន​ Reuters កាលពី​ថ្ងៃអង្គារ​ ដោយ​ដកស្រង់​ពី​ទីភ្នាក់ងារ​សារព័ត៌មាន​ Interfax។​
  • នាយក​រដ្ឋមន្ត្រី​ហ្សកហ្ស៊ី​ លោក​ Irakli Garibashvili ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា ​ប្រទេស​របស់​លោក​ប្តេជ្ញា​ចូលរួម​ជា​សមាជិក​អង្គការ​អូតង់​ ប៉ុន្តែ​ត្រូវតែ​ដោះស្រាយ​បញ្ហា​ទឹកដី​ជាមួយ​រុស្ស៊ី​ជា​មុន​សិន។ ​នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​ Reuters។​
  • កងកម្លាំង​អ៊ុយក្រែន​កាលពី​សប្តាហ៍​មុន​បាន​អះអាង​ពី​ការ​ប្រើប្រាស់​ដោយ​ជោគជ័យ​ជា​លើក​ដំបូង​នូវ​មីស៊ីល​ Harpoon ​ប្រឆាំង​នាវា ​ផ្តល់​ដោយ​បស្ចិម​ប្រទេស​ដើម្បី​ប្រយុទ្ធ​នឹង​កងកម្លាំង​រុស្ស៊ី។​ នេះ​បើ​តាមផ្នែក​ស៊ើប​ការណ៍​សម្ងាត់​យោធា​របស់់​អង់គ្លេស។ ​ក្រសួង​ការពារ​ជាតិ​អង់គ្លេស​បាន​ថ្លែង​នៅក្នុង​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​តាម​ប្រព័ន្ធ​ Twitter ​ប្រចាំថ្ងៃ​របស់​ខ្លួន​ថា ​«គោល​ដៅ​នៃ​ការ​វាយ​ប្រហារ​គឺ​ស្ទើរតែ​ប្រាកដ​ណាស់​ គឺ​នាវា​ចម្បាំង​របស់​កងទ័ព​ជើងទឹក​រុស្ស៊ី ​Spasatel Vasily Bekh ​ដែល​កំពុង​បញ្ជូន​អាវុធ​ និង​ទាហាន​ទៅកាន់​កោះពស់​ (Snake Island) ​នៅ​ភាគ​ពាយ័ព្យ​សមុទ្រ​ខ្មៅ»៕
២២:០០ ២០.៦.២០២២

ថ្ងៃចន្ទ ទី២០ ខែមិថុនា៖

  • ប្រទេស​រុស្ស៊ី​នៅ​ថ្ងៃ​ចន្ទ​នេះ​បាន​ចោទ​ប្រកាន់​សមាជិក​មួយ​ចំនួន​នៃ​ក្រុម​ប្រទេស G-20 ដែល​ជា​ក្រុម​ប្រទេស​សេដ្ឋកិច្ច​ធំៗ​នៅ​លើ​ពិភពលោក​ថា​បាន​ធ្វើ​ឱ្យ​កិច្ច​ប្រជុំ​មួយ​អំពី​បញ្ហា​សុខភាព​សាកលលោក​ក្លាយទៅជា​រឿង​នយោបាយ។ សង្គ្រាម​នៅ​អ៊ុយក្រែន​គឺ​ចំណុច​ផ្ដោត​នៃ​កិច្ច​ប្រជុំ​របស់​ក្រុម​ប្រទេស G-20 នៅ​ក្នុង​ឆ្នាំ​នេះ។ លោក Oleg Salagay ដែល​ជា​មន្ត្រី​ផ្នែក​សុខាភិបាល​របស់​ប្រទេស​រុស្ស៊ី​បាន​បញ្ជាក់​នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​បណ្ដា​រដ្ឋមន្ត្រី​សុខាភិបាល​នៃ​ក្រុម​ប្រទេស G-20 នៅ​ក្នុង​ទីក្រុង Yogyakarta ប្រទេស​ឥណ្ឌូណេស៊ី​ថា៖ «យើង​ស្នើ​សហសេវិក​របស់​យើង​ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​វេទិកា​សុខភាព​របស់​ក្រុម​ប្រទេស G-20 ក្លាយទៅ​ជា​រឿង​នយោបាយ និង​ធ្វើ​យ៉ាង​ណា​ស្ថិត​នៅ​ក្នុង​រង្វង់​អាណត្តិ​របស់​យើង​និង​ពិភាក្សា​តែ​បញ្ហា​សុខាភិបាល​តែ​ប៉ុណ្ណោះ»។
គណៈប្រតិភូចំនួន 80 នាក់បានចូលរួមកិច្ចប្រជុំលើកដំបូងរបស់រដ្ឋមន្ត្រីសុខាភិបាល G20 ដោយជួបផ្ទាល់​ និងតាមអនឡាញ នៅទីក្រុង Yogyakarta ប្រទេសឥណ្ឌូនេស៊ី ថ្ងៃទី២០-២១ ខែមិថុនា ឆ្នាំ២០២២។ (រូបថត៖ ក្រសួងទំនាក់ទំនងសាធារណៈ)
គណៈប្រតិភូចំនួន 80 នាក់បានចូលរួមកិច្ចប្រជុំលើកដំបូងរបស់រដ្ឋមន្ត្រីសុខាភិបាល G20 ដោយជួបផ្ទាល់​ និងតាមអនឡាញ នៅទីក្រុង Yogyakarta ប្រទេសឥណ្ឌូនេស៊ី ថ្ងៃទី២០-២១ ខែមិថុនា ឆ្នាំ២០២២។ (រូបថត៖ ក្រសួងទំនាក់ទំនងសាធារណៈ)
  • អ្នក​នាំពាក្យ​រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ប្រទេស​អាល្លឺម៉ង់​រួម​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken នឹង​រៀបចំ​កិច្ច​ប្រជុំ​មួយ​អំពី​វិបត្តិ​ស្បៀង​អាហារ​ពិភពលោក​ដែល​កំពុង​លេច​ឡើង​បណ្ដើរៗ​ដោយសារ​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។ កិច្ច​ប្រជុំ​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​សុក្រ​ខាង​មុខ​ក្រោម​ប្រធានបទ «សាមគ្គីភាព​ដើម្បី​សន្តិសុខ​ស្បៀង​អាហារ​សាកលលោក»។ អ្នក​នាំ​ពាក្យ​រូប​នោះ​បាន​បញ្ជាក់​ថា៖ «រដ្ឋាភិបាល​អាល្លឺម៉ង់​មាន​ការ​តាំងចិត្ត​ជា​ពិសេស​ក្នុង​ឋានៈ​ជា​ប្រធាន​ក្រុម​ប្រទេស G-7 ដើម្បី​ស្វែងរក​ចម្លើយ​រួម​ចំពោះ​វិបត្តិ​ភាព​អត់ឃ្លាន​នៅ​លើ​ពិភពលោក​ដែល​កំពុង​លេច​ឡើង​បណ្ដើរៗ​ដោយសារ​សង្គ្រាម​នៃ​ភាព​គឃ្លើន​របស់​រុស្ស៊ី​ប្រឆាំង​នឹង​អ៊ុយក្រែន»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​បញ្ជាក់​ប្រាប់​សហភាព​អាហ្វ្រិក​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ទ្វីប​អាហ្វ្រិក​ត្រូវ​បាន​ក្លាយជា​ចំណាប់​ខ្មាំង​របស់​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ដោយសារតែ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​នេះ​បាន​ធ្វើ​ឱ្យ​មាន​បញ្ហា​កង្វះ​ស្បៀង​អាហារ​កើតឡើង​និង​ការ​ភ័យខ្លាច​ដែល​ថា​វិបត្តិ​ស្បៀង​អាហារ​អាច​កើតឡើង​នៅ​ទ្វីប​អាហ្វ្រិក។ លោក Zelenskyy បាន​ថ្លែង​នៅ​ក្នុង​សុន្ទរកថា​មួយ​ទៅ​កាន់​សហភាព​អាហ្វ្រិក​ថា៖ «ជា​ការពិត ទ្វីប​អាហ្វ្រិក​គឺ​ជា​ចំណាប់​ខ្មាំង។ វា​គឺ​ជា​ចំណាប់​ខ្មាំង​របស់​ប្រទេស​ដែល​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​ប្រទេស​អ៊ុយក្រែន»។ នៅ​ក្នុង​សុន្ទរកថា​នោះ លោក Zelenskyy ក៏​បាន​រិះគន់​ផង​ដែរ​លើ​ប្រទេស​រុស្ស៊ី​ថា​ជា​អ្នក​រាំង​ខ្ទប់​ការ​នាំ​ចេញ​ធញ្ញជាតិ​របស់​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • រដ្ឋមន្ត្រី​ការបរទេស​ហុងគ្រី​លោក Peter Szijjarto បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ប្រទេស​ហុងគ្រី​នឹង​ផ្ដល់​ទឹកដី​របស់​ខ្លួន​ជា​ផ្លូវ​ដែល​អាច​ទៅ​រួច​មួយ​សម្រាប់​ការ​នាំ​ចេញ​ធញ្ញជាតិ​របស់​ប្រទេស​អ៊ុយក្រែន ដោយសារតែ​ការ​នាំចេញ​ធញ្ញជាតិ​នេះ​ដែល​តែងតែ​ធ្វើ​ឡើង​តាម​ផ្លូវ​នៅ​សមុទ្រ​ខ្មៅ​ត្រូវ​បាន​បង្អាក់​ដោយសារ​ការ​ឈ្លានពាន​របស់​រុស្ស៊ី។ លោក Szijjarto ដែល​បាន​លើក​សំណើ​នេះ​ឡើង​នៅ​ឯ​កិច្ច​ប្រជុំ​មួយ​របស់​បណ្ដា​រដ្ឋមន្ត្រី​ការបរទេស​សហភាព​អឺរ៉ុប ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា លោក​រំពឹង​ថា​ការ​ផ្គត់ផ្គង់​ឧស្ម័ន​របស់​រុស្ស៊ី​ដល់​ហុងគ្រី​នឹង​មិន​មាន​ការ​បង្អាក់​នោះ​ទេ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់​អ្នកស្រី Annalena Baerbock បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ប្រទេស​អាល្លឺម៉ង់​គាំទ្រ​ប្រទេស​ប៉ូឡូញ​និង​ប្រទេស​រូម៉ានី​នៅ​ក្នុង​ការ​បត់បែន​សម្រួល​ផ្លូវ​ដែក​របស់​ខ្លួន​ដើម្បី​អនុញ្ញាត​ឱ្យ​មាន​ការ​នាំចេញ​ធញ្ញជាតិ​រាប់​លាន​តោន​ដែល​ជាប់​គាំង​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ដោយសារតែ​ការ​រាំង​ខ្ទប់​របស់​រុស្ស៊ី​នៅ​សមុទ្រ។ អ្នកស្រី​បាន​បញ្ជាក់​នៅ​ពេល​អ្នកស្រី​ធ្វើ​ដំណើរ​ទៅ​ដល់​កន្លែង​ប្រជុំ​របស់​បណ្ដា​រដ្ឋមន្ត្រី​ការបរទេស​នៃ​សហភាព​អឺរ៉ុប​នៅ​ក្នុង​ប្រទេស​លុចសំបួ​ថា៖ «ផ្លូវ​ដែក​ចាំបាច់​ត្រូវ​ធ្វើ​ទំនើប​នីយកម្ម។ យើង​ត្រូវការ​ទូ​រថភ្លើង​ដែល​អាច​ដឹក​អីវ៉ាន់​បាន។ រដ្ឋាភិបាល​អាល្លឺម៉ង់​កំពុង​ធ្វើ​កិច្ចការ​នេះ​ជាមួយ​នឹង​ភាគី​ផ្សេង​ទៀត​ជា​ច្រើន»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងា​រព័ត៌មាន Reuters។
  • លោក Josep Borrell ប្រធាន​ផ្នែក​គោល​នយោបាយ​ការបរទេស​សហភាព​អឺរ៉ុប បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ការ​រាំង​ខ្ទប់​របស់​រុស្ស៊ី​លើ​ការ​នាំចេញ​ធញ្ញជាតិ​រាប់​លាន​តោន​របស់​អ៊ុយក្រែន​គឺ​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម។ លោក​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា៖ «យើង​អំពាវនាវ​ឱ្យ​រុស្ស៊ី​បញ្ឈប់​ការ​រាំង​ខ្ទប់​កំពង់​ផែ [របស់​អ៊ុយក្រែន]។ ...វា​ជា​រឿង​ដែល​មិន​គួរ​ឱ្យ​ជឿ។ គេ​មិន​អាច​នឹក​ស្មាន​ថា​ស្រូវ​សាឡី​រាប់​លាន​តោន​នៅតែ​ជាប់​គាំង​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស​ផ្សេង​ទៀត​នៅ​លើ​ពិភពលោក​កំពុង​រងគ្រោះ​ដោយសារ​ភាព​អត់ឃ្លាន»។ លោក​បាន​បញ្ជាក់​នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​ដល់​កន្លែង​ប្រជុំ​របស់​បណ្ដា​រដ្ឋមន្ត្រី​ការបរទេស​នៃ​សហភាព​អឺរ៉ុប​នៅ​ក្នុង​ប្រទេស​លុចសំបួ​ថា៖ «នេះ​គឺ​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​ពិត​ប្រាកដ»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • លោក Ben Stiller ដែល​ជា​តួ​សម្ដែង​និង​ជា​ឯកអគ្គរដ្ឋទូត​សុឆន្ទៈ​របស់​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​ជន​ភៀសខ្លួន (UNHCR) បាន​ស្ថិត​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​នៅ​ថ្ងៃ​ចន្ទ​នេះ​ដែល​ជា​ទិវា​ជន​ភៀសខ្លួន។ លោក​បាន​និយាយ​ដូច្នេះ​ថា៖ «គ្មាន​នរណា​ម្នាក់​ជ្រើសរើស​យក​ការ​ភៀស​ខ្លួន​ពី​ផ្ទះ​សម្បែង​នោះ​ទេ។ ការ​ស្វែងរក​សុវត្ថិភាព​គឺ​ជា​សិទ្ធិ។ ហើយ​សិទ្ធិ​នេះ​ចាំបាច់​ត្រូវតែ​ប្រកាន់​ខ្ជាប់​សម្រាប់​មនុស្ស​គ្រប់​គ្នា»។
លោក Ben Stiller ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈរបស់ UNHCR ធ្វើទស្សនកិច្ចនៅតំបន់ Lypki ទីក្រុង Irpin ក្នុងប្រទេសអ៊ុយក្រែន ថ្ងៃច័ន្ទ ទី២០ ខែមិថុនា ឆ្នាំ២០២២ ក្នុងឱកាសទិវាជនភៀសខ្លួនពិភពលោក។
លោក Ben Stiller ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈរបស់ UNHCR ធ្វើទស្សនកិច្ចនៅតំបន់ Lypki ទីក្រុង Irpin ក្នុងប្រទេសអ៊ុយក្រែន ថ្ងៃច័ន្ទ ទី២០ ខែមិថុនា ឆ្នាំ២០២២ ក្នុងឱកាសទិវាជនភៀសខ្លួនពិភពលោក។
  • រដ្ឋាភិបាល​អ៊ុយក្រែន​បាន​បញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា កង​កម្លាំង​រុស្ស៊ី​បាន​បង្កើន​ការ​បាញ់​ផ្លោង​នៅ​ក្នុង​តំបន់ Kharkiv និង​តំបន់ Donetsk ក្នុង​ប្រទេស​អ៊ុយក្រែន។ រដ្ឋាភិបាល​អ៊ុយក្រែន​លើកឡើង​ដូច្នេះ បន្ទាប់ពី​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​ព្រមាន​កាលពី​យប់​ថ្ងៃ​អាទិត្យ​ថា ប្រទេស​រុស្ស៊ី​នឹង​បង្កើន​ការ​វាយ​ប្រហារ​របស់​ខ្លួន​នៅ​សប្ដាហ៍​នេះ​នៅ​មុន​ពេល​ដែល​សហភាព​អឺរ៉ុប​ពិភាក្សា​ជា​ប្រវត្តិសាស្ត្រ​នៅ​ថ្ងៃ​ព្រហស្បតិ៍​និង​ថ្ងៃ​សុក្រ​ខាង​មុខ អំពី​ការ​ផ្ដល់​ឋានៈ​ជា​បេក្ខភាព​ប្រទេស​ដល់​អ៊ុយក្រែន​សម្រាប់​ការ​ចូល​ជា​សមាជិក​នៅ​ក្នុង​សហភាព​អឺរ៉ុប។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​ប្រមើល​មើល​ថា ប្រទេស​រុស្ស៊ី​នឹង​បង្កើន​ការ​វាយ​ប្រហារ​របស់​ខ្លួន​នៅ​សប្ដាហ៍​នេះ ស្រប​ពេល​ដែល​បណ្ដា​មេដឹកនាំ​សហភាព​អឺរ៉ុប​ពិចារណា​អំពី​កិច្ច​ប្រឹងប្រែង​របស់​ប្រទេស​អ៊ុយក្រែន​នៅ​ក្នុង​ការ​ចូល​ជា​សមាជិក​សហភាព​អឺរ៉ុប​និង​ស្រប​ពេល​ដែល​រុស្ស៊ី​បង្កើន​យុទ្ធនាការ​របស់​ខ្លួន​ដើម្បី​ដណ្ដើម​កាន់កាប់​តំបន់​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។ លោក Zelenskyy បាន​បញ្ជាក់​នៅ​ក្នុង​សុន្ទរកថា​ជា​វីដេអូ​កាលពី​យប់​ថ្ងៃ​អាទិត្យ​ថា៖ «ជា​ការពិត នៅ​សប្ដាហ៍​នេះ​យើង​គួរតែ​រំពឹង​ថា រុស្ស៊ី​នឹង​បង្កើន​សកម្មភាព​អរិភាព​របស់​ខ្លួន»។
២២:៣៥ ១៩.៦.២០២២

ថ្ងៃអាទិត្យ ទី១៩ ខែមិថុនា៖

  • វិទ្យុ RFE/RL រាយការណ៍​ថា​ ទីប្រឹក្សា​របស់​រដ្ឋមន្ត្រី​មហាផ្ទៃ​អ៊ុយក្រែន លោក Vadym Denysenko ​កាល​ពី​ថ្ងៃ​អាទិត្យ បាន​លើក​ឡើង​ពី​ហានិភ័យ​ខ្ពស់​នៅ​ភាគ​ខាងជើង​នៃ​ទីក្រុង​ធំ​ទី២ របស់​អ៊ុយក្រែន​គឺ ទីក្រុង Kharkiv ខណៈ​ដែល​កង​ទ័ព​រុស្ស៊ី​ព្យាយាម​ធ្វើ​ឱ្យ​វា​ក្លាយ​ជា «ទីក្រុង​ប្រយុទ្ធ​ជួរ​មុខ» ម្តងទៀត។ លោក Vadym Denysenko បាន​ប្រាប់​ទូរទស្សន៍​ជាតិ​អ៊ុយក្រែន​ថា កង​កម្លាំង​សត្រូវ​កំពុង​ព្យាយាម​ខិត​ជិតទីក្រុង Kharkiv នៅ​ភាគ​ឦសាន​នៃ​ប្រទេស​អ៊ុយក្រែន ដើម្បី​បាញ់​ផ្លោងទីក្រុង​នោះ។ ប៉ុន្មាន​ម៉ោង​ក្រោយ​ការ​ព្រមាន​របស់​លោក Vadym Denysenko ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​អះអាង​ថា ខ្លួន​បាន​វាយ​ប្រហារ​រោងចក្រ​ជួសជុល​រថក្រោះ​នៅទីក្រុង Kharkiv ដោយ​ប្រើ​មីស៊ីល Iskander ។ ការ​អះអាង​នេះ មិន​ទាន់​អាច​ត្រូវ​ផ្ទៀងផ្ទាត់​បាន​ភ្លាមៗ​នៅ​ឡើយ​ទេ។
  • រដ្ឋមន្ត្រី​សេដ្ឋកិច្ច​របស់​ប្រទេស​អាល្លឺម៉ង់​បាន​និយាយ​ថា ប្រទេស​លោក​នឹង​កម្រិត​ការ​ប្រើប្រាស់​ឧស្ម័ន​សម្រាប់​ផលិតកម្ម​អគ្គិសនី ចំ​ពេល​មាន​ការព្រួយ​បារម្ភ​អំពី​កង្វះខាត​ដែល​អាច​កើត​មាន​ដោយសារ​ការ​កាត់​បន្ថយ​ការ​ផ្គត់ផ្គង់​ពី​ប្រទេស​រុស្ស៊ី។ ប្រទេស​អាល្លឺម៉ង់​បាន​នឹង​កំពុង​ព្យាយាម​បំពេញ​កន្លែង​ផ្ទុក​ឧស្ម័ន​របស់​ខ្លួ​នៅ​មុន​រដូវរងា នៅ​ពេល​ដែល​ឧស្ម័ន​ត្រូវ​ការ​ជា​បន្ទាន់​ដើម្បី​ធ្វើ​ជា​ឥន្ធនៈ​សម្រាប់​ម៉ាស៊ីន​កម្តៅ។ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​អាល្លឺម៉ង់ លោក Robert Habeck បាន​និយាយ​ថា ប្រទេស​អាល្លឺម៉ង់​នឹង​ព្យាយាម​រំដោះ​ស្ថានការណ៍​នេះ ដោយ​បង្កើន​ការ​ដុត​ធ្យូង​ថ្ម ដែល​ជា​ឥន្ធនៈ​ហ្វូស៊ីល​មាន​ជាតិ​បំពុល​ខ្លាំង​ជាងឧស្ម័ន។ លោក​បាន​ពណ៌នា​ការ​ផ្លាស់​ប្តូរ​នេះ​ថា​ «ជូរចត់ ប៉ុន្តែចាំបាច់​ក្នុង​ស្ថានភាព​នេះ»។
  • រុស្ស៊ី​បាន​និយាយ​កាល​ពី​ថ្ងៃអាទិត្យ​ថា ការ​វាយ​លុក​របស់​ខ្លួន​លើ​ទីក្រុង Sievierodonetsk នៅ​ភាគ​ខាងកើត​អ៊ុយក្រែន​កំពុង​ដំណើរការ​ដោយ​ជោគជ័យ បន្ទាប់​ពី​ខ្លួន​បាន​គ្រប់គ្រង​សង្កាត់​មួយ​នៅ​ជាយ​ក្រុង​នោះ នេះ​បើ​តាម​សម្តី​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​រុស្ស៊ី លោក Igor Konashenkov ដែល​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​វីដេអូ​មួយ។
ផ្សែង​ហុយចេញ​ពី​កន្លែង​មួយ​ក្រោយ​ពី​មាន​ការ​បាញ់​ផ្លោង​របស់​រុស្ស៊ី​ទៅ​លើ​ទី​ក្រុង Mykolaiv របស់​អ៊ុយក្រែន កាល​ពី​ថ្ងៃ​សៅរ៍​ទី​១៨ ខែ​មិថុនា ឆ្នាំ​២០២២។
ផ្សែង​ហុយចេញ​ពី​កន្លែង​មួយ​ក្រោយ​ពី​មាន​ការ​បាញ់​ផ្លោង​របស់​រុស្ស៊ី​ទៅ​លើ​ទី​ក្រុង Mykolaiv របស់​អ៊ុយក្រែន កាល​ពី​ថ្ងៃ​សៅរ៍​ទី​១៨ ខែ​មិថុនា ឆ្នាំ​២០២២។
  • លោកស្រី Hanna Zamazieva ប្រធាន​ក្រុមប្រឹក្សា​តំបន់ Mykolaiv និយាយ​ថា ទីក្រុង Mykolaiv ត្រូវ​បាន​វាយ​ប្រហារ​ពីរ​ដង​កាល​ពី​ថ្ងៃសៅរ៍​ទី១៨ ខែ​មិថុនា ហើយ​មនុស្ស ១៦ នាក់​បាន​រង​របួស នេះ​បើ​តាម​របាយការណ៍​របស់​កាសែត Kyiv Independent។ កាសែត​នេះ​ក៏​បាន​រាយការណ៍​ផង​ដែរ​ថា តំបន់ Bereznehuvatska តំបន់ Kutsurubska តំបន់ Halitsynivska និងបណ្តា​តំបន់ Pervomaiska នៃ​ភូមិភាគ (Oblast) នេះ ក៏​បាន​រង​ការ​ឆាបឆេះ​ផងដែរ។ សរុបមក ជនស៊ីវិល ២៩៧ នាក់​ដែល​រង​របួស​ក្នុង​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​បច្ចុប្បន្ន​កំពុង​ត្រូវ​បាន​ព្យាបាល​នៅ​តាម​បណ្តាមន្ទីរពេទ្យ​ក្នុង​ទីក្រុង Mykolaiv។
  • ទូរទស្សន៍ Al Jazeera រាយការណ៍​ថា ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy បាន​សន្យា​ថា នឹង​យក​មក​វិញ​នូវ​ផ្នែក​ខ្លះ​នៃ​អ៊ុយក្រែន ដែល​បច្ចុប្បន្ន​គ្រប់គ្រង​ដោយ​ទាហាន​រុស្ស៊ី។ លោក​បាន​និយាយ​ថា អ៊ុយក្រែន​នឹង​យក​«អ្វី​គ្រប់​យ៉ាង​ដែល​ជា​កម្មសិទ្ធិ​របស់​យើង»។
  • កាសែត Washington Post រាយការណ៍​ថា លោក Mykhailo Podolyak ទីប្រឹក្សា​កំពូល​ម្នាក់​របស់​ប្រធានាធិបតី​អ៊ុយក្រែន បាន​រិះគន់​ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin យ៉ាងខ្លាំង បន្ទាប់​ពី​លោក Putin ថ្លែង​សុន្ទរកថា​កាល​ពី​ថ្ងៃសុក្រ។ លោក Putin បាន​ហៅ​ការ​ដាក់​ទណ្ឌកម្ម​របស់​លោក​ខាង​លិច​ថា «ការ​ធ្វេសប្រហែស និង​ឆ្កួត» ហើយ​បាន​ការពារ​អ្វី​ដែល​លោក​បាន​និយាយ​ថាជា «ការ​សម្រេចចិត្ត​របស់​ប្រទេស​អធិបតេយ្យ​មួយ​ដោយ​ផ្អែក​លើ​សិទ្ធិ​ការពារ​សន្តិសុខ​របស់​ខ្លួន»។ ជា​ការ​ឆ្លើយតប លោក Mykhailo Podolyak បាន​ហៅ​ជម្លោះ​នេះ​ថា​ជា «សង្រ្គាម​ស៊ី​សាច់​ហុត​ឈាម» ហើយ​ថា រុស្ស៊ី​បាន​ប្រែ​ត្រឡប់​ «ចូល​ទៅ​ក្នុង​យុគ​មជ្ឈិមសម័យ» វិញ។
  • ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​រាយការណ៍​ថា នាយក​ចារកម្ម​ការពារជាតិ​របស់​ប្រទេស​អ៊ុយក្រែន បាន​និយាយ​ថា ជនស៊ីវិល​អ៊ុយក្រែន ៥ នាក់​ត្រូវ​បាន​បញ្ជូន​ត្រឡប់​មក​វិញ​ នៅ​ក្នុង​ការ​ដោះដូរ​អ្នកទោស​ប្រាំ​នាក់​ទៅ​វិញ​ទៅមក​ជាមួយ​រុស្ស៊ី។ មិន​មានការ​លើកឡើងថា​ តើ ​ជនជាតិ​រុស្ស៊ី​ដែល​បាន​ដោះដូរ​នោះ​ជា​អ្នក​ប្រយុទ្ធ​ឬ​អត់​ទេ។ ជនស៊ីវិល​អ៊ុយក្រែន ៤នាក់ ក្នុង​ចំណោម ៥នាក់​នោះ ត្រូវ​បាន​ចាប់​ជា​ឈ្លើយសឹក អំឡុង​ពេល​ដែល​រុស្ស៊ី កាន់​កាប់​ផ្នែក​ខ្លះ​នៃ​ទីក្រុងកៀវ ជា​កន្លែង​ដែល​កងកម្លាំង​រុស្ស៊ី​បាន​ដក​ខ្លួន​ថយ​ចេញ នៅ​ចុង​ខែ​មីនា។
នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក Boris Johnson (កណ្តាល) និយាយ​ជាមួយទាហាន​កងទ័ព​អាកាស​អង់គ្លេស នៅ​តំបន់ Oxfordshire ប្រទេស​អង់គ្លេស កាល​ពី​ថ្ងៃ​សៅរ៍​ទី​១៨ ខែ​មិថុនា ក្រោយ​ពី​លោក​ត្រឡប់​មក​ពី​ទស្សនកិច្ចនៅ​ទី​ក្រុង​កៀវ​ប្រទេស​អ៊ុយក្រែន ដែល​នៅ​ទី​នោះ​លោក​បាន​សន្យា​នឹង​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy ថា​នឹង​បន្ត​ផ្តល់​ជំនួយ​និង​ការ​បណ្តុះបណ្តាល​យោធា​ដល់​អ៊ុយក្រែន។
នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក Boris Johnson (កណ្តាល) និយាយ​ជាមួយទាហាន​កងទ័ព​អាកាស​អង់គ្លេស នៅ​តំបន់ Oxfordshire ប្រទេស​អង់គ្លេស កាល​ពី​ថ្ងៃ​សៅរ៍​ទី​១៨ ខែ​មិថុនា ក្រោយ​ពី​លោក​ត្រឡប់​មក​ពី​ទស្សនកិច្ចនៅ​ទី​ក្រុង​កៀវ​ប្រទេស​អ៊ុយក្រែន ដែល​នៅ​ទី​នោះ​លោក​បាន​សន្យា​នឹង​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy ថា​នឹង​បន្ត​ផ្តល់​ជំនួយ​និង​ការ​បណ្តុះបណ្តាល​យោធា​ដល់​អ៊ុយក្រែន។
  • វិទ្យាស្ថាន​សម្រាប់​ការ​សិក្សា​សង្គ្រាម ដែល​ជា​ស្ថាប័ន​ស្រាវជ្រាវមួយ​របស់​សហរដ្ឋ​អាមេរិក បាន​និយាយ​នៅ​ក្នុង​ការ​វាយ​តម្លៃ​ចុង​ក្រោយ​របស់​ខ្លួន​ថា រុស្ស៊ី​បាន​វាយ​ដណ្តើម​យកបាន​តំបន់​បន្តិចបន្តួច​ខ្លះ​ទៀតនៅ​ជិត​ទីក្រុង Severodonetsk ហើយ​ទំនង​អាច​ចូល​ទៅ​ដល់​តំបន់​ Metolkine។ ការ​វាយ​តម្លៃ​នេះ​និយាយ​ថា រុស្ស៊ី​កំពុង​ព្យាយាម​បង្ខំ​ទាហាន​អ៊ុយក្រែន​ចេញ​ពី​ជួរ​រង្វង់កាំភ្លើងធំដែល​អាច​បាញ់​ដល់​ខ្សែផ្លូវ​ដែក​ជុំវិញ​ទីក្រុង Kharkiv ។ រុស្ស៊ី​កំពុង​ប្រើប្រាស់​ខ្សែ​ផ្លូវ​ដែក​ទាំងនោះ​ ដើម្បី​ផ្គត់ផ្គង់​កងទ័ព​របស់ខ្លួន។
  • ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​រាយការណ៍​ថា អគ្គលេខាធិការ​អង្គការ​អូតង់ (NATO) លោក Jens Stoltenberg បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា សង្រ្គាម​នៅ​អ៊ុយក្រែន​អាច​អូស​បន្លាយ​ច្រើន​ឆ្នាំ ហើយ​កងកម្លាំង​អ៊ុយក្រែន​ប្រឈម​មុខ​នឹង​ការ​វាយលុក​របស់​រុស្ស៊ី​កាន់​តែ​ខ្លាំង បន្ទាប់​ពី​នាយក​ប្រតិបត្តិ​សហភាព​អឺរ៉ុប បាន​ផ្តល់​អនុសាសន៍​ថាប្រទេសអ៊ុយក្រែន គួរ​តែ​ត្រូវ​បាន​ផ្តល់​ឋានៈ​ជា​បេក្ខភាព​ដើម្បី​ចូលរួម​ក្នុង​ប្លុក​នេះ។ លោក Stoltenberg ត្រូវ​បាន​កាសែត Bild am Sonntag របស់​អាល្លឺម៉ង់ដក​ស្រង់​សម្តីថា ការ​ផ្គត់ផ្គង់​សព្វាវុធ​ទំនើប​ដល់​កងទ័ព​អ៊ុយក្រែន​នឹង​បង្កើន​ឱកាស​រំដោះ​តំបន់ Donbas ភាគ​ខាងកើត​អ៊ុយក្រែន​ ​ពី​ការ​គ្រប់គ្រង​របស់​រុស្ស៊ី។
២១:១៧ ១៧.៦.២០២២

ថ្ងៃសុក្រ ទី ១៧ ខែមិថុនា៖

  • គណៈកម្មការ​អឺរ៉ុប​នៅ​ថ្ងៃ​សុក្រនេះបាន​ស្នើ​ថា​ សហភាព​អឺរ៉ុប​ដាក់​ប្រទេស​អ៊ុយក្រែន​ជា​បេក្ខភាពដើម្បី​ចូល​ជា​សមាជិក​របស់​ប្លុក​នេះ។ នេះ​គឺជា​សមិទ្ធផល​មួយ​របស់​អ៊ុយក្រែន​ ដែល​ធ្លាប់​ជា​ប្រទេស​ដើរ​តាម​មាគ៌ារបស់សហភាពសូវៀត ឆ្ពោះ​ទៅកាន់​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​រីកចម្រើន​នៅ​ក្នុង​ប្លុក​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​មួយ​ក្នុង​ពិភពលោក។ រុស្ស៊ី​ដែល​បាន​ឈ្លានពាន​លើ​អ៊ុយក្រែន​ចាប់តាំង​ពី​ខែ​កុម្ភៈ​មក ច្បាស់​ជា​ប្រឆាំង​នឹង​សំណើ​របស់​គណៈកម្មការ​អឺរ៉ុប ដោយ​ចាត់ទុក​អាកប្បកិរិយា​នេះ ​ថា​ជា​ការ​ជ្រៀតជ្រែក​លើ​តំបន់​ដែល​រុស្ស៊ី​កំពុង​មាន​ឥទ្ធិពល បើ​ទោះ​បី​ជា​គេ​ដឹង​ថា​អ៊ុយក្រែន​បាន​ទទួល​កិច្ចព្រមព្រៀង​ធ្វើ​ពាណិជ្ជកម្ម​ដោយសេរី​ជាមួយ​សហភាព​អឺរ៉ុប​ហើយ​ក្តី។ នេះ​បើ​យោង​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។ លោកស្រី Ursula von der Leyen ប្រធាន​គណៈកម្មការ​អឺរ៉ុប បាន​ថ្លែង​នៅ​ក្នុង​សិន្នសីទ​សារព័ត៌មាន​មួយ​ នៅ​ក្នុង​សម្លៀក​បំពាក់​ដែល​មាន​ពណ៌​តំណាង​ឲ្យ​ទង់ជាតិ​ប្រទេស​អ៊ុយក្រែន​ថា៖ «គណៈកម្មការ​ណែនាំ...​ឲ្យ​ប្រទេស​អ៊ុយក្រែន​ទទួល​បាន​បេក្ខភាព​ជា​សមាជិក។ អ៊ុយក្រែន​បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​ឆន្ទៈ​និង​ការ​ប្តេជ្ញាចិត្ត​របស់​ខ្លួន ក្នុង​ការ​ដើរ​តាម​គុណតម្លៃ​និង​ស្តង់ដារ​របស់​អឺរ៉ុប»។
  • ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy នៅ​ថ្ងៃសុក្រនេះ​ បាន​សរសើ​សេចក្តី​សម្រេច​ចិត្ត​របស់​គណៈកម្មការ​អឺរ៉ុប​ដែល​បាន​ផ្តល់​ការ​គាំទ្រ​របស់​ខ្លួន​ដល់​អ៊ុយក្រែន ដើម្បី​ផ្តល់​ឋានៈ​ជា​បេក្ខភាព​ដើម្បី​ចូល​ជា​សមាជិក​នៃ​សហភាព​អឺរ៉ុប។ លោក Zelenskyy បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ថា «នេះ​ជា​ជំហាន​ដំបូង​ដល់​ដំណើរ​ឆ្ពោះ​ទៅ​ការ​ក្លាយ​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប ដែល​នឹង​នាំ​មក​នូវ​ជ័យជម្នះ​ដល់​យើង​ក្នុង​ពេល​ឆាប់ៗ​នេះ» ។ ​លោក​បាន​បន្ថែមទៀត​ថា លោក​ពិតជា «ដឹងគុណ» ដល់​លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការ​អឺរ៉ុប និង​ «សមាជិក​សហភាព​អឺរ៉ុប​គ្រប់​គ្នា​សម្រាប់​សេចក្តី​សម្រេច​ចិត្ត​ជា​ប្រវត្តិសាស្ត្រ​នេះ»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ AFP។
  • ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​ប្រកាសនៅ​ថ្ងៃ​សុក្រ​នេះថា រដ្ឋាភិបាល​អ៊ុយក្រែន​គ្រោង​បង្កើត​កម្មវិធី​ផ្តល់​ទិដ្ឋការ​ដល់​ជនជាតិ​រុស្ស៊ី ចាប់ពី​ថ្ងៃទី ១ ខែ​កក្កដា​តទៅ។ សេចក្តី​ប្រកាស​នេះ​ធ្វើ​ឡើង ​ខណៈ​ការ​ឈ្លានពាន​របស់​រុស្ស៊ីទៅ​លើ​ប្រទេស​អ៊ុយក្រែន​កំពុង​ឈាន​ចូល​ដល់​រយៈពេល ៤ខែហើយ​។ លោក Zelenskyy បាន​សរសេរ​នៅ​លើ​គណនីយ Telegram របស់​លោក​ថា «អ៊ុយក្រែន​នឹង​បង្កើត​គម្រោង​ទិដ្ឋាការ​ដល់​ប្រជាជន​នៃ​សហព័ន្ធ​រុស្ស៊ី»។ លោក​បាន​ថ្លែង​ថា លក្ខខណ្ឌ​សម្រាប់​ទិដ្ឋាការ​នេះ​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃទី «១ ខែ​កក្កដា ឆ្នាំ​២០២២» ខាងមុខ​នេះ។ ​នេះ​បើ​យោង​តាម​សេចក្តី​សម្រេច​របស់​រដ្ឋាភិបាល​អ៊ុយក្រែន ដែល​លោក​រំពឹងនឹង​ចេញ​ផ្សាយ​នៅ​«ថ្ងៃនេះ»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • កង​កម្លាំង​យោធា​អ៊ុយក្រែន​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃសុក្រ​ថា ពួកគេ​បាន​បាញ់​មីស៊ីល Harpoonពីរ​គ្រាប់​ ត្រូវចំ​នាវា​សណ្តោង Vasiliy Bekh របស់​កងទ័ព​ជើង​ទឹក​រុស្ស៊ី នៅ​តំបន់​សមុទ្រខ្មៅ​នៅ​ថ្ងៃ​សុក្រ​នេះ។ នេះ​ជា​លើក​ដំបូង​ដែល​អ៊ុយក្រែន​បាន​អះអាង​ថា ខ្លួន​បាន​វាយ​ប្រហារ​លើ​នាវា​រុស្ស៊ី​ ដោយ​ប្រើប្រាស់​រុកក្កែត​សម្រាប់​បាញ់​នាវា​ដែល​អ៊ុយក្រែន​ទទួល​បាន​ពី​ការ​ផ្គត់ផ្គង់​សព្វាវុធ​របស់​បស្ចិមប្រទេសនោះ​។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។ ក្រុមប្រឹក្សា​បណ្តាញ​ផ្សព្វផ្សាយ​យុទ្ធសាស្ត្រ​ប្រចាំ​កង​យោធពល​អ៊ុយក្រែន បាន​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ​នៅតាម​បណ្តាញ​ Telegram ជាមួយ​នឹង​វីដេអូ​មួយ​ដែល​បង្ហាញ​ពី​សកម្មភាព​វាយប្រហារ​តាម​អាកាស​នោះ។ ទីភ្នាក់ងារ​ព័ត៌មាន Reuters មិន​អាច​បញ្ជាក់​ផ្ទៀង​ផ្ទាត់ពី​ភាព​ច្បាស់លាស់​នៃ​វីដេអូ​នោះ​បាន​នៅ​ឡើយ​ទេ។ ​

ផ្សែងនិងធូលីដីបានហ៊ុយឡើងនៅកណ្តាលទីក្រុង Severodonetsk នៅក្នុងតំបន់ Donbas ភាគខាងកើតប្រទេសអ៊ុយក្រែន ខណៈការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនឈានចូលដល់រយៈពេលបួនខែ នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២២។
ផ្សែងនិងធូលីដីបានហ៊ុយឡើងនៅកណ្តាលទីក្រុង Severodonetsk នៅក្នុងតំបន់ Donbas ភាគខាងកើតប្រទេសអ៊ុយក្រែន ខណៈការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនឈានចូលដល់រយៈពេលបួនខែ នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២២។

  • មនុស្ស​យ៉ាង​តិច​ ២ នាក់​ត្រូវបាន​សម្លាប់​ ហើយ​ ២០ នាក់ផ្សេង​ទៀត​បាន​ទទួល​រង​របួស នៅ​ក្នុង​ការ​វាយប្រហារ​របស់​រុស្ស៊ី​ លើ​តំបន់​លំនៅដ្ឋានមួយ​កន្លែងនៅ​ទីក្រុង Mykolaive ភាគខាង​ត្បូង​ប្រទេស​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​ការ​អះអាង​របស់​អភិបាល​ក្រុង​នៅ​ថ្ងៃ​សុក្រ​នេះ​។ លោក Vitaliy Kim បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ថា៖ «ការ​បាញ់​រុកក្កែត​មួយ​លើ​តំបន់​ទីប្រជុំជន​បាន​សម្លាប់​មនុស្ស​ ២ នាក់ ហើយ​ ២០ នាក់​ទៀត រង​របួស»។ លោក​ក៏​បាន​លើកឡើងផង​ដែរថា ក្នុង​ចំណោម​អ្នក​រងរបួស ក៏​មាន​កុមារ​ម្នាក់​ផង​ដែរ។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • រដ្ឋាភិបាល​រុស្ស៊ី​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ​នេះថា គោល​បំណង​នៃ​«ប្រតិបត្តិការ​យោធា​ពិសេស» របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន នៅតែ​ផ្តោត​លើ​ការ​ការពារ​ប្រជាជន​នៅ​ក្នុង​តំបន់ Donbas ភាគ​ខាង​កើត​អ៊ុយក្រែន​ដដែល។ នៅ​ក្នុង​ការ​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​ក្រុម​អ្នក​សារព័ត៌មាន​ លោក Dmitry Peskov អ្នក​នាំពាក្យ​រដ្ឋាភិបាលក្រុងមូស្គូ បាន​ថ្លែង​ថា គោល​បំណង​ចម្បង​របស់​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន គឺ​នៅតែ​ផ្តោត​លើ​ការ​ «ជួយ​សង្គ្រោះ​និង​រក្សា​ការពារ» តំបន់ Donbas ពី​សកម្មភាព​ដែល​លោក​បាន​ហៅ​ថា ​ជា «ការ​វាយ​ប្រហារ​យ៉ាង​ឃោរឃៅ» ពី​កងកម្លាំង​យោធា​របស់​រដ្ឋាភិបាល​អ៊ុយក្រែន​នោះ​។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • រុស្ស៊ី​នៅ​ថ្ងៃ​សុក្រ​នេះ​បាន​ឲ្យ​ដឹង​ថា ទាហាន​បរទេស​ស៊ីឈ្នួល​ជិត ២.០០០ នាក់ ត្រូវបាន​សម្លាប់​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ចាប់តាំង​ពី​ការ​ធ្វើ​ប្រតិបត្តិការ​យោធា​របស់​ខ្លួន​នៅក្នុង​ប្រទេស​អ៊ុយក្រែន​ ដែល​គាំទ្រ​ដោយ​បស្ចិម​ប្រទេស​នោះ​។ ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​ថ្លែង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «ទាហាន​បរទេស​ស៊ីឈ្នួល​និង​អ្នក​ជំនាញ​ខាង​អាវុធ» ចំនួន ៦.៩៥៦ នាក់​មកពី​ប្រទេស​ចំនួន ៦៤ បាន​ទៅ​ដល់​ប្រទេស​អ៊ុយក្រែន ចាប់តាំង​ពី​រុស្ស៊ី​បាន​បង្ក​ជម្លោះ​នៅ​ទី​នោះ ហើយ​ថា «ពួកគេ​ចំនួន ១.៩៥៦ នាក់ ត្រូវបាន​សម្លាប់» ហើយ​ ១.៧៧៩ នាក់​ទៀត បាន​ចាកចេញ​ពី​ប្រទេស​អ៊ុយក្រែន។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។ ​
  • អភិបាល​តំបន់ Luhansk នៃ​ប្រទេស​អ៊ុយក្រែន បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ការ​ជម្លៀស​ជន​ស៊ីវិល​ចំនួន ៥៦៨ នាក់​ដែលកំពុងលាក់ខ្លួន​ដើម្បី​សុវត្ថិភាព​នៅ​ក្នុង​រោងចក្រ Azot ដែល​ស្ថិត​នៅ​ក្នុងទីក្រុង​ Sievierodonetsk ដែល​កំពុង​មានប្រយុទ្ធគ្នានោះ​ គឺ​មិន​អាច​ធ្វើ​ទៅ​រួច​ទេ​នា​ពេល​បច្ចុប្បន្ន​នេះ ដោយសារ​តែ​ការ​វាយ​ប្រយុទ្ធគ្នា​និង​ការ​បាញ់​ផ្លោងយ៉ាងខ្លាំងនៅ​តំបន់​នេះ។ នៅ​ក្នុង​សារ​តាម​ Telegram អភិបាល​តំបន់​រូប​នេះ បាន​ឲ្យដឹង​ថា កុមារ​ចំនួន ៣៨ នាក់ កំពុង​លាក់​ខ្លួន​ដើម្បី​សុវត្ថិភាព​នៅ​រោងចក្រ​នេះ។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • អង្គការ​សហប្រជាជាតិ​បាន​ឲ្យដឹងនៅ​ថ្ងៃ​សុក្រ​នេះថា ស្ថានភាព​មនុស្សធម៌​នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន​ មាន​លក្ខណៈ«គួរ​ឲ្យ​ភ័យ​រន្ធត់​យ៉ាង​ខ្លាំង» និងបន្ត​យ៉ាប់យ៉ឺន​ ខណៈ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន បានឈាន​ចូល​ដល់​រយៈពេល​ ៤ ខែ​ហើយនោះ​។ ទីភ្នាក់ងារ​ OCHA ទទួល​បន្ទុក​ផ្នែក​មនុស្សធម៌​ប្រចាំ​អង្គការ​សហប្រជាជាតិ​ បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា៖ «ជិត​រយៈពេល​បួនខែ​ចាប់តាំង​ពី​សង្គ្រាម​នេះ​កើត​ឡើង ស្ថានភាព​មនុស្សធម៌​នៅ​ទូទាំង​ប្រទេស​អ៊ុយក្រែន ជាពិសេស​នៅ​តំបន់ Donbas ភាគខាង​កើត​អ៊ុយក្រែន គួរ​ឲ្យ​ភ័យ​រន្ធត់​យ៉ាង​ខ្លាំង ហើយ​បន្ត​យ៉ាប់យ៉ឺន​ទៅ​យ៉ាង​ឆាប់​រហ័ស»។ សេចក្តី​ថ្លែង​ការណ៍​នេះ​ក៏បាន​ឲ្យដឹង​ថា ស្ថានភាព​នេះ​«គួរ​ឲ្យ​ព្រួយ​បារម្ភ​នៅ​ក្នុង​ទីក្រុង​ Severodonetsk និង​តំបន់​ក្បែរៗ​នោះ» ។ ​ទីក្រុង​នេះ​ស្ថិតនៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន ​ដោយ​មានការ​ប្រយុទ្ធ​បង្ហូរ​ឈាមគ្នា​បន្ត​កើត​ឡើង​ជា​ច្រើន​សប្តាហ៍​មក​ហើយ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP៕

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG