ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។

LIVE BLOG: ព្រឹត្តិការណ៍ថ្មីៗអំពីការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ៣ វិច្ឆិកា ២០២២

រុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែន តាំងពីថ្ងៃទី២៤ ខែកម្ភៈ មក។ សូមតាមដានព្រឹត្តិការណ៍ថ្មីៗប្រចាំថ្ងៃទាក់ទងនឹងវិបត្តិអ៊ុយក្រែន នៅ​លើ​ទំព័រ Live Blog ដែលផ្សាយផ្ទាល់នេះ។

២២:៤៧ ៣០.៥.២០២២

ថ្ងៃចន្ទ ទី ៣០ ខែឧសភា៖

  • រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​លោក Dmytro Kuleba បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ប្រទេស​អ៊ុយក្រែន​ឆ្អែតចិត្ត​ជាមួយ​នឹង «ដំណោះស្រាយ​ពិសេស» និង​ទម្រង់​ផ្ដល់​ឱ្យ​ផ្សេង​គ្នា​សម្រាប់​ការ​ចូល​ជា​សមាជិក​របស់​អ៊ុយក្រែន​នៅ​ក្នុង​សហភាព​អឺរ៉ុប។ លោក Kuleba ថ្លែង​ដូច្នេះ​ថា៖ «យើង​ត្រូវការ​ការ​បញ្ជាក់​ច្បាស់លាស់​តាម​ផ្លូវ​ច្បាប់​ដែល​ថា​អ៊ុយក្រែន​គឺ​ជា​ផ្នែក​មួយ​នៃ​គម្រោង​សមាហរណកម្ម​អឺរ៉ុប ហើយ​ការ​បញ្ជាក់​បែប​នេះ​គឺ​ការ​ផ្ដល់​ឋានៈ​ជា​បេក្ខជន​ប្រទេស [សម្រាប់​សមាជិកភាព​របស់​អ៊ុយក្រែន​នៅ​ក្នុង​សហភាព​អឺរ៉ុប]»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuter។

​រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន លោក Dmytro Kuleba ថ្លែង​សុន្ទរកថា ក្នុង​អំឡុងពេល​នៃ​កិច្ចប្រជុំ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ឆ្នាំ ២០២២ នៅ​ទីក្រុង​ដាវ៉ូស ប្រទេស​ស្វីស ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២២។

  • អនុ​ប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​របស់​ប្រទេស​រុស្ស៊ី​លោក Dmitry Medvedev បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ការ​សម្រេច​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ​មិន​បញ្ជូន​ឱ្យ​ប្រទេស​អ៊ុយក្រែន​នូវ​ប្រព័ន្ធ​រ៉ុក្កែត​ដែល​អាច​បាញ់​ដល់​ប្រទេស​រុស្ស៊ី​បាន​គឺ​ជា​រឿង «ត្រឹមត្រូវ»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា សហរដ្ឋ​អាមេរិក​នឹង​មិន​បញ្ជូន​ឱ្យ​អ៊ុយក្រែន​នូវ​ប្រព័ន្ធ​រ៉ុក្កែត​ដែល​អាច​បាញ់​ដល់​រុស្ស៊ី​នោះ​ទេ។ ការ​លើកឡើង​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​មាន​សេចក្ដី​រាយការណ៍​ថា រដ្ឋបាល​របស់​លោក Biden បាន​ត្រៀម​លក្ខណៈ​នៅ​ក្នុង​ការ​បញ្ជូន​ប្រព័ន្ធ​រ៉ុក្កែត​ទំនើប​ដែល​បាញ់​បាន​ចម្ងាយ​ឆ្ងាយ​ទៅ​ឱ្យ​រដ្ឋាភិបាល​អ៊ុយក្រែន​ដើម្បី​ប្រយុទ្ធ​នឹង​រុស្ស៊ី។ លោក Biden បាន​ប្រាប់​អ្នក​កាសែត​ថា៖ «យើង​នឹង​មិន​បញ្ជូន​ឱ្យ​អ៊ុយក្រែន​នូវ​ប្រព័ន្ធ​រ៉ុក្កែត» ដែល​អាច​បាញ់​ដល់​ប្រទេស​រុស្ស៊ី​នោះ​ឡើយ។
  • ប្រធានាធិបតី​តួកគី​លោក Recep Tayyip Erdogan បាន​ប្រាប់​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin នៅ​ថ្ងៃ​ចន្ទ​នេះ​ថា រដ្ឋាភិបាល​តួកគី​ត្រៀម​លក្ខណៈ​រួចរាល់​នៅ​ក្នុង​ការ​បំពេញ​តួនាទី​នៅ​ក្នុង «យន្តការ​សង្កេតការណ៍» រវាង​រដ្ឋាភិបាល​រុស្ស៊ី រដ្ឋាភិបាល​អ៊ុយក្រែន និង​អង្គការ​សហប្រជាជាតិ ប្រសិនបើ​កិច្ច​ព្រមព្រៀង​មួយ​សម្រេច​បាន​ទាក់ទិន​នឹង​រឿង​នេះ។ ខុទ្ទកាល័យ​ប្រធានាធិបតី​តួកគី​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា លោក Erdogan បាន​ប្រាប់​លោក Putin នៅ​ក្នុង​ការ​សន្ទនា​តាម​ទូរស័ព្ទ​ថា សន្តិភាព​ត្រូវតែ​បង្កើត​ឡើង​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ហើយ​ជំហាន​កសាង​ទំនុកចិត្ត​ចាំបាច់​ត្រូវតែ​អនុវត្ត​ទាក់ទិន​នឹង​សង្គ្រាម​នៅ​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • រដ្ឋាភិបាល​រុស្ស៊ី​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ប្រាប់​ប្រធានាធិបតី​តួកគី​លោក Recep Tayyip Erdogan នៅ​ក្នុង​ការ​សន្ទនា​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា រុស្ស៊ី​ត្រៀម​លក្ខណៈ​រួចរាល់​នៅ​ក្នុង​ការ​សម្របសម្រួល​ការ​ដឹក​ជញ្ជូន​ទំនិញ​នានា​ឆ្លងកាត់​តាម​ផ្លូវ​សមុទ្រ​ដោយ​គ្មាន​ការ​រារាំង ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​ដឹក​ជញ្ជូន​ធញ្ញជាតិ​ចេញ​ពី​កំពង់ផែ​របស់​ប្រទេស​អ៊ុយក្រែន​ផង​ដែរ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ទាហាន​អ៊ុយក្រែន​ដើរ​កាត់​អគារ​មួយ​ដែល​រង​ការ​បំផ្លិចបំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ​ដោយសារការ​បាញ់​ផ្លោង​របស់​រុស្ស៊ី នៅ​ក្រុង Bakhmut ប៉ែក​ខាង​កើត​ប្រទេស​អ៊ុយក្រែន ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២២។ (AP Photo/Francisco Seco)
ទាហាន​អ៊ុយក្រែន​ដើរ​កាត់​អគារ​មួយ​ដែល​រង​ការ​បំផ្លិចបំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ​ដោយសារការ​បាញ់​ផ្លោង​របស់​រុស្ស៊ី នៅ​ក្រុង Bakhmut ប៉ែក​ខាង​កើត​ប្រទេស​អ៊ុយក្រែន ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២២។ (AP Photo/Francisco Seco)
  • រដ្ឋមន្ត្រី​ការបរទេស​ថ្មី​របស់​ប្រទេស​បារាំង​អ្នកស្រី Catherine Colonna បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​នៅ​ពេល​អ្នកស្រី​ធ្វើ​ទស្សនកិច្ច​ទៅកាន់​រដ្ឋធានី​កៀវ ប្រទេស​អ៊ុយក្រែន​ថា រដ្ឋាភិបាល​បារាំង​ត្រៀម​លក្ខណៈ​រួចរាល់​នៅ​ក្នុង​ការ​បង្កើន​ជំនួយ​យោធា​ដល់​អ៊ុយក្រែន​ដើម្បី​ជួយ​អ៊ុយក្រែន​តតាំង​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី។ អ្នកស្រី Colonna បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ដែល​ធ្វើ​ឡើង​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​លោក Dmytro Kuleba ថា «ប្រទេស​បារាំង​មិន​មែន​កំពុង​មាន​សង្គ្រាម​ជាមួយ​នឹង​រុស្ស៊ី​ទេ» ប៉ុន្តែ​បារាំង​នឹង «បន្ត​ពង្រឹង​ការ​បញ្ជូន​សព្វាវុធ [ដល់​អ៊ុយក្រែន]»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • នាយករដ្ឋមន្ត្រី​ហុងគ្រី​លោក Viktor Orban បាន​ព្រមាន​នៅ​ថ្ងៃ​ចន្ទ​នេះ​នៅ​ពេល​លោក​ធ្វើ​ដំណើរ​ទៅ​ដល់​កន្លែង​ប្រជុំ​របស់​បណ្ដា​មេដឹកនាំ​សហភាព​អឺរ៉ុប​ថា សហភាព​អឺរ៉ុប​មិន​ទាន់​សម្រេច​បាន​នូវ​ការ​សម្រុះសម្រួល​ណា​មួយ​ដែល​អាច​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ហុងគ្រី​គាំទ្រ​ការ​ហាម​ឃាត់​ការ​នាំ​ចូល​ប្រេង​ឥន្ធនៈ​ពី​រុស្ស៊ី​នៅ​ឡើយ​ទេ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • លោក Josep Borrell ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​នៃ​សហភាព​អឺរ៉ុប​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​ថា ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​គួរតែ​អាច​សម្រេច​បាន​នូវ​កិច្ច​ព្រមព្រៀង​មួយ​នៅ​ក្នុង​ការ​ប្រជុំ​នៅ​ថ្ងៃ​ចន្ទ​នេះ​អំពី​កញ្ចប់​ទណ្ឌកម្ម​បន្ទាប់​សម្រាប់​ដាក់​លើ​ប្រទេស​រុស្ស៊ី ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​ហាម​ឃាត់​នូវ​ការ​នាំ​ចូល​ប្រេង​ឥន្ធនៈ​ពី​រុស្ស៊ី​ផង​ដែរ។ លោក Borrell បាន​បញ្ជាក់​ប្រាប់​វិទ្យុ France Info ថា៖ «យើង​ចាំបាច់​ត្រូវតែ​សម្រេច​ជា​ឯកច្ឆន្ទ។ មាន​ការ​ពិភាក្សា​កាលពី​រសៀល​ម្សិលមិញ ហើយ​នឹង​មាន​ការ​ពិភាក្សា​នៅ​ព្រឹក​នេះ​និង​ពេញ​មួយ​រសៀល​នេះ»។ លោក​បាន​បន្ថែម​ថា៖ «ខ្ញុំ​គិត​ថា​នៅ​រសៀល​នេះ យើង​នឹង​អាច​ផ្ដល់​ជូន​បណ្ដា​មេដឹកនាំ​នៃ​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុបនូវ​កិច្ច​ព្រមព្រៀង​មួយ»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • មន្ត្រី​ការទូត​កំពូលៗ​នៃ​សហភាព​អឺរ៉ុប​បាន​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ចន្ទ​សម្រាប់​ការ​ប៉ុនប៉ង​ចុងក្រោយ​បង្អស់​នៅ​ក្នុង​ការ​ឯកភាព​គ្នា​លើ​ការ​ហាមឃាត់​ការ​នាំ​ចូល​ប្រេង​ឥន្ធនៈ​ពី​ប្រទេស​រុស្ស៊ី ក្នុង​គោល​បំណង​ដើម្បី​បញ្ចៀស​មិន​ឱ្យ​មាន​ការ​បង្ហាញ​ឡើង​អំពី​ការ​មិន​សាមគ្គី​គ្នា​ទាក់ទិន​នឹង​ការ​ឆ្លើយតប​របស់​សហភាព​អឺរ៉ុប​ចំពោះ​សង្គ្រាម​នៅ​អ៊ុយក្រែន មុន​ពេល​មេដឹកនាំ​របស់​ពួកគេ​ជួប​ប្រជុំ​គ្នា​នៅ​ពេល​ក្រោយ​នៅ​ថ្ងៃ​ចន្ទ​នេះ។ បើ​យោង​ទៅ​លើ​សេចក្ដី​ព្រាង​នៃ​សេចក្ដី​ថ្លែងការណ៍​បិទ​បញ្ចប់​នៃ​កិច្ច​ប្រជុំ​របស់​សហភាព​អឺរ៉ុប​នៅ​ថ្ងៃ​នេះ មេដឹកនាំ​នៃ​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​ទាំង ២៧ គួរតែ​ឯកភាព​គ្នា​ថា ទណ្ឌកម្ម​លើក​នេះ​នឹង​មាន​បញ្ចូល​នូវ​ផ្នែក​ប្រេង​ឥន្ធនៈ​ផង​ដែរ ដោយ​មាន​ការ​លើកលែង​បណ្ដោះអាសន្ន​ចំពោះ​ប្រេង​ឆៅ​ដែល​បញ្ជូន​តាម​បំពង់​បង្ហូរ​ប្រេង ដែល​នេះ​ជា​ការ​សម្រុះសម្រួល​ដែល​ឯក​អគ្គរដ្ឋទូត​នានា​មិន​បាន​ឯកភាព​គ្នា​កាលពី​ថ្ងៃ​អាទិត្យ​ម្សិល មិញ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • នាយករដ្ឋមន្ត្រី​អេស្ប៉ាញ​លោក Pedro Sanchez បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​ថា ការ​គាំទ្រ​របស់​អង្គការ​អូតង់​ចំពោះ​ប្រទេស​អ៊ុយក្រែន​គឺ​មិន​អាច​បំបែក​បាន​ទេ ហើយ​ប្រធានា ធិបតី​រុស្ស៊ី​លោក Vladimir Putin នឹង​មិន​សម្រេច​តាម​គោល​បំណង​របស់​លោក​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​នោះ​ឡើយ។ លោក Sanchez បាន​បញ្ជាក់​នៅ​ក្នុង​ពិធី​ប្រារព្ធ​ខួប​លើក​ទី៤០របស់​ប្រទេស​អេស្ប៉ាញ​ក្នុង​នាម​ជា​សមាជិក​អង្គការ​អូតង់​ថា៖ «ការគាំទ្រ​ប្រទេស​អ៊ុយក្រែន​ដោយ​ការ​តាំងចិត្ត​គឺ​ជា​វិធី​តែ​មួយ​គត់​នៅ​ក្នុង​ការ​ធានា​ថា​ទ្វីប​អឺរ៉ុប​និង​ពិភពលោក​ដែល​យើង​បាន​កសាង​ឡើង​មាន​អនាគត​ច្បាស់លាស់»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • រដ្ឋមន្ត្រី​ការបរទេស​បារាំង​អ្នកស្រី Catherine Colonna នៅ​ថ្ងៃ​ចន្ទ​បាន​ថ្កោលទោស​ការ​សម្លាប់​ជន​ស៊ីវិល​នៅ​ជាយ​រដ្ឋធានី​កៀវ ប្រទេស​អ៊ុយក្រែន ក្នុង​អំឡុង​ពេល​ធ្វើ​ទស្សន កិច្ច​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន​ដើម្បី​បង្ហាញ​ការ​គាំទ្រ។ បន្ទាប់ពី​បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​វិហារ​គ្រិស្ដ​សាសនា​និកាយ​អ័រតូដុក​មួយ​កន្លែង​នៅ​ក្នុង​ក្រុង Bucha ជាយ​រដ្ឋធានី​កៀវ ដែល​នៅ​ទី​នោះ​កងទ័ព​រុស្ស៊ី​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​បាន​សម្លាប់​ជន​ស៊ីវិល​មក អ្នកស្រី Colonna បាន​ប្រាប់​អ្នក​កាសែត​ថា៖ «រឿង​នេះ​មិន​គួរ​កើតឡើង​ទាល់​តែ​សោះ។ រឿង​នេះ​មិន​ត្រូវ​កើតឡើង​ម្ដង​ទៀត​ជា​ដាច់ខាត»។ នេះ​បើ​យោង​តាម​ទីភ្នាក់ ងារ​ព័ត៌មាន AFP។

ប្រជាជន​អ៊ុយក្រែន​ឡើង​ជិះ​រថភ្លើង​រត់ភៀសខ្លួន​នៅ​ក្រុង Soledar តំបន់​ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២២។ (AP Photo/Andriy Andriyenko)
ប្រជាជន​អ៊ុយក្រែន​ឡើង​ជិះ​រថភ្លើង​រត់ភៀសខ្លួន​នៅ​ក្រុង Soledar តំបន់​ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២២។ (AP Photo/Andriy Andriyenko)
  • រដ្ឋមន្ត្រី​ការបរទេស​បារាំង​អ្នកស្រី Catherine Colonna បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​អ៊ុយក្រែន​នៅ​ថ្ងៃ​ចន្ទ​សម្រាប់​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​របស់​អ្នកស្រី​ទៅ​កាន់​ប្រទេស​នេះ។ នេះ​បើ​យោង​តាម​សារ​បង្ហោះ​នៅ​លើ​ទំព័រ Twitter របស់​អ្នកស្រី។ ក្រសួង​ការបរទេស​បារាំង​បាន​បញ្ជាក់​ថា អ្នកស្រី Colonna នឹង​ជួប​ជាមួយ​នឹង​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy និង​រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​លោក Dmytro Kuleba នៅ​ក្នុង​រដ្ឋធានី​កៀវ ដើម្បី​ពិភាក្សា​អំពី​ការ​គាំទ្រ​របស់​ប្រទេស​បារាំង​ចំពោះ​ប្រទេស​អ៊ុយក្រែន «គ្រប់​ផ្នែក​ទាំង​អស់ ហើយ​ជា​ពិសេស​អំពី​បញ្ហា​ដែល [រុស្ស៊ី] រាំង​ខ្ទប់​ការ​នាំចេញ​ធញ្ញជាតិ​និង​គ្រាប់​ពូជ​រុក្ខជាតិ​ប្រេង​របស់​អ៊ុយក្រែន»។ នេះ​បើ​យោង​តាម​ទូរទស្សន៍ CNN។
  • លោក Sergiy Gaiday អភិបាល​តំបន់ Lugansk នៃ​ប្រទេស​អ៊ុយក្រែន​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​ថា កងទ័ព​រុស្ស៊ី​បាន​សម្រុក​ចូល​កាន់តែ​កៀក​ទៅ​ផ្នែក​កណ្ដាល​នៃ​ទីក្រុង Severodonetsk នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន។ លោក​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​នៅ​លើ​បណ្ដាញ​សង្គម​អនឡាញ​ថា៖ «រុស្ស៊ី​កំពុង​សម្រុក​ចូល​ទៅ​ផ្នែក​កណ្ដាល​នៃ​ទីក្រុង Severodonetsk។ ការ​ប្រយុទ្ធ​កំពុង​បន្ត។ ស្ថានការណ៍​គឺ​ពិបាក​ខ្លាំង​ណាស់»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • ក្រុម​តន្ត្រី Kalush របស់​ប្រទេស​អ៊ុយក្រែន ដែល​បាន​ឈ្នះ​ពាន​រង្វាន់​ការ​ប្រកួត​ចម្រៀង Eurovision នៅ​ឆ្នាំ​នេះ បាន​ដាក់​ដេញ​ថ្លៃ​ពាន​រង្វាន់​នេះ​តម្លៃ ៩០០.០០០ ដុល្លារ​អាមេរិក សម្រាប់​ការ​បរិច្ចាគ​ដល់​មូលនិធិ​មួយ​កន្លែង​ដែល​ជួយ​កងទ័ព​អ៊ុយក្រែន។ ក្រុម​តន្ត្រី Kalush បាន​សរសេរ​នៅ​លើ Facebook កាលពី​យប់​ថ្ងៃ​អាទិត្យ​ប្រកាស​អំពី​អ្នក​ឈ្នះ​ការ​ដេញ​ថ្លៃ​នេះ​ថា៖ «អ្នក​ទាំង​អស់​គ្នា​អស្ចារ្យ​ណាស់!»។ ក្រុម​តន្ត្រី​នេះ​បាន​បន្ថែម​ថា៖ «សូម​ថ្លែង​អំណរគុណ​ជា​ពិសេស​ដល់​ក្រុម WhiteBIT ដែល​បាន​ទិញ​ពាន​រង្វាន់​នេះ​សម្រាប់​តម្លៃ៩០០.០០០ដុល្លារ​អាមេរិក (៨៣៧.០០០ អឺរ៉ូ) ហើយ​ឥឡូវ​នេះ​ក្រុម​នេះ​គឺ​ជា​ម្ចាស់​កម្មសិទ្ធិ​ស្រប​ច្បាប់ [លើ​ពាន​រង្វាន់​នេះ]»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌ មាន AFP។
  • ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​ធ្វើ​ដំណើរ​ជា​លើក​ដំបូង​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ទៅ​កាន់​តំបន់​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន​ដែល​ហែក ហួរ​ដោយសារ​សង្គ្រាម តាំង​ពី​ពេល​ដែល​រុស្ស៊ី​បាន​ឈ្លានពាន​មក។ បន្ទាប់ពី​បាន​ធ្វើ​ទស្សនកិច្ច​នៅ​ក្នុង​ទីក្រុង Kharkiv លោក Zelenskyy បាន​ប្រកាស​ថា លោក​បាន​បញ្ឈប់​តំណែង​ប្រធាន​ផ្នែក​សន្តិសុខ​នៃ​ទីក្រុង​នេះ។ លោក​ថា ប្រធាន​ផ្នែក​សន្តិសុខ​នេះ​ត្រូវ​បាន​បញ្ឈប់​ពី​តំណែង «ដោយសារ​មិន​បាន​ធ្វើការ​ដើម្បី​ការពារ​ទីក្រុង Kharkiv តាំង​ពី​ថ្ងៃ​ដំបូង​នៃ​សង្គ្រាម​ពេញ​ទំហឹង​នេះ ប៉ុន្តែ​គិត​តែ​អំពី​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
២០:២៨ ២៩.៥.២០២២

ថ្ងៃអាទិត្យ ទី ២៩ ខែឧសភា៖

  • ទូរទស្សន៍ TRT Haber របស់​ប្រទេស​តួកគី​បាន​រាយការណ៍​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ប្រធានាធិបតី​តួកគី​លោក Recep Tayyip Erdogan បាន​និយាយ​ថា ការ​ពិភាក្សា​របស់​រដ្ឋាភិបាល​តួកគី​កាលពី​សប្ដាហ៍​មុន​ជាមួយ​នឹង​គណៈប្រតិភូ​ហ្វាំងឡង់​និង​គណៈប្រតិភូ​ស៊ុយអែត​គឺ​មិន​ស្ថិត​នៅ​ក្នុង «កម្រិត​ដែល​បាន​រំពឹង​ទុក​នោះ​ទេ» ហើយ​រដ្ឋាភិបាល​តួកគី​មិន​អាច​យល់ព្រម​ឲ្យ​ប្រទេស «ដែល​គាំទ្រ​ភេរវកម្ម» ទាំង​ពីរ​នេះ​ចូល​ជា​សមាជិក​អង្គការ​អូតង់ (NATO) បាន​ឡើយ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​ចក្រភព​អង់គ្លេស​លោក Andrei Kelin បាន​អះអាង​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ការ​ចោទ​ប្រកាន់​ដែល​ថា​រុស្ស៊ី​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​ក្នុង​ក្រុង Bucha ប្រទេស​អ៊ុយក្រែន​ គឺ​ជា «រឿង​ប្រឌិត»។ លោក Kelin បាន​លើកឡើង​ដូច្នេះ​នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​នៅ​ក្នុង​កម្មវិធី «Sunday Morning» របស់​បណ្ដាញ​ព័ត៌មាន BBC និង​បាន​បដិសេធ​ថា កងទ័ព​រុស្ស៊ី​មិន​បាន​បាញ់​ផ្លោង​លើ​ជន​ស៊ីវិល​នោះ​ទេ។ នេះ​បើ​យោង​តាម​បណ្ដាញ​ព័ត៌មាន CNN។
  • ប្រធានាធិបតី​ស៊ែប៊ី​លោក Aleksandar Vucic បាន​និយាយ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា លោក​បាន​យល់ព្រម​ចំពោះ​កិច្ចសន្យា​ថ្មី​សម្រាប់​ការ​ផ្គត់ផ្គង់​ឧស្ម័ន​រយៈពេល ៣ ឆ្នាំ នៅ​ក្នុង​ការ​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin។ កិច្ចសន្យា​ផ្គត់ផ្គង់​ឧស្ម័ន​រយៈពេល ១០ ឆ្នាំ​របស់​ប្រទេស​ស៊ែប៊ី​នៅ​ពេល​បច្ចុប្បន្ន​ជាមួយ​នឹង​ក្រុមហ៊ុន Gazprom របស់​រុស្ស៊ី​ នឹង​ផុត​កំណត់​នៅ​ថ្ងៃ​ទី ៣១ ខែ​ឧសភា​ខាង​មុខ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ទាហានអ៊ុយក្រែនម្នាក់ពិនិត្យស្ថានភាពខូចខាតនៅក្នុងតំបន់ដែលរងការវាយប្រហារដោយទាហានរុស្ស៊ី ខណៈការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែននៅតែបន្ត នៅក្នុងភូមិ Marinka ក្នុងតំបន់ Donetsk ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២២។
ទាហានអ៊ុយក្រែនម្នាក់ពិនិត្យស្ថានភាពខូចខាតនៅក្នុងតំបន់ដែលរងការវាយប្រហារដោយទាហានរុស្ស៊ី ខណៈការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែននៅតែបន្ត នៅក្នុងភូមិ Marinka ក្នុងតំបន់ Donetsk ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២២។

  • ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​និយាយ​ថា លោក​នឹង​ថ្លែង​សុន្ទរកថា​ទៅ​កាន់​ក្រុមប្រឹក្សា​អឺរ៉ុប​នៃ​សហភាព​អឺរ៉ុប​នៅ​ក្នុង​អំឡុង​កិច្ច​ប្រជុំ​របស់​ក្រុមប្រឹក្សា​នេះ​នៅ​ថ្ងៃ​ចន្ទ​និង​ថ្ងៃ​អង្គារ​ខាង​មុខ។ លោក Zelenskyy ថ្លែង​ដូច្នេះ​ថា៖ «ខ្ញុំ​នឹង​និយាយ​ជា​ពិសេស​អំពី​បញ្ហា​ភេរវកម្ម​ដែល​ជា​ការពិត​បាន​ក្លាយជា​ទម្រង់​តែ​មួយ​គត់​នៃ​សកម្មភាព​របស់​ប្រទេស​រុស្ស៊ី​ប្រឆាំង​នឹង​ទ្វីប​អឺរ៉ុប និង​អំពី​បញ្ហា​ភេរវកម្ម​នៅ​លើ​ទឹកដី​អ៊ុយក្រែន បញ្ហា​ភេរវកម្ម​លើ​ទីផ្សារ​ថាមពល​របស់​អឺរ៉ុប មិន​មែន​ត្រឹមតែ​លើ​អ៊ុយក្រែន​ប៉ុណ្ណោះ​ទេ បញ្ហា​ភេរវកម្ម​លើ​ទីផ្សារ​ស្បៀង​អាហារ និង​បញ្ហា​ភេរវកម្ម​លើ​សាកលលោក។ តើ​ភេរវកម្ម​បែប​ណា​ទៀត​ដែល​នឹង​កើតឡើង​នៅ​ពេល​បន្ទាប់?»។ នេះ​បើ​យោង​តាម​បណ្ដាញ​ព័ត៌មាន Al Jazeera។
  • ការ​ប្រយុទ្ធ​គ្នា​ដើម្បី​គ្រប់គ្រង​តំបន់ Donbas នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែនកាន់តែ​តានតឹង​ឡើង​នៅ​ថ្ងៃ​អាទិត្យ​នេះ នៅ​ពេល​ដែល​កងទ័ព​រុស្ស៊ី​បន្តឹង​ការ​ក្ដោបក្ដាប់​របស់​ខ្លួន​នៅ​ជុំវិញ​ទីក្រុង Severodonetsk និង​ទីក្រុង Lysychansk ដែល​ជា​ទីក្រុង​ចម្បងៗ​របស់​អ៊ុយក្រែន។ លោក Sergiy Gaiday អភិបាល​តំបន់ Lugansk បាន​បញ្ជាក់​តាម Telegram ថា ស្ថានការណ៍​នៅ​ក្នុង​ទីក្រុង Lysychansk គឺ «កាន់តែ​អាក្រក់​ខ្លាំង​ឡើង»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • ទីភ្នាក់ងារ​ព័ត៌មាន TASS របស់​រុស្ស៊ី​បាន​ដកស្រង់​សម្ដី​របស់​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​ដែល​បាន​បញ្ជាក់​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា មីស៊ីល​របស់​រុស្ស៊ី​បាន​បំផ្លាញ​ឃ្លាំង​អាវុធ​ដ៏​ធំ​មួយ​របស់​កងទ័ព​អ៊ុយក្រែន​នៅ​ក្នុង​ទីក្រុង Kryvyi Rih នៅ​ភាគ​កណ្ដាល​ប្រទេស​អ៊ុយក្រែន។ ទីភ្នាក់ងារ​ព័ត៌មាន TASS នេះ​បាន​រាយការណ៍​បន្ថែម​ថា ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ប្រព័ន្ធ​ការពារ​ទប់ទល់​នឹង​យន្តហោះ​ចម្បាំង​របស់​រុស្ស៊ី​បាន​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង SU-25 របស់​អ៊ុយក្រែន​នៅ​ក្នុង​តំបន់ Dnipro ប្រទេស​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ប្រធានាធិបតី​បារាំង​លោក Emmanuel Macron និង​អធិការបតី​អាល្លឺម៉ង់​លោក Olaf Scholz កាលពី​ថ្ងៃ​សៅរ៍​បាន​ស្នើ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ឲ្យ​ដោះលែង​យុទ្ធជន​អ៊ុយក្រែន ២.៥០០ នាក់ ដែល​បាន​លាក់​ខ្លួន​នៅ​ក្នុង​រោងចក្រ​ដែកថែប Azovstal ក្នុង​ទីក្រុង Mariupol និង​ដែល​ត្រូវ​បាន​រុស្ស៊ី​ចាប់​ធ្វើ​ឈ្លើយ​សឹក។ ខុទ្ទកាល័យ​ប្រធានាធិបតី​បារាំង​បាន​បញ្ជាក់​បន្ទាប់ពី​មេដឹកនាំ​ទាំង ៣ បាន​បញ្ចប់​ការ​សន្ទនា​តាម​ទូរស័ព្ទ​ថា៖ «លោក​ប្រធានាធិបតី Macron និង​អធិការបតី​អាល្លឺម៉ង់​បាន​ស្នើ​ឲ្យ​មាន​ការ​ដោះលែង​អ្នក​ការពារ​រោងចក្រ Azovstal ប្រហែល ២.៥០០ នាក់ ដែល​ត្រូវ​បាន​កងទ័ព​រុស្ស៊ី​ចាប់​ធ្វើ​ជា​ចំណាប់​ខ្មាំង»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។

សកម្មភាពបាញ់រ៉ុកកែតរបស់ក្រុមប្រដាប់អាវុធសាធារណរដ្ឋប្រជាមានិត Donetsk តាមរយៈរថយន្តយោធាបាញ់គ្រាប់រ៉ុកកែត ស្ថិតមិនឆ្ងាយពីតំបន់ Panteleimonivka ដែលគ្រប់គ្រងដោយរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិត Donetsk ភាគខាងកើតប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២២។
សកម្មភាពបាញ់រ៉ុកកែតរបស់ក្រុមប្រដាប់អាវុធសាធារណរដ្ឋប្រជាមានិត Donetsk តាមរយៈរថយន្តយោធាបាញ់គ្រាប់រ៉ុកកែត ស្ថិតមិនឆ្ងាយពីតំបន់ Panteleimonivka ដែលគ្រប់គ្រងដោយរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិត Donetsk ភាគខាងកើតប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២២។

  • អធិការបតី​អាល្លឺម៉ង់​លោក Olaf Scholz និង​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron កាលពី​ថ្ងៃ​សៅរ៍​បាន​ស្នើ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ឲ្យ​ធ្វើ «ការ​ចរចា​ឲ្យ​បាន​ម៉ឺងម៉ាត់​និង​ដោយ​ផ្ទាល់» ជាមួយ​នឹង​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy។ ខុទ្ទកាល័យ​អធិការបតី​អាល្លឺម៉ង់​បាន​បញ្ជាក់​ថា នៅ​ក្នុង​ការ​សន្ទនា​រយៈពេល ៨០ នាទី​ជាមួយ​នឹង​លោក Putin លោក Scholz និង​លោក Macron «បាន​ទទូច​ឲ្យ​មាន​កិច្ច​ឈប់​វាយ​ប្រយុទ្ធ​គ្នា​ជា​បន្ទាន់​និង​ឲ្យ​មាន​ការ​ដក​កងទ័ព​រុស្ស៊ី​ចេញ»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ប្រាប់​មេដឹកនាំ​នៃ​ប្រទេស​បារាំង​និង​ប្រទេស​អាល្លឺម៉ង់​កាលពី​ថ្ងៃ​សៅរ៍​ថា រដ្ឋាភិបាល​រុស្ស៊ី​ត្រៀម​លក្ខណៈ​រួចរាល់​នៅ​ក្នុង​ការ​ស្វែងរក​វិធី​បញ្ជូន​ចេញ​នូវ​ធញ្ញជាតិ​ដែល​ជាប់​គាំង​នៅ​កំពង់ផែ​ប្រទេស​អ៊ុយក្រែន ប៉ុន្តែ​បាន​ទាមទារ​ឲ្យ​ក្រុម​បស្ចិម​ប្រទេស​ដក​ទណ្ឌកម្ម​ចេញ។ លោក Putin ក៏​បាន​ព្រមាន​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron និង​អធិការបតី​អាល្លឺម៉ង់​លោក Olaf Scholz ផង​ដែរ​ មិន​ឲ្យ​បង្កើន​ការ​ផ្គត់ផ្គង់​សព្វាវុធ​ដល់​អ៊ុយក្រែន ដោយ​បាន​និយាយ​ថា ការ​ធ្វើ​ដូច្នេះ​អាច​ធ្វើ​ឲ្យ​ស្ថានការណ៍​កាន់តែ​គ្មាន​អស្ថិរភាព​បន្ថែម​ទៀត​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
២១:០៥ ២៨.៥.២០២២

ថ្ងៃសៅរ៍ ទី ២៨ ខែឧសភា៖

  • សាខា​មួយ​នៃ​ព្រះវិហារ​សាសនា​គ្រិស្ត​និកាយ Orthodox របស់​អ៊ុយក្រែន ដែល​នៅ​តែ​ស្មោះត្រង់​នឹង​រុស្ស៊ី​ក្រោយ​ពីមាន​ការ​បែកបាក់​កាល​ពី​ឆ្នាំ ២០១៩ បាន​ឱ្យ​ដឹង​ថា ខ្លួន​នឹង​កាត់ផ្ដាច់​ចំណង​ទាក់ទង​ជាមួយ​នឹង​ព្រះវិហារ​រុស្ស៊ី​ ដោយសារ​តែ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

សមាជិក​នៃ​សាខា​ព្រះវិហារ​សាសនា​គ្រិស្ដ​និកាយ ​Orthodox របស់​អ៊ុយក្រែន ចូលរួម​ក្នុ​ងកិច្ចប្រជុំ​ក្រុម​ប្រឹក្សា​មយយ​នៅ St. Panteleimon Monastery ដើម្បី​ពិភាក្សា​អំពី​ការ​កាត់ផ្ដាច់​ចំណងទាក់ទង​ជាមួយនឹង​ព្រះវិហារ​នៅ​រុស្ស៊ី​ពាក់ព័ន្ធ​នឹង​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ទីក្រុង​កៀវ ប្រទេស​អ៊ុយក្រែន ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២២។ (Ukrainian Orthodox Church/Handout via REUTERS)
សមាជិក​នៃ​សាខា​ព្រះវិហារ​សាសនា​គ្រិស្ដ​និកាយ ​Orthodox របស់​អ៊ុយក្រែន ចូលរួម​ក្នុ​ងកិច្ចប្រជុំ​ក្រុម​ប្រឹក្សា​មយយ​នៅ St. Panteleimon Monastery ដើម្បី​ពិភាក្សា​អំពី​ការ​កាត់ផ្ដាច់​ចំណងទាក់ទង​ជាមួយនឹង​ព្រះវិហារ​នៅ​រុស្ស៊ី​ពាក់ព័ន្ធ​នឹង​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ទីក្រុង​កៀវ ប្រទេស​អ៊ុយក្រែន ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២២។ (Ukrainian Orthodox Church/Handout via REUTERS)
សមាជិក​នៃ​សាខា​ព្រះវិហារ​សាសនា​គ្រិស្ដ​និកាយ ​Orthodox របស់​អ៊ុយក្រែន ចូលរួម​ក្នុ​ងកិច្ចប្រជុំ​ក្រុម​ប្រឹក្សា​មយយ​នៅ St. Panteleimon Monastery ដើម្បី​ពិភាក្សា​អំពី​ការ​កាត់ផ្ដាច់​ចំណងទាក់ទង​ជាមួយនឹង​ព្រះវិហារ​នៅ​រុស្ស៊ី​ពាក់ព័ន្ធ​នឹង​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ទីក្រុង​កៀវ ប្រទេស​អ៊ុយក្រែន ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២២។ (Ukrainian Orthodox Church/Handout via REUTERS)
សមាជិក​នៃ​សាខា​ព្រះវិហារ​សាសនា​គ្រិស្ដ​និកាយ ​Orthodox របស់​អ៊ុយក្រែន ចូលរួម​ក្នុ​ងកិច្ចប្រជុំ​ក្រុម​ប្រឹក្សា​មយយ​នៅ St. Panteleimon Monastery ដើម្បី​ពិភាក្សា​អំពី​ការ​កាត់ផ្ដាច់​ចំណងទាក់ទង​ជាមួយនឹង​ព្រះវិហារ​នៅ​រុស្ស៊ី​ពាក់ព័ន្ធ​នឹង​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ទីក្រុង​កៀវ ប្រទេស​អ៊ុយក្រែន ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២២។ (Ukrainian Orthodox Church/Handout via REUTERS)
  • រុស្ស៊ី​បាន​ឱ្យ​ដឹង​ថា កងកម្លាំង​របស់​ខ្លួន​បាន​កាន់កាប់​ពេញលេញ​នូវ​ក្រុង Lyman របស់​អ៊ុយក្រែន ដែល​ជា​បណ្ដុំ​ខ្សែ​រថភ្លើង​មួយ​នៅ​ក្នុង​តំបន់ Donetsk នៅ​ថ្ងៃ​សៅរ៍​នេះ។ ការ​កាន់កាប់​ក្រុង​នេះ​នឹង​ជួយ​ដល់​ប្រតិបត្តិការ​យោធា​នៅ​ដំណាក់កាល​បន្ទាប់​ទៀត​របស់​រុស្ស៊ី​នៅ​ក្នុង​តំបន់ Donbas ដែល​ស្ថិត​នៅ​ប៉ែក​ខាង​កើត​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • អភិបាល​តំបន់ Luhansk នៃ​ប្រទេស​អ៊ុយក្រែន លោក Serhiy Gaidai បាន​និយាយ​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​ថា មាន​កងកម្លាំង​រុស្ស៊ី​ប្រមាណ​ចំនួន ១ ម៉ឺន​នាក់​នៅ​ក្នុង​តំបន់​ប៉ែក​ខាង​កើត​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • កងកម្លាំង​រុស្ស៊ី​នៅ​ថ្ងៃ​សៅរ៍​នេះ​បាន​ប្រកាស​អំពី​ការ​ធ្វើ​តេស្ដ​ជោគជ័យ​ចុងក្រោយ​បង្អស់​មួយ​នូវ​ការ​បាញ់​គ្រាប់​មីស៊ីល​ល្បឿនលឿន Zircon ខណៈ​ដែល​រុស្ស៊ី​បង្កើន​ប្រតិបត្តិការ​យោធា​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។ គ្រាប់មីស៊ីល​នោះ​ត្រូវ​បាន​បាញ់​ចេញ​ពី​នាវា Admiral Gorshkov ដែល​ចត​នៅ​សមុទ្រ Barents និង​បាន​បាញ់​ចំ​«គោលដៅ​ដោយ​ជោគជ័យ» ដែល​ស្ថិត​នៅ​ចម្ងាយ​ ១ ពាន់​គីឡូម៉ែត្រ​ពី​សមុទ្រ White នៅ​អាក់ទិក។ នេះបើ​យោង​តាម​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP។ ​
  • អតីត​ប្រធានាធិបតី​អ៊ុយក្រែន លោក Petro Poroshenko បាន​និយាយ​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា លោក​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​ចាកចេញ​ពី​ប្រទេស និង​បាន​ចោទ​រដ្ឋាភិបាល​អ៊ុយក្រែន​ថា​បាន​បំពាន​នូវ​អ្វី​ដែល​ហៅ​ថា​ជា​បទ​ឈប់​បាញ់​នយោបាយ​ដែល​មាន​ស្រាប់ ចាប់​តាំង​ពី​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​មក។ លោក Poroshenko ដែល​បាន​កាន់​អំណាច​ពី​ឆ្នាំ ២០១៤ ដល់​ឆ្នាំ ២០១៩ បាន​បង្ហាញ​ខ្លួន​ជា​សាធារណៈ​ជា​ញឹកញាប់​ចាប់តាំង​ពី​សង្គ្រាម​ជាមួយ​រុស្ស៊ី​បាន​ចាប់​ផ្ដើម​មក ដោយ​លោក​បាន​បង្ហាញ​ខ្លួន​នៅ​លើ​កញ្ចក់​ទូរទស្សន៍​អន្តរជាតិ​ដើម្បី​ផ្ដល់​អត្ថាធិប្បាយ​នានា។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។ ​
  • ទីភ្នាក់ងារ​ព័ត៌មាន Reuters ចេញ​ផ្សាយ​ថា លោក Mykhailo Podolyak ដែល​ជា​អ្នក​ចរចា​ម្នាក់​នៃ​ក្រុម​អ្នក​ចរចា​សន្ដិភាព​របស់​អ៊ុយក្រែន បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម Telegram ថា ការ​ព្រមព្រៀង​ណាមួយ​ជាមួយ​នឹង​រុស្ស៊ី «គឺ​គ្មាន​តម្លៃ​ទាល់តែ​សោះ»។ លោក​បាន​សរសេរ​ថា៖ «តើ​វា​អាច​ទៅ​រួច​ទេ​ក្នុង​ការ​ចរចា​ជាមួយ​នឹង​ប្រទេស​មួយ ដែល​តែងតែ​កុហក​ឥត​អៀនខ្មាស តាម​បែប​ឃោសនានោះ?»។
  • នាយករដ្ឋមន្ត្រី​អ៊ីតាលី លោក Mario Draghi បាន​និយាយ​តាម​ទូរសព្ទ​កាល​ពី​ថ្ងៃ​សុក្រ ជាមួយ​នឹង​ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelesnkyy ដើម្បី​ធានា​ដល់​សមភាគី​អ៊ុយក្រែន​អំពី «ការ​គាំទ្រ​របស់​រដ្ឋាភិបាល​អ៊ីតាលី​នៅ​ក្នុង​ការ​សម្របសម្រួល​ជាមួយ​នឹង​សហភាព​អឺរ៉ុប»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AP។

រូបឯកសារ៖ នាយករដ្ឋមន្ត្រី​អ៊ីតាលី លោក Mario Draghi ស្ដាប់​សំណួរ​អ្នក​កាសែត នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយក្នុង​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី ថ្ងៃទី ៧ ខែមេសា ឆ្នាំ២០២២។ (REUTERS)
រូបឯកសារ៖ នាយករដ្ឋមន្ត្រី​អ៊ីតាលី លោក Mario Draghi ស្ដាប់​សំណួរ​អ្នក​កាសែត នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយក្នុង​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី ថ្ងៃទី ៧ ខែមេសា ឆ្នាំ២០២២។ (REUTERS)
  • ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin និយាយ​ថា ប្រទេស​អ៊ុយក្រែន​គួរ​តែ​ដកចេញ​នូវ​គ្រាប់​មីន​ក្នុង​សមុទ្រចេញ​ពី​តំបន់​នានា​នៅ​ក្បែរ​កំពង់​ផែ​របស់​ខ្លួន​ដើម្បី​ឱ្យ​ការ​ដឹក​ជញ្ជូន​ទំនិញ​អាច​ធ្វើ​បាន​ដោយ​សុវត្ថិភាព។ លោក Putin បាន​ថ្លែង​យ៉ាង​ដូច្នេះ​នៅ​ក្នុង​ការ​និយាយ​តាម​ទូរសព្ទ​ជាមួយ​នឹង​អធិការបតី​នៃ​ប្រទេស​អូទ្រីស លោក Karl Nehammer។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AP។
  • នៅ​ក្នុងការ​បង្ហាញ​ដ៏​កម្រ​មួយ​នូវ​ការ​ប្រឆាំងនឹងសង្គ្រាមរបស់​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន លោក Leonid Vasyukevich អនុប្រធាន​ផ្នែក​ច្បាប់នៃគណបក្ស​កុម្មុយនីស្ដ​នៅ​ប៉ែក​ខាង​កើត​បំផុត​របស់​រុស្ស៊ី​ បាន​ទាមទារ​ឱ្យ​មាន​ការ​បញ្ចប់​ប្រតិបត្តិការ​យោធា​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន និង​ដក​កងកម្លាំង​របស់​រុស្ស៊ី​ចេញ​មក​វិញ។ លោក Vasyukevich ថ្លែង​នៅ​ក្នុងការ​ប្រជុំ​មួយនៃសភា​ថ្នាក់​តំបន់​ Primorsk នៅ​កំពង់ផែ Vladivostok នៅ​ជាប់មហា​សមុទ្រ​ប៉ាស៊ីហ្វិក​កាល​ពី​ថ្ងៃ​សុក្រ​ថា៖ «យើង​យល់​ថា ប្រសិន​បើ​ប្រទេស​របស់​យើង​មិន​បញ្ឈប់​ប្រតិបត្តិការ​យោធា​ទេ​នោះ នោះ​យើង​នឹង​មាន​កុមារ​កំព្រា​កាន់​តែ​ច្រើន​នៅ​ក្នុង​ប្រទេស​របស់​យើង»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AP។​
  • នាយករដ្ឋមន្ត្រី​អង់គ្លេស លោក Boris Johnson និយាយ​ថា កងកម្លាំង​រុស្ស៊ី​កំពុង​តែ​វិវឌ្ឍ​ទៅ​មុខ​ នៅ​ប៉ែក​ខាង​កើត​ប្រទេស​អ៊ុយក្រែន ហើយ​កងកម្លាំង​អ៊ុយក្រែន​ត្រូវការ​គ្រាប់​រ៉ុក្កែត​បាញ់​ចម្ងាយ​ឆ្ងាយ និង​សព្វាវុធ​យោធា​ដ៏​ដទៃទៀត។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AP។​
  • ​រដ្ឋមន្ត្រី​ការបរទេស​តួកគី​លោក Mevlut Cavusoglu និយាយ​ថា ប្រទេស​ស៊ុយអែត និង​ហ្វាំងឡង់​ត្រូវ​តែ​ចាត់វិធានការ​ចាំបាច់​ដើម្បី​ដោះស្រាយ​នូវ​កង្វល់​ផ្នែក​សន្ដិសុខ​របស់​ប្រទេស​លោក​ដើម្បីឈាន​ទៅ​ដល់​ការ​ដក​ចេញ​នូវ​ការ​បដិសេធ​របស់​តួកគី​នៅ​ក្នុង​ការ​សុំ​ចូលជា​សមាជិក​អង្គការ​អូតង់​របស់​ប្រទេស​ទាំងពីរ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AP។
  • រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​របស់​អាល្លឺម៉ង់ លោក​ស្រី Svenja Schulze ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន​ដើម្បី​សន្យា​ផ្ដល់​ការគាំទ្រ​ផ្នែក​ស៊ីវិល​បន្ថែម​ទៀត និង​ពិភាក្សា​អំពី​ការ​កសាង​ប្រទេស​អ៊ុយក្រែន​ឡើង​វិញ។ លោក​ស្រី Schulze គឺ​ជា​រដ្ឋមន្ត្រី​អាល្លឺម៉ង់​ទីពីរ​ដែល​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន​ចាប់តាំង​ពី​រុស្ស៊ី​ចាប់​ផ្ដើម​ឈ្លានពាន​អ៊ុយក្រែន​មក។ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាល្លឺម៉ង់​លោក​ស្រី Annalena Baerbock បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​អ៊ុយក្រែន​កាល​ពី​ថ្ងៃ​ទី ១០ ខែឧសភា និង​បាន​បើក​ស្ថានទូត​អាល្លឺម៉ង់​ឡើងវិញ​នៅ​ក្នុង​រដ្ឋធានី​កៀវ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AP។​
២២:០៧ ២៧.៥.២០២២

ថ្ងៃសុក្រ ទី ២៧ ខែឧសភា៖

  • ចាប់តាំង​ពី​ការ​ចូល​ឈ្លានពាន​អ៊ុយក្រែន​ពី​សំណាក់​កងទ័ព​រុស្សី​ នៅ​ថ្ងៃ​ទី​ ២៤​ ខែ​កុម្ភៈ​មក ជន​ស៊ីវិល​ជាង​ ៤​ ពាន់​នាក់ ​ហើយ​បាន​ស្លាប់​ក្នុង​ប្រទេស​អ៊ុយក្រែន ទោះបី​ជា​ចំនួន​ពិតប្រាកដ​អាច​ខ្ពស់​ជាង​នេះ។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែងការណ៍​មួយ​របស់​ការិយាល័យ​ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស​ (OHCHR)​ ដែល​បាន​ចេញ​ផ្សាយ​ នៅ​ថ្ងៃ​សុក្រ។ ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​រាយការណ៍​ថា ​ក្នុង​ចំណោម​ជន​ស៊ីវិល​ដែល​បាន​ស្លាប់​នោះ​ក៏​មាន​កុមារ​ជិត​ ២០០ ​នាក់​ផងដែរ។ នេះ​បើ​ផ្អែក​តាម​ OHCHR ​ដែល​មាន​អ្នក​ឃ្លាំមើល​ស្ថានការណ៍​រាប់​សិប​នាក់​នៅក្នុង​ប្រទេស​អ៊ុយក្រែន។
  • សង្គ្រាម​នៅ​អ៊ុយក្រែន ដែល​ជា​ប្រទេស​នាំ​ចេញ​ស្រូវ​សាឡី ពោត​ និង​ប្រេង​ឆា​ធំ​ជាង​គេ​បង្អស់​មួយ​លើ​លោក មិន​ត្រឹម​តែ​គំរាម​ដល់​ចង្វាក់​ផ្គត់ផ្គង់​ស្បៀង​អាហារ​នៅ​ទូទាំង​ពិភពលោក​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ធ្វើ​ឲ្យ​អាក់ខាន​ការ​ផ្គត់ផ្គង់ថ្នាំ​ពន្យារ​ជីវិត (ARV) សម្រាប់​អ្នក​ផ្ទុកមេរោគ​អេដស៍​ថែម​ទៀត​ផង។ ពលរដ្ឋ​អ៊ុយក្រែន ​២ សែន​ ៥​ នាក់មាន​មេរោគ​នេះ។
  • ក្រសួង​ការពារ​ជាតិ​អ៊ុយក្រែន បាន​ព្រមាន​អំពី​ការ​គំរាមកំហែង​ពី​ការ​វាយប្រហារ​ដោយ​គ្រាប់​ម៉ីសីលរុស្សីដែល​មាន​ស្រាប់​ពី​ដែន​ដី​ប្រទេសបេឡារុស។ នេះ​បើ​យោង​តាម​កាសែត​ Associated Press​ ដែល​បាន​រាយការណ៍​នៅ​ថ្ងៃ​សុក្រ។ អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​អ៊ុយក្រែន​គឺ​វរសេនីយ៍ឯក Oleksandr Motuzyanyk​ បាន​និយាយ​ថា ប្រព័ន្ធ​ម៊ីសីល​ផ្លោង​រយៈច​ម្ងាយ​ជិត Iskander M ត្រូវ​បាន​បម្លាស់​ទី​ទៅ​កាន់​តំបន់​នានា​ក្នុង​ប្រទេសបេឡារុស ​ជាប់​ព្រំដែន​អ៊ុយក្រែន។ លោក Motuzyanyk និយាយ​ថា​ យោង​តាម​ការ​ស៊ើបការណ៍​អ៊ុយក្រែន ប្រទេស​រុស្សី​កំពុង​ត្រៀម​កម្លាំង​បម្រុង​រហូត​ដល់​ ១​.៥០០​ នាក់ ដែល​អាច​ជា​ទ័ព​ប្រយុទ្ធ​រយៈពេល ៣​ សប្តាហ៍ ក្រោយ​ពី​បញ្ចប់​ការ​ហ្វឹកហ្វឺន​នៅ​តាម​តំបន់​ព្រំដែន​រួច​ហើយ។

រូបភាពដកស្រង់ចេញពីវីដេអូបង្ហាញ អគ្គិភ័យនិងផ្សែងឆាបឆេះសំណង់អគារមួយត្រូវបានរងការវាយប្រហារ ក្នុងអំឡុងពេលឈ្លានពានរបស់រុស្ស៊ី នៅភូមិ Vojevodivka នៃតំបន់ Luhansk ប្រទេសអ៊ុយក្រែន ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២២។
រូបភាពដកស្រង់ចេញពីវីដេអូបង្ហាញ អគ្គិភ័យនិងផ្សែងឆាបឆេះសំណង់អគារមួយត្រូវបានរងការវាយប្រហារ ក្នុងអំឡុងពេលឈ្លានពានរបស់រុស្ស៊ី នៅភូមិ Vojevodivka នៃតំបន់ Luhansk ប្រទេសអ៊ុយក្រែន ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២២។

  • អភិបាល​តំបន់​ Luhansk នៅ​ប៉ែក​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន ដែល​ជិត​ធ្លាក់​ក្រោម​ការ​ត្រួតត្រា​របស់​រុស្សី​ទាំង​ស្រុង បាន​និយាយ​ថា​ លទ្ធភាព​អាច​ទៅ​រួច​ដែល​កងកម្លាំង​រដ្ឋាភិបាល​អ៊ុយក្រែន​អាច​ត្រូវ​បង្ខំ​ចិត្ត​ដក​ថយ​ពី​ការ​តតាំង​ចុងក្រោយ ដើម្បី​គេច​ពី​ការ​ចាប់​ខ្លួន។ នេះ​បើ​យោង​តាម​របាយការណ៍​ព័ត៌មាន Reuters ដែល​បាន​រាយការណ៍​នៅ​ថ្ងៃ​សុក្រ។ អភិបាល​តំបន់ Luhansk លោក Serhiy Gaidai បាន​និយាយ​ថា៖ «យើង​មាន​កម្លាំង​និង​ធនធាន​ល្មម​អាច​ការ​ពារ​ខ្លួន​បាន​ ប៉ុន្តែ​ដើម្បី​កុំ​ឲ្យ​គេ​ហ៊ុមព័ទ្ធ​យើង​បាន យើង​អាច​នឹង​ត្រូវ​តែ​ដក​ថយ»។
  • របាយការណ៍​ផ្លូវ​ច្បាប់​មួយ​ដែល​ចងក្រង​ដោយ​អ្នក​ជំនាញ​ជាង ៣០ នាក់​ បានចោទ​ប្រកាន់​ប្រទេស​រុស្សី​ពី​បទ​ញុះញង់​ឲ្យ​មាន​អំពើ​ប្រល័យ​ពូជសាសន៍​ក្នុង​ប្រទេស​អ៊ុយក្រែន។ នេះ​បើ​យោង​បណ្តាញ​ផ្សាយ​ព័ត៌មាន CNN ដែល​បាន​រាយការណ៍​នៅ​ថ្ងៃ​សុក្រ។ របាយការណ៍​នេះលើក​ឡើង​អំពី​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​និង​ការ​សម្លាប់​រង្គាល​ជនស៊ីវិល។
  • នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោក Boris Johnson និយាយ​ថា អ៊ុយក្រែន​គួរ​តែ​ទទួល​បាន​រ៉ុកកែត​ទំនើប​ដែល​អាច​បាញ់​បាន​ច្រើន​គ្រាប់​ក្នុង​ពេល​តែ​មួយ។ នេះ​បើ​ផ្អែក​តាម​សេចក្តី​រាយការណ៍​ព័ត៌មានReutersនៅ​ថ្ងៃ​សុក្រ។ ការ​ថ្លែង​របស់​លោក Johnson ធ្វើឡើង ក្រោយ​ពី​មាន​របាយការណ៍​ថា រុស្សី​បាន​ប្រើ​កាំជ្រួច​ម៉ីសីល​ក្នុង​ការ​ឈ្លាន​ពាន​អ៊ុយក្រែន។
  • ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelensky បាន​អំពាវនាវ​ដល់​ក្រុម​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន​ទាំង​ ២០(G-20)ឲ្យនិយាយ​ឲ្យបាន​ច្បាស់​លាស់​អំពី​ការ​គាំទ្រ​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​ព័ត៌មានReuters​ នៅ​ថ្ងៃ​សុក្រ។ ការ​អំពាវនាវ​នេះ​កើត​ឡើង ​ចំពេល​ដែល​មាន​របាយការណ៍​ថា ​រុស្សី​បាន​វាយលុក​ទីក្រុង Lyman​ ប៉ែក​ខាង​កើត​អ៊ុយក្រែន​ដោយ​ប្រើប្រាស់​កាំភ្លើង​ធំ។
  • ប្រទេស​រុស្សី​និយាយ​ថា​ អ៊ុយក្រែន​ធ្វើ​សេចក្តីថ្លែងការណ៍​ផ្ទុយ​គ្នា។ ទីភ្នាក់ងារ​ព័ត៌មាន Reuters រាយការណ៍​នៅ​ថ្ងៃ​សុក្រ​ថា ​រដ្ឋាភិបាល​រុស្សី​បាន​និយាយ​ថា អ៊ុយក្រែន​មិន​បាន​បញ្ជាក់​ឲ្យ​ច្បាស់​ទេ​ថា​ តើ​ខ្លួន​ចង់​បាន​អ្វី។

ពលរដ្ឋម្នាក់បណ្តើរកង់កាត់រោងចក្រមួយដែលរងការបំផ្លិចបំផ្លាញដោយការវាយប្រហាររបស់ទាហានរុស្ស៊ី ខណៈការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននៅតែបន្ត នៅភូមិ Bakhmut តំបន់ Donetsk ប្រទេសអ៊ុយក្រែន ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២២។
ពលរដ្ឋម្នាក់បណ្តើរកង់កាត់រោងចក្រមួយដែលរងការបំផ្លិចបំផ្លាញដោយការវាយប្រហាររបស់ទាហានរុស្ស៊ី ខណៈការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននៅតែបន្ត នៅភូមិ Bakhmut តំបន់ Donetsk ប្រទេសអ៊ុយក្រែន ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២២។

  • ប្រធានាធិបតី​រុស្សី​លោក Vladimir Putin កំពុង​រំកិល​ទាហាន​របស់​លោក​ទៅ​មុខ​យឺតៗ ​នៅ​ពេល​ដែល​កម្លាំង​រុស្សី​បន្ត «រុលទៅ​មុខ​ដោយ​ថ្មើរ​ជើង»។ នេះ​បើ​យោង​តាម​សារព័ត៌មាន BBC ដែល​បាន​រាយការណ៍​នៅ​ថ្ងៃ​សុក្រ ដោយ​ស្រង់​សម្តី​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោក Boris Johnson។ អត្ថាធិប្បាយ​របស់​លោក Johnson ធ្វើ​ឡើង​នៅ​ពេល​ដែល​ក្រុម​អ៊ុយក្រែន​ផ្តាច់​ខ្លួន​ដែល​គាំទ្រ​ដោយ​រុស្សីអះអាង​ថា ​ពួកគេក្តោប​ក្តាប់​ទីក្រុង Lyman ក្នុង​តំបន់ Donetsk ប៉ែក​ខាង​កើត​អ៊ុយក្រែន​បាន​ហើយ។
  • ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelensky បាន​ព្រមាន​ថា តំបន់ Donbas អាច​ត្រូវ​ទុក​ចោល​ដោយ​គ្មាន​មនុស្ស​រស់​នៅ​ ដោយសារ​ការ​ឈ្លានពាន​របស់​រុស្សី។​ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​សារព័ត៌មានBBC នៅ​ថ្ងៃ​សុក្រ។ ទី​ប្រជុំ​ជន​ជាង​ ៤០​ កន្លែង​នៅ​ក្នុង​តំបន់​ប្រវត្តិសាស្ត្រ វប្បធម៌​និង​សេដ្ឋកិច្ច​ ស្ថិត​នៅ​ប៉ែក​ខាង​កើត​អ៊ុយក្រែន​នេះ ត្រូវ​បាន​វាយ​ប្រហារ​ដោយ​កងកម្លាំង​រុស្សី​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ដោយ​ធ្វើ​ឲ្យ​ជន​ស៊ីវិល​ ៥ ​នាក់​ស្លាប់​ និង​ ១២ ​នាក់​ទៀត​រងរបួស​ និង​ទីតាំង​ស៊ីវិល​ ៤៧ ​កន្លែង ​ខូចខាត​ឬ​ខ្ទេចខ្ទី​អស់។
  • ប្រធានាធិបតី​អ៊ុយក្រែនលោក Volodymyr​ Zelensky និយាយ​ថា ​អ៊ុយក្រែន​មិន​អន្ទះ​អន្ទែង​ក្នុង​ការ​ចរចា​ជាមួយ​ប្រធានាធិបតី​រុស្សី​លោក Vladimir Putin​ នោះ​ទេ ប៉ុន្តែ​លោក​ថា​អ៊ុយក្រែន​ត្រូវ​ប្រឈម​មុខ​នឹង​ទិដ្ឋភាព​ជាក់ស្តែង ​ដែល​ថា​ ការ​ចរចា​ទំនង​ជា​ការចាំបាច់​ដើម្បី​បញ្ចប់​សង្គ្រាម។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​ព័ត៌មាន ​Reuters ​នៅ​ថ្ងៃ​សុក្រ។ ថ្លែង​ទៅកាន់​អង្គការ​សិក្សាស្រាវជ្រាវ​ឥណ្ឌូនេស៊ី​មួយ​នៅ​ថ្ងៃ​សុក្រ​នេះ លោក Zelensky និយាយ​ថា៖ ​«មាន​រឿង​ខ្លះដែល​ត្រូវ​ពិភាក្សា​ជាមួយ​មេដឹកនាំ​រុស្សី។ ខ្ញុំ​មិន​បាន​ប្រាប់​អ្នក​ទាំង​អស់​គ្នា​ថា​ ប្រជាជន​អ៊ុយក្រែន​អន្ទះអន្ទែង​ចង់​និយាយ​ជាមួយ​គាត់​នោះ​ទេ តែ​យើង​ត្រូវ​តែ​ប្រឈម​មុខ​នឹង​ទិដ្ឋភាព​ជាក់ស្តែង​អំពី​អ្វី​ដែលយើង​កំពុង​ឆ្លង​កាត់»។
  • អតីត​រដ្ឋមន្ត្រី​ហិរញ្ញ​វត្ថុ​អ៊ុយក្រែន​ម្នាក់​ប៉ាន់​ប្រមាណ​ថា ​រដ្ឋាភិបាល​អ៊ុយក្រែន​នឹង​ត្រូវការ​ថវិកា​ ៧៥៧ ​ពាន់​លាន​ដុល្លារ ​ដើម្បី​កសាង​ប្រទេស​នេះ​ឡើង​វិញ​ ក្រោយ​ពី​ការ​ឈ្លាន​ពាន​របស់​រុស្សី។ នេះ​បើ​យោង​តាម​បណ្តាញ​ព័ត៌មានBBCដែល​ផ្សាយ​នៅ​ថ្ងៃ​សុក្រ។ ប្រទេស​រុស្សី​បាន​ឈ្លានពាន​អ៊ុយក្រែន​តាំងពី​ខែ​កុម្ភៈ​មក។
  • ទូរទស្សន៍​រដ្ឋ​រុស្សី​បាន​បង្ហាញ​វីដេអូ​អំពី​រោងចក្រ​តម្លើង​ត្រាក់ទ័រ​មួយ​ក្នុង​ក្រុង Melitopol របស់​អ៊ុយក្រែនដែល​កំពុង​រៀបចំ​ដំណើរ​ការ​ឡើងវិញ ​ក្រោយ​ពី​ឈប់​សម្រាក​អស់ ​៣ ​ខែ​មក។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​ព័ត៌មាន​របស់ Associated Press ​នៅ​ថ្ងៃ​សុក្រ។ រោង​ចក្រ​នោះ​ផលិត​គ្រឿង​បន្លាស់​ត្រាក់ទ័រ​ ហើយ​អតិថិជន​របស់​រោងចក្រ​នោះ ​គឺជា​អ្នក​ផលិត​កសិផល​ជាពិសេស​ដំណាំ​ធញ្ញជាតិ។ អ៊ុយក្រែន​ជា​ប្រទេស​នាំ​ចេញ​ស្រូវ​សាឡី ពោត​និង​ប្រេង​ឆា​ធំ​ជាង​គេ​បង្អស់​មួយ​លើលោក ប៉ុន្តែ​សង្គ្រាម​និង​ការ​ទប់​ស្កាត់​ដំណើរ​ការ​កំពង់​ផែ​របស់​អ៊ុយក្រែន​ដោយ​រុស្សី​ បាន​ផ្អាក​លំហូរ​នៃ​ការ​នាំ​ចេញដោយ​បង្ក​គ្រោះថ្នាក់​ដល់​ចង្វាក់​ផ្គត់ផ្គង់​ស្បៀង​អាហារ​នៅ​ទូទាំង​ពិភពលោក។ បច្ចុប្បន្ន ទីក្រុង Melitopol កំពុង​ត្រូវបាន​គ្រប់គ្រង​ដោយ​កង​កម្លាំង​រុស្សី៕

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG