២២:០៤
២២.៥.២០២២
ថ្ងៃអាទិត្យ ទី ២២ ខែឧសភា៖
- ប្រធានាធិបតីសេណេហ្គាល់លោក Macky Sall បាននិយាយថា លោកនឹងធ្វើទស្សនកិច្ចទៅកាន់រដ្ឋធានីមូស្គូនៃប្រទេសរុស្ស៊ីនិងរដ្ឋធានីកៀវនៃប្រទេសអ៊ុយក្រែននៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខក្នុងនាមជាប្រធានសហភាពអាហ្វ្រិក (AU)។ លោកបានបញ្ជាក់ថា លោកចង់ឃើញការបន្ធូរបន្ថយភាពតានតឹងនៅក្នុងប្រទេសអ៊ុយក្រែននិងសន្តិភាពតាមរយៈការចរចារវាងភាគីទាំងពីរ។ លោក Sall បានថ្លែងនៅក្នុងសន្និសីទកាសែតរួមមួយជាមួយនឹងអធិការបតីអាល្លឺម៉ង់លោក Olaf Scholz ថា៖ «យើងមិនចង់ចូលបក្សសម្ព័ន្ធណាមួយនៅក្នុងសង្គ្រាមនេះទេ។ ជាការពិត យើងចង់បានសន្តិភាព។ ទោះបីជាយើងថ្កោលទោសការឈ្លានពាននេះក៏ដោយ ក៏យើងកំពុងធ្វើការដើម្បីបន្ធូរបន្ថយភាពតានតឹង ដើម្បីឱ្យមានកិច្ចឈប់វាយប្រយុទ្ធគ្នា ឱ្យមានការចរចា។ ...នេះគឺជាជំហររបស់ [សហភាព] អាហ្វ្រិក»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- បញ្ហាអ៊ុយក្រែនគឺជាបញ្ហាចម្បងនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំរយៈពេល ៤ ថ្ងៃ របស់បណ្ដាមេដឹកនាំអាជីវកម្មនៅលើពិភពលោកនៅក្នុងទីក្រុង Davos ប្រទេសស្វីស។ កិច្ចប្រជុំនេះនឹងចាប់ផ្ដើមនៅថ្ងៃចន្ទស្អែកនេះ ដោយមានការថ្លែងសុន្ទរកថាជាវីដេអូពីប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ផងដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- បញ្ហាសង្គ្រាមនៅអ៊ុយក្រែន ដោយនៅក្នុងនោះបញ្ហាជំងឺនិងការបំផ្លិចបំផ្លាញកើតឡើងនៅក្រោយពេលសង្គ្រាម គឺជាបញ្ហាលេចឡើងនៅថ្ងៃអាទិត្យនេះ នៅពេលដែលអង្គការសុខភាពពិភពលោក (WHO) បានកោះហៅប្រទេសជាសមាជិកនានាឱ្យមកប្រជុំដើម្បីដោះស្រាយបញ្ហាជំងឺកូវីដ១៩ និងបញ្ហាប្រឈមផ្នែកសុខភាពផ្សេងៗទៀតនៅលើពិភពលោក។ ប្រធានអង្គការ WHO លោក Tedros Adhanom Ghebreyesus បានព្រមាននៅថ្ងៃបើកមហាសន្និបាតចម្បងប្រចាំឆ្នាំរបស់អង្គការ WHO នេះថា៖ «នៅទីណាមានសង្គ្រាម នៅទីនោះភាពអត់ឃ្លាននិងជំងឺនឹងកើតឡើងភ្លាមៗ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- លោក Clement Beaune រដ្ឋលេខាធិការក្រសួងការបរទេសនៃប្រទេសបារាំងទទួលបន្ទុកកិច្ចការទ្វីបអឺរ៉ុប បាននិយាយនៅថ្ងៃអាទិត្យនេះថា កិច្ចប្រឹងប្រែងរបស់ប្រទេសអ៊ុយក្រែននៅក្នុងការចូលជាសមាជិកសហភាពអឺរ៉ុបនឹងត្រូវចំណាយពេល «១៥ ឆ្នាំ ឬក៏ ២០ ឆ្នាំ» ដើម្បីបញ្ចប់រួចរាល់។ លោក Beaune បានបញ្ជាក់ប្រាប់វិទ្យុ Radio J. ថា៖ «យើងត្រូវតែស្មោះត្រង់។ ប្រសិនបើអ្នកនិយាយថាអ៊ុយក្រែននឹងចូលជាសមាជិកសហភាពអឺរ៉ុបនៅក្នុងរយៈពេល ៦ ខែ ឬក៏មួយឆ្នាំ ឬក៏ពីរឆ្នាំ នោះអ្នកច្បាស់ជាកុហកហើយ។ វាប្រហែលជាត្រូវចំណាយពេល ១៥ ឆ្នាំ ឬក៏ ២០ ឆ្នាំ។ វាចំណាយពេលយូរ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- សភាអ៊ុយក្រែនបានបោះឆ្នោតនៅថ្ងៃអាទិត្យនេះដើម្បីពន្យារបន្តនូវច្បាប់អាជ្ញាសឹកនៅក្នុងប្រទេសសម្រាប់រយៈពេល ៩០ ថ្ងៃទៀត រហូតដល់ថ្ងៃទី ២៣ ខែសីហា។ នេះបើយោងតាមការប្រកាសរបស់សភាអ៊ុយក្រែនតាម Telegram។ សភាអ៊ុយក្រែនបានបន្ថែមថា វិធានការនេះទទួលបានការគាំទ្រចំនួន ៣២០ សំឡេង ក្នុងចំណោមសមាជិកសរុបចំនួន ៤៥០ នាក់។ គេរំពឹងថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy នឹងចុះហត្ថលេខាលើវិធានការនេះដើម្បីឱ្យក្លាយទៅជាច្បាប់។ នេះបើយោងតាមបណ្ដាញព័ត៌មាន CNN។
- ប្រធានាធិបតីប៉ូឡូញលោក Andrzej Duda បាននិយាយនៅថ្ងៃអាទិត្យនេះថា «ស្ថានភាពដូចធម្មតា» ជាមួយនឹងប្រទេសរុស្ស៊ីគឺមិនអាចទៅរួចនោះទេ បន្ទាប់ពីកងទ័ពរុស្ស៊ីបានរងការរិះគន់ថាបានសម្លាប់ជនស៊ីវិលទ្រង់ទ្រាយធំនិងបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមមក។ លោក Duda បានបញ្ជាក់ប្រាប់សភាអ៊ុយក្រែនថា៖ «បន្ទាប់ពី [មានការសម្លាប់] នៅក្នុងទីក្រុង Bucha តំបន់ Borodianka និងទីក្រុង Mariupol មក «ស្ថានភាពដូចធម្មតា» ជាមួយនឹងរុស្ស៊ីគឺមិនអាចមានតទៅទៀតបានទេ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយនៅថ្ងៃអាទិត្យនេះក្នុងអំឡុងពេលប្រធានាធិបតីប៉ូឡូញលោក Andrzej Duda ធ្វើទស្សនកិច្ចនៅក្នុងប្រទេសអ៊ុយក្រែនថា ពលរដ្ឋប៉ូឡូញនៅក្នុងប្រទេសអ៊ុយក្រែននឹងទទួលបានសិទ្ធិដូចទៅនឹងសិទ្ធិដែលជនភៀសខ្លួនអ៊ុយក្រែននៅក្នុងប្រទេសប៉ូឡូញទទួលបាននៅពេលបច្ចុប្បន្ននេះដូច្នេះដែរ។ រដ្ឋាភិបាលប៉ូឡូញបានផ្ដល់សិទ្ធិរស់នៅ សិទ្ធិធ្វើការ និងសិទ្ធិសុំប្រាក់សន្តិសុខសង្គមដល់ជនភៀសខ្លួនអ៊ុយក្រែនជាង ៣ លាននាក់ ដែលភៀសខ្លួនពីការឈ្លានពានរបស់រុស្ស៊ី។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នឹងជួបមួយទល់នឹងមួយជាមួយនឹងនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi នៅសប្ដាហ៍នេះនៅក្នុងប្រទេសជប៉ុន ស្របពេលដែលសហរដ្ឋអាមេរិកធ្វើការដើម្បីបញ្ចុះបញ្ចូលប្រទេសឥណ្ឌាឱ្យចូលរួមជាមួយនឹងក្រុមបស្ចិមប្រទេសនៅក្នុងការដាក់ទណ្ឌកម្មលើរុស្ស៊ី។ លោក Biden និងលោក Modi នឹងជួបពិភាក្សាគ្នានៅក្រៅកិច្ចប្រជុំរបស់ក្រុមប្រទេស Quad។ ក្រុមប្រទេស Quad គឺជាសម្ព័ន្ធភាពក្រៅផ្លូវការមួយរវាងសហរដ្ឋអាមេរិក ឥណ្ឌា ជប៉ុន និងអូស្ត្រាលី។ ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកលោក Jake Sullivan បានប្រាប់អ្នកកាសែតនៅពេលលោក Biden ជិះយន្តហោះពីប្រទេសកូរ៉េខាងត្បូងទៅប្រទេសជប៉ុនថា នៅពេលដែលលោក Biden និងលោក Modi ជួបគ្នាដាច់ដោយឡែក ការពិភាក្សារបស់លោកទាំងពីរនឹង «ប្រកបដោយផ្លែផ្កានិងមានលក្ខណៈត្រង់ទៅត្រង់មក»។ នេះបើយោងតាមបណ្ដាញព័ត៌មាន CNN។
- ប្រធានាធិបតីប៉ូឡូញលោក Andrzej Duda បានប្រាប់សមាជិករដ្ឋសភាអ៊ុយក្រែននៅក្នុងរដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែននៅថ្ងៃអាទិត្យនេះថា មានតែអ៊ុយក្រែនតែប៉ុណ្ណោះដែលមានសិទ្ធិសម្រេចអំពីអនាគតរបស់ខ្លួន។ លោក Duda គឺជាមេដឹកនាំបរទេសដំបូងគេបង្អស់ដែលថ្លែងសុន្ទរកថាដោយផ្ទាល់ទៅកាន់រដ្ឋសភាអ៊ុយក្រែន តាំងពីពេលដែលរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈមក។ លោក Duda បានបញ្ជាក់ដូច្នេះថា៖ «ក្ដីបារម្ភបានលេចឡើងដោយនិយាយថាអ៊ុយក្រែនគួរតែធ្វើតាមការទាមទាររបស់ [ប្រធានាធិបតីរុស្ស៊ីលោក Vladimir] Putin។ មានតែអ៊ុយក្រែនតែប៉ុណ្ណោះដែលមានសិទ្ធិសម្រេចអំពីអនាគតរបស់ខ្លួន»។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
- ខុទ្ទកាល័យរបស់លោកប្រធានាធិបតី Volodymyr Zelenskyy នៃប្រទេសអ៊ុយក្រែនបានបញ្ជាក់នៅថ្ងៃអាទិត្យនេះថា ទីក្រុង Severodonetsk ដែលជាទីក្រុងសំខាន់ផ្នែកយុទ្ធសាស្ត្រនៅភាគខាងកើតប្រទេសអ៊ុយក្រែនបានរងការវាយប្រហារពីទិសជាច្រើនកាលពីយប់មិញ ប៉ុន្តែកងទ័ពរុស្ស៊ីត្រូវបានរុញច្រានទៅវិញ។ នេះបើយោងតាមបណ្ដាញព័ត៌មាន CNN។
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានថ្លែងនៅក្នុងសុន្ទរកថារបស់លោកកាលពីយប់ថ្ងៃសៅរ៍ថា៖ «ស្ថានការណ៍នៅក្នុងតំបន់ Donbas មានសភាពយ៉ាប់យ៉ឺនខ្លាំង»។ លោកលើកឡើងដូច្នេះ ស្របពេលដែលកងទ័ពរុស្ស៊ីបានបង្កើនការវាយប្រហារលើទីក្រុង Slovyansk និងទីក្រុង Severodonetsk នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ នេះបើយោងតាមបណ្ដាញព័ត៌មាន CNN។
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានបញ្ជាក់នៅក្នុងសុន្ទរកថាកាលពីយប់ថ្ងៃសៅរ៍ថា៖ «កងទ័ពរុស្ស៊ីបានបំផ្លាញស្ថាប័នអប់រំចំនួន ១.៨៧៣ កន្លែង [របស់ប្រទេសអ៊ុយក្រែន]។ នេះគឺជាការបាត់បង់ដ៏ច្រើនមហិមា»។ នេះបើយោងតាមបណ្ដាញព័ត៌មាន CNN។
- រដ្ឋាភិបាលអ៊ុយក្រែនបានបញ្ជាក់កាលពីថ្ងៃសៅរ៍ថា ខ្លួននឹងមិនពិចារណាអំពីកិច្ចព្រមព្រៀងនៃបទឈប់បាញ់ណាមួយជាមួយនឹងរុស្ស៊ីនោះទេ និងថា រដ្ឋាភិបាលអ៊ុយក្រែននឹងមិនទទួលយកកិច្ចព្រមព្រៀងណាមួយជាមួយនឹងរដ្ឋាភិបាលរុស្ស៊ីដែលពាក់ព័ន្ធនឹងការប្រគល់ទឹកដីណាមួយឱ្យរុស្ស៊ីនោះឡើយ។ លោក Mykhailo Podolyak ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនបាននិយាយថា ការធ្វើសម្បទានណាមួយនឹងជះលទ្ធផលផ្ទុយពីការរំពឹងទុកដល់អ៊ុយក្រែន ដោយសារតែរុស្ស៊ីនឹងវាយប្រហារត្រឡប់មកវិញខ្លាំងក្លាជាងមុន បន្ទាប់ពីមានការផ្អាកការឈប់វាយប្រយុទ្ធគ្នាណាមួយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា លោកបាននិយាយជាមួយនឹងនាយករដ្ឋមន្ត្រីអ៊ីតាលីលោក Mario Draghi កាលពីថ្ងៃសៅរ៍ និងបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ីនិងការធ្វើយ៉ាងណាឱ្យរុស្ស៊ីបញ្ឈប់ការរាំងខ្ទប់កំពង់ផែរបស់អ៊ុយក្រែន។ លោក Zelenskyy បានសរសេរនៅលើ Twitter ថា លោកក៏បានថ្លែងអំណរគុណផងដែរដល់លោក Draghi សម្រាប់ «ការគាំទ្រគ្មានលក្ខខណ្ឌ» របស់លោកលើកិច្ចប្រឹងប្រែងរបស់អ៊ុយក្រែននៅក្នុងការក្លាយជាសមាជិករបស់សហភាពអឺរ៉ុប។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានចោទប្រកាន់ប្រទេសរុស្ស៊ីថាបានរាំងខ្ទប់ការនាំចេញរបស់អ៊ុយក្រែននូវផលិតផលស្បៀងអាហារចំនួន ២២ លានតោន និងបានព្រមានថា ប្រសិនបើកំពង់ផែរបស់ខ្លួននៅតែរាំងខ្ទប់ ប្រទេសជាច្រើននឹងប្រឈមនឹងវិបត្តិស្បៀងអាហារ។ លោក Zelenskyy បាននិយាយថា៖ «សហគមន៍អន្តរជាតិត្រូវតែជួយធ្វើយ៉ាងណាកុំឱ្យមានការរាំងខ្ទប់ដល់កំពង់ផែរបស់អ៊ុយក្រែន បើមិនដូច្នេះទេ វិបត្តិស្បៀងអាហារនឹងកើតឡើងក្រោយវិបត្តិថាមពល [នៅពេលបច្ចុប្បន្ន] នេះ ហើយប្រទេសជាច្រើនបន្ថែមទៀតនឹងប្រឈមនឹងវិបត្តិនេះ»។ នេះបើយោងតាមការបញ្ជាក់របស់ខុទ្ទកាល័យប្រធានាធិបតីអ៊ុយក្រែន។ លោក Zelenskyy ថ្លែងដូច្នេះនៅក្នុងអំឡុងពេលប្រជុំជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយ បន្ទាប់ពីលោកបានពិភាក្សាជាមួយនឹងនាយករដ្ឋមន្ត្រីព័រទុយហ្គាល់លោក Antonio Costa នៅក្នុងរដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែនកាលពីថ្ងៃសៅរ៍មក។ នេះបើយោងតាមបណ្ដាញព័ត៌មាន CNN។
- ទីភ្នាក់ងារព័ត៌មាន RIA Novosti របស់រុស្ស៊ីបានរាយការណ៍កាលពីថ្ងៃសៅរ៍ថា រដ្ឋាភិបាលរុស្ស៊ីកំពុងពិចារណាលើការដោះដូរអ្នកទោសអ៊ុយក្រែនដែលមកពីកងវរសេនាធំ Azov ជាមួយនឹងលោក Viktor Medvedchuk ដែលជាអ្នកនយោបាយនិងជាមហាសេដ្ឋីអ៊ុយក្រែនដែលមានទំនោរទៅរករុស្ស៊ី។ នេះបើយោងតាមបណ្ដាញព័ត៌មាន CNN។
២១:១៣
២១.៥.២០២២
ថ្ងៃសៅរ៍ ទី ២១ ខែឧសភា៖
- រុស្ស៊ីបានបញ្ជាក់នៅថ្ងៃសៅរ៍នេះថា ខ្លួនបានហាមឃាត់ពលរដ្ឋអាមេរិកាំង ៩៦៣ នាក់ ដែលក្នុងនោះរួមមានទាំងប្រធានាធិបតីអាមេរិកលោក Joe Biden រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken និងប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ (CIA) របស់សហរដ្ឋអាមេរិកលោក William Burns ផងដែរ មិនឱ្យចូលមកក្នុងទឹកដីរបស់រុស្ស៊ី។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- អ្នកតំណាងរបស់សហរដ្ឋអាមេរិកនិងរបស់បណ្ដាប្រទេសមួយចំនួនទៀតបានដើរចេញពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីពាណិជ្ជកម្មរបស់វេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅក្នុងទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃសៅរ៍នេះ ដើម្បីតវ៉ាប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ នេះបើយោងតាមការបញ្ជាក់របស់មន្ត្រីនានា។ អ្នកតំណាងមកពីប្រទេសកាណាដា នូវែលសេឡង់ ជប៉ុន និងអូស្ត្រាលីបានចូលរួមជាមួយនឹងអ្នកតំណាងមកពីសហរដ្ឋអាមេរិកនៅក្នុងការដើរចេញពីកិច្ចប្រជុំនេះ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីរដ្ឋាភិបាលថៃពីររូបនិងមន្ត្រីការទូតអន្តរជាតិពីររូប។ ការដើរចេញនេះបានធ្វើឡើងនៅពេលដែលអ្នកតំណាងរបស់រុស្ស៊ីកំពុងថ្លែងសុន្ទរកថានៅក្នុងពិធីបើកនៃកិច្ចប្រជុំរយៈពេលពីរថ្ងៃនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- សេតវិមានបានបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នៅថ្ងៃសៅរ៍នេះបានចុះហត្ថលេខាលើសំណើច្បាប់ដែលសភាទាំងពីរថ្នាក់ទើបបានអនុម័តដើម្បីផ្ដល់ជំនួយជិត ៤០ ពាន់លានដុល្លារដល់ប្រទេសអ៊ុយក្រែន ដែលនេះគឺជាកិច្ចប្រឹងប្រែងមួយដើម្បីបង្កើនការគាំទ្រផ្នែកយោធាដល់អ៊ុយក្រែនទាក់ទិននឹងការឈ្លានពានរបស់រុស្ស៊ីនៅទីនោះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយនៅថ្ងៃសៅរ៍នេះថា សង្គ្រាមនៅអ៊ុយក្រែនអាចដោះស្រាយបានតាមរយៈមធ្យោបាយ «ការទូត» តែប៉ុណ្ណោះ។ លោកលើកឡើងដូច្នេះនៅចំពេលដែលការចរចារវាងរដ្ឋាភិបាលអ៊ុយក្រែននិងរដ្ឋាភិបាលរុស្ស៊ីកំពុងជាប់គាំង។ លោក Zelenskyy បានបញ្ជាក់ប្រាប់ស្ថានីយទូរទស្សន៍មួយរបស់អ៊ុយក្រែនថា សង្គ្រាម «នឹងមានលក្ខណៈបង្ហូរឈាម នឹងមានការវាយប្រយុទ្ធគ្នា ប៉ុន្តែជាក់ស្ដែងនឹងបញ្ចប់តាមរយៈមធ្យោបាយការទូតតែប៉ុណ្ណោះ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- យោធារុស្ស៊ីបានបញ្ជាក់នៅថ្ងៃសៅរ៍នេះថា ខ្លួនបានបំផ្លាញសព្វាវុធនិងឧបករណ៍យោធា «ជាច្រើន» របស់អ៊ុយក្រែនដែលបានមកពីសហរដ្ឋអាមេរិកនិងទ្វីបអឺរ៉ុបនៅក្នុងតំបន់ Zhytomyr នៃប្រទេសអ៊ុយក្រែននៅភាគខាងលិចរដ្ឋធានីកៀវ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន TASS របស់រុស្ស៊ី ដែលយោងលើសម្ដីរបស់អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីឧត្តមសេនីយ៍ Igor Konashenkov។ លោក Konashenkov ថា សព្វាវុធទាំងនោះត្រូវបានបំផ្លាញដោយប្រើមីស៊ីលស្វ័យនាំផ្លូវ Kalibr។ នេះបើយោងតាមបណ្ដាញព័ត៌មាន CNN។
- ចក្រភពអង់គ្លេសចង់បញ្ជូនសព្វាវុធទំនើបទៅកាន់ប្រទេសម៉ុលដាវីដើម្បីការពារប្រទេសនេះពីការគំរាមកំហែងឈ្លានពានរបស់រុស្ស៊ី។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន Telegraph ដែលយោងលើសម្ដីរបស់រដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេសលោកស្រី Liz Truss។ លោកស្រី Truss បានប្រាប់សារព័ត៌មាននោះថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានតាំងចិត្តធ្វើឱ្យ «រុស្ស៊ីកាន់តែធំអស្ចារ្យជាងមុន» បើទោះបីជាការឈ្លានពានរបស់លោកលើអ៊ុយក្រែនបានបរាជ័យនៅក្នុងការទទួលបានជោគជ័យភ្លាមៗក៏ដោយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រទេសរុស្ស៊ីបានបញ្ឈប់ការផ្គត់ផ្គង់ឧស្ម័នធម្មជាតិដល់ប្រទេសហ្វាំងឡង់នៅថ្ងៃសៅរ៍នេះ បន្ទាប់ពីប្រទេសហ្វាំងឡង់បានបដិសេធមិនព្រមបង់ថ្លៃចំណាយជាប្រាប់រូបដល់ក្រុមហ៊ុន Gazprom របស់រុស្ស៊ី។ ក្រុមហ៊ុន Gazprom បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃសៅរ៍នេះថា ខ្លួនបាន «បញ្ឈប់ទាំងស្រុងនូវការផ្គត់ផ្គង់ឧស្ម័ន» ដោយសារតែខ្លួនមិនបានទទួលបានការបង់ប្រាក់ជាប្រាក់រូបពីក្រុមហ៊ុន Gasum របស់ប្រទេសហ្វាំងឡង់ «នៅត្រឹមថ្ងៃទី ២០ ខែឧសភា»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានស្នើដំណោះស្រាយជាផ្លូវការមួយកាលពីថ្ងៃសុក្រជាមួយនឹងក្រុមសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន ដើម្បីឱ្យរុស្ស៊ីសងដល់ការខូចខាតដែលកងទ័ពរុស្ស៊ីបានប្រព្រឹត្តិក្នុងអំឡុងពេលសង្គ្រាម។ លោកបានថ្លែងនៅក្នុងសុន្ទរកថាជាវីដេអូមួយថា៖ «យើងអញ្ជើញប្រទេសដៃគូនានាឱ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងពហុភាគីនិងបង្កើតយន្តការមួយដើម្បីធានាថា អ្នកដែលរងគ្រោះដោយសារទង្វើរបស់រុស្ស៊ីអាចទទួលបានសំណងសម្រាប់ការបាត់បង់ដែលបានកើតឡើង»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់កាលពីថ្ងៃសុក្រថា ក្រុមទាហានអ៊ុយក្រែនចុងក្រោយដែលបានតស៊ូក្រាញននាលនៅក្នុងរោងចក្រដែកថែប Azovstal ក្នុងទីក្រុង Mariupol ឥឡូវនេះបានចុះចាញ់ហើយ ដែលនេះបង្ហាញឱ្យឃើញអំពីការបញ្ចប់ការវាយប្រហាររាប់សប្ដាហ៍កន្លងមក។ ក្រសួងនេះបានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «ដែនដីនៃរោងចក្រដែកថែប Azovstal … ត្រូវបានរំដោះទាំងស្រុងហើយ»។ ក្រសួងនេះបានបន្ថែមថា ក្រុមចុងក្រោយដែលបានចុះចាញ់នេះមានគ្នាចំនួន ៥៣១ នាក់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
២២:២៣
២០.៥.២០២២
ថ្ងៃសុក្រ ទី ២០ ខែឧសភា៖
- ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា នៅក្នុងសញ្ញាមួយនៃតម្រូវការបន្ទាន់របស់រុស្ស៊ី ក្នុងការពង្រឹងកិច្ចប្រឹងប្រែងធ្វើសង្គ្រាមរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន សភារុស្ស៊ីបាននិយាយកាលពីថ្ងៃសុក្រថា ខ្លួននឹងពិចារណាលើសេចក្តីព្រាងច្បាប់អនុញ្ញាតឱ្យជនជាតិរុស្ស៊ីដែលមានអាយុលើសពី៤០ ឆ្នាំនិងជនបរទេសដែលមានអាយុលើសពី៣០ឆ្នាំ ចុះឈ្មោះចូលបម្រើយោធា។ គេហទំព័ររបស់សភាជាន់ទាបបាននិយាយថា វិធានការនេះនឹងអនុញ្ញាតឱ្យយោធាប្រើជំនាញរបស់អ្នកជំនាញដែលមានវ័យចំណាស់។ សភាបានថ្លែងថា៖ «សម្រាប់ការប្រើប្រាស់អាវុធដែលមានភាពជាក់លាក់ខ្ពស់ ប្រតិបត្តិការអាវុធនិងឧបករណ៍យោធាត្រូវការអ្នកឯកទេសដែលមានជំនាញវិជ្ជាជីវៈខ្ពស់។ បទពិសោធន៍បង្ហាញថា ពួកគេក្លាយជាមនុស្សបែបនេះនៅអាយុ៤០-៤៥ ឆ្នាំ»។
- ទីភ្នាក់ងារសារព័ត៌មាន TASS របស់រុស្ស៊ីបានរាយការណ៍នៅថ្ងៃសុក្រថា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បាននិយាយថា ទាហានអ៊ុយក្រែនជិត២.០០០ នាក់ដែលបានជាប់នៅក្នុងរោងចក្រដែកថែប Azovstal នៃទីក្រុង Mariupol បានចុះចាញ់រហូតមកដល់ពេលនេះ។ ទីភ្នាក់ងារសារព័ត៌មានReutersមិនអាចផ្ទៀងផ្ទាត់របាយការណ៍ដោយឯករាជ្យបានទេ។ យុទ្ធជនអ៊ុយក្រែនរាប់រយនាក់បានចុះចាញ់ពីទីវាលនៃលេណដ្ឋាន និងផ្លូវរូងក្រោមដីនៅខាងក្រោមរោងចក្រ ទោះបីជារដ្ឋាភិបាលក្រុងមូស្គូ និងក្រុងកៀវបានផ្តល់ការប៉ាន់ស្មានតួលេខខុសៗគ្នាក៏ដោយ។
- អ៊ុយក្រែនមានអាវុធដែលស្ថាបនាឡើងសម្រាប់ប្រឆាំងនិងបំផ្លិចបំផ្លាញ ដែលកើតឡើងដោយជម្លោះ។ ជាមួយនឹងសមត្ថភាពដំឡើងថាមពល៥៥ ជីហ្គាវ៉ាត់(GW) ប្រទេសដែលហែកហួរដោយសង្រ្គាមនេះ អាចផលិតអគ្គិសនីបានច្រើនជាងតម្រូវការបច្ចុប្បន្ន។ នោះជាឱកាសមួយសម្រាប់ទាំងទីក្រុងកៀវ និងសហភាពអឺរ៉ុបដែលស្រេកឃ្លានថាមពល។
- អង្គការកាកបាទក្រហមបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានចុះបញ្ជីឈ្លើយសឹកអ៊ុយក្រែនរាប់រយនាក់ដែលបានចាកចេញពីរោងចក្រដែកថែប Azovstal នៅទីក្រុង Mariupol ភាគខាងត្បូង បន្ទាប់ពីមានការប្រឈមមុខដាក់គ្នាអស់ជាច្រើនសប្តាហ៍ ដោយការឡោមព័ទ្ធរបស់ទាហានរុស្ស៊ី។ ការប្រកាសដោយគណៈកម្មាធិការនៃកាកបាទក្រហមអន្តរជាតិ ដែលដើរតួជាអ្នកការពារនៃអនុសញ្ញាទីក្រុងហ្សឺណែវ ដែលមានគោលបំណងកំហិត«ភាពព្រៃផ្សៃនៃសង្គ្រាម»បានកើតឡើងភ្លាមៗបន្ទាប់ពីយោធារបស់រុស្ស៊ីបាននិយាយថា ទាហានអ៊ុយក្រែន១.៧៣០នាក់នៅរោងចក្រដែកថែបបានចុះចាញ់។ ការយកចិត្តទុកដាក់ឥឡូវនេះ គឺងាកទៅមើលពីរបៀបដែលឈ្លើយសឹកទាំងនោះអាចត្រូវបានប្រព្រឹត្តដាក់និងសិទ្ធិដែលពួក គេមាន។ ទីភ្នាក់ងារសារព័ត៌មាន Associated Press ពិនិត្យមើលចំណោទសំខាន់ៗមួយចំនួនអំពីឈ្លើយសឹក នៅក្នុងសង្គ្រាមជិតបីខែរបស់រុស្ស៊ីលើអ៊ុយក្រែន។
- ប្រាក់រូបរបស់រុស្ស៊ីបានកើនឡើងដល់កម្រិតខ្លាំងបំផុតធៀបនឹងប្រាក់អឺរ៉ូ និងប្រាក់ដុល្លារចាប់តាំងពីខែមិថុនាឆ្នាំ២០១៥ និងខែមីនា ឆ្នាំ២០១៨ នៅថ្ងៃសុក្រ។ អ្នកវិភាគសន្មតថា ដោយសារសហភាពអឺរ៉ុបកំពុងរៀបចំបង់ប្រាក់ឱ្យរុស្ស៊ីសម្រាប់ថ្លៃឧស្ម័ននិងការគ្រប់គ្រងដើមទុនដែលដាក់ដោយរដ្ឋាភិបាលក្រុងមូស្គូ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters ។
- យោងតាមក្រសួងការពារជាតិអង់គ្លេសបានឱ្យដឹងថា នៅក្នុងសញ្ញាចុងក្រោយនៃការខកចិត្តកាន់តែខ្លាំងឡើងចំពោះលទ្ធផលមិនល្អនៃកងកម្លាំងរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន យោធារុស្ស៊ីបានបណ្តេញចេញឬជំនួសមេបញ្ជាការតំបន់មួយចំនួននាពេលថ្មីៗនេះ។ នេះបើយោងតាមក្រសួងការពារជាតិអង់គ្លេស។ ការរកឃើញរបស់អង់គ្លេសបង្ហាញពីការធ្លាក់ចុះនិងភាពច្របូកច្របល់សម្រាប់យោធារុស្ស៊ីក្នុងសង្គ្រាមជិតបីខែរបស់ខ្លួន។ ក្រសួងការពារជាតិអាមេរិកបាននិយាយកាលពីថ្ងៃទី១៨ ខែឧសភាថា ទោះបីជាមានបញ្ហា និងចំណុចខ្វះខាតក៏ដោយ កងកម្លាំងរុស្ស៊ីនៅតែមានប្រៀបលើចំនួន និងកម្លាំងអាវុធ ហើយហាក់ដូចជាកំពុងសម្របខ្លួនទៅនឹងយុទ្ធសាស្ត្ររបស់អ៊ុយក្រែន ដោយងាកទៅរកការវាយប្រហារដោយអង្គភាពតូចៗ។ នៅសមរភូមិ វិទ្យុអឺរ៉ុបសេរី/វិទ្យុសេរីភាពបាននិយាយជាមួយលោក Liam Collins ដែលជាវរសេនីយ៍ឯកនៃកងកម្លាំងពិសេសរបស់សហរដ្ឋអាមេរិកចូលនិវត្តន៍ និងជានាយកប្រតិបត្តិនៃវេទិកាគោលនយោបាយ Madison។
២៣:០២
១៩.៥.២០២២
ថ្ងៃព្រហស្បតិ៍ ទី ១៩ ខែឧសភា៖
- អង្គការសហប្រជាជាតិនៅថ្ងៃព្រហស្បតិ៍នេះបានជំរុញប្រទេសរុស្ស៊ីនិងប្រទេសអ៊ុយក្រែនឱ្យ «ផ្អែកលើ» ការប្រាស្រ័យទាក់ទងគ្នានិងការសម្របសម្រួលដែលអាចអនុញ្ញាតឱ្យមានប្រតិបត្តិការជម្លៀសមនុស្សចេញពីទីក្រុង Mariupol ដើម្បីចាប់ផ្ដើមឡើងវិញនូវការចរចាសន្តិភាពដែលជាប់គាំងកន្លងមក។ ប្រធានផ្នែកជំនួយមនុស្សធម៌របស់អង្គការសហប្រជាជាតិលោក Martin Griffiths បាននិយាយថា ប្រតិបត្តិការដោយជោគជ័យនៅក្នុងការជម្លៀសជនស៊ីវិលនិងក្រោយមកយុទ្ធជនចេញពីរោងចក្រដែកថែប Azovstal ក្នុងទីក្រុង Mariupol ត្រួសត្រាយផ្លូវត្រឡប់ទៅរកការចរចាដ៏ទូលំទូលាយឡើងវិញដើម្បីបញ្ចប់សង្គ្រាមដ៏ឃោរឃៅនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- ក្រុមប្រទេស G-7 បានប្ដេជ្ញាផ្ដល់ថវិកាចំនួន ១៨.៤០០ លានដុល្លារអាមេរិកជាជំនួយនិងជាកម្ចីដើម្បីជួយអ៊ុយក្រែនបំពេញតាមតម្រូវការផ្នែកហិរញ្ញវត្ថុបន្ទាន់របស់ខ្លួន។ នេះបើយោងតាមសេចក្ដីព្រាងនៃសេចក្ដីថ្លែងការណ៍រួមរបស់ក្រុមប្រទេស G-7 ដែលទីភ្នាក់ងារព័ត៌មាន Reuters បានទទួលនៅថ្ងៃព្រហស្បតិ៍នេះ។
- នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា លោកនិងរដ្ឋមន្ត្រីហិរញ្ញវត្ថុនានានៃក្រុមប្រទេស G-7 បានពិភាក្សាគ្នាអំពី «ជំហានដែលអាចប្រតិបត្តិជាក់ស្ដែងដើម្បីរើបឡើងវិញពីផលវិបាកនៃសង្គ្រាម»។ លោកបានសរសេរនៅលើ Twitter ថា៖ «អ៊ុយក្រែនការពារពិភពដែលមានអារ្យធម៌ខ្ពង់ខ្ពស់ទាំងមូល។ ការគាំទ្ររបស់ដៃគូនានានឹងជួយបង្កើនដល់ជ័យជម្នះរបស់យើង។ ទោះបីជារុស្ស៊ីប្រឹងប្រែងបំផ្លាញសេដ្ឋកិច្ចរបស់យើងក៏ដោយ ក៏រួមគ្នា យើងនឹងឈ្នះ!»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- អគ្គលេខាធិការអង្គការអូតង់ (NATO) លោកបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា វាជារឿងធម្មតានោះទេដែលសមាជិកអង្គការអូតង់មានទស្សនៈផ្សេងគ្នា។ លោកលើកឡើងដូច្នេះចង់សំដៅលើភាពស្ទាក់ស្ទើររបស់ប្រទេសតួកគីនៅក្នុងការទទួលយកប្រទេសស៊ុយអែតនិងប្រទេសហ្វាំងឡង់ជាសមាជិកអង្គការអូតង់។ លោក Stoltenberg បានប្រាប់អ្នកកាសែតនៅក្នុងអំឡុងពេលទស្សនកិច្ចនៅក្នុងរដ្ឋធានីកូប៉ិនហាក ប្រទេសដាណឺម៉ាកថា៖ «វាជារឿងធម្មតាដែលមានទស្សនៈផ្សេងគ្នានៅក្នុងអង្គការអូតង់លើការសម្រេចចិត្តសំខាន់ៗ។ យើងមានបទពិសោធន៍ច្រើននៅក្នុងអង្គការអូតង់ គឺនៅពេលណាដែលមានទស្សនៈផ្ទុយគ្នា យើងអង្គុយចុះស្វែងរកដំណោះស្រាយ»។ លោកបានបន្ថែមថា៖ «យើងកំពុងប្រាស្រ័យទាក់ទងយ៉ាងជិតស្និទ្ធជាមួយនឹងប្រទេសហ្វាំងឡង់ ស៊ុយអែត និងតួកគី។ យើងកំពុងដោះស្រាយក្ដីបារម្ភដែលតួកគីបានលើកឡើង»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រធានាធិបតីហ្វាំងឡង់លោក Sauli Niinisto បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសហ្វាំងឡង់ស្វាគមន៍ចំពោះការពិភាក្សាអំពីក្ដីបារម្ភរបស់ប្រទេសតួកគីទាក់ទិននឹងពាក្យសុំរបស់ហ្វាំងឡង់ក្នុងការចូលជាសមាជិកអង្គការអូតង់ (NATO) ដោយលោកបានបន្ថែមថា ប្រទេសហ្វាំងឡង់ត្រៀមលក្ខណៈរួចជាស្រេចនៅក្នុងការតាំងចិត្តចំពោះសន្តិសុខរបស់ប្រទេសតួកគី។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានជួបជាមួយនឹងមេដឹកនាំនៃប្រទេសស៊ុយអែតនិងមេដឹកនាំនៃប្រទេសហ្វាំងឡង់នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីប្រទេសទាំងពីរបានដាក់ពាក្យជាផ្លូវការចូលជាសមាជិកអង្គការអូតង់ (NATO) ដើម្បីឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ លោក Biden បាននិយាយថា «ចំណុចសំខាន់គឺសាមញ្ញបំផុត ដែលនោះគឺថា ហ្វាំងឡង់និងស៊ុយអែតធ្វើឱ្យអង្គការអូតង់ខ្លាំងជាងមុន» និងបានផ្ដល់ «ការគាំទ្រទាំងស្រុងពេញទំហឹងរបស់សហរដ្ឋអាមេរិក [ចំពោះការចូលជាសមាជិកនេះ]»។ ទីប្រឹក្សាសន្តិសុខជាតិនៃសេតវិមានលោក Jake Sullivan បាននិយាយថា៖ «នេះគឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ជាស្ថានការណ៍នៃចំណុចរបត់មួយនៅក្នុងសន្តិសុខរបស់ទ្វីបអឺរ៉ុប។ ប្រទេសពីរដែលមានប្រវត្តិអព្យាក្រឹតជាយូរមកហើយនឹងចូលរួមជាមួយនឹង [អង្គការអូតង់ដែលជា] សម្ព័ន្ធភាពផ្នែកការពារដ៏មានឥទ្ធិពលបំផុតនៅលើពិភពលោក»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters និងទីភ្នាក់ងារព័ត៌មានបារាំង AFP។
- នាយករដ្ឋមន្ត្រីអ៊ីតាលីលោក Mario Draghi បានអំពាវនាវនៅថ្ងៃព្រហស្បតិ៍ឱ្យមានកិច្ចឈប់បាញ់គ្នាជាបន្ទាន់នៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីឱ្យការចរចាម៉ឺងម៉ាត់នៅក្នុងការបញ្ចប់សង្គ្រាមនេះអាចចាប់ផ្ដើមបាន។ លោក Draghi បានថ្លែងប្រាប់ព្រឹទ្ធសភាអ៊ីតា លីថា៖ «កិច្ចឈប់បាញ់គ្នាត្រូវតែសម្រេចឱ្យបានកាន់តែឆាប់កាន់តែប្រសើរ»។ លោកបានបន្ថែមថា វាជារឿងសំខាន់ដែលត្រូវរក្សាការដាក់សម្ពាធលើរុស្ស៊ីតាមរយៈការដាក់ទណ្ឌកម្មសេដ្ឋកិច្ច «ដោយសារតែយើងត្រូវតែនាំរដ្ឋាភិបាលរុស្ស៊ីមកកាន់តុចរចា»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍ថា ប្រសិនបើខ្លួនពិចារណាលើការអំពាវនាវរបស់អង្គការសហប្រជាជាតិដែលចង់ឱ្យខ្លួនបើកច្រកចូលទៅកាន់កំពង់ផែរបស់ប្រទេសអ៊ុយក្រែននៅសមុទ្រខ្មៅ នោះគេក៏ត្រូវពិចារណាអំពីការដកទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីចេញផងដែរ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Interfax របស់រុស្ស៊ី។ កាលពីថ្ងៃពុធ លោក David Beasley ប្រធានអង្គការស្បៀងអាហារពិភពលោក (WFP) របស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅកាន់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ថា៖ «ប្រសិនបើអ្នកមានបេះដូង សូមបើកកំពង់ផែទាំងនេះទៅ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- អ្នកស្រី Kristalina Georgieva ប្រធានអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា អ្នកស្រី «កាន់តែមានសុទិដ្ឋិនិយម»ថា កិច្ចព្រមព្រៀងរបស់ក្រុមប្រទេស G-7 នៅក្នុងការផ្ដល់ថវិកាថ្មីដល់ប្រទេសអ៊ុយក្រែនអាចសម្រេចបាន និងអាចជួយអ៊ុយក្រែនឱ្យចៀសផុតពីអតិផរណាលោតផ្លោះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បាននិយាយថា សហភាពអឺរ៉ុបត្រូវតែត្រៀមលក្ខណៈសម្រាប់ការកសាងប្រទេសអ៊ុយក្រែនឡើងវិញនៅពេលណាដែលសង្គ្រាមបានបញ្ចប់ តាមរយៈការបង្កើតបេឡាសាមគ្គីដើម្បីជួយចំណាយលើការកសាងឡើងវិញដែលនឹងអស់ទឹកប្រាក់រាប់ពាន់លានអឺរ៉ូ។ លោក Scholz លើកឡើងដូច្នេះថា៖ «ការកសាងហេដ្ឋារចនាសម្ព័ន្ធដែលត្រូវបានបំផ្លាញនិងការស្ដារឡើងវិញនូវសេដ្ឋកិច្ចរបស់អ៊ុយក្រែននឹងចំណាយអស់ថវិការាប់ពាន់លាន [អឺរ៉ូ]។ យើងក្នុងនាមជាសហភាពអឺរ៉ុបត្រូវតែចាប់ផ្ដើមរៀបចំបង្កើតបេឡាសាមគ្គីមួយដែលបានថវិកាមកពីការរួមចំណែករបស់សហភាពអឺរ៉ុបនិងដៃគូនានារបស់ខ្លួន»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- នាយករដ្ឋមន្ត្រីជប៉ុនលោកFumio Kishidaបានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍ថា ប្រទេសជប៉ុននឹងបង្កើនជំនួយហិរញ្ញវត្ថុទ្វេដងសម្រាប់ប្រទេសអ៊ុយ ក្រែនរហូតដល់ចំនួន៦០០លានដុល្លារអាមេរិក នៅក្នុងវិធានការដែលមានការសម្រប សម្រួលមួយជាមួយនឹងធនាគារពិភពលោក ដើម្បីគាំទ្រដល់ភាពចាំបាច់ផ្នែកហិរញ្ញវត្ថុរបស់ប្រទេសអ៊ុយក្រែនក្នុងរយៈពេលខ្លី ដែលបានរងការខូចខាតដោយសារការឈ្លាន ពានរបស់រុស្ស៊ី។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ប្រទេសតួកគី«តាំងចិត្ត» រារាំងការចូលជាសមាជិករបស់ប្រទេសស៊ុយអែតនិងប្រ ទេសហ្វាំងឡង់នៅក្នុងអង្គការអូតង់ដោយលោកបានបញ្ជាក់ថា ប្រទេសស៊ុយអែតគឺជា «ជម្រកសុវត្ថិភាពភេរវកម្មទាំងស្រុង»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- នាយករដ្ឋមន្ត្រីប៉ូឡូញលោក Mateusz Morawiecki បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ប្រទេសប៉ូឡូញនិងជួយប្រទេសស៊ុយអែតនិងប្រទេសហ្វាំងឡង់ ប្រសិនបើប្រទេសទាំងពីរត្រូវបានវាយប្រហារមុនពេលពួកគេបានចូលជាសមាជិកអង្គការអូតង់ (NATO)។ លោក Morawiecki បានបញ្ជាក់នៅក្នុងអំឡុងពេលសន្និសីទកាសែតមួយថា៖ «ខ្ញុំចាត់ ទុកការចូលជាសមាជិករបស់ប្រទេសហ្វាំងឡង់និងប្រទេសស៊ុយអែតនៅក្នុងអង្គការអូតង់ជាសញ្ញាដ៏សំខាន់មួយនៅក្នុងការពង្រឹងសន្តិសុខនៅអឺរ៉ុប»។ លោកបានបន្ថែមថា៖ «ខ្ញុំចង់បញ្ជាក់ឱ្យបានច្បាស់ថា ក្នុងករណីណាដែលមានការវាយប្រហារលើប្រ ទេសស៊ុយអែតឬក៏ប្រទេសហ្វាំងឡង់ក្នុងអំឡុងពេលដំណើរការចូលជាសមាជិកនេះ ប្រទេសប៉ូឡូញនឹងជួយពួកគេ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ទាហានរុស្ស៊ីដំបូងបង្អស់ដែលត្រូវបានកាត់ទោសនៅក្នុងប្រទេសអ៊ុយក្រែនពីបទឧក្រិដ្ឋកម្មសង្គ្រាម បានស្នើសុំនៅក្នុងតុលាការនៅថ្ងៃព្រហស្បតិ៍ឱ្យមាន «ការលើកលែងទោស» នៅពេលដែលទាហានរូបនេះរៀបរាប់លំអិតអំពីវិធីដែលខ្លួនសម្លាប់ជនស៊ីវិលម្នាក់នៅក្នុងប្រទេសអ៊ុយក្រែនកាលពីចុងខែកុម្ភៈ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- លោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោក (WHO) បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា លោកបាននិយាយជាមួយនឹងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov អំពីតួនាទីរបស់រុស្ស៊ីនៅក្នុងបញ្ហាសុខភាពសាកលលោកនិងអំពីស្ថានការណ៍នៅក្នុងប្រទេសអ៊ុយក្រែន។ លោក Ghebreyesus បានបញ្ជាក់នៅលើ Twitter ដូច្នេះថា៖ «ខ្ញុំបានស្នើឱ្យមានលទ្ធភាពចូលដោយសុវត្ថិភាពទៅកាន់ទីក្រុង Mariupol ទីក្រុង Kherson ផ្នែកខាងត្បូងនៃទីក្រុង Zaporizhzhia និងតំបន់ឡោមព័ទ្ធផ្សេងទៀត ដើម្បីផ្ដល់ជំនួយផ្នែកសុខាភិបាល។ ជនស៊ីវិលត្រូវតែទទួលបានការការពារ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- អង្គការគណៈកម្មាធិការអន្តរជាតិកាកបាទក្រហមបានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍ថា ខ្លួនបានចាប់ផ្ដើមចុះឈ្មោះឈ្លើយសឹករាប់រយនាក់មកពីរោងចក្រដែកថែប Azovstal នៅក្នុងទីក្រុង Mariupol ប្រទេសអ៊ុយក្រែន។ អង្គការនេះបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែង ការណ៍មួយថា ប្រតិបត្តិការតាមដានយុទ្ធជនដែលចាក ចេញពីរោងចក្រនោះបានចាប់ផ្ដើមកាលពីថ្ងៃអង្គារនិងកំពុងបន្តរហូតមកដល់ថ្ងៃព្រហស្បតិ៍នេះ។ ជាផ្នែកមួយនៃដំណើរការនេះ អង្គការនេះបានកត់ត្រាព័ត៌មានពីយុទ្ធជនផ្ទាល់ដើម្បីតាមដានអ្នកដែលត្រូវបានចាប់ខ្លួន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ទីភ្នាក់ងារព័ត៌មាន TASS របស់រុស្ស៊ីបានដកស្រង់សម្ដីរបស់មេដឹកនាំក្រុមផ្ដាច់ខ្លួនលោកDenis Pushilin ដែលមានទំនោរទៅរករុស្ស៊ីដែលបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា យុទ្ធជនអ៊ុយក្រែនជាងពាក់កណ្ដាលដែលបានស្ថិតនៅក្នុងរោងចក្រដែកថែប Azovstal ក្នុងទីក្រុង Mariupol ប្រទេសអ៊ុយក្រែន ឥឡូវនេះបានចាកចេញហើយ។ គេនៅមិនទាន់ច្បាស់ភ្លាមៗនៅឡើយទេថាតើយុទ្ធជនប៉ុន្មាននាក់ដែលលោក Pushilin ចង់សំដៅលើនោះ។ កន្លងមក អ៊ុយក្រែននិងរុស្ស៊ីបានផ្ដល់តួលេខខុសៗគ្នាអំពីចំនួនយុទ្ធជនដែលបានចាកចេញពីរោងចក្រនោះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- លោក Andriy Yermak នាយកខុទ្ទកាល័យរបស់ប្រធានាធិបតីអ៊ុយក្រែនបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលអ៊ុយក្រែនស្វាគមន៍ការផ្ដល់សច្ចានុមតិរបស់ព្រឹទ្ធសភាសហរដ្ឋអាមេរិកលើការតែងតាំងអ្នកស្រី Bridget Brink ជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសអ៊ុយក្រែន។ លោក Yermak បានសរសេរនៅលើ Twitter ដូច្នេះថា៖ «យើងស្វាគមន៍ការសម្រេចជាឯកច្ឆន្ទរបស់ព្រឹទ្ធសភាសហរដ្ឋអាមេរិកនៅក្នុងការយល់ព្រមចំពោះការតែងតាំងអ្នកស្រី Bridget Brink ជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសអ៊ុយក្រែន»។
- ព្រឹទ្ធសភាសហរដ្ឋអាមេរិកបានផ្ដល់សច្ចានុមតិកាលពីថ្ងៃពុធចំពោះការតែងតាំងអ្នកស្រី Bridget Brink ជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសអ៊ុយក្រែន។ តំណែងនេះគឺជាតំណែងដ៏សំខាន់មួយដែលនៅទំនេរអស់រយៈពេល ៣ ឆ្នាំមកហើយ។ អ្នកស្រីបានទទួលការផ្ដល់សច្ចានុមតិនេះក្នុងសំឡេងបោះឆ្នោតជាឯកច្ឆន្ទ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។