ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។

LIVE BLOG: ព្រឹត្តិការណ៍ថ្មីៗអំពីការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ៣ វិច្ឆិកា ២០២២

រុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែន តាំងពីថ្ងៃទី២៤ ខែកម្ភៈ មក។ សូមតាមដានព្រឹត្តិការណ៍ថ្មីៗប្រចាំថ្ងៃទាក់ទងនឹងវិបត្តិអ៊ុយក្រែន នៅ​លើ​ទំព័រ Live Blog ដែលផ្សាយផ្ទាល់នេះ។

២២:០៣ ១៨.៥.២០២២

ថ្ងៃពុធ ទី ១៨ ខែឧសភា៖

  • ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា សហរដ្ឋ​អាមេរិក​នឹង​ធ្វើការ​ជាមួយ​នឹង​ប្រទេស​ហ្វាំងឡង់​និង​ប្រទេស​ស៊ុយអែត​ដើម្បី​ត្រៀម​លក្ខណៈ​ប្រយ័ត្នប្រយែង​ទប់ទល់​នឹង​ការ​គំរាមកំហែង​ណា​មួយ​ចំពោះ​សន្តិសុខ​រួម​របស់​ពួកគេ នៅ​ពេល​ដែល​អង្គការ​អូតង់ (NATO) កំពុង​ពិចារណា​សមាជិកភាព​របស់​ប្រទេស​ទាំង​ពីរ។ លោក Biden បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា លោក​គាំទ្រ​យ៉ាង​មុតមាំ​លើ​ការ​ដាក់​ពាក្យ​របស់​ប្រទេស​ហ្វាំងឡង់​និង​ប្រទេស​ស៊ុយអែត​ចូល​ជា​សមាជិក​អង្គការ​អូតង់។ លោក​បាន​ថ្លែង​ថា ការ​ចូល​ជា​សមាជិក​របស់​ប្រទេស​ទាំង​ពីរ​នឹង «ពង្រឹង​បន្ថែម​ដល់​កិច្ច​សហប្រតិបត្តិការ​ផ្នែក​ការពារ​របស់​យើង​និង​ផ្ដល់​ប្រយោជន៍​ដល់​អង្គការ​អូតង់​ទាំង​មូល»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោកJoe Biden ថ្លែង​សុន្ទរកថា​នៅ​ក្នុង​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២២។ (AP Photo/Susan Walsh)
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោកJoe Biden ថ្លែង​សុន្ទរកថា​នៅ​ក្នុង​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២២។ (AP Photo/Susan Walsh)
  • រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក Lloyd Austin បាន​និយាយ​ថា ប្រសិនបើ​ប្រទេស​ស៊ុយអែត​បាន​ចូល​ជា​សមាជិក​អង្គការ​អូតង់ (NATO) នោះ​ប្រទេស​នេះ​នឹង​ធ្វើ​ឱ្យ​អង្គការ​អូតង់ «មាន​ភាព​ប្រសើរ​ជាង​មុន​នៅ​ក្នុង​ការ​ការពារ​ខ្លួន»។ លោក Austin លើកឡើង​ដូច្នេះ​ក្នុង​អំឡុង​ពេល​ថ្លែង​សុន្ទរកថា​បើក​មុន​ពេល​ការ​ប្រជុំ​ទ្វេភាគី​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការពារ​ជាតិ​ស៊ុយអែត​លោក Peter Hultgvist ចូល​មក​ដល់​នៅ​ក្រសួង​ការពារ​ជាតិ​អាមេរិក​នៅ​ថ្ងៃ​ពុធ​នេះ។ លោក Austin បាន​បន្ថែម​ថា៖ «សហរដ្ឋ​អាមេរិក​គាំទ្រ​យ៉ាង​មុតមាំ​លើ​ការ​ដាក់​ពាក្យ​របស់​ប្រទេស​ស៊ុយអែត​ចូល​ជា​សមាជិក​អង្គការ​អូតង់»។ នេះ​បើ​យោង​តាម​បណ្ដាញ​ទូរទស្សន៍​ CNN
  • រដ្ឋាភិបាល​ប្រទេស​ឆែក​បាន​អនុម័ត​ជា​ឯកច្ឆន្ទ​លើ​សមាជិកភាព​របស់​ប្រទេស​ហ្វាំងឡង់​និង​ប្រទេស​ស៊ុយអែត​នៅ​ក្នុង​អង្គការ​អូតង់ (NATO) ក្នុង​ពេល​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​មក​ប៉ុណ្ណោះ ដែល​ប្រទេស​ទាំង​ពីរ​បាន​ដាក់​ពាក្យ​ជា​ផ្លូវការ​សុំ​ចូល​ជា​សមាជិក​អង្គការ​អូតង់។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Associated Press
  • រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​រិះគន់​ថា ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​បាន​ធ្វើ​ឱ្យ «មនុស្ស ៤០ លាន​នាក់​ទៀត​ជួប​ប្រទះ​នឹង​បញ្ហា​អសន្តិសុខ​ស្បៀង​អាហារ»។ លោក Blinken បាន​បញ្ជាក់​នៅ​ក្នុង​កំណត់​សម្គាល់​របស់​លោក​នៅ​ថ្ងៃ​ពុធ​នេះ​មុន​ពេល​ជួប​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​ប៉ាគីស្ថាន​លោក Bhutto Zardari ថា៖ «អសន្តិសុខ​ស្បៀង​អាហារ​បាន​កើនឡើង​ធ្ងន់ធ្ងរ​ដោយសារ​ភាព​គឃ្លើន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ដោយ​វា​បាន​ធ្វើ​ឱ្យ​មនុស្ស ៤០ លាន​នាក់​ទៀត​ជួប​ប្រទះ​នឹង​បញ្ហា​អសន្តិសុខ​ស្បៀង​អាហារ​នេះ»។ នេះ​បើ​យោង​តាម​បណ្ដាញទូរទស្សន៍ ​CNN។
  • អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch បាន​បញ្ជាក់​នៅ​ថ្ងៃ​ពុធ​នេះ​ថា ខ្លួន​បាន​កត់ត្រា​ករណី​បន្ថែម​ទៀត​នៃ «ឧក្រិដ្ឋកម្ម​សង្គ្រាម​ជាក់ស្ដែង» ដែល​ប្រព្រឹត្តិ​ឡើង​ដោយ​ទាហាន​រុស្ស៊ី​នៅ​ក្នុង​តំបន់​ពីរ​នៅ​ប្រទេស​អ៊ុយក្រែន។ អង្គការ​នេះ បាន​លើកឡើង​នៅ​ក្នុង​របាយការណ៍​មួយ​ថា កងទ័ព​រុស្ស៊ី​ដែល​ត្រួតត្រា​ផ្នែក​ភាគ​ច្រើន​នៃ​តំបន់​រដ្ឋធានី​កៀវ​និង​តំបន់​ទីក្រុង Chernihiv នៃ​ប្រទេស​អ៊ុយក្រែន​តាំង​ពី​ចុង​ខែ​កុម្ភៈ​រហូត​ដល់​ខែ​មីនា​បាន​ធ្វើ​ឱ្យ​ជន​ស៊ីវិល​រង​ការ​សម្លាប់​ភ្លាមៗ​ដោយ​គ្មាន​ការ​កាត់ទោស ការ​ធ្វើ​ទារុណកម្ម និង​ការ​បំពាន​ធ្ងន់ធ្ងរ​ផ្សេងៗ​ទៀត។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • តុលាការ​មួយ​នៅ​ក្នុង​រដ្ឋធានី​កៀវ​នៃ​ប្រទេស​អ៊ុយក្រែន​បាន​បើក​សវនាការ​កាត់ទោស​ទាហាន​រុស្ស៊ី​ម្នាក់​ឈ្មោះ Vadim Shishimarin អាយុ ២១ ឆ្នាំ នៅ​ថ្ងៃ​ពុធ​នេះ ដែល​នេះ​គឺជា​សវនាការ​ដំបូង​បង្អស់​អំពី​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។ ទាហាន​រុស្ស៊ី​រូប​នេះ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឃាតកម្ម និង «រំលោភ​លើ​ច្បាប់​ទម្លាប់​នៃ​សង្គ្រាម» ក្រោម​មាត្រា ៤៣៨ នៃ​ក្រម​ព្រហ្មទណ្ឌ​របស់​ប្រទេស​អ៊ុយក្រែន។ ជន​នេះ​បាន​ទទួល​កំហុស «ទាំងស្រុង» និង​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​មួយ​ជីវិត។ នេះ​បើ​យោង​តាម​បណ្ដាញទូរទស្សន៍ CNN

ទាហាន​រុស្ស៊ី​ម្នាក់​ឈ្មោះ Vadim Shishimarin អាយុ ២១ ឆ្នាំ​ កំពុង​ស្ថិត​នៅ​ក្នុង​សវនាការ​កាត់​ក្ដី​លោក​ក្នុង​រដ្ឋធានី​កៀវ ប្រទេស​អ៊ុយក្រែន ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២២។
ទាហាន​រុស្ស៊ី​ម្នាក់​ឈ្មោះ Vadim Shishimarin អាយុ ២១ ឆ្នាំ​ កំពុង​ស្ថិត​នៅ​ក្នុង​សវនាការ​កាត់​ក្ដី​លោក​ក្នុង​រដ្ឋធានី​កៀវ ប្រទេស​អ៊ុយក្រែន ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២២។

  • រដ្ឋាភិបាល​រុស្ស៊ី​នៅ​ថ្ងៃ​ពុធ​នេះ​បាន​បណ្ដេញ​មន្ត្រី​ការទូត​មួយ​ចំនួន​មក​ពី​ប្រទេស​បារាំង អ៊ីតាលី និង​អេស្ប៉ាញ​ចេញ​ពី​ប្រទេស ដើម្បី​ជា​ការ​សងសឹក​ចំពោះ​ការណ៍​ដែល​ប្រទេស​ទាំង ៣ បាន​បណ្ដេញ​មន្ត្រី​ការទូត​រុស្ស៊ី​ចេញ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP
  • ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​បញ្ជាក់​នៅ​ក្នុង​វីដេអូ​មួយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា យុទ្ធជន​អ៊ុយក្រែន​ដែល​បាន​ចុះចាញ់​នៅ​ឯ​រោងចក្រ​ដែកថែប Azovstal ក្នុង​ទីក្រុង Mariupol ប្រទេស​អ៊ុយក្រែន ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​នៅ​ក្នុង​ក្រុង Novoazovsk ក្នុង​សាធារណរដ្ឋ Donetsk ដែល​ជា​តំបន់​ផ្ដាច់​ខ្លួន​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reutersអ្នក​នាំពាក្យ​រដ្ឋាភិបាល​រុស្ស៊ី​លោក Dmitry Peskov បាន​និយាយ​នៅ​ថ្ងៃ​ពុធថា សំណើ​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ​យក​ពន្ធ​គយ​លើ​ប្រេង​ឥន្ធនៈ​របស់​រុស្ស៊ី​មាន​ន័យ​ថា​អ្នក​ទិញ​នឹង​ត្រូ​ចំណាយ​បន្ថែម​ឬ​ក៏​នឹង​ត្រូវ​ស្វែងរក​អ្នក​ផ្គត់ផ្គង់​ផ្សេង។ កាលពី​ថ្ងៃ​អង្គារ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​អ្នកស្រី Janet Yellen បាន​បញ្ជាក់​ថា សហភាព​អឺរ៉ុប​អាច​ដាក់​បញ្ចូល​គ្នា​នូវ​ការ​យក​ពន្ធ​គយ​លើ​ការ​នាំ​ចូល​ប្រេង​ឥន្ធនៈ​ពី​រុស្ស៊ី​ជាមួយ​នឹង​ការ​ហាម​ឃាត់​ជា​ដំណាក់កាល​នូវ​ការ​នាំចូល​ប្រេង​ឥន្ធនៈ​ពី​រុស្ស៊ី។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • អ្នក​នាំពាក្យ​រដ្ឋាភិបាល​រុស្ស៊ី​លោក Dmitry Peskov បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ថា មិន​មាន​ដំណើរការ​បន្ត​ទៅ​មុខ​ណា​មួយ​នៃ​ការ​ចរចា​សន្តិភាព​ជាមួយ​នឹង​ប្រទេស​អ៊ុយក្រែន​នោះ​ទេ និង​ថា រដ្ឋាភិបាល​អ៊ុយក្រែន​បាន​បង្ហាញ​នូវ​ភាព​គ្មាន​ឆន្ទៈ​ទាំងស្រុង​នៅ​ក្នុង​ការ​បន្ត​ការ​ចរចា។ លោក Peskov ថ្លែង​ដូច្នេះ​ថា៖«ការ​ចរចា​មិន​បាន​វិវឌ្ឍ​ទៅ​មុខ​ទេ ហើយ​យើង​កត់​សម្គាល់​ឃើញ​នូវ​ភាព​គ្មាន​ឆន្ទៈ​ទាំងស្រុង​របស់​ក្រុម​អ្នក​ចរចា​អ៊ុយក្រែន​នៅ​ក្នុង​ការ​បន្ត​ដំណើរការ​នេះ»។
  • ប្រធានាធិបតី​តួកគី​លោក Recep Tayyip Erdogan ដែល​កន្លង​មក​បាន​គំរាម​រាំង​ខ្ទប់​ការ​ចូល​ជា​សមាជិក​របស់​ប្រទេស​ហ្វាំងឡង់​និង​ប្រទេស​អ៊ុយអែត​នៅ​ក្នុង​អង្គការ​អូតង់ បាន​ជំរុញ​សមាជិក​អង្គការ​អូតង់​នៅ​ថ្ងៃ​ពុធ​ឱ្យ «គោរព» ក្ដី​បារម្ភ​របស់​រដ្ឋាភិបាល​តួកគី​អំពី​ប្រទេស​ទាំង​ពីរ ដែល​តួកគី​បាន​ចោទ​ប្រកាន់​ថា​បាន​ផ្ដល់​ជម្រក​លាក់​ខ្លួន​ដល់​ភេរវ ករ។ លោក Erdogan បាន​បញ្ជាក់​ដូច្នេះ​ថា៖ «ក្ដី​រំពឹង​តែ​មួយ​គត់​របស់​យើង​ពី​សម្ព័ន្ធមិត្ត​អង្គការ​អូតង់​គឺ​ថា...ដំបូង​ត្រូវ​យល់​អំពី​ក្ដី​បារម្ភ​របស់​យើង​ហើយ​បន្ទាប់​មក​ត្រូវ​គោរព និង​នៅ​ចុង​បញ្ចប់​ត្រូវ​គាំទ្រ»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ប្រធានាធិបតី​តួកគី លោក Recep Tayyip Erdogan ចូលរួម​ក្នុង​ពិធី​មួយ​នៅ​វិមាន​ប្រធានាធិបតី ក្នុង​ទីក្រុង​អង់ការ៉ា ប្រទេស​តួកគី ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២២។ (AP)
ប្រធានាធិបតី​តួកគី លោក Recep Tayyip Erdogan ចូលរួម​ក្នុង​ពិធី​មួយ​នៅ​វិមាន​ប្រធានាធិបតី ក្នុង​ទីក្រុង​អង់ការ៉ា ប្រទេស​តួកគី ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២២។ (AP)
  • ប្រទេស​ហ្វាំងឡង់​និង​ប្រទេស​ស៊ុយអែត​បាន​ដាក់​ពាក្យ​ជា​ផ្លូវការ​នៅ​ក្នុង​ការ​ចូល​ជា​សមាជិក​អង្គការ​អូតង់ (NATO) នៅ​ថ្ងៃ​ពុធ ដោយ​បាន​ចាប់ផ្ដើម​នូវ​ដំណើរការ​ចូល​ជា​សមាជិក​នេះ​ដែល​គេ​រំពឹង​ថា​នឹង​ចំណាយ​ពេល​តែ​ប៉ុន្មាន​សប្ដាហ៍​ប៉ុណ្ណោះ។ មន្ត្រី​ការ ទូត​នានា​ថា ការ​ផ្ដល់​សច្ចានុមតិ​របស់​សភា​នៃ​បណ្ដា​ប្រទេស​ជា​សមាជិក​អង្គការ​អូតង់​ទាំង ៣០ លើ​ពាក្យ​សុំ​ចូល​ជា​សមាជិក​នេះ​អាច​ចំណាយ​ពេល​រហូត​ដល់​ទៅ​មួយ​ឆ្នាំ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • រដ្ឋមន្ត្រី​ការបរទេស​ចក្រភព​អង់គ្លេស​អ្នកស្រី Liz Truss បាន​និយាយ​ថា ចក្រភព​អង់ គ្លេស​ស្វាគមន៍​ទស្សនៈ​ដែល​ចង់​ឱ្យ​មាន​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​មួយ​កាត់ទោស​ប្រធានាធិបតី​រុស្ស៊ី​លោកVladimir Putin និង​ថ្នាក់​ដឹកនាំ​ផ្សេង​ទៀត​របស់​រុស្ស៊ី​ទាក់ទិន​នឹង​រឿង​សង្គ្រាម​នៅ​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​កាសែត The Guardian។
  • ក្រសួង​ការពារ​ជាតិ​អ៊ីស្រាអែល​បាន​បញ្ជាក់​នៅ​ថ្ងៃ​ពុធ​ថា អ៊ីស្រាអែល​បាន​បញ្ជូន​មួក​ការពារ​ចំនួន២.០០០និង​អាវ​កាក់​ការពារ​ចំនួន៥០០ឱ្យ​អង្គការ​សង្គ្រោះ​បន្ទាន់​និង​អង្គ ការ​ស៊ីវិល​នានា​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។ រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ីស្រាអែល​លោក Benny Gantz បាន​និយាយ​កាលពី​ខែ​មុន​ថា លោក​នឹង​អនុញ្ញាត​ឱ្យ​មាន​ការ​បញ្ជូន​មួក​ការពារ​និង​អាវកាក់​ទាំង​នេះ។ ការ​បញ្ជូន​ទាំង​នេះ​ធ្វើ​ឡើង បន្ទាប់ពី​មាន​ការ​ស្នើ​ពី​អ៊ុយ ក្រែន។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ប្រធាន​គណៈកម្មការ​អឺរ៉ុប​នៃ​សហភាព​អឺរ៉ុប​អ្នកស្រី Ursula von der Leyen នៅ​ថ្ងៃ​ពុធ​បាន​ស្នើ​នូវ​ជំនួយ​បន្ថែម​រហូត​ដល់៩ពាន់​លាន​អឺរ៉ូ (៩.៥០០លាន​ដុល្លារ​អាមេរិក) សម្រាប់​អ៊ុយក្រែន​នៅ​ក្នុង​ឆ្នាំ​នេះ ដើម្បី​ជួយ​អ៊ុយក្រែន​ដោះស្រាយ​ការ​បំផ្លិចបំផ្លាញ​ដោយសារ​សង្គ្រាម។ អ្នកស្រី von der Leyen ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា វា​ដល់​ពេល​ដែល​ត្រូវ​គិត​អំពី​ការ​កសាង​ប្រទេស​អ៊ុយក្រែន​ឡើង​វិញ​ហើយ​នៅ​ពេល​ណា​ដែល​សង្គ្រាម​បាន​បញ្ចប់។ អ្នកស្រី​បាន​បន្ថែម​ថា សហភាព​អឺរ៉ុប​មាន «ចំណាប់​អារម្មណ៍​ផ្នែក​យុទ្ធសាស្ត្រ​នៅ​ក្នុង​ការ​ដឹកនាំ​កិច្ច​ប្រឹងប្រែង​កសាង​ឡើង​វិញ​នេះ»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • រដ្ឋមន្ត្រី​ការបរទេស​ចក្រភព​អង់គ្លេស​អ្នកស្រី Liz Truss បាន​និយាយ​នៅ​ថ្ងៃ​ពុធថា ចក្រភព​អង់គ្លេស​និង​បណ្ដា​ប្រទេស​ផ្សេង​ទៀត​នៃ​ក្រុម​ប្រទេស G-7 កំពុង​ពិនិត្យ​មើល​លើ​វិធី​ដែល​អាច​ប្រើ​ទ្រព្យសម្បត្តិ​របស់​ប្រទេស​រុស្ស៊ី​សម្រាប់​ផ្គត់ផ្គង់​ដល់​ការ​កសាង​ប្រទេស​អ៊ុយក្រែន​ឡើង​វិញ។ អ្នកស្រី​បាន​បញ្ជាក់​ប្រាប់​វិទ្យុ Times Radio ថា៖ «យើង​ត្រូវការ​ផែនការ Marshall ថ្មីដើម្បី​កសាង​អ៊ុយក្រែន​ឡើង​វិញ ហើយ​ជា​ការពិត យើង​ទើបតែ​បាន​ពិភាក្សា​អំពី​រឿង​នេះ​នៅ​ឯ​កិច្ច​ប្រជុំ​របស់​ក្រុម​ប្រទេស G-7 ដែល​ខ្ញុំ​បាន​ពិភាក្សា​ជាមួយ​នឹង​សហសេវិក​របស់​ខ្ញុំ​មក​ពី​ជុំវិញ​ពិភពលោក។ យើង​កំពុង​ពិនិត្យ​មើល​លើ​វិធី​ដែល​យើង​អាច​ធ្វើ​បាន​ដើម្បី​ប្រើ​ទ្រព្យ​សម្បត្តិ​របស់​រុស្ស៊ី​នៅ​ក្នុង​ការ​ជួយ​ចំណាយ​លើ​ការ​កសាង​អ៊ុយក្រែន​ឡើង​វិញ»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់ អ្នកស្រី Annalena Baerbock (កណ្ដាល) និយាយ​ជាមួយ​នឹង​សមភាគី​អ៊ុយក្រែន​របស់​អ្នកស្រី គឺ​លោក Dmytro Kuleba (ទីពីរ​ពី​ឆ្វេង) ខណៈ​ដែល​ពួកគេ​និង​អ្នកចូលរួម​ដទៃទៀត​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី G-7 ដើរ​នៅ Weissenhaus Castle ក្រុង Weissenhaeuser Strand ប្រទេស​អាល្លឺម៉ង់ ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២២។
រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់ អ្នកស្រី Annalena Baerbock (កណ្ដាល) និយាយ​ជាមួយ​នឹង​សមភាគី​អ៊ុយក្រែន​របស់​អ្នកស្រី គឺ​លោក Dmytro Kuleba (ទីពីរ​ពី​ឆ្វេង) ខណៈ​ដែល​ពួកគេ​និង​អ្នកចូលរួម​ដទៃទៀត​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី G-7 ដើរ​នៅ Weissenhaus Castle ក្រុង Weissenhaeuser Strand ប្រទេស​អាល្លឺម៉ង់ ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២២។
  • មន្ត្រី​អង្គការ​សហប្រជាជាតិ​បាន​បញ្ជាក់​ថា អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres គ្រោង​នឹង​បង្ហាញ​ជា​សាធារណៈ​នៅ​ថ្ងៃ​ពុធ​ថា លោក​កំពុង​ពិភាក្សា​ជាមួយ​នឹង​ប្រទេស​រុស្ស៊ី អ៊ុយក្រែន តួកគី សហរដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុប ក្នុង​គោល​បំណង​ដើម្បី​ស្ដារ​ការដឹក​ជញ្ជូន​ធញ្ញជាតិ​របស់​អ៊ុយក្រែន​និង​ធ្វើ​ឱ្យ​ការ​នាំ ចេញ​ជី​ពី​ប្រទេស​រុស្ស៊ី​និង​ប្រទេស​បេឡារុស​ដំណើរការ​ឡើង​វិញ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​រុស្ស៊ី​លោក Anton Siluanov បាន​បញ្ជាក់​នៅ​ក្នុង​វេទិកា​មួយ​នៅ​ថ្ងៃ​ពុធ​ថា ប្រទេស​រុស្ស៊ី​នឹង​សង​បំណុល​បរទេស​របស់​ខ្លួន​ជា​ប្រាក់​រូប​របស់​រុស្ស៊ី ប្រសិនបើ​សហរដ្ឋ​អាមេរិក​រាំង​ខ្ទប់​ជម្រើស​ផ្សេង​ទៀត។ លោក Siluanov បាន​លើកឡើង​ថា រុស្ស៊ី​នឹង​មិន​ធ្វើ​ឱ្យ​ខ្លួន​ឯង​ខកខាន​មិន​បាន​សង​បំណុល​នោះ​ទេ ដោយសារតែ​រុស្ស៊ី​មាន​លុយ​ដើម្បី​សង​បំណុល។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • តុលាការ​អ៊ុយក្រែន​បាន​បើក​សវនាការ​នៅ​ថ្ងៃ​ពុធ​ដើម្បី​កាត់ទោស​ទាហាន​រុស្ស៊ី​ម្នាក់​ឈ្មោះ Vadim Shishimarin អាយុ២១ឆ្នាំ ដែល​ចោទ​ប្រកាន់​ថា​បាន​សម្លាប់​ជន​ស៊ីវិល​ម្នាក់​នៅ​ភាគ​ឦសាន​ប្រទេស​អ៊ុយក្រែន​កាលពី​ថ្ងៃ​ទី ២៨ ខែ​កុម្ភៈ។ នេះ​គឺ​ជា​សវនាការ​ឧក្រិដ្ឋ កម្ម​សង្គ្រាម​ដំបូង​បង្អស់​តាំង​ពី​ពេល​ដែល​រុស្ស៊ី​បាន​ឈ្លានពាន​អ៊ុយក្រែន​មក។ រដ្ឋាភិ បាល​រុស្ស៊ី​បាន​បញ្ជាក់​នៅ​ថ្ងៃ​ពុធ​នេះ​ថា ខ្លួន​មិន​បាន​ទទួល​ដំណឹង​ណា​មួយ​អំពី​រឿង​នេះ​ទេ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • ទីភ្នាក់ងារ​ព័ត៌មាន DAN នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​បាន​រាយការណ៍​ដោយ​ដកស្រង់​សម្ដី​របស់​មេដឹកនាំ​ក្រុម​ផ្ដាច់​ខ្លួន​ដែល​មាន​ទំនោរ​ទៅ​រក​រុស្ស៊ី​លោក Denis Pushilin ដែល​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ថា មេបញ្ជាការ​កំពូល​របស់​អ៊ុយក្រែន​នៅ​ឯ​រោងចក្រ​ដែកថែប Azovstal ក្នុង​ទីក្រុង Mariupol កំពុង​ស្ថិត​នៅ​ក្នុង​រោងចក្រ​នោះ​នៅ​ឡើយ និង​មិន​ទាន់​ចុះចាញ់​នោះ​ទេ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​បញ្ជាក់​ថា យុទ្ធជន​អ៊ុយក្រែន​ចំនួន ៦៩៤ នាក់​ដែល​តស៊ូ​ស្វិតស្វាញ​នៅ​ក្នុង​រោងចក្រ​ដែកថែប Azovstal ក្នុង​ទីក្រុង Mariupol បាន​ចុះចាញ់​នៅ​ក្នុង​រយៈពេល២៤ម៉ោង​ចុងក្រោយ​នេះ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន RIA របស់​រុស្ស៊ី​នៅ​ថ្ងៃ​ពុធ​នេះ។ ទីភ្នាក់ងារ​ព័ត៌មាន RIA នេះ​បាន​រាយការណ៍​បន្ថែម​ទៀត​ដោយ​យោង​លើ​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​ថា តាំង​ពី​ថ្ងៃ​ចន្ទ​មក ជន​សកម្ម​ប្រយុទ្ធ ៩៥៦ នាក់​នៅ​រោងចក្រ Azovstal បាន​ចុះចាញ់ ដែល​ក្នុង​ចំណោម​នោះ ៨០ នាក់​បាន​រង​របួស។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
២១:៣៨ ១៧.៥.២០២២

ថ្ងៃ​អង្គារ ទី ១៧ ខែ​ឧសភា៖

  • ប្រទេស​ហ្វាំងឡង់​និង​ប្រទេស​ស៊ុយអែត​នឹង​ដាក់​ពាក្យ​សុំ​ចូល​ជា​សមាជិក​អង្គការ​អូតង់ (NATO) រួម​គ្នា​នៅ​ថ្ងៃ​ពុធ​ស្អែក។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​ប្រទេស​ទាំង​ពីរ បើ​ទោះបីជា​មាន​ការ​គំរាមពី​ប្រទេស​តួកគី​នៅ​ក្នុង​ការ​រារាំង​ការ​ពង្រីក​សមាជិកភាព​របស់​អង្គការ​អូតង់​ក៏ដោយ។ នាយករដ្ឋមន្ត្រី​ស៊ុយអែតលោក​ស្រី ​Magdalena Anderson បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ក្នុង​អំឡុង​ពេល​សន្និសីទ​កាសែត​រួម​គ្នា​ជាមួយ​នឹង​ប្រធានាធិបតី​ហ្វាំងឡង់​លោក Sauli Niinisto ថា៖ «ខ្ញុំ​សប្បាយចិត្ត​ដែល​យើង​បាន​ដើរ​លើ​មាគ៌ា​ដូច​គ្នា​និង​យើង​អាច​ធ្វើ​រឿង​ទាំង​នេះ​ជាមួយ​គ្នា»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP

ប្រធានាធិបតី​ហ្វាំងឡង់ លោក Sauli Niinisto ថ្លែង​សុន្ទរកថា​នៅ​ក្នុង​សភា​ស៊ុយអែត ក្នុង​ទីក្រុងស្ដុកខុល ប្រទេស​ស៊ុយអែត ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២២។ (TT News Agency/Anders Wiklund via REUTERS)
ប្រធានាធិបតី​ហ្វាំងឡង់ លោក Sauli Niinisto ថ្លែង​សុន្ទរកថា​នៅ​ក្នុង​សភា​ស៊ុយអែត ក្នុង​ទីក្រុងស្ដុកខុល ប្រទេស​ស៊ុយអែត ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២២។ (TT News Agency/Anders Wiklund via REUTERS)
នាយករដ្ឋមន្ត្រី​ហ្វាំងឡង់ អ្នកស្រី Sanna Marin (ឆ្វេង) និង​ប្រធានាធិបតី​ហ្វាំងឡង់ លោក Sauli Niinistö ថ្លែង​សុន្ទរកថា​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ដើម្បី​ប្រកាស​ថា ប្រទេស​ហ្វាំងឡង់​លោក​ដាក់​ពាក្យ​សុំ​ចូល​ជា​សមាជិក​អង្គការ​អូតង់​នៅ​ខុទ្ទកាល័យ​ប្រធានាធិបតី​ក្នុង​ទីក្រុង Helsinki ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២២។
នាយករដ្ឋមន្ត្រី​ហ្វាំងឡង់ អ្នកស្រី Sanna Marin (ឆ្វេង) និង​ប្រធានាធិបតី​ហ្វាំងឡង់ លោក Sauli Niinistö ថ្លែង​សុន្ទរកថា​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ដើម្បី​ប្រកាស​ថា ប្រទេស​ហ្វាំងឡង់​លោក​ដាក់​ពាក្យ​សុំ​ចូល​ជា​សមាជិក​អង្គការ​អូតង់​នៅ​ខុទ្ទកាល័យ​ប្រធានាធិបតី​ក្នុង​ទីក្រុង Helsinki ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២២។
  • ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា លោក​បាន​សន្ទនា​តាម​ទូរស័ព្ទ «យ៉ាង​យូរ​និង​ប្រកប​ដោយ​ផ្លែផ្កា» ជាមួយ​នឹង​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron អំពី​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។ លោក Zelenskyy បាន​បញ្ជាក់​នៅ​លើ Twitter ថា៖ «[ខ្ញុំ] បាន​ប្រាប់ [លោក Macron] អំពី​រឿងរ៉ាវ​នៃ​អរិភាព ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ទាហាន [អ៊ុយក្រែន] ពី​រោងចក្រ​ដែកថែប Azovstal និង​ចក្ខុ​វិស័យ​នៃ​ក្ដី​រំពឹង​នៃ​ដំណើរការ​ចរចា [សន្តិភាព]។ [ខ្ញុំ​ក៏] បាន​លើកឡើង​ផង​ដែរ​អំពី​បញ្ហា​នៃ​ការ​ផ្គត់ផ្គង់​ប្រេង​ឥន្ធនៈ​ដល់​អ៊ុយក្រែន»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters
  • រដ្ឋាភិបាល​អ៊ុយក្រែន​បាន​បញ្ជាក់​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ការ​ចរចា​សន្តិភាព​ដើម្បី​បញ្ចប់​សង្គ្រាម​ជាមួយ​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ត្រូវ​បាន​ផ្អាក និង​បាន​ស្ដី​បន្ទោស​រដ្ឋាភិបាល​រុស្ស៊ី​ថា​បាន​បរាជ័យ​នៅ​ក្នុង​ការ​ស្វែងរក​ចំណុច​សម្រុះសម្រួល។ លោក Mykhaylo Podolyak ទីប្រឹក្សា​ប្រធានាធិបតី​អ៊ុយក្រែន​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ដែល​ចេញ​ផ្សាយ​ដោយ​ខុទ្ទកាល័យ​ប្រធានាធិបតី​អ៊ុយក្រែន​ថា៖ «ដំណើរការ​ចរចា​ត្រូវ​បាន​ផ្អាក»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP
  • រដ្ឋអាជ្ញា​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) លោក Karim Khan បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា លោក​បាន​បញ្ជូន​ក្រុម​អ្នក​ស៊ើប​អង្កេត អ្នក​ជំនាញ​ផ្នែក​នីតិបច្ចេកវិទ្យា​និង​បុគ្គលិក​ជំនួយការ​សរុប​ទាំង​អស់​ចំនួន ៤២ នាក់ ទៅ​កាន់​ប្រទេស​អ៊ុយក្រែន ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ស៊ើប​អង្កេត​លើ​ករណី​សង្ស័យ​អំពី​ឧក្រិដ្ឋកម្ម​សង្គ្រាម​ក្នុង​អំឡុង​ពេល​ដែល​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Associated Press
  • ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា វិស័យ​ប្រេង​ឥន្ធនៈ​កំពុង​រង «ការ​ផ្លាស់ប្ដូរ​ដែល​មាន​ផល​ប៉ះពាល់​ទូលំទូលាយ» និង​បាន​អះអាង​ថា ការណ៍​ដែល​អឺរ៉ុប​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី​ទាក់ទិន​នឹង​រឿង​អ៊ុយក្រែន​នេះ​មាន​ន័យ​ថា​អឺរ៉ុប​នឹង​ធ្វើ «អត្តឃាត​សេដ្ឋកិច្ច»។ លោក Putin បាន​បញ្ជាក់​ថា តាម​រយៈ​ការ​បញ្ឈប់​ជា​ដំណាក់កាល​នូវ​ការ​នាំ​ចូល​ប្រេង​ឥន្ធនៈ​ពី​រុស្ស៊ី អឺរ៉ុប​នឹង​ធ្វើ​ឱ្យ​ខ្លួន​ឯង​ឈឺចាប់​តែ​ប៉ុណ្ណោះ។ លោក Putin បាន​ជំរុញ​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​រុស្ស៊ី​ទាញ​ប្រយោជន៍​ពី​វិធានការ «ដែល​មិន​បាន​គិត​ហ្មត់ចត់» របស់​ក្រុម​បស្ចិម​ប្រទេស​នេះ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP
  • មន្ត្រី​ការទូត​កំពូល​របស់​សហភាព​អឺរ៉ុប​លោក Josep Borrell បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា សហភាព​អឺរ៉ុប​នឹង​ធ្វើ​យ៉ាង​ណា​ឱ្យ​អ៊ុយក្រែន​មាន​សព្វាវុធ​ប្រើ​ជា​បន្ត​រហូត នៅ​ពេល​ដែល​សង្គ្រាម​ប្រឆាំង​នឹង​រុស្ស៊ី​នៅ​បន្ត​នៅ​លើ​ទឹកដី​អ៊ុយក្រែន។ លោក Borrell បាន​ប្រាប់​អ្នក​កាសែត​នៅ​ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក នៅ​ក្រោយ​កិច្ច​ប្រជុំ​របស់​បណ្ដា​រដ្ឋមន្ត្រី​ការពារ​ជាតិ​នៃ​សហភាព​អឺរ៉ុប​ថា៖ «សហភាព​អឺរ៉ុប​នឹង​មិន​ឱ្យ​អ៊ុយក្រែន​អស់​សព្វាវុធ​ប្រើប្រាស់​នោះ​ទេ»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters
  • មន្ត្រី​ការទូត​កំពូល​របស់​សហភាព​អឺរ៉ុប​លោក Josep Borrell បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ប្រសិនបើ​តួលេខ​និង​សេចក្ដី​រាយការណ៍​នានា​គឺ​ជា​ការ​ពិត នោះ​កងទ័ព​រុស្ស៊ី​បាន​រង «ការ​បាត់បង់​ដ៏​ធំ​សម្បើម» នៅ​ក្នុង​ការ​ឈ្លានពាន​របស់​ខ្លួន​នៅ​អ៊ុយក្រែន។ លោក Borrell បាន​ប្រាប់​អ្នក​កាសែត​នៅ​ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក នៅ​ក្រោយ​កិច្ច​ប្រជុំ​របស់​បណ្ដា​រដ្ឋមន្ត្រី​ការពារ​ជាតិ​នៃ​សហភាព​អឺរ៉ុប​ថា៖ «ខ្ញុំ​មិន​ហ៊ាន​ធ្វើ​ការ​ប៉ាន់ស្មាន​ណា​មួយ​អំពី​ថា​តើ​រុស្ស៊ី​អាច​តទល់​បាន​យូរ​ប៉ុណ្ណា​នោះ​ទេ។ ...ប្រសិនបើ​វា​ជា​ការពិត​ដែល​ថា​រុស្ស៊ី​បាន​បាត់បង់​ទាហាន​របស់​ខ្លួន​ចំនួន ១៥% តាំងពី​សង្គ្រាម​នេះ​បាន​ចាប់ផ្ដើម​មក នោះ​វា​គឺ​ជា​កំណត់​ត្រា​ពិភពលោក​នៃ​ការ​បាត់បង់​របស់​ទាហាន​នៃ​ប្រទេស​មួយ​ដែល​ឈ្លានពាន​ប្រទេស​មួយ​ទៀត»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters

រូបឯកសារ៖ លោក Josep Borrell អ្នក​តំណាង​ជាន់ខ្ពស់​សម្រាប់​កិច្ចការ​ប្រទេស​និង​គោលនយោបាយ​សន្ដិសុខ ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​ នៅ​ទីក្រុង​ព្រុចសែល ប្រទេស​ប៊ែលហ្សិក ថ្ងៃ​ទី១០ ខែមករា ឆ្នាំ២០២០។ (REUTERS)
រូបឯកសារ៖ លោក Josep Borrell អ្នក​តំណាង​ជាន់ខ្ពស់​សម្រាប់​កិច្ចការ​ប្រទេស​និង​គោលនយោបាយ​សន្ដិសុខ ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​ នៅ​ទីក្រុង​ព្រុចសែល ប្រទេស​ប៊ែលហ្សិក ថ្ងៃ​ទី១០ ខែមករា ឆ្នាំ២០២០។ (REUTERS)
  • រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​លោក​ស្រី Janet Yellen បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ការ​តាំងចិត្ត​មុតមាំ​នៅ​ក្នុង​ការ​ផ្ដល់​ថវិកា​ដល់​អ៊ុយក្រែន ហើយ​សហភាព​អឺរ៉ុប​នឹង​ទំនង​ជា​រួម​ចំណែក​ផ្នែក​ហិរញ្ញវត្ថុ​ដ៏​ច្រើន​គួរសម​ដើម្បី​ឱ្យ​អ៊ុយក្រែន​អាច​បន្ត​ដំណើរ​ទៅ​មុខ​បាន។ លោកស្រីបាន​បន្ថែម​ថា​ លោក​ស្រី​នឹង​ងាក​ទៅ​រក​បណ្ដា​ប្រទេស​ដែល​ជា​សមាជិក​នៃ​ក្រុម​ប្រទេស G-7 ដូចជា​ចក្រភព​អង់គ្លេស កាណាដា និង​ជប៉ុន​ជាដើម ដើម្បី​ឱ្យ​ជួយ​បង្កើន​ការ​ជួយ​ជ្រោមជ្រែង​ផង​ដែរ។ បណ្ដា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​និង​ប្រធាន​ធនាគារ​កណ្ដាល​នៃ​ក្រុម​ប្រទេស G-7 គ្រោង​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ព្រហស្បតិ៍​និង​ថ្ងៃ​សុក្រ​ខាង​មុខ​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ ដោយ​របៀបវារៈ​ជា​ចម្បង​គឺ​ផ្ដោត​លើ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters
  • រដ្ឋាភិបាល​រុស្ស៊ី​បាន​បញ្ជាក់​នៅ​ថ្ងៃ​អង្គារថា វា​គឺជា «អំពើ​ចោរកម្ម​ទាំងស្រុង» ប្រសិនបើ​ក្រុម​ប្រទេស G-7 និង​សហភាព​អឺរ៉ុប​អនុញ្ញាត​ឱ្យ​អ៊ុយក្រែន​ប្រើ​ប្រាក់​បម្រុង​ទុក​របស់​រុស្ស៊ី​ដែល​ត្រូវ​បាន​បង្កកនោះ។ រដ្ឋាភិបាល​រុស្ស៊ី​បាន​ហៅ​វិធានការ​ដូច​នេះ​ថា​ជា​អំពើ​ខុស​ច្បាប់​និង​ជា​វិធានការ​ដែល​ទាមទារ​ឱ្យ​មាន​ការ​ឆ្លើយតប​ស្រប​ទៅ​តាម​នោះ។ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាល្លឺម៉ង់​លោក Christian Lindner បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​របស់​អឺរ៉ុប​ចំនួន៤ថា លោក​បើក​ឱ្យ​មាន​ការ​ពិភាក្សា​អំពី​ការ​រឹបអូស​យក​ទ្រព្យ​សម្បត្តិ​រដ្ឋ​របស់​រុស្ស៊ី​ដើម្បី​ផ្ដល់​ហិរញ្ញវត្ថុ​ដល់​ការកសាង​ប្រទេស​អ៊ុយក្រែន​ឡើង​វិញនិង​ថា​សំណើ​ទាក់ទិន​នឹង​រឿង​នេះ​កំពុង​ត្រូវ​បាន​ពិភាក្សា​រួច​ហើយ​ក្នុង​ចំណោម​បណ្ដា​ប្រទេស​ជា​សមាជិក​ក្រុម​ប្រទេស G-7 និង​នៅ​ក្នុង​សហភាព​អឺរ៉ុប។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ទីភ្នាក់ងារ​ព័ត៌មាន Interfax របស់​រុស្ស៊ី​បាន​ដកស្រង់​សម្ដី​របស់​អនុ​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Andrey Rudenko ដែល​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​ថា ប្រទេស​រុស្ស៊ី​និង​ប្រទេស​អ៊ុយក្រែន​មិន​បាន​ចរចា​ណា​មួយ​នោះ​ទេ​ទោះ «ក្នុង​ទម្រង់​ណា» ក៏ដោយ។ លោក Rudenko បញ្ជាក់​ដូច្នេះ​ថា៖ «ទេ! ការ​ចរចា​មិន​បាន​បន្ត​ធ្វើ​នោះ​ឡើយ។ តាម​លក្ខណៈ​ប្រតិបត្តិ​ជាក់ស្ដែង អ៊ុយក្រែន​បាន​ដក​ខ្លួន​ចេញ​ពី​ដំណើរការ​ចរចា​នេះ»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​និយាយ​ថា លោក​នឹង​អធិការបតី​អាល្លឺម៉ង់​លោក Olaf Scholz បាន​ពិភាក្សា​គ្នា​នៅ​ថ្ងៃ​អង្គារ​អំពី​ស្ថានការណ៍​នៅ​សមរភូមិ​ជួរ​មុខ​នៃ​សង្គ្រាម​រវាង​អ៊ុយក្រែន​និង​រុស្ស៊ីនិង​អំពី​លទ្ធភាព​នៃ​ការ​បង្កើន​ការ​ដាក់​សម្ពាធ​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​រុស្ស៊ី។ លោក Zelenskyy បាន​សរសេរ​នៅ​លើ Twitter ថា៖ «ខ្ញុំបាន​ពិភាក្សា​ប្រកប​ដោយ​ផ្លែផ្កា​ជាមួយ​នឹង​អធិការបតី​អាល្លឺម៉ង់។ ខ្ញុំបាន​ពិភាក្សា​អំពី​ស្ថានការណ៍​នៅ​សមរភូមិ​ជួរ​មុខ ការ​ដាក់​សម្ពាធ​បន្ថែម​លើ​រុស្ស៊ី ការ​បង្កើន​ការ​ដាក់​ទណ្ឌកម្ម​និង​ក្ដី​រំពឹង​សម្រាប់​សន្តិភាព»។ លោក Zelenskyy បាន​បន្ថែម​ថា អ៊ុយក្រែន​ពឹង​លើ​ការ​ជួយ​ជ្រោមជ្រែង​ពីអាល្លឺម៉ង់​បន្ថែម​ទៀត​ដើម្បី​ឱ្យ​អ៊ុយក្រែន​អាច​ក្លាយជា​សមាជិក​ពេញ​សិទ្ធិ​របស់​សហភាព​អឺរ៉ុប។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ក្រុម​ផ្ដាច់​ខ្លួន​ដែល​គាំទ្រ​ដោយ​រុស្ស៊ី​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​ថា ទាហាន​អ៊ុយក្រែន ២៥៦ នាក់​ដែល​បាន​ប្រយុទ្ធ​តស៊ូ​ក្រាញ​ននាល​នៅ​ក្នុង​រោងចក្រ​ដែកថែប Azovstal ក្នុង​ទីក្រុង Mariupol ប្រទេស​អ៊ុយក្រែន «បាន​ចុះចាញ់» ហើយ​ទាហាន​ចំនួន ៥១ នាក់​បាន​រង​របួស។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ទាហាន​អ៊ុយក្រែនរងរបួសដែល​បាន​ចាកចេញ​ពី​រោងចក្រ​ផលិត​ដែកថែប Azovstal សម្រាក​នៅ​ក្នុងរថយន្ត​ក្រុង​មួយ​គ្រឿង​នៅ​ក្រុង Mariupol ប្រទេស​អ៊ុយក្រែន ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២២។ (Russian Defence Ministry/Handout via REUTERS)
ទាហាន​អ៊ុយក្រែនរងរបួសដែល​បាន​ចាកចេញ​ពី​រោងចក្រ​ផលិត​ដែកថែប Azovstal សម្រាក​នៅ​ក្នុងរថយន្ត​ក្រុង​មួយ​គ្រឿង​នៅ​ក្រុង Mariupol ប្រទេស​អ៊ុយក្រែន ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២២។ (Russian Defence Ministry/Handout via REUTERS)
  • ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​និយាយ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ថា លោក​សង្ឃឹម​ថា​ជីវិត​របស់​ទាហាន​ការពារ​រោងចក្រ​ដែកថែប Azovstal នៅ​ក្នុង​ទីក្រុង Mariupol នឹង​ត្រូវ​បាន​ជួយ​សង្គ្រោះ។ លោក Zelenskyy ថ្លែង​នៅ​ក្នុង​សុន្ទរកថា​ជា​វីដេអូ​ថា៖ «យើង​សង្ឃឹម​ថា​យើង​នឹង​អាច​ជួយ​សង្គ្រោះ​ជីវិត​ទាហាន​របស់​យើង។ មាន​អ្នក​រង​របួស​ធ្ងន់ធ្ងរ​នៅ​ក្នុង​ចំណោម​នោះ។ ពួកគេ​ទទួល​បាន​ការ​ព្យាបាល។ អ៊ុយក្រែន​ត្រូវការ​វីរបុរស​អ៊ុយក្រែន​ឱ្យ​នៅ​រស់»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • បញ្ជាការ​ដ្ឋាន​យោធា​អ៊ុយក្រែន​បាន​បញ្ជាក់​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ថា បេសកកម្ម​របស់ «វីរបុរស​នៅ​ពេល​បច្ចុប្បន្ន​នេះ» នៅ​ក្នុង​ការ​ការពារ​រោងចក្រ​ដែកថែប Azovstal នៅ​ឯ​កំពង់ផែ​យុទ្ធសាស្ត្រ​នៃ​ទីក្រុង Mariupol នៅ​ភាគ​ខាង​ត្បូង​ប្រទេស​បាន​បញ្ចប់​ហើយ។ បញ្ជាការ​ដ្ឋាន​យោធា​នេះ​ក៏​បាន​សន្យា​ផង​ដែរ​ថា​នឹង​ជួយ​សង្គ្រោះ​ទាហាន​ដែល​នៅ​ជាប់​នៅ​ក្នុង​រោងចក្រ​នោះ។ អគ្គសេនាធិការ​កងទ័ព​ជើង​គោក​អ៊ុយក្រែន​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា៖ «ក្រុម​ទាហាន​នៅ «Mariupol» បាន​បំពេញ​បេសកកម្ម​ប្រយុទ្ធ​របស់​ខ្លួន​រួច​ហើយ។ បញ្ជាការ​ដ្ឋាន​យោធា​កំពូល​បាន​បញ្ជា​ឱ្យ​មេបញ្ជាការ​នៃ​កង​ទាហាន​ដែល​ឈរ​ជើង​នៅ​ឯ​រោងចក្រ​ដែកថែប Azovstal ឱ្យ​ជួយ​សង្គ្រោះ​ជីវិត​ទាហាន។ ...អ្នក​ការពារ​ទីក្រុង Mariupol គឺជា​វីរបុរស​នៅ​ពេល​បច្ចុប្បន្ន​នេះ»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • រដ្ឋាភិបាល​រុស្ស៊ី​បាន​បញ្ជាក់​នៅ​ថ្ងៃ​អង្គារ​ថា ខ្លួន​បាន​ដក​ខ្លួន​ចេញ​ពី​អង្គការ​ក្រុមប្រឹក្សា​បណ្ដា​ប្រទេស​សមុទ្រ​បាល់ទិក (CBSS)។ ការដក​ខ្លួន​ចេញ​របស់​រុស្ស៊ី​នេះ​ធ្វើ​ឡើង​នៅ​ចំ​ពេល​ដែល​រុស្ស៊ី​មាន​ភាព​តានតឹង​ជាមួយ​នឹង​ក្រុម​បស្ចិម​ប្រទេស​ទាក់ទិន​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។ ក្រសួង​ការបរទេស​រុស្ស៊ី​បាន​លើកឡើង​ថា អង្គការ CBSS បាន​ក្លាយជា «ឧបករណ៍​របស់​គោល​នយោបាយ​ប្រឆាំង​នឹង​រុស្ស៊ី» និង «កាន់តែ​ផុង​ចូល​ទៅ​ក្នុង​គំនិត​ប្រឆាំង​នឹង​រុស្ស៊ី​និង​ការកុហក»។ ក្រសួង​ការបរទេស​រុស្ស៊ី​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា៖ «យើង​ចាត់ទុក​ថា​វត្តមាន​បន្ថែម​ទៀត​របស់​ប្រទេស​រុស្ស៊ី​នៅ​ក្នុង​អង្គការ CBSS គឺ​មិន​ទំនង​និង​ជា​ការ​ខាត​ប្រយោជន៍»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden នឹង​ទទួល​ជួប​មេដឹកនាំ​នៃ​ប្រទេស​ស៊ុយអែត​និង​មេដឹកនាំ​នៃ​ប្រទេស​ហ្វាំងឡង់​នៅ​សេតវិមាន​នៅ​ថ្ងៃ​ព្រហស្បតិ៍​ខាង​មុខ ដើម្បី​ពិភាក្សា​អំពី​ពាក្យ​សុំ​របស់​ប្រទេស​ទាំង​ពីរ​នៅ​ក្នុង​ការ​ចូល​ជា​សមាជិក​អង្គការ​អូតង់។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សេតវិមាន​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ។ អ្នក​នាំពាក្យ​សេតវិមាន​អ្នកស្រីKarine Jean-Pierre បាន​និយាយ​នៅ​ថ្ងៃ​អង្គារថា លោក Biden នាយករដ្ឋមន្ត្រី​ស៊ុយអែត​អ្នកស្រី Magdalena Anderson និង​ប្រធានាធិបតី​ហ្វាំងឡង់​លោក Sauli Niinisto ក៏​នឹង​ពិភាក្សា​ផង​ដែរ​អំពី «សន្តិសុខ​នៅ​ទ្វីប​អឺរ៉ុប ក៏​ដូចជា​ការ​ពង្រឹង​ភាព​ជា​ដៃគូ​ដ៏​ជិតស្និទ្ធ​របស់​យើង​ទាក់ទិន​ទៅ​នឹង​បញ្ហា​សាកល​ជា​ច្រើន​និង​ការ​គាំទ្រ​ប្រទេស​អ៊ុយក្រែន»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden ថ្លែង​សុន្ទរកថា​នៅ​វិមានសភា​សហរដ្ឋ​អាមេរិក ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២២។ (AP)
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden ថ្លែង​សុន្ទរកថា​នៅ​វិមានសភា​សហរដ្ឋ​អាមេរិក ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២២។ (AP)
  • រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergei Lavrov បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​ថា ការចូល​ជា​សមាជិក​របស់​ប្រទេស​ហ្វាំងឡង់​និង​ប្រទេស​ស៊ុយអែត​នៅ​ក្នុង​អង្គការ​អូតង់ ប្រហែល​ជា​នឹង​មិន​ធ្វើ​ឱ្យ​មាន «ភាព​ខុស​គ្នា​ច្រើន» នោះ​ទេ ដោយសារតែ​ប្រទេស​ទាំង​ពីរ​បាន​ចូលរួម​ជា​យូរ​មក​ហើយ​នៅ​ក្នុង​សមយុទ្ធ​យោធា​របស់​អង្គការ​អូតង់។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ប្រធានាធិបតី​ហ្វាំងឡង់​លោក Sauli Niinisto បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​ថា ប្រទេស​ហ្វាំងឡង់​និង​ប្រទេស​ស៊ុយអែត​នឹង​អាច​សម្រេច​បាន​កិច្ច​ព្រមព្រៀង​ជាមួយ​នឹង​ប្រទេស​តួកគី​ទាក់ទិន​នឹង​ការជំទាស់​របស់​តួកគី​ចំពោះ​ផែនការ​របស់​ហ្វាំងឡង់​និង​ស៊ុយអែត​នៅ​ក្នុង​ការ​ចូល​ជា​សមាជិក​អង្គការ​អូតង់ (NATO)។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់​អ្នកស្រី Annalena Baerbock បាន​និយាយ​ថា អ្នកស្រី​មាន​ទំនុក​ចិត្ត​ថា ប្រទេស​ហ្វាំងឡង់​និង​ប្រទេស​ស៊ុយអែត​នឹង​អាច​ចូលជា​សមាជិក​អង្គការ​អូតង់​បាន​ឆាប់ បើ​ទោះបីជា​មាន​មន្ទិល​ពី​ប្រធានាធិបតី​តួកគី​លោក Recep Tayyip Erdoganទាក់ទិន​ទៅ​នឹង​ការ​ចូល​ជា​សមាជិក​នេះ​ក៏ដោយ។ អ្នកស្រី Baerbock បាន​ថ្លែង​នៅ​ក្នុង​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់​នៅ​ថ្ងៃ​អង្គារ​ថា៖ «មាន​បញ្ហា​នៅ​សេសសល់​មួយ​ចំនួន​ពី​ខាង​ភាគី​តួកគី»។ អ្នកស្រី​បាន​បន្ថែម​ថា បញ្ហា​ទាំង​នោះ​កំពុង​ត្រូវ​បាន​ពិភាក្សា ប៉ុន្តែ​ខ្ញុំ​មាន​ទំនុក​ចិត្ត​យ៉ាង​មុតមាំ​ថា​ការ​ចូល​ជា​សមាជិក​នេះ​នឹង​ដំណើរការ​បាន​ឆាប់ ដោយសារតែ​មនុស្ស​គ្រប់​គ្នា​ដឹង​ថា​នេះ​គឺ​ជា​ដំណាក់កាល​ផ្ដាច់ព្រាត់​ជា​ប្រវត្តិសាស្ត្រ​នៅ​ក្នុង​ស្ថានការណ៍​ដ៏​រំជើបរំជួល​តានតឹង​នេះ»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • រដ្ឋមន្ត្រី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ជប៉ុន​លោកHirokazu Matsuno បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​ថា ប្រទេស​ជប៉ុន​គោរព «ការសម្រេច​ចិត្ត​ដ៏​ម៉ឺងម៉ាត់» របស់​ប្រទេស​ស៊ុយអែត​នៅ​ក្នុង​ការដាក់​ពាក្យ​ចូល​ជា​សមាជិក​អង្គការ​អូតង់។ លោក Matsuno បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​កាសែត​ជា​ប្រចាំ​មួយ​ថា ការឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​គឺ​ជា​បញ្ហា​ដែល​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ទ្វីប​អឺរ៉ុប​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​ថែម​ទាំង​ប៉ះពាល់​ដល់​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ផង​ដែរ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
២១:១៣ ១៦.៥.២០២២

ថ្ងៃចន្ទ ទី ១៦ ខែឧសភា៖

  • លោក Stanislav Zas អគ្គលេខាធិការ​អង្គការ​សន្ធិសញ្ញា​សន្តិសុខ​រួម (CSTO) ដែល​ជា​អង្គការ​ដឹកនាំ​ដោយ​ប្រទេស​រុស្ស៊ី បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ការ​ពង្រីក​សមាជិកភាព​របស់​អង្គការ​អូតង់ (NATO) នឹង​បណ្ដាល​ឱ្យ​មាន​ការ​កើន​ឡើង​នូវ​ភាព​តានតឹង​នៅ​ទ្វីប​អឺរ៉ុប។ លោក Zas បាន​ថ្លែង​បន្ទាប់ពី​កិច្ច​ប្រជុំ​របស់​បណ្ដា​មេដឹកនាំ​នៃ​អង្គការ CSTO នៅ​ក្នុង​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី​បាន​បញ្ចប់​ទៅ​ថា អង្គការ CSTO កំពុង​ប្រឈម​នឹង​បញ្ហា​នៃ​យោធានីយកម្ម​បន្ថែម​ទៀត​របស់​តំបន់​អឺរ៉ុប​ខាង​កើត។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

លោក Stanislav Zas អគ្គលេខាធិការ​អង្គការ​សន្ធិសញ្ញា​សន្តិសុខ​រួម (CSTO) ដែល​ជា​អង្គការ​ដឹកនាំ​ដោយ​ប្រទេស​រុស្ស៊ី ចូលរួម​ប្រជុំ​ពិភាក្សា​ជាមួយ​នឹងបណ្ដាមេដឹកនាំ​របស់​ប្រទេស​កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន រុស្ស៊ី តាហ្ស៊ីគីស្ថាន អាមេនី និង​បេឡារុស ដែល​ជា​សមាជិក​របស់​អង្គការ​នេះ នៅ​វិមាន​ក្រឹមឡាំង ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២២។ (AP)
លោក Stanislav Zas អគ្គលេខាធិការ​អង្គការ​សន្ធិសញ្ញា​សន្តិសុខ​រួម (CSTO) ដែល​ជា​អង្គការ​ដឹកនាំ​ដោយ​ប្រទេស​រុស្ស៊ី ចូលរួម​ប្រជុំ​ពិភាក្សា​ជាមួយ​នឹងបណ្ដាមេដឹកនាំ​របស់​ប្រទេស​កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន រុស្ស៊ី តាហ្ស៊ីគីស្ថាន អាមេនី និង​បេឡារុស ដែល​ជា​សមាជិក​របស់​អង្គការ​នេះ នៅ​វិមាន​ក្រឹមឡាំង ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២២។ (AP)

  • មេដឹកនាំ​ខាង​គណបក្ស​សាធារណរដ្ឋ​នៃ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​លោក Mitch McConnell បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​នឹង​ចាត់​វិធានការ​ឱ្យ​បាន​ឆាប់​នៅ​ក្នុង​ការ​ផ្ដល់​សច្ចានុមតិ​លើ​ពាក្យ​សុំ​របស់​ប្រទេស​ស៊ុយអែត​ក្នុង​ការ​ចូល​ជា​សមាជិក​អង្គការ​អូតង់ (NATO)។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Associated Press។ លោក McConnell បាន​បញ្ជាក់​នៅ​ក្នុង​អំឡុង​ពេល​សន្និសីទ​កាសែត​មួយ​ក្នុង​ទីក្រុង​ស្តុកខុល ប្រទេស​ស៊ុយអែត​ថា៖ «យើង​សង្ឃឹម​ថា​នឹង​អនុម័ត​លើ​ពាក្យ​សុំ​នេះ​មុន​ខែ​សីហា។ យើង​មាន​ទំនុក​ចិត្ត​ថា​ពាក្យ​សុំ​នេះ​នឹង​ត្រូវ​បាន​យល់ព្រម»។ លោក McConnell បាន​ធ្វើ​ទស្សនកិច្ច​នៅ​ក្នុង​តំបន់​អឺរ៉ុប​នោះ​ជាមួយ​នឹង​គណៈប្រតិភូ​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ផ្សេង​ទៀត​ខាង​គណបក្ស​សាធារណរដ្ឋ ដើម្បី​បង្ហាញ​ការ​គាំទ្រ ស្រប​ពេល​ដែល​តំបន់​នោះ​ប្រឈម​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី។ កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ បន្ទាប់ពី​បាន​ជួប​ប្រជុំ​ជាមួយ​នឹង​ប្រធានាធិបតី​ហ្វាំងឡង់​លោក Sauli Niinisto នៅ​ក្នុង​ទីក្រុង​ហែលស៊ិនគី ប្រទេស​ហ្វាំងឡង់​មក លោក McConnell ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា សភា​សហរដ្ឋ​អាមេរិក​នឹង​ស្វះស្វែង​អនុម័ត​លើ​ពាក្យ​សុំ​របស់​ប្រទេស​ហ្វាំងឡង់​នៅ​ក្នុង​ការ​ចូល​ជា​សមាជិក​អង្គការ​អូតង់​មុន​ពេល​សភា​ឈប់​សម្រាក​នៅ​ខែ​សីហា​ខាង​មុខ។
  • មេដឹកនាំ​នៃ​ប្រទេស​ដាណឺម៉ាក អ៊ីស្លង់ និង​ន័រវែស​បាន​ស្វាគមន៍​ការ​សម្រេច​របស់​ប្រទេស​ហ្វាំងឡង់​និង​របស់​ប្រទេស​ស៊ុយអែត​នៅ​ក្នុង​ការ​ដាក់​ពាក្យ​ចូល​ជា​សមាជិក​អង្គការ​អូតង់ (NATO)។ ប្រទេស​ដាណឺម៉ាក អ៊ីស្លង់ និង​ន័រវែស​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​មួយ​ថា៖ «យើង​ស្វាគមន៍​យ៉ាង​មុតមាំ​នូវ​ការ​សម្រេច​របស់​ប្រទេស​ហ្វាំងឡង់​និង​របស់​ប្រទេស​ស៊ុយអែត​នៅ​ក្នុង​ការ​ដាក់​ពាក្យ​ចូល​ជា​សមាជិក​អង្គការ​អូតង់»។ នេះ​បើ​យោង​តាម​បណ្ដាញ​ព័ត៌មាន CNN។
  • វិមាន​ប្រធានាធិបតី​បារាំង​បាន​បញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា លោក​ប្រធានាធិបតី Emmanuel Macron គាំទ្រ​ពេញ​ទំហឹង​លើ​ការ​សម្រេច​របស់​ប្រទេស​ស៊ុយអែត​នៅ​ក្នុង​ការ​ចូល​ជា​សមាជិក​របស់​អង្គការ​អូតង់ (NATO)។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • រដ្ឋាភិបាល​ស៊ុយអែត​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​សង្គម​និយម នៅ​ថ្ងៃ​ចន្ទ​នេះ​បាន​សម្រេច​ជា​ផ្លូវការ​នៅ​ក្នុង​ការ​ដាក់​ពាក្យ​ចូល​ជា​សមាជិក​អង្គការ​អូតង់ (NATO) បន្ទាប់ពី​ប្រទេស​ហ្វាំងឡង់​ដែល​ជា​ប្រទេស​ជិត​ខាង​របស់​ខ្លួន​បាន​ប្រកាស​ជា​ផ្លូវការ​នៅ​ក្នុង​ការ​ដាក់​ពាក្យ​ចូល​ជា​សមាជិក​អង្គការ​អូតង់​នេះ​កាលពី​ថ្ងៃ​អាទិត្យ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

នាយករដ្ឋមន្ត្រី​ស៊ុយអែត អ្នកស្រី Magdalena Andersson ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្នុង​ទីក្រុង​ស្ដុកខុល ប្រទេស​អ៊ុយអែត ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២២។ (TT News Agency/Henrik Montgomery via REUTERS)
នាយករដ្ឋមន្ត្រី​ស៊ុយអែត អ្នកស្រី Magdalena Andersson ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្នុង​ទីក្រុង​ស្ដុកខុល ប្រទេស​អ៊ុយអែត ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២២។ (TT News Agency/Henrik Montgomery via REUTERS)
  • ប្រទេស​អ៊ីស្រាអែល​កំពុង​បង្កើន​ទិន្នផល​ឧស្ម័ន​ធម្មជាតិ​របស់​ខ្លួន​នៅ​ឯ​សមុទ្រ និង​មាន​បំណង​សម្រេច​ឱ្យ​បាននូវ​កិច្ច​ព្រមព្រៀង​អំពី​ការ​ផ្គត់ផ្គង់​ឧស្ម័ន​ជាមួយ​នឹង​ទ្វីប​អឺរ៉ុប​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ ស្រប​ពេល​ដែល​ទ្វីប​អឺរ៉ុប​កំពុង​ស្វះស្វែង​រក​ជម្រើស​ផ្សេង​ជំនួស​ឱ្យ​ការ​ផ្គត់ផ្គង់​ឧស្ម័ន​របស់​រុស្ស៊ី។ អគ្គនាយក​នៃ​ក្រសួង​ថាមពល​អ៊ីស្រាអែល​លោក Lior Schillat បាន​និយាយ​ថា៖ «យើង​សង្ឃឹម​ថា​នឹង​បង្កើត​ដំណើរការ​ការងារ​ឱ្យ​បាន​ឆាប់ ហើយ​នៅ​ក្នុង​រដូវ​ក្ដៅ​ខាង​មុខ​នឹង​សម្រេច​ឱ្យ​បាន​នូវ​កិច្ច​ព្រមព្រៀង​ក្របខ័ណ្ឌ​មួយ»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​បញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា កិច្ច​ព្រមព្រៀង​មួយ​ត្រូវ​បាន​សម្រេច​ឡើង​ដើម្បី​ដឹក​ជញ្ជូន​ទាហាន​អ៊ុយក្រែន​ដែល​រង​របួស​ចេញ​ពី​រោងចក្រ​ដែកថែប Azovstal នៅ​ក្នុង​ទីក្រុង Mariupol ប្រទេស​អ៊ុយក្រែន ទៅ​កាន់​មន្ទីរពេទ្យ​មួយ​កន្លែង​នៅ​ក្នុង​ក្រុង Novoazovsk ដែល​ត្រួតត្រា​ដោយ​រុស្ស៊ី។ ក្រសួង​នេះ​បាន​បន្ថែម​ថា ច្រក​របៀង​មនុស្សធម៌​មួយ​ត្រូវ​បាន​បើក​សម្រាប់​គោល​បំណង​នេះ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • តុលាការ​មួយ​នៅ​ក្នុង​ទីក្រុង​មូស្គូ​នៃ​ប្រទេស​រុស្ស៊ី​បាន​ពិន័យ​វិទ្យុ​សេរីភាព/វិទ្យុ​អឺរ៉ុប​សេរី (Radio Liberty/Radio Free Europe) ដែល​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឧបត្ថម្ភ​ដោយ​សហរដ្ឋ​អាមេរិក ចំនួន ១៨ លាន​រូប ដែល​ស្មើ​នឹង ២៨០.២៤៧ ដុល្លារ​អាមេរិក សម្រាប់​ការ​មិន​លុប​ចោល​នូវ​ព័ត៌មាន​ដែល​រុស្ស៊ី​ថា​ជា​ព័ត៌មាន «ក្លែងក្លាយ» អំពី​ប្រតិបត្តិការ​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Interfax របស់​រុស្ស៊ី​នៅ​ថ្ងៃ​ចន្ទ​នេះ។ អង្គភាព​របស់​រុស្ស៊ី​ដែល​មាន​តួនាទី​តាមដាន​សារគមនាគមន៍​បាន​បិទ​គេហទំព័រ​របស់​វិទ្យុ​សេរីភាព/វិទ្យុ​អឺរ៉ុប​សេរី និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​មួយ​ចំនួន​ទៀត​កាលពី​ដើម​ខែ​មីនា។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា លោក​បាន​ពិភាក្សា​ជាមួយ​នឹង​ប្រធាន​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) អ្នកស្រី Kristalina Georgieva អំពី​តម្រូវការ​សម្រាប់​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ចំពោះ​សេដ្ឋកិច្ច​អ៊ុយក្រែន។ លោក Zelenskyy បាន​សរសេរ​នៅ​លើ Twitter ថា៖ «អង្គការ IMF គឺជា​ដៃគូ​ដ៏​សំខាន់​របស់​យើង។ យើង​ទន្ទឹង​រង់ចាំ​ធ្វើ​ការ​រួម​គ្នា​ប្រកប​ដោយ​ផ្លែផ្កា​បន្ថែម​ទៀត​នៅ​ក្នុង​ការ​រក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ​របស់​ប្រទេស​អ៊ុយក្រែន»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • មន្ត្រី​នានា​បាន​និយាយ​ថា គណៈកម្មការ​អឺរ៉ុប​នៃ​សហភាព​អឺរ៉ុប​គ្រោង​ស្នើ​នៅ​ថ្ងៃ​ពុធ​ខាង​មុខ​នូវ​កញ្ចប់​ជំនួយ​ហិរញ្ញវត្ថុ​ថ្មី​សម្រាប់​ប្រទេស​អ៊ុយក្រែន ដែល​ក្នុង​នោះ​រួម​មាន​ទាំង​កម្ចី​ថ្មី​ដើម្បី​ផ្ដល់​សាច់​ប្រាក់​ភ្លាមៗ​ទៅ​ឱ្យ​រដ្ឋាភិបាល​អ៊ុយក្រែន​និង​ការ​តាំងចិត្ត​សម្រាប់​ហិរញ្ញប្បទាន​រយៈពេល​វែង​លើ​ការ​កសាង​ប្រទេស​អ៊ុយក្រែន​ឡើង​វិញ​ផង​ដែរ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ក្រសួង​ហិរញ្ញវត្ថុ​អ៊ុយក្រែន​បាន​បញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​ថា ប្រទេស​អ៊ុយក្រែន​និង​ប្រទេស​ជប៉ុន​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយ​អំពី​កម្ចី​ចំនួន ១០០ លាន​ដុល្លារ ដែល​មាន​បំណង​ជា​ចម្បង​ជួយ​គាំទ្រ​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន បន្ទាប់ពី​រុស្ស៊ី​បាន​ឈ្លានពាន។ ក្រសួង​នេះ​បាន​បន្ថែម​ថា កម្ចី​នេះ​គឺ​សម្រាប់​រយៈពេល ៣០ ឆ្នាំ ដែល​ក្នុង​នោះ​មាន​ទាំង​រយៈពេល​អនុគ្រោះ​ចំនួន១០ឆ្នាំ​ផងដែរ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • អ៊ុយក្រែន​បាន​បញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​ថា កងទ័ព​របស់​ខ្លួន​បាន​វាយ​ប្រហារ​តបត​រុញ​ច្រាន​កងទ័ព​រុស្ស៊ី​នៅ​ក្នុង​តំបន់ Kharkiv ដែល​អាច​ធ្វើ​ឱ្យ​កងទ័ព​អ៊ុយក្រែន​រុល​ទៅ​ដល់​ព្រំដែន​ជាប់​ប្រទេស​រុស្ស៊ី​បាន។ ក្រសួង​ការពារ​ជាតិ​អ៊ុយក្រែន​បាន​បង្ហោះ​វីដេអូ​មួយ​បង្ហាញ​នូវ​អ្វី​ដែល​ខ្លួន​បញ្ជាក់​ថា​ជា​កងទ័ព​អ៊ុយក្រែន​នៅ​ឯ​ព្រំដែន ដោយ​នៅ​ក្នុង​នោះ ទាហាន​ម្នាក់​បាន​ប្រាប់​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy ថា៖ «យើង​មក​ដល់​ទី​នេះ​ហើយ»។

កងទ័ព​អ៊ុយក្រែន​ដើរ​នៅ​ក្នុង​ព្រៃ​ ដែល​ស្ថិត​នៅ​ក្បែរ​ភូមិ​មួយ នៅ​ប៉ែក​ខាង​ជើង​តំបន់​ Kharkiv​ដែល​ទើប​តែ​ដណ្ដើម​មក​វិញ​បាន ប្រទេស​អ៊ុយក្រែន ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២២។
កងទ័ព​អ៊ុយក្រែន​ដើរ​នៅ​ក្នុង​ព្រៃ​ ដែល​ស្ថិត​នៅ​ក្បែរ​ភូមិ​មួយ នៅ​ប៉ែក​ខាង​ជើង​តំបន់​ Kharkiv​ដែល​ទើប​តែ​ដណ្ដើម​មក​វិញ​បាន ប្រទេស​អ៊ុយក្រែន ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២២។
  • យោធា​អ៊ុយក្រែន​បាន​បញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​ថា កងទ័ព​រុស្ស៊ី​បាន​ផ្ដោត​ការ​វាយ​ប្រហារ​ថ្មីៗ​ចុងក្រោយ​បង្អស់​របស់​ខ្លួន​លើ​តំបន់ Donetsk នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន ដោយ​សំដៅ​លើ​ជន​ស៊ីវិល​និង​ទីតាំង​យោធា​នៅ​ក្នុង​ក្រុង​ជាច្រើន។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Associated Press។
  • រដ្ឋមន្ត្រី​ការបរទេស​ហុងគ្រី​លោក Peter Szijjarto បាន​បញ្ជាក់​នៅ​លើ​ទំព័រ Facebook របស់​លោក​នៅ​ថ្ងៃ​ចន្ទ​ថា ប្រទេស​ហុងគ្រី​មិន​ទាន់​ទទួល​បាន​សំណើ​ថ្មី​ម៉ឺងម៉ាត់​ណា​មួយ​ពី​គណៈកម្មការ​អឺរ៉ុប​នៃ​សហភាព​អឺរ៉ុប​នៅ​ឡើយ​ទេ​ទាក់ទិន​ទៅ​នឹង​ទណ្ឌកម្ម​លើ​ប្រេង​ឥន្ធនៈ​របស់​រុស្ស៊ី ចាប់​តាំងពី​ពេល​ដែល​ប្រធាន​គណៈកម្មការ​អឺរ៉ុប​បាន​ធ្វើ​ទស្សន កិច្ច​ទៅ​កាន់​រដ្ឋធានី​ប៊ុយដាប៉ែស ប្រទេស​ហុងគ្រី​កាលពី​ដើម​ខែ​នេះ​មក។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់​អ្នកស្រី Annalena Baerbock បាន​និយាយ​នៅ​ថ្ងៃ​ចន្ទថា សហភាព​អឺរ៉ុប​នឹង​ត្រូវការ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ទៀត​ដើម្បី​ស្វែងរក​ការ​ព្រមព្រៀង​គ្នា​លើ​កញ្ចប់​ទណ្ឌកម្ម​លើក​ទី ៦ ប្រឆាំង​នឹង​រុស្ស៊ី។ អ្នកស្រី Baerbcok បាន​ប្រាប់​អ្នក​កាសែត​នៅ​ពេល​អ្នកស្រី​ធ្វើ​ដំណើរ​ទៅ​ដល់​កន្លែង​ប្រជុំ​ជាមួយ​នឹង​សមភាគី​អឺរ៉ុប​របស់​អ្នកស្រី​នៅ​ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក​ថា៖ «ក្នុង​នាម​ជា​ពលរដ្ឋ​អាល្លឺម៉ង់ យើង​ដឹង​ថា​នេះ [ការ​ដាក់ ទណ្ឌកម្ម​លើ​ការ​នាំចូល​ប្រេង​ឥន្ធនៈ​ពី​រុស្ស៊ី] គឺ​មិន​មែន​ជា​ជំហាន​ដ៏​ងាយស្រួល​នោះ​ទេ។ បញ្ហា​មួយ​ចំនួន​ចាំបាច់​ត្រូវតែ​ដោះស្រាយ ហើយ​ករណី​នេះ​នឹង​មិន​កើតឡើង​នៅ​ថ្ងៃ​នេះ​ទេ»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • រដ្ឋមន្ត្រី​ការបរទេស​អូទ្រីស​លោក Alexander Schallenberg បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​ថា ប្រទេស​អូទ្រីស​រំពឹង​ថា​សហភាព​អឺរ៉ុប​នឹង​ឯកភាព​គ្នា​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​លើ​កញ្ចប់​ទណ្ឌកម្ម​លើក​ទី ៦ ដែល​ដាក់​លើ​រុស្ស៊ី។ លោក Schallenberg បាន​ប្រាប់​អ្នក​កាសែត​នៅ​ពេល​លោក​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​កន្លែង​ប្រជុំ​មួយ​ជាមួយ​នឹង​សមភាគី​អឺរ៉ុប​របស់​លោក​នៅ​ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្សិក​ថា៖ «ខ្ញុំ​មាន​ទំនុកចិត្ត​ថា​យើង​នឹង​អាច​ធ្វើ​យ៉ាង​ណា​ឱ្យ​មាន​ការ​អនុម័ត​លើ​កញ្ចប់​ទណ្ឌកម្ម​លើក​ទី ៦ នេះ​នៅ​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • រដ្ឋមន្ត្រី​ការបរទេស​លីទុយអានី​លោក Gabrielius Landsbergis បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​ថា គម្រោង​របស់​សហភាព​អឺរ៉ុប​នៅ​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​លើ​ការ​នាំ​ចូល​ប្រេង​ឥន្ធនៈ​ពី​រុស្ស៊ី​ត្រូវ​បាន​បង្អាក់​ដោយ​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ទាំង ២៧ ដែល​ជា​សមាជិក​សហភាព​អឺរ៉ុប។ លោក Landsbergis បាន​បញ្ជាក់​ថា៖ «សហភាព [អឺរ៉ុប] ទាំង​មូល​កំពុង​ត្រូវ​បាន​បង្អាក់​ដោយ​ប្រទេស​ជា​សមាជិក​មួយ។ ...យើង​ត្រូវតែ​ឯកភាព​គ្នា។ យើង​មិន​អាច​ត្រូវ​បាន​បង្អាក់​ទេ»។ មន្ត្រី​ការទូត​អឺរ៉ុប​នានា​បាន​លើកឡើង​ថា ប្រ ទេស​ដែល​បង្អាក់​ដល់​ដំណើរការ​ដាក់​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប​នេះ​គឺ​ប្រទេស​ហុង គ្រី។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​ថា ប្រទេស​រុស្ស៊ី​គ្មាន​បញ្ហា​ណា​មួយ​ជាមួយ​នឹង​ប្រទេស​ហ្វាំងឡង់​និង​ប្រទេស​ស៊ុយអែត​នោះ​ទេ ប៉ុន្តែ​លោក​ថា ការ​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​យោធា​នៅ​លើ​ទឹកដី​នៃ​ប្រទេស​ទាំង​ពីរ​គឺ​តម្រូវ​ឱ្យ​មាន​ប្រតិកម្ម​ពី​រដ្ឋាភិបាល​រុស្ស៊ី។ លោក Putin បាន​ថ្លែង​នៅ​ឯ​កិច្ច​ប្រជុំ​នៃ​អង្គការ​សន្ធិសញ្ញា​សន្តិសុខ​រួម (CSTO) ដែល​ដឹកនាំ​ដោយ​រុស្ស៊ី​ថា ការ​ពង្រីក​អង្គការ​អូតង់​គឺ​ជា​បញ្ហា​សម្រាប់​រុស្ស៊ី ហើយ​អង្គការ​អូតង់​ត្រូវតែ​មើល​ឱ្យ​បាន​ដិតដល់​លើ​អ្វី​ដែល​លោក​បាន​និយាយ​អំពី​ផែនការ​របស់​អង្គការ​អូតង់​នៅ​ក្នុង​ការ​បង្កើន​ឥទ្ធិពល​របស់​ខ្លួន​នៅ​លើ​ពិភពលោក។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • រដ្ឋាភិបាល​រុស្ស៊ី​បាន​បញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​ថា ការ​សម្រេច​របស់​ប្រទេស​ហ្វាំងឡង់​និង​ប្រ ទេស​ស៊ុយអែត​នៅ​ក្នុង​ការ​ចូល​ជា​សមាជិក​អង្គការ​អូតង់ (NATO) នឹង​មិន​ធ្វើ​ឱ្យ​សន្តិ សុខ​នៅ​ក្នុង​ទ្វីប​អឺរ៉ុប​មាន​ភាព​ប្រសើរ​ឡើង​នោះ​ទេ។ អ្នក​នាំពាក្យ​រដ្ឋាភិបាល​រុស្ស៊ី​លោក Dmitry Peskov បាន​ប្រាប់​អ្នក​កាសែត​ថា៖ «យើង​មិន​ជឿ​ថា ការ​ចូល​ជា​សមា ជិក​របស់​ប្រទេស​ហ្វាំងឡង់​និង​ប្រទេស​ស៊ុយអែត​នៅ​ក្នុង​អង្គការ​អូតង់​នឹង​ពង្រឹង​ឬ​ក៏​លើក​កម្ពស់​រចនាសម្ព័ន្ធ​សន្តិសុខ​នៅ​ក្នុង​ទ្វីប​របស់​យើង [អឺរ៉ុប] នោះ​ឡើយ»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • អនុរដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergei Ryabkov និយាយ​នៅ​ថ្ងៃ​ចន្ទ​ថា ជម្រើស​របស់​ប្រទេស​ហ្វាំងឡង់​និង​របស់​ប្រទេស​ស៊ុយអែត​នៅ​ក្នុង​ការ​ចូល​ជា​សមាជិក​អង្គការ​អូតង់គឺ​ជា​កំហុស​ដែល​នឹង​មាន​ផល​វិបាក​ធំធេង។ ទីភ្នាក់ងារ​ព័ត៌មាន Interfax របស់​រុស្ស៊ី​បាន​រាយការណ៍​ថា លោក Ryabkov បាន​បញ្ជាក់​ថា ហ្វាំងឡង់​និង​ស៊ុយអែត​មិន​គួរ​យល់​ខុស​ថា រុស្ស៊ី​នឹង​មិន​ខ្វាយខ្វល់​អំពី​ការ​សម្រេច​ចិត្ត​ទាំង​នេះ​របស់​ពួកគេ​ទេ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • រដ្ឋសភា​ហ្វាំងឡង់​និង​រដ្ឋសភា​ស៊ុយអែត​នៅ​ថ្ងៃ​ចន្ទ​បាន​ចាប់ផ្ដើម​ជជែក​ដេញដោល​អំពី​កិច្ច​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​រៀងៗ​ខ្លួន​នៅ​ក្នុង​ការ​ចូល​ជា​សមាជិក​អង្គការ​អូតង់ ខណៈពេល​ដែល​ប្រទេស​ទាំង​ពីរ​ត្រៀម​ដាក់​ពាក្យ​ចូល​ជា​សមាជិក​នេះ​នៅ​ក្នុង​សប្ដាហ៍​នេះ។ ប្រទេស​ហ្វាំងឡង់​បាន​ប្រកាស​ជា​ផ្លូវការ​អំពី​គោល​បំណង​របស់​ខ្លួន​នៅ​ក្នុង​ការ​ចូល​ជា​សមាជិក​អង្គការ​អូតង់​កាលពី​ថ្ងៃ​អាទិត្យ ចំណែក​ឯ​គណបក្ស​កាន់​អំណាច​របស់​ប្រទេស​ស៊ុយអែត​វិញ​បាន​បញ្ជាក់​ថា​ខ្លួន​គាំទ្រ​សមាជិក​ភាព​របស់​ស៊ុយអែត​នៅ​ក្នុង​អង្គការ​អូតង់។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
២១:៥៦ ១៥.៥.២០២២

ថ្ងៃអាទិត្យ ទី ១៥ ខែឧសភា៖

  • លោក Mitch McConnell មេដឹកនាំ​ខាង​គណបក្ស​សាធារណរដ្ឋ​នៃ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក បាន​និយាយ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា លោក​រំពឹង​ថា​ព្រឹទ្ធសភា​នឹង​បោះឆ្នោត​លើ​កញ្ចប់​ថវិកា​ជំនួយ​ចំនួន ៤០ ពាន់​លាន​ដុល្លារ​សម្រាប់​ប្រទេស​អ៊ុយក្រែន​នៅ​ថ្ងៃ​ពុធ​ខាង​មុខ បន្ទាប់ពី​ការ​បោះឆ្នោត​ពាក់ព័ន្ធ​ផ្សេងៗ​នៅ​ថ្ងៃ​ចន្ទ​ស្អែក។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​លោក Dmytro Kuleba បាន​សរសើរ​ប្រទេស​អាល្លឺម៉ង់​នៅ​ថ្ងៃ​អាទិត្យ​នេះ​សម្រាប់​ការ​បង្កើត​នូវ «គំរូ» មួយ និង​យក​ឈ្នះ​លើ «ឧបសគ្គ​ផ្នែក​ចិត្តសាស្ត្រ» តាម​រយៈ​ការ​បញ្ជូន​សព្វាវុធ​ធុន​ធ្ងន់​ឲ្យ​រដ្ឋាភិបាល​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។

រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន លោក Dmytro Kuleba (ឆ្វេង) ឈរ​ថតរូប​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken ក្នុង​អំឡុងពេល​នៃ​ជំនួប​ពួកគេ​ទាំង​ពីរ​នាក់ នៅ​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់ ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២២។ (រូបថត​ពី Dmytro Kuleba via Twitter/Handout via REUTERS)
រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន លោក Dmytro Kuleba (ឆ្វេង) ឈរ​ថតរូប​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken ក្នុង​អំឡុងពេល​នៃ​ជំនួប​ពួកគេ​ទាំង​ពីរ​នាក់ នៅ​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់ ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២២។ (រូបថត​ពី Dmytro Kuleba via Twitter/Handout via REUTERS)
  • អគ្គលេខាធិការ​អង្គការ​អូតង់ (NATO) លោក Jens Stoltenberg បាន​និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​តាម​រយៈ​វីដេអូ​អនឡាញ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា៖ «ប្រទេស​អ៊ុយក្រែន​អាច​ឈ្នះ​សង្គ្រាម​នេះ»។ លោក​ថ្លែង​ដូច្នេះ​ថា៖ «សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន​នឹង​មិន​ដំណើរការ​ដូច​អ្វី​ដែល​រដ្ឋាភិបាល​រុស្ស៊ី​បាន​គ្រោង​ទុក​នោះ​ទេ។ រុស្ស៊ី​បាន​បរាជ័យ​នៅ​ក្នុង​ការ​ដណ្ដើម​ត្រួតត្រា​អ៊ុយក្រែន។ ពួកគេ​បាន​ដកថយ​ចេញ​ពី​តំបន់​ជុំវិញ​ទីក្រុង Kharkiv។ ការ​វាយ​ប្រហារ​ដ៏​ចម្បង​របស់​ពួកគេ​នៅ​ក្នុង​តំបន់ Donbas បាន​ជាប់​គាំង។ រុស្ស៊ី​នឹង​មិន​សម្រេច​បាន​នូវ​គោល​បំណង​ជា​យុទ្ធសាស្ត្រ​របស់​ខ្លួន​ទេ»។ នេះ​បើ​យោង​តាម​បណ្ដាញ​ព័ត៌មាន CNN។
  • អគ្គលេខាធិការ​អង្គការ​អូតង់ (NATO) លោក Jens Stoltenberg បាន​និយាយ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា លោក​មាន​ទំនុក​ចិត្ត​ថា ចំណុច​រួម​អាច​សម្រេច​បាន​ដើម្បី​បន្ធូរបន្ថយ​ក្ដី​បារម្ភ​របស់​ប្រទេស​តួកគី​ទាក់ទិន​នឹង​ការ​សុំ​ចូល​ជា​សមាជិក​របស់​ប្រទេស​ស៊ុយអែត​និង​ប្រទេស​ហ្វាំងឡង់​នៅ​ក្នុង​អង្គការ​អូតង់។ លោក Stoltenberg បាន​ប្រាប់​អ្នក​កាសែត​តាម​រយៈ​វីដេអូ​អនឡាញ​ថា៖ «ខ្ញុំ​មាន​ទំនុក​ចិត្ត​ថា យើង​នឹង​អាច​ដោះស្រាយ​ក្ដី​បារម្ភ​ដែល​តួកគី​បាន​បង្ហាញ​ឡើង​តាម​វិធី​មួយ​ដែល​នឹង​មិន​ពន្យារពេល​ដល់​សមាជិក​ភាព​ឬ​ក៏​ដំណើរការ​ចូល​ជា​សមាជិក​នេះ»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​បញ្ជាក់​ថា លោក​បាន​និយាយ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​តួកគី​អំពី​ក្ដី​បារម្ភ​របស់​រដ្ឋាភិបាល​តួកគី​ទាក់ទិន​នឹង​ការ​សុំ​ចូល​ជា​សមាជិក​របស់​ប្រទេស​ស៊ុយអែត​និង​ប្រទេស​ហ្វាំងឡង់​នៅ​ក្នុង​អង្គការ​អូតង់ (NATO) និង​ថា បន្ទាប់ពី​ការ​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​របស់​អង្គការ​អូតង់​នៅ​ថ្ងៃ​អាទិត្យ​នេះ​បញ្ចប់​ទៅ លោក​មាន​ជំនឿ​ជឿជាក់​ថា ការ​មូល​មតិ​គ្នា​មួយ​អាច​សម្រេច​បាន។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • រដ្ឋមន្ត្រី​ការបរទេស​តួកគី​លោក Mevlut Cavusoglu បាន​និយាយ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ប្រទេស​ស៊ុយអែត​និង​ប្រទេស​ហ្វាំងឡង់​ត្រូវតែ​បញ្ឈប់​ការ​គាំទ្រ​ភេរវករ​នៅ​ក្នុង​ប្រទេស​របស់​ពួកគេ ផ្ដល់​នូវ​ការ​ធានា​ផ្នែក​សន្តិសុខ​ឲ្យ​បាន​ច្បាស់លាស់ និង​ដក​ចេញ​នូវ​បម្រាម​លើ​ប្រទេស​តួកគី​ទាក់ទិន​នឹង​ការ​នាំចេញ នៅ​ពេល​ដែល​ប្រទេស​ទាំង​ពីរ​ចង់​ចូល​ជា​សមាជិក​របស់​អង្គការ​អូតង់ (NATO)។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ប្រធានាធិបតី​និង​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ហ្វាំងឡង់​បាន​ប្រកាស​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ប្រទេស​ហ្វាំងឡង់​នឹង​ដាក់​ពាក្យ​ចូល​ជា​សមាជិក​អង្គការ​អូតង់ (NATO) ដោយសារតែ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។ ប្រធានាធិបតី​ហ្វាំងឡង់​លោក Sauli Niinisto បាន​និយាយ​ថា៖ «ថ្ងៃ​នេះ ប្រធានាធិបតី​សាធារណរដ្ឋ​ហ្វាំងឡង់​និង​គណៈកម្មាធិការ​គោល​នយោបាយ​ការបរទេស​របស់​រដ្ឋាភិបាល​ហ្វាំងឡង់​បាន​ឯកភាព​រួម​គ្នា​ថា ប្រទេស​ហ្វាំងឡង់​នឹង​ដាក់​ពាក្យ​ចូល​ជា​សមាជិក​អង្គការ​អូតង់ (NATO) បន្ទាប់ពី​បាន​ប្រឹក្សា​យោបល់​ជាមួយ​នឹង​រដ្ឋសភា​រួច​មក។ នេះ​គឺជា​ថ្ងៃ​ប្រវត្តិសាស្ត្រ។ ទំព័រ​សករាជ​ថ្មី​កំពុង​បើក​ឡើង​ហើយ»។ ចំណែក​ឯ​នាយករដ្ឋមន្ត្រី​ហ្វាំងឡង់​អ្នកស្រី Sanna Marin វិញ​បាន​ថ្លែង​ថា៖ «នៅ​ថ្ងៃ​នេះ យើង​បាន​ឈាន​ដល់​ការ​ព្រមព្រៀង​ដ៏​សំខាន់​មួយ​នៅ​ក្នុង​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​ជាមួយ​នឹង​រដ្ឋាភិបាល​និង​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ហ្វាំងឡង់។ យើង​សង្ឃឹម​ថា រដ្ឋសភា​នឹង​អនុម័ត​នៅ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​លើ​ការ​សម្រេច​នៅ​ក្នុង​ការ​ចូល​ជា​សមាជិក​អង្គការ​អូតង់​នេះ»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។

នាយករដ្ឋមន្ត្រី​ហ្វាំងឡង់ អ្នកស្រី Sanna Marin (ឆ្វេង) និង​ប្រធានាធិបតី​ហ្វាំងឡង់ លោក Sauli Niinistö ថ្លែង​សុន្ទរកថា​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ដើម្បី​ប្រកាស​ថា ប្រទេស​ហ្វាំងឡង់​លោក​ដាក់​ពាក្យ​សុំ​ចូល​ជា​សមាជិក​អង្គការ​អូតង់​នៅ​ខុទ្ទកាល័យ​ប្រធានាធិបតី​ក្នុង​ទីក្រុង Helsinki ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២២។
នាយករដ្ឋមន្ត្រី​ហ្វាំងឡង់ អ្នកស្រី Sanna Marin (ឆ្វេង) និង​ប្រធានាធិបតី​ហ្វាំងឡង់ លោក Sauli Niinistö ថ្លែង​សុន្ទរកថា​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ដើម្បី​ប្រកាស​ថា ប្រទេស​ហ្វាំងឡង់​លោក​ដាក់​ពាក្យ​សុំ​ចូល​ជា​សមាជិក​អង្គការ​អូតង់​នៅ​ខុទ្ទកាល័យ​ប្រធានាធិបតី​ក្នុង​ទីក្រុង Helsinki ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២២។
  • រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់​អ្នកស្រី Annalena Baerbock បាន​និយាយ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ប្រទេស​អាល្លឺម៉ង់​បាន​ត្រៀម​លក្ខណៈ​រួចរាល់​ហើយ​សម្រាប់​ដំណើរការ​ផ្ដល់​សច្ចានុមតិ​ដ៏​លឿន​មួយ ប្រសិនបើ​ប្រទេស​ហ្វាំងឡង់​និង​ប្រទេស​ស៊ុយអែត​សម្រេច​ដាក់​ពាក្យ​ចូល​ជា​សមាជិក​អង្គការ​អូតង់ (NATO)។ អ្នកស្រី​បាន​ប្រាប់​អ្នក​កាសែត​នៅ​ថ្ងៃ​ទី​ពីរ​នៃ​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​របស់​អង្គការ​អូតង់​នៅ​ក្នុង​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់​ថា៖ «ប្រសិនបើ​ពួកគេ [ហ្វាំងឡង់​និង​ស៊ុយអែត] សម្រេច​ចូល [ជា​សមាជិក​អង្គការ​អូតង់] ពួកគេ​អាច​ចូល​បាន​យ៉ាង​លឿន។ ...យើង​ត្រូវតែ​ធ្វើ​ឲ្យ​ប្រាកដ​ថា យើង​នឹង​ផ្ដល់​ដល់​ពួកគេ​នូវ​ការ​ធានា​ផ្នែក​សន្តិសុខ ដោយ​មិន​មាន​ដំណាក់កាល​អន្តរកាល ឬ​ក៏​ចំណុច​ស្រពិចស្រពិល​ណា​មួយ​អំពី​ឋានៈ​របស់​ពួកគេ​នោះ​ឡើយ»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • រដ្ឋមន្ត្រី​ការបរទេស​កាណាដា​អ្នកស្រី Melanie Joly បាន​និយាយ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ប្រទេស​កាណាដា​សង្ឃឹម​ថា​នឹង​មាន​ដំណើរការ​អនុម័ត​លឿន ប្រសិនបើ​ប្រទេស​ហ្វាំងឡង់​និង​ប្រទេស​ស៊ុយអែត​សម្រេច​ដាក់​ពាក្យ​ចូល​ជា​សមាជិក​អង្គការ​អូតង់ (NATO)។ អ្នកស្រី Joly បាន​ប្រាប់​អ្នក​កាសែត​នៅ​ពេល​អ្នកស្រី​ធ្វើ​ដំណើរ​ទៅ​ដល់​កន្លែង​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​របស់​អង្គការ​អូតង់​នៅ​ថ្ងៃ​ទី​ពីរ​ក្នុង​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់​ថា៖ «ខ្ញុំ​សង្ឃឹម​ថា​រឿង​នេះ​អាច​ធ្វើ​បាន​ក្នុង​អំឡុង​ពេល​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • រដ្ឋមន្ត្រី​ការបរទេស​ក្រូអាស៊ី​លោក Grlic Radman បាន​និយាយ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ការ​ពិភាក្សា​របស់​ប្រទេស​តួកគី​ជាមួយ​នឹង​ប្រទេស​ហ្វាំងឡង់​និង​ប្រទេស​ស៊ុយអែត​អំពី​ការ​ព្រួយ​បារម្ភ​របស់​តួកគី​ទាក់ទិន​នឹង​សមាជិកភាព​របស់​ហ្វាំងឡង់​និង​ស៊ុយអែត​នៅ​ក្នុង​អង្គការ​អូតង់ (NATO) គឺ​ដំណើរការ​បាន​ល្អ បន្ទាប់ពី​ប្រទេស​ទាំង ៣ បាន​ជួប​ពិភាក្សា​គ្នា​កាលពី​ថ្ងៃ​សៅរ៍។ លោក Grlic Radman បាន​ប្រាប់​អ្នក​កាសែត​នៅ​ឯ​កន្លែង​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​របស់​អង្គការ​អូតង់​នៅ​ក្នុង​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់​ថា៖ «ការ​ពិភាក្សា​កំពុង​ដំណើរការ​ល្អ ហើយ​យើង​សង្ឃឹម​ថា​យើង​នឹង​មាន​លទ្ធផល​ល្អ​នៅ​ថ្ងៃ​នេះ​ដើម្បី​បង្ហាញ​សាមគ្គីភាព​និង​និយាយ​ក្នុង​សំឡេង​តែ​មួយ»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • អគ្គលេខាធិការ​រង​អង្គការ​អូតង់ (NATO) លោក Mircea Geoană បាន​និយាយ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា លោក​មាន​ភាព​ជឿ​ជាក់​ថា ក្ដី​បារម្ភ​របស់​ប្រទេស​តួកគី​ទាក់ទិន​នឹង​រឿង​ប្រទេស​ហ្វាំងឡង់​និង​ប្រទេស​ស៊ុយអែត​ចូល​ជា​សមាជិក​អង្គការ​អូតង់​គឺ​អាច​ដោះស្រាយ​បាន។ លោក Geoană បាន​ប្រាប់​អ្នក​កាសែត​នៅ​ពេល​លោក​ធ្វើ​ដំណើរ​ទៅ​ដល់​កន្លែង​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​របស់​សមាជិក​អង្គការ​អូតង់​នៅ​ក្នុង​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់​ថា៖ «ខ្ញុំ​ជឿជាក់​ថា ប្រសិនបើ​ប្រទេស​ទាំង​នេះ [ហ្វាំងឡង់​និង​ស៊ុយអែត] សម្រេច​សុំ​ចូល​ជា​សមាជិក​អង្គការ​អូតង់ យើង​នឹង​អាច​ស្វាគមន៍​ពួកគេ​ដើម្បី​ស្វែងរក​គ្រប់​លក្ខខណ្ឌ​ទាំង​អស់​ដើម្បី​ឲ្យ​មាន​ការ​មូល​មតិ​គ្នា​លើ​រឿង​នេះ»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • លោក Ned Price អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក បាន​និយាយ​ថា រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Antony Blinken បាន​ជួប​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​លោក Dmytro Kuleba នៅ​ក្នុង​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់​នៅ​ថ្ងៃ​អាទិត្យ​នេះ។ លោក Price បាន​បញ្ជាក់​ថា លោក​ទាំង​ពីរ​បាន​ពិភាក្សា​គ្នា​អំពី​កិច្ច​ប្រជុំ​នា​ពេល​ថ្មីៗ​នេះ​របស់​ក្រុម​ប្រទេស G-7 និង​របស់​អង្គការ​អូតង់ (NATO)។ លោក Price បាន​បន្ថែម​ថា លោក Blinken បាន​សង្កត់ធ្ងន់​អំពី​ការ​គាំទ្រ​ខ្លាំងក្លា​ចំពោះ​អ៊ុយក្រែន​និង​បាន​និយាយ​អំពី​ជំនួយ​ផ្នែក​សន្តិសុខ​របស់​សហរដ្ឋ​អាមេរិក​ដើម្បី​ពង្រឹង​ការ​ការពារ​របស់​អ៊ុយក្រែន។ ប្រធានបទ​ផ្សេង​ទៀត​នៅ​ក្នុង​ការ​ពិភាក្សា​នោះ​មាន​ដូចជា​សន្តិសុខ​ស្បៀង​អាហារ​សាកលលោក និង​ការ​តាំងចិត្ត​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​អធិបតេយ្យភាព​របស់​អ៊ុយក្រែន​ជាដើម។
  • ផ្នែក​ស៊ើបការណ៍​សម្ងាត់​របស់​ចក្រភព​អង់គ្លេស​បាន​បញ្ជាក់​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​ថា ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​នៅ​ក្នុង​តំបន់ Donbas នៃ​ប្រទេស​អ៊ុយក្រែន «បាន​បាត់បង់​សន្ទុះ​និង​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ខុស​ពី​ការ​គ្រោង​ទុក»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​បាន​សំដៅ​ចំ​ហេដ្ឋារចនាសម្ព័ន្ធ​យោធា​មួយ​ចំនួន​នៅ​ក្នុង​តំបន់ Lviv នៅ​ភាគ​ខាង​លិច​ប្រទេស​អ៊ុយក្រែន​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អភិបាល​តំបន់ Lviv លោក Maxim Kozitsky តាម Telegram។ លោក Kozitsky បញ្ជាក់​ដូច្នេះ​ថា៖ «មិន​មាន​ព័ត៌មាន​អំពី​អ្នក​ស្លាប់​និង​រង​របួស​នៅ​ពេល​នេះ​ទេ។ យើង​កំពុង​បញ្ជាក់​អំពី​ទំហំ​នៃ​ការ​បំផ្លិច​បំផ្លាញ»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • លោក​ឧត្ដមសេនីយ៍​ទោ Kyrylo Budanov ប្រធាន​ផ្នែក​ស៊ើបការណ៍​សម្ងាត់​យោធា​នៃ​ប្រទេស​អ៊ុយក្រែន​បាន​បញ្ជាក់​ប្រាប់​បណ្ដាញ​ព័ត៌មាន Sky News របស់​ចក្រភព​អង់គ្លេស​កាលពី​ថ្ងៃ​សៅរ៍​ថា សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​អាច​ឈាន​ដល់ «ចំណុច​បំបែក» មួយ នៅ​ត្រឹម​ខែ​សីហា​ខាង​មុខ និង​បញ្ចប់​ដោយ​ការ​បរាជ័យ​របស់​រុស្ស៊ី​នៅ​មុន​ដំណាច់​ឆ្នាំ​នេះ។ លោក Budanov បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន Sky News ថា លោក​មាន «សុទិដ្ឋិនិយម» អំពី​គន្លង​បច្ចុប្បន្ន​នៃ​សង្គ្រាម​នេះ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • រដ្ឋាភិបាល​រុស្ស៊ី​បាន​បញ្ជាក់​ថា ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ប្រាប់​ប្រធានាធិបតី​ហ្វាំងឡង់​លោក Sauli Niinisto កាលពី​ថ្ងៃ​សៅរ៍​ថា ការ​បោះបង់​ចោល​ណា​មួយ​របស់​ប្រទេស​ហ្វាំងឡង់​នូវ​អព្យាក្រឹតភាព​ផ្នែក​យោធា​របស់​ខ្លួន​គឺជា «កំហុស»។ រដ្ឋាភិបាល​រុស្ស៊ី​បាន​លើកឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ បន្ទាប់ពី​មាន​ការ​សន្ទនា​តាម​ទូរស័ព្ទ​រវាង​មេដឹកនាំ​ទាំង​ពីរ​ថា៖ «លោក Putin សង្កត់ធ្ងន់​ថា ការ​បញ្ចប់​ណា​មួយ​នូវ​គោល​នយោបាយ​ជា​ទម្លាប់​កន្លង​មក​នៃ​អព្យាក្រឹតភាព​ផ្នែក​យោធា​គឺជា​កំហុស ដោយសារតែ​គ្មាន​ការ​គំរាមកំហែង​ណា​មួយ​ចំពោះ​សន្តិសុខ​របស់​ប្រទេស​ហ្វាំងឡង់​នោះ​ទេ»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG