២២:៣៨
១៤.៥.២០២២
ថ្ងៃសៅរ៍ ទី ១៤ ខែឧសភា៖
- អ៊ុយក្រែនបានឲ្យដឹងថា ទាហានរុស្ស៊ីកំពុងដកខ្លួនចញពីទីក្រុង Kharkiv នៅប៉ែកឦសានប្រទេសអ៊ុយក្រែន ហើយផ្តោតលើការការពារច្រកចេញចូលសម្រាប់ការផ្គត់ផ្គង់។ រុស្ស៊ីក៏នៅតែបន្តការវាយប្រហារតាមផ្លូវអាកាស តាមកាំភ្លើងធំ និងកាំភ្លើងត្បាល់ នៅតំបន់ Donetsk ភាគខាងកើតនៃប្រទេសអ៊ុយក្រែន។ នេះបើតាមសេចក្តីរាយការណ៍ព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មាន AP។
- នៅថ្ងៃសៅរ៍ ក្រុមរដ្ឋមន្ត្រីការបរទេសទាំង ៧ នៃប្រទេសសេដ្ឋកិច្ចធំធេង G-7 បានប្តេជ្ញាជំរុញឲ្យរុស្ស៊ីនៅឯកាផ្នែកសេដ្ឋកិច្ចនិងនយោបាយបន្តទៀត បន្តផ្តល់សព្វាវុធដល់អ៊ុយក្រែន និងធ្វើការរួមគ្នាដើម្បីសម្រួលបញ្ហាខ្វះស្បៀងអាហារសាកល ដែលបង្កឡើងដោយសង្គ្រាមនៅអ៊ុយក្រែន។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។ ក្រោយជួបពិភាក្សាគ្នានៅសណ្ឋាគារលំហែកាយ Weissenhaus នៅអាល្លឺម៉ង់ មន្ត្រីការទូតជាន់ខ្ពស់របស់ចក្រភពអង់គ្លេស កាណាដា អាល្លឺម៉ង់ បារាំង អ៊ីតាលី ជប៉ុន សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ក៏បានសន្យាបន្តជំនួយយោធានិងជំនួយក្នុងវិស័យការពារជាតិដល់អ៊ុយក្រែន «ឲ្យតែចាំបាច់»។
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានថ្លែងថា បើទោះបីជាប្រជាពលរដ្ឋអ៊ុយក្រែនកំពុងធ្វើអ្វីដែលខ្លួនអាចធ្វើបានដើម្បីធ្វើឲ្យទាហានរុស្ស៊ីដកខ្លួនចេញក្តី ក៏លោកថា «គ្មាននរណាម្នាក់អាចស្មានដឹងថាតើសង្គ្រាមនេះនឹងអូសបន្លាយយូរប៉ុណ្ណានោះទេ។ ជាអកុសល ពលរដ្ឋរបស់យើងដែលកំពុងលះបង់អស់ពីខ្លួន មិនមែនជាអ្នកកំណត់នៃទីបញ្ចប់នៃសង្គ្រាមនេះតែឯងនោះទេ។ វានឹងអាស្រ័យលើដៃគូរបស់យើង គឺបណ្តាប្រទេសនៅអឺរ៉ុប និងប្រទេសសេរីទាំងអស់ផងដែរ»។ លោកបានថ្លែងដូច្នេះនៅក្នុងសុន្ទរកថារបស់លោកទៅកាន់ប្រជាជាតិ ដែលផ្សាយតាមទូរទស្សន៍។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AP។
- នៅក្នុងសេចក្តីប្រកាសដំណឹងថ្មីមួយ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា កងទ័ពរបស់រុស្ស៊ីបានវាយប្រហារទីតាំងមូលដ្ឋានបញ្ជាការទ័ពអ៊ុយក្រែន ឃ្លាំងស្តុកអាវុធ និងសម្ភារៈយោធាផ្សេងៗទៀត នៅតំបន់មួយចំនួនក្នុងប្រទេសអ៊ុយក្រែន រួមទាំងតំបន់ Donbas ដោយបានសម្លាប់«កងស្នេហាជាតិ»អ៊ុយក្រែនយ៉ាងហោចណាស់ ១០០ នាក់។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។
- លោកប្រធានាធិបតី Volodymyr Zelenskiy បានថ្លែងថា កិច្ចចរចាជាមួយរុស្ស៊ីដើម្បីជម្លៀសទាហានដែលរងរបួសចេញពីរោងចក្រ Azovstal នៅទីក្រុង Mariupol គឺ «ស្មុគស្មាញខ្លាំង» ដោយលោកបានថ្លែងបន្ថែមថា រដ្ឋាភិបាលអ៊ុយក្រែនកំពុងប្រើប្រាស់អន្តរការីដ៏មានឥទ្ធិពលរបស់ខ្លួនឲ្យចរចាអំពីរឿងនេះ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។
- អគ្គរដ្ឋអាជ្ញានៃប្រទេសអ៊ុយក្រែនបានថ្លែងនៅថ្ងៃសុក្រថា ការិយាល័យរបស់លោកស្រី បានត្រៀមសំណុំរឿងឧក្រិដ្ឋកម្មសង្គ្រាមដើម្បីកាត់ទោសទាហានរុស្ស៊ី ៤១ នាក់។ លោកស្រី Iryna Venediktova បានថ្លែងនៅក្នុងការផ្តល់ព័ត៌មានផ្សាយផ្ទាល់មួយតាមទូរទស្សន៍អ៊ុយក្រែន កាលពីល្ងាចថ្ងៃសុក្រថា «យើងមានជនសង្ស័យ ៤១ នាក់នៅក្នុងសំណុំរឿង ដែលយើងនឹងរៀបចំបញ្ជូនទៅតុលាការ។ បទចោទទាំងអស់មានចែងក្នុងមាត្រា ៤៣៨ នៃច្បាប់ឧកម្មក្រិដ្ឋស្តីពីឧក្រិដ្ឋកម្មសង្គ្រាម ប៉ុន្តែជាប្រភេទឧក្រិដ្ឋកម្មសង្គ្រាមផ្សេងៗ គ្នា។ មានការបំផ្ទុះគ្រាប់បែកលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ការសម្លាប់ជនស៊ីវិល ការរំលោភសេពសន្ថវៈ និងការបំផ្លិចបំផ្លាញសម្បត្តិសាធារណៈ»។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AP។
- យោធាអ៊ុយក្រែន បានថ្លែងថា កងទ័ពរុស្ស៊ីបានបាញ់ប្រហារពីដែនដីរុស្ស៊ីផ្ទាល់ មកលើទីតាំងលំនៅដ្ឋានមួយនៅជាប់ព្រំដែន នៅក្នុងតំបន់ Chernihiv ហើយថា ករណីផ្ទុះចំនួន ៨ ត្រូវបានកត់ត្រានៅជាយភូមិ Bleshnya។ យោធាអ៊ុយក្រែនក៏បានបញ្ជាក់ថា មិនមានជនណាម្នាក់រងគ្រោះថ្នាក់នោះទេ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- សាកសពរបស់ទាហានរុស្ស៊ីដែលត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ុយក្រែន ត្រូវបានដឹកជញ្ជូនតាមផ្លូវដែកមួយនៅជាយរដ្ឋធានីកៀវ ហើយត្រូវបានដាក់បញ្ចូលក្នុងរថភ្លើងក្លាសេជាមួយសាកសពទាហានរុស្ស៊ីរាបរយនាក់ផ្សេងទៀត។ សាកសពទាំងនេះកំពុងរង់ចាំការបញ្ជូនទៅក្រុមគ្រួសាររបស់ពួកគេវិញ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ជនស៊ីវិលម្នាក់ត្រូវបានសម្លាប់ ហើយ ១២ នាក់ផ្សេងទៀតបានរងរបួសនៅតំបន់ Donetsk ភាគខាងកើតប្រទេសអ៊ុយក្រែន ដោយសារការបាញ់គ្រាប់ផ្តក់របស់ទាហានរុស្ស៊ី។ នេះបើតាមការបញ្ជាក់របស់អភិបាលតំបន់កាលពីថ្ងៃសុក្រ។ តំបន់ Donetsk ដែលជាតំបន់មួយនៃតំបន់ចំនួនពីរ ដែលបង្កើតជាតំបន់ Donbas មានការវាយប្រហារគ្នាយ៉ាងខ្លាំងក្លារវាងទាហានរុស្ស៊ីនិងអ៊ុយក្រែន នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ខណៈរដ្ឋាភិបាលរុស្ស៊ីបង្កើនការប្រយុទ្ធរបស់ខ្លួន ដើម្បីកាន់កាប់តំបន់ឧស្សាហកម្មមួយនេះរបស់ប្រទេសអ៊ុយក្រែន។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AP។
- រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin បានពិភាក្សាគ្នាជាមួយលោក Sergei Shoigu រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី កាលពីថ្ងៃសុក្រ ដែលនេះជាការទាក់ទងជាន់ខ្ពស់មួយរបស់អាមេរិក ចាប់តាំងពីសង្គ្រាមនៅអ៊ុយក្រែនបានកើតមានឡើងកាលពីចុងខែកុម្ភៈ។ លោក John Kirby អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក បានថ្លែងថា លោក Austin «បានជំរុញឲ្យមានការឈប់បាញ់គ្នាជាបន្ទាន់នៅអ៊ុយក្រែន ហើយបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការរក្សាមធ្យោបាយទាក់ទងគ្នា»។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AP។
- យោធាអ៊ុយក្រែនបានថ្លែងកាលពីថ្ងៃសុក្រ នៅក្នុងសេចក្តីថ្លែងការណ៍ស្តីពីប្រតិបត្តិការប្រចាំថ្ងៃរបស់ខ្លួនថា កងទ័ពរុស្ស៊ីបានបន្តការវាយប្រហារយុទ្ធសាស្ត្រ របស់ខ្លួននៅភាគខាងកើតប្រទេសអ៊ុយក្រែន ដោយវាយប្រហារតាមតំបន់ភូមិនិងក្រុង ដែលពួកគេមិនបានវាយប្រហារពីមុន។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AP។ ទាហានរុស្ស៊ីបានប្រយុទ្ធជាមួយក្រុមប្រយុទ្ធអ៊ុយក្រែនដោយបាញ់កាំភ្លើង នៅទីតាំងលំនៅដ្ឋាន Rubezhnoye ក្បែរទីក្រុងយុទ្ធសាស្ត្រ Severodoneksk ក្នុងតំបន់ Donbas នៅអ៊ុយក្រែន។ នេះបើតាមបុគ្គលិកបញ្ជាការយោធាអ៊ុយក្រែន ដែលបានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកតាមគណនីយផ្លូវការរបស់ខ្លួន។
- លោក Alexander Grushko អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី ត្រូវបានបណ្តាញសារព័ត៌មានរុស្ស៊ីដកស្រង់ពាក្យសម្តីថា រដ្ឋាភិបាលរុស្ស៊ីនឹងចាត់ «វិធានការប្រុងប្រយ័ត្នយ៉ាងគ្រប់គ្រាន់» ប្រសិនបើអង្គការអូតង់ បញ្ជូនកងកម្លាំងនុយក្លេអ៊ែរនិងសម្ភារៈនានា ទៅកាន់តំបន់ក្បែរព្រំដែនរុស្ស៊ី។ លោកបានថ្លែងដូច្នេះ នៅក្នុងការអធិប្បាយស្តីអំពីគម្រោងរបស់ប្រទេសហ្វាំងឡង់និងស៊ុយអ៊ែត ក្នុងការចូលជាសមាជិករបស់អង្គការអូតង់។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ជាថ្មីម្តងទៀត សហរដ្ឋអាមេរិកបានចោទប្រកាន់រុស្ស៊ីថាបានប្រើប្រាស់វេទិកាអង្គការសហប្រជាជាតិ ដើម្បីបង្កើតព័ត៌មានមិនពិត និងទ្រឹស្តីរួមគំនិតប្រព្រឹត្តអំពើទុច្ចរិតស្តីអំពីអាវុធជីវសាស្ត្រនៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីបង្អាក់ការចាប់អារម្មណ៍លើសកម្មភាពធ្វើសង្គ្រាមដ៏ឃោរឃៅរបស់ខ្លួនលើប្រទេសអ៊ុយក្រែន ដែលជាប្រទេសជិតខាងរុស្ស៊ី។ ឯកអគ្គរដ្ឋទូតរងរបស់សហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិលោក Richard Mills បានចាត់ទុកការអះអាងរបស់រុស្ស៊ីដែលចោទប្រកាន់សហរដ្ឋអាមេរិកអំពីសកម្មភាពពាក់ព័ន្ធនឹងគម្រោងផលិតអាវុធជីវសាស្ត្រ ថាជា«រឿងមិនពិតនិងគួរឲ្យអស់សំណើច»។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AP។
- លោកប្រធានាធិបតី Tayyip Erdogan បានថ្លែងថា ប្រទេសតួកគីមិនគាំទ្រប្រទេសស៊ុយអ៊ែត និងហ្វាំងឡើង ឲ្យចូលជាសមាជិកអង្គការអូតង់នោះទេ។ កាលពីមុន តួកគីបានរិះគន់ស៊ុយអ៊ែត និងបណ្តាប្រទេសអឺរ៉ុបផ្សេងទៀតអំពីរបៀបដោះស្រាយរបស់ពួកគេជាមួយក្រុមអង្គការដែលត្រូវបានចាត់ទុកថាជាក្រុមភេរវកម្មដោយរដ្ឋាភិបាលតួកគី រួមមានក្រុមសកម្មប្រយុទ្ធឃើតផងដែរ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។
២២:១៨
១៣.៥.២០២២
ថ្ងៃសុក្រ ទី ១៣ ខែឧសភា៖
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានបញ្ជាក់ជាថ្មីអំពីការស្នើឱ្យមានការចរចាដោយផ្ទាល់ជាមួយនឹងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ហើយបាននិយាយថា ការដកទ័ពរបស់រុស្ស៊ីចេញពីអ៊ុយក្រែនគួរតែជាចំណុចចាប់ផ្ដើមសម្រាប់ការចរចា។ លោក Zelenskyy បានបញ្ជាក់ប្រាប់ទូរទស្សន៍ RAI 1 របស់អ៊ីតាលីនៅក្នុងកិច្ចសម្ភាសន៍មួយដែលផ្សាយនៅក្នុងប្រទេសអ៊ុយក្រែន នៅថ្ងៃសុក្រថា៖ «ក្នុងនាមជាប្រធានាធិបតី ខ្ញុំត្រៀមលក្ខណៈរួចរាល់នៅក្នុងការចរចាជាមួយលោក Putin តែប៉ុណ្ណោះ ដោយគ្មានអន្តរការីរបស់លោក និងនៅក្នុងក្របខណ្ឌនៃការចរចា មិនមែនក្នុងក្របខណ្ឌនៃឱសានវាទនោះទេ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- បណ្ដារដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G-7 បានគាំទ្រឱ្យមានការផ្ដល់ជំនួយនិងសព្វាវុធបន្ថែមទៀតដល់ប្រទេសអ៊ុយក្រែន នៅពេលដែលពួកគេជួបប្រជុំគ្នានៅថ្ងៃសុក្រក្នុងប្រទេសអាល្លឺម៉ង់ ដែលការប្រជុំនេះត្រូវបានប្រទេសអាល្លឺម៉ង់ហៅថាជា «សញ្ញាដ៏មានឥទ្ធិពលមួយនៃសាមគ្គីភាព» ដើម្បីធ្វើឱ្យរុស្ស៊ីកាន់តែឯកោបន្ថែមទៀតនៅលើពិភពលោក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រទេសបារាំងបានបញ្ជាក់នៅថ្ងៃសុក្រថា ក្រុមប្រទេស G-7 បានប្ដេជ្ញាជួយប្រទេសអ៊ុយក្រែនឱ្យឈ្នះសង្គ្រាមប្រឆាំងនឹងរុស្ស៊ី។ រដ្ឋមន្ត្រីការបរទេសបារាំងលោក Jean-Yves Le Drian បាននិយាយថា ក្រុមប្រទេស G-7 មាន «សាមគ្គីភាពខ្លាំងក្លាបំផុត» នៅក្នុងឆន្ទៈរបស់ខ្លួនក្នុងការ «បន្តគាំទ្ររយៈពេលវែងចំពោះការប្រយុទ្ធរបស់អ៊ុយក្រែនដើម្បីអធិបតេយ្យភាពរបស់ខ្លួនរហូតទាល់តែអ៊ុយក្រែនទទួលបានជ័យជម្នះ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Yoshimasa Hayashi បានប្រាប់រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba នៅថ្ងៃសុក្រថា អំពើឃោរឃៅនៅក្នុងប្រទេសអ៊ុយក្រែនគឺមិនអាចទទួលយកបានទាល់តែសោះ ហើយគេគួរតែធ្វើឱ្យរដ្ឋាភិបាលរុស្ស៊ីទទួលខុសត្រូវចំពោះទង្វើនេះ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីរដ្ឋាភិបាលជប៉ុនមួយរូបដែលបានថ្លែងនៅ ក្នុងសន្និសីទកាសែត។ លោក Hayashi បានពិភាក្សាជាមួយនឹងលោក Kuleba នៅក្រៅកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសរបស់ក្រុមប្រទេស G-7 នៅក្នុងប្រទេសអាល្លឺម៉ង់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba បានអំពាវនាវឱ្យក្រុមប្រទេស G-7 រឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ីនិងប្រើប្រាស់ទ្រព្យសម្បត្តិនោះដើម្បីជួយកសាងប្រទេសអ៊ុយក្រែនឡើងវិញ។ លោកបញ្ជាក់ដូច្នេះនៅពេលដែលលោកបានជួបជាមួយនឹងបណ្ដារដ្ឋមន្ត្រីការបរទេសផ្សេងទៀតនៃក្រុមប្រទេស G-7 នៅក្នុងប្រទេសអាល្លឺម៉ង់នៅថ្ងៃសុក្រនេះ។ លោក Kuleba លើកឡើងថា៖ «ថ្ងៃនេះ ខ្ញុំស្នើឱ្យក្រុមប្រទេស G-7 អនុម័តលើច្បាប់មួយនិងបង្កើតនីតិវិធីចាំបាច់ទាំងអស់ដែលត្រូវការដើម្បីរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ីនៅបរទេសនិងប្រគល់ទ្រព្យសម្បត្តិទាំងនោះឱ្យអ៊ុយក្រែន ដើម្បីឱ្យអ៊ុយក្រែនប្រើប្រាស់ថវិកាដែលបានមកពីទ្រព្យសម្បត្តិទាំងនោះសម្រាប់ការកសាងប្រទេសឡើងវិញ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- រដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេសអ្នកស្រី Liz Truss បាននិយាយនៅថ្ងៃសុក្រថា វាជារឿងសំខាន់បំផុតនៅក្នុងការរក្សាការដាក់សម្ពាធលើរុស្ស៊ីតាមរយៈការផ្គត់ផ្គង់សព្វាវុធបន្ថែមទៀតដល់អ៊ុយក្រែន និងការដាក់ទណ្ឌកម្មបន្ថែមទៀតលើរុស្ស៊ី។ អ្នកស្រីបានប្រាប់អ្នកកាសែតនៅពេលអ្នកស្រីធ្វើដំណើរដល់កន្លែងប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G-7 នៅភាគខាងជើងប្រទេសអាល្លឺម៉ង់ថា៖ «វាជារឿងសំខាន់បំផុតនៅពេលនេះដែលយើងរក្សាការដាក់សម្ពាធលើ [ប្រធានាធិបតីរុស្ស៊ី] លោក Vladimir Putin តាមរយៈការផ្គត់ផ្គង់សព្វាវុធបន្ថែមទៀតដល់អ៊ុយក្រែននិងការបង្កើនការដាក់ទណ្ឌកម្ម [លើរុស្ស៊ី]»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានចោទប្រកាន់សហភាពអឺរ៉ុបនៅថ្ងៃសុក្រថាបានប្រែក្លាយពី «វេទិកាសេដ្ឋកិច្ចដែលមានប្រយោជន៍» ទៅជា «អ្នកដើរតួយោធាដ៏គឃ្លើន ដែលប្រកាសអំពីមហិច្ឆតារបស់ខ្លួនផុតឆ្ងាយពីទ្វីបអឺរ៉ុបទៅទៀត»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- ប្រធានផ្នែកគោលនយោបាយការបរទេសនៃសហភាពអឺរ៉ុបលោក Josep Borrell បាននិយាយនៅថ្ងៃសុក្រថា សហភាពអឺរ៉ុបអាចនឹងផ្ដល់ការគាំទ្រផ្នែកយោធាក្នុងទឹកប្រាក់ ៥០០ លានអឺរ៉ូទៀតទៅឱ្យប្រទេសអ៊ុយក្រែន និងថា លោកមានភាពជឿជាក់ថាកិច្ចព្រមព្រៀងមួយទាក់ទិននឹងការហាមឃាត់ការនាំចូលប្រេងឥន្ធនៈពីរុស្ស៊ីអាចនឹងសម្រេចបាននៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋាភិបាលអ៊ុយក្រែនបានព្រមាននៅថ្ងៃសុក្រថា ការមិនដាក់បញ្ចូលណាមួយនូវការហាមឃាត់ការនាំចូលប្រេងឥន្ធនៈពីរុស្ស៊ី នៅក្នុងកញ្ចប់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបលើកនេះគឺបង្ហាញឱ្យឃើញអំពីទីបញ្ចប់នៃសាមគ្គីភាពរបស់សហភាពអឺរ៉ុប។ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba បានព្រមានថា៖ «ប្រសិនបើកញ្ចប់ [ទណ្ឌកម្ម] នេះត្រូវបានអនុម័តដោយគ្មានការហាមឃាត់ការនាំចូលប្រេងឥន្ធនៈ [ពីរុស្ស៊ី] ខ្ញុំជឿថា ប្រធានាធិបតី [រុស្ស៊ី] លោក Putin អាចអបអរសាទរ ពីព្រោះវានឹងក្លាយជាពេលដំបូងបង្អស់ដែលសាមគ្គីភាពរបស់សហភាពអឺរ៉ុបនឹងត្រូវបែកបាក់ ដោយសារតែគោលជំហររបស់ប្រទេសមួយដែលនោះគឺប្រទេសហុងគ្រី»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- ទីភ្នាក់ងារព័ត៌មាន RIAរបស់រុស្ស៊ីបានរាយការណ៍ថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅថ្ងៃសុក្របានពិភាក្សាជាមួយក្រុមប្រឹក្សាសន្តិសុខរបស់លោកអំពីលទ្ធភាពរបស់ប្រទេសហ្វាំងឡង់និងប្រទេសស៊ុយអែត នៅក្នុងការចូលជាសមាជិកអង្គការអូតង់ (NATO)។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បាននិយាយនៅថ្ងៃសុក្រថា វាមិនអាចទៅរួចនោះទេសម្រាប់ប្រទេសតួកគីដែលជាសមាជិកអង្គការអូតង់(NATO) នៅក្នុងការគាំទ្រគម្រោងរបស់ប្រទេសស៊ុយអែតនិងប្រទេសហ្វាំងឡង់ ក្នុងការចូលជាសមាជិកអង្គការអូតង់ ដោយសារតែប្រទេសស៊ុយអែតនិងហ្វាំងឡង់គឺជា «ជម្រករបស់អង្គការភេរវកម្មជាច្រើន»។ លោក Erdogan បានប្រាប់អ្នកកាសែតនៅក្នុងទីក្រុង Istanbul ប្រទេសតួកគីថា៖ «យើងកំពុងតាមដានព្រឹត្តិការណ៍វិវត្តន៍ទាក់ទិននឹងរឿងស៊ុយអែតនិងហ្វាំងឡង់ ប៉ុន្តែយើងមិនមានទស្សនៈវិជ្ជមាននោះទេ»។ លោក Erdogan បានបន្ថែមថា វាគឺជាកំហុសសម្រាប់អង្គការអូតង់ដែលទទួលយកប្រទេសក្រិកជាសមាជិកកាលពីអតីតកាល។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋមន្ត្រីការបរទេសស៊ុយអែតអ្នកស្រី Ann Linde បាននិយាយនៅថ្ងៃសុក្រថា សមាជិកភាពរបស់ប្រទេសស៊ុយអែតនៅក្នុងអង្គការអូតង់ (NATO) នឹងអាចមានឥទ្ធិពលជួយឱ្យមានស្ថិរភាពនិងផ្ដល់ប្រយោជន៍ដល់បណ្ដាប្រទេសនៅជុំវិញសមុទ្របាល់ទិក។ អ្នកស្រីបានបញ្ជាក់ដូច្នេះថា៖ «សមាជិកភាពរបស់ប្រទេសស៊ុយអែតនៅក្នុងអង្គការអូតង់នឹងបង្កើនកំហិតមិនឱ្យមានជម្លោះយោធា ហើយនឹងមានឥទ្ធិពលបង្ការជម្លោះនៅតំបន់ភាគខាងជើងនៃទ្វីបអឺរ៉ុប»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់បាននិយាយនៅថ្ងៃសុក្រថា អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានជំរុញប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅក្នុងការសន្ទនាតាមទូរស័ព្ទឱ្យយល់ព្រមឱ្យមានកិច្ចឈប់វាយប្រយុទ្ធគ្នានៅក្នុងប្រទេសអ៊ុយក្រែនឱ្យបានកាន់តែឆាប់តាមដែលអាចធ្វើទៅបាន។ អ្នកនាំពាក្យរូបនោះបានបន្ថែមថា កិច្ចឈប់វាយប្រយុទ្ធគ្នាគឺត្រូវការជាចាំបាច់ដើម្បីធ្វើឱ្យស្ថានភាពមនុស្សធម៌មានភាពប្រសើរឡើងនៅក្នុងប្រទេសអ៊ុយក្រែន និងដើម្បីអនុញ្ញាតឱ្យមានដំណើរវិវឌ្ឍទៅមុខនៃការស្វែងរកដំណោះស្រាយការទូតសម្រាប់សង្គ្រាមនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋាភិបាលរុស្ស៊ីបានបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ីលោកVladimir Putinបានពិភាក្សាជាមួយអធិការបតីអាល្លឺម៉ង់លោក Olaf Scholz នៅថ្ងៃសុក្រអំពីស្ថានការណ៍នៅក្នុងប្រទេសអ៊ុយក្រែននិងអំពីការជម្លៀសជនស៊ីវិលចេញពីរោងចក្រដែកថែប Azovstal នៅក្នុងទីក្រុង Mariupol។ បើយោងទៅលើអត្ថបទនៃការសន្ទនាតាមទូរស័ព្ទនេះដែលរដ្ឋាភិបាលរុស្ស៊ីបានផ្សព្វផ្សាយ លោក Putin បានប្រាប់លោក Scholz ថា ជនស៊ីវិលត្រូវបានជម្លៀសចេញពីរោងចក្រ Azovstal។ នេះបើយោងតាមបណ្ដាញព័ត៌មាន CNN។
- លោក Kyrylo Budanov ប្រធានផ្នែកស៊ើបការណ៍សម្ងាត់យោធារបស់ប្រទេសអ៊ុយក្រែនបាននិយាយនៅថ្ងៃសុក្រថា អ៊ុយក្រែននឹងប្រយុទ្ធដើម្បីកោះ Zmiinyi ដែលហៅថាកោះពស់ នៅក្នុងសមុទ្រខ្មៅ «មិនថាយូរប៉ុណ្ណានោះទេ»។ លោក Budanov បានបញ្ជាក់នៅក្នុងការថ្លែងតាមទូរទស្សន៍ថា៖ «អ្នកណាដែលគ្រប់គ្រងកោះនោះ អ្នកនោះអាចរាំងខ្ទប់គ្រប់ពេលទាំងអស់នូវការធ្វើដំណើររបស់នាវាស៊ីវិលមកពីគ្រប់ទិសទាំងអស់ចូលទៅកាន់ភាគខាងត្បូងប្រទេសអ៊ុយក្រែន»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រទេសអ៊ុយក្រែនបានកាត់ទោសទាហានរុស្ស៊ីម្នាក់នៅថ្ងៃសុក្រពីបទឧក្រិដ្ឋកម្មសង្គ្រាម។ លោក Vadim Shyshimarin ដែលជាពលបាលត្រីអាយុ ២១ ឆ្នាំ គឺជាទាហានរុស្ស៊ីដំបូងគេបង្អស់ដែលត្រូវបានកាត់ទោសពីបទឧក្រិដ្ឋកម្មសង្គ្រាមតាំងពីពេលដែលរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈមក។ រដ្ឋអាជ្ញាអ៊ុយក្រែនបាននិយាយថា លោក Shyshimarin បានបាញ់សម្លាប់ជនស៊ីវិលអ៊ុយក្រែនម្នាក់ចំក្បាល។ ប្រសិនបើត្រូវបានផ្តន្ទាទោស ជននេះនឹងត្រូវជាប់ពន្ធនាគារអស់មួយជីវិត។
- អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បាននិយាយនៅថ្ងៃសុក្រថា ការសម្រេចរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅក្នុងការបង្កើតការស៊ើបអង្កេតលើការរំលោភបំពានសិទ្ធិមនុស្សដែលប្រព្រឹត្តឡើងដោយកងទ័ពរុស្ស៊ីបានធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តរបស់ប្រទេសជាសមាជិកលើក្រុមប្រឹក្សាសិទ្ធិមនុស្សនេះ។ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានអនុម័តលើសេចក្ដីសម្រេចមួយកាលពីថ្ងៃព្រហស្បតិ៍ដោយមានសំឡេងគាំទ្រចំនួន ៣៣ និងសំឡេងប្រឆាំងចំនួន ២ ដែលសំឡេងប្រឆាំងនោះគឺប្រទេសចិននិងប្រទេសអេរីត្រេ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- លោក Chuck Schumer មេដឹកនាំគណបក្សប្រជាធិបតេយ្យនៃព្រឹទ្ធសភាអាមេរិក និងលោក Mitch McConnell មេដឹកនាំគណបក្សសាធារណរដ្ឋនៃព្រឹទ្ធសភាអាមរិកបានរួមកម្លាំងគ្នាក្នុងព្រឹត្តិការណ៍ដ៏កម្រមួយកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីព្យាយាមអនុម័តកញ្ចប់ជំនួយចំនួន ៤០ ពាន់លានដុល្លារសម្រាប់ប្រទេសអ៊ុយក្រែន ប៉ុន្តែការព្យាយាមអនុម័តនេះត្រូវបានបង្អាក់ដោយលោក Rand Paul សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋតំណាងរដ្ឋ Kentucky។ លោក Rand Paul ជំទាស់ទៅនឹងចំនួនថវិកាដែលបានស្នើឡើងនៅក្នុងសំណើច្បាប់នោះ។ ការជាប់គាំងនេះបានពន្យារពេលការអនុម័តលើកញ្ចប់ជំនួយនេះរហូតដល់សប្ដាហ៍ក្រោយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
២៣:១១
១២.៥.២០២២
ថ្ងៃព្រហស្បតិ៍ ទី ១២ ខែឧសភា៖
- ក្រសួងការបរទេសសហរដ្ឋអាមេរិកបានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken នឹងធ្វើដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់នៅថ្ងៃសៅរ៍ខាងមុខ ដើម្បីចូលរួមនៅក្នុងការប្រជុំរបស់រដ្ឋមន្ត្រីការបរទេសនានានៃអង្គការអូតង់ (NATO) អំពីការឆ្លើយតបរបស់ពួកគេចំពោះសង្គ្រាមនៅអ៊ុយក្រែន។ កាលពីខែមុន រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់បានអញ្ជើញរដ្ឋមន្ត្រីការបរទេសទាំងនេះឱ្យជួបប្រជុំគ្នាក្រៅផ្លូវការនៅក្នុងទីក្រុងប៊ែរឡាំង។
- រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអាល្លឺម៉ង់លោក Robert Habeck បានចោទប្រកាន់ប្រទេសរុស្ស៊ីនៅថ្ងៃព្រហស្បតិ៍នេះថាបានប្រើថាមពលជា «អាវុធ» បន្ទាប់ពីរុស្ស៊ីបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនថាមពលរបស់បស្ចិមប្រទេសនិងពន្យឺតលំហូរឧស្ម័នទៅទ្វីបអឺរ៉ុប។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមបស្ចិមប្រទេសបានរងគ្រោះធ្ងន់ធ្ងរជាងរុស្ស៊ីដោយសារទណ្ឌកម្មដែលដាក់លើរុស្ស៊ីទាក់ទិននឹងរឿងអ៊ុយក្រែន។ លោក Putin បានថ្លែងនៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ថា៖ «យើងឃើញការប៉ះពាល់នោះតាមរយៈការមើលលើការកើនឡើងខ្លាំងនៃអតិផរណានៅអឺរ៉ុប ដែលកើនឡើងជិត ២០% នៅតាមប្រទេសមួយចំនួន»។ លោកបានបន្ថែមថា៖ «វាបង្ហាញយ៉ាងច្បាស់ថា...ការបន្តគិតតែរឿងដាក់ទណ្ឌកម្មនេះនឹងឈានទៅដល់ផលវិបាកដ៏អាក្រក់បំផុតដោយចៀសមិនរួចសម្រាប់សហភាពអឺរ៉ុប សម្រាប់ពលរដ្ឋអឺរ៉ុប»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោកស្រី Annalena Baerbock បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G-7 នឹងពិភាក្សារកវិធីបញ្ចប់ការរាំងខ្ទប់ធញ្ញជាតិរបស់ប្រទេសអ៊ុយក្រែន ដើម្បីឱ្យអ៊ុយក្រែនអាចនាំចេញទៅកាន់ពិភពលោក។ លោកស្រីបានបញ្ជាក់ថា៖ «មានធញ្ញជាតិ ២៥ លានតោនដែលនៅពេលបច្ចុប្បន្ននេះត្រូវបាន [រុស្ស៊ី] រាំងខ្ទប់នៅឯកំពង់ផែក្រុង Odesa របស់អ៊ុយក្រែន»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- គណៈកម្មការអឺរ៉ុបនៃសហភាពអឺរ៉ុបបានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួននឹងធ្វើការជាមួយនឹងរដ្ឋាភិបាលនានានៅទ្វីបអឺរ៉ុបដើម្បីជួយអ៊ុយក្រែនឱ្យអាចនាំចេញធញ្ញជាតិរាប់លានតោនដែលជាប់គាំងនៅក្នុងប្រទេស ដោយសារតែកងទ័ពជើងទឹករបស់រុស្ស៊ីបានរាំងខ្ទប់កំពង់ផែរបស់អ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិបានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះថា ពលរដ្ឋដែលបានភៀសខ្លួនពីការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែនបានកើនលើស ៦ លាននាក់ហើយ ដែលនេះគឺជាវិបត្តិជនភៀសខ្លួនដ៏អាក្រក់បំផុតនៅក្នុងទ្វីបអឺរ៉ុបតាំងពីសម័យសង្គ្រាមលោកលើកទីពីរមក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកបានសន្យានៅថ្ងៃព្រហស្បតិ៍នេះថានឹងចាត់វិធានការឱ្យបានឆាប់នៅក្នុងការបញ្ចូលប្រទេសហ្វាំងឡង់ជាសមាជិករបស់អង្គការអូតង់ (NATO) បន្ទាប់ពីថ្នាក់ដឹកនាំហ្វាំងឡង់បានបង្ហាញការគាំទ្រសម្រាប់ការចូលជាសមាជិកនេះ ក្នុងស្ថានភាពដែលរុស្ស៊ីកំពុងឈ្លានពានអ៊ុយក្រែន។ សមាជិកព្រឹទ្ធសភាអាមេរិកលោក Bob Menendez ដែលជាប្រធានគណៈកម្មាធិការទំនាក់ទំនងកិច្ចការបរទេសនៃព្រឹទ្ធសភាសហរដ្ឋអាមេរិក និងសមាជិកព្រឹទ្ធសភាកំពូលខាងគណបក្សសាធារណរដ្ឋលោក Jim Risch បានបង្ហាញការគាំទ្រចំពោះកិច្ចប្រឹងប្រែងរបស់ហ្វាំងឡង់នេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- ខុទ្ទកាល័យប្រធានាធិបតីបារាំងបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា លោកប្រធានាធិបតី Emmanuel Macron បានប្រាប់ប្រធានាធិបតីហ្វាំងឡង់លោក Sauli Nijnisto នៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសបារាំងគាំទ្រពេញទំហឹងលើជម្រើសរបស់ប្រទេសហ្វាំងឡង់នៅក្នុងការចូលជាសមាជិករបស់អង្គការអូតង់ (NATO)។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានអនុម័តលើសេចក្ដីសម្រេចមួយនៅថ្ងៃព្រហស្បតិ៍នេះដើម្បីបង្កើតការស៊ើបអង្កេតលើករណីដែលអាចមានឧក្រិដ្ឋកម្មសង្គ្រាមប្រព្រឹត្តិឡើងដោយកងទ័ពរុស្ស៊ីនៅក្នុងតំបន់រដ្ឋធានីកៀវនៃប្រទេសអ៊ុយក្រែននិងតំបន់ផ្សេងៗទៀត។ សមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានអនុម័តលើសេចក្ដីសម្រេចនេះក្នុងសំឡេងភាគច្រើនលើសលប់ (គាំទ្រចំនួន ៣៣ សំឡេងងនិងមិនគាំទ្រចំនួន ២ សំឡេង) ដើម្បីបញ្ជាឱ្យគណៈកម្មការស៊ើបអង្កេតធ្វើការស៊ើបអង្កេតលើព្រឹត្តិការណ៍នានាដែលបានកើតឡើងនៅតំបន់ជុំវិញរដ្ឋធានីកៀវនិងតំបន់ផ្សេងៗទៀតដូចជាតំបន់ Sumy ជាដើម ដែលធ្លាប់ត្រូវបានកងទ័ពរុស្ស៊ីកាន់កាប់ជាបណ្ដោះអាសន្ន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋាភិបាលអ៊ុយក្រែនបានថ្កោលទោស «អំពើដ៏រន្ធត់និងតក់ស្លុត» និង «អំពើអាក្រក់ពិតប្រាកដ» នៃសង្គ្រាមរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។ រដ្ឋាភិបាលអ៊ុយក្រែនបានថ្កោលទោស ដូច្នេះនៅក្នុងកិច្ចប្រជុំវិសាមញ្ញមួយរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅថ្ងៃព្រហស្បតិ៍អំពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ អនុរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនអ្នកស្រី Emine Dzhaparova បាននិយាយថា រុស្ស៊ីបានប្រព្រឹត្ត «ការរំលោភសិទ្ធិមនុស្សដ៏គួរឱ្យរន្ធត់តក់ស្លុតបំផុតនៅក្នុងទ្វីបអឺរ៉ុបអស់រយៈពេលរាប់ទសវត្សរ៍មកហើយ»។ អ្នកស្រីបានថ្លែងបន្តថា៖ «ទារុណកម្មនិងការបាត់ខ្លួនដោយបង្ខំ អំពើហិង្សាផ្លូវភេទនិងអំពើហិង្សាយេនឌ័រ គឺជាឧក្រិដ្ឋកម្មមួយចំនួនដែលរុស្ស៊ីបានប្រព្រឹត្ត [នៅអ៊ុយក្រែន]»។ អ្នកស្រីបានបន្ថែមថា៖ «មានតែពេលដែលពិភពលោករួមសាមគ្គីខ្លាំងក្លាជាមួយនឹងប្រជាពលរដ្ឋអ៊ុយក្រែនតែប៉ុណ្ណោះ ដែលអាចយកឈ្នះលើអំពើអាក្រក់ពិតប្រាកដនេះបាន»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- អតីតប្រធានាធិបតីរុស្ស៊ីលោក Dmitry Medvedev ដែលជាមនុស្សដ៏ជំនិតបំផុតម្នាក់របស់ប្រធានាធិបតីរុស្ស៊ីលោកVladimir Putin បានព្រមានក្រុមបណ្តាបស្ចិមប្រទេសនៅថ្ងៃព្រហស្បតិ៍ថា ការបង្កើនការគាំទ្រផ្នែកយោធាចំពោះអ៊ុយក្រែនដែលសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់អាមេរិកបានធ្វើ ប្រឈមនឹងការបង្កឱ្យមានសង្គ្រាមរវាងរុស្ស៊ីនិងអង្គការអូតង់(NATO)។ លោក Medvedev ដែលនៅពេលបច្ចុប្បន្ននេះ គឺជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បាននិយាយថា សង្គ្រាមដូចនេះជាមួយនឹងអង្គការអូតង់តែងតែប្រឈមនឹងហានិភ័យនៅក្នុងការក្លាយទៅជាសង្គ្រាមនុយក្លេអ៊ែរពេញទំហឹង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋាភិបាលរុស្ស៊ីបានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍ថា វិធានការរបស់ប្រទេសហ្វាំងឡង់នៅក្នុងការចូលជាសមាជិករបស់អង្គការអូតង់គឺ «ពិតជា» ការគំរាមកំហែងចំពោះប្រទេសរុស្ស៊ី និងថា ការពង្រីកសមាជិកភាពរបស់អង្គការអូតង់ នឹងមិនធ្វើឱ្យទ្វីបអឺរ៉ុបឬក៏ពិភពលោកមានស្ថិរភាពជាងមុននោះទេ។ អ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ីលោក Dmitry Peskovបានថ្លែងទៅកាន់អ្នកកាសែតតាមវីដេអូអនឡាញថា ជំហានដែលហ្វាំងឡង់បានធ្វើនៅក្នុងការចូលជាសមាជិករបស់អង្គការអូតង់ គឺជាបុព្វហេតុនៃវិប្បដិសារី និងជាមូលហេតុដែលរុស្ស៊ីនឹងធ្វើការឆ្លើយតបឱ្យបានសមស្រប។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- អ្នកនាំពាក្យក្រសួងការពារជាតិសហរដ្ឋអាមេរិកលោក John Kirby បានបញ្ជាក់ប្រាប់ទូរទស្សន៍ MSNBC នៅក្នុងកិច្ចសម្ភាសន៍មួយនៅថ្ងៃព្រហស្បតិ៍ថា ការចូលជាសមាជិករបស់ប្រទេសហ្វាំងឡង់នៅក្នុងអង្គការអូតង់ នឹងក្លាយជាប្រវត្តិសាស្ត្រ។ លោកបានបន្ថែមថា ការបញ្ចូលប្រទេសហ្វាំងឡង់ទៅក្នុងអង្គការអូតង់ គឺមិនពិបាកនោះទេ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- អគ្គលេខាធិការអង្គការអូតង់ (NATO) លោក Jens Stoltenberg បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា សមាជិកភាពរបស់ប្រទេសហ្វាំងឡង់នៅក្នុងអង្គការអូតង់នឹងជួយពង្រឹងទាំងអង្គការអូតង់និងទាំងប្រទេសហ្វាំងឡង់។ លោក Stoltenberg បានលើកឡើងថា៖ «ប្រសិនបើហ្វាំងឡង់សម្រេចដាក់ពាក្យ អង្គការអូតង់នឹងស្វាគមន៍យ៉ាងកក់ក្ដៅ ហើយដំណើរការចូលជាសមាជិកនឹងប្រព្រឹត្តទៅដោយរលូននិងលឿន»។ លោកថ្លែងដូច្នេះ បន្ទាប់ពីប្រទេសហ្វាំងឡង់បានប្រកាសអំពីគោលបំណងរបស់ខ្លួននៅក្នុងការដាក់ពាក្យចូលជាសមាជិកអង្គការអូតង់ «ដោយគ្មានការពន្យារពេល»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រធានាធិបតីហ្វាំងឡង់លោក Sauli Nijnisto និងនាយរដ្ឋមន្ត្រីហ្វាំងឡង់អ្នកស្រី Sanna Marin បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍រួមនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសហ្វាំងឡង់គួរតែដាក់ពាក្យចូលជាសមាជិកអង្គការអូតង់ (NATO)។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋាភិបាលស៊ុយអែតមានគម្រោងដាក់ពាក្យចូលជាសមាជិកអង្គការអូតង់នៅសប្ដាហ៍ក្រោយ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់កាសែត Expressen នៅថ្ងៃព្រហស្បតិ៍។ កាសែត Expressen បានបញ្ជាក់ដោយយោងលើប្រភពមិនបញ្ចេញឈ្មោះថា រដ្ឋសភាស៊ុយអែតនឹងជជែកដេញដោលអំពីស្ថានការណ៍សន្តិសុខនៅថ្ងៃចន្ទ ហើយបន្ទាប់មកនាយករដ្ឋមន្ត្រីស៊ុយអែតអ្នកស្រី Magdalena Anderson នឹងកោះប្រជុំគណៈរដ្ឋមន្ត្រី ដែលនៅក្នុងការប្រជុំពិសេសនោះ ការសម្រេចជាផ្លូវការនៅក្នុងការដាក់ពាក្យចូលជាសមាជិកអង្គការអូតង់នឹងត្រូវសម្រេចឡើង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba បាននិយាយនៅថ្ងៃព្រហស្បតិ៍នៅក្នុងទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ថា អ៊ុយក្រែនចង់បានកន្លែងមួយរក្សាទុកក្នុងសហភាពអឺរ៉ុប បើទោះបីជាការទទួលបានសមាជិកភាពពេញសិទ្ធិអាចត្រូវចំណាយពេលយូរក៏ដោយ។ លោក Kuleba បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ ARD របស់អាល្លឺម៉ង់ថា៖ «វាមិនមែនជារឿងដែលអ៊ុយក្រែនត្រូវចូលជាសមាជិករបស់សហភាពអឺរ៉ុបឱ្យបានលឿនបំផុតនោះទេ។ ប៉ុន្តែអ្វីដែលសំខាន់បំផុតសម្រាប់អ៊ុយក្រែនគឺអ៊ុយក្រែនចង់បានកន្លែងមួយរក្សាទុកសម្រាប់ខ្លួន [នៅក្នុងសហភាពអឺរ៉ុប]»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Boris Johnson បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ការធ្វើឱ្យទំនាក់ទំនងមានប្រក្រតីភាពឡើងវិញជាមួយនឹងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នឹងមិនអាចធ្វើបាននោះទេ បន្ទាប់ពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន។ នៅពេលសួរក្នុងអំឡុងកិច្ចសម្ភាសន៍មួយជាមួយនឹងវិទ្យុ LBC ថា តើលោក Putin អាចត្រូវគេស្វាគមន៍ឡើងវិញនៅលើឆាកអន្តរជាតិឬក៏យ៉ាងណានោះ ប្រសិនបើលោកដឹងកំហុស លោក Johnson បានឆ្លើយថា៖ «ចម្លើយដ៏ខ្លីគឺថាមិនអាចទេ។ គ្មានការធ្វើឱ្យមានប្រក្រតីភាពឡើងវិញទេ ហើយចក្រភពអង់គ្លេសមានភាពច្បាស់លាស់ពិតប្រាកដចំពោះរឿងនេះ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រទេសជប៉ុននិងសហភាពអឺរ៉ុបបានទាមទារឱ្យប្រទេសរុស្ស៊ីបញ្ចប់ជាបន្ទាន់នូវការឈ្លានពានរបស់ខ្លួនលើប្រទេសអ៊ុយក្រែន និងបានបញ្ជាក់ថា ពួកគេគាំទ្រឱ្យមាន «ការពង្រីកបន្ថែមទៀតនូវការដាក់ទណ្ឌកម្មលើរុស្ស៊ី»។ នៅក្នុងសេចក្ដីថ្លែងការណ៍រួមដែលបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ នៅក្រោយការពិភាក្សារបស់រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Fumio Kishida ប្រធានក្រុមប្រឹក្សាអឺរ៉ុបនៃសហភាពអឺរ៉ុបលោក Charles Michel និងប្រធានគណៈកម្មការអឺរ៉ុបនៃសហភាពអឺរ៉ុបអ្នកស្រី Ursula von der Leyen សហភាពអឺរ៉ុបនិងជប៉ុនបានលើកឡើងថា ពួកគេនឹងសម្របសម្រួលលើការគាំទ្រផ្នែកនយោបាយ ហិរញ្ញវត្ថុ និងមនុស្សធម៌ចំពោះប្រទេសអ៊ុយក្រែន។ ពួកគេក៏បានសន្យាផងដែរនៅក្នុងការបន្ធូរបន្ថយផលប៉ះពាល់ផ្សេងទៀតដោយសារសង្គ្រាមនេះ ដែលក្នុងនោះរួមមានទាំងការធ្វើការដើម្បីធ្វើឱ្យទីផ្សារថាមពលពិភពលោកមានស្ថិរភាពផងដែរ។
២២:៣៣
១១.៥.២០២២
ថ្ងៃពុធ ទី ១១ ខែឧសភា៖
- រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Llyod Austin បាននិយាយនៅថ្ងៃពុធនេះថា សហរដ្ឋអាមេរិកមិនជឿថាប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ចង់ចាត់វិធានការបែបយោធាលើអង្គការអូតង់ (NATO) នោះទេ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Ryabkov និងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសរុស្ស៊ីលោក John Sullivan បានជួបពិភាក្សាគ្នានៅក្នុងទីក្រុងមូស្គូនៅថ្ងៃពុធនេះ។ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសរុស្ស៊ីបានបញ្ជាក់ថា៖ «សហរដ្ឋអាមេរិកនៅតែតាំងចិត្តចំពោះការបើកច្រកទំនាក់ទំនងជាមួយនឹងរដ្ឋាភិបាលរុស្ស៊ី ដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រយោជន៍របស់សហរដ្ឋអាមេរិកនិងដើម្បីកាត់បន្ថយហានិភ័យនៃការប៉ាន់ស្មានខុសរវាងសហរដ្ឋអាមេរិកនិងរុស្ស៊ី»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- នាយករដ្ឋមន្ត្រីអ៊ីតាលីលោក Mario Draghi បាននិយាយនៅថ្ងៃពុធនេះថា សហរដ្ឋអាមេរិកនិងរុស្ស៊ីត្រូវតែពិភាក្សាជាមួយគ្នាដើម្បីព្យាយាមបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។ លោក Draghi ថ្លែងដូច្នេះក្នុងពេលមួយថ្ងៃក្រោយមក បន្ទាប់ពីលោកបានជួបប្រជុំជាមួយនឹងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden។ លោក Draghi បានបញ្ជាក់នៅក្នុងសន្និសីទកាសែតថា លោកនិងលោក Biden បានទទួលស្គាល់ថា វិថីឆ្ពោះទៅរកសន្តិភាពមានភាពស្មុគស្មាញខ្លាំង ប៉ុន្តែលោកបានលើកឡើងថា ភាគីនីមួយៗចាំបាច់ត្រូវប្រឹងប្រែងដើម្បីជួយរុស្ស៊ីនិងអ៊ុយក្រែននៅក្នុងការស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាម។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ុយក្រែនលោក Sergiy Marchenko បានអំពាវនាវនៅថ្ងៃពុធនេះឱ្យអ្នកផ្ដល់ជំនួយអន្តរជាតិ «បង្កើនជាអតិបរមា» នូវកិច្ចប្រឹងប្រែងដើម្បីជួយអ៊ុយក្រែនបន្ទាប់ពីរុស្ស៊ីបានឈ្លានពាន។ លោក Marchenko បានបញ្ជាក់នៅក្នុងការប្រជុំប្រចាំឆ្នាំរបស់ធនាគារអភិវឌ្ឍន៍អឺរ៉ុបក្នុងទីក្រុង Marrakesh ប្រទេសម៉ារ៉ុកថា៖ «នៅពេលដែលការពារប្រទេសរបស់យើងនិងប្រយុទ្ធជាមួយនឹងរុស្ស៊ី យើងប្រថុយគ្រោះថ្នាក់ខ្លាំងបំផុត...ដើម្បីឱ្យអ៊ុយក្រែនអាចឈ្នះសង្គ្រាមនេះ»។ លោកបានបន្ថែមនៅក្នុងសុន្ទរកថាតាមវីដេអូថា៖ «ដូច្នេះ យើងនឹងដឹងគុណប្រសិនបើអ្នកហ៊ានប្រថុយផ្ដល់ [ហិរញ្ញវត្ថុ] តិចតួចដើម្បីជួយអ៊ុយក្រែនឱ្យឈ្នះសង្គ្រាមនេះ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បាននិយាយនៅថ្ងៃពុធថា ការចរចាសន្តិភាពអំពីអ៊ុយក្រែននឹងមកដល់នៅពេលណាមួយ ប៉ុន្តែនឹងមិនមកដល់ក្នុងពេលឆាប់ៗខាងមុខនេះទេ។ លោក Guterres បានបញ្ជាក់នៅក្នុងសន្និសីទកាសែតមួយជាមួយប្រធានាធិបតីអូទ្រីសលោកAlexander Van der Bellenថា៖ «សង្គ្រាមនេះនឹងមិនបន្តរហូតទេ។ ការចរចាសន្តិភាពនឹងកើតឡើងក្នុងពេលណាមួយ»។ លោកបានបន្ថែមថា៖ «ខ្ញុំគិតថា ការចរចាសន្តិភាពនេះនឹងមិនកើតឡើងក្នុងពេលឆាប់ៗខាងមុខនេះទេ ប៉ុន្តែខ្ញុំអាចនិយាយរឿងមួយ ដែលនោះគឺថាយើងនឹងមិនបោះបង់ចោលនោះឡើយ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋាភិបាលរុស្ស៊ីបានបញ្ជាក់នៅថ្ងៃពុធថា វាអាស្រ័យលើពលរដ្ឋដែលរស់នៅក្នុងតំបន់ Kherson ដែលជាតំបន់គ្រប់គ្រងដោយរុស្ស៊ីនៅភាគខាងត្បូងប្រទេសអ៊ុយក្រែន ជាអ្នកសម្រេចថាតើពួកគេចង់ចូលជាផ្នែកមួយរបស់រុស្ស៊ីឬក៏យ៉ាងណានោះ ប៉ុន្តែការសម្រេចណាមួយដូចនេះត្រូវតែមានមូលដ្ឋានច្បាប់ច្បាស់លាស់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- តំបន់ Kherson ដែលគ្រប់គ្រងដោយរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែនមានគម្រោងស្នើប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ឱ្យបញ្ចូលខ្លួនទៅជាផ្នែកមួយនៃប្រទេសរុស្ស៊ី។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន TASS របស់រុស្ស៊ីនៅថ្ងៃពុធដែលយោងលើមន្ត្រីមួយរូបនៃរដ្ឋបាលដែលគ្រប់គ្រងដោយរុស្ស៊ីនៃតំបន់ Kherson។ រុស្ស៊ីបានបញ្ជាក់កាលពីខែមេសាថា ខ្លួនបានដណ្ដើមកាន់កាប់តំបន់ Khersonទាំងស្រុង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បាននិយាយនៅថ្ងៃពុធថា រដ្ឋាភិបាលរុស្ស៊ីមិនចង់ឱ្យមានសង្គ្រាមនៅក្នុងទ្វីបអឺរ៉ុបទេ ប៉ុន្តែក្រុមបស្ចិមប្រទេសមានបំណងចង់ឱ្យរុស្ស៊ីបរាជ័យនៅក្នុងយុទ្ធនាការយោធារបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រធានផ្នែកពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបលោក Valdis Dombrovskis បាននិយាយនៅក្នុងកិច្ចប្រជុំរបស់ធនាគារអឺរ៉ុបសម្រាប់ការកសាងឡើងវិញនិងអភិវឌ្ឍន៍ (EBRD) ក្នុងទីក្រុង Marrakech ប្រទេសម៉ារ៉ុកថា សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែននឹងធ្វើឱ្យការរីកចម្រើនសេដ្ឋកិច្ចមានដំណើរយឺតយ៉ាវនៅក្នុងសហភាពអឺរ៉ុប ប៉ុន្តែនឹងមិនធ្វើឱ្យរាំងស្ទះដល់ការរីកចម្រើនសេដ្ឋកិច្ចទេ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋមន្ត្រីការបរទេសហុងគ្រីលោកPeter Szijjarto បាននិយាយនៅថ្ងៃពុធថា សំណើរបស់សហភាពអឺរ៉ុបលើការហាមឃាត់ការនាំចូលប្រេងឥន្ធនៈពីរុស្ស៊ីនឹងបំផ្លាញដល់សេដ្ឋកិច្ចរបស់ហុងគ្រី ហើយនឹងមិនផ្ដល់ដំណោះស្រាយណាមួយសម្រាប់បញ្ហាធំដែលទណ្ឌកម្មនេះនឹងបង្កើតសម្រាប់ប្រទេសហុងគ្រីនោះឡើយ។ លោក Szijjarto បានថ្លែងថា សហភាពអឺរ៉ុបមិនមានដំណោះស្រាយណាមួយនោះទេ ដូច្នេះដំណោះ ស្រាយតែមួយគត់សម្រាប់កិច្ចព្រមព្រៀងស្ដីពីការហាមឃាត់ការនាំចូលប្រេងឥន្ធនៈនេះគឺថាការហាមឃាត់នេះគួរសំដៅលើតែការហាមឃាត់ការដឹកជញ្ជូនប្រេងឥន្ធនៈតាមសមុទ្រតែប៉ុណ្ណោះ ដោយលើកលែងទាំងស្រុងនូវការបញ្ជូនប្រេងឥន្ធនៈរបស់រុស្ស៊ីតាមបំពង់បង្ហូរប្រេង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ការបញ្ជូនឧស្ម័នរបស់រុស្ស៊ីទៅអឺរ៉ុបកាត់តាមប្រទេសអ៊ុយក្រែនបានធ្លាក់ចុះនៅថ្ងៃពុធ បន្ទាប់ពីរដ្ឋាភិបាលអ៊ុយក្រែនបានបញ្ជាក់ថា ខ្លួនបានផ្អាកការបញ្ជូនឧស្ម័ននេះតាមបំពង់បង្ហូរឧស្ម័នដ៏សំខាន់មួយ ដោយសារតែប្រតិបត្តិការយោធារបស់រុស្ស៊ីបានរុលចូលដល់ទីនោះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- អតីតប្រធានាធិបតីរុស្ស៊ីលោក Dmitry Medvedev បានចោទប្រកាន់សហរដ្ឋអាមេរិកនៅថ្ងៃពុធថាបានបង្ក «សង្គ្រាមប្រយោល» ប្រឆាំងនឹងរុស្ស៊ី បន្ទាប់ពីរដ្ឋសភាសហរដ្ឋអាមេរិកបានអនុម័តកញ្ចប់ជំនួយចំនួនជិត៤០ពាន់លានដុល្លារសម្រាប់ប្រទេសអ៊ុយ ក្រែន។ លោក Medvedev បានបន្ថែមថា សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនឹងរង គ្រោះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានថ្លែងអំណរគុណដល់រដ្ឋ សភាសហរដ្ឋអាមេរិកសម្រាប់ការអនុម័តលើជំនួយផ្នែកយោធានិងមនុស្សធម៌ចំនួនជិត៤០ពាន់លានដុល្លារសម្រាប់ប្រទេសអ៊ុយក្រែន។
- រដ្ឋសភាសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារម្សិលមិញបានអនុម័តសំណើច្បាប់មួយដែលអនុញ្ញាតឱ្យមានការផ្ដល់ជំនួយថ្មីផ្នែកយោធានិងមនុស្សធម៌ចំនួនជិត ៤០ ពាន់លានដុល្លារដល់ប្រទេសអ៊ុយក្រែន។ ជំនួយថ្មីនេះមានចំនួន៧ពាន់លានដុល្លារច្រើនជាងអ្វីដែលប្រធានាធិបតីអាមេរិកបានស្នើកាលពីសប្ដាហ៍មុន។ សំណើច្បាប់នេះទាមទារឱ្យមានការអនុម័តពីព្រឹទ្ធសភាទើបអាចចូលជាធរមានបាន។