២១:៣០
១០.៥.២០២២
ថ្ងៃអង្គារ ទី ១០ ខែឧសភា៖
- នាយករដ្ឋមន្ត្រីអ៊ីតាលីលោក Mario Draghi បានធ្វើដំណើរទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិកនៅថ្ងៃអង្គារនេះដើម្បីពិភាក្សាជាមួយនឹងប្រធានាធិបតីអាមេរិកលោក Joe Biden ដែលបញ្ហានៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនគ្របដណ្ដប់លើការពិភាក្សានោះ។ ជំនួបនៅសេតវិមាននេះធ្វើឡើងនៅមុនកិច្ចប្រជុំកំពូលដ៏សំខាន់របស់ក្រុមប្រទេស G-7 និងរបស់អង្គការអូតង់ (NATO) នៅក្នុងទ្វីបអឺរ៉ុបចូលមកដល់នៅខែក្រោយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- លោក Chuck Schumer មេដឹកនាំគណបក្សប្រជាធិបតេយ្យនៃព្រឹទ្ធសភាសហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃអង្គារនេះថា ព្រឹទ្ធសភាសហរដ្ឋអាមេរិកនឹងចាត់វិធានការលើកញ្ចប់ជំនួយសម្រាប់អ៊ុយក្រែនឱ្យបានកាន់តែឆាប់តាមដែលអាចធ្វើទៅបាន នៅពេលណាដែលរដ្ឋសភាបានអនុម័តលើសំណើច្បាប់នេះ។ សភាសហរដ្ឋអាមេរិកកំពុងពិចារណាបញ្ជូនជំនួយបន្ថែមជិត ៤០ ពាន់លានដុល្លារទៀតទៅឱ្យប្រទេសអ៊ុយក្រែន ដើម្បីឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba បាននិយាយនៅថ្ងៃអង្គារនេះថា សមាជិកភាពរបស់ប្រទេសអ៊ុយក្រែននៅក្នុងសហភាពអឺរ៉ុបគឺជាសំណួរនៃ «សង្គ្រាមនិងសន្តិភាព» នៅទ្វីបអឺរ៉ុប។ លោកបានបញ្ជាក់នៅក្នុងសន្និសីទកាសែតមួយថា៖ «ខ្ញុំចង់សង្កត់ធ្ងន់ថា សមាជិកភាពរបស់អ៊ុយក្រែននៅក្នុងសហភាពអឺរ៉ុបគឺជារឿងនៃសង្គ្រាមនិងសន្តិភាពនៅក្នុងទ្វីបអឺរ៉ុប»។ លោកបានបន្ថែមថា៖ «មូលហេតុមួយដែលសង្គ្រាមនេះបានចាប់ផ្ដើមឡើងគឺថា [ប្រធានាធិបតីរុស្ស៊ីលោក Vladimir] Putin បានជឿថា ទ្វីបអឺរ៉ុបមិនត្រូវការអ៊ុយក្រែន»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- លោកស្រី Avril Haines ប្រធានផ្នែកស៊ើបការណ៍សម្ងាត់ជាតិរបស់សហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃអង្គារនេះថា សហរដ្ឋអាមេរិកជឿថាប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កំពុងត្រៀមលក្ខណៈសម្រាប់សង្គ្រាមរយៈពេលយូរនៅក្នុងប្រទេសអ៊ុយក្រែន ហើយជ័យជម្នះរបស់រុស្ស៊ីនៅក្នុងតំបន់ Donbas នៅភាគខាងកើតប្រទេសអ៊ុយក្រែនប្រហែលជានឹងមិនអាចបញ្ចប់សង្គ្រាមនេះបានទេ។ លោកស្រី Haines បានប្រាប់សមាជិកសភាសហរដ្ឋអាមេរិកថា៖ «យើងវាយតម្លៃថា លោកប្រធានាធិបតី Putin កំពុងត្រៀមលក្ខណៈសម្រាប់សង្គ្រាមរយៈពេលវែងនៅក្នុងប្រទេសអ៊ុយក្រែន ដែលនៅក្នុងអំឡុងពេលសង្គ្រាមនេះលោកនៅមានបំណងសម្រេចឱ្យបានគោលដៅផុតពីតំបន់ Donbas ទៅទៀត»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសរុស្ស៊ីបានចាប់ផ្ដើមវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកាលពីចុងខែកុម្ភៈលើបណ្ដាញសារគមនាគមន៍ផ្កាយរណបពាណិជ្ជកម្ម ដើម្បីបង្អាក់ដល់ប្រព័ន្ធបញ្ជានិងគ្រប់គ្រងរបស់អ៊ុយក្រែនក្នុងអំឡុងពេលនៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ លោក Blinken បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា សកម្មភាពទាំងនេះជះផលប៉ះពាល់ដល់បណ្ដាប្រទេសផ្សេងទៀតនៅអឺរ៉ុប។ លោក Blinken បានបន្តថា សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តនិងដៃគូរបស់ខ្លួនកំពុងចាត់វិធានការដើម្បីទប់ទល់នឹងសកម្មភាពទាំងនេះរបស់រុស្ស៊ី។ លោក Blinken បានបន្ថែមថា សហរដ្ឋអាមេរិកបានបង្កើតយន្តការថ្មីដើម្បីជួយអ៊ុយក្រែននៅក្នុងការកំណត់រកការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិតនិងការងើបចេញពីហេតុការណ៍នានាដែលកើតឡើងតាមប្រព័ន្ធអ៊ីនធឺណិត។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់នៅថ្ងៃអង្គារថា រុស្ស៊ីនឹងមិនចូលរួមនៅក្នុងកិច្ចប្រជុំពិសេសរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិអំពីអ៊ុយក្រែននៅថ្ងៃព្រហស្បតិ៍ខាងមុខនេះទេ។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីអ្នកស្រី Maria Zakharova បាននិយាយនៅថ្ងៃអង្គារថា៖ «គណៈប្រតិភូរុស្ស៊ីនឹងមិនផ្ដល់ភាពស្របច្បាប់តាមរយៈវត្តមានរបស់ខ្លួនចំពោះឆាកល្ខោននយោបាយថ្មីដែលរៀបចំក្រោមរូបភាពកិច្ចប្រជុំពិសេសនេះទេ»។ អ្នកស្រីបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «ជាអកុសល ការអះអាងនិងការពន្យល់របស់យើងអំពីគោលបំណងពិតប្រាកដនៃប្រតិបត្តិការយោធាពិសេសនេះនិងអំពីស្ថានការណ៍ពិតប្រាកដនៅសមរភូមិត្រូវបានគេធ្វើព្រងើយកន្តើយដាក់ទាំងស្រុង»។ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជា ជាតិបានប្រកាសកាលពីថ្ងៃចន្ទម្សិលមិញថា ខ្លួននឹងរៀបចំកិច្ចប្រជុំពិសេសមួយនៅថ្ងៃព្រហស្បតិ៍ខាងមុខតាមសំណើរបស់រដ្ឋាភិបាលអ៊ុយក្រែនដើម្បីពិនិត្យលើ«ស្ថានភាពសិទ្ធិមនុស្សដែលកាន់តែដុនដាបឡើងនៅក្នុងប្រទេសអ៊ុយក្រែនដែលកើតឡើងដោយសារភាពគឃ្លើនរបស់រុស្ស៊ី»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- ប្រទេសរុស្ស៊ីគ្មានគម្រោងបិទស្ថានទូតរបស់ខ្លួននៅទ្វីបអឺរ៉ុបដើម្បីឆ្លើយតបទៅនឹងវិធានការអមិត្តរបស់ក្រុមបស្ចិមប្រទេសនិងការពង្រីកទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីនោះទេ។ នេះបើយោងតាមសេចក្ដីរាយការណ៍នៅថ្ងៃអង្គារនេះរបស់ទីភ្នាក់ងារព័ត៌មាន RIA របស់រុស្ស៊ីដែលបានយោងលើសម្ដីរបស់អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Alexander Grushko។ លោក Grusko និយាយដូច្នេះថា៖ «នេះមិនមែនជាទម្លាប់របស់យើងនោះឡើយ»។ លោកបានបន្ថែមថា៖ «យើងជឿថា កិច្ចការរបស់ការិយាល័យអ្នកតំណាងការទូតគឺសំខាន់»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោកស្រី Annalena Baerbock និងរដ្ឋមន្ត្រីការបរទេសហូឡង់លោក Wopke Hoekstra បានធ្វើទស្សនកិច្ចដ៏ភ្ញាក់ផ្អើលទៅកាន់តំបន់នានាដែលខ្ទេចខ្ទាំដោយសារសង្គ្រាមនៅជុំវិញរដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែននៅថ្ងៃអង្គារ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយនៅថ្ងៃអង្គារថា កញ្ចប់ទណ្ឌកម្មលើកទី៦របស់សហភាពអឺរ៉ុបដែលគ្រោងឡើងដើម្បីប្រឆាំងនឹងរុស្ស៊ី ដែលក្នុងនោះរួមមានទាំងការហាមឃាត់ការនាំចូលប្រេងឥន្ធនៈពីរុស្ស៊ីផងដែរ គឺត្រូវការជាចាំបាច់។ លោក Zelenskyy បានប្រាប់រដ្ឋសភាស្លូវ៉ាគីនៅក្នុងសុន្ទរកថាតាមវីដេអូថា៖ «ឥឡូវនេះកញ្ចប់ទណ្ឌកម្មលើកទី ៦ [របស់សហភាពអឺរ៉ុប]នឹងត្រូវអនុម័ត ហើយវាគឺពិតជាកញ្ចប់ទណ្ឌកម្មដែលយើងត្រូវការ ហើយជាងនេះទៀត ការដាក់ទណ្ឌកម្មលើថាមពល [របស់រុស្ស៊ី] ក៏ត្រូវការផងដែរ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- លោក Clement Beaune រដ្ឋលេខាធិការក្រសួងការបរទេសបារាំងទទួលបន្ទុកកិច្ចការទ្វីបអឺរ៉ុបបាននិយាយថា បណ្ដាប្រទេសសមាជិកសហភាពអឺរ៉ុបអាចសម្រេចបាននូវកិច្ចព្រមព្រៀងមួយនៅសប្ដាហ៍នេះអំពីសំណើរបស់គណៈកម្មការអឺរ៉ុបនៃសហភាពអឺរ៉ុបនៅក្នុងការរារាំងការនាំចូលប្រេងឥន្ធនៈទាំងអស់ពីប្រទេសរុស្ស៊ី។ លោកបានប្រាប់ទូរទស្សន៍ LCI ថា៖ «ខ្ញុំគិតថា យើងអាចសម្រេចបាននូវកិច្ចព្រមព្រៀងមួយនៅសប្ដាហ៍នេះ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋមន្ត្រីឧស្សាហកម្មជប៉ុនលោក Koichi Hagiuda បាននិយាយនៅថ្ងៃអង្គារថា ជប៉ុននឹងសម្រេចអំពីពេលវេលានិងវិធីនៃការហាមឃាត់ការនាំចូលប្រេងឥន្ធនៈពីរុស្ស៊ី ហើយស្របពេលនោះដែរនឹងពិចារណាអំពីស្ថានភាពពិតប្រាកដ។ លោក Hagiuda ថ្លែងដូច្នេះ បន្ទាប់ពីជប៉ុនបានឯកភាពលើការហាមឃាត់ប្រេងឥន្ធនៈរបស់រុស្ស៊ីនេះជាមួយនឹងបណ្ដាប្រទេសនៃក្រុមប្រទេស G-7 ផ្សេងទៀតដើម្បីប្រឆាំងនឹងការឈ្លាន ពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ លោក Hagiuda បានបញ្ជាក់នៅក្នុងសន្និ សីទកាសែតដូច្នេះថា ដើម្បីជួយធានាថាមានស្ថិរភាពនៃការផ្គត់ផ្គង់ថាមពលនៅលើសាកលលោក សហរដ្ឋអាមេរិកមានតួនាទីសំខាន់ក្នុងនាមជាអ្នកផលិតប្រេងឥន្ធនៈនិងឧស្ម័នធម្ម ជាតិ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រធានបេសកកម្មតាមដានស្ថានភាពសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំនៅប្រទេសអ៊ុយក្រែនបាននិយាយនៅថ្ងៃអង្គារថា ជនស៊ីវិលរាប់ពាន់នាក់ទៀតត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ុយក្រែនតាំងពីពេលដែលរុស្ស៊ីបានឈ្លានពានអ៊ុយ ក្រែនមក ដែលចំនួននេះគឺច្រើនជាងតួលេខផ្លូវការរបស់ខ្លួនទៅទៀត ដែលតួលេខផ្លូវការនោះគឺមានចំនួន ៣.៣៨១ នាក់។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ ងារព័ត៌មាន Reuters។
- រដ្ឋាភិបាលអ៊ុយក្រែនបានបញ្ជាក់នៅថ្ងៃអង្គារថា ទាហានអ៊ុយក្រែនជាង១.០០០នាក់ ដែលភាគច្រើនបានរងរបួស កំពុងស្ថិតនៅក្នុងរោងចក្រដែកថែប Azovstal ក្នុងទីក្រុង Mariupol នៅឡើយ។ ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែនអ្នកស្រី Iryna Vereshchuk បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា ទាហានអ៊ុយក្រែន «ជាងមួយពាន់នាក់» នៅស្ថិតក្នុងរោងចក្រនោះនៅឡើយ។ អ្នកស្រីបានបន្ថែមថា៖ «ទាហានរាប់រយនាក់បានរងរបួស។ មានមនុស្សរងរបួសធ្ងន់ធ្ងរដែលតម្រូវឱ្យមានការជម្លៀសចេញជាបន្ទាន់។ ស្ថានការណ៍គឺកាន់តែដុនដាបទៅៗពីមួយថ្ងៃទៅមួយថ្ងៃ»។
- ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយកាលពីថ្ងៃចន្ទថា លោកមានការព្រួយបារម្ភថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin មិនមានវិធីដកខ្លួនចេញពីសង្គ្រាមនៅ អ៊ុយក្រែននោះទេ និងថា លោកកំពុងព្យាយាមគិតគូរថាតើត្រូវធ្វើដូចម្ដេចចំពោះរឿងនេះ។ នៅក្នុងការថ្លែងនៅឯពិធីរៃអង្គាសថវិកាផ្នែកនយោបាយមួយនៅជាយរដ្ឋធានីវ៉ាស៊ីនតោន លោក Biden បាននិយាយថា លោក Putin បានជឿទាំងយល់ច្រឡំថា ការឈ្លានពានអ៊ុយក្រែនអាចធ្វើឱ្យអង្គការអូតង់បែកបាក់ និងអាចធ្វើឱ្យសហភាពអឺរ៉ុបបែកបាក់។ ប៉ុន្តែផ្ទុយទៅវិញ សហរដ្ឋអាមេរិកនិងបណ្ដាប្រទេសជាច្រើននៅអឺរ៉ុបបានរួមគ្នាគាំទ្រអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគ្រោងនឹងរៀបចំកិច្ចប្រជុំសាធារណៈថ្មីមួយនៅថ្ងៃព្រហស្បតិ៍ខាងមុខអំពីសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ដោយសារតែស្ថាន ភាពមនុស្សធម៌នៅក្នុងប្រទេសអ៊ុយក្រែនកាន់តែយ៉ាប់យ៉ឺនឡើង។ នេះបើតាមការបញ្ជាក់របស់មន្ត្រីការទូតនានាកាលពីថ្ងៃចន្ទ។ កិច្ចប្រជុំនេះដែលស្នើឡើងដោយប្រ ទេសបារាំងនិងម៉ិកស៊ិកនឹងក្លាយជាកិច្ចប្រជុំលើកទី ១៦ ដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិធ្វើឡើងតាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈមក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
២០:៥៩
៩.៥.២០២២
ថ្ងៃចន្ទ ទី ៩ ខែឧសភា៖
- ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនឹងរៀបចំកិច្ចប្រជុំពិសេសមួយអំពីអ៊ុយក្រែននៅសប្ដាហ៍នេះ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីមួយរូបនៅថ្ងៃចន្ទនេះ បន្ទាប់ពីរដ្ឋាភិបាលអ៊ុយក្រែនបានអំពាវនាវឱ្យមានការពិនិត្យឡើងវិញលើស្ថានភាពនៅអ៊ុយក្រែន ដែលក្នុងនោះរួមមានទាំងការរាយការណ៍អំពីចំនួនមនុស្សស្លាប់និងរងរបួសទ្រង់ទ្រាយធំនៅក្នុងទីក្រុង Mariupol ផងដែរ។ មន្ត្រីការទូតនានាបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា កិច្ចប្រជុំដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ អាចមាននូវសេចក្ដីសម្រេចមួយដែលតម្រូវឱ្យគណៈកម្មការស៊ើបអង្កេតលើសង្គ្រាមនៅអ៊ុយក្រែនដែលទើបបង្កើតថ្មីមួយផ្ដល់នូវរបាយការណ៍ពិស្ដារជូនក្រុមប្រឹក្សាសិទ្ធិមនុស្សនៅពេលក្រោយនៅក្នុងឆ្នាំនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រទេសអ៊ុយក្រែនបានអំពាវនាវឱ្យក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិរៀបចំកិច្ចប្រជុំពិសេសមួយអំពីអ៊ុយក្រែន ដោយយោងលើតម្រូវការចាំបាច់សម្រាប់ឱ្យក្រុមប្រឹក្សានេះពិនិត្យឡើងវិញលើស្ថានការណ៍ដែល «កាន់តែយ៉ាប់យ៉ឺនឡើងជាបន្ត» នៅអ៊ុយក្រែន។ នេះបើយោងលើលិខិតមួយច្បាប់ចុះថ្ងៃទី ៩ ខែឧសភានេះ ដែលឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំអង្គការសហប្រជាជាតិអ្នកស្រី Yevheniia Filipenko បានផ្ញើជូនប្រធានក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ លិខិតនោះក៏មានការចុះហត្ថលេខាពីប្រទេសចំនួន ៥៥ ផ្សេងទៀតផងដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រធានាធិបតីម៉ិកស៊ិកលោក Andres Manuel Lopez Obrador បាននិយាយនៅក្នុងសន្និសីទកាសែតជាប្រចាំមួយនៅថ្ងៃចន្ទនេះថា កិច្ចព្រមព្រៀងសន្តិភាពរវាងរុស្ស៊ីនិងអ៊ុយក្រែនគឺជាជម្រើសដ៏ល្អបំផុតដើម្បីកាត់បន្ថយអតិផរណា។ លោក Obrador ថ្លែងដូច្នេះថា៖ «ចំណុចសំខាន់បំផុតគឺថាកិច្ចព្រមព្រៀងសន្តិភាពរវាងរុស្ស៊ីនិងអ៊ុយក្រែនត្រូវតែសម្រេចឱ្យបាន។ ករណីនេះនឹងជួយបានច្រើន ដោយសារតែសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនគឺជាអ្វីដែលធ្វើឱ្យមានវិបត្តិសេដ្ឋកិច្ចកើតឡើងយ៉ាងឆាប់ដូចនេះ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រធានសហភាពអឺរ៉ុបអ្នកស្រី Ursula von der Leyen បានធ្វើដំណើរទៅប្រទេសហុងគ្រីនៅថ្ងៃចន្ទនេះដើម្បីជួបពិភាក្សាជាមួយនឹងនាយករដ្ឋមន្ត្រីហុងគ្រីលោក Viktor Orban។ កន្លងមក លោក Orban បានបង្អាក់ដល់ផែនការរបស់សហភាពអឺរ៉ុបនៅក្នុងការហាមឃាត់ការនាំចូលប្រេងឥន្ធនៈពីរុស្ស៊ី។ លោក Eric Mamer អ្នកនាំពាក្យរបស់អ្នកស្រី von der Leyen បាននិយាយថា៖ «ពួកគេនឹងពិភាក្សាអំពីបញ្ហានានាទាក់ទិននឹងសន្តិសុខនៃការផ្គត់ផ្គង់ថាមពលនៅទ្វីបអឺរ៉ុប»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសអ៊ុយក្រែនបានខាតបង់ថវិកាចំនួន ១៧០ លានដុល្លារជារៀងរាល់ថ្ងៃ ដោយសារតែរុស្ស៊ីបានកាត់ផ្ដាច់លទ្ធភាពរបស់អ៊ុយក្រែននៅក្នុងការប្រើប្រាស់កំពង់ផែសមុទ្រ ហើយសមត្ថភាពនាំចេញរបស់អ៊ុយក្រែនបានបាត់បង់ជាងពាក់កណ្ដាល។ លោក Shmyhal បានបញ្ជាក់ថា៖ «ផលិតផលកសិកម្ម ៩០ លានតោន ដែលអ៊ុយក្រែនមានគម្រោងនាំចេញទៅកាន់បណ្ដាប្រទេសនៅទ្វីបអាស៊ី អាហ្វ្រិក និងអឺរ៉ុប ត្រូវបានរាំងខ្ទប់»។ លោកថ្លែងដូច្នេះនៅពេលលោកឈរជិតប្រធានក្រុមប្រឹក្សាអឺរ៉ុបនៃសហភាពអឺរ៉ុបលោក Charles Michel នៅក្នុងទីក្រុង Odesa ប្រទេសអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រធានក្រុមប្រឹក្សាអឺរ៉ុបនៃសហភាពអឺរ៉ុបលោក Charles Michel បាននិយាយថា ប្រទេសរុស្ស៊ីនឹងបរាជ័យនៅក្នុងការ «សម្លាប់សេរីភាព» របស់អ៊ុយក្រែន។ លោកថ្លែងដូច្នេះនៅពេលលោកធ្វើទស្សនកិច្ចដ៏ភ្ញាក់ផ្អើលទៅកាន់ទីក្រុង Odesa ប្រទេសអ៊ុយក្រែននៅថ្ងៃចន្ទនេះ។ លោក Michel បានបញ្ជាក់នៅក្នុងវីដេអូមួយនៅលើ Twitter ថា៖ «រដ្ឋាភិបាលរុស្ស៊ីចង់សម្លាប់ស្មារតីនៃសេរីភាពនិងលទ្ធិប្រជាធិបតេយ្យរបស់អ្នក»។ លោកបានបន្ថែមថា៖ «ខ្ញុំជឿជាក់យ៉ាងមុតមាំថា រុស្ស៊ីនឹងមិនទទួលជោគជ័យជាដាច់ខាត»។ ជាងនេះទៀត លោក Michel បានសន្យាថា សហភាពអឺរ៉ុបនឹងជួយ «កសាង» អ៊ុយក្រែនឱ្យក្លាយជា «ប្រទេសមួយដែលមានភាពទំនើបនិងមានប្រជាធិបតេយ្យ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយថា ទ្វីបអឺរ៉ុបត្រូវតែដកបទពិសោធន៍ពីកំហុសកាលពីអតីតកាលរបស់ខ្លួន និងធ្វើយ៉ាងណាធានាថាគ្មានភាគីណាមួយត្រូវបានគេធ្វើឱ្យអាម៉ាស់មុខនៅពេលដែលរុស្ស៊ីនិងអ៊ុយក្រែនចរចាគ្នាដើម្បីសន្តិភាព។ លោក Macron ថ្លែងដូច្នេះ បន្ទាប់ពីលោកបាននិយាយថា សុន្ទរកថារបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin អំពីខួបសង្គ្រាមលោកលើកទីពីរមានលក្ខណៈ «គំរាមកំហែង» និង «បែបបង្កសង្គ្រាម»។ នៅក្នុងការថ្លែងទៅកាន់អ្នកកាសែតនៅរដ្ឋសភាអឺរ៉ុប លោក Macron បាននិយាយថា ទិវាជ័យជម្នះថ្ងៃទី ៩ ខែឧសភានេះប្រារព្ធធ្វើឡើងក្នុងបែបបទពីរផ្សេងគ្នា។ ចំណុចមួយគឺថា លោក Putin មានបំណង «បង្ហាញកម្លាំង ការគំរាមកំហែង» និងបានថ្លែង «សុន្ទរកថាបែបបង្កសង្គ្រាមដោយឥតញញើត»។ រីឯចំណុចមួយផ្សេងទៀតគឺថា សហភាពអឺរ៉ុបកំពុងធ្វើការលើការពង្រឹងគម្រោងសន្តិភាពដែលដឹកនាំដយប្រជាពលរដ្ឋ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- លោក Vladimir Medinsky ដែលជាប្រធានក្រុមចរចារបស់រុស្ស៊ីបាននិយាយនៅថ្ងៃចន្ទនេះថា ការចរចាសន្តិភាពជាមួយនឹងអ៊ុយក្រែនមិនបានបញ្ឈប់នោះទេ ហើយកំពុងធ្វើតាមអនឡាញ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Interfax របស់រុស្ស៊ី។ នៅពេលគេសួរថាតើការចរចាដោយផ្ទាល់មុខអាចធ្វើឡើងជាមួយនឹងក្រុមអ្នកចរចាខាងអ៊ុយក្រែននៅពេលណា លោក Medinsky បានបញ្ជាក់ថា៖ «យើងត្រូវការព័ត៌មានជាក់លាក់បន្ថែមទៀត មុននឹងយើងអាចជួបចរចាទល់មុខបាន»។ អ៊ុយក្រែននិងរុស្ស៊ីមិនបានចរចាដោយទល់មុខតាំងពីថ្ងៃទី ២៩ ខែមីនាមក បើទោះជាយ៉ាងណាភាគីទាំងពីរបានជួបចរចាគ្នាតាមវីដេអូអនឡាញ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅថ្ងៃចន្ទនេះ បានរំឭកអនុស្សាវរីយ៍នៃវីរភាពរបស់សហភាពសូវៀតនៅក្នុងសម័យសង្គ្រាមលោកលើកទីពីរដើម្បីជំរុញកងទ័ពរបស់លោកឱ្យទទួលបានជោគជ័យនៅក្នុងប្រទេសអ៊ុយក្រែន។ នៅក្នុងការថ្លែងទៅកាន់កងទ័ពដែលប្រមូលផ្ដុំគ្នាតម្រៀបជាជួរនៅទីលាន Red Square នៅចំខួបទី៧៧ឆ្នាំនៃជ័យជម្នះលើរបបណាហ្ស៊ីអាល្លឺម៉ង់ លោក Putin បានថ្កោលទោសអ្វីដែលលោកហៅថាជាការគំរាមកំហែងពីខាងក្រៅដែលធ្វើឱ្យរុស្ស៊ីចុះខ្សោយនិងបែកបាក់ និងបានបញ្ជាក់ម្ដងទៀតអំពីការអះអាងដែលលោកបានប្រើដើម្បីផ្ដល់ហេតុផលសម្រាប់ការឈ្លានពានប្រទេសអ៊ុយក្រែនគឺអង្គការអូតង់ (NATO) បានបង្កើតការគំរាមកំហែងជាប់ព្រំដែនរបស់រុស្ស៊ី។ លោក Putin និយាយដូច្នេះថា៖ «ការការពារមាតុភូមិនៅពេលដែលត្រូវសម្រេចអំពីវាសនារបស់មាតុភូមិនោះគឺតែងតែជារឿងដ៏ពិសិដ្ឋ។ ថ្ងៃនេះ អ្នកកំពុងប្រយុទ្ធដើម្បីប្រជាជនរបស់យើងនៅក្នុងតំបន់ Donbas [ប្រទេសអ៊ុយក្រែន] ដើម្បីសន្តិសុខរបស់ប្រទេសរុស្ស៊ីដែលជាមាតុភូមិរបស់យើង»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- នៅក្នុងការប្រារព្ធទិវាជ័យជម្នះលើរបបហាហ្ស៊ីអាល្លឺម៉ង់ក្នុងសម័យសង្គ្រាមលោកលើកទីពីរ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសរបស់លោកកំពុងប្រយុទ្ធដើម្បីជ័យជម្នះថ្មី ហើយនឹងឈ្នះសង្គ្រាមលើរុស្ស៊ី។ លោក Zelenskyy បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «ផ្លូវឆ្ពោះទៅកាន់ជ័យជម្នះគឺលំបាក។ ប៉ុន្តែ យើងប្រាកដណាស់ថាយើងនឹងឈ្នះ»។ លោក Zelenskyy បានលើកឡើងថា ជនជាតិអ៊ុយក្រែនគឺជាមនុស្សសេរីនិយម ដែលបានប្រយុទ្ធដើម្បីការពារទឹកដីរបស់ខ្លួនជាច្រើនដងរួចមកហើយនៅក្នុងប្រវត្តិសាស្ត្រ ហើយមាន «មាគ៌ាខ្លួនឯងផ្ទាល់»។ លោកបញ្ជាក់ដូច្នេះថា៖ «ថ្ងៃនេះ យើងកំពុងធ្វើសង្គ្រាមនៅលើមាគ៌ានេះ។ យើងនឹងមិនប្រគល់ទឹកដីមួយចំណែកណាមួយរបស់យើងឱ្យនរណាម្នាក់នោះទេ …ហើយយើងនឹងមិនប្រគល់ចំណែកនៃប្រវត្តិសាស្ត្រណាមួយរបស់យើងឱ្យនរណាម្នាក់នោះឡើយ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- អ្នកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុបនៃសហភាពអឺរ៉ុប បាននិយាយនៅថ្ងៃចន្ទនេះថា គណៈកម្មការអឺរ៉ុបនឹងឆ្លើយតបចំពោះពាក្យសុំរបស់ប្រទេសអ៊ុយក្រែនដែលហែកហួរដោយសង្គ្រាមនៅក្នុងការចូលជាសមាជិករបស់សហភាពអឺរ៉ុបនៅខែមិថុនាខាងមុខ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- លោក Josep Borrell ប្រធានផ្នែកគោលនយោបាយការបរទេសនៃសហភាពអឺរ៉ុប បានបញ្ជាក់នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយនឹងកាសែត Financial Times ដែលចេញផ្សាយនៅថ្ងៃចន្ទនេះថា សហភាពអឺរ៉ុបគួរតែពិចារណារឹបអូសទុនបម្រុងទុកអន្តរជាតិរបស់រុស្ស៊ីដើម្បីជួយបង់ថ្លៃចំណាយលើការកសាងប្រទេសអ៊ុយក្រែនឡើងវិញនៅពេលណាដែលសង្គ្រាមបានបញ្ចប់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- លោកស្រី Jill Biden ភរិយារបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានជួបជាមួយប្រធានាធិបតីស្លូវ៉ាគីអ្នកស្រី Zuzana Caputova នៅថ្ងៃចន្ទនេះដើម្បីពិភាក្សាអំពីអ្វីដែលលោកស្រីបាននិយាយថាជា «ការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះប្រជាពលរដ្ឋស្លូវ៉ាគីនិងអ៊ុយក្រែន និងវិធីដែលយើងអាចរួបរួមគ្នាជួយប្រជាពលរដ្ឋអ៊ុយក្រែន»។
- នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau បាននិយាយកាលពីយប់ថ្ងៃអាទិត្យម្សិលមិញថា ពិភពលោកនឹងធ្វើអ្វីៗទាំងអស់ដែលអាចធ្វើបានដើម្បីធានាថាប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ចាញ់សង្គ្រាមរបស់លោកនៅក្នុងប្រទេសអ៊ុយក្រែន ដែលក្នុងនោះរួមមានទាំងការធ្វើឱ្យរដ្ឋាភិបាលរុស្ស៊ីរងទណ្ឌកម្មជាយូរឆ្នាំផងដែរ។ នៅក្នុងកិច្ចសម្ភាសន៍មួយ លោក Trudeau បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reutersថា៖ «អ្វីដែលលោក Putin ចាំបាច់ត្រូវយល់គឺថា ក្រុមបស្ចិមប្រទេសមានការប្ដេជ្ញាចិត្តនិងការតាំងចិត្តមុតមាំនៅក្នុងការប្រឆាំងនឹងអ្វីដែលលោកកំពុងធ្វើ»។
- នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានបញ្ជាក់នៅក្រោយកិច្ចប្រជុំតាមអនឡាញរបស់ក្រុមប្រទេស G-7 កាលពីថ្ងៃអាទិត្យម្សិលមិញថា ប្រទេសជប៉ុននឹងហាមឃាត់ «ជាគោលការណ៍» នូវការនាំចូលប្រេងឆៅពីរុស្ស៊ី ដែលនេះគឺជាផ្នែកមួយនៃយុទ្ធនាការរបស់ក្រុមប្រទេស G-7 នៅក្នុងការប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ លោក Kishida បានថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍មួយដែលចេញផ្សាយដោយរដ្ឋាភិបាលជប៉ុនថា៖ «សម្រាប់ប្រទេសមួយដែលពឹងផ្អែកខ្លាំងក្លាលើការនាំចូលថាមពល វាគឺជាការសម្រេចចិត្តដ៏ពិបាកបំផុត។ ប៉ុន្តែការសម្របសម្រួលរបស់ក្រុមប្រទេស G-7 គឺមានសារៈសំខាន់បំផុតនៅពេលដូចឥឡូវនេះ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ក្រុមប្រទេស G-7 បានប្ដេជ្ញាចិត្តកាលពីថ្ងៃអាទិត្យម្សិលមិញនៅក្នុងការហាមឃាត់ ឬក៏បញ្ឈប់ជាដំណាក់កាលនូវការនាំចូលប្រេងឥន្ធនៈពីរុស្ស៊ី ហើយសហរដ្ឋអាមេរិកបានបង្ហាញនូវការដាក់ទណ្ឌកម្មលើថ្នាក់ដឹកនាំធនាគារ Gazprombank និងលើអាជីវកម្មផ្សេងៗទៀតដើម្បីដាក់ទណ្ឌកម្មលើរដ្ឋាភិបាលរុស្ស៊ីសម្រាប់ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
២០:៤៩
៨.៥.២០២២
ថ្ងៃអាទិត្យ ទី ៨ ខែឧសភា៖
- បណ្ដាមេដឹកនាំនៃក្រុមប្រទេស G-7 បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយនៅថ្ងៃអាទិត្យនេះថា ពួកគេនឹងធ្វើឲ្យប្រទេសរុស្ស៊ីកាន់តែឯកោផ្នែកសេដ្ឋកិច្ចបន្ថែមទៀត ហើយនឹង «បង្កើន» យុទ្ធនាការប្រឆាំងនឹងឥស្សរជនរុស្ស៊ីរូបណាដែលគាំទ្រប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។ បន្ទាប់ពីបានជួបប្រជុំតាមអនឡាញជាមួយនឹងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy រួចមក បណ្ដាមេដឹកនាំនៃក្រុមប្រទេស G-7 បាននិយាយថា ពួកគេនឹងកាត់ផ្ដាច់សេវាសំខាន់ៗដែលរុស្ស៊ីពឹងលើ ដោយធ្វើឲ្យរុស្ស៊ីកាន់តែឯកោបន្ថែមទៀត «នៅគ្រប់ផ្នែកទាំងអស់នៃសេដ្ឋកិច្ចរបស់ខ្លួន»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។/
- ប្រធានរដ្ឋសភាសហរដ្ឋអាមេរិកអ្នកស្រី Nancy Pelosi បានបញ្ជាក់ប្រាប់ទូរទស្សន៍ CBS នៅថ្ងៃអាទិត្យនេះថា សភាសហរដ្ឋអាមេរិកចាំបាច់ត្រូវអនុម័តនៅត្រឹមចុងខែនេះលើសំណើច្បាប់មួយដែលនឹងផ្ដល់ឲ្យប្រទេសអ៊ុយក្រែននូវជំនួយយោធានិងមនុស្សធម៌ចំនួន ៣៣ ពាន់លានដុល្លារ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba បាននិយាយនៅថ្ងៃអាទិត្យនេះថា លោកបានពិភាក្សាជាមួយនឹងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken អំពីវិធីធ្វើយ៉ាងណាកុំឲ្យមានការរារាំងដល់ការនាំចេញស្បៀងអាហាររបស់ប្រទេសអ៊ុយក្រែន និងអំពីវិធីធានានូវសន្តិសុខស្បៀងអាហារសាកលលោក។ ប្រទេសអ៊ុយក្រែនដែលជាប្រទេសសម្បូរទៅដោយធញ្ញជាតិនិងគ្រាប់ដំណាំប្រេងដ៏ចម្បងមួយនៅលើពិភពលោក ធ្លាប់បាននាំចេញធញ្ញជាតិភាគច្រើនបំផុតរបស់ខ្លួនតាមរយៈកំពង់ផែនៅសមុទ្រខ្មៅ ដែលកំពង់ផែទាំងនេះត្រូវបានរាំងខ្ទប់ដោយរុស្ស៊ី តាំងពីពេលដែលរុស្ស៊ីបានចាប់ផ្ដើមឈ្លានពានអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈមក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រធានរដ្ឋសភាអាល្លឺម៉ង់អ្នកស្រី Baerbel Bas បានជួបជាមួយនឹងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy នៅក្នុងរដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែននៅថ្ងៃអាទិត្យនេះ ដើម្បីរំឭកដល់ជនរងគ្រោះនៃសម័យសង្គ្រាមលោកលើកទីពីរ និងដើម្បីពិភាក្សាអំពីការផ្ដល់សព្វាវុធនិងមហិច្ឆតារបស់អ៊ុយក្រែននៅក្នុងការចូលជាសមាជិករបស់សហភាពអឺរ៉ុប។ នៅក្នុងវីដេអូមួយអំពីជំនួបជាមួយនឹងអ្នកស្រី Bas លោក Zelenskyy បាននិយាយថា ការទទួលបានការយល់ព្រមពីរដ្ឋសភាអាល្លឺម៉ង់នៅក្នុងការផ្ដល់សព្វាវុធធុនធ្ងន់ដើម្បីជួយអ៊ុយក្រែននៅក្នុងការទប់ទល់នឹងការវាយប្រហាររបស់រុស្ស៊ីគឺជា «អាទិភាពកំពូល» មួយរបស់ប្រទេសរបស់លោក។ លោក Zelenskyy ក៏បានស្នើអ្នកស្រី Bas និងរដ្ឋសភាអាល្លឺម៉ង់ផងដែរឲ្យគាំទ្រអ៊ុយក្រែននៅក្នុងកិច្ចប្រឹងប្រែងដើម្បីបានចូលជាសមាជិកសហភាពអឺរ៉ុប។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប៉ូលិសអាល្លឺម៉ង់នៅថ្ងៃអាទិត្យនេះបានដកចេញនូវទង់ជាតិអ៊ុយក្រែនដ៏ធំមួយដែលបាតុករបានដាក់បង្ហាញនៅបូជនីយដ្ឋានសង្គ្រាមសូវៀតនៅកណ្ដាលទីក្រុងប៊ែរឡាំង ដោយបាននិយាយថាការធ្វើដូច្នេះគឺដើម្បីធានាថាពិធីរំឭកសង្គ្រាមលោកលើកទីពីរធ្វើឡើងដោយសន្តិវិធី។ ប៉ូលិសក្រុងប៊ែរឡាំងបានដាក់បម្រាមមិនឲ្យតាំងបង្ហាញនូវទង់ជាតិឬក៏និមិត្តសញ្ញាយោធាណាមួយនៅឯបូជនីយដ្ឋានទាំង ១៥ នៅទូទាំងក្រុងប៊ែរឡាំង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- លោកស្រី Jill Biden ភរិយារបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានធ្វើទស្សនកិច្ចដោយមិនបានប្រកាសឲ្យដឹងជាមុនទៅកាន់ប្រទេសអ៊ុយក្រែននៅថ្ងៃអាទិត្យនេះ ដោយឆ្លងព្រំដែនពីប្រទេសស្លូវ៉ាគី ដើម្បីទៅជួបជាមួយនឹងលោកស្រី Olena Zelenska ភរិយារបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy នៅឯសាលារៀនមួយកន្លែងដែលគេប្រើជាទីជម្រកសម្រាប់ជនភៀសខ្លួន។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរបស់លោកស្រី។ លោកស្រី Biden បានប្រាប់អ្នកកាសែតថា៖ «ខ្ញុំចង់មកនៅចំទិវាអ្នកម្ដាយ។ ខ្ញុំគិតថាវាជាការសំខាន់នៅក្នុងការបង្ហាញដល់ប្រជាពលរដ្ឋអ៊ុយក្រែនថា សង្គ្រាមនេះត្រូវតែបញ្ឈប់ ហើយសង្គ្រាមនេះមានភាពឃោរឃៅ និងថាប្រជាពលរដ្ឋអាមេរិកាំងគាំទ្រប្រជាពលរដ្ឋអ៊ុយក្រែន»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- លោកស្រី Jill Biden ភរិយារបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានជួបជាមួយនឹងជនភៀសខ្លួនអ៊ុយក្រែននៅភាគខាងកើតនៃប្រទេសស្លូវ៉ាគីនៅថ្ងៃអាទិត្យនេះ ដែលជាថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ចរបស់អ្នកស្រីទៅកាន់ប្រទេសរូម៉ានីនិងស្លូវ៉ាគីដើម្បីសួរសុខទុក្ខទាហានអាមេរិកាំងដែលឈរជើងនៅទីនោះនិងស្ត្រីនិងកុមារដែលភៀសខ្លួនពីការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន។ លោកស្រី Biden បាននិយាយជាមួយនឹងក្រុមគ្រួសារជនភៀសខ្លួន អ្នកស្ម័គ្រចិត្ត និងមន្ត្រីអាជ្ញាធរមូលដ្ឋាននៅឯមណ្ឌលជនភៀសខ្លួនក្នុងទីក្រុង Kosice នៅភាគខាងកើតប្រទេសស្លូវ៉ាគី ដែលជាចំណុចឆ្លងកាត់ចម្បងមួយសម្រាប់ជនភៀសខ្លួនជាង ៤០០.០០០ នាក់ ដែលបានឆ្លងព្រំដែនទៅកាន់ប្រទេសស្លូវ៉ាគីតាំងពីពេលដែលរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈមក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយនៅថ្ងៃអាទិត្យនេះថា អំពើអាក្រក់បានត្រឡប់មកកាន់ប្រទេសអ៊ុយក្រែនវិញហើយ។ លោកលើកឡើងដូច្នេះនៅពេលដែលលោកថ្លែងសុន្ទរកថាដ៏រំជួលចិត្តមួយសម្រាប់ទិវាជ័យជម្នះ ដែលជាថ្ងៃដែលទ្វីបអឺរ៉ុបរំឭកអំពីការចុះចាញ់ជាផ្លូវការរបស់ប្រទេសអាល្លឺម៉ង់ចំពោះភាគីសម្ព័ន្ធមិត្តនៅក្នុងសម័យសង្គ្រាមលោកលើកទីពីរ។ លោក Zelenskyy ថ្លែងដូច្នេះថា៖ «អំពើអាក្រក់បានត្រឡប់មកវិញម្ដងទៀតហើយក្នុងទម្រង់ផ្សេង នៅក្រោមពាក្យស្លោកផ្សេង ប៉ុន្តែក្នុងគោលបំណងដូចគ្នា»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានសច្ចានៅថ្ងៃអាទិត្យនេះថា៖ «ដូចនៅក្នុងឆ្នាំ ១៩៤៥ ដែរ យើងនឹងទទួលជ័យជម្នះ»។ លោកថ្លែងដូច្នេះ នៅពេលដែលលោកអបអរសាទរបណ្ដាប្រទេសដែលធ្លាប់ស្ថិតក្រោមអតីតសហភាពសូវៀតនៅខួបទី ៧៧ នៃការបរាជ័យរបស់អាល្លឺម៉ង់ក្នុងសម័យសង្គ្រាមលោកលើកទីពីរ។ លោក Putin បញ្ជាក់ដូច្នេះថា៖ «ថ្ងៃនេះ ទាហានរបស់យើង ដូចទៅនឹងបុព្វបុរសរបស់ពួកគេដែរ កំពុងប្រយុទ្ធកៀកស្មាគ្នាដើម្បីរំដោះទឹកដីកំណើតរបស់ពួកគេពីអំពើអាក្រក់របស់ពួកណាហ្ស៊ី ពោរពេញដោយភាពជឿជាក់ថា ដូចនៅក្នុងឆ្នាំ ១៩៤៥ ដែរ យើងនឹងទទួលជ័យជម្នះ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- ប្រធានរដ្ឋសភាអាល្លឺម៉ង់អ្នកស្រី Baerbel Bas បានធ្វើដំណើរទៅដល់រដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែននៅថ្ងៃអាទិត្យនេះ ដើម្បីរំឭកដល់ជនរងគ្រោះក្នុងសម័យសង្គ្រាមលោកលើកទីពីរ និងដើម្បីពិភាក្សាផ្នែកនយោបាយ។ នេះបើតាមការបញ្ជាក់របស់លោក Enrico Brissa ប្រធានផ្នែកពិធីការនៃរដ្ឋសភាអាល្លឺម៉ង់ នៅលើ Twitter។ លោក Brissa បានបង្ហោះរូបថតមួយចំនួននៅលើ Twitter ដែលបង្ហាញអំពីអ្នកស្រី Baerbel ធ្វើដំណើរតាមរថភ្លើងទៅដល់រដ្ឋធានីកៀវ និងអំពីជំនួបរបស់អ្នកស្រីជាមួយនឹងនាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- មន្ត្រីការទូតអឺរ៉ុបបានជាប់គាំងនៅក្នុងការចរចាដ៏តឹងតែងអំពីលក្ខខណ្ឌនៃទណ្ឌកម្មជុំទី ៦ របស់សហភាពអឺរ៉ុបប្រឆាំងនឹងរុស្ស៊ីនៅថ្ងៃអាទិត្យនេះ ដោយប្រទេសសមាជិកសហភាពអឺរ៉ុបមួយចំនួនស្វះស្វែងចង់បានការធានាចំពោះការផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់ពួកគេ។ នៅក្នុងកញ្ចប់ទណ្ឌកម្មជុំទី ៦ ដែលស្នើឡើងដោយគណៈកម្មការអឺរ៉ុបនៃសហភាពអឺរ៉ុបកាលពីសប្ដាហ៍មុននេះ ប្រទេសជាសមាជិកសហភាពអឺរ៉ុបភាគច្រើននឹងបញ្ឈប់ការនាំចូលប្រេងឥន្ធនៈពីរុស្ស៊ីនៅត្រឹមចុងឆ្នាំនេះ ដើម្បីដាក់ទណ្ឌកម្មលើរុស្ស៊ីសម្រាប់ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ ប៉ុន្តែប្រទេសជាសមាជិកមួយចំនួន ជាពិសេសប្រទេសហុងគ្រី បានទាមទារឲ្យមានការលើកលែងពីការហាមឃាត់នេះ។ មន្ត្រីការទូតអឺរ៉ុបនានាបានជួបប្រជុំគ្នាម្ដងទៀតនៅថ្ងៃអាទិត្យនេះ ប៉ុន្តែក្ដីសង្ឃឹមដែលថាកញ្ចប់ទណ្ឌកម្មនេះនឹងរួចរាល់មុនថ្ងៃចន្ទស្អែកបានធ្លាក់ចុះ។ លោក Josep Borrell ប្រធានផ្នែកគោលនយោបាយការបរទេសនៃសហភាពអឺរ៉ុបបាននិយាយថា ប្រសិនបើគ្មានការព្រមព្រៀងណាមួយនៅចុងសប្ដាហ៍នេះ លោកនឹងកោះហៅរដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុបឲ្យប្រជុំម្ដងទៀតនៅសប្ដាហ៍ក្រោយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- ក្រុមហ៊ុន Gazprom ដែលជាក្រុមហ៊ុនផលិតប្រេងឥន្ធនៈរបស់រុស្ស៊ី បានបញ្ជាក់ថា ខ្លួនបានផ្គត់ផ្គង់ឧស្ម័នធម្មជាតិទៅកាន់ទ្វីបអឺរ៉ុបតាមរយៈប្រទេសអ៊ុយក្រែននៅថ្ងៃអាទិត្យនេះ ស្របតាមសំណើរបស់អតិថិជននៅអឺរ៉ុប។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់នៅថ្ងៃអាទិត្យនេះថា ខ្លួនបានបំផ្លាញនាវាចម្បាំងធុនតូចមួយគ្រឿងរបស់អ៊ុយក្រែននៅជិតទីក្រុង Odesa ប្រទេសអ៊ុយក្រែន ដោយការវាយប្រហារដោយមីស៊ីលកាលពីយប់មិញ។ ក្រសួងនេះក៏បានបន្ថែមផងដែរថា កងទ័ពជើងអាកាសរបស់ខ្លួនបានបាញ់ទម្លាក់យន្តហោះទម្លាក់គ្រាប់បែក SU-24 របស់អ៊ុយក្រែនចំនួនពីរគ្រឿងនិងឧទ្ធម្ភាគចក្រមួយគ្រឿងនៅពីលើកោះ Snake នៅក្នុងសមុទ្រខ្មៅ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃសៅរ៍ថា លោកអស់វាចានឹងថ្លែង បន្ទាប់ពីការបាញ់ផ្លោងរបស់រុស្ស៊ីបានបំផ្លាញសារមន្ទីរមួយកន្លែងដែលឧទ្ទិសដល់លោក Hryhoriy Skovoroda ដែលជាទស្សនវិទូនិងជាកវីនៅសតវត្សទី ១៨។ លោក Zelenskyy បានថ្លែងនៅក្នុងសុន្ទរកថាតាមវីដេអូកាលពីយប់ថ្ងៃសៅរ៍ថា៖ «ជារៀងរាល់ថ្ងៃនៅក្នុងសង្គ្រាមនេះ កងទ័ពរុស្ស៊ីបានធ្វើរឿងដែលធ្វើឲ្យខ្ញុំអួលដើមក។ បន្ទាប់មក នៅថ្ងៃបន្ទាប់ កងទ័ពរុស្ស៊ីបានធ្វើរឿងផ្សេងទៀតដែលធ្វើឲ្យអ្នកមានអារម្មណ៍ដូច្នេះម្ដងទៀត»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
១៩:៣៤
៧.៥.២០២២
ថ្ងៃសៅរ៍ ទី ៧ ខែឧសភា៖
- បញ្ជាការយោធាអ៊ុយក្រែនបានថ្លែងនៅថ្ងៃសៅរ៍ថា រុស្ស៊ីបានបន្តវាយប្រហារលើតំបន់រោងចក្រដែកថែប Azovstal នៅទីក្រុងកំពង់ផែ Mariupol។ សារមួយរបស់យោធាអ៊ុយក្រែនដែលបានបង្ហោះលើបណ្តាញសង្គម Facebook រាល់ល្ងាច បានឲ្យដឹងថា៖ «ដោយមានការគាំទ្រជាការបាញ់កាំភ្លើងធំ និងរថក្រោះ (សត្រូវ) បានបន្តសកម្មភាពវាយប្រហាររបស់ខ្លួន»។ នេះបើតាមសេចក្តីរាយការណ៍ព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានជួបពិភាក្សាជាមួយសមាជិករដ្ឋាភិបាលរបស់លោក កាលពីថ្ងៃសៅរ៍ ដើម្បីពិភាក្សាអំពីសេដ្ឋកិច្ចរបស់អ៊ុយក្រែន។ លោក Zelenskyy បានថ្លែងអំពីការខ្វះខាតប្រេងឥន្ធនៈ ដែលកំពុងប៉ះពាល់ដល់អ៊ុយក្រែន ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីបានកើតឡើង។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AP។
- ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា លោកស្រី Jill Biden ភរិយារបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានជួបជាមួយក្រុមស្ត្រីជាម្តាយនិងជាអ្នកបម្រើការងារក្នុងវិស័យអប់រំ នៅទីក្រុង Bucharest ប្រទេសរូម៉ានី កាលពីថ្ងៃសៅរ៍នៅសាលារៀនមួយ ដោយបានសរសើរពីភាពរឹងមាំនិងការតស៊ូជម្នះរបស់ស្ត្រីទាំងនោះ។ លោកស្រី Jill Biden ក៏បានជួបក្មេងៗជនជាតិអ៊ុយក្រែននិងរូម៉ានី ដែលកំពុងគូររូបបាតដៃពួកគេលើក្រដាសដែលមានពណ៌តំណាងឲ្យទង់ជាតិរបស់ប្រទេសពួកគេ។ លោកស្រីបានធ្វើដំណើរទៅកាន់សាលារៀននេះ ដោយមានការអមដំណើរដោយលោកស្រី Carmen Iohannis ភរិយារបស់ប្រធានាធិបតីរូម៉ានី ដែលជាគ្រូបង្រៀនម្នាក់ផងដែរ។
- លោក Dmytro Zhyvytskyi អភិបាលតំបន់ បានឲ្យដឹងថា មីស៊ីលជាច្រើនគ្រាប់របស់រុស្ស៊ីដែលបាញ់តាមអាកាស បានធ្លាក់ចំទីតាំងពីរនៅក្បែរព្រំដែនរុស្ស៊ីក្នុងតំបន់ Sumy ភាគខាងជើងប្រទេសអ៊ុយក្រែន កាលពីថ្ងៃសៅរ៍។ មន្ត្រីយាមល្បាតព្រំដែនម្នាក់បានរងរបួស នៅក្នុងសង្កាត់ Myropilske និងសង្កាត់ Khotin។ លោក Zhyvytskyi បានសរសេរបែបនេះតាមកម្មវិធីផ្ញើសារ Telegram។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ក្រសួងការពារជាតិអ៊ុយក្រែន ឲ្យដឹងថា យោធាអ៊ុយក្រែនបានបំផ្លាញនាវាចម្បាំងមួយរបស់រុស្ស៊ី នៅកោះពស់នៃតំបន់សមុទ្រខ្មៅ ដោយបានបង្ហោះវីដេអូតាមបណ្តាញសង្គមបង្ហាញទិដ្ឋភាពផ្ទុះឡើងលើផ្ទាំងមួយ។ រុស្ស៊ីមិនទាន់បញ្ជាក់ពីការវាយប្រហារនេះនៅឡើយទេ។ នេះបើតាមសេចក្តីរាយការណ៍ព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មានបារាំង AFP។
- ការបាញ់គ្រាប់ផ្តក់របស់ទាហានរុស្ស៊ីបានធ្លាក់ចំសារមន្ទីរមួយ ដែលឧទ្ទិសដល់ទស្សនវិទូនិងអ្នកនិពន្ធកំណាព្យអ៊ុយក្រែន Hryhoriy Skovoroda នៅភូមិ Skovorodynivka ក្នុងប្រទេសអ៊ុយក្រែន ដោយបណ្តាលឲ្យមានអគ្គិភ័យឆាបឆេះហើយបានបំផ្លាញអគារនោះ។ នេះបើតាមការលើកឡើងរបស់លោក Oleh Sinegubov អភិបាលតំបន់ Kharkiv កាលពីថ្ងៃសៅរ៍។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ស្នងការសិទ្ធិមនុស្សរបស់ក្រុមប្រឹក្សាអឺរ៉ុបលោកស្រី Dunja Mijatovic បានចាត់ទុកសកម្មភាពរំលោភសិទ្ធិមនុស្សរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែនថា «តក់ស្លុត» បន្ទាប់ពីលោកស្រីបានធ្វើទស្សនកិច្ចរយៈពេល ៤ ថ្ងៃនៅក្នុងប្រទេសអ៊ុយក្រែន។ ក្រុមប្រឹក្សាអឺរ៉ុបបានថ្លែងតាមសេចក្តីថ្លែងការណ៍មួយថា ដំណើរទស្សនកិច្ចនៅតាមតំបន់ជាយរដ្ឋធានីកៀវ បានបង្ហាញឲ្យឃើញ «ភស្តុតាងកាន់តែច្រើនឡើងអំពីការសម្លាប់តាមតែអំពើចិត្ត ការធ្វើទារុណកម្ម និងការបាត់ខ្លួនមនុស្សទាំងបង្ខំ»។ នេះបើតាមទីភ្នាក់ងារព័ត៌មានបារាំង AFP។
- រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក Antony Blinkey បានថ្លែងនៅថ្ងៃសៅរ៍ថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានព្យាយាម «កែប្រែប្រវត្តិសាស្ត្រ» ដោយប្រៀបធៀបអ៊ុយក្រែនទៅនឹងអាល្លឺម៉ង់ក្រោមការគ្រប់គ្រងរបស់ពួកណាហ្ស៊ី នៅក្នុងកិច្ចប្រឹងប្រែងមួយដើម្បីធ្វើជាមូលហេតុត្រឹមត្រូវសម្រាប់សកម្មភាពឈ្លានពានរបស់ខ្លួនលើប្រទេសអ៊ុយក្រែន ដែលជាប្រទេសជិតខាង។ នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយមុនខួបទី ៧៧ នៃទិវាជ័យជម្នះក្នុងថ្ងៃអឺរ៉ុប លោក Blinken បានលើកឡើងអំពីសង្គ្រាមចុងក្រោយដែលបានកើតឡើងនៅក្នុងទ្វីបអឺរ៉ុប។ ក្នុងការធ្វើដូច្នេះ លោក Blinken បានថ្លែងថា ពិភពលោកចាំបាច់ត្រូវ «បង្កើនការតាំងចិត្តរបស់យើងដើម្បីជម្នះនឹងជនដែលបច្ចុប្បន្នព្យាយាមកែប្រែការចងចាំបែបប្រវត្តិសាស្ត្រ ដើម្បីតែមហិច្ឆតារបស់ខ្លួន»។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែត The Washington Post។
- ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា តំណាងរាស្ត្រជាន់ខ្ពស់រុស្ស៊ីម្នាក់បានចោទប្រកាន់ថា រដ្ឋាភិបាលអាមេរិកបានរៀបចំប្រតិបត្តិការយោធានៅក្នុងប្រទេសអ៊ុយក្រែន ដោយចាត់ទុកសកម្មភាពនេះថាជាការលូកដៃពាក់ព័ន្ធដោយផ្ទាល់របស់សហរដ្ឋអាមេរិកនៅក្នុងសកម្មភាពយោធាប្រឆាំងនឹងរុស្ស៊ី។ លោក Vyacheslav Volodin បានសរសេរនៅតាមបណ្តាញ Telegram ថា «រដ្ឋាភិបាលអាមេរិកកំពុងរៀបចំនិងបង្កើតប្រតិបត្តិការយោធា ដូច្នេះវាស្មើនឹងការចូលរួមដោយផ្ទាល់ក្នុងសកម្មភាពយោធាប្រឆាំងនឹងប្រទេសរបស់យើង»។ រដ្ឋាភិបាលអាមេរិកនិងប្រទេសនៅអឺរ៉ុបដែលជាសមាជិកសម្ព័ន្ធភាពអូតង់ បានផ្តល់អាវុធធុនធ្ងន់ដល់រដ្ឋាភិបាលអ៊ុយក្រែន ដើម្បីជួយទប់ទល់នឹងការវាយប្រយុទ្ធរបស់រុស្ស៊ី ដែលអាចធ្វើឲ្យរុស្ស៊ីក្តោបក្តាប់ផ្នែកខ្លះនៃតំបន់ភាគខាងកើតនិងភាគខាងត្បូងប្រទេសអ៊ុយក្រែន ប៉ុន្តែបរាជ័យក្នុងការវាយកាន់កាប់រដ្ឋធានីកៀវ។
- គ្រាប់មីស៊ីលជាច្រើនបានបាញ់ចំទីក្រុងកំពង់ផែ Odesa ដែលស្ថិតនៅភាគខាងត្បូង អ៊ុយក្រែនកាលពីសៅរ៍។ នេះបើតាមសេចក្តីថ្លែងការណ៍តាមទូរទស្សន៍របស់លោក Serhiy Bratchuk អ្នកនាំពាក្យរដ្ឋបាលតំបន់។ លោក Bratchuk បានថ្លែងថា គ្រាប់មីស៊ីលទាំងនេះបានបាញ់ចំទីក្រុង បន្ទាប់ពីមីស៊ីល ៤ គ្រាប់ បានបាញ់ចំទីតាំងនៅជុំវិញតំបន់ក្រុង Odesa កាលពីពេលព្រឹកថ្ងៃសៅរ៍។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានគោរពវិញ្ញាណក្ខន្ធរបស់លោក Oleksandr Makhov អ្នកកាសែតអ៊ុយក្រែន ដែលបានស្លាប់នៅក្នុងសមរភូមិប្រយុទ្ធមួយក្បែរក្រុង Izyum នៃតំបន់ Kharkiv។ លោក Makhov អាយុ ៣៦ ឆ្នាំ គឺជាអ្នកកាសែតយោធាដ៏ឆ្នើមមួយរូបនៅក្នុងប្រទេសអ៊ុយក្រែន ដែលបានចូលបម្រើក្នុងជួរកងទ័ពអ៊ុយក្រែន គ្រាដែលរុស្ស៊ីបានចាប់ផ្តើមធ្វើសង្គ្រាមជាមួយអ៊ុយក្រែន។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AP។
- អភិបាលតំបន់នៅក្នុងប្រទេសអ៊ុយក្រែន ឲ្យដឹងថា មនុស្សម្នាក់ត្រូវបានរាយការណ៍ថា បានស្លាប់ និងបីនាក់ទៀតបានរងរបួសកាលពីថ្ងៃសុក្រ ដោយសារតែការបាញ់គ្រាប់ផ្តក់របស់ទាហានរុស្ស៊ីនៅទីក្រុង Lyman ដែលស្ថិតនៅក្នុងតំបន់ Donetsk ភាគខាងកើតប្រទេសអ៊ុយក្រែន។ នេះបើតាមសេចក្តីរាយការណ៍ព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មាន AP។
- ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានថ្លែងថា កិច្ចប្រឹងប្រែងផ្នែកការទូត កំពុងដំណើរការដើម្បីជួយសង្គ្រោះទាហានអ៊ុយក្រែនដែលជាប់គាំងនៅក្នុងរោងចក្រដែកថែប Azovstal នៅទីក្រុងកំពង់ផែ Mariupol ស្របពេលដែលជនស៊ីវិលជាបន្តបន្ទាប់ ត្រូវបានជម្លៀសចេញពីរោងចក្រដែលរងការវាយប្រហារយ៉ាង ធ្ងន់ធ្ងរ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
- មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនម្នាក់ប្រចាំក្រសួងមហាផ្ទៃ បានព្រមានអំពី«ការចាប់ផ្តើមសកម្មភាពបំផ្លិចបំផ្លាញនិងឧក្រិដ្ឋកម្មផ្សេងៗ» មុនថ្ងែជ័យជម្នះរបស់រស្ស៊ី ដែលនឹងធ្វើឡើងនៅថ្ងៃចន្ទ។ រដ្ឋាភិបាលរុស្ស៊ីប្រារព្ធទិវាជ័យជម្នះសូវៀតលើក្រុមណាហ្ស៊ីអាល្លឺម៉ង់ នៅក្នុងសង្គ្រាមលោកលើកទី ២ ដែលធ្វើឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី ៩ ខែឧសភា។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AP។
- ជនស៊ីវិល ៥០ នាក់ ត្រូវបានជម្លៀសកាលពីថ្ងៃសុក្រ ចេញពីរោងចក្រដែកថែប Azovstal នៅទីក្រុង Mariupol ប្រទេសអ៊ុយក្រែន ដែលត្រូវបានហ៊ុមព័ទ្ធដោយទាហានរុស្ស៊ី។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AP។
- សមាជិកនៃក្រុមប្រឹក្សាសន្តិសុខប្រចាំអង្គការសហប្រជាជាតិ រួមទាំងរុស្ស៊ី បានព្រមព្រៀងគ្នាអនុម័តលើសេចក្តីថ្លែងការណ៍មួយ ដែលបង្ហាញ «ការគាំទ្រដ៏ខ្លាំងក្លា» ដល់កិច្ចប្រឹងប្រែងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិភាពមួយដល់«ជម្លោះ»នៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AP។
- កាសែត The Washington Post រាយការណ៍ថា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres នឹងធ្វើដំណើរទស្សនកិច្ចទៅប្រទេសម៉ុលដាវីនៅថ្ងៃចន្ទបន្ទាប់ពីមន្ត្រីការទូតជាន់ខ្ពស់ម្នាក់របស់សហភាពអឺរ៉ុប បានបង្ហាញក្តីបារម្ភពីមហិច្ឆតារបស់រុស្ស៊ី នៅក្នុងការពង្រីកការក្តោបក្តាប់រស់ខ្លួន ហួសពីព្រំដែនអ៊ុយក្រែន ហើយធ្លាយចូលទៅប្រទេសអឺរ៉ុបដែលនៅជិតខាងនោះ។
- ទីភ្នាក់ងារព័ត៌មានរបស់រដ្ឋាភិបាលរុស្ស៊ី បានរាយការណ៍កាលពីថ្ងៃសុក្រថា សាធារណរដ្ឋប្រកាសផ្តាច់ខ្លួនពីរក្នុងតំបន់ឧស្សាហកម្មនាផ្នែកខាងកើតនៃប្រទេសអ៊ុយក្រែន បានចាត់តាំងឲ្យមានឯកអគ្គរដ្ឋទូតវិសាមញ្ញប្រចាំប្រទេសរុស្ស៊ី។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AP។
- មន្ត្រីប្រចាំក្រុមប្រឹក្សាសន្តិសុខជាតិនៃប្រទេសអ៊ុយក្រែន កាលពីថ្ងៃសុក្រ បានព្រមានពលរដ្ឋក្នុងក្រុង អំពីការកើនឡើងនៃករណីបាញ់គ្រាប់ផ្តក់ នៅថ្ងៃអាទិត្យ និងថ្ងៃចន្ទ ដែលត្រូវនឹងពិធីអបអរសាទរថ្ងៃជ័យជម្នះរបស់រុស្ស៊ី។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AP។
- កាសែត The Washington Post បានរាយការណ៍ថា ជនជាតិអ៊ុយក្រែន ៤១ នាក់ រួមទាំងមន្ត្រីយោធា ២៨ នាក់ និងប្រធានព្រះវិហារគ្រិស្តនិកាយ Orthodox ម្នាក់ ត្រូវបានដោះលែង ក្រោយកិច្ចចរចាប្តូរអ្នកទោសជាមួយរុស្ស៊ី។ នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោកស្រី Iryna Vereshchuk បានប្រកាសដូច្នេះ តាមបណ្តាញ Telegram។
- លោកស្រី Jen Psaki អ្នកនាំពាក្យសេតវិមាន ថ្លែងថា លោកប្រធានាធិបតី Joe Biden នឹងជួបពិភាក្សាតាមប្រព័ន្ធអ៊ីនធឺណិតជាមួយមេដឹកនាំប្រទេសជាសមាជិក G-7 និងលោក Volodymyr Zelenskyy នៅថ្ងៃអាទិត្យ។ ថ្លែងកាលពីថ្ងៃសុក្រនៅលើយន្តហោះប្រធានាធិបតីអាមេរិក Air Force One លោកស្រី Psaki និយាយថា ប្រទេស G-7 នឹងពិភាក្សាគ្នាអំពីសង្គ្រាម ផលប៉ះពាល់ជាសកលលោក អនាគតរបស់ប្រទេសអ៊ុយក្រែន និងការពង្រីកការដាក់ទណ្ឌកម្មបន្ថែម។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AP។
- កាលពីថ្ងៃសុក្រ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានអនុម័តឲ្យមានការដឹកជញ្ជូនជំនួយយោធាជាគ្រាប់កាំភ្លើងធំ និងប្រព័ន្ធរ៉ាដា ដែលមានតម្លៃជាទឹកប្រាក់ប្រមាណ ១៥០ លានដុល្លារ ទៅឲ្យប្រទេសអ៊ុយក្រែន ដើម្បីជួយអ៊ុយក្រែនវាយប្រយុទ្ធទប់ទល់នឹងកងកម្លាំងឈ្លានពានរបស់រុស្ស៊ី។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AP។
- ក្រុមផ្តាច់ខ្លួនដែលគាំទ្ររុស្ស៊ីនៅប្រទេសម៉ុលដាវី បានថ្លែងនៅថ្ងៃសៅរ៍ថា តំបន់ដែលខ្លួនបានកាន់កាប់ ត្រូវបានវាយប្រហារបួនលើកដោយដ្រូន នៅក្បែរព្រំដែនអ៊ុយក្រែន កាលពីយប់ថ្ងៃសុក្ររំលងអធ្រាត។ ក្នុងរយៈពេលជិតពីរសប្តាហ៍កន្លងមកនេះ ករណីវាយប្រហារស្រដៀងគ្នានេះដែលបានកើតឡើងនៅតំបន់ Transdniestria បានបង្កឲ្យមានក្តីបារម្ភជាអន្តរជាតិថា សង្គ្រាមរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន អាចនឹងរីករាលដាលហួសព្រំដែនប្រយុទ្ធអ៊ុយក្រែន។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
- យោធាអ៊ុយក្រែនបានថ្លែងកាលពីថ្ងៃសុក្រថា ខ្លួនបានបោះជំហានទៅមុខនៅក្នុងតំបន់ Kharkiv ដោយវាយយកភូមិចំនួន ៥ និងផ្នែកខ្លះនៃភូមិទី ៦ មកវិញ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AP។
- កាសែត The Washington Post បានរាយការណ៍ថា កាលពីថ្ងៃសៅរ៍ អ៊ុយក្រែនបានចោទទាហានរុស្ស៊ីថា បានបំផ្លាញស្ពានចំនួន ៣ នៅទីក្រុង Kharkiv ដែលជាទីក្រុងធំបង្អស់ទី ២ របស់អ៊ុយក្រែន ក្នុងគោលបំណងរារាំងការវាយប្រហារតទល់វិញពីទាហានអ៊ុយក្រែន។
- ទីភ្នាក់ងារព័ត៌មាន AP រាយការណ៍ថា ភូមិមួយនៅតំបន់ Belgorod ភាគខាងត្បូងប្រទេសរុស្ស៊ី ដែលជាប់ព្រំដែនប្រទេសអ៊ុយក្រែន កំពុងជម្លៀសមនុស្សចេញពីទីនោះ ដោយសារការបាញ់គ្រាប់ផ្តក់ចេញពីតំបន់កាន់កាប់ដោយទាហានអ៊ុយក្រែន។ នេះបើតាមការអះអាងរបស់អភិបាលក្នុងតំបន់។
- រដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ីតាលី បានអនុម័តលើប្រកាសមួយដែលនឹងរារាំងមិនឲ្យនាវាកម្សាន្តធំមួយគ្រឿង ធ្វើដំណើរចេញពីកំពង់ផែ Tuscan បន្ទាប់ពីការស៊ើបអង្កេត បានបង្ហាញឲ្យដឹងថា នាវា Scheherazade ដ៏ទំនើបនេះ មានជាប់ពាក់ព័ន្ធនឹង «សមាជិកសំខាន់ៗនៅក្នុងជួររដ្ឋាភិបាលរុស្ស៊ី»។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AP។