ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។

LIVE BLOG: ព្រឹត្តិការណ៍ថ្មីៗអំពីការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ៣ វិច្ឆិកា ២០២២

រុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែន តាំងពីថ្ងៃទី២៤ ខែកម្ភៈ មក។ សូមតាមដានព្រឹត្តិការណ៍ថ្មីៗប្រចាំថ្ងៃទាក់ទងនឹងវិបត្តិអ៊ុយក្រែន នៅ​លើ​ទំព័រ Live Blog ដែលផ្សាយផ្ទាល់នេះ។

២១:១៩ ២.៥.២០២២

ថ្ងៃចន្ទ ទី ២ ខែឧសភា៖

  • អធិការបតី​អាល្លឺម៉ង់​លោក Olaf Scholz បាន​អំពាវនាវ​ឱ្យ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បញ្ចប់​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន និង​បញ្ចប់ «ការ​សម្លាប់​បែប​ឆ្កួត​លីលា» នៅ​សមរភូមិ។ នៅ​ក្នុង​ការ​ថ្លែង​ក្នុង​សន្និសីទ​កាសែត​ជាមួយ​នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi ក្នុង​ទីក្រុង​ប៊ែរឡាំង​នៃ​ប្រទេស​អាល្លឺម៉ង់​នៅ​ថ្ងៃ​ចន្ទ​នេះ លោក Scholz បាន​និយាយ​ថា​អ្វី «ដែល​សំខាន់​គឺ​ការ​សម្រេច​ឱ្យ​បាន​នូវ​អនាគត​ដ៏​ប្រសើរ​មួយ​ទាំង​អស់​គ្នា​ មិនមែន​តាម​រយៈ​ការ​ធ្វើ​សង្គ្រាម​ប្រឆាំង​គ្នា​ទៅ​វិញ​ទៅ​មក​នោះ​ទេ ប៉ុន្តែ​តាម​រយៈ​ការ​ធ្វើ​ឱ្យ​មាន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​ការ​អភិវឌ្ឍ​រួម​គ្នា»។ លោក Scholz ក៏​បាន​អំពាវនាវ​ផងដែរ​ឱ្យ​លោក Putin «ដក​កងទ័ព​របស់​ខ្លួន​ចេញ​ពី​ប្រទេស​អ៊ុយក្រែន» ដោយ​លោក​បាន​បន្ថែម​ថា «ព្រំដែន​មិន​គួរ​ត្រូវ​បាន​កែប្រែ​តាម​រយៈ​ការ​ប្រើ​អំពើ​ហិង្សា​នោះ​ទេ»។ នេះ​បើ​យោង​តាម​បណ្ដាញ​ព័ត៌មាន CNN។
អធិការបតី​អាល្លឺម៉ង់​ លោក Olaf Scholz (ស្ដាំ) និង​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា លោក Narendra Modi ចូល​រួម​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ក្នុង​អំឡុង​ពេល​នៃ​ជំនួប​ពិភាក្សា​រវាង​អ្នក​ទាំង​ពីរ​នៅ​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់ ថ្ងៃទី ២ ខែឧសភា ឆ្នាំ២០២២។ (REUTERS)
អធិការបតី​អាល្លឺម៉ង់​ លោក Olaf Scholz (ស្ដាំ) និង​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា លោក Narendra Modi ចូល​រួម​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ក្នុង​អំឡុង​ពេល​នៃ​ជំនួប​ពិភាក្សា​រវាង​អ្នក​ទាំង​ពីរ​នៅ​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់ ថ្ងៃទី ២ ខែឧសភា ឆ្នាំ២០២២។ (REUTERS)
  • នៅ​ក្នុង​ការ​ចាប់ផ្ដើម​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​ទ្វីប​អឺរ៉ុប​នៅ​ថ្ងៃ​ចន្ទ​នេះ នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi បាន​អំពាវនាវ​ឱ្យ​មាន​ការ​ចរចា​គ្នា​ដើម្បី​បញ្ចប់​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ប៉ុន្តែ​មិន​បាន​លើកឡើង​អំពី​ការ​ថ្កោលទោស​ណា​មួយ​លើ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​នោះ​ទេ។ លោក Modi បាន​ប្រាប់​អ្នក​សារព័ត៌មាន បន្ទាប់ពី​លោក​បាន​ជួប​ពិភាក្សា​ជាមួយ​នឹង​អធិការបតី​អាល្លឺម៉ង់​លោក Olaf Scholz នៅ​ក្នុង​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់​ថា៖ «យើង​បាន​ទទូច​ឱ្យ​មាន​កិច្ច​ឈប់​វាយ​ប្រយុទ្ធ​គ្នា​និង​បាន​អំពាវនាវ​ឱ្យ​មាន​ការ​ចរចា​គ្នា ដែល​នេះ​ជា​មធ្យោបាយ​តែ​មួយ​គត់​ដើម្បី​ដោះស្រាយ​ជម្លោះ​តាំងពី​ពេល​ដែល​វិបត្តិ​អ៊ុយក្រែន​នេះ​បាន​ចាប់ផ្ដើម​មក»។ លោក​បាន​បន្ថែម​ថា៖ «យើង​ជឿ​ថា​នឹង​គ្មាន​អ្នក​ឈ្នះ​នៅ​ក្នុង​សង្គ្រាម​នេះ​ទេ ហើយ​ភាគី​ទាំង​អស់​នឹង​ចាញ់។ ហេតុ​ដូច្នេះ​ហើយ យើង​គាំទ្រ​សន្តិភាព»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • ក្រសួង​ការបរទេស​អ៊ុយក្រែន​បាន​បង្ហាញ​សាមគ្គីភាព​ជាមួយ​នឹង​ជាតិសាសន៍​ជ្វីហ្វ​ទាក់ទិន​នឹង​ការ​លើកឡើង​បែប​ប្រឆាំង​នឹង​ជាតិ​សាសន៍​ជ្វីហ្វ​របស់​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergei Lavrov និង​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងអស់​ធ្វើ​យ៉ាង​ណា​ឱ្យ​រុស្ស៊ី​កាន់តែ​ឯកោ​បន្ថែម​ទៀត។ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ចន្ទ​នេះ ក្រសួង​ការបរទេស​អ៊ុយក្រែន​បាន​បញ្ជាក់​ថា ការ​លើកឡើង​របស់​លោក Lavrov គឺ​ជា​ការ​វាយប្រហារ​ប្រឆាំង​នឹង​ប្រធានាធិបតី​អ៊ុយក្រែន​និង​ជាតិសាសន៍​ជ្វីហ្វ និង​បាន​ហៅ​ការ​លើកឡើង​របស់​លោក Lavrov នេះ​ថា «មិន​អាច​ទទួល​យក​បាន​ទាំងស្រុង»។ លោក Lavrov បាន​លើកឡើង​កាលពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ​ថា មេដឹកនាំ​ណាហ្ស៊ី​អាល្លឺម៉ង់​លោក Adolf Hitler មាន «ឈាម​ជ័រ​ជា​ជាតិ​សាសន៍​ជ្វីហ្វ»។ នេះ​បើ​យោង​តាម​បណ្ដាញ​ព័ត៌មាន CNN។
  • ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​អ៊ុយក្រែន​សង្ឃឹម​ថា​នឹង​អាច​វិល​ត្រឡប់​ទៅ​កាន់​រដ្ឋធានី​កៀវ​វិញ​នៅ​ត្រឹម​ចុង​ខែ​ឧសភា​នេះ ប្រសិនបើ​លក្ខខណ្ឌ​អំណោយ​ផល។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ភារធារី​ស្ថានទូត​នៅ​ថ្ងៃ​ចន្ទ​នេះ។ មន្ត្រី​ស្ថានទូត​អាមេរិក​បាន​ចាកចេញ​ពី​ស្ថានទូត​នៅ​រដ្ឋធានី​កៀវ​ក្នុង​ពេល​ជិត​ពីរ​សប្ដាហ៍​មុន​ពេល​រុស្ស៊ី​ចាប់ផ្ដើម​ឈ្លានពាន​អ៊ុយក្រែន​នៅ​ថ្ងៃ​ទី ២៤ ខែ​កុម្ភៈ ដោយ​ផ្ទេរ​មុខងារ​មួយ​ចំនួន​ទៅ​ទីក្រុង Lviv នៅ​ភាគ​ខាង​លិច​ប្រទេស មុន​ពេល​ប្ដូរ​ទីតាំង​ស្ថានទូត​ទៅ​កាន់​ប្រទេស​ប៉ូឡូញ។ អ្នកស្រី​ភារធារី Kristina Kvien បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា៖ «យើង​ស្ដាប់​តាម​អ្នក​ជំនាញ​ផ្នែក​សន្តិសុខ ហើយ​នៅ​ពេល​ណា​ដែល​ពួកគេ​ប្រាប់​យើង​ថា​យើង​អាច​ត្រឡប់​ទៅ​វិញ យើង​នឹង​ទៅ​វិញ»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ប្រទេស​ស៊ុយអែត​នឹង​បើក​ស្ថានទូត​របស់​ខ្លួន​នៅ​ក្នុង​រដ្ឋធានី​កៀវ ប្រទេស​អ៊ុយក្រែន​ឡើង​វិញ​នៅ​ថ្ងៃ​ពុធ​ខាង​មុខ បន្ទាប់ពី​បាន​បិទ​ជា​បណ្ដោះអាសន្ន​នៅ​ក្រោយ​ពេល​ដែល​រុស្ស៊ី​បាន​ឈ្លានពាន​អ៊ុយក្រែន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​រដ្ឋមន្ត្រី​ការបរទេស​ស៊ុយអែត​អ្នកស្រី Ann Linde នៅ​លើ Twitter នៅ​ថ្ងៃ​ចន្ទ​នេះ។ អ្នកស្រី​បាន​សរសេរ​ដូច្នេះ​ថា៖ «ប្រទេស​ស៊ុយអែត​នឹង​បន្ត​ឈរ​ជាមួយ​អ៊ុយក្រែន (#StandWithUkraine) និង​មាន​សេចក្ដី​រីករាយ​ដែល​វត្តមាន​ការទូត​របស់​ស៊ុយអែត​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​នឹង​ត្រឡប់​ទៅ​កាន់​ទីតាំង​ដើម​របស់​ខ្លួន​វិញ»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ប្រទេស​ហុងគ្រី​បាន​ផ្លាស់​ទីតាំង​ស្ថានទូត​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ពី​ទីក្រុង Lviv ទៅ​កាន់​រដ្ឋធានី​កៀវ​វិញ ដោយសារ​ស្ថានការណ៍​សន្តិសុខ​នៅ​ក្នុង​រដ្ឋធានី​កៀវ​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​រដ្ឋមន្ត្រី​ការបរទេស​ហុងគ្រី​លោក Peter Szijjarto នៅ​ថ្ងៃ​ចន្ទ​នេះ។ នៅ​ក្នុង​វីដេអូ​មួយ​តាម Facebook លោក Szijjarto បាន​និយាយ​ថា ការ​ប្ដូរ​ទីតាំង​ស្ថានទូត​នេះ​បាន​បញ្ចប់​រួច​រាល់​ហើយ​កាលពី​ចុង​សប្ដាហ៍ ហើយ​ស្ថានទូត​ហុងគ្រី​នៅ​ក្នុង​រដ្ឋធានី​កៀវ​បាន​បើក​ដំណើរការ​រួច​ហើយ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • យោធា​អ៊ុយក្រែន​បាន​បញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា កងទ័ព​អ៊ុយក្រែន​បាន​ដណ្ដើម​ត្រួតត្រា​មក​វិញ​នូវ​ទីតាំង​មួយ​ចំនួន​នៅ​ភាគ​ខាង​ជើង​និង​ភាគ​ខាង​កើត​នៃ​ទីក្រុង Kharkiv។ ករណី​នេះអាច​នឹង​ធ្វើ​ឱ្យ​កងទ័ព​រុស្ស៊ី​មាន​ការ​លំបាក​នៅ​ក្នុង​ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​និង​កាំភ្លើង​ធំ​លើ​ទីក្រុង​នេះ។ យោធា​អ៊ុយក្រែន​បាន​លើកឡើង​ដូច្នេះ​ថា ភូមិ Ruska Lozova នៅ​ភាគ​ខាង​ជើង​ទីក្រុង Kharkiv «បាន​ត្រឡប់​មក​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​យើង​វិញ​ហើយ បើ​ទោះបីជា​រង​ការ​ខូចខាត​និង​បំផ្លិច​បំផ្លាញ​ក៏ដោយ»។ នេះ​បើ​យោង​តាម​បណ្ដាញ​ព័ត៌មាន CNN។
  • ពលរដ្ឋ​អាមេរិកាំង​ភាគ​ច្រើន​ទាំង​អ្នក​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ​និង​អ្នក​គាំទ្រ​គណបក្ស​សាធារណរដ្ឋ​បាន​និយាយ​ថា ពួកគេ​គាំទ្រ​ការ​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី​និង​ការ​ផ្ដល់​ជំនួយ​យោធា​និង​ជំនួយ​មនុស្សធម៌​ដល់​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​ការ​ស្ទង់​មតិ​រួម​គ្នា​មួយ​របស់​កាសែត The Washington Post និង​បណ្ដាញ​ព័ត៌មាន ABC News ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ចន្ទ​នេះ។ នៅ​ក្នុង​ការ​ស្ទង់​មតិ​នោះ ពលរដ្ឋ​ប្រហែល ៧២% បាន​បញ្ជាក់​ថា ពួកគេ​មិន​ចង់​ឱ្យ​សហរដ្ឋ​អាមេរិក​ចាត់​វិធានការ​បែប​យោធា​ដោយ​ផ្ទាល់​ណា​មួយ​លើ​រុស្ស៊ី​ទេ។ រី​ឯ​ពលរដ្ឋ​ប្រហែល ២១% បាន​និយាយ​ថា ពួកគេ​នឹង​គាំទ្រ​ចំណាត់ការ​បែប​នេះ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​កាសែត The Washington Post។
  • ការិយាល័យ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ (OHCHR) បាន​បញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ចំនួន​ជន​ស៊ីវិល​ដែល​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​តាំងពី​ពេល​ដែល​រុស្ស៊ី​បាន​ឈ្លានពាន​កាលពី​ថ្ងៃ​ទី ២៤ ខែ​កុម្ភៈ​មក បាន​កើន​លើស ៣.០០០ នាក់​ហើយ។ ជន​ស៊ីវិល​ដែល​ត្រូវ​បាន​សម្លាប់​ចំនួន ៣.១៥៣ នាក់​ក្នុង​ពេល​កន្លង​មក​នេះ​មាន​ការ​កើន​ឡើង​ចំនួន ២៥៤ នាក់​តាំងពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​មក។ អង្គការ OHCHR បាន​បន្ថែម​ថា តួលេខ​អ្នក​ស្លាប់​ពិត​ប្រាកដ​អាច​ខ្ពស់​ជាង​នេះ​ច្រើន ដោយសារតែ​មាន​ការ​ពិបាក​នៅ​ក្នុង​ការ​ទទួល​បាន​តួលេខ​អ្នក​ស្លាប់​និង​ដោយសារតែ​កិច្ច​សហប្រតិបត្តិការ​នៅ​កំពុង​បន្ត​ធ្វើ​ឡើង។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ពលរដ្ឋ​អ៊ុយក្រែន​ជាង៥លាន៥សែន​នាក់ បាន​ភៀស​ខ្លួន​ពី​ប្រទេស​តាំង​ពី​សង្គ្រាម​បាន​ចាប់ផ្ដើម​កាលពី​ថ្ងៃ​ទី ២៤ ខែ​កុម្ភៈ​មក។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ទីភ្នាក់ងារ​ជន​ភៀសខ្លួន​អង្គការ​សហប្រជាជាតិ (UNHCR) នៅ​ថ្ងៃ​ចន្ទ។ ទីភ្នាក់ងារ UNHCR បាន​បន្ថែម​ថា តួលេខ​នេះ​ប្រមូល​បាន​មកពី​ប្រភព​ផ្សេងៗ​ជាច្រើន ដែល​ភាគ​ច្រើន​បាន​មក​ពី​ទិន្នន័យ​ដែល​ផ្ដល់​ឱ្យ​ដោយ​អាជ្ញាធរ​ប្រចាំការ​នៅ​ច្រក​ឆ្លងកាត់​ព្រំដែន។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • រថយន្ត​ក្រុង​ដឹក​ជន​ស៊ីវិល​ដែល​ជម្លៀស​ចេញ​ពី​ទីក្រុង Mariupol ប្រទេស​អ៊ុយក្រែន បាន​ចាកចេញ​ពី​ទីក្រុង​នេះ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ទីប្រឹក្សា​របស់​អភិបាល​ទីក្រុង Mariupol។ ផ្ទុយ​ពី​ក្រុម​ជន​ស៊ីវិល​ដែល​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​ទីក្រុង Mariupol កាលពី​ថ្ងៃ​អាទិត្យ ជន​ស៊ីវិល​ដែល​ស្ថិត​នៅ​លើ​រថយន្ត​ក្រុង​លើក​នេះ​មិន​មែន​ជម្លៀស​ចេញ​ពី​រោងចក្រ​ដែកថែក​ Azovstal នោះ​ទេ។ ជន​ស៊ីវិល​និង​អ្នក​ប្រយុទ្ធ​ក្នុង​ចំនួន​មិន​ច្បាស់​មួយ​នៅ​ស្ថិត​នៅ​ក្នុង​រោងចក្រ Azovstal នៅ​ឡើយ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
ជនស៊ីវិល​អ៊ុយក្រែន​ដែល​ត្រូវ​បាន​អម​ដំណើរ​ដោយ​បុគ្គលិក​កាកបាទ​ក្រហម​ដើរ​នៅក្នុង​តំបន់​មួយ​ដែល​គ្រប់គ្រង​ដោយ​កងកម្លាំង​ផ្ដាច់ខ្លួន​ដែល​គាំទ្រ​ដោយ​រុស្ស៊ី​នៅ​ក្នុង​ក្រុង Bezimenne ប៉ែក​ខាង​កើត​ក្រុង Mariupol ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២២។ (AP)
ជនស៊ីវិល​អ៊ុយក្រែន​ដែល​ត្រូវ​បាន​អម​ដំណើរ​ដោយ​បុគ្គលិក​កាកបាទ​ក្រហម​ដើរ​នៅក្នុង​តំបន់​មួយ​ដែល​គ្រប់គ្រង​ដោយ​កងកម្លាំង​ផ្ដាច់ខ្លួន​ដែល​គាំទ្រ​ដោយ​រុស្ស៊ី​នៅ​ក្នុង​ក្រុង Bezimenne ប៉ែក​ខាង​កើត​ក្រុង Mariupol ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២២។ (AP)
  • គណៈកម្មការ​អឺរ៉ុប​នៃ​សហភាព​អឺរ៉ុប​ប្រហែល​ជា​លើកលែង​ឱ្យ​ប្រទេស​ហុងគ្រី​និង​ប្រទេស​ស្លូវ៉ាគី​ពី​ការ​ហាមឃាត់​ការ​ទិញ​ប្រេង​ឥន្ធនៈ​ពី​រុស្ស៊ីដោយ​គិតគូរ​អំពី​កម្រិត​នៃ​ការ​ពឹងផ្អែក​របស់​ប្រទេស​ទាំង​ពីរ​លើ​ប្រេង​ឆៅ​របស់​រុស្ស៊ី។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​សហភាព​អឺរុប​ពីរ​រូប​នៅ​ថ្ងៃ​ចន្ទ​នេះ។ គណៈកម្មការ​អឺរ៉ុប​គ្រោង​នឹង​បញ្ចប់​កិច្ចការ​រៀបចំ​ទណ្ឌកម្ម​ជុំ​ទី៦របស់​សហភាព​អឺរ៉ុប​ប្រឆាំង​នឹង​រុស្ស៊ី​នៅ​ថ្ងៃ​អង្គារ​ស្អែកដែល​នៅ​ក្នុង​កញ្ចប់​ទណ្ឌកម្ម​នោះ​ក៏​មាន​ការ​ហាម​ឃាត់​លើ​ការ​ទិញ​ប្រេង​ឥន្ធនៈ​របស់​រុស្ស៊ី​ផង ដែរ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ប្រទេស​ប៉ូឡូញ​ចង់​ឱ្យ​សហភាព​អឺរ៉ុប​កំណត់​កាល​បរិច្ឆេទ​ឱ្យ​បាន​ច្បាស់​សម្រាប់​ឱ្យ​បណ្ដា​ប្រទេស​ជា​សមាជិក​ឈប់​នាំចូល​ប្រេង​ឥន្ធនៈ​ពី​រុស្ស៊ី។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​រដ្ឋមន្ត្រី​អាកាសធាតុ​ប៉ូឡូញ​នៅ​ថ្ងៃ​ចន្ទ​នេះ ដោយ​អ្នកស្រី​បាន​បន្ថែម​ថា អ្នកស្រី​សង្ឃឹម​ថា​ការ​ហាម​ឃាត់​លើ​ការ​នាំចូល​ប្រេង​ឥន្ធនៈ​ពី​រុស្ស៊ី​នេះ​អាច​ចូល​ជា​ធរមាន​នៅ​មុន​ដំណាច់​ឆ្នាំ​នេះ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • រដ្ឋមន្ត្រី​ថាមពល​មកពី​បណ្ដា​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​បាន​ជួប​ពិភាក្សា​គ្នា​បន្ទាន់​នៅ​ថ្ងៃ​ចន្ទ​នេះ ស្រប​ពេល​ដែល​សហភាព​អឺរ៉ុប​ប្រឹងប្រែង​ដើម្បី​ឱ្យ​មាន​ការ​ឆ្លើយ តប​រួម​គ្នា​ចំពោះ​ការ​ទាមទារ​របស់​រដ្ឋាភិបាល​រុស្ស៊ី​ដែល​ចង់​ឱ្យ​អតិថិជន​អឺរ៉ុប​បង់​ថ្លៃ​ចំណាយ​លើ​ការ​ទិញ​ឧស្ម័ន​របស់​រុស្ស៊ី​ជា​ប្រាក់​រូប បើ​មិន​ដូច្នេះ​ទេ​នឹង​ប្រឈម​នឹង​ការ​កាត់ផ្ដាច់​ការ​ផ្គត់ផ្គង់។ រុស្ស៊ី​បាន​ផ្អាក​ការ​ផ្គត់ផ្គង់​ឧស្ម័ន​ដល់​ប្រទេស​ប៊ុលហ្គារី​និង​ប្រ ទេស​ប៉ូឡូញ​កាលពី​សប្ដាហ៍​មុន បន្ទាប់ពី​ប្រទេស​ទាំង​ពីរ​បដិសេធ​មិន​ព្រម​ធ្វើ​តាម​ការ​ទាមទារ​របស់​រុស្ស៊ី​នៅ​ក្នុង​ការ​បង់​ថ្លៃ​ចំណាយ​ជា​ប្រាប់​រូប។ នេះ​បើ​យោង​តាម​ទីភ្នាក់ ងារ​ព័ត៌មាន Reuters។
  • ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ប្រទេស​អ៊ុយក្រែន​អាច​បាត់បង់​ធញ្ញជាតិ​រាប់​សិប​តោន​ដោយសារ​តែ​រុស្ស៊ី​បាន​គ្រប់គ្រង​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​សមុទ្រ​នៅ​សមុទ្រ​ខ្មៅ ដែល​ករណី​នេះ​អាច​បណ្ដាល​ឱ្យ​មាន​វិបត្តិ​ស្បៀង​អាហារ​ដែល​នឹង​ប៉ះពាល់​ដល់​ទ្វីប​អឺរ៉ុប អាស៊ី និង​អាហ្វ្រិក។ លោក Zelenskyy បាន​បញ្ជាក់​នៅ​ក្នុង​កម្មវិធី​ព័ត៌មាន«60 Minutes»របស់​អូស្ត្រាលី​ថា៖«រុស្ស៊ី​មិន​អនុញ្ញាត​ឱ្យ​នាវា​នានា​ចូល​ឬ​ចេញពី​កំពង់ផែ។ រុស្ស៊ី​កំពុង​ត្រួតត្រា​ការ​ដឹក​ជញ្ជូន​តាម​សមុទ្រ​ខ្មៅ»។ លោក​បាន​បន្ថែម​ថា៖ «រុស្ស៊ី​ចង់​រាំងខ្ទប់​សេដ្ឋកិច្ច​របស់​អ៊ុយក្រែន​ទាំងស្រុង​តែម្ដង»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ក្រសួង​កសិកម្ម​អ៊ុយក្រែន​បាន​បញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា អ៊ុយក្រែន​បាន​បិទ​ជា​ផ្លូវការ​នូវ​កំពង់ផែ ៤ របស់​ខ្លួន​នៅ​សមុទ្រ​ខ្មៅ​និង​សមុទ្រ Azov ដែល​កងទ័ព​រុស្ស៊ី​បាន​ដណ្ដើម​កាន់កាប់។ ក្រសួង​នេះ​បាន​លើកឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា កំពង់ផែ​ទី ក្រុងMariupol កំពង់ផែ​ទីក្រុង Berdiansk និង​កំពង់ផែ​ទីក្រុង Skadovsk នៃ​សមុទ្រ Azov និង​កំពង់ផែ​ទីក្រុង Kherson នៃ​សមុទ្រ​ខ្មៅ​ត្រូវ​បាន​បិទ «រហូត​ទាល់តែ​ដល់​ពេល​ស្ដារ​ការ​ត្រួតត្រា​បាន​វិញ»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi បាន​ធ្វើ​ដំណើរ​ទៅកាន់​ទ្វីប​អឺរ៉ុប​នៅ​ថ្ងៃ​ចន្ទ​ដើម្បី​ពិភាក្សា​ជាមួយ​នឹង​មេដឹកនាំ​នានា​នៅ​ក្នុង​តំបន់។ ចំណុច​សំខាន់​នៃ​ការ​ពិភាក្សា​ទាំង​នោះ​អាច​នឹង​ផ្ដោត​លើ​ការ​បដិសេធ​របស់​ឥណ្ឌា​នៅ​ក្នុង​ការ​ថ្កោលទោស​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។ លោក Modi បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែង ការណ៍​មួយ​ដែល​ចេញ​ផ្សាយ​មុន​ពេល​លោក​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អាល្លឺម៉ង់ដាណឺ ម៉ាក និង​បារាំង​ថា៖ «ដំណើរ​ទស្សនកិច្ច​របស់​ខ្ញុំ​ទៅ​អឺរ៉ុប​នេះ​ធ្វើ​ឡើង​នៅ​ចំ​ពេល​ដែល​តំបន់​អឺរ៉ុប​ប្រឈម​នឹង​បញ្ហា​និង​ជម្រើស»។ សេចក្ដី​ថ្លែងការណ៍​នេះ​បន្ថែម​ថា លោក Modi មាន​បំណង «ពង្រឹង​ស្មារតី​នៃ​កិច្ច​សហប្រតិបត្តិការ» ជាមួយ​បណ្ដា​ដៃគូ​នៅ​ទ្វីប​អឺរ៉ុប «ដែល​ជា​ដៃគូ​ដ៏​មាន​សារៈសំខាន់​សម្រាប់​ដំណើរ​ស្វែងរក​សន្តិភាព​និង​វិបុលភាព​របស់​ប្រទេស​ឥណ្ឌា»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
រូបឯកសារ៖ ប្រធាន​គណៈកម្មករ​អឺរ៉ុប​អ្នកស្រី Ursula von der Leyen (ឆ្វេង) និង​នាយករដ្ឋ​មន្ត្រី​ឥណ្ឌា លោក Narendra Modi អង្គុយ​ជជែក​ពិភាក្សា​គ្នាក្នុង​ជំនួប​មួយ​ក្នុង​ទីក្រុង​ញូវដែលី ប្រទេស​ឥណ្ឌា ថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២២។ (Press Information Bureau via AP)
រូបឯកសារ៖ ប្រធាន​គណៈកម្មករ​អឺរ៉ុប​អ្នកស្រី Ursula von der Leyen (ឆ្វេង) និង​នាយករដ្ឋ​មន្ត្រី​ឥណ្ឌា លោក Narendra Modi អង្គុយ​ជជែក​ពិភាក្សា​គ្នាក្នុង​ជំនួប​មួយ​ក្នុង​ទីក្រុង​ញូវដែលី ប្រទេស​ឥណ្ឌា ថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២២។ (Press Information Bureau via AP)
  • ប្រទេស​ដាណឺម៉ាក​បាន​បើក​ស្ថានទូត​របស់​ខ្លួន​ឡើង​វិញ​នៅ​ក្នុង​រដ្ឋធានី​កៀវ ប្រទេស​អ៊ុយក្រែន​នៅ​ថ្ងៃ​ចន្ទ។ នេះ​បើ​តាម​ការ​ប្រកាស​របស់​រដ្ឋមន្ត្រី​ការបរទេស​ដាណឺម៉ាក​លោកJeppe Kofodនៅ​ក្នុង​អំឡុងពេល​ដំណើរ​ទស្សនកិច្ច​ដ៏​ភ្ញាក់ផ្អើល​របស់​លោក​ទៅ​កាន់​រដ្ឋធានី​កៀវ។ លោក​បាន​លើកឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ដូច្នេះ​ថា៖ «វា​គឺជា​និមិត្តរូប​ដ៏​ខ្លាំងក្លា​នៃ​ការ​គាំទ្រ​របស់​ដាណឺម៉ាក​ចំពោះ​ប្រទេស​និង​ប្រជាពលរដ្ឋ​អ៊ុយក្រែន ដែល​ថ្ងៃ​នេះ​យើង​នឹង​បើក​ទ្វារ​ស្ថានទូត​របស់​ដាណឺម៉ាក​ឡើង​វិញ»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • ប្រទេស​អ៊ីស្រាអែល​បាន​ថ្កោលទោស​ការលើកឡើង​របស់​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergei Lavrov កាលពី​ថ្ងៃ​ចន្ទ​ដែល​ថា​មេដឹកនាំ​ណាហ្ស៊ី​លោក Adolf Hitler មាន​ដើម​កំណើត​ជា​ជាតិសាសន៍​ជ្វីហ្វ។ អ៊ីស្រាអែល​ថា ការ​លើកឡើង​របស់​លោក Lavrov នេះ​មាន​លក្ខណៈ​ប្រឆាំង​នឹង​ជាតិសាសន៍​ជ្វីហ្វ​និង​មាន​គ្រោះថ្នាក់។ រដ្ឋមន្ត្រី​ការបរទេស​អ៊ីស្រាអែល​លោក Yair Lapid បាន​និយាយ​ថា ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​អ៊ីស្រាអែល​នឹង​ត្រូវ​កោះ​ហៅ​សម្រាប់ «ការ​ពិភាក្សា​តឹងតែង» ទាក់ទិន​នឹង​ការ​លើក ឡើង​របស់​លោក Lavrov ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​អាទិត្យ​នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​នឹង​ទូរទស្សន៍​អ៊ីតាលី​នេះ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergei Lavrov បាន​និយាយ​ថា រុស្ស៊ី​នឹង​មិន​ពិចារណា​អំពី​ការ​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន​នៅ​ថ្ងៃ​ទី ៩ ខែ​ឧសភា​ដែល​ជា​ទិវា​ជ័យជម្នះ​នោះ ទេ។ ទិវា​ជ័យជម្នះ ៩ ឧសភា​នេះ​គឺជា​ទិវា​ដែល​ប្រារព្ធ​អំពី​ព្រឹត្តិការណ៍​ដែល​ពួក​ណា ហ្ស៊ី​អាល្លឺម៉ង់​បាន​ចុះចាញ់​កងទ័ព​សម្ព័ន្ធមិត្ត ដែល​ក្នុង​នោះ​មាន​ទាំង​សហភាព​សូវៀត​ផងដែរ នៅ​ក្នុង​ឆ្នាំ១៩៤៥។ លោក Lavrov បាន​ថ្លែង​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ Mediaset របស់​អ៊ីតាលី​កាលពី​ថ្ងៃ​អាទិត្យ​ថា រដ្ឋាភិបាល​រុស្ស៊ី​នឹង​មិន​ប្រញាប់ប្រញាល់​បញ្ចប់ «ប្រ តិបត្តិការ​យោធា​ពិសេស» របស់​ខ្លួន​ឱ្យ​ទាន់​ទិវា​ជ័យជម្នះ​នេះទេ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • សេតវិមាន​បាន​ប្រកាស​ថា អ្នកស្រី Jill Biden ដែល​ជា​ភរិយា​របស់​ប្រធានាធិបតី​សហ រដ្ឋ​អាមេរិក​លោក Joe Biden នឹង​ចាប់ផ្ដើម​ដំណើរ​ទស្សនកិច្ច​នៅ​ថ្ងៃ​ព្រហស្បតិ៍​ខាង​មុខ​ទៅ​កាន់​ប្រទេស​រូម៉ានី​និង​ប្រទេស​ស្លូវ៉ាគី ដែល​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ អ្នក ស្រី​នឹង​ជួប​ជាមួយ​នឹង​ពលរដ្ឋ​អ៊ុយក្រែន​ដែល​ភៀស​ខ្លួន​ពី​ការ​ឈ្លានពាន​របស់​រុស្ស៊ី​ផង ដែរ។ អ្នកស្រី Biden ក៏​នឹង​ជួប​ជាមួយ​នឹង​បុគ្គលិក​ជំនួយ​មនុស្សធម៌ ក្រុម​គ្រួសារ​នៅ​មូលដ្ឋាន​ដែល​ជួយ​ផ្គត់ផ្គង់​ជន​ភៀសខ្លួន​អ៊ុយក្រែន និង​អ្នក​អប់រំ​នានា​ដែល​កំពុង​ជួយ​ផ្ដល់​ការ​អប់រំ​ដល់​កុមារ​អ៊ុយក្រែន​ផងដែរ។
២១:៤០ ១.៥.២០២២

ថ្ងៃ​អាទិត្យ ទី ១ ខែឧសភា៖

  • មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​នៃ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​លោក Chuck Schumer បាន​និយាយ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា លោក​នឹង​បន្ថែម​ខ​មួយ​ចំនួន​ទៅ​ក្នុងកញ្ចប់​ជំនួយ​ចំនួន ៣៣ ពាន់​លាន​ដុល្លារ​សម្រាប់​ប្រទេស​អ៊ុយក្រែន។ ខ​ទាំង​នោះ​នឹង​អនុញ្ញាត​ឲ្យ​សហរដ្ឋ​អាមេរិក​រឹបអូស​ទ្រព្យសម្បត្តិ​របស់​មហា​សេដ្ឋី​រុស្ស៊ី​និង​បញ្ជូន​ថវិកា​ដែល​បាន​មក​ពី​ទ្រព្យ​សម្បត្តិ​ទាំងនោះ​ឲ្យ​អ៊ុយក្រែន។ លោក Schumer និយាយ​ដូច្នេះ​ថា៖ «ប្រទេស​អ៊ុយក្រែន​ត្រូវការ​ជំនួយ​ទាំង​អស់​ដែល​ខ្លួន​អាច​ទទួល​បាន ហើយ​នៅ​ពេល​ជាមួយ​គ្នា​នេះ​ដែរ យើង​ត្រូវការ​ទ្រព្យសម្បត្តិ​ទាំងអស់​ដែល​យើង​អាច​ដាក់​បញ្ចូល​គ្នា​ដើម្បី​ប្រគល់​ឲ្យ​អ៊ុយក្រែន​នូវ​ជំនួយ​ដែល​អ៊ុយក្រែន​ត្រូវការ»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​បញ្ជាក់​ថា ក្រុម​ជន​ស៊ីវិល​អ៊ុយក្រែន​ដំបូង​ចំនួន ១០០ នាក់ ដែល​ត្រូវ​បាន​ជម្លៀស​ពី​រោងចក្រ​ដែកថែប Azovstal ក្នុង​ទីក្រុង Mariupol នឹង​ទៅ​ដល់​ទីក្រុង Zaporizhzhia ដែល​គ្រប់គ្រង​ដោយ​អ៊ុយក្រែន​នៅ​ថ្ងៃ​ចន្ទ​ស្អែក។ លោក Zelenskyy សរសេរ​នៅ​លើ Twitter ដូច្នេះ​ថា៖ «សូម​អរគុណ​ដល់​ក្រុម​របស់​យើង! ឥឡូវ​នេះ​ពួកគេ រួម​ជាមួយ​នឹង (អង្គការ​សហប្រជាជាតិ) កំពុង​ធ្វើការ​ជម្លៀស​ជន​ស៊ីវិល​ផ្សេង​ទៀត​ចេញ​ពី​រោងចក្រ​នោះ»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
រូបឯកសារ៖ មជ្ឈមណ្ឌល Lakhta ដែល​ជា​ទីស្នាក់ការ​ក្រុមហ៊ុន​ប្រេង Gazprom របស់​រុស្ស៊ី ក្នុង​ទីក្រុង St. Petersburg ប្រទេស​រុស្ស៊ី ថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២២។ (AP Photo/Dmitri Lovetsky)
រូបឯកសារ៖ មជ្ឈមណ្ឌល Lakhta ដែល​ជា​ទីស្នាក់ការ​ក្រុមហ៊ុន​ប្រេង Gazprom របស់​រុស្ស៊ី ក្នុង​ទីក្រុង St. Petersburg ប្រទេស​រុស្ស៊ី ថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២២។ (AP Photo/Dmitri Lovetsky)
  • សហភាព​អឺរ៉ុប​នឹង​ស្នើ​ឲ្យ​មាន​ការ​ហាម​ឃាត់​ជា​ដំណាក់កាល​នូវ​ការ​នាំចូល​ប្រេង​ឥន្ធនៈ​ពី​រុស្ស៊ី​នៅ​ក្នុង​ផ្នែក​មួយ​នៃ​ទណ្ឌកម្ម​ជុំ​ថ្មី​របស់​ខ្លួន​ប្រឆាំង​នឹង​រុស្ស៊ី​ទាក់ទិន​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​ប្រភព​មួយ​ចំនួន​ដែល​បាន​បញ្ជាក់​នៅ​ថ្ងៃ​អាទិត្យ​នេះ។ អ្នក​ការទូត​នានា​បាន​និយាយ​ថា គណៈកម្មការ​អឺរ៉ុប​នៃ​សហភាព​អឺរ៉ុប ដែល​ជា​អ្នក​ព្រាង​សំណើ​ដាក់​ទណ្ឌកម្ម​នេះ​សម្រាប់ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​ទាំង ២៧ នៅ​ពេល​បច្ចុប្បន្ន​នេះ ​កំពុង​តាក់តែង​សំណើ​ទណ្ឌកម្ម​នេះ ដែល​អាច​នឹង​ដាក់​ជូន​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​យ៉ាង​លឿន​បំផុត​នៅ​ថ្ងៃ​ពុធ​ខាង​មុខ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​លោក Dmytro Kuleba បាន​និយាយ​ថា លោក​បាន​ប្រាប់​មន្ត្រី​ការទូត​កំពូល​របស់​សហភាព​អឺរ៉ុប​លោក Josep Borrell នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ទណ្ឌកម្ម​ជុំ​បន្ទាប់​របស់​សហភាព​អឺរ៉ុប​លើ​ប្រទេស​រុស្ស៊ី​ត្រូវតែ​រួម​បញ្ចូល​នូវ​ការ​ហាមឃាត់​ប្រេង​ឥន្ធនៈ​របស់​រុស្ស៊ី។ លោក Kuleba បាន​សរសេរ​នៅ​លើ Twitter បន្ទាប់ពី​លោក​បាន​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​នឹង​លោក Borrell រួច​ថា៖ «ខ្ញុំ​ក៏​បាន​សង្កត់​ធ្ងន់​ផង​ដែរ​ថា​គ្មាន​ជម្រើស​ណា​ផ្សេង​ក្រៅ​ពី​ការ​ផ្ដល់​ឋានៈ​ឲ្យ​ប្រទេស​អ៊ុយក្រែន​ជា​បេក្ខភាព​ប្រទេស​សម្រាប់​សមាជិកភាព​របស់​សហភាព​អឺរ៉ុប​នោះទេ»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ប្រទេស​អាល្លឺម៉ង់​បាន​បញ្ជាក់​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ខ្លួន​មាន​ការ​វិវឌ្ឍ​ទៅ​មុខ​នៅ​ក្នុង​ការ​កាត់​បន្ថយ​ខ្លាំងក្លា​នូវ​ការ​ពឹងផ្អែក​របស់​ខ្លួន​លើ​ថាមពល​របស់​រុស្ស៊ី ដែល​នេះ​គឺ​ជា​ការ​ផ្លាស់ប្ដូរ​បែប​យុទ្ធសាស្ត្រ​ដែល​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​បំផុត​នៅ​អឺរ៉ុប​មួយ​នេះ​បាន​ធ្វើ​តាំងពី​ពេល​ដែល​រុស្ស៊ី​បាន​ឈ្លានពាន​អ៊ុយក្រែន​មក។ ក្រសួង​សេដ្ឋកិច្ច​អាល្លឺម៉ង់​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា ការ​នាំចូល​ប្រេង​ឥន្ធនៈ​របស់​អាល្លឺម៉ង់​ពី​រុស្ស៊ី​នៅ​ពេល​ឥឡូវ​នេះ​មាន​ចំនួន ១២% បើ​ធៀប​ទៅ​នឹង​តួលេខ​កាលពី​លើក​មុន​ដែល​មាន​ចំនួន ៣៥%។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • អ៊ុយក្រែន​បាន​ចោទ​ប្រកាន់​កងទ័ព​រុស្ស៊ី​ថា​បាន​លួច​វត្ថុ​បុរាណ​មាន​តម្លៃ​ពី​សារមន្ទីរ​មួយ​កន្លែង​នៅ​ក្នុង​ទីក្រុង Melitopol នៅ​ភាគ​ខាង​ត្បូង​ប្រទេស​អ៊ុយក្រែន ស្រប​ពេល​ដែល​ការ​វាយ​ប្រយុទ្ធ​គ្នា​និង​ការ​វាយ​ប្រហារ​តាម​មីស៊ីល​បាន​បន្ត​នៅ​ភាគ​ខាង​ត្បូង​និង​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន។
  • អង្គការ​សហប្រជាជាតិ​កំពុង​ធ្វើ «ប្រតិបត្តិការ​សម្រាប់​ការ​ឆ្លងកាត់​ដោយ​សុវត្ថិភាព» សម្រាប់​ជន​ស៊ីវិល​នៅ​ក្នុង​ការ​ចាកចេញ​ពី​រោងចក្រ​ដែកថែប Azovstal នៅ​ក្នុង​ទីក្រុង Mariupol ប្រទេស​អ៊ុយក្រែន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ​ការិយាល័យ​សម្របសម្រួល​កិច្ចការ​មនុស្សធម៌​របស់​អង្គការ​សហប្រជាជាតិ​លោក Saviano Abreu នៅ​ថ្ងៃ​អាទិត្យ​នេះ។ លោក Abreu បាន​និយាយ​ថា ប្រតិបត្តិការ​នេះ​បាន​ចាប់ផ្ដើម​កាលពី​ថ្ងៃ​ទី ២៩ ខែ​មេសា និង​កំពុង​ត្រូវ​បាន​សម្របសម្រួល​ជាមួយ​នឹង​គណៈកម្មាធិការ​អន្តរជាតិ​កាកបាទ​ក្រហម ប្រទេស​រុស្ស៊ី និង​ប្រទេស​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
ជនស៊ីវិល​ដែល​បាន​ចាកចេញ​ពី​តំបន់​ក្បែរ​រោងចក្រ​ផលិត​ដែកថែប Azovstal ក្នុង​ទីក្រុង Mariupol ដើរ​ដោយ​អម​ដំណើរ​ដោយ​សមាជិក​គណៈកម្មាធិការ​អន្តរជាតិ​កាកបាទ​ក្រហម​នៅ​មជ្ឈមណ្ឌល​ស្នាក់នៅ​បណ្ដោះ​អាសន្ន​មួយ ក្នុង​ភូមិ Bezimenne តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ១ ខែឧសភា ឆ្នាំ២០២២។ (REUTERS)
ជនស៊ីវិល​ដែល​បាន​ចាកចេញ​ពី​តំបន់​ក្បែរ​រោងចក្រ​ផលិត​ដែកថែប Azovstal ក្នុង​ទីក្រុង Mariupol ដើរ​ដោយ​អម​ដំណើរ​ដោយ​សមាជិក​គណៈកម្មាធិការ​អន្តរជាតិ​កាកបាទ​ក្រហម​នៅ​មជ្ឈមណ្ឌល​ស្នាក់នៅ​បណ្ដោះ​អាសន្ន​មួយ ក្នុង​ភូមិ Bezimenne តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ១ ខែឧសភា ឆ្នាំ២០២២។ (REUTERS)
  • ឯកអគ្គរដ្ឋទូត​អ៊ុយក្រែន​ប្រចាំ​សហរដ្ឋ​អាមេរិក​អ្នកស្រី Oksana Markarova បាន​បញ្ជាក់​នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​នឹង​ទូរទស្សន៍ ABC News នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា អ្នកស្រី​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​សភា​សហរដ្ឋ​អាមេរិក​ដែល​ដឹកនាំ​ដោយ​ប្រធាន​សភា​អ្នកស្រី Nancy Polosi ទៅកាន់​រដ្ឋធានី​កៀវ ប្រទេស​អ៊ុយក្រែន។
  • អធិការបតី​អាល្លឺម៉ង់​លោក Olaf Scholz នៅ​ថ្ងៃ​អាទិត្យ​នេះ​បាន​ច្រានចោល​ការ​រិះគន់​ដែល​ថា ប្រទេស​អាល្លឺម៉ង់​មិន​បាន​បង្ហាញ​ភាព​ជា​អ្នក​ដឹកនាំ​នៅ​ក្នុង​កិច្ច​ប្រឹងប្រែង​របស់​ក្រុម​បស្ចិម​ប្រទេស​ដើម្បី​ផ្គត់ផ្គង់​សព្វាវុធ​ធុន​ធ្ងន់​ដល់​អ៊ុយក្រែន ដោយ​លោក​បាន​និយាយ​ថា លោក​ស៊ូ​មាន​ការ​ប្រយ័ត្នប្រយែង​ជា​ជាង​ធ្វើ​សម្រេចចិត្ត​ដោយ​ប្រញាប់ប្រញាល់។ លោក Scholz កំពុង​រង​សម្ពាធ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ឲ្យ​ផ្គត់ផ្គង់​សព្វាវុធ​ធុន​ធ្ងន់​ដូចជា​រថក្រោះ​និង​កាំភ្លើង​ធំ​ធុន​ធ្ងន់​ដល់​អ៊ុយក្រែន និង​ឲ្យ​គាំទ្រ​ការ​ហាម​ឃាត់​ជា​បន្ទាន់​របស់​សហភាព​អឺរ៉ុប​លើ​ការ​នាំចូល​ប្រេង​ឥន្ធនៈ​ពី​រុស្ស៊ី។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • សហភាព​អឺរ៉ុប​មាន​ទំនោរ​ទៅ​រក​ការ​ហាម​ឃាត់​ការ​នាំចូល​ប្រេង​ឥន្ធនៈ​ពី​រុស្ស៊ី​ឲ្យ​បាន​នៅ​ត្រឹម​ចុង​ឆ្នាំ​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​ការទូត​សហភាព​អឺរ៉ុប​ពីរ​នាក់ បន្ទាប់ពី​មាន​ការ​ពិភាក្សា​រវាង​គណៈកម្មការ​អឺរ៉ុប​និង​បណ្ដា​ប្រទេស​ដែល​ជា​សមាជិក​សហភាព​អឺរ៉ុប​នៅ​ចុង​សប្ដាហ៍​នេះ។ សហភាព​អឺរ៉ុប​កំពុង​ត្រៀម​កញ្ចប់​ទណ្ឌកម្ម​ទី ៦ របស់​ខ្លួន​ប្រឆាំង​នឹង​រុស្ស៊ី​ទាក់ទិន​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ក្រុមហ៊ុន Gazprom ដែល​ជា​ក្រុមហ៊ុន​ផលិត​ឧស្ម័ន​របស់​រុស្ស៊ី​បាន​បញ្ជាក់​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ខ្លួន​នៅ​បន្ត​ផ្គត់ផ្គង់​ឧស្ម័ន​ធម្មជាតិ​ដល់​ទ្វីប​អឺរ៉ុប​តាម​រយៈ​ប្រទេស​អ៊ុយក្រែន ស្រប​តាម​សំណើ​របស់​អតិថិជន​នៅ​អឺរ៉ុប។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • រុស្ស៊ី​បាន​ស្នើ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ខ្លួន​អាច​រឹបអូស​យក​ទ្រព្យសម្បត្តិ​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​របស់​ប្រទេស​ណា​ដែល​ខ្លួន​ចាត់ទុក​ថា​ជា​សត្រូវ ដើម្បី​ជា​ការ​សងសឹក​នឹង​ការ​ស្នើ​ឡើង​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ​លក់​ទ្រព្យ​សម្បត្តិ​របស់​មហា​សេដ្ឋី​រុស្ស៊ី​ដែល​បស្ចិម​ប្រទេស​រឹបអូស​យក​បាន​ក្នុង​ពេល​កន្លង​មក​ដើម្បី​បាន​ថវិកា​ឲ្យ​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​បញ្ជាក់​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ជន​ស៊ីវិល​ជិត ៥០ នាក់​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​រោងចក្រ​ដែកថែប Azovstal នៅ​ក្នុង​ទីក្រុង Mariupol ប្រទេស​អ៊ុយក្រែន។ ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​លើកឡើង​តាម Telegram ដូច្នេះ​ថា៖ «កាលពី​ថ្ងៃ​ទី ៣០ ខែ​មេសា បន្ទាប់ពី​មាន​ការ​អនុវត្ត​កិច្ច​ឈប់​វាយ​ប្រយុទ្ធ​គ្នា​និង​ការ​បើក​នូវ​ច្រក​របៀង​មនុស្សធម៌ ជន​ស៊ីវិល​ពីរ​ក្រុម​បាន​ចាកចេញ​ពី​អាគារ​ស្នាក់នៅ​ដែល​នៅ​ក្បែរ​ទីតាំង​រោងចក្រ​ដែកថែប Azovstal»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • សម្ដេច​ប៉ាប Francis នៅ​ថ្ងៃ​អាទិត្យ​នេះ បាន​បញ្ជាក់​ថា សង្គ្រាម​នៅ​អ៊ុយក្រែន​គឺ​ជា «ដំណើរ​ថយក្រោយ​គួរ​ឲ្យ​រន្ធត់​នៃ​មនុស្សធម៌» ដែល​ធ្វើ​ឲ្យ​ព្រះអង្គ «ឈឺចាប់​និង​ស្រក់​ទឹក​នេត្រា» ដោយ​ព្រះអង្គ​បាន​អំពាវនាវ​ឲ្យ​មាន​ច្រក​របៀង​ដើម្បី​ជម្លៀស​មនុស្ស​ចេញ​ពី​រោងចក្រ​ដែកថែប​នៅ​ក្នុង​ទីក្រុង Mariupol។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ក្រសួង​ការបរទេស​ចក្រភព​អង់គ្លេស​បាន​បញ្ជាក់​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា រុស្ស៊ី​កំពុង​ប្រើ​ក្រុម​អុចអាល​តាម​អ៊ីនធឺណិត​ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​ប្រឌិត​អំពី​សង្គ្រាម​នៅ​អ៊ុយក្រែន​លើ​បណ្ដាញ​សង្គម​អនឡាញ និង​ដើម្បី​វាយ​ប្រហារ​សំដៅ​លើ​អ្នក​នយោបាយ​នៅ​តាម​ប្រទេស​មួយ​ចំនួន​ដែល​រួម​មាន​ទាំង​ចក្រភព​អង់គ្លេស​និង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ផងដែរ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក​អ្នកស្រី Nacy Pelosi បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​រដ្ឋធានី​កៀវ ប្រទេស​អ៊ុយក្រែន​និង​បាន​ជួប​ជាមួយ​នឹង​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Associated Press។ ទីភ្នាក់ងារ Associated Press បាន​បញ្ជាក់​ថា រូបភាព​ដែល​ខុទ្ទកាល័យ​របស់​លោក Zelenskyy បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​អាទិត្យ​នេះ​បាន​បង្ហាញ​អំពី​អ្នកស្រី Pelosi រួម​ជាមួយ​នឹង​គណៈប្រតិភូ​សភា​អាមេរិក​ដែល​រួម​មាន​ដូចជា​លោក Jason Crow លោក Jim McGovern និង​លោក Adam Schiff ស្ថិត​នៅ​ក្នុង​រដ្ឋធានី​កៀវ។ អ្នកស្រី Pelosi បាន​ប្រាប់​លោក Zelenskyy ថា៖ «យើង​ជឿ​ថា យើង​មក​ជួប​អ្នក​ដើម្បី​ថ្លែង​អំណរគុណ​ដល់​អ្នក​សម្រាប់​ការ​ប្រយុទ្ធ​របស់​អ្នក​ដើម្បី​សេរីភាព»។ អ្នកស្រី​បាន​បន្ថែម​ថា៖ «យើង​កំពុង​ស្ថិត​នៅ​ព្រំដែន​នៃ​សេរីភាព ហើយ​ការ​ប្រយុទ្ធ​របស់​អ្នក​គឺ​ជា​ការ​ប្រយុទ្ធ​សម្រាប់​មនុស្ស​គ្រប់​គ្នា។ សហរដ្ឋ​អាមេរិក​នៅតែ​តាំងចិត្ត​គាំទ្រ​អ្នក​រហូត​ទាល់តែ​ការ​ប្រយុទ្ធ​នេះ​បញ្ចប់​រួច​រាល់»។
ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy ផ្ដល់​មេដាយ 'Order of Princess Olga' ដល់​អ្នកស្រី Nancy Pelosi ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក បន្ទាប់​ពី​ជំនួប​របស់​ពួកគេ​ ក្នុង​ទីក្រុង​កៀវ ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២២។ (Ukrainian Presidential Press Service/Handout via REUTERS)
ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy ផ្ដល់​មេដាយ 'Order of Princess Olga' ដល់​អ្នកស្រី Nancy Pelosi ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក បន្ទាប់​ពី​ជំនួប​របស់​ពួកគេ​ ក្នុង​ទីក្រុង​កៀវ ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២២។ (Ukrainian Presidential Press Service/Handout via REUTERS)
  • ក្រសួង​ការពារ​ជាតិ​ចក្រភព​អង់គ្លេស​បាន​បញ្ជាក់​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា រុស្ស៊ី​ព្យាយាម​បង្កើត​រដ្ឋបាល​ដែល​មាន​ទំនោរ​រក​រុស្ស៊ី​នៅ​ក្នុង​ទីក្រុង Kherson ប្រទេស​អ៊ុយក្រែន ដែល​ខ្លួន​បាន​ដណ្ដើម​កាន់កាប់​កាល​ពី​ខែ​មីនា។
  • រដ្ឋាភិបាល​រុស្ស៊ី​បាន​បញ្ជាក់​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ការ​បាញ់​ផ្លោង​របស់​កងទ័ព​អ៊ុយក្រែន​លើ​តំបន់ Kherson ក្នុង​ប្រទេស​អ៊ុយក្រែន បាន​ធ្វើ​ឲ្យ​ជន​ស៊ីវិល​ស្លាប់​និង​រង​របួស។ ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​លើកឡើង​ថា អ៊ុយក្រែន​បាន​បាញ់​ផ្លោង​លើ​សាលារៀន​មួយ​កន្លែង សាលា​មត្តេយ្យ​មួយ​កន្លែង និង​ទី​បញ្ចុះ​សព​មួយ​កន្លែង។ នេះ​បើ​យោង​តាម​បណ្ដាញ​ព័ត៌មាន Al Jazeera។
  • មន្ត្រី​យោធា​និង​មន្ត្រី​រដ្ឋាភិបាល​អ៊ុយក្រែន​បាន​បញ្ជាក់​ថា ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​របស់​រុស្ស៊ី​កាលពី​ថ្ងៃ​សៅរ៍​បាន​បំផ្លាញ​ផ្លូវ​រត់​ដែល​ទើប​សាងសង់​ថ្មី​របស់​របស់​យន្តហោះ​នៅ​ឯ​អាកាសយានដ្ឋាន​ចម្បង​មួយ​កន្លែង​នៅ​ក្នុង​ទីក្រុង Odesa នៃ​ប្រទេស​អ៊ុយក្រែន ដែល​ជា​ទីក្រុង​កំពង់ផែ​យុទ្ធសាស្ត្រ​របស់​អ៊ុយក្រែន​នៅ​សមុទ្រ​ខ្មៅ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​សរសើរ​អ្នក​សារព័ត៌មាន​ដែល​រាយការណ៍​អំពី​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។ លោក​ថ្លែង​ដូច្នេះ​នៅ​ពេល​ដែល​លោក​បាន​ចាប់ផ្ដើម​ឡើង​វិញ​នូវ​ទំនៀមទម្លាប់​របស់​រដ្ឋាភិបាល​អាមេរិក​នៅ​ក្នុង​ថ្លែង​នៅ​ក្នុង​ពិធី​ពិសា​អាហារ​ពេល​ល្ងាច​របស់​សមាគម​អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​កាលពី​យប់​ថ្ងៃ​សៅរ៍។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • លោក Ibrahim Kalin ដែល​ជា​អ្នក​នាំ​ពាក្យ​ប្រធានាធិបតី​តួកគី បាន​ជួប​ជាមួយ​នឹង​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy នៅ​ក្នុង​រដ្ឋធានី​កៀវ ប្រទេស​អ៊ុយក្រែន​កាលពី​ថ្ងៃ​សៅរ៍។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ការិយាល័យ​របស់​លោក Kalin។ គេ​មិន​ទាន់​ដឹង​អំពី​សេចក្ដី​លម្អិត​ណា​មួយ​នៃ​ជំនួប​រវាង​លោក​ទាំងពីរ​នៅ​ឡើយ​ទេ ប៉ុន្តែ​កន្លង​មក រដ្ឋាភិបាល​តួកគី​បាន​ព្យាយាម​សម្រុះសម្រួល​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​ដើម្បី​បញ្ចប់​សង្គ្រាម។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​លោក Boris Johnson បាន​ប្រាប់​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy កាលពី​ថ្ងៃ​សៅរ៍​ថា លោក​មាន​ការ​តាំងចិត្ត​ជាង​ពេល​ណាៗ​ទាំងអស់​ដើម្បី​ពង្រឹង​ប្រទេស​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ​ខុទ្ទកាល័យ​របស់​លោក Johnson បន្ទាប់ពី​លោក Johnson បាន​និយាយ​ទូរស័ព្ទ​ជាមួយ​នឹង​លោក Zelenskyy រួច​មក។ អ្នក​នាំ​ពាក្យ​រូប​នោះ​បាន​និយាយ​ដូច្នេះ​ថា៖ «លោក [Johnson] បាន​បញ្ជាក់​ថា ចក្រភព​អង់គ្លេស​នឹង​បន្ត​ផ្ដល់​ជំនួយ​យោធា​បន្ថែម​ដើម្បី​ផ្ដល់​ឲ្យ​អ៊ុយក្រែន​នូវ​សព្វាវុធ​ដែល​ខ្លួន​ត្រូវការ​ដើម្បី​ការពារ​ខ្លួន»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​លោក Dmytro Kuleba បាន​ស្នើ​ប្រទេស​ចិន​ឲ្យ​ផ្ដល់​ការ​ធានា​ផ្នែក​សន្តិសុខ​សម្រាប់​រដ្ឋាភិបាល​អ៊ុយក្រែន។ ការ​ស្នើ​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ដ៏​វែង​មួយ​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ចិន​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​សៅរ៍។ ទីភ្នាក់ងារ​ព័ត៌មាន Xinhua របស់​ចិន​បាន​ដកស្រង់​សម្ដី​របស់​លោក Kuleba ដែល​ថា៖ «នៅ​ពេល​បច្ចុប្បន្ន​នេះ ប្រទេស​អ៊ុយក្រែន​កំពុង​សិក្សា​អំពី​លទ្ធភាព​នៅ​ក្នុង​ការ​ទទួល​បាន​ការ​ធានា​ផ្នែក​សន្តិសុខ​ពី​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ប្រទេស​ចិន​ផង​ដែរ និង​ពី​បណ្ដា​ប្រទេស​មហា​អំណាច​ផ្សេង​ទៀត»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
១៩:៣០ ៣០.៤.២០២២

ថ្ងៃសៅរ៍ ទី ៣០ ខែមេសា៖

  • ទាហាន​រុស្ស៊ី​និង​ទាហាន​អ៊ុយក្រែន​នៅ​រោងចក្រ​ដែកថែប​ Azovstal នៃ​ទីក្រុង​កំពង់ផែ Mariupol បាន​ឈប់​ប្រយុទ្ធ​គ្នា «តាំង​ពី​ព្រឹក [ថ្ងៃ​សៅរ៍]» ខណៈ​ការ​ចរចា​គ្នា​កំពុង​ធ្វើ​ឡើង​ ដើម្បី​បង្កើត​ផ្លូវ​របៀង​សុវត្ថិភាព​មួយ​ដើម្បី​ជម្លៀស​មនុស្ស​ចេញ​ពី​រោងចក្រ។ នេះ​បើ​យោង​តាម​ការ​លើកឡើង​របស់​ទាហាន​អ៊ុយក្រែន​ម្នាក់ នៅ​ថ្ងៃ​សៅរ៍​នេះ។ ព័ត៌មាន​នេះ​មិន​ត្រូវបាន​បញ្ជាក់​ថា​ត្រឹមត្រូវ​នៅ​ឡើយ​ទេ ហើយ​មន្ត្រី​អ៊ុយក្រែន​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​ព័ត៌មាន​របស់​កាសែត​ The Washington Post។
  • កាសែត​ The New York Times រាយការណ៍​ថា ប្រទេស​អ៊ុយក្រែន​បាន​កម្រិត​ការ​នាំចេញ​ប្រេង​ផ្កា​ឈូក​រ័ត្ន​ ស្រូវ​សាឡី ធញ្ញជាតិ oat និង​សត្វគោ ដើម្បី​ការពារ​សេដ្ឋកិច្ច​របស់​ខ្លួន​នៅ​ក្នុង​អំឡុងពេល​មាន​សង្គ្រាម។ រុស្ស៊ី​ក៏​បាន​ហាម​ឃាត់​មិន​ឲ្យ​មាន​ការ​លក់​ជី ស្ករ និង​គ្រាប់​ធញ្ញជាតិទៅ​ប្រទេស​ឯទៀត​ផង​ដែរ។
  • ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​ថ្លែង​ថា ឱកាស​នៃការបញ្ចប់​កិច្ច​ចរចា​ដើម្បី​សន្តិភាព​ជាមួយ​រុស្ស៊ី មាន​«ខ្ពស់» ពីព្រោះ​តែ​ «អ្វី​ដែល​ពួកគេ [រុស្ស៊ី] បាន​បន្សល់​ទុក​ គឺ​សកម្មភាព​បង្ហាញ​ឲ្យ​ឃើញ​ថា ពួកគេ​មាន​យុទ្ធសាស្ត្រមួ​យស្តី​ពី​ការ​សម្លាប់​មនុស្ស»។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​កាសែត The Wasington Post។ លោក Zelenskyy បាន​ថ្លែង​ដូច្នេះ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​តាម​ប្រព័ន្ធ​អ៊ីនធឺណែត​ជាមួយ​ក្រុម​អ្នក​សារព័ត៌មាន​ប៉ូឡូញ​កាលពី​យប់​ថ្ងៃ​សុក្រ។
  • បណ្តាញទូរទស្សន៍ CNN បាន​រាយការណ៍​ថា រូបភាព​តាម​ប្រព័ន្ធ​ផ្កាយ​រណប​កាលពី​ថ្ងៃ​សុក្រ បង្ហាញ​ថា រាល់​សំណង់​អគារ​ស្ទើរតែ​ទាំង​អស់​នៅ​ក្នុង​បរិវេណ​រោងចក្រ​ដែកថែប Azovstal នៃ​ទីក្រុង​កំពង់ផែ Mariupol ត្រូវបាន​បំផ្លាញ។
  • រុស្សី​ជឿ​ថា គ្រោះថ្នាក់​ដែល​កើត​ចេញ​ពី​សង្គ្រាម​អាវុធ​នុយក្លេអ៊ែរ គួររក្សាឱ្យ​មានទាប​បំផុត ហើយ​ថា រាល់​ជម្លោះ​ប្រដាប់​អាវុធ​ណាមួយ​រវាង​ប្រទេស​ដែល​មាន​អាវុធ​នុយក្លេអ៊ែរ គួរតែ​ត្រូវបាន​រារាំង។ នេះ​បើ​យោង​តាមទីភ្នាក់​ងារ​ព័ត៌មាន​ TASS របស់​រុស្ស៊ី ដែល​បាន​ដក​ស្រង់​សម្តី​របស់​មន្ត្រី​ប្រចាំ​ក្រសួង​ការបរទេស​រុស្ស៊ី ដែល​បាន​លើកឡើង​នៅ​ថ្ងៃ​សៅរ៍​នេះ។ លោក Vladimir Yermakov ប្រធានផ្នែកទប់ស្កាត់​ការ​បង្កើន​អាវុធ​នុយក្លេអ៊ែរ​ប្រចាំ​ក្រសួង​ការបរទេស​រុស្ស៊ី បាន​ថ្លែង​ថា ប្រទេស​ដែល​មាន​អាវុធ​នុយក្លេអ៊ែរ​ទាំង​អស់​ ត្រូវតែ​ដើរតាម​ភាព​សម​ហេតុផល​ដែល​មាន​ចែង​នៅ​ក្នុង​ឯកសារ​ផ្លូវការ​ស្តីពី​ការរារាំង​សង្គ្រាម​នុយក្លេអ៊ែរ។ លោក​បាន​ថ្លែង​ថា «រុស្ស៊ី​គោរព​តាម​ខ្លឹមសារ​នេះ​យ៉ាង​ច្បាស់លាស់»។ នេះបើ​តាម​សេចក្តី​រាយការណ៍​ព័ត៌មាន​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។ ​

មនុស្សដើរកាត់តំបន់រោងចក្រដែលរងការបំផ្លិចបំផ្លាញដោយសារការបាញ់ផ្តក់របស់ទាហានរុស្ស៊ីនៅទីក្រុង Kharkiv ប្រទេសអ៊ុយក្រែន ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២២។
មនុស្សដើរកាត់តំបន់រោងចក្រដែលរងការបំផ្លិចបំផ្លាញដោយសារការបាញ់ផ្តក់របស់ទាហានរុស្ស៊ីនៅទីក្រុង Kharkiv ប្រទេសអ៊ុយក្រែន ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២២។

  • ប្រធានាធិបតី​បារាំង​លោក Emmanuel Macron បាន​ថ្លែង​នៅ​ថ្ងៃ​សៅរ៍​ថា បារាំង​នឹង​ «បង្កើន​» ការ​ផ្គត់ផ្គង់​ជំនួយ​យោធា​និង​មនុស្ស​ធម៌​របស់​ខ្លួន​បន្ថែម​ទៀត ដល់​ប្រទេស​អ៊ុយក្រែន ក្រោយ​ពី​លោក​បាន​សន្ទនា​ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy។ លោក Macron បាន​ថ្លែង​ថា លោក Zelenskyy បាន​អរគុណ​ដល់​ប្រទេស​បារាំង​សម្រាប់ «ការ​ដឹក​ជញ្ជូនសម្ភារៈយោធា​ទ្រង់ទ្រាយ​ធំ» ដែល​ជួយ​ដល់​ការ​ប្រយុទ្ធ​របស់​ទាហាន​អ៊ុយក្រែន​ប្រឆាំង​នឹង​ទាហាន​រុស្ស៊ី» ដោយ​លោក​បាន​បន្ថែម​ថា «ការ​គាំទ្រ​យោធា​នេះ​នឹង​ ​កើន​ឡើង​តទៅ​ទៀតហើយ​ជំនួយ​មនុស្សធម៌ដែល​បារាំង​បាន​ផ្តល់​ឲ្យ ក៏​នឹង​កើន​ឡើង​ផង​ដែរ»។ នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​ AFP។
  • ទីភ្នាក់ងារ​ព័ត៌មាន Reuters រាយការណ៍​ថា ការ​ដក​ទណ្ឌកម្ម​ដែល​បាន​ដាក់​មក​លើ​រុស្ស៊ី គឺជា​ផ្នែក​មួយ​នៃ​ការ​ចរចា​ដើម្បី​សន្តិភាព​រវាង​រដ្ឋាភិបាល​រុស្ស៊ី​និង​រដ្ឋាភិបាល​អ៊ុយក្រែន ដែល​កំពុង​ស្ថិត​ក្នុង​ស្ថានភាព «លំបាក» ប៉ុន្តែ​នៅតែ​បន្ត​ទៅ​មុខ​ជា​រៀងរាល់​ថ្ងែ។ រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី លោក Sergey Lavrov បាន​ថ្លែង​ដូច្នេះ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ដែល​ត្រូវបាន​ចេញ​ផ្សាយ​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍។
  • ប៉ូលិស​អ៊ុយក្រែន​បាន​ថ្លែង​នៅ​ថ្ងៃសៅរ៍​ថា សាកសព​របស់​បុរស​បី​នាក់​ដែល​ដៃ​របស់​ពួកគេ​ត្រូវ​បាន​ចង​ និង​មាន​ស្នាម​របួស​ ត្រូវបាន​រក​ឃើញ​នៅ​ក្នុង​រណ្តៅ​មួយ​ក្បែរ​ទីក្រុង Bucha ជាប់​ជាយ​រដ្ឋធានី​កៀវ ប្រទេស​អ៊ុយក្រែន។ ទីក្រុង​នេះ​ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​ការ​ចោទ​ប្រកាន់​ថា​ ទាហាន​រុស្ស៊ី​បាន​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​ទីនោះ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP។ ​
  • កាសែត​ The Washington Post រាយការណ៍​ថា អង្គការ​សហប្រជាជាតិ​បន្ត​ព្យាយាម​សម្រួល​ឲ្យ​មាន​ការ​ជម្លៀស​ជនស៊ីវិល​ចេញ​ពី​តំបន់​រង​ការ​វាយប្រហារ​បំផ្លិចបំផ្លាញ​ដ៏​ធ្ងន់ធ្ងរ​នៅ​ក្នុង​ទីក្រុង Mariupol ដែល​រុស្ស៊ី​បាន​ព្យាយាម​ក្តោបក្តាប់ ចាប់តាំង​ពី​រុស្ស៊ី​បាន​ឈ្លានពាន​លើ​អ៊ុយក្រែន​ក្នុង​រយៈពេល​ជាង ៩ សប្តាហ៍​កន្លង​មក​នេះ។ ក្រុម​អ្នក​ប្រយុទ្ធ​អ៊ុយក្រែន​ប្រមាណ ២០០០ នាក់ និង​ជន​ស៊ីវិល​ប្រមាណ ១០០០ នាក់ បន្ត​ជាប់​គាំង​នៅ​ក្នុង​បរិវេណ​រោងចក្រ​ដែកថែប Azovstal។
  • ទីភ្នាក់ងារ​ព័ត៌មាន​ Reuters រាយការណ៍​ថា ប្រធាន​រដ្ឋ​សភា​សហរដ្ឋ​អាមេរិក​លោកស្រី Nancy Pelosi បាន​ថ្លែង​កាលពី​ថ្ងៃ​សុក្រ​ថា លោកស្រី​សង្ឃឹម​ថា សភា​នឹង​បោះឆ្នោត​អនុម័ត​លើ​សំណើ​ថវិកា​ចំនួន ៣៣ ពាន់លាន​ដុល្លារ​របស់​រដ្ឋបាល​លោក Biden «ឲ្យ​បាន​ឆាប់​តាមតែ​អាច​ធ្វើ​បាន»។ ​
  • ការ​ពិភាក្សា​គ្នា​រវាង​រដ្ឋាភិបាល​រុស្ស៊ី​និង​រដ្ឋាភិបាល​អាមេរិក​ស្តី​អំពី​ស្ថិរភាព​យុទ្ធសាស្ត្រ​ ត្រូវបាន​ «ជាប់គាំង» ជា​ផ្លូវការ។ នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ក្នុង​ស្រុក TASSS របស់​រុស្ស៊ី​ដែល​បាន​ដក​ស្រង់​សម្តី​របស់​មន្ត្រី​ក្រសួង​ការបរទេស​រុស្ស៊ី។ លោក Vladimir Yermakov ប្រធាន​ផ្នែក​ទប់ស្កាត់​ការ​បង្កើន​អាវុធ​នុយក្លេអ៊ែរ​ប្រចាំ​ក្រសួង​ការបរទេស​រុស្ស៊ី ថ្លែង​ថា ការ​ទាក់ទង​គ្នា​អាច​នឹង​ចាប់ផ្តើម​ឡើង​វិញ នៅពេល​ដែល​រុស្ស៊ី​បញ្ចប់​ «ប្រតិបត្តិការ​យោធា​ពិសេស» របស់​ខ្លួន។ នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters។

មន្ត្រីយោធាអ៊ុយក្រែនពិនិត្យមើលអគារលំនៅដ្ឋានរបស់ពលរដ្ឋដែលត្រូវបានបំផ្លាញដោយគ្រាប់មីស៊ីលរបស់រុស្ស៊ី នៅក្រុង Dobropillia នៃតំបន់ Donetsk ប្រទេសអ៊ុយក្រែន ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២២។
មន្ត្រីយោធាអ៊ុយក្រែនពិនិត្យមើលអគារលំនៅដ្ឋានរបស់ពលរដ្ឋដែលត្រូវបានបំផ្លាញដោយគ្រាប់មីស៊ីលរបស់រុស្ស៊ី នៅក្រុង Dobropillia នៃតំបន់ Donetsk ប្រទេសអ៊ុយក្រែន ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២២។

  • ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​ថ្លែង​ថា ជំរឿន​ប្រជាជន​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ដើម្បី​កំណត់​ចំនួន​មនុស្ស​ដែល​បាន​ស្លាប់ ចាប់តាំង​ពី​ការ​ឈ្លានពាន​របស់​រុស្ស៊ី​ ហើយ​ដើម្បី​ជួយ​ដល់​កិច្ចប្រឹងប្រែង​ស្វែងរក​មនុស្ស​ដែល​បាន​បាត់​ខ្លួន។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​កាសែត The Washington Post។ លោក Zelenskyy បាន​ថ្លែង​ថា ទាហាន​រុស្ស៊ី​បាន​ «លុប​បំបាត់​ដាន» របស់​ខ្លួន។ លោក​បាន​បន្ថែម​ថា នៅ​តាម​ទីក្រុង​នានា​ដូចជា​ទីក្រុង Mariupol «ការ​ស៊ើប​អង្កេត​អាច​នឹង​ជួប​ការ​លំបាក។ តើ​មនុស្ស​ប៉ុន្មាន​នាក់​ត្រូវបាន​សម្លាប់​នោះ គ្មាន​នរណា​ម្នាក់​ដឹង​ឲ្យ​ប្រាកដ​នោះ​ទេ»។
  • កាសែត​ The New York Times រាយការណ៍​ថា យោធា​អ៊ុយក្រែន​បាន​ថ្លែង​ថា ទាហាន​ដែល​ជាធម្មតា​ឈរ​ជើង​នៅ​ភាគ​ខាង​កើត​បំផុត​នៃ​ប្រទេស​រុស្ស៊ីកំពុង​ត្រូវ​ផ្លាស់ទី​ទៅ​ខ្សែប្រយុទ្ធ​ជួរ​មុខ​ក្នុង​សមរភូមិ​នៅ​តំបន់ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន។ រដ្ឋាភិបាល​រុស្ស៊ី​កំពុង​ព្យាយាម​ប្រមូល​កម្លាំង​វាយប្រហារ​ថែម​ទៀត​របស់​ខ្លួន ដែល​ក្រសួង​ការពារជាតិរបស់​សហរដ្ឋ​អាមេរិក បាន​ចាត់ទុក​ថា​ជា ការ​ប្រយុទ្ធ​បែប «មិន​រាថយ»។
  • កាសែត​ The Washington Post រាយការណ៍​ថា មន្ត្រី​ក្រុង​កៀវ​កាលពី​ថ្ងៃ​សុក្រ​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​រស់នៅ​ក្នុង​ក្រុង កាត់បន្ថយ​ការ​ជិះយានយន្ត​ផ្ទាល់​ខ្លួន​ ដើម្បី​ជួយ​រក្សា​ទុក​ឧស្ម័ន​ដែល​មាន​កម្រិត​ដល់​កងទ័ព​អ៊ុយក្រែន ដែល​កំពុង​ប្រយុទ្ធ​តទល់​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី។ នេះ​គឺជា​សេចក្តី​ប្រកាស​មួយ​ដែល​បង្ហាញ​ពី​ភាព​មិន​ប្រាកដប្រជា​នៃ​ស្ថិរភាព​ថាមពល​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន និង​នៅ​ទូទាំង​ទ្វីប​អឺរ៉ុប។ រដ្ឋបាល​ក្រុង​បាន​លើក​ទឹកចិត្ត​ឲ្យ​ពលរដ្ឋ​ក្នុង​ក្រុង​ប្រើប្រាស់​សេវា​ធ្វើដំណើរ​សាធារណៈ​ ដែល​កំពុង​ដំណើរការ​ឡើង​វិញ​ជា​បណ្តើរ​ បន្ទាប់ពី​ទាហាន​រុស្ស៊ី​បាន​ព្យាយាម​វាយ​កាន់កាប់​យក​រដ្ឋធានី​កៀវ​កាលពី​មួយ​ខែ​មុន។ មន្ត្រី​យោធា​អ៊ុយក្រែន​បាន​ថ្លែង​តាមរយៈ​សារ​ដែល​ចែក​រំលែក​លើ​ប្រព័ន្ធ​ Telegram ថា «ត្រូវ​ចងចាំ​ពី​តម្រូវការ​របស់​យោធា»។ ​
  • កាសែត The New York Times រាយការណ៍​ថា លោកស្រី Olena Zelenska ភរិយា​របស់​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelensky បាន​ប្រាប់​កាសែត​ប៉ូឡូញ Rzeczpospolita ថា សកម្មភាព​របស់​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន គឺ​បង្ហាញ​ពី​គោល​បំណង​ដ៏​ច្បាស់​លាស់​មួយ​របស់​រុស្ស៊ី​នោះ​គឺ «ដើម្បី​បំផ្លាញ​យើង»។
  • កាសែត​ The Washington Post រាយការណ៍​ថា ទីក្រុង​នានា​ក្បែរ​ខ្សែប្រយុទ្ធ​ជួរ​មុខ​ ដូចជា​ក្រុង Kramatorsk នៅ​ភាគខាង​កើត​នៃ​តំបន់ Donetsk មួយ​ផ្នែក​ធំ​ត្រូវបាន​បោះបង់​ចោល។ ក្រុម​មន្ត្រីនៅ​ក្នុង​គ្រុង Kramatorsk បាន​ប្រាប់​កាសែត​ The Washington Post ថា ចំនួន​ពលរដ្ឋ​សរុប​ក្នុង​ក្រុង​បាន​ថយ​ចុះ​ពី ២ សែន​នាក់ មក​ត្រឹម​ ៤ ម៉ឺននាក់​ប៉ុណ្ណោះ ហើយ​ពួកគេ​ភាគច្រើន​នៅ​បន្ត​រស់នៅ​ទី​នោះ​ជា​មនុស្ស​ចាស់។ ​
  • កាសែត The Washington Post រាយការណ៍​ថា សេតវិមាន​បាន​ថ្លែង​ថា តាម​សារ​ជា​សាធារណៈ​និង​ឯកជន សេតវិមាន​បាន​ជំរុញ​ឥណ្ឌូណេស៊ី​ មិន​ឲ្យរុស្ស៊ី​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពុងរបស់​ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ទូលាយ​ G-20 ដែល​នឹង​ធ្វើ​ឡើង​នៅ​ខែវិច្ឆិ​កា​ខាង​មុខ​នេះ។ កាលពី​ថ្ងៃ​សុក្រ រដ្ឋាភិបាល​រុស្ស៊ី​បាន​ទទួល​យក​ការ​អញ្ជើញ​របស់​ប្រទេស​ឥណ្ឌូណេស៊ី​ ឲ្យ​រុស្ស៊ី​ចូលរួម​កិច្ច​ប្រជុំ​កំពូល​នេះ។
  • បណ្តាញ​ទូរទស្សន៍​ CNN រាយការណ៍​ថា ប្រទេស​ប៉ូឡូញ​បាន​បញ្ជូន​សម្ភារៈ​យោធា​ឲ្យ​ប្រទេស​អ៊ុយក្រែន ដែល​មាន​តម្លៃជា​ទឹកប្រាក់​ប្រមាណ ១.៦ ពាន់លាន​ដុល្លារ រួម​ទាំង​រថក្រោះ​ប្រភេទT-72 ជាង​ ២០០ គ្រឿង។ ​
  • ទូរទស្សន៍ Al Jazeera រាយការណ៍​ថា អនុ​រដ្ឋ​មន្ត្រី​ក្រសួងកសិកម្ម​អ៊ុយក្រែន ឲ្យ​ដឹង​ថា ទាហាន​រុស្ស៊ី​បាន​លួច​យក​គ្រាប់​ធុញ្ញជាតិ​ «រាប់ពាន់​» តោន​ នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។ ​
  • ទីក្រុង​ Kharkiv នៃ​ប្រទេស​អ៊ុយក្រែន​ បាន​រង​ការ​បាញ់​ផ្តក់​ពី​កងទ័ព​រុស្ស៊ី ដោយ​បាន​សម្លាប់​មនុស្ស​ម្នាក់ ហើយ​មនុស្ស​ ៥ នាក់​ទៀត បាន​រង​របួស។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​ព័ត៌មាន​របស់​ទូរទស្សន៍ Al Jazeera។ ទីក្រុង​នេះ​ជា​ទីក្រុង​ធំ​ទី ២ របស់​ប្រទេស​អ៊ុយក្រែន។
  • ទូរទស្សន៍ Al Jazeera រាយការណ៍​ថា ក្រោម​ច្បាប់​ថ្មី​នានា​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ជន​ណា​ម្នាក់​ដែល​សហការ ឬ​បង្ហាញ​ការ​គាំទ្រ​ដល់​រុស្ស៊ី​ជា​សាធារណៈ មាន​ទោស​ជាប់​ពន្ធនាគារ​យ៉ាង​យូរ​បំផុត ១៥ ឆ្នាំ។ មន្ត្រី​អ៊ុយក្រែន​ថ្លែង​ថា ករណី​បទ​ឧក្រិដ្ឋ​ជាង ២០០ ពាក់ព័ន្ធ​នឹង​ការ​សហការ​ជាមួយ​រុស្ស៊ី ត្រូវបាន​បើក​ជា​សំណុំរឿង។ ​
  • កាសែត​ The Washington Post រាយការណ៍​ថា មន្ត្រី​អ៊ុយក្រែន​កំពុង​ចោទ​ប្រកាន់​ទាហាន​រុស្ស៊ី​ថា​បាន​លួច​វិចិត្រ​រូប​ជាង ២០០០ ពី​ទីក្រុង​កំពង់ផែ Mariupol។ ក្រុម​ប្រឹក្សា​ក្រុង Mariupol ថ្លែង​ថា ទាហាន​រុស្ស៊ី​បាន​លុកលុយ​សារមន្ទីរ​សិល្បៈ​បី​កន្លែង​នៅ​ក្នុង​ក្រុង ដោយ​បាន​ប្រមូល​យក​វិចិត្ររូប​ជាង ២០០០ ទៅ​កាន់​តំបន់ Donetsk ដែល​រុស្ស៊ី​កំពុង​គ្រប់គ្រង។

ទាហានរុស្ស៊ីប្រមូលផ្តុំគ្នាត្រួតពិនិត្យតំបន់កំពង់ផែ Mariupol នៃទីក្រុង Mariupol នៅក្នុងតំបន់ដែនដីដែលស្ថិតនៅក្រោមរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិត Donetsk ភាគខាងកើតប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២២។
ទាហានរុស្ស៊ីប្រមូលផ្តុំគ្នាត្រួតពិនិត្យតំបន់កំពង់ផែ Mariupol នៃទីក្រុង Mariupol នៅក្នុងតំបន់ដែនដីដែលស្ថិតនៅក្រោមរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិត Donetsk ភាគខាងកើតប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២២។

  • នៅ​ថ្ងៃសៅរ៍​នេះ ទាហាន​រុស្ស៊ី​បាន​វាយប្រហារ​លើ​តំបន់​ Donbas នៃ​ភាគខាង​កើត​ប្រទេស​អ៊ុយក្រែន ប៉ុន្តែ​បាន​បរាជ័យ​ក្នុង​ការ​ក្តោបក្តាប់​តំបន់​គោលដៅ​ ៣ ដែល​ខ្លួន​ចង់​កាន់កាប់។ នេះ​បើ​តាម​ការ​អះអាង​របស់​មន្ត្រី​យោធា​អ៊ុយក្រែន។ ជាមួយ​គ្នា​នោះ រដ្ឋាភិបាល​រុស្ស៊ី​បាន​ថ្លែង​ថា ការ​ដាក់​ទណ្ឌកម្ម​របស់​បណ្តា​ប្រទេស​លោក​ខាង​លិច​លើ​រុស្ស៊ី និង​ការ​ដឹក​ជញ្ជូន​អាវុធ​ឲ្យ​អ៊ុយក្រែន កំពុង​ប៉ះពាល់​ដល់​ការ​ចរចា​សន្តិភាព​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន។ នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • អង្គការ​មជ្ឈឹមនៃកង​យោធពល​អ៊ុយក្រែន​ បាន​ថ្លែង​នៅ​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ថ្មី​ប្រចាំ​ថ្ងៃ​មួយ​ថា កងទ័ព​រុស្ស៊ី​បាន​ព្យាយាម​វាយ​យក​តំបន់ Lyman នៃតំបន់ Donetsk និង​តំបន់ Sievierodonetsk និង Popasna នៃ​តំបន់ Luhansk។ ពួក​គេថា «មិន​ជោគជ័យ​ទេ [ការ​វាយ​យក​របស់​រុស្ស៊ី] ហើយ​ការ​ប្រយុទ្ធ​គ្នា នៅតែ​បន្ត»។​
  • នៅ​ថ្ងៃ​សៅរ៍​នេះ រុស្ស៊ី​បាន​ឲ្យ​ដឹង​ថា កង​កាំភ្លើង​ធំ​របស់​ខ្លួន​បាន​បាញ់​ចំ​គោលដៅ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ចំនួន ៣៨៩ កន្លែង​ ក្នុង​អំឡុង​ពេល​យប់​រំលង​អធ្រាត្រ រួម​ទាំង​តំបន់​កាន់កាប់​ដោយ​ទាហាន​អ៊ុយក្រែន​ចំនួន ៣៥ កន្លែង ឃ្លាំង​ស្តុក​គ្រឿង​ផ្ទុះ​និង​អាវុធ​ចំនួន ១៥ កន្លែង និង​ទីកន្លែង​មួយ​ចំនួន​ផ្សេង​ទៀត ដែល​ជា​ទីតាំង​របស់​ទាហាន​អ៊ុយក្រែន​និង​មាន​សម្ភារៈ​យោធា។ ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​ បាន​ថ្លែង​ថា មីស៊ីល​របស់​ខ្លួន​បាន​បាញ់​ចំ​ឃ្លាំង​ស្តុក​គ្រឿង​ផ្ទុះ​និង​ប្រេង​ឥន្ធនៈ​ចំនួន ៤ កន្លែង។ ទីភ្នាក់ងារ​ព័ត៌មាន Reuters មិន​អាច​បញ្ជាក់​ពី​ភាព​ច្បាស់លាស់​នូវ​សេចក្តី​រាយការណ៍​នេះ​បាន​នៅឡើយ​ទេ។
  • កងការពារ​ដែន​អាកាស​រុស្ស៊ី​បាន​រារាំង​យន្តហោះ​ចម្បាំង​របស់​អ៊ុយក្រែន​មួយ​គ្រឿង មិន​ឲ្យ​ហោះ​ចូល​តំបន់ Bryansk នៅ​ថ្ងៃ​សៅរ៍​នេះ។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​ព័ត៌មាន​ក្នុង​ស្រុក​របស់​រុស្ស៊ី ដែល​បាន​ដក​ស្រង់​សម្តី​របស់​អភិបាល​តំបន់ ដោយ​បន្ថែម​ថា ជា​លទ្ធផល​នៃ​ការ​រារាំង​នេះ តំបន់​នៅ​ក្បែរ​ទីតាំង​នោះ​និង​ចំណត​សម្រាប់​ការ​ដឹក​ប្រេង​មួយ​កន្លែង ត្រូវបាន​រង​ការ​បាញ់​ផ្តក់។ សារព័ត៌មាន RIA បាន​ដកស្រង់​សម្តី​របស់​អភិបាល​តំបន់​លោក Alexander Bogomaz ថា «មិន​មាន​នរណា​ម្នាក់​រងគ្រោះ​ថ្នាក់​នោះ​ទេ»។ អភិបាល​តំបន់​រូបនេះ​ក៏​បាន​ថ្លែង​បន្ថែម​ថា អគារ​ស្តុក​សម្ភារៈ​មួយ​នៅ​ចំណត​ដឹកប្រេង​មួយ​ ត្រូវបាន​រង​ការ​ខូចខាត។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​ព័ត៌មាន​របស់​ទីភ្នាកងារ​ព័ត៌មាន Reuters។ ​

ពលរដ្ឋក្នុងតំបន់ រួមទាំង​គ្រូមតេយ្យម្នាក់គឺអ្នកស្រី Natalya Kalugina អាយុ ៦៤ ឆ្នាំ ឈរនិយាយគ្នា នៅក្បែរសំណង់អគារមួយ ដែលត្រូវបានបំផ្លាញនៅក្នុងអំឡុងជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែន នៅភាគខាងត្បូងនៃទីក្រុង Mariupol ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២២។
ពលរដ្ឋក្នុងតំបន់ រួមទាំង​គ្រូមតេយ្យម្នាក់គឺអ្នកស្រី Natalya Kalugina អាយុ ៦៤ ឆ្នាំ ឈរនិយាយគ្នា នៅក្បែរសំណង់អគារមួយ ដែលត្រូវបានបំផ្លាញនៅក្នុងអំឡុងជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែន នៅភាគខាងត្បូងនៃទីក្រុង Mariupol ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២២។

  • កាសែត​ The New York Times រាយការណ៍​ថា ប៉ូលិស​អ៊ុយក្រែន​បាន​ទទួល​សេចក្តី​រាយការណ៍​អំពី​ករណី​មនុស្ស​បាត់ខ្លួន​ចំនួន ៧០០០ ករណី ចាប់​តាំង​ពី​ការ​ឈ្លានពាន​របស់​រុស្ស៊ី។
  • ទីក្រុង​ Kharkiv ដែល​ជា​ទីក្រុង​ធំ​ទី ២ របស់​ប្រទេស​អ៊ុយក្រែន បាន​រង​ការ​បាញ់​ផ្តក់​ជា​ច្រើនពី​ទាហាន​រុស្ស៊ី បើ​ទោះ​បី​ជា​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy ថ្លែង​ថា ទាហាន​អ៊ុយក្រែន​ កំពុង​ទទួល​បាន «ជោគជ័យ​យុទ្ធសាស្ត្រ» ខ្លះៗ​នៅ​ក្នុង​តំបន់​នេះ​ក៏​ដោយ​។ ទោះ​បី​ជា​អ៊ុយក្រែន​បន្ត​គ្រប់គ្រង​ទីក្រុង Kharkiv ទីក្រុង​នេះ​ត្រូវបាន​វាយប្រហារ​ជា​បន្តបន្ទាប់​ដោយ​កងទ័ព​រុស្ស៊ី​ ហើយ​នៅ​តែ​ប្រឈម​នឹង​ការ​វាយ​ប្រហារ​ប្រចាំ​ថ្ងៃ។ នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP។ ​
  • រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី ថ្លែង​ថា រដ្ឋាភិបាល​រុស្ស៊ី​បាន​ជម្លៀស​មនុស្ស​ជាង ១ លាននាក់​ចេញ​ពី​ប្រទេស​អ៊ុយក្រែន ចាប់តាំង​ពី​សង្គ្រាម​បាន​ចាប់ផ្តើម។ លោក​ Sergey Lavrov បាន​លើក​ឡើង​បែប​នេះ​នៅក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​រដ្ឋាភិបាល​ចិន Xinhua ស្របពេល​ដែល​អ៊ុយក្រែន​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​រុស្ស៊ី​ថា​បាន​បង្ខំ​ពលរដ្ឋ​អ៊ុយក្រែន​ចាកចេញ​ពី​ប្រទេស​ខ្លួន។ លោក Lavrov បាន​ថ្លែង​ថា ចំនួន​មនុស្ស​ដែល​ត្រូវបាន​ជម្លៀស​ចេញ​ទាំង​អស់​នេះ រួមមាន​ជនស៊ីវិល​ចិន​ចំនួន ៣០០ នាក់​ផង​ដែរ។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​ព័ត៌មាន​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP។ ​
  • យោធា​ចក្រភព​អង់គ្លេស​ ជឿ​ថា កងទ័ព​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ ទំនង​ជា​រង​ «កម្លាំង​ទឹកចិត្ត​ចុះខ្សោយ»។ ក្រសួង​ការពារ​ជាតិ​ចក្រភព​អង់គ្លេស​បាន​ធ្វើ​ការ​សន្និដ្ឋាន​បែប​នេះ​តាម​សារ​បង្ហោះ​តាម​បណ្តាញ Twitter នៅ​ថ្ងៃ​សៅរ៍​នេះ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ធ្វើ​សេចក្តី​រាយការណ៍​ព័ត៌មាន​ថ្មី​ប្រចាំ​ថ្ងៃ​របស់​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស ស្តី​អំពី​សង្គ្រាមរបស់​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​ព័ត៌មាន​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP។ ​
២១:២១ ២៩.៤.២០២២

ថ្ងៃសុក្រ ទី ២៩ ខែមេសា៖

  • អភិបាល​ក្រុង​កំពង់ផែ Mariupol នៃ​ប្រទេស​អ៊ុយក្រែន ថ្លែង​ថា ជន​ស៊ីវិល​ដែល​កំពុង​លាក់​ខ្លួន​នៅ​ក្នុង​រោងចក្រ​ផលិត​ដែកថែបដ៏​ធំ​មួយ កំពុង​ខ្វះ​ស្បៀង​អាហារ ទឹក និង​ថ្នាំសង្កូវ។ លោក Vadym Boichenko ថា ស្ថានភាព​នៅ​រោងចក្រ​ដែកថែប​ Avozstal ពិតជា​យ៉ាប់យ៉ឺន។ រោងចក្រ​ដែក​ថែប​នេះ ជា​ទីតាំង​ចុងក្រោយ​មួយដែល​ទាហាន​អ៊ុយក្រែន​កំពុង​គ្រប់គ្រង នៅ​ក្នុង​ទីក្រុង Mariupol ហើយ​ទាហាន​ទាំង​នេះ​កំពុង​ស្ថិត​នៅ​ជាមួយ​ជន​ស៊ីវិល។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​ព័ត៌មាន​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP។
  • ប្រធាន​ធនាគារ​កណ្តល​របស់​រុស្ស៊ី ថ្លែង​ថា ទស្សនវិស័យ​នៃ​សេដ្ឋកិច្ច​របស់​រុស្ស៊ី គឺ​«មិន​ប្រាកដ​ប្រជា​ខ្លាំង» ស្រប​ពេល​ដែល​សេដ្ឋកិច្ច​រុស្ស៊ី​ត្រូវបាន​សន្និដ្ឋាន​ថា​នឹង​ថយចុះ​ដល់​ទៅ ១០ ភាគរយ​ នៅ​ឆ្នាំ​នេះ។ ទណ្ឌកម្ម​អន្តរជាតិ និង​តម្រូវការ​អ្នក​ប្រើប្រាស់​ទាប កំពុង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​រុស្ស៊ី ស្រប​ពេល​ដែល​អតិផរណា​កើន​ឡើង។ នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន AP។
  • ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក Joko Widodo ថ្លែង​ថា ទាំង​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy និង​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin នឹង​ចូលរួម​កិច្ច​ប្រជុំ​កំពូល​ G-20 ដែល​នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​កោះ Bali ប្រទេស​ឥណ្ឌូណេស៊ី នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ។ នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន AP។
  • រុស្ស៊ី​បាន​បញ្ជាក់​នៅ​ថ្ងៃ​សុក្រ​ថា ខ្លួន​បាន​វាយ​ប្រហារ​លើ​ទីក្រុង​កៀវ​តាម​អាកាស នៅ​ក្នុង​អំឡុង​ទស្សនកិច្ច​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​ព័ត៌មាន​របស់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP។ នេះ​ជា​ករណី​វាយប្រហារ​លើក​ដំបូង​លើ​រដ្ឋធានី​របស់​ប្រទេស​អ៊ុយក្រែន​ បន្ទាប់​ពី​ទាហាន​រុស្ស៊ី​មិន​បាន​ធ្វើ​ការ​វាយ​ប្រហារ​ណា​មួយ​ក្នុង​រយៈពេល​ពីរ​សប្តាហ៍​មក​ហើយ​លើ​ទីក្រុង​នេះ។ ការ​វាយប្រហារ​នេះ​ក៏​បាន​សម្លាប់​អ្នក​សារព័ត៌មាន​ម្នាក់​ផង​ដែរ។

ក្រុមអ្នកពន្លត់អគ្គិភ័យកំពុងប្រតិបត្តិការពន្លត់អគ្គិភ័យមួយ បន្ទាប់ពីមានករណីផ្ទុះនៅទីក្រុងកៀវ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី ២៨ ខែមេសា ឆ្នាំ ២០២២។ រុស្ស៊ីបានវាយប្រហារជាបន្តបន្ទាប់នៅតាមតំបន់នានាក្នុងប្រទេសអ៊ុយក្រែន ជាពិសេសរដ្ឋធានីកៀវ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ។
ក្រុមអ្នកពន្លត់អគ្គិភ័យកំពុងប្រតិបត្តិការពន្លត់អគ្គិភ័យមួយ បន្ទាប់ពីមានករណីផ្ទុះនៅទីក្រុងកៀវ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី ២៨ ខែមេសា ឆ្នាំ ២០២២។ រុស្ស៊ីបានវាយប្រហារជាបន្តបន្ទាប់នៅតាមតំបន់នានាក្នុងប្រទេសអ៊ុយក្រែន ជាពិសេសរដ្ឋធានីកៀវ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ។

  • ​វិទ្យុអឺរ៉ុប​សេរី/វិទ្យុ​សេរីភាព បាន​ឲ្យ​ដឹង​ថា អ្នកស្រី Vera Gyrych ផលិតករ​ប្រចាំ​វិទ្យុអឺរ៉ុប​សេរី/វិទ្យុ​សេរីភាព​ដែល​ទទួល​មូលនិធិ​គាំទ្រ​ដោយ​រដ្ឋាភិបាល​អាមេរិក បាន​ស្លាប់​ នៅ​ពេល​ដែល​គ្រាប់​មីស៊ីល​របស់​រុស្ស៊ី​បាន​បាញ់​ចំ​អគារ​ដែល​អ្នក​ស្រី​បាន​រស់នៅ​ក្នុង​ទីក្រុង​កៀវ។ នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP។
  • ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​ថ្លែង​ថា ការ​វាយ​ប្រហារ​របស់​ទាហាន​រុស្ស៊ី​លើ​ទីក្រុង​កៀវ ភ្លាមៗ​បន្ទាប់​ពី​លោក​បាន​ជួប​ពិភាក្សា​ជាមួយ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres ជា​គោល​បំណង​របស់​រុស្ស៊ី «ដើម្បីមាក់​ងាយលើ​អង្គការ​សហប្រជាជាតិ និង​អ្វីៗ​គ្រប់យ៉ាង​ដែល​អង្គការ​នេះ​តំណាង​ឲ្យ»។ នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP។
  • ប្រទេស​អាល្លឺម៉ង់ បាន​ថ្កោលទោស​ការ​វាយប្រហារ​ «ដ៏​អមនុស្ស​ធម៌» ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladmir Putin «គ្មាន​សេចក្តី​គោរព​អ្វី​ទាល់តែ​សោះ​ដល់​ច្បាប់​អន្តរជាតិ»។ នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP។
  • អតីត​ទាហាន​ម៉ារីន​អាមេរិក​ម្នា​ក់​ត្រូវបាន​សម្លាប់​ជាមួយ​កងទ័ព​អ៊ុយក្រែន​ផ្សេង​ទៀតនៅ​ក្នុង​សមរភូមិ​ប្រយុទ្ធជាមួយ​រុស្ស៊ី។ សាច់ញាតិ​របស់​ទាហាន​ម្នាក់​នេះ​បាន​ប្រាប់​បណ្តាញ​សារព័ត៌មាន​អំពី​ករណី​ស្លាប់​នេះ ដែល​ជា​ករណី​ស្លាប់​ដំបូង​គេ​នៃ​ជនជាតិ​អាមេរិក​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។ នេះ​បើតាម​សេចក្តី​រាយការណ៍​ព័ត៌មាន​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP។ អ្នកស្រី Rebecca Cabrera បាន​ប្រាប់បណ្តាញ​ទូរទស្សន៍​ CNN ថា កូនប្រុស​របស់​អ្នក​ស្រី​គឺ​លោក Willy Joseph Cancel អាយុ ២២ ឆ្នាំ ត្រូវបាន​សម្លាប់​កាលពី​ថ្ងៃ​ចន្ទ ក្នុង​អំឡុង​ពេល​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​យោធា​ជាប់​កុងត្រា​មួយ​ដែល​បាន​បញ្ជូន​រូបលោក​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន។ ​
  • សហរដ្ឋ​អាមេរិក​មិន​ជឿ​ថា​ នឹង​មាន​គ្រោះថ្នាក់​ពី​ប្រទេស​រុស្ស៊ី​តាមរយៈ​ការ​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​នោះ​ទេ បើ​ទោះ​បី​ជា​មាន​ភាព​តានតឹង​នា​ពេល​ថ្មីៗ​នេះ​តាម​រយៈ​សេចក្តី​ថ្លែងការណ៍​នានា​របស់​រដ្ឋាភិបាល​រុស្ស៊ី​ក៏ដោយ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​ម្នាក់ នៅ​ថ្ងែសុក្រ​នេះ ហើយ​ដែល​ត្រូវបាន​រាយការណ៍​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters។ ​

ទិដ្ឋភាពទូទៅនៃតំបន់រោងចក្រដែកថែប Azovstal ដែលហ៊ុមព័ទ្ធសំណង់អគារបែកបាក់ដោយសារការវាយប្រហាររបស់ទាហានរុស្ស៊ី នៅទីក្រុងកំពង់ផែ Mariupol ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២២។
ទិដ្ឋភាពទូទៅនៃតំបន់រោងចក្រដែកថែប Azovstal ដែលហ៊ុមព័ទ្ធសំណង់អគារបែកបាក់ដោយសារការវាយប្រហាររបស់ទាហានរុស្ស៊ី នៅទីក្រុងកំពង់ផែ Mariupol ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២២។

  • ការិយាល័យ​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សុក្រ​ថា អ៊ុយក្រែន​បាន​គ្រោង​ជម្លៀស​ជន​ស៊ីវិល​ចេញ​ពី​រូង​ក្រោមដី​សុវត្ថិភាព​ នៅ​បរិវេណ​រោងចក្រ​ដែកថែប Azovstal នៅ​ទីក្រុង​កំពង់ផែ Mariupol បើ​ទោះ​បី​ជា​មិនទាន់​មាន​ព័ត៌មាន​លម្អិតអំពី​គម្រោងនៅ​ឡើយ​ក៏​ដោយ។ កង​កម្លាំង​រុស្ស៊ី​កំពុង​ឡោមព័ទ្ធរោងចក្រ​នេះ។ មិន​ទាន់​មាន​ការ​ឆ្លើយតប​អ្វី​ពី​រុស្ស៊ី​ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​របស់​ការិយាល័យ​ប្រធានាធិបតី​អ៊ុយក្រែន​យ៉ាង​ដូច្នេះ​ទេ។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​ព័ត៌មាន​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • លោកស្រី Olena Zelenska ភរិយា​របស់​លោក​ប្រធានាធិបតី​អ៊ុយក្រែន​ Volodymyr Zelenskyy ថ្លែង​ថា សង្គ្រាម​របស់​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន មិន​បាន​ផ្លាស់ប្តូរ​ស្វាមី​របស់​លោកស្រី​នោះទេ ប៉ុន្តែ​បាន​បង្ហាញ​ទៅ​កាន់​ពិភពលោក​ពី​ការ​តាំង​ចិត្ត​របស់​លោក​ ក្នុងការ​តស៊ូ​ជម្នះ និង​ការពិត​ដែល​ថា លោក​ជាមនុស្ស​ដែល​ពលរដ្ឋ​អាច​ពឹងពាក់​បាន។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AP។
  • រដ្ឋាភិបាល​អេស្ប៉ាញ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ​នេះ​ថា មក​ទល់​ពេល​នេះ ការ​ដឹក​សម្ភារៈ​យោធា​ដ៏​ធំបំផុត​មួយ​របស់​ខ្លួន​ទៅកាន់​ប្រទេស​អ៊ុយក្រែន គឺដំណើរការ​ទៅមុខ​ដូច​ការ​រំពឹង​ទុក បន្ទាប់​ពី​កប៉ាល់​ដឹក​សម្ភារៈ​ដែល​មាន​ទម្ងន់​ជាង ២០០ តោន បាន​សំចត​នៅ​កំពង់ផែ​មួយ​ក្នុង​ប្រទេស​ប៉ូឡូញ។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AP។
  • កង​ទ័ព​រាប់ពាន់​នាក់​របស់​អង្គការ​អូតង់ និង​បណ្តា​ប្រទេស​ប្រចាំ​តំបន់​អាត្លង់ទិក​ខាង​ជើង​ នឹង​ចូលរួម​ធ្វើ​សមយុទ្ធ​យោធា​នានា នៅ​ទូទាំង​ទ្វីប​អឺរ៉ុប នា​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ ស្រប​ពេល​ដែល​ប្រទេស​លោក​ខាង​លិច​ព្យាយាម​បំបាក់​សកម្មភាព​គឃ្លើន​របស់​រុស្ស៊ី។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AP។
  • ប្រទេស​អ៊ុយក្រែន​បាន​ទទួល​ស្គាល់​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ប្រទេស​មួយ​នេះ​បាន​ខាតបង់​ធ្ងន់ធ្ងរ​ដោយសារ​ការ​វាយប្រហារ​របស់​កងទ័ព​រុស្ស៊ី​នៅ​ភាគខាង​កើត​ប្រទេស ប៉ុន្តែ​ថា ការ​ខាតបង់​របស់​រុស្ស៊ី​គឺ​ធ្ងន់ធ្ងរ​ជាង​អ៊ុយក្រែន​ទៅ​ទៀត។ ស្រប​ពេល​ជាមួយ​គ្នា​នោះ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ស្នើ​សុំ​សភាព​បញ្ជូន​ទឹកប្រាក់​ប្រមាណ ៣៣ ពាន់លាន​ដុល្លារ​ ដើម្បី​ជួយ​ដល់​អ៊ុយក្រែន​នៅ​ក្នុង​ការ​ទប់ទល់​ជាមួយ​នឹង​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី។ នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • អភិបាល​ក្រុង​លោក Vitali Klitschko បាន​ថ្លែង​ថា នៅ​ថ្ងៃ​សុក្រថា​ ក្រុម​អ្នក​ជួយ​សង្គ្រោះ​បន្ទាន់​របស់​អ៊ុយក្រែន​បាន​រកឃើញ​សាកសព​មួយ​ដែល​ត្រូវបាន​កប់​នៅ​ក្នុង​បំណែក​សំណង់​អគារ​មួយ​ខ្នង​នៅ​ក្នុង​រដ្ឋធានី​កៀវ ដែល​ត្រូវបាន​បាញ់​ដោយ​មីស៊ីល​របស់​រុស្ស៊ី ស្របពេល​ដែល​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres ធ្វើ​ទស្សនកិច្ច​នៅ​រដ្ឋធានី​កៀវ។ នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters។
  • ការិយាល័យ​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​ឲ្យ​ដឹង​ថា រុស្ស៊ី​បាន​វាយប្រហារ​ខ្សែ​ប្រយុទ្ធ​ជួរ​មុខ​របស់​អ៊ុយក្រែន នៅ​តំបន់ Donetsk ភាគខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែនដោយ​គ្រាប់​រ៉ុក្កែត កាំភ្លើង​ធំ កាំភ្លើង​ត្បាល់ និង​យន្តហោះ​ចម្បាំង​តាម​អាកាស។ បុគ្គលិក​ខុទ្ទកាល័យ​អ៊ុយក្រែន​បាន​ថ្លែង​ថា រុស្ស៊ី​បាន​វាយ​ប្រហារ​ទីតាំង​យោធា​របស់​អ៊ុយក្រែន​តាម​បណ្តោយ​ខ្សែ​រយៈយោធា​អ៊ុយក្រែន ​ដើម្បី​រារាំង​មិន​ឲ្យ​យោធា​អ៊ុយក្រែន​ប្រមូល​ផ្តុំ​គ្នា​បាន។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។ ​
  • រុស្ស៊ី​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ​ថា កងទ័ព​របស់​ខ្លួន​បាន​បំផ្លាញ​អគារ​នានា​នៃ​រោងចក្រ​ផលិត​គ្រាប់​រ៉ុក្កែត​បាញ់​សត្រូវ​តាម​អាកាស​របស់​អ៊ុយក្រែន ដែល​ស្ថិត​នៅ​ទីក្រុង​កៀវ ដោយ​បាន​បាញ់​គ្រាប់​មីស៊ីល​ចម្ងាយ​ឆ្ងាយ។ នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។ ​
  • កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ក្រុម​មន្ត្រី​អ៊ុយក្រែន​បាន​ថ្លែង​ថារុស្ស៊ី​បាន​បាញ់​គ្រាប់​មីស៊ីល​ចំនួន​ពីរ​ទៅ​លើ​រដ្ឋធានី​កៀវ​នៃ​ប្រទេស​អ៊ុយក្រែន ខណៈ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres ធ្វើ​ទស្សនកិច្ច​នៅ​ទីនោះ។ ស្រប​ពេល​ជាមួយ​គ្នា​នោះ ទាហាន​រុស្ស៊ី​ក៏​បាន​បន្ត​ការ​វាយប្រហារ​របស់​ខ្លួន​នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយក្រែន ដែល​ជំរុញ​ឲ្យ​សហរដ្ឋ​អាមេរិក​សន្យា​ផ្តល់​ជំនួយ​ផ្នែក​យោធា និង​ផ្នែក​មនុស្ស​ធម៌​បន្ថែម​ទៀត​ដល់​អ៊ុយក្រែន។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy និងអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ចូលរួមសន្និសីទសារព័ត៌មានរួមគ្នាមួយ ក្រោយពីបានជួបពិភាក្សាគ្នា នៅរដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២២។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy និងអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ចូលរួមសន្និសីទសារព័ត៌មានរួមគ្នាមួយ ក្រោយពីបានជួបពិភាក្សាគ្នា នៅរដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២២។

  • ក្រសួង​ការពារ​ជាតិ​ចក្រភព​អង់គ្លេស​ថ្លែង​ថារុស្ស៊ី​នៅ​តែ​ផ្តោត​យុទ្ធសាស្ត្រ​ធ្វើសង្គ្រាម​របស់​ខ្លួន​នៅ​តំបន់​ Donbas នៃ​ប្រទេស​អ៊ុយក្រែន។ យោធា​ចក្រភព​អង់គ្លេស​បាន​ថ្លែង​ថាការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំងក្លា​បាន​កើត​មាន​ឡើង​ នៅ​ជុំវិញ​តំបន់ Lysychansk និង​តំបន់ Severodonetsk ហើយ​ថា រុស្ស៊ី​កំពុង​ព្យាយាម​ពង្រីក​ការ​វាយ​ប្រហារ​របស់​ខ្លួន​ទៅ​ភាគ​ខាង​ត្បូង​បន្ថែម​ទៀត គឺ​ចាប់​ពី​តំបន់ Izium ឆ្ពោះ​ទៅ​កាន់​តំបន់ Slovyanks។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​ព័ត៌មាន​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP។
  • រុស្ស៊ី​បាន​វាយប្រហារ​នៅ​តាម​ទីតាំង​ជាច្រើន​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន រួមទាំង​ទីក្រុង​កៀវ ដោយ​បាន​បាញ់​គ្រាប់​បែក​លើទីក្រុង​នេះ ខណៈ​ពេល​ដែល​អគ្គលេខា ធិការ​អង្គការ​សហប្រជាជាតិ​បាន​ធ្វើ​ទស្សនកិច្ច​នៅ​ទីនោះ។ នេះ​គឺជា​សកម្មភាព​វាយ​ប្រហារ​ដ៏​គឃ្លើន​បំផុត​មួយ​របស់​រុស្ស៊ី ចាប់តាំង​ពី​ទាហាន​រុស្ស៊ី​បាន​ដក​ខ្លួន​ចេញ​ពី​ទីក្រុង​នេះ​កាល​ពី​ប៉ុន្មាន​សប្តាហ៍​មុន។
    ក្រុម​អ្នក​សង្គ្រោះ​បន្ទាន់​បាន​ឲ្យ​ដឹង​ថា មនុស្ស​យ៉ាង​ហោច​ណាស់ ១០ នាក់ បាន​រង​របួស​ នៅ​ពេល​គ្រាប់​មីស៊ីល​របស់​រុស្ស៊ី​បាន​បាញ់​ចំ​អគារ​លំនៅដ្ឋាន​២៥ជាន់មួយ​ខ្នង​នៅ​ទីក្រុង​កៀវ កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ហើយ​បង្ក​ឲ្យ​មាន​អគ្គិភ័យ​ ដែល​បាន​ដុត​បំផ្លាញ​អគារ​ជាន់​ទី ១ និង​ជាន់​ទី ២។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP។
    ការ​វាយប្រហារ​របស់​ទាហាន​រុស្ស៊ី​នេះបាន​កើត​ឡើង ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់​ពី​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy និង​អគ្គលេខាធិ ការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​រួម​គ្នា​មួយ​ ដែល​លោក Guterres បាន​ថ្លែង​ថា ប្រទេស​អ៊ុយក្រែន​បាន​ក្លាយ​ជា «ទីកន្លែង​មួយ​ដែល​ពោរពេញ​ដោយ​ភាព​ឈឺចាប់​និង​ខ្លោចផ្សារ​ឥត​ឧបមា»។
  • ទូរទស្សន៍ Al Jazeera រាយការណ៍​ថា ជន​ស៊ី​វិល​ជិត ១.២០០ នាក់​ត្រូវបាន​រក​ឃើញ​នៅ​តំបន់​ជុំវិញ​ទីក្រុង​កៀវ​នៃ​ប្រទេស​អ៊ុយក្រែន។ ពួកគេ​ភាគច្រើន​ត្រូវបាន​រកឃើញ​នៅ​ស្រុក​ Bucha ជាប់​ជាយ​ក្រុង​កៀវ។
  • ក្រសួង​ការបរទេស​អ៊ុយក្រែន​ បាន​សរសេរ​សារ​បង្ហោះ​តាម​បណ្តាញ Twitter ថា គ្រាប់បែក​របស់​ទាហាន​រុស្ស៊ី​បាន​បាញ់ចំ​មន្ទីរពេទ្យ​បណ្តោះ​អាសន្ន​មួយ​នៅ​ទីក្រុង Mariupol។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​ព័ត៌មាន​របស់​កាសែត The New York Times។ ក្រសួង​មួយ​នេះ​ក៏​បាន​លើក​ឡើង​ថា ការ​សម្លាប់ឬ​បង្ក​របួស​ដល់​ទាហាន​អ៊ុយក្រែន​ រំលោភ​បំពាន​អនុសញ្ញា​របស់​ទីក្រុង​ហ្សឺណែវ។
  • ប្រធានាធិបតី​អ៊ុយក្រែន​លោក Zelenskyy បាន​ថ្លែង​ថា លោក​បាន​ «ពិភាក្សា​គ្នា​យ៉ាង​កក់ក្តៅ​និង​យ៉ាង​មាន​ប្រយោជន៍​» ជាមួយ​នាយក​រដ្ឋមន្ត្រី​ប៊ុលហ្គារី​លោក Kiril Petkov ស្តី​អំពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ថាមពល​និង​យោធា នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក Petkov ទៅកាន់​ទីក្រុង​កៀវ កាលពី​ថ្ងៃ​ព្រហស្បតិ៍។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​ព័ត៌មាន​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។ លោក Zelenskyy បាន​ថ្លែង​ថា លោក​និង​លោក Petkov បាន​ព្រមព្រៀង​គ្នា​ថា សម្ភាៈ​យោធា​របស់​អ៊ុយក្រែន​ដែល​រង​ការ​ខូចខាត​អាច​នឹង​ត្រូវបាន​ជួសជុល​ឡើង​វិញ នៅ​រោងចក្រ​យោធា​ប៊ុលហ្គារី ហើយ​បញ្ជូន​មក​ឲ្យ​អ៊ុយក្រែន​វិញ ពេល​ជួសជុល​រួច។
  • ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​កិច្ច​ប្រជុំ​កំពូល G-20 នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ ដែល​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin នឹង​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​នេះ​ផងដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ប្រទេស​ឥណ្ឌូណេស៊ីដែល​ជា​ប្រធាន​នៃ​ក្រុម​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ G-20 ក្នុង​អាណត្តិ​នេះ។ លោក Joko Widodo ប្រធានាធិបតី​ឥណ្ឌូណេស៊ីបាន​ថ្លែង​នៅ​ថ្ងៃ​សុក្រ​ថា៖ «ខ្ញុំ​បាន​អញ្ជើញ​លោក​ប្រធានាធិបតី Zelenskyy ឲ្យ​ចូលរួម​កិច្ច​ប្រជុំ​កំពូល G-20» ដោយ​អះអាង​ថា ការ​សម្រួល​មួយ​ត្រូវ​សម្រេច​បាន បន្ទាប់​ពី​មាន​សម្ពាធ​ពី​បណ្តា​ប្រទេស​លោក​ខាងលិច​ជំរុញ​ឲ្យ​ឥណ្ឌូណេស៊ី ហាមឃាត់​រុស្ស៊ី​មិន​ឲ្យ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​លើក​នេះ ដោយសារ​តែ​សកម្មភាព​ឈ្លានពាន​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP។ ​

រូបថតដែលចេញផ្សាយដោយការិយាល័យប្រធានាធិបតីឥណ្ឌូណេស៊ី នាថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២២ បង្ហាញឲ្យឃើញលោក Joko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ី ថ្លែងសុន្ទរកថាអំពីស្ថានភាពនយោបាយក្នុងប្រទេស នៅវិមានរដ្ឋាភិបាលក្នុងទីក្រុង Bogor ជាទីដែលលោកបានអញ្ជើញប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ឲ្យចូលរួមកិច្ចប្រជុំកំពូល G-20 ដែលនឹងធ្វើឡើងនៅទីក្រុង Bali ប្រទេសឥណ្ឌូណេស៊ី នៅខាងវិច្ឆិកាខាងមុខនេះ។ (Photo by Handout / PRESIDENTIAL PALACE / AFP)
រូបថតដែលចេញផ្សាយដោយការិយាល័យប្រធានាធិបតីឥណ្ឌូណេស៊ី នាថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២២ បង្ហាញឲ្យឃើញលោក Joko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ី ថ្លែងសុន្ទរកថាអំពីស្ថានភាពនយោបាយក្នុងប្រទេស នៅវិមានរដ្ឋាភិបាលក្នុងទីក្រុង Bogor ជាទីដែលលោកបានអញ្ជើញប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ឲ្យចូលរួមកិច្ចប្រជុំកំពូល G-20 ដែលនឹងធ្វើឡើងនៅទីក្រុង Bali ប្រទេសឥណ្ឌូណេស៊ី នៅខាងវិច្ឆិកាខាងមុខនេះ។ (Photo by Handout / PRESIDENTIAL PALACE / AFP)

  • រដ្ឋាភិបាល​អង់គ្លេស​ថ្លែង​ថា ប្រទេស​អង់គ្លេស​កំពុង​បញ្ជូន​កម្លាំង​ទ័ព៨ពាន់​នាក់​ដើម្បី​ធ្វើ​សមយុទ្ធ​នៅ​ភាគ​ខាង​កើត​អឺរ៉ុបដើម្បី​បង្ហាញ​ភាព​ខ្លាំងក្លា​របស់​អឺរ៉ុប បន្ទាប់​ពី​រុស្ស៊ី​បាន​ឈ្លានពាន​លើ​អ៊ុយក្រែន។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP។
  • អភិបាល​ក្រុង Kharkiv បានថ្លែង​ថា ជនស៊ីវិល ​៥ នាក់​ ត្រូវបាន​សម្លាប់​កាលពី​ថ្ងៃ​ព្រហស្បតិ៍នៅ​ក្នុង​សកម្មភាព​បាញ់​គ្រាប់​ផ្តក់​ឥតឈប់ឈរ​របស់​ទាហាន​រុស្ស៊ី។ សំណង់​អគារ​ជាង ២ ពាន់​ខ្នង​នៅ​ក្នុង​ក្រុង​នេះ​ បាន​រង​ខូចខាត និង​បំផ្លាញ​ដោយសារ​អគ្គិភ័យចាប់តាំង​ពី​ពេល​រុស្ស៊ី​បាន​ចាប់ផ្តើម​ឈ្លានពាន​លើ​អ៊ុយក្រែន តាំង​ពី​ចុង​ខែ​កុម្ភៈ​មក។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP។
  • ក្រុម​រដ្ឋអាជ្ញា​អ៊ុយក្រែនថ្លែង​ថា ពួកគេ​បាន​កំណត់​អត្តសញ្ញាណ​ទាហាន​រុស្ស៊ី​ចំនួន ១០ នាក់ ដែល​សង្ស័យ​ថា​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាមនៅ​ស្រុក Buchaជាយ​រដ្ឋធានី​កៀវ​នៃ​ប្រទេស​អ៊ុយក្រែន។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP។
  • ប្រទេស​ហូឡង់​នឹង​បើក​ដំណើរការ​ស្ថានទូត​របស់​ខ្លួន​ឡើងវិញ​នៅ​រដ្ឋធានី​កៀវនៅ​ថ្ងៃ​សុក្រ​បន្ទាប់​ពី​បាន​បិទ​ក្នុង​រយៈពេល​ជាង​ពីរ​ខែ​មក​នេះ មុន​ពេល​ទាហាន​រុស្ស៊ី​ឈ្លានពាន​លើ​អ៊ុយក្រែន។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP។
  • រដ្ឋាភិបាល​រុស្ស៊ី​ចាត់ទុក​ជ័យជម្នះ​នៅ​ក្នុង​ «ការ​ប្រយុទ្ធ​ដើម្បី​តំបន់ Donbas» ថា​សំខាន់ បើសិន​ជា​រុស្ស៊ី​នឹង​សម្រេច​គោលដៅ​នានា​ដែល​រុស្ស៊ី​បាន​អះអាង​ថាដើម្បី​គ្រប់គ្រង​តំបន់​ Donetsk និង​តំបន់ Luhansk នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន។ នេះ​បើ​តាម​ការ​លើកឡើង​របស់​ក្រសួង​ការពារ​ជាតិ​នៃ​ចក្រភព​អង់គ្លេសដែល​ត្រូវបាន​រាយការណ៍​ព័ត៌មាន​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters។ ​
  • ចក្រភព​អង់គ្លេស​នៅ​ថ្ងៃ​សុក្រថា ខ្លួន​បាន​បញ្ជូន​ក្រុម​អ្នក​ជំនាញ​ដើម្បី​ជួយ​អ៊ុយក្រែន​ប្រមូល​ភស្តុតាំង និង​ដើម្បី​កាត់ទោស​ឧក្រិដ្ឋកម្ម​សង្គ្រាម។ ក្រុម​អ្នក​ជំនាញ​នេះ​នឹង​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​ប៉ូឡូញ​នៅ​ដើម​ខែ​ឧសភា។ នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • រុស្ស៊ី​បាន​អះអាង​ថា ខ្លួន​បាន​ប្រើ​នាវា​មុជទឹក​នៅ​តំបន់​សមុទ្រ​ខ្មៅដើម្បី​វាយប្រហារ​លើ​គោលដៅ​ទាហាន​អ៊ុយក្រែន​ដោយ​ប្រើ​មីស៊ីល​បាញ់​តាម​នាវា​ Kalibr។ នេះ​ជា​លើក​ដំបូង​ហើយ​ដែល​រដ្ឋាភិបាល​រុស្ស៊ី​បាន​ប្រកាស​ថា​បាន​ប្រើប្រាស់​នាវាចម្បាំង​មុជទឹក​ ដើម្បី​វាយប្រហារ​លើ​ប្រទេស​អ៊ុយក្រែន។ នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។ ​

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG