២១:០៩
២៨.៤.២០២២
ថ្ងៃព្រហស្បតី៍ ទី ២៨ ខែមេសា៖
- ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ថ្លែងសុន្ទរកថាស្តីពី «ការគាំទ្រដល់ប្រជាជនអ៊ុយក្រែន នៅក្នុងការការពារប្រទេសរបស់ពួកគេ និងសេរីភាពរបស់ពួកគេ ប្រឆាំងនឹងសង្គ្រាមដ៏ឃោរឃៅរបស់រុស្ស៊ី» ពីបន្ទប់ Roosevelt Room នៃសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
- ការវាយលុកតាមប្រព័ន្ធអ៊ីនធឺណិតឥតឈប់ឈររបស់រុស្ស៊ីលើអ៊ុយក្រែនអាចបណ្តាលឱ្យមានការខូចខាតតិច ជាងការរំពឹងទុកជាច្រើន។ ប៉ុន្តែភាគច្រើននៃការលួចចូលត្រូវបានផ្តោតលើគោលដៅផ្សេងៗគ្នា ដែលទទួលបានការចាប់អារម្មណ៍តិច ប៉ុន្តែមានផលវិបាកដែលអាចកើតមានខ្ពស់ នោះគឺការប្រមូលទិន្នន័យ។ ទីភ្នាក់ងារអ៊ុយក្រែនដែលរងការបំពាននៅមុនថ្ងៃនៃការលុកលុយ រួមមានក្រសួងមហាផ្ទៃ ដែលគ្រប់គ្រងលើប៉ូលិស ឆ្មាំជាតិ និងល្បាតព្រំដែន។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
- ប៉ុន្មានសប្តាហ៍បន្ទាប់ពីគាំទ្រជាសាធារណៈចំពោះបូរណភាពទឹកដីរបស់អ៊ុយក្រែន រដ្ឋមន្ត្រីការបរទេសអ៊ូសបេគីស្ថាន លោក Abdulaziz Komilov បានចាកចេញពីមុខតំណែង។ អ្នកនាំពាក្យប្រធានាធិបតី អ៊ូសបេគីស្ថាន លោក Sherzod Asadov បាននិយាយកាលពីថ្ងៃទី ២៧ ខែមេសា ថា លោក Komilov បានចាកចេញពីមុខតំណែងជារដ្ឋមន្ត្រីការបរទេសដើម្បីផ្លាស់ប្តូរទៅការងារមួយទៀត គឺលេខាធិការរងនៃក្រុមប្រឹក្សាសន្តិសុខប្រធានាធិបតី។ លោក Komilov បានបាត់មុខភ្លាមៗពីសាធារណៈ បន្ទាប់ពីលោកបានប្រាប់សមាជិកសភាក្នុងសុន្ទរកថាកាលពីថ្ងៃទី ១៧ ខែមីនា ថា អ៊ូសបេគីស្ថាន មិនទទួលស្គាល់តំបន់ដែលគ្រប់គ្រងដោយក្រុមផ្តាច់ខ្លួនដែលគាំទ្រដោយរដ្ឋាភិបាលក្រុងមូស្គូ នៅក្នុងតំបន់ Donetsk និង Luhansk របស់អ៊ុយក្រែន ដែលត្រូវបានគេស្គាល់ថា Donbas ទេ។ វិទ្យុអឺរ៉ុបសេរី/វិទ្យុសេរីភាព រាយការណ៍។
- អគ្គលេខាធិការអង្គការណាតូបានត្រៀមខ្លួនដើម្បីរក្សាការគាំទ្ររបស់ខ្លួនចំពោះអ៊ុយក្រែនក្នុងសង្រ្គាមប្រឆាំងនឹងរុស្ស៊ីអស់រយៈពេលជាច្រើនឆ្នាំ រួមទាំងជំនួយសម្រាប់ទីក្រុងកៀវ ដើម្បីផ្លាស់ប្តូរពីសព្វាវុធក្នុងសម័យសូវៀតទៅជាអាវុធ និងប្រព័ន្ធទំនើបរបស់បស្ចិមប្រទេស។ នេះបើតាមអគ្គលេខាធិការលោក Jens Stoltenberg បាននិយាយកាលពីថ្ងៃព្រហស្បតិ៍។ លោកបាននិយាយបែបនេះ បន្ទាប់ពីវិមានក្រឹមឡាំងបានព្រមានថា ការផ្គត់ផ្គង់សព្វាវុធរបស់លោកខាងលិចដល់អ៊ុយក្រែន រួមទាំងអាវុធធុនធ្ងន់បានបង្កការគំរាមកំហែងដល់សន្តិសុខនៃទ្វីបអឺរ៉ុប «និងបង្កអស្ថិរភាព»។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
- ទីភ្នាក់ងារការពារព្រំដែនរបស់ប្រទេសប៉ូឡូញ បាននិយាយថា ខ្លួនបានកត់ត្រាអ្នកឆ្លងចូលប្រទេសប៉ូឡូញចំនួន ៣ លាននាក់ពីប្រទេសអ៊ុយក្រែន ដែលនៅជិតខាង ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីបានចាប់ផ្តើម នៅថ្ងៃទី ២៤ ខែកុម្ភៈមក ខណៈដែលមានអ្នកឆ្លងកាត់ចំនួន ៩០៤.០០០ នាក់ចូលទៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើតាមសារព័ត៌មាន AP បានរាយការណ៍។ អ្នកនាំពាក្យឆ្មាំព្រំដែន អ្នកស្រី Anna Michalska បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ចំនួននេះរួមបញ្ចូលទាំងមនុស្សដែលឆ្លងកាត់ជាច្រើនដង ដោយសារឧទាហរណ៍ ពួកគេតែងតែដើរទិញឥវ៉ាន់នៅប្រទេសប៉ូឡូញ ហើយបន្ទាប់មកត្រឡប់ទៅវិញ។
- អគ្គនាយកទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ លោក Rafael Grossi បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍អំពីស្ថានភាពនៅរោងចក្រថាមពលនុយក្លេអ៊ែរ Chernobyl បន្ទាប់ពីលោកបានវិលត្រឡប់មកពីអ៊ុយក្រែនវិញ។ ប្រធានទីភ្នាក់ងារឃ្លាំមើលនុយក្លេអ៊ែរប្រចាំអង្គការសហប្រជាជាតិ បាននិយាយថា កម្រិតវិទ្យុសកម្មនៅក្នុងផ្នែកមួយនៃតំបន់ហាមឃាត់របស់រោងចក្រ Chornobyl ដែលទាហានរុស្ស៊ីបានជីកលេណដ្ឋាននៅក្នុងដីដែលមានជាតិវិទ្យុសកម្មខ្ពស់ត្រូវបានកើនឡើង ប៉ុន្តែនៅតែស្ថិតក្នុងកម្រិតមានសុវត្ថិភាព។
- គណៈកម្មការអឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍បានព្រមានអ្នកទិញឧស្ម័នរុស្ស៊ីថា ពួកគេអាចរំលោភលើទណ្ឌកម្ម ប្រសិនបើពួកគេបានបំប្លែងការទូទាត់ឧស្ម័នទៅជាប្រាក់រូប្ល ខណៈដែលក្រុមមន្ត្រីព្យាយាមបញ្ជាក់ជំហររបស់សហភាពអឺរ៉ុបលើគម្រោងទូទាត់របស់ទីក្រុងមូស្គូ ដែលបានធ្វើឱ្យមានការភ័ន្តច្រឡំនៅក្នុងប្លុកនេះ។ ក្រុមហ៊ុនឧស្ម័នដ៏ធំរបស់រុស្ស៊ី Gazprom បានកាត់បន្ថយការផ្គត់ផ្គង់ដល់ប្រទេសប៉ូឡូញ និងប៊ុលហ្គារីកាលពីថ្ងៃពុធ បន្ទាប់ពីពួកគេបានបដិសេធមិនបង់ប្រាក់សម្រាប់ឧស្ម័នគិតជាប្រាក់រូប្ល ដែលជាការកត់សម្គាល់នូវការឆ្លើយតបដ៏តឹងតែងបំផុតរបស់ទីក្រុងមូស្គូចំពោះការដាក់ទណ្ឌកម្មដែលដាក់ដោយប្រទេសលោកខាងលិចជុំវិញជម្លោះនៅអ៊ុយក្រែន។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
- លោកប្រធានាធិបតី Joe Biden បានស្នើសុំសភាកាលពីថ្ងៃព្រហស្បតិ៍នូវទឹកប្រាក់ចំនួន ៣៣ ពាន់លានដុល្លារ ដើម្បីគាំទ្រដល់អ៊ុយក្រែន។ នេះជាចំនួនដែលកើនឡើងយ៉ាងខ្លាំងនៃមូលនិធិរបស់សហរដ្ឋអាមេរិកសម្រាប់សង្គ្រាមប្រឆាំងនឹងប្រទេសរុស្ស៊ី ក៏ដូចជាច្បាប់ថ្មីដើម្បីដកហូតទ្រព្យសម្បត្តិពីក្រុមមហាសេដ្ឋីរុស្ស៊ី។ សំណើថវិកាដ៏ច្រើននេះ រួមមានជាង ២០ ពាន់លានដុល្លារសម្រាប់អាវុធ គ្រាប់រំសេវ និងជំនួយយោធាផ្សេងទៀត ព្រមទាំងជំនួយសេដ្ឋកិច្ចផ្ទាល់ដល់រដ្ឋាភិបាលចំនួន ៨,៥ ពាន់លានដុល្លារ និងជំនួយមនុស្សធម៌ និងសន្តិសុខស្បៀងចំនួន ៣ ពាន់លានដុល្លារ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
- ក្រសួងការបរទេសរបស់អង់គ្លេសបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា បុរសជនជាតិអង់គ្លេសម្នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ុយក្រែន និងម្នាក់ទៀតបាត់ខ្លួន។ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា ក្រសួងការបរទេសបាននិយាយថា ខ្លួនមិនអាចផ្តល់ព័ត៌មានណាមួយបន្ថែមទៀតបានទេ។
- ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា ទាហានរុស្ស៊ីបានបង្កើនការវាយលុករបស់ខ្លួនទៅលើភាគខាងកើត និងភាគខាងត្បូងអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍។ បញ្ជាការដ្ឋានយោធាអ៊ុយក្រែនបានថ្លែងអំពីស្ថានភាពសមរភូមិដ៏សំខាន់នៅភាគខាងកើតថា៖ «សត្រូវកំពុងបង្កើនល្បឿននៃប្រតិបត្តិការវាយលុក។ ពួកឈ្លានពានរុស្ស៊ីកំពុងបាញ់យ៉ាងខ្លាំងក្លាស្ទើរតែគ្រប់ទិសទី»។
- រុស្ស៊ីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនព្រួយបារម្ភអំពីការកើនឡើងនៃភាពតានតឹងនៅក្នុងតំបន់ Transnistria ដែលជាតំបន់ដាច់ចេញពីប្រទេសម៉ុលដាវី។ នៅក្នុងសារមួយតាមបណ្តាញ Twitter ក្រសួងការបរទេសរបស់ប្រទេសរុស្ស៊ីបានចាត់ទុកការផ្ទុះដែលមិនអាចពន្យល់បានជាបន្តបន្ទាប់នៅក្នុងសប្តាហ៍នេះថាជា «សកម្មភាពនៃអំពើភេរវកម្មដែលមានគោលបំណងធ្វើឱ្យមានអស្ថិរភាពស្ថានភាពនៅក្នុងតំបន់»។
- ទូរទស្សន៍ Al Jazeera បានដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន TASS របស់រុស្ស៊ី ដែលរាយការណ៍ថា រុស្ស៊ីបានដំឡើងប្រព័ន្ធការពារដែនអាកាសនៅក្នុងទីក្រុង Belgorod ក្នុងប្រទេសរុស្ស៊ី កាលពីព្រឹកថ្ងៃព្រហស្បតិ៍។
- ទីភ្នាក់ងារសារព័ត៌មាន Reuters រាយការណ៍ថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានគំរាមសងសឹក «រហ័ស» ប្រឆាំងនឹងប្រទេសលោកខាងលិចណាមួយ ដែលធ្វើអន្តរាគមន៍ជំនួសអ៊ុយក្រែន។ អត្ថាធិប្បាយរបស់លោកបានកើតឡើង នៅពេលដែលរុស្ស៊ីបានបង្កើនការវាយប្រហារនៅភាគខាងកើត និងភាគខាងត្បូងអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍។
- ទូរទស្សន៍ CNN រាយការណ៍ថា សហរដ្ឋអាមេរិកបានទទួលពាក្យសុំជាង ៤០០០ ពីសប្បុរសជនដើម្បីឧបត្ថម្ភជនជាតិអ៊ុយក្រែន។ ថ្មីៗនេះ រដ្ឋបាល លោកប្រធានាធិបតី Joe Biden បានចាប់ផ្តើមដំណើរការដែលមានលក្ខណៈងាយស្រួលមួយសម្រាប់ជនភៀសខ្លួនអ៊ុយក្រែន ហើយកំពុងជំរុញឱ្យពួកគេប្រើប្រាស់វាជំនួសការធ្វើដំណើរទៅកាន់ព្រំដែនសហរដ្ឋអាមេរិក-ម៉ិកស៊ិក។
- ទូរទស្សន៍ Al Jazeera បានរាយការណ៍ថា រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Ben Wallace បានថ្លែងទៅកាន់ទូរទស្សន៍ Sky News កាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin អាចនឹងប្រើវិធីពង្រឹងការកាន់កាប់តំបន់ដែលវាយយកបាននៅក្នុងអ៊ុយក្រែន។
លោកបានថ្លែងថា៖ «ខ្ញុំគិតថា វាពិតជាករណីជាក់ស្តែងដែលលោក ពូទីន ដែលបានបរាជ័យក្នុងគោលបំណងរបស់គាត់ស្ទើរតែទាំងអស់ អាចនឹងប្រើវិធីពង្រឹងការកាន់កាប់និងឈរជើងដូចដែលគាត់បានធ្វើនៅក្នុងឆ្នាំ ២០១៤។ វាប្រៀបដូចជាការលូតលាស់នៃជំងឺមហារីកពីខាងក្នុងប្រទេសអ៊ុយក្រែន ហើយធ្វើឱ្យមានការលំបាកខ្លាំងសម្រាប់ពលរដ្ឋក្នុងចាកចេញពីកន្លែងដែលបានឡោមព័ទ្ធជាប់ខ្លាំងនោះ»។ - ព័ត៌មានស៊ើបការណ៍ចុងក្រោយបំផុតរបស់ក្រសួងការពារជាតិអង់គ្លេសឲ្យដឹងថា នាវាកងទ័ពជើងទឹករុស្ស៊ីប្រហែល ២០ គ្រឿង រួមទាំងនាវាមុជទឹក កំពុងស្ថិតនៅក្នុង «តំបន់ប្រតិបត្តិការ»។ បន្ថែមពីលើនេះ របាយការណ៍ក៏ឲ្យដឹងទៀតថា រុស្ស៊ីមិនអាចជំនួសនាវាចម្បាំង Moskva របស់ខ្លួនដែលបាត់បង់នៅក្នុងសមុទ្រខ្មៅនោះទេ ដោយសារតែច្រកសមុទ្រ Bosporus នៅតែបិទមិនឲ្យនាវាចម្បាំងដែលមិនមែនជារបស់តួកគីចូលបានឡើយ។
- ភាពតានតឹងកំពុងកើនឡើងនៅក្នុងតំបន់ Transnistria ដែលស្ថិតនៅភាគខាងកើតនៃប្រទេសម៉ុលដាវី ដែលជាតំបន់ផ្តាច់ខ្លួនមួយ ខណៈអាជ្ញាធរនៅទីនោះបានស្តីបន្ទោសអ៊ុយក្រែនចំពោះការវាយប្រហារជាបន្តបន្ទាប់លើទីតាំងរដ្ឋាភិបាលនាពេលថ្មីៗនេះ។ រដ្ឋាភិបាលអ៊ុយក្រែនបដិសេធចំពោះរឿងនេះ ហើយក្រុមអ្នកសង្កេតការណ៍និយាយថា គ្រោះថ្នាក់កំពុងកើនឡើង គឺថា រុស្ស៊ីអាចប្រើការវាយប្រហារនេះជាលេសដើម្បីបើកសមរភូមិប្រយុទ្ធថ្មីប្រឆាំងនឹងអ៊ុយក្រែន ឬប្រឆាំងនឹងរដ្ឋាភិបាលម៉ុលដាវី។
- ទូរទស្សន៍ CNN រាយការណ៍ថា បណ្តាញឃោសនារុស្ស៊ីរាយការណ៍ថា តំបន់ Kherson របស់អ៊ុយក្រែន នឹងប្តូរមកចាយលុយរូប្លរបស់រុស្ស៊ីចាប់ពីថ្ងៃទី ១ ខែឧសភា។
- កាសែត Washington Post រាយការណ៍ថា រុស្ស៊ីបានដាក់សត្វផ្សោតដែលបានហ្វឹកហាត់នៅច្រកចូលកំពង់ផែ Sevastopol នៅតំបន់ Crimea ហើយប្រហែលជាកំពុងប្រើប្រាស់វា ដើម្បីការពារមូលដ្ឋានទ័ពជើងទឹក។ កាសែត Washington Post រាយការណ៍ថា រូបថតពីផ្កាយរណបថ្មីៗដោយក្រុមហ៊ុន Maxar Technologies បង្ហាញទ្រង់សត្វផ្សោតនៅច្រកចូលកំពង់ផែ ដែលជាកំពង់ផែដ៏សំខាន់នៅសមុទ្រខ្មៅ។ អ្នកវិភាគកងទ័ពជើងទឹកបាននិយាយថា សត្វផ្សោតទាំងនេះអាចត្រូវបានគេប្រើប្រាស់ដើម្បីទប់ទល់នឹងក្រុមអ្នកឯកទេសមុជទឹកអ៊ុយក្រែន ដែលព្យាយាមចូលទៅក្នុងកំពង់ផែ ដើម្បីបំផ្លាញនាវាចម្បាំងរុស្ស៊ី។ ទាំងសហរដ្ឋអាមេរិក និងរុស្ស៊ី ធ្លាប់បានបង្ហាត់ថនិកសត្វសមុទ្រសម្រាប់កិច្ចការនេះ។
- ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កំពុងស្វែងរកសិទ្ធិថ្មីដើម្បីងាយស្រួលក្នុងការធ្វើការទូទាត់ទ្រព្យសម្បត្តិដែលរឹបអូសបានពីក្រុមមហាសេដ្ឋីរុស្ស៊ីដែលស្និទ្ធនឹងវិមានក្រឹមឡាំង និងអនុញ្ញាតឱ្យទទួលបានប្រាក់ចំណូល ដើម្បីជួយអ៊ុយក្រែននៅក្នុងពេលប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋបាលលោក Biden បាននិយាយថា សំណើដែលនឹងត្រូវបញ្ជូនទៅសភា គឺត្រូវបានរៀបចំឡើងដើម្បីជួយ«ដោះស្រាយការខូចខាត» ដែលបណ្តាលមកពីរុស្ស៊ីចូលឈ្លានពាន និង «ពង្រឹង» សមត្ថភាពរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក នៅក្នុងការ «ធ្វើឲ្យរដ្ឋាភិបាលរុស្ស៊ី និងក្រុមសេដ្ឋីរុស្ស៊ី ទទួលខុសត្រូវចំពោះសង្គ្រាមរបស់ប្រធានាធិបតី [វ្លាឌីមៀ] ពូទីន ប្រឆាំងនឹងអ៊ុយក្រែន»។ នេះបើតាមសេចក្តី រាយការណ៍របស់សារព័ត៌មាន Washington Post។
- អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានទៅទស្សនាទីក្រុងនានារបស់អ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍ ដែលជាកន្លែងដែលកងកម្លាំងរុស្ស៊ីត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម ហើយបានបន្តការអំពាវនាវរបស់លោកដើម្បីឱ្យមាន«ការស៊ើបអង្កេតហ្មត់ចត់ និងការទទួលខុសត្រូវ» ខណៈថ្កោលទោសសង្គ្រាម «អាក្រក់» ដែលលោកបាននិយាយថា បានកំណត់ «តម្លៃខ្ពស់បំផុត» លើជនស៊ីវិល។ លោក Guterres ដែលស្ថិតនៅក្នុងទីក្រុងកៀវ ដើម្បីជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បន្ទាប់ពីជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក្នុងទីក្រុងមូស្គូ កាលពីថ្ងៃអង្គារ បាននិយាយទៅកាន់អ្នកសារព័ត៌មាន ខណៈទៅទស្សនាទីក្រុងចំនួនបី ក្បែររដ្ឋធានីអ៊ុយក្រែនដែលហែកហួរដោយសង្រ្គាម។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Washington Post។
- សភាអាល្លឺម៉ង់កាលពីថ្ងៃព្រហស្បតិ៍បានបោះឆ្នោតផ្តល់អាវុធធុនធ្ងន់ដល់អ៊ុយក្រែន ដោយមានអ្នកនយោបាយប្រឆាំងភាគច្រើនបានចូលរួមនៅក្នុងការបោះឆ្នោតជានិមិត្តរូបដ៏ធំមួយនេះ ដើម្បីបង្ហាញពីការរួបរួមគ្នាបន្ទាប់ពីរដ្ឋាភិបាលបានប្រកាសផែនការក្នុងសប្តាហ៍នេះ។ គណបក្សពីរ គឺ គណបក្សស្តាំនិយម Alternative for Germany (ជម្រើសសម្រាប់អាល្លឺម៉ង់) និងគណបក្ស The Left បានបោះឆ្នោតប្រឆាំងនឹងការសម្រេចចិត្ត។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន The New York Times។
- រដ្ឋាភិបាលរុស្ស៊ីបានចោទប្រកាន់ប្រទេសលោកខាងលិចថាបានលើកទឹកចិត្តអ៊ុយក្រែនឱ្យវាយលុកនៅក្នុងទឹកដីរុស្ស៊ី ដោយសារការផ្គត់ផ្គង់អាវុធរបស់ពួកគេ។ លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បានជំរុញឱ្យរដ្ឋាភិបាលអ៊ុយក្រែន និងរដ្ឋាភិបាលនៃប្រទេសលោកខាងលិច ចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះសេចក្តីថ្លែងការណ៍របស់រុស្ស៊ី «ដែលអំពាវនាវបន្ថែមដល់អ៊ុយក្រែនថា ការវាយប្រហារទីតាំងរបស់រុស្ស៊ី ច្បាស់ជានាំឱ្យមានការឆ្លើយតបដ៏ធ្ងន់ធ្ងរពីរុស្ស៊ី»។
- មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និយាយថា សង្រ្គាមនៅអ៊ុយក្រែន និងការដាក់ទណ្ឌកម្មលើរុស្ស៊ី «កំពុងធ្វើឱ្យរាំងស្ទះកាន់តែខ្លាំងឡើងដល់ការស្តារឡើងវិញនៅតំបន់មជ្ឈិមបូព៌ា និងអាស៊ីកណ្តាល»។ IMF បាននិយាយនៅក្នុងរបាយការណ៍មួយ ដែលមានចំណងជើងថា «Divergent Recoveries in Turbulent Times» ។ របាយការណ៍នោះបន្ថែមថា៖ «ទស្សនវិស័យសម្រាប់អ្នកនាំចេញប្រេង និងឧស្ម័ននៅមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង មានភាពប្រសើរឡើង ខណៈពេលដែលបណ្តាប្រទេសនៅតំបន់កូកាស និងអាស៊ីកណ្តាល ប្រឈមមុខនឹងទស្សនវិស័យដ៏លំបាកមួយ ដោយសារតែមានទំនាក់ទំនងទៅនឹងរុស្ស៊ី និងអ៊ុយក្រែន»។
២១:៥១
២៧.៤.២០២២
ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២២៖
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានថ្លែងនៅថ្ងៃពុធតាមបណ្តាញ Twitter ថា រដ្ឋាភិបាលឥណ្ឌូណេស៊ីបានអញ្ជើញរូបលោកឲ្យចូលរួមកិច្ចប្រជុំកំពូលនៃបណ្តាប្រទេសសេដ្ឋកិច្ចធំៗហៅថា G-20 ដែលនឹងធ្វើឡើងនៅក្នុងប្រទេសឥណ្ឌូណេស៊ី នៅក្នុងឆ្នាំនេះ។ សាររបស់លោកតាម Twitter ឲ្យដឹងថា៖ «[ខ្ញុំ]បានជជែកជាមួយលោកប្រធានាធិបតី Jokowi … រីករាយសម្រាប់ការអញ្ជើញខ្ញុំឲ្យចូលរួមកិច្ចប្រជុំកំពូល G-20» ដោយសំដៅលើប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo ដែលជាប្រធានក្រុម G-20 បច្ចុប្បន្ន»។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានសន្យាទៅកាន់សភារុស្ស៊ីថា គោលបំណងនានានៃប្រតិបត្តិការយោធារបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន នឹងត្រូវសម្រេចបាន។ លោក Putin បានថ្លែងនៅថ្ងៃពុធទៅកាន់សភាទាំងពីរជាន់ថ្នាក់ថា៖ «ខ្ញុំចង់សង្កត់ធ្ងន់ថា កិច្ចការទាំងអស់នៃប្រតិបត្តិការយោធាពិសេសដែលយើងកំពុងធ្វើនៅក្នុងតំបន់ Donbas និងនៅអ៊ុយក្រែន នាថ្ងៃទី ២៤ ខែកុម្ភៈ នឹងត្រូវសម្រេចបានដោយគ្មានលក្ខខណ្ឌឡើយ»។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AP។
- រដ្ឋាភិបាលរុស្ស៊ីបានថ្លែងនៅថ្ងៃពុធនេះថា រុស្ស៊ីបានបណ្តេញក្រុមអ្នកការទូត ៨ នាក់ចេញពីប្រទេស ដែលជាការឆ្លើយតបវិញលើរដ្ឋាភិបាលជប៉ុន ដែលបានបណ្តាញអ្នកការទូតខ្លួន ដោយសារតែជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP។ ដោយចោទរដ្ឋាភិបាលជប៉ុនថាបានជ្រើសយក «គន្លងប្រឆាំងនឹងរុស្ស៊ីដ៏ខ្លាំងក្លានិងបើកចំហរ»មួយ ក្រសួងការបរទេសរុស្ស៊ីបានកត់សម្គាល់នៅក្នុងសេចក្តីថ្លែងការមួយថា ក្រុមអ្នកកាទូតជប៉ុន ត្រូវតែចាកចេញពីរុស្ស៊ី ត្រឹមថ្ងៃទី ១០ ខែឧសភាជាការតទល់វិញនិងការបណ្តេញចេញក្រុមអ្នកការទូតរុស្ស៊ីចំនួន ៨ នាក់ ពីប្រទេសជប៉ុន។
- អង្គការសហប្រជាជាតិបានឲ្យដឹងនៅថ្ងៃពុធនេះថា មនុស្សចំនួន ៥ម៉ឺន ២ពាន់នាក់ទៀត បានភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែនក្នុងអំឡុងពេល ២៤ ម៉ោងកន្លងទៅនេះ។ នេះបើតាមទីភ្នាក់ងារព័ត៌មានបារាំង AFP។ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនជាង ២ ខែកន្លងមកនេះ មនុស្សជាង ៥ លាន ៣ សែននាក់ បានភៀសខ្លួនពីអ៊ុយក្រែន។ ជាសរុប មនុស្សចំនួន ៥.៣១៧.២១៩ នាក់ បានចាកចេញពីប្រទេសអ៊ុយក្រែន ចាប់តាំងពីថ្ងៃទី ២៤ ខែកុម្ភៈមក។ នេះបើយោងតាមទិន្នន័យចុងក្រោយរបស់ទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិហៅកាត់ថា UNHCR។
- នៅថ្ងៃពុធនេះ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានថ្លែងទៅកាន់សមាជិកសភារុស្ស៊ីថា រូបិយបណ្ណរ៉ូបល ប្រព័ន្ធធនាគារ វិស័យដឹកជញ្ជូននិងសេដ្ឋកិច្ច ជារួម បានទប់ទល់នឹងការដាក់ទណ្ឌកម្មនានាលើរុស្ស៊ី។ ហើយលោកបានសន្យាធ្វើការឆ្លើយតបមួយទៅកាន់ការប៉ុនប៉ង់ធ្វើឲ្យរុស្ស៊ីនៅឯកា។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រទេសកាណាដានៅថ្ងៃពុធនេះ បានឲ្យដឹងថា ខ្លួនកំពុងចាត់វិធានការដាក់ទណ្ឌកម្មលើបុគ្គលចំនួន ២០៣ នាក់ ដែលកាណាដាអះអាងថា ជាក្រុមផ្សំគំនិតនៅក្នុងការបង្កើតជាឧបសម្ព័ន្ធនៅតាមតំបន់នានាក្នុងតំបន់ Donbas ភាគខាងកើតនៃប្រទេសអ៊ុយក្រែន។ រដ្ឋាភិបាលកាណាដាបានថ្លែងតាមសេចក្តីថ្លែងការមួយថា បច្ចុប្បន្ននេះ កាណាដាបានដាក់ទណ្ឌកម្មលើបុគ្គលនិងស្ថាប័នជិត ១០០០ នៅរុស្ស៊ី នៅអ៊ុយក្រែន និងនៅបែឡារ៉ុស ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីបានផ្តើមឡើងកាលពីចុងខែកុម្ភៈកន្លងទៅ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋាភិបាលរុស្ស៊ីឲ្យដឹងថា រុស្ស៊ីអាចផ្អាកការផ្គត់ផ្គង់ឧស្ម័នដល់ប្រទេសផ្សេងទៀត ក្រោយពីបានបញ្ឈប់ផ្គត់ផ្គង់ឧស្ម័នដល់ប្រទេសប៉ូឡូញនិងប៊ុលហ្គារី បើសិនជាប្រទេសទាំងនេះមិនព្រមបង់ថ្លែប្រេងជារូបិយបណ្ណរ៉ូបល។ នេះបើតាមសេចក្តីរាយការណ៍របស់ AP។ លោក Dmitry Peskov អ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ី ថ្លែងនៅក្នុងសន្និសីទតាមទូរសព្ទជាមួយក្រុមអ្នកសារព័ត៌មាន ដោយអះអាងថា ការបដិសេធមិនបង់ថ្លៃឧស្ម័នឲ្យរុស្ស៊ីជារូបិយបណ្ណរ៉ូបុល (rubule) បង្ហាញពីគោលបំណងរបស់បណ្តាប្រទេសលោកខាងលិច «ដាក់ទណ្ឌកម្មរុស្ស៊ីគ្រប់បែបយ៉ាង ដោយធ្វើឲ្យខូចប្រយោជន៍ដល់ក្រុមហ៊ុនផលិត អ្នកបង់ពន្ធ និងអ្នកប្រើប្រាស់» ជាដើម។
- នៅថ្ងៃពុធនេះ រុស្ស៊ីបានរាយការណ៍ពីករណីផ្ទុះជាបន្តបន្ទាប់នៅតំបន់ភាគខាងត្បូងប្រទេស និងករណីអគ្គិភ័យមួយ នៅឃ្លាំងស្តុកអាវុធ។ នេះគឺជាករណីវាយតបតវិញរបស់ទាហានអ៊ុយក្រែនលើរុស្ស៊ី ដែលមន្ត្រីជាន់ខ្ពស់អ៊ុយក្រែនម្នាក់បានចាត់ទុកករណីនេះថាជា ការសងសឹកវិញ និងជា «កម្មពៀរ» សម្រាប់រុស្ស៊ីដែលឈ្លានពានលើអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រធានគណៈកម្មការសហភាពអឺរ៉ុប ថ្លែងថា ក្រុមហ៊ុនថាមពលរបស់សហភាពអឺរ៉ុបដែលមានប្រទេស ២៧ ជាសមាជិក ដែលយល់ព្រមធ្វើតាមការទាមទាររបស់រដ្ឋាភិបាលរុស្ស៊ីដោយបង់ថ្លៃលើការផ្គត់ផ្គង់ឧស្ម័នពីរុស្ស៊ីជារូបិយបណ្ណរ៉ូបល នឹងរំលោភបំពានការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប លោកការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។ លោកស្រី Ursula von der Leyen បានថ្លែងដូច្នេះ បន្ទាប់ពីមន្ត្រីប៉ូឡូញនិងប៊ុលហ្គារី បានអះអាងថា រដ្ឋាភិបាលរុស្ស៊ីបានផ្តាច់ការផ្គត់ផ្គង់ឧស្ម័នធម្មជាតិដល់ប្រទេសទាំងពីរ ដោយសារតែពួកគេបដិសេធមិនបង់ថ្លៃឲ្យរុស្ស៊ីជារូបិយបណ្ណរ៉ូបល ដែលជាការទាមទាររបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បន្ទាប់ពីប្រទេសលោកទទួលទណ្ឌកម្មជាបន្តបន្ទាប់។ លោកស្រី Ursula von der Leyen បានថ្លែងនៅថ្ងៃពុធនេះថា «សេចក្តីណែនាំរបស់យើងគឺច្បាស់លាស់ណាស់ ពាក់ព័ន្ធនឹងចំណុចនេះ»។ នេះបើតាមទីភ្នាក់ងារ AP។
- រុស្ស៊ីបានបណ្តេញមន្ត្រីការទូតន័រវែសបីនាក់ចេញពីរុស្ស៊ី បន្ទាប់ពីន័រវែសបានបណ្តេញមន្ត្រីការទូតរុស្ស៊ីបីនាក់ចេញពីប្រទេសន័រវែសកាលពីដើមខែមេសានេះ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AP។ លោកស្រី Anniken Huitfelt រដ្ឋមន្ត្រីការបរទេសន័រវែស បានថ្លែងនៅថ្ងៃពុធថា មន្ត្រីរបស់ខ្លួនដែលត្រូវបានបណ្តេញចេញនោះ បាន«ធ្វើកិច្ចការការទូតធម្មតារបស់ខ្លួន»។ លោកស្រីបានប្តេជ្ញាថា ន័រវែស «នឹងបន្តសហការជាមួយប្រទេសជាសម្ព័ន្ធមិត្តនិងដៃគូដ៏ជិតស្និទ្ធ ដើម្បីទប់ទល់នឹងភាពគឃ្លើនរបស់រុស្ស៊ី ហើយគាំទ្រដល់អ៊ុយក្រែន»។
- ក្រសួងការបរទេសរុស្ស៊ីបានប្រកាសដាក់ទណ្ឌកម្មលើសមាជិកសភាចក្រភពអង់គ្លេសចំនួន ២៨៧ នាក់ ជាការឆ្លើយតបនឹងការដាក់ទណ្ឌកម្មរបស់អង់គ្លេសលើសមាជិកសភាជាន់ក្រោមរបស់រុស្ស៊ីចំនួន ៣៦៨ នាក់។ នៅថ្ងៃពុធនេះ ក្រសួងការបរទេសរុស្ស៊ី បានចេញផ្សាយបញ្ជីឈ្មោះសមាជិកសភាអង់គ្លេសខាងគណបក្សប្រឆាំងនិងខាងរដ្ឋាភិបាល រួមទាំងអតីតសមាជិកសភាអង់គ្លេសមួយចំនួនទៀតផងដែរ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AP។ ក្រសួងនេះថ្លែងថា សមាជិកសភាអង់គ្លេសទាំងអស់នេះត្រូវបានហាមឃាត់មិនឲ្យធ្វើដំណើរចូលក្នុងប្រទេសរុស្ស៊ី ពីព្រោះពួកគេ «បានចូលរួមយ៉ាងសកម្មបំផុតនៅក្នុងការបង្កើតវិធានការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី នៅទីក្រុងឡុងដ៍ ហើយបានចូលរួមបង្កើតឲ្យមានភាពរើសអើងលើរុស្ស៊ីដោយគ្មានមូលដ្ឋានច្បាស់លាស់នៅប្រទេសអង់គ្លេស»។
- រដ្ឋាភិបាលអ៊ុយក្រែនបានឲ្យដឹងថា កងទ័ពរបស់ខ្លួនបានវាយចំគោលដៅទាហានរុស្ស៊ីមួយចំនួននៅកោះពស់នៃសមុទ្រខ្មៅ ដែលត្រូវបានដឹងឮជាបន្តបន្ទាប់ នៅពេលដែលទាហានអ៊ុយក្រែនបានបង្ហាញថា ខ្លួនមិនចុះចាញ់តាមការទាមទាររបស់កងទ័ពឈ្លានពានរុស្ស៊ីនោះទេ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានបារាំង AFP។ យោធាអ៊ុយក្រែនបានថ្លែងនៅក្នុងសេចក្តីថ្លែងការមួយដែលផ្សព្វផ្សាយតាមបណ្តាញសង្គមកាលពីយប់ថ្ងៃអង្គារថា៖ «កងទ័ពរបស់យើងបានវាយប្រហារលើគោលដៅសត្រូវនៅលើកោះពស់» ដោយអះអាងថា បានបាញ់ចំតំបន់ច្រកចេញចូល និងប្រព័ន្ធទប់ទល់នឹងការវាយប្រហារតាមអាកាសរបស់រុស្ស៊ី។
- ទីភ្នាក់ងារជំនួយមនុស្សធម៌ដ៏នាំមុខមួយ បានថ្លែងនៅថ្ងៃពុធនេះថា ការផ្អាកការវាយប្រយុទ្ធគ្នា គឺជាវិធីដ៏ប្រសើរដើម្បីអនុញ្ញាតឲ្យជនស៊ីវិលអ៊ុយក្រែនភៀសខ្លួនចេញពីតំបន់ប្រយុទ្ធ ជាជាងការបង្កើតផ្លូវរបៀងមនុស្សធម៌ ដែលតែងតែមាន«ភាពស្មុគស្មាញខ្លាំង» ហើយមិនមានប្រសិទ្ធភាពក្នុងការជម្លៀសមនុស្ស។ ផ្លូវរបៀងមនុស្សធម៌ជាច្រើនបានបរាជ័យ រួមទាំងផ្លូវនៅទីក្រុងកំពង់ផែ Mariupol ដែលបង្កឲ្យជនស៊ីវិលងាយរងគ្រោះថ្នាក់។ លោក Jan Egeland ប្រធានក្រុមប្រឹក្សាជនភៀសខ្លួនរបស់ប្រទេសន័រវែស បានថ្លែងថា៖ «ជាទូទៅ ផ្លូវរបៀងមនុស្សធម៌មិនដំណើរការនោះទេ ព្រោះផ្លូវទាំងនេះមានភាពស្មុគស្មាញខ្លាំង»។ នេះបើតាមទីភ្នាក់ងារព័ត៌មានបារាំង AFP។
- គណៈកម្មាធិការអឺរ៉ុបបានស្នើនៅថ្ងៃពុធឲ្យមានការផ្អាកយកពន្ធលើការនាំចូលផលិតផលរបស់អ៊ុយក្រែនទាំងអស់ពីប្រទេសអ៊ុយក្រែន ដែលមិនត្រូវបានទូទាត់ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់ ដើម្បីជួយដល់សេដ្ឋកិច្ចអ៊ុយក្រែន ក្នុងអំឡុងពេលសង្គ្រាមជាមួយរុស្ស៊ី។ វិធានាការនេះនឹងអនុវត្តជាពិសេសលើផលិតផលផ្លៃឈើ និងបន្លែ ដែលត្រូវបានកំណត់បង់ថ្លៃទំនិញអប្បបរិមា ផលិតផលកសិកម្មដែលកំណត់បង់ថ្លៃតាមចំនួនកូតា និងផលិតផលឧស្សាហម្មមួយចំនួន ដែលថ្លៃពន្ធចាំបាច់ត្រូវបង់នៅចុងឆ្នាំ ២០២២។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។
- រុស្ស៊ីអះអាងថា កាំជ្រួចមីស៊ីលរបស់ខ្លួនបានបំផ្លាញអាវុធនិងគ្រាប់ផ្ទុះដែលប្រទេសលោកខាងលិចបានផ្តល់ឲ្យអ៊ុយក្រែនក្នុង «ទំហំដ៏ធំ» មួយ។ អាវុធនិងគ្រាប់ផ្ទុះទាំងនោះត្រូវបានស្តុកទុកនៅក្នុងឃ្លាំងសព្វាវុធមួយដែលស្ថិតនៅទីក្រុង Zaporizhzhia ក្នុងប្រទេសអ៊ុយក្រែន។ នេះបើតាមទីភ្នាក់ងារព័ត៌មានបារាំង AFP។
- នៅថ្ងៃពុធនេះ ទាហានរុស្ស៊ីបានវាយប្រហារលើរោងចក្រដែកថែបដ៏ធំមួយនៅទីក្រុង Mariupol ភាគខាងត្បូងប្រទេសអ៊ុយក្រែន ជាទីដែលទាហានអ៊ុយក្រែននិងជនស៊ីវិលជាច្រើននាក់បានជាប់គាំងនៅទីនោះ។ នេះបើតាមមន្ត្រីក្នុងតំបន់ ហើយដែលត្រូវបានរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន Reuters។ លោកPetro Andryushchenko ជំនួយការអភិបាលក្រុងបានថ្លែងថា ការវាយប្រហារតាមផ្លូវអាកាសនៅតែបន្តធ្វើឡើងលើតំបន់រោងចក្រ Azovstal បើទោះបីជាប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានអះអាងថា ទាហានរុស្ស៊ីមិនចាំបាច់វាយប្រហារលើតំបន់នេះតទៅទៀតទេ បន្ទាប់ពីបានប្រកាសជ័យជម្នះកាន់កាប់តំបន់នេះក៏ដោយ។ លោក Petro Andryushchenko បានសរសេរនៅតាមបណ្តាញផ្ញើសារ Telegram ថា៖ «ការវាយប្រហារតាមផ្លូវអាកាសលើរោងចក្រ Azovstal មិនថមថយឡើយ។ គ្មានបទឈប់បាញ់ មានតែការវាយប្រ ហារថែមទៀតឥតឈប់ឈរ ទោះជាមានសេចក្តីថ្លែងការណ៍ពីលោកPutin ក្តី»។
- អ៊ុយក្រែនអះអាងថា ទាហានរុស្ស៊ីបានកាន់កាប់ភូមិជាច្រើននៅភាគខាងកើតប្រទេសដែលជាគោលដៅនៃការវាយប្រហាររបស់រដ្ឋាភិបាលរុស្ស៊ីនៅក្នុងការដណ្តើមកាន់កាប់តំបន់ Donbas ដែលរុស្ស៊ីប្តេជ្ញាថានឹង«រំដោះ» ចេញពីការកាន់កាប់របស់អ៊ុយ ក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានបារាំង AFP។ ក្រសួងការពារជាតិអ៊ុយ ក្រែនបានថ្លែងថា ភូមិ Velyka Komyshuvakha និងភូមិ Zavody នៅភាគជើងឈៀងខាងកើតតំបន់ Kharkiv ភូមិ Zarichne និងភូមិ Novotoshkivske នៅតំបន់Donetsk ត្រូវបានធ្លាក់ក្រោមការកាន់កាប់របស់ទាហានរុស្ស៊ី។ រុស្ស៊ីមានបំណងបង្កើតតំបន់ផ្តាច់ខ្លួនជាប់ព្រំដែនមួយដែលស្ថិតក្នុងរវាងតំបន់ដែលកាន់កាប់ដោយក្រុមផ្តាច់ខ្លួននៅអ៊ុយក្រែនដែលគាំទ្រដោយរុស្ស៊ី នៅតំបន់Donbas និងឧបទ្វីបCrimea នៅសមុទ្រខ្មៅដែលរុស្ស៊ីបានដាក់បញ្ចូលជាឧបសម្ព័ន្ធរបស់ខ្លួន។
- កាលពីថ្ងៃអង្គារ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres និងប្រធានាធិបតីរុស្ស៊ីលោកVladimir Putin បានជួបពិភាក្សាគ្នាដោយផ្ទាល់ជាលើកដំបូង ចាប់តាំងពីរុស្ស៊ីបានចាប់ផ្តើមឈ្លានពានលើប្រទេសអ៊ុយក្រែនមក។ អង្គការសហប្រ ជាជាតិបានឲ្យដឹងថា មេដឹកនាំទាំងពីររូបបានព្រមព្រៀងគ្នាចាត់ចែងឲ្យមានការជម្លៀសមនុស្សចេញពីរោងចក្រដែកថែមនៅទីក្រុង Mariupolដែលត្រូវបានឡោមព័ទ្ធដោយទាហានរុស្ស៊ី។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AP។ នៅល្ងាចថ្ងៃអង្គារ លោក Guterres បានធ្វើដំណើរចេញពីទីក្រុងមូស្គូទៅកាន់ទីក្រុង Rzeszow ប្រទេសប៉ូឡូញ ហើយបានជួបជាមួយប្រធានាធិបតីប៉ូឡូញលោក Andrzej Duda។ អគ្គលេខាធិការអង្គការសហប្រជាជាតិរូបនេះនឹងជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy និងរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba នៅថ្ងៃព្រហស្បតិ៍ស្អែកនេះ។ ជំនួបនេះនឹងផ្តោតចម្បងលើកិច្ចប្រជុំរបស់លោក Guterres ជាមួយលោកPutin។
- ក្រុមហ៊ុន Gazprom របស់រុស្ស៊ីបានបញ្ឈប់ការដឹកជញ្ជូនឧស្ម័នទៅកាន់ប្រទេសប៉ូ ឡូញនិងប៊ុលហ្គារី ដោយរដ្ឋាភិបាលរុស្ស៊ីប្រើប្រាស់ធនធានឧស្ម័នជាអាវុធនៅក្នុងសង្គ្រាមរបស់ខ្លួនលើប្រទេសអ៊ុយក្រែន។ ទោះយ៉ាងណាក្តី រដ្ឋមន្ត្រីបរិស្ថានប៉ូឡូញលោកស្រី Anna Moskwa បានសរសេរលើបណ្តាញ Twitter ថា៖ «ផ្ទះសម្បែងនានានៅប៉ូឡូញ នឹងមិនខ្វះឧស្ម័នប្រើប្រាស់នោះទេ»។ នេះបើតាមទីភ្នាក់ងារព័ត៌មានបារាំង AFP។
- សហភាពអឺរ៉ុបសន្យា«សាមគ្គី»ជាមួយប្រទេសប៉ូឡូញនិងប្រទេសប៊ុលហ្គារី ហើយផ្តល់ការឆ្លើយតប«រួមគ្នា» មួយទៅកាន់សេចក្តីសម្រេចរបស់ក្រុមហ៊ុន Gazprom របស់រុស្ស៊ីដែលបានបញ្ឈប់ការដឹកជញ្ជូនឧស្ម័នឲ្យប្រទេសទាំងពីរនេះ។ នេះបើតាមទីភ្នាក់ងារព័ត៌មានបារាំង AFP។ ប្រធានគណៈកម្មាការសហភាពអឺរ៉ុបលោកស្រី Ursula von der Leyen បានសរសេរនៅលើបណ្តាញ Twitter ថា៖ «ការប្រកាសរបស់ក្រុមហ៊ុនGazpromបង្ហាញគោលបំណងមួយទៀតរបស់រុស្ស៊ីក្នុងការគំរាមលើពួកយើងតាមរយៈធនធានឧស្ម័ន។ យើងបានត្រៀមខ្លួនជាស្រេចក្នុងកាលៈទេសៈនេះ។ យើងបានរៀបចំវិធានការឆ្លើយតបជារួមពីសហភាពអឺរ៉ុប»។
- ទីភ្នាក់ងារព័ត៌មានបារាំងAFPឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានប្រាប់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ថា លោកនៅ តែមានជំនឿលើការធ្វើការទូត។ នៅក្នុងជំនួបពិភាក្សាគ្នាមួយនាអំឡុងការធ្វើទស្សន កិច្ចទៅកាន់ទីក្រុងមូស្គូរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកPutin បានថ្លែងថា៖ «ទោះជាប្រតិបតិ្តការយោធានៅតែបន្តធ្វើឡើងក្តី ក៏យើងនៅតែមានសង្ឃឹមថា យើងនឹងសម្រេចបានកិច្ចព្រមព្រៀងនានាតាមបែបបទការទូត។ យើងកំពុងតែចរចាគ្នា ហើយយើងមិនបដិសេធ(ធ្វើការចរចាឡើយ)»។
- នៅថ្ងៃពុធនេះ មេដឹកនាំប្រទេសប៉ូឡូញនិងប្រទេសប៊ុលហ្គារីបានចោទរដ្ឋាភិបាលរុស្ស៊ីថាកំពុងប្រើប្រាស់ធនធានឧស្ម័នធម្មជាតិដើម្បីគំរាមលើប្រទេសទាំងពីរ បន្ទាប់ពីក្រុមហ៊ុនថាមពល Gazprom ដែលគ្រប់គ្រងដោយរដ្ឋាភិបាលរុស្ស៊ី បានប្រកាសថាខ្លួននឹងបញ្ឈប់ការផ្គត់ផ្គង់ឧស្ម័នដល់ប៉ូឡូញនិងប៊ុលហ្គារី។ ការកាត់ផ្តាច់ផ្គត់ផ្គង់ថាម ពលឧស្ម័នដល់ប្រទេសទាំងពីរនេះ បានធ្វើឡើង ក្រោយពីប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានថ្លែងថា ប្រទេស «មិនរួសរាយ» នឹងត្រូវចាប់ផ្តើមបង់ថ្លៃឧស្ម័នទិញពីរុស្ស៊ីជារូបិយបណ្ណរុស្ស៊ីរូបដែលប្រទេសប៊ុលហ្គារីនិងប៉ូឡូញបានបដិសេធមិនធ្វើតាម។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AP។
- ក្រសួងការបរទេសសហរដ្ឋអាមេរិកឲ្យដឹងថា ក្រុមអ្នកការទូតអាមេរិកបានធ្វើដំណើរវិលទៅកាន់ប្រទេសអ៊ុយក្រែន ដោយបានធ្វើទស្សនកិច្ចរយៈពេលមួយថ្ងៃទៅកាន់ការិយាល័យការទូតបណ្ណោះអាសន្នរបស់ពួកគេនៅទីក្រុង Lviv ភាគខាងលិចប្រទេសអ៊ុយក្រែនដែលនៅជិតប្រទេសប៉ូឡូញ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AP។ ក្រសួងការបរទេសក៏ឲ្យដឹងទៀតថា ក្រុមអ្នកការទូតដំបូងគេបានធ្វើដំណើរឆ្លងព្រំដែនប៉ូឡូញនិងអ៊ុយក្រែនហើយបានទៅដល់ទីក្រុង Lviv កាលពីព្រឹកថ្ងៃអង្គារ មុនវិលត្រឡប់ទៅកាន់ប្រទេសប៉ូឡូញវិញនៅថ្ងៃអង្គារដដែលនោះ។
- អនុអធិការបតីអាល្លឺម៉ង់ថ្លែងថាប្រទេសអាល្លឺម៉ង់កំពុង«ជិត»សម្រេចបានឯករាជ្យភាពដោយមិនពឹងផ្អែកលើប្រេងនាំចូលពីរុស្ស៊ី ហើយថា ឥឡូវនេះការហាមឃាត់របស់រុស្ស៊ីមិនផ្គត់ផ្គង់ប្រេងដល់អាល្លឺម៉ង់អាចនឹង«គ្រប់គ្រងបាន»។ អាល្លឺម៉ង់ដែលមានសេដ្ឋកិច្ចធំជាងគេបង្អស់នៅអឺរ៉ុបបានអះអាងជាបន្តបន្ទាប់ថា អាល្លឺម៉ង់មានបំណងបញ្ចប់ការនាំចូលប្រេងពីរុស្ស៊ីនៅត្រឹមចុងឆ្នាំនេះ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AP។
- នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson ថ្លែងថា ចក្រភពអង់គ្លេសមិនចង់ឃើញសង្គ្រាម «រីករាលដាលហួសពីព្រំដែនប្រទេសអ៊ុយក្រែន» នោះទេ។ លោកក៏បានច្រានចោលការចោទប្រកាន់របស់រដ្ឋាភិបាលរុស្ស៊ីដែលថា បណ្តាប្រទេសលោកខាងលិចកំពុងវាយប្រហារក្នុងជម្លោះជាមួយរុស្ស៊ីពីចម្ងាយ។ ប៉ុន្តែលោក Johson បានថ្លែងថា ប្រជាពលរដ្ឋអ៊ុយក្រែន «កំពុងត្រូវបានវាយប្រហារពីក្នុងដែនដីរុស្ស៊ី» ហើយថា «ពួកគេមានសិទ្ធិក្នុងការការពារខ្លួន» ដោយវាយប្រហារពីក្នុងដែនដីរុស្ស៊ី។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AP។
- រដ្ឋមន្ត្រីការពារជាតិអាមេរិកលោកLloyd Austinថ្លែងថា សង្គ្រាមនៅអ៊ុយក្រែនបានធ្វើឲ្យសមត្ថភាពយោធារបស់រុស្ស៊ីចុះខ្សោយ។ លោកAustin បានថ្លែងក្រោយពីជំនួបជា មួយប្រទេសជាសម្ព័ន្ធមិត្តនិងដៃគូនៅមូលដ្ឋានទ័ពអាកាសRamstein របស់សហរដ្ឋអាមេរិកក្នុងប្រទេសអាល្លឺម៉ង់កាលពីថ្ងៃអង្គារថា ចាប់តាំងពីរុស្ស៊ីបានឈ្លានពានលើអ៊ុយក្រែន កងទ័ពជើងគោករបស់រុស្ស៊ីបានរងគ្រោះ «ធ្ងន់ធ្ងរគួរឲ្យកត់សម្គាល់» ហើយក៏បានបាត់បង់សម្ភារៈយោធាជាច្រើនហើយបានប្រើប្រាស់អាវុធដែលបាញ់ដោយប្រព័ន្ធកំណត់ទីដៅជាច្រើន។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AP។
- មន្ត្រីជាន់ខ្ពស់ម្នាក់របស់រដ្ឋាភិបាលរុស្ស៊ីថ្លែងថា អ៊ុយក្រែនអាចនឹងត្រូវបានបែងចែកជាច្រើនតំបន់។ លោក Nikolai Patrushev រដ្ឋលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខរបស់រដ្ឋាភិបាលរុស្ស៊ីបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃអង្គារថា «គោលនយោបាយរបស់បណ្តាប្រទេសលោកខាងលិចនិងរបបគ្រប់គ្រងរបស់រដ្ឋាភិបាលអ៊ុយក្រែនដែលគ្រប់គ្រងដោយរុស្ស៊ី អាចនឹងធ្វើឲ្យមានការបំបែកប្រទេសអ៊ុយក្រែនទៅជារដ្ឋផ្សេងៗ»។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AP។
- រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោកAntony Blinken កំពុងជំរុញឲ្យសភាអាមេ រិកអនុម័តផ្តល់ថិវកាទាំងស្រុងលើសំណើថវិការបស់រដ្ឋបាលលោកប្រធានាធិបតី Bidenសម្រាប់ក្រសួងការបរទេស ដោយលោកថ្លែងទៅកាន់សមាជិកសភាអាមេរិកថា ការចំណាយនេះចាំបាច់ដើម្បីធានាថា សង្គ្រាមនៅអ៊ុយក្រែនដែលបង្កឡើងដោយរុស្ស៊ីជាការ«បរាជ័យយុទ្ធសាស្ត្រ»មួយសម្រាប់រុស្ស៊ី ហើយជាសារមួយដល់ប្រទេសឯ ទៀតដែលអាចឈ្លានពានលើប្រទេសជិតខាងខ្លួន។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AP។
២២:២៨
២៦.៤.២០២២
ថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២២៖
- សមាជិកទាំង ១៩៣ ប្រទេសនៃមហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តរួមគ្នានូវសេចក្ដីសម្រេចមួយនៅថ្ងៃអង្គារនេះដោយតម្រូវឱ្យប្រទេសជាសមាជិកអចិន្ត្រៃយ៍ទាំង ៥ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផ្ដល់ហេតុផលត្រឹមត្រូវចំពោះការប្រើសិទ្ធិវេតូរបស់ខ្លួន។ ការជំរុញឱ្យមានកំណែទម្រង់នេះត្រូវបានធ្វើឡើងជាថ្មី ដោយសារតែការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- ក្រសួងការបរទេសអ៊ុយក្រែនបានបង្ហាញក្ដីបារម្ភនៅថ្ងៃអង្គារនេះអំពីស្ថានការណ៍នៅក្នុងតំបន់ Transdniestria ដែលជាតំបន់ផ្ដាច់ខ្លួនគាំទ្រដោយរុស្ស៊ីនៅក្នុងប្រទេសម៉ុលដាវី និងបានថ្កោលទោសអ្វីដែលខ្លួនអះអាងថាជាការប៉ុនប៉ងរបស់រុស្ស៊ីនៅក្នុងការទាញតំបន់នេះចូលទៅក្នុងសង្គ្រាមរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។ ប្រធានាធិបតីនៃប្រទេសម៉ុលដាវីបាននិយាយនៅថ្ងៃអង្គារនេះថា ការវាយប្រហារនៅក្នុងតំបន់ដែលគាំទ្រដោយរុស្ស៊ីនេះគឺជាការប៉ុនប៉ងរបស់ក្រុមមួយចំនួននៅក្នុងដែនដីនេះដើម្បីបង្កើនភាពតានតឹង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បាននិយាយនៅថ្ងៃអង្គារនេះថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin មិនបានបង្ហាញភាពម៉ឺងម៉ាត់អំពីការទូតនៅក្នុងការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននោះទេ បើទោះបីជាមានកិច្ចប្រឹងប្រែងជាច្រើនពីអន្តរជាតិក៏ដោយ។ លោក Blinken បានបញ្ជាក់ប្រាប់គណៈកម្មាធិការទំនាក់ទំនងបរទេសនៃព្រឹទ្ធសភាសហរដ្ឋអាមេរិកថា៖ «យើងមិនបានឃើញសញ្ញាណាមួយដែលថាលោកប្រធានាធិបតី Putin មានភាពម៉ឺងម៉ាត់ចំពោះការចរចាប្រកបដោយផ្លែផ្កានោះទេ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានបញ្ជាក់នៅថ្ងៃអង្គារនេះថា សហរដ្ឋអាមេរិកនិងប្រទេសអ៊ុយក្រែន «ភាគច្រើនស្របគ្នា» លើអ្វីដែលអ៊ុយក្រែនត្រូវការដើម្បីបន្តការប្រយុទ្ធរបស់ខ្លួនប្រឆាំងនឹងការឈ្លានបានរបស់រុស្ស៊ី និងលើអ្វីដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកអាចផ្ដល់ជូនបាន។ លោក Blinken បានប្រាប់គណៈកម្មាធិការទំនាក់ទំនងបរទេសនៃព្រឹទ្ធសភាសហរដ្ឋអាមេរិកថា លោកបានពិភាក្សាអំពីតម្រូវការទាំងនេះជាមួយនឹងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកកាលពីពេលថ្មីៗនេះទៅកាន់ប្រទេសអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋាភិបាលសហរដ្ឋអាមេរិកនៅថ្ងៃអង្គារនេះបានស្វាគមន៍ការសម្រេចរបស់ប្រទេសអាល្លឺម៉ង់នៅក្នុងការបញ្ជូនជាលើកដំបូងបង្អស់នូវសព្វាវុធធុនធ្ងន់ឱ្យប្រទេសអ៊ុយក្រែន។ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin បាននិយាយបន្ទាប់ពីបានពិភាក្សាជាមួយនឹងសមភាគីរបស់លោកមកពីប្រទេសជាង ៤០ នៅក្នុងប្រទេសអាល្លឺម៉ង់ថា៖ «ខ្ញុំគិតថាវាជាការសំខាន់ដែលប្រទេសអាល្លឺម៉ង់បានប្រកាសថា ខ្លួននឹងផ្ដល់ប្រព័ន្ធ Cheetah ចំនួន ៥០»។ លោកបានបន្ថែមថា៖ «ខ្ញុំគិតថា ប្រព័ន្ធទាំងនោះនឹងផ្ដល់សមត្ថភាពពិតប្រាកដដល់អ៊ុយក្រែន»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ក្នុងអំឡុងដំណើរទស្សនកិច្ចនៅប្រទេសរុស្ស៊ីនៅថ្ងៃអង្គារ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវឱ្យរដ្ឋាភិបាលរុស្ស៊ីនិងរដ្ឋាភិបាលអ៊ុយក្រែនធ្វើការជាមួយគ្នាដើម្បីបង្កើតច្រករបៀងមនុស្សធម៌ដើម្បីដឹកជញ្ជូនជំនួយនិងជម្លៀសមនុស្សនៅក្នុងប្រទេសអ៊ុយក្រែន។ លោក Guterres បាននិយាយបន្ទាប់ពីលោកបានពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov ថា៖ «យើងត្រូវការច្រករបៀងមនុស្សធម៌ជាបន្ទាន់ដែលមានសុវត្ថិភាពនិងប្រសិទ្ធភាពពិតប្រាកដ»។ ជាងនេះទៀត លោកក៏បានអំពាវនាវផងដែរឱ្យមានការស៊ើបអង្កេតដោយឯករាជ្យលើ «ឧក្រិដ្ឋកម្មសង្គ្រាមដែលអាចមាន» នៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានប្រាប់រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov នៅថ្ងៃអង្គារថា លោកត្រៀមខ្លួនរួចរាល់នៅក្នុងការកៀរគរពេញទំហឹងនូវធនធានរបស់អង្គការសហប្រជាជាតិដើម្បីជួយសង្គ្រោះជីវិតមនុស្សនិងជម្លៀសប្រជាពលរដ្ឋចេញពីទីក្រុង Mariupol នៃប្រទេសអ៊ុយក្រែន។ លោក Gutteres បានបញ្ជាក់នៅក្នុងសន្និសីទកាសែតមួយដែលធ្វើឡើងជាមួយនឹងលោក Lavrov ថា៖ «ជនស៊ីវិលរាប់ពាន់នាក់កំពុងត្រូវការខ្លាំងក្លានូវជំនួយមនុស្សធម៌សង្គ្រោះជីវិត ហើយមនុស្សជាច្រើនបានជម្លៀសចេញ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បាននិយាយនៅថ្ងៃអង្គារនេះថា រដ្ឋាភិបាលរុស្ស៊ីត្រៀមខ្លួនរួចរាល់នៅក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងអង្គការសហប្រជាជាតិដើម្បីជួយជនស៊ីវិលនៅក្នុងប្រទេសអ៊ុយក្រែន។ លោក Lavrov បានបញ្ជាក់នៅក្នុងអំឡុងពេលសន្និសីទកាសែតជាមួយនឹងអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ថា៖ «គោលបំណងរបស់យើងជាចម្បងគឺការពារជនស៊ីវិល ហើយយើងត្រៀមខ្លួនរួចរាល់ហើយនៅក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងសហសេវិករបស់យើងមកពីអង្គការសហប្រជាជាតិដើម្បីកាត់បន្ថយស្ថានភាពឈឺចាប់របស់ជនស៊ីវិល»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានប្រាប់រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov នៅថ្ងៃអង្គារថា លោកចង់ធ្វើ «អ្វីទាំងអស់ដែលអាចទៅរួចដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននេះឱ្យបានឆាប់តាមដែលអាចធ្វើបាន និងធ្វើអ្វីទាំងអស់ដែល អាចទៅរួចដើម្បីកាត់បន្ថយការឈឺចាប់របស់ប្រជាពលរដ្ឋ»។ ដោយលើកឡើងអំពីផលប៉ះពាល់លើ«ប្រជាពលរដ្ឋងាយរងគ្រោះនៅតាមផ្នែកផ្សេងៗនៅលើពិភពលោក» លោក Guterres បាននិយាយថា សង្គ្រាមនេះប៉ះពាល់ដល់ស្បៀងអាហារ ថាមពល និងហិរញ្ញវត្ថុ ដោយតម្លៃទំនិញនានាកើនឡើងខ្លាំងនៅចំពេលមានសង្គ្រាមនេះ។
- អង្គការសហប្រជាជាតិបានបញ្ជាក់នៅថ្ងៃអង្គារថា ស្ថានការណ៍យ៉ាប់យ៉ឺននៅក្នុងប្រទេសអ៊ុយក្រែនបានបង្ខំខ្លួនឱ្យបង្កើនការអំពាវនាវសុំជំនួយជាងទ្វេដងសម្រាប់ប្រទេសអ៊ុយក្រែន។ ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «ជំនួយជាង ២.២៥០លានដុល្លារគឺត្រូវការនៅពេលឥឡូវនេះដើម្បីបំពេញសេចក្ដីត្រូវការនៅក្នុងប្រទេសអ៊ុយក្រែន ដែលចំនួននេះស្មើនឹងជាងទ្វេដងនៃចំនួនដែលបានស្នើ (១.១០០ លានដុល្លារ) នៅពេលដែលយើងបានចាប់ផ្ដើមអំពាវនាវដំបូងកាលពីថ្ងៃទី ១ ខែមីនា គឺក្នុងពេលប៉ុន្មានថ្ងៃក្រោយមកបន្ទាប់ពីសង្គ្រាមនៅអ៊ុយក្រែនបានចាប់ផ្ដើម»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិបានបញ្ជាក់ថា ខ្លួនរំពឹងថា សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែននៅទីបំផុតអាចធ្វើឱ្យមនុស្ស៨លាន៣សែននាក់ភៀសខ្លួនពីប្រទេសអ៊ុយក្រែន។ កន្លងមក ជនភៀសខ្លួនអ៊ុយក្រែនជិត៥លាន៣សែននាក់បានភៀសខ្លួនពីប្រទេសតាំងពីពេលដែលរុស្ស៊ីបានឈ្លានពានកាលពីថ្ងៃទី២៤ ខែកុម្ភៈមក ដោយក្នុងនោះ ជនភៀសខ្លួនជាង ២ លាន ៩ សែននាក់ភៀសខ្លួនទៅប្រទេសប៉ូឡូញ។
- ប្រធានផ្នែកសេដ្ឋកិច្ចនៃសហភាពអឺរ៉ុបលោកPaolo Gentiloni បានប្រាប់កាសែត Il Messaggero នៅក្នុងកិច្ចសម្ភាសន៍មួយដែលចេញផ្សាយនៅថ្ងៃអង្គារថា សហភាពអឺរ៉ុបមានបំណងកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើប្រេងឥន្ធនៈនិងឧស្ម័នរបស់រុស្ស៊ីឱ្យបានពីរភាគបីនៅត្រឹមចុងឆ្នាំនេះ និងឱ្យបានទាំងស្រុងនៅត្រឹមចុងឆ្នាំ២០២៧។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រទេសរុស្ស៊ីកាលពីថ្ងៃចន្ទបានព្រមានថា សង្គ្រាមនៅអ៊ុយក្រែនអាចឈានទៅដល់សង្គ្រាមលោកលោកទី៣។ នៅក្នុងការថ្លែងទៅកាន់ទីភ្នាក់ងារព័ត៌មាននានារបស់រុស្ស៊ី រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានព្រមានថា ហានិភ័យនៃសង្គ្រាមលោកលើកទី៣«គឺពិតប្រាកដ» និងបានចោទប្រកាន់វិធីសាស្ត្ររបស់រដ្ឋាភិបាលអ៊ុយក្រែននៅក្នុងការបង្អាក់ដល់ការចរចាសន្តិភាព។ លោក Lavrov និយាយដូច្នេះថា៖ «វាជាការពិត។ អ្នកមិនអាចមើលស្រាលលើវាបានទេ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានព្រមានក្រុមបស្ចិមប្រទេសកាលពីថ្ងៃចន្ទមិនឱ្យមើលស្រាលលើហានិភ័យខ្ពស់នៃសង្គ្រាមនុយក្លេអ៊ែរទាក់ទិននឹងរឿងអ៊ុយក្រែនហើយបាននិយាយថាលោកយល់ថាអង្គការអូតង់កំពុងប្រឡូកនៅក្នុងសង្គ្រាមប្រយោលជាមួយនឹងរុស្ស៊ីតាមរយៈការផ្គត់ផ្គង់សព្វាវុធដល់អ៊ុយក្រែន។ លោក Lavrov ក៏បានបញ្ជាក់ដែរថា ចំណុចស្នូលនៃកិច្ចព្រមព្រៀងណាមួយនៅក្នុងការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនគឺអាស្រ័យភាគច្រើនលើស្ថានការណ៍យោធានៅសមរភូមិ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់លោកស្រី Christine Lambrecht បាននិយាយនៅថ្ងៃអង្គារថា ប្រទេសអាល្លឺម៉ង់នឹងអនុញ្ញាតឱ្យមានការបញ្ជូនរថក្រោះទៅកាន់ប្រទេសអ៊ុយក្រែន។ អ្នកស្រី Lambrecht បានបញ្ជាក់នៅក្នុងកិច្ចប្រជុំអន្តរជាតិមួយរបស់បណ្ដារដ្ឋមន្ត្រីការពារជាតិមកពីប្រទេសជាង ៤០ នៅមូលដ្ឋានទ័ពអាកាស Ramstein របស់សហរដ្ឋអាមេរិកនៅប្រទេសអាល្លឺម៉ង់ថា រដ្ឋាភិបាលអាល្លឺម៉ង់បានយល់ព្រមបញ្ជូនរថក្រោះបាញ់យន្តហោះប្រភេទ Gepard ដែលប្រើរួចឱ្យអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- សហរដ្ឋអាមេរិកបានសន្យានៅថ្ងៃអង្គារថានឹង «ប្រឹងប្រែងឱ្យបានខ្លាំងក្លាបំផុត»ដើម្បីជួយប្រទេសអ៊ុយក្រែនឱ្យឈ្នះសង្គ្រាមតតាំងនឹងការឈ្លានពានទាំងទទឹងទិសរបស់រុស្ស៊ី ស្របពេលដែលរដ្ឋមន្ត្រីការពារជាតិមកពីប្រទេសជាង៤០ជួបប្រជុំគ្នានៅប្រទេសអាល្លឺម៉ង់ដើម្បីពង្រឹងការការពាររបស់អ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ី។ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin បានបញ្ជាក់នៅពេលលោកបើកកិច្ចប្រជុំដែលស្នើឡើងដោយសហរដ្ឋអាមេរិកថា កិច្ចប្រជុំនេះមានបំណង«ជួយអ៊ុយក្រែនឱ្យឈ្នះសង្គ្រាមប្រឆាំងនឹងការឈ្លានពានមិនត្រឹមត្រូវរបស់រុស្ស៊ីនិងពង្រឹងសមត្ថភាពការពាររបស់អ៊ុយក្រែនសម្រាប់បញ្ហាប្រឈមនានានៅពេលអនាគត»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin បានចាប់ផ្ដើមកិច្ចពិភាក្សាផ្នែកការពារជាមួយនឹងប្រទេសជាង ៤០ នៅថ្ងៃអង្គារ ដោយបានបង្ហាញទំនុកចិត្តថា ប្រទេសអ៊ុយក្រែនអាចយកឈ្នះលើប្រទេសរុស្ស៊ីនៅក្នុងសង្គ្រាមជាងពីរខែកន្លងមកនេះ។ លោកថ្លែងដូច្នេះថា៖ «ការតស៊ូរបស់អ៊ុយក្រែនបានផ្ដល់ការជំរុញទឹកចិត្តដល់ពិភពលោកសេរី»។ លោកបានបន្ថែមថា៖ «អ៊ុយក្រែនជឿជាក់យ៉ាងច្បាស់ថាខ្លួនអាចឈ្នះ ហើយយើងគ្រប់គ្នានៅទីនេះក៏ជឿជាក់ដូច្នេះដែរ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌ មាន Reuters។
- អ្នកនាំពាក្យក្រសួងការពារជាតិសហរដ្ឋអាមេរិកលោក John Kirby បាននិយាយនៅថ្ងៃអង្គារ មុនពេលការប្រជុំរបស់សម្ព័ន្ធមិត្តនិងដៃគូរបស់អង្គការអូតង់ចូលមកដល់ថា ប្រ ទេសរុស្ស៊ីមានយោធាចុះខ្សោយរួចទៅហើយនិងជាប្រទេសដែលចុះខ្សោយ បន្ទាប់ពីប្រទេសនេះបានធ្វើសង្គ្រាមលើអ៊ុយក្រែន។ លោក Kirby បានបញ្ជាក់នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយនឹងបណ្ដាញព័ត៌មានCNNថា៖ «រុស្ស៊ីមានយោធាខ្សោយជាងមុនរួចទៅហើយ។ រុស្ស៊ីគឺជាប្រទេសខ្សោយជាងមុននៅពេលឥឡូវនេះ ហើយកាន់តែឯកោបន្ថែមទៀត។ យើងចង់ឱ្យរុស្ស៊ីគ្មានសមត្ថភាពអាចគំរាមកំហែងប្រទេសជិតខាងខ្លួនម្ដងទៀតនៅពេលអនាគត»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋាភិបាលចក្រភពអង់គ្លេសបានបញ្ជាក់កាលពីថ្ងៃចន្ទថា ចក្រភពអង់គ្លេសនឹងផ្ដល់ឱ្យអ៊ុយក្រែននូវរថយន្តពេទ្យ រថយន្តពន្លត់អគ្គីភ័យ បរិក្ខារពេទ្យនិងថវិកាសម្រាប់អ្នកជំនាញផ្នែកសុខាភិបាលដើម្បីជួយដល់ផ្នែកសង្គ្រោះបន្ទាន់នៅក្នុងការដោះស្រាយជាមួយនឹងស្ថានការណ៍នៅក្រោយការវាយប្រហាររបស់រុស្ស៊ី។ នេះបើយោងតាមទីភ្នាក់ ងារព័ត៌មាន Reuters។
- លោក Chuck Schumer មេដឹកនាំគណបក្សសំឡេងភាគច្រើននៃព្រឹទ្ធសភាសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃចន្ទថា លោករំពឹងថានឹងមានការអនុម័តសំណើច្បាប់មួយទៀត«យ៉ាងលឿននិងមានការគាំទ្រពីគណបក្សទាំងពីរ» ដើម្បីផ្ដល់ជំនួយដល់ប្រទេសអ៊ុយក្រែននៅក្នុងការប្រយុទ្ធជាមួយនឹងប្រទេសរុស្ស៊ី នៅពេលដែលលោកប្រធានាធិបតី Joe Biden ដាក់ស្នើសំណើថវិកាថ្មី។ លោក Schumer បាននិយាយថា៖ «យើងត្រូវតែបន្តជួយប្រជាពលរដ្ឋនៃប្រទេសអ៊ុយក្រែននៅក្នុងការប្រយុទ្ធប្រឆាំងនឹងភាពគឃ្លើនរបស់រុស្ស៊ី» ហើយ «ខ្ញុំរំពឹងថានឹងមានកិច្ចសហប្រតិបត្តិការពីគណបក្សទាំងពីរយ៉ាងលឿនដើម្បីសម្រេចរឿងនេះ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
២២:៣៣
២៥.៤.២០២២
ថ្ងៃចន្ទ ទី ២៥ ខែមេសា៖
- ប្រធានគណៈកម្មការអឺរ៉ុបនៃសហភាពអឺរ៉ុបអ្នកស្រី Ursula von der Leyen បាននិយាយនៅថ្ងៃចន្ទនេះថា ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនបានប៉ះពាល់ដល់សន្តិសុខរបស់ឥណ្ឌានៅក្នុងតំបន់។ អ្នកស្រីថ្លែងដូច្នេះនៅក្នុងអំឡុងដំណើរទស្សនកិច្ចរបស់អ្នកស្រីទៅកាន់រដ្ឋធានីញូវដែលី ប្រទេសឥណ្ឌា ក្នុងគោលបំណងពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រឱ្យកាន់តែជ្រាលជ្រៅជាងមុន។ អ្នកស្រីគឺជាមន្ត្រីការទូតបស្ចិមប្រទេសមួយរូបទៀតដែលជំរុញប្រទេសឥណ្ឌាទាក់ទិននឹងជំហរអព្យាក្រឹត្យរបស់ឥណ្ឌានៅក្នុងសង្គ្រាមនៅអ៊ុយក្រែន។ អ្នកស្រីបានថ្លែងប្រាប់អ្នកចូលរួមក្នុងកិច្ចសន្ទនា Raisina Dialogue ដែលជាសន្និសីទប្រចាំឆ្នាំស្ដីពីភូមិសាស្ត្រនយោបាយនៅក្នុងទីក្រុងញូវដែលីថា៖ «លទ្ធផលនៃសង្គ្រាមនេះនឹងមិនត្រឹមតែប៉ះពាល់ដល់អនាគតរបស់ទ្វីបអឺរ៉ុបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់យ៉ាងខ្លាំងដល់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកផងដែរ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- កាសែត Iltalehti នៅហ្វាំងឡង់ និងកាសែត Expressen នៅស៊ុយអែតបានរាយការណ៍នៅថ្ងៃចន្ទនេះថា ប្រទេសហ្វាំងឡង់និងប្រទេសស៊ុយអែតនឹងបង្ហាញអំពីគោលបំណងរបស់ខ្លួននៅក្នុងការចូលជាសមាជិករបស់អង្គការអូតង់ (NATO) នៅខែឧសភាខាងមុខ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- លោក Dmitry Polyanskiy ដែលជាអ្នកតំណាងរងអចិន្ត្រៃយ៍ទីមួយប្រចាំអង្គការសហប្រជាជាតិ បាននិយាយនៅថ្ងៃចន្ទនេះថា គ្មានប្រយោជន៍ណាមួយនៅក្នុងការមានបទឈប់បាញ់គ្នានៅក្នុងប្រទេសអ៊ុយក្រែននៅដំណាក់កាលនេះទេ ដោយសារតែរដ្ឋាភិបាលអ៊ុយក្រែនទំនងជានឹងប្រើបទឈប់បាញ់គ្នានេះជាឱកាសមួយដើម្បីព្យាយាមបង្ខូចកេរ្តិ៍ឈ្មោះរបស់រុស្ស៊ី។ ទីភ្នាក់ងារព័ត៌មាន RIA របស់រុស្ស៊ីបានដកស្រង់សម្ដីរបស់លោក Polyanskiy ដែលបានបញ្ជាក់ថា៖ «រដ្ឋាភិបាលអ៊ុយក្រែនបានធ្វើឱ្យអន្តរាយដល់កិច្ចប្រឹងប្រែងរបស់រុស្ស៊ីនៅក្នុងការបើកច្រករបៀងមនុស្សធម៌ ដូច្នេះយើងគិតថា បទឈប់បាញ់គ្នាគឺមិនមែនជាជម្រើសដ៏ល្អនៅពេលនេះទេ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រទេសរុស្ស៊ីបានបណ្ដេញមន្ត្រីការទូតអាល្លឺម៉ង់ ៤០ នាក់ចេញពីប្រទេស ដើម្បីជាការឆ្លើយតបទៅនឹងការបណ្ដេញចេញរបស់អាល្លឺម៉ង់នូវមន្ត្រីការទូតរុស្ស៊ីក្នុងចំនួនដូចគ្នានេះដែរកាលពីខែមុន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Associated Press។
- តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) នឹងចូលរួមនៅក្នុងក្រុមរួមមួយដែលស៊ើបអង្កេតលើការចោទប្រកាន់អំពីឧក្រិដ្ឋកម្មសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនបន្ទាប់ពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន។ នេះបើតាមការបញ្ជាក់របស់ទីភ្នាក់ងារសហភាពអឺរ៉ុបសម្រាប់កិច្ចសហប្រតិបត្តិការយុត្តិធម៌ព្រហ្មទណ្ឌនៅថ្ងៃចន្ទនេះ។ ទីភ្នាក់ងារ Eurojust របស់សហភាពអឺរ៉ុបថា រដ្ឋអាជ្ញាតុលាការ ICC លោក Karim Khan និងអគ្គរដ្ឋអាជ្ញាមកពីប្រទេសលីទុយអានី ប៉ូឡូញ និងអ៊ុយក្រែនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយសម្រាប់ការចូលរួមជាលើកដំបូងបង្អស់របស់តុលាការ ICC នៅក្នុងក្រុមស៊ើបអង្កេតមួយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ក្រសួងការពារជាតិអ៊ុយក្រែនបានបញ្ជាក់នៅថ្ងៃចន្ទនេះថា ប្រទេសរុស្ស៊ីបានបន្តវាយប្រហារលើតំបន់ភាគខាងកើតនៃប្រទេសអ៊ុយក្រែន ប៉ុន្តែត្រូវបានរុញច្រានទៅវិញ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។ អ្នកនាំពាក្យក្រសួងការពារជាតិអ៊ុយក្រែនលោក Oleksandr Motuzyanyk បាននិយាយថា កងទ័ពរុស្ស៊ីបានប៉ុនប៉ងបំបែករបាំងការពាររបស់ក្រុងមួយចំនួនដូចជាក្រុង Rubizhne ក្រុង Popasna ក្រុង Sievierodonetsk ក្រុង Maryinka និងក្រុង Avdiivka និងបានប៉ុនប៉ងរុលចូលពីក្រុង Izyum ទៅកាន់ក្រុង Barvinkove និងក្រុង Sloviansk។
- អាជ្ញាធរអ៊ុយក្រែនបានបញ្ជាក់ថា មនុស្សយ៉ាងតិច ៥ នាក់ត្រូវបានសម្លាប់ដោយសារការវាយប្រហាររបស់រុស្ស៊ីលើតំបន់ Vynnytsia នៅភាគកណ្ដាលប្រទេសអ៊ុយក្រែននៅថ្ងៃចន្ទនេះ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Associted Press។ រដ្ឋអាជ្ញាតំបន់ Vynnytsia បាននិយាយថា មនុស្ស ១៨ នាក់ទៀតបានរងរបួសនៅថ្ងៃចន្ទនេះនៅក្នុងការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីនៅលើក្រុង Zhmerynka និងក្រុង Koziatyn។
- ក្រសួងការបរទេសសហរដ្ឋអាមេរិកបានអនុម័តនៅថ្ងៃចន្ទនេះលើការលក់ «អាវុធយុទ្ធភណ្ឌមិនតាមស្ដង់ដា» ក្នុងទឹកប្រាក់ ១៦៥ លានដុល្លារដល់ប្រទេសអ៊ុយក្រែន។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។ សេចក្ដីជូនដំណឹងនេះបានបញ្ជាក់ថា ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារនៃក្រសួងការពារជាតិសហរដ្ឋអាមេរិកបានជូនដំណឹងអំពីការលក់នេះដល់សភាសហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យម្សិលមិញ។ នេះបើយោងតាមបណ្ដាញព័ត៌មាន CNN។
- ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នៅថ្ងៃចន្ទបានតែងតាំងអ្នកស្រី Bridget Brink ដែលបច្ចុប្បន្ននេះជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសស្លូវ៉ាគី ឱ្យធ្វើជាឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិកប្រចាំប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការបញ្ជាក់របស់សេតវិមាននៅក្នុងសេចក្ដីថ្លែងការណ៍មួយ។ តំណែងជាឯកអគ្គរដ្ឋទូតនេះចាំបាច់ត្រូវទទួលបានការអនុម័តពីព្រឹទ្ធសភា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋាភិបាលរុស្ស៊ីបានបញ្ជាក់នៅថ្ងៃចន្ទថា ខ្លួនបានចាប់ខ្លួនសមាជិកនៃក្រុម «ភេរវករណាហ្ស៊ីបែបថ្មី» នៅក្នុងប្រទេសរុស្ស៊ី ដែលត្រូវបានចោទប្រកាន់ថាមានផែនការធ្វើឃាតពិធីករទូរទស្សន៍លោក Vladimir Solovyov តាមការបញ្ជារបស់អ៊ុយក្រែន។ លោក Vladimir Solovyov គឺជាអ្នកដែលមានទំនោររករដ្ឋាភិបាលរុស្ស៊ី។ ទីភ្នាក់ងារសន្តិសុខ FSB របស់រុស្ស៊ីបានលើកឡើងថា ក្រុមនេះ «បានសារភាពថាបានរៀបចំធ្វើឃាតលោក Solovyov ហើយបន្ទាប់ពីនោះមកពួកគេមានផែនការគេចទៅបរទេស»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់នៅថ្ងៃចន្ទថា រុស្ស៊ីបានវាយប្រហារដោយមីស៊ីលរយៈចម្ងាយឆ្ងាយលើរោងចក្រ Kremenchuk ដែលជារោងចក្រចម្រាញ់ប្រេងឥន្ធនៈរបស់អ៊ុយក្រែន និងបានវាយប្រហារចំមូលដ្ឋានយោធាមួយចំនួនរបស់អ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែនអ្នកស្រីIryna Vereshschukបាននិយាយថា ប្រទេសអ៊ុយ ក្រែនមិនទាន់បានសម្រេចកិច្ចព្រមព្រៀងណាមួយជាមួយនឹងប្រទេសរុស្ស៊ីទាក់ទិននឹងការបង្កើតច្រករបៀងមនុស្សធម៌ដើម្បីជម្លៀសជនស៊ីវិលចេញពីទីក្រុង Mariupol នៅថ្ងៃចន្ទនេះទេ។ អ្នកស្រី Vereshschuk បានបញ្ជាក់តាម Telegram ថា៖ «វាជាការសំ ខាន់ដែលត្រូវយល់ថាច្រករបៀងមនុស្សធម៌អាចបើកបាននៅពេលណាដែលមានការព្រមព្រៀងពីភាគីទាំងសងខាងតែប៉ុណ្ណោះ។ ច្រករបៀងដែលប្រកាសជាឯកតោភាគីមិនអាចផ្ដល់សន្តិសុខបានទេ ដូច្នេះវាមិនមែនជាច្រករបៀងមនុស្សធម៌នោះឡើយ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់នៅថ្ងៃចន្ទនេះថាខ្លួននឹងបើកច្រករបៀងមនុស្ស ធម៌មួយសម្រាប់ជនស៊ីវិលនៅក្នុងការចាកចេញពីតំបន់ជុំវិញរោងចក្រដែកថែប Azovstal នៅក្នុងទីក្រុងMariupol។ ទីតាំងនេះគឺជាកន្លែងតស៊ូក្រាញននាលចុង ក្រោយរបស់កងទ័ពអ៊ុយក្រែននៅក្នុងទីក្រុង Mariupol ដោយកងទ័ពទាំងនេះបានបដិសេធមិនព្រមចុះចាញ់តាមការទាមទាររបស់រុស្ស៊ី។
- ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសនៅថ្ងៃចន្ទអំពីការផ្អាកការវាយប្រយុទ្ធគ្នានៅជុំវិញរោងចក្រដែកថែបAzovstalនៅក្នុងទីក្រុងMariupol ដើម្បីអនុញ្ញាតឱ្យមានការជម្លៀសជនស៊ីវិលចេញពីតំបន់ឧស្សាហកម្មនេះ។ ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា កងទ័ពរុស្ស៊ី «ចាប់ពីម៉ោង២ រសៀលម៉ោងនៅក្នុងរដ្ឋធានីមូស្គូនៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២២ នឹងបញ្ឈប់ដោយឯកតោភាគីនូវអរិភាពណាមួយ ដកកងកម្លាំងទៅកាន់ទីតាំងមួយដែលមានគម្លាតសុវត្ថិភាពនិងធានាឱ្យមានការជម្លៀស»ជនស៊ីវិល។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- សហភាពអឺរ៉ុបកំពុងរៀបចំ«ទណ្ឌកម្មបែបវ័យឆ្លាត» ដើម្បីដាក់លើការនាំចូលប្រេងឥន្ធនៈពីប្រទេសរុស្ស៊ី។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់កាសែត The Times នៅថ្ងៃចន្ទ ដែលយោងលើការបញ្ជាក់របស់អនុប្រធានគណៈកម្មការអឺរ៉ុបលោក Valdis Dombroskis។ លោក Dombroskis បាននិយាយដូច្នេះថា៖ «យើងកំពុងធ្វើការលើកញ្ចប់ទណ្ឌកម្មទី ៦ ហើយរឿងមួយដែលយើងកំពុងពិចារណាគឺទម្រង់ខ្លះនៃការដាក់ទណ្ឌកម្មលើប្រេងឥន្ធនៈ។ នៅពេលយើងដាក់ទណ្ឌកម្ម យើងចាំបាច់ត្រូវធ្វើតាមវិធីដែលដាក់សម្ពាធជាអតិបរមាលើរុស្ស៊ីនិងកាត់បន្ថយឱ្យបានច្រើនបំផុតនូវការខូច ខាតដោយចៃដន្យណាមួយលើខ្លួនយើង»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- លោក Anatoly Antonov ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានបញ្ជាក់នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយនឹងស្ថានីយទូរទស្សន៍ Rossiya 24 របស់រុស្ស៊ីថា រដ្ឋាភិបាលរុស្ស៊ីបានព្រមានរដ្ឋាភិបាលសហរដ្ឋអាមេរិកមិនឱ្យបញ្ជូនសព្វាវុធបន្ថែមទៀតឱ្យអ៊ុយក្រែន។ លោកបានលើកឡើងដូច្នេះថា៖ «យើងសង្កត់ធ្ងន់អំពីការមិនអាចទទួលយកបាននូវស្ថានការណ៍នេះ នៅពេលដែលសហរដ្ឋអាមេរិកបញ្ជូនសព្វាវុធឱ្យអ៊ុយក្រែន ហើយយើងទាមទារឱ្យមានការបញ្ចប់ការធ្វើដូច្នេះ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin បាននិយាយនៅថ្ងៃចន្ទថា សហរដ្ឋអាមេរិកជឿថាប្រទេសអ៊ុយក្រែនអាចឈ្នះសង្គ្រាមប្រឆាំងនឹងរុស្ស៊ី ប្រសិនបើអ៊ុយក្រែនមាន «សព្វាវុធត្រឹមត្រូវ»។ លោក Austin បានប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីលោកនិងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានជួបជាមួយនឹងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ថា៖ «ជំហានដំបូងដើម្បីឈ្នះគឺត្រូវជឿថាយើងអាចឈ្នះ»។ លោកបានបន្ថែមថា៖ «យើងជឿថាយើងអាចឈ្នះ។ ពួកគេ [ពលរដ្ឋអ៊ុយក្រែន] អាចឈ្នះ ប្រសិនបើពួកគេមានសព្វាវុធត្រឹមត្រូវ ការគាំទ្រត្រឹមត្រូវ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin បាននិយាយនៅថ្ងៃចន្ទថា សហរដ្ឋអាមេរិកចង់ឱ្យសមត្ថភាពយោធារបស់រុស្ស៊ីចុះខ្សោយដើម្បីកុំឱ្យរុស្ស៊ីអាចធ្វើការឈ្លានពានណាមួយបានទៀត។ លោកថ្លែងដូច្នេះ បន្ទាប់ពីលោកនិងរដ្ឋមន្ត្រីការបរ ទេសអាមេរិកលោក Antony Blinken ត្រឡប់មកពីដំណើរទស្សនកិច្ចនៅក្នុងរដ្ឋធានីកៀវនៃប្រទេសអ៊ុយក្រែន។ លោក Austin បានប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីលោកនិងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានជួបជាមួយនឹងប្រធា នាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ថា៖ «យើងចង់ឃើញរុស្ស៊ីចុះខ្សោយឱ្យដល់កម្រិតដែលរុស្ស៊ីមិនអាចធ្វើអ្វីដូចដែលខ្លួនបានធ្វើនៅក្នុងការឈ្លានពានលើអ៊ុយក្រែន»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បាននិយាយនៅថ្ងៃចន្ទថា ប្រទេសរុស្ស៊ីកំពុងបរាជ័យសម្រាប់គោលបំណងធ្វើសង្គ្រាមរបស់ខ្លួន ហើយអ៊ុយក្រែនកំពុងឈ្នះ។ លោកថ្លែងដូច្នេះ បន្ទាប់ពីលោកនិងរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austinបានជួបជាមួយនឹងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy និងមន្ត្រីអ៊ុយក្រែននៅក្នុងរដ្ឋធានីកៀវនៃប្រទេសអ៊ុយក្រែន។ លោក Blinken បានបញ្ជាក់នៅក្នុងសន្និសីទកាសែតមួយនៅក្នុងប្រទេសប៉ូឡូញនៅក្រោយដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ុយក្រែនថា៖ «ទាក់ទិននឹងគោលបំណងធ្វើសង្គ្រាមរបស់រុស្ស៊ី រុស្ស៊ីបានបរាជ័យរួចទៅហើយ ហើយអ៊ុយក្រែនក៏បានទទួលជោគ ជ័យរួចហើយដែរ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានប្រាប់អ្នកកាសែតនៅក្នុងប្រទេសប៉ូឡូញ បន្ទាប់ពីបានធ្វើទស្សនកិច្ចជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Lloyd Austin ទៅកាន់រដ្ឋធានីកៀវនៃប្រទេសអ៊ុយក្រែនថា ទោះបីជារុស្ស៊ីកំពុងព្យាយាម «វាយប្រហារយ៉ាងឃោរឃៅ» លើផ្នែកមួយចំនួននៃប្រទេសអ៊ុយក្រែនក៏ ដោយ ក៏ «ពលរដ្ឋអ៊ុយក្រែននៅតែរឹងមាំ ដោយមានការគាំទ្រដែលសហរដ្ឋអាមេរិកបានសម្របសម្រួលពីជំុវិញពិភពលោក»។ លោក Blinken បញ្ជាក់ដូច្នេះថា៖ «យើងចង់ធ្វើអ្វីៗទាំងអស់ដែលយើងអាចដើម្បីជួយពលរដ្ឋអ៊ុយក្រែនឱ្យបញ្ចប់សង្គ្រាមនេះក្នុងលក្ខខណ្ឌប្រសើរបំផុតដែលអាចទៅរួចឱ្យបានឆាប់តាមដែលអាចធ្វើបាន»។
- មន្ត្រីរដ្ឋាភិបាលអាមេរិកបានបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken និងរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin បានធ្វើដំណើរទៅកាន់រដ្ឋធានីកៀវនៃប្រទេសអ៊ុយក្រែនកាលពីថ្ងៃអាទិត្យ។ នៅក្នុងដំណើរទស្សនកិច្ចនោះ លោកទាំងពីរបានប្រកាសអំពីការត្រឡប់បន្តិចម្ដងៗរបស់មន្ត្រីការ ទូតអាមេរិកទៅកាន់ប្រទេសអ៊ុយក្រែននិងអំពីការតែងតាំងឯកអគ្គរដ្ឋទូតថ្មីប្រចាំអ៊ុយ ក្រែន។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។