២០:៤០
១៦.៤.២០២២
ថ្ងៃសៅរ៍ ទី១៦ ខែមេសា៖
- ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា មនុស្សម្នាក់បានស្លាប់ និងច្រើននាក់ទៀតបានរងរបួសនៅក្នុងការវាយប្រហារតាមគ្រាប់មីស៊ីលលើរដ្ឋធានីកៀវរបស់អ៊ុយក្រែនកាលពីព្រឹកថ្ងៃសៅរ៍។ នេះបើតាមការថ្លែងតាមទូរទស្សន៍របស់អភិបាលក្រុងកៀវ លោក Vitali Klitschko។ លោកបន្ថែមថា ក្រុមគ្រូពេទ្យជួយសង្គ្រោះកំពុងព្យាយាមសង្គ្រោះជីវិតអ្នករបួស ដោយលោកថា «ទីក្រុងកៀវនៅតែជាគោលដៅវាយប្រហាររបស់ពួកឈ្លានពាន»។
- ដោយឡែកទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថាមនុស្សម្នាក់បានត្រូវសម្លាប់និង១៨នាក់រងរបួសនៅពេលដែលមីស៊ីលរុស្ស៊ីបានធ្លាក់ចំសង្កាត់កណ្តាលក្រុងនៃទីក្រុង Kharkiv ភាគឦសានប្រទេស កាលពីថ្ងៃសៅរ៍។ នេះបើតាមអភិបាលតំបន់ថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយតាមណ្តាញតេឡេក្រាម។
- ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា មហាសេដ្ឋីមានទ្រព្យធនជាងគេរបស់អ៊ុយក្រែនគឺលោក Rinat Akhmetov បានសន្យាថានឹងជួយកសាងឡើងវិញនូវទីក្រុង Mariupol ដែលត្រូវខ្ទេចខ្ទាំដោយការឡោមព័ន្ធ ហើយដែលលោកមានមនោសញ្ចេតនាខ្លាំងជាមួយទីក្រុងនេះដោយសារលោកមានរោងចក្រផលិតដែកថែបចំនួនពីរកន្លែងនៅទីនោះ។
- កាសែត the Guardian បានរាយការណ៍ថា រដ្ឋាភិបាលអាល្លឺម៉ង់ថាខ្លួនមានគម្រោងផ្តល់ជំនួយយោធាដល់អ៊ុយក្រែនប្រមាណជាង១ពាន់លានអឺរ៉ូ ស្មើប្រហែលជាង ១.០៨១ លានដុល្លារ។ ទូរទស្សន៍ Aljareeza បានរាយការណ៍ថា រដ្ឋមន្ត្រីយុត្តិធម៌អាល្លឺម៉ង់អះអាងថា ការផ្តល់សព្វាវុធធុនធ្ងន់ដល់អ៊ុយក្រែន ដែលរួមមានដូចជារថក្រោះ នឹងមិនមានន័យថាអាល្លឺម៉ង់ចូលរួមជាភាគឺនៅក្នុងសង្គ្រាមប្រឆាំងនឹងរុស្ស៊ីទេ។
- ទូរទស្សន៍ CNN រាយកាណ៍ថា រុស្ស៊ីបានចាប់ផ្តើមបង្កើនការវាយប្រហារនៅតាមតំបន់ជាច្រើននៅភាគខាងកើតប្រទេសអ៊ុយក្រែន ដែលរួមមានទីក្រុង Kharkiv និងតំបន់ Luhansk និង Donetsk។ នេះបើយោងតាមមន្ត្រីយោធាអ៊ុយក្រែននិងមន្ត្រីក្នុងតំបន់ទាំងនោះ។ កងទ័ពរុស្ស៊ីទំនងកំពុងបាញ់ផ្លោងតំបន់ទាំងបីនេះតាមអាកាសយ៉ាងខ្លាំង នៅមុនការត្រៀមវាយប្រហារតាមជើងគោក។ កងទ័ពអ៊ុយក្រែននិយាយថា នៅតំបន់ Slobozhansky ភាគខាងត្បូងទីក្រុង Kharkiv «ការផ្តោតសំខាន់របស់រុស្ស៊ីដែលជាសត្រូវ គឺការប្រមូលផ្តុំកម្លាំងឡើងវិញនិងពង្រឹងទ័ព»។
- កាសែតThe Washington Post បានរាយការណ៍ដោយដកស្រង់សម្តីរបស់រដ្ឋមន្ត្រីការបរទេសអ៊ីតាលីថា ឯកអគ្គរដ្ឋទូតអ៊ីតាលីប្រចាំប្រទេសអ៊ុយក្រែន បានធ្វើដំណើរទៅដល់រដ្ឋធានីកៀវវិញ កាលពីថ្ងៃសុក្រ ខណៈស្ថានទូតអ៊ីតាលីត្រៀមខ្លួនបើកដំណើរការរបស់ខ្លួនឡើងវិញ។ អ៊ីតាលីជាប្រទេសចុងក្រោយបំផុតមួយដែលបានបញ្ជូនវត្តមានការទូតរបស់ខ្លួនទៅរដ្ឋធានីរបស់អ៊ុយក្រែនវិញ ក្រោយពីរុស្ស៊ីបានដកទ័ពចេញពីតំបន់ខាងជើងអ៊ុយក្រែន ដើម្បីបង្វែរកម្លាំងមកផ្តោតលើតំបន់ខាងត្បូងនិងខាងកើតប្រទេសវិញ។ សហភាពអឺរ៉ុប ស្លូវេនី អូទ្រីស និងបារាំងត្រូវបានរាយការណ៍មកថាកំពុងប្រុងប្រៀបបើកស្ថានទូតឡើងវិញ ប៉ុន្តែមកទល់ពេលនេះ សហរដ្ឋអាមេរិកមិនទាន់មានគម្រោងដូច្នេះទេ។
- ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា ប្រទេសអ៊ុយក្រែនកំពុងធ្វើការយ៉ាងច្រើនតាមដែលអាចធ្វើបាន ជាមួយប្រទេសតួកគី ដែលជាសមាជិកអង្គការអូតង់ ដើម្បីស្វែងរកជំនួយចំពោះបញ្ហាការឈ្លានពានរបស់រុស្ស៊ីមកលើខ្លួន ទោះបីអ៊ុយក្រែនមិនសប្បាយចិត្តដែលតួកគីក៏មានចំណងទាក់ទងខ្លាំងជាមួយរុស្ស៊ីក៏ដោយ។ នេះបើតាមមន្ត្រីទូតអ៊ុយក្រែនមួយរូប។ កន្លងមករដ្ឋាភិបាលក្រុងអង់ការ៉ាបានរិះគន់ការឈ្លានពានរបស់រុស្ស៊ី ហើយបានលក់យន្តហោះដ្រូនទៅឱ្យរដ្ឋាភិបាលក្រុងកៀវ បើទោះបីមានការជំទាស់ពីរុស្ស៊ីក៏ដោយ។ ក៏ប៉ុន្តែតួកគីក៏បានជំទាស់ទៅនឹងការដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិចទៅលើរុស្ស៊ី ហើយប្រុងប្រយ័ត្នចំពោះវោហាសាស្ត្ររបស់ខ្លួនដោយមិនបន្ទោសភាគីណាមួយនៅក្នុងជម្លោះនេះ ថ្វីបើមានរបាយការណ៍ពីឧក្រិដ្ឋកម្មសង្គ្រាមពីតំបន់ខ្លះរបស់អ៊ុយក្រែនក្តី។
- ទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍ថាកងកម្លាំងរុស្ស៊ីបានធ្វើការវាយប្រហារលើរដ្ឋធានីកៀវនៅប៉ែកខាងលិចនៃប្រទេសអ៊ុយក្រែននិងហួសពីនោះនៅថ្ងៃសៅរ៍នេះដែលជាការរំលឹកដល់ជនជាតិអ៊ុយក្រែននិងក្រុមអ្នកគាំទ្រពួកគេក្នុងលោកខាងលិចថាប្រទេសទាំងមូលនៅតែស្ថិតក្រោមការគំរាមកំហែង ទោះជារុស្ស៊ីបានបង្វែរទៅបើកធ្វើការវាយលុកថ្មីមួយក្នុងផ្នែកខាងកើតប្រទេសក៏ដោយ។
- បើតាមកាសែត Washington Post ថាពួកមន្ត្រីក្នុងក្រុងកៀវនិងក្រុង Lviv ក្នុងប៉ែកខាងលិចប្រទេសអ៊ុយក្រែនបានរាយការណ៍អំពីការផ្ទុះកាលពីព្រឹកថ្ងៃសៅរ៍ គឺមួយថ្ងៃក្រោយរុស្ស៊ីបានព្រមានថាខ្លួននឹងបង្កើនការវាយប្រហារលើរដ្ឋធានីនៃប្រទេសអ៊ុយក្រែន។ រដ្ឋាភិបាលម៉ូស្គូបានគំរាមកំហែងថានឹងវាយប្រហារជាថ្មីលើក្រុងកៀវជាការសងសឹកនឹងការវាយប្រហាររបស់អ៊ុយក្រែនលើដែនដីឬទ្រព្យសម្បត្តិរុស្ស៊ី។
- ទូរទស្សន៍អង់គ្លេស BBC បានរាយការណ៍ថាប្រទេសរុស្ស៊ីបានហាមប្រាមនាយករដ្ឋមន្ត្រីចក្រភពអង់គ្លសលោក Borris Johnson និងពួករដ្ឋមន្ត្រីជាន់ខ្ពស់ឯទៀតៗមិនឱ្យចូលក្នុងប្រទេសរុស្ស៊ីទេ ដោយសារគោលជំហរ«អរិភាព»របស់ចក្រភពអង់គ្លេសអំពីសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន។ លោកស្រី Liz Truss រដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីការពារជាតិលោកBen Wallace និងអ្នកនយោបាយជាន់ខ្ពស់១០នាក់ទៀតដែលភាគច្រើនជាសមាជិកគណៈរដ្ឋមន្ត្រីក៏ត្រូវបានហាមប្រាមដែរ។ រដ្ឋាភិបាលម៉ូស្គូបាននិយាយថាសេចក្តីសម្រេចនេះត្រូវបានធ្វើឡើងជាការសងសឹកនឹងការដាក់ទណ្ឌកម្មរបស់ចក្រភពអង់គ្លេសចាប់តាំងពីពេលដែលខ្លួនបានលុកលុយអ៊ុយក្រែន។ កាលពីខែមីនា រដ្ឋាភិបាលម៉ូស្គូក៏បានដាក់កំហិតការហាមប្រាមស្រដៀងគ្នានេះដែរប្រឆាំងនឹងប្រធានាធិបតីអាមេរិកលោកJoe Biden។
- ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថាលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានមានប្រសាសន៍ថាទាហានអ៊ុយក្រែនប្រមាណពី២.៥០០នាក់ទៅ៣.០០០នាក់ត្រូវបានសម្លាប់ក្នុងសង្គ្រាម៧សប្តាហ៍ជាមួយរុស្ស៊ីហើយមានប្រមាណ១ម៉ឺននាក់ទៀតបានត្រូវរបួស តែមិនទាន់មានការបញ្ជាក់អំពីចំនួនជនស៊ីវិលស្លាប់និងត្រូវរបួសទេ។ លោកZelenskyyបាននិយាយប្រាប់បណ្តាញទូរទស្សន៍ CNN កាលពីថ្ងៃសុក្រថា ទាហានរុស្ស៊ីពី១៩.០០០នាក់ទៅ២០.០០០នាក់ត្រូវបានសម្លាប់ក្នុងសង្គ្រាមនេះ។ រដ្ឋាភិបាលម៉ូស្គូបានថ្លែងកាលពីខែមុនថា ទាហានរុស្ស៊ី១.៣៥១នាក់ត្រូវបានសម្លាប់និង៣.៨២៥នាក់ទៀតបានត្រូវរបួស។ ទីភ្នាក់ងារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យអំពីតួលេខនៃភាគីនីមួយៗបានទេ។
- ទីភ្នាក់ងារព័ត៌មាន AP បានប្រមូលឯកសារអំពីការស្លាប់នៃជនស៊ីវិលក្នុងការវាយប្រហារនៅសប្តាហ៍នេះលើក្រុង Kharkiv នាប៉ែកខាងកើតប្រទេស ហើយជារៀងរាល់ថ្ងៃបានរកឃើញជនស៊ីវិលរងគ្រោះថ្មីៗនៅក្នុងសង្គ្រាមមួយដែលបានបំផ្លាញសន្តិសុខអឺរ៉ុប។គ្រាន់តែនៅក្នុងតំបន់រដ្ឋធានីកៀវតែមួយគត់ អាជ្ញាធរអ៊ុយក្រែនបានរាយការណ៍អំពីការរកឃើញសាកសពជនស៊ីវីលជាង៩០០នាក់ ភាគច្រើនត្រូវបានបាញ់សម្លាប់ ក្រោយក្រុមទាហានរុស្ស៊ីបានដកថយពីរសប្តាហ៍មុននេះ។
- ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថាឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោកស្រី Iryna Vereshchuk បានមានប្រសាសន៍ថាមានការយល់ព្រមបើកផ្លូវរបៀងមនុស្សធម៌៩នៅថ្ងៃសៅរ៍ដើម្បីជម្លៀសជនស៊ីវិល ដោយមានរួមបញ្ចូលក្រុមជនមកពីក្រុង Mariupol តាមរថយន្តឯកជនផងដែរ។ លោកស្រី Vereshchuk បានមានប្រសាសន៍ក្នុងសេចក្តីថ្លែងការណ៍មួយថាផ្លូវរបៀងប្រាំក្នុងបណ្តាផ្លូវរបៀងទាំង៩មានមកពីតំបន់ Luhansk ក្នុងប៉ែកខាងកើតប្រទេស ដែលក្រុមមន្ត្រីក្នុងមូលដ្ឋានបាននិយាយថាបានរងការបាញ់ផ្តក់យ៉ាងខ្លាំង។
- វិទ្យុ NPR របស់អាមេរិកបានរាយការណ៍ថានាវាចម្បាំងរុស្ស៊ីដែលមានផ្ទុកមីស៊ីលឈ្មោះ Moskvaនៅក្នុងសមុទ្រខ្មៅដែលបានរងការខូចខាតក្នុងអគ្គិភ័យកាលពីថ្ងៃព្រហស្បតិ៍ត្រូវបានបាញ់ចំដោយការវាយប្រហារដោយមីស៊ីលអ៊ុយក្រែនហើយក៏លិច នេះបើតាមការបញ្ជាក់ដោយមន្ត្រីជាន់ខ្ពស់ខាងការពារជាតិអាមេរិកម្នាក់កាលពីថ្ងៃសុក្រ។ រុស្ស៊ីនិងអ៊ុយក្រែនបានរាយការណ៍ខុសគ្នាអំពីអ្វីដែលបានកើតមានដល់កប៉ាល់ចម្បាំងនេះ។ក្រសូងការពារជាតិរុស្ស៊ីបាននិយាយថាមានអគ្គិភ័យក្នុងនាវានោះបានកើតឡើង បណ្តាលឱ្យមានការផ្ទុះគ្រាប់និងនាំឱ្យមានការជម្លៀសក្រុមនាវិក ដែលមានប្រមាណ៥០០នាក់។ អ៊ុយក្រែនវិញបានអះអាងការទទួលខុសត្រូវដោយនិយាយថាខ្លូនបានបាញ់នាវាចម្បាំងនោះដោយមីស៊ីលប្រឆាំងកប៉ាល់ធុនNeptune ពីរគ្រាប់នៅចម្ងាយប្រមាណ៩៦គីឡូម៉ែត្រពីឆ្នេរសមុទ្រនៃទីក្រុង Odesa៕
២៣:០៧
១៥.៤.២០២២
ថ្ងៃសុក្រ ទី១៥ ខែមេសា៖
- ក្រសួងការបរទេសប្រទេសម៉ាសេដ្វានបាននិយាយកាលពីថ្ងៃសុក្រថាបានប្រកាសថាអ្នកការទូតរុស្ស៊ីចំនួនប្រាំមួយរូបមិនត្រូវបានស្វាគមន៍ទេចំពោះការរំលោភលើបទដ្ឋានការទូតហើយបានបញ្ជាឱ្យពួកគេចាកចេញពីប្រទេស។ ក្រសួងការបរទេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «បុគ្គលទាំងនេះកំពុងធ្វើសកម្មភាពដែលផ្ទុយនឹងអនុសញ្ញាទីក្រុងវីយែនស្តីពីទំនាក់ទំនងការទូតហើយនឹងត្រូវចាកចេញពីទឹកដីនៃសាធារណរដ្ឋម៉ាសេដ្វានខាងជើងក្នុងរយៈពេលប្រាំថ្ងៃបន្ទាប់» ។ ស្ថានទូតរុស្ស៊ីថាការចោទប្រកាន់គឺ «គ្មានមូលដ្ឋានទាំងស្រុង» ហើយបានព្រមានអំពី «ផលវិបាកធ្ងន់ធ្ងរ» ។នេះជារបាយការណ៍របស់វិទ្យុអឺរ៉ុបសេរី/វិទ្យុសេរីភាព។
- ក្រុមប្រឹក្សាក្រុង Mariupol បាននិយាយកាលពីថ្ងៃសុក្រថា ពលរដ្ឋបានរាយការណ៍ថាទាហានរុស្ស៊ីកំពុងជីកយកសាកសពពីមុនដែលបានកប់ក្នុងទីធ្លាលំនៅដ្ឋានហើយមិនអនុញ្ញាតឱ្យមានការបញ្ចុះថ្មីណាមួយ «នៃមនុស្សដែលត្រូវបានសម្លាប់ដោយពួកគេ»។ ក្រុមប្រឹក្សាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើកម្មវិធីផ្ញើសារTelegram ថា «មូលហេតុអ្វីបានជាការសាកសពត្រូវ បានគាស់យកចេញហើយកន្លែងដែលសាកសពនឹងត្រូវយកទៅនោះ គឺមិនទាន់ដឹងនៅឡើយ»។ ការអះអាងនេះនៅមិនទាន់អាចផ្ទៀងផ្ទាត់បានដោយឯករាជ្យបានទេ។
- នាយករងរដ្ឋបាលរដ្ឋនៃទីក្រុងកៀវលោក Mykola Povoroznyk បាននិយាយកាលពីថ្ងៃសុក្រថាមនុស្សប្រហែល ៤0.000 ទៅ៥0.000នាក់បានត្រឡប់មករដ្ឋធានីអ៊ុយក្រែនវិញជារៀងរាល់ថ្ងៃទោះបីជាមានការព្រមានម្តងហើយម្តងទៀតពីអភិបាលក្រុងកៀវថាការគំរាមកំហែងនៅតែមានក៏ដោយ។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានThe Khyiv Independent។ អង្គការសហប្រជាជាតិបានថ្លែងក្នុងរបាយការណ៍ថ្មីបន្ទាន់ថាប្រជាជនអ៊ុយក្រែនជាង៨៧0.000 នាក់ដែលបានភៀសខ្លួនទៅក្រៅប្រទេសចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីកាលពីថ្ងៃទី២៤ ខែកុម្ភៈឥឡូវនេះបានត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញហើយដោយអង្គការសហប្រជាជាតិបង្ហាញពីការព្រួយបារម្ភអំពីការចុះខ្សោយនៃសន្តិសុខស្បៀងនៅក្នុងប្រទេសក៏ដូចជាបញ្ហាប្រឈមនឹងកង្វះលំនៅដ្ឋានដែលអាចកើតមានសម្រាប់ប្រជាជន ប្រសិនបើពួកគេមិនអាចវិលត្រឡប់ទៅផ្ទះវិញបានទេ។
- ការផ្ទុះដ៏ធំមួយបានកើតមាននៅទីក្រុង Kramatorsk ភាគខាងកើតអ៊ុយក្រែនដែលជាទីតាំងនៃការវាយប្រហារដោយមីស៊ីលលើស្ថានីយ៍រថភ្លើងមួយកាលពីសប្តាហ៍មុនដែលបានបណ្តាលឲ្យមនុស្សជាង ៥០ នាក់ស្លាប់ និងរងរបួសរាប់សិបនាក់។ អ្នកកាសែត Associated Press នៅក្នុងទីក្រុងបានឮសំឡេងរ៉ុក្កែតឬកាំជ្រួច ហើយបន្ទាប់មកមានការផ្ទុះ អមដោយសំឡេងស៊ីរ៉ែនកាលពីថ្ងៃសុក្រ។ គេមិនទាន់ដឹងថាមានអ្នកស្លាប់ឬក៏អត់នោះទេនៅពេលភ្លាមៗនេះ។
- យោងតាមសារព័ត៌មាន The Kyiv Independent បានឱ្យដឹងថាយន្តហោះដឹកជញ្ជូនទំនិញពាណិជ្ជកម្មដ៏ធំបំផុតរបស់ពិភពលោក គឺយន្តហោះ Mriya រងការបំផ្លិចបំផ្លាញនៅឯអាកាសយានដ្ឋានHostomelក្នុងប្រទេសអ៊ុយក្រែនបន្ទាប់ពីមានការប្រយុទ្ធគ្នាយ៉ាងធ្ងន់ធ្ងរជាមួយរុស្ស៊ី។ យន្តហោះ Mriya ដែលជាពាក្យអ៊ុយក្រែនមានន័យថា«សេចក្តីប្រាថ្នា» ត្រូវបានផលិតនៅចុងទសវត្សរ៍ទី១៩៨០ ដោយក្រុមហ៊ុនផលិត Antonovក្នុងទីក្រុងកៀវ។ នៅពេលនោះវាត្រូវបានរចនាឡើងជាផ្នែកមួយនៃកម្មវិធីអវកាសសូវៀត ហើយនៅទសវត្សរ៍ ១៩៩០ បន្ទាប់ពីការដួលរលំនៃសហភាពសូវៀត យន្តហោះ Mriya ត្រូវបានគេរៀបចំកែសម្រួលឡើងវិញសម្រាប់ការដឹកជញ្ជូនទំនិញពាណិជ្ជកម្ម។ ក្នុងរយៈពេល ៣០ ឆ្នាំនៃការបម្រើរបស់ខ្លួន វាបានបង្កើតកំណត់ត្រាពិភពលោកជាង ២០០ ។ គ្រប់ទីកន្លែងដែលវាបានទៅដល់ក្នុងពិភពលោកវាត្រូវបានហ្វូងអ្នកគាំទ្រដ៏ជក់ចិត្តនិងអ្នកតាមដានអាកាសចរណ៍ដែលរង់ចាំជាច្រើនម៉ោងនៅជិតផ្លូវរត់ដើម្បីមើលការចុះចតរបស់Mriya ។
- និយតករសារគមនាគមន៍របស់រុស្ស៊ីបានបិទគេហទំព័រជាភាសារុស្សីរបស់សារព័ត៌មានThe Moscow Times។ កាសែត The Moscow Times បាននិយាយថាគេហទំព័រជាភាសារុស្សីរបស់ខ្លួនត្រូវបានបិទបន្ទាប់ពីបានចុះផ្សាយនូវអ្វីដែលអាជ្ញាធរហៅថាជារបាយការណ៍មិនពិតស្តីពីមន្ត្រីប៉ូលិសកុបកម្មដែលបដិសេធមិនព្រមប្រយុទ្ធនៅអ៊ុយក្រែន។ អាជ្ញាធររុស្ស៊ីបានបិទបណ្តាញផ្សព្វផ្សាយ និងការបោះពុម្ពផ្សាយឯករាជ្យមួយចំនួននៅក្នុងការប៉ុនប៉ងដើម្បីគ្រប់គ្រងការផ្សាយអំពីការឈ្លានពានដែលមិនបង្កហេតុលើប្រទេសអ៊ុយក្រែន។
- ប្រធានកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ(WFP) បាននិយាយថាប្រជាជនកំពុង «អត់អាហារ» ក្នុងការឡោមព័ទ្ធទីក្រុង Mariupol របស់ប្រទេសអ៊ុយក្រែនហើយលោកបានព្យាករណ៍ថា វិបត្តិមនុស្សធម៌របស់ប្រទេសនេះទំនងជានឹងកាន់តែអាក្រក់ទៅៗ នៅពេលដែលប្រទេសរុស្ស៊ីបង្កើនការវាយប្រហាររបស់ខ្លួននៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។ នាយកប្រតិបត្តិ អង្គការWFPលោក David Beasleyក៏បានព្រមាននៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន The Associated Press នៅទីក្រុងកៀវថាការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែនដែលជាអ្នកនាំចេញគ្រាប់ធញ្ញជាតិបង្កហានិភ័យដល់អស្ថិរភាពប្រទេសនានានៅឆ្ងាយពីប្រទេសរបស់ខ្លួនផងដែរហើយអាចបង្កឱ្យមានរលកនៃជនចំណាកស្រុកដែលស្វែងរកជីវិតកាន់តែប្រសើរឡើងនៅកន្លែងផ្សេង។
- មនុស្ស ៧នាក់បានស្លាប់ និង ២៧នាក់បានរងរបួស បន្ទាប់ពីកងកម្លាំងរុស្ស៊ីបានបើកការបាញ់ប្រហារទៅលើរថយន្តក្រុងដែលដឹកជនស៊ីវិលនៅក្នុងភូមិ Borovaya របស់អ៊ុយក្រែននៅជិតទីក្រុង Kharkiv ភាគឦសាន។ អ្នកនាំពាក្យការិយាល័យរដ្ឋអាជ្ញាក្នុងតំបន់បានប្រាប់គេហទំព័រព័ត៌មានSuspilne របស់ប្រទេសអ៊ុយក្រែនកាលពីថ្ងៃសុក្រ។ លោក Dmytro Chubenko បាននិយាយថាទីភ្នាក់ងារអនុវត្តច្បាប់របស់អ៊ុយក្រែនកំពុងអង្កេតលើកាលៈទេសៈនៃការវាយប្រហារនេះ។ លោកបានបន្ថែមថាក្រុមអ្នកស៊ើបអង្កេតក៏កំពុងពិនិត្យមើលផ្លូវនិងទិសដៅនៃយានជំនិះដែលដឹកជញ្ជូនជនស៊ីវិលឆ្លងកាត់ទឹកដីដែលគ្រប់គ្រងដោយរុស្ស៊ីជុំវិញភូមិBorovaya ផងដែរ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Associated Press បានរាយការណ៍។
- ពលរដ្ឋអ៊ុយក្រែនអាចប្រើប្រាស់កម្មវិធីរបស់រដ្ឋាភិបាលដើម្បីដាក់សំណើសុំសំណងសម្រាប់ផ្ទះដែលត្រូវបានបំផ្លាញដោយកងកម្លាំងរុស្ស៊ីហើយរហូតមកដល់ពេលនេះ ប្រជាជនអ៊ុយក្រែនបានដាក់ពាក្យបណ្ដឹងទាមទារការខូចខាតទ្រព្យសម្បត្តិជាង ៧៧.000 ហើយ។
- រោងចក្រយោធាអ៊ុយក្រែនមួយនៅខាងក្រៅរដ្ឋធានីកៀវដែលផលិតមីស៊ីលដែលត្រូវបានអះអាងថាត្រូវយកមកបានប្រើដើម្បីវាយប្រហារនាវាចម្បាំងMoskva របស់រុស្ស៊ីត្រូវបានបំផ្លាញមួយផ្នែកដោយការវាយប្រហាររបស់រុស្ស៊ីនៅពេលយប់។ នេះបើតាមអ្នកកាសែត AFPនៅកន្លែងកើតហេតុបានឃើញកាលពីថ្ងៃសុក្រ។ រោងជាងមួយនិងអគាររដ្ឋបាលមួយនៅរោងចក្រ Vizar ដែលស្ថិតនៅក្បែរអាកាសយានដ្ឋានអន្តរជាតិ Zhuliany ទីក្រុងកៀវត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ។ រុស្ស៊ីបានប្រកាសថាមុននេះថាខ្លួនបានវាយប្រហាររោងចក្រដោយប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយឈ្មោះKalibr ដែលបាញ់ចេញពីមូលដ្ឋាននៅសមុទ្រ។ ការវាយប្រហារនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីអ៊ុយក្រែនបានអះអាងថាខ្លួនបានបំផ្លាញនាវាចម្បាំង Moskva របស់រុស្ស៊ីដែលទីក្រុងម៉ូស្គូបាននិយាយថាបានលិចដោយខ្លួនឯង។ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃសុក្រថាខ្លួននឹងបង្កើនការវាយប្រហារសំដៅទៅលើរដ្ឋធានីកៀវ របស់អ៊ុយក្រែនជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ុយក្រែនទៅលើគោលដៅរបស់រុស្ស៊ី។
- ឧបនាយករដ្ឋមន្ត្រីរុស្ស៊ីលោក Alexander Novak បាននិយាយនៅក្នុងការអត្ថាធិប្បាយដែលបានចេញផ្សាយនៅក្នុងទស្សនាវដ្តីផ្ទៃក្នុងកាលពីថ្ងៃសុក្រថាអ្នកទិញឧស្ម័នរុស្ស៊ីជាច្រើននាក់បានយល់ព្រមប្តូរទៅទូទាត់ជាប្រាក់រូប្លវិញ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានReuters បានរាយការណ៍។ លោកមិនបានបង្ហាញអត្តសញ្ញាណអតិថិជនដែលបានប្តូររួចនោះទេ។ ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីខែមុនថាអ្នកទិញឧស្ម័នរុស្ស៊ីពីប្រទេស «មិនមែនមិត្តភក្តិ» គួរតែបង់ជាប្រាក់រូប្លដែលជាទង្វើមួយដែលត្រូវបានច្រានចោលដោយអាជ្ញាធរសហភាពអឺរ៉ុបក្រោមការដាក់ទណ្ឌកម្មរបស់ប្លុកនេះប្រឆាំងនឹងទីក្រុងមូស្គូ។
- អង្គការមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) បាននិយាយកាលពីថ្ងៃសុក្រថាសង្រ្គាមនៅអ៊ុយក្រែនបានបង្កើតវិបត្តិមនុស្សធម៌ «ចំណាស់ជាងគេ» នៅលើពិភពលោក ហើយការចល័តដែលបានកាត់បន្ថយបានធ្វើឱ្យមនុស្សចាស់ពិបាករត់ចេញពីតំបន់សង្រ្គាមនិងទទួលបានជំនួយមនុស្សធម៌។
- រុស្ស៊ីនិយាយថា នាវាចម្បាំងនាំមុខរបស់ខ្លួននៅក្នុងសមុទ្រខ្មៅបានលិចកាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពីការផ្ទុះហើយអ៊ុយក្រែនអះអាងថា បានបាញ់ដោយកាំជ្រួច។ ការបាត់បង់នេះជាការ វាយដើរថយក្រោយមួយសម្រាប់រដ្ឋាភិបាលក្រុងមូស្គូខណៈដែលខ្លួនបាន ត្រៀមខ្លួនសម្រាប់ការវាយប្រហារថ្មីដែលទំនងជាកំណត់លទ្ធផលនៃជម្លោះ។ ក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេសបាននិយាយកាលពីថ្ងៃសុក្រថា ក្នុងនាមជានាវានៃកងនាវាចរសមុទ្រខ្មៅរបស់រុស្ស៊ី នាវាកម្រិត Slava ឈ្មោះ Moskva បានដើរតួយ៉ាងសំខាន់។ របាយការណ៍បានកត់សម្គាល់ថាថ្មីៗនេះ កប៉ាល់នេះបានបញ្ចប់ការកែលម្អយ៉ាងច្រើនដែលត្រូវបានរៀបចំឡើងដើម្បីបង្កើនសមត្ថភាពរបស់វា ហើយថ្មីៗនេះបានត្រឡប់ទៅធ្វើប្រតិបត្តិការវិញនៅឆ្នាំ ២០២១។ ឧបទ្ទវហេតុនេះមានន័យថាឥឡូវនេះប្រទេសរុស្ស៊ីបានរងការខូចខាតនាវាដ៏សំខាន់ៗចំនួនពីរចាប់តាំងពីការឈ្លានពានអ៊ុយក្រែនដែលមួយទៀតជានាវាចុះចតប្រភេទ Alligator-class Saratov របស់រុស្ស៊ីនៅថ្ងៃទី២៤ ខែមីនាហើយថានេះអាចនាំឱ្យរុស្ស៊ីពិនិត្យមើលឡើងវិញនូវស្ថានភាពដែនសមុទ្ររបស់ខ្លួននៅក្នុងសមុទ្រខ្មៅ។
- នៅពេលដែលពិភពលោកផ្តោតលើសង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែន ជម្លោះមួយទៀតកំពុងផ្ទុះ ឡើង នៅលើទូរស័ព្ទដៃរបស់អ្នកប្រើប្រាស់។ នៅក្នុងសង្គ្រាមព័ត៌មានTikTok បានក្លាយជាសមរ ភូមិ។ ការពេញនិយមក្នុងចំណោមទស្សនិកជនវ័យក្មេង វេទិកាដែលស្គាល់សម្រាប់វីដេអូរាំនោះនៅពេលនេះសម្រាប់អ្នកខ្លះបានក្លាយជាប្រភពព័ត៌មានអំពីសង្គ្រាមនៅអ៊ុយ ក្រែន។ ជាមួយនឹងខ្លឹមសារថ្មី ដែលមិនមានការផ្ទៀងផ្ទាត់ផ្សាយបន្តនៅលើTikTok ដោយធ្វើឲ្យ អ្នកវិភាគមួយចំនួនបារម្ភថា វេទិ កានេះតែងតែបម្រើដើម្បីបំភាន់អ្នកប្រើប្រាស់របស់ខ្លួនដែលមានចំនួន១ពាន់លាននាក់នៅទូទាំងពិភព លោក។ លោកAli Siddiqi នៃ VOA និង នាងLori Rampani រាយការណ៍ថា យុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិតអាចកំពុងបំភ័ន្តទស្សនៈរបស់យុវជនចំពោះសង្គ្រាមនៅអ៊ុយក្រែន។
- ក្រសួងការបរទេសអ៊ុយក្រែនបានចេញផ្សាយវីដេអូមួយកាលពីថ្ងៃសុក្រ ដោយថ្កោលទោសរុស្ស៊ីចំពោះការប្រើការបោកប្រាស់ និងព័ត៌មានមិនពិតជាយុទ្ធសាស្ត្រយោធា។ វីដេអូនោះដកស្រង់សម្តីប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyyដែលនិយាយថា «ប្រសិនបើអ្នកចង់ដឹងពីផែនការរបស់រុស្ស៊ីសូមមើលអ្វីដែលរុស្ស៊ីចោទប្រកាន់អ្នកដទៃ»។ រដ្ឋាភិ បាលអ៊ុយក្រែនបាននិយាយថា ការផ្សព្វផ្សាយព័ត៌មានមិនពិត «ផ្តល់គ្រាប់រំសេវ» សម្រាប់កិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់រុស្ស៊ី ហើយបានអំពាវនាវឱ្យពិភពលោកផ្សាយតែព័ត៌មានដែលបានផ្ទៀងផ្ទាត់អំពីសង្រ្គាមនៅអ៊ុយក្រែនដើម្បីជួយអ៊ុយក្រែន «បិទជើងមេឃ» ដើម្បីបញ្ឈប់ប្រទេសរុស្ស៊ី និងហាមឃាត់ការធ្វើពាណិជ្ជកម្មទាំងអស់ជាមួយរុស្ស៊ី។
- ទោះបី ជាមានការរំពឹងទុករបស់អ្នកសង្កេតការណ៍លោកខាងលិចថា កងកម្លាំងពីក្រុម Wagner របស់រុស្ស៊ី ដែលជាអង្គការយោធាមួយនឹងដកខ្លួនចេញពីប្រទេសលីប៊ីដើម្បីគាំទ្រការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនក៏ដោយ ក៏អ្នកវិភាគដែលបាននិយាយទៅកាន់ទូរទស្សន៍ Al Jazeeraរំពឹងថាក្រុមទាហានស៊ីឈ្នួលនេះនឹងបន្តស្នាក់នៅនិងគាំទ្រកងទ័ពជាតិលីប៊ីរបស់លោកKhalifa Haftar នៅក្នុងសង្គ្រាមស៊ីវិលក្នុងប្រទេសលីប៊ី។
- ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែនអ្នកស្រី Iryna Vereshchuk បានសរសេរនៅលើTelegramថាច្រករបៀងមនុស្សធម៌ចំនួនប្រាំបួនត្រូវបានយល់ព្រមសម្រាប់ថ្ងៃសុក្រដើម្បីជម្លៀសជនស៊ី វិល រួមទាំងផ្លូវសម្រាប់ជនស៊ីវិលដែលជាប់នៅក្នុងទីក្រុង Mariupol ដែលត្រូវបានឡោមព័ទ្ធដោយកម្លាំងរុស្ស៊ី។សារដែលបានបង្ហោះបានកត់សម្គាល់ថាផ្លូវជម្លៀសនឹងបើកចំហ «អាស្រ័យលើការបញ្ឈប់ការបាញ់ផ្លោងដោយកងកម្លាំងឈ្លានពាន» ។
- ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃសុក្រថា ខ្លួននឹងបង្កើនការវាយប្រហារសំដៅលើរដ្ឋធានីកៀវរបស់អ៊ុយក្រែន ជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ុយក្រែនទៅលើគោលដៅរបស់រុស្ស៊ី។ ទីភ្នាក់ងារសារព័ត៌មានAssociated Press រាយការណ៍ថា អាជ្ញាធររុស្ស៊ីបានចោទប្រ កាន់កងកម្លាំងអ៊ុយក្រែនថាបានបើកការវាយប្រហារតាមអាកាសទៅលើអគារលំនៅដ្ឋាននៅក្នុងតំបន់មួយរបស់រុស្ស៊ី ជាប់ព្រំដែនជាមួយអ៊ុយក្រែន។ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថាកង កម្លាំងរបស់ខ្លួនបានបាញ់ទម្លាក់ឧទ្ធម្ភាគចក្រMi-៨ របស់អ៊ុយ ក្រែន ដែលរុស្ស៊ីបាននិយាយថា បានវាយប្រហារភូមិ Klimovo កាលពីថ្ងៃព្រហស្បតិ៍ ហើយក៏បានបាញ់ទម្លាក់យន្តហោះចម្បាំងអ៊ុយក្រែន Sukhoi-២៧ ផងដែរ។ នេះបើយោងតាមទីភ្នាក់ ងារសារព័ត៌មាន Reuters។
- យោងតាមក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ និងធុរកិច្ច Moody's បានឱ្យដឹងថា ប្រទេសរុស្ស៊ីអាចស្ថិតក្នុងឋានៈគ្មានលុយសងបំណុលលើបំណុលរបស់ខ្លួនមួយចំនួន។
- ទីភ្នាក់ងារសារព័ត៌មានReutersបានរាយការណ៍ថា រុស្ស៊ីបានដល់ពេលបង់ប្រាក់នៅថ្ងៃទី៤ ខែមេសាសងបំណុលមូលបត្រចំនួនពីរគិតជាប្រាក់រូប្លជាជាងប្រាក់ដុល្លារដែលវាត្រូវបានតម្រូវឱ្យប្រើសម្រាប់ការទូទាត់។
- ក្រុមហ៊ុន Moody's បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ដូច្នេះប្រទេសរុស្ស៊ីអាចត្រូវបានចាត់ទុកថាត្រូវតាមនិយមន័យរបស់ Moody's អំពីការគ្មានលុយសងបំណុល ប្រសិន បើមិនត្រូវបានដោះស្រាយត្រឹមថ្ងៃទី៤ ខែឧសភា ដែលជាពេលចុងបញ្ចប់នៃរយៈពេលអនុ គ្រោះ»។
- ប្រទេសរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍បានព្រមានសហរដ្ឋអាមេរិកថា អាវុធដែលផ្គត់ផ្គង់ដល់អ៊ុយក្រែន ដោយសហរដ្ឋអាមេរិកនិងប្រទេសអូតង់ផ្សេងទៀតកំពុង «បន្ថែមភ្លើង»ដល់ជម្លោះហើយអាចនាំមកនូវ «ផលវិបាកដែលមិនអាចទាយទុកជាមុនបាន»។ នេះបើតាម កាសែត Washington Post បាន រាយការណ៍។
- កាសែតWashington Postបាននិយាយថា ក្រសួងការបរទេសសហរដ្ឋអាមេរិកបានបដិសេធមិនធ្វើអត្ថាធិប្បាយលើទំនាក់ទំនងការទូត ឬការឆ្លើយតបណាមួយរបស់សហរដ្ឋអាមេរិកទេ។
- លោក George Beebe អតីតនាយកផ្នែកវិភាគលើកិច្ចការរុស្ស៊ីនៅទីភ្នាក់ងារស៊ើបការណ៍កណ្តាល(CIA) បានប្រាប់កាសែតថា ប្រសិនបើការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននៅតែបន្តជួបប្រទះនឹងការលំបាកនោះ រុស្ស៊ីអាចនឹងវាយប្រហារទៅលើក្បួនរថយន្តផ្គត់ផ្គង់អាវុធរបស់អង្គការអូតង់ដែលផ្តល់អាវុធឲ្យអ៊ុយក្រែន ឬសូម្បីតែវាយប្រហារគោលដៅនៅក្នុងបណ្តាប្រទេសក្នុងអង្គការអូតង់នៅជិតអ៊ុយក្រែន។
- សមាជិកសភាអាមេរិក២រូបបានធ្វើដំណើរទៅកាន់ទីក្រុងកៀវប្រទេសអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍ ដោយក្លាយជាមន្ត្រីអាមេរិកដំបូងគេដែលមកធ្វើទស្សនកិច្ចចាប់តាំងពីរុស្ស៊ីបានឈ្លាន ពានអ៊ុយក្រែននៅថ្ងៃទី២៤ ខែកុម្ភៈមក។ អ្នកស្រីVictoria Spartz សមាជិករដ្ឋសភានៃរដ្ឋIndiana និងសមាជិកព្រឹទ្ធសភាលោក Steve Daines នៃរដ្ឋ Montana ដែលមកពីគណបក្សសាធារណរដ្ឋក៏បានធ្វើទស្សនកិច្ចនៅទីក្រុង Buchaដែលនៅខាងក្រៅទីក្រុងកៀវ ជាកន្លែងដែលសាកសពជន ស៊ីវិលត្រូវបានរកឃើញនៅតាមដងផ្លូវនិងផ្នូរដ៏ធំ បន្ទាប់ពីទាហានរុស្ស៊ីបានចាកចេញ។ អ្នកស្រីSpartz ជាអ្នកមានដើមកំណើតអ៊ុយក្រែនដំបូងគេដែលបានជាប់ឆ្នោតនៅក្នុងសភាសហរដ្ឋអាមេរិក។
០០:២៤
១៥.៤.២០២២
ថ្ងៃព្រហស្បតិ៍ ទី ១៤ ខែមេសា៖
- សភាអ៊ុយក្រែននៅថ្ងៃព្រហស្បតិ៍នេះបានគាំទ្រសេចក្ដីសម្រេចមួយដែលចាត់ទុកសកម្មភាពរបស់យោធារុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែនថាជា «អំពើប្រល័យពូជសាសន៍»។ សេចក្ដីសម្រេចដែលអនុម័តដោយសមាជិកសភាភាគច្រើនចំនួន ៣៦៣ នាក់របស់អ៊ុយក្រែននេះបានបញ្ជាក់ថា៖ «សកម្មភាពដែលប្រព្រឹត្តិដោយកងកម្លាំងរបស់រុស្ស៊ីគឺមិនគ្រាន់តែជាឧក្រិដ្ឋកម្មនៃភាពគឃ្លើនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបន្តសម្រេចតាមគោលបំណងនៃការបំផ្លិចបំផ្លាញជាប្រព័ន្ធនិងជាបន្តលើប្រជាពលរដ្ឋអ៊ុយក្រែន លើអត្តសញ្ញាណរបស់ប្រជាពលរដ្ឋអ៊ុយក្រែន និងជាការដកហូតសិទ្ធិស្វ័យសម្រេចនិងសិទ្ធិអភិវឌ្ឍន៍ដោយឯករាជ្យរបស់ប្រជាពលរដ្ឋអ៊ុយក្រែនផងដែរ»។ សេចក្ដីសម្រេចនោះបានបន្ថែមថា៖ «ករណីនេះតម្រូវឱ្យមានការទទួលស្គាល់ថា សកម្មភាពដែលប្រព្រឹត្តិឡើងដោយកងកម្លាំងរបស់រុស្ស៊ីនៅក្នុងអំឡុងពេលដំណាក់កាលចុងក្រោយនៃភាពគឃ្លើនបែបយោធារបស់រុស្ស៊ីលើអ៊ុយក្រែន ដែលបានចាប់ផ្ដើមកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងមកនេះ គឺជាអំពើប្រល័យពូជសាសន៍លើប្រជាពលរដ្ឋអ៊ុយក្រែន»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- រដ្ឋមន្ត្រីការពារជាតិកាណាដាលោកស្រី Anita Anandបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសកាណាដានឹងបញ្ជូនកងទ័ពរហូតដល់ ១៥០ នាក់ទៅកាន់ប្រទេសប៉ូឡូញដើម្បីគាំទ្រពលរដ្ឋអ៊ុយក្រែនដែលភៀសខ្លួនពីសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន និងដើម្បីជួយដោះស្រាយវិបត្តិជនភៀសខ្លួនដែលកំពុងកើនឡើង។ លោកស្រីបានបន្ថែមថា កងទ័ពទាំងនោះនឹងជួយជ្រោមជ្រែងនៅក្នុងផ្នែកព្យាបាលបន្ទាន់និងផ្នែកសម្រួលដំណើរការទទួលជនភៀសខ្លួននៅឯមណ្ឌលស្វាគមន៍នៅទូទាំងប្រទេសប៉ូឡូញ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋាភិបាលចក្រភពអង់គ្លេសបានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនបានដាក់ទណ្ឌកម្មលើមនុស្សជំនិតពីរនាក់របស់ម្ចាស់ក្លឹបបាត់ទាត់ Chelsea លោក Roman Abramovich ដើម្បីឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ ប្រធានក្លឹបបាល់ទាត់ Chelsea លោក Eugene Tenenbaum និងលោក David Davidovich ដែលជាដៃគូអាជីវកម្មរបស់លោក Abramovich នឹងរងការបង្កកទ្រព្យសម្បត្តិ។ រីឯលោក Davidovich ក៏នឹងរងការហាមឃាត់ការធ្វើដំណើរផងដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- មន្ត្រីរុស្ស៊ីនៅថ្ងៃព្រហស្បតិ៍នេះបានចោទប្រកាន់ប្រទេសអ៊ុយក្រែនថាបានបញ្ជូនឧទ្ធម្ភាគចក្រទៅទម្លាក់គ្រាប់បែកលើក្រុងមួយនៅក្នុងតំបន់ Bryansk នៅភាគខាងត្បូងប្រទេសរុស្ស៊ី ដែលស្ថិតនៅចម្ងាយប្រមាណ ១០ គីឡូម៉ែត្រពីព្រំដែន។ គណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ី ដែលជាគណៈកម្មាធិការស៊ើបអង្កេតលើឧក្រិដ្ឋកម្មធំៗ បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «កងទ័ពអ៊ុយក្រែនបានប្រើឧទ្ធម្ភាគចក្រយោធាពីរគ្រឿងដែលផ្ទុកដោយអាវុធធុនធ្ងន់ហោះចូលដោយខុសច្បាប់ក្នុងដែនអាកាសរបស់ប្រទេសរុស្ស៊ី»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការប៉ុនប៉ងរបស់អឺរ៉ុបនៅក្នុងការស្វែងរកជម្រើសផ្សេងក្រៅពីការនាំចូលឧស្ម័នពីរុស្ស៊ីគឺជា «ការឈឺចាប់សម្រាប់អ្នកផ្ដួចផ្ដើមគោលនយោបាយដូចនេះ»។ លោកបានអះអាងថា «មិនមានជម្រើសផ្សេងសមរម្យណាមួយដែលជំនួសឱ្យឧស្ម័នរបស់រុស្ស៊ីនៅទ្វីបអឺរ៉ុបបានទេនៅពេលឥឡូវនេះ»។ លោក Putin បានកត់សម្គាល់ថា «ការផ្គត់ផ្គង់ [ឧស្ម័ន] ពីប្រទេសផ្សេងទៀតដែលអាចបញ្ជូនទៅអឺរ៉ុប ជាពិសេសពីសហរដ្ឋអាមេរិក នឹងធ្វើឱ្យអ្នកប្រើប្រាស់ចំណាយច្រើនជាងការចំណាយលើឧស្ម័នរបស់រុស្ស៊ីជាច្រើនដង»។ លោកបានបន្ថែមថា វានឹង «ប៉ះពាល់ដល់ស្ដង់ដាររស់នៅរបស់ប្រជាពលរដ្ឋនិងភាពប្រកួតប្រជែងរបស់សេដ្ឋកិច្ចអឺរ៉ុប»។ សហភាពអឺរ៉ុបពឹងផ្អែកលើរុស្ស៊ីសម្រាប់ការនាំចូលឧស្ម័នធម្មជាតិចំនួន ៤០% និងការនាំចូលប្រេងឥន្ធនៈចំនួន ២៥%។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Associated Press។
- អ្នកនាំពាក្យក្រសួងការពារជាតិសហរដ្ឋអាមេរិកលោក John Kirby បាននិយាយនៅក្នុងកិច្ចសម្ភាសន៍មួយជាមួយទូរទស្សន៍ MSNBC នៅថ្ងៃព្រហស្បតិ៍នេះថា សហរដ្ឋអាមេរិកមិនទាន់មានព័ត៌មានគ្រប់គ្រាន់នៅពេលឥឡូវនេះដើម្បីបញ្ជាក់អំពីមូលហេតុដែលបណ្ដាលឱ្យមានការផ្ទុះនៅលើនាវាចម្បាំងរបស់រុស្ស៊ីនៅឡើយទេ។ កន្លងមក អ៊ុយក្រែនបានអះអាងថា ការផ្ទុះនៅលើនាវាចម្បាំងនោះគឺដោយសារមីស៊ីលរបស់ខ្លួន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រទេសចិននៅថ្ងៃព្រហស្បតិ៍នេះបានការពារជំហររបស់ខ្លួនលើសង្គ្រាមនៅអ៊ុយក្រែនថា «ស្ថិតនៅលើជ្រុងត្រឹមត្រូវនៃប្រវត្តិសាស្ត្រ»។ ការការពាររបស់ប្រទេសចិននេះបានធ្វើឡើង បន្ទាប់ពីសហរដ្ឋអាមេរិកបានព្រមានថា ភាពគ្មានឆន្ទៈរបស់រដ្ឋាភិបាលចិននៅក្នុងការដាក់ទណ្ឌកម្មលើរុស្ស៊ីអាចប៉ះពាល់ដល់ទំនាក់ទំនងរបស់ចិនជាមួយនឹងបណ្ដាប្រទេសសេដ្ឋកិច្ចផ្សេងទៀត។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បានទទូចនៅថ្ងៃព្រហស្បតិ៍នេះថា ជំហររបស់រដ្ឋាភិបាលចិនគឺមានលក្ខណៈ «មិនលំអៀង» ដោយបាននិយាយថា «ក្ដីបារម្ភត្រឹមត្រូវរបស់រុស្ស៊ីផ្នែកសន្តិសុខគួរតែត្រូវបានគោរពផងដែរ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- លោក Alexander Bogomaz អភិបាលតំបន់ Bryansk នៅភាគខាងត្បូងប្រទេសរុស្ស៊ីបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា អាគារស្នាក់នៅរបស់ពលរដ្ឋនៅក្នុងភូមិ Klimovo ត្រូវបានបាញ់ចំ បន្ទាប់ពីរងការបាញ់ផ្លោងពីកងទ័ពអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះថា នាវាមុជទឹករបស់ខ្លួននៅសមុទ្រជប៉ុន បានបាញ់មីស៊ីលស្វ័យនាំផ្លូវក្នុងអំឡុងពេលធ្វើសមយុទ្ធ។ ការបាញ់នេះបានធ្វើឡើងនៅចំពេលដែលរុស្ស៊ីមានភាពតានតឹងជាមួយនឹងជប៉ុនទាក់ទិននឹងការគាំទ្ររបស់ជប៉ុនចំពោះអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- ប្រទេសរុស្ស៊ីបានព្រមានអង្គការអូតង់ (NATO) នៅថ្ងៃព្រហស្បតិ៍នេះថា ប្រសិនបើប្រទេសស៊ុយអែតនិងប្រទេសហ្វាំងឡង់ចូលជាសមាជិករបស់អង្គការនេះ នោះរុស្ស៊ីនឹងត្រូវតែពង្រឹងផ្នែកការពាររបស់ខ្លួន និងថាការចរចាអំពីតំបន់បាល់ទិក «គ្មានអាវុធនុយក្លេអ៊ែរ» អាចមិនមានទៀតទេ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ ងារព័ត៌មាន Reuters។
- លោក Mykhailo Podolyak ដែលជាទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែននិងជាអ្នកចរចារបស់អ៊ុយក្រែននៅក្នុងការចរចាសន្តិភាពជាមួយនឹងរុស្ស៊ី និយាយនៅថ្ងៃព្រហស្បតិ៍នេះនៅក្នុងការថ្លែងតាមទូរទស្សន៍ថា ប្រទេសអ៊ុយក្រែនចង់បានប្រទេសជាច្រើនតាមដែលអាចធ្វើបានឱ្យធ្វើជាអ្នកធានាផ្នែកសន្តិសុខ ប៉ុន្តែប្រទេសរុស្ស៊ីមិនចង់ឱ្យមានការបង្កើនចំនួនប្រទេសធានាទាំងនោះទេ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- អង្គការសហប្រជាជាតិបានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះថា ពលរដ្ឋអ៊ុយក្រែនជាង៤ លាន ៧ សែននាក់បានភៀសខ្លួនពីប្រទេសនៅក្នុងរយៈពេល ៥០ ថ្ងៃកន្លងមកនេះតាំងពីពេលដែលរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនមក។ ឧត្តមស្នងការអង្គការសហប្រជា ជាតិទទួលបន្ទុកកិច្ចការជនភៀសខ្លួន (UNHCR) បានលើកឡើងថា ពលរដ្ឋអ៊ុយក្រែន ៤.៧៣៦.៤៧១ នាក់បានភៀសខ្លួនតាំងពីពេលដែលរុស្ស៊ីបានឈ្លានពានកាលពីថ្ងៃទី ២៤ ខែកុម្ភៈមក ដែលមានការកើនឡើងចំនួន ៧៩.៩៦២ នាក់ បើធៀបជាមួយនឹងតួលេខកាលពីថ្ងៃពុធ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
- ប្រទេសអៀរឡង់ ដែលជាប្រទេសគាំទ្រកិច្ចប្រឹងប្រែងរបស់ប្រទេសអ៊ុយក្រែននៅក្នុងការចូលជាសមាជិករបស់សហភាពអឺរ៉ុប បានបញ្ជូនរដ្ឋមន្ត្រីការបរទេសលោក Simon Coveney ទៅកាន់រដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែននៅថ្ងៃព្រហស្បតិ៍នេះ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Associated Press។ រដ្ឋាភិបាលអៀរឡង់បានបញ្ជាក់ថា លោក Coveney ដែលមានតួនាទីជារដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសអៀរឡង់ផងដែរនោះ មានគម្រោងពិភាក្សាអំពីវិធីដែលអៀរឡង់អាច «ជួយអ៊ុយក្រែននៅក្នុងការដាក់ពាក្យចូលជាសមាជិកសហភាពអឺរ៉ុប»។
- ប្រទេសរុស្ស៊ីបានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះថា នាវានាំមុខនៃកងនាវារបស់ខ្លួននៅសមុទ្រខ្មៅបានរងការខូចខាតយ៉ាងដំណំ និងថាមនុស្សនៅលើនាវាទាំងអស់ត្រូវបានជម្លៀសចេញ។ រុស្ស៊ីអះអាងថា ការខូចខាតនេះបណ្ដាលមកពីការផ្ទុះ រីឯអ៊ុយក្រែនវិញអះអាងថាបណ្ដាលមកពីការវាយប្រហារដោយមីស៊ីល។
- ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែនអ្នកស្រី Iryna Vereshchuk បាននិយាយថា ច្រករបៀងមនុស្សធម៌ចំនួន ៩ ត្រូវបានឯកភាពគ្នាសម្រាប់ថ្ងៃព្រហស្បតិ៍នេះដើម្បីជម្លៀសជនស៊ីវិលចេញពីទីក្រុង Mariupol។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- លោក Oleh Synyegubov អភិបាលតំបន់ Kharkiv នៃប្រទេសអ៊ុយក្រែន បាននិយាយថា ការបាញ់ផ្លោងរបស់រុស្ស៊ីលើទីក្រុង Kharkiv នៅថ្ងៃព្រហស្បតិ៍នេះបានធ្វើឱ្យជនស៊ីវិល ៤ នាក់ស្លាប់និង ១០ នាក់ទៀតរងរបួស។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ លោក Synyegubov បានជំរុញពលរដ្ឋនៃក្រុងមួយចំនួនទៀតឱ្យជម្លៀសចេញ ដោយលោកបាននិយាយថា ការវាយប្រយុទ្ធគ្នាអាចកើតឡើងនៅក្នុងតំបន់នេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ុយក្រែនលោក Serhiy Marchenko បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសអ៊ុយក្រែនកំពុងចរចាជាមួយនឹងដៃគូបរទេសនានាអំពីការផ្គត់ផ្គង់ហិ រញ្ញវត្ថុចំនួនប្រហែល ៨.០០០ លានដុល្លារ និងបានបន្ថែមថា កន្លងមកអ៊ុយក្រែនបានទទួលការផ្គត់ផ្គង់ជាថវិកាចំនួនជាង ៣.៥០០ លានដុល្លាររួចហើយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រធានាធិបតីសហរដ្ឋអាមេរិកលោកJoe Biden កាលពីថ្ងៃពុធ បានប្រកាសផ្ដល់ជំនួយថ្មីផ្នែកសន្តិសុខចំនួន ៨០០ លានដុល្លារដើម្បីជួយប្រទេសអ៊ុយក្រែនការពារខ្លួនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ ជំនួយនេះគឺជាការបន្ថែមទៅនឹងជំនួយចំនួន ២០០ លានដុល្លារដែលលោកបានផ្ដល់ជូនអ៊ុយក្រែនកាលពីសប្ដាហ៍មុន។ ការផ្ដល់ជំនួយលើកនេះបានធ្វើឡើង បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានថ្លែងសុន្ទរកថាទៅកាន់សភាសហរដ្ឋអាមេរិកកាលពីព្រឹកថ្ងៃពុធ។
- អធិការបតីអូទ្រីសលោក Karl Nehammer បានប្រាប់ទីភ្នាក់ងារព័ត៌មាន APA របស់ប្រទេសអូទ្រីសកាលពីថ្ងៃពុធថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានប្រាប់លោកនៅពេលលោកទាំងពីរបានជួបពិភាក្សាគ្នានៅជិតទីក្រុងមូស្គូ ប្រទេសរុស្ស៊ីកាល ពីថ្ងៃចន្ទថា ការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ីចំពោះអូទ្រីសនៅដំណើរការធម្មតា ហើយប្រ ទេសអូទ្រីសអាចនៅបន្តបង់ថ្លៃចំណាយជាប្រាក់អឺរ៉ូបាន។ ប្រទេសអូទ្រីសនាំចូលឧស្ម័នធម្មជាតិ ៨០% ពីប្រទេសរុស្ស៊ី និងបានប្រឆាំងនឹងការដាក់ទណ្ឌកម្មភ្លាមៗរបស់សហភាពអឺរ៉ុបចំពោះការនាំចូលឧស្ម័នពីរុស្ស៊ី ដោយថាវាមិនអាចធ្វើទៅរួចនោះទេនៅពេលឥឡូវនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
២៣:១៤
១៣.៤.២០២២
ថ្ងៃពុធ ទី ១៣ ខែមេសា៖
- រដ្ឋាភិបាលរុស្ស៊ីបានបញ្ជាក់នៅថ្ងៃពុធនេះថា ខ្លួនជំទាស់យ៉ាងដាច់អហង្ការចំពោះការលើកឡើងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ដែលថា សកម្មភាពរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែនគឺជា «អំពើប្រល័យពូជសាសន៍» និងបានចោទប្រកាន់រដ្ឋាភិបាលសហរដ្ឋអាមេរិកថាបានបន្លំលាក់ពុត។ អ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ីលោក Dmitry Peskov បាននិយាយនៅក្នុងសន្និសីទកាសែតតាមអនឡាញថា៖ «យើងចាត់ទុកការប្រឹងប្រែងដើម្បីបង្វែរស្ថានការណ៍បែបនេះថាមិនអាចទទួលយកបាន»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រធានាធិបតីប៉ូឡូញនិងប្រធានាធិបតី ៣ រូបផ្សេងទៀតនៃប្រទេសនៅតំបន់បាល់ទិក បានធ្វើទស្សនកិច្ចនៅថ្ងៃពុធនេះទៅកាន់ក្រុង Borodyanka ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីរដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែន។ ប្រធានាធិបតីលីទុយអានីលោក Gitanas Nauseda បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «វាជាការពិបាកនៅក្នុងការជឿថា អំពើសាហាវយង់ឃ្នងនៃសង្គ្រាមដូចនេះអាចធ្វើឡើងនៅក្នុងទ្វីបអឺរ៉ុបនាសតវត្សរ៍ទី ២១ នេះ ប៉ុន្តែនេះគឺជាការពិត។ នេះគឺជាសង្គ្រាមដែលយើងត្រូវតែឈ្នះ»។ លោកបានបន្ថែមថា៖ «កន្លែងនេះពោរពេញដោយភាពឈឺចាប់និងភាពរងទុក្ខ។ ពលរដ្ឋអ៊ុយក្រែនត្រូវបានសម្លាប់និងធ្វើទារុណកម្មនៅទីនេះ ហើយផ្ទះសម្បែងស្នាក់នៅនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលផ្សេងទៀតបានរងការទម្លាក់គ្រាប់បែក»។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
- រដ្ឋមន្ត្រីហិរញ្ញវត្ថុសហរដ្ឋអាមេរិកលោកស្រី Janet Yellen នៅថ្ងៃពុធនេះបានអំពាវនាវដល់ប្រទេសចិននិងប្រទេសផ្សេងទៀតឱ្យជួយបញ្ចប់ «សង្គ្រាមដ៏ឃោរឃៅ» របស់រុស្ស៊ីនៅអ៊ុយក្រែន។ លោកស្រីបានថ្លែងនៅក្នុងព្រឹត្តិការណ៍មួយដែលរៀបចំដោយអង្គការ Atlantic Council ថា លោកស្រីសង្ឃឹម «យ៉ាងមុតមាំ» ថា ប្រទេសចិននឹងអាចទាញប្រយោជន៍បែបវិជ្ជមានពី «ទំនាក់ទំនងពិសេស» របស់ខ្លួនជាមួយនឹងរុស្ស៊ី និងបាននិយាយថា ឋានៈរបស់ចិននៅលើពិភពលោកនឹងរងគ្រោះ ប្រសិនបើចិនបរាជ័យមិនបានធ្វើដូច្នេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋមន្ត្រីហិរញ្ញវត្ថុសហរដ្ឋអាមេរិកលោកស្រី Janet Yellen បាននិយាយនៅថ្ងៃពុធនេះថា ការរីកចម្រើនសេដ្ឋកិច្ចនៅលើពិភពលោកនឹងរងការប៉ះពាល់ដោយសារសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។ លោកស្រីបានកត់សម្គាល់ថា សង្គ្រាមនេះបានធ្វើឱ្យតម្លៃម្ហូបអាហារ ថាមពល និងលោហធាតុឡើងខ្លាំង ដោយបន្ថែមលើសម្ពាធអតិផរណាដែលមានស្រាប់។ អ្នកស្រីបានថ្លែងនៅក្នុងព្រឹត្តិការណ៍មួយដែលរៀបចំដោយអង្គការ Atlantic Council ថា «សង្គ្រាមនេះទំនងជានឹងប៉ះពាល់ដល់ការរីកចម្រើននៅលើពិភពលោក» និងបានបន្ថែមថា អ្នកស្រីព្រួយបារម្ភថាវិបត្តិសេដ្ឋកិច្ចអាចកើតឡើងនៅអឺរ៉ុប។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋមន្ត្រីហិរញ្ញវត្ថុសហរដ្ឋអាមេរិកអ្នកស្រី Janet Yellen បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសណាដែលស្វែងរកផលប្រយោជន៍ដោយមិនបានថ្កោលទោស «សង្គ្រាមដ៏ឃោរឃៅ» របស់រុស្ស៊ីលើអ៊ុយក្រែន គឺជាប្រទេសដែលមិនបានមើលឃើញវែងឆ្ងាយហើយនឹងប្រឈមនឹងផលវិបាក ប្រសិនបើប្រទេសទាំងនោះធ្វើឱ្យអន្តរាយដល់ទណ្ឌ កម្មរបស់ក្រុមបស្ចិមប្រទេស។ អ្នកស្រីបានបន្ថែមដូច្នេះថា៖ «សូមទុកចិត្តចុះ! ដរាបណា [ប្រធានាធិបតីរុស្ស៊ី] លោក Putin មិនបញ្ចប់សង្គ្រាមដ៏ឃោរឃៅដែលខ្លួនជ្រើសរើសធ្វើនេះទេ រដ្ឋបាលរបស់លោកប្រធានាធិបតី Biden នឹងធ្វើការជាមួយនឹងដៃគូរបស់សហរដ្ឋអាមេរិកដើម្បីរុញប្រទេសរុស្ស៊ីឱ្យកាន់តែឯកោបន្ថែមទៀតទាំងផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុនិងយុទ្ធសាស្ត្រ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់នៅថ្ងៃពុធនេះថា ទាហានអ៊ុយក្រែនជាង១.០០០ នាក់ បានចុះចាញ់នៅក្នុងទីក្រុង Mariupol។ ទីក្រុង Mariupol គឺជាទីក្រុងកំពង់ផែយុទ្ធ សាស្ត្រនៅភាគខាងកើតប្រទេសអ៊ុយក្រែនដែលកងទ័ពរុស្ស៊ីបានឡោមព័ទ្ធអស់ជាងមួយខែកន្លងមកហើយ។ ក្រសួងការពារជាតិរុស្ស៊ី បានលើកឡើងនៅក្នុងសេចក្ដីថ្លែង ការណ៍មួយថា៖ «នៅក្នុងទីក្រុង Mariupol... ទាហានអ៊ុយក្រែន ១.០២៦ នាក់នៃកង ពលតូចម៉ារីនលេខ៣៦ បានស្ម័គ្រចិត្តទម្លាក់អាវុធនិងចុះចាញ់»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- អង្គការយូណេស្កូ (UNESCO) បានបញ្ជាក់នៅថ្ងៃពុធនេះថា បូជនីយដ្ឋានវប្បធម៌និងសាសនាជិត១០០ កន្លែងនៅក្នុងប្រទេសអ៊ុយក្រែនបានរងការខូចខាតជាបន្តតាំងពីពេលដែលរុស្ស៊ីបានឈ្លានពានអ៊ុយក្រែននៅថ្ងៃទី ២៤ ខែកុម្ភៈមក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- របាយការណ៍មួយរបស់អង្គការសន្តិសុខនិងកិច្ចសហប្រតិបត្តិការអឺរ៉ុប (OSCE) ដែលចេញផ្សាយនៅថ្ងៃពុធនេះ បានចោទប្រកាន់ប្រទេសរុស្ស៊ីថាបាន «រំលោភលើច្បាប់មនុស្សធម៌អន្តរជាតិក្នុងទម្រង់យ៉ាងច្បាស់» នៅក្នុងប្រទេសអ៊ុយក្រែន។ របាយការណ៍នេះបានបន្ថែមថា ប្រសិនបើរុស្ស៊ីបានគោរពតាមកាតព្វកិច្ចជាអន្តរជាតិរបស់ខ្លួនបន្ទាប់ពីបានឈ្លានពានអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈមក «ចំនួនជនស៊ីវិលដែលត្រូវបានសម្លាប់ឬក៏រងរបួសគឺមានចំនួនតិចជាងនេះច្រើន»។ នេះបើតាមសេចក្តីរាយ ការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
- ឯកសារគោលនយោបាយរបស់រដ្ឋាភិបាលហ្វាំងឡង់ដែលចេញផ្សាយនៅថ្ងៃពុធនេះបានបញ្ជាក់ថា ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនបានផ្លាស់ប្ដូរយ៉ាងខ្លាំងដល់បរិយាកាសសន្តិសុខរបស់ប្រទេសហ្វាំងឡង់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- លោក Oleksiy Arestovych ទីប្រឹក្សាកំពូលរបស់ប្រធានាធិបតីអ៊ុយក្រែននៅថ្ងៃពុធនេះបាននិយាយថា រដ្ឋាភិបាលអ៊ុយក្រែនចង់ឱ្យអធិការបតីអាល្លឺម៉ង់លោក Olaf Scholz ធ្វើទស្សនកិច្ចនិងសន្យាផ្ដល់សព្វាវុធបន្ថែមទៀត។ ប្រធានាធិបតីអាល្លឺម៉ង់លោក Frank-Walter Steinmeier បានទទួលស្គាល់កាលពីថ្ងៃអង្គារថា លោកបានស្នើធ្វើទស្សនកិច្ចទៅកាន់ប្រទេសអ៊ុយក្រែនជាមួយនឹងមេដឹកនាំផ្សេងទៀតនៅអឺរ៉ុប ប៉ុន្តែរដ្ឋាភិបាលអ៊ុយក្រែនបានប្រាប់លោកថា អ៊ុយក្រែនមិនទាន់ស្វាគមន៍លោកនៅពេលនេះទេ។ ប៉ុន្តែលោក Arestovych បានថ្លែងប្រាប់ទូរទស្សន៍ ZDF របស់អាល្លឺម៉ង់ថា៖ «ខ្ញុំគិតថា ការអះអាងចម្បងគឺខុសពីនេះ។ ប្រធានាធិបតីរបស់យើងរំពឹងឱ្យអធិការបតីអាល្លឺម៉ង់ [លោក Scholz ធ្វើទស្សនកិច្ច] ដូច្នេះលោក Scholz អាចសម្រេចដោយផ្ទាល់និងតាមការប្រតិបត្តិជាក់ស្ដែងដែលក្នុងនោះរួមមានទាំងការផ្ដល់សព្វាវុធផងដែរ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- ប្រធានាធិបតីប៉ូឡូញលោក Andrzej Duda ប្រធានាធិបតីអេស្ដូនីលោក Alar Karis ប្រធានាធិបតីលីទុយអានីលោក Gitanas Nauseda និងប្រធានាធិបតីឡេតូនីលោក Egils Levits បានធ្វើដំណើរទៅរដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែនតាមរថភ្លើងនៅថ្ងៃពុធនេះ ដើម្បីបង្ហាញការគាំទ្រចំពោះប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ នេះបើតាមការបញ្ជាក់របស់លោក Jakub Kumoch ដែលជាទីប្រឹក្សារបស់ប្រធានាធិបតីប៉ូឡូញ។ លោក Kumoch ថា៖ «គោលបំណងរបស់យើងគឺដើម្បីគាំទ្រ ប្រធានាធិបតីអ៊ុយក្រែនលោក Zelenskyy និងអ្នកការ ពារអ៊ុយក្រែននៅក្នុងស្ថានការណ៍ផ្ដាច់ព្រាត់នេះសម្រាប់ប្រទេសអ៊ុយក្រែន»។ មុនពេលឡើងជិះរថភ្លើង ប្រធានាធិបតីទាំង ៤ រូបបានជួបគ្នានៅក្នុងទីក្រុង Rzeszow ប្រទេសប៉ូឡូញ នៅជិតព្រំដែនប្រទេសអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- ចក្រភពអង់គ្លេសបានបញ្ជាក់នៅថ្ងៃពុធនេះថា ខ្លួនបានដាក់ទណ្ឌកម្មថ្មីលើបុគ្គល ២០៦នាក់ដើម្បីឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ ចក្រភពអង់គ្លេសបានបន្ថែមថា ក្នុងចំណោមនោះ បុគ្គល១៧៨ នាក់មានការពាក់ព័ន្ធនៅក្នុងការជួយជ្រោមជ្រែងតំបន់ផ្ដាច់ខ្លួនដែលគាំទ្រដោយរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy នៅថ្ងៃពុធនេះបានជំរុញបណ្ដាប្រទេសនៅទ្វីបអឺរ៉ុបឱ្យចាត់វិធានការបន្ថែមទៀតប្រឆាំងនឹងរុស្ស៊ី ដោយលោកបានព្រមានថា «យើងអាចបញ្ឈប់រុស្ស៊ី ឬក៏អាចបាត់បង់អឺរ៉ុបខាងកើតទាំងមូលតែម្ដង»។ លោកបានថ្លែងទៅកាន់សភាអេស្ដូនីដូច្នេះថា៖ «ប្រសិនបើអឺរ៉ុបខ្ជះខ្ជាយពេលវេលា រុស្ស៊ីនឹងប្រើពេលវេលានោះដើម្បីពង្រីកតំបន់សង្គ្រាមទៅកាន់ប្រទេសផ្សេងទៀត»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានថ្លែងទៅកាន់សភាអេស្ដូនីនៅថ្ងៃពុធនេះ ដោយជំរុញឱ្យមេដឹកនាំនានាបញ្ឈប់ភាពគឃ្លើនរបស់រុស្ស៊ីតាមរយៈការចាត់វិធានការរួមគ្នា និងបានអំពាវនាវឱ្យមានការបន្តដាក់ទណ្ឌកម្មលើរុស្ស៊ី។ លោក Zelenskyy ថា ការដាក់ទណ្ឌកម្មគឺជាមធ្យោបាយតែមួយគត់ដែលអាចបង្ខំរុស្ស៊ីឱ្យពិចារណាអំពីសន្តិភាពបាន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- អ៊ុយក្រែនបានបញ្ជាក់នៅថ្ងៃពុធនេះថា ខ្លួនបានផ្អាកដំណើរការច្រករបៀងមនុស្សធម៌ទាំងអស់ដែលអនុញ្ញាតឱ្យជនស៊ីវិលភៀសខ្លួនពីតំបន់សង្គ្រាមសម្រាប់ថ្ងៃពុធនេះ ដោយបានចោទប្រកាន់កងទ័ពរុស្ស៊ីថាបានរំលោភលើកិច្ចព្រមព្រៀងច្រករបៀងមនុស្សធម៌នេះ។ ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែនអ្នកស្រី Iryna Vereshchuk បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយនៅលើបណ្ដាញសង្គមអនឡាញថា៖ «ជាអកុសល យើងមិនបើកច្រករបៀងមនុស្សធម៌នៅថ្ងៃនេះទេ។ ស្ថានការណ៍នៅតាមផ្លូវគឺមានគ្រោះថ្នាក់ខ្លាំងណាស់ ហើយយើងត្រូវបង្ខំផ្អាកច្រករបៀងមនុស្សធម៌នេះនៅថ្ងៃនេះ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនអ្នកស្រី Hanna Malyar បាននិយាយនៅថ្ងៃពុធនេះថា មានហានិភ័យខ្ពស់នៃករណីដែលរុស្ស៊ីប្រើអាវុធគីមីប្រឆាំងនឹងប្រទេសអ៊ុយក្រែន។ ការលើកឡើងនេះគឺជាការបន្ទរតាមការព្រមានរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy កាលពីដើមសប្ដាហ៍នេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌ មាន Reuters។ កាលពីថ្ងៃអង្គារ អ្នកស្រី Malyar បាននិយាយថា អាជ្ញាធរកំពុងពិនិត្យលើសេចក្ដីរាយការណ៍ដែលមិនមានការផ្ទៀងផ្ទាត់ដែលថារុស្ស៊ីប្រហែលជាបានប្រើអាវុធគីមីនៅពេលរុស្ស៊ីឡោមព័ទ្ធទីក្រុង Mariupol។
- ប្រធានាធិបតីបារាំងលោក Emmanuel Macron បានបដិសេធនៅថ្ងៃពុធនេះថា លោកនឹងមិននិយាយតាមការចោទប្រកាន់របស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ដែលថា រុស្ស៊ីបានប្រព្រឹត្តិ «អំពើប្រល័យពូជសាសន៍» លើពលរដ្ឋអ៊ុយក្រែននោះទេ ដោយលោកបានព្រមានថា ការបង្កើនពាក្យសម្ដីខ្លាំងៗនឹងមិនអាចជួយបញ្ចប់សង្គ្រាមនេះបានឡើយ។ លោក Macron បាននិយាយថា វាជាការប្រសើរបំផុតនៅ ក្នុងការ «ប្រយ័ត្នប្រយែង» ជាមួយនឹងការប្រើពាក្យ «ប្រល័យពូជសាសន៍» នៅក្នុងស្ថានភាពនេះ ជាពិសេសដោយសារតែ «ពលរដ្ឋអ៊ុយក្រែននិងពលរដ្ឋរុស្ស៊ីគឺជាពល រដ្ឋដែលមានភាតរភាពជាមួយគ្នា»។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
- ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កាលពីថ្ងៃអង្គារបានចោទប្រកាន់ជាលើកដំបូងបង្អស់ថា កងកម្លាំងរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានប្រព្រឹត្តិអំពើប្រល័យពូជសាសន៍នៅក្នុងប្រទេសអ៊ុយក្រែន។ លោក Biden បានប្រាប់អ្នកសារព័ត៌មានក្នុងពេលប៉ុន្មានម៉ោងក្រោយមកបន្ទាប់ពីលោកបានប្រើពាក្យ «ប្រ ល័យពូជសាសន៍» នេះនៅក្នុងអំឡុងពេលលោកថ្លែងសុន្ទរកថានៅក្នុងរដ្ឋ Iowa ថា៖ «មែន! ខ្ញុំបានហៅការប្រព្រឹត្តិនោះថាជាអំពើប្រល័យពូជសាសន៍»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- ក្រសួងការពារជាតិសហរដ្ឋអាមេរិក នឹងរៀបចំការប្រជុំមួយនៅថ្ងៃពុធនេះជាមួយនឹងក្រុមហ៊ុនផ្នែកការពារជាតិធំៗបំផុតរបស់សហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីការបំពេញតាមតម្រូវការរបស់ប្រទេសអ៊ុយក្រែនដែលស្នើសុំសព្វាវុធ។ អនុរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកអ្នកស្រី Kathleen Hicks បានប្រាប់អ្នកសារព័ត៌មានថា អ្នកស្រីនឹងចូលរួមនៅក្នុងការប្រជុំនេះ។ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin បាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកនឹង «បន្តផ្ដល់ជំនួយផ្នែកសន្តិសុខនិងសម្របសម្រួលជាមួយនឹងសម្ព័ន្ធមិត្តនិងដៃគូនានាដើម្បីគាំទ្រសមត្ថភាពរបស់ប្រទេសអ៊ុយក្រែននៅក្នុងការការពារខ្លួន»។
- សហរដ្ឋអាមេរិកត្រូវគេរំពឹងថា នឹងប្រកាសនៅពេលឆាប់ៗខាងមុខនេះអំពីជំនួយបន្ថែមផ្នែកសន្តិសុខរហូតដល់៧៥០លានដុល្លារសម្រាប់ប្រទេសអ៊ុយក្រែន ខណៈ ពេលដែលប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានអំពាវនាវសុំជំនួយបន្ថែមទៀតដើម្បីវាយបកលើកងទ័ពរុស្ស៊ី។ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Boris Johnson កាលពីថ្ងៃអង្គារ «បានបញ្ជាក់អំពីការតាំងចិត្តរបស់ខ្លួននៅក្នុងការបន្តផ្ដល់ជំនួយផ្នែកសន្តិសុខនិងផ្នែកមនុស្សធម៌ដល់ប្រទេសអ៊ុយក្រែន នៅក្នុងស្ថានការណ៍ដែលអ៊ុយក្រែនកំពុងប្រឈមនឹងអំពើឃោរឃៅជាបន្តរបស់ប្រទេសរុស្ស៊ី»។ នេះបើយោងតាមការបញ្ជាក់របស់សេតវិមាននៅក្នុងសេចក្តីថ្លែងការណ៍មួយ។
- អនុរដ្ឋមន្ត្រីសេដ្ឋកិច្ចសហរដ្ឋអាមេរិកលោក Wally Adeyemo ដែលជាអ្នកសម្រប សម្រួលចម្បងម្នាក់របស់សហរដ្ឋអាមេរិកលើយុទ្ធសាស្ត្រដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី បាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួនកំពុងជំរុញទៅមុខនូវការដាក់ទណ្ឌកម្មក្នុងគោលបំណងបង្ខំប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ឱ្យចំណាយថវិការបស់ប្រទេសរុស្ស៊ីជួយសេដ្ឋកិច្ចរបស់រុស្ស៊ីកុំឱ្យធ្លាក់ ចុះ ជាជាងចំណាយលើ «សព្វាវុធសង្គ្រាម» សម្រាប់ការប្រយុទ្ធនៅក្នុងប្រទេសអ៊ុយ ក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Associated Press។