ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។

LIVE BLOG: ព្រឹត្តិការណ៍ថ្មីៗអំពីការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ៣ វិច្ឆិកា ២០២២

រុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែន តាំងពីថ្ងៃទី២៤ ខែកម្ភៈ មក។ សូមតាមដានព្រឹត្តិការណ៍ថ្មីៗប្រចាំថ្ងៃទាក់ទងនឹងវិបត្តិអ៊ុយក្រែន នៅ​លើ​ទំព័រ Live Blog ដែលផ្សាយផ្ទាល់នេះ។

២២:២២ ១២.៤.២០២២

ថ្ងៃអង្គារ ទី ១២ ខែមេសា៖

  • ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ការ​ទាមទារ​របស់​ប្រទេស​អ៊ុយក្រែន​ម្ដង​អ៊ីចេះ​ម្ដង​អ៊ីចុះ​គឺ​ធ្វើ​ឱ្យ​យឺតយ៉ាវ​ដល់​ការ​ចរចា​ដើម្បី​បញ្ចប់​ប្រតិបត្តិការ​យោធា​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន។ លោក Putin បាន​បញ្ជាក់​នៅក្នុង​សន្និសីទ​កាសែត​មួយ បន្ទាប់ពី​បាន​ធ្វើ​ទស្សនកិច្ច​ទៅកាន់​កន្លែង​បង្ហោះ​យាន​អវកាស​មួយ​កន្លែង​នៅ​ភាគ​ខាង​កើត​បំផុត​នៃ​ប្រទេស​រុស្ស៊ី​ថា៖ «កាលពី​ម្សិលមិញ ភាគី​អ៊ុយក្រែន​បាន​កែប្រែ​ការ​ទាមទារ​ម្ដង​ទៀត​ហើយ។ ភាព​មិន​ស៊ី​សង្វាក់​គ្នា​នៃ​ចំណុច​សំខាន់ៗ​ទាំងនេះ​បាន​បង្កើត​ឱ្យ​មាន​ការ​លំបាក​មួយ​ចំនួន​នៅក្នុង​ការ​សម្រេច​ឱ្យ​បាន​ការ​ព្រមព្រៀង​ចុងក្រោយ»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា អតិផរណា​និង​ការ​កើនឡើង​នៃ​តម្លៃ​ម្ហូប​អាហារ​និង​ប្រេង​ឥន្ធនៈ​នៅ​ក្នុង​បណ្ដា​បស្ចិម​ប្រទេស​នឹង​ចាប់ផ្ដើម​ដាក់​សម្ពាធ​លើ​អ្នក​នយោបាយ​នៅ​ទីនោះ។ លោក Putin បាន​បញ្ជាក់​អំពី​ការ​ប្រឈម​មុខ​របស់​រុស្ស៊ី​ជាមួយ​នឹង​ក្រុម​បស្ចិម​ប្រទេស​ទាក់ទិន​នឹង​រឿង​អ៊ុយក្រែន​ថា ពេលវេលា​នឹង​ធ្វើ​ឱ្យ​អ្វីៗ​ដំណើរការ​ទៅតាម​លំនាំ​របស់​វា។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Barack Obama បាន​បញ្ជាក់​នៅក្នុង​កិច្ច​សម្ភាសន៍​មួយ​ដែល​ផ្សាយ​នៅក្នុង​កម្មវិធី «Today» របស់​ទូរទស្សន៍ NBC ថា ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin កំពុង​ធ្វើ​សកម្មភាព​ក្នុង​ឥរិយាបថ​ថ្មី​បែប​មិន​ប្រយ័ត្នប្រយែង​ទាក់ទិន​នឹង​ការ​ឈ្លានពាន​លើ​អ៊ុយក្រែន។ លោក Obama បញ្ជាក់​ដូច្នេះ​ថា៖ «លោក Putin គឺជា​មនុស្ស​គ្មាន​មេត្តា​ចំពោះ​ប្រជាពលរដ្ឋ​របស់​ខ្លួន​ក៏ដូចជា​ចំពោះ​អ្នក​ដទៃ»។ នេះ​បើ​យោង​តាម​បណ្ដាញ​ព័ត៌មាន CNN។
  • កងកម្លាំង​ព្រំដែន​អ៊ុយក្រែន​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា មនុស្ស​ជាង ៨៧០.០០០ នាក់ ដែល​បាន​ភៀសខ្លួន​ទៅ​បរទេស​តាំងពី​សង្គ្រាម​បាន​ចាប់ផ្ដើម​មក បាន​ត្រឡប់​មក​កាន់​ប្រទេស​អ៊ុយក្រែន​វិញ ដែល​ក្នុង​នោះ​មាន​ទាំង​ស្ត្រី​និង​កុមារ​ក្នុង​ចំនួន​កាន់តែ​ច្រើន​ផងដែរ។ លោក Andriy Demchenko អ្នក​នាំពាក្យ​កងកម្លាំង​ព្រំដែន​អ៊ុយក្រែន បាន​បញ្ជាក់​ថា នៅ​ពេល​បច្ចុប្បន្ន​នេះ ពលរដ្ឋ​អ៊ុយក្រែន​ចំនួន​ពី ២៥.០០០ នាក់​ទៅ ៣០.០០០ នាក់ បាន​ត្រឡប់​មក​កាន់​ប្រទេស​វិញ​ជា​រៀងរាល់​ថ្ងៃ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • មន្ត្រី​ជាន់ខ្ពស់​ផ្នែក​ការពារ​ជាតិ​មួយ​រូប​របស់​សហរដ្ឋ​អាមេរិក​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា សហរដ្ឋ​អាមេរិក​មិន​អាច​បញ្ជាក់​នៅ​ពេល​នេះ​ថា​ពិត​ប្រាកដ​ឬ​ក៏​យ៉ាង​ណា​នោះទេ​អំពី​ករណី​ដែល​ថា​មាន​ការ​ប្រើ​សារធាតុ​គីមី​នៅក្នុង​ការ​វាយប្រហារ​ក្នុង​ទីក្រុង Mariupol របស់​អ៊ុយក្រែន។ មន្ត្រី​ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នោះ​បាន​ប្រាប់​អ្នក​កាសែត​ថា៖ «យើង​មិន​អាច​បញ្ជាក់​យ៉ាង​ណា​នៅឡើយ​ទេ​នៅ​ពេល​នេះ​អំពី​ករណី​ដែល​ថា​មាន​ការ​ប្រើ​សារធាតុ​គីមី​នេះ»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលីលោកស្រី Marise Payne បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ប្រទេស​អូស្ត្រាលី​នឹង​ស៊ើបអង្កេត​លើ​សេចក្ដី​រាយការណ៍​ដែល​ថា​សារធាតុ​គីមី​អាច​ត្រូវ​បាន​ប្រើ​នៅក្នុង​ការ​វាយ​ប្រហារ​លើ​អ៊ុយក្រែន។ លោក​ស្រីបាន​ហៅ​សេចក្ដី​រាយការណ៍​អំពី​រឿង​នេះ​ថា​ជា «ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង» និង​បាន​និយាយ​ថា ប្រទេស​អូស្ត្រាលី​នឹង​ធ្វើការ​ជាមួយ​សមភាគី​របស់​ខ្លួន​ដើម្បី​ផ្ទៀងផ្ទាត់​សេចក្ដី​រាយការណ៍​ទាំងនេះ។ នេះ​បើ​យោង​តាម​បណ្ដាញ​ព័ត៌មាន CNN។
  • លោក Vadym Boichenko អភិបាល​ក្រុង Mariupol បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ការ​ប៉ាន់​ប្រមាណ​ថ្មី​ចុងក្រោយ​បង្អស់​គឺ​ថា ជន​ស៊ីវិល​ប្រហែល ២១.០០០ នាក់​នៃ​ទីក្រុង Mariupol ត្រូវ​បាន​សម្លាប់ តាំងពី​ពេល​ដែល​រុស្ស៊ី​បាន​ឈ្លានពាន​មក។ នៅក្នុង​ការ​លើកឡើង​មួយ​ដែល​ផ្សាយ​តាម​ទូរទស្សន៍ លោក Boichenko ថា វា​មាន​ការ​ពិបាក​នៅក្នុង​ការ​គណនា​ចំនួន​ពិត​ប្រាកដ​នៃ​អ្នក​ស្លាប់​និង​រង​របួស តាំងពី​ការ​វាយ​ប្រយុទ្ធ​គ្នា​នៅ​តាម​ដងផ្លូវ​បាន​ចាប់ផ្ដើម​មក។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
ផ្នូរសព​របស់​ជនស៊ីវិល​ដែល​ត្រូវ​បាន​សម្លាប់​ក្នុង​អំឡុងពេល​នៃ​ជម្លោះ​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន នៅ​ក្បែរ​អគារ​ស្នាក់នៅ​មួយ​កន្លែង​ក្នុង​ទីក្រុង Mariupol ប្រទេស​អ៊ុយក្រែន ថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២២។
ផ្នូរសព​របស់​ជនស៊ីវិល​ដែល​ត្រូវ​បាន​សម្លាប់​ក្នុង​អំឡុងពេល​នៃ​ជម្លោះ​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន នៅ​ក្បែរ​អគារ​ស្នាក់នៅ​មួយ​កន្លែង​ក្នុង​ទីក្រុង Mariupol ប្រទេស​អ៊ុយក្រែន ថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២២។
  • ​លោក Anatoliy Fedoruk អភិបាល​ក្រុង Bucha ដែល​ជា​ក្រុង​នៅ​ជិត​រដ្ឋធានី​កៀវ ប្រទេស​អ៊ុយក្រែន បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា កន្លងមក អាជ្ញាធរ​បាន​រក​ឃើញ​សាកសព ៤០៣ នាក់ ដែល​ពួកគេ​ជឿ​ថា​ត្រូវ​បាន​សម្លាប់​ដោយ​កងទ័ព​រុស្ស៊ី​ក្នុង​អំឡុងពេល​រុស្ស៊ី​ត្រួតត្រា​ក្រុង​នោះ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • រដ្ឋាភិបាល​អ៊ុយក្រែន​បាន​បញ្ជាក់​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ខ្លួន​បាន​រារាំង​ការ​ប៉ុនប៉ង​របស់​ជន​រុស្ស៊ី​ដែល​ចង់​លួច​ចូល​ប្រព័ន្ធ​កុំព្យូទ័រ​អ៊ុយក្រែន​ដើម្បី​បំផ្លាញ​បណ្ដាញ​អគ្គិសនី​របស់​អ៊ុយក្រែន​កាលពី​សប្ដាហ៍​មុន។ លោក Victor Zhora អ្នក​នាំពាក្យ​រដ្ឋាភិបាល​អ៊ុយក្រែន​បាន​និយាយ​ថា៖ «ក្រុម​នេះ​គឺ​ក្រុម​លួច​ចូល​ប្រព័ន្ធ​កុំព្យូទ័រ​បែប​យោធា។ គោល​បំណង​របស់​ពួកគេ​គឺ​ដើម្បី​បង្អាក់​ដំណើរការ​របស់​កន្លែង​មួយ​ចំនួន ដែល​រួម​មាន​ទាំង​ស្ថានីយ​ចែកចាយ​អគ្គិសនី​បន្ត​ផងដែរ»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ព្រមាន​ក្រុម​បស្ចិម​ប្រទេស​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ការ​ប៉ុនប៉ង​នៅក្នុង​ការធ្វើ​ឱ្យ​រុស្ស៊ី​នៅ​ឯកោ​នឹង​ទទួល​បរាជ័យ។ លោក​ព្រមាន​ដូច​នេះ​ដោយ​លើក​យក​ជោគជ័យ​របស់​កម្មវិធី​ដែន​អវកាស​របស់​សូវៀត​មក​ធ្វើ​ជា​ភស្តុតាង​ថា រុស្ស៊ី​អាច​សម្រេច​បាន​នូវ​ការលោត​ផ្លោះ​ដ៏​អស្ចារ្យ​ឆ្ពោះ​ទៅមុខ​នៅក្នុង​ស្ថាន ភាព​យ៉ាប់យ៉ឺន។ លោក Putin និយាយ​ដូច្នេះ​ថា៖ «ការដាក់​ទណ្ឌកម្ម​គឺ​មាន​គ្រប់​យ៉ាង ការកាត់​ផ្ដាច់​រុស្ស៊ី​ឱ្យ​នៅ​ឯកោ​គឺ​ធ្វើ​ឡើង​រួច​រាល់​ហើយ ប៉ុន្តែ​សហភាព​សូវៀត​នៅតែ​នាំមុខ​ផ្នែក​អវកាស»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​អំពាវនាវ​នៅ​ថ្ងៃ​អង្គារ​នេះ​ឱ្យ​សហភាព​អឺរ៉ុប​ដាក់​ទណ្ឌកម្ម​លើ​ធនាគារ​ទាំងអស់​និង​ប្រេង​ឥន្ធនៈ​របស់​ប្រទេស​រុស្ស៊ី​និង​ឱ្យ​ដាក់​កាល​បរិច្ឆេទ​កំណត់​ដើម្បី​បញ្ឈប់​ការ​នាំចូល​ឧស្ម័ន​ពី​ប្រទេស​រុស្ស៊ី។ លោក​លើកឡើង​ដូច្នេះ​នៅក្នុង​ការ​ថ្លែង​របស់​លោក​ទៅកាន់​សភា​ប្រទេស​លីទុយអានី។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ប្រតិបត្តិការ​យោធា​របស់​រុស្ស៊ី​នៅក្នុង​ប្រទេស​អ៊ុយក្រែន​នឹង​សម្រេច​បាន​យ៉ាង​ពិត​ប្រាកដ​តាម​គោល​បំណង «ដ៏​ខ្ពង់ខ្ពស់» របស់​ខ្លួន។ ទីភ្នាក់ងារ​ព័ត៌មាន​នានា​របស់​រុស្ស៊ី​បាន​ដកស្រង់​សម្ដី​របស់​លោក Putin ដែល​ថ្លែង​នៅក្នុង​ពិធី​ប្រគល់​រង្វាន់​មួយ​នៅ​កីឡដ្ឋាន Vostochny Cosmodrome នៅ​ភាគ​ខាង​កើត​បំផុត​នៃ​ប្រទេស​រុស្ស៊ី​ថា រដ្ឋាភិបាល​រុស្ស៊ី​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅពី​ការបើក​ប្រតិបត្តិការ​យោធា​ដើម្បី​ការពារ​ប្រទេស​រុស្ស៊ី​នោះ​ទេ និង​ថា ការ​ប៉ះ​ទង្គិច​គ្នា​ជាមួយ​នឹង​កងទ័ព​អ៊ុយក្រែន​គឺជា​រឿង​ដែល​មិន​អាច​ចៀស​រួច។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin ថ្លែង​សុន្ទរកថា​នៅ​រោងចក្រ​រ៉ុក្កែត​មួយ នៅ​ជាយ​ក្រុង Tsiolkovsky ប្រទេស​រុស្ស៊ី ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២។
ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin ថ្លែង​សុន្ទរកថា​នៅ​រោងចក្រ​រ៉ុក្កែត​មួយ នៅ​ជាយ​ក្រុង Tsiolkovsky ប្រទេស​រុស្ស៊ី ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២។
  • មេដឹកនាំ​លេខាធិការដ្ឋាន​កងទ័ព​ជើងគោក​របស់​ចក្រភព​អង់គ្លេស​លោក James Heappey បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ជម្រើស​ទាំងអស់​នឹង​លើក​យក​មក​ពិភាក្សា​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​ប្រើប្រាស់​របស់​រុស្ស៊ី​នូវ​អាវុធ​គីមី​ណាមួយ​នៅក្នុង​ប្រទេស​អ៊ុយក្រែន។ កាលពី​ថ្ងៃ​ចន្ទ រដ្ឋមន្ត្រី​ការបរទេស​ចក្រភព​អង់គ្លេស​អ្នកស្រី Liz Truss បាន​បញ្ជាក់​ថា ចក្រភព​អង់គ្លេស​កំពុង​ធ្វើការ​ជាមួយ​នឹង​ដៃគូ​របស់​ខ្លួន​ដើម្បី​ផ្ទៀងផ្ទាត់​ព័ត៌មាន​លម្អិត​នៃ​សេចក្ដី​រាយការណ៍​ដែល​ថា កងទ័ព​រុស្ស៊ី​ប្រហែលជា​បាន​ប្រើ​សារធាតុ​គីមី​នៅក្នុង​ការ​វាយប្រហារ​លើ​ទីក្រុង Mariupol របស់​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • លោក Eduard Basurin អ្នក​នាំពាក្យ​របស់​ក្រុម​ផ្ដាច់ខ្លួន​ដែល​គាំទ្រ​ដោយ​រុស្ស៊ី​នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន​បាន​បដិសេធ​ថាខ្លួន​មិន​បាន​ប្រើ​អាវុធ​គីមី​ដើម្បី​វាយ​ប្រហារ​លើ​កងទ័ព​អ៊ុយក្រែន​នៅក្នុង​ទីក្រុង Mariupol នោះទេ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មានAssociated Press។ ទីភ្នាក់ងារ​ព័ត៌មាន Interfax របស់​រុស្ស៊ី​បាន​ស្រង់​សម្ដី​របស់​លោក Basurin ដែល​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា កងកម្លាំង​ក្រុម​ផ្ដាច់​ខ្លួន «មិន​បាន​ប្រើ​អាវុធ​គីមី​ណាមួយ​នៅក្នុង​ទីក្រុង Mariupol នោះឡើយ»។ កង​យោធា​អ៊ុយក្រែន​ដែល​ការពារ​ទីក្រុង Mariupol បាន​អះអាង​ដោយ​មិន​បាន​ផ្ដល់​ភស្តុតាង​ថា ដ្រូន​មួយ​គ្រឿង​បាន​ទម្លាក់​សារធាតុ​ពុល​លើ​ទីតាំង​របស់​ខ្លួន ប៉ុន្តែ​មិន​បាន​បង្ក​ឱ្យ​មាន​ការ​រង​របួស​អ្វី​ធ្ងន់ធ្ងរ​នោះទេ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Associated Press។
  • នាយ​ខុទ្ទកាល័យ​គណៈរដ្ឋមន្ត្រី​ជប៉ុន​លោក Hirokazu Matsuno បាន​និយាយ​ថា រដ្ឋាភិ បាល​ជប៉ុន​មាន​ការ​ព្រួយ​បារម្ភ​អំពី​ករណី​ដែល​អាច​មាន​ការ​ប្រើ​អាវុធ​នុយក្លេអ៊ែរ​នៅក្នុង​សង្គ្រាម​នៅ​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។ លោក​បាន​បញ្ជាក់​នៅក្នុង​សន្និសីទ​កាសែត​មួយ​ដូច្នេះ​ថា៖ «យើង​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ករណី​ដែល​អាច​មាន​ការប្រើ​អាវុធ​នុយក្លេអ៊ែរ​នៅក្នុង​អំឡុងពេល​នៃ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន»។
  • គណៈប្រតិភូ​មកពី​រដ្ឋាភិបាល​ចម្រុះ​នៃ​ប្រទេស​អាល្លឺម៉ង់​បាន​បំពេញ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​អ៊ុយក្រែន​នៅ​ថ្ងៃ​អង្គារ​នេះ។ នេះ​បើ​យោង​តាម​ប្រភព​មួយ​ដែល​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP។ អ្នកស្រី Marie-Agnes Strack Zimmermann នៃ​គណបក្ស​ប្រជាធិបតេយ្យ​សេរី​និយម (FDP) លោក Michael Roth នៃ​គណបក្ស​ប្រជាធិបតេយ្យ​សង្គម​និយម (SDP) និង​លោក Anton Hofreiter នៃ​គណបក្ស​បៃតង (Green Party) បាន​ជួប​ជាមួយ​នឹង​សមាជិក​សភា​អ៊ុយក្រែន​នៅ​ភាគ​ខាង​លិច​ប្រទេស​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) បាន​ព្រមាន​នៅ​ថ្ងៃ​អង្គារ​នេះ​ថា សង្គ្រាម​របស់​រុស្ស៊ី​នៅក្នុង​ប្រទេស​អ៊ុយក្រែន​បាន​ធ្វើ​ឱ្យ​អាប់អួរ​ដល់​ក្ដី​រំពឹង​សម្រាប់​ពាណិជ្ជកម្ម​ពិភពលោក។ អង្គការ​នេះ​បាន​បញ្ជាក់​ថា សង្គ្រាម​នេះ​នឹង​បំផ្លាញ​ការ​រីកចម្រើន​របស់​ពាណិជ្ជកម្ម​នៅលើ​ពិភពលោក​នៅក្នុង​ឆ្នាំ​នេះ និង​ធ្វើ​ឱ្យ​ការ​រីកចម្រើន​របស់​ផលិផល​ក្នុង​ស្រុក​សរុប (GDP) ធ្លាក់ចុះ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • អង្គការ​សហប្រជាជាតិ​បាន​បញ្ជាក់​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ពលរដ្ឋ​អ៊ុយក្រែន​ជាង ៤ លាន ៦ សែន​នាក់​បាន​ភៀស​ខ្លួន​ពី​សង្គ្រាម​នៅ​អ៊ុយក្រែន។ ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​ជន​ភៀសខ្លួន (UNHCR) បាន​លើកឡើង​ថា ពលរដ្ឋ​អ៊ុយក្រែន ៤.៦១៥.៨៣០ នាក់​បាន​ភៀស​ខ្លួន​ពី​ប្រទេស​តាំងពី​ពេល​ដែល​រុស្ស៊ី​បាន​ឈ្លានពាន​កាលពី​ថ្ងៃ​ទី ២៤ ខែ​កុម្ភៈ​មក ដែល​មាន​ការ​កើនឡើង​ចំនួន ៦៨.០៩៥ នាក់ បើ​ធៀប​ជាមួយ​នឹង​តួលេខ​កាលពី​ថ្ងៃ​ចន្ទ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • លោក​នាយ​ឧត្តមនាវី Rob Bauer ដែល​ជា​ប្រធាន​គណៈកម្មាធិការ​យោធា​របស់​អង្គការ​អូតង់(NATO) បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា វា​គឺជា​សិទ្ធិ​អធិបតេយ្យ​របស់​ប្រទេស​នានា​ដូចជា​ស៊ុយអែត​និង​ហ្វាំងឡង់​ជាដើម​នៅក្នុង​ការ​សម្រេច​ថាតើ​ពួកគេ​ចង់​ចូល​ជា​សមាជិក​អង្គការ​អូតង់​ឬ​ក៏​អត់។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។ លោក Bauer បាន​ថ្លែង​ទៅកាន់​អ្នក​សារព័ត៌មាន​នៅក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាងត្បូង​ថា អង្គការ​អូតង់​មិនមែន​ជា​អង្គការ​ដែល​ទាមទារ​នោះទេ និង​មិន​បាន​ដាក់​សម្ពាធ​លើ​ប្រទេស​ណា​មួយ​ឱ្យ​ចូល​ជា​សមាជិក​របស់​ខ្លួន ឬ​ផ្ដល់​សព្វាវុធ​ដល់​ប្រទេស​អ៊ុយក្រែន​នោះឡើយ។
  • ការ​វាយ​ប្រយុទ្ធ​នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន​នឹង​កើនឡើង​កាន់តែ​ខ្លាំង​នៅក្នុង​រយៈពេល​ពីរ​ទៅ​បី​សប្ដាហ៍​ខាង​មុខ ដោយសារតែ​រុស្ស៊ី​បន្ត​ផ្ដោត​ប្រតិបត្តិការ​របស់​ខ្លួន​ឡើង​វិញ​នៅ​ទីនោះ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​នៅ​លើ Twitter របស់​ក្រសួង​ការពារ​ជាតិ​ចក្រភព​អង់គ្លេស​នៅក្នុង​ការ​ជូន​ដំណឹង​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​អំពី​ការ​ស៊ើបការណ៍​សម្ងាត់​នៅ​សមរភូមិ​នៅ​ថ្ងៃ​អង្គារ​នេះ។
  • មេដឹកនាំ​សាសនា​មួយ​ក្រុម​នឹង​ធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​អ៊ុយក្រែន​នៅ​ថ្ងៃ​អង្គារ​នេះ ដើម្បី​បង្ហាញ​ការ​គាំទ្រ​ដល់​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​សង្គ្រាម។ គណៈប្រតិភូ​នេះ​មាន​ដូចជា​ព្រះសង្ឃ មេដឹកនាំ​សាសនា​ជ្វីហ្វ បព្វជិត​ឥស្លាម មេដឹកនាំ​សាសនា​ព្រះពុទ្ធ មេដឹកនាំ​សាសនា​ហិណ្ឌូ និង​អតីត​មេដឹកនាំ​ព្រះវិហារ​គ្រិស្ដ​សាសនា​អង់គ្លេស Canterbury លោក Rowan Williams។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​បណ្ដាញ​ព័ត៌មាន BBC។ ក្រុម​នេះ​នឹង​ជួប​ជាមួយ​នឹង​ជន​ផ្លាស់ទី​ដោយ​បង្ខំ​នៅក្នុង​ប្រទេស​អ៊ុយក្រែន ដែល​រត់​គេច​ពី​សង្គ្រាម​នៅ​ភាគ​ខាង​កើត​ប្រទេស​ទៅ​ទីក្រុង Chernivtsi នៅ​ភាគ​ខាង​លិច​ប្រទេស។
  • ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden និង​នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi មាន «ការផ្ដោះប្ដូរ​ទស្សនៈ​គ្នា​ដោយ​ស្មោះត្រង់» អំពី​សង្គ្រាម​នៅ​អ៊ុយ ក្រែន នៅក្នុង​ជំនួប​តាម​អនឡាញ​កាលពី​ថ្ងៃ​ចន្ទ។ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Antony Blinken បាន​ប្រាប់​អ្នក​កាសែត​បន្ទាប់ពី​ជំនួប​តាម​អនឡាញ​នេះ​បាន​បញ្ចប់​ទៅ​ថា៖ «វា​ជា​ការ​សំខាន់​ដែល​ប្រទេស​ទាំងអស់ ជាពិសេស​ប្រទេស​ដែល​មាន​ឥទ្ធិពល​មាន​ប្រៀប ដាក់​សម្ពាធ​លើ [ប្រធានាធិបតី​រុស្ស៊ី] លោក Putin ឱ្យ​បញ្ចប់​សង្គ្រាម»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • អ្នកស្រី Sima Bahous ប្រធាន​អង្គការ​ស្ត្រី​អង្គការ​សហប្រជាជាតិ បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា មាន​សេចក្ដី​រាយការណ៍​កាន់តែ​ច្រើន​ថា​មាន​ករណី​ចាប់​រំលោភ​និង​អំពើ​ហិង្សា​ផ្លូវ​ភេទ​ធ្វើ​ឡើង​លើ​ស្ត្រី​និង​កុមារ​នៅក្នុង​ប្រទេស​អ៊ុយក្រែន។ អ្នកស្រី​បាន​បន្ថែមថា ការ​ចោទ​ប្រកាន់​ទាំងនេះ​ត្រូវតែ​ស៊ើបអង្កេត។ នេះ​បើ​យោង​តាម​បណ្ដាញ​ព័ត៌មាន CNN។
២១:៥០ ១១.៤.២០២២

ថ្ងៃចន្ទ ទី ១១ ខែមេសា៖

  • នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា លោក​បាន​ស្នើ​ឱ្យ​មាន​ការ​ចរចា​ដោយ​ផ្ទាល់​រវាង​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin និង​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy និង​បាន​បន្ថែម​ថា លោក​យល់​ថា​ស្ថានការណ៍​នៅក្នុង​ប្រទេស​អ៊ុយក្រែន​មាន​លក្ខណៈ​គួរ​ឱ្យ​ព្រួយ​បារម្ភ​ខ្លាំង។ លោក Modi បាន​លើកឡើង​ដូច្នេះ បន្ទាប់ពី​លោក​បាន​ជួប​ប្រជុំ​តាម​អនឡាញ​ជាមួយ​នឹង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden នៅ​ថ្ងៃ​ចន្ទ​នេះ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden ជួប​ជាមួយ​នឹង​នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក Narendra Modi នៅ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២១។
រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden ជួប​ជាមួយ​នឹង​នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក Narendra Modi នៅ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២១។
  • ​រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​អៀរឡង់ លីទុយអានី និង​ហូឡង់​បាន​បញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ផ្នែក​ប្រតិបត្តិ​នៃ​សហភាព​អឺរ៉ុប​កំពុង​ព្រាង​សំណើ​សម្រាប់​ការ​ហាមឃាត់​ការ​នាំចូល​របស់​សហភាព​អឺរ៉ុប​នូវ​ប្រេង​ឥន្ធនៈ​ពី​ប្រទេស​រុស្ស៊ី បើ​ទោះបីជា​មិន​ទាន់​មាន​កិច្ច​ព្រមព្រៀង​ណា​មួយ​នៅ​ឡើយ​នៅក្នុង​ការ​ហាមឃាត់​ប្រេង​ឆៅ​របស់​រុស្ស៊ី​នេះ​ក៏ដោយ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ប្រទេស​រុស្ស៊ី​បាន​បញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ប្រទេស​អ៊ុយក្រែន ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​ផ្នែក​ស៊ើបការណ៍​សម្ងាត់​របស់​ចក្រភព​អង់គ្លេស កំពុង​រៀបចំ​ការ​ចោទ​ប្រកាន់​ក្លែងក្លាយ​ថ្មី​ថា​រុស្ស៊ី​ប្រព្រឹត្ត​អំពើ​ហិង្សា​លើ​អ៊ុយក្រែន។ ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​បញ្ជាក់​ដូច្នេះ​ថា៖ «ការ​បង្កហេតុ​ដែល​រៀបចំ​ឡើង​បែប​ក្លែងក្លាយ​ថ្មី​ដែល​ចោទ​ប្រកាន់​កងទ័ព​រុស្ស៊ី​ថា​បាន​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​លើ​ប្រជាពលរដ្ឋ​អ៊ុយក្រែន​កំពុង​រៀបចំ​ឡើង​ដោយ​រដ្ឋាភិបាល​អ៊ុយក្រែន​នៅក្រោម​ការ​ដឹកនាំ​របស់​ផ្នែក​សេវា​ពិសេស​របស់​ចក្រភព​អង់គ្លេស​នៅ​ក្នុង​ដែនដី​នៃ​តំបន់ Sumy»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • តំបន់​ចំនួន​ ៣ របស់​ប្រទេស​រុស្ស៊ី​នៅ​ជាប់​ប្រទេស​អ៊ុយក្រែន​បាន​ប្រកាស​ថា ពួកគេ​បាន​បង្កើន​វិធានការ​សន្តិសុខ​នៅ​ថ្ងៃ​ចន្ទ​នេះ​ទាក់ទិន​នឹង​អ្វី​ដែល​ពួកគេ​បាន​បញ្ជាក់​ថា​ជា​ការ «បង្កហេតុ​ដែល​អាច​ទៅ​រួច» ពី​ភាគី​អ៊ុយក្រែន។ អាជ្ញាធរ​នៅក្នុង​តំបន់ Belgorod តំបន់ Voronezh និង​តំបន់ Bryansk នៃ​ប្រទេស​រុស្ស៊ី​បាន​ប្រកាស​ថា ពួកគេ​បាន​បង្កើន​សន្តិសុខ​និង​បាន​ជំរុញ​ពលរដ្ឋ​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • មន្ត្រី​ជាន់ខ្ពស់​ផ្នែក​ការពារ​ជាតិ​មួយ​រូប​របស់​សហរដ្ឋ​អាមេរិក​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា សហរដ្ឋ​អាមេរិក​ជឿ​ថា ប្រទេស​រុស្ស៊ី​បាន​ចាប់ផ្ដើម​ពង្រឹង​និង​បង្កើន​កងទ័ព​របស់​ខ្លួន​នៅក្នុង​តំបន់ Donbas នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន។ មន្ត្រី​ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នេះ​បាន​បន្ថែម​ថា សហរដ្ឋ​អាមេរិក​មិន​គិត​ថា​នេះ​គឺជា​ការ​ចាប់ផ្ដើម​នៃ​ការ​វាយ​ប្រហារ​ថ្មី​នៅក្នុង​តំបន់​នោះទេ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • អធិការបតី​អូទ្រីស​លោក Karl Nehammer បាន​ពិភាក្សា «យ៉ាង​ម៉ឺងម៉ាត់​ដោយ​ផ្ទាល់​និង​បើក​ចំហ» ជាមួយ​នឹង​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin នៅក្នុង​រដ្ឋធានី​មូស្គូ ប្រទេស​រុស្ស៊ី​នៅ​ថ្ងៃ​ចន្ទ​នេះ។ នៅក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​បន្ទាប់ពី​ជំនួប​នេះ​បាន​បញ្ចប់​ទៅ លោក Nehammer បាន​និយាយ​ថា សារ​សំខាន់​បំផុត​របស់​លោក​ចំពោះ​លោក Putin គឺ​ថា សង្គ្រាម​នៅក្នុង​ប្រទេស​អ៊ុយក្រែន​ត្រូវតែ​បញ្ចប់ ដោយសារតែ «នៅក្នុង​សង្គ្រាម​គឺ​មាន​តែ​អ្នក​ចាញ់​ប៉ុណ្ណោះ​សម្រាប់​ភាគី​ទាំង​សងខាង»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ប្រទេស​ចំនួន ៣ នៅ​អឺរ៉ុប​បាន​បញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ពួកគេ​បាន​ផ្ដល់​ថវិកា​ប្រហែល ២ លាន ៥ សែន​អឺរ៉ូ​ទៅ​ឱ្យ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) ស្រប​ពេល​ដែល​តុលាការ​នេះ​កំពុង​ស៊ើប​អង្កេត​លើ​ការ​ចោទ​ប្រកាន់​ដែល​ថា​រុស្ស៊ី​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅក្នុង​ប្រទេស​អ៊ុយក្រែន។ ការ​ប្រកាស​របស់​រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​អាល្លឺម៉ង់ ហូឡង់ និង​ស៊ុយអែត​នេះ​បាន​ធ្វើ​ឡើង បន្ទាប់ពី​ពួកគេ​បាន​ជួបជាមួយ​នឹង​ប្រធាន​រដ្ឋអាជ្ញា​តុលាការ ICC លោក Karim Khan រួម​ជាមួយ​នឹង​បណ្ដា​ប្រទេស​អឺរ៉ុប​ផ្សេង​ទៀត។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • នាយករដ្ឋមន្ត្រី​លីទុយអានី​អ្នកស្រី Ingrida Simonyte បាន​ធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​អ៊ុយក្រែន​នៅ​ថ្ងៃ​ចន្ទ​នេះ​ដើម្បី​បង្ហាញ​ការ​គាំទ្រ​ដល់​ប្រទេស​អ៊ុយក្រែន​ដែល​កំពុង​ស្ថិត​ក្រោម​ការ​វាយប្រហារ​របស់​ប្រទេស​រុស្ស៊ី។ នៅក្នុង​អំឡុង​ពេល​ទស្សនកិច្ច​ដែល​មិន​បាន​ប្រកាស​ជា​មុន​នេះ អ្នកស្រី​គ្រោង​នឹង​ជួប​ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy។ លោក Zelenskyy គ្រោង​នឹង​ថ្លែង​ទៅកាន់​សភា​ប្រទេស​លីទុយអានី​នៅ​ថ្ងៃ​អង្គារ​ស្អែក។
នាយករដ្ឋមន្ត្រី​លីទុយអាលី អ្នកស្រី Ingrida Simonyte (ស្ដាំ) និង​សមភាគី​អ៊ុយក្រែន លោក Denys Shmyhal ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ក្រុង Borodianka ក្នុង​តំបន់​កៀវ ខណៈ​ដែល​រុស្ស៊ី​បន្ដ​ឈ្លានពាន​អ៊ុយក្រែន ថ្ងៃទី១១​ ខែមេសា ឆ្នាំ២០២២។
នាយករដ្ឋមន្ត្រី​លីទុយអាលី អ្នកស្រី Ingrida Simonyte (ស្ដាំ) និង​សមភាគី​អ៊ុយក្រែន លោក Denys Shmyhal ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ក្រុង Borodianka ក្នុង​តំបន់​កៀវ ខណៈ​ដែល​រុស្ស៊ី​បន្ដ​ឈ្លានពាន​អ៊ុយក្រែន ថ្ងៃទី១១​ ខែមេសា ឆ្នាំ២០២២។
  • ​លោក Josep Borrell ដែល​ជា​មន្ត្រី​ការទូត​កំពូល​របស់​សហភាព​អឺរ៉ុប បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ប្រទេស​រុស្ស៊ី​គឺជា​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​វិបត្តិ​ស្បៀង​អាហារ​សាកលលោក​ដែល​កំពុងតែ​រីក​រាលដាល ដោយសារតែ​ប្រទេស​នេះ​បាន​ធ្វើ​សង្គ្រាម​នៅក្នុង​ប្រទេស​អ៊ុយក្រែន ដោយ​បាន​ទម្លាក់​គ្រាប់​បែក​ចំ​ឃ្លាំង​ស្តុក​ស្រូវ​សាឡី​និង​បាន​រារាំង​កប៉ាល់​នានា​មិន​ឱ្យ​ដឹក​ធញ្ញជាតិ​ទៅ​បរទេស។ លោក Borrell បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​កាសែត​បន្ទាប់ពី​ធ្វើ​ជា​ប្រធាន​នៅក្នុង​ជំនួប​រវាង​រដ្ឋមន្ត្រី​ការបរទេស​នានា​នៃ​សហភាព​អឺរ៉ុប​ថា៖ «ពួកគេ​បាន​ធ្វើ​ឱ្យ​មាន​ភាព​ខ្វះខាត។ ពួកគេ​កំពុង​ទម្លាក់​គ្រាប់​បែក​លើ​ទីក្រុង​នានា​របស់​អ៊ុយក្រែន​និង​កំពុង​បង្ក​ឱ្យ​មាន​ភាព​អត់ឃ្លាន​នៅ​លើ​ពិភពលោក»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • រដ្ឋមន្ត្រី​ការបរទេស​កូរ៉េ​ខាងជើង​នៅ​ថ្ងៃ​ចន្ទ​នេះ​បាន​ថ្កោលទោស​ការ​សម្រេច​ដែល​ផ្អាក​សមាជិកភាព​របស់​ប្រទេស​រុស្ស៊ី​នៅក្នុង​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ ដោយ​បាន​ហៅ​ការ​ផ្អាក​នេះ​ថា​ជា «វិធានការ​ដែល​គ្មាន​ហេតុផល» ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​និង​ក្រុម​បស្ចិម​ប្រទេស​នៅក្នុង​ការ​រក្សា​អនុត្តរភាព​នយោបាយ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • មេដឹកនាំ​ក្រុម​ឧទ្ទាម​ដែល​មាន​ទំនោរ​ទៅរក​រដ្ឋាភិបាល​រុស្ស៊ី​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា កង​កម្លាំង​ផ្ដាច់ខ្លួន​នៅក្នុង​តំបន់​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន​បាន​ដណ្ដើម​កាន់កាប់​កំពង់ផែ​នៃ​ទីក្រុង​យុទ្ធសាស្ត្រ Mariupol ហើយ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​នានា​របស់​រុស្ស៊ី។ លោក Denis Pushilin មេដឹកនាំ​ក្រុម​ផ្ដាច់​ខ្លួន​នៅក្នុង​តំបន់​ផ្ដាច់​ខ្លួន Donetsk បាន​បញ្ជាក់​ថា៖ «ទាក់ទិន​នឹង​កំពង់ផែ​ក្រុង Mariupol ឥឡូវ​នេះ​កំពង់ផែ​នេះ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​យើង​ហើយ»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • អ្នក​នាំពាក្យរដ្ឋាភិបាល​អ៊ុយក្រែន​លោក Oleksandr Motuzyanyk បាន​និយាយ​នៅក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា រដ្ឋាភិបាល​អ៊ុយក្រែន​រំពឹង​ថា​ប្រទេស​រុស្ស៊ី​នឹង​បើក​ការ​វាយប្រហារ​ដ៏​ធំ​មួយ​នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន «ក្នុង​ពេល​ឆាប់ៗ​នេះ»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • អង្គការ​សហប្រជាជាតិ​បាន​បញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ពលរដ្ឋ​អ៊ុយក្រែន​ជិត ៤៥.០០០ នាក់​បាន​ភៀស​ខ្លួន​ពី​ប្រទេស​នៅក្នុង​រយៈពេល ២៤ ម៉ោង​ចុងក្រោយ។ ឧត្តម​ស្នងការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​សិទ្ធិ​មនុស្ស (UNHCR) បាន​បញ្ជាក់​ថា ពលរដ្ឋ​អ៊ុយក្រែន ៤.៥៤៧.៧៣៥ នាក់​បាន​ភៀស​ខ្លួន​ពី​ប្រទេស​តាំងពី​រុស្ស៊ី​បាន​ឈ្លានពាន​កាលពី​ថ្ងៃ​ទី ២៤ ខែ​កុម្ភៈ​មក ដែល​មាន​ការ​កើនឡើង​ចំនួន ៤៤.៧៨១ នាក់​បើ​ធៀប​ជាមួយ​នឹង​តួលេខ​កាលពី​ថ្ងៃ​អាទិត្យ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​និយាយ​នៅ​ថ្ងៃ​ចន្ទថា លោក​ជឿ​ថា មនុស្ស «រាប់​ម៉ឺន​នាក់» នៅក្នុង​ទីក្រុង Mariupol ត្រូវ​បាន​សម្លាប់។ លោក​ថ្លែង​ដូច្នេះ​នៅពេល​លោក​ស្នើ​សមាជិក​សភា​ប្រទេស​កូរ៉េ​ខាងត្បូង​ឱ្យ​ផ្ដល់​ជំនួយ​យោធា​ដល់​អ៊ុយក្រែន។ នៅក្នុង​ការ​ថ្លែង​ទៅកាន់​សភា​ជាតិ​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​តាម​វីដេអូ លោក Zelenskyy បាន​បញ្ជាក់​ថា រុស្ស៊ី​បាន «បំផ្លាញ» ទីក្រុង Mariupol «ទាំង ស្រុង»។ លោក​លើកឡើង​ដូច្នេះ​ថា៖ «រុស្ស៊ី​បាន​បំផ្លាញ​ទីក្រុង Mariupol ទាំងស្រុង​និង​បាន​ដុត​កម្ទេច​ទីក្រុង​នេះ​ឱ្យ​ទៅ​ជា​ផេះ។ យ៉ាង​ហោច​ណាស់​មាន​ពលរដ្ឋ​រាប់​ម៉ឺន​នាក់​នៃ​ទីក្រុង​នេះ​ត្រូវ​បាន​សម្លាប់»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ប្រទេស​អាល្លឺម៉ង់​លោក Robert Habeck បាន​និយាយ​នៅ​ថ្ងៃ​ចន្ទថា ការ​បញ្ជូន​សព្វាវុធ​ពី​ប្រទេស​អាល្លឺម៉ង់​ទៅកាន់​ប្រទេស​អ៊ុយក្រែន​គួរតែ​ធ្វើ​ឡើង​ឱ្យ​បាន​ឆាប់ ដោយសារតែ​រុស្ស៊ី​ជិត​វាយ​ប្រហារ​ពី​ទិស​ខាង​កើត​ហើយ។ លោក Habeck លើក ឡើង​ដូច្នេះ​ថា៖ «ដោយ​មាន​ការសម្រេចចិត្ត​នៅក្នុង​ការផ្ដល់​សព្វាវុធ​ដល់​អ៊ុយក្រែន អាល្លឺម៉ង់​បាន​បំពេញ​កាតព្វកិច្ច​មួយ​រួច​ហើយ ហើយ​ដោយសារតែ​ប្រពលភាព​នៃ​សង្គ្រាម​នេះ...យើង​នឹង​បន្ត​ផ្ដល់​សព្វាវុធ​ដល់​អ៊ុយក្រែន​ទាំង​បរិមាណ​និង​គុណភាព»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • កងទ័ព​ម៉ារីន​របស់​អ៊ុយក្រែន​បាន​បញ្ជាក់​នៅ​ថ្ងៃ​ចន្ទថា កង​កម្លាំង​អ៊ុយក្រែន​កំពុង​ត្រៀម «ប្រយុទ្ធ​លើក​ចុងក្រោយ» ដើម្បី​គ្រប់គ្រង​កំពង់ផែ Mariupol នៅ​ភាគ​ខាង​ត្បូង​ប្រទេស ដែល​កំពុង​ស្ថិត​ក្រោម​ការ​ឡោមព័ទ្ធ​របស់​កងទ័ព​រុស្ស៊ី​តាំងពី​ពេល​ដែល​រុស្ស៊ី​បាន​ឈ្លាន ពាន​មក។ កងពល​តូច​ម៉ារីន​លេខ៣៦នៃ​កងទ័ព​អ៊ុយក្រែន បាន​បញ្ជាក់​នៅ​លើ Facebook ថា៖ «ថ្ងៃ​នេះ​ប្រហែលជា​ថ្ងៃ​ដែល​ប្រយុទ្ធ​លើក​ចុងក្រោយ ដោយសារតែ ពួក​យើងជិត​អស់​គ្រាប់​ហើយ»។ ពួកគេ​បាន​បន្ថែម​ថា៖ «សម្រាប់​យើង​មួយ​ចំនួន​គឺ​នឹង​ស្លាប់ ហើយ​ក្រៅ​ពី​នេះ​គឺ​នឹង​ត្រូវ​គេ​ចាប់​ឃុំ​ខ្លួន»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • ប្រទេស​កាណាដា​បាន​បញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ខ្លួន​បាន​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​នានា​នៅក្នុង​វិស័យ​ការពារ​របស់​ប្រទេស​រុស្ស៊ី និង​ថា​ខ្លួន​កំពុង​សិក្សា​អំពី​ជម្រើស​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​លើ​រុស្ស៊ី​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយ ក្រែន។ រដ្ឋាភិបាល​កាណាដា​បាន​បញ្ជាក់​នៅក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា ទណ្ឌកម្ម​នេះ​គឺ​ដាក់​កំហិត​លើ​អង្គភាព​ចំនួន៣៣នៅ​ក្នុង​ផ្នែក​ការពារ​របស់​រុស្ស៊ី ដោយសារតែ​អង្គភាព​ទាំង​នេះ​បាន​ផ្ដល់​ការ​ជួយ​ជ្រោមជ្រែង​ដល់​យោធា​របស់​រុស្ស៊ី​នៅ​ក្នុង​សង្គ្រាម។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • រដ្ឋមន្ត្រី​ការបរទេស​អៀរឡង់​លោក Simon Coveney បាន​និយាយ​ថា សហភាព​អឺរ៉ុប​គួរតែ​ពិចារណា​លើ​ការ​ដាក់​ទណ្ឌកម្ម​លើ​ឧស្សាហកម្ម​ប្រេង​ឥន្ធនៈ​របស់​រុស្ស៊ី ប៉ុន្តែ​បាន​រំឭក​ថា វា​ជា​រឿង​សំខាន់​បំផុត​សម្រាប់​សហភាព​អឺរ៉ុបដែល​មាន​ប្រទេស២៧ជា​សមាជិក​នៅក្នុង​ការ​រួម​សាមគ្គី​គ្នា។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Associated Press។ លោក Coveney បាន​និយាយ​នៅពេល​ដែល​រដ្ឋមន្ត្រី​ការបរទេស​នានា​នៃ​សហភាព​អឺរ៉ុប​បាន​ជួប​ប្រជុំ​គ្នា​នៅក្នុង​ប្រទេស​លុចសំបួ​នៅ​ថ្ងៃ​ចន្ទថា៖ «យើង​ចាំបាច់​ត្រូវ​ចាត់​វិធានការ​ដាក់​ទណ្ឌកម្ម​ឱ្យ​បាន​ដាច់ណាត់​ដើម្បី​រារាំង​ឱ្យ​បាន​ខ្លាំងក្លា​បំផុត​មិន​ឱ្យ​សង្គ្រាម​និង​អំពើ​ឃោរឃៅ​នេះ​នៅ​បន្ត​ទៅមុខ​ទៀត»។ លោក​បាន​បន្ត​ថា៖ «បើ​តាម​ទស្សនៈ​របស់​យើង ទណ្ឌកម្ម​នោះ​គួរ​រួម​បញ្ចូល​ទាំង​វិស័យ​ប្រេង​ឥន្ធនៈ​ផងដែរ»។ លោក​បាន​បន្ថែម​ថា វា​ពិតជា «ពិបាក​ខ្លាំង​សម្រាប់​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​មួយ​ចំនួន ហើយ​យើង​ត្រូវតែ​រក្សា​គោល​ជំហរ​រួបរួម​គ្នា​នៅ​ទូទាំង​សហ ភាព​អឺរ៉ុប»។
  • ប្រទេស​ក្រូអាស៊ី​នៅ​ថ្ងៃ​ចន្ទ​នេះ​បាន​ប្រាប់​បុគ្គលិក​ស្ថានទូត​រុស្ស៊ី២៤នាក់​ឱ្យ​ចាកចេញ​ពី​ប្រទេស ដោយសារតែ​ការ​ឈ្លានពាន​របស់​រុស្សី​លើ​អ៊ុយក្រែន​និង «ភាព​គឃ្លើន​ដ៏​ឃោរ ឃៅ» របស់​រុស្ស៊ី។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​ការបរទេស​ក្រូអាស៊ី​នៅក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ បន្ទាប់ពី​ប្រទេស​អឺរ៉ុប​ផ្សេង​ទៀត​បាន​ចាត់​វិធានការ​ស្រដៀង​គ្នា​នេះ​ដែរ។ ក្រសួង​នេះ​បាន​បន្ថែម​ថា ក្នុង​ចំណោម​បុគ្គលិក​ស្ថានទូត​រុស្ស៊ី​ទាំង២៤ នាក់​នោះ មាន​មន្ត្រី​ការទូត​រុស្ស៊ី ១៨នាក់។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​ប្រទេស​អ៊ុយក្រែន​លោក Etienne de Poncins បាន​បញ្ជាក់​នៅ​លើ Twitter ថា មន្ត្រី​ប៉ូលិស​បារាំង​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​អ៊ុយក្រែន​នៅ​ថ្ងៃ​ចន្ទ​នេះ​ដើម្បី​ជួយ​អ៊ុយក្រែន​ស៊ើបអង្កេត​លើ​ការចោទ​ប្រកាន់​ដែល​ថា រុស្ស៊ី​បាន​ប្រព្រឹត្តិ​ឧក្រិដ្ឋកម្ម​សង្គ្រាម​បន្ទាប់ពី​គេ​បាន​រកឃើញ​សាកសព​ជន​ស៊ីវិល​រាប់​រយ​នាក់​នៅក្នុង​ក្រុង​នានា​នៅ​ជុំវិញ​រដ្ឋធានី​កៀវ​មក។ លោក​លើកឡើង​ដូច្នេះ​ថា៖ «បារាំង​គឺជា​ប្រទេស​ដំបូង​គេ​ដែល​ផ្ដល់​ការ​ជួយ​ជ្រោមជ្រែង​បែប​នេះ។ ពួកគេ​នឹង​ចាប់ផ្ដើម​ការងារ​នៅ​ថ្ងៃ​ស្អែក»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • អ្នក​នាំពាក្យ​រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​បញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា អធិការបតី​អាល្លឺម៉ង់​លោក Olaf Scholz បាន​ស្វាគមន៍​គម្រោង​ជំនួប​រវាង​អធិការបតី​អូទ្រីស​លោក Karl Nehammer និង​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin នៅក្នុង​រដ្ឋធានី​មូស្គូ ប្រទេស​រុស្ស៊ី​នៅ​ថ្ងៃ​ចន្ទ​នេះ និង​គាំទ្រ​កិច្ច​ប្រឹងប្រែង​ការទូត​ណា​មួយ​ដែល​អាច​កើតចេញ​ពី​ជំនួប​នេះ​ដើម្បី​បញ្ចប់​សង្គ្រាម​នៅក្នុង​ប្រទេស​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • អធិការបតី​អូទ្រីស​លោក Karl Nehammer នៅ​ថ្ងៃ​ចន្ទ​នេះ​នឹង​ក្លាយជា​មេដឹកនាំ​ដំបូង​គេ​បង្អស់​មក​ពី​ទ្វីប​អឺរ៉ុប​ដែល​ធ្វើ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី តាំងពី​ពេល​ដែល​រុស្ស៊ី​បាន​ឈ្លានពាន​អ៊ុយក្រែន​មក។ លោក Nehammer បាន​និយាយ​ថា លោក​នឹង​ជួប​ជាមួយ​នឹង​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin និង​គ្រោង​លើក ឡើង​អំពី​ការ​ចោទ​ប្រកាន់​រឿង​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដែល​កើតឡើង​នៅ​ក្នុង​តំបន់​រង​ការ​បំផ្លិចបំផ្លាញ​នានា​នៅ​ជុំវិញ​រដ្ឋធានី​កៀវ​នៃ​ប្រទេស​អ៊ុយក្រែន ដែល​រុស្ស៊ី​បាន​កាន់កាប់​ក្នុង​ពេល​ឈ្លានពាន​នោះ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ក្រុង Bucha ផងដែរ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy (ស្ដាំ) និង​អធិការបតី​អូទ្រីស លោក Karl Nehammer ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ ក្នុង​អំឡុងពេល​នៃ​ជំនួប​របស់​ពួកគេ​ទាំងពីរ​នាក់​ នៅ​ក្នុង​រដ្ឋធានី​កៀវ ប្រទេស​អ៊ុយក្រែន ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២។
ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy (ស្ដាំ) និង​អធិការបតី​អូទ្រីស លោក Karl Nehammer ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ ក្នុង​អំឡុងពេល​នៃ​ជំនួប​របស់​ពួកគេ​ទាំងពីរ​នាក់​ នៅ​ក្នុង​រដ្ឋធានី​កៀវ ប្រទេស​អ៊ុយក្រែន ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២។
  • រដ្ឋាភិបាលរុស្ស៊ីបានបញ្ជាក់នៅថ្ងៃចន្ទនេះថា ប្រសិនបើប្រទេសស៊ុយអែតនិងប្រទេសហ្វាំងឡង់ចូលជាសមាជិករបស់អង្គការអូតង់ (NATO) នោះទ្វីបអឺរ៉ុបនឹងមិនមានស្ថិរ ភាពនោះទេ។ អ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ីលោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានតាមវីដេអូអនឡាញ នៅពេលគេសួរអំពីលទ្ធភាពរបស់ស៊ុយអែតនិងហ្វាំង ឡង់នៅក្នុងការចូលជាសមាជិកអង្គការអូតង់ថា៖ «យើងបានបញ្ជាក់ម្ដងហើយម្ដងទៀតថា អង្គការអូតង់នៅតែជាឧបករណ៍ដែលសំដៅឆ្ពោះទៅរកការប្រឈមមុខដាក់គ្នា ហើយការបង្កើនសមាជិកភាពណាមួយរបស់អង្គការនេះនឹងមិននាំឱ្យមានស្ថិរភាពសម្រាប់ទ្វីបអឺរ៉ុបនោះឡើយ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
  • សារព័ត៌មានThe Times របស់​ចក្រភព​អង់គ្លេស បាន​រាយការណ៍​នៅ​ថ្ងៃ​ចន្ទ​នេះ ដោយ​យោង​លើ​មន្ត្រី​នានា​ថា ប្រទេស​រុស្ស៊ី​បាន​ធ្វើ «កំហុស​ផ្នែក​យុទ្ធសាស្ត្រ​ដ៏​ធំ» មួយ ដោយសារតែ​ប្រទេស​ហ្វាំងឡង់​និង​ប្រទេស​ស៊ុយអែត​មាន​បំណង​ត្រៀម​ចូល​ជា​សមា ជិក​របស់​អង្គការ​អូតង់ (NATO) នៅ​រដូវ​ក្ដៅ​ខាង​មុខ​នេះ។ មន្ត្រី​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា សមាជិកភាព​របស់​អង្គការ​អូតង់​សម្រាប់​ប្រទេស​ទាំងពីរ​គឺជា​ប្រធានបទ​នៃ​ការ​ពិភាក្សា​នៅក្នុង​ជំនួប​រវាង​រដ្ឋមន្ត្រី​ការបរទេស​នៃ​បណ្ដា​ប្រទេស​ជា​សមាជិក​អង្គការ​អូតង់​កាលពី​សប្ដាហ៍​មុន ដែល​មាន​ការចូលរួម​ផងដែរ​ពី​ប្រទេស​ស៊ុយអែត​និង​ប្រទេស​ហ្វាំងឡង់។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​លោក Dmytro Kuleba បាន​ព្រមាន​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ប្រទេស​រុស្ស៊ី​អាច​សំដៅ​លើ «ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​និង​អ្នក​នយោបាយ​បរទេស» តាម​រយៈ​យុទ្ធនាការ​ប្រឌិត​ព័ត៌មាន ដោយ​ផ្ដោត​លើ​ទណ្ឌកម្ម​ដែល​ដាក់​លើ​ខ្លួន​និង​លើ​ការ​ផ្គត់ផ្គង់​សព្វាវុធ​ដែល​ក្រុម​បស្ចិម​ប្រទេស​ជួយ​ដល់​អ៊ុយក្រែន។ លោក Kuleba បាន​ជំរុញ​អ្នក​នយោបាយ​បស្ចិម​ប្រទេស​កុំ​ឱ្យ «ធ្លាក់​ចូល​ក្នុង​អន្ទាក់​យុទ្ធនាការ​នេះ»។
  • ក្រសួង​ការពារ​ជាតិ​ចក្រភព​អង់គ្លេស​បាន​បញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា កងទ័ព​រុស្ស៊ី​បាន​បន្ត​បាញ់​ផ្លោង​ដាក់​តំបន់Donetskនិង​តំបន់Luhanskនៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយ ក្រែន និង​ថា កងទ័ព​អ៊ុយក្រែន​បាន «វាយ​រុញច្រាន​ទៅ​វិញ​ជាច្រើន​ដង​ដោយ​ធ្វើ​ឱ្យ​រថក្រោះ រថយន្ត និង​កាំភ្លើង​ធំ​របស់​រុស្ស៊ី​រង​ការបំផ្លាញ»។
  • ក្រុមហ៊ុន Gazprom ដែល​ជា​ក្រុមហ៊ុន​ផលិត​ឧស្ម័ន​របស់​រដ្ឋាភិបាល​រុស្ស៊ី បាន​បន្ត​ផ្គត់ផ្គង់​ឧស្ម័ន​ធម្មជាតិ​ទៅកាន់​ទ្វីប​អឺរ៉ុប​តាមរយៈ​ប្រទេស​អ៊ុយក្រែន​នៅ​ថ្ងៃ​ចន្ទ​នេះ ស្រប​តាម​សំណើ​របស់​អតិថិជន​នៅ​អឺរ៉ុប។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែល​យោង​លើ​ទីភ្នាក់ងារ​ព័ត៌មាន Interfax របស់​រុស្ស៊ី។
  • រដ្ឋាភិបាល​នូវែលសេឡង់​បាន​បញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ខ្លួន​នឹង​បញ្ជូន​យន្តហោះ​យោធា C-130 Hercules និង​បុគ្គលិក៥៨នាក់​ទៅកាន់​ទ្វីប​អឺរ៉ុប​ដើម្បី​ជួយ​គាំទ្រ​ប្រទេស​អ៊ុយក្រែន​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​ប្រទេស​រុស្ស៊ី។ រដ្ឋមន្ត្រី​ការពារ​ជាតិ​នូវែលសេឡង់​លោក Peeni Henare បាន​និយាយ​នៅក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា ក្រុម​នេះ​នឹង​ធ្វើ​ដំណើរ​នៅ​ទូទាំង​ទ្វីប​អឺរ៉ុប​ដើម្បី​ដឹក​ជញ្ជូន​បរិក្ខារ​និង​គ្រឿង​ផ្គត់ផ្គង់​នានា​ទៅកាន់​មណ្ឌល​ចែកចាយ ប៉ុន្តែ​នឹង​មិន​ចូល​ទៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​នោះទេ។ រដ្ឋាភិបាល​នូវែលសេឡង់​ក៏​បាន​បញ្ជាក់​ផងដែរ​ថា ខ្លួន​នឹង​បរិច្ចាគ​ថវិកា​ចំនួន៩លាន​ដុល្លារ​អាមេ រិក​បន្ថែម​ទៀត​សម្រាប់​ការ​ផ្គត់ផ្គង់​ផ្នែក​យោធា ច្បាប់ និង​សិទ្ធិ​មនុស្ស។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
២០:៤២ ១០.៤.២០២២

ថ្ងៃអាទិត្យ ទី ១០ ខែមេសា៖

  • ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden នឹង​ជួប​ពិភាក្សា​តាម​អនឡាញ​នៅ​ថ្ងៃ​ចន្ទ​ស្អែក​ជាមួយ​នឹង​នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi។ ជំនួប​នេះ​នឹង​ធ្វើ​ឡើង បន្ទាប់ពី​លោក Biden បាន​និយាយ​អស់​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​កន្លង​មក​ថា ប្រទេស​ឥណ្ឌា​មាន​ការ​ឆ្លើយតប «មិន​ម៉ឺងម៉ាត់» ចំពោះ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។ អ្នក​នាំពាក្យ​សេតវិមាន​អ្នកស្រី Jen Psaki បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា នៅ​ក្នុង​ការ​ពិភាក្សា​នោះ លោក Biden នឹង​បន្ត «ការ​ប្រឹក្សា​យោបល់​យ៉ាង​ជិតស្និទ្ធ​អំពី​ផល​វិបាក​នៃ​សង្គ្រាម​ដ៏​យង់ឃ្នង​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន និង​អំពី​ការ​កាត់​បន្ថយ​ផល​ប៉ះពាល់​ដែល​ធ្វើ​ឱ្យ​មាន​អស្ថិរភាព​ដល់​ការ​ផ្គត់ផ្គង់​ស្បៀង​អាហារ​និង​ទីផ្សារ​ទំនិញ​នៅ​លើ​ពិភពលោក»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • រដ្ឋមន្ត្រី​ការបរទេស​នៃ​បណ្ដា​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​គ្រោង​នឹង​ពិភាក្សា​គ្នា​នៅ​ថ្ងៃ​ចន្ទ​នេះ​អំពី​ការ​ដាក់​ទណ្ឌកម្ម​ជុំ​ទី ៦ លើ​រដ្ឋាភិបាល​រុស្ស៊ី សម្រាប់​ការ​ធ្វើ​សង្គ្រាម​របស់​រុស្ស៊ី​នៅក្នុង​ប្រទេស​អ៊ុយក្រែន ប៉ុន្តែ​សហភាព​អឺរ៉ុប​នៅតែ​មាន​ការ​ខ្វែង​គំនិត​គ្នា​លើ​ការ​ហាម​ឃាត់​ការ​នាំចូល​ប្រេង​ឥន្ធនៈ​និង​ឧស្ម័ន​ពី​ប្រទេស​រុស្ស៊ី។ ទោះបីជា​ទណ្ឌកម្ម​ដែល​ដាក់​លើ​ការ​នាំចូល​ប្រេង​ឥន្ធនៈ​និង​ឧស្ម័ន​ពី​រុស្ស៊ី ដែល​ជា​ទណ្ឌកម្ម​ដែល​នឹង​ប៉ះពាល់​ខ្លាំង​បំផុត​ដល់​រុស្ស៊ី មិនមែន​ជា​អ្វី​ដែល​នឹង​យក​មក​ពិភាក្សា​ផ្លូវការ​ក៏ដោយ ក៏​មន្ត្រី​ការទូត​នានា​នៃ​សហភាព​អឺរ៉ុប​បាន​ទទួល​ស្គាល់​ថា មាន​ការ​ពិភាក្សា​អំពី​រឿង​នេះ។ កន្លងមក ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​អំពាវនាវ​ម្ដង​ហើយ​ម្ដង​ទៀត​ឱ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​ដូច​នេះ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • អ្នកស្រី Liz Cheney សមាជិក​រដ្ឋសភា​សហរដ្ឋ​អាមេរិក បាន​និយាយ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា អ្នកស្រី​គិត​ថា ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​លើ​ស្ថានីយ​រថភ្លើង​របស់​អ៊ុយក្រែន​នៅ​សប្ដាហ៍​នេះ «គឺជា​អំពើ​ប្រល័យ​ពូជសាសន៍​យ៉ាង​ពិត​ប្រាកដ»។ អ្នកស្រី​បាន​បន្ថែម​ថា បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​ចាំបាច់​ត្រូវ «យល់​ថា ពួកគេ​កំពុង​ផ្ដល់​ថវិកា​ដល់​យុទ្ធនាការ​ប្រល័យ​ពូជសាសន៍​នេះ» តាម​រយៈ​ការ​ទិញ​ប្រេង​ឥន្ធនៈ​និង​ឧស្ម័ន​ពី​រុស្ស៊ី។ អ្នកស្រី​លើកឡើង​ដូច្នេះ​ថា៖ «ខ្ញុំ​យល់​អំពី​ផល​វិបាក​ផ្នែក​សេដ្ឋកិច្ច​ចំពោះ​ប្រទេស​នានា​នៅ​អឺរ៉ុប​ខាងលិច ប្រសិនបើ​ពួកគេ​ដាក់​បម្រាម​លើ​ការ​នាំចូល​ប្រេង​ឥន្ធនៈ​និង​ឧស្ម័ន​ដូច​បម្រាម​ដែល​សហរដ្ឋ​អាមេរិក​បាន​ដាក់​លើ​ការ​នាំចូល​ប្រេង​ឥន្ធនៈ​និង​ឧស្ម័ន​របស់​រុស្ស៊ី ប៉ុន្តែ​ពួកគេ​ចាំបាច់​ត្រូវតែ​ធ្វើ»។ នេះ​បើ​យោង​តាម​បណ្ដាញ​ព័ត៌មាន CNN។
  • ទីប្រឹក្សា​សន្តិសុខ​ជាតិ​សេតវិមាន​លោក Jake Sullivan បាន​ប្រាប់​ទូរទស្សន៍ ABC News ថា ផ្នែក​ស៊ើបការណ៍​សម្ងាត់​បាន​បង្ហាញ​ថា «មន្ត្រី​ថ្នាក់​ខ្ពស់​បំផុត​របស់​រដ្ឋាភិបាល​រុស្ស៊ី​មាន​ផែនការ​វាយ​ប្រហារ​សំដៅ​លើ» ជន​ស៊ីវិល​អ៊ុយក្រែន។ រដ្ឋាភិបាល​រុស្ស៊ី​បាន​ច្រានចោល​ការ​អះអាង​នេះ ប៉ុន្តែ​លោក Sullivan ថា ការ​វាយ​ប្រហារ​ណា​មួយ​លើ​ប្រជាពលរដ្ឋ​អ៊ុយក្រែន «គឺជា​អ្វី​ដែល​បាន​គ្រោង​ទុក»។
រូបឯកសារ៖ ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin (ឆ្វេង) ឈរ​ថតរូប​ជាមួយ​នឹង​លោក​ឧត្តមសេនីយ៍ Alexander Dvornikov ក្នុង​អំឡុងពេល​នៃ​ពិធី​ប្រគល់​រង្វាន់​មួយ​ក្នុង​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី។ រុស្ស៊ី​បាន​តែងតាំង​មេបញ្ជាការ​ថ្មី​សម្រាប់​សង្គ្រាម​នៅ​អ៊ុយក្រែន។ មន្ត្រី​កំពូល​ម្នាក់​របស់​សហរដ្ឋ​អាមេរិក​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី ១០ ខែមេសា ឆ្នាំ២០២២ ថា រុស្ស៊ី​បាន​តែងតាំង​លោក Dvornikov ជា​មេបញ្ជាការ​យុទ្ធនាការ​ប្រដាប់អាវុធ​មួយ ដែល​អាជ្ញាធរ​រុស្ស៊ី​នៅ​តែ​សំដៅ​ដល់​«ប្រតិបត្តិការ​យោធា​ពិសេស»។ (Alexei Nikolsky/Sputnik, Kremlin Pool Photo via AP)
រូបឯកសារ៖ ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin (ឆ្វេង) ឈរ​ថតរូប​ជាមួយ​នឹង​លោក​ឧត្តមសេនីយ៍ Alexander Dvornikov ក្នុង​អំឡុងពេល​នៃ​ពិធី​ប្រគល់​រង្វាន់​មួយ​ក្នុង​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី។ រុស្ស៊ី​បាន​តែងតាំង​មេបញ្ជាការ​ថ្មី​សម្រាប់​សង្គ្រាម​នៅ​អ៊ុយក្រែន។ មន្ត្រី​កំពូល​ម្នាក់​របស់​សហរដ្ឋ​អាមេរិក​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី ១០ ខែមេសា ឆ្នាំ២០២២ ថា រុស្ស៊ី​បាន​តែងតាំង​លោក Dvornikov ជា​មេបញ្ជាការ​យុទ្ធនាការ​ប្រដាប់អាវុធ​មួយ ដែល​អាជ្ញាធរ​រុស្ស៊ី​នៅ​តែ​សំដៅ​ដល់​«ប្រតិបត្តិការ​យោធា​ពិសេស»។ (Alexei Nikolsky/Sputnik, Kremlin Pool Photo via AP)
  • នាយករដ្ឋមន្ត្រី​កាណាដា​លោក Justin Trudeau និង​ប្រធាន​គណៈកម្មការ​អឺរ៉ុប​នៃ​សហភាព​អឺរ៉ុប​អ្នកស្រី Ursula von der Leyen នៅ​ថ្ងៃ​អាទិត្យ​នេះ​បាន​សន្យា​ជួយ​ផ្គត់ផ្គង់​ជន​ភៀសខ្លួន​អ៊ុយក្រែន​ដែល​ភៀសខ្លួន​ពី​ប្រទេស​នៅពេល​ដែល​រុស្ស៊ី​ឈ្លានពាន ដោយ​អ្នក​ទាំងពីរ​បាន​និយាយ​ថា ពលរដ្ឋ​កាណាដា​និង​ពលរដ្ឋ​អឺរ៉ុប​មាន​ឆន្ទៈ​នៅក្នុង​ការ​បន្ត​ទទួល​យក​ជន​ភៀសខ្លួន​ទាំងនោះ។ លោក Trudeau បាន​បញ្ជាក់​នៅក្នុង​កម្មវិធី «State of the Union» របស់​ទូរទស្សន៍ CNN ថា៖ «យើង​បាន​ទទួល​យក​ជន​ភៀសខ្លួន​ជាង ១៤.០០០ នាក់​រួចហើយ ហើយ​យើង​កំពុង​បន្ត​ទទួល​យក​បន្ថែម​ទៀត»។ ចំណែក​ឯ​អ្នកស្រី von der Leyen បាន​បញ្ជាក់​នៅក្នុង​កម្មវិធី​ដូច​គ្នា​នេះ​ដែរ​ថា៖ «វា​ជា​រឿង​អស្ចារ្យ​ដែល​ឃើញ​ពលរដ្ឋ​អឺរ៉ុប ជាពិសេស​ពលរដ្ឋ​នៃ​ប្រទេស​ជួរ​មុខ [ដែល​នៅ​ជាប់​អ៊ុយក្រែន] ដូចជា​ប៉ូឡូញ ហុងគ្រី ឆែក ស្លូវ៉ាគី រ៉ូម៉ានី និង​ប៊ុលហ្គារី​ជាដើម មាន​ចិត្ត​ទូលាយ​និង​បើកទ្វារ [ទទួល​យក​ជន​ភៀសខ្លួន​ទាំងនោះ]។ ពួកគេ​មាន​ឆន្ទៈ​ខ្ពស់​នៅក្នុង​ការ​ទទួល​យក​ជន​ភៀសខ្លួន​ទាំង​ជាង ៤ លាន​នេះ»។
  • ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​ជន​ភៀសខ្លួន (UNHCR) បាន​បញ្ជាក់​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ជន​ភៀសខ្លួន​អ៊ុយក្រែន​ជាង ៤ លាន ៥ សែន​នាក់ បាន​ភៀសខ្លួន​ពី​ប្រទេស​ចាប់​តាំងពី​ពេល​ដែល​រុស្ស៊ី​បាន​ឈ្លានពាន​កាលពី​ថ្ងៃ​ទី ២៤ ខែ​កុម្ភៈ​មក។ ទីភ្នាក់ងារ UNHCR នេះ​បាន​លើកឡើង​ថា គិត​ត្រឹម​ថ្ងៃ​អាទិត្យ​នេះ​មាន​ជន​ភៀសខ្លួន​អ៊ុយក្រែន​ចំនួន ៤.៥០៣.៩៥៤ លាន​នាក់​ហើយ ដែល​មាន​ការ​កើនឡើង​ចំនួន ៦២.២៩១ នាក់ បើ​ធៀប​ជាមួយ​នឹង​តួលេខ​កាលពី​ថ្ងៃ​សៅរ៍។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​លោក Dmytro Kuleba បាន​និយាយ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា វា​គឺជា «កំហុស​ផ្នែក​យុទ្ធសាស្ត្រ» របស់​ប្រទេស​អាល្លឺម៉ង់​និង​បារាំង​ដែល​មិន​អនុញ្ញាត​ឱ្យ​អ៊ុយក្រែន​ចូល​ជា​សមាជិក​របស់​អង្គការ​អូតង់ (NATO) នៅក្នុង​ឆ្នាំ ២០០៨។ លោក Kuleba បាន​ថ្លែង​នៅក្នុង​កិច្ច​សម្ភាសន៍​មួយ​ក្នុង​កម្មវិធី «Meet the Press» របស់​ទូរទស្សន៍ NBC នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា៖ «ប្រសិនបើ​អ៊ុយក្រែន​ជា​សមាជិក​របស់​អង្គការ​អូតង់ សង្គ្រាម​នេះ​មិន​បាន​កើតឡើង​នោះទេ»។ លោក​បាន​បញ្ជាក់​បន្ថែម​ដូច្នេះ​ថា៖ «កំហុស​យុទ្ធសាស្ត្រ​ដែល​ធ្វើ​ឡើង​ដោយ​ប្រទេស​អាល្លឺម៉ង់​និង​បារាំង​នៅក្នុង​ឆ្នាំ ២០០៨ ដែល​បាន​ច្រានចោល​កិច្ច​ប្រឹងប្រែង​របស់​សហរដ្ឋ​អាមេរិក​និង​របស់​បណ្ដា​ប្រទេស​សម្ព័ន្ធមិត្ត​ផ្សេង​ទៀត​នៅក្នុង​ការ​ឱ្យ​អ៊ុយក្រែន​បាន​ចូល​ជា​សមាជិក [អង្គការ​អូតង់] គឺជា​អ្វី​ដែល​អ៊ុយក្រែន​កំពុង​ទទួល​រង»។ នេះ​បើ​យោង​តាម​បណ្ដាញ​ព័ត៌មាន CNN។
  • រដ្ឋាភិបាល​អ៊ុយក្រែន​បាន​បញ្ជាក់​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ការ​ឃោសនា​របស់​រដ្ឋាភិបាល​រុស្ស៊ី​បាន​បង្កើត​លក្ខខណ្ឌ​ឱ្យ​មាន​ការ​សម្លាប់​ជន​ស៊ីវិល​នៅក្នុង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។ អ៊ុយក្រែន​បាន​ចោទ​ប្រកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី​ថា​បាន​បណ្ដុះ​ការ​ស្អប់​គុំកួន​ចំពោះ​ពលរដ្ឋ​អ៊ុយក្រែន​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​លោក Dmytro Kuleba បាន​និយាយ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា៖ «អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ឥស្សរជន​នយោបាយ​រុស្ស៊ី​និង​ការ​ឃោសនា​របស់​រុស្ស៊ី​បាន​ញុះញង់​ឱ្យ​មាន​ការ​ស្អប់​គុំកួន មិន​ផ្ដល់​តម្លៃ​ជា​មនុស្ស​ដល់​ពលរដ្ឋ​អ៊ុយក្រែន បណ្ដុះ​ឧត្តមភាព​របស់​រុស្ស៊ី និង​បង្កើត​លក្ខខណ្ឌ​ឱ្យ​មាន​អំពើ​ឃោរឃៅ​ទាំងនេះ»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
ផ្សែង​ខ្មៅ​ហើរ​ចេញ​ពី​អាកាសយានដ្ឋាន Dnipro ក្នុង​ប្រទេស​អ៊ុយក្រែន ក្នុង​អំឡុងពេល​នៃ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២២។
ផ្សែង​ខ្មៅ​ហើរ​ចេញ​ពី​អាកាសយានដ្ឋាន Dnipro ក្នុង​ប្រទេស​អ៊ុយក្រែន ក្នុង​អំឡុងពេល​នៃ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២២។
  • លោក Valentin Reznichenko មេដឹកនាំ​រដ្ឋបាល​យោធា​នៃ​ក្រុង Dnipro នៅ​ភាគ​កណ្ដាល​ប្រទេស​អ៊ុយក្រែន បាន​និយាយ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា អាកាសយានដ្ឋាន​នៅ​ក្នុង​ទីក្រុង Dnipro ត្រូវ​បាន​បំផ្លាញ​ទាំងស្រុង​នៅ​ក្នុង​ការ​បាញ់​ផ្លោង​ថ្មី​របស់​រុស្ស៊ី។ លោក​បាន​បញ្ជាក់​ដូច្នេះ​ថា៖ «មាន​ការ​វាយ​ប្រហារ​មួយ​ទៀត​លើ​អាកាសយានដ្ឋាន​ក្រុង Dnipro។ មិន​មាន​អ្វី​នៅ​សល់​នោះទេ។ អាកាសយានដ្ឋាន​នេះ​ផ្ទាល់​និង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​នៅ​ជុំវិញ​ត្រូវ​បាន​បំផ្លាញ»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​និយាយ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា លោក​បាន​និយាយ​តាម​ទូរស័ព្ទ​ជាមួយ​នឹង​អធិការបតី​អាល្លឺម៉ង់​លោក Olaf Scholz អំពី​លទ្ធភាព​នៃ​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​ប្រទេស​រុស្ស៊ី ក៏​ដូចជា​ការ​គាំទ្រ​ថ្មី​ផ្នែក​យោធា​និង​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​ប្រទេស​អ៊ុយក្រែន។ នៅ​ក្នុង​រឿង​ដាច់​ដោយ​ឡែក​មួយ​ផ្សេង​ទៀត ខុទ្ទកាល័យ​របស់​លោក Zelenskyy បាន​បញ្ជាក់​នៅក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា លោក Zelenskyy បាន​ពិភាក្សា​តាម​វីដេអូ​ជាមួយ​នឹង​មន្ត្រី​អ៊ុយក្រែន ដោយ​នៅក្នុង​ការ​ពិភាក្សា​នោះ ពួកគេ​បាន​រៀបចំ​សំណើ​សម្រាប់​ឱ្យ​សហភាព​អឺរ៉ុប​ដាក់​ទណ្ឌកម្ម​ជា​លើក​ទី ៦ [លើ​រុស្ស៊ី]។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • អគ្គ​រដ្ឋអាជ្ញា​អ៊ុយក្រែន​អ្នកស្រី Iryna Venediktova បាន​និយាយ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា រដ្ឋាភិបាល​អ៊ុយក្រែន​កំពុង​ពិនិត្យ​លើ​ការ​ចោទ​ប្រកាន់​មេដឹកនាំ​រុស្ស៊ី​ចំនួន ៥០០ នាក់ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ផងដែរ សម្រាប់​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​រាប់​ពាន់​ករណី។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • សម្ដេច​ប៉ាប Francis បាន​អំពាវនាវ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ឱ្យ​មាន​ការ​ឈប់​វាយ​ប្រយុទ្ធ​គ្នា​នៅ​ថ្ងៃ Easter នៅក្នុង​ប្រទេស​អ៊ុយក្រែន ដើម្បី​បើក​ផ្លូវ​ឱ្យ​មាន​សន្តិភាព​តាម​រយៈ «ការ​ចរចា​ពិត​ប្រាកដ»។ ព្រះអង្គ​បាន​ថ្លែង​ទៅកាន់​សាធារណជន​នៅ​ទីលាន Saint Peter's Square ថា៖ «សូម​ឱ្យ​ការ​ឈប់​វាយ​ប្រយុទ្ធ​គ្នា​នៅ​ថ្ងៃ Easter ចាប់ផ្ដើម​ឡើង។ ប៉ុន្តែ​សូម​កុំ​ផ្ដល់​សព្វាវុធ​បន្ថែម​ទៀត​និង​ប្រយុទ្ធ​ម្ដង​ទៀត។ សូម​កុំ​ធ្វើ! វា​គឺជា​ការ​ឈប់​វាយ​ប្រយុទ្ធ​គ្នា​ដែល​នឹង​ឈាន​ឆ្ពោះ​ទៅរក​សន្តិភាព​តាមរយៈ​ការ​ចរចា​ពិត​ប្រាកដ»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • សម្ដេច​សង្ឃ Kirill នៃ​វិហារ​គ្រិស្ត​សាសនា​និកាយ​អ័រតូដុក​របស់​ប្រទេស​រុស្ស៊ី​បាន​អំពាវនាវ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​គាំទ្រ​អាជ្ញាធរ ស្រប​ពេល​ដែល​រដ្ឋាភិបាល​រុស្ស៊ី​កំពុង​បន្ត​ការ​ឈ្លានពាន​របស់​ខ្លួន​នៅក្នុង​ប្រទេស​អ៊ុយក្រែន។ ទីភ្នាក់ងារ Interfax របស់​រុស្ស៊ី​បាន​ស្រង់​សម្ដី​របស់​ព្រះអង្គ Kirill ដែល​បាន​ថ្លែង​ក្នុង​ពិធី​ទេសនា​មួយ​ក្នុង​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី ថា៖ «សូម​ព្រះ​ជា​ម្ចាស់​ជួយ​យើង​ខ្ញុំ​ឱ្យ​មាន​សាមគ្គី​ភាព​នៅក្នុង​ពេល​ដ៏​លំបាក​នេះ​សម្រាប់​មាតុភូមិ​របស់​យើង»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
រូបភាព​ពីផ្កាយរណប​បង្ហាញ​ពីក្បួន​យោធារុស្ស៊ី​ធ្វើ​ដំណើរ​ទៅ​កាន់​ប៉ែកខាង​ត្បូង​អ៊ុយក្រែន​តាមរយៈភូមិ​ Velykyi Burluk ថ្ងៃទី ៨ ខែមេសា ឆ្នាំ២០២២។ (Satellite image 2022 Maxar via Reuters)
រូបភាព​ពីផ្កាយរណប​បង្ហាញ​ពីក្បួន​យោធារុស្ស៊ី​ធ្វើ​ដំណើរ​ទៅ​កាន់​ប៉ែកខាង​ត្បូង​អ៊ុយក្រែន​តាមរយៈភូមិ​ Velykyi Burluk ថ្ងៃទី ៨ ខែមេសា ឆ្នាំ២០២២។ (Satellite image 2022 Maxar via Reuters)
  • លោក Mykhailo Podolyak ទីប្រឹក្សា​ប្រធានាធិបតី​អ៊ុយក្រែន បាន​និយាយ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា លោក​ប្រធានាធិបតី Volodymyr Zelenskyy ទំនងជា​នឹង​ជួប​ជាមួយ​នឹង​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin នៅ​ក្រោយ​ពេល​ដែល​មាន​ការ​វាយ​ប្រយុទ្ធ​គ្នា​ដ៏​ធំ​មួយ​ដែល​គេ​រំពឹង​ថា​នឹង​កើតឡើង​នៅ​ក្នុង​តំបន់ Donbas នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន​តែ​ប៉ុណ្ណោះ។ លោក Podolyak បាន​បញ្ជាក់​នៅក្នុង​ការ​ថ្លែង​តាម​ទូរទស្សន៍​ថា៖ «អ៊ុយក្រែន​ត្រៀម​លក្ខណៈ​ដើម្បី​ការ​ប្រយុទ្ធ​ដ៏​ធំ។ អ៊ុយក្រែន​ត្រូវតែ​ឈ្នះ​រុស្ស៊ី ជាពិសេស​នៅក្នុង​តំបន់ Donbas។ ហើយ​បន្ទាប់ពី​នោះ​មក អ៊ុយក្រែន​នឹង​មាន​ជំហរ​ចរចា​ដ៏​មាន​ឥទ្ធិពល​ជាង​មុន ដែល​ខ្លួន​អាច​ដាក់​លក្ខខណ្ឌ​បាន​មួយ​ចំនួន។ បន្ទាប់ពី​នោះ​មក ប្រធានាធិបតី [ទាំងពីរ] នឹង​ជួប​គ្នា។ ករណី​នេះ​អាច​ត្រូវការ​ពេល​ពី ២ ទៅ ៣ សប្ដាហ៍»។ នេះ​បើ​យោង​តាម​បណ្ដាញ​ព័ត៌មាន CNN។
  • ប្រភព​ពី​រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​បញ្ជាក់​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា អ៊ុយក្រែន​បាន​ទទួល​យក​នូវ​សំណើ​របស់​ក្រុមហ៊ុន​សព្វាវុធ​របស់​អាល្លឺម៉ង់​មួយ ដែលមាន​បំណង​ផ្ដល់​កាំភ្លើង​ធំ​ដែល​ចល័ត​ដោយ​ខ្លួន​ឯង​ក្នុង​ចំនួន​មួយ​ដ៏​ច្រើន​គួរសម។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ផ្នែក​ស៊ើបការណ៍​សម្ងាត់​យោធា​របស់​ចក្រភព​អង់គ្លេស​បាន​បញ្ជាក់​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា យោធា​រុស្ស៊ី​មាន​បំណង​បង្កើន​ចំនួន​កងទ័ព​របស់​ខ្លួន​ដោយ​បញ្ចូល​អ្នក​ដែល​បាន​បញ្ចប់​កាតព្វកិច្ច​យោធា​តាំងពី​ឆ្នាំ ២០១២ មក។ មូលហេតុ​ដែល​យោធា​រុស្ស៊ី​មាន​បំណង​ធ្វើ​ដូច្នេះ​គឺ​ដោយសារតែ​កងទ័ព​រុស្ស៊ី​បាន​ស្លាប់​ជា​បន្ត​បន្ទាប់​តាំងពី​ពេល​ដែល​រុស្ស៊ី​បាន​ឈ្លានពាន​អ៊ុយក្រែន​មក។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • លោក Serhiy Gaidai អភិបាល​តំបន់ Luhansk នៃ​ប្រទេស​អ៊ុយក្រែន បាន​និយាយ​ថា សាលារៀន​មួយ​កន្លែង​និង​អគារ​ស្នាក់នៅ​ខ្ពស់​មួយ​កន្លែង​បាន​រង​ការ​បាញ់​ផ្លោង​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ។ លោក​បាន​សរសេរ​នៅលើ Telegram ថា៖ «សំណាង​ល្អ! មិន​មាន​មនុស្ស​ស្លាប់​និង​រងរបួស [ដោយសារ​ការ​បាញ់​ផ្លោង​នេះ]»។ តំបន់ Luhansk នេះ​កំពុង​ស្ថិត​ក្រោម​ការ​ឡោមព័ទ្ធ​របស់​កងទ័ព​រុស្ស៊ី។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​បញ្ជាក់​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា កងទ័ព​រុស្ស៊ី​បាន​ធ្វើ​ការ​វាយប្រហារ​ដោយ​មីស៊ីល​នៅក្នុង​តំបន់ Dnipropetrovsk តំបន់ Mykolaiv និង​តំបន់ Kharkiv នៃ​ប្រទេស​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​បណ្ដាញ​ព័ត៌មាន CNN។
  • អ្នកស្រី Tatiana Moskalkova ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​ប្រទេស​រុស្ស៊ី បាន​បញ្ជាក់​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ប្រទេស​រុស្ស៊ី​និង​ប្រទេស​អ៊ុយក្រែន​បាន​ដោះដូរ​អ្នកទោស​កាលពី​ថ្ងៃ​សៅរ៍។ អ្នកស្រី​បាន​និយាយ​ថា ក្នុង​ចំណោម​អ្នកទោស​ដែល​រុស្ស៊ី​ទទួល​បាន​នៅក្នុង​ការ​ដោះដូរ​នោះ មាន​បុគ្គលិក ៤ នាក់ នៃ​ក្រុមហ៊ុន Rosatom ដែល​ជា​សាជីវកម្ម​ថាមពល​បរមាណូ​រដ្ឋ​របស់​ប្រទេស​រុស្ស៊ី និង​ទាហាន​រុស្ស៊ី​ផងដែរ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • លោក Taras Didych មេដឹកនាំ​សហគមន៍ Dmytrivka នៃ​ប្រទេស​អ៊ុយក្រែន បាន​និយាយ​ថា សាកសព​ពលរដ្ឋ​អ៊ុយក្រែន​ត្រូវ​បាន​រក​ឃើញ​កាលពី​ថ្ងៃ​សៅរ៍​នៅក្នុង​ភូមិ Buzova។ ភូមិ​នេះ​គឺជា​ភូមិ​របស់​ពលរដ្ឋ​ប្រកាន់​ទស្សនៈ​សេរី​និយម​នៅ​ជិត​រដ្ឋធានី​កៀវ ដែល​កងទ័ព​រុស្ស៊ី​បាន​កាន់កាប់​អស់​រយៈពេល​ជា​ច្រើន​សប្ដាហ៍​កន្លង​មក។ គេ​មិន​ទាន់​ឃើញ​មាន​ការ​បញ្ជាក់​ណា​មួយ​នៅឡើយ​ទេ​អំពី​ចំនួន​នៃ​សាកសព​ទាំងនេះ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy (ឆ្វេង) និង​នាយករដ្ឋមន្ត្រី​អង់គ្លេស ​លោក Boris Johnson ចាប់​ដៃ​គ្នាក្នុង​អំឡុងពេល​នៃ​ទស្សនកិច្ច​របស់​លោក Johnson ក្នុង​រដ្ឋធានី​កៀវ ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២២។ (Ukrainian Presidential Press Office via AP)
ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy (ឆ្វេង) និង​នាយករដ្ឋមន្ត្រី​អង់គ្លេស ​លោក Boris Johnson ចាប់​ដៃ​គ្នាក្នុង​អំឡុងពេល​នៃ​ទស្សនកិច្ច​របស់​លោក Johnson ក្នុង​រដ្ឋធានី​កៀវ ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២២។ (Ukrainian Presidential Press Office via AP)
  • ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​អរគុណ​ចក្រភព​អង់គ្លេស​និង​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក Boris Johnson កាលពី​ថ្ងៃ​សៅរ៍ សម្រាប់​ការ​ផ្ដល់​ការ​គាំទ្រ​ផ្នែក​យោធា​ចំពោះ​ប្រទេស​អ៊ុយក្រែន។ លោក Zelenskyy បាន​ថ្លែង​ថា៖ «លោក Boris Johnson ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​គ្មាន​ការ​សង្ស័យ​អ្វី​ទាំងអស់​នៅក្នុង​ការ​គាំទ្រ​អ៊ុយក្រែន។ ភាព​ជា​អ្នក​ដឹកនាំ​របស់​ចក្រភព​អង់គ្លេស​នៅក្នុង​ការ​ផ្ដល់​ជំនួយ​ផ្នែក​ការពារ​ដល់​ប្រទេស​របស់​យើង​និង​នៅក្នុង​គោល​នយោបាយ​ដាក់​ទណ្ឌកម្ម នឹង​ចារ​ក្នុង​ប្រវត្តិសាស្ត្រ»។ លោក Johnson បាន​ជួប​ជាមួយ​នឹង​លោក Zelenskyy នៅក្នុង​ដំណើរ​ទស្សនកិច្ច​ដ៏​ភ្ញាក់ផ្អើល​របស់​លោក​ទៅកាន់​រដ្ឋធានី​កៀវ ប្រទេស​អ៊ុយក្រែន ដើម្បី​បង្ហាញ​អំពី​ផែនការ​របស់​ចក្រភព​អង់គ្លេស​នៅក្នុង​ការ​ផ្ដល់​ការ​គាំទ្រ​បន្ថែម​ទៀត​ដល់​អ៊ុយក្រែន​ទាំង​ផ្នែក​ហិរញ្ញវត្ថុ​និង​ផ្នែក​យោធា។ នេះ​បើ​យោង​តាម​បណ្ដាញ​ព័ត៌មាន CNN។
  • មន្ត្រី​នៅក្នុង​ទីក្រុង​កៀវ ប្រទេស​អ៊ុយក្រែន បាន​និយាយ​ថា អ៊ុយក្រែន​កំពុង​ត្រៀម​លក្ខណៈ​ដើម្បី «ការ​ប្រយុទ្ធ​ដ៏​ធំ» ជាមួយ​នឹង​កងទ័ព​រុស្ស៊ី​នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយក្រែន។ មន្ត្រី​អ៊ុយក្រែន​លើកឡើង​ដូច្នេះ ស្រប​ពេល​ជន​ស៊ីវិល​រាប់​ពាន់​នាក់​ភៀសខ្លួន​ចេញ​ពី​តំបន់​ភាគ​ខាងកើត​ប្រទេស ដោយសារ​ខ្លាច​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​ដែល​ជិត​កើតឡើង។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • គណៈកម្មការ​អឺរ៉ុប​នៃ​សហភាព​អឺរ៉ុប​បាន​បញ្ជាក់​នៅក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​សៅរ៍​ថា ព្រឹត្តិការណ៍​និង​យុទ្ធនាការ «ក្រោក​ឈរ​ដើម្បី​អ៊ុយក្រែន (Stand Up for Ukraine)» ដែល​មាន​គោល​បំណង​ជួយ​ពលរដ្ឋ​អ៊ុយក្រែន​ដែល​ភៀសខ្លួន​ពី​ការ​ឈ្លានពាន​របស់​រុស្ស៊ី បាន​រៃ​អង្គាស​ថវិកា​បាន​ចំនួន​ជាង ១០.៨០០ លាន​ដុល្លារ តាំងពី​បាន​ចាប់ផ្ដើម​កាលពី​ថ្ងៃ​ទី ២៦ ខែ​មីនា​មក។ នេះ​បើ​យោង​តាម​បណ្ដាញ​ព័ត៌មាន CNN។
១៨:៤៩ ៩.៤.២០២២

ថ្ងៃសៅរ៍ ទី ៩ មេសា៖

  • ជនភៀសខ្លួន​អ៊ុយក្រែន​ជាង ៤ លាន ៤ សែន​នាក់ បាន​ចាក​ចេញ​ពី​ប្រទេស​អ៊ុយក្រែន ចាប់តាំង​ពី​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​បញ្ជា​ឲ្យ​មាន​ការ​ឈ្លានពាន​លើ​អ៊ុយក្រែន​នៅ​ថ្ងៃទី ២៤ ខែ​កុម្ភៈ​មក។ នេះ​បើយោង​តាម​ទីភ្នាក់ងារ​ជនភៀស​ខ្លួន​ប្រចាំ​អង្គការ​សហប្រជាជាតិ ដែល​ត្រូវបាន​រាយការណ៍​ដោយ​សារព័ត៌មាន​បារាំង AFP។
  • កុមារ​ប្រមាណ ១៧៦ នាក់​ បាន​ស្លាប់​ និង​ជាង ៣២៤ នាក់​បាន​រង​របួស​ចាប់តាំង​ពី​រុស្ស៊ី​បាន​ធ្វើ​សង្គ្រាម​ឈ្លានពាន​លើ​អ៊ុយក្រែន នេះ​បើ​តាម​អគ្គរដ្ឋអាជ្ញា​អ៊ុយក្រែន​ដែល​បាន​ថ្លែង​ដូច្នេះ​នៅ​ថ្ងៃសៅរ៍​នេះ។ ការិយាល័យ​អគ្គរដ្ឋអាជ្ញាអ៊ុយក្រែន​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា កុមារ​ចំនួន ៥ នាក់​ បាន​ស្លាប់​និង​ ១៦ នាក់​ទៀត​បាន​រង​របួស​នៅ​ក្នុង​ការ​វាយប្រហារ​ដោយ​គ្រាប់​មីស៊ីល​របស់​រុស្ស៊ី​លើ​ស្ថានីយ​រថភ្លើង​នៅ​ក្រុង Kramatorsk កាលពី​ថ្ងៃ​សុក្រ ខណៈ​ក្រុមគ្រួសារ​របស់​ពួកគេ​បាន​ព្យាយាម​ភៀសខ្លួន​ចេញ​ពី​អ៊ុយក្រែន។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​កាសែត The Washington Post។
  • ទីភ្នាក់ងារ​សារព័ត៌មាន AP បាន​រាយការណ៍​ថា ក្រសួង​ការពារ​ជាតិ​ចក្រភព​អង់គ្លេស​ឲ្យ​ដឹង​ថា កង​កម្លាំង​ទ័ព​ជើង​ទឹក​របស់​រុស្ស៊ី​កំពុង​បាញ់​គ្រាប់មីស៊ីល​តាម​នាវា​ចូល​ក្នុង​ប្រទេស​អ៊ុយក្រែន ដើម្បី​គាំទ្រ​ប្រតិបត្តិការ​យោធា​របស់​រុស្ស៊ី​នៅតំបន់​ Donbas ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន និង​នៅ​តំបន់​នានា​ជុំវិញ​ទីក្រុង​Mariupol និង​ទីក្រុង Mykolaiv។
  • មេដឹកនាំ​ប្រទេស​អូទ្រីស​លោក Alexander Van der Bellen បាន​ថ្លែង​ថា លោក​រំពឹង​ថា​នឹង​មាន​ទណ្ឌកម្ម​បន្ថែម​ទៀត​ពី​សហភាព​អឺរ៉ុប​លើ​ប្រទេស​រុស្ស៊ី ប៉ុន្តែ​លោក​ក៏​បាន​ថ្លែង​ការពារ​ជំហរ​របស់​ប្រទេស​លោក​ដែល​ប្រឆាំង​នឹង​ការ​កាត់ផ្តាច់​ការ​នាំ​ចូល​ឧស្ម័ន​ពី​រុស្ស៊ី។ នេះ​បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន AP។
  • ​កាសែត​ The Washington Post បាន​រាយការណ៍​ថា មូលនិធិ​រូបិយបណ្ណ​អន្តរជាតិ IMF នឹង​បង្កើត​គណនេយ្យថ្មីមួយ​ទៀត ដើម្បី​អនុញ្ញាត​ឲ្យ​អ្នក​បរិច្ចាគ​ផ្តល់​មូលនិធិ​ដល់​រដ្ឋាភិបាល​អ៊ុយក្រែន​ដោយ​ផ្ទាល់។ មូលនិធិ IMF បាន​ថ្លែង​កាលពី​ល្ងាច​ថ្ងៃ​សុក្រ​ថា គណនេយ្យ​នេះ​មាន​«គោលបំណង​ជួយ​ឲ្យ​អ៊ុយក្រែន​សម្រេច​បាន​ទឹកប្រាក់​សរុបនិង​តម្រូវការ​ថវិកា​ដែល​ខ្លួន​ត្រូវការ​និង​ដើម្បី​ជួយ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ប្រទេស​នេះ​មាន​ស្ថិរភាព»។

ទាហានអ៊ុយក្រែនម្នាក់ឈរលើរថក្រោះរុស្ស៊ីដែលត្រូវបានបំផ្លាញនៅតំបន់ Chernihiv ប្រទេសអ៊ុយក្រែន ថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២២។
ទាហានអ៊ុយក្រែនម្នាក់ឈរលើរថក្រោះរុស្ស៊ីដែលត្រូវបានបំផ្លាញនៅតំបន់ Chernihiv ប្រទេសអ៊ុយក្រែន ថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២២។

  • ទីភ្នាក់ងារ​សារព៍ត៌មាន​បារាំង AFP បាន​រាយការណ៍​ថា អាល្លឺម៉ង់​ស្ទើរតែ​អស់​សមត្ថភាព​ក្នុង​ការ​ផ្គត់ផ្គង់​អាវុធ​ពី​ឃ្លាំង​ស្តុក​សព្វាវុធ​របស់​ខ្លួន​ដល់​អ៊ុយក្រែន ប៉ុន្តែ​ថាខ្លួន​កំពុង​ផ្តល់​អាវុធ​ពី​រោងចក្រ​ផលិត​អាវុធ​ដោយ​ផ្ទាល់​ដល់អ៊ុយក្រែន។ លោកស្រី​ Christine Lambrecht រដ្ឋមន្ត្រី​ការពារ​ជាតិ​អាល្លឺម៉ង់​បាន​ថ្លែង​ដូច្នេះ​នៅ​ថ្ងៃ​សៅរ៍​នេះ។
  • ប្រព័ន្ធ​ផ្សព្វផ្សាយ​YouTube បាន​បិទ​ខ្ទប់​ទូរទស្សន៍ Duma ដែល​ផ្សាយ​ចេញ​ពី​សភា​ជាន់​ទាប​របស់​រុស្ស៊ី ដោយ​បណ្តាល​ឲ្យ​មាន​ការ​ឆ្លើយ​តប​ដ៏​ខឹង​សម្បារ​ពី​មន្ត្រី​រុស្ស៊ី​ដែល​អះអាង​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ YouTube ដ៏​ល្បីល្បាញ​ក្នុង​ពិភពលោក​មួយ​នេះ នឹង​រង​ការ​រឹតត្បិត​ពី​រុស្ស៊ី​វិញ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​ព័ត៌មាន​របស់ ​Reuters។ សារ​របស់​ក្រុមហ៊ុន YouTube បាន​ឲ្យ​ដឹង​ថា បណ្តាញ​ Duma ត្រូវបាន​«លុប​បំបាត់​ចោល​ដោយសារតែ​ការ​រំលោភបំពាន​លើ​ច្បាប់​ស្តី​ពី​ការ​ប្រើប្រាស់​សេវា​របស់​ YouTube»។
  • សារព័ត៌មាន​បារាំង AFP បាន​រាយការណ៍​ថា នៅ​ថ្ងៃសៅរ៍​នេះ ក្រុម​មន្ត្រី​រុស្ស៊ី​បាន​ព្រមាន​ចាត់​វិធានការ​តបត​វិញ​ដោយ​គំរាម​បិទ ​YouTube នៅ​រុស្ស៊ី បន្ទាប់​ពី​ក្រុមហ៊ុន​ផ្សព្វផ្សាយ​វីដេអូ​របស់​អាមេរិក​គឺ​ YouTube បាន​បិទខ្ទប់​បណ្តាញ​ Duma ដែល​ផ្សាយ​ព័ត៌មាន​ចេញ​ពី​សភា​ជាន់ទាប​របស់​រុស្ស៊ី​ដោយ​សារ​តែ​ការ​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក។
  • ទីក្រុង Odessa ភាគ​ខាង​ត្បូង​ប្រទេស​អ៊ុយក្រែន បាន​ប្រកាស​បំរាម​គោចរ​នៅ​ល្ងាច​ថ្ងៃ​សៅរ៍​នេះ រហូត​ដល់​ល្ងាច​ថ្ងៃចន្ទ បន្ទាប់​ពី​មាន​«ការ​គំរាម​កំហែង​ដោយ​ការ​បាញ់​មីស៊ីល» ពី​រុស្ស៊ី និង​បន្ទាប់​ពី​មាន​ករណី​បាញ់​មីស៊ីល​នៅ​ស្ថានីយរថភ្លើង​នៅ​ក្រុង Kramatorsk។ នេះ​បើតាម​ទីភ្នាក់ងារ​សារព័ត៌មាន AFP។
  • អភិបាល​តំបន់​លោក Dmytro Zhyvytsky បាន​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម​ថា កង​ទាហាន​អ៊ុយក្រែន​កំពុង​គ្រប់គ្រង​ទីក្រុង Sumy ដែល​ជាប់​ព្រំដែន​រុស្ស៊ី។ ប៉ុន្តែ​លោក​ព្រមាន​ថា៖ «តំបន់​នេះ​មិន​មាន​សុវត្ថិភាព​ទេ។ ហើយ​មាន​តំបន់​ជាច្រើន​ទៀត​ដែល​អាច​មាន​គ្រាប់មីន ហើយ​ដែល​មិន​ទាន់​ត្រូវបាន​ដោះ​ចេញ»។ នេះ​បើតាម​ទីភ្នាក់ងារ​សារព័ត៌មាន AFP។
  • ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង AFP បាន​រាយការណ៍​ថា រុស្ស៊ី​ថា ខ្លួន​កំពុង​បិទ​ការិយាល័យ​អង្គការ​អន្តជាតិ​មួយ​ចំនួន​នៅ​រុស្ស៊ី​រួមមាន​អង្គការឃ្លាំ​មើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch អង្គការ​ Amnesty International និង​មូលនិធិ Carnegie សម្រាប់​សន្តិភាព​អន្តិរជាតិ។ រុស្ស៊ី​បាន​លុប​ឈ្មោះ​អង្គការ​នេះ​ចេញ​ពី​បញ្ជី​អង្គការ​អន្តរជាតិ​និង​អង្គការ​ក្រៅរដ្ឋាភិបាល​បរទេស ដោយ​សារ «ការ​រំលោភបំពាន​លើ​ច្បាប់​បច្ចុប្បន្ន​របស់​សហព័ន្ធ​រុស្ស៊ី»។ នេះ​បើ​តាម​ក្រសួង​យុត្តិធម៌​រុស្ស៊ី។​

ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ីតាមអនឡាញ នៅវិមានប្រធានាធិបតី នៅជាយក្រុងមូស្គូ ប្រទេសរុស្ស៊ី ថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២២។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ីតាមអនឡាញ នៅវិមានប្រធានាធិបតី នៅជាយក្រុងមូស្គូ ប្រទេសរុស្ស៊ី ថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២២។

  • សហភាព​អឺរ៉ុប​បាន​ដាក់កូនស្រី​ពីរ​រូប​របស់​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin និង​មនុស្ស​ជាង ២០០ នាក់​ទៀត ចូល​ក្នុង​បញ្ជី​ខ្មៅ​របស់​ខ្លួន។ បុគ្គល​ទាំង​អស់​រួមទាំង​ក្រុមហ៊ុន​ចំនួន ១៨ ផង​ ដែល​មាន​នៅ​ក្នុង​បញ្ជី​នេះ រង​ការ​បង្កក​ទ្រព្យ​សម្បត្តិ និង​ការ​ហាមប្រាម​ការ​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ចំនួន ២៧ នៅក្នុង​សហភាព​អឺរ៉ុប។ នេះ​បើតាម​សារព័ត៌មាន AFP។ សហរដ្ឋ​អាមេរិក​និង​ចក្រភព​អង់គ្លេស​បាន​ដាក់​ទណ្ឌកម្ម​រួច​ហើយ​លើ​កូនស្រី​ទាំង​ពីរ​នាក់​របស់​ប្រធានាធិបតី​រុស្ស៊ី និង​កូនស្រី​របស់​លោក Sergey Lavrov រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​ផងដែរ។
  • អ្នក​ប្រតិបត្តិការ​ចរាចរណ៍​ផ្លូវ​ដែក​នៅ​ប្រទេស​អ៊ុយក្រែន​ឲ្យ​ដឹង​ថា ដំណើរការ​ផ្លូវ​ដែក​ត្រូវបាន​ផ្អាក​នៅ​ស្ថានីយរថភ្លើង​ក្នុង​ទីក្រុង Kramatorsk ដែល​ត្រូវបាន​បំផ្លាញ​ដោយ​ការ​បាញ់​គ្រាប់​មីស៊ីល​កាលពី​ថ្ងៃ​សុក្រ ក៏​ប៉ុន្តែ​ការ​ជម្លៀស​ជន​ស៊ីវិល​នៅ​ក្រុង​នេះ នឹង​នៅ​បន្ត​ធ្វើ​ឡើង​តាម​ស្ថានីយ​រថភ្លើង​ផ្សេងទៀត​នៅ​ភាគខាង​កើត​អ៊ុយក្រែន។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP។
  • នៅ​ថ្ងៃ​សៅរ៍​នេះ មន្ត្រី​អ៊ុយក្រែន​បាន​អំពាវនាវ​ឲ្យ​ជន​ស៊ីវិល​នៅ​តំបន់ ​Luhansk ភាគ​ខាង​កើត​ប្រទេស ចាកចេញ​ពី​តំបន់​ដែល​មាន​ការ​បាញ់​គ្រាប់​ផ្តក់​ដោយ​ទាហាន​រុស្ស៊ី បន្ទាប់​ពី​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​មីស៊ីល​របស់​ទាហាន​រុស្ស៊ី​លើ​ស្ថានីយ​រថភ្លើង​ក្នុង​ក្រុង​ Kramatorsk កាលពី​ថ្ងៃ​សុក្រ​ បាន​សម្លាប់​មនុស្ស​យ៉ាងតិច​ជាង ​៥០ នាក់។ នេះ​បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។
  • ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​អំពាវនាវ​ឲ្យ​មាន​ «ការ​ឆ្លើយតប​ជា​សកល​លោក​ដ៏​រឹងមាំ​» មួយ​ចំពោះ​ការ​វាយប្រហារ​តាម​ផ្លូវ​អាកាស​របស់​ទាហាន​រុស្ស៊ី​ទៅ​លើ​ស្ថានីយ​រថភ្លើង​មួយ​នៅ​ភាគខាង​កើត​ប្រទេស​អ៊ុយក្រែន កាលពី​ថ្ងៃ​សុក្រ ដែល​មន្ត្រី​អ៊ុយក្រែន​បាន​ឲ្យ​ដឹង​ថា បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ៥២ នាក់។ នេះ​បើតាម​កាសែត​ The Washington Post។ លោក Zelenskyy បាន​ចាត់ទុក​ការ​វាយ​ប្រហារ​លើ​ស្ថានីយ​រថភ្លើង​នៅ​ទីក្រុង Kramatorsk នេះ​ថា​ជា «ឧក្រិដ្ឋកម្ម​សង្គ្រាម​មួយ​ទៀត» ដែល​ប្រព្រឹត្ត​ឡើង​ដោយ​រុស្ស៊ី ដោយ​លោក​បាន​ថ្លែង​បន្ថែម​នៅ​ក្នុង​សុន្ទរកថា​របស់​លោក​ជា​វីដេអូ​ផ្សាយ​កាលពី​យប់​ថ្ងៃ​សុក្រ​ថា៖ «រាល់​កិច្ច​ប្រឹងប្រែង​ទាំង​អស់​របស់​ពិភពលោក នឹង​ត្រូវ​តែ​ធ្វើឡើង​គ្រប់​នាទី​ដើម្បី​កំណត់​ថា៖ នរណា​ធ្វើ​សកម្មភាព​អ្វី​ខ្លះ ហើយ​នរណា​ជា​អ្នក​បញ្ជា​ឲ្យ​ធ្វើ​សកម្មភាព​នោះ»។

ស្ត្រីម្នាក់ពរកូនកំពុងឡើងរថយន្តមួយ ដើម្បីភៀសខ្លួនចេញពីទីក្រុង Kramatorsk ប្រទេសអ៊ុយក្រែន ថ្ងៃសៅរ៍ ទី ៩ ខែមេសា ឆ្នាំ ២០២២។
ស្ត្រីម្នាក់ពរកូនកំពុងឡើងរថយន្តមួយ ដើម្បីភៀសខ្លួនចេញពីទីក្រុង Kramatorsk ប្រទេសអ៊ុយក្រែន ថ្ងៃសៅរ៍ ទី ៩ ខែមេសា ឆ្នាំ ២០២២។

  • ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​រាយការណ៍ ថា លោក Olaf Scholz អធិការបតី​អាល្លឺម៉ង់​បាន​ថ្លែង​នៅ​ថ្ងៃ​សៅរ៍​ថា ជន​ដៃដល់​នៃ​ការ​សម្លាប់​ជន​ស៊ីវិល​នៅ​ទីក្រុង​ Bucha នៃ​ប្រទេស​អ៊ុយក្រែន មាន​ទោស​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម ហើយ​ត្រូវតែ​ទទួល​ទោស។ លោក​បាន​ថ្លែង​ថា៖ «នេះ​គឺជា​រឿង​មួយ​ដែល​យើង​មិន​អាច​បំភ្លេច​បាន​នោះ​ទេ»។ លោក​បាន​ថ្លែង​ដូច្នេះ​ដោយ​សំដៅ​ទៅ​លើ​ការ​សម្លាប់​ជន​ស៊ីវិល​ទាំងឡាយ​នៅ​ទីក្រុង​ Bucha ជាយរដ្ឋធានី​កៀវ។
  • មន្ត្រី​អ៊ុយក្រែន​បាន​ឲ្យដឹង​ថា ការ​វាយប្រហារ​កាលពី​ថ្ងៃ​សុក្រ​ដោយ​គ្រាប់​មីស៊ីល​របស់​ទាហាន​រុស្ស៊ី​លើ​ស្ថានីយរថភ្លើង​នៅ​ទីក្រុង Kramatorsk ភាគខាង​កើត​ប្រទេស​អ៊ុយក្រែន ជា​ទី​ដែល​ជន​ស៊ីវិល​រាប់​ពាន់​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​ភៀសខ្លួន​បាន​សម្លាប់​ជនស៊ីវិល​យ៉ាង​ហោច​ណាស់ ៥២ នាក់ ដែល​ភាគច្រើន​ជា​ស្ត្រី និង​កុមារ។ នេះ​បើតាម​សារព័ត៌មាន AP។
  • ប្រធាន​គណៈកម្មការ​សហភាព​អឺរ៉ុប​លោកស្រី Ursula von der Leyen បាន​ថ្លែង​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា កង​ទាហាន​រុស្ស៊ី​ទំនង​ជា​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដោយ​យក​ជនស៊ីវិល​នៅ​ប្រទេស​អ៊ុយក្រែន​ធ្វើ​ជា​គោលដៅ​នៃ​ការ​វាយប្រហារ​របស់​ខ្លួន ក៏​ប៉ុន្តែ​លោកស្រី​បាន​គូស​បញ្ជាក់​ថា ក្រុម​មេធាវី​ត្រូវតែ​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​ហេតុការណ៍​នៃ​ឧក្រិដ្ឋកម្ម​ទាំង​នេះ។ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់ Reuters។ លោកស្រី​បាន​ថ្លែង​ទៅកាន់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ពេល​ធ្វើ​ដំណើរ​ចាកចេញ​ពី​ប្រទេស​អ៊ុយក្រែន​តាម​រថភ្លើង​ថា៖ «ខ្ញុំ​យល់​ថា បើ​នេះ​មិន​មែន​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម តើ​អ្វីទៅ​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​នោះ ប៉ុន្តែ​ខ្ញុំ​គឺជា​គ្រូពេទ្យ​ហើយ​ក្រុម​មេធាវី​ត្រូវតែ​ធ្វើការ​ស៊ើប​អង្កេត​ឲ្យ​បាន​ម៉ត់ចត់»។
  • ឧបនាយករដ្ឋមន្ត្រី​អ៊ុយក្រែនលោកស្រី​Iryna Vereshchuk បាន​ថ្លែង​ថា ផ្លូវ​របៀង​មនុស្សធម៌​ចំនួន ១០ សម្រាប់​ជនស៊ីវិល​ភៀស​ខ្លួន បាន​បើក​ដំណើរការ​នៅ​ភាគខាង​កើត​ប្រទេស​អ៊ុយក្រែន​នៅ​ថ្ងៃ​សៅរ៍​នេះ។ ផ្លូវ​ទាំង​នេះ​នឹង​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ចាកចេញ​ពី​ទីក្រុង​មួយ​ចំនួន​នៅ​ក្នុង​តំបន់ Donetsk តំបន់ Luhansk និង​តំបន់ Zaporizhzhia។ សម្រាប់​ពលរដ្ឋ​រស់នៅ​ក្នុងទីក្រុង Mariupol, Enerhodar, Tokmak, Berdyansk និង​ទីក្រុង Melitopo ពួកគេ​នឹង​អាច​ភៀស​ខ្លួន​តាម​ផ្លូវ​របៀង​ក្នុង​តំបន់ Zaporizhzhia ហើយ​សម្រាប់​អ្នក​នៅ​ទីក្រុង Severodonetsk, Lysychansk, Popasna, Girske និង​ទីក្រុង Rubizhn ពួកគេ​អាច​ភៀសខ្លួន​តាម​ផ្លូវ​របៀង​នៅ​ទីក្រុង Bakhmut នៃ​តំបន់ Donetsk។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AP។

នៅក្នុងរូបភាពដកស្រង់ពីវីដេអូរបស់ការិយាល័យព័ត៌មានប្រចាំប្រធានាធិបតីអ៊ុយក្រែន លោកប្រធានាធិបតី Volodymyr Zelenskyy ថ្លែងសុន្ទរកថាពីទីក្រុងកៀវ ប្រទេសអ៊ុយក្រែន ថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២២។
នៅក្នុងរូបភាពដកស្រង់ពីវីដេអូរបស់ការិយាល័យព័ត៌មានប្រចាំប្រធានាធិបតីអ៊ុយក្រែន លោកប្រធានាធិបតី Volodymyr Zelenskyy ថ្លែងសុន្ទរកថាពីទីក្រុងកៀវ ប្រទេសអ៊ុយក្រែន ថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២២។

  • ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​ថ្លែងថា ក្រុម​ស៊ើបការណ៍​សន្តិសុខ​អ៊ុយក្រែន​ទទួលបាន​ព័ត៌មាន​ពី​ការ​ទាក់ទង​គ្នា​របស់​ទាហាន​រុស្ស៊ី​ដែល​ផ្តល់​ភស្តុតាង​អំពី​ឧក្រិដ្ឋកម្ម​សង្គ្រាម។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AP។ លោក​ថ្លែង​ថា៖ «ទាហាន [រុស្ស៊ី] បាន​និយាយ​ឆ្លើយឆ្លង​គ្នា​ជាមួយ​ឪពុកម្តាយ​របស់​ពួកគេ​អំពី​អ្វី​ដែល​ពួកគេ​បាន​លួច ហើយ​ពី​មនុស្ស​ដែល​ពួកគេ​បាន​ចាប់​ពង្រត់។ មាន​សារ​ថត​ជា​សំឡេង​អំពី​អ្នកទោស​សង្គ្រាម​ដែល​បាន​សារភាព​ថា​បាន​សម្លាប់​មនុស្ស»។ លោក​បាន​ថ្លែង​ដូច្នេះ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍ ដែល​ត្រូវបាន​ដកស្រង់​ពី​បទសម្ភាសន៍​ជាមួយទូរទស្សន៍ CBS ក្នុង​កម្មវិធី 60 Minutes ដែល​ត្រូវបាន​ចាក់​ផ្សាយ​កាលពី​ថ្ងៃ​សុក្រ។​
  • ទីភ្នាក់ងារ​ព័ត៌មាន AP បាន​រាយការណ៍​ថា មន្ត្រី​ការពារ​ជាតិ​អាមេរិក​ជាន់​ខ្ពស់​មួយ​រូប​បាន​ថ្លែង​ថា ក្រសួងការពារជាតិបាន​កំណត់​ថា កង​ប្រយុទ្ធ​ខ្លះ​របស់​រុស្ស៊ី​ដែល​បាន​ដក​ខ្លួន​ចេញ​ពី​តំបន់​រដ្ឋធានី​កៀវ​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ បាន​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ ហើយ​ថា ​សម្ភារៈ​យោធា​របស់​ខ្លួន​អាច​នឹង​មិន​ដំណើរការ។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AP។
  • ប្រធាន​អ្នក​នាំពាក្យ​របស់​លោក​ប្រធានាធិបតី​អាមេរិក Joe Biden កាលពីថ្ងៃ​សុក្រ​បាន​ចាត់​ទុក​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​មីស៊ីល​របស់​ទាហាន​រុស្ស៊ី​លើ​ស្ថានីយរថភ្លើង​នៅ​ភាគខាង​កើត​ប្រទេស​អ៊ុយក្រែន​ថា​ជា «ការ​សម្លាប់​រង្គាល​ដ៏​ព្រៃផ្សៃ​មួយ​ទៀត» របស់​កង​ទ័ព​រុស្ស៊ី ប៉ុន្តែ​លោក​មិន​បាន​ចាត់​ទុក​សកម្មភាព​នេះ​ថា​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​នោះ​ទេ។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AP។​
  • កាសែត​ The Washington Post បាន​រាយការណ៍​ថា ក្រសួងការពារជាតិ​អាមេរិកបាន​លើកឡើង​កាលពី​ថ្ងៃ​សុក្រ​ថា យោធា​រុស្ស៊ី​បាន​បាត់បង់​កម្លាំង​ពី ​១៥% ទៅ ២០% ដែល​ខ្លួន​បាន​ប្រមូល​ផ្តុំ​ដើម្បី​ឈ្លានពាន​លើ​អ៊ុយក្រែន ហើយ​កង​កម្លាំង​ខ្លះ​«ត្រូវបាន​បំផ្លាញ​ស្ទើរ​តែ​ទាំង​ស្រុង»។ មន្ត្រី​ការពារ​ជាតិ​អាមេរិក​ជាន់​ខ្ពស់​ម្នាក់​បាន​ថ្លែង​ថា ការ​ប្រយុទ្ធ​នា​ពេល​ខាង​មុខ​នឹង​ក្លាយ​ជា​ «ការ​ប្រយុទ្ធ​ដោយ​កាំបិត ដ៏​បង្ហូរ​ឈាម​និង​ដ៏ឃោរឃៅ​ខ្លាំង»។
  • ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​រាយការណ៍​ថា នៅ​ថ្ងៃ​សៅរ៍​នេះ កងកម្លាំង​ទាហាន​រុស្ស៊ី​បាន​បំផ្លាញ​មូលដ្ឋាន​ស្តុក​សព្វាវុធ​មួយ​នៅ​មូលដ្ឋាន​ទ័ព​អាកាស​ Myrhorod នៅ​ភាគកណ្តាល​ប្រទេស​អ៊ុយក្រែន នេះ​បើតាម​ទីភ្នាក់ងារ​សារព័ត៌មាន Interfax ដែល​បាន​ដក​ស្រង់​ក្រសួង​ការពារជាតិ​រុស្ស៊ី។យន្តហោះ​ចម្បាំង​ MiG-29 និង​ឧទ្ធម្ភាគចក្រ​ Mi-8 របស់​កងទ័ព​អាកាស​អ៊ុយក្រែន​ក៏​ត្រូវបាន​បំផ្លាញ​ផងដែរ នៅ​ក្នុង​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​នៅ​តំបន់ Poltava។ នេះ​បើ​តាម​អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​លោក Igor Konashenkov។

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG