២១:៥០
៨.៤.២០២២
ថ្ងៃសុក្រ ទី ៨ ខែមេសា៖
- អាជ្ញាធរក្នុងប្រទេសអ៊ុយក្រែនបានទាក់ទងទៅគណៈកម្មការអន្តរជាតិស្តីពីជនបាត់ខ្លួនដើម្បីជួយកំណត់ឈ្មោះសាកសពបើមិនអ៊ីចឹងទេអាចនឹងនៅតែជាអនាមិកចំពេលមានសង្រ្គាម។ ក្រុមមួយដែលបង្កើតឡើងដោយអ្នកជំនាញផ្នែកកោសល្យវិច្ច័យអ្នកស្រាវជ្រាវកោសល្យវិច្ច័យនិងអ្នកជំនាញក្នុងការប្រមូលសំណាក DNA ពីសាកសពនិងពីក្រុមគ្រួសារជាច្រើនសាសន៍ត្រូវបានគេរំពឹងថា នឹងធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែននៅដើមសប្តាហ៍ក្រោយ។ អ្នកស្រីអគ្គនាយក Kathryne Bomberger បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Associated Press ដូចនេះកាលពីថ្ងៃសុក្រ។ ពួកគេនឹងជួយកំណត់អត្តសញ្ញាណអ្នកស្លាប់ប៉ុន្តែក៏ចងក្រងជាឯកសារពីរបៀប ដែលពួកគេបានស្លាប់ផងដែរ ដែលជាព័ត៌មានដែលអាចបញ្ចូលទៅក្នុងការស្រាវជ្រាវឧក្រិដ្ឋកម្មសង្គ្រាមនាពេលអនាគត។
- តំណាងមូលនិធិកុមាររបស់អង្គការសហប្រជាជាតិប្រចាំនៅប្រទេសអ៊ុយក្រែនលោក Murat Sahin កាលពីថ្ងៃសុក្របានថ្កោលទោសការវាយប្រហារលើស្ថានីយ៍រថភ្លើងនៅក្រុង Kramatorsk នៅភាគខាងកើតអ៊ុយក្រែន។ មន្ត្រីអង្គការយូនីសេហ្វបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យើងមិនទាន់ដឹងថាតើមានកុមារប៉ុន្មាននាក់ត្រូវបានសម្លាប់និងរងរបួសនៅក្នុងការវាយប្រហារនេះប៉ុន្តែយើងខ្លាចថាវានឹងអាក្រក់បំផុត»។ មន្ត្រីអង្គការយូនីសេហ្វកំពុងចែកចាយគ្រឿងផ្គត់ផ្គង់នៅជិតស្ថានីយ៍រថភ្លើង នៅពេលដែលការវាយប្រហារបានកើតឡើង។ ជនស៊ីវិល ជាពិសេសកុមារ ត្រូវតែទទួលបានការការពារពីគ្រោះថ្នាក់។
- ទីភ្នាក់ងារសារព័ត៌មាន Associated Press បានរាយការណ៍ថា រដ្ឋាភិបាលអាល្លឺម៉ង់កាលពីថ្ងៃសុក្របានបង្ហាញកញ្ចប់ប្រាក់កម្ចីនិងជំនួយហិរញ្ញវត្ថុផ្សេងទៀត ដើម្បីជួយក្រុមហ៊ុនដែលរងគ្រោះដោយសង្គ្រាមនៅអ៊ុយក្រែន និងការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី។ កញ្ចប់នេះរួមបញ្ចូលទាំងប្រាក់កម្ចីចំនួន ១០៩ ពាន់លានដុល្លារ ដើម្បីគ្របដណ្តប់ហានិភ័យឥណទានដែលមានចំពោះវិស័យឧស្សាហកម្មថាមពលរបស់ប្រទេសអាល្លឺម៉ង់ ខណៈដែលប្រទេសនេះកំពុងប្រជែងគ្នាដើម្បីជំនួសការនាំចូលប្រេងឧស្ម័ន និងធ្យូងថ្មរបស់រុស្ស៊ី។ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចលោក Robert Habeck បាននិយាយថា កញ្ចប់នេះគឺចាំបាច់ពីព្រោះ «មានក្រុមហ៊ុននិងវិស័យនានាដែលនឹងមិនអាចឆ្លងផុតក្នុងរយៈពេលនេះប្រសិនបើយើងមិនជួយពួកគេ»។
- រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin បាននិយាយជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែនលោក Oleksii Reznikov កាលពីថ្ងៃសុក្រ ដើម្បីពិភាក្សាអំពី«តម្រូវការរបស់យោធាអ៊ុយក្រែនដើម្បីការពារប្រទេស»។
- នាយកការិយាល័យទំនាក់ទំនងរបស់ទីភ្នាក់ងារស្បៀងអាហាររបស់អង្គការសហប្រជាជាតិនៃប្រទេសរុស្ស៊ីបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា ពលរដ្ឋរុស្ស៊ីកំពុងចំណាយជាមធ្យម ៤០% នៃប្រាក់ចំណូលរបស់ពួកគេលើអាហារពោលគឺប្រហែលពីរដងច្រើនជាងមុនសង្រ្គាមរុស្ស៊ីនិងអ៊ុយក្រែន។ លោក Oleg Kobiakov នៃអង្គការស្បៀងអាហារនិងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) បាននិយាយថា គ្រួសាររុស្ស៊ីជាច្រើនឥឡូវនេះកំពុងប្រើយុទ្ធសាស្ត្រដោះស្រាយវិបត្តិ ខណៈដែលប្រាក់ចំណូលរបស់ពួកគេភាគច្រើនប្រើប្រាស់សំដៅរកតម្រូវការមូលដ្ឋានដូចជាអាហារ។ លោកបាននិយាយថា៖ «មនុស្សម្នាកំពុងពន្យារពេលផែនការដូចជាទៅរៀននៅមហាវិទ្យាល័យឬទិញផ្ទះ។ ពួកគេសន្សំក្នុងករណីដែលពួកគេបាត់បង់ការងាររបស់ពួកគេ និងក្នុងករណីស្លាប់បាត់បង់ជីវិត»។
- នាយករដ្ឋមន្ត្រីស្លូវ៉ាគីលោក Eduard Heger បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសស្លូវ៉ាគីបានបរិច្ចាគប្រព័ន្ធការពារដែនអាកាស S-300 របស់ខ្លួនដល់អ៊ុយក្រែន ដើម្បីជួយការពារប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ អ៊ុយក្រែនបានអំពាវនាវដល់ប្រទេសលោកខាងលិច សុំឧបករណ៍ការពារដែនអាកាសដើម្បីជួយទប់ទល់នឹងការវាយលុករបស់យោធារុស្ស៊ី ដែលពេលនេះឈានដល់ខែទីពីរហើយ។ លោក Heger ដែលបានធ្វើទស្សនកិច្ចនៅទីក្រុងកៀវកាលពីថ្ងៃសុក្រ ក៏បាននិយាយដែរថា ការការពារខ្លួនរបស់ស្លូវ៉ាគីត្រូវបានធានាហើយ។ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថាជាសមាជិកអង្គការអូតង់ស្លូវ៉ាគីកំពុងប្រើប្រាស់ប្រព័ន្ធការពារដែនអាកាស S-300 ដែលខ្លួនបានទទួលមរតកបន្ទាប់ពីការបែកបាក់របស់ប្រទេសឆេកូស្លូវ៉ាគីក្នុងឆ្នាំ ១៩៩៣។
- ប្រធានាធិបតីអាល្លឺម៉ង់លោក Frank-Walter Steinmeier អំពាវនាវឱ្យមានតុលាការឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំងនឹងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងរដ្ឋមន្ត្រីការបរទេសលោក Sergey Lavrov។ នេះបើតាមការផ្សាយរបស់ទស្សនាវដ្តីអាល្លឺម៉ង់ Der Spiegel ដែលបានដកស្រង់សម្តីរបស់លោក Steinmeier។ លោក Steinmeierបានប្រាប់ទស្សនាវដ្តី Der Spiegel ក្នុងបទសម្ភាសន៍មួយថា «អ្នកណាក៏ដោយដែលមានទំនួលខុសត្រូវចំពោះឧក្រិដ្ឋកម្មទាំងនេះនឹងត្រូវពន្យល់ដោយខ្លួនឯង»។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
- មន្ត្រីសុខាភិបាលរបស់អង្គការសហប្រជាជាតិបានព្រមានថា ពលរដ្ឋកាន់តែច្រើនក្នុងប្រទេសអ៊ុយក្រែននឹងចាប់ផ្តើមស្លាប់ដោយសារជំងឺរ៉ាំរ៉ៃនិងជំងឺដែលអាចបង្ការបានជាងការរងរបួស ដោយសារសង្គ្រាមនៅពេលដែលជម្លោះនៅតែបន្តកាន់តែយូរ។ អង្គការសុខភាពពិភពលោកបាននិយាយថា បុគ្គលិកសុខាភិបាលនៅអ៊ុយក្រែនកំពុងបន្តផ្តល់ការថែទាំនៅពេលប្រឈមមុខនឹងការឈឺចាប់របស់មនុស្ស ដែលមិនអាចនឹកស្មានដល់ និងនៅក្នុងតំបន់នៃការបំផ្លិចបំផ្លាញទាំងស្រុង។ អង្គការសុខភាពពិភពលោកកំពុងអំពាវនាវឱ្យរុស្ស៊ីសម្រេចបទឈប់បាញ់ជាបន្ទាន់ និងផ្តល់ជំនួយមនុស្សធម៌ដែលមិនមានការរារាំងដល់អ្នកដែលត្រូវការជំនួយ។
- ការិយាល័យមនុស្សធម៌របស់អង្គការសហប្រជាជាតិកំពុងនាំយកជំនួយទៅភាគខាងកើតក្នុងប្រទេសអ៊ុយក្រែនហើយគ្រោងនឹងរៀបចំក្បួនរថយន្តជំនួយទៅកាន់តំបន់ឧទ្ទាមនៅតំបន់ Luhansk និង Donetsk នៅសប្តាហ៍ក្រោយខណៈដែលការប្រយុទ្ធគ្នាបានផ្លាស់ប្តូរទិស។ អ្នកនាំពាក្យ លោក Jens Laerke បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រថា៖ «យើងរៀបចំផែនការរបស់យើងដើម្បីនាំក្បួនរថយន្តទៅទីនោះរួចហើយ គឺនៅសប្តាហ៍ក្រោយ។ ថាតើវាកើតឡើងឬទេ អាស្រ័យលើស្ថានភាពសន្តិសុខ»។
- ប្រធានជំនួយមនុស្សធម៌របស់អង្គការសហប្រជាជាតិលោក Martin Griffiths បានទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែននិងរុស្ស៊ីក្នុងសប្តាហ៍នេះ ជាកន្លែងដែលលោកបានជួបជាមួយភាគីទាំងពីរ និងពិភាក្សាអំពីការរៀបចំសម្រាប់បទឈប់បាញ់មនុស្សធម៌ ដែលអាចកើតមានចំពោះជម្លោះដែលមានរយៈពេលប្រាំមួយសប្តាហ៍។ ខណៈពេលដែលមិនទាន់មានការប្តេជ្ញាចិត្តឲ្យមានបទឈប់បាញ់នៅឡើយ អង្គការសហប្រជាជាតិបាននិយាយថា លោក Griffiths នឹងបន្តស្វែងរកកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់ក្នុងស្រុក។ បន្ទាប់ពីបានទៅមើលក្រុង Bucha កាលពីថ្ងៃព្រហស្បតិ៍ជាកន្លែងដែលលោកបានឃើញផ្នូររួម ដែលមានសាកសពចំនួន ២៨០ លោក Griffiths បានសរសេរកាលពីថ្ងៃសុក្រ នៅលើធ្វីតធឺថា៖ «បទឈប់បាញ់នោះគឺជាការចាំបាច់»។
- ប្រជាជនអ៊ុយក្រែននៅទីក្រុង Chernihiv កំពុងបោសសម្អាតបន្ទាប់ពីកងទ័ពរុស្ស៊ីបញ្ឈប់ការវាយប្រហាររបស់ខ្លួននិងបង្វែរការយកចិត្តទុកដាក់ទៅកាន់ភាគខាងកើតរបស់ប្រទេសអ៊ុយក្រែន។ កងទ័ពអាកាសរុស្ស៊ីបានទម្លាក់គ្រាប់បែកលើតំបន់លំនៅដ្ឋាននិងព្រះវិហារមួយ។ អ្នកឆ្លើយឆ្លងព័ត៌មានលោក Maryan Kushnir បានទៅមើលការបំផ្លិចបំផ្លាញនៅក្នុងទីក្រុងនេះ ដែលមានទីតាំងនៅភាគខាងជើងអ៊ុយក្រែនជិតព្រំដែនជាមួយប្រទេសបេឡារុស្ស និងរុស្ស៊ី។ លោករាយការណ៍រឿងនេះសម្រាប់វិទ្យុ Radio Free Europe/Radio Liberty។
- សក្ខីកម្មនិងភស្តុតាងផ្សេងទៀតនៃឧក្រិដ្ឋកម្មសង្រ្គាមដែលសង្ស័យនៅក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីត្រូវតែប្រមូលពីជនភៀសខ្លួនដែលកំពុងរត់ភៀសខ្លួន ដូច្នេះសកម្មភាពនឹងមិនកើតឡើងដោយមិនមានការដាក់ទោសឡើយ។ នេះបើតាមការបញ្ជាក់របស់ស្នងការកិច្ចការផ្ទៃក្នុងសហភាពអឺរ៉ុបអ្នកស្រី Ylva Johansson កាលពីថ្ងៃសុក្រ។ អ្នកស្រីបាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Prague ជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឆេកូថា៖ «យើងទាំងអស់គ្នាបានឃើញរូបភាពនិងវីដេអូនៃលទ្ធផលនៃឧក្រិដ្ឋកម្មសង្គ្រាម។ ហើយជាអកុសលខ្ញុំគិតថាយើងនឹងឃើញកាន់តែច្រើន»។ អ្នកស្រីបានបន្ថែមថា៖ «វាសំខាន់ណាស់ដែលឧក្រិដ្ឋកម្មសង្គ្រាមទាំងនេះនឹងមិនត្រូវឲ្យរួចផុតពីកាត់ទោសនោះទេ»។
- រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba បានស្វាគមន៍ការដាក់ទណ្ឌកម្មថ្មីរបស់លោកខាងលិចប្រឆាំងនឹងរុស្ស៊ីប៉ុន្តែបានអំពាវនាវឱ្យមានវិធានការបន្ថែមទៀតរួមទាំងការហាមឃាត់ទាំងស្រុងលើការលក់ប្រេងនិងឧស្ម័នរបស់រុស្ស៊ីការបិទធនាគាររុស្ស៊ីទាំងអស់ពីប្រព័ន្ធធនាគារ SWIFT និងការបិទកំពុងផែមិនឲ្យនាវានិងទំនិញរុស្ស៊ីចូលបាន។
- សហភាពអឺរ៉ុបកាលពីថ្ងៃសុក្របានយល់ព្រមលើកញ្ចប់ទណ្ឌកម្មទី៥ប្រឆាំងនឹងរុស្ស៊ីចំពោះសង្គ្រាមដែលមិនបង្កហេតុរបស់ខ្លួនប្រឆាំងលើអ៊ុយក្រែន រួមទាំងវិធានការហាមឃាត់ការនាំចូលធ្យូងថ្ម និងការបិទកំពង់ផែសហភាពអឺរ៉ុប មិនឲ្យនាវារុស្ស៊ីចូលចត។ ទណ្ឌកម្មដែលបានអនុម័តថ្មីបានកំណត់គោលដៅសំខាន់ៗ ចំនួនប្រាំមួយ៖ ធ្យូងថ្មរុស្ស៊ី ប្រតិបត្តិការហិរញ្ញវត្ថុ ការដឹកជញ្ជូន ការនាំចូលនិងការនាំចេញទៅកាន់ប្រទេសរុស្ស៊ី និងមិនបញ្ចូលប្រទេសរុស្ស៊ីក្នុងកិច្ចសន្យាសាធារណៈនិងមូលនិធិអឺរ៉ុប។ ប្លុកនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយកត់សម្គាល់ថា ការងារលើការដាក់ទណ្ឌកម្មបន្ថែមទៀតប្រឆាំងនឹងទីក្រុងម៉ូស្គូ កំពុងដំណើរការរួចហើយ។ រាយការណ៍ដោយវិទ្យុអឺរ៉ុបសេរី/វិទ្យុសេរីភាព។
- ក្រសួងការពារជាតិរុស្ស៊ីបានហៅរបាយការណ៍ដែលថារុស្ស៊ីទទួលខុសត្រូវចំពោះការវាយប្រហារលើស្ថានីយ៍រថភ្លើងក្នុងទីក្រុង Kramatorsk ប្រទេសអ៊ុយក្រែនថាជា«ការបង្កហេតុ»។ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាកាំជ្រួចប្រើក្នុងការវាយប្រហារគឺប្រភេទ Tochka-U ដែលកងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែនប៉ុណ្ណោះទេដែលបានប្រើហើយថាទាហានរុស្ស៊ីមិនបានធ្វើការវាយប្រហារណាមួយប្រឆាំងនឹងទីក្រុង Kramatorsk នៅថ្ងៃសុក្រនេះទេ។ នេះបើតាមកាសែត The New York Times បានរាយការណ៍។
- រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba កាលពីថ្ងៃសុក្របានហៅការវាយប្រហារលើស្ថានីយ៍រថភ្លើងទីក្រុង Kramatorsk ថាជា«ការសម្លាប់ដោយចេតនា»ហើយបានចែករំលែករូបថតនៃលទ្ធផលក្រោយការវាយប្រហារនៅលើបណ្តាញធ្វីតធឺ (Twitter )។ លោកបានចោទប្រកាន់ថា«ទាហានរុស្ស៊ីបានដឹងថាស្ថានីយ៍រថភ្លើងនៅទីក្រុង Kramatorsk ពោរពេញដោយជនស៊ីវិលដែលកំពុងរង់ចាំការជម្លៀស»។
- កាសែត Washington Post បានរាយការណ៍ថា ការឈ្លានពានរបស់រុស្ស៊ីមានន័យថា អ៊ុយក្រែនមិនអាចនាំចេញគ្រាប់ធញ្ញជាតិបានទេ ហើយនោះមានន័យថា មានបញ្ហាសម្រាប់ពិភពលោកទាំងមូល។ បណ្តាប្រទេសដែលពឹងផ្អែកលើស្រូវសាលីអ៊ុយក្រែន រួមមានប៉ាគីស្ថាន លីបង់ និងអេហ្ស៊ីប។ ប្រសិនបើអ៊ុយក្រែនមិនអាចនាំចេញគ្រាប់ធញ្ញជាតិរបស់ខ្លួនបានទេតម្លៃអាហារអាចកើនឡើងហើយភាពអត់ឃ្លានអាចកើនឡើងនៅជុំវិញពិភពលោក។
- ប្រទេសជប៉ុនបាននិយាយថាខ្លួននឹងបណ្ដេញអ្នកការទូតរុស្ស៊ីចំនួន ៨ នាក់។ ជប៉ុនក្លាយជាប្រទេសចុងក្រោយបង្អស់ក្នុងចំណោមប្រទេសជាច្រើនដែលធ្វើសកម្មភាពបែបនេះ។
- កាសែត The New York Times បានរាយការណ៍ថា សហភាពអឺរ៉ុបបានហាមឃាត់ការនាំចូលធ្យូងថ្មពីរុស្ស៊ីដែលជាផ្នែកមួយនៃទណ្ឌកម្មថ្មី។
- ទូរទស្សន៍ CNN បានរាយការណ៍ថាអ៊ុយក្រែនកំពុងត្រៀមខ្លួនទប់ទល់នឹងការប៉ុនប៉ង«វាយសម្រុកចូលដ៏ធំ»ដោយកងកម្លាំងរុស្ស៊ីនៅក្នុងតំបន់ Donbas។
- ក្រុមហ៊ុនផ្លូវដែករបស់រដ្ឋាភិបាលអ៊ុយក្រែនបាននិយាយថាការវាយប្រហារដោយគ្រាប់រ៉ុក្កែតរបស់រុស្ស៊ីនៅស្ថានីយ៍រថភ្លើងក្នុងទីក្រុង Kramatorsk បានសម្លាប់មនុស្សជាង ៣០ នាក់ ហើយមនុស្សជាង ១០០ នាក់រងរបួស។ ភាគច្រើននៃជនរងគ្រោះគឺជាស្ត្រីកុមារ និងមនុស្សចាស់។
- រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានចេញសេចក្តីថ្លែងការណ៍មួយដោយហៅសំណើសន្តិភាពចុងក្រោយបង្អស់របស់អ៊ុយក្រែនថាជារឿង«មិនអាចទទួលយកបាន»។ លោកបានចោទប្រកាន់«ពួកណាហ្ស៊ីនិយមអ៊ុយក្រែន» ពីបទប្រព្រឹត្តអំពើឃោរឃៅប្រឆាំងនឹងឈ្លើយសឹករុស្ស៊ី។
- ទូរទស្សន៍CNN បានរាយការណ៍ថាប្រធានគណៈកម្មការអឺរ៉ុបអ្នកស្រី Ursula von der Leyen និង លោក Josep Borrell ដែលជាតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុប សម្រាប់កិច្ចការបរទេសនិងគោលនយោបាយសន្តិសុខកំពុងធ្វើដំណើរទៅកាន់ទីក្រុងកៀវ ប្រទេសអ៊ុយក្រែន។
- ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា មេដឹកនាំទាំងពីរនឹងជួបជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ក្នុងទីក្រុងកៀវនៅថ្ងៃសុក្រដើម្បីផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុនិងស្មារតី។ ដោយធ្វើដំណើរតាមរថភ្លើងពីទីក្រុងព្រុចសែលទៅកាន់ទីក្រុងកៀវ លោក Josep Borrell បានប្រាប់អ្នកសារព័ត៌មានថាដំណើរទស្សនកិច្ចនេះគឺជាសញ្ញាមួយថា«អ៊ុយក្រែនកំពុងគ្រប់គ្រងទឹកដីរបស់ខ្លួន»។ លោកក៏បាននិយាយផងដែរថាការធ្វើដំណើរនេះនឹងអនុញ្ញាតឱ្យប្លុកនេះគូសបញ្ជាក់អំពីវិធានការដែលសហភាពអឺរ៉ុបបានអនុវត្តដើម្បីធ្វើឲ្យ«រុស្ស៊ីនៅឯកោ»ជុំវិញការឈ្លានពានរយៈពេលប្រាំមួយសប្តាហ៍របស់ខ្លួនលើអ៊ុយក្រែន។ លោក Borrell និងអ្នកស្រីUrsula Von der Leyen គឺជាមេដឹកនាំលោកខាងលិចចុងក្រោយបំផុតដែលទៅបំពេញទស្សនកិច្ចនៅទីក្រុងកៀវបន្ទាប់ពីនាយករដ្ឋមន្ត្រីប៉ូឡូញស្លូវេនី និងសាធារណរដ្ឋឆេកបានធ្វើដំណើរទៅជួបលោក Zelenskyy កាលពីខែមុន។
- អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាសក្ខីកម្មថ្មីបង្ហាញថារុស្ស៊ីបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមនៅអ៊ុយក្រែន។ លោកស្រី Agnès Callamard អគ្គលេខាធិការអង្គការលើកលែងទោសអន្តរជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះយើងបានប្រមូលភស្តុតាងដែលថាកងកម្លាំងរុស្ស៊ីបានប្រព្រឹត្តការប្រហារជីវិតក្រៅប្រព័ន្ធតុលាការនិងការសម្លាប់ខុសច្បាប់ផ្សេងទៀតដែលត្រូវតែស៊ើបអង្កេតថាជាឧក្រិដ្ឋកម្មសង្គ្រាម»។ អ្នកស្រីបន្ថែមថា៖ «សក្ខីកម្មបង្ហាញថាជនស៊ីវិលដែលគ្មានអាវុធនៅក្នុងអ៊ុយក្រែនកំពុងត្រូវបានសម្លាប់នៅក្នុងផ្ទះរបស់ពួកគេនិងតាមដងផ្លូវក្នុងអំពើឃោរឃៅដែលគ្មានពាក្យនឹងថ្លែងនិងអំពើឃោរឃៅដ៏គួរឱ្យតក់ស្លុត»។
- ក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេសបានបញ្ជាក់នៅក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានសម្ងាត់ចុងក្រោយរបស់ខ្លួនថាកងកម្លាំងរុស្ស៊ីបានដកខ្លួនចេញពីភាគខាងជើងអ៊ុយក្រែនហើយ។ កងកម្លាំងមួយចំនួនក្នុងចំណោមនោះនឹងត្រូវបញ្ជូនទៅប្រយុទ្ធនៅភាគខាងកើតអ៊ុយក្រែនខណៈដែលរុស្ស៊ីនៅតែបន្តវាយប្រហារតំបន់ភាគខាងកើតនិងភាគខាងត្បូងនៃប្រទេស។
- ទូរទស្សន៍ Al Jazeera បានរាយការណ៍ថាប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy និយាយថារុស្ស៊ីគ្រោងនឹងប្រើប្រាស់សាកសពជនរងគ្រោះនៅទីក្រុង Mariupol សម្រាប់ការឃោសនា។ លោកបាននិយាយថា៖ «ពួកគេនឹងបង្ហាញជនរងគ្រោះនៅទីក្រុង Mariupol ថាហាក់ដូចជាពួកគេត្រូវបានសម្លាប់មិនមែនដោយយោធារុស្ស៊ីទេប៉ុន្តែដោយអ្នកការពារអ៊ុយក្រែននៅទីក្រុងនេះ»។ លោកបានបន្ថែមថា៖ «ដើម្បីធ្វើបែបនេះពួកឈ្លានពានប្រមូលសាកសពតាមដងផ្លូវយកចេញ ហើយអាចប្រើប្រាស់នៅកន្លែងផ្សេងស្របតាមសេណារីយ៉ូនៃការឃោសនាបំផ្លើស»។
២១:១៦
៧.៤.២០២២
ថ្ងៃព្រសហ្បតិ៍ ទី ៧ ខែមេសា៖
- រដ្ឋមន្ត្រីការបរទេសក្រិកលោក Nikos Dendias បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរបស់លោកនឹងស្នើឱ្យតុលាការឧក្រិដ្ឋកម្មអន្តរជាតិនៅទីក្រុងឡាអេ បើកការស៊ើបអង្កេតលើឧក្រិដ្ឋកម្មសង្គ្រាមដែលអាចកើតមាននៅក្នុងទីក្រុងកំពង់ផែ Mariupol ភាគខាងត្បូងរបស់ប្រទេសអ៊ុយក្រែន ដែលមានសហគមន៍ជនជាតិក្រិកដ៏ធំមួយ។ ចំណាត់ការនេះបានកើតឡើង បន្ទាប់ពីលោកប្រធានាធិបតី Volodymyr Zelenskyy បាននិយាយទៅកាន់សភារបស់ប្រទេសក្រិកកាលពីថ្ងៃព្រហស្បតិ៍ ដោយជំរុញឱ្យរដ្ឋាភិបាលក្រិកប្រើប្រាស់គ្រប់កម្លាំងការទូតរបស់ខ្លួនដើម្បីកាត់ទោសមន្ត្រីយោធានិងនយោបាយរុស្ស៊ី ចំពោះអំពើឃោរឃៅដែលលោកបាននិយាយថាកំពុងប្រព្រឹត្តមិនត្រឹមតែនៅក្នុងទីក្រុង Mariupol ប៉ុណ្ណោះទេ ប៉ុន្តែនៅទូទាំងប្រទេសអ៊ុយក្រែន នេះបើតាមរបាយការណ៍របស់ Anthee Carassava នៃវីអូអេ។
- ទីក្រុង Borodyanka របស់អ៊ុយក្រែនដែលមានចម្ងាយ ៥០ គីឡូម៉ែត្រពីទីក្រុងកៀវ ត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារការវាយប្រហារតាមអាកាសរបស់រុស្ស៊ី។ យោងតាមអគ្គរដ្ឋអាជ្ញាលោកស្រី Iryna Venediktovaស្ថានភាពដ៏អាក្រក់បំផុតដោយមានការស្លាប់និងរបួសជនស៊ីវិលគឺនៅទីក្រុង Borodyanka។ អគារបាក់រលំមិនទាន់ត្រូវបានគេឈូសឆាយទេ ហើយចំនួនជនរងគ្រោះក៏មិនទាន់កំណត់បានដែរ។ សេចក្តីការណ៍វិទ្យុអឺរ៉ុបសេរី/វិទ្យុសេរីភាព។
- ទីភ្នាក់ងារព័ត៌មាន Associated Press បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកមានសុទិដ្ឋិនិយមដោយប្រយ័ត្នប្រយែងថា ប្រទេសជាសមាជិកអូតង់មួយចំនួននឹងបង្កើនការផ្គត់ផ្គង់អាវុធដល់ប្រទេសរបស់លោក ដោយជួយទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី ប៉ុន្តែលោកបានជំរុញឱ្យមានការសម្រេចចិត្តនិងសកម្មភាពឲ្យបានឆាប់រហ័ស។ លោក Kuleba បានបដិសេធមិននិយាយថា ប្រទេសណាខ្លះនឹងផ្តល់ឧបករណ៍ឬប្រភេទអ្វីនោះទេ ប៉ុន្តែលោកបាននិយាយថា សព្វាវុធត្រូវតែទៅដល់អ៊ុយក្រែនឱ្យបានឆាប់រហ័ស នៅពេលដែលរុស្ស៊ីត្រៀមលក្ខណៈសម្រាប់ការវាយលុកថ្មីនៅក្នុងតំបន់ Donbas ដែលនៅភាគខាងកើតប្រទេស។ លោក Kuleba បាននិយាយថា៖ «អ្នកទាំងអស់គ្នាត្រូវជួយយើងឥឡូវនេះ ហើយខ្ញុំកំពុងនិយាយថា ក្នុងរយៈពេលប៉ុន្មានថ្ងៃមិនមែនក្នុងពេលប៉ុន្មានសប្តាហ៍ទេ បើមិនអ៊ីចឹងទេជំនួយរបស់អ្នកនឹងមកយឺតពេល»។
- មហាសន្និបាតអង្គការសហប្រជាជាតិបានបោះឆ្នោតនៅថ្ងៃព្រហស្បតិ៍តាមការជំរុញរបស់សហរដ្ឋអាមេរិក ដើម្បីព្យួរប្រទេសរុស្ស៊ីពីក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ជុំវិញរបាយការណ៍នៃ «ការរំលោភបំពានសិទ្ធិមនុស្សដ៏ធំនិងជាប្រព័ន្ធ» ដោយការឈ្លានពានរបស់ទាហានរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។ សេចក្តីសម្រេចនេះមានសំឡេងគាំទ្រចំនួន ៩៣ សំឡេងប្រឆាំងមាន ២៤ និងប្រទេសចំនួន ៥៨ បោះឆ្នោតអនុប្បវាទ។ តាមនីតិវិធីបោះឆ្នោតគឺសំឡេងអនុបវាទមិនយកជាបានការ ហើយគេត្រូវការតែសំឡេង ២ ភាគ ៣ នៃសំឡេងឆ្នោតដើម្បីព្យួររុស្ស៊ីចេញពីក្រុមប្រឹក្សាដែលមានសមាជិក ៤៧ ប្រទេស។ ប្រទេសលីប៊ីត្រូវបានផ្អាកនៅឆ្នាំ ២០១១ ដោយសារតែអំពើហិង្សាប្រឆាំងនឹងក្រុមបាតុករដោយកងកម្លាំងដែលស្មោះត្រង់នឹងមេដឹកនាំនៅពេលនោះគឺលោក Muammar Gaddafi ។ សេចក្តីសម្រេចបង្ហាញពី «ការព្រួយបារម្ភយ៉ាងខ្លាំងចំពោះវិបត្តិសិទ្ធិមនុស្សនិងមនុស្សធម៌ដែលកំពុងបន្តកើតមាននៅក្នុងប្រទេសអ៊ុយក្រែន» ជាពិសេសចំពោះរបាយការណ៍អំពីការរំលោភសិទ្ធិដោយប្រទេសរុស្ស៊ី។
- អតីតមេបញ្ជាការកំពូលអង្គការអូតង់ម្នាក់បាននិយាយថា ការភ័យខ្លាចរបស់លោកខាងលិច «អំពីអាវុធនុយក្លេអ៊ែរនិងសង្គ្រាមលោកលើកទី ៣» បាន «រារាំងទាំងស្រុង»ដល់ខ្លួនឯង ហើយលោក វ្ល៉ាឌីមៀ ពូទីន អាចធ្វើអ្វីៗបានដោយ«មិនមានការរារាំងទាំងស្រុង» នៅពេលដែលមេដឹកនាំរុស្ស៊ីរូបនេះបន្តការឈ្លានពានដ៏ឃោរឃៅកាន់តែខ្លាំងឡើងលើអ៊ុយក្រែន។ លោក Philip Breedlove បានប្រាប់អ្នកយកព័ត៌មានវិទ្យុអឺរ៉ុបសេរី/វិទ្យុសេរីភាពលោក Vazha Tavberidze ក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះថា៖ «យើងបានចុះចាញ់តាមគំនិតផ្តួចផ្តើមរបស់សត្រូវ»។ លោក Breedlove គឺជាឧត្តមសេនីយផ្កាយបួននៃកងទ័ពអាកាសអាមេរិក ដែលចូលនិវត្តន៍ដែលបានដឹកនាំកងកម្លាំងសហរដ្ឋអាមេរិកនៅអឺរ៉ុប និងបានបម្រើការជាមេបញ្ជាការកំពូលកងទ័ពសម្ព័ន្ធមិត្តរបស់អង្គការអូតង់ពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៦។
- នាយករដ្ឋមន្ត្រីរុស្ស៊ីលោក Mikhail Mishustin បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរុស្ស៊ីកំពុងប្រឈមមុខនឹងស្ថានភាពដ៏លំបាកបំផុតរបស់ខ្លួនក្នុងរយៈពេលបីទសវត្សរ៍ ដោយសារការដាក់ទណ្ឌកម្មរបស់លោកខាងលិចដែលមិនធ្លាប់មានពីមុនមក ប៉ុន្តែការប៉ុនប៉ងរបស់បរទេសដើម្បីផ្តាច់រុស្ស៊ីពីសេដ្ឋកិច្ចពិភពលោកនឹងបរាជ័យ។ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា បណ្តាប្រទេសលោកខាងលិចកំពុងពង្រីកជាបណ្តើរៗនូវការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដើម្បីព្យាយាមបង្ខំរុស្ស៊ីឱ្យបញ្ចប់ប្រតិបត្តិការយោធារបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន និងដកកងកម្លាំងរបស់ខ្លួនចេញ។ លោក Mishustin បានប្រាប់សភាជាន់ទាប (Duma) ថា៖«គ្មានការសង្ស័យទេថា ស្ថានភាពបច្ចុប្បន្នអាចត្រូវបានគេហៅថាលំបាកបំផុតក្នុងរយៈពេលបីទសវត្សរ៍នេះសម្រាប់ប្រទេសរុស្ស៊ី»។ លោកបានបន្ថែមថា៖ «ទណ្ឌកម្មបែបនេះមិនត្រូវបានប្រើសូម្បីតែក្នុងគ្រាងងឹតបំផុតនៃសង្គ្រាមត្រជាក់»។
- ប្រទេសហ្វាំងឡង់នឹងបញ្ជាក់អំពីជំហានបន្ទាប់ទាក់ទងនឹងការសម្រេចចិត្ត ដែលអាចនឹងកើតមានឡើងក្នុងការស្វែងរកសមាជិកភាពអង្គការអូតង់ក្នុងសប្តាហ៍ខាងមុខ។ នេះបើតាមរដ្ឋមន្ត្រីការបរទេសលោក Pekka Haavistoបានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសរបស់អង្គការអូតង់ នៅទីក្រុងព្រុចសែល កាលពីថ្ងៃព្រហស្បតិ៍។ លោក Haavisto បានបន្ថែមថា ប្រទេសសមាជិកអូតង់បានផ្តល់ជូនហ្វាំងឡង់នូវជួយការធានាសន្តិសុខ ក្នុងអំឡុងពេលដំណើរការពាក្យសុំ ហើយបាននិយាយថា ពួកគេប៉ាន់ស្មានថា វានឹងចំណាយពេលពី ៤ ខែទៅមួយឆ្នាំដើម្បីអនុម័តពាក្យសុំនេះ។ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា ការគាំទ្រសម្រាប់ប្រទេសហ្វាំងឡង់ដែលរក្សាជំហរអព្យាក្រឹតដ៏យូរមកហើយក្នុងការចូលរួមក្នុងអង្គការអូតង់បានកើនឡើង ចាប់តាំងពីប្រទេសរុស្ស៊ីដែលនៅជិតខាងបានឈ្លានពានអ៊ុយក្រែនក្នុងខែកុម្ភៈ។
- យោងតាមឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការអូតង់លោកស្រី Julianne Smith បាននិយាយថា កាលពីថ្ងៃព្រហស្បតិ៍រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានជួបជាមួយរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសជប៉ុន។ ជាលើកដំបូងមិនធ្លាប់មាន ដែលជប៉ុនចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរបស់អង្គការអូតង់។ អ្នកស្រីបានសរសេរតាមធ្វីតធឺថា អូតង់កាន់តែរឹងមាំ «នៅពេលដែលយើងធ្វើការជាមួយដៃគូអាស៊ីប៉ាស៊ីហ្វិករបស់យើង»។
- ប្រជាជនអ៊ុយក្រែនកំពុងត្រឡប់ទៅរដ្ឋធានីកៀវវិញ។ អ្នកខ្លះមានកាបូប រទេះរុញនិងសត្វចិញ្ចឹមដ៏ចម្លែកដោយខ្លះស្រក់ទឹកភ្នែក ខ្លះទៀតភ័យព្រួយពីការវិលត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីទាហានរុស្ស៊ីបានដកខ្លួនចេញពីជាយក្រុងរបស់ពួកគេ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។ មួយសប្តាហ៍បន្ទាប់ពីកងកម្លាំងរុស្ស៊ីបានដកខ្លួនចេញពីភូមិនានានៅភាគខាងជើងនៃរដ្ឋធានីកៀវ ដោយបន្សល់ទុកនូវអគារនិងសាកសពដែលត្រូវគេបំផ្លាញនៅតាមដងផ្លូវមួយចំនួន។ មន្ត្រីបានព្រមានប្រជាជនកុំឱ្យត្រឡប់ទៅរដ្ឋធានីវិញនៅឡើយ ដោយខ្លាចមានការវាយលុកជាថ្មី។
- មន្ត្រីអ៊ុយក្រែន បានរាយការណ៍ថា ការវាយប្រហាររបស់រុស្ស៊ីកាន់តែខ្លាំងកាលពីថ្ងៃព្រហស្បតិ៍លើទីក្រុងនិងទីប្រជុំជននានានៅភាគខាងកើតអ៊ុយក្រែនខណៈដែលមនុស្សរាប់ពាន់នាក់បានភៀស ខ្លួនចេញពីផ្នែកខ្លះនៃតំបន់ដែលអាចមានការវាយលុកដ៏ធំរបស់រុស្ស៊ី។ នេះបើយោងតាមកាសែត Washington Post ។ អភិបាលនៃតំបន់ Kharkiv លោក Oleh Synyehubov បានសរសេរនៅលើប្រព័ន្ធTelegramថា កាំភ្លើងធំនិងកាំភ្លើងត្បាល់បានវាយប្រហារផ្ទះនិងហេដ្ឋារចនាសម្ព័ន្ធនានាហើយថា យ៉ាងហោចណាស់មានមនុស្ស ១៥.០០០ នាក់ បានភៀសខ្លួនចេញពីទីក្រុងនានានៅក្នុងតំបន់។
- អភិបាលក្រុង Mariupol លោក Vadym Boichenko បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មនុស្សជាង ១០០.០០០ នាក់នៅតែត្រូវការជម្លៀសជាបន្ទាន់ពីទីក្រុង Mariupol ដោយពណ៌នាអំពីស្ថានភាពនៅទីក្រុងកំពង់ផែអ៊ុយក្រែនដែលឡោមព័ទ្ធដោយរុស្ស៊ីថា ជាមហន្តរាយមនុស្សធម៌។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Reuters។ ឧបនាយករដ្ឋមន្ត្រីលោកស្រី Iryna Vereshchuk បានប្រកាសកិច្ចព្រមព្រៀងជាមួយរុស្ស៊ីលើការបើកច្រករបៀងសុវត្ថិភាពចំនួន ១០ ដែលភាគច្រើននៅភាគខាងត្បូងនិងខាងកើតអ៊ុយក្រែនប៉ុន្តែបាននិយាយថាអ្នកស្រុកដែលព្យាយាមចាកចេញពីទីក្រុង Mariupol ដែលត្រូវបានឡោមព័ទ្ធនឹងត្រូវប្រើយានជំនិះផ្ទាល់ខ្លួនរបស់ពួកគេ។
- ការធ្វើបច្ចុប្បន្នភាពរបាយការណ៍ស៊ើបការណ៍សម្ងាត់ចុងក្រោយបំផុតពីចក្រភពអង់គ្លេសឲ្យដឹងថាកងកម្លាំងរុស្ស៊ីកំពុងផ្តោតលើភាគខាងកើតអ៊ុយក្រែនហើយការវាយប្រហារនោះ «ទំនងជាមានបំណងធ្វើឱ្យខូចសមត្ថភាពរបស់យោធាអ៊ុយក្រែនក្នុងការផ្គត់ផ្គង់ឡើងវិញនិងបង្កើនសម្ពាធលើរដ្ឋាភិបាលអ៊ុយក្រែន»។
- ទីភ្នាក់ងារសារព័ត៌មានបារាំង AFP បានរាយការណ៍ថា ប្រទេសបារាំងបានកោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ីជុំវិញការបង្ហោះធ្វីតធឺអំពីក្រុង Bucha ថា មានលក្ខណៈ «មិនសមរម្យនិងបង្កហេតុ»។ ធ្វីតធឺនោះបានសំដៅទៅលើទិដ្ឋភាពនៃការស្លាប់និងការបំផ្លិចបំផ្លាញនៅក្នុងទីក្រុង Bucha ថា ជា «ឈុតសម្តែងភាពយន្ត»ដោយហាក់បង្ហាញថាត្រូវបានគេរៀបចំឡើង។
- កាសែត The New York Timesបានរាយការណ៍ថា ប្រទេសអូទ្រីសបណ្ដេញអ្នកការទូតរុស្ស៊ីបួននាក់ដែលជាប្រទេសចុងក្រោយគេដែលធ្វើដូច្នេះ។
- ទូរទស្សន៍ Al Jazeera បានដកស្រង់សម្តីអភិបាលក្រុង Bucha ប្រទេសអ៊ុយក្រែនដែលបានរាយការណ៍ថា ៩០% នៃជនស៊ីវិលដែលត្រូវបានសម្លាប់ដោយទាហានរុស្ស៊ីនៅក្នុងទីក្រុងត្រូវបានបាញ់មិនមែនស្លាប់ដោយគ្រាប់បាញ់ផ្លោងទេ។
- រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba បានសរសេរនៅលើធ្វីតធឺមុនកិច្ចប្រជុំថ្នាក់រដ្ឋ មន្ត្រីរបស់អង្គការអូតង់ថា៖ «មធ្យោបាយតែមួយគត់ដើម្បីបញ្ចៀសសង្រ្គាមរុស្ស៊ីមិនឲ្យរីករាលដាលហួសពីអ៊ុយក្រែន គឺផ្តល់ឱ្យយើងនូវការគាំទ្រយ៉ាងពេញទំហឹង។ ការដាក់ទណ្ឌកម្មជាអតិបរមា។ សព្វាវុធទាំងអស់។ គោលនយោបាយ «មិនបង្កហេតុនឹងលោក Putin» បានបរាជ័យយ៉ាងធ្ងន់ធ្ងរក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ។ សូមជួយយើងទប់ស្កាត់អំពើអាក្រក់នេះឥឡូវនេះបើមិនអ៊ីចឹងទេអាចប្រ ថុយនឹងលោក Putin សាកល្បងមាត្រាទី ៥ [របស់អង្គការអូតង់]នៅពេលក្រោយ។
- ថ្លែងទៅកាន់ទូរទស្សន៍ CNN សមាជិកសភាអ៊ុយក្រែនលោក Sviatoslav Yurash បាននិយាយថាក្រុងBuchaនិងភាពភ័យរន្ធត់ដែលបានរាយការណ៍ពីទីនោះប្រហែលជាគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ លោកបានប្រាប់លោក Jake Tapper ពិធីករទូរទស្សន៍ CNN ថា៖ «លោកនឹងឃើញភាព ភ័យរន្ធត់ជាច្រើនទៀតនៅលើអេក្រង់ទូរទស្សន៍របស់លោក។ យើងកំពុងឃើញភាពភ័យរន្ធត់ដោយផ្ទាល់ភ្នែក។ យើងមិនអាចបញ្ជាក់ពីការតក់ស្លុតយ៉ាងខ្លាំងរបស់យើងចំពោះការពិតដែលវាអាចកើតឡើងក្នុងសម័យរបស់យើងនេះទេ»។
- កាសែត The New York Times រាយការណ៍ថា អ្នករៀបចំកម្មវិធីរត់ចម្ងាយ Boston Marathon បានហាមឃាត់អ្នករត់មកពីប្រទេសរុស្ស៊ីនិងបេឡារុស្ស។ ព្រឹទ្ធសភាអាមេរិកនឹងអនុម័តច្បាប់នៅថ្ងៃព្រហស្បតិ៍ដើម្បីបញ្ចប់ទំនាក់ទំនងពាណិជ្ជកម្មធម្មតាជាមួយរុស្ស៊ីនិងហាមឃាត់ការនាំចូលប្រេងរបស់រុស្ស៊ី។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Associated Press បានរាយការណ៍។
- កាសែត The New York Times បានរាយការណ៍ថា រដ្ឋសភាសហរដ្ឋអាមេរិកបានបោះឆ្នោតកាលពីយប់ថ្ងៃពុធដើម្បីស្នើឱ្យមានការស៊ើបអង្កេតឧក្រិដ្ឋកម្មសង្គ្រាមលើអំពើឃោរឃៅដែលត្រូវបានចោទប្រកាន់នៅក្នុងប្រទេសអ៊ុយក្រែន។
- អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែននិយាយថា កងកម្លាំងអ៊ុយក្រែននៅតែប្រឈមមុខនឹងការប្រយុទ្ធដ៏ស្វិតស្វាញនៅក្នុងទីក្រុង Mariupol ។ អ្នកស្រីបានប្រាប់កាសែត The New York Times ថា «កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនកំពុងធ្វើអ្វីគ្រប់យ៉ាងដែលពួកគេអាចធ្វើបានដើម្បីរំដោះទីក្រុងនេះប៉ុន្តែវាស្មុគស្មាញណាស់»។
- មន្ត្រីនៅភាគខាងកើតអ៊ុយក្រែនបានជំរុញឱ្យពលរដ្ឋជម្លៀសខ្លួនក្នុងពេលដែលរង់ចាំការវាយប្រហារទ្រង់ទ្រាយធំដោយកងកម្លាំងរុស្ស៊ីនៅប៉ុន្មានថ្ងៃខាងមុខនេះ។ អភិបាលតំបន់ Luhansk បាននិយាយនៅក្នុងវីដេអូមួយនៅលើទំព័រ Facebook របស់លោកថា៖ «ប៉ុន្មានថ្ងៃខាងមុខនេះអាចជាឱកាសចុងក្រោយរបស់អ្នកទាំងអស់គ្នាក្នុងការចាកចេញ!» ។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែត The New York Times។
- សេវាស៊ើបការណ៍សម្ងាត់បរទេសរបស់ប្រទេសអាល្លឺម៉ង់អះអាងថា ខ្លួនបានស្ទាក់ចាប់ទំនាក់ទំនងតាមវិទ្យុដែលទាហានរុស្ស៊ីពិភាក្សាអំពីការសម្លាប់ដោយគ្មានរើសអើងនៅក្នុងប្រទេសអ៊ុយក្រែន។
- នៅក្នុងការទំនាក់ទំនងពីរដាច់ដោយឡែកពីគ្នា ទាហានរុស្ស៊ីបានពិពណ៌នាពីវិធីដែលពួកគេបានសួរចម្លើយទាហានក៏ដូចជាជនស៊ីវិលហើយបន្ទាប់មកបានបាញ់ពួកគេចោល។ នេះបើយោងតាមមន្ត្រីស៊ើបការណ៍សម្ងាត់ដែលដឹងពីការរកឃើញដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដោយ សារតែភាពរសើបនៃបញ្ហានេះ។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែត Washington Post។
- ទីប្រឹក្សាសេដ្ឋកិច្ចកំពូលរបស់លោកប្រធានាធិបតី Biden បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកបានព្រមានឥណ្ឌាចំពោះការចងសម្ព័ន្ធភាពកាន់តែច្បាស់ជាមួយរុស្ស៊ី។ រដ្ឋាភិបាលក្រុងញូវដែលីបានបដិសេធម្តងហើយម្តងទៀតក្នុងការដាក់ទណ្ឌកម្មក្រុងមូស្គូចំពោះការលុកលុយអ៊ុយក្រែនឬបញ្ឈប់ការនាំចូលថាមពលពីរុស្ស៊ី។ អត្ថាធិប្បាយរបស់លោក Brian Deese នាយកក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំអាហារពេលព្រឹកដែលរៀបចំដោយកាសែត Christian Science Monitor។ នេះបើតាមសេចក្តីរាយការណ៍របស់ទូរទស្សន៍ Bloomberg ។ លោក Deese បានប្រាប់អ្នកយកព័ត៌មានថា៖ «ពិតជាមានផ្នែកដែលយើងមានការខកចិត្តចំពោះការសម្រេចចិត្តរបស់ចិននិងឥណ្ឌា នៅក្នុងបរិបទនៃការឈ្លានពាននេះ» ។
២២:០៣
៦.៤.២០២២
ថ្ងៃពុធ ទី ៦ ខែមេសា៖
- សហរដ្ឋអាមេរិកកាលពីថ្ងៃពុធបានប្រកាសពីការដាក់ទណ្ឌកម្មថ្មីលើប្រព័ន្ធនយោបាយនិងសេដ្ឋកិច្ចរបស់រុស្ស៊ីដោយរួមផ្សំជាមួយនឹងការដាក់ទណ្ឌកម្មដ៏តឹងរ៉ឹងពីសំណាក់សម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួន។ សេចក្តីថ្លែងការណ៍មួយពីសេតវិមានបានឲ្យដឹងថា៖ «ដរាបណារុស្ស៊ីបន្តការវាយលុកយ៉ាងឃោរឃៅរបស់ខ្លួនលើអ៊ុយក្រែនយើងនឹងឈររួបរួមជាមួយសម្ព័ន្ធមិត្តនិងដៃគូរបស់យើងក្នុងដាក់បន្ថែមលើរុស្ស៊ីចំពោះសកម្មភាពរបស់ខ្លួន» ។ សហរដ្ឋអាមេរិកដាក់ «ទណ្ឌកម្មទប់ស្កាត់ទាំងស្រុង» លើធនាគាររុស្ស៊ីនិងសហគ្រាសរដ្ឋនិងដាក់ទណ្ឌកម្មសមាជិកគ្រួសាររបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន រដ្ឋមន្ត្រីការបរទេស Sergey Lavrov និងអ្នកផ្សេងទៀត។
- ទីភ្នាក់ងារសារព័ត៌មានបារាំងបានរាយការណ៍ថា ប្រទេសអ៊ុយក្រែនកាលពីថ្ងៃពុធបានប្រាប់អ្នកស្រុកនៅតំបន់ភាគខាងកើតរបស់ប្រទេសឱ្យជម្លៀស «ឥឡូវនេះ» ឬប្រឈមនឹង «ហានិភ័យនៃការស្លាប់បាត់បង់ជីវិត» ដោយសារតែការវាយប្រហាររបស់រុស្ស៊ីដែលគួរឱ្យភ័យខ្លាច។ ឧបនាយករដ្ឋមន្ត្រី អ្នកស្រី Iryna Vereshchuk បានសរសេរនៅលើ Telegram ថា «អភិបាលនៃតំបន់ Kharkiv តំបន់ Lugansk និងតំបន់ Donetsk កំពុងអំពាវនាវឱ្យប្រជាជនចាកចេញពីទឹកដីទាំងនេះហើយកំពុងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីធានាថាការជម្លៀសប្រព្រឹត្តទៅក្នុងលក្ខណៈត្រឹមត្រូវ»។
- អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានប្រាប់សភាជាន់ទាប (Bundestag) ថា អាល្លឺម៉ង់កំពុងពិភាក្សាសម្ងាត់ជាមួយទីក្រុងកៀវអំពីលទ្ធភាពនៃការធានាសន្តិសុខដែលអាចផ្តល់ឱ្យអ៊ុយក្រែនដើម្បីធានាសុវត្ថិភាព បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ី។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters។ អ៊ុយក្រែនបានស្នើថា នេះជាជម្រើសមួយសម្រាប់ជំនួសការសុំចូលជាសមាជិកភាពអង្គការអូតង់ ព្រោះរុស្ស៊ីទទូចថា ខ្លួនមិនអាចទទួលយកបានទេ។ ប្រទេសនីមួយៗដូចជាអាល្លឺម៉ង់ តួកគី ឬចិន អាចផ្តល់ការធានាដោយមានឥទ្ធិពលស្រដៀងគ្នា។ លោកបានប្រាប់សភាអាល្លឺម៉ង់ថា៖ «យើងកំពុងពិភាក្សាលើការធានាជាមួយអ៊ុយក្រែន។ កិច្ចពិភាក្សាទាំងនេះគឺជាការសម្ងាត់»។
- នាយកប្រតិបត្តិកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ (WFP) លោក David Beasley បានសរសេរនៅលើ Twitter ថា កាលពីថ្ងៃពុធ WFP បានបញ្ចប់ការចែកចាយអាហារដំបូងរបស់ខ្លួនដល់មនុស្ស១២.០០០នាក់នៅក្នុងទីក្រុង Chernihiv របស់ប្រទេសអ៊ុយក្រែន។
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានជំរុញកាលពីថ្ងៃពុធឲ្យមានសកម្មភាពដ៏ម៉ឺងម៉ាត់បន្ថែមទៀតក្នុងការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ខណៈដែលសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបបានរៀបចំវិធានការដាក់ទណ្ឌកម្មបន្ថែមទៀត ហើយរដ្ឋមន្ត្រីការបរទេសអូតង់បានប្រមូលផ្តុំគ្នានៅទីក្រុងព្រុចសែល ដើម្បីពិភាក្សាអំពីការឆ្លើយតបបន្ថែមចំពោះការឈ្លានពានរបស់រុស្ស៊ី។ លោក Zelenskyy បានប្រាប់សភាអៀរឡង់ក្នុងវីដេអូមួយថា៖ «នៅពេលដែលយើងកំពុងឮវោហាសាស្ត្រថ្មីអំពីការដាក់ទណ្ឌកម្ម... ខ្ញុំមិនអាចទ្រាំទ្រនឹងភាពមិនច្បាស់លាស់ណាមួយបន្ទាប់ពីអ្វីៗគ្រប់យ៉ាងដែលទាហានរុស្ស៊ីបានធ្វើ»។ លោកបានរំលឹកឡើងវិញនូវការរិះគន់ចំពោះមេដឹកនាំអឺរ៉ុប ដែលលោកនិយាយថា មានការព្រួយបារម្ភកាន់តែខ្លាំងចំពោះនៃសក្តានុពលនៃការហាមឃាត់ការនាំចូលថាមពលរបស់រុស្ស៊ីនឹងប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ពួកគេ ជាងសុខុមាលភាពរបស់ប្រជាជនអ៊ុយក្រែន។
- សហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិកកំពុងពិចារណាដាក់ទណ្ឌកម្មលើកូនស្រីទាំងពីររបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ជាផ្នែកនៃវិធានការថ្មីមួយចំនួនដាក់ទណ្ឌកម្មចំពោះសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន ដែលជាវិធានការមិនធ្លាប់មានពីមុនមកដោយរដ្ឋាភិបាលលោកខាងលិច ដែលព្យាយាមដាក់សម្ពាធលើទីក្រុងម៉ូស្គូ។ ការសម្រេចចិត្តនេះមិនទាន់ត្រូវបានធ្វើឡើងនៅឡើយទេ។ នេះបើយោងតាមមន្ត្រីអឺរ៉ុបនិងសហរដ្ឋអាមេរិកចំនួនបួននាក់ ដែលបានដឹងអំពីការពិភាក្សា ហើយស្ត្រីទាំងពីរនាក់អាចនឹងត្រូវបានដកចេញពីបញ្ជីថ្មីនេះ។ រាយការណ៍ដោយវិទ្យុអឺរ៉ុបសេរី / វិទ្យុសេរីភាព។
- ឥណ្ឌាបានថ្កោលទោសការសម្លាប់ជនស៊ីវិលនៅអ៊ុយក្រែនដែលនេះជាលើកទីមួយ ដែលរដ្ឋាភិបាលឥណ្ឌាបានរិះគន់ជាសាធារណៈចំពោះសកម្មភាពដែលបានស្តីបន្ទោសលើប្រទេសរុស្ស៊ីប៉ុន្តែក៏បាននិយាយថា ទីក្រុងម៉ូស្គូនៅតែបន្តជាដៃគូសេដ្ឋកិច្ចដ៏សំខាន់។ រហូតមកដល់ពេលនេះ រដ្ឋាភិបាលឥណ្ឌាបានបដិសេធមិននិយាយស្តីអំពីសម្ព័ន្ធមិត្តដ៏យូរលង់របស់ខ្លួនគឺរុស្ស៊ីជុំវិញការឈ្លានពានអ៊ុយក្រែនបើទោះបីជាមានសម្ពាធកាន់តែខ្លាំងពីសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តក៏ដោយ។
- ខណៈដែលវីដេអូនិងរូបថតដ៏គួរឱ្យរន្ធត់នៃសាកសពបានផុសចេញពីក្រុង Bucha ដែលនៅជាយទីក្រុងកៀវប្រព័ន្ធផ្សព្វផ្សាយដែលគាំទ្រដោយវិមានក្រឹមឡាំងកំពុងបរិហារថា ជាការបោកបញ្ឆោតដ៏ឧឡារិកដែលជាការរៀបរាប់ដែលអ្នកកាសែតក្នុងប្រទេសអ៊ុយក្រែនបង្ហាញថាមិនពិត។ ការបរិហារព័ត៌មានថាជាព័ត៌មានក្លែងក្លាយ ឬការផ្សព្វផ្សាយព័ត៌មានមិនពិតដើម្បីសាបព្រួសភាពច្របូកច្របល់និងបំផ្លាញសត្រូវរបស់ខ្លួន គឺជាកលល្បិចដែលទីក្រុងម៉ូស្គូបានប្រើអស់ជាច្រើនឆ្នាំនិងបានកែលម្អពេលមានប្រព័ន្ធផ្សព្វផ្សាយសង្គម។ ទីភ្នាក់ងារសារព័ត៌មាន Associated Press បានរាយការណ៍កាលពីថ្ងៃពុធ។
- គំនរសាកសពឆេះនិងខ្មៅចំនួនប្រាំមួយដែលឃើញដោយអ្នកកាសែត Associated Press គឺជាទិដ្ឋភាពដ៏គួរឱ្យរន្ធត់ចុងក្រោយបង្អស់ដែលបានផុសចេញពីក្រុង Bucha ប្រទេសអ៊ុយក្រែន។ គេមិនដឹងច្បាស់ថា តើមនុស្សទាំងនោះជានរណាឬស្ថិតក្នុងកាលៈទេសៈណាទេដែលពួកគេត្រូវបានគេសម្លាប់។ រាងកាយខ្មៅមួយលើកដៃឡើង មុខស្រពោនដោយការស្រែកដ៏គួរឲ្យរន្ធត់។ ចំណែកលលាដ៍ក្បាលមួយទៀតមានរន្ធគ្រាប់កាំភ្លើងនៅប្រាសាទខាងឆ្វេង។ ជើងតូចខ្មៅរបស់កុមារអាចត្រូវបានគេមើលឃើញនៅក្នុងភាពប្រទាក់គ្នានៃសាកសពដែលឆេះ។ រដ្ឋមន្ត្រីមហាផ្ទៃអ៊ុយក្រែនលោក Denys Monastyrsky បាននិយាយនៅកន្លែងកើតហេតុថា «វាគួរឱ្យរន្ធត់ណាស់»។
- ក្រុមគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) បាននិយាយកាលពីថ្ងៃពុធថាខ្លួនបានដឹកនាំក្បួនរថយន្តក្រុងនិងរថយន្តឯកជនដឹកមនុស្សជាង ៥០០ នាក់ទៅកាន់ទីក្រុង Zaporizhzhia បន្ទាប់ពីជនស៊ីវិលបានភៀសខ្លួនដោយខ្លួនឯងចេញពីទីក្រុង Mariupolរ បស់ប្រទេសអ៊ុយក្រែនដែលត្រូវបានឡោមព័ទ្ធ។ លោក Pascal Hundt ដែលជាប្រធានគណៈប្រតិភូរបស់ ICRC នៅក្នុងប្រទេសអ៊ុយក្រែនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការមកដល់របស់ក្បួននេះទៅកាន់ទីក្រុង Zaporizhzhia គឺជាការសង្គ្រោះដ៏ធំធេងសម្រាប់មនុស្សរាប់រយនាក់ដែលបានរងទុក្ខវេទនាយ៉ាងសម្បើមហើយឥឡូវនេះស្ថិតនៅក្នុងទីតាំងដែលមានសុវត្ថិភាពជាង។ វាច្បាស់ណាស់ថាជនស៊ីវិលរាប់ពាន់នាក់ទៀតដែលជាប់នៅក្នុងទីក្រុង Mariupol ត្រូវការច្រកចេញប្រកបដោយសុវត្ថិភាពនិងជំនួយដើម្បីចូលមក»។
- គណៈកម្មការអឺរ៉ុបកាលពីថ្ងៃពុធបានបញ្ចេញសុន្ទរកថារបស់ប្រធានគឺអ្នកស្រី Ursula von der Leyen ដែលបាននិយាយថា ប្រទេសរុស្ស៊ីកំពុងប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមហើយបានយកករណីនេះដើម្បីដាក់ទណ្ឌកម្មបន្ថែមទៀត។
- សារព័ត៌មាន Associated Press បានរាយការណ៍ថាប្រទេសចិននិយាយថា របាយការណ៍និងរូបភាពនៃការស្លាប់របស់ជនស៊ីវិលនៅក្នុងទីក្រុង Buchaរបស់អ៊ុយក្រែនគឺ «មានការរំខានយ៉ាងខ្លាំង» ហើយអំពាវនាវឱ្យមានការស៊ើបអង្កេត។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បាននិយាយកាលពីថ្ងៃពុធថា ប្រទេសចិនគាំទ្ររាល់គំនិតផ្តួចផ្តើមនិងវិធានការ «អំណោយផលដល់ការបន្ធូរបន្ថយវិបត្តិមនុស្សធម៌» នៅក្នុងប្រទេសហើយ«ត្រៀមខ្លួនជាស្រេចដើម្បីបន្តធ្វើការរួមគ្នាជាមួយសហគមន៍អន្តរជាតិ ដើម្បីការពារការខូចខាតណាមួយដល់ជនស៊ីវិល»។ ការសម្លាប់នៅក្រុង Bucha អាចនឹងដាក់សម្ពាធបន្ថែមលើទីក្រុងប៉េកាំងជុំវិញជំហរគាំទ្ររុស្ស៊ីភាគច្រើនរបស់ខ្លួននិងការប៉ុនប៉ងបង្វែងមតិសាធារណៈជុំវិញសង្គ្រាម។ ចិនបានអំពាវនាវឲ្យមានការចរចា ខណៈបដិសេធមិនរិះគន់រុស្ស៊ីជុំវិញការឈ្លានពាននេះ។ ប្រភពពីវិទ្យុអឺរ៉ុបសេរី/វិទ្យុសេរីភាព។
- អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បាននិយាយកាលពីថ្ងៃពុធថា ប្រជាជនដែលជាប់ក្នុងវិបត្តិជុំវិញពិភពលោកមិនអាចជាអ្នកទទួលរងគ្រោះបានអស់ ចំពោះសង្គ្រាមនៅអ៊ុយក្រែនទេ។ លោកបានអំពាវនាវដល់ក្រុមប្រទេស G-20 និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិឱ្ យ«បង្កើនសាច់ប្រាក់និងលំហរសារពើពន្ធដូច្នេះរដ្ឋាភិបាលអាចផ្តល់ប្រព័ន្ធសុវត្ថិភាពសម្រាប់អ្នកដែលងាយរងគ្រោះបំផុត»។
- រដ្ឋមន្ត្រីការបរទេសអង់គ្លេសអ្នកស្រី Liz Truss បានបញ្ចេញវីដេអូមួយនៅលើ Twitter កាលពីថ្ងៃពុធដោយរៀបរាប់លម្អិតអំពីជំនួយមនុស្សធម៌មួយចំនួនដែលរដ្ឋាភិបាលចក្រភពអង់គ្លេសបានផ្តល់ដល់អ៊ុយក្រែនកន្លងមករួមទាំងអាហារ ថ្នាំពេទ្យម៉ាស៊ីនភ្លើង និងរបស់របរផ្សេងៗទៀត។ អ្នកស្រីបានបន្ថែមថាពេលនេះរថយន្តសង្គ្រោះចំនួន ២០គ្រឿងក៏កំពុងត្រូវបានបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែនផងដែរ ដើម្បីជួយ «នាំយកការថែទាំសង្គ្រោះជីវិត» ដល់ប្រជាជនអ៊ុយក្រែនដែលនៅសេសសល់ក្នុងទីក្រុងនិងទីក្រុងដែលរងការវាយប្រហារពីការទម្លាក់គ្រាប់បែករបស់រុស្ស៊ី។
- រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba បាននិយាយកាលពីថ្ងៃពុធថា ប្រទេសរបស់លោកកោតសរសើរចំពោះទណ្ឌកម្មជាច្រើនរបស់សហភាពអឺរ៉ុបប្រឆាំងនឹងប្រទេសរុស្ស៊ី។ ទោះបីជាយ៉ាងណាក៏ដោយ ក៏លោកបានអំពាវនាវឱ្យសហភាពអឺរ៉ុបចាត់វិធានការបន្ថែមទៀត«ដើម្បីបញ្ឈប់លោក ពូទីន» ដោយនិយាយថា «ពេលវេលាដ៏លំបាកតម្រូវឱ្យមានការសម្រេចចិត្តដ៏លំបាក»។
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា រុស្ស៊ីកំពុងបង្កវិបត្តិស្បៀងអាហារដោយចេតនាដោយប្រើប្រាស់ភាពអត់ឃ្លានជា«អាវុធ»។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
- រដ្ឋាភិបាលរបស់កោះតៃវ៉ាន់ បានបញ្ជាក់នៅថ្ងៃពុធថា ខ្លួនកំពុងរឹតបន្តឹងការទប់ស្កាត់ការនាំចេញទៅកាន់ប្រទេសរុស្ស៊ីដើម្បីជាផ្នែកមួយនៃទណ្ឌកម្មលើរុស្ស៊ីចំពោះការចូលឈ្លានពានប្រទេសអ៊ុយក្រែន ដោយបញ្ជាក់លម្អិតនូវច្បាប់ដើម្បីរារាំងបច្ចេកវិទ្យានិងបន្ទះសៀគ្វីពីការប្រើប្រាស់សម្រាប់គោលបំណងយោធា។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
- សម្តេចប៉ាប Francis កាលពីថ្ងៃពុធបានថ្កោលទោស «ការសម្លាប់រង្គាលនៅក្រុង Bucha» ហើយបានលើកទង់ជាតិអ៊ុយក្រែនដែលត្រូវបានបញ្ជូនទៅថ្វាយព្រះអង្គពីទីក្រុងដែលជាកន្លែងដែលសាកសពត្រូវបានចងនិងបាញ់យ៉ាងកៀកផ្នូរសពរួមនិងសញ្ញាផ្សេងទៀតនៃការប្រហារជីវិតត្រូវបានរកឃើញ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
- ប្រធានប្រតិបត្តិករដឹកជញ្ជូនឧស្ម័នរបស់ប្រទេសអ៊ុយក្រែនបាននិយាយថា ការខាតបង់របស់ខ្លួនដោយសារតែសង្គ្រាមមានចំនួនជាទឹកប្រាប់រាប់រយលានអឺរ៉ូ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
- អភិបាលនៃតំបន់ Kursk របស់រុស្ស៊ីនៅតាមព្រំដែនជាមួយអ៊ុយក្រែនបាននិយាយកាលពីថ្ងៃពុធថា ឆ្មាំព្រំដែនរុស្ស៊ីត្រូវបានគេបាញ់ដោយកាំភ្លើងត្បាល់កាលពីថ្ងៃអង្គារ។ ទីភ្នាក់ងារសារព័ត៌មាន Associated Press បានរាយការណ៍ដូច្នេះ។ អភិបាលក្រុង លោកRoman Starovoit បាននិយាយនៅលើកម្មវិធីផ្ញើសារ Telegram ថា ឆ្មាំព្រំដែនបានបាញ់តបតវិញហើយថា «មិនមានអ្នកស្លាប់ឬបំផ្លិចបំផ្លាញទេ» លើភាគីរុស្ស៊ីជាលទ្ធផលនៃឧប្បត្តិ ហេតុនេះ។ យោធាអ៊ុយក្រែនមិនទាន់ធ្វើអត្ថាធិប្បាយលើការចោទប្រកាន់នេះទេហើយ AP មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យបានទេ។
- សហភាពអឺរ៉ុបនឹងត្រូវដាក់ចេញនូវវិធានការប្រឆាំងនឹងការនាំចូលប្រេងនិងសូម្បីតែឧស្ម័នរបស់រុស្ស៊ីនៅពេលណាមួយជាមធ្យោបាយដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលក្រុងមូស្គូឱ្យបញ្ឈប់ការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែន។ ប្រធានមេដឹកនាំសហភាពអឺរ៉ុបលោក Charles Michel បាននិយាយដូច នេះកាលពីថ្ងៃពុធ។ លោក Michel បានប្រាប់សភាអឺរ៉ុបថា៖ «ខ្ញុំគិតថា វិធានការលើប្រេងនិងសូម្បីតែឧស្ម័នក៏នឹងត្រូវការក្នុងពេលឆាប់ៗនេះដែរ»។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
- រដ្ឋមន្រ្តីក្រសួងសុខាភិបាលអង់គ្លេសលោក Sajid Javid បាននិយាយនៅថ្ងៃពុធនេះថា ពិភពលោកត្រូវតែធ្វើសកម្មភាពដើម្បីបញ្ឈប់ការសម្លាប់រង្គាលនៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។ លោកបានប្រាប់ទូរទស្សន៍ BBC របស់អង់គ្លេសថា៖ «នេះជាការសម្លាប់រង្គាលក្នុងទំហំមិនធ្លាប់មាននៅអឺរ៉ុប។ ខ្ញុំគិតថា យើងមិនបានឃើញដូចនេះតាំងពីឆ្នាំ ១៩៩៥ មកម្ល៉េះ។ ខ្ញុំមិនចង់ធ្វើការរំឭកដល់អំពើប្រល័យពូជសាសន៍ផ្សេងទៀតនៅអឺរ៉ុបប៉ុន្មានឆ្នាំពីឥឡូវនេះទេ។ យើងមានអំណាច ពិភពលោកមានអំណាច ដើម្បីបញ្ឈប់រឿងនេះហើយត្រូវតែធ្វើសកម្មភាព»។
- កងកម្លាំងរុស្ស៊ីបានវាយប្រហារនៅពេលយប់លើឃ្លាំងផ្ទុកប្រេងឥន្ធនៈនិងរោងចក្រមួយនៅក្នុងតំបន់Dnipropetrovsk របស់ប្រទេសអ៊ុយក្រែនហើយចំនួនអ្នកស្លាប់និងរបួសនៅតែមិនច្បាស់លាស់នៅឡើយ។ នេះបើតាមការបញ្ជាក់របស់អភិបាលតំបន់លោក Valentyn Reznichenko កាលពីថ្ងៃពុធនៅលើកម្មវិធីផ្ញើសារ Telegram ហើយត្រូវបានទីភ្នាក់ងារសារព័ត៌មាន Associated Press រាយការណ៍។ លោក Reznichenko បានសរសេរថា៖ «ពេលយប់គឺជាការប្រកាសអាសន្ននិងលំបាក។ ខ្មាំងសត្រូវវាយប្រហារតំបន់យើងពីលើអាកាសហើយបានវាយប្រហារឃ្លាំងប្រេងនិងរោងចក្រមួយ។ ឃ្លាំងស្តុកប្រេងដែលមានឥន្ធនៈត្រូវបានបំផ្លាញ។ ក្រុមអ្នកជួយសង្គ្រោះកំពុងតែពន្លត់ភ្លើងនៅរោងចក្រនេះ»។
- នៅក្នុងតំបន់ Luhansk នៅភាគខាងកើតប្រទេសអ៊ុយក្រែន ការបាញ់ផ្លោងកាលពីថ្ងៃអង្គារលើក្រុង Rubizhne បានសម្លាប់មនុស្សម្នាក់និងរបួសប្រាំនាក់ទៀត។ នេះបើតាមអភិបាលខេត្តលោក Serhiy Haidai កាលពីថ្ងៃពុធនៅលើប្រព័ន្ធ Telegram ។ យោធារុស្ស៊ីបន្តការប្រឹងប្រែងរបស់ខ្លួនលើការរៀបចំសម្រាប់ការវាយលុកនៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន ក្នុងគោលបំណង «បង្កើតការគ្រប់គ្រងពេញលេញលើទឹកដីនៃតំបន់ Donetsk និង Luhansk»។ នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពនៅព្រឹកថ្ងៃពុធ ដោយអគ្គសេនាធិការយោធាអ៊ុយក្រែន។ ផ្នែកខ្លះនៃតំបន់ទាំងពីរបានស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកឧទ្ទាមដែលគាំទ្រដោយរុស្ស៊ីចាប់តាំងពីឆ្នាំ ២០១៤ ហើយត្រូវបានទទួលស្គាល់ដោយទីក្រុងមូស្គូជារដ្ឋឯករាជ្យ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
- សហរដ្ឋអាមេរិកបានប្រកាសផ្តល់ជំនួយយោធាចំនួន ១០០ លានដុល្លារសម្រាប់អ៊ុយក្រែន ខណៈដែលរដ្ឋមន្ត្រីការបរទេសអូតង់បានប្រមូលផ្តុំគ្នានៅទីក្រុងព្រុចសែល ដើម្បីពិភាក្សាពីរថ្ងៃអំពីជម្លោះអ៊ុយក្រែន។ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីល្ងាចថ្ងៃអង្គារថា៖ «ពិភពលោកមានការតក់ស្លុតនិងរន្ធត់ចំពោះអំពើឃោរឃៅដែលប្រព្រឹត្តដោយកង កម្លាំងរុស្ស៊ីនៅក្រុង Bucha និងនៅទូទាំងប្រទេសអ៊ុយក្រែន។ កងកម្លាំងរបស់អ៊ុយក្រែនបន្តការពារប្រទេសនិងសេរីភាពរបស់ពួកគេដោយក្លាហានហើយសហរដ្ឋអាមេរិក រួមជាមួយនឹងសម្ព័ន្ធមិត្តនិងដៃគូរបស់យើង ឈរយ៉ាងខ្ជាប់ខ្ជួនក្នុងការគាំទ្រអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់អ៊ុយក្រែន»។ អ្នកនាំពាក្យក្រសួងការពារជាតិសហរដ្ឋអាមេរិកលោក John Kirby បាននិយាយថា ជំនួយនេះនឹង «បំពេញតម្រូវការរបស់អ៊ុយក្រែនជាបន្ទាន់សម្រាប់ទិញបន្ថែមមីស៊ីល Javelin ដើម្បីប្រឆាំងរថក្រោះ ដែលសហរដ្ឋអាមេរិកកំពុងផ្តល់ឱ្យអ៊ុយក្រែន ហើយពួកគេបានប្រើប្រាស់យ៉ាងមានប្រសិទ្ធភាពដើម្បីការពារប្រទេសរបស់ពួកគេ»។
- ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់យោធាអង់គ្លេសបាននិយាយកាលពីថ្ងៃពុធថា ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានិងការវាយប្រហារតាមអាកាសរបស់រុស្ស៊ីនៅតែបន្តនៅក្នុងទីក្រុង Mariupol របស់អ៊ុយក្រែន ដែលត្រូវឡោមព័ទ្ធដោយទាហានរុស្ស៊ី។ ក្រសួងការពារជាតិបានបញ្ជាក់ថា៖ «ស្ថានភាពមនុស្សធម៌នៅក្នុងទីក្រុងកាន់តែអាក្រក់ទៅៗ។ ភាគច្រើននៃពលរដ្ឋដែលនៅសេសសល់ចំនួន ១៦០.០០០ នាក់ មិនមានអគ្គិសនីប្រព័ន្ធទំនាក់ទំនងថ្នាំពេទ្យ កម្តៅ ឬទឹកទេ។ កងកម្លាំងរុស្ស៊ីបានរារាំងក្រុមមនុស្សធម៌មិនឲ្យចូល ដែលទំនងជាដាក់សម្ពាធអ្នកការពារឱ្យចុះចាញ់»។ ទីភ្នាក់ងារសារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់របាយការណ៍នេះភ្លាមៗបានទេ។
- អ្នកនាំពាក្យរបស់អាឡឺម៉ង់និយាយថា រដ្ឋាភិបាលមានព័ត៌មានដែលបង្ហាញថា សាកសពដែលបានរកឃើញបន្ទាប់ពីអ៊ុយក្រែនបានវាយយកក្រុង Bucha មកវិញកាលពីសប្តាហ៍មុន បាននៅទីនោះចាប់តាំងពីយ៉ាងហោចណាស់ថ្ងៃទី ១០ ខែមីនា នៅពេលដែលទាហានរុស្ស៊ីបានគ្រប់គ្រងក្រុងនោះ។ លោក Steffen Hebestreit បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងប៊ែរឡាំង កាលពីថ្ងៃពុធថា ព័ត៌មាននេះគឺផ្អែកលើរូបភាពផ្កាយរណបដែលមិនមែនជារបស់ក្រុមហ៊ុនឯកជនដែលបានថតនៅថ្ងៃទី ១០ រហូតដល់ថ្ងៃទី ១៨ ខែមីនាលើផ្លូវ Yablonska ក្នុងក្រុង Bucha ។ នេះបើតាមសេចក្តីរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន AP។
- ប្រទេសន័រវែសកំពុងដើរតាមប្រទេសអឺរ៉ុបផ្សេងទៀតដោយបណ្ដេញអ្នកការទូតរុស្ស៊ី។ រដ្ឋមន្ត្រីការបរទេសន័រវែសអ្នកស្រី Anniken Huitfeldt បាននិយាយកាលពីថ្ងៃពុធថា អ្នកការទូតរុស្ស៊ីបីនាក់បានធ្វើសកម្មភាពមិនស៊ីគ្នានឹងឋានៈរបស់ពួកគេ។ នេះបើតាមសេចក្តីរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន AP។
- អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov និយាយថា ការចរចាជាមួយអ៊ុយក្រែនកំពុងបន្ត ទោះបីជាមានការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំងនឹងជនស៊ីវិលនៅជាយរដ្ឋធានីកៀវក្នុងក្រុង Bucha ក៏ដោយ។ លោក Peskov បាននិយាយកាលពីថ្ងៃពុធថា កិច្ចចរចាបានបន្តជាមួយអ៊ុយក្រែន ប៉ុន្តែថា ការបង្ហាញអំពីអ្វីដែលកើតឡើងនៅក្រុង Bucha ដែលលោកហៅថាជា «ឆាករៀបចំ» បានរារាំងកិច្ចពិភាក្សាហើយមាន «ផ្លូវដ៏វែងឆ្ងាយមួយនៅខាងមុខ»។ នេះបើតាមសេចក្តីរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន AP។
- ប្រទេសក្រិច បានចូលរួមជាមួយបណ្តាប្រទេសអឺរ៉ុបឯទៀត ដោយបានបណ្តេញអ្នកការទូតរុស្ស៊ីដោយក្រសួងការបរទេសបានប្រកាសកាលពីថ្ងៃពុធថា ខ្លួនបានប្រកាសថាអ្នកការទូតចំនួន ១២ នាក់ មិនទទួលបានការស្វាគមន៍ទៀតទេ។ ក្រសួងមិនបានបញ្ជាក់ថា មន្ត្រីការទូតណាខ្លះត្រូវបានគេបណ្ដេញចេញ ឬបញ្ជាក់ពីហេតុផលក្រៅពីការលើកឡើងថា ការចំណាត់ការនេះត្រូវបានអនុវត្តស្របតាមសន្ធិសញ្ញាអន្តរជាតិ។ នេះបើតាមសេចក្តីរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន AP។
២៣:១២
៥.៤.២០២២
ថ្ងៃអង្គារ ទី៥ ខែមេសា៖
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានថ្លែងប្រាប់សភាប្រទេសអេស្ប៉ាញនៅថ្ងៃអង្គារនេះថា ក្រុមហ៊ុនអេស្ប៉ាញដែលនៅធ្វើប្រតិបត្តិការក្នុងប្រទេសរុស្ស៊ីត្រូវតែចាកចេញពីប្រទេសរុស្ស៊ី ដើម្បីបង្ខំឱ្យរដ្ឋាភិបាលរុស្ស៊ីលះបង់ចោលការឈ្លានពានរបស់ខ្លួនលើប្រទេសអ៊ុយក្រែន។ លោក Zelenskyy ថ្លែងទៅកាន់សភាអេស្ប៉ាញនេះ បន្ទាប់ពីលោកបានបញ្ចប់ការថ្លែងសុន្ទរកថារបស់លោកទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិលោក Vassily Nebenzia បានច្រានចោលការចោទប្រកាន់ដែលថាកងទ័ពរុស្ស៊ីបានប្រព្រឹត្តិអំពើឃោរឃៅនៅក្នុងប្រទេសអ៊ុយក្រែន។ លោកបដិសេធដូច្នេះនៅពេលលោកថ្លែងនៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃអង្គារនេះ។ លោកបាននិយាយថា មិនមានភស្តុតាងណាមួយពីសាក្សីណាម្នាក់អំពីការចោទប្រកាន់នេះទេ។ នៅក្នុងការថ្លែងដោយផ្ទាល់ទៅកាន់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ដែលទើបបញ្ចប់ការថ្លែងរបស់លោកទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លោក Nebenzia បាននិយាយថា រដ្ឋាភិបាលរុស្ស៊ីនឹងធ្វើឱ្យ «អ្នកយល់ថាខ្លួនឯងជាអ្នកខុសដោយសារតែការចោទប្រកាន់គ្មានមូលដ្ឋានលើកងទ័ពរុស្ស៊ី ដែលការចោទប្រកាន់នេះមិនមានការបញ្ជាក់អះអាងណាមួយពីសាក្សីណាម្នាក់ដែលឃើញហេតុការណ៍ផ្ទាល់ភ្នែកនោះទេ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានជំរុញអង្គការសហប្រជាជាតិនៅថ្ងៃអង្គារនេះឱ្យ «ចាត់វិធានការជាបន្ទាន់» លើការឈ្លានពានរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin លើប្រទេសអ៊ុយក្រែន ដោយលោកបានអំពាវនាវឱ្យមានការដករុស្ស៊ីចេញពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ លោក Zelenskyy បានអំពាវនាវដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលមានប្រទេសចំនួន ១៥ ជាសមាជិក ឱ្យ «ដករុស្ស៊ីចេញ ដោយសារតែរុស្ស៊ីគឺជាអ្នកគឃ្លើនឈ្លានពាននិងជាប្រភពនៃសង្គ្រាម ដើម្បីកុំឱ្យរុស្ស៊ីរារាំងការសម្រេចណាមួយ [របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ] អំពីភាពគឃ្លើននិងសង្គ្រាមរបស់ខ្លួន [ដែលធ្វើលើអ៊ុយក្រែន]»។ លោក Zelenskyy បានបន្ថែមនៅក្នុងសុន្ទរកថាជាវីដេអូរបស់លោកទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា៖ «អង្គការសហប្រជាជាតិអាចត្រូវបិទចោលតែម្ដង។ អស់លោក លោកស្រី អ្នកនាងកញ្ញា! តើអ្នកត្រៀមខ្លួនរួចរាល់នៅក្នុងការបិទអង្គការសហប្រជាជតិហើយឬនៅ? តើពេលវេលានៃ [ការអនុវត្ត] ច្បាប់អន្តរជាតិកន្លងផុតហើយមែនទេ? ប្រសិនបើចម្លើយរបស់អ្នកគឺ «ទេ» នោះមានន័យថា អ្នកចាំបាច់ត្រូវចាត់វិធានការជាបន្ទាន់»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានថ្លែងប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា «ការទទួលខុសត្រូវគឺត្រូវតែមាន» សម្រាប់ប្រទេសរុស្ស៊ី។ លោកលើកឡើងដូច្នេះ នៅពេលដែលលោកបានចោទប្រកាន់កងទ័ពរុស្ស៊ីថាបានប្រព្រឹត្តិ «ឧក្រិដ្ឋកម្មសង្គ្រាមដ៏អាក្រក់បំផុត» តាំងពីសម័យសង្គ្រាមលោកលើកទីពីរមក។ លោក Zelenskyy បានបង្ហាញវីដេអូខ្លីមួយអំពីសាកសពដែលត្រូវគេដុត ពោរពេញដោយឈាម និងដាច់ខ្ទេចខ្ទីរ ដែលក្នុងនោះមានទាំងកុមារផងដែរ នៅក្នុងក្រុង Irpin តំបន់ Dymerka ទីក្រុង Mariupol និងក្រុង Bucha ប្រទេសអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានព្រមានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃអង្គារនេះថា ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនគឺជាការប្រឈមដ៏ធំបំផុតមួយចំពោះប្រព័ន្ធរៀបរយអន្តរជាតិ «ដោយសារតែទិដ្ឋភាព ប្រពលភាព និងផលវិបាកនៃការឈ្លានពាននេះ»។ លោក Gutteres បាននិយាយថា សង្គ្រាមនេះបានដាក់សម្ពាធបន្ថែមដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ដោយមនុស្សជាង ១.២០០ លាននាក់ងាយរងគ្រោះជាពិសេសចំពោះការឡើងថ្លៃស្បៀងអាហារ ថាមពល និងជី។ លោកបានបន្ថែមថា៖ «យើងបានឃើញរួចមកហើយថា ប្រទេសមួយចំនួនបានវិវត្តពីប្រទេសដែលងាយរងគ្រោះទៅជាប្រទេសដែលមានវិបត្តិ ហើយយើងបានឃើញសញ្ញានៃភាពចលាចលសង្គមធ្ងន់ធ្ងរ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- អ្នកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុបនៃសហភាពអឺរ៉ុប បានស្នើនៅថ្ងៃអង្គារនេះនូវកញ្ចប់ទណ្ឌកម្មទី ៥ ដើម្បីដាក់លើរុស្ស៊ី។ អ្នកស្រីបាននិយាយថា ទណ្ឌកម្មនេះធ្វើឡើងដោយសារតែរុស្ស៊ីធ្វើ «សង្គ្រាមឃោរឃៅនិងគ្មានមេត្តា» នៅក្នុងប្រទេសអ៊ុយក្រែន។ នៅក្នុងវីអេដូខ្លីមួយដែលអ្នកស្រីបង្ហោះនៅលើ Twitter អ្នកស្រីបានបង្ហាញវិធានការថ្មីចំនួន ៦ ដែលក្នុងនោះមានដូចជាការហាមឃាត់ការនាំចូលធ្យូងថ្មពីប្រទេសរុស្ស៊ី ការហាមឃាត់ប្រតិបត្តិការសាច់ប្រាក់លើធនាគារសំខាន់ៗចំនួន ៤ របស់រុស្ស៊ី ការហាមឃាត់ក្រុមហ៊ុនដឹកជញ្ជូនរបស់រុស្ស៊ីមិនឱ្យចូលកំពង់ផែនិងឆ្លងកាត់ផ្លូវរបស់បណ្ដាប្រទេសសហភាពអឺរ៉ុប ការហាមឃាត់បន្ថែមទៀតលើការនាំចេញផ្នែកបច្ចេកទេសនិងគ្រឿងយន្តទៅកាន់ប្រទេសរុស្ស៊ី ការហាមឃាត់ថ្មីលើការនាំចូលជាក់លាក់មួយចំនួនពីរុស្ស៊ី ការហាមឃាត់ក្រុមហ៊ុនរុស្ស៊ីពីលទ្ធកម្មសាធារណៈ និងការដាក់ទណ្ឌកម្មបន្ថែមទៀតលើបុគ្គលមួយចំនួន។
- រដ្ឋមន្ត្រីហិរញ្ញវត្ថុបារាំងលោក Bruno Le Maire បាននិយាយនៅថ្ងៃអង្គារនេះថា មាន «ការប្ដេជ្ញាទាំងស្រុង» ពីសមាជិកសភាពអឺរ៉ុបទាំង ២៧ ប្រទេសនៅក្នុងការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ដែលទណ្ឌកម្មនេះអាចសំដៅលើប្រេងឥន្ធនៈនិងធ្យូងថ្ម ដោយសារមានភស្តុតាងបង្ហាញថា កងទ័ពរុស្ស៊ីបានសម្លាប់ជនស៊ីវិលអ៊ុយក្រែនដោយចេតនា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Associated Press។
- អង្គការសហប្រជាជាតិបានបញ្ជាក់នៅថ្ងៃអង្គារនេះថា ពលរដ្ឋអ៊ុយក្រែនជិត ៤ លាន ២ សែន ៥ ម៉ឺននាក់ បានភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែនក្នុងអំឡុងពេលនៃការឈ្លានពានរបស់រុស្ស៊ី ហើយពលរដ្ឋអ៊ុយក្រែន ៧ លាន ១ សែននាក់ទៀតត្រូវបានគេគិតថាកំពុងភៀសខ្លួននៅក្នុងប្រទេសអ៊ុយក្រែនផ្ទាល់។ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការជនភៀសខ្លួន (UNHCR) បានលើកឡើងថា ពលរដ្ឋអ៊ុយក្រែន ៤.២៤៤.៥៩៥ នាក់ បានភៀសខ្លួនពីប្រទេសតាំងពីសង្គ្រាមបានចាប់ផ្ដើមកាលពីថ្ងៃទី ២៤ ខែកុម្ភៈមក ដែលមានការកើនឡើងចំនួន ២៩.៥៤៨ នាក់ បើធៀបជាមួយនឹងតួលេខកាលពីថ្ងៃចន្ទ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- លោក Alexander Alimoy អ្នកតំណាងរងអចិន្ត្រៃយ៍របស់ប្រទេសរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានរិះគន់អាជ្ញាធរអ៊ុយក្រែននៅថ្ងៃអង្គារនេះ រឿងមហន្តរាយមនុស្សធម៌នៅក្នុងទីក្រុង Kharkiv ប្រទេសអ៊ុយក្រែន ដោយបានចោទប្រកាន់កងទ័ពអ៊ុយក្រែនថាបានរារាំងច្រករបៀងមនុស្សធម៌ និងបានចោទប្រកាន់ថាកងជីវពលស្ដាំនិយមបានបង្កើតឡើងនៅក្នុងសាលារៀនមួយកន្លែង។ លោកមិនបានផ្ដល់ភស្តុតាងអំពីការអះអាងរបស់លោកទាំងនេះទេ។ អភិបាលក្រុង Kharkiv បានច្រានចោលការចោទប្រកាន់នេះថាជា «ការបំភ្លៃការពិត»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋមន្ត្រីការបរទេអ៊ីស្រាអែលលោក Yair Lapid នៅថ្ងៃអង្គារនេះបានថ្កោលទោសប្រទេសរុស្ស៊ីថាបានប្រព្រឹត្តិ «ឧក្រិដ្ឋកម្មសង្គ្រាម» នៅក្នុងប្រទេសអ៊ុយក្រែន។ លោកបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «រូបភាពនិងភស្តុតាងដែលបានពីអ៊ុយក្រែនមើលទៅគួរឱ្យរន្ធត់។ កងទ័ពរុស្ស៊ីបានប្រព្រឹត្តិឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំងនឹងជនស៊ីវិលដែលគ្មានអ្វីការពារខ្លួន។ ខ្ញុំថ្កោលទោសខ្លាំងក្លាលើឧក្រិដ្ឋកម្មសង្គ្រាមទាំងនេះ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋាភិបាលស្លូវ៉ានីបានបញ្ជាក់នៅថ្ងៃអង្គារនេះថា មន្ត្រីការទូតរុស្ស៊ី ៣៣ នាក់ត្រូវបានបណ្ដេញចេញពីប្រទេស បន្ទាប់ពីមានការរកឃើញសាកសពជនស៊ីវិលអ៊ុយក្រែននៅក្នុងក្រុង Bucha ប្រទេសអ៊ុយក្រែន ដែលរដ្ឋាភិបាលអ៊ុយក្រែនបានចោទប្រកាន់កងទ័ពរុស្ស៊ីថាជាអ្នកសម្លាប់ជនស៊ីវិលទាំងនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- អគ្គលេខាធិការអង្គការអូតង់ (NATO) លោក Jens Stoltenberg បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសរុស្ស៊ីមិនលះបង់ចោលការវាយប្រហាររបស់ខ្លួនលើប្រទេសអ៊ុយក្រែននោះទេ ហើយប្រទេសរុស្ស៊ីនឹងព្យាយាមផ្ដោតឡើងវិញលើការវាយដណ្ដើមកាន់កាប់តំបន់ Donbas នៅក្នុងពេលប៉ុន្មានសប្ដាហ៍ខាងមុខ។ លោក Stoltenberg បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានមួយដូច្នេះថា៖ «ឥឡូវនេះ យើងឃើញមានការចល័តកងទ័ពរបស់រុស្ស៊ីគួរឱ្យកត់សម្គាល់ចេញពីរដ្ឋធានីកៀវ ដើម្បីរៀបចំក្រុមឡើងវិញ បំពាក់អាវុធឡើងវិញ និងផ្គត់ផ្គង់ឡើងវិញ និងបង្វែរការផ្តោតរបស់ពួកគេទៅភាគខាងកើត [ក្នុងប្រទេសអ៊ុយក្រែន]។ លោកបានបន្ថែមថា៖ «នៅក្នុងពេលប៉ុន្មានសប្ដាហ៍ខាងមុខ យើងរំពឹងថា រុស្ស៊ីនឹងរុលបន្ថែមចូលទៅតំបន់ភាគខាងកើតនិងភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន ដើម្បីព្យាយាមដណ្ដើមកាន់កាប់តំបន់ Donbas ទាំងមូល និងដើម្បីសាងសង់ផ្លូវដីភ្ជាប់ទៅតំបន់ Crimea ដែលរុស្ស៊ីកំពុងកាន់កាប់»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋអាជ្ញាប្រទេសបារាំងបានបញ្ជាក់នៅថ្ងៃអង្គារនេះថា ពួកគេបានបើកការស៊ើបអង្កេតថ្មីចំនួន ៣ ករណីលើការសង្ស័យនៃឧក្រិដ្ឋកម្មសង្គ្រាមប្រព្រឹត្តលើជនជាតិបារាំងនៅក្នុងអំឡុងពេលរុស្ស៊ីឈ្លានពានអ៊ុយក្រែន។ ការិយាល័យរដ្ឋអាជ្ញាបារាំងបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ករណីទាំងនេះបានធ្វើឡើងនៅក្នុងទីក្រុង Mariupol ទីក្រុង Hostomel និងទីក្រុង Chernihiv នៃប្រទេសអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- អធិការបតីប្រទេសអូទ្រីសលោក Karl Nehammer មានគម្រោងជួបជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy នៅក្នុងប្រទេសអ៊ុយក្រែននៅពេលប៉ុន្មានថ្ងៃខាងមុខ ដើម្បីពិភាក្សាអំពីការគាំទ្រប្រទេសអ៊ុយក្រែនផ្នែកមនុស្សធម៌និងផ្នែកនយោបាយ។ នេះបើយោងតាមការបញ្ជាក់របស់ខុទ្ទកាល័យរបស់លោកនៅក្នុងសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃអង្គារនេះ។ សេចក្ដីថ្លែងការណ៍នោះបានលើកឡើងថា៖ «សម្រាប់ហេតុផលសន្តិសុខ សេចក្ដីលំអិតបន្ថែមនៃដំណើរទស្សនកិច្ចនេះនឹងមិនប្រកាសនៅពេលឥឡូវនេះទេ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- អ្នកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុបនៃសហភាពអឺរ៉ុបនឹងធ្វើដំណើរទៅកាន់រដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែន «នៅសប្ដាហ៍នេះ» អមដំណើរដោយប្រធានផ្នែកការទូតរបស់សហភាពអឺរ៉ុបលោក Josep Borrell។ នេះបើយោងតាមការបញ្ជាក់របស់លោក Eric Mamer ដែលជាអ្នកនាំពាក្យរបស់អ្នកស្រី von der Leyen នៅថ្ងៃអង្គារនេះ។ លោក Mamer បានសរសេរនៅលើ Twitter ដូច្នេះថា មន្ត្រីជាន់ខ្ពស់បំផុតទាំងពីររូបនៃសហភាពអឺរ៉ុបនេះ «នឹងធ្វើដំណើរទៅកាន់ទីក្រុងកៀវនៅសប្ដាហ៍នេះដើម្បីជួបជាមួយនឹងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy នៅមុនព្រឹត្តិការណ៍ «ក្រោកឈរដើម្បីអ៊ុយក្រែន (#StandUpForUkraine) ធ្វើឡើងនៅក្នុងទីក្រុងវ៉ាសូវី ប្រទេសប៉ូឡូញ នៅថ្ងៃសៅរ៍ខាងមុខ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- លោក Vitali Klitschko អភិបាលរដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែន បាននិយាយនៅថ្ងៃអង្គារនេះថា លំហូរនៃ «លុយប្រឡាក់ឈាម» ចូលទៅប្រទេសរុស្ស៊ីត្រូវតែបញ្ឈប់។ លោកថ្លែងដូច្នេះ ស្របពេលដែលក្រុមបស្ចិមប្រទេសត្រៀមដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី បន្ទាប់ពីសាកសពជនស៊ីវិលអ៊ុយក្រែនត្រូវបានគេឃើញតាមដងផ្លូវក្នុងក្រុង Buchaកាន់កាប់ដោយកម្លាំងរុស្ស៊ីឈ្លានពាននៅប្រទេសអ៊ុយក្រែន។ លោក Klitschko ដែលស្លៀកពាក់ឯកសណ្ឋានយោធបានប្រាប់សន្និសីទអភិបាលក្រុងនៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីសតាមរយៈវីដេអូថា៖ «រាល់ប្រាក់អឺរ៉ូទាំងអស់ រាល់លុយទាំងអស់ដែលអ្នកទទួលបានពីរុស្ស៊ីឬក៏អ្នកបញ្ជូនទៅកាន់ប្រទេសរុស្ស៊ីគឺមានដិតដាមដោយឈាម។ វាជាលុយប្រឡាក់ឈាម ហើយឈាមដែលប្រឡាក់នៅលើលុយនេះគឺជាឈាមរបស់ប្រជាពលរដ្ឋអ៊ុយក្រែន»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋាភិបាលរុស្ស៊ីនៅថ្ងៃអង្គារនេះបានចោទប្រកាន់រដ្ឋាភិបាលអ៊ុយក្រែនថាបានរៀបចំឡើងនូវការស្លាប់របស់ជនស៊ីវិលនៅតាមទីតាំងមួយចំនួន ដើម្បីដាក់ការចោទប្រកាន់លើរដ្ឋាភិបាលក្រុងមូស្គូ។ ក្រសួងការពារជាតិរុស្ស៊ីបានអះអាងដូចនេះ បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានទាមទារឱ្យមានការដាក់ទណ្ឌកម្មតឹងតែងថ្មីលើរុស្ស៊ីទាក់ទិននឹងការស្លាប់របស់ជនស៊ីវិលអ៊ុយក្រែននៅក្នុងក្រុង Bucha ប្រទេសអ៊ុយក្រែនដែលនាំឱ្យមានការថ្កោលទោសជាអន្តរជាតិ។ ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់នៅថ្ងៃអង្គារនេះថា យោធាអ៊ុយក្រែនបានថតវីដេអូក្លែងក្លាយដែលមានចេតនាបង្ហាញថា «កងទ័ពរុស្ស៊ីបានសម្លាប់ជនស៊ីវិលស្លូតត្រង់»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយនៅថ្ងៃអង្គារនេះថា ការចរចាជាមួយរុស្ស៊ីគឺជាជម្រើសតែមួយគត់សម្រាប់ប្រទេសរបស់លោក បើទោះបីជាលទ្ធភាពនៃការចរចានៅពេលឥឡូវនេះនៅតែជា «បញ្ហាប្រឈម» ក៏ដោយ។ ប៉ុន្តែនៅក្នុងការលើកឡើងតាមទូរទស្សន៍ជាតិ លោកបាននិយាយថា វាអាចទៅរួចដែលថា លោកនិងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នឹងមិនចរចាគ្នាដោយផ្ទាល់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋាភិបាលរុស្ស៊ីនៅថ្ងៃអង្គារនេះបាននិយាយថាវិធានការរបស់ប្រទេសមួយចំនួននៅអឺរ៉ុប ក្នុងការបណ្ដេញមន្ត្រីការទូតរុស្ស៊ីនោះគឺជា «វិធានការគិតខ្លី» ដែលបានត្រឹមតែធ្វើឱ្យស្មុគស្មាញដល់ទំនាក់ទំនងតែប៉ុណ្ណោះ។ អ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ីលោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា៖ «ការកាត់បន្ថយឱកាសសម្រាប់ទំនាក់ទំនងការទូតនៅក្នុងស្ថានការណ៍ដែលមានវិបត្តិដ៏លំបាកដែលមិនធ្លាប់មានពីមុនមកនេះគឺជាវិធានការដែលមិនគិតវែងឆ្ងាយ ដែលនឹងធ្វើឱ្យស្មុគស្មាញបន្ថែមទៀតដល់ទំនាក់ទំនងរបស់យើង ដែលជាការចាំបាច់ដើម្បីស្វែងរកដំណោះស្រាយ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- រដ្ឋមន្ត្រីការបរទេសអេស្ប៉ាញលោក Jose Manuel Albares បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសអេស្ប៉ាញនឹងបណ្ដេញមន្ត្រីការទូតនិងបុគ្គលិកស្ថានទូតរុស្ស៊ីប្រហែល ២៥ នាក់ចេញ ពីប្រទេសដោយសារតែការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ លោកបានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានមួយថា មន្ត្រីការទូតនិងបុគ្គលិកស្ថានទូតរុស្ស៊ីទាំងនេះ «តំណាងឱ្យការគំរាមកំហែងចំពោះផលប្រយោជន៍របស់ប្រទេសអេស្ប៉ាញ» ហើយពួកគេនឹងត្រូវបណ្ដេញចេញ «ជាបន្ទាន់»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- រដ្ឋមន្ត្រីការបរទេសអ៊ីតាលីលោក Luigi Di Maio បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសអ៊ីតាលីបានបណ្ដេញមន្ត្រីការទូតរុស្ស៊ី ៣០ នាក់ចេញពីប្រទេស ដោយសារតែក្ដីបារម្ភផ្នែកសន្តិសុខ ហើយបើយោងតាមទីភ្នាក់ងារព័ត៌មាន TASS របស់រុស្ស៊ី ប្រទេសរុស្ស៊ីគ្រោងនឹងចាត់វិធានការសងសឹក។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋមន្ត្រីការបរទេសដាណឺម៉ាកលោក Jeppe Kofod បានបញ្ជាក់នៅថ្ងៃអង្គារនេះថា ប្រទេសរបស់លោកបានបណ្ដេញ «មន្ត្រីស៊ើបការណ៍សម្ងាត់» របស់រុស្ស៊ី ១៥ នាក់ ដែលបានចុះឈ្មោះជាមន្ត្រីការទូតនៅក្នុងប្រទេសដាណឺម៉ាក។ វិធានការរបស់ប្រទេសដាណឺម៉ាកនេះបានធ្វើឡើង បន្ទាប់ពីប្រទេសអាល្លឺម៉ង់និងបារាំងបានចាត់វិធានការស្រដៀងគ្នានេះដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- ទីក្រុង Kramatorsk នៅភាគខាងកើតប្រទេសអ៊ុយក្រែនបានរងការវាយប្រហារដោយកងទ័ពអាកាសរបស់រុស្ស៊ីនៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីកងទ័ពរុស្ស៊ីបាននិយាយថា ពួកគេបានបង្វែរទិសដៅយោធាសំដៅលើតំបន់ភាគខាងកើតនៃប្រទេសអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- កងទ័ពអ៊ុយក្រែនបានដណ្ដើមកាន់កាប់ឡើងវិញនូវភូមិសាស្ត្រសំខាន់ភាគខាងជើង ដោយបង្ខំដោយកងទ័ពរុស្ស៊ីដកថយចេញពីតំបន់នៅជុំវិញទីក្រុង Chernihiv និងតំបន់ភាគខាងជើងនៃរដ្ឋធានីកៀវ។ នេះបើយោងតាមការបញ្ជាក់របស់ផ្នែកស៊ើបការណ៍សម្ងាត់យោធារបស់ចក្រភពអង់គ្លេសនៅថ្ងៃអង្គារនេះ។
- រដ្ឋាភិបាលជប៉ុនបានដឹកជនភៀសខ្លួនអ៊ុយក្រែន ២០ នាក់ ទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុននៅថ្ងៃអង្គារនេះ ដើម្បីបង្ហាញការគាំទ្រដល់កិច្ចប្រឹងប្រែងជាអន្តរជាតិជួយអ៊ុយក្រែន។ ជនភៀសខ្លួនអ៊ុយក្រែនទាំង ២០ នាក់នេះមានអាយុចាប់ពី ៦ ដល់ ៦៦ ឆ្នាំ ហើយក្នុងចំណោមនោះមានស្ត្រី ១៥ នាក់។ ជនភៀសខ្លួនទាំងនេះមិនមែនជាជនភៀសខ្លួនអ៊ុយក្រែនដំបូងដែលធ្វើដំណើរដល់ជប៉ុនតាំងពីពេលដែលរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈនោះទេ ប៉ុន្តែគឺជាជនភៀសខ្លួនដំបូងដែលដឹកទៅកាន់ប្រទេសជប៉ុនតាមយន្តហោះពិសេសរបស់រដ្ឋាភិបាលជប៉ុន ដែលរៀបចំដោយរដ្ឋមន្ត្រីការបរទេសជប៉ុន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។ មិនយូរប៉ុន្មានមុនពេលលោកនិងជនភៀសខ្លួនអ៊ុយក្រែនចេញដំណើរទៅកាន់ប្រទេសជប៉ុនរដ្ឋមន្ត្រីការបរទេសជប៉ុនលោក Yoshimasa Hayashi បានប្រាប់អ្នកសារព័ត៌មាននៅក្នុងប្រទេសប៉ូឡូញថា៖ «រដ្ឋាភិបាលជប៉ុនប្ដេជ្ញាផ្ដល់ការផ្គត់ផ្គង់ជាអតិបរមាដល់ពលរដ្ឋអ៊ុយក្រែនទាំង ២០ នាក់នេះ ដើម្បីជួយឲ្យពួកគេបានរស់នៅដោយសុវត្ថិភាពនៅក្នុងប្រទេសជប៉ុន ទោះបីជាពួកគេឃ្លាតឆ្ងាយពីមាតុភូមិរបស់ខ្លួនក៏ដោយ»។
- ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគ្រោងនឹងផ្ដោតកិច្ចប្រជុំនៅថ្ងៃអង្គារនេះលើករណីសម្លាប់ជនស៊ីវិលនៅក្នុងប្រទេសអ៊ុយក្រែន គឺមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin គួរតែប្រឈមនឹងការកាត់ទោសពីបទឧក្រិដ្ឋកម្មសង្គ្រាម។ ចក្រភពអង់គ្លេសគឺជាប្រធាននៃក្រុមប្រឹក្សានេះប្រចាំខែមេសានេះ ហើយឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំអង្គការសហប្រជាជាតិអ្នកស្រី Barbara Woodward បានប្រាប់អ្នកសារព័ត៌មានថា បញ្ហានៃការសម្លាប់ជនស៊ីវិលអ៊ុយក្រែនក្នុងអំឡុងពេលឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននោះគឺជាបញ្ហា «ចម្បង» និងជាបញ្ហា «ស្នូល» នៃកិច្ចប្រជុំនេះ។
- ស្ថានបេសកកម្មការទូតចក្រភពអង់គ្លេសប្រចាំអង្គការសហប្រជាជាតិបានបញ្ជាក់កាលពីថ្ងៃចន្ទថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy នឹងថ្លែងនៅថ្ងៃអង្គារនេះក្នុងអំឡុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអំពីសង្គ្រាមនៅក្នុងប្រទេសរបស់លោក។ នេះគឺជាការថ្លែងសុន្ទរកថាលើកដំបូងរបស់លោក Zelenskyy ទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ តាំងពីពេលដែលរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈមក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។