ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។

LIVE BLOG: ព្រឹត្តិការណ៍ថ្មីៗអំពីការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ៣ វិច្ឆិកា ២០២២

រុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែន តាំងពីថ្ងៃទី២៤ ខែកម្ភៈ មក។ សូមតាមដានព្រឹត្តិការណ៍ថ្មីៗប្រចាំថ្ងៃទាក់ទងនឹងវិបត្តិអ៊ុយក្រែន នៅ​លើ​ទំព័រ Live Blog ដែលផ្សាយផ្ទាល់នេះ។

២១:៤៥ ៤.៤.២០២២

ថ្ងៃចន្ទ ទី៤ ខែមេសា៖

  • ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden នៅ​ថ្ងៃ​ចន្ទ​នេះ បាន​អំពាវនាវ​ឱ្យ​មាន​ការ​កាត់ទោស​រឿង​ឧក្រិដ្ឋកម្ម​សង្គ្រាម​ទាក់ទិន​នឹង​ការចោទ​ប្រកាន់​ដែល​ថា​រុស្ស៊ី​បាន​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​លើ​ជន​ស៊ីវិល​នៅក្នុង​ក្រុង Bucha ​ប្រទេស​អ៊ុយក្រែន ​និង​បាន​និយាយ​ថា ​លោក​ចង់​ឱ្យ​មាន​ការដាក់​ទណ្ឌកម្ម​បន្ថែម​លើ​រដ្ឋាភិបាល​រុស្ស៊ី។ លោក Biden បាន​ហៅ​ប្រធានាធិបតី​រុស្ស៊ី​ថា​ជា «ឧក្រិដ្ឋជន​សង្គ្រាម» ​និង​ហៅ​ការ​សម្លាប់​ទាំងនេះ​ថា​ជា​ «ឧក្រិដ្ឋកម្ម​សង្គ្រាម»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន AFP។
  • ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​និយាយ​ថា ប្រទេស​អ៊ុយក្រែន​ចង់ «បង្ហាញ​ដល់​ពិភពលោក» អំពី​អ្វី​ដែល​បាន​កើតឡើង​នៅក្នុង​ក្រុង Bucha ដោយ​លោក​បាន​សន្យា​ថា ប្រទេស​អ៊ុយក្រែន​នឹង «មិន​បញ្ឈប់» នោះទេ ​រហូត​ទាល់តែ​ខ្លួន​រកឃើញ​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​រឿង​នេះ។ លោក Zelenskyy បាន​ថ្លែង​ទៅកាន់​អ្នក​សារព័ត៌មាន​នៅក្នុង​ក្រុង Bucha នៅ​ថ្ងៃ​ចន្ទ​នេះ​ថា «វា​សំខាន់​ខ្លាំងណាស់​សម្រាប់​ពួក​យើង​ដែល​អ្នក​សារព័ត៌មាន​បាន​មក​ទីនេះ» នៅក្នុង​ក្រុង Bucha។ លោក​បាន​បន្ថែម​ថា៖ «យើងខ្ញុំ​ចង់​ឱ្យ​អ្នក​បង្ហាញ​ដល់​ពិភពលោក​អំពី​អ្វី​ដែល​បាន​កើតឡើង​នៅ​ទីនេះ ​អំពី​អ្វី​ដែល​យោធា​រុស្ស៊ី​បាន​ធ្វើ អ្វី​ដែល​សហព័ន្ធ​រុស្ស៊ី​បាន​ធ្វើ​នៅក្នុង​ប្រទេស​អ៊ុយក្រែន​ដែល​មាន​សន្តិភាព។ វា​ជា​រឿង​សំខាន់​ដែល​អ្នក​ឃើញ​ថា [សាកសព] ទាំងនេះ​គឺ​ជា [សាកសព​របស់] ជន​ស៊ីវិល»។ នេះ​បើ​យោង​តាមទូរទស្សន៍​ CNN។
  • ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy នៅ​ថ្ងៃ​ចន្ទ​នេះ​បាន​ហៅ​ការ​សម្លាប់​ជន​ស៊ីវិល​នៅក្នុង​ក្រុង Bucha នៅ​ជាយ​រដ្ឋធានី​កៀវ ថា​ជា «អំពើ​ប្រល័យ​ពូជសាសន៍»។ លោក​បាន​និយាយ​ក្នុង​អំឡុង​ទស្សនកិច្ច​របស់​លោក​ទៅកាន់​ក្រុង Bucha ថា៖ «ទាំងនេះ​គឺជា​ឧក្រិដ្ឋកម្ម​សង្គ្រាម ហើយ​ឧក្រិដ្ឋកម្ម​ទាំងនេះ​នឹង​ត្រូវ​ពិភពលោក​ទទួលស្គាល់​ថា​ជា​អំពើ​ប្រល័យ​ពូជសាសន៍»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន AFP។
  • អភិបាល​ក្រុង Mariupol លោក Vadym Boichenko បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ទីក្រុង Mariupol ដែល​ជា​ទីក្រុង​កំពង់ផែ​នៅ​ភាគ​អាគ្នេយ៍​ប្រទេស​អ៊ុយក្រែន បាន​រង​ការ​បំផ្លិចបំផ្លាញ​អស់ «៩០%» បន្ទាប់ពី​កងទ័ព​រុស្ស៊ី​បាន​ឡោមព័ន្ធ​ទីក្រុង​នេះ។ លោក​បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​កាសែត​មួយថា៖ «ដំណឹង​ដ៏​សោកសៅ​គឺ​ថា ហេដ្ឋារចនាសម្ព័ន្ធ ៩០% នៅក្នុង​ទីក្រុង [Mariupol] ត្រូវ​បាន​បំផ្លាញ ហើយ​ហេដ្ឋារចនាសម្ព័ន្ធ ៤០% ទៀត​នៅក្នុង​ទីក្រុង​នេះ​គឺ​មិន​អាច​ជួសជុល​ឱ្យ​ដូច​ដើម​វិញ​បាន​ទេ»។ លោក​បាន​បន្ថែម​ថា ពលរដ្ឋ​ប្រហែល ១៣០.០០០ នាក់​នៅ​ជាប់​គាំង​នៅក្នុង​ទីក្រុង​នោះ​នៅឡើយ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន AFP។
អគារ​មួយ​ខូចខាត​ខ្ទេចខ្ទី​ក្នុង​ជម្លោះ​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន នៅ​ក្នុង​ទីក្រុង Mariupol ប្រទេស​អ៊ុយក្រែន ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២។
អគារ​មួយ​ខូចខាត​ខ្ទេចខ្ទី​ក្នុង​ជម្លោះ​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន នៅ​ក្នុង​ទីក្រុង Mariupol ប្រទេស​អ៊ុយក្រែន ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២។
  • ​សហភាព​អឺរ៉ុប​បាន​ប្រកាស​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ខ្លួន​បាន​បង្កើត​ក្រុម​ស៊ើបអង្កេត​រួម​មួយ​ជាមួយ​នឹង​ប្រទេស​អ៊ុយក្រែន ដើម្បី​ស៊ើបអង្កេត​លើ​ការ​ចោទ​ប្រកាន់​ដែល​ថា​រុស្ស៊ី​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ​បន្ទាប់ពី​មាន​ទិដ្ឋភាព​ដ៏​តក់ស្លុត​អំពី​សាកសព​របស់​ជន​ស៊ីវិល​នៅក្នុង​ក្រុង Bucha ប្រទេស​អ៊ុយក្រែន នៅ​ក្រោយ​ពេល​ដែល​កងទ័ព​រុស្ស៊ី​បាន​ដក​ចេញ​ពី​តំបន់​នោះ។ ប្រធាន​គណៈកម្មការ​អឺរ៉ុប​នៃ​សហភាព​អឺរ៉ុប​អ្នកស្រី Ursula von der Leyen បាន​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​នឹង​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy អំពី «ការ​សម្លាប់​ដ៏​រន្ធត់​តក់ស្លុត» ដែល​បាន​បង្ហាញ​ឡើង​កាលពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ។ អ្នកស្រី​បាន​ថ្លែង​ថា៖ «សហភាព​អឺរ៉ុប​ត្រៀម​លក្ខណៈ​រួចរាល់​នៅក្នុង​ការ​ពង្រឹង​កិច្ច​ប្រឹងប្រែង​នេះ​តាម​រយៈ​ការ​បញ្ជូន​ក្រុម​ស៊ើប​អង្កេត​ទៅ​ប្រទេស​អ៊ុយក្រែន​ដើម្បី​គាំទ្រ​ដល់​ក្រុម​រដ្ឋអាជ្ញា​របស់​អ៊ុយក្រែន។ ទីភ្នាក់ងារ Eurojust និង​ទីភ្នាក់ងារ Europol របស់​សហភាព​អឺរ៉ុប​ត្រៀម​ខ្លួន​រួចរាល់​ហើយ​នៅ​ក្នុង​ការ​ជួយ​ជ្រោមជ្រែង»។ នេះ​បើ​យោង​តាម​ទូរទស្សន៍​ CNN។
  • រដ្ឋមន្ត្រី​ការបរទេស​ចក្រភព​អង់គ្លេស​អ្នកស្រី Liz Truss បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ត្រូវតែ​ព្យួរ​សមាជិកភាព​របស់​រុស្ស៊ី​នៅក្នុង​ក្រុមប្រឹក្សា​នេះ ដោយសារតែ​គេ​បាន​រកឃើញ​សាកសព​និង​រណ្ដៅ​សាកសព​រួម​នៅក្នុង​ក្រុង Bucha ប្រទេស​អ៊ុយក្រែន។ អ្នកស្រី​បាន​បញ្ជាក់​នៅ​លើ Twitter​ថា៖ «ដោយសារ​មាន​ភស្តុតាង​ខ្លាំងក្លា​នៃ​ឧក្រិដ្ឋកម្ម​សង្គ្រាម ដែល​ក្នុង​នោះ​រួម​មាន​ទាំង​សេចក្ដី​រាយការណ៍​នានា​អំពី​រណ្ដៅ​សាកសព​រួម​និង​ការ​កាប់​សម្លាប់​ដ៏​សាហាវ​យង់ឃ្នង​នៅក្នុង​ក្រុង Bucha ផងដែរ ​រុស្ស៊ី​មិន​អាច​នៅ​ធ្វើ​ជា​សមាជិក​របស់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​បាន​ទៀតទេ»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។
  • ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​អ្នកស្រី Linda Thomas-Greenfield បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា សហរដ្ឋ​អាមេរិក​នឹង​ស្នើ​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​ឱ្យ​ព្យួរ​សមាជិកភាព​របស់​ប្រទេស​រុស្ស៊ី​នៅក្នុង​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។ អ្នកស្រី Thomas-Greenfield ​កំពុង​ធ្វើ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​រ៉ូម៉ានី ដែល​នៅ​ទីនោះ អ្នកស្រី​បាន​ជួប​ពិភាក្សា​ជាមួយ​នឹង​នាយករដ្ឋមន្ត្រី​រ៉ូម៉ានី​លោក Nicolae Ciuca អំពី «ការ​តាំងចិត្ត​រួម​ដើម្បី​ជួយ​អ៊ុយក្រែន»។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​អ្នកស្រី​នៅ​លើ Twitter។ អ្នកស្រី​ក៏​បាន​ទៅ​មើល​ប្រតិបត្តិការ​របស់​អង្គការ World Central Kitchen នៅ​ក្នុង​រដ្ឋធានី​ប៊ុយការ៉េស​ផងដែរ ហើយ​អ្នកស្រី​បាន​ថ្លែង​អំណរគុណ​នៅ​លើ Twitter ចំពោះ​លោក​ចុងភៅ Jose Andres ​និង​ក្រុម​របស់​លោក​ចំពោះ​ការ​ផ្ដល់​ម្ហូប​អាហារ​ជូន​ដល់​ជន​ភៀសខ្លួន​អ៊ុយក្រែន។
  • ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ចុះ​ហត្ថលេខា​លើ​អនុក្រឹត្យ​មួយ​នៅ​ថ្ងៃ​ចន្ទ​នេះ ដើម្បី​ដាក់​កំហិត​ទិដ្ឋាការ​លើ​ពលរដ្ឋ​នៃ​បណ្ដា​ប្រទេស​ដែល​រដ្ឋាភិបាល​រុស្ស៊ី​ចាត់ទុក​ថា «អមិត្ត» ដែល​នេះ​គឺជា​ការ​ឆ្លើយតប​ទៅ​នឹង​ទណ្ឌកម្ម​ដែល​ក្រុម​បស្ចិម​ប្រទេស​បាន​ដាក់​លើ​រុស្ស៊ី​ទាក់ទិន​នឹង​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។ អនុក្រឹត្យ​នេះ ដែល​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ចន្ទ​នេះ តម្រូវ​ឱ្យ​ផ្អាក​ប្រព័ន្ធ​ផ្ដល់​ទិដ្ឋាការ​ដែល​មាន​លក្ខណៈ​ងាយស្រួល​ជាងមុន ជាមួយ​នឹង​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​មួយ​ចំនួន ក៏​ដូចជា​ជាមួយ​ប្រទេស​ន័រវែស ស្វីស ដាណឺម៉ាក និង​អ៊ីស្លង់​ផងដែរ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាល្លឺម៉ង់​លោក Christian Lindner បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា សហភាព​អឺរ៉ុប​នៅ​មិន​ទាន់​អាច​បញ្ឈប់​ការ​នាំចូល​ឧស្ម័ន​ពី​ប្រទេស​រុស្ស៊ី​ដើម្បី​ជា​ការ​ដាក់​ទណ្ឌកម្ម​ចំពោះ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​បានទេ បើ​ទោះបីជា​ប្រទេស​មួយ​ចំនួន​នៅ​សហភាព​អឺរ៉ុប​ថា វិធានការ​នេះ​គឺ​ចាំបាច់​ដើម្បី​ប្រឆាំង​នឹង​រុស្ស៊ី​ក៏ដោយ។ លោក Lindner បាន​បញ្ជាក់​នៅ​ពេល​លោក​ធ្វើ​ដំណើរ​ទៅដល់​ប្រទេស​លុចសំបួ​ដើម្បី​ពិភាក្សា​ជាមួយ​នឹង​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​នៃ​បណ្ដា​ប្រទេស​ប្រើ​ប្រាក់​អឺរ៉ូ​ថា៖ «យើង​ត្រូវតែ​កាត់​ផ្ដាច់​រាល់​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​រុស្ស៊ី ប៉ុន្តែ​នៅ​ពេល​នេះ វា​មិន​អាច​ទៅ​រួច​នោះទេ​នៅក្នុង​ការ​កាត់​ផ្ដាច់​ការ​ផ្គត់ផ្គង់​ឧស្ម័ន [ពី​រុស្ស៊ី]។ យើង​ត្រូវការ​ពេល​មួយ​ចំនួន»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន AFP។
  • អ្នកស្រី Liudmyla Denisova ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​សភា​របស់​ប្រទេស​អ៊ុយក្រែន បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ទង្វើ​របស់​រដ្ឋាភិបាល​រុស្ស៊ី​លើ​ឈ្លើយ​សឹក​រំលោភ​លើ​អនុសញ្ញា​ទីក្រុង​ហ្សឺណែវ។ អ្នកស្រី​បាន​បញ្ជាក់​នៅ​លើ Facebook ថា ទាហាន​អ៊ុយក្រែន​ដែល​រុស្ស៊ី​បាន​ដោះលែង «បាន​ប្រាប់​អំពី​ទង្វើ​អមនុស្សធម៌​របស់​រុស្ស៊ី​ដែល​ធ្វើ​លើ​ពួកគេ ដោយ​រុស្ស៊ី​បាន​ឃុំ​ពួកគេ​នៅ​ទីវាល នៅ​ក្នុង​រណ្ដៅ នៅក្នុង​យានដ្ឋាន។ ម្ដងម្កាល រុស្ស៊ី​បាន​យក​ទាហាន​អ៊ុយក្រែន​ម្នាក់​ចេញ ដោយ​វាយ​នឹង​ស្វ័យ​កាំភ្លើង និង​បាញ់​គំរាម​នៅ​ជិត​ត្រចៀក»។ នេះ​បើ​យោង​តាម​ទូរទស្សន៍​ CNN។
  • អ្នក​នាំពាក្យ​របស់​នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​បាន​បញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា លោក​នាយករដ្ឋមន្ត្រី Boris Johnson មាន​បំណង​បញ្ជូន​ជំនួយ​យោធា​ប្រភេទ​ថ្មី​ទៅ​ឱ្យ​ប្រទេស​អ៊ុយក្រែន​ដើម្បី​ឱ្យ​អ៊ុយក្រែន​ការពារ​ខ្លួន​ពី​ការ​ឈ្លានពាន​របស់​រុស្ស៊ី។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។
  • រដ្ឋមន្ត្រី​ការ​បរទេស​អ៊ុយក្រែន​លោក ​Dmytro Kuleba ​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ លោក​បាន​និយាយ​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការ​បរទេស​ចិន​លោក ​Wang Yi​ ហើយ​លោក​បាន​សម្ដែង​ការ​ដឹង​គុណ​ចំពោះ​ «សាមគ្គីភាព» ​របស់​ចិន​ជាមួយ​នឹង​«ជន​រងគ្រោះ​ដែល​ជា​ជន​ស៊ីវិល ​[អ៊ុយក្រែន]» ​នៅ​ក្នុង​សង្គ្រាម។​ លោក Kuleba ​បាន​សរសេរ​នៅ​លើ ​Twitter​ ថា៖ ​«យើង​ទាំងពីរ​មាន​ការ​ជឿជាក់​ដូច​គ្នា​ថា​ ការ​បញ្ចប់​សង្គ្រាម​ប្រឆាំង​អ៊ុយក្រែន​គឺ​ផ្ដល់​ប្រយោជន៍​រួម​ដល់​សន្តិភាព ​សន្តិសុខ​ស្បៀង​អាហារ​ពិភពលោក ​និង​ពាណិជ្ជ​កម្ម​អន្តរជាតិ»។​
  • នៅ​ក្នុង​ការ​ប្រារព្ធ​ទិវា​យល់​ដឹង​ពី​គ្រាប់​មីន​នៅ​ថ្ងៃ​ចន្ទ​នេះ អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ​លោក​ Antonio Guterres បាន​អំពាវនាវ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​លើ​បញ្ហា​នានា​ដែល​ប្រទេស​អ៊ុយក្រែន​កំពុង​ប្រឈម​ ដោយ​លោក​បាន​និយាយ​ថា ​ការ​បោស​សំអាត​គ្រាប់​មិន​ទាន់​ផ្ទុះ ​គ្រាប់​មីន​ និង​គ្រាប់​បែក​ចង្កោម​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​នឹង​ត្រូវការ​ពេល​រាប់​ទសវត្សរ៍។​
  • អង្គការ​សហ​ប្រជាជាតិ​បាន​បញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ជន​ភៀសខ្លួន​អ៊ុយក្រែន​ជាង ​៤ ​លាន​ ២​ សែន​នាក់​បាន​ភៀស​ខ្លួន​ពី​ប្រទេស​តាំងពី​ពេល​ដែល​រុស្ស៊ី​បាន​ឈ្លានពាន​អ៊ុយក្រែន​មក។ ​លោក​បន្ថែម​ថា​ស្ថានភាព​មនុស្ស​ធម៌​ កាន់តែ​ដុនដាប។​ ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​ជន​ភៀស​ខ្លួន​ (UNHCR) ​បាន​លើក​ឡើង​ថា​ ពលរដ្ឋ​អ៊ុយក្រែន ​៤.២១៥.០៤៧ ​នាក់​ បាន​ភៀសខ្លួន​ពី​ប្រទេស​តាំងពី​សង្គ្រាម​បាន​ចាប់ផ្ដើម​កាលពី​ថ្ងៃ​ទី ២៤​ ខែ​កុម្ភៈ​មក ​ដែល​មាន​ការ​កើនឡើង​ចំនួន​ ៣៨.៦៤៦ ​នាក់ ​បើ​ធៀប​ជាមួយ​នឹង​តួលេខ​កាលពី​ថ្ងៃ​អាទិត្យ។ ​នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ AFP។​
  • នាយក​រដ្ឋមន្ត្រី​ប៉ូឡូញ​លោក ​Mateusz Morawiecki​ បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ ប្រទេស​អាល្លឺម៉ង់​គឺ​ជា​ឧបសគ្គ​ចម្បង​ចំពោះ​ការ​ដាក់​ទណ្ឌកម្ម​តឹងតែង​ជាង​មុន​លើ​រុស្ស៊ី។ ​នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters។​
  • មន្ត្រី​សហភាព​អឺរ៉ុប​បាន​បញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ​ពួកគេ​កំពុង​ថ្លឹង​ថ្លែង​ទណ្ឌកម្ម​ថ្មី​ដើម្បី​ដាក់​លើ​រដ្ឋាភិបាល​រុស្ស៊ី ​នៅ​ក្នុង​ការ​ឆ្លើយតប​ចំពោះ​ការ​ចោទ​ប្រកាន់​ថា​ កងទ័ព​រុស្ស៊ី​បាន​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​លើ​ជន​ស៊ីវិល​អ៊ុយក្រែន។​ លោក Josep Borrell ​ប្រធាន​ផ្នែក​គោល​នយោបាយ​ការ​បរទេស​នៃ​សហភាព​អឺរ៉ុប ​បាន​និយាយ​ថា ​ សហភាព​អឺរ៉ុប​បាន​ពិភាក្សា​គ្នា​បន្ទាន់​អំពី​ទណ្ឌកម្ម​ជុំ​ថ្មី​ នៅ​ពេល​ដែល​សហភាព​អឺរ៉ុប​ថ្កោលទោស ​«អំពើ​ឃោរឃៅ» ​ដែល​ត្រូវ​បាន​គេ​រាយ​ការណ៍​ថា​បាន​កើតឡើង​នៅ​ក្នុង​ទីក្រុង​នានា​របស់​ប្រទេស​អ៊ុយក្រែន ​ដែល​បាន​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​កងទ័ព​ដែល​ប្រធានាធិបតី​រុស្ស៊ី​លោក​ Vladimir Putin បាន​បញ្ជូន​កាលពី​ប្រាំ​សប្តាហ៍​មុន។ ​នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន ​AFP។​
អ្នក​កាសែត​ម្នាក់​ថត​វីដេអូ​ផ្ដិត​យក​ទិដ្ឋភាព​រណ្ដៅ​សព​ដ៏​ធំ​មួយនៅ​ក្រុង Bucha ដែល​ស្ថិត​នៅ​ជាយរដ្ឋធានី​កៀវ ប្រទេស​អ៊ុយក្រែន ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២។
អ្នក​កាសែត​ម្នាក់​ថត​វីដេអូ​ផ្ដិត​យក​ទិដ្ឋភាព​រណ្ដៅ​សព​ដ៏​ធំ​មួយនៅ​ក្រុង Bucha ដែល​ស្ថិត​នៅ​ជាយរដ្ឋធានី​កៀវ ប្រទេស​អ៊ុយក្រែន ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២។
  • ​ប្រធានាធិបតី​បារាំង​លោក ​Emmanuel Macron ​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ទណ្ឌកម្ម​បន្ថែម​ទៀត​លើ​ប្រទេស​រុស្ស៊ី​គឺ​ត្រូវការ​ជា​ចាំបាច់។ ​ លោក​ថ្លែង​ដូច្នេះ​ បន្ទាប់ពី​រដ្ឋាភិបាល​អ៊ុយក្រែន​បាន​ចោទ​ប្រកាន់​កងទ័ព​រុស្ស៊ី​ថា​បាន​សម្លាប់​ជន​ស៊ីវិល​នៅ​ក្នុង​ក្រុង ​Bucha។​ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន ​Reuters។ លោក Macron ​បាន​បញ្ជាក់​ប្រាប់​វិទ្យុ ​France Inter ​របស់​បារាំង​ថា​មាន​ «ភស្តុតាង​យ៉ាង​ច្បាស់​ក្រឡែត» ​បង្ហាញ​ថា​ កងទ័ព​រុស្ស៊ី​ជា​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។​
  • ស្ថាន​បេសក​កម្ម​ចក្រភព​អង់គ្លេស​ប្រចាំ​អង្គការ​សហ​ប្រជាជាតិ​ ដែល​ជា​ប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ចំនួន​១៥​ប្រទេស​សម្រាប់​ខែ​មេសា​នេះ ​បាន​បញ្ជាក់​ថា ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​នឹង​ពិភាក្សា​អំពី​បញ្ហា​អ៊ុយក្រែន​នៅ​ថ្ងៃ​អង្គារ​ស្អែក​ដូច​គ្រោង​ទុក ហើយ​នឹង​មិន​ជួប​ប្រជុំ​នៅ​ថ្ងៃ​ចន្ទ​នេះ​តាម​សំណើ​របស់​ប្រទេស​រុស្ស៊ី​នោះ​ទេ។ ​ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters។ ​ កាលពី​ថ្ងៃ​អាទិត្យ​ រុស្ស៊ី​បាន​ស្នើ​ក្រុម​ប្រឹក្សា​នេះ​ឱ្យ​បើក​ការ​ប្រជុំ​នៅ​ថ្ងៃ​ចន្ទ​នេះ​ដើម្បី​ពិភាក្សា​អំពី​អ្វី​ដែល​រុស្ស៊ី​ហៅ​ថា​ «ការ​បង្ក​ហេតុ​របស់​ក្រុម​ជ្រុល​និយម​អ៊ុយក្រែន» ​នៅ​ក្នុង​ក្រុងBucha ​ប្រទេស​អ៊ុយក្រែន ​បន្ទាប់ពី​រដ្ឋាភិបាល​អ៊ុយក្រែន​បាន​ចោទ​កងទ័ព​រុស្ស៊ី​ថា​បាន​សម្លាប់​ជន​ស៊ីវិល​នៅ​ទីនោះ។​
  • ប្រធាន​ផ្នែក​ស៊ើប​អង្កេត​របស់​ប្រទេស​រុស្ស៊ី​បាន​បញ្ជា​នៅ​ថ្ងៃ​ចន្ទ​នេះ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ជា​ផ្លូវការ​លើ​អ្វី​ដែល​លោក​ហៅ​ថា​ជា​ «ការ​បង្កហេតុ» ​របស់​អ៊ុយក្រែន​ បន្ទាប់ពី​រដ្ឋាភិបាល​អ៊ុយក្រែន​បាន​ចោទ​ប្រកាន់​យោធា​រុស្ស៊ី​ថា​បាន​សម្លាប់​រង្គាល​ជន​ស៊ីវិល​នៅ​ក្នុង​ក្រុង​ Bucha។ គណៈ​កម្មាធិការ​ស៊ើប​អង្កេត​របស់​រុស្ស៊ី​បាន​បញ្ជាក់​នៅក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​ថា ​លោក​ Alexander Bastrykin ​ដែល​ជា​ប្រធាន​គណៈកម្មាធិការ​នេះ ​បាន​បញ្ជា​ឱ្យ​បើក​ការ​ស៊ើប​អង្កេត​នេះ​ឡើង​ផ្អែក​លើ​មូលដ្ឋាន​ដែល​ថា ​ អ៊ុយក្រែន​«មាន​ចេតនា​ផ្សព្វផ្សាយ​ ព័ត៌មាន​មិន​ត្រឹមត្រូវ» ​អំពី​កងកម្លាំង​រុស្ស៊ី​នៅ​ក្នុង​ក្រុង ​Bucha។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន ​Reuters។​
  • ទីភ្នាក់ងារ​ព័ត៌មាន​ TASS​ របស់​រុស្ស៊ី​បាន​រាយ​ការណ៍​ថា ​ រដ្ឋមន្ត្រី​ការ​បរទេស​រុស្ស៊ី​លោក​ Sergei Lavrov ​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ​ការ​រៀបរាប់​របស់​អ៊ុយក្រែន​អំពី​អ្វី​ដែល​បាន​កើត​ឡើង​នៅក្នុង​ក្រុង​ Bucha ​ គឺជា «ការ​វាយប្រហារ​ក្លែងក្លាយ»​ក្នុង​គោល​បំណង​បង្ខូច​រដ្ឋាភិបាល​រុស្ស៊ី។​ លោក​ Lavrov ​បាន​បញ្ជាក់​ថា ​ សាកសព​ទាំង​នោះ​គឺ​ត្រូវ​បាន «រៀបចំ​ឡើង» ​ ហើយ​រូបភាព​នៃ​សាកសព​ទាំង​នោះ ​និង​អ្វី​ដែល​លោក​អះអាង​ថា ​ជា​ការ​រៀបរាប់​មិន​ត្រឹមត្រូវ​របស់​អ៊ុយក្រែន​អំពី​ព្រឹត្តិ​ការណ៍​ទាំង​នេះ​ ត្រូវបាន​បណ្ដា​បស្ចិម​ប្រទេស​និង​ប្រទេស​អ៊ុយក្រែន​ផ្សព្វផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម​អនឡាញ។ ​នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters។​
  • ប្រធានាធិបតី​អ៊ុយក្រែន​លោក ​Volodymyr Zelenskyy​ បាន​និយាយ​ថា ​ប្រទេស​អ៊ុយក្រែន​នឹង​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​ការ​ចោទ​ប្រកាន់​ដែល​ថា ​ កងទ័ព​រុស្ស៊ី​បាន​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​លើ​ជន​ស៊ីវិល​អ៊ុយក្រែន ​ដែល​ការ​ស៊ើប​អង្កេត​នេះ​នឹង​មាន​ការ​ចូលរួម​ពី​អ្នក​ស៊ើប​អង្កេត​អន្តរជាតិ។​ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ The Associated Press។
  • អ្នកស្រី ​ Michelle Bachelet ​ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា អ្នកស្រី​មាន​អារម្មណ៍ ​«តក់ស្លុត» ​នៅ​ពេល​បាន​ឃើញ​រូបភាព​សាកសព​ នៅ​ក្នុង​ក្រុង ​ Bucha ​ ជិត​រដ្ឋធានី​របស់​ប្រទេស​អ៊ុយក្រែន ​ក្រោយ​ពេល​ដែល​រុស្ស៊ី​បាន​ដក​កងទ័ព​ចេញ។ អ្នកស្រី​បាន​ព្រមាន​ថា ​នេះ​អាច​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម។ ​នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។​
  • រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​លោក ​Yoshimasa Hayashi ​នៅ​ថ្ងៃ​ចន្ទ​នេះ ​បាន​ថ្កោលទោស​អំពើ​ហិង្សា ​«ឃោរឃៅ​ហួស​ប្រមាណ» ​ដែល​ធ្វើ​ឡើង​លើ​ជន​ស៊ីវិល​នៅ​ជិត​ទីក្រុង​កៀវ​ ប្រទេស​អ៊ុយក្រែន ​ដែល​នេះ​ជា​អ្វី​ដែល​លោក​ចង់​សំដៅ​លើ​ការ​សម្លាប់ [ជន​ស៊ីវិល]​ នៅ​ក្នុង​ក្រុង​ Bucha។​ លោក​បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​ជាមួយ​នឹង​សមភាគី​ប៉ូឡូញ​របស់​លោក​នៅ​ក្នុង​ទីក្រុង​វ៉ាសូវី ​ប្រទេស​ប៉ូឡូញ​ថា៖​ «ខ្ញុំ​រន្ធត់​យ៉ាង​ខ្លាំង​នៅ​ពេល​បាន​ឮ​ដំណឹង​អំពី​អំពើ​ហិង្សា​ឃោរឃៅ​ហួស​ប្រមាណ​លើ​ជន​ស៊ីវិល​នៅ​ជិត​ទីក្រុង​កៀវ»។ ​លោក​បាន​បន្ថែម​ថា៖​ «ការ​សម្លាប់​ជន​ស៊ីវិល​គឺជា​ការ​រំលោភ​លើ​ច្បាប់​មនុស្សធម៌​អន្តរជាតិ ​និង​ជា​រឿង​ដែល​មិន​អាច​ទទួល​យក​បាន​នោះទេ ហើយ​ខ្ញុំ​ថ្កោលទោស​ខ្លាំងក្លា​លើ​ទង្វើ​ទាំង​នេះ»។​ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។​
  • រដ្ឋមន្ត្រី​ការ​បរទេស​ចក្រភព​អង់គ្លេស​អ្នកស្រី ​Liz Truss ​មាន​គម្រោង​ធ្វើ​ទស្សន​កិច្ច​ទៅកាន់​ប្រទេស​ប៉ូឡូញ​នៅ​ថ្ងៃ​ចន្ទ​នេះ​ ដើម្បី​អំពាវនាវ​ឱ្យ​មាន​វិធានការ​តឹងតែង​ជាង​មុន​សម្រាប់​ភាព​គឃ្លើន​របស់​រុស្ស៊ី ​និង​ដើម្បី​គាំទ្រ​អ៊ុយក្រែន​នៅ​ក្នុង​ការ​ចរចា​សន្តិភាព។ ​នេះ​បើ​យោង​តាម​នេះ​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters​ ដែល​ដកស្រង់​ សេចក្ដី​ថ្លែង​ការណ៍​របស់​ការិយាល័យ​អ្នកស្រី។ អ្នកស្រី​ថ្លែង​ដូច្នេះ​ថា៖​ «[ប្រធានាធិបតី​រុស្ស៊ី​លោក ​ Vladimir] Putin ​ មិន​ទាន់​បង្ហាញ​ឱ្យ​ឃើញ​ថា​ លោក​មាន​ភាព​ម៉ឺងម៉ាត់​ផ្នែក​ការទូត​នៅ​ឡើយ​ទេ។​ វិធានការ​តឹងតែង​ពី​ចក្រភព​អង់គ្លេស​និង​ពី​សម្ព័ន្ធមិត្ត​របស់​យើង​គឺ​ពិតជា​សំខាន់​ដើម្បី​ពង្រឹង​ជំហរ​របស់​អ៊ុយក្រែន​នៅក្នុង​ការ​ចរចា»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ផ្នែក​ស៊ើប​ការណ៍​សម្ងាត់​យោធា​របស់​ចក្រភព​អង់គ្លេស​បាន​បញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ កងទ័ព​រុស្ស៊ី​បន្ត​ពង្រឹង​កម្លាំង​និង​រៀបចំ​ឡើងវិញ ​ស្របពេល​ដែល​ពួកគេ​បាន​ផ្ដោត​ការ​វាយ​ប្រហារ​របស់​ខ្លួន​ឡើង​វិញ​លើ​តំបន់ ​ Donbas ​នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន។ ​នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters។​
  • មន្ត្រី​មូលដ្ឋាន​និយាយ​ថា​កង​កម្លាំង​រុស្ស៊ី​មើល​ទៅ​ទំនង​ជា​ដក​ចេញ​ពី​តំបន់ ​Sumy Oblast ​នៅ​ភាគ​ខាង​ជើង​ប្រទេស​អ៊ុយក្រែន។ ​បណ្ដាញ​ព័ត៌មាន​ CNN ​បាន​រាយ​ការណ៍​ថា លោក Dmytro Zhyvytsky ​ប្រធានរដ្ឋបាល​តំបន់​ Sumy ​បាន​សរសេរ​នៅ​លើ​ Telegram​ ថា៖​ «កងទ័ព​របស់​យើង​ដេញ​ពួកគេ​ចេញ​ពី​ទំបន់​នានា​នៅ​ជិត​ទីក្រុង​កៀវ​និង​ទីក្រុង​ Chernihiv ហើយ​កន្លែង​ដែល​បាត់បង់​កន្លង​មក។ កងទ័ព​រុស្ស៊ី​មិន​ទាន់​ចេញ​អស់​ពី​តំបន់​ទីក្រុង​ Konotop ១០០% ​នៅ​ឡើយ​ទេ។ ​កងទ័ព​អ៊ុយក្រែន​កំពុង​កម្ទេច​ពួកគេ​បណ្ដើរៗ»។ ​តំបន់ Sumy ស្ថិត​នៅ​ជិត​ព្រំដែន​ប្រទេស​រុស្ស៊ី ​និង​ជា​ទីតាំង​វាយ​ប្រយុទ្ធ​គ្នា​ខ្លាំងក្លា​នៅ​ពេល​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​ដំបូងៗ។
២០:១០ ៣.៤.២០២២

ថ្ងៃ​អាទិត្យ ទី៣​ ខែមេសា៖

  • លោក Ron Klain នាយក​ខុទ្ទកាល័យ​សេតវិមាន​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​និយាយ​នៅក្នុង​កិច្ច​សម្ភាសន៍​មួយ​ក្នុង​កម្មវិធី «This Week» របស់​ទូរទស្សន៍ ABC News នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា សង្គ្រាម​នៅ​អ៊ុយក្រែន​គឺ «មិន​ងាយ​នឹង​បញ្ចប់​ក្នុង​ពេល​ឆាប់ៗ​នេះ​ទេ»។ លោក​បាន​បញ្ជាក់​ដូច្នេះ​ថា៖ «ខ្ញុំ​គិត​ថា ពលរដ្ឋ​អ៊ុយក្រែន​ឈ្នះ​សង្គ្រាម​នៅ​ជុំវិញ​ទីក្រុង​កៀវ​និង​នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​អ៊ុយក្រែន។ នេះ​គឺជា​គុណសម្បត្តិ​ដ៏​ធំ​បំផុត​ចំពោះ​ការ​វាយ​ប្រយុទ្ធ​ដែល​ពួកគេ​បាន​ធ្វើ​និង​ចំពោះ​ការ​គាំទ្រ​ដែល​សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត​អូតង់ (NATO) បាន​ផ្ដល់​ជូន​ពួកគេ។ យើង​បញ្ជូន​សព្វាវុធ​ទៅកាន់​ប្រទេស​អ៊ុយក្រែន​ស្ទើរតែ​រាល់​ថ្ងៃ»។ នេះ​បើ​យោង​តាម​បណ្ដាញ​ព័ត៌មាន CNN។
  • អគ្គលេខាធិការ​អង្គការ​អូតង់ (NATO) លោក Jens Stoltenberg បាន​បញ្ជាក់​នៅក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​នឹង​បណ្ដាញ​ព័ត៌មាន CNN នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ការ​ដក​កងទ័ព​របស់​រុស្ស៊ី​ចេញ​ពី​រដ្ឋធានី​កៀវ ប្រទេស​អ៊ុយក្រែន​គឺ​មិនមែន​ជា​ការ​ដក​កងទ័ព​ចេញ​ពិត​ប្រាកដ​នោះទេ ប៉ុន្តែ​គឺជា​ការ​រៀបចំ​យុទ្ធសាស្ត្រ​កងទ័ព​ឡើង​វិញ​ដែល​អាច​នឹង​មាន​ការ​វាយ​ប្រហារ​ខ្លាំង​ជាង​មុន​ទៀត។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • រដ្ឋមន្ត្រី​ការបរទេស​បារាំង​លោក Jean-Yves Le Drian បាន​និយាយ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា លោក​ថ្កោលទោស​ខ្លាំងក្លា​លើ​អ្វី​ដែល​លោក​ហៅ​ថា​ជា «ការ​ធ្វើ​បាបទ្រង់ទ្រាយ​ធំ» ដែល​ប្រព្រឹត្ត​ឡើង​ដោយ «កងទ័ព​រុស្ស៊ី» នៅក្នុង​ប្រទេស​អ៊ុយក្រែន​នៅក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ។ លោក Le Drian បាន​លើកឡើង​ជា​ពិសេស​អំពី​ក្រុង Bucha នៅ​ជាយ​រដ្ឋធានី​កៀវ ដែល​នៅ​ទីនោះ អាជ្ញាធរ​អ៊ុយក្រែន​បាន​និយាយ​ថា «ការ​សម្លាប់​រង្គាល» ដោយ​ចេតនា​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​ដោយ​រុស្ស៊ី។ លោក Le Drian បាន​បន្ថែម​ថា ការ​ធ្វើ​បាប​ដូច​នេះ​គឺ​ស្មើ​នឹង​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ថា ប្រទេស​បារាំង​នឹង​ធ្វើការ​ជាមួយ​នឹង​អាជ្ញាធរ​អ៊ុយក្រែន​និង​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) ដើម្បី​កាត់ទោស​អ្នក​ដែល​ទទួល​ខុសត្រូវ​ចំពោះ​រឿង​នេះ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
ផ្នូរ​ខ្មោច​ដ៏​ធំ​មួយ​នៅ​ក្រុង Bucha ដែល​ស្ថិត​នៅ​ជាយ​រដ្ឋធានី​កៀវ ប្រទេស​អ៊ុយក្រែន ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២។
ផ្នូរ​ខ្មោច​ដ៏​ធំ​មួយ​នៅ​ក្រុង Bucha ដែល​ស្ថិត​នៅ​ជាយ​រដ្ឋធានី​កៀវ ប្រទេស​អ៊ុយក្រែន ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២។
  • រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​បញ្ជាក់​នៅក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​នឹង​បណ្ដាញ​ព័ត៌មាន CNN នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ទិដ្ឋភាព​ដែល​បង្ហាញ​អំពី​សាកសព​ពលរដ្ឋ​អ៊ុយក្រែន​ជាច្រើន​នៅ​ក្នុង​ក្រុង Bucha ដែល​គេ​បាន​រក​ឃើញ បន្ទាប់ពី​រុស្ស៊ី​បាន​ដក​កងទ័ព​របស់​ខ្លួន​ចេញ មាន​លក្ខណៈ «គួរ​ឱ្យ​សោក​សង្រេង​ជាទី​បំផុត»។ នេះ​បើ​យោង​តាម​ទីភ្នាកងារ​ព័ត៌មាន Reuters។
  • ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​ចោទ​ប្រកាន់​កងទ័ព​រុស្ស៊ី​ថា​បាន​ប្រព្រឹត្ត «អំពើ​ប្រល័យ​ពូជសាសន៍» នៅក្នុង​ប្រទេស​របស់​លោក។ លោក​បាន​បញ្ជាក់​ក្នុង​កម្មវិធី «Face the Nation» របស់​ទូរទស្សន៍ CBS នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ប្រទេស​អ៊ុយក្រែន​កំពុង​ត្រូវ​បាន​កងទ័ព​រុស្ស៊ី «បំផ្លាញ​និង​ធ្វើ​ឱ្យ​វិនាស»។
  • រដ្ឋាភិបាល​រុស្ស៊ី​បាន​បញ្ជាក់​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ការ​ធ្វើ​ឱ្យ​រុស្ស៊ី​នៅ​ឯកោ​គឺ​មិន​អាច​ទៅ​រួច​នោះទេ។ រុស្ស៊ី​លើកឡើង​ដូច្នេះ ស្រប​ពេល​ដែល​ក្រុម​បស្ចិម​ប្រទេស​បន្ត​ដាក់​ទណ្ឌកម្ម​លើ​ខ្លួន​ទាក់ទិន​នឹង​ប្រតិបត្តិការ​យោធា​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។ អ្នក​នាំពាក្យ​រដ្ឋាភិបាល​រុស្ស៊ី​លោក Dmitry Peskov បាន​ប្រាប់​ទូរទស្សន៍​រដ្ឋ​របស់​រុស្ស៊ី​ថា៖ «មិន​អាច​មាន​ការ​ផ្ដាច់​រុស្ស៊ី​ឱ្យ​នៅ​ឯកោ​បាន​ទាំងស្រុង​នោះទេ។ តាម​បែប​បច្ចេកវិទ្យា វា​មិន​អាច​ទៅ​រួច​នោះទេ​នៅ​ក្នុង​ពិភព​ទំនើប»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • រុស្ស៊ី​បាន​បញ្ជាក់​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ការ​ចរចា​សន្តិភាព​ជាមួយ​អ៊ុយក្រែន​មិន​បាន​វិវឌ្ឍ​ឱ្យ​បាន​គ្រប់គ្រាន់​ដើម្បី​ឈាន​ទៅ​ដល់​ការ​ជួប​ចរចា​រវាង​មេដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​ទេ និង​ថា គោល​ជំហរ​របស់​រដ្ឋាភិបាល​រុស្ស៊ី​លើ​ឋានៈ​របស់​តំបន់ Crimea និង​តំបន់ Donbas គឺ​នៅ​ដដែល​មិន​ប្រែប្រួល​នោះទេ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • គេ​បាន​ឮ​ការ​ផ្ទុះ​ខ្លាំងក្លា​ពីរ​កន្លែង​នៅក្នុង​ទីក្រុង Belgorod ប្រទេស​រុស្ស៊ី​ជិត​ព្រំដែន​ប្រទេស​អ៊ុយក្រែន​នៅ​ថ្ងៃ​អាទិត្យ​នេះ។ នេះ​បើ​យោង​តាម​សាក្សី​ពីរ​នាក់​ដែល​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។ ការ​ផ្ទុះ​នេះ​បាន​ឮ​ឡើង​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​អាជ្ញាធរ​រុស្ស៊ី​បាន​ចោទ​ប្រកាន់​កងទ័ព​អ៊ុយក្រែន​ថា​បាន​វាយប្រហារ​លើ​ឃ្លាំង​ស្តុក​ទុក​ប្រេង​ឥន្ធនៈ​នៅ​ទីនោះ។ មូលហេតុ​នៃ​ការ​ផ្ទុះ​នេះ​នៅ​មិន​ទាន់​ដឹង​នៅឡើយ​ទេ។

រូបថត​ដកស្រង់​ពី​វីដេអូ​នេះ​បង្ហាញ​ពី​កន្លែង​ស្ដុក​ប្រេង​ឥន្ធនៈ​មួយ​ដែល​កំពុង​ឆាបឆេះ​នៅក្នុង​ទីក្រុង Belgorod ប្រទេស​រុស្ស៊ី ថ្ងៃទី១ ខែមេសា ឆ្នាំ២០២២។ (Russian Emergencies Ministry/Handout via REUTERS)
រូបថត​ដកស្រង់​ពី​វីដេអូ​នេះ​បង្ហាញ​ពី​កន្លែង​ស្ដុក​ប្រេង​ឥន្ធនៈ​មួយ​ដែល​កំពុង​ឆាបឆេះ​នៅក្នុង​ទីក្រុង Belgorod ប្រទេស​រុស្ស៊ី ថ្ងៃទី១ ខែមេសា ឆ្នាំ២០២២។ (Russian Emergencies Ministry/Handout via REUTERS)
  • លោក Jaroslaw Kaczynski ប្រធាន​គណបក្ស​កាន់​អំណាច​នៃ​ប្រទេស​ប៉ូឡូញ​បាន​បញ្ជាក់​នៅក្នុង​ការ​បញ្ចេញ​មតិ​មួយ​ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ប្រទេស​ប៉ូឡូញ​ចង់​ឱ្យ​មាន​ការ​បង្កើន​កងទ័ព​អាមេរិក​ចំនួន ៥០% ទៀត​នៅ​អឺរ៉ុប។ លោក​បញ្ជាក់​ដូច្នេះ ស្របពេល​ដែល​រដ្ឋាភិបាល​ប៉ូឡូញ​អំពាវនាវ​ឱ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ជាង​មុន​លើ​រដ្ឋាភិបាល​រុស្ស៊ី​ទាក់ទិន​នឹង​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន។ លោក Kaczynski បាន​បញ្ជាក់​ប្រាប់​កាសែត Welt am Sonntag របស់​អាល្លឺម៉ង់​ថា៖ «ប៉ូឡូញ​នឹង​ពេញចិត្ត ប្រសិនបើ​សហរដ្ឋ​អាមេរិក​បង្កើន​វត្តមាន​កងទ័ព​របស់​ខ្លួន​នៅ​អឺរ៉ុប​ពី ១០០.០០០ នាក់​ទៅ ១៥០.០០០ នាក់ នៅ​ពេល​អនាគត ដោយសារតែ​ភាព​គឃ្លើន​កើន​ឡើង​របស់​រុស្ស៊ី»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • លោក Charles Michel ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​នៃ​សហភាព​អឺរ៉ុប បាន​សន្យា​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា​នឹង​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​លើ​រដ្ឋាភិបាល​រុស្ស៊ី។ លោក​សន្យា​ដូច្នេះ នៅ​ពេល​ដែល​លោក​ថ្កោលទោស «ភាព​ឃោរឃៅ» ដែល​ធ្វើ​ឡើង​ដោយ​កងទ័ព​រុស្ស៊ី​នៅ​ជុំវិញ​រដ្ឋធានី​កៀវ ប្រទេស​អ៊ុយក្រែន។ លោក​បាន​សរសេរ​នៅលើ Twitter ថា៖ «[ខ្ញុំ] ភ្ញាក់ផ្អើល​ដែល​ឃើញ​រូបភាព​មិន​អាច​បំភ្លេច​បាន​អំពី​អំពើ​ឃោរឃៅ​ដែល​ធ្វើ​ឡើង​ដោយ​ទាហាន​រុស្ស៊ី​នៅ​តំបន់​ទីក្រុង​កៀវ ដែល [អ៊ុយក្រែន] ទើប​រំដោះ​បាន #BuchaMassacre»។ លោក​បាន​សរសេរ​បន្ថែម​ថា៖ «សហភាព​អឺរ៉ុប​កំពុង​ជួយ​អ៊ុយក្រែន​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា​នៅក្នុង​ការ​ប្រមូល​ភស្តុតាង​ចាំបាច់​ដើម្បី​បន្ត​នៅក្នុង​តុលាការ​អន្តរជាតិ»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch បាន​បញ្ជាក់​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ខ្លួន​បាន​កត់ត្រា​នូវ​អ្វី​ដែល​ខ្លួន​រៀបរាប់​ថា​ជា «ឧក្រិដ្ឋកម្ម​សង្គ្រាម​យ៉ាង​ជាក់​ច្បាស់» ដែល​ប្រព្រឹត្តិ​ឡើង​ដោយ​កង​កម្លាំង​រុស្ស៊ី​លើ​ជន​ស៊ីវិល​អ៊ុយក្រែន។ អង្គការ​នេះ​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ដោយ​លើកឡើង​ថា ខ្លួន​បាន​រកឃើញ​មាន «ករណី​មួយ​ចំនួន​ដែល​កងកម្លាំង​យោធា​រុស្ស៊ី​បាន​រំលោភ​បំពាន​លើ​ច្បាប់​សង្គ្រាម» នៅក្នុង​តំបន់​ដែល​គ្រប់គ្រង​ដោយ​រុស្ស៊ី​ដូចជា​ទីក្រុង Chernihiv ទីក្រុង Kharkiv និង​ទីក្រុង​កៀវ​ជាដើម។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • លោក Robert Habeck ដែលជា​អធិការបតី​រង​និង​ជា​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​នៃ​ប្រទេស​អាល្លឺម៉ង់​បាន​និយាយ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា «ឧក្រិដ្ឋកម្ម​សង្គ្រាម​ដ៏​អាក្រក់» ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​នៅ​ក្នុង​ក្រុង Bucha នៃ​ប្រទេស​អ៊ុយក្រែន។ លោក​បាន​អំពាវនាវ​ឱ្យ​សហភាព​អឺរ៉ុប​ដាក់​ទណ្ឌកម្ម​ថ្មី​លើ​រុស្ស៊ី។ លោក​បាន​ប្រាប់​កាសែត Bild របស់​អាល្លឺម៉ង់​ថា៖ «ឧក្រិដ្ឋកម្ម​សង្គ្រាម​ដ៏​អាក្រក់​នេះ​មិន​អាច​គ្មាន​ចម្លើយ​បានទេ»។ លោក​បាន​ថ្លែង​ដូច្នេះ​នៅ​ថ្ងៃ​ដែល​អាជ្ញាធរ​មូលដ្ឋាន​បាន​បញ្ជាក់​ថា សាកសព​ជន​ស៊ីវិល​ជិត ៣០០ នាក់​ត្រូវ​បាន​គេ​រកឃើញ​នៅក្នុង​រណ្ដៅ​សព​រួម បន្ទាប់ពី​ពេល​ដែល​កងទ័ព​រុស្ស៊ី​បាន​ដកចេញ​ទៅ។ លោក Habeck បាន​បន្ថែម​ថា៖ «ខ្ញុំ​អំពាវនាវ​ឱ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​ខ្លាំងក្លា​បន្ថែម​ទៀត។ នេះ​ជា​អ្វី​ដែល​យើង​កំពុង​រៀបចំ​ជាមួយ​នឹង​ប្រទេស​ដៃគូ​របស់​យើង​ដែល​ជា​សមាជិក​សហភាព​អឺរ៉ុប»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • រដ្ឋមន្ត្រី​ការបរទេស​ចក្រភព​អង់គ្លេស​អ្នកស្រី Liz Truss បាន​បញ្ជាក់​នៅក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ការ​ចោទ​ប្រកាន់​អំពី​ការ​វាយប្រហារ​លើ​ជន​ស៊ីវិល​ក្នុង​អំឡុង​ពេល​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​ត្រូវតែ​ស៊ើប​អង្កេត​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម។ អ្នកស្រី​បាន​បន្ថែម​ថា ចក្រភព​អង់គ្លេស​នឹង​គាំទ្រ​ទាំងស្រុង​លើ​វិធានការ​ណា​មួយ​ដូច​នេះ​ដែល​ធ្វើ​ឡើង​ដោយ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC)។ នេះ​បើ​យោង​តាម​បណ្ដាញ​ព័ត៌មាន Al Jazeera។
  • អ៊ុយក្រែន​បាន​ថ្កោលទោស​កងទ័ព​រុស្ស៊ី​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា​បាន​ប្រព្រឹត្តិ​ឧក្រិដ្ឋកម្ម​សង្គ្រាម បន្ទាប់ពី​មាន​ការ​រកឃើញ​រណ្ដៅ​សាកសព​រួម និង​ជន​ស៊ីវិល​ដែល «ត្រូវ​បាន​សម្លាប់» នៅ​តាម​ដងផ្លូវ​នៃ​ក្រុង Bucha នៅ​ជិត​រដ្ឋធានី​កៀវ។ អ្នក​នាំពាក្យ​របស់​ប្រធានាធិបតី​អ៊ុយក្រែន​បាន​បញ្ជាក់​ប្រាប់​ទូរទស្សន៍ BBC ថា៖ «វា​មើល​ទៅ​ដូចជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​ពិត​ប្រាកដ។ យើង​បាន​រកឃើញ​រណ្ដៅ​សាកសព​រួម។ យើង​បាន​រក​ឃើញ​មនុស្ស​ដែល​ត្រូវ​គេ​ចង​ដៃ​ចង​ជើង និង​មាន​ស្នាម​គ្រាប់​កាំភ្លើង​បាញ់​ចំ​ពី​ក្រោយ​ក្បាល។ ពួកគេ​គឺ​ជា​ជន​ស៊ីវិល​យ៉ាង​ច្បាស់ ហើយ​ពួកគេ​ត្រូវ​បាន​គេ​សម្លាប់»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • លោក Anton Herashchenko ទីប្រឹក្សា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​អ៊ុយក្រែន បាន​បញ្ជាក់​នៅ​លើ Telegram ថា មាន​ការ​វាយ​ប្រហារ​តាម​អាកាសចំ​ទីក្រុង Odesa ដែល​ជា​ទីក្រុង​កំពង់ផែ​យុទ្ធសាស្ត្រ​របស់​អ៊ុយក្រែន​នៅ​សមុទ្រ​ខ្មៅ​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ។ ការ​វាយប្រហារ​នេះ​បាន​កើតឡើង បន្ទាប់ពី​រដ្ឋាភិបាល​អ៊ុយក្រែន​បាន​ព្រមាន​ថា រុស្ស៊ី​ព្យាយាម​ពង្រឹង​កងទ័ព​របស់​ខ្លួន​នៅ​ភាគ​ខាង​ត្បូង​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • ការ​ផ្ទុះ​ដ៏​លាន់​ឮ​រំពង​បាន​កើតឡើង​នៅ​ជុំវិញ​ទីក្រុង Odesa ប្រទេស​អ៊ុយក្រែន​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ។ លោក Serhiy Bratchuk មន្ត្រី​យោធា​តំបន់ Odesa បាន​សរសេរ​នៅ​លើ Facebook ថា៖ «យើង​នឹង​ឈ្នះ។ ចុះ​នរក​ទៅ​ពួក​សត្រូវ!»។ នេះ​បើ​យោង​តាម​បណ្ដាញ​ព័ត៌មាន BBC។
  • ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​និយាយ​នៅក្នុង​សុន្ទរកថា​ជា​វីដេអូ​ទៅកាន់​ប្រជាជាតិ​កាលពី​យប់​ថ្ងៃ​សៅរ៍​ថា កងទ័ព​អ៊ុយក្រែន​បាញ់​ផ្លោង​លើ​កងទ័ព​រុស្ស៊ី​នៅពេល​ដែល​កងទ័ព​រុស្ស៊ី​ដកថយ។ លោក​ថ្លែង​ដូច្នេះ​ថា៖ «ពួកគេ [កងទ័ព​អ៊ុយក្រែន] កំពុង​កម្ទេច​មនុស្ស​ទាំងអស់​ដែល​ពួកគេ​អាច​ធ្វើ​បាន»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Associated Press។
  • រដ្ឋាភិបាល​អ៊ុយក្រែន​បាន​បញ្ជាក់​កាលពី​ថ្ងៃ​សៅរ៍​ថា កងទ័ព​អ៊ុយក្រែន​បាន​ដណ្ដើម​កាន់កាប់​ឡើង​វិញ​នូវ​តំបន់​ទាំងអស់​នៅ​ជុំវិញ​ទីក្រុង​កៀវ ដោយ​អះអាង​ថា ខ្លួន​បាន​គ្រប់គ្រង​ទាំងស្រុង​ឡើងវិញ​ជា​លើក​ដំបូង​បង្អស់​នូវ​តំបន់​ជុំវិញ​រដ្ឋធានី​នេះ តាំងពី​ពេល​ដែល​រុស្ស៊ី​បាន​ចាប់ផ្ដើម​ឈ្លានពាន​អ៊ុយក្រែន​មក។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • លោក Uldis Bariss នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Conexus Baltic Grid ដែល​ជា​ក្រុមហ៊ុន​ប្រតិបត្តិ​ផ្នែក​ស្តុក​ទុក​ឧស្ម័ន​ធម្មជាតិ​របស់​ប្រទេស​ឡេតូនី បាន​និយាយ​កាលពី​ថ្ងៃ​សោរ៍​ថា បណ្ដា​ប្រទេស​នៅ​តំបន់​សមុទ្រ​បាល់ទិក​បាន​ឈប់​នាំចូល​ឧស្ម័ន​ធម្មជាតិ​ពី​រុស្ស៊ី​ហើយ។ លោក​បាន​បញ្ជាក់​ប្រាប់​វិទ្យុ​ឡេតូនី​ដូច្នេះថា៖ «តាំងពី​ថ្ងៃ​ទី ១ ខែ​មេសា​មក ប្រទេស​ឡេតូនី អេស្ដូនី និង​លីទុយអានី​បាន​ឈប់​នាំចូល​ឧស្ម័ន​ធម្មជាតិ​ពី​ប្រទេស​រុស្ស៊ី​ហើយ»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
២១:១៣ ២.៤.២០២២

ថ្ងៃ​សៅរ៍​ ទី​២ ខែ​មេសា៖

  • ទី​ភ្នាក់ងារ​ Reuters បាន​រាយការណ៍​ថា សម្តេច​សង្ឃ​រ៉ូម៉ាំង​កាតូលិក​ប៉ាប Francis បានឈាន​ស្ទើរ​តែដល់​ការ​រិះ​គន់​ដោយ​ប្រយោល​ដែល​ព្រះអង្គ​មិន​ធ្លាប់​ធ្វើ​ពី​មុន លើប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ចំពោះ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​ចូល​ប្រទេស​អ៊ុយក្រែន ដោយ​ព្រះ​អង្គ​មាន​ព្រះបន្ទូល​កាល​ពី​ថ្ងៃ​សៅរ៍​ថា មាន​«អ្នក​កាន់​អំណាច​ខ្លាំង»​ម្នាក់​កំពុង​បង្ក​សង្គ្រាម​ដើម្បី​ប្រយោជន៍​ជាតិនិយម។ រដ្ឋាភិបាល​ក្រុង​មូស្គូ​ថា​សកម្មភាព​របស់​ខ្លួន​ចាប់​ពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ជា​«ប្រតិបត្តិការ​យោធា​ពិសេស» ដើម្បី​ដក​យោធា​និង​«ដកមេដឹកនាំ​បែប​ណាហ្ស៊ី» របស់​អ៊ុយក្រែន ហើយ​មិន​មែន​ដើម្បី​កាន់កាប់​ដែន​ដី​របស់​ប្រទេស​នេះ​ទេ។ ប៉ុន្តែ​សម្តេច​ប៉ាប Francis កន្លង​មក​បាន​បដិសេធ​វោហាសាស្ត្រ​នេះ​រួច​ហើយ ដោយ​ព្រះអង្គ​បាន​ហៅ​សកម្មភាព​របស់​រុស្ស៊ី​នេះ​ថា​ជា​សង្គ្រាម។
សម្តេច​សង្ឃ​រ៉ូម៉ាំង​កាតូលិក​ប៉ាប Francis ថ្លែង​សុន្ទរកថា​ក្នុង​អំឡុង​ព្រះរាជ​ទស្សនកិច្ចនៅ​រដ្ឋធានី​វ៉ាឡែត​នៃ​ប្រទេស​កោះ​ម៉ាល់ត៍ (Malta) កាល​ពី​ថ្ងៃ​សៅរ៍​ទី​២ ខែ​មេសា ឆ្នាំ​២០២២។
សម្តេច​សង្ឃ​រ៉ូម៉ាំង​កាតូលិក​ប៉ាប Francis ថ្លែង​សុន្ទរកថា​ក្នុង​អំឡុង​ព្រះរាជ​ទស្សនកិច្ចនៅ​រដ្ឋធានី​វ៉ាឡែត​នៃ​ប្រទេស​កោះ​ម៉ាល់ត៍ (Malta) កាល​ពី​ថ្ងៃ​សៅរ៍​ទី​២ ខែ​មេសា ឆ្នាំ​២០២២។
  • ទី​ភ្នាក់ងារ​ Reuters បាន​រាយការណ៍​ថា សម្តេច​សង្ឃ​រ៉ូម៉ាំង​កាតូលិក​ប៉ាប Francis បាន​មាន​ព្រះបន្ទូល​កាល​ពី​ថ្ងៃ​សៅរ៍​ថា ព្រះអង្គ​កំពុង​ពិចារណា​យាង​ទៅ​រដ្ឋធានី​កៀវ​របស់​អ៊ុយក្រែន។ នៅ​ពេល​ត្រូវ​សួរ​ដោយ​អ្នក​កាសែត​នៅ​លើ​ព្រះទីនាំង​យន្តហោះ​របស់​ព្រះអង្គ​ពី​ទី​ក្រុង​រ៉ូម​ទៅ​កាន់​ប្រទេស​កោះ​ម៉ាល់ត៍ (Malta) ថា​តើ​ព្រះអង្គ​ពិចារណា​ឆ្លើយ​តប​នឹង​ការ​អញ្ជើញ​របស់​អាជ្ញាធរ​នយោបាយ​និង​សាសនា​របស់​អ៊ុយក្រែន​ដែរ​ឬ​ទេ សម្តេច​ប៉ាប Francis មាន​ព្រះ​បន្ទូល​ថា «រឿង​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ពិចារណា» ដោយ​ព្រះអង្គ​មិន​បាន​ផ្តល់​សេចក្តី​លម្អិត​ទេ។​
  • លោក Vitaliy Kim អភិបាល​ក្រុង​កំពង់ផែ Mykolaiv នៅ​ភាគ​ខាង​ត្បូង​អ៊ុយក្រែន​បាន​និយាយ​នៅ​ក្នុង​សារ​តាម​អនឡាញ​មួយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា មក​ទល់​ពេល​នេះ​មាន​មនុស្ស​យ៉ាង​ហោច​ណាស់​៣៥​នាក់​ត្រូវ​បាន​បញ្ជាក់​ថា​បាន​ស្លាប់ពីការ​វាយប្រហារ​មួយ​តាម​រ៉ុក្កែត​កាល​ពី​ថ្ងៃ​អង្គារ​ទៅ​លើ​អគារ​រដ្ឋបាល​មួយ​ក្នុង​ទី​ក្រុង​នេះ។​នេះ​បើ​តាម​ទី​ភ្នាក់ងារ​Reuters ដែល​បាន​រាយការណ៍បន្ថែម​ថា ក្រុម​អ្នក​ជួយ​សង្គ្រោះ​កំពុង​បន្តស្វែង​រក​ជក​រង​គ្រោះក្នុង​គំនរ​បែកបាក់ ក្រោយ​ពី​ការ​វាយប្រហារ​នេះ​បាន​ទម្លុះ​ជ្រុង​ម្ខាង​នៃ​អគារនៅ​កណ្តាល​ក្រុង Mykolaiv នេះ។​
  • ប្រធាន​ទី​ភ្នាក់ងារ​អវកាស​រុស្ស៊ី​បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា ការ​ស្ថារ​ទំនាក់ទំនង​ឡើង​វិញ​រវាង​ដៃគូ​នៅ​ស្ថានីយ​អវកាស​អន្តរជាតិ (ISS) និង​កម្មវិធី​អវកាស​រួម​គ្នា​ផ្សេង​ទៀត​នឹងអាច​កើត​មាន​ឡើង​បាន​លុះ​ត្រា​តែ​ទណ្ឌកម្ម​របស់​លោក​ខាង​លិច​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​មូស្គូ​ត្រូវ​បាន​ដក​ចេញ​សិន។ នេះ​បើ​តាម​ទី​ភ្នាក់ងារ​Reuters ដែល​បាន​រាយការណ៍បន្ថែម​ថា លោក Dmitry Rogozin ប្រធាន​ទី​ភ្នាក់ងារ​អវកាស​រុស្ស៊ី Roscosmos ថ្លែង​ក្នុង​សារ​តាម​បណ្តាញ​សង្គម​ថា គោលដៅ​នៃ​ទណ្ឌកម្ម​ទាំង​នេះ​គឺ​ដើម្បី​«ប្រល័យ​សេដ្ឋកិច្ច​រុស្ស៊ី​និង​រុញច្រាន​ប្រជាជន​របស់​យើង​ឱ្យ​ធ្លាក់​ចូល​ទៅ​ក្នុង​ទុក្ខសោក​និង​ភាព​អត់ឃ្លាន ដើម្បី​ឱ្យ​ប្រទេស​យើង​ដួល​រលំ»។ លោក​បន្ថែម​ថា៖ «ពួក​គេ​នឹង​មិន​ទទួល​ជោគជ័យ​ទេ ប៉ុន្តែ​គោលបំណង​របស់​ពួក​គេ​ជាក់​ច្បាស់​ណាស់»។​
  • ទី​ភ្នាក់ងារ​ Reuters បាន​រាយការណ៍កាល​ពី​ថ្ងៃ​សៅរ៍​ថា រុស្ស៊ី​បាន​ប្រកាស​កំណត់​ថា អ្នក​កាសែត​ល្បី​ម្នាក់ អ្នក​ផលិត​វីដេអូ​តាមblog និង​បុគ្គល​សំខាន់ៗ​ក្នុង​វិស័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​៦​នាក់​ផ្សេង​ទៀត ជា​«ភ្នាក់ងារ​បរទេស» ដែល​នេះ​ជា​ចំណាត់ការ​ចុងក្រោយ​របស់​រុស្ស៊ី​ដែល​អ្នក​រិះគន់​ថា​ដើម្បី​បំបិទ​មាត់​ក្រុម​អ្នក​ប្រឆាំង។ បញ្ជី​ឈ្មោះកាន់​តែ​វែង​ដែល​ត្រូវ​ផ្សាយ​ដោយ​ក្រសួង​យុត្តិធម៌​រុស្ស៊ី​កាល​ពី​យប់​ថ្ងៃ​សុក្រ​មាន​រួម​ទាំង​អ្នកស្រី Elizaveta Osetinskaya អតីត​និពន្ធនាយក​កាសែត​ពាណិជ្ជកម្ម​រុស្ស៊ី​ជា​ច្រើន​ដែល​បាន​ផ្សាយ​ទម្លាយ​រឿង​ផលប្រយោជន៍​ពាណិជ្ជកម្មរបស់​ក្រុម​ជន​ដែល​ស្និទ្ធ​នឹង​លោកប្រធានាធិបតី Vladimir Putin។
  • ទូរទស្សន៍ BBC បាន​រាយការណ៍ថា ទង់ជាតិ​អ៊ុយក្រែន​ត្រូវ​បាន​គេ​បង្ហូត​ឡើង​វិញ​នៅ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​Chernobyl ខណៈ​បុគ្គលិក​នៅ​ទី​នោះ​ច្រៀង​ភ្លេងជាតិ​អ៊ុយក្រែន​និង​អបអរសាទរ​ការ​ដក​ទ័ព​ចេញ​របស់​រុស្ស៊ី​ដែល​បាន​កាន់កាប់​ទី​តាំងរោងចក្រ​នេះ​អស់​ជា​ច្រើន​សប្តាហ៍។
  • ទី​ភ្នាក់ងារ​ព័ត៌មាន AP បាន​រាយការណ៍​ថា​គេ​បាន​រក​ឃើញ​សាកសព​របស់​អ្នក​សារព័ត៌មាន​ថត​រូប​ល្បី​ម្នាក់​របស់​អ៊ុយក្រែន​ដែល​បាន​បាត់​ខ្លួន​កាល​ពី​ខែ​មុន នៅ​ក្នុង​តំបន់​មាន​ការ​ប្រយុទ្ធ​គ្នា​មួយ​នៅ​ជិត​រដ្ឋធានី​កៀវ។ ការិយាល័យ​រដ្ឋអាជ្ញា​ជាតិ​អ៊ុយក្រែននៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​កាល​ពី​ថ្ងៃ​សៅរ៍​បាន​និយាយ​ថា លោក Maks Levin អាយុ​៤០​ឆ្នាំ បាន​ស្លាប់​ដោយ​ត្រូវ​គ្រាប់​កាំភ្លើង​ពីរ​គ្រាប់ ដែល​គេ​គិត​ថា​ត្រូវ​បាន​បាញ់​ដោយ​យោធា​រុស្ស៊ី។
  • ទី​ភ្នាក់ងារ​ Reuters បាន​រាយការណ៍​ថា រដ្ឋមន្ត្រី​ដឹក​ជញ្ជូន​អង់គ្លេស​លោក Grant Shapps ​បាន​ថ្លែងកាល​ពី​ថ្ងៃ​សៅរ៍​ថា លោក​បាន​រារាំង​មិន​ឱ្យ​មាន​ការ​ប្រើប្រាស់​យន្តហោះ​ឯកជន​មួយ​ទៀត​ដែល​មាន​ជាប់​ទាក់ទិន​នឹង​ក្រុម​អភិជន​រុស្ស៊ី ដោយ​អាជ្ញាធរ​អង់គ្លេស​បាន​ហាម​ឃាត់​យន្តហោះ​នោះ​មិន​ឱ្យ​ហោះ​ចេញ​ពី​អាកាសយានដ្ឋាន​Luton Airport របស់​ក្រុង​ឡុងដ៍ និង​រង់​ចាំ​ការ​ស៊ើប​អង្កេត​សិន។ លោក​បាន​សរសេរ​នៅ​លើ​បណ្តាញ​Twitter ថា៖ «យើង​នឹង​មិនឱបដៃឈរ​មើល​ក្រុម​ដែល​បាន​ចំណេញ​[ប្រាក់]​រាប់​លាន​តាម​រយៈ​ខ្សែរយៈ​លោក​Putin អាច​រស់​នៅ​ដោយ​សុខស្រួល​ទេ ខណៈមាន​ការ​បង្ហូរ​ឈាម​ជន​ស្លូត​ត្រង់។»
  • ទីភ្នាក់ងារ​ព័ត៌មាន​AP បានរាយការណ៍​ថាប្រធានាធិបតីអ៊ុយក្រែន​លោក Volodymyr Zelenskyy បានព្រមានប្រាប់​ប្រជាពលរដ្ឋ​របស់លោក​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​ថាកងកម្លាំង​រុស្ស៊ី​ដែល​ដក​ថយ​បាន​បង្កើត​«មហន្តរាយ»​នៅ​ខាង​ក្រៅរដ្ឋធានី​ដោយ​ពួក​គេ​បាន​បន្សល់​ទុក​គ្រាប់មីន​នៅ​ទូទាំង​«ដែន​ដី​នោះទាំង​មូល»​ដោយ​មានទាំង​នៅ​ជុំវិញ​ផ្ទះនិង​សាកសព​ផង​ដែរ។ លោក​បានព្រមានដូច្នេះខណៈ​ដែល​វិបត្តិ​មនុស្សធម៌នៅ​ក្រុង Mariupol ដែល​ត្រូវ​ឡោម​ព័ទ្ធ​នោះ កាន់​តែ​ធ្ងន់ធ្ងរ​ឡើង​ពីព្រោះ​កងកម្លាំង​រុស្ស៊ីរាំង​ខ្ទប់​កិច្ច​ប្រតិបត្តិការ​ជម្លៀស​នៅថ្ងៃ​ទី​ពីរ​បន្ត​បន្ទាប់​គ្នា។
  • ទូរទស្សន៍​ CNN បាន​រាយការណ៍​ថា​បើ​តាម​លោក​ស្រី Iryna Vereshchuk ឧបនាយករដ្ឋមន្ត្រី​អ៊ុយក្រែន​ថា​គេ​រំពឹង​ថា​ផ្លូវ​របៀង​សម្រាប់ជម្លៀស​៧នៅ​តាម​ផ្លួវ​សំខាន់ៗនឹង​បើក​ក្នុង​ប្រទេស​អ៊ុយក្រែននៅ​ថ្ងៃ​សៅរ៍។ ដោយ​ប្រកាស​អំពី​ផ្លូវ​របៀង​ទាំង​នេះ​តាម​Facebook លោកស្រី​Vereshchuk បានមាន​ប្រសាសន៍​ថាក្នុង​ចំណោម​នោះ​រួមមាន​ផ្លូវពី​ក្រុង Mariupol ត្រូវ​ឡោមព័ទ្ធ​នៅ​ភាគ​ខាង​ត្បូង​ប្រទេសទៅ​កាន់ក្រុង Zaporizhzhia កាន់កាប់​ដោយ​រដ្ឋាភិបាល​នៅផ្នែកអាគ្នេយ៍​ប្រទេស។
  • គណៈកម្មាធិការ​កាកបាទ​ក្រហម​អន្តរជាតិបាន​និយាយ​ថា​ខ្លួន​នឹង​ប៉ុនប៉ង​ជា​ថ្មី​ដើម្បីជម្លៀស​ក្រុម​អ្នក​ស្រុក​ពី​ក្រុង​កំពង់ផែ Mariupol នៅ​ថ្ងៃសៅរ៍​ក្រោយ​ពីបាន​និយាយ​យោង​អំពី​ស្ថានភាព​«មិន​អាចជម្លៀស​បាន»កាល​ពី​មួយ​ថ្ងៃ​មុន​នេះ។ អ្នក​នាំពាក្យម្នាក់​បាន​និយាយ​ប្រាប់​កាសែត​The Washington Post ​នៅ​ព្រឹកថ្ងៃ​សៅរ៍​ថាក្រុម​របស់​ពួក​គេ​«កំពុង​ធ្វើ​ដំណើរ»​ពី​ក្រុង Zaporizhzhia ទៅក្រុង Mariupol។ បើ​តាមមន្ត្រីអ៊ុយក្រែន​ថាមាន​មនុស្ស​ប្រមាណ​១សែន​នាក់​នៅ​ជាប់​ក្នុង​ក្រុង Mariupol។
  • ទីភា្នក់ងារ​ព័ត៌មាន​AP បាន​រាយការណ៍​ថាវិមានក្រឹមឡាំង​បាន​ចោទប្រកាន់​អ៊ុយក្រែនថា​បាន​វាយ​ប្រហារ​តាម​ឧទ្ធម្ភាគចក្រ​លើ​កន្លែង​ស្តុក​ប្រង​ឥន្ធនៈ​មួយ​ក្នុងដែនដីរុស្ស៊ី។ អ៊ុយក្រែន​បាន​បដិសេធ​ការទទួល​ខុសត្រូវ​ដល់​ការ​វាយ​ប្រហារ​នោះ តែបើការ​អះអាង​របស់​រដ្ឋាភិបាល​ម៉ូស្គូ​ត្រូវ​បញ្ជាក់​ថា​ពិត​នោះ ការណ៍​នេះ​ជា​ការ​វាយ​ប្រហារ​ទី​មួយ​ដែល​យន្តហោះអ៊ុយក្រែន​បាន​ហោះ​ចូលក្នុង​ដែន​អាកាស​រុស្ស៊ី។ អ្នកនាំ​ពាក្យវិមានក្រឹមឡាំង​ឈ្មោះ​Dmitry Peskov​ បាននិយាយ​ថា៖​«ជាការពិត នេះ​មិន​មែន​ជា​អ្វីដែល​អាច​នាំ​ឱ្យ​មាន​ស្ថានភាព​ល្អ​សម្រាប់​បន្ត​កិច្ច​ចរចា​គ្នា​ទេ»។​ហេតុការណ៍​នេះ​បានកើត​ឡើង​៥​សប្តាហ៍ក្រោយ​រដ្ឋាភិបាល​ម៉ូស្គូ​ចាប់​ផ្តើមបញ្ជូន​ទាហាន​១សែន៥ម៉ឺន​នាក់ចូល​លុកលុយ​អ៊ុយក្រែន។
  • ទីភ្នាក់ងារព័ត៌មានAFP បានរាយការណ៍ថា​ក្រសួង​ការពារ​ជាតិអាមេរិកបាន​ប្រកាស​កាល​ពី​យប់ថ្ងៃ​សុក្រ​ថា​ខ្លួន​នឹង​ផ្តល់​«ជំនួយសន្តិសុខ»​៣០០​លាន​ដុល្លារឱ្យ​អ៊ុយក្រែន​ដើម្បី​បង្កើន​សមត្ថភាព​ការពារខ្លួនរបស់​ប្រទេសនេះ​ដោយ​ថែម​លើជំនួយ​១.៦០០​លាន​ដុល្លារ​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បានប្តេជ្ញាជួយអ៊ុយក្រែន​ចាប់​ពី​ពេល​រុស្ស៊ីចូល​លុកលុយ​កាល​ពី​ចុង​ខែ​កុម្ភៈ។កញ្ចប់​ជំនួយ​នេះមាន​រួម​បញ្ចូលប្រព័ន្ធ​រ៉ុក្កែត​ប្រើ laser ដ្រូន គ្រាប់​រំសេវសម្ភារៈ​សម្រាប់​មើល​ពេល​យប់​ប្រព័ន្ធ​គមនាគមន៍ខាង​កលយុទ្ធបរិក្ខារពេទ្យនិង​កង​រថពាស​ដែក។
ប្រធានាធិបតី​ចិន​លោក Xi Jinping និង​លោកស្រី Ursula von der Leyen ប្រធាន​សហគមន៍​អឺរ៉ុប​ចូល​រួម​តាម​អនឡាយ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អឺរ៉ុប​ចិន​នៅ​ក្រុង​ព្រុចសែល​ប្រទេស​បែលហ្ស៊ិក​កាល​ពី​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០២២។
ប្រធានាធិបតី​ចិន​លោក Xi Jinping និង​លោកស្រី Ursula von der Leyen ប្រធាន​សហគមន៍​អឺរ៉ុប​ចូល​រួម​តាម​អនឡាយ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អឺរ៉ុប​ចិន​នៅ​ក្រុង​ព្រុចសែល​ប្រទេស​បែលហ្ស៊ិក​កាល​ពី​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០២២។
  • ទីភ្នាក់​ងារ​ព័ត៌មាន​ Reuters បានរាយការណ៍​ថា​ប្រទេស​ចិនបាន​ធានាដល់​សហភាព​អឺរ៉ុបកាល​ពី​ថ្ងៃ​សុក្រ​ថា​ខ្លួន​នឹងរក​សន្តិភាពក្នុង​អ៊ុយក្រែន​តែបាន​និយាយថា​ការណ៍​នេះ​នឹងធ្វើ​តាមលក្ខខណ្ឌ​របស់​ចិន​ដោយចិន​មិន​ព្រម​ធ្វើ​តាម​សម្ពាធ​ឱ្យ​មាន​ជំហរតឹងរ៉ឹងជាង​មុន​ចំពោះ​រុស្ស៊ី។ នាយករដ្ឋមន្ត្រី​ចិន​លោក Li Keqiang បាននិយាយ​ប្រាប់​ពួក​មេដឹកនាំ​សហភាព​អឺរ៉ុប​ថា​រដ្ឋាភិបាល​ប៉េកាំង​នឹង​ជំរុញ​ឱ្យមាន​សន្តិភាពតាម​«វិធីខ្លួន​ផ្ទាល់»​ចំណែក​ឯប្រធានាធិបតី​ចិនលោក Xi Jinpingថា​លោក​សង្ឃឹម​ថា​សហភាពអឺរ៉ុប​នឹងទាក់ទង​ជា​មួយ​ប្រទេស​ចិន​«ដោយ​ឯករាជ្យ» ដែល​ជា​ការ​និយាយយោង​ទៅ​រក​ចំណង​ទាក់ទង​ជិតស្និទ្ធរបស់​អឺរ៉ុប​ជា​មួយ​អាមេរិក។
  • កាសែត Washington Post បានរាយការណ៍​ថាកងយោធា​រុស្ស៊ីបាន​ចាប់​ផ្តើម​កេណ្ឌ​ទាហានក្នុង​រដូវផ្ការីក​(ដើម​ឆ្នាំ)កាល​ពី​ថ្ងៃ​សុក្រ ដោយ​មាន​គោលដៅជ្រើសរើស​ទាហាន​កំណែន​១៣៤.៥០០​នាក់ ហើយ​ការណ៍​នេះ​នាំ​ឱ្យ​ក្រុម​បុរសវ័យ​ក្មេងព្រួយ​បារម្ភ​ថាពួកគេនឹងត្រូវបញ្ជូន​ទៅ​កាន់ជួរ​មុខ​នៃការ​លុកលុយ​ប្រទេស​អ៊ុយក្រែន។​រដ្ឋមន្ត្រី​ការពារ​ជាតិ​រុស្ស៊ី​ឈ្មោះ​Sergei Shoigu បាន​ស​ន្យា​ថា​គ្មាន​នរណាម្នាក់​ក្នុង​បណ្តា​ក្រុម​ទាហានកំណែន​ទាំង​នេះត្រូវបញ្ជូន​ទៅ​បន្ថែម​កម្លាំងទាហាន​រុស្ស៊ី​ដែល​កំពុង​ប្រយុទ្ធក្នុង​ប្រទេស​អ៊ុយក្រែន​ទេ។​លោកបាន​និយាយ​តាម​ទូរទស្សន៍​កាល​ពី​ថ្ងៃ​អង្គារ​ថា៖ «សូមកត់សម្គាល់​ថាក្រុម​ទាហាន​កំណែន​នឹង​មិន​ត្រូវ​បញ្ជូន​ទៅ​កាន់កន្លែងមានការ​ប្រយុទ្ធ​ទេ» ដោយ​លោកបាន​ថ្លែងបន្ថែម​ថាក្រុម​ជន​ដែល​ត្រូវ​បាន​កេណ្ឌ​កាល​ពី​រដូវ​ផ្ការីក​(ដើម​ឆ្នាំ)​មុននឹង​ត្រូវ​រំសាយ​ហើយបញ្ជូ​នទៅ​ផ្ទះ​វិញ​ក្រោយ​បាន​បញ្ចប់​សេវាមួយ​ឆ្នាំ។
  • មាន​សេចក្តី​លម្អិតថ្មីៗស្តី​ពីជន​ជាតិ Belarus ប្រយុទ្ធ​ជួយអ៊ុយក្រែន​ប្រឆាំង​នឹង​ការលុកលុយ​របស់​រុស្ស៊ី ជា​ផ្នែក​មួយ​នៃ​ការ​តស៊ូធំ​ជាង​នេះ​មួយ​ដើម្បីរំដោះ​ប្រទេស​ពួក​គេ​ផ្ទាល់ពី​ការគ្រប​ដណ្តប់របស់​រុស្ស៊ីនិង​ពីការគ្រប់គ្រងដោយ​មេដឹកនាំផ្តាច់ការ​លោក Alexander Lukashenko ដែល​រុស្ស៊ី​គាំទ្រ។ ថ្លែងនៅ​ក្នុងសេចក្តី​សម្ភាសន៍​តាម​ទូរសព្ទ​ផ្តាច់​មុខ​មួយ​ជា​មួយ​វីអូអេកាល​ពីថ្ងៃ​អង្គារ មេ​បញ្ជាការ​រង​នៃ​កង​កម្លាំងប្រយុទ្ធ Belarus លម្អៀង​ខាង​អ៊ុយក្រែនបាន​មាន​ប្រសាសន៍​ថាចំនួនយុទ្ធជន​ពួកគេ​មាន​ជិតដល់​ចំនួន​មួយកង​វរសេនា​តូច​អ៊ុយក្រែន​ដែល​លោក​បាន​ថ្លែង​ថាមាន​ទាហាន​ពី​៤៥០​ទៅ​៥០០​នាក់៕
២០:៣៩ ១.៤.២០២២

ថ្ងៃសុក្រ ទី​១ ខែ​មេសា៖

  • សារព័ត៌មាន AP រាយ​ការណ៍​ថា រដ្ឋមន្ត្រី​ការ​បរទេស​រុស្ស៊ី​បាន​សរសើរ​ឥណ្ឌា​ចំពោះ​ការ​មិន​វិនិច្ឆ័យ​ក្នុង «ផ្លូវម្ខាង» ខណៈ​ដែល​លោក​បាន​ពិភាក្សា​អំពី​ការ​ចូលរួម​ផ្នែក​យោធា​របស់​ទីក្រុង​ម៉ូស្គូ​ក្នុង​ប្រទេស​អ៊ុយក្រែន​ជាមួយ​សមភាគី​ឥណ្ឌា​នៅ​ថ្ងៃសុក្រ បន្ទាប់​ពី​ទីក្រុង​វ៉ាស៊ីនតោន​បាន​ជំរុញ​ឱ្យ​ឥណ្ឌា​ប្រើ​ឥទ្ធិពល​របស់​ខ្លួន​ជាមួយ​រុស្ស៊ី​ដើម្បី​បញ្ចប់​សង្គ្រាម។ រដ្ឋមន្ត្រី​ការ​បរទេស​ឥណ្ឌា​លោក Subrahmanyam Jaishankar និង​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergey Lavrov បាន​និយាយ​ថា ទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរ​បាន​ជួយ ពួកគេ​ឆ្លង​កាត់​គ្រា​លំបាក​នា​ពេល​កន្លងមក។ លោក Jaishankar បាន​សង្កត់​ធ្ងន់​លើ​សារៈសំខាន់​នៃ​ការ​បញ្ឈប់​អំពើ​ហិង្សា ប៉ុន្តែ​បាន​ជៀសវាង​ការ​ថ្កោល​ទោស​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។
រដ្ឋមន្ត្រីការបរទេសឥណ្ឌាលោក Subrahmanyam Jaishankar និងសមភាគីរុស្ស៊ីលោក Sergei Lavrov ត្រូវបានគេឃើញមុនពេលកិច្ចប្រជុំរបស់ពួកគេនៅទីក្រុង New Delhi ប្រទេសឥណ្ឌា ថ្ងៃទី១ ខែមេសា ឆ្នាំ២០២២។ (@DrSJaishankar/Twitter/REUTERS)
រដ្ឋមន្ត្រីការបរទេសឥណ្ឌាលោក Subrahmanyam Jaishankar និងសមភាគីរុស្ស៊ីលោក Sergei Lavrov ត្រូវបានគេឃើញមុនពេលកិច្ចប្រជុំរបស់ពួកគេនៅទីក្រុង New Delhi ប្រទេសឥណ្ឌា ថ្ងៃទី១ ខែមេសា ឆ្នាំ២០២២។ (@DrSJaishankar/Twitter/REUTERS)

  • សារព័ត៌មាន CNN រាយការណ៍ថា ប្រទេសរុស្ស៊ីនិយាយថាខ្លួននឹងមិនចាប់ផ្តើមកាត់ផ្តាច់ការផ្គត់ផ្គង់សាំងដល់ «បណ្តាប្រទេសដែលមិនរាក់ទាក់» ភ្លាមៗនោះទេ ហើយនៅក្រោមក្រឹត្យថ្មី រុស្ស៊ីតម្រូវឱ្យមានការទូទាត់ជាប្រាក់រូបចាប់ពីថ្ងៃទី១ ខែមេសា។
  • រដ្ឋ​មន្ត្រី​ការបរទេស​អ៊ុយក្រែន​និយាយ​ថា ពេល​នេះ​រដ្ឋាភិបាល​របស់​ប្រទេស​លោក​បាន​គ្រប់គ្រង​ទីតាំង​នុយក្លេអ៊ែរ Chernobyl វិញ ហើយ​ខ្លួន​នឹង​ធ្វើ​ការ​ជាមួយ​ទីភ្នាក់ងារ​បរមាណូ​របស់​អង្គការ​សហប្រជាជាតិ ដើម្បី​កំណត់​អ្វី​ដែល​រុស្ស៊ី​បានធ្វើនៅទីនោះ និង​កាត់​បន្ថយ​គ្រោះថ្នាក់​ណា​មួយ។ រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន លោក Dmytro Kuleba បាននិយាយថា កងកម្លាំង​រុស្ស៊ី​មាន​អាកប្ប​កិរិយា​មិន​ទទួល​ខុស​ត្រូវ​នៅ​ទីតាំង​នោះ ក្នុង​អំឡុង​ពេល​ជាង ៤ សប្តាហ៍​ដែល​ពួកគេ​បាន​កាន់កាប់​ទីនោះ ដោយ​រារាំង​បុគ្គលិក​នៅ​ក្នុង​រោងចក្រ​មិន​ឱ្យ​បំពេញ​កាតព្វកិច្ច​ពេញលេញ​របស់​ពួកគេ និង​ជីក​លេណដ្ឋាន​នៅ​ក្នុង​តំបន់​ដែល​មាន​ជាតិ​ពុល។ លោក Kuleba បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​នៅ​ទីក្រុង Warsaw ថា រដ្ឋាភិបាល​រុស្ស៊ី​បាន​ដាក់​ទាហាន​របស់​ខ្លួន​ឲ្យ​ប៉ះ​វិទ្យុសកម្ម ដែល​បង្កគ្រោះថ្នាក់​ដល់​សុខភាព​របស់​ពួកគេ។ នេះ​បើ​យោង​តាម​សារព័ត៌មាន AP។
  • សារព័ត៌មាន CNN រាយការណ៍ថា អភិបាលក្រុង Chernihiv នៃ​ប្រទេស​អ៊ុយក្រែន លោក Vladyslav Atroshenko បាន​និយាយ​ថា ការ​បាញ់ផ្លោង​របស់​រុស្ស៊ី​បាន​បំផ្លាញផ្នែកព្យាបាលជំងឺមហារីកនៃ​មន្ទីរពេទ្យ​មួយ​នៅ​ភាគ​ខាងជើង​នៃ​ទីក្រុង ត្រឹម​តែ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ប្រទេស​រុស្ស៊ី​បាន​និយាយ​ថា ខ្លួន​នឹង «កាត់បន្ថយយ៉ាងខ្លាំង»ការ​វាយ​ប្រហារ​យោធា​របស់​ខ្លួន​លើ​ទីក្រុង​កៀវ និង Chernihiv ។ លោក Atroshenko ក៏​បាន​និយាយ​ថា គ្មាន​ទឹក ឬ​ភ្លើង​ទេ ហើយ​ទីក្រុង​អាច​នឹង​អស់​អាហារ និង​ថ្នាំ​ក្នុង​រយៈពេល​មួយ​សប្តាហ៍​ទៀត។ ការ​ផ្គត់ផ្គង់​តែ​មួយ​គត់​ដែល​ចូល​មកទីក្រុង​ត្រូវ​បាន​ផ្តល់​ដោយ​យោធា និង​អ្នក​ស្ម័គ្រ​ចិត្ត។
  • មន្ត្រី​អ៊ុយក្រែន​បាន​បន្ត​រាយការណ៍​ពី​ការ​បាញ់​ផ្លោង​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ភាគខាង​កើត​អ៊ុយក្រែន​នៅ​ថ្ងៃ​សុក្រ ជា​ពិសេស​នៅ​ទីតាំង Luhansk នៃតំបន់Donbas ចំ​ពេល​មាន​ការ​ផ្លាស់​ប្តូរ​យុទ្ធសាស្រ្ត​ដោយ​រុស្ស៊ី​ក្នុង​ការបង្វែរ​កិច្ចខិតខំ​ប្រឹង​ប្រែង​យោធា​ទៅ​កាន់​តំបន់​នេះ។ ប្រមុខ​អង្គការ​អូតង់​បាន​ព្រមាន​ថា កង​កម្លាំងរុស្ស៊ី​កំពុង​ដាក់​ទីតាំង​ឡើង​វិញ ទំនង​មិនមែន​ដក​ថយទេ ខណៈ​ដែល​មន្ត្រី​អ៊ុយក្រែន និង​អាមេរិក​និយាយថា កង​កម្លាំង​រុស្ស៊ី​អាច​នឹង​ប្រមូល​ផ្តុំ​គ្នា​ឡើងវិញ​នៅ​ក្នុង​ប្រទេស​បេឡា​រុស។
  • ជនស៊ីវិល​ប្រហែល ២ ពាន់​នាក់​នៅ​បាន​ឡើង​ជិះ​រថយន្ត​ក្រុង ដែល​ធ្វើ​ដំណើរ​ពី​ទីក្រុង​ឆ្នេរសមុទ្រ Berdyansk ទៅ​កាន់​ទីក្រុង Zaporizhzhia ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​អ៊ុយក្រែន។ រថយន្ត​ក្រុង​ទាំង​នេះ ដឹក​ជនស៊ីវិល​ដែល​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​ទីក្រុង Mariupol ដែល​ត្រូវ​បាន​ឡោមព័ទ្ធ។ អាជ្ញាធរ​អ៊ុយក្រែន​បាន​ឱ្យ​ដឹង​ថា ជនស៊ីវិលជាង ១ សែន​នាក់​នៅ​តែ​ជាប់​នៅ​ក្នុង​ទីក្រុង Mariupol។ នេះ​បើយោងតាម​សារព័ត៌មាន CNN។
  • ក្រុម​ប្រឹក្សា​អឺរ៉ុប​បាន​និយាយ​ថា មេដឹកនាំចិនលោក Xi Jinping និង​នាយក​រដ្ឋមន្ត្រីចិន​លោក Li Keqiang នឹង​ជួប​ជាមួយ​មេដឹកនាំ​សហភាព​អឺរ៉ុប​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​តាមអ៊ីនធឺណិត​នៅ​ថ្ងៃសុក្រ ហើយ​សង្រ្គាម​នៅ​អ៊ុយក្រែន​នឹង​ក្លាយ​ជា «ការផ្តោតសំខាន់» នៃ​កិច្ចប្រជុំ​កំពូលនេះ។ ចិន​បន្ត​ប្រឈម​នឹង​សម្ពាធ​ឲ្យថ្កោលទោស​ការ​ឈ្លានពាន​របស់​រុស្ស៊ី។ នេះ​បើយោងតាម​សារព័ត៌មាន CNN។
  • សាលារៀន​បារាំង​បាន​ចុះ​ឈ្មោះ​កុមារ​ចំនួន ៦៧៨៣ នាក់​មក​ពី​ប្រទេស​អ៊ុយក្រែន​ចាប់តាំង​ពី​ប្រទេស​រុស្ស៊ី​បាន​ចាប់​ផ្តើម​ឈ្លានពាននៅ​ថ្ងៃ​ទី២៤ ខែកុម្ភៈ នេះ​បើ​យោង​តាម​តួលេខ​ដែល​ចេញ​ផ្សាយ​ដោយ​ក្រសួង​អប់រំ​បារាំង​កាល​ពី​ថ្ងៃ សុក្រ។​ទិន្នន័យ​របស់​ក្រសួង​បាន​ឱ្យ​ដឹង​ថា ក្មេងៗ​ទាំងនេះ​កំពុង​ចូលរៀន​នៅ​គ្រប់​តំបន់​នៃ​ប្រទេសបារាំងដីគោក និង កោះ Corsica។ ប្រហែល ៦១ ភាគរយនៃកុមារ​មាន​អាយុ ១១ ឆ្នាំ​ចុះក្រោម ម្នាក់ក្នុងចំណោម ៥ នាក់មាន​អាយុ​ពី ៣ ទៅ ៥ ឆ្នាំ។ ជនភៀសខ្លួន​មក​ពី​អ៊ុយក្រែន​ជាង ៣ ម៉ឺន​នាក់​បាន​មក​ដល់​ប្រទេស​បារាំង​នៅចន្លោះថ្ងៃទី២៤ ខែកុម្ភៈ ដល់ថ្ងៃទី ២៥ ខែមីនា នេះ​បើ​យោង​តាម​តួលេខ​ចុង​ក្រោយ​របស់​ក្រសួង​មហាផ្ទៃ​បារាំង។ ៩៧ ភាគរយ​នៃ​ជនភៀសខ្លួន​ទាំង​នោះ​ជា​ពលរដ្ឋ​អ៊ុយក្រែន។
  • សារព័ត៌មាន​ The Washington Post ​រាយ​ការណ៍​ថា​អ៊ុយក្រែន​និង​រុស្ស៊ី​នឹង​បន្ត​កិច្ចចរចា​សន្តិភាព​ឡើង​វិញ​នៅ​ថ្ងៃ​សុក្រ​នេះ​ហើយ​ការ​ពិភាក្សា​នឹង​ធ្វើ​ឡើង​តាម​អ៊ីនធឺណិត។​
  • សារ​ព័ត៌មាន​ BBC​ រាយ​ការណ៍​ថា អូស្ត្រាលី​នឹង​បញ្ជូន​រថ​ពាសដែក​ចំនួន​មិន​ជាក់លាក់​ទៅ​ឱ្យ​ប្រទេស​អ៊ុយក្រែន។​ការ​ប្រកាស​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រធានាធិបតី​អ៊ុយក្រែន​លោក ​Volodymyr Zelenskyy ​ថ្លែង​ទៅ​កាន់​សភា​អូស្ត្រាលី​ដោយ​ស្នើ​សុំ​ជំនួយ​យោធា។​
  • សារ​ព័ត៌មាន ​BBC​ រាយ​ការណ៍​ថា​ អភិបាល​ថ្នាក់​តំបន់​នៃ​ទីក្រុង ​Belgorod ​របស់​រុស្ស៊ី​និយាយ​ថា​ អ៊ុយក្រែន​បាន​វាយ​ប្រហារ​ឃ្លាំង​ប្រេង​មួយ​នៅ​ក្នុង​ទីក្រុង​នេះ។​ អភិបាល​ក្រុង​រូប​នេះ​និយាយ​ថា​ ឧទ្ធម្ភាគចក្រ​អ៊ុយក្រែន​ពីរ​គ្រឿង​បាន​បាញ់​មក​លើ​ឃ្លាំង​ប្រេង​នោះ​ ហើយ​បណ្តាល​ឲ្យ​វា​ចេះ។​ អ៊ុយក្រែន​មិន​បាន​អះអាង​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ឃ្លាំង​ប្រេង​នោះ​ទេ។​
រូបភាព​ដែល​ថត​ពី​វីដេអូ​បង្ហាញ​ពី​ឃ្លាំង​ស្តុក​ប្រេង​ត្រូវ​ភ្លើង​ឆេះ​នៅ​ក្នុង​ទីក្រុង Belgorod ប្រទេស​រុស្ស៊ី កាល​ពី​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០២២។ (Russian Emergencies Ministry/REUTERS)
រូបភាព​ដែល​ថត​ពី​វីដេអូ​បង្ហាញ​ពី​ឃ្លាំង​ស្តុក​ប្រេង​ត្រូវ​ភ្លើង​ឆេះ​នៅ​ក្នុង​ទីក្រុង Belgorod ប្រទេស​រុស្ស៊ី កាល​ពី​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០២២។ (Russian Emergencies Ministry/REUTERS)
  • អាជ្ញាធរអ៊ុយក្រែនប៉ាន់ស្មានថា រុស្ស៊ីបានដកគ្រឿងបរិក្ខារយោធាចំនួន ៧០០ គ្រឿងចេញពីទីក្រុងកៀវពេញមួយយប់ត្រឡប់ទៅប្រទេសបេឡារុសវិញ។លោកឧត្តមសេនីយ៍ Oleksandr Gruzevych នាយអគ្គសេនាធិការរងនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបាននិយាយថារថពាសដែកដែលចាកចេញអាចនឹងត្រូវបានដាក់ពង្រាយឡើងវិញនៅតំបន់ Donbas ភាគខាងកើតអ៊ុយក្រែនដើម្បីពង្រឹងកងកម្លាំងនៅទី នោះសម្រាប់ការវាយលុក។ការដកទ័ពនេះហាក់ដូចជាស្របនឹងការប្រកាសរបស់រុស្ស៊ីដែលថារដ្ឋាភិបាលក្រុងម៉ូស្គូមានបំណងបន្ថយសកម្មភាពយោធាជុំវិញក្រុងកៀវនិងផ្តោតលើតំបន់ Donbas វិញ។
  • គណៈ​កម្មាធិការ​កាក​បាទ​ក្រហម​អន្តរជាតិ​និយាយ​ថា​ខ្លួន​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ដឹកនាំ​ប្រតិបត្តិការ​ច្រក​របៀង​មនុស្ស​ធម៌​នៅ​ថ្ងៃ​សុក្រ​នេះ​ដើម្បី​ជួយ​ប្រជាជន​ភៀស​ខ្លួន​ចេញ​ពី​ទីក្រុង ​Mariupol ​ប្រទេស​អ៊ុយក្រែន។​ គណៈ​កម្មាធិការ​កាក​បាទ​ក្រហម​នេះ​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា​«វា​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​ដែល​ប្រតិបត្តិការ​នេះ​ត្រូវតែ​កើត​ឡើង។​ ជីវិត​មនុស្ស​រាប់​ម៉ឺន​នាក់​នៅ​ទីក្រុង ​Mariupol​ ពឹង​ផ្អែក​លើ​ប្រតិបត្តិ​ការ​នេះ»។​
  • ក្រសួង​ការពារ​ជាតិ​របស់​ចក្រភព​អង់គ្លេស​បាន​និយាយ​ថា​ អ៊ុយក្រែន​បាន​ដណ្តើម​យក​វិញ​នូវ​ភូមិ​ចំនួន​ពីរ​គឺ​ភូមិ​ Sloboda​ និង ​Lukashivka ​នៅ​ភាគ​ខាង​ត្បូង​នៃ​ទីក្រុង ​Chernihiv។​ ក្រសួង​នេះ​និយាយ​បន្ថែម​ថា​ ទោះ​បី​ជា​រុស្ស៊ី​បាន​អះអាង​ថា​បាន​កាត់​បន្ថយ​ការ​វាយ​ប្រហារ​នៅ​ក្នុង​តំបន់​នេះ​ក៏​ដោយ​ ក៏​ទីក្រុង​ Chernihiv​ និង​ទីក្រុង ​Kyiv​ ត្រូវ​បាន​វាយ​ប្រហារ​តាម​អាកាស​និង​មីស៊ីល។​
  • សារ​ព័ត៌មាន​ The Washington Post​ រាយ​ការណ៍​ថា​ អង់គ្លេស​នឹង​បញ្ជូន​«ជំនួយ​អាវុធ»​បន្ថែម​ទៀត​ឲ្យ​អ៊ុយក្រែន រួម​មាន​រថពាសដែក​កាំភ្លើង​ធំ​រយៈ​ចម្ងាយ​ឆ្ងាយ​និង​អាវុធ​បាញ់​យន្តហោះ។​
  • ការិយាល័យ​អគ្គ​រដ្ឋអាជ្ញា​របស់​អ៊ុយក្រែន​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​សុក្រ​ថា​ យ៉ាង​ហោច​ណាស់​កុមារ​ចំនួន​១៥៣​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ប្រទេស​នេះ​ចាប់​តាំង​ពី​ការ​ឈ្លានពាន​របស់​រុស្ស៊ី​បាន​ចាប់​ផ្តើម​កាល​ពី​ប្រាំ​សប្តាហ៍​មុន​ហើយ​កុមារ​យ៉ាង​ហោចណាស់ ​២៤៥​ នាក់​បាន​រង​របួស។​ ការ​ទម្លាក់​គ្រាប់បែក​និង​ការ​បាញ់​ផ្លោង​ក៏​បាន​ធ្វើ​ឱ្យ​ខូច​ខាត​ដល់​ស្ថាប័ន​អប់រំ​ចំនួន​៨៥៩​ក្នុង​នោះ​មាន​៨៣​ដែល​ត្រូវ​បាន​«បំផ្លាញ​ទាំង​ស្រុង»។​ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ។​

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG