១៩:៥៩
២៧.៣.២០២២
ថ្ងៃអាទិត្យ ទី២៧ ខែមីនា៖
- រដ្ឋាភិបាលអ៊ុយក្រែនបានស្នើគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) កុំឱ្យបើកការិយាល័យដូចដែលបានគ្រោងទុកនៅក្នុងទីក្រុង Rostov-on-Don នៃប្រទេសរុស្ស៊ី ដោយបានបញ្ជាក់ថា ការធ្វើដូច្នេះគឺដូចជាការផ្ដល់ភាពស្របច្បាប់ដល់ «ច្រករបៀងមនុស្សធម៌» របស់រដ្ឋាភិបាលរុស្ស៊ី និងការផ្ដល់ភាពស្របច្បាប់ដល់ការចាប់ពង្រត់និងការចាប់បញ្ជូនដោយបង្ខំរបស់រុស្ស៊ីនូវពលរដ្ឋអ៊ុយក្រែនទៅកាន់ប្រទេសរុស្ស៊ីដូច្នេះដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋមន្ត្រីការបរទេសបារាំងលោក Jean-Yves Le Drian បានថ្លែងនៅក្នុងសន្និសីទអន្តរជាតិរបស់អង្គការវេទិកាដូហា (Doha Forum) នៅថ្ងៃអាទិត្យនេះថា ប្រសិនបើមិនមានវិធានការអ្វីធ្វើឡើងដើម្បីជួយជនស៊ីវិលនៅក្នុងទីក្រុង Mariupol ប្រទេសអ៊ុយក្រែន ដែលកំពុងស្ថិតក្រោមការឡោមព័ន្ធរបស់កងទ័ពរុស្ស៊ីទេ នោះវាគឺជា «កំហុសរួម»។ លោក Le Drian បានបន្ថែមថា បណ្ដាប្រទេសមហាអំណាចអន្តរជាតិត្រូវតែបន្តចរចាជាមួយនឹងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin រហូតទាល់តែលោក Putin ត្រៀមលក្ខណៈរួចរាល់នៅក្នុងការបញ្ចប់ការឈ្លានពានរបស់លោកលើអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters និងទីភ្នាក់ងារព័ត៌មាន AFP។
- រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នៅថ្ងៃអាទិត្យនេះនៅបន្តកែសម្រួលការលើកឡើងដោយមិនបានត្រៀមលក្ខណៈជាមុនរបស់លោក Biden ដែលថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin «មិនអាចនៅកាន់តំណែងបានទៀតទេ»។ អ្នកស្រី Julianne Smith ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការអូតង់ (NATO) បានបញ្ជាក់នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយនឹងបណ្ដាញព័ត៌មាន CNN នៅថ្ងៃអាទិត្យនេះថា ការលើកឡើងដ៏គួរឱ្យភ្ញាក់ផ្អើលរបស់លោក Biden នោះគឺជា «ប្រតិកម្មរបស់មនុស្សដែលមានគោលសីលធម៌» ដែលបានធ្វើឡើងបន្ទាប់ពីលោកបានឃើញដោយផ្ទាល់ភ្នែកនូវសោកនាដកម្មនៃសង្គ្រាម នៅពេលលោកបានទៅសួរសុខទុក្ខជនភៀសខ្លួនអ៊ុយក្រែនរាប់រយនាក់។ អ្នកស្រីបាននិយាយដូច្នេះថា៖ «លោក [ប្រធានាធិបតី Biden] បានទៅពហុកីឡដ្ឋានជាតិនៅក្នុងទីក្រុងវ៉ាសូរី ប្រទេសប៉ូឡូញ និងបានជួបជាមួយពលរដ្ឋអ៊ុយក្រែនរាប់រយនាក់។ លោកបានឮរឿងរ៉ាវដ៏ក្លាហានរបស់អ្នកទាំងនោះនៅពេលពួកគេភៀសខ្លួនពីអ៊ុយក្រែនបន្ទាប់ពីរុស្ស៊ីបានធ្វើសង្គ្រាមឃោរឃៅលើអ៊ុយក្រែន។ នៅពេលនោះ ខ្ញុំគិតថា [ការលើកឡើងរបស់លោកប្រធានាធិបតី Biden] គឺជាប្រតិកម្មរបស់មនុស្សដែលមានគោលសីលធម៌ចំពោះរឿងរ៉ាវដែលលោកបានឮនៅថ្ងៃនោះ»។ នេះបើយោងតាមបណ្ដាញព័ត៌មាន CNN។
- លោក Jim Risch សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកខាងគណបក្សសាធារណរដ្ឋតំណាងរដ្ឋ Idaho ដែលជាសមាជិកជាន់ខ្ពស់មួយរូបនៃគណៈកម្មាធិការទំនាក់ទំនងបរទេសនៃព្រឹទ្ធសភាអាមេរិក បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន CNN នៅថ្ងៃអាទិត្យនេះថា លោកសង្ឃឹមថា សភាអាចអនុម័តសំណើច្បាប់ដែលមានការគាំទ្រពីគណបក្សទាំងពីរដើម្បីដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ី។ លោកថ្លែងដូច្នេះថា៖ «តាមទស្សនៈរបស់ខ្ញុំ ខ្ញុំចង់ឃើញទណ្ឌកម្មបន្ទាប់បន្សំដាក់លើរាល់ធនាគារទាំងអស់របស់រុស្ស៊ី។ ខ្ញុំគិតថា ដោយសារតែអ្វីដែលកំពុងបន្តកើតឡើង យើងពិតជាមិនអាចតឹងតែងខ្លាំងពេកលើការដាក់ទណ្ឌកម្មនោះទេ។ យើងត្រូវតែបន្ធូរបន្ថយការដាក់ទណ្ឌកម្មទាំងនេះ»។ នេះបើយោងតាមបណ្ដាញព័ត៌មាន CNN។
- នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Naftali Bennett បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយជាមួយនឹងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken នៅក្នុងទីក្រុងហ្សេរុយសាឡិម ប្រទេសអ៊ីស្រាអែលនៅថ្ងៃអាទិត្យនេះថា ប្រទេសអ៊ីស្រាអែលគាំទ្រអ៊ុយក្រែនយ៉ាងមុតមាំ និងបានបង្កើតមន្ទីរពេទ្យមួយកន្លែងនៅអ៊ុយក្រែនដើម្បីព្យាបាលអ្នករងរបួស និងកំពុងធ្វើអ្វីដែលខ្លួនអាចធ្វើបានដើម្បីជួយបញ្ចប់សង្គ្រាមនេះ។ នេះបើយោងតាមបណ្ដាញព័ត៌មាន CNN។
- ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការជនភៀសខ្លួន (UNHCR) បានបញ្ជាក់ថា ពលរដ្ឋអ៊ុយក្រែនជាង ១០ លាននាក់ ដែលស្មើនឹងជិតមួយភាគបួននៃប្រជាជនសរុប បានភៀសខ្លួនពីផ្ទះសម្បែង តាំងពីពេលដែលរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនជាងមួយខែកន្លងមក។ មនុស្សប្រហែល ៣ លាន ៧ សែននាក់បានភៀសខ្លួនទៅកាន់ប្រទេសជិតខាង មនុស្សជាង ៦ លាន ៥ សែននាក់ទៀតបានភៀសខ្លួននៅក្នុងប្រទេសអ៊ុយក្រែនផ្ទាល់ និងមនុស្ស ១៣ លាននាក់ទៀតកំពុងជាប់គាំងនៅក្នុងតំបន់សង្គ្រាម ដោយមិនអាចចាកចេញបានដោយសារគ្រោះថ្នាក់។
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានជំរុញក្រុមបស្ចិមប្រទេសឱ្យផ្ដល់រថក្រោះ យន្តហោះ និងមីស៊ីលដល់អ៊ុយក្រែន ដើម្បីទប់ទល់នឹងកងកម្លាំងរបស់រុស្ស៊ី ស្របពេលរដ្ឋាភិបាលរបស់លោកបានបញ្ជាក់ថា កងទ័ពរុស្ស៊ីបានវាយប្រហារសំដៅលើឃ្លាំងស្តុកប្រេងឥន្ធនៈនិងស្បៀងអាហាររបស់អ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- សម្ដេចប៉ាប Francis បានបង្កើនការអង្វរកររបស់ព្រះអង្គឱ្យមានការចរចាដើម្បីបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។ ទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍ថា សម្ដេចប៉ាប Francis បានថ្លែងទៅកាន់សាធារណជននៅទីលាន St. Peter នៅថ្ងៃអាទិត្យនេះថា «សង្គ្រាមឃោរឃៅនិងឆ្កួតលីលានេះ» ដែលនៅបន្តអស់រយៈពេលជាងមួយខែមក តំណាងឱ្យ «ការបរាជ័យសម្រាប់ទាំងអស់គ្នា»។
- នៅក្នុងការឆ្លើយតបទៅនឹងការលើកឡើងកាលពីថ្ងៃសៅរ៍របស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ដែលថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin «មិនអាចនៅកាន់តំណែងបានទៀតទេ» អ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ីលោក Dmitry Peskov បានបញ្ជាក់ថា៖ «នេះមិនមែនជាអ្វីដែលលោក Biden ជាអ្នកសម្រេចនោះទេ។ ប្រធានាធិបតីរុស្ស៊ីគឺជ្រើសរើសដោយប្រជាពលរដ្ឋរុស្ស៊ី»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានប្រាប់អ្នកសារព័ត៌មាននានានៅថ្ងៃអាទិត្យនេះថា សហរដ្ឋអាមេរិកគ្មានយុទ្ធសាស្ត្រណាមួយក្នុងការធ្វើឱ្យមានការផ្លាស់ប្ដូររបបដឹកនាំនៅក្នុងប្រទេសរុស្ស៊ីនោះទេ។ លោកលើកឡើងដូចនេះ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin «មិនអាចនៅកាន់តំណែងបានទៀតទេ»។ លោក Blinken បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងហ្សេរុយសាឡិម ប្រទេសអ៊ីស្រាអែលថា៖ «ខ្ញុំគិតថា លោកប្រធានាធិបតី [Biden] និងសេតវិមានបានបញ្ជាក់កាលពីយប់មិញថា លោកប្រធានាធិបតី Putin មិនអាចត្រូវគេផ្ដល់អំណាចឱ្យដើម្បីធ្វើសង្គ្រាមឬក៏ប្រឡូកនៅក្នុងភាពគឃ្លើនណាមួយប្រឆាំងនឹងអ៊ុយក្រែនឬក៏ប្រទេសណាមួយនោះទេ»។ លោក Blinken បានបញ្ជាក់ទៀតថា៖ «ដូចអ្នកបានដឹងនិងបានឮយើងនិយាយម្ដងហើយម្ដងទៀតថា សហរដ្ឋអាមេរិកមិនមានយុទ្ធសាស្ត្រណាមួយនៅក្នុងការផ្លាស់ប្ដូររបបដឹកនាំនៅក្នុងប្រទេសរុស្ស៊ី ឬក៏ប្រទេសណាមួយនោះទេ។ នៅក្នុងករណីនេះ ក៏ដូចជានៅក្នុងករណីផ្សេងទៀតដែរ វាអាស្រ័យលើប្រជាពលរដ្ឋនៃប្រទេសនោះផ្ទាល់ [ជាអ្នកសម្រេច]។ វាអាស្រ័យលើប្រជាពលរដ្ឋរុស្ស៊ី»។ លោក Blinken បានបន្ថែមថា៖ «ប៉ុន្តែអ្វីដែលយើងមានគឺយុទ្ធសាស្ត្រគាំទ្រអ៊ុយក្រែនឱ្យបានខ្លាំងក្លា យុទ្ធសាស្ត្រដាក់សម្ពាធមិនធ្លាប់មានពីមុនមកលើរុស្ស៊ី ហើយយើងនឹងអនុវត្តយុទ្ធសាស្ត្រទាំងនេះឆ្ពោះទៅមុខ។ យើងក៏មានយុទ្ធសាស្ត្រនៅក្នុងការធ្វើឱ្យច្បាស់ថា យើងផ្ដល់ការគាំទ្រផ្នែកមនុស្សធម៌គ្រប់បែបយ៉ាងដែលយើងអាច និងយុទ្ធសាស្ត្រនៅក្នុងការពង្រឹងអង្គការអូតង់ (NATO)» ផងដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- លោក Ibrahim Kalin អ្នកនាំពាក្យប្រធានាធិបតីតួកគីបាននិយាយនៅថ្ងៃអាទិត្យនេះថា ប្រទេសតួកគីនិងប្រទេសផ្សេងទៀតត្រូវតែនៅបន្តចរចាជាមួយនឹងរុស្ស៊ីដើម្បីជួយបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន និងថា រដ្ឋាភិបាលអ៊ុយក្រែនត្រូវការការគាំទ្របន្ថែមទៀតដើម្បីការពារខ្លួន។ លោក Kalin បានបញ្ជាក់នៅក្នុងវេទិកាអន្តរជាតិដូហាថា៖ «ប្រសិនបើមនុស្សគ្រប់គ្នាឈប់ទាក់ទងជាមួយរុស្ស៊ី តើនរណានឹងចរចាជាមួយនឹងរុស្ស៊ី។ អ៊ុយក្រែនត្រូវការការគាំទ្រគ្រប់មធ្យោបាយទាំងអស់ដែលអាចទៅរួច ដូច្នេះអ៊ុយក្រែនអាចការពារខ្លួនឯងបាន»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- លោក Kyrylo Budanov ប្រធានផ្នែកស៊ើបការណ៍សម្ងាត់នៃយោធាអ៊ុយក្រែនបាននិយាយនៅថ្ងៃអាទិត្យនេះថា ប្រទេសរុស្ស៊ីកំពុងព្យាយាមបំបែកប្រទេសអ៊ុយក្រែនជាពីរដើម្បីបង្កើតតំបន់ដែលគ្រប់គ្រងដោយរុស្ស៊ី បន្ទាប់ពីរុស្ស៊ីបានបរាជ័យនៅក្នុងការដណ្ដើមគ្រប់គ្រងប្រទេសអ៊ុយក្រែនទាំងមូល។ លោកថ្លែងដូច្នេះថា៖ «តាមការពិត នេះគឺជាការប៉ុនប៉ងដើម្បីបំបែកអ៊ុយក្រែនជាពីរដូចកូរ៉េខាងជើងនិងកូរ៉េខាងត្បូងដូច្នេះដែរ»។ លោកបានបន្ថែមថា នៅពេលឆាប់ៗខាងមុខនេះ អ៊ុយក្រែននឹងចាប់ផ្ដើមធ្វើសង្គ្រាមទ័ពព្រៃនៅក្នុងដែនដីដែលកាន់កាប់ដោយរុស្ស៊ី។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រធានាធិបតីបារាំងលោក Emmanuel Macron បានព្រមាននៅថ្ងៃអាទិត្យនេះប្រឆាំងនឹង «ការរីករាលដាល» នៃការផ្ដោះប្ដូរពាក្យសម្ដីជាមួយនឹងរដ្ឋាភិបាលរុស្ស៊ី បន្ទាប់ពីប្រធានាធិបតី សហរដ្ឋអាមេរិកលោក Joe Biden បានហៅប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ថាជា «ឃាតករកាប់សម្លាប់មនុស្ស» ទាក់ទិននឹងការឈ្លានពានរបស់លោក Putin លើអ៊ុយក្រែន។ លោក Marcon បានបញ្ជាក់ប្រាប់ស្ថានីយទូរទស្សន៍ France 3 ថា លោកយល់ថា កិច្ចការដែលត្រូវធ្វើគឺ «ដំបូងត្រូវសម្រេចឱ្យបាននូវកិច្ចឈប់វាយប្រយុទ្ធគ្នា ហើយបន្ទាប់មកត្រូវមានការដកកងទ័ពរុស្ស៊ីចេញទាំងស្រុងតាមរយៈមធ្យោបាយការទូត»។ លោកបានបន្ថែមថា៖ «ប្រសិនបើយើងចង់ធ្វើដូច្នេះ យើងមិនអាចធ្វើឱ្យមានការរីករាលដាលបន្ថែមទៀតនោះទេទាំងពាក្យសម្ដីនិងសកម្មភាព»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បាននិយាយនៅថ្ងៃអាទិត្យនេះថា តំណែងរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin គឺ «អាស្រ័យលើប្រជាពលរដ្ឋរុស្ស៊ី»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- លោក Leonid Pasechnik មេដឹកនាំតំបន់ផ្ដាច់ខ្លួន Lugansk នៃប្រទេសអ៊ុយក្រែន បាននិយាយនៅថ្ងៃអាទិត្យនេះថា តំបន់នេះប្រហែលជានឹងរៀបចំការស្ទង់មតិមួយអំពីការចូលជាផ្នែកមួយនៃប្រទេសរុស្ស៊ី។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។ ទីភ្នាក់ងារព័ត៌មាននានារបស់រុស្ស៊ីបានស្រង់សម្ដីរបស់លោក Pasechnik ដែលបាននិយាយថា៖ «ខ្ញុំគិតថា នៅពេលអនាគតដ៏ខ្លីខាងមុខនេះ យើងនឹងធ្វើការស្ទង់មតិមួយអំពីដែនដីនៃសាធារណរដ្ឋ [Lugansk] នេះ ដែលនៅក្នុងការស្ទង់មតិនោះ ពលរដ្ឋនឹង...បង្ហាញទស្សនៈរបស់ខ្លួនអំពីការចូលរួមជាមួយនឹងសហព័ន្ធរុស្ស៊ី»។
- គណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) បានច្រានចោលការចោទប្រកាន់ដែលថា ខ្លួនបានជួយរៀបចំឬក៏អនុវត្តការជម្លៀសពលរដ្ឋអ៊ុយក្រែនដោយបង្ខំទៅកាន់ប្រទេសរុស្ស៊ី។ អង្គការនេះបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីយប់ថ្ងៃសៅរ៍ថា៖ «គណៈកម្មាធិការអន្តរជាតិកាកបាទក្រហមមិនដែលជួយរៀបចំឬក៏អនុវត្តការជម្លៀសដោយបង្ខំនោះទេ។ យើងមិនដែលធ្វើដូច្នេះនោះឡើយនៅគ្រប់កន្លែងទាំងអស់ដែលយើងធ្វើការ។ យើងនឹងមិនគាំទ្រប្រតិបត្តិការណាមួយដែលផ្ទុយពីឆន្ទៈរបស់ប្រជាពលរដ្ឋនិងផ្ទុយពីគោលការណ៍របស់យើងនោះឡើយ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- កាលពីថ្ងៃសៅរ៍ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានរិះគន់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ទាក់ទិននឹងការធ្វើសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ដោយហៅលោក Putin ថាជា «ឃាតករកាប់សម្លាប់មនុស្ស» ដែល «មិនអាចនៅកាន់តំណែងបានទៀតទេ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- ទីប្រឹក្សាក្រសួងមហាផ្ទៃអ៊ុយក្រែនលោក Vadym Denysenko បាននិយាយថា រុស្ស៊ីកំពុងបំផ្លាញឃ្លាំងស្ដុកស្បៀងអាហារនិងប្រេងឥន្ធនៈរបស់អ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Al Jazeera។
- អង្គការសហប្រជាជាតិបានបញ្ជាក់ថា ពលរដ្ឋអ៊ុយក្រែន ៩០% អាចធ្លាក់ចូលក្នុងភាពក្រីក្រ ប្រសិនបើសង្គ្រាមរបស់រុស្ស៊ីជាមួយអ៊ុយក្រែននៅតែបន្ត។ នេះបើយោងតាមបណ្ដាញព័ត៌មាន Al Jazeera។
- ចក្រភពអង់គ្លេសបានរឹបអូសយន្តហោះពីរគ្រឿងរបស់មហាសេដ្ឋីរុស្ស៊ីលោក Eugene Shvidler។ នេះបើយោងតាមបណ្ដាញព័ត៌មាន Al Jazeera។ សារព័ត៌មាន The Times របស់អង់គ្លេសបានរាយការណ៍ថា យន្តហោះទាំងពីរគ្រឿងនោះគឺយន្តហោះ Global 6500 របស់ក្រុមហ៊ុន Bombardier ដែលមានតម្លៃ ៤៥ លានដុល្លារអាមេរិក និងយន្តហោះ Citation Latitude របស់ក្រុមហ៊ុន Cessna ដែលមានតម្លៃ ១៣ លានដុល្លារអាមេរិក។
- មនុស្សជាង ៥.០០០ នាក់ ត្រូវបានជម្លៀសចេញដោយសុវត្ថិភាពតាមច្រករបៀបមនុស្សធម៌នៅក្នុងប្រទេសអ៊ុយក្រែនកាលពីថ្ងៃសៅរ៍។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់បណ្ដាញព័ត៌មាន CNN។
- ការវាយប្រហាររបស់រុស្ស៊ីលើប្រព័ន្ធអ៊ីនធឺណិតរបស់ហេដ្ឋារចនាសម្ព័ន្ធសហរដ្ឋអាមេរិកគឺនៅតែអាចទៅរួច។ នេះបើតាមការបញ្ជាក់របស់អ្នកស្រី Jen Easterly ប្រធានទីភ្នាក់ងារសន្តិសុខប្រព័ន្ធអ៊ីនធឺណិតនិងសន្តិសុខហេដ្ឋារចនាសម្ព័ន្ធសហរដ្ឋអាមេរិក។ អ្នកស្រីបានប្រាប់បណ្ដាញព័ត៌មាន CNN ថា ពលរដ្ឋអាមេរិកាំងគួរតែត្រៀមខ្លួនរួចរាល់សម្រាប់រឿងនេះ ដោយ «នេះមិនមែនជាអ្វីដែលត្រូវស្លន់ស្លោនោះទេ ប៉ុន្តែគឺជាការត្រៀមលក្ខណៈ»។
- ការស្ទង់មតិមួយដែលធ្វើឡើងដោយវិទ្យាស្ថានអូស្លូស្រាវជ្រាវសន្តិភាព (Peace Research Institute Oslo (PRIO)) បានបញ្ជាក់កាលពីថ្ងៃសៅរ៍ថា ពលរដ្ឋអ៊ុយក្រែនជិតពាក់កណ្ដាលដែលមានអាយុចាប់ពី ១៨ ដល់ ៥៥ ឆ្នាំ ត្រៀមខ្លួនរួចរាល់នៅក្នុងការវាយប្រយុទ្ធដើម្បីការពារប្រទេសរបស់ពួកគេប្រឆាំងនឹងរុស្ស៊ី។ ក្នុងចំណោមនោះ បុរសប្រហែល ៧០% និងស្ត្រីប្រហែល ៣០% បានបញ្ជាក់ថា ពួកគេមានឆន្ទៈនៅក្នុងការកាន់អាវុធដើម្បីប្រយុទ្ធ។
១៩:២២
២៦.៣.២០២២
ថ្ងៃសៅរ៍ ទី ២៦ ខែមីនា៖
- ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានថ្លែងប្រាប់ប្រធានាធិបតីប៉ូឡូញលោក Andrzej Duda ថា «សេរីភាពរបស់អ្នក គឺជាសេរីភាពរបស់យើង» ដែលមានអត្ថន័យស្រដៀងនឹងបាវចនាក្រៅផ្លូវការមួយរបស់ប្រទេសប៉ូឡូញ។ លោកបានធានាដល់លោក Duda ថា សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តអូតង់ នឹងជួយដល់ប៉ូឡូញប្រសិនបើរុស្ស៊ីវាយប្រហារលើប៉ូឡូញ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AP។
- នៅរសៀលថ្ងៃសៅរ៍ស៊ីរ៉ែនត្រូវបានបន្លឺឡើងនៅទីក្រុងLviv ភាគខាងលិចប្រទេសអ៊ុយក្រែន ហើយអភិបាលតំបន់លោក Maxym Kozytsky បានរាយការណ៍ថា «មានករណីផ្ទុះដ៏ខ្លាំងក្លាចំនួន ៣ ក្បែរទីក្រុង Lviv» ដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែមថាករណីផ្ទុះទាំងអស់នេះបានបំផ្លាញអ្វីខ្លះនោះទេ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AP។
- ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានស្ងប់ស្ងែងស្មារតីនិងភាពអំណត់របស់ជនភៀសខ្លួនអ៊ុយក្រែនបន្ទាប់ពីរុស្ស៊ីបាននិងកំពុងឈ្លានពានដ៏ឃោរឃៅនៅក្នុងប្រទេសអ៊ុយក្រែន។ នៅថ្ងៃសៅរ៍ក្នុងដំណើរទស្សនកិច្ចជួបជាមួយជនភៀសខ្លួនអ៊ុយក្រែននៅប្រទេសប៉ូឡូញ លោក Biden បានឱបស្ត្រីជាម្តាយនិងកុមារជនភៀសខ្លួនអ៊ុយក្រែន។ នៅក្នុងប្រទេសប៉ូឡូញ លោក Biden ក៏បានសន្យាផ្តល់ជំនួយជាហូរហែរពីបណ្តាប្រទេសមហាអំណាចលោកខាងលិចផ្សេងៗទៀតផងដែរ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AP។
- ប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយជាមួយមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលអ៊ុយក្រែននៅទីក្រុងវ៉ាសូវី នៅថ្ងៃសៅរ៍ ហើយបានហៅប្រធានាធិបតីរុស្ស៊ីVladimir Putin ថាជា«ឃាតករសម្លាប់មនុស្សច្រើននាក់» នៅក្នុងកិច្ចប្រជុំមួយជាមួយជនភៀសខ្លួនដែលរត់ចេញពីសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន មកកាន់រដ្ឋធានីនៃប្រទេសប៉ូឡូញ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។
- នៅថ្ងៃសៅរ៍ គ្រាប់រុក្កែតចំនួន ២ បានបាញ់ចំទីក្រុង Lviv ភាគខាងលិចប្រទេសអ៊ុយក្រែន ដោយបានបណ្តាលឲ្យមនុស្សយ៉ាងតិច ៥ នាក់រងរបួស។ អភិបាលតំបន់លោក Maksym Kozytsky បានថ្លែងដូច្នេះ ក្រោយពីអាជ្ញាធរមូលដ្ឋានបានប្រាប់ឲ្យពលរដ្ឋរកទីសុវត្ថិភាព ក្រោយពីមានករណីផ្ទុះជាបន្តបន្ទាប់នៅជាយក្រុងនេះ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។
- កាសែតThe New York Times រាយការណ៍ថា លោក Dmitri A. Medvedev អតីតប្រធានាធិបតីរុស្ស៊ីនិងជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានថ្លែងថា ប្រទេសរុស្ស៊ីបានត្រៀមខ្លួនជាស្រេចដើម្បីប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងសហរដ្ឋអាមេរិកនិងអឺរ៉ុប ប្រសិនបើប្រទេសរុស្ស៊ីត្រូវបានគំរាមកំហែង។ លោកបានលើកឡើងអំពីករណីប្រើអាវុធប្រល័យនុយក្លេអ៊ែរនេះ ខណៈរុស្ស៊ីប្រឈមនឹងការប្រឆាំងដ៏ខ្លាំងក្លានៅក្នុងប្រទេសអ៊ុយក្រែន។ លោក Medvedev បានថ្លែងដូច្នេះទៅកាន់ទីភ្នាក់ងារព័ត៌មានរដ្ឋRIA នៅថ្ងៃសៅរ៍ គឺត្រូវនឹងថ្ងៃដូចគ្នាដែលលោកប្រធានាធិបតី Joe Biden កំពុងជួបពិភាក្សាជាមួយប្រធានាធិបតីប៉ូឡូញ នៅទីក្រុង វ៉ាសូវី។
- អគ្គលេខាធិការរងអង្គការអូតង់ថា «សង្គ្រាមដ៏ព្រៃផ្សៃ»រយៈពេលជាមួយខែរបស់ប្រធានាធិបតីរុស្ស៊ី Vladimir Putin នៅក្នុងប្រទេសអ៊ុយក្រែន ជាសង្គ្រាមមួយដែលលោក Putin មិនអាចឈ្នះ។ លោក Mircea Geoanaថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មាន AP ថា អង្គការអូតង់នឹងត្រូវបាន «បង្ខំឲ្យចាត់វិធានការសមស្របណាមួយ» ក្នុងករណីដែលមានការប្រើអាវុធជីវសាស្ត្រ ឬអាវុធនុយក្លេអ៊ែរណាមួយនោះ។ លោកបានថ្លែងដូច្នេះ បន្ទាប់ពីមានការអធិប្យាយជាបន្តបន្ទាប់ពីក្រុមមន្ត្រីរុស្ស៊ីដែលលើកឡើងពីលទ្ធភាពនៃការប្រើប្រាស់អាវុធបែបនេះ។
- ទីភ្នាក់ងារ Reuters បានរាយការណ៍ថា លោកប្រធានាធិបតីអាមេរិក Joe Biden បានចូលជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់អ៊ុយក្រែននៅរដ្ឋធានី Warsaw ក្នុងប្រទេសប៉ូឡូញ កាលពីថ្ងៃសៅរ៍ នៅក្នុងកិច្ចប្រជុំមួយរវាងរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba និងរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក Oleksii Reznikov ជាមួយនឹងលោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកនិងលោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិអាមេរិក។ លោក Kuleba បានថ្លែងប្រាប់ទូរទស្សន៍ជាតិអ៊ុយក្រែនបន្ទាប់ពីជំនួបនេះថា៖ «លោកប្រធានាធិបតី Biden និយាយថា អ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែន នឹងផ្លាស់ប្តូរប្រវត្តិសាស្ត្រសតវត្សរ៍ទី ២១ ហើយថា យើងនឹងធ្វើការរួមគ្នាដើម្បីធានាថា ការផ្លាស់ប្តូរនាំប្រយោជន៍ដល់យើងទាំងអស់គ្នា ដល់អ៊ុយក្រែន និងដល់ប្រទេសប្រជាធិបតេយ្យ»។
- ជនភៀសខ្លួនដែលបានទៅដល់ប្រទេសប៉ូឡូញពីប្រទេសអ៊ុយក្រែន បានអង្វរសុំជំនួយបន្ថែមទៀត ដើម្បីបញ្ចប់សង្គ្រាមខណៈប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កំពុងត្រៀមបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល៤ ថ្ងៃរបស់លោកទៅកាន់ទ្វីបអឺរ៉ុប។ សហរដ្ឋអាមេរិកបានផ្ញើហិរញ្ញប្បទាននិងជំនួយផ្សេងៗទៀតដល់កិច្ចប្រឹងប្រែងជួយជនភៀសខ្លួន។ ក្នុងសប្តាហ៍នេះ លោក Biden បានប្រកាសជំនួយជាទឹកប្រាក់ ១ ពាន់លានដុល្លារបន្ថែមទៀត ហើយថា សហរដ្ឋអាមេរិកនឹងទទួលយកជនភៀសខ្លួនរហូតដល់ទៅ ១ សែននាក់។ នេះបើតាមទីភ្នាក់ងារ AP។
- នៅថ្ងៃសៅរ៍អភិបាលក្រុង Chernihiv ភាគខាងជើងប្រទេសអ៊ុយក្រែន បានថ្លែងថា មនុស្ស ៤៤ នាក់បានរងរបួសធ្ងន់ ក្នុងនោះរួមមានកុមារ៣ នាក់ ហើយថា ពួកគេមិនអាចត្រូវបានជម្លៀសចេញពីទីក្រុងទៅកាន់កន្លែងសុវត្ថិភាពដើម្បីទទួលបានការព្យាបាលបាននោះទេ ពីព្រោះថាទីក្រុង Chernihiv ត្រូវបានហ៊ុមព័ទ្ធដោយទាហានរុស្ស៊ី។ នេះបើតាមទីភ្នាក់ងារ Reuters។
- ទីភ្នាក់ងារព័ត៌មាន Reuters រាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានជំរុញឲ្យមានការចរចាគ្នាថែមទៀតជាមួយរុស្ស៊ី ខណៈរដ្ឋាភិបាលម៉ូស្គូបានផ្តល់សញ្ញាថាខ្លួនបន្ថយមហិច្ឆតារបស់ខ្លួនដើម្បីផ្តោតការយកចិត្តទុកដាក់លើតំបន់ Donbass ស្ថិតនៅភាគខាងកើតប្រទេស ដែលត្រូវបានកាន់កាប់ដោយក្រុមផ្តាច់ខ្លួនពីរដ្ឋាភិបាលអ៊ុយក្រែននិងគាំទ្រដោយរដ្ឋាភិបាលរុស្ស៊ី។
- អភិបាលក្រុងកៀវលោក Oleksandr Pavlyuk បានថ្លែងថា ទាហានរុស្ស៊ីបានកាន់កាប់ភូមិ Slavutych ដែលជាទីកន្លែងក្រុមការងារធ្វើការនៅរោងចក្រផលិតថាមពលនុយក្លេអ៊ែរ Chernobyl រស់នៅ។ នេះបើតាមទីភ្នាក់ងារ Reuters។
- អភិបាលក្រុងកំពង់ផែ Mariupol លោក Vadym Boichenko បានថ្លែងថា ស្ថានភាពក្នុងក្រុងនៅតែដុនដាប ដោយមានការវាយប្រយុទ្ធគ្នាតាមដងផ្លូវនានានៃកណ្តាលក្រុង។ នេះបើតាមទីភ្នាក់ងារ Reuters។
- នៅក្នុងវីដេអូមួយដែលចេញផ្សាយដោយក្រសួងការពារជាតិរុស្ស៊ីគេឃើញរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បានធ្វើជាអធិបតីនៃកងប្រជុំមួយរបស់កងទ័ពរុស្ស៊ី ហើយបានពិភាក្សាអំពីការបញ្ជូនអាវុធបន្ថែម។ នេះជាលើកដំបូងដែលរដ្ឋមន្ត្រីរូបនេះបានបង្ហាញខ្លួនជាសាធារណៈម្តងទៀត បន្ទាប់ពីមិនបានធ្វើសកម្មភាពជាសាធារណៈរយៈពេលពីរសប្តាហ៍មក។ នេះបើតាមទីភ្នាក់ងារ Reuters។
- កាលពីថ្ងៃសុក្ររុស្ស៊ីអះអាងថា ខ្លួនបានជិតបញ្ចប់ដំណាក់ការទី១ នៃប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន ហើយថារុស្ស៊ីនឹងផ្តោតការយកចិត្តទុកដាក់លើ«ការរំដោះ» តំបន់ Donbass។ នេះបើតាមទីភ្នាក់ងារ Reuters។
- អភិបាលក្រុង Mariupol ថា លោកបានសន្ទនាជាមួយឯកអគ្គរដ្ឋទូតបារាំងប្រចាំអ៊ុយក្រែន អំពីជម្រើសនានាដើម្បីជម្លៀសជនស៊ីវលពីក្រុងនេះ បន្ទាប់ពីលោក Emmanuel Macron ប្រធានាធិបតីបារាំងបានថ្លែងថា លោកនឹងស្នើផែនការមួយទៅកាន់រុស្ស៊ី ដើម្បីជួយពលរដ្ឋភៀសខ្លួនពីក្រុងនេះ។ នេះបើតាមទីភ្នាក់ងារ Reuters។
- អាជ្ញាធរតួកគីបានព្រមាននាវានានាមិនឲ្យធ្វើដំណើរតាមសមុទ្រខ្មៅ (Black Sea) ខណៈក្រុមជ្រមុជទឹកមួយក្រុមកំពុងពិនិត្យមើលលើ «វត្ថុមួយដែលមានរាងដូចគ្រាប់មីន» ដែលបានអណ្តែតនៅភាគខាងជើងទីក្រុង Istanbul ក្បែរសមុទ្រខ្មៅ។ ការព្រមាននេះកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីរុស្ស៊ីបានព្រមានថា គ្រាប់មីនជាច្រើនគ្រាប់បានអណ្តែតចេញពីកំពង់ផែនានានៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើតាមទីភ្នាក់ងារ Reuters។
- នៅថ្ងៃសៅរ៍នេះ នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ថ្លែងថា លទ្ធភាពដែលរុស្ស៊ីនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ «កាន់តែអាចក្លាយជាការពិត» ដោយលោកបានស្វាគមន៍ឯកអគ្គរដ្ឋទូតអាមេរិកដែលធ្វើដំណើរទៅក្រុង Hiroshima ដែលជាទីក្រុងដំបូងគេដែលបានរងការវាយប្រហារដោយអាវុធនុយក្លេអ៊ែរ។ នេះបើតាមទីភ្នាក់ងារReuters។
- នៅថ្ងៃសៅរ៍នេះ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានអំពាវនាវដល់បណ្តាប្រទេសនានាដែលផលិតថាមពលឲ្យបង្កើនបរិមាណផលិតរបស់ខ្លួន ដើម្បីធ្វើយ៉ាងណាឲ្យរុស្ស៊ីមិនអាចប្រើប្រាស់ធនធានប្រេងនិងឧស្ម័នរបស់ខ្លួន«គំរាមកំហែង» ដល់ប្រទេសដទៃទៀត។ នេះបើតាមទីភ្នាក់ងារ Reuters។
- ការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែនបានសម្លាប់កុមារយ៉ាងតិច ១៣៦ នាក់ ក្នុងរយៈពេល ៣១ ថ្ងៃ បន្ទាប់ពីទាហានរុស្ស៊ីបានចាប់ផ្លើមការវាយប្រហាររបស់ខ្លួន។ នេះបើតាមការិយាល័យរបស់អគ្គរដ្ឋអាជ្ញារបស់ប្រទេសអ៊ុយក្រែន នៅក្នុងសារមួយដែលផ្សព្វផ្សាយតាមកម្មវិធីទូរស័ព្ទ Telegram។ បន្ថែមលើនេះ កុមារប្រមាណ ១៩៩ នាក់ទៀតបានរងរបួស។ ទីភ្នាក់ងារព័ត៌មាន Reuters មិនអាចបញ្ជាក់ភ្លាមៗលើតួលេខនេះបានទេ។
- អតីតប្រធានាធិបតីរុស្ស៊ីនិងអនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ីលោកDmitry Medvedev ត្រូវបានដកស្រង់សម្តីកាលពីថ្ងៃសុក្រថា លោកយល់ថា វាជារឿង«ឆោតល្ងង់» ក្នុងការជឿថា ការដាក់ទណ្ឌកម្មរបស់បណ្តាប្រទេសលោកខាងលិចលើក្រុមហ៊ុនអាជីវកម្មរុស្ស៊ី អាចនឹងជះឥទ្ធិពលលើរដ្ឋាភិបាលរុស្ស៊ី។ នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មាន RIA របស់រុស្ស៊ី លោក Dmitry Medvedev បាននិយាយថា ទណ្ឌកម្មទាំងអស់នេះនឹងកាន់តែពង្រឹងកម្លាំងក្នុងសង្គមជាតិរុស្ស៊ីទៅវិញទេ ហើយវានឹងមិនអាចបង្កឲ្យមានការមិនពេញចិត្តនឹងអាជ្ញាធររុស្ស៊ីឡើយ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។
- នៅថ្ងៃសៅរ៍ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នឹងថ្លែងសុន្ទរកថាក្នុងប្រទេសប៉ូឡូញដោយផ្តោតលើសាមគ្គីភាពរបស់«ពិភពលោកសេរី» ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ហើយថា បណ្តាប្រទេសដែលមានសេដ្ឋកិច្ចធំៗមានសាមគ្គីភាពគ្នាដែលចាំបាច់ដើម្បីបញ្ឈប់លោក Vladimir Putin។ នេះបើតាមសេតវិមាន។ បីថ្ងៃបន្ទាប់ពីចូលរួមកិច្ចប្រជុំបន្ទាន់ជាមួយបណ្តាប្រទេសជាសម្ព័ន្ធមិត្តប្រទេស G-7 ជាមួយក្រុមប្រឹក្សាអឺរ៉ុប និងជាមួយអង្គការអូតង់និងដំណើរទស្សនកិច្ចកងទ័ពអាមេរិកនៅប្រទេសប៉ូឡូញមក លោក Bidenជួបជាមួយប្រធានាធិបតីប៉ូឡូញលោក Andrzej Duda នៅថ្ងៃសៅរ៍នេះ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។
- កាសែត The Washington Post បានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy «ខកចិត្តយ៉ាងខ្លាំង» ចំពោះលទ្ធផលនៃកិច្ចប្រជុំកំពូលបន្ទាន់របស់អង្គការអូតង់នៅសប្តាហ៍នេះ ដែលលោកប្រធានាធិបតីអាមេរិក Joe Biden បានចូលរួមនោះ។ នេះបើយោងតាមនាយខុទ្ទកាល័យរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Andriy Yermak។
- កាសែត The New York Times បានរាយការណ៍ថា ប្រទេសអ៊ុយក្រែនកំពុងប្រឈមនឹងមហន្តរាយសុខាភិបាលសាធារណៈមួយដែលអាចកំពុងកើតមានឡើង ដោយអះអាងថា៖ «អ៊ុយក្រែនមានប្រជាពលរដ្ឋច្រើនដែលមានជំងឺអេសដ៍ ជំងឺរលាកថ្លើមប្រភេទស៊ី ហើយចំនួនអ្នកចាក់វ៉ាក់សាំងបង្ការជំងឺកញ្ជ្រិល ជំងឺស្វិតដៃជើង និងជំងឺកូវីដ១៩ នៅទាបនៅឡើយ»។
- អង្គការសុខភាពពិភពលោកបានឲ្យដឹងថា មានការវាយប្រហារ ៧០ដង លើមន្ទីរពេទ្យ រថយន្តសង្គ្រោះបន្ទាន់ និងក្រុមវេជ្ជបណ្ឌិត នៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មានរបស់ BBC ហើយករណីវាយប្រហារនេះនឹងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
- ព័ត៌មានចុងក្រោយពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ចក្រភពអង់គ្លេសអះអាងថា រុស្ស៊ីអាចនឹងបន្តប្រើប្រាស់«អាវុធធុនធ្ងន់» នៅក្នុងការប្រយុទ្ធរបស់ខ្លួនតាមតំបន់ទីប្រជុំជនដែលនេះជាផ្នែកមួយនៃ«យុទ្ធសាស្ត្របាញ់គ្រាប់ផ្លោងតាមផ្លូវគោកនិងការទម្លាក់គ្រាប់បែកពីអាកាសដោយមិនរើសគោលដៅ» របស់រុស្ស៊ី។
- ទីភ្នាក់ងារព័ត៌មានបារាំង AFP រាយការណ៍ថា ប្រធានាធិបតីបារាំងលោក Emmanuel Macron បានច្រានចោលការទាមទាររបស់រុស្ស៊ី ដែលឲ្យខ្លួនបង់ថ្លៃឧស្ម័នដោយរូបិយបណ្ណរ៉ូប៊ល។ លោក Macron បានថ្លែងថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កំពុងតែព្យាយាមគេចវេសពីការដាក់ទណ្ឌកម្ម។
- អាជ្ញាធរនៅទីក្រុងកៀវដែលជារដ្ឋធានីរបស់ប្រទេសអ៊ុយក្រែន បានប្រកាសអនុវត្តវិធានការគោចររយៈពេល ៣៥ ម៉ោងនៅក្នុងក្រុង។ នេះបើតាមទីភ្នាក់ងារ AP។
- ក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេសថា រុស្ស៊ីបន្តកាន់កាប់ទីក្រុងមួយចំនួនរបស់ប្រទេសអ៊ុយក្រែន ក្នុងនោះរួមមានទីក្រុង Kharkiv ទីក្រុង Chernihiv និងទីក្រុង Mariupol។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AP។
- នៅក្នុងការបង្ហាញខ្លួនតាមរយៈវីដេអូមួយទៅកាន់វេទិកាដូហានៅក្នុងទីក្រុងហ្គាតា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy នៅថ្ងៃសៅរ៍នេះ បានថ្លែងរិះគន់សង្គ្រាមរបស់រុស្ស៊ីដែលកំពុងមានធ្វើលើប្រទេសអ៊ុយក្រែនរបស់លោក។ លោកបានអំពាវនាវដល់អង្គការសហប្រជាជាតិ និងប្រទេសមហាអំណាចនៅជុំវិញពិភពលោកជួយប្រទេសលោក។ លោកបានប្រៀបធៀបការវាយប្រហាររបស់រុស្ស៊ីដែលបំផ្លិចបំផ្លាញទីក្រុងកំពង់ផែ Mariupol របស់ប្រទេសអ៊ុយក្រែន ទៅនឹងការវាយប្រហាររបស់រុស្ស៊ីដែលបានបំផ្លិចបំផ្លាញទីក្រុង Aleppo នៅក្នុងសង្គ្រាមស៊ីរី។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AP។
- ប្រធានខុទ្ទកាល័យរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Andriy Yermak បានថ្លែងនៅក្នុងសុន្ទរកថាមួយកាលពីល្ងាចថ្ងៃសុក្រ ដោយអំពាវនាវដល់បណ្តាប្រទេសលោកខាងលិចឲ្យបង្កើតកម្មវិធីផ្គត់ផ្គង់ថ្មីមួយ[ដូចជាស្បៀងអាហារ ប្រេងកាត និងសម្ភារៈចាំបាច់នានា] ដល់ប្រទេសអ៊ុយក្រែន ដែលកម្មវិធីនេះធ្លាប់ជាកិច្ចប្រឹងប្រែងមួយនៅក្នុងអំឡុងសង្គ្រាមលោកលើកទី ២ ដែលបានបញ្ជូនសម្ភារៈផ្គត់ផ្គង់របស់សហរដ្ឋអាមេរិកទៅដល់សហភាពសូវៀតដើម្បីវាយប្រយុទ្ធជាមួយក្រុមណាស៊ីអាល្លឺម៉ង់។ លោក Andriy Yermak បានថ្លែងថា «យើងចាំបាច់ត្រូវការផែនការផ្គត់ផ្គង់នេះ»។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AP។
២២:១៦
២៥.៣.២០២២
ថ្ងៃសុក្រ ទី ២៥ ខែមីនា៖
- ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កាលពីថ្ងៃសុក្រ បានឃើញស្ថានភាពជាក់ស្តែងដោយផ្ទាល់អំពីកិច្ចប្រឹងប្រែងជួយជនភៀសខ្លួនអ៊ុយក្រែនខ្លះក្នុងបណ្តាជនភៀសខ្លួនសង្គ្រាមរាប់លាននាក់នៅក្នុងប្រទេសប៉ូឡូញ ហើយលោកក៏បានថ្លែងទៅកងទ័ពអាមេរិកនៃកងអនុសេនាធំទី ៨២ ដែលឈរជើងនៅអាកាសយានដ្ឋាន Rzeszow ហើយថ្លែងអំពីបញ្ហាប្រឈមកាន់តែច្រើនឡើងដែលកើតចេញពីការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
- អភិបាលតំបន់ Donetsk នៃប្រទេសអ៊ុយក្រែនកាលពីថ្ងៃសុក្រ បានថ្លែងថា ទាហានអ៊ុយក្រែននៅតែបន្តគ្រប់គ្រងភាគខាងត្បូងនៃទីក្រុងកំពង់ផែ Mariupol ដែលជាប់សមុទ្រ Azov។ ថ្លែងតាមទូរទស្សន៍ជាតិ លោកអភិបាល Pavlo Kyrylenko និយាយថា មនុស្សប្រមាណ ៦ម៉ឺន ៥ពាន់នាក់ បានភៀសខ្លួនចេញពីទីក្រុងតាមរថយន្តឯកជន ឬតាមថ្មើរជើង ទោះបីកិច្ចប្រឹងប្រែងជម្លៀសពួកគេចេញក្នុងទ្រង់ទ្រាយធំតាមរយៈបទឈប់បាញ់បណ្តោះអាសន្នបានបរាជ័យក្តី។ នេះបើតាមទីភ្នាក់ងារ Reuters។
- កាសែត The Washington Post បានរាយការណ៍ថា លោកប្រធានាធិបតីអាមេរិក Joe Biden ខកចិត្តដែលមិនអាចធ្វើដំណើរចូលទៅក្នុងប្រទេសអ៊ុយក្រែនកាលពីថ្ងៃសុក្រដើម្បីពិនិត្យមើលស្ថានភាពនៃវិបត្តិមនុស្សធម៌ក្នុងប្រទេសនេះ ដែលរងការឈ្លានពានរបស់រុស្ស៊ី។ លោកបានថ្លែងសុន្ទរកថានៅទីក្រុង Rzeszow ក្នុងប្រទេសប៉ូឡូញ ដែលស្ថិតប្រមាណតែ ១០០ គីឡូម៉ែត្រពីព្រំដែនប្រទេសអ៊ុយក្រែនថា៖ «និយាយត្រង់ទៅ មូលហេតុមួយដែលខ្ញុំខកចិត្ត គឺដោយសារតែខ្ញុំមិនអាចមើលឃើញស្ថានភាពជាក់ស្តែងនៅតាមតំបន់នានា[ក្នុងប្រទេសអ៊ុយក្រែន]។ ពួកគេ [ក្រុមសន្តិសុខអាមេរិក] មិនអនុញ្ញាតឲ្យខ្ញុំឆ្លងព្រំដែនហើយឃើញស្ថានភាពជាក់ស្តែងដែលកំពុងកើតមានឡើងនៅក្នុងប្រទេសអ៊ុយក្រែននោះទេ»។
- ទីភ្នាក់ងារព័ត៌មាន Reuters រាយការណ៍ថា អគ្គលេខាធិការអង្គការអូតង់លោក Jens Stoltenberg បានថ្លែងកាលពីថ្ងៃពុធកន្លងទៅនេះថា ការប្រើប្រាស់អាវុធគីមីនៅក្នុងសង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែនអាចនឹងរងផលវិបាកធ្ងន់ធ្ងរ។ លោកបានថ្លែងថា៖ «ការប្រើប្រាស់អាវីធគីមីនឹងផ្លាស់ប្តូរស្ថានភាពនៃជម្លោះនេះទាំងស្រុង។ វានឹងក្លាយជាការរំលោភបំពានដ៏ធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ហើយនឹងរងផលវិបាកយ៉ាងខ្លាំងក្លា»។
- កាលពីថ្ងៃសុក្រុ ការិយាល័យប្រធានាធិបតីតួកគី បានឲ្យដឹងថា ប្រធានាធិបតីតួកគីលោក Tayyip Erdogan បានហៅទូរស័ព្ទទៅកាន់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ហើយអ្នកទាំងពីរបានពិភាក្សាគ្នាអំពីស្ថានភាពជាក់ស្តែងនៅក្នុងប្រទេសអ៊ុយក្រែន ហើយអំពីដំណាក់ការនៃកិច្ចចរចារវាងរដ្ឋាភិបាលអ៊ុយក្រែននិងរដ្ឋាភិបាលរុស្ស៊ី។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- កាលពីថ្ងៃសុក្រ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានចោទប្រកាន់បណ្តាប្រទេសលោកខាងលិចថាបានលុបបំបាត់វប្បធម៌អក្សរសិល្ប៍ និងសិល្បៈតន្ត្រីដ៏រីកចម្រើនរបស់រុស្ស៊ី ក្នុងនោះរួមមានអ្នកនិពន្ធតន្ត្រីរុស្ស៊ីដ៏ល្បីឈ្មោះគឺលោក Pyotr Tchaikovsky និងលោក Sergei Rachmaninov។ ដូចគ្នាដែរ លោក Putin ថា រុស្ស៊ីក៏បានលុបបំបាត់ចោលនូវសាច់រឿង «Harry Potter» របស់អ្នកនិពន្ធអង់គ្លេស J.K. Rowling។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។
- កាសែត The Washington Post បានរាយការណ៍ថា ភាពសាមគ្គីភាពជាសកលលោកក្នុងការជួយដល់ប្រជាពលរដ្ឋអ៊ុយក្រែនដែលរត់ភៀសខ្លួនពីការឈ្លានពានរបស់រុស្ស៊ី គួរតែ«ជាគម្រូដល់វិបត្តិជនភៀសខ្លួនឯទៀតៗ»។ នេះបើតាមការលើកឡើងរបស់ប្រធានទីភ្នាក់ងារទទួលបន្ទុកកិច្ចការជនភៀសខ្លួនប្រចាំអង្គការសហប្រជាជាតិជាតិ ដែលធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍។
- កម្មវិធីស្បៀងអាហារពិភពលោកប្រចាំអង្គការប្រជាជាតិបានផ្តល់ជំនួយស្បៀងអាហារដល់មនុស្សរាប់ម៉ឺននាក់ដែលបានរងគ្រោះដោយសារសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើតាមសាររបស់លោក David Beasley នាយកប្រតិបត្តិកម្មវិធីស្បៀងអាហារពិភពលោកដែលចេញផ្សាយកាលពីថ្ងៃសុក្រតាមបណ្តាញ Twitter។
- ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា កាលពីថ្ងៃសុក្រ មេដឹកនាំនៃបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុបពិបាកនឹងព្រមព្រៀងគ្នាអំពីវិធានការដែលត្រូវធ្វើដើម្បីសម្រួលដល់ផលប៉ះពាល់នៃទីផ្សារថាមពល ដែលកាន់តែធ្ងន់ធ្ងរឡើងដោយសារការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ដោយព្យាយាមរកដំណោះស្រាយដល់ការខ្វែងគំនិតគ្នាសំខាន់ៗ ស្តីអំពីផលប៉ះពាល់ធ្ងន់ធ្ងរដល់អ្នកប្រើប្រាស់ដោយសារតែតម្លៃប្រេងសាំងនិងឧស្ម័នឡើងថ្លៃខ្លាំង។
- ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកដ៏ធំ Apple កាលពីថ្ងៃសុក្រ បានផ្អាកដំណើរការបង់សាច់ប្រាក់របស់ខ្លួនដែលហៅថា Apple Pay ពីប្រព័ន្ធផ្ទៀងផ្ទាត់សាច់ប្រាក់Mir ដ៏ធំមួយរបស់រុស្ស៊ី ដោយមិនអនុញ្ញាតឲ្យរុស្ស៊ីអាចប្រើប្រាស់សេវារបស់ខ្លួនបានទៀតឡើយ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋាភិបាលក្រុង Mariupol នៃប្រទេសអ៊ុយក្រែនឲ្យដឹងថា មនុស្ស ៣០០ នាក់ បានស្លាប់ដោយសារការវាយប្រហារតាមផ្លូវអាកាសដោយទាហានរុស្ស៊ី កាលពីថ្ងៃទី ១៦ ខែមីនាកន្លងទៅ លើរោងភាពយន្តមួយដែលត្រូវបានយកធ្វើជាជម្រកការពារខ្លួនពីការទម្លាក់គ្រាប់បែក។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារ AP។
- ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានទៅដល់ទីក្រុងមួយនៅប្រទេសប៉ូឡូញ ដែលស្ថិតនៅចម្ងាយពីជិត ១០០គីឡូម៉ែត្រពីព្រំដែនអ៊ុយក្រែន។ នៅទីនោះ លោកនឹងទទួលបានព័ត៌មានស្តីអំពីស្ថានភាពនៃវិបត្តិជនភៀសខ្លួនអ៊ុយក្រែនរាប់លាននាក់ ដោយសារការឈ្លានពានរបស់រុស្ស៊ី។ បន្ទាប់មកនៅថ្ងៃសៅរ៍ លោកនឹងធ្វើដំណើរទីកាន់ទីក្រុងវ៉ាសូវីដើម្បីចូលរួមកិច្ចប្រជុំទ្វេភាគីជាមួយប្រធានាធិបតីប៉ូឡូញលោក Andrzej Duda ដោយលោកនឹងថ្លែងអំណរគុណដល់រដ្ឋាភិបាលប៉ូឡូញ សម្រាប់កិច្ចប្រឹងប្រែងជួយដល់អ៊ុយក្រែន ហើយសហរដ្ឋអាមេរិកនឹងជួយសម្របសម្រួលដល់ការផ្តល់ជំនួយមនុស្សធម៌។ នៅទីនោះ លោក Biden នឹងជួបជនភៀសខ្លួនអ៊ុយក្រែនហើយនឹងថ្លែងសុន្ទរកថា។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែត The Washington Post។
- ប្រមាណពាក់កណ្តាលនៃប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងKharkiv ភាគខាងកើតប្រទេសបានចាកចេញពីផ្ទះសម្បែងរបស់ខ្លួន។ ចំណែកឯ ស្បៀងអាហារនិងសម្ភារៈចាំបាច់ប្រចាំថ្ងៃឯទៀត កំពុងរលោះបន្តិចម្តងៗសម្រាប់អ្នកដែលមិនអាចភៀសខ្លួនបាន។ កាលពីថ្ងៃព្រហស្បតិ៍ ប្រជាពលរដ្ឋដែលនៅជាប់ក្នុងក្រុងនេះ បានតម្រង់ជួរនៅមុខសំណង់អគារមួយ ខណៈពួកគេរង់ចាំទទួលជំនួយពីកាកបាទក្រហម។ នេះបើតាមទីភ្នាក់ងារ AP។
- សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបបានប្រកាសភាពជាដៃគូថ្មីមួយដើម្បីកាត់បន្ថយការពឹងផ្អែករបស់អឺរ៉ុបលើរុស្ស៊ីសម្រាប់ការផ្គត់ផ្គង់ថាមពល។ មន្ត្រីជាន់ខ្ពស់បានចាត់ទុកជំហាននេះថាជាចំណុចផ្តើមនៃកិច្ចផ្តួចផ្តើមរយៈពេលច្រើនឆ្នាំរវាងសម្ព័ន្ធមិត្តទាំងពីរ ដើម្បីបន្តធ្វើឲ្យរដ្ឋាភិបាលរុស្ស៊ីឯកា ក្រោយពីការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានបញ្ជាក់នៅថ្ងៃសុក្រនេះថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កំពុងប្រើប្រាស់វិស័យថាមពលដើម្បី «បំភិតបំភ័យប្រទេសជិតខាងខ្លួន» ហើយប្រើប្រាស់ផលចំណេញពីការលក់ថាមពលរបស់ខ្លួនដើម្បី «បញ្ជាក្បាលម៉ាស៊ីនសង្គ្រាមរបស់ខ្លួន»។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារ AP។
- ទាហានរុស្ស៊ីបានបាញ់មីស៊ីលពីរគ្រាប់នាយប់ថ្ងៃព្រហស្បតិ៍លើកងយោធាអ៊ុយក្រែនមួយ ដែលស្ថិតនៅជាយក្រុង Dnipro ដែលជាក្រុងធំទី ៤ របស់ប្រទេសអ៊ុយក្រែន។ នេះបើយោងតាមក្រុមសង្គ្រោះបន្ទាន់ក្នុងតំបន់។ ការបាញ់មីស៊ីលនេះ បានបំផ្លាញសំណង់អគារនានា ហើយបានធ្វើឲ្យមានអគ្គិភ័យឆាបឆេះក្នុងក្រុង។ មកទល់ពេលនេះ ក្រុមអ្នកសង្គ្រោះបន្ទាន់មិនទាន់អាចកំណត់ចំនួនមនុស្សដែលត្រូវបានសម្លាប់និងរងរបួសនៅឡើយទេ។ នេះបើតាមទីភ្នាក់ងារAP។
- ទីក្រុង Chernihiv ភាគខាងជើងអ៊ុយក្រែន ត្រូវបានហ៊ុមព័ទ្ធដោយទាហានរុស្ស៊ី នេះបើតាមការលើកឡើងរបស់អភិបាលរដ្ឋក្នុងតំបន់នៅថ្ងៃសុក្រនេះ។ លោកអភិបាលតំបន់ Viacheslav Chaus បានថ្លែងតាមទូរទស្សន៍ជាតិថា «សត្រូវបានឡោមព័ទ្ធទីក្រុង» ដោយលោកបានបន្ថែមថា អគ្គិភ័យកំពុងឆាបឆេះតំបន់ជាច្រើននៅក្នុងទីក្រុងដោយសារតែការបាញ់គ្រាប់ផ្លោងតាមផ្លូវគោកនិងផ្លូវអកាសដោយទាហានរុស្ស៊ី។ នេះបើតាមទីភ្នាក់ងារ Reuters។
- មនុស្សប្រមាណ ២ម៉ឺននាក់បានសម្រេចចិត្តចាកចេញពីទីក្រុង Boryspil តាមការអំពាវនាវរបស់រដ្ឋាភិបាលអ៊ុយក្រែន។ ទីក្រុងនេះស្ថិតនៅក្បែរអកាសយានដ្ឋានអន្តរជាតិមួយ នេះបើយោងតាមការលើកឡើងរបស់អភិបាលក្រុង Boryspil តាមទូរទស្សន៍ជាតិនៅថ្ងៃសុក្រនេះ។ នេះបើតាមទីភ្នាក់ងារ Reuters។
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានថ្លែងអំណរគុណដល់មេដឹកនាំរបស់សហភាពអឺរ៉ុបដែលបានធ្វើការងាររួមគ្នាដើម្បីជួយគាំទ្រដល់អ៊ុយក្រែន ហើយដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ី។ លោកក៏បានអបអរសាទរសេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាលអាល្លឺម៉ង់ ក្នុងការរារាំងមិនឲ្យរុស្ស៊ីបញ្ជូនថាមពលឧស្ម័នធម្មជាតិទៅកាន់ទី្វបអឺរ៉ុប តាមរយៈគម្រោងបំពង់បង្ហូរប្រេងនិងថាមពល Nord Stream 2 ថ្មី។ នេះបើតាមទីភ្នាក់ងារ AP។
- ទីភ្នាក់ងារ Reuters បានរាយការណ៍ថា សហរដ្ឋអាមេរិកនឹងផ្គត់ផ្គង់ថាមពលឧស្ម័នធម្មជាតិរាវក្នុងបរិមាណ១៥ ពាន់លានម៉ែត្រគីបដល់ប្រទេសជាសមាជិកនៃសហភាពអឺរ៉ុបនៅក្នុងឆ្នាំនេះ ដើម្បីជួយឲ្យប្រទេសទាំងអស់នោះគេចផុតពីការប្រើប្រាស់ថាមពលឧស្ម័នរបស់រុស្ស៊ី។ នេះបើតាមដៃគូប្រទេសឆ្លងមហាសមុទ្រអាត្លង់ទិក។
- នៅថ្ងៃសុក្រនេះវិមានក្រឹមឡាំងបានឲ្យដឹងថា គ្មានអ្វីអាក្រក់នឹងកើតឡើងនោះទេ បើសិនជាសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តទទួលជោគជ័យក្នុងការបណ្តេញរុស្ស៊ីចេញពីក្រុមប្រទេសមានសេដ្ឋកិច្ចធំៗហៅថា G-20 នោះ ពីព្រោះសមាជិកជាច្រើននៃប្រទេស G-20 នេះ កំពុងតែធ្វើសង្គ្រាមសេដ្ឋកិច្ចជាមួយរដ្ឋាភិបាលរុស្ស៊ីរួចទៅហើយដែរ។ លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បានថ្លែងឆ្លើយតបនឹងការលើកឡើងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ដែលថា លោកគាំទ្រឲ្យមានការដកប្រទេសរុស្ស៊ីចេញពី G-20 ក្រោយពីរុស្ស៊ីបានបញ្ជូនទាហានរាប់ម៉ឺននាក់ឈ្លានពានអ៊ុយក្រែន។ នេះបើតាមទីភ្នាក់ងារ Reuters។
- ការបាញ់ផ្តក់របស់ទាហានរុស្ស៊ីបានបំផ្លាញគ្លីនិកមួយដែលត្រូវបានប្រើប្រាស់ធ្វើជាមណ្ឌលជំនួយមនុស្សធម៌នៅទីក្រុង Kharkiv ភាគខាងកើតអ៊ុយក្រែន ដោយបានសម្លាប់មនុស្ស៤នាក់។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ប៉ូលិសក្នុងតំបន់ដែលចេញផ្សាយនៅថ្ងៃសុក្រនេះ។ សេចក្តីថ្លែងការណ៍នេះបានសរសេរតាមបណ្តាញសង្គមថា៖ «ដោយសារតែការបាញ់ផ្តក់គ្រាប់រុក្កែតជាច្រើនគ្រាប់លើសំណង់អគាររស់នៅរបស់ប្រជាពលរដ្ឋមនុស្ស ៧ នាក់ បានរងរបួស ហើយ ៤ នាក់បានស្លាប់។ គ្មានមូលដ្ឋានយោធានៅក្បែរក្រុងនោះទេ»។ នេះបើតាមទីភ្នាក់ងារ Reuters។
- ទីភ្នាក់ងារព័ត៌មានReuters បានរាយការណ៍ថា ទាហានអ៊ុយក្រែនបានកាន់កាប់ក្រុងមួយចំនួននៅភាគខាងកើតនៃរដ្ឋធានីកៀវឡើងវិញ ហើយទាហានរុស្ស៊ីដែលព្យាយាមកាន់កាប់ទីក្រុងនេះ បានដកថយទៅទីតាំងផ្គត់ផ្គង់សម្ភារៈយោធារបស់ខ្លួនវិញ។ នេះបើតាមការអះអាងរបស់ចក្រភពអង់គ្លេស។
- កងទាហានរុស្ស៊ីបានបំផ្លាញឃ្លាំងស្តុកប្រេងឥន្ធនៈដ៏សំខាន់មួយរបស់អ៊ុយក្រែន នៅជាយក្រុងកៀវ តាមរយៈការបាញ់មីស៊ីល។ នេះបើតាមការអះអាងរបស់ក្រសួងការពារជាតិរុស្ស៊ីនៅថ្ងៃសុក្រនេះ។
- ជាង ៦០ភាគរយនៃគ្រាប់មីស៊ីលសម្រាប់បាញ់ចំគោលដៅរបស់រុស្ស៊ី មិនដំណើរការនៅពេលប្រើក្នុងសមរភូមិឈ្លានពានលើប្រទេសអ៊ុយក្រែន នេះបើតាមមន្ត្រីអាមេរិកបីនាក់ ដែលដឹងអំពីព័ត៌មានស៊ើបការណ៍សម្ងាត់នេះ ដែលបានប្រាប់ទីភ្នាក់ងារ Reuters។ ហើយនេះអាចជាមូលហេតុធ្វើឲ្យរុស្ស៊ីជួបឧបសគ្គនៅក្នុងការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែន។
- កាសែត The Washington Post បានរាយការណ៍ថា ប្រេសិតចិនប្រចាំសហរដ្ឋអាមេរិកបានថ្លែងថា មិត្តភាព«គ្មានដែនកំណត់»របស់រដ្ឋាភិបាលចិនជាមួយនឹងរដ្ឋាភិបាលរុស្ស៊ី តាមពិត គឺមានដែនកំណត់ខ្លះដែរ។ ការលើកឡើងនេះកើតឡើង ខណៈលោកប្រធានាធិបតីចិន ស៊ី ជីនពីង ប្រឈមនឹងសម្ពាធកាន់តែច្រើនឡើងពីបណ្តាប្រទេសលោកខាងលិច ឲ្យដកខ្លួនពីប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។
- ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan ថ្លែងថា អ៊ុយក្រែននិងរុស្ស៊ី ទំនងជាសម្រេចបានលទ្ធផលខ្លះលើបញ្ហា៤ ដែលពួកគេកំពុងចរចារគ្នាដើម្បីបញ្ចប់ការប្រយុទ្ធគ្នា ប៉ុន្តែភាគីទាំងពីរនៅតែខ្វែងគំនិតគ្នាលើបញ្ហាសំខាន់ ២។ ថ្លែងទៅកាន់អ្នកសារព័ត៌មានពេលលោកបានត្រឡប់ពីចូលរួមកិច្ចប្រជុំកំពូលអង្គការអូតង់កាលពីល្ងាចថ្ងៃព្រហស្បតិ៍ លោក Erdogan ថា រដ្ឋាភិបាលអ៊ុយក្រែនបានបង្ហាញឆន្ទៈបោះបង់ចោលគោលបំណងក្លាយជាសមាជិកម្នាក់នៃអង្គការអូតង់ ហើយត្រៀមខ្លួនរួចរាល់ដើម្បីទទួលយកភាសារុស្ស៊ីជាភាសាផ្លូវការមួយរបស់ខ្លួន ហើយអាចនឹងទទួលយក «សម្បទានមួយចំនួន» ពាក់ព័ន្ធនឹងការកាត់បន្ថយសមាសភាពយោធារបស់ខ្លួន និង «សន្តិសុខរួម»។ នេះបើតាមទីភ្នាក់ងារ AP។
- រដ្ឋមន្ត្រីសេដ្ឋកិច្ចអាល្លឺម៉ង់ថ្លែងថា ប្រទេសអាល្លឺម៉ង់បានបង្កើតកិច្ចសន្យាជាមួយក្រុមហ៊ុនផ្គត់ផ្គង់ថាមពលថ្មី ដែលនឹងអនុញ្ញាតឲ្យអាល្លឺម៉ង់កាត់បន្ថយខ្លាំងពីការពឹងផ្អែកលើថាមពលធ្យូងថ្ម ឧស្ម័ន និងប្រេងកាតពីរុស្ស៊ី នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។ នេះបើតាមទីភ្នាក់ងារ AP។
- នាយករដ្ឋមន្ត្រីហុងគ្រីនៅថ្ងៃសុក្រនេះ បានបដិសេធមិនធ្វើតាមការទទូចអំពាវនាវរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ដែលស្នើឲ្យហុងគ្រីផ្តល់អាវុធដល់អ៊ុយក្រែន ហើយគាំទ្រការដាក់ទណ្ឌកម្មលើវិស័យថាមពលរបស់រុស្ស៊ី។ នេះបើតាមទីភ្នាក់ងារ AP។
- បណ្តាប្រទេសនៃសហភាពអឺរ៉ុបបានឆ្លើយតបនឹងការទាមទាររបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ឲ្យបណ្តាប្រទេសដែលលោកចាត់ទុកថា «មិនស្និទ្ធស្នាល» នឹងរុស្ស៊ី បង់ថ្លៃសម្រាប់ការនាំចេញឧស្ម័នរុស្ស៊ីជារូបិយបណ្ណរូប៊លចាប់ពីពេលនេះតទៅ ថាជាការរំលោភធ្ងន់ធ្ងរមួយលើកិច្ចសន្យារបស់ពួកគេ។ ទាំងអធិការបតីអាល្លឺម៉ង់លោក Olaf Scholz និងនាយករដ្ឋមន្ត្រីអ៊ីតាលីលោក Mario Draghi សុទ្ធតែអះអាងថា ពួកគេនឹងមិនធ្វើតាមការទាមទារនេះទេ។ នេះបើតាមទីភ្នាក់ងារ AP។
- កាសែត The Washington Post រាយការណ៍ថា ក្រុមអ្នកវិភាគលើការស៊ើបការណ៍សម្ងាត់របស់អាមេរិក បានសន្និដ្ឋានថា ក្រុមអនាមិកឈ្លបយកការណ៍របស់យោធារុស្ស៊ី គឺជាក្រុមដែលបានវាយប្រហារលើសេវាអ៊ីនធឺណិតតាមផ្កាយរណបមួយដែលធ្វើឲ្យប៉ះពាល់ដល់ការទាក់ទងគ្នារបស់ទាហានអ៊ុយក្រែន នៅពេលរុស្ស៊ីបានចាប់ផ្តើមឈ្លានពានលើអ៊ុយក្រែនកាលពីខែកុម្ភៈ។ នេះបើតាមមន្ត្រីអាមេរិកដែលដឹងអំពីកិច្ចការនេះ។ ក៏ប៉ុន្តែ រដ្ឋាភិបាលអាមេរិកមិនទាន់ប្រកាសជាសាធារណៈអំពីការសន្និដ្ឋាននេះនៅឡើយទេ។
២០:៥៨
២៤.៣.២០២២
ថ្ងៃព្រហស្បតិ៍ ទី ២៤ ខែមីនា៖
- ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានថ្លែងថា លោកយល់ថា រុស្ស៊ីគួរតែត្រូវបានដកចេញពីក្រុមប្រទេសមានសេដ្ឋកិច្ចធំៗ G-20 ហើយថា បញ្ហានេះ ត្រូវបានលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំរបស់លោកជាមួយមេដឹកនាំនានានៃអង្គការអូតង់ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក កាលពីព្រឹកថ្ងៃព្រហស្បតិ៍។ នៅពេលលោកត្រូវបានចោទសួរថាតើរុស្ស៊ីគួរត្រូវបានដកចេញពី G-20 ដែរឬទេនោះ លោក Biden បានឆ្លើយថា៖ «ចម្លើយរបស់ខ្ញុំគឺថា គួរតែដកចេញ តែវាអាស្រ័យលើសមាជិក G-20 ទាំងអស់»។ លោក Biden ក៏បានថ្លែងថា បើសិនប្រទេសជាសមាជិកទាំងអស់ដូចជាឥណ្ឌូណេស៊ី និងប្រទេសឯទៀត មិនយល់ស្របគ្នាចំពោះការដករុស្ស៊ីចេញនោះលោកយល់ថា អ៊ុយក្រែនគួរតែត្រូវបានអនុញ្ញាតឲ្យចូលរួមកិច្ចប្រជុំនានា [របស់ G-20]។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។
- នៅក្នុងសន្និសីទសារព័ត៌មានរបស់លោកនៅទីក្រុងព្រុចសែល កាលពីថ្ងៃព្រហស្បតិ៍ លោកប្រធានាធិបតី Biden បានថ្លែងថា ការឆ្លើយតបរបស់អូតង់បើសិនជារុស្ស៊ីប្រើអាវុធសារធាតុគីមីនៅក្នុងការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែន «នឹងអាស្រ័យលើកាលៈទេសៈនៃការប្រើប្រាស់ [អាវុធ]»។ លោកបានថ្លែងថា៖ យើងអាចឆ្លើយតប។ យើងអាចឆ្លើយតប។ បើ [Putin] ប្រើអាវុធបែបនេះ វិធីនៃការឆ្លើយតប«នឹងអាស្រ័យទៅលើកាលៈទេសៈនៃការប្រើប្រាស់អាវុធ»។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែត The Washington Post។
- នៅទីក្រុងព្រុចសែល លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងកិច្ចប្រជុំកំពូលអូតង់ថា លោកជឿថា វាអាស្រ័យលើប្រទេសអ៊ុយក្រែនក្នុងការសម្រេចថាតើគួរប្រគល់ដែនដីរបស់ខ្លួនទៅឲ្យរុស្ស៊ី ដើម្បីជាថ្នូរបញ្ឈប់ការឈ្លានពាននេះឬយ៉ាងណា។ លោកបានថ្លែងថា៖ «នេះគឺជាសេចក្តីសម្រេចចិត្តទាំងស្រុងរបស់ប្រទេសអ៊ុយក្រែន។ កិច្ចការដែលពាក់ព័ន្ធនឹងអ៊ុយក្រែនត្រូវតែធ្វើឡើងដោយអ៊ុយក្រែន។ ខ្ញុំមិនជឿថា អ៊ុយក្រែននឹងប្រគល់ដែនដីទៅឲ្យរុស្ស៊ីនោះទេ»។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែត The Washington Post។
- កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានថ្លែងថា ចិនយល់ថាអនាគតសេដ្ឋកិច្ចរបស់ចិនគឺពាក់ព័ន្ធច្រើនជាមួយបណ្តាប្រទេសលោកខាងលិចច្រើនជាងជាមួយប្រទេសរុស្ស៊ី បន្ទាប់ពីលោកបានព្រមានចិនអំពីផលលំបាកដែលចិននឹងទទួល បើសិនចិនជួយរដ្ឋាភិបាលរុស្ស៊ីក្នុងការធ្វើសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន។ លោកបានថ្លែងអំពីកិច្ចសន្ទនាដែលលោកបានធ្វើឡើងជាមួយមេដឹកនាំចិនគឺលោក ស៊ី ជីនពីង ថា៖ «ខ្ញុំមិនបានគំរាមទេ ប៉ុន្តែខ្ញុំបានបញ្ជាក់យ៉ាងច្បាស់ជាមួយគាត់ [លោក ស៊ី ជីនពីង]» ធានាថាលោកបានយល់អំពីផលលំបាកដែលកើតចេញពីការជួយដល់រុស្ស៊ី។ នេះបើតាមសេចក្តីរាយការណ៍របស់ Reuters។
- លោក Karim Khan ប្រធានរដ្ឋអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) នៅថ្ងៃព្រហស្បតិ៍នេះបានស្នើបណ្ដាប្រទេសដែលជាសម្ព័ន្ធភាពមួយឱ្យគាំទ្រការស៊ើបអង្កេតរបស់លោកអំពីឧក្រិដ្ឋម្មសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ដោយលោកបាននិយាយថា៖ «ស្ថានការណ៍អាចកាន់តែអាក្រក់ជាងនេះទៀត» ប្រសិនបើសហគមន៍អន្តរជាតិមិនចាត់វិធានការនៅពេលឥឡូវនេះទេ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។ លោក Khan បានបើកការស៊ើបអង្កេតផ្លូវការលើឧក្រិដ្ឋកម្មសង្គ្រាមនិងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិនៅក្នុងប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី ២៨ ខែកុម្ភៈកន្លងទៅនេះ គឺក្នុងពេល ៤ ថ្ងៃក្រោយមក បន្ទាប់ពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន។
- សម្ដេចសង្ឈកាតូលិក Francis នៅថ្ងៃព្រហស្បតិ៍នេះ បានរិះគន់លើការបង្កើនការចំណាយផ្នែកយោធារបស់បណ្ដាបស្ចិមប្រទេសបន្ទាប់ពីរុស្ស៊ីបានឈ្លានពានលើអ៊ុយក្រែនថាជា «អំពើឆ្កួតលីលា» និងបានមានសង្ឃដីកាថា គេត្រូវតែរកវិធីថ្មីដើម្បីធ្វើឱ្យអំណាចនៅលើពិភពលោកមានតុល្យភាព។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានសរសេរនៅលើ Twitter នៅថ្ងៃព្រហស្បតិ៍នេះអំពីទណ្ឌកម្មថ្មីដែលសហរដ្ឋអាមេរិកដាក់លើប្រទេសរុស្ស៊ី ដោយសារតែរុស្ស៊ីនៅតែបន្តធ្វើសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។ លោកបានបញ្ជាក់ដូច្នេះថា៖ «នៅថ្ងៃនេះ សហរដ្ឋអាមេរិកបានកំណត់ដាក់ទណ្ឌកម្មលើបុគ្គល ៣២៨ នាក់នៃរដ្ឋសភារុស្ស៊ី បុគ្គលមួយចំនួនទៀតនៃក្រុមហ៊ុននានារបស់រុស្ស៊ីដែលផ្ដោតលើផ្នែកការពារ និងប្រធានធនាគារ Sberbank ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។ សហរដ្ឋអាមេរិកនឹងបន្តដាក់ទណ្ឌកម្មលើលោក Putin សម្រាប់សង្គ្រាមដែលលោកបានធ្វើលើអ៊ុយក្រែន»។
- មហាសន្និបាតអង្គការសហប្រជាជាតិបានបោះឆ្នោតនៅថ្ងៃព្រហស្បតិ៍នេះលើសេចក្ដីសម្រេចមួយ ដែលមានការគាំទ្រពីប្រទេសជាង ៩០ ដោយថ្កោលទោសប្រទេសរុស្ស៊ីថាបានធ្វើឱ្យវិបត្តិមនុស្សធម៌កាន់តែរីករាលដាលឡើងនៅក្នុងប្រទេសអ៊ុយក្រែន និងបានទាមទារឱ្យរុស្ស៊ីបញ្ឈប់ការបង្កសង្គ្រាមជាបន្ទាន់ ជាពិសេសការវាយប្រហារលើជនស៊ីវិល ផ្ទះសម្បែង សាលារៀន និងមន្ទីរពេទ្យ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AP។ រុស្ស៊ីបានច្រានចោលសេចក្ដីសម្រេចនេះថាមានលក្ខណៈ «ប្រឆាំងនឹងរុស្ស៊ី»។
- ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានចេញសេចក្ដីថ្លែងការណ៍មួយ បន្ទាប់ពីកិច្ចប្រជុំវិសាមញ្ញរបស់អង្គការអូតង់ (NATO) បានបញ្ចប់ទៅនៅថ្ងៃព្រហស្បតិ៍នេះ។ លោកបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍នោះថា៖ «ខ្ញុំស្វាគមន៍វិធានការនានារបស់សម្ព័ន្ធមិត្តផ្សេងៗជាច្រើននៅក្នុងការផ្ដល់ការគាំទ្រផ្នែកការពារដល់ប្រទេសអ៊ុយក្រែន ហើយយើងរួមគ្នាប្ដេជ្ញាកំណត់អំពីឧបករណ៍បន្ថែមទៀត ដែលរួមមានទាំងប្រព័ន្ធការពារដែនអាកាសផងដែរ ដើម្បីជួយអ៊ុយក្រែន»។ លោកបានបន្ថែមថា៖ «យើងក៏បានពិភាក្សាគ្នាផងដែរអំពីកិច្ចការរបស់យើងនៅក្នុងការពង្រឹងការការពាររួមរបស់អង្គការអូតង់ ជាពិសេសការការពារសមាជិករបស់អូតង់នៅតំបន់ភាគខាងកើតនៃទ្វីបអឺរ៉ុប។ សេចក្ដីថ្លែងការណ៍រួមរបស់យើងនៅថ្ងៃនេះបង្ហាញយ៉ាងច្បាស់ថា អង្គការអូតង់នៅតែមានភាពខ្លាំងក្លានិងមានការរួបរួមដូចពេលកន្លងមកដូច្នេះដែរ»។
- ជនភៀសខ្លួនអ៊ុយក្រែននៅក្នុងប្រទេសប៉ូឡូញបានជំរុញនៅថ្ងៃព្រហស្បតិ៍នេះឱ្យមហាអំណាចបស្ចិមប្រទេសនានាធ្វើកិច្ចការបន្ថែមទៀតដើម្បីការពារប្រទេសអ៊ុយក្រែនពីការឈ្លានពានរបស់រុស្ស៊ី។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។ ពួកគេធ្វើការអំពាវនាវដូចនេះ ស្របពេលដែលមេដឹកនាំនានាជួបពិភាក្សាគ្នានៅក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក នៅក្នុងសន្និសីទកំពូលរបស់អង្គការអូតង់ (NATO) របស់ក្រុមប្រទេស G-7 និងរបស់សហភាពអឺរ៉ុប។
- បណ្ដាមេដឹកនាំនៃប្រទេសជាសមាជិកអង្គការអូតង់ (NATO) បានឯកភាពគ្នាពន្យារអាណត្តិដឹកនាំមួយឆ្នាំឱ្យលោកអគ្គលេខាធិការ Jens Stoltenberg ដើម្បីជួយដឹកនាំអង្គការអូតង់ដែលមានប្រទេស ៣០ ជាសមាជិក ឆ្លងកាត់វិបត្តិសន្តិសុខដែលបង្កឡើងដោយសារសង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែន។ លោក Stoltenberg បានសរសេរនៅលើ Twitter នៅថ្ងៃព្រហស្បតិ៍នេះថា លោកមាន «កិត្តិយស» ដែលបណ្ដាមេដឹកនាំនៃប្រទេសជាសមាជិកអង្គការអូតង់សម្រេច «ពន្យារអណត្តិ» ឱ្យលោកធ្វើជា «អគ្គលេខាធិការរហូតដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៣»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AP។
- អង្គការអូតង់ (NATO) បានចេញសេចក្ដីថ្លែងការណ៍មួយ បន្ទាប់ពីកិច្ចប្រជុំវិសាមញ្ញរបស់បណ្ដាមេដឹកនាំនៃប្រទេសជាសមាជិករបស់អង្គការនេះបានបញ្ចប់ទៅនៅថ្ងៃព្រហស្បតិ៍នេះនៅក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក។ បណ្ដាមេដឹកនាំដែលបានចូលរួមប្រជុំបានឯកភាពគ្នាពង្រឹងសមត្ថភាពរបស់ប្រទេសជាសមាជិកមួយចំនួនរបស់ខ្លួននៅតំបន់អឺរុបខាងកើត នៅចំពេលប្រឈមជាមួយនឹងស្ថានការណ៍សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។ បណ្ដាមេដឹកនាំទាំងនេះក៏បានព្រមានរុស្ស៊ីផងដែរមិនឱ្យប្រើអាវុធគីមី។ សេចក្ដីថ្លែងការណ៍រួមនៃកិច្ចប្រជុំរបស់អង្គការនេះបានបញ្ជាក់ថា៖ «យើងនៅតែរួបរួមគ្នាជាធ្លុងមួយនិងតាំងចិត្តយ៉ាងមុតមាំនៅក្នុងការប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី [លើអ៊ុយក្រែន] ជួយរដ្ឋាភិបាលនិងប្រជាពលរដ្ឋអ៊ុយក្រែន និងការពារសន្តិសុខរបស់ប្រទេសជាសម្ព័ន្ធមិត្តទាំងអស់»។
- ក្រសួងការបរទេសរុស្ស៊ីបានចោទប្រកាន់ប្រទេសប៉ូឡូញនៅថ្ងៃព្រហស្បតិ៍នេះថាបានធ្វើឱ្យស្ថានការណ៍តានតឹងនៅតំបន់អឺរ៉ុបខាងកើតកាន់តែរីករាលដាលឡើង ដោយសារប៉ូឡូញបានបណ្ដេញមន្ត្រីការទូតរុស្ស៊ី ៤៥ នាក់ ចេញពីប្រទេស ក្រោមបទចោទប្រកាន់ថាបានប្រព្រឹត្តិអំពើចារកម្ម។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- លោក Oleg Nikolenko អ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែន នៅថ្ងៃព្រហស្បតិ៍នេះ បានថ្កោលទោសរដ្ឋាភិបាលរុស្ស៊ីថាបានចាប់បញ្ជូនពលរដ្ឋនៃទីក្រុង Mariupol របស់ប្រទេសអ៊ុយក្រែនដោយបង្ខំទៅកាន់ប្រទេសរុស្ស៊ី។
- រដ្ឋាភិបាលរុស្ស៊ីបានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះថា នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Boris Johnson គឺជាមេដឹកនាំដ៏សកម្មបំផុតនៅក្នុងការប្រឆាំងនឹងរុស្ស៊ី ប៉ុន្តែថា វិធានការរបស់រដ្ឋាភិបាលចក្រភពអង់គ្លេសនោះនឹងឈានទៅដល់ចំណុចទាល់ច្រក។ ទីភ្នាក់ងារព័ត៌មាន RIA របស់រុស្ស៊ីបានដកស្រង់សម្ដីរបស់អ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ីលោក Dmitry Peskov ដែលថា៖ «សម្រាប់លោក Johnson យើងយល់ថា លោកគឺជាជនដ៏សកម្មបំផុតម្នាក់ដែលចូលរួមនៅក្នុងការប្រឆាំងនឹងរុស្ស៊ី។ គោលនយោបាយការបរទេសនេះនឹងឈានទៅដល់ចំណុចទាល់ច្រក»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងបណ្ដាមេដឹកនាំបស្ចិមប្រទេសដែលជាសម្ព័ន្ធមិត្ត បានចាប់ផ្តើមកិច្ចប្រជុំកំពូលនៅទីស្នាក់ការកណ្តាលរបស់អង្គការអូតង់ (NATO) នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីដាក់សម្ពាធបន្ថែមលើប្រធានាធិបតីរុស្ស៊ីលោកVladimir Putin ចំពោះការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន និងដើម្បីរកដំណោះស្រាយទប់ទល់នឹងបញ្ហាប្រឈមផ្នែកសន្តិសុខនិងសេដ្ឋកិច្ចដែលកំពុងរីករាលដាលនៅទ្វីបអឺរ៉ុបនិងនៅជុំវិញពិភពលោក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AP។
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានអំពាវនាវឲ្យមនុស្សនៅជុំវិញពិភពលោកប្រមូលផ្តុំគ្នាជាសាធារណៈនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីបង្ហាញការគាំទ្រដល់ប្រទេសរបស់លោកដែលកំពុងទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី ខណៈប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងបណ្ដាមេដឹកនាំបស្ចិមប្រទេសកំពុងជួបពិភាក្សាគ្នាអំពីការដាក់សម្ពាធលើរុស្ស៊ីឲ្យបញ្ឈប់ការឈ្លានពានរបស់ខ្លួនលើប្រទេសអ៊ុយក្រែន។ លោក Zelenskyy បានថ្លែងជាភាសាអង់គ្លេសក្នុងវីដេអូមួយកាលពីយប់ថ្ងៃពុធថា៖ «សូមចេញមកជួបជុំគ្នានៅតាមទីលាននិងដងផ្លូវនានា។ សូមបង្ហាញខ្លួនអ្នកនិងសំឡេងរបស់អ្នក។ សូមនិយាយថា ប្រជាពលរដ្ឋមានសារៈសំខាន់ សេរីភាពមានសារៈសំខាន់ សន្តិភាពមានសារៈសំខាន់ អ៊ុយក្រែនមានសារៈសំខាន់»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AP។
- បណ្តាប្រទេសជាសមាជិកនៃសហភាពអឺរ៉ុបបានចុះហត្ថលេខាលើកញ្ចប់ជំនួយយោធាមួយទៀតដែលមានទឹកប្រាក់ប្រមាណ ៥៥០ លានដុល្លារអាមេរិកសម្រាប់ប្រទេសអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AP។
- រូបភាពដែលត្រូវបានចែកចាយនៅលើបណ្តាញសង្គមអនឡាញកាលពីពេលថ្មីៗនេះបានបង្ហាញឱ្យឃើញ ដ្រូនរាងដូចយន្តហោះមួយប្រវែងប្រមាណជាងមួយម៉ែត្របានធ្លាក់ពីលើអកាសនៅក្នុងតំបន់វាលខ្សាច់មួយក្នុងទីក្រុងកៀវ ប្រទេសអ៊ុយក្រែន។ ដ្រូននេះមិនបានផ្ទុះពេលធ្លាក់លើដីនោះទេ។ រូបភាពដែលត្រូវបានផ្ទៀងផ្ទាត់ដោយកាសែត The Washington Post នេះបានផ្តល់នូវភស្តុតាងថ្មីជាលើកដំបូងដែលថា រុស្ស៊ីកំពុងប្រើប្រាស់អាវុធថ្មីដ៏សាហាវនៅក្នុងការឈ្លានពានរបស់ខ្លួនលើប្រទេសអ៊ុយក្រែន។ អាវុធនោះគឺដ្រូនពិឃាតដែលអាចទម្លាក់គ្រាប់បែកចំគោលដៅបានដោយស្ទើរតែមិនឱ្យដឹងខ្លួនជាមុន។
- អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានច្រានចោលការអំពាវនាវឲ្យមានការធ្វើពហិការលើសេវាផ្គត់ផ្គង់ថាមពលរបស់រុស្ស៊ី ដោយថ្លែងថា ការធ្វើដូច្នេះអាចបង្កឲ្យមានការខូចខាតយ៉ាងខ្លាំងដល់ប្រទេសអាល្លឺម៉ង់។ លោក Scholz កំពុងប្រឈមនឹងសម្ពាធពីក្រុមសកម្មជនបរិស្ថានឲ្យចាត់វិធានការភ្លាមៗដើម្បីឲ្យអាល្លឺម៉ង់ឈប់ប្រើប្រាស់ថាមពលដែលផ្គត់ផ្គង់ដោយរុស្ស៊ី ក៏ប៉ុន្តែលោកថា ការចាត់វិធានការបែបនេះគឺត្រូវការពេលវេលា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AP។
- ក្រុមប្រយុទ្ធថ្មីចំនួន ៤ របស់អង្គការអូតង់ (NATO) ដែលជាទូទៅមានទាហានក្នុងចន្លោះពី ១.០០០ ទៅ ១.៥០០ នាក់ កំពុងត្រូវបានបង្កើតឡើងនៅប្រទេសហុងគ្រី ស្លូវ៉ាគី រ៉ូម៉ានី និងប៊ុលហ្គារី។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
- មន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិកជាន់ខ្ពស់ពីររូបដែលថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា នៅថ្ងៃព្រហស្បតិ៍នេះ ប្រធានាធិបតីអាមេរិកលោក Joe Biden គ្រោងនឹងប្រកាសអំពីផែនការរបស់សហរដ្ឋអាមេរិកដើម្បីទទួលយកក្នុងចំនួនប្រមាណ ១ សែននាក់នូវជនភៀសខ្លួនអ៊ុយក្រែននិងជនភៀសខ្លួនដទៃទៀតដែលរត់ភៀសខ្លួនពីសង្គ្រាមរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើយោងតាមកាសែត The Washington Post។
- ក្រុមមេដឹកនាំនៃអង្គការអូតង់ (NATO) បានបញ្ជាក់ថា ខ្លួនមិនទាត់ចោលជម្រើសប្រឆាំងតបតនឹងរុស្ស៊ីនោះទេ ប្រសិនបើរុស្ស៊ីប្រើអាវុធគីមីវាយប្រហារលើអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AP។
- កងទ័ពជើងទឹករបស់អ៊ុយក្រែនបានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនបានបំផ្លាញនាវាសំចតដ៏ធំមួយរបស់រុស្ស៊ីឈ្មោះ Orsk នៅក្បែរទីក្រុងកំពង់ផែ Berdyansk។ នេះគឺជាសេចក្តីថ្លែងការណ៍ខ្លីមួយដែលបង្ហោះនៅលើបណ្តាញសង្គម Facebook ដោយមានភ្ជាប់ជាមួយនឹងរូបភាពនិងវីដេអូដែលបង្ហាញអំពីទិដ្ឋភាពឆាបឆេះនិងផ្សែងខ្មួលខ្មាញ់នៅកំពង់ផែក្រុង Berdyansk។ យោធារុស្ស៊ីមិនទាន់បានបញ្ជាក់អំពីអ្វីដែលបានកើតឡើងចំពោះនាវានោះនៅឡើយទេ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AP។
- ក្រសួងការបរទេសអាមេរិកថា រុស្ស៊ីបានចាត់ផ្តើមដំណើរការបណ្តេញមន្ត្រីការទូតអាមេរិកមួយចំនួនជាបន្តបន្ទាប់ទៀតចេញពីស្ថានទូតអាមេរិកប្រចាំទីក្រុងមូស្គូ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AP។
- គណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) បានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះថា កិច្ចព្រមព្រៀងរវាងទាហានរុស្ស៊ីនិងទាហានអ៊ុយក្រែនគឺត្រូវការជាចំបាច់ មុនពេលជនស៊ីវិលអាចត្រូវបានជម្លៀសចេញពីប្រទេសអ៊ុយក្រែនឲ្យបានត្រឹមត្រូវ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានបញ្ជាក់ប្រាប់សមាជិកសភាស៊ុយអែតនៅថ្ងៃព្រហស្បតិ៍នេះថា រុស្ស៊ីនឹង «បំផ្លាញសេរីភាព» នៅអឺរ៉ុប ហើយនឹងបន្តឈ្លានពានប្រទេសជិតខាងរបស់ខ្លួន។ លោកបានថ្លែងនៅក្នុងសុន្ទរកថាជាវីដេអូមួយ ដែលទទួលបានការសាទរពីសមាជិកសភាស៊ុយអែតថា៖ «ប្រសិនបើអ៊ុយក្រែនមិនតស៊ូក្រាញននាលនិងការពារខ្លួនឯងនោះទេ នោះមានន័យថា...ប្រទេសជិតខាងរុស្ស៊ីទាំងអស់ស្ថិតក្នុងគ្រោះថ្នាក់ចាប់ពីពេលនេះតទៅ»។ លោកបានបន្ថែមថា៖ «រុស្ស៊ីធ្វើសង្គ្រាមប្រឆាំងអ៊ុយក្រែន ដោយសារតែរុស្ស៊ីចង់រុលទៅមុខបន្ថែមទៀតទៅទ្វីបអឺរ៉ុប។ រុស្ស៊ីចង់បំផ្លាញសេរីភាពនៅអឺរ៉ុប»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានចោទប្រកាន់ប្រទេសរុស្ស៊ីនៅថ្ងៃព្រហស្បតិ៍នេះថាបានប្រើអាវុធគីមីផូស្វ័រនៅក្នុងប្រទេសអ៊ុយក្រែន។ លោកបានថ្លែងនៅក្នុងសារជាវីដេអូទៅកាន់អង្គការអូតង់ (NATO) ដូច្នេះថា៖ «នៅព្រឹកនេះ [រុស្ស៊ី] បានប្រើគ្រាប់បែកគីមីផូស្វ័រ។ មនុស្សពេញវ័យនិងកុមារត្រូវបានសម្លាប់ទៀតហើយ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានជំរុញអង្គការអូតង់ (NATO) នៅថ្ងៃព្រហស្បតិ៍នេះឱ្យផ្ដល់ជំនួយយោធាដោយគ្មានការដាក់កំហិតដល់រដ្ឋាភិបាលអ៊ុយក្រែន។ លោកបានថ្លែងប្រាប់ក្រុមអ្នកតំណាងអង្គការអូតង់តាមវីដេអូថា៖ «ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋនិងទីក្រុងនានារបស់អ៊ុយក្រែន អ៊ុយក្រែនត្រូវការជំនួយយោធាដោយគ្មានការដាក់កំហិត គឺដូចទៅនឹងវិធីដែលរុស្ស៊ីបានប្រើសព្វាវុធគ្រប់យ៉ាងរបស់ខ្លួនលើអ៊ុយក្រែនដោយគ្មានការដាក់កំហិតដូច្នេះដែរ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- អង្គការសហប្រជាជាតិបានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះថា កុមារជាងពាក់កណ្ដាលក្នុងចំណោមកុមារនៅអ៊ុយក្រែនទាំងអស់បានភៀសខ្លួនចេញពីផ្ទះសម្បែង តាំងពីពេលដែលរុស្ស៊ីបានឈ្លានពានអ៊ុយក្រែននៅថ្ងៃទី ២៤ ខែកុម្ភៈមក។ អង្គការយូនីសេហ្វ (UNICEF) បានលើកឡើងថា៖ «សង្គ្រាមរយៈពេលមួយខែកន្លងមកនេះនៅអ៊ុយក្រែនបានធ្វើឱ្យកុមារ ៤ លាន ៣ សែននាក់ភៀសខ្លួន។ ចំនួននេះស្មើនឹងជាងពាក់កណ្ដាលនៃកុមារសរុបប្រហែល ៧ លាន ៥ សែននាក់នៅអ៊ុយក្រែន»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- ក្រុមហ៊ុនថាមពល Gazprom របស់រុស្ស៊ីបានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួននៅបន្តផ្គត់ផ្គង់ឧស្ម័នធម្មជាតិទៅឱ្យទ្វីបអឺរ៉ុបតាមរយៈប្រទេសអ៊ុយក្រែន ស្របតាមសំណើរបស់អតិថិជិននៅអឺរ៉ុប។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានអំពាវនាវនៅថ្ងៃព្រហស្បតិ៍នេះឱ្យមានសាមគ្គីភាពជាសាកលមួយនៅចំខួបមួយខែនៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ដោយលោកបានជំរុញប្រជាពលរដ្ឋនៅជុំវិញពិភពលោកឱ្យចេញអំពាវនាវតាមដងផ្លូវឱ្យមេដឹកនាំនានាដែលជួបប្រជុំគ្នានៅអឺរ៉ុបបង្កើនវិធានការប្រឆាំងនឹងរុស្ស៊ី។ លោក Zelenskyy បានបញ្ជាក់នៅក្នុងសុន្ទរកថាជាវីដេអូមួយថា៖ «សូមចេញពីការិយាល័យរបស់អ្នក ផ្ទះរបស់អ្នក សាលារៀននិងសាកលវិទ្យាល័យរបស់អ្នក សូមចេញមកក្នុងនាមសន្តិភាព សូមចេញមកដោយមាននិមិត្តសញ្ញាអ៊ុយក្រែនដើម្បីគាំទ្រអ៊ុយក្រែន សេរីភាព និងជីវិត»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែនអ្នកស្រី Iryna Vereshchuk បាននិយាយថា កិច្ចព្រមព្រៀងត្រូវបានធ្វើឡើងនៅថ្ងៃព្រហស្បតិ៍នេះដើម្បីបង្កើតច្រករបៀងមនុស្សធម៌ចំនួន ៧ ដើម្បីជម្លៀសជនស៊ីវិលចេញពីប្រទេសអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Boris Johnson បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ចក្រភពអង់គ្លេសនិងបណ្ដាសម្ព័ន្ធមិត្តបស្ចិមប្រទេសរបស់ខ្លួននឹងបង្កើនការដាក់សម្ពាធសេដ្ឋកិច្ចលើប្រទេសរុស្ស៊ី និងកំពុងពិចារណាថាតើអាចធ្វើអ្វីបន្ថែមទៀតដើម្បីរារាំងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin មិនឱ្យទទួលបានមាសបម្រុងទុករបស់ខ្លួន។ នៅមុនកិច្ចប្រជុំរបស់អង្គការអូតង់ (NATO) ចូលមកដល់ លោក Johnson បានប្រាប់វិទ្យុ LBC របស់អង់គ្លេសថា លោក Putin បានដើរហួសបន្ទាត់ក្រហមរួចហើយ និងថា លោក Putin គួរតែបង្ហាញខ្លួននៅពីមុខតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រទេសតួកគីបានអំពាវនាវឱ្យមានកិច្ចប្រឹងប្រែងខ្លាំងជាងមុនដើម្បីសម្រេចឱ្យបាននូវកិច្ចឈប់វាយប្រយុទ្ធគ្នានៅក្នុងប្រទេសអ៊ុយក្រែន និងបានសន្យាថានឹងបន្តកិច្ចការ «សម្រុះសម្រួលនិងសម្របសម្រួល» ជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែន។ កន្លងមក តួកគីបានគាំទ្រអ៊ុយក្រែននិងរិះគន់ការឈ្លានពានរបស់រុស្ស៊ី ប៉ុន្តែបានប្រឆាំងនឹងការដាក់ទណ្ឌកម្មលើរុស្ស៊ី។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានធ្វើដំណើរទៅដល់ទីក្រុងប៊្រុចសែល ប្រទេសប៊ែលហ្ស៊ិកដើម្បីចូលរួមក្នុងកិច្ចប្រជុំបន្ទាន់នានាដើម្បីឆ្លើយតបទៅនឹងសង្គ្រាមរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។ លោក Biden បានចូលរួមក្នុងជំនួបខ្លីមួយជាមួយនឹងអគ្គលេខាធិការអង្គការអូតង់ (NATO) លោក Jens Stoltenberg និងបានថតរូបជាលក្ខណៈគ្រួសារជាមួយនឹងមេដឹកនាំផ្សេងៗទៀតនៃអង្គការអូតង់។ កិច្ចប្រជុំរបស់ក្រុមប្រឹក្សាអឺរ៉ុបនៃសហភាពអឺរ៉ុបនិងកិច្ចប្រជុំរបស់ក្រុមប្រទេស G-7 ក៏នឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍នេះផងដែរ។ នេះបើយោងតាមបណ្ដាញព័ត៌មាន CNN។
- អគ្គលេខាធិការអង្គការអូតង់ (NATO) លោក Jens Stoltenberg បានថ្លែងមុនកិច្ចប្រជុំនៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក ចូលមកដល់នៅថ្ងៃព្រហស្បតិ៍នេះថា៖ «ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានប្រព្រឹត្តកំហុសដ៏ធំមួយ ដែលនោះគឺការធ្វើសង្គ្រាមប្រឆាំងនឹងប្រទេសជាតិឯករាជ្យអធិបតេយ្យមួយ។ លោកបានមើលស្រាលលើកម្លាំងរបស់ប្រជាពលរដ្ឋអ៊ុយក្រែន ភាពក្លាហានរបស់ប្រជាពលរដ្ឋអ៊ុយក្រែន និងកងទ័ពរបស់អ៊ុយក្រែន។ ដូច្នេះហើយ កងទ័ពរុស្ស៊ីកំពុងប្រឈមនឹងការតតាំងដ៏ខ្លាំងក្លាជាងអ្វីដែលពួកគេបានរំពឹងទុក»។
- ស្ថានទូតសហរដ្ឋអាមេរិកប្រចាំរដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែន បានបញ្ជាក់ថា រដ្ឋាភិបាលអ៊ុយក្រែនបានបង្កើតប្រព័ន្ធទិន្នន័យភស្តុតាងមួយអំពីឧក្រិដ្ឋកម្មសង្គ្រាម «ដើម្បីចងក្រងឧក្រិដ្ឋកម្មដែលកងទ័ពរុស្ស៊ីបានប្រព្រឹត្តិលើអ៊ុយក្រែន»។
- លោក Ivan Fedorov អភិបាលក្រុង Melitopol នៃប្រទេសអ៊ុយក្រែន បានបញ្ជាក់ថា កងកម្លាំងរុស្ស៊ីកំពុងប្រព្រឹត្តិអំពើឃោរឃៅ។ លោកបាននិយាយថា កងទ័ពរុស្ស៊ីបានយកជនស៊ីវិលធ្វើជា «ចំណាប់ខ្មាំងនិងជារបាំងការពារ»។ នេះបើយោងតាមសារព័ត៌មាន The Washington Post។
- បណ្ដាញព័ត៌មាន CNN បានរាយការណ៍ដោយយោងទៅលើអភិបាលក្រុង Chernihiv ប្រទេសអ៊ុយក្រែនថា ទីក្រុង Chernihiv មានសាកសពជាច្រើន ហើយទីបញ្ចុះសពនៅក្នុងទីក្រុងមិនមានកន្លែងដែលអាចបញ្ចុះសពអ្នកស្លាប់នៅក្នុងសង្គ្រាមបានទាំងអស់នោះទេ។ អភិបាលក្រុង Chernihiv លោក Vladyslav Atroshenko បាននិយាយថា៖ «ទីបញ្ចុះសពរបស់ទីក្រុង Chernihiv មិនមានកន្លែងគ្រប់គ្រាន់ដើម្បីបញ្ចុះសពអ្នកស្លាប់ទាំងអស់បានទេ ដូច្នេះយើងទុកសពនៅកន្លែងដាក់សពនិងទូត្រជាក់ដាក់សពយូរជាងសព្វដង។ យើងបញ្ចុះសពខ្លះនៅទីបញ្ចុះសពចាស់ៗដែលបានទុកចោលអស់មួយរយៈមកហើយ»។
- ក្រសួងការបរទេសបារាំងបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃពុធម្សិលមិញថា ខ្លួនបានសន្យាផ្ដល់ថវិកាចំនួន ៥០០.០០០ អឺរ៉ូ ដល់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដើម្បីគាំទ្រការស៊ើបអង្កេតលើឧក្រិដ្ឋកម្មដែលរុស្ស៊ីបានប្រព្រឹត្តិនៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន CNN។