ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។

LIVE BLOG: ព្រឹត្តិការណ៍ថ្មីៗអំពីការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ៣ វិច្ឆិកា ២០២២

រុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែន តាំងពីថ្ងៃទី២៤ ខែកម្ភៈ មក។ សូមតាមដានព្រឹត្តិការណ៍ថ្មីៗប្រចាំថ្ងៃទាក់ទងនឹងវិបត្តិអ៊ុយក្រែន នៅ​លើ​ទំព័រ Live Blog ដែលផ្សាយផ្ទាល់នេះ។

២១:៥៥ ២៣.៣.២០២២

ថ្ងៃពុធ ទី ២៣ ខែមីនា៖

  • ទីភ្នាក់ងារ​សារព័ត៌មាន AP រាយការណ៍​ថា មន្ត្រី​យោធា​អូតង់​ជាន់​ខ្ពស់​ម្នាក់ ថ្លែង​ថា ប្រទេស​ជា​សម្ព័ន្ធ​មិត្ត​អូតង់​បាន​សន្និដ្ឋានថា កង​ទ័ព​រុស្ស៊ី​ក្នុង​ចន្លោះ​ប្រមាណ ៣ម៉ឺន​ទៅ​ ៤ម៉ឺន​នាក់ បានរង​គ្រោះ​នៅ​សមរភូមិ​ក្នុង​ប្រទេស​អ៊ុយក្រែន ក្នុង​រយៈពេល​មួយ​ខែ​ក្រោយ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។ ក្នុងនោះ ទាហាន​រុស្ស៊ី​ប្រមាណ ៧ពាន់​នាក់ ទៅ ១ម៉ឺន ៥ពាន់​នាក់ ត្រូវបាន​សម្លាប់។ នេះ​គឺជា​ការ​សន្និដ្ឋាន​ជា​សាធារណៈ​លើក​ដំបូង​របស់​អង្គការ​អូតង់ លើ​ការ​រងគ្រោះ​របស់​កង​កម្លាំង​រុស្ស៊ី​ចាប់​តាំង​ពី​រុស្ស៊ី​បាន​ចាប់ផ្តើម​លុកលុយ​អ៊ុយក្រែន​កាលពី​ថ្ងៃទី ២៤ ខែ​កុម្ភៈ​មក។
  • រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken ថ្លែង​ថា រដ្ឋបាល​ប្រធានាធិបតី​លោក Joe Biden បាន​សម្រេច​ធ្វើ​ការ​កំណត់​ជា​ផ្លូវការ​មួយ​ថា ទាហាន​រុស្ស៊ី​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។
  • បើ​តាម​សេចក្តី​រាយការណ៍​ព័ត៌មាន​របស់ Reuters អគ្គ​លេខាធិការ​អង្គការ​អូតង់​លោក Jens Stoltenberg បាន​ថ្លែង​នៅ​ថ្ងៃ​ពុធ ថា លោក​រំពឹង​ថា​សមាជិក​ទាំង​អស់​នៃ​សម្ព័ន្ធមិត្ត​អូតង់​នឹង​សម្រេច​បង្កើន​កម្លាំង​យោធា​របស់​ខ្លួន​នៅ​ភាគខាង​កើត​អឺរ៉ុប។ ស្រប​ពេល​ជាមួយ​គ្នា​នោះ លោក​ក៏​បាន​ព្រមាន​រុស្ស៊ី​អំពី​ការ​ប្រើប្រាស់​អាវុធនុយក្លេអ៊ែរនៅ​ក្រោយ​រុស្ស៊ី​បានលុកលុយ​អ៊ុយក្រែន​កាលពី​ថ្ងៃទី ២៤ ខែ​កុម្ភៈ​មក។
  • ក្រុម​មេដឹកនាំ​អង្គការ​អូតង់​នឹង​ជួប​ពិភាក្សា​គ្នា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នៅ​ក្នុង​ជំនួប​កំពូល​ដ៏​កម្រ​មួយ​អំពី​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។ លោក Henry Ridgwell អ្នក​រាយការណ៍​ឲ្យ​វីអូអេ​ពី​ទីស្នាក់ការ​អង្គការ​អូតង់​ឲ្យ​ដឹង​ថា មាន​ការ​អំពាវនាវ​កាន់តែ​ច្រើន​ឡើង​ដែល​ជំរុញ​ឲ្យ​បណ្តា​ប្រទេស​លោក​ខាង​លិច​ចាត់​វិធានការ​យោធា​ខ្លាំង​ក្លា​ជាង​មុន​ដើម្បី​គាំទ្រ​ដល់​អ៊ុយក្រែន។

    សមាជិកនៃក្រុមដែលគាំទ្រទាហានរុស្ស៊ីកំពុងប្រតិបត្តិការយោធានៅក្នុងទីក្រុង Mariupol ដែលទាហានរុស្ស៊ីបានគ្រប់គ្រង កាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២២។
    សមាជិកនៃក្រុមដែលគាំទ្រទាហានរុស្ស៊ីកំពុងប្រតិបត្តិការយោធានៅក្នុងទីក្រុង Mariupol ដែលទាហានរុស្ស៊ីបានគ្រប់គ្រង កាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២២។
  • កាសែត The Washington Post រាយការណ៍​ថា អគ្គ​លេខាធិការ​អង្គការ​អូតង់​លោក Jens Stoltenberg ថ្លែង​ថា ក្រុម​យោធា​ប្រយុទ្ធ​ថ្មី​អាច​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​តំបន់​នានា​បន្ថែម​ទៀត ជា​ការ​ឆ្លើយតប​នឹង​ការ​ឈ្លានពាន​ដ៏​ឃោរឃៅ​ឡើង​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន។ លោក ​Jens Stoltenberg បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ទីក្រុង​Brussels ថា ទាហាន​អូតង់​នឹង​ត្រូវ​បញ្ជូន​ទៅ​ប៊ុលហ្គារី ហុងគ្រី រ៉ូម៉ានី និង​ស្លូវ៉ាគី។ លោក​បាន​ថ្លែង​ដូច្នេះ​មុន​កិច្ច​ប្រជុំ​កំពូល​របស់​អង្គការ​អូតង់​ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍។
  • ចាប់​តាំង​ពី​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន​កាលពី​ថ្ងៃទី ២៤ ខែ​កុម្ភៈ​មក អ្នក​សារព័ត៌មាន​៤ នាក់​ហើយ ត្រូវបាន​សម្លាប់​ហើយ​មួយ​ចំនួន​ទៀត​បាន​រង​របួស។ អ្នក​សារព័ត៌មាន​ឯទៀត​ក៏​បាន​រៀបរាប់​ពី​ដំណើរ​គេច​ខ្លួន​រក​ទី​សុវត្ថិភាព​ដែល​ស្ទើរ​តែ​ទៅ​មិន​រួច។ នៅ​ចំពោះ​មុខ​ហានិភ័យ​កាន់តែ​ខ្លាំង​ឡើង ក្រុម​អ្នក​សារព័ត៌មាននិង​អង្គការ​អន្តរជាតិ​កំពុង​ធ្វើ​កិច្ចការ​ផ្តោត​បន្ថែម​លើ​សុវត្ថិភាព​ដល់​អ្នក​សារព័ត៌មាន ហើយ​បាន​បង្ហាញ​ការ​ព្រមាន​នានា​ដើម្បី​ក្រើន​រំលឹក​ដល់​ភាគី​ទាំង​អស់​ក្នុង​ជម្លាះនៅ​អ៊ុយក្រែន​ថា អ្នក​សារព័ត៌មាន​គឺជា​ជន​ស៊ីវិល មិនមែន​ជា​គោលដៅ​នៃ​ការ​វាយ​ប្រហារ។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​អ្នកនាង Sirwan Kajio នៃ​វីអូអេ។
  • សហភាព​អឺរ៉ុប​បាន​ប្រកាស​នៅ​ថ្ងៃ​ពុធ​អំពី​ចំណាត់ការ​របស់​ខ្លួន ដើម្បី​ជួយ​ដល់​ប្រទេស​ជា​សមាជិក​ទាំង​អស់​ក្នុងការ​ជួយ​ដល់​ជនភៀសខ្លួន​រាប់​លាន​នាក់​ដែល​បាន​ភៀសខ្លួន​ចេញ​ពី​ប្រទេស​អ៊ុយក្រែន​ដោយសារ​តែ​ការ​ឈ្លានពាន​របស់​រុស្ស៊ី ដើម្បី​ជួយ​ឲ្យ​កុមារ​អ៊ុយក្រែន​ទទួល​បាន​ឱកាស​ចូលរៀន និង​ជួយ​ឲ្យ​ជន​ភៀស​ខ្លួន​ទាំង​អស់​ទទួល​បាន​សេវា​ថែទាំ​សុខភាព ទី​កន្លែង​ស្នាក់​នៅ និង​ឱកាស​ធ្វើ​ការងារ​ជា​ដើម។
  • លោក​ស្រី ​Annalena Baerbock ​រដ្ឋមន្ត្រី​ការ​បរទេសអាល្លឺម៉ង់បាន​មានប្រសាសន៍​នៅ​ថ្ងៃពុធ​ថាក្រោយពី​ពន្យា​ពេលបញ្ជូន​មីស៊ីល​Strela ថែមទៀតដែល​មានក្នុងបញ្ជី​សារពើភ័ណ្ឌនៃអតីតយោធា​អាល្លឺម៉ង់​ខាង​កើត​កុម្មុយនិស្ត​មួយ​រយៈ​ក្រោយ​មក មីស៊ីល​នេះ​ត្រូវបាន​បញ្ជូន​ទៅអ៊ុយក្រែន​ហើយ។ ការ​លុកលុយ​របស់រុស្ស៊ីក្នុងអ៊ុយក្រែន​បាននាំឱ្យ​អាល្លឺម៉ង់ផ្លាស់ប្តូរ​គោលនយោបាយខ្លួន​ជា​ប្រវត្តិសាស្ត្រ​ដែលមិនបញ្ជូន​អាវុធ​ទៅ​តំបន់​មានសង្គ្រាម តែ​រដ្ឋាភិបាល​អ៊ុយក្រែន​ស្រងាក​ចិត្តនឹងការ​ពន្យា​ពេល​នេះ។ នេះបើ​តាមទីភ្នាក់ងារព័ត៌មាន Reuters។
  • ទីភ្នាក់ងារព័ត៌មាន AP រាយការណ៍​ថា ឯកអគ្គរដ្ឋទូត​អ៊ុយក្រែនប្រចាំ​អង្គការ​សហប្រជាជាតិ​សុំ​ដល់​ប្រទេស​ជាតិ​ទាំង​អស់ ឱ្យ​ប្រឆាំងនឹងការ​លុកលុយ​របស់រុស្ស៊ីដោយ​បោះឆ្នោតគាំទ្រ​សេចក្តី​សម្រេច​មួយរបស់​អ.ស.ប. ស្តី​ពីផលវិបាកខាង​មនុស្សធម៌​នៃ​ការលុកលុយនេះ​ដោយលោក​បាននិយាយ​ថាការធ្វើ​ដូច្នេះ​នឹង​បញ្ជូន​សារ​ខ្លាំងមួយជួយប្រជារាស្ត្រ​ជាប់គាំង​ក្នុង​សង្គ្រាម​នេះនិង​បញ្ឈប់សកម្មភាព​យោធា​របស់​រដ្ឋាភិបា​ល​ក្រុង​ម៉ូស្គូ។
  • មន្ត្រី​បស្ចិម​ប្រទេសម្នាក់​បាន​ថ្លែង​នៅ​ថ្ងៃ​ពុធ​ថា ​ការ​លាលែងពី​តំណែង​របស់​ប្រេសិតវិមានក្រឹមឡាំង​លោក Anatoly Chubais ដោយសារ​ការ​លុកលុយ​របស់​រុស្ស៊ី​ជា​ការ​លើកទឹកចិត្តតែ​វាមិន​ទំនងជា​នឹង​ធ្វើឱ្យ​រង្គោះរង្គើ​ដល់​ការ​ក្តាប់អំណាចរបស់​ Putin ទេ។​ នេះបើ​តាមការ​ប្រាប់ឱ្យ​ដឹង​ដោយ​ទីភ្នាក់ងារព័ត៌មាន Reuters។
  • ទីភ្នាក់ងារព័ត៌មាន Reuters រាយការណ៍​ថា ​លោក​ស្រី Ursula von der Leyen ប្រធាន​គណៈកម្មការ​អឺរ៉ុបបាននិយាយជា​ថ្មីទៀត​នៅ​ថ្ងៃពុធអំ​ពីការ​គាំទ្រ​ដល់អ៊ុយក្រែន ហើយ​ថាបើសេរីភាពមាន​ឈ្មោះមួយ​វាគួរ​មាន​ឈ្មោះ​ហៅ​ថា «អ៊ុយក្រែន»។ ថ្លែង​នៅ​ក្នុង​សុន្ទរកថាមួយ​ទៅកាន់​សភាអឺរ៉ុប​មុនសន្និសីទកំពូលនៃ​ក្រុម​មេដឹកនាំសហភាព​អឺរ៉ុប​ដែល​ចាប់ផ្តើម​នៅ​ថ្ងៃព្រហស្បតិ៍ លោកស្រី​ von der Leyen បាន​មានប្រសាសន៍​ថា ​លោកស្រីមាន​បំណងសម្រេច​ឲ្យមានការ​សន្យា​មួយ​ពី​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​ផ្គត់ផ្គង់​ឧស្ម័ន​ធម្មជាតិ​បន្ថែម​សម្រាប់​រដូវ​ធ្លាក់​ទឹកកកនា​ពេល​ខាង​មុខ​នៅក្នុងកិច្ច​ចរចាជា​មួយ​លោក​ប្រធានាធិបតី Joe Biden ក្នុង​ក្រុង Brussels។

    ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ចូលរួមកិច្ចប្រជុំរដ្ឋាភិបាលរុស្ស៊ីដែលធ្វើឡើងតាមប្រព័ន្ធអនឡាញ នៅវិមានប្រធានាធិបតី Novo-Ogaryovo នៅជាយក្រុងមូស្គូ រុស្ស៊ី ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២២។
    ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ចូលរួមកិច្ចប្រជុំរដ្ឋាភិបាលរុស្ស៊ីដែលធ្វើឡើងតាមប្រព័ន្ធអនឡាញ នៅវិមានប្រធានាធិបតី Novo-Ogaryovo នៅជាយក្រុងមូស្គូ រុស្ស៊ី ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២២។

  • បើ​តាម ​Politico.com.រដ្ឋមន្ត្រីការ​បរទេស​រុស្ស៊ី Sergey Lavrov បាននិយាយនៅ​ថ្ងៃ​ពុធថា «គ្មាននរណា​ម្នាក់​អាច​ទស្សន៍ទាយ» អំពី​ការ​ដាក់ទណ្ឌកម្ម​របស់​ក្រុម​បស្ចិមប្រទេសលើ​ធនាគារ​កណ្តាល​រុស្ស៊ី នៅ​ក្នុង​ការទទួលស្គាល់ធំជា​ដំបូង​ដោយ​វិមានក្រឹមឡាំងថារដ្ឋាភិបាល​ម៉ូស្គូមិន​បានដឹងមុន​អំពីការ​ឆ្លើយ​តប​ឆ្ល​ង​កាត់​មហាសមុទ្រអាត្លង់ទិក​ដល់​ការសម្រេចរបស់ Vladimir Putin ក្នុងការឈ្លានពានលើ​អ៊ុយក្រែន​នោះ​ទេ។
  • សមាជិកព្រឹទ្ធសភា​នៃ​ក្រុម hunger caucusមក​ពី​គណបក្ស​ទាំង​ពីរបាននិយាយថាសហរដ្ឋ​អាមេរិក​ត្រូវបង្កើន​ជំនួយអាហារដើម្បី​បញ្ចៀសកុំឱ្យ​មនុស្សរាប់លាននាក់​ដាច់​ពោះ​ស្លាប់​ពីព្រោះការលុកលុយ​របស់រុស្ស៊ីគំរាមកំហែង​ការ​ផ្គត់ផ្គង់​គ្រាប់​ធញ្ញជាតិ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន AP។
  • ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង Brussels នៃ​ប្រទេស​ប៊ែលហ្សិក នៅ​ថ្ងៃ​ពុធ​នេះ ដើម្បី​ពិភាក្សា​ជាមួយ​ប្រទេស​ជា​សម្ព័ន្ធ​មិត្ត​សំខាន់ៗ អំពី​កិច្ច​ប្រឹងប្រែង​ព្យាយាម​បញ្ចប់​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ដែល​បង្ក​ឡើង​ដោយ​ការ​ឈ្លានពាន​របស់​រុស្ស៊ី។ នេះ​បើ​តាម​ទីភ្នាក់ងារ​ AP។ លោក Biden ត្រូវ​បាន​គេ​រំពឹង​ថានឹង ប្រកាស​ចាត់​វិធានការ​ដាក់​ទណ្ឌកម្ម​ថ្មី​ទៀត​លើ​រុស្ស៊ី និង​សម្របសម្រួល​ឲ្យ​មាន​ជំនួយ​យោធា​បន្ថែម​ដល់​ប្រទេស​អ៊ុយក្រែន។ ជាមួយ​គ្នា​នោះ លោក​ក៏​កំពុង​ជំរុញ​ឲ្យ​មាន​កិច្ច​ប្រឹងប្រែង​វែងឆ្ងាយ​ដើម្បី​ពង្រឹង​យុទ្ធសាស្ត្រ​យោធា​នៅ​អឺរ៉ុប​ខាង​កើត និង​ជួយ​តំបន់​នេះ​ឲ្យ​មាន​ជម្រើស​មិន​ប្រើប្រាស់​ប្រេង​និង​ឧស្ម័ន​របស់​រុស្ស៊ី។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​សេតវិមាន។
  • ទីភ្នាក់ងារ​សារព័ត៌មាន AP បាន​រាយការណ៍​ថា រដ្ឋធានី​កៀវ​របស់​ប្រទេស​អ៊ុយក្រែន​បន្ត​រង​ការ​ប្រយុទ្ធ​ដ៏​ខ្លាំង​ក្លា​រវាង​ទាហាន​រុស្ស៊ី​និង​អ៊ុយក្រែន។ នៅ​ថ្ងៃ​ពុធ​នេះ មាន​ការ​បាញ់​គ្រាប់​ផ្តក់​ជា​ច្រើន​សន្ធឹកសន្ធាប់​លើ​រដ្ឋធានី​នេះ ដោយ​គ្រាប់​រុក្កែត​បាន​បាញ់​កម្ទេច​ហាង​ពាណិជ្ជកម្ម​ធំ​មួយ និង​សំណង់​អគារ​ខ្ពស់ៗ​នៅ​ក្នុង​សង្កាត់ Sviatoshynskyi និង​សង្កាត់ Shevchenkivskyi។ ហើយ​អគ្គិភ័យ​ដែល​បង្ក​ឡើង​ដោយ​ការ​បាញ់​ទាំង​អស់​នេះ​បាន​បណ្តាល​ឲ្យ​ពលរដ្ឋ​បួននាក់​ក្នុង​សង្កាត់​រង​របួស។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​មន្ត្រីមូលដ្ឋាន​អ៊ុយក្រែន។
  • ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskiy បាន​ថ្លែង​នៅ​ថ្ងៃ​ពុធ​នេះ​ថា កិច្ច​ចរចា​គ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​មាន​សភាព​តានតឹង ប៉ុន្តែ​នាំ​មក​នូវ​លទ្ធផល​ទៅមុខ ខណៈ​បណ្តា​ប្រទេស​លោក​ខាង​លិច​គ្រោង​ប្រកាស​វិធានការ​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​រុស្ស៊ី​បន្ថែម​ទៀត ស្រប​ពេល​ដែល​វិបត្តិ​មនុស្សធម៌​ដោយ​សារ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​កាន់តែ​មាន​ស្ថានភាព​អាក្រក់​ឡើង។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​ព័ត៌មាន​របស់ ​Reuters។
  • លោក Vitali Klitschko អភិបាល​ក្រុង​កៀវ បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ថ្ងៃ​ពុធ​នេះ​ថា ជនស៊ីវិល ២៦៤ នាក់ ត្រូវបាន​សម្លាប់​ដោយសារ​ការ​វាយ​ប្រហារ​របស់​ទាហាន​រុស្ស៊ី ហើយ​ថា ទាហាន​អ៊ុយក្រែន​បាន​ដណ្តើមកាន់កាប់​ទីក្រុង Makariv និង​ក្រុង Irpin មក​វិញ​ពី​ទាហាន​រុស្ស៊ី។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​ព័ត៌មាន​របស់ Reuters។

    លោកប្រធានាធិបតីអាមេរិក Joe Biden កំពុងឡើងយន្តហោះធ្វើដំណើរទៅកាន់អឺរ៉ុប ដើម្បីពិភាក្សាដោយផ្ទាល់ជាមួយសម្ព័ន្ធមិត្តអំពីវិបត្តិអ៊ុយក្រែន នៅរដ្ឋ Maryland ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២២។
    លោកប្រធានាធិបតីអាមេរិក Joe Biden កំពុងឡើងយន្តហោះធ្វើដំណើរទៅកាន់អឺរ៉ុប ដើម្បីពិភាក្សាដោយផ្ទាល់ជាមួយសម្ព័ន្ធមិត្តអំពីវិបត្តិអ៊ុយក្រែន នៅរដ្ឋ Maryland ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២២។

  • ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​រាយការណ៍​នៅ​ថ្ងៃ​ពុធ​នេះ​ថា រុស្ស៊ី​បាន​ធ្វើ​ការ​វាយប្រហារ​តាម​ផ្លូវ​អកាស​យ៉ាង​សកម្ម​លើ​ទីក្រុង Mariupol ដែល​ខ្លួន​កំពុង​គ្រប់គ្រង។ ក្រុមប្រឹក្សា​ក្រុង​នេះ​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គារ​ថា ទីក្រុង​កំពង់ផែ​ដ៏​សំខាន់​មួយ​នេះ​ពោរពេញ​ដោយ​«ផេះផង់​និង​ដីដែល​ត្រូវបាន​បំផ្លិចបំផ្លាញ​ចោល» ខណៈ​មាន​ការ​បាញ់​ប្រយុទ្ធ​គ្នា​នៅ​តាម​ដង​ផ្លូវ​នានា​ក្នុង​ក្រុង​រវាង​ទាហាន​អ៊ុយក្រែន​និង​ទាហាន​រុស្ស៊ី។ មនុស្ស​រាប់ពាន់​នាក់​ត្រូវបាន​គេ​ជឿថា​ជាប់​គាំង​នៅ​ក្នុង​អគារ​និង​ទី​លំនៅដ្ឋាន​ដោយ​គ្មាន​ស្បៀង​អាហារ ទឹក អគ្គិសនី​ និង​ថាមពល​កម្តៅ​ប្រើប្រាស់។ អភិបាល​តំបន់​លោក Pavlo Kyrylenko បាន​ថ្លែង​ថា ទាំង​ជនស៊ីវិល​អ៊ុយក្រែន​និង​ទាហាន​អ៊ុយក្រែន​កំពុង​រង​ការ​វាយប្រហារ​ពី​ទាហាន​រុស្ស៊ី។ បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន RIA របស់​រុស្ស៊ី ទាហាន​រុស្ស៊ី​និង​ក្រុម​ផ្តាច់ខ្លួន​នៅ​អ៊ុយក្រែន​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​រុស្ស៊ី បាន​កាន់កាប់​ពាក់កណ្តាល​នៃ​ទីក្រុង​កំពង់​ផែ Mariupol ដែល​មាន​មនុស្ស​សរុប​ជាង ៤សែន​នាក់​រស់នៅ។
  • ទីភ្នាក់ងារ​សារព័ត៌មាន Reuters រាយការណ៍​ថា មន្ត្រី​រដ្ឋាភិបាល​ជើង​ចាស់​របស់​រុស្ស៊ី​លោកAnatoly Chubais បាន​លាលែង​ពី​តំណែង​ជា​តំណាង​ពិសេស​ឲ្យ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin សម្រាប់​ទំនាក់ទំនង​ជាមួយ​អង្គការ​អន្តរជាតិ។ នេះ​បើ​យោង​តាម​ប្រភព​ដែល​បាន​ប្រាប់​សារព័ត៌មាន Reuters ដោយ​មិន​បញ្ចេញ​អត្តសញ្ញាណ។ លោក Anatoly Chubais ថា​លោក​បាន​ចាកចេញ​ពី​ប្រទេស​រុស្ស៊ី​ហើយ​គ្មាន​បំណង​វិល​ត្រឡប់​ចូល​ប្រទេស​វិញ​ទេ។
  • ទីភ្នាក់ងារ​សារព័ត៌មាន Reuters រាយការណ៍​ថា លោក Putin ថា រុស្ស៊ី​នឹង​ចាប់ផ្តើម​លើ​ឧស្ម័ន​របស់​ខ្លួន​ដល់​«បណ្តា​ប្រទេស​ដែល​មិន​សិ្នទ្ធ​នឹង​រុស្ស៊ី» ជារូបិយបណ្ណ​រូប៊ល​ (roubles)។
  • ទាហាន​រុស្ស៊ី​បាន​វាយប្រហារ​ដោយ​គ្រាប់​បែក​លើ​ទីក្រុង​ Chernihiv ដែល​ជា​ទីក្រុង​បុរាណរបស់​ប្រទេស​អ៊ុយក្រែន ស្ថិត​នៅ​ភាគ​ខាង​ជើង​អ៊ុយក្រែន ដោយ​បាន​បំផ្លាញ​ស្ពាន​ដ៏​សំខាន់​មួយ​សម្រាប់​ការ​ជម្លៀស​ពលរដ្ឋ​និង​ដល់​ការ​ផ្គត់ផ្គង់​ជំនួយ​ដល់​ក្រុង​នេះ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អភិបាល​ក្រុង​នៅ​ថ្ងៃ​ពុធ​នេះ។ មន្ត្រី​ក្រុង​ឲ្យដឹង​ថា ពលរដ្ឋ​នៅ​ក្រុង Chernihiv កំពុង​រស់នៅ​ដោយ​គ្មាន​ទឹក​ស្អាត​និង​ថាមពល​ប្រើប្រាស់​ដើម្បី​ចម្អិន​អាហារ​និង​កម្តៅ។ នេះ​បើ​យោង​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP។
  • ទីភ្នាក់ងារ​សារព័ត៌មាន AP បាន​រាយការណ៍​ថា សហរដ្ឋ​អាមេរិក​បាន​សន្និដ្ឋាន​ថា រុស្ស៊ី​បាន​បាត់បង់​សមាសធាតុ​យោធា​១០ភាគរយ​ ក្នុង​នោះ​រួមមាន​ចំនួន​ទាហាន រថក្រោះ និង​សម្ភារៈ​យោធា។ មន្ទីរ​បញ្ចកោណ​របស់​អាមេរិក ឲ្យ​ដឹង​ថា កង​កម្លាំង​អ៊ុយក្រែន​បាន​ចាប់ផ្តើម​ពង្រឹង​យុទ្ធសាស្ត្រ​ប្រយុទ្ធ​ការពារ​របស់​ខ្លួន នៅ​តាម​តំបន់​នានា​ក្នុង​ប្រទេស ដូចជា​ទីក្រុង Kherson ភាគខាង​ត្បូង​ប្រទេស​ដែល​ត្រូវបាន​កាន់កាប់​ដោយ​ទាហាន​រុស្ស៊ី​ពេល​រុស្ស៊ី​ចាប់ផ្តើម​ការ​ឈ្លានពាន​របស់​ខ្លួន​ជា​លើក​ដំបូង។
  • នាវា​ចម្បាំង​របស់​រុស្ស៊ី​កំពុង​បង្កើន​សកម្មភាព​វាយប្រហារ​ថែម​ទៀត​លើ​ទីក្រុង​កំពង់ផែ ​Mariupol របស់​អ៊ុយក្រែន​នៅ​ថ្ងៃពុធ​នេះ។ នេះ​បើ​យោង​តាម​មន្ត្រី​ស៊ើបការណ៍​សម្ងាត់​របស់​ប្រទេស​លោក​ខាង​លិច​ដែល​ឃ្លាំមើល​ស្ថានភាព​នៅ​ក្នុង​ក្រុង​នេះ។ ការ​កាន់កាប់​ទីក្រុង​នេះ​អាច​ផ្តល់​ច្រក​តាម​ផ្លូវ​គោក​មួយ​ដល់​រុស្ស៊ី​ភ្ជាប់​ទៅ​នឹង​តំបន់​គ្រីម៉ា (Crimea) ដែល​រុស្ស៊ី​បាន​ប្រកាស​ថា​ជា​ផ្នែក​មួយ​នៃ​ប្រទេស​រុស្ស៊ី​កាលពី​៨ ឆ្នាំ​មុន។ នេះ​បើ​តាម​សេចក្តីរាយការណ៍​ព័ត៌មាន​របស់​ AP។

    អ្នកពន្លត់អគ្គិភ័យម្នាក់កំពុងព្យាយាមពន្លត់អគ្គិភ័យដែលបានឆាបឆេះសំណង់អគារលំនៅដ្ឋានរបស់ពលរដ្ឋ ដោយសារតែការបាញ់ផ្តក់របស់ទាហានរុស្ស៊ីនៅទីក្រុងកៀវ ប្រទេសអ៊ុយក្រែន ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២២។
    អ្នកពន្លត់អគ្គិភ័យម្នាក់កំពុងព្យាយាមពន្លត់អគ្គិភ័យដែលបានឆាបឆេះសំណង់អគារលំនៅដ្ឋានរបស់ពលរដ្ឋ ដោយសារតែការបាញ់ផ្តក់របស់ទាហានរុស្ស៊ីនៅទីក្រុងកៀវ ប្រទេសអ៊ុយក្រែន ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២២។

  • ទីភ្នាក់ងារ​ព័ត៌មាន AP បាន​រាយការណ៍​ថា ការ​ស៊ើបអង្កេត​អន្តរជាតិ​អំពី​ឧក្រិដ្ឋកម្ម​សង្គ្រាម​និង​ការ​រំលោភបំពាន​ផ្សេងៗ​ទៀត​ដែល​ត្រូវបាន​ប្រព្រឹត្ត​ឡើង​នៅ​ក្នុង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន កំពុង​ដំណើរការ។ មេធាវី​ជនជាតិ​ស្វីស​នៃ​ការិយាល័យ​ស៊ើបអង្កេត​អន្តរជាតិ ថ្លែង​ថា ការិយាល័យ​នេះ​បាន​ចាប់ផ្តើម​ប្រមូល​ភស្តុតាង​ពី​ជនភៀសខ្លួន​អ៊ុយក្រែន​ក្នុង​កិច្ចប្រឹងប្រែង​ដើម្បី​លាត​ត្រដាង​ឧក្រិដ្ឋកម្ម​ដែល​អាច​កើត​មាន និង​ការ​រំលោភបំពាន​លើ​ការ​ដាក់​ទណ្ឌកម្ម​ដែល​កើត​ឡើង​ដោយសារ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។
  • ក្រុម​មន្ត្រី​សន្តិសុខ​នៅ​ប្រទេស​ប៉ូឡូញ​បាន​ឲ្យ​ដឹង​ថា ពួកគ​កំពុង​ធ្វើ​កិច្ចការ​ឲ្យ​មាន​ការ​បណ្តេញ​មន្ត្រី​សន្តិសុខ​សម្ងាត់​រុស្ស៊ី​ចំនួន ៤៥ នាក់​និង​ក្រុម​កាងារ​របស់​ពួកគេ ចេញ​ពី​ប្រទេស​ដែល​បន្ត​ទទួល​បាន​ការ​ការពារ​ខ្លួន​តាម​ផ្លូវ​ការទូត​ក្នុង​ប្រទេស​ប៉ូឡូញ។ នេះបើតាមសេចក្តីរាយការណ៍របស់ AP។
  • ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​ថ្លែង​ទៅ​កាន់​សភា​ជប៉ុន​តាម​ប្រព័ន្ធ​អនឡាញ​នៅ​ថ្ងៃ​ពុធ​នេះ ដោយ​អំពាវនាវ​ឲ្យ​មន្ត្រី​តាក់តែង​ច្បាប់​ជប៉ុន​បន្ត​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី ដោយសារ​តែ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន​ដើម្បី​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​រុស្ស៊ី​ឲ្យ​ចរចា​រក​សន្តិភាព​វិញ។ លោក Zelenskyy បាន​សរសើរ​រដ្ឋាភិបាល​ជប៉ុន​ដែល​បាន​ក្លាយ​ជា​ប្រទេស​ក្នុង​តំបន់​អាស៊ី​ដំបូង​គេ​ដែល​បាន​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី ហើយ​បាន​ស្នើ​ឲ្យ​ជប៉ុន​ចាត់​វិធានការ​នានា​បន្ត​ទៀត។ លោក​ក៏​បាន​ថ្លែង​ថា ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​រុស្ស៊ី​គួរ​តែ​ត្រូវ​កាត់ផ្តាច់ ហើយ​ថា​ក្រុមហ៊ុន​បរទេស​គួរ​តែ​ដក​ខ្លួន​ចេញ​ពី​ទីផ្សារ​សេដ្ឋកិច្ច​អ៊ុយក្រែន​ដើម្បី​ធានា​ថា​រាល់​ការ​វិនិយោគទុន​របស់​ក្រុមហ៊ុន​ទាំង​នេះ មិន​ផ្តល់​ផល​ចំណេញ​ដល់​រុស្ស៊ី។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន AP។
  • លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ពុធ​នេះ បាន​បញ្ជាក់​ជា​ថ្មី​ថា​ ជំហរ​របស់​កម្ពុជា គឺ​ត្រូវ​ចូលរួម​បោះឆ្នោត មិន​មែនធ្វើ​អនុបវាទ​ឡើយ ​នៅ​ក្នុង​វេទិកា​អន្តរ​ជាតិ​នានា​ដែល​ត្រូវ​បង្ហាញ​ការ​សម្រេច​ចិត្ត​លើ​សង្រ្គាម​នៅ​អ៊ុយក្រែន។
១៨:៥៤ ២២.៣.២០២២

ថ្ងៃអង្គារ ទី ២២ ខែមីនា

  • ទីភ្នាក់ងារ​ទទួល​បន្ទុក​កិច្ចការ​ជន​ភៀស​ខ្លួន​របស់​អង្គការ​សហប្រជាជាតិ និយាយថា មនុស្សជាង​ ៣លាន ៥សែន​នាក់​ បានរត់គេចខ្លួន​ពីអ៊ុយក្រែន ចាប់​តាំង​ពី​មាន​ការ​លុកលុយរបស់​រុស្ស៊ី​ដែល​កំពុង​ស្ថិត​ក្នុង​សភាព​គួរឲ្យ​ព្រួយ​បារម្ភ​ខ្លាំង​និង​បង្ក​ឱ្យ​មាន​វិបត្តិ​ជន​ភៀសខ្លួន​ដ៏​អាក្រក់បំផុត​តាំង​ពី​សង្គ្រាមលោក​លើក​ទី​ពីរ​មក។ ទីភ្នាក់ងារ​ UNHCR បានរាយការណ៍​ថាមានមនុស្ស ៣ លាន ៥ សែន៦ ម៉ឺន​នាក់​ បានចាក​ចេញ​ពី​អ៊ុយក្រែនដោយ​ក្នុង​នោះ ជាង​ ២លាន​ ១សែននាក់ បាន​ទៅ​ប្រទេស​ប៉ូឡូញជាង ៥សែន ៤ម៉ឺន​នាក់ ទៅ​ប្រទេសរូម៉ានី និង​ជាង ៣សែន ៦ម៉ឺន ៧ពាន់​នាក់​ទៅ​ប្រទេស​ម៉ុលដូវ៉ា។ នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន AP។
  • អ្នកកាសែត​រុស្ស៊ី​លោក Dmitry Muratov មានប្រសាសន៍​ថា​លោក​ចង់​លក់ដេញថ្លៃរង្វាន់​ណូបែលសន្តិភាព​ឆ្នាំ ២០២១ ​របស់លោកដើម្បី​អង្គាស​ប្រាក់​ជួយ​ក្រុម​ជន​ភៀសខ្លួន​អ៊ុយក្រែន។ នេះ​បើ​តាម​ទីភ្នាក់ងារព័ត៌មាន ​AP។
  • លោកប្រធានាធិបតី Joe Biden នឹង​អរគុណប្រធានាធិបតីប្រទេស​ប៉ូឡូញ​អំពីកិច្ច​ប្រឹង​ប្រែង​របស់​ប្រទេសលោកដែល​បានផ្តល់​ទីជម្រក​ដល់​ក្រុមជន​ភៀស​ខ្លួន​អ៊ុយក្រែន ​នៅ​ពេល​ដែល​លោក​ Biden បំពេញ​ទស្សនកិច្ច​របស់​លោក​នៅ​អឺរ៉ុបក្នុង​សប្តាហ៍​នេះ គ្រា​ដែល​កងកម្លាំង​រុស្ស៊ី​បាននិង​កំពុង​លុកលុយ​អ៊ុយ​ក្រែន​ជិត​មួយ​ខែ​ហើយ។ នេះបើ​តាម​ទីភ្នាក់ងារព័ត៌មាន​ AP។
  • អាជ្ញាធរ​អ៊ុយក្រែន​បាន​ប្រកាស​នៅ​ថ្ងៃ​អង្គារ​នេះ​អំពី​កិច្ច​ប្រឹងប្រែង​ជួយ​សង្គ្រោះ​ជន​ស៊ីវិល​ពី​ទីក្រុង Mariupol។ មនុស្ស​ជាង ២ សែន​នាក់​បាន​ជាប់​គាំង​នៅ​ក្នុង​ទីក្រុង​កំពង់ផែ​នេះ ដែល​កំពុង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ទាហាន​រុស្ស៊ី។ នេះ​បើ​យោង​តាមទីភ្នាក់ងារ​សារព័ត៌មាន AFP។
  • ក្រុម​សកម្មជន​តវ៉ា​ប្រឆាំងនឹង​ការលុកលុយ​របស់រុស្សី​ក្នុងអ៊ុយក្រែនរា​រាំងឡានកាមីញ៉ុងដឹក​ទំនិញ​នៅ​ព្រំដែនប៉ូឡូញ-បេឡារុស។ ចរាចរណ៍​កកស្ទះមានច្រើន​គីឡូម៉ែត្រ​នៅ​ទីតាំង​ត្រួតពិនិត្យ Kukuryki ក្នុង​ប្រទេស​ប៉ូឡូញកាលពី​បីបួន​ថ្ងៃ​មុន​នេះ។ ក្រុម​បាតុករ​បាន​រាំង​ខ្ទប់​សកម្មភាព​ធ្វើ​ពាណិជ្ជកម្ម​រយៈពេល​ពីរ​សប្តាហ៍​មក​ហើយ​ពីព្រោះ​ប្រទេស​បេឡារុស​បានអនុញ្ញាត​ឱ្យ​កងកម្លាំង​រុស្ស៊ី​ប្រើតំបន់​ភូមិសាស្ត្រ​របស់​ខ្លួន​ដើម្បី​បើក​ការ​វាយលុក​លើ​ប្រទេស​អ៊ុយក្រែន។ នេះ​បើ​តាមការ​ផ្សាយ​នៃ​វីទ្យុ​អឺរ៉ុប​សេរី/វិទ្យុសេរីភាព។
  • ទីភ្នាក់ងារព័ត៌មាន The Associate Press បានរាយការណ៍​ថា លោក Ruslan Strelets រដ្ឋមន្ត្រី​ធនធានធម្មជាតិ​អ៊ុយក្រែន​បាននិយាយនៅ​ថ្ងៃ​អង្គារ​ថា​ភ្លើង​ឆេះព្រៃត្រូវ​បានពន្លត់ហើយនៅ​ក្នុង​តំបន់​រោងចក្រនុយក្លេអ៊ែរ Chernobyl ដែល​ស្ថិតក្រោម​ការ​ត្រួតត្រា​របស់​កងកម្លាំងរុស្ស៊ី។ អគ្គិភ័យ​នេះ​បាននាំ​ឱ្យ​មាន​កង្វល់​អំពីលទ្ធភាពនៃ​ការ​លេច​វិទ្យុ​សកម្មពីរោងចក្រ​នោះ តែ​រដ្ឋមន្ត្រី​រូប​នេះ​បានថ្លែង​ថា​កម្រិត​វិទ្យសកម្ម​នៅ​ក្នុង​តំបន់នោះ​ស្ថិត​ក្នុងបទដ្ឋាន​ធម្មតា។​ កាល​មុន​នេះ ពួក​មន្ត្រី​អ៊ុយក្រែនបាន​ចោទប្រកាន់កងកម្លាំង​រុស្ស៊ី​ថាធ្វើឱ្យ​មានអគ្គិភ័យ​នោះ​ដោយ​ចេតនា​ឬបានធ្វើឱ្យ​មានអគ្គិភ័យ​នោះ​ដោយការ​បាញ់​ផ្តក់​គ្រាប់កាំភ្លើង​ធំ។

    ទិដ្ឋភាពទីក្រុង Kharkiv ក្នុងប្រទេសអ៊ុយក្រែនដែលរងការបំផ្លិចបំផ្លាញដោយសារការឈ្លានពានរបស់រុស្ស៊ី ថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២២។
    ទិដ្ឋភាពទីក្រុង Kharkiv ក្នុងប្រទេសអ៊ុយក្រែនដែលរងការបំផ្លិចបំផ្លាញដោយសារការឈ្លានពានរបស់រុស្ស៊ី ថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២២។

  • អ៊ុយក្រែនអំពាវ​នាវ​ដល់ក្រុមហ៊ុន​ចិន​ផលិត​ដ្រូន​ស៊ីវិល​មួយ​ឱ្យ​រារាំង​អ្វី​ដែល​រដ្ឋាភិបាល​អ៊ុយក្រែន​ហៅ​ថា​ការប្រើ​ប្រាស់ដ្រូន​ទាំងនេះ​ដោយ​កងទ័ព​រុស្ស៊ី​ដើម្បី​យក​ការ​វាយ​ប្រហារមីស៊ីលជា​ទី​ដៅ។ ការអំពាវ​នាវ​របស់​លោកឧបនាយក​រដ្ឋ​មន្ត្រី​ Mykhailo Federov​ ដល់​ក្រុម​ហ៊ុន DJI Technology Co. ត្រូវ​ផ្សាយ​តាម​ Twitter គូសបញ្ជាក់​ភាព​តានតឹង​របស់​អ៊ុយក្រែនជា​មួយ​ក្រុម​ហ៊ុន​ចិន។ ​រដ្ឋមន្ត្រី​ការ​បរទេស​ចិន Wang Yi ​បាននិយាយនៅ​ខែ​នេះ​ថា​ រដ្ឋាភិបាលម៉ូស្គូ​ជា«​ដៃគូយុទ្ធសាស្ត្រ​សំ­ខាន់បំផុត»របស់​រដ្ឋាភិបាល​ប៉េកាំង នៅ​ពេល​ក្រុមហ៊ុន​បច្ចេកវិទ្យាបស្ចិម​ប្រទេស​និង​ក្រុម​ហ៊ុន​ឯ​ទៀតៗ​ បាន​ដកថយពី​រុស្ស៊ីដោយសារការលុ​កលុយរបស់ប្រទេស​នេះ​ក្នុងអ៊ុយក្រែន​កាល​ពី​ថ្ងៃទី២៤ ខែកុម្ភៈមក។
  • កាសែត The Washington Post បាន​រាយការណ៍ថា ផ្ទៃដី​យ៉ាង​តិចណាស់​ ៨ម៉ឺន ២ពាន់ ៥រយ​ ២៥គីឡូម៉ែត្រ​ក្រឡា​នៃ​ប្រទេស​អ៊ុយក្រែន​មានផ្ទុក​គ្រឿង​ផ្ទុះ​នាំ​ឱ្យ​មាន​គ្រោះថ្នាក់។ នេះបើ​តាមសមាគម Ukrainian Sappers’ Association ដែលជា​អង្គការ​មិន​គិត​កម្រៃ​ខាង​សម្អាត​មីន។
  • កាសែត The Washington Post បានរាយការណ៍​ថា នៅ​ក្នុងទស្សនកិច្ច​របស់​លោក​ទៅ​អឺរ៉ុប លោក​ប្រធានាធិបតី​អាមេរិក Joe Biden​ នឹងស្វះស្វែងបង្រួប​បង្រួម​សម្ព័ន្ធភាព​បស្ចិម​ប្រទេស​ដែលចាប់ផ្តើមមាន​ការ​ប្រេះឆា។ លោក​នឹងបង្ហាញ​ខ្លួន​ជា​និមិត្តរូបនៅប៉ូឡូញដែល​ក្រុម​មេដឹកនាំ​ប្រទេស​នេះ​បារម្ភ​ថា ​ប្រទេស​ពួក​គេអាច​ជា​ទីដៅអនាគត​នៃ​អំពើ​ឈ្លាន​ពាន​របស់​រុស្ស៊ី។
  • នៅពេល​ដែលការ​លុកលុយតាម​ជើងគោករបស់​រុស្សី​ភាគ​ច្រើន​ជាប់​គាំង​និងរអាក់រអួល មាន​ទស្សនៈ​មួយក្នុង​ចំណោម​ក្រុម​អ្នក​តាម​ឃ្លាំ​មើល​វិមានក្រឹមឡាំងថា មេដឹកនាំ​រុស្ស៊ី Vladimir Putin នឹង​អស់អំណាច។ លោក Jamie Dettmer នៃវីអូអេ​រាយការណ៍អំពីឱកាសនៃ​ការ​មាន​រដ្ឋប្រហារក្នុងជួរ​រដ្ឋាភិបាល​រុស្ស៊ី។
  • នៅថ្ងៃ​អង្គារ​ អគ្គលេខាធិការ​នៃ​អង្គការ​សហប្រជាជាតិ​លោក António Guterres​ បានពណ៌នាសង្គ្រាម​ក្នុង​អ៊ុយក្រែនថា​«មិន​អាច​មាន​អ្នក​ឈ្នះ​បាន​នោះ​ទេ» ដោយលោក​បាន​អំពាវនាវឱ្យ​មាន​ការបញ្ឈប់​ការ​ប្រយុទ្ធ​គ្នានិង​ការ​ចរចាគ្នាដោយ​ម៉ត់ចត់នៅ​ឯ​«តុ​សន្តិភាព»។ នេះបើ​តាម​កាសែត ​The Washington Post។
  • អង្គការ​សុខភាព​ពិភពលោកបាននិយាយកាល​ពី​ថ្ងៃ​អង្គារ​ថា មណ្ឌលថែទាំ​សុខភាព​យ៉ាង​តិច​ណាស់​ ៦២​ កន្លែង​ត្រូវបានវាយ​ប្រហារ​នៅ​អ៊ុយក្រែនចាប់ពី​ថ្ងៃ​ទី ១៨ ខែ​មីនា​មក​។ អង្គការ​នេះបានថ្លែង​ថា​មាន​មនុស្ស​ ១៥ នាក់​ ត្រូវ​បាន​សម្លាប់និង​ ៣៧ នាក់​ទៀត​ត្រូវរបួស​ក្នុងការ​វាយប្រហារ​ទាំង​នោះ​ ដែល​បានកើត​ឡើងតាំង​ពីការ​លុកលុយរបស់​រុស្ស៊ីកា​លពី​ថ្ងៃទី២ ៤ ខែ​កុម្ភៈ​មក។
  • នាយករដ្ឋមន្ត្រី​អង់គ្លេស Boris Johnson និង​លោក Narendra Modi នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​បាន​និយាយគ្នា​តាម​ទូរសព្ទនៅ​ថ្ងៃ​អង្គារ​ថា ​រុស្ស៊ីត្រូវ​តែធ្វើតាម​ធម្មនុញ្ញ​របស់​អង្គការ​សហប្រជាជាតិ។​ នេះ​បើ​តាម​ការ​ប្រាប់ឱ្យ​ដឹងដោយការិយាល័យលោក Johnson។​ សេចក្តី​ថ្លែងការណ៍​មួយចេញ​ផ្សាយ​ដោយ​ការិយាល័យលោក Johson នៅក្រោយ​ការនិយាយទូរសព្ទ​នេះ​ចែង​ថា៖ «​នាយករដ្ឋមន្ត្រី​ទាំង​ពីរនាក់​យល់​ស្រប​គ្នា​ថា​អធិបតេយ្យភាព​និង​បូរណភាព​ដែនដីអ៊ុយក្រែនត្រូវតែ​គោរព»។ នេះ​បើតាម​ទីភា្នក់ងារ​ព័ត៌មាន Reuters។
  • ចំនួន​ជន​ភៀស​ខ្លួន​ពី​ប្រទេស​អ៊ុយក្រែន​បានកើន​លើស​៣លាន ៥សែន​នាក់ ចាប់​តាំង​ពី​រុស្ស៊ី​បាន​ឈ្លានពាន​លើ​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ទទួល​បន្ទុក​កិច្ចការ​ជន​ភៀស​ខ្លួន​ប្រចាំ​អង្គការ​សហប្រជាជាតិ។ ក្នុង​ចំណោម​ជន​ភៀស​ខ្លួន​ទាំង​នោះ មនុស្ស​ជាង ២ លាន ១សែន​នាក់ បាន​ភៀស​ខ្លួន​ទៅ​ប្រទេស​ប៉ូឡូញ ៥៤៣.០០០​នាក់ ទៅ​ប្រទេស​រ៉ូម៉ានី ៣៦៨.០០០​នាក់​ទៅ​ប្រទេស​ម៉ូលដូវ៉ា ហើយ ៣១៨.០០០​នាក់​ទៅ​ប្រទេស​ហុងគ្រី។
  • ​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​ថ្លែង​នៅ​ថ្ងៃ​អង្គារ​ថា លោក​បាន​សន្ទនា​ជាមួយ​សម្តេច​ប៉ាប Pope Francis។ លោក​បាន​សរសេរ​នៅ​លើ​បណ្តាញ​ Twitter ថា៖ «តួនាទី​សម្រប​សម្រួល​ពី​តុលាការ​សាសនា​ដើម្បី​បញ្ចប់​ទុក្ខ​វេទនា​របស់​មនុស្ស ត្រូវបាន​ឲ្យ​តម្លៃ»។
  • ប្រទេស​អ៊ុយក្រែន​បានឲ្យ​ដឹង​ថា ​ខ្លួន​បាន​វាយ​យក​បាន​មក​វិញ​នូវ​តំបន់​ជាយ​ក្រុង​យុទ្ធសាស្ត្រ​សំខាន់​មួយ​នៃ​ក្រុង​ Kyiv កាល​ពី​ព្រឹកថ្ងៃ​អង្គារ​ នៅ​ពេល​ដែល​កងកម្លាំង​រុស្ស៊ី​វាយ​ប្រហារ​ខ្លាំង​លើ​តំបន់​ឯ​ទៀតៗ​ នៅ​ជិត​រដ្ឋធានី ហើយ​ការ​វាយ​ប្រហារ​របស់​រុស្ស៊ីលើ​ក្រុង​កំពង់ផែ Mariupol នា​ប៉ែក​ខាង​ត្បូង​ប្រទេស​មិន​ចុះ​ថមថយ​ទេ នេះ​បើ​តាម​ទី​ភ្នាក់ងារ​ព័ត៌មាន AP។
  • ​ទីភ្នាក់ងារ​ព័ត៌មាន Reuters រាយការណ៍​ថា នៅថ្ងៃ​អង្គារ​កងយោធាអ៊ុយក្រែន​បាន​ព្រមាន​សាធារណជន​អំពី​ការ​បាញ់ផ្តក់ដោយ​ចេតនា​ច្រើន​ជាង​មុន​របស់​រុស្ស៊ី​លើ​ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅ​ពេលលោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​Joe Biden បានព្រមានខ្លាំងបំផុត​ថា​រុស្ស៊ី​កំពុង​ពិចារណា​ប្រើ​អាវុធ​គីមី។

    ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden ថ្លែង​សុន្ទរកថា នៅ​ឯ​កិច្ចប្រជុំ​ Business Roundtable's CEO ប្រចាំ​ត្រីមាស ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។
    ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden ថ្លែង​សុន្ទរកថា នៅ​ឯ​កិច្ចប្រជុំ​ Business Roundtable's CEO ប្រចាំ​ត្រីមាស ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។

  • អ្នកនាំ​ពាក្យ​វិមាន​ក្រឹមឡាំង Dmitry Peskov បាន​ច្រាន​ចោល​ការ​ព្រមាន​របស់​លោក​ប្រធានាធិបតី​Joe Biden ដែល​ថា​រុស្ស៊ី​ប្រហែល​គ្រោង​វាយ​ប្រហារ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ប្រឆាំង​នឹង​សហរដ្ឋ​អាមេរិក។ នៅ​ពេល​សួរ​អំពីអត្ថាធិប្បាយ​របស់​លោក Biden អ្នកនាំ​ពាក្យ​រុស្ស៊ី​រូប​នេះ​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​ថា «សហព័ន្ធ​រុស្ស៊ី មិន​ដូច​ជា​ប្រទេស​ជាច្រើន​ក្នុង​លោក​ខាង​លិច​ទេ មិនធ្វើ​ចោរកម្ម​កម្រិត​រដ្ឋ​ឡើយ»។ នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន AP។
  • ទីភ្នាក់ងារ​ព័ត៌មាន AP រាយការណ៍​ថាលោក​ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានសុំប្រទេស​អ៊ីតាលីឱ្យ​បង្កើនការ​ដាក់ទណ្ឌកម្ម​ប្រឆាំង​នឹង​រុស្ស៊ីហើយ​រឹបអូសធនធាន​ថែមទៀត​ពី​ប្រធានាធិបតី Vladimir Putin និងក្រុម​សម្ព័ន្ធ​មិត្តរបស់​លោក Putin​ដើម្បី​ជា​វិធីមួយ​ដើម្បី​ដាក់សម្ពាធ​លើ​រដ្ឋាភិបាល​ម៉ូស្គូ​ឱ្យ​ធ្វើការចរចា​បញ្ចប់​សង្គ្រាម។
  • លោក Viktor Lyashko រដ្ឋមន្ត្រី​សុខាភិបាលអ៊ុយក្រែន​បាននិយាយ​នៅ​ថ្ងៃ​អង្គារ​ថា​មន្ទីរពេទ្យ​ ១០​ត្រូវបា​នបំផ្លាញ​ទាំង​ស្រុងចាប់​តាំងពី​រុស្ស៊ី​ចូល​លុកលុយ​អ៊ុយក្រែនហើយមន្ទីរពេទ្យ​ឯ​ទៀតៗមិនអាច​ស្តុកឱសថនិង​ឧបករណ៍វេជ្ជសាស្ត្រ​បានទេ​ដោយ​សារ​តែ​មាន​ការ​ប្រយុទ្ធគ្នានៅ​ជិតទី​កន្លែង​ទាំង​នោះ។ នេះបើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ទីភ្នាក់ងារ​ព័ត៌មាន AP រាយការណ៍​ថាលោក​ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បាន​មាន​ប្រសាសន៍កាល​ពី​យប់​ថ្ងៃ​ចន្ទ​ថាលោក​ប្រុងប្រៀបពិភាក្សាអំពី​ជំហរមួយ​របស់​អ៊ុយក្រែន​ដែល​មិន​សុំ​ចូល​ជា​សមាជិក​អង្គការ​អូតង់ដើម្បី​ជា​ថ្នូរ​នឹង​ការ​ឈប់​បាញ់ ការដក​ទ័ពរុស្ស៊ីចេញ​ពី​អ៊ុយក្រែន និង​ការធានា​រ៉ាប់រង​សន្តិសុខដល់​ប្រទេស​អ៊ុយក្រែន។
  • ទីភ្នាក់ងារព័ត៌មាន Reuters រាយការណ៍​ថា នៅ​ថ្ងៃ​អង្គារវិមានក្រឹមឡាំងបានថ្លែង​ថាខ្លួន​ចង់ឱ្យកិច្ចចរចា​ដែល​កំពុងធ្វើ​ឡើងរវាង​រុស្ស៊ីនិងអ៊ុយក្រែន​មាន​ភាព​សកម្ម​និង​នាំមក​នូវ​លទ្ធផល​ជាងមុន នៅ​ពេលការ​ប្រយុទ្ធគ្នា​រវាងកងកម្លាំង​រុស្ស៊ីនិងអ៊ុយក្រែននៅ​តែ​បន្ត​ធ្វើ​ឡើង។ អ្នកនាំ​ពាក្យ​វិមាន​ក្រឹមឡាំង Dmitry Peskov បាននិយាយ​ថារុស្ស៊ីមិន​មាន​បំណង​ប្រកាស​ជា​សាធារណៈ​អំពី​ការ​ទាមទារដ៏​លម្អិតរបស់ខ្លួន​ពី​អ៊ុយក្រែន​នោះ​ទេ។
  • ទីភ្នាក់ងារ​ទទួល​បន្ទុក​កិច្ចការ​ជន​ភៀស​ខ្លួន​របស់​អង្គការ​សហប្រជាជាតិ និយាយថា មនុស្សជាង​ ៣លាន ៥សែន​នាក់​ បានរត់គេចខ្លួន​ពីអ៊ុយក្រែន ចាប់​តាំង​ពី​មាន​ការ​លុកលុយរបស់​រុស្ស៊ី​ដែល​កំពុង​ស្ថិត​ក្នុង​សភាព​គួរឲ្យ​ព្រួយ​បារម្ភ​ខ្លាំង​និង​បង្ក​ឱ្យ​មាន​វិបត្តិ​ជន​ភៀសខ្លួន​ដ៏​អាក្រក់បំផុត​តាំង​ពី​សង្គ្រាមលោក​លើក​ទី​ពីរ​មក។ ទីភ្នាក់ងារ​ UNHCRបានរាយការណ៍​ថាមានមនុស្ស ៣ លាន ៥ សែន៦ ម៉ឺន​នាក់​ បានចាក​ចេញ​ពី​អ៊ុយក្រែនដោយ​ក្នុង​នោះ ជាង​ ២លាន​១សែននាក់ បាន​ទៅ​ប្រទេស​ប៉ូឡូញជាង ៥សែន ៤ម៉ឺន​នាក់ទៅ​ប្រទេសរូម៉ានី និង​ជាង ៣សែន ៦ម៉ឺន ៧ពាន់​នាក់​ទៅ​ប្រទេស​ម៉ុលដូវ៉ា។ នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន AP។
  • អ្នកកាសែត​រុស្ស៊ី​លោក Dmitry Muratov មានប្រសាសន៍​ថា​លោក​ចង់​លក់ដេញថ្លៃរង្វាន់​ណូបែលសន្តិភាព​ឆ្នាំ ២០២១ ​របស់លោកដើម្បី​អង្គាស​ប្រាក់​ជួយ​ក្រុម​ជន​ភៀសខ្លួន​អ៊ុយក្រែន។ នេះ​បើ​តាម​ទីភ្នាក់ងារព័ត៌មាន ​AP។
  • លោកប្រធានាធិបតី Joe Biden នឹង​អរគុណប្រធានាធិបតីប្រទេស​ប៉ូឡូញ​អំពីកិច្ច​ប្រឹង​ប្រែង​របស់​ប្រទេសលោកដែល​បានផ្តល់​ទីជម្រក​ដល់​ក្រុមជន​ភៀស​ខ្លួន​អ៊ុយក្រែន ​នៅ​ពេល​ដែល​លោក​ Biden បំពេញ​ទស្សនកិច្ច​របស់​លោក​នៅ​អឺរ៉ុបក្នុង​សប្តាហ៍​នេះ គ្រា​ដែល​កងកម្លាំង​រុស្ស៊ី​បាននិង​កំពុង​លុកលុយ​អ៊ុយ​ក្រែន​ជិត​មួយ​ខែ​ហើយ។ នេះបើ​តាម​ទីភ្នាក់ងារព័ត៌មាន​ AP។

១៩:២៨ ២១.៣.២០២២

ថ្ងៃចន្ទ ទី២១ ខែមីនា៖

  • ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​និយាយ​ទូរស័ព្ទ​ជាមួយ​នឹង​មេដឹកនាំ​នៃ​សម្ព័ន្ធមិត្ត​អឺរ៉ុប​សំខាន់ៗ​របស់​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ចន្ទ​នេះ នៅ​មុនពេលលោក​ចូលរួម​កិច្ច​ប្រជុំ​កំពូលរបស់​អង្គការ​អូតង់ (NATO) និង​របស់​សហភាព​អឺរ៉ុប។ នេះ​គឺជា​សប្ដាហ៍​សំខាន់​បំផុត​សម្រាប់​ការ​ឆ្លើយតប​របស់​ក្រុម​បស្ចិម​ប្រទេស​ចំពោះ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។ សេតវិមាន​បាន​បញ្ជាក់​ថា លោក Biden បាន​ទទួល​ពិភាក្សា​តាម​ទូរស័ព្ទ​ជាមួយ​នឹង​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron អធិការបតី​អាល្លឺម៉ង់​លោក Olaf Scholz នាយករដ្ឋមន្ត្រី​អ៊ីតាលី​លោក Mario Draghi និង​នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​លោក Boris Johnson «ដើម្បី​ពិភាក្សា​អំពី​ការ​ឆ្លើយតប​ដែល​មាន​ការ​សម្របសម្រួល​ចំពោះ​ការ​វាយប្រហារ​ទទឹង​ទិស​និង​គ្មាន​ហេតុផល​ត្រឹមត្រូវ​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​លោក Dmytro Kuleba នៅ​ថ្ងៃ​ចន្ទ​នេះ បាន​អំពាវនាវ​ឱ្យ​ប្រទេស​ចិន​ដើរ «តួនាទី​សំខាន់» មួយ​នៅ​ក្នុង​កិច្ច​ប្រឹងប្រែង​ដើម្បី​ដោះស្រាយ​ជម្លោះ​របស់​អ៊ុយក្រែន​ជាមួយ​នឹង​រុស្ស៊ី។ លោក Kuleba បាន​សរសេរ​នៅ​លើ Twitter ថា៖ «យើង​គាំទ្រ​គោល​ជំហរ​របស់​រដ្ឋាភិបាល​ចិន​អំពី​ភាព​ចាំបាច់​នៅក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​នយោបាយ​សម្រាប់​សង្គ្រាម [របស់​រុស្ស៊ី] ប្រឆាំង​នឹង​អ៊ុយក្រែន និង​អំពាវនាវ​ឱ្យ​ចិន​ក្នុង​នាម​ជា​មហា​អំណាច​ពិភពលោក​មួយ​ឱ្យ​ដើរ​តួនាទី​សំខាន់​នៅ​ក្នុង​កិច្ច​ប្រឹងប្រែង​នេះ»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • នៅ​ថ្ងៃ​ចន្ទ​នេះ រុស្ស៊ី​បាន​កោះហៅ​ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​រុស្ស៊ី បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក​លោក Joe Biden បាន​ហៅ​មេដឹកនាំ​រុស្ស៊ី​លោក Vladimir Putin ថា​ជា «ឧក្រិដ្ឋជន​សង្គ្រាម»។ ក្រសួង​ការបរទេស​រុស្ស៊ី​បាន​បញ្ជាក់​នៅក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា៖ «ការ​លើកឡើងដូច​នេះ​របស់​ប្រធានាធិបតី​អាមេរិក ដែល​គ្មាន​តម្លៃ​ក្នុង​នាម​ជា​មេដឹកនាំ​របស់​ប្រទេស​មួយ បាន​ធ្វើ​ឱ្យ​ទំនាក់ទំនង​រវាង​រុស្ស៊ី​និង​អាមេរិក​ជិត​ឈាន​ទៅ​ដល់​ចំណុច​ប្រេះស្រាំ»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍ (IOM) របស់​អង្គការ​សហប្រជាជាតិ បាន​បញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា មនុស្ស​ជិត ៦ លាន ៥ សែន​នាក់ បាន​បង្ខំ​ចាកចេញ​ពី​ផ្ទះ​សម្បែង​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ដោយសារតែ​សង្គ្រាម។ ទីភ្នាក់ងារ​នេះ​បាន​បញ្ជាក់​ដូច្នេះ ដោយ​យោង​ទៅ​លើ​ការ​សិក្សា​ស្រាវជ្រាវ​មួយ​ដែល​ខ្លួន​បាន​ធ្វើ​ឡើង​រវាង​ពី​ថ្ងៃ​ទី ៩ ដល់​ថ្ងៃ​ទី ១៦ ខែ​មីនា។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • រដ្ឋមន្ត្រី​ការបរទេស​នៃ​បណ្ដា​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​បាន​ព្រមាន​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន​អាច​បណ្ដាល​ឱ្យ​មាន​គ្រោះ​ទុរភិក្ស​កើតឡើង​នៅ​តាម​ផ្នែក​មួយ​ចំនួន​នៃ​ពិភពលោក ដោយសារតែ​ប្រទេស​រុស្ស៊ី​និង​អ៊ុយក្រែន​គឺជា​ប្រទេស​នាំចេញ​ទំនិញ​កសិកម្ម​ចម្បង​បំផុត។ រដ្ឋមន្ត្រី​ការបរទេស​បារាំង​លោក Jean-Yves Le Drian បាន​និយាយ​ថា សង្គ្រាម​នេះ «នឹង​បង្ក​ជា​ហានិភ័យ​នៃ​គ្រោះ​ទុរភិក្ស​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ» ដោយ​ប៉ះពាល់​ដល់​សន្តិសុខ​ស្បៀង​អាហារ​មិន​ត្រឹមតែ​នៅក្នុង​ទ្វីប​អឺរ៉ុប​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​នៅ​លើ​ពិភពលោក​ទាំងមូល​ផងដែរ»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • ក្រសួង​វិទ្យាសាស្ត្រ​និង​ឧត្តមសិក្សា​នៃ​ប្រទេស​រុស្ស៊ី​បាន​បញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា រដ្ឋាភិបាល​រុស្ស៊ី​បាន​ប្រាប់​អ្នក​សិក្សា​ស្រាវជ្រាវ​នានា​របស់​ខ្លួន​ឱ្យ​ចៀស​ពី​ការ​ចូលរួម​នៅ​ក្នុង​សន្និសីទ​ផ្នែក​វិទ្យាសាស្ត្រ​ផ្សេងៗ​នៅ​បរទេស​នៅ​ក្នុង​ឆ្នាំ​នេះ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • រដ្ឋមន្ត្រី​ការពារ​ជាតិ​អាល្លឺម៉ង់​អ្នកស្រី Christine Lambrecht បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ប្រទេស​អាល្លឺម៉ង់​ត្រៀម​ខ្លួន​រួចរាល់​នៅក្នុង​ការ​ផ្ដល់​ផ្នែក​ស្នូល​នៃ​កង​កម្លាំង​ប្រតិកម្ម​រហ័ស​ថ្មី​របស់​សហភាព​អឺរ៉ុប​នៅ​ឆ្នាំ ២០២៥ ខាងមុខ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ថ្លែងនៅ​ក្នុង​ពិធី​សម្ពោធ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន​ព្រះ​កុសុមៈ​នៅ​ថ្ងៃ​ចន្ទ​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ឱ្យ​បន្ត​រស់នៅ​ទីនោះ ដើម្បី​រួម​សុខ​រួម​ទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​អ៊ុយក្រែន។ លោក​បាន​ថ្លែង​ដូច្នេះ​ថា៖ «ពលរដ្ឋ​កម្ពុជា​យើង​កំពុង​រស់នៅ​អ៊ុយក្រែន​គឺ​មាន ២៣ គ្រួសារ។ ខ្ញុំ​មិន​ឱ្យ​បញ្ជា​ណា​មួយ​ឱ្យ​បងប្អូន​ខ្មែរ​យើង​នៅ​ទីនោះ​នាំ​គ្នា​រត់​ចោល​ប្រជាជន​អ៊ុយក្រែន​ទេ។​...ប្រជាជន​អ៊ុយក្រែន​គាត់​រស់នៅ​យ៉ាង​ម៉េច​បាន យើង​រស់នៅ​ជាមួយ​ពួក​គាត់​ទៅ។ កុំ​រត់​ចោទ​គ្នា»។
  • ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​របស់​រដ្ឋាភិបាល​រុស្ស៊ី​បាន​ស្នើ​តុលាការ​នៅ​ថ្ងៃ​ចន្ទ​នេះ​ឱ្យ​រារាំង​ក្រុមហ៊ុន​បច្ចេកវិទ្យា Meta របស់​សហរដ្ឋ​អាមេរិក «ជា​បន្ទាន់» ដោយ​បាន​ចោទ​ប្រកាន់​ក្រុមហ៊ុន​នេះ​ថា​បាន​ធ្វើ​កិច្ចការ​ដែល​ប្រឆាំង​នឹង​ផល​ប្រយោជន៍​របស់​រដ្ឋាភិបាល​រុស្ស៊ី​ក្នុង​អំឡុងពេល «ប្រតិបត្តិការ​យោធា​ពិសេស» របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន។ ឥឡូវ​នេះ តុលាការ​រុស្ស៊ី​កំពុង​ពិចារណា​លើ​សំណើ​របស់​រដ្ឋអាជ្ញា​ដែល​មាន​បំណង​ចាត់ទុក​ក្រុមហ៊ុន Meta ដែល​ជា​ក្រុមហ៊ុន​មេ​របស់​ក្រុមហ៊ុន Facebook, Instagram និង WhatsApp ថា​ជា​អង្គការ «ជ្រុល​និយម» និង​រារាំង​ក្រុមហ៊ុន​នេះ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • សហភាព​អឺរ៉ុប​គ្រោង​នឹង​អនុម័ត​នៅ​ថ្ងៃ​ចន្ទ​នេះ​លើ​យុទ្ធសាស្ត្រ​ការពារ​ថ្មី​មួយ ដែល​មាន​បំណង​បង្កើន​សមត្ថភាព​របស់​ខ្លួន​នៅក្នុង​ការ​ចាត់​វិធានការ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​បង្កើត​កង​កម្លាំង​ប្រតិកម្ម​រហ័ស​ចំនួន ៥.០០០ នាក់​ផងដែរ។ គម្រោងដែល​បាន​នៅ​រង់ចាំ​អស់​រយៈពេល ២ ឆ្នាំ​មក​ហើយនេះ ត្រូវ​បាន​តាក់តែង​ឡើង​វិញ​នៅ​នាទី​ចុងក្រោយ​ដើម្បី​បង្កើន​ការ​ផ្ដោត​លើ​ការ​គំរាមកំហែង​ពី​រុស្ស៊ី បន្ទាប់ពី​រុស្ស៊ី​បាន​ឈ្លានពាន​អ៊ុយក្រែន។ ប្រធាន​ផ្នែក​គោល​នយោបាយ​ការបរទេស​នៃ​សហភាព​អឺរ៉ុប​លោក Josep Borrell បាន​និយាយ​ថា៖ «គម្រោង​នេះ​មិន​មែន​ជា​ចម្លើយ​សម្រាប់​សង្គ្រាម​នៅ​អ៊ុយក្រែន​ទេ ប៉ុន្តែ​វា​ជា​ផ្នែក​មួយ​នៃ​ចម្លើយ​នេះ»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​សិទ្ធិ​មនុស្ស (OHCHR) បាន​បញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ជន​ស៊ីវិល​ចំនួន ៩២៥ នាក់ បាន​ស្លាប់ និង ១.៤៩៦ នាក់​បាន​រង​របួស​នៅក្នុង​ប្រទេស​អ៊ុយក្រែន គិត​តាំង​ពីពេល​ដែល​រុស្ស៊ី​បាន​ឈ្លានពាន​អ៊ុយក្រែន​កាលពី​ថ្ងៃ​ទី ២៤ ខែ​កុម្ភៈ​រហូត​មកដល់​ថ្ងៃ​ទី ២០ ខែ​មីនា។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។អង្គការ​សហប្រជាជាតិ​បាន​បញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ឥឡូវ​នេះ ពលរដ្ឋ​អ៊ុយក្រែន​ជិត ៣ លាន ៥ សែន​នាក់​បាន​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស បន្ទាប់ពី​រុស្ស៊ី​បាន​ឈ្លានពាន។ អង្គការ​សហ​ប្រជាជាតិ​បាន​សរសើរ​បណ្ដា​ប្រទេស​ជិតខាង​អ៊ុយក្រែន​ថា​បាន​ជួយ​ជន​ភៀសខ្លួន​អ៊ុយក្រែន​ទាំងនោះ​ឱ្យ​រួច​ផុត​ពី «ស្ថានភាព​លំបាក​វេទនា​ខ្លាំងក្លា»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • រដ្ឋមន្ត្រី​ការបរទេស​តួកគី​លោក Mevlut Cavusoglu បាន​បញ្ជាក់​នៅ​លើ Twitter នៅ​ថ្ងៃ​ចន្ទ​នេះ​ថា លោក​បាន​ពិភាក្សា​អំពី​ស្ថានការណ៍​វិវត្តន៍​ក្នុង​ប្រទេស​អ៊ុយក្រែន​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​អេមីរ៉ាត​អារ៉ាប់​រួម​លោក Sheikh Abdullah bin Zayed Al Nahyan នៅក្នុង​រាជធានី​អាប៊ុយដាប៊ី ប្រទេស​អេមីរ៉ាត​អារ៉ាប់​រួម។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ក្រសួង​សេដ្ឋកិច្ច​អាល្លឺម៉ង់​បាន​បញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ក្រុមហ៊ុន​អាល្លឺម៉ង់​មួយ​ចំនួន​បាន​ចុះ​ហត្ថលេខា​ជាមួយ​ក្រុមហ៊ុន​នៅ​ប្រទេស​អេមីរ៉ាត​អារ៉ាប់​រួម ដើម្បី​កសាង​សង្វាក់​ផ្គត់ផ្គង់​អ៊ីដ្រូសែន ស្រប​ពេល​រដ្ឋាភិបាល​អាល្លឺម៉ង់​ចង់​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូន​និង​កាត់​បន្ថយ​ការ​ពឹងផ្អែក​របស់​ខ្លួន​លើ​ថាមពល​របស់​រុស្ស៊ី។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ទីភ្នាក់ងារ​ព័ត៌មាន TASS របស់​រុស្ស៊ី​បាន​រាយការណ៍​ថា ឧបនាយករដ្ឋមន្ត្រី​រុស្ស៊ី​លោក Alexander Novak បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា តម្លៃ​ប្រេង​ឥន្ធនៈ​អាច​កើន​ដល់ ៣០០ ដុល្លារ​ក្នុង​មួយ​បារែល ប្រសិនបើ​ក្រុម​បស្ចិម​ប្រទេស​ឈប់ទិញ​ប្រេងឆៅ​របស់​រុស្ស៊ី។ លោក​បាន​បន្ថែម​ថា ទ្វីប​អឺរ៉ុប​មិន​អាច​បដិសេធ​ប្រេង​ឥន្ធនៈ​និង​ឧស្ម័ន​របស់​រុស្ស៊ី​បានទេ​នៅពេល​នេះ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​អំពាវនាវ​នៅ​ថ្ងៃ​ចន្ទ​នេះ​ឱ្យ​បណ្ដា​មេដឹកនាំ​នានា​នៅ​ទ្វីប​អឺរ៉ុប​បញ្ឈប់​រាល់​ការ​ធ្វើ​ពាណិជ្ជកម្ម​ទាំងអស់​ជាមួយ​នឹង​ប្រទេស​រុស្ស៊ី ដើម្បី​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​រុស្ស៊ី​ឱ្យ​បញ្ឈប់​ការ​ឈ្លានពាន​របស់​ខ្លួន​លើ​អ៊ុយក្រែន។ លោក Zelenskyy បាន​ថ្លែង​នៅក្នុង​សុន្ទរកថា​ជា​វីដេអូ​មួយ​ថា៖ «សូម​កុំ​ជួយ​គាំទ្រសព្វាវុធ​ធ្វើ​សង្គ្រាម​របស់​ប្រទេស​រុស្ស៊ី។ មិន​ត្រូវ​ឱ្យ​អ្នក​ឈ្លានពាន​កាន់កាប់​បាន​ប្រាក់​ពី​អឺរ៉ុប​នោះឡើយ។ សូម​បិទ​កំពង់ផែ​ទាំងអស់​របស់​អ្នក។ សូម​កុំ​នាំ​ទំនិញទៅលក់​នៅរុស្ស៊ី។ សូម​បដិសេធ​ធនធាន​ថាមពល​នានា [របស់​រុស្ស៊ី]។ សូម​ជំរុញ​ឱ្យ​រុស្ស៊ី​ចាកចេញ​ពី​អ៊ុយក្រែន»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • រដ្ឋាភិបាល​រុស្ស៊ី​បាន​បញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ការ​ដាក់​ទណ្ឌកម្ម​លើ​ការ​នាំចូល​ប្រេង​ឥន្ធនៈ​ពី​រុស្ស៊ី ដែល​ប្រទេស​មួយ​ចំនួន​នៅ​ទ្វីប​អឺរ៉ុប​បាន​ធ្វើ​ទាក់ទិន​នឹង​សកម្មភាព​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន នឹង​មាន​ផល​ប៉ះពាល់​ផ្ទាល់​លើ​ប្រទេស​ទាំងអស់។ អ្នក​នាំពាក្យ​រដ្ឋាភិបាល​រុស្ស៊ី​លោក Dmitry Peskov បាន​បញ្ជាក់​ថា៖ «ទណ្ឌកម្ម​បែប​នេះ​នឹង​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​បំផុត​ដល់​ទីផ្សារ​ថាមពល​ពិភពលោក។ វា​នឹង​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ធ្ងន់ធ្ងរ​បំផុត​ដល់​តុល្យភាព​ថាមពល​របស់​ទ្វីប​អឺរ៉ុប»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • លោក Vitali Klitschko អភិបាល​រដ្ឋធានី​កៀវ នៃ​ប្រទេស​អ៊ុយក្រែន បាន​ប្រកាស​បម្រាម​គោចរ​ថ្មី​សម្រាប់​ទីក្រុង​កៀវ​ចាប់ពី​ល្ងាច​ថ្ងៃ​ចន្ទ​នេះ​រហូត​ដល់​ព្រឹក​ថ្ងៃ​ពុធ។ លោក​បាន​សរសេរ​នៅលើ Telegram ថា បម្រាម​គោចរ​នេះ «នឹង​ចាប់ផ្ដើម​នៅ​ម៉ោង ៨ យប់ និង​បន្ត​រហូត​ដល់​ម៉ោង ៧ ព្រឹក ថ្ងៃ​ទី ២៣ ខែ​មីនា»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • នៅក្នុង​សុន្ទរកថា​ជា​វីដេអូ​មួយ​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​ថ្កោលទោស​ការ​ទម្លាក់​គ្រាប់​បែក​របស់​រុស្ស៊ី​លើ​សាលា​សិល្បៈ​មួយនៅក្នុង​ទីក្រុង Mariupol ដែល​នៅ​ទីនោះ មនុស្ស​ប្រហែល ៤០០ នាក់​កំពុង​ជ្រកកោន​។ លោក​ថ្លែង​ដូច្នេះ​ថា៖ «ពួកគេ​កំពុង​ស្ថិត​ក្រោម​គំនរ​បាក់បែក។ យើង​មិន​ដឹង​ថា​ពួកគេ​ប៉ុន្មាន​នាក់នៅ​រស់​នោះទេ។ ប៉ុន្តែ យើង​ដឹង​ថា យើង​នឹង​ប្រាកដ​ជា​បាញ់​ទម្លាក់​អ្នក​បើក​យន្តហោះ​ទម្លាក់​គ្រាប់​បែក​នោះ ដូច​ទៅនឹង​ឃាតករ ១០០ នាក់​ផ្សេង​ទៀត​ដែល​សម្លាប់​មនុស្ស​ទ្រង់ទ្រាយ​ធំ​ដូច​នេះ​ដែរ ដែល​យើង​បាន​បាញ់​ទម្លាក់​រួច​ហើយ»។
មនុស្ស​ម្នា​នាំ​គ្នា​ជីក​ផ្នូរ​សម្រាប់​កប់​សាកសព​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ក្នុង​ជម្លោះ​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​តាម​ដងផ្លូវ​មួយ​ក្នុង​ទីក្រុង​កំពង់ផែ Mariupol ដែល​ត្រូវ​បាន​ឡោមព័ទ្ធ ប្រទេស​អ៊ុយក្រែន ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២។ (REUTERS/Alexander Ermochenko)
មនុស្ស​ម្នា​នាំ​គ្នា​ជីក​ផ្នូរ​សម្រាប់​កប់​សាកសព​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ក្នុង​ជម្លោះ​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​តាម​ដងផ្លូវ​មួយ​ក្នុង​ទីក្រុង​កំពង់ផែ Mariupol ដែល​ត្រូវ​បាន​ឡោមព័ទ្ធ ប្រទេស​អ៊ុយក្រែន ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២។ (REUTERS/Alexander Ermochenko)
  • លោក​នាយ​ឧត្តមសេនីយ៍ Mikhail Mizintsev ប្រធាន​មជ្ឈមណ្ឌល​ជាតិ​រុស្ស៊ី​សម្រាប់​ការ​គ្រប់គ្រង​ផ្នែក​ការពារជាតិ (Russian National Center for Defense Management) បាន​អំពាវនាវ​ដល់​កង​កម្លាំង​អ៊ុយក្រែន​ឱ្យ «ទម្លាក់​អាវុធ​ចុះ» នៅ​ក្នុង​ទីក្រុង Mariupol ដែល​ជា​ទីក្រុង​កំពង់​ផែ​នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន។ រដ្ឋាភិបាល​រុស្ស៊ី​បាន​បញ្ជាក់​ថា «មហន្តរាយ​មនុស្ស​ធម៌​ដ៏​អាក្រក់​បំផុត» កំពុង​កើតឡើង​នៅ​ក្នុង​ទីក្រុង​នោះ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ឧបនាយករដ្ឋមន្ត្រី​អ៊ុយក្រែន​អ្នកស្រី Iryna Vereshchuk បាន​និយាយ​ថា ប្រទេស​អ៊ុយក្រែន​គ្រោង​បញ្ជូន​រថយន្ត​ក្រុង​ជិត ៥០ គ្រឿង នៅ​ថ្ងៃ​ចន្ទ​នេះ​ទៅ​ជម្លៀស​មនុស្ស​ពី​តំបន់​ទីក្រុង Mariupol។ អ្នកស្រី​ក៏​បាន​បញ្ជាក់​ផងដែរ​ថា មនុស្ស ៧.២៩៥ នាក់ ត្រូវ​បាន​ជម្លៀស​ចេញ​ពី​ទីក្រុង​នានា​របស់​អ៊ុយក្រែន​តាម​រយៈ​ច្រក​របៀប​មនុស្សធម៌​កាលពី​ថ្ងៃ​អាទិត្យ ដោយ​ក្នុង​នោះ​មាន​តែ​ច្រក​របៀប​ចំនួន ៤ ក្នុង​ចំណោម​ច្រក​របៀប​គ្រោង​ទុក​ចំនួន ៧ តែ​ប៉ុណ្ណោះ ដែល​ដំណើរការ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ប្រធាន​ផ្នែក​គោល​នយោបាយ​ការបរទេស​របស់​សហភាព​អឺរ៉ុប​លោក Josep Borrell បាន​ហៅ​ការ​វាយប្រហារ​របស់​រុស្ស៊ី​លើ​ទីក្រុង Mariupol ប្រទេស​អ៊ុយក្រែន ថា​ជា «ឧក្រិដ្ឋកម្ម​សង្គ្រាម​ដ៏​ធំធេង​មួយ» ស្របពេល​រដ្ឋមន្ត្រី​ការបរទេស​នៃ​បណ្ដា​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​ជួប​ប្រជុំ​គ្នា​ដើម្បី​ពិភាក្សា​អំពី​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​លើ​រដ្ឋាភិបាល​រុស្ស៊ី។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • អ៊ុយក្រែន​បាន​ច្រានចោល​ឱសានវាទ​របស់​រុស្ស៊ី​ដែល​ចង់​ឱ្យ​ខ្លួន​ចុះចាញ់និងប្រគល់​ការ​គ្រប់គ្រង​ទីក្រុង Mariupol ទៅ​ឱ្យ​រុស្ស៊ី​នៅថ្ងៃ​ចន្ទ​នេះ។ ឧបនាយករដ្ឋមន្ត្រី​អ៊ុយក្រែន​អ្នកស្រី Iryna Vereshchuk បាន​ទាត់ចោល​ការ​ទាមទារ​របស់​រុស្ស៊ី​នេះ និង​បាន​និយាយ​ថា រុស្ស៊ី​គួរតែ​បើក​ច្រក​របៀង​មនុស្សធម៌​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​អាច​ចាកចេញ​ពី​ទីក្រុង Mariupol បាន។ អ្នកស្រី​បាន​បញ្ជាក់​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន Pravda របស់​អ៊ុយក្រែន​ថា៖ «មិន​អាច​មាន​ការ​ពិភាក្សា​អំពី​ការ​ចុះចាញ់ ឬ​ការ​ទម្លាក់​អាវុធ​ចុះ​ណា​មួយ​ទេ។ យើង​បាន​ប្រាប់​ភាគី​រុស្ស៊ី​រួច​ហើយ​អំពី​រឿង​នេះ»។
  • ឯក​អគ្គរដ្ឋទូត​ចិន​ប្រចាំ​សហរដ្ឋ​អាមេរិក​លោក Qin Gang បាន​បញ្ជាក់​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា ប្រទេស​ចិន​នឹង​មិន​បញ្ជូន​សព្វាវុធ​ទៅកាន់​ប្រទេស​រុស្ស៊ី​ដើម្បី​ប្រើ​នៅក្នុង​ប្រទេស​អ៊ុយក្រែន​នោះទេ ប៉ុន្តែ​លោក​មិន​បាន​ច្រានចោល​នូវ​លទ្ធភាព​ដែល​រដ្ឋាភិបាល​ចិន​អាច​ធ្វើ​ដូច្នេះ​នៅ​ពេល​អនាគត​នោះឡើយ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden នឹង​ធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ប៉ូឡូញ​នៅ​ថ្ងៃ​សៅរ៍ ដើម្បី​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​នឹង​ប្រធានាធិបតី​ប៉ូឡូញ​លោក Andrzej Duda។ អ្នក​នាំពាក្យ​សេតវិមាន​អ្នកស្រី Jen Psaki បាន​បញ្ជាក់​នៅក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​អាទិត្យ​ថា នៅក្នុង​ជំនួប​ទ្វេភាគី​នោះ «លោក​ប្រធានាធិបតី [Biden] នឹង​ពិភាក្សា​អំពី​វិធី​ដែល​សហរដ្ឋ​អាមេរិក​រួម​ជាមួយ​នឹង​សម្ព័ន្ធមិត្ត​និង​ដៃគូ​របស់​ខ្លួន ឆ្លើយតប​ទៅ​នឹង​វិបត្តិ​មនុស្សធម៌​និង​សិទ្ធិ​មនុស្ស ដែល​បាន​កើតឡើង​ដោយសារ​សង្គ្រាម​ទទឹង​ទិស​និង​គ្មាន​ហេតុផល​ត្រឹមត្រូវ​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន»។
  • ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​ថ្លែង​សុន្ទរកថា​តាម​វីដេអូ​ទៅកាន់​សភា​ប្រទេស​អ៊ីស្រាអែល​កាលពី​ថ្ងៃ​អាទិត្យ ដោយ​អំពាវនាវ​ឱ្យ​ប្រទេស​អ៊ីស្រាអែល​ប្រកាន់​ជំហរ​ខ្លាំងក្លា​ជាង​មុន​ប្រឆាំង​នឹង​រុស្ស៊ី។ ទីភ្នាក់ងារ​ព័ត៌មាន AP បាន​រាយការណ៍​ថា លោក Zelenskyy បាន​ចោទ​ប្រកាន់​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ថា​បាន​ព្យាយាម​អនុវត្ត «ដំណោះស្រាយ​អចិន្ត្រៃយ៍» មួយ​ប្រឆាំង​នឹង​អ៊ុយក្រែន។ ពាក្យ «ដំណោះស្រាយ​អចិន្ត្រៃយ៍» នេះ គឺជា​ពាក្យ​ដែល​របប​ណាហ្ស៊ី​អាល្លឺម៉ង់​បាន​ប្រើ​សម្រាប់​ការ​ប្រព្រឹត្តិ​អំពើ​ប្រល័យ​ពូជសាសន៍​របស់​ខ្លួន​លើ​ជាតិសាសន៍​ជ្វីហ្វ​ប្រហែល ៦ លាន​នាក់។
១៩:៥៦ ២០.៣.២០២២

ថ្ងៃអាទិត្យ ទី២០ ខែមីនា៖

  • អ្នក​នាំពាក្យ​សេតវិមាន​អ្នកស្រី Jen Psaki បាន​និយាយ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ប្រធានាធិបតី​អាមេរិក​លោក Joe Biden មិន​មាន​គម្រោង​ធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​អ៊ុយក្រែន​នោះទេ នៅពេល​លោក​ធ្វើ​ទស្សនកិច្ច​ទៅកាន់​ទ្វីប​អឺរ៉ុប​នៅ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​នេះ។
  • ប្រទេស​តួកគី​ដែល​បាន​ព្យាយាម​ធ្វើជា​អ្នក​សម្រុះសម្រួល បាន​បញ្ជាក់​ថា រុស្ស៊ី​និង​អ៊ុយក្រែន​មាន​ការ​វិវឌ្ឍ​ទៅមុខ​លើ​ការ​ចរចា​ដើម្បី​បញ្ចប់​សង្គ្រាម ហើយ​ភាគី​ទាំងពីរ​ជិត​ឈាន​ដល់​ការ​ព្រមព្រៀង​គ្នា​ហើយ។ តួកគី​ក៏​បាន​លើកឡើង​ផងដែរ​ថា ខ្លួន​ត្រៀម​លក្ខណៈ​រួចរាល់​នៅក្នុង​ការ​រៀបចំ​ជំនួប​រវាង​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy និង​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • លោក Pavlo Kyrylenko អភិបាល​តំបន់ Donetsk Oblast ក្នុង​ប្រទេស​អ៊ុយក្រែន បាន​បញ្ជាក់​នៅក្នុង​កិច្ច​សម្ភាសន៍​មួយ​តាម​ទូរទស្សន៍​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ការ​ប្រយុទ្ធ​គ្នា​រវាង​កង​កម្លាំង​អ៊ុយក្រែន​និង​កង​កម្លាំង​រុស្ស៊ី​នៅ​បន្ត​នៅក្នុង​ទីក្រុង Mariupol។ ពលរដ្ឋ​ជាច្រើន​ក្នុង​ចំណោម​ពលរដ្ឋ ៤០០.០០០ នាក់ នៃ​ទីក្រុង​នេះ​បាន​ជាប់​នៅក្នុង​ទីក្រុង​នេះ​អស់​រយៈពេល​ជាង ២ សប្ដាហ៍​មក​ហើយ ស្របពេល​រុស្ស៊ី​ព្យាយាម​ដណ្ដើម​កាន់កាប់​ទីក្រុង​នេះ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​សិទ្ធិ​មនុស្ស (OHCHR) បាន​បញ្ជាក់​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ជន​ស៊ីវិល​យ៉ាង​ហោច​ណាស់ ៩០២ នាក់ បាន​ស្លាប់ និង ១.៤៥៩ នាក់​ទៀត​បាន​រង​របួស​នៅក្នុង​សង្គ្រាម​នៅ​អ៊ុយក្រែន គិត​ត្រឹម​ពាក់​កណ្ដាល​យប់​ថ្ងៃ​សៅរ៍។ ទីភ្នាក់ងារ​នេះ​បាន​បន្ថែម​ថា តួលេខ​នៃ​ការ​ស្លាប់​និង​រងរបួស​អាច​ខ្ពស់​ជាង​នេះ​ច្រើន ដោយសារតែ​ខ្លួន​មិន​ទាន់​អាច​ទទួល​បាន​ឬ​ក៏​ផ្ទៀងផ្ទាត់​របាយការណ៍​អំពី​ការ​ស្លាប់​និង​រង​របួស​នេះ​ពី​ទីក្រុង​ដែល​រងគ្រោះ​ខ្លាំង​នានា​ដូចជា​ទីក្រុង Mariupol ជាដើម។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy ដែល​មាន​បំណង​ស្វែងរក​ការ​គាំទ្រ​ពី​ជាតិសាសន៍​ជ្វីហ្វ​និង​ប្រទេស​អ៊ីស្រាអែល ទាក់ទិន​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​ប្រទេស​របស់​លោក គ្រោង​នឹង​ថ្លែង​សុន្ទរកថា​ទៅកាន់​សភា​អ៊ីស្រាអែល​នៅ​ថ្ងៃ​អាទិត្យ​នេះ។ សភា​អ៊ីស្រាអែល​បាន​បញ្ជាក់​ថា សុន្ទរកថា​របស់​លោក Zelenskyy គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ម៉ោង ៦ ល្ងាច ម៉ោង​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល។
ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy ថ្លែង​សុន្ទរកថា​ពី​ទីក្រុង​កៀវ ប្រទេស​អ៊ុយក្រែន ថ្ងៃអាទិត្យ ទី២០ ខែមីនា ឆ្នាំ២០២២។ (Ukrainian Presidential Press Office via AP)
ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy ថ្លែង​សុន្ទរកថា​ពី​ទីក្រុង​កៀវ ប្រទេស​អ៊ុយក្រែន ថ្ងៃអាទិត្យ ទី២០ ខែមីនា ឆ្នាំ២០២២។ (Ukrainian Presidential Press Office via AP)
  • លោក Oleksiy Arestovych ទីប្រឹក្សា​របស់​ប្រធានាធិបតី​អ៊ុយក្រែន បាន​បញ្ជាក់​នៅ​ក្នុង​ការ​ថ្លែង​តាម​វីដេអូ​មួយ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា សមរភូមិ​ជួរ​មុខ​រវាង​កង​កម្លាំង​អ៊ុយក្រែន​និង​កង​កម្លាំង​រុស្ស៊ី​ក្នុង​ពេល​មួយ​ថ្ងៃ​កន្លង​មក «មាន​សភាព​នៅ​នឹង​ថ្កល់​ផ្អែក​តាម​លក្ខណៈ​ប្រតិបត្តិ​ជាក់ស្ដែង» ដោយសារតែ​រុស្ស៊ី​មិន​មាន​កម្លាំង​ប្រយុទ្ធ​គ្រប់គ្រាន់​ដើម្បី​រុល​ទៅ​មុខ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • លោក Filippo Grandi ប្រធាន​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​ជនភៀសខ្លួន (UNHCR) បាន​និយាយ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា មនុស្ស ១០ លាន​នាក់ ដែល​ស្មើ​នឹង​ជាង​មួយ​ភាគ​បួន​នៃ​ប្រជាជន​សរុប​របស់​ប្រទេស​អ៊ុយក្រែន បាន​ភៀស​ខ្លួន​ពី​សង្គ្រាម «ដ៏​មហន្តរាយ» ដែល​រុស្ស៊ី​កំពុង​ធ្វើ​នៅក្នុង​ប្រទេស​អ៊ុយក្រែន។ លោក​បញ្ជាក់​ដូច្នេះ​ថា ពលរដ្ឋ​អ៊ុយក្រែន ៣.៣៨៩.០៤៤ នាក់ បាន​ភៀស​ខ្លួន​តាំងពី​រុស្ស៊ី​បាន​ឈ្លានពាន​អ៊ុយក្រែន​តាំងពី​ថ្ងៃ​ទី ២៤ ខែ​កុម្ភៈ​មក ហើយ​មនុស្ស ៦០.៣៥២ នាក់​ទៀត កំពុង​ភៀស​ខ្លួន​តាំងពី​ថ្ងៃ​សៅរ៍​មក។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • សម្ដេច​ប៉ាប Francis បាន​បន្ត​រិះគន់​ប្រទេស​រុស្ស៊ី ដោយ​នៅ​ថ្ងៃ​អាទិត្យ​នេះ​បាន​ហៅ​សង្គ្រាម​ដែល​បង្ក​ឡើង​ដោយ​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ថា​ជា «ការ​សម្លាប់​រង្គាល​ដ៏​ឆ្កួត​លីលា» ដែល​គ្មាន​ហេតុផល​ត្រឹមត្រូវ និង​បាន​ជំរុញ​ឱ្យ​បញ្ឈប់ «សង្គ្រាម​ដែល​គួរ​ឱ្យ​ស្អប់ខ្ពើម​នេះ»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ប្រទេស​ប៉ូឡូញ ដែល​កំពុង​ប្រឹងប្រែង​ជួយ​ជន​ភៀសខ្លួន​ជាង ២ លាន​នាក់​មកពី​ប្រទេស​អ៊ុយក្រែន បាន​អំពាវនាវ​ឱ្យ​បណ្ដា​ប្រទេស​មាន​បំផុត​នៅ​លើ​ពិភពលោក​ជួយ​កសាង​ប្រទេស​អ៊ុយក្រែន​ឡើងវិញ។ នេះ​បើ​យោង​តាម​កាសែត The Washington Post។
  • រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​បារាំង​លោក Bruno Le Maire បាន​បញ្ជាក់​នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​ទូរទស្សន៍ LCI នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ទណ្ឌកម្ម​ប្រឆាំង​នឹង​រុស្ស៊ី​ទាក់ទិន​នឹង​ការ​ឈ្លានពាន​របស់​ប្រទេស​នេះ​លើ​ប្រទេស​អ៊ុយក្រែន កំពុង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​និង​ដល់​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin។ លោក​បាន​បន្ថែម​ថា ការ​ហាមឃាត់​ការ​នាំចូល​ប្រេង​ឥន្ធនៈ​និង​ឧស្ម័ន​ពី​រុស្ស៊ី​ទៅ​សហភាព​អឺរ៉ុប​នៅតែ​ជា​ជម្រើស​មួយ​សម្រាប់​ប្រទេស​បារាំង។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • នាយក​រដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​លោក Boris Johnson នៅ​ថ្ងៃ​អាទិត្យ​នេះ បាន​ជំរុញ​ប្រទេស​ចិន​ឱ្យ​ចូលរួម​ជាមួយ​បណ្ដា​បស្ចិម​ប្រទេស​នៅ​ក្នុង​ការ​ថ្កោលទោស​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • រុស្ស៊ី​បញ្ជាក់​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ខ្លួន​បាន​បាញ់​មីស៊ីល​លឿន​ជាង​សំឡេង​ថ្មី​បំផុត​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​ពីរ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ដោយ​បាន​បំផ្លាញ​ការដ្ឋាន​ផ្ទុក​ប្រេង​ឥន្ធនៈ​មួយ​កន្លែង​នៅ​ភាគ​ខាង​ត្បូង​ប្រទេស។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • អាជ្ញាធរ​អ៊ុយក្រែន​បាន​ចោទ​ប្រកាន់​កង​កម្លាំង​រុស្ស៊ី​ថា​បាន​ទម្លាក់​គ្រាប់​បែក​លើ​សាលា​សិល្បៈ​មួយ​កន្លែង​នៅ​ក្នុង​ទីក្រុង Mariupol ដែល​នៅ​ទីនោះ មនុស្ស​ប្រហែល ៤០០ នាក់ រួម​ទាំង​ស្ត្រី​និង​កុមារ​ផងដែរ កំពុង​ជ្រកកោន​គេច​ពី​សង្គ្រាម។ រុស្ស៊ី​បាន​បដិសេធ​ថា ខ្លួន​មិន​បាន​វាយ​ប្រហារ​សំដៅ​លើ​ជន​ស៊ីវិល​នោះទេ។ អាជ្ញាធរ​អ៊ុយក្រែន​ក៏​បាន​ចោទ​ប្រកាន់​កង​កម្លាំង​រុស្ស៊ី​ផងដែរ​ថា​បាន​ចាប់​បញ្ជូន​ពលរដ្ឋ​ប្រហែល ១.០០០ នាក់​ត្រឡប់​ទៅ​រុស្ស៊ី​វិញ និង​ដក​ហូត​លិខិត​ឆ្លងដែន​អ៊ុយក្រែន​របស់​ពួកគេ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters និង​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • ខុទ្ទកាល័យ​របស់​ប្រធានាធិបតី​អ៊ុយក្រែន​បានប​ញ្ជាក់​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា លោក​ប្រធានាធិបតី Volodymyr Zelenskyy បាន​ចុះ​ហត្ថលេខា​លើ​អនុក្រឹត្យ​មួយ​ដែល​នឹង​បញ្ចូល​ស្ថានីយ៍​ទូរទស្សន៍​ជាតិ​ទាំងអស់​ជា​ស្ថានីយ៍​ទូរទស្សន៍​តែ​មួយ ដោយ​លើកឡើង​អំពី​សារៈសំខាន់​នៃ «គោល​នយោបាយ​ព័ត៌មាន​រួម​តែ​មួយ» នៅក្រោម​ច្បាប់​អាជ្ញាសឹក។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ក្រុមប្រឹក្សា​ក្រុង Mariupol នៃ​ប្រទេស​អ៊ុយក្រែន​បាន​បញ្ជាក់​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា មនុស្ស​ជិត ៤០.០០០ នាក់ ដែល​ស្មើ​នឹង​ប្រហែល ១០% នៃ​ប្រជាពលរដ្ឋ​សរុប​នៅក្នុង​ទីក្រុង Mariupol បាន​គេច​ខ្លួន​ចេញ​ពី​ទីក្រុង​នេះ បន្ទាប់ពី​កងទ័ព​រុស្ស៊ី​បាន​ឡោមព័ទ្ធ​ទីក្រុង​នេះ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AP។
ប្រជាជន​អ៊ុយក្រែន​ឈរ​នៅ​ជិត​រថយន្ដ​មួយ​គ្រឿង បន្ទាប់​ពី​រត់ភៀសខ្លួន​ចេញ​ពី​ទីក្រុង Mariupol ដោយសារ​ការ​វាយប្រហារ​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​ដែល​នៅ​តែ​បន្ដ​ ទីក្រុង Zaporizhzhia ប្រទេស​អ៊ុយក្រែន ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២។
ប្រជាជន​អ៊ុយក្រែន​ឈរ​នៅ​ជិត​រថយន្ដ​មួយ​គ្រឿង បន្ទាប់​ពី​រត់ភៀសខ្លួន​ចេញ​ពី​ទីក្រុង Mariupol ដោយសារ​ការ​វាយប្រហារ​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​ដែល​នៅ​តែ​បន្ដ​ ទីក្រុង Zaporizhzhia ប្រទេស​អ៊ុយក្រែន ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២។

  • ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា ការឡោមព័ទ្ធរបស់រុស្ស៊ីលើទីក្រុង Mariupol របស់អ៊ុយក្រែនគឺជា «អំពើសាហាវយង់ឃ្នងដែលនឹងត្រូវចងចាំក្នុងរយៈពេលជាច្រើនសតវត្សរ៍ខាងមុខ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
  • អ៊ុយក្រែន​បាន​អំពាវនាវ​ឱ្យ​ប្រទេស​ចិន​ថ្កោលទោស «អំពើ​សាហាវ​ព្រៃផ្សៃ​របស់​រុស្ស៊ី» បន្ទាប់ពី​សហរដ្ឋ​អាមេរិក​បាន​ព្រមាន​រដ្ឋាភិបាល​ចិន​ថា ចិន​នឹង​ទទួល​ផល​វិបាក​ប្រសិនបើ​គាំទ្រ​ការ​វាយប្រហារ​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។ លោក Mikhailo Podolyak ទីប្រឹក្សា​របស់​ប្រធានាធិបតី​អ៊ុយក្រែន បាន​សរសេរ​នៅ​លើ Twitter ថា៖ «ប្រទេស​ចិន​អាច​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៅក្នុង​ប្រព័ន្ធ​សន្តិសុខ​សាកលលោក ប្រសិនបើ​ចិន​ធ្វើ​សេចក្ដី​សម្រេច​ត្រឹមត្រូវ​នៅក្នុង​ការ​គាំទ្រ​សម្ព័ន្ធភាព​របស់​បណ្ដា​ប្រទេស​ដែល​មាន​អារ្យធម៌​ខ្ពង់ខ្ពស់​និង​ថ្កោលទោស​អំពើ​សាហាវ​ព្រៃផ្សៃ​របស់​រុស្ស៊ី»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • ឧប​នាយករដ្ឋមន្ត្រី​អ៊ុយក្រែន​អ្នកស្រី Iryna Vereshchuk បាន​បញ្ជាក់​ថា ច្រក​របៀង​មនុស្សធម៌​ចំនួន ៧ នឹង​បើក​នៅ​ថ្ងៃ​អាទិត្យ​នេះ​ដើម្បី​សម្រួល​ឱ្យ​ជន​ស៊ីវិល​ចាកចេញ​ពី​តំបន់​ជួរ​មុខ​នៃ​សង្គ្រាម។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • អូស្ត្រាលី​ហាមឃាត់​រាល់​ការ​នាំចេញ​ទាំង​អស់​នៃ​អាលុយមីញ៉ូម​និង​បុកស៊ីត​ (សារធាតុ​គីមី) ទៅកាន់​ប្រទេស​រុស្ស៊ី និង​សន្យា​ផ្ដល់​ជំនួយ​សព្វាវុធ​និង​ជំនួយ​មនុស្សធម៌​បន្ថែម​ទៀត​ដល់​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG