ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។

LIVE BLOG: ព្រឹត្តិការណ៍ថ្មីៗអំពីការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ៣ វិច្ឆិកា ២០២២

រុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែន តាំងពីថ្ងៃទី២៤ ខែកម្ភៈ មក។ សូមតាមដានព្រឹត្តិការណ៍ថ្មីៗប្រចាំថ្ងៃទាក់ទងនឹងវិបត្តិអ៊ុយក្រែន នៅ​លើ​ទំព័រ Live Blog ដែលផ្សាយផ្ទាល់នេះ។

១៩:៤០ ១៩.៣.២០២២

ថ្ងៃសៅរ៍ ទី ១៩ ខែមីនា៖

  • ការិយាល័យសិទ្ធិមនុស្សប្រចាំអង្គការសហប្រជាជាតិ ឲ្យដឹងថា កំណត់ត្រារបស់ខ្លួនបង្ហាញថា ជនស៊ីវិលសរុប ៨១៦ នាក់ បានស្លាប់ និង ១.៣៣៣ នាក់ បានរងរបួស ចាប់តាំងពីរុស្ស៊ីបានឈ្លានពានលើអ៊ុយក្រែននៅថ្ងៃទី ២៤ ខែកុម្ភៈមក។ អង្គការសហប្រជាជាតិក៏បញ្ជាក់ថា តួលេខពិតប្រាកដអាចច្រើនជាងនេះ។ ដោយឡែក មន្ត្រីអ៊ុយក្រែនបានលើកឡើងថា មនុស្សជាច្រើនពាន់នាក់ត្រូវបានសម្លាប់។ បន្ថែមលើនេះ ការិយាល័យអគ្គរដ្ឋអាជ្ញារបស់ប្រទេសអ៊ុយក្រែន បានរាយការណ៍នៅថ្ងៃសៅរ៍នេះថា កុមារសរុប ១១២ នាក់ ត្រូវបានសម្លាប់ ចាប់តាំងពីការវាយប្រយុទ្ធគ្នាបានកើតឡើង ហើយ ១៤០ នាក់ បានរងរបួស។ នេះបើតាមសេចក្តីរាយការណ៍ព័ត៌មានរបស់ AP។​
  • សារព័ត៌មាន ​Reuters បាន​រាយការណ៍​ថា មនុស្ស​ជាង ៤ សែន​នាក់ បាន​ជាប់​គាំង​នៅ​ក្នុង​ក្រុង​កំពង់ផែ Mariupol​ជាប់​សមុទ្រ Azov អស់​រយៈពេល​ជាង​ពីរ​សប្តាហ៍​មក​ហើយ ដោយ​ត្រូវ​ពួន​លាក់​ខ្លួន​ដើម្បី​គេច​ឲ្យ​ផុត​ពី​ការ​ប្រយុទ្ធ​ដ៏​ខ្លាំងក្លា​របស់​ទាហាន​រុស្ស៊ី​ក្នុង​តំបន់​នេះ ដែល​បាន​បណ្តាល​ឲ្យ​មាន​ការ​កាត់​ផ្តាច់​ប្រព័ន្ធ​អគ្គិសនី ប្រព័ន្ធ​ថាមពល​កម្តៅ និង​ទឹក​ស្អាត​សម្រាប់​ប្រើប្រាស់។ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​មន្ត្រី​មូលដ្ឋាន​ក្នុង​ក្រុង​នេះ។
  • មនុស្ស​ ៩ នាក់​ ត្រូវ​បាន​សម្លាប់ និង​ ១៧ នាក់​ បាន​រង​របួស ដោយ​សារ​ការ​បាញ់ផ្តក់​របស់​ទាហាន​រុស្ស៊ី​លើ​តំបន់​ជាយក្រុង Zaporizhzhia នៅ​ក្នុង​ភាគខាង​ត្បូង​ប្រទេស​អ៊ុយក្រែន កាលពី​ថ្ងៃ​សុក្រ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក Anatoliy Kurtiev អភិបាល​រង​ក្រុង​នា​ថ្ងៃ​សៅរ៍​នេះ។ លោក Kurtiev បាន​សរសេរ​នៅ​លើ​បណ្តាញ​អ៊ីនធឺណិត​ថា យោធា​អ៊ុយក្រែន​បាន​ប្រកាស​ចាត់​វិធានការ​គោចរ​រយៈពេល ៣៨ ម៉ោង នៅ​ក្រុង Zaporizhzhia នេះ ដែល​បាន​រង​ការ​វាយ​ប្រហារ​ធ្ងន់ធ្ងរ​ពី​ទាហាន​រុស្ស៊ី ដោយ​ការ​បាញ់​គ្រាប់​កាំភ្លើង​ត្បាល់ តាម​រថក្រោះ ឧទ្ធម្ភាគចក្រ និង​ប្រព័ន្ធ​បាញ់​គ្រាប់​រុក្កែត។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។
  • នៅ​ថ្ងៃ​សៅរ៍​នេះ យោធា​រុស្ស៊ី​បាន​រាយការណ៍​ថា ខ្លួន​បាន​ប្រើ​ប្រព័ន្ធ​បាញ់​មីស៊ីល​ដែល​មាន​ល្បឿន​លឿន​ខ្លាំង​ជាង​សំឡេង ជា​លើក​ដំបូង​នៅ​ក្នុង​ការ​វាយ​ប្រហារ​របស់​ក្នុង​ប្រទេស​អ៊ុយក្រែន។ ឧត្តមសេនិយ Igor Konashenkov ដែល​ជា​អ្នក​នាំពាក្យ​ប្រចាំ​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី បាន​និយាយ​ថា មីស៊ីល Kinzhal បាន​បំផ្លាញ​ឃ្លាំង​ក្រោមដី​ដែល​ផ្ទុក​គ្រាប់​មីស៊ីល​និង​គ្រាប់​បាញ់ពីយន្តហោះ​របស់​ទាហាន​អ៊ុយក្រែន នៅ​ភាគ​ខាង​លិច​តំបន់ ​Ivano-Frankivsk ក្នុង​ប្រទេស​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​ព័ត៌មាន​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP។
  • រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​អ៊ុយក្រែន ឲ្យ​ដឹង​ថា អ៊ុយក្រែន​ត្រូវ​ចំណាយ​ពេល​រាប់​ឆ្នាំ ដើម្បី​ដោះ​គ្រាប់​មិន​ទាន់​ផ្ទុះ​ក្នុង​ប្រទេស​របស់​ខ្លួន គ្រា​ដែល​ការ​ឈ្លានពាន​របស់​រុស្ស៊ី​ត្រូវ​បញ្ចប់។ លោក Denys Monastyrsk បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​ AP នៅ​ក្នុង​បទសម្ភាសន៍​មួយ​ក្នុង​ទីក្រុង Kyiv កាលពី​ថ្ងៃ​សុក្រ​ថា អ៊ុយក្រែន​នឹង​ត្រូវការ​ជំនួយ​ពី​បណ្តា​ប្រទេស​លោក​ខាង​លិច ដើម្បី​ដោះ​គ្រាប់​មីន​យុទ្ធភ័ណ្ឌ​ដែល​មិន​ទាន់​ផ្ទុះ នៅ​ពេល​សង្គ្រាម​ត្រូវបាន​បញ្ចប់។
  • ប្រធាន​គណៈប្រតិភូ​រុស្ស៊ី​សម្រាប់​ការ​ចរចា​ជាមួយ​មន្ត្រី​អ៊ុយក្រែន បាន​ឲ្យ​ដឹង​ថា ភាគី​ទាំងពីរ​ជិត​សម្រេច​បាន​កិច្ច​ព្រមព្រៀង​គ្នា​មួយ​ស្តីអំពី​ជំហរ​មិន​លម្អៀង​មួយ​សម្រាប់​ប្រទេស​អ៊ុយក្រែន ដែល​នេះ​ជា​ការ​ទាមទារ​ដ៏​សំខាន់​មួយ​របស់​រុស្ស៊ី ខណៈ​រុស្ស៊ី​បន្ត​ការ​វាយ​ប្រហារ​របស់​ខ្លួន​នៅ​អ៊ុយក្រែន។ លោក Vladimir Medinsky បាន​ថ្លែង​នៅ​ថ្ងៃ​សុក្រ​ថា ភាគី​ទាំងពីរ​បាន​ស្រុះស្រួល​គ្នា​ជាង​មុន​ពាក់ព័ន្ធ​នឹង​ការ​ទាមទារ​ឲ្យ​អ៊ុយក្រែន​បោះបង់​ចោល​គោល​បំណង​របស់​ខ្លួន​ដើម្បី​ចូល​ជា​សមាជិក​នៃ​អង្គការ​អូតង់។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP។

    ទិដ្ឋភាពទូទៅនៅក្នុងសាលហាត់កីឡាដែលត្រូវបានប្រែក្លាយជាកន្លែងស្នាក់នៅបណ្តោះអាសន្នដល់ជនភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែន នៅទីក្រុង Przemysl ប្រទេសប៉ូឡូញ ថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២២។
    ទិដ្ឋភាពទូទៅនៅក្នុងសាលហាត់កីឡាដែលត្រូវបានប្រែក្លាយជាកន្លែងស្នាក់នៅបណ្តោះអាសន្នដល់ជនភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែន នៅទីក្រុង Przemysl ប្រទេសប៉ូឡូញ ថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២២។

  • រដ្ឋមន្ត្រី​ការបរទេស​ជប៉ុនលោក Yoshimasa Hayashi ថា ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​គឺជា​ការ​រំលោភបំពាន​លើ​អធិបតេយ្យភាព។ លោក​បាន​ថ្លែង​ដូច្នេះ​នៅជំនួប​របស់​លោក​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​តួកគី នៅ​ថ្ងៃ​សៅរ៍​នេះ ក្នុង​ទីក្រុង Antalya ប្រទេស​តួកគួ។ លោក​បាន​ថ្លែង​តាម​ការ​បកប្រែ​ផ្លូវការ​ថា៖ «ទាក់ទង​នឹង​ស្ថានភាព​ក្នុង​ប្រទេស​អ៊ុយក្រែន សកម្មភាព​ជា​បន្តបន្ទាប់​រួមទាំង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​គឺជា​ការ​រំលោភ​បំពាន​លើ​អធិបតេយ្យភាព​និង​បូរាណភាព​ដែនដី​របស់​អ៊ុយក្រែន ហើយ​នេះ​ជា​ការ​រំលោភ​ច្បាប់​អន្តរជាតិ​មួយ ដែល​ហាម​ឃាត់​មិន​ឲ្យ​មាន​ការ​ប្រើ​អំពើ​ហិង្សា។ យើង​យល់​ស្រប​ជាមួយ​នឹង​លោក​រដ្ឋមន្ត្រី Cavusoglu ក្នុង​បញ្ហា​នេះ។ លោក​រដ្ឋមន្ត្រី​ Cavusoglu បាន​ផ្តល់​ព័ត៌មាន​លម្អិត​ស្តី​ពី​ទំនាក់​ទំនង​ជិតស្និទ្ធ​របស់​តួកគី​ជាមួយ​ប្រទេស​អ៊ុយក្រែន​និង​រុស្ស៊ី»។នេះ​បើ​យោង​តាម​សេចក្តីរាយការណ៍​ព័ត៌មាន Reuters។
  • ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបង្ហាញខ្លួនក្នុងពិធីដង្ហែរក្បួនទង់ជាតិដ៏ធំមួយ នៅពហុកីឡដ្ឋានមូស្គូ កាលពីថ្ងៃសុក្រ ហើយបានថ្លែងកោតសរសើរកងទ័ពរុស្ស៊ី ដែលកំពុងប្រយុទ្ធក្នុងប្រទេសអ៊ុយក្រែន ក្នុងរយៈពេលបីសប្តាហ៍ក្រោយការឈ្លានពានរបស់រុស្ស៊ី ដែលបានបង្កការខាតបង់ច្រើននៅសមរភូមិដល់រុស្ស៊ីលើសពីការរំពឹងទុក និងដែលជំរុញឲ្យមានការគ្រប់គ្រងបែបអាជ្ញាធិបតេយ្យកាន់តែកើនឡើងនៅរុស្ស៊ី។ ថ្លែងនៅលើឆាកដែលមានបដាសរសេរថា «ដើម្បីពិភពលោកមួួយដែលគ្មានរបបនិយមពួកណាហ្ស៊ី» លោក Putin បានថ្លែងទៅកាន់ក្រុមដែលប្រឆាំងនឹងរូបលោកនៅក្នុងប្រទេសអ៊ុយក្រែនដោយគ្មានអំណះអំណាងច្បាស់លាស់ថា ពួកគេជា «ក្រុមណាហ្ស៊ីជ្រុលនិយម»។ លោក Putin បានបន្តអះអាងថា សកម្មភាពរបស់លោកក្នុងការបញ្ជូនទ័ពចូលអ៊ុយក្រែន គឺចាំបាច់ដើម្បីទប់ស្កាត់មិនឲ្យមាន «អំពើប្រល័យពូជសាសន៍»។នេះជាការលើកឡើងមួយដែលមេដឹកនាំស្ទើរតែនៅជុំវិញពិភពលោកបានច្រានចោល។ នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មានរបស់ AP។
  • កាសែត The New York Times រាយការណ៍​ថា ទាហាន​អ៊ុយក្រែន​ជាង​៤០ នាក់បានស្លាប់​នៅពេលរ៉ុក្កែតរុស្សីមួយ​គ្រាប់​បាញ់​ត្រូវ​ចំ​បន្ទាយ​ទាហានមួយ​ក្នុង​ក្រុង Mykolaiv ប្រទេស​អ៊ុយក្រែន។
  • លោក Jamie Dettmer នៃ​វីអូអេរាយការណ៍​ពី​ក្រុង​វ៉ាសូវី ប្រទេសប៉ូឡូញ​ថា​មន្ត្រីរុស្សីបាន​និយាយនៅ​ថ្ងៃ​សៅរ៍ថា ពួកគេបាន​បាញ់​មីស៊ីលលឿនជាង​សំឡេងមួយគ្រឿង​ជា​លើកដំបូងក្នុង​ប្រទេស​អ៊ុយក្រែនដោយ​តម្រង់​លើ​ឃ្លាំង​អាវុធ​មួយក្នុង​ភាគ​ខាង​លិច​ប្រទេសនេះ។

  • កាសែត The New York Times រាយការណ៍​ថា ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte និយាយថា ប្រទេស​លោក​មិនកាន់ជើង​ភាគីណា​មួយក្នុង​បញ្ហារុស្សី​លុកលុយ​ប្រទេស​អ៊ុយក្រែន​ទេ។

  • ទូរទស្សន៍ Al Jazeera រាយការណ៍​ថា​ ផ្លូវ​របៀង​មនុស្សធម៌​មួយនឹង​បើក​ក្នុង​តំបន់ Luhansk នៃប្រទេស​អ៊ុយក្រែន​នៅ​ថ្ងៃ​សៅរ៍។

  • ទីភ្នាក់ងារ​ទេសន្តរប្រវេសន៍​ប្រចាំ​អង្គការ​សហប្រជាជាតិ ថ្លែង​ថា ការ​ប្រយុទ្ធគ្នា​បាន​ធ្វើ​ឱ្យ​មនុស្ស​ជិត ៦ លាន ៥ សែននាក់ខ្ចាត់​ព្រាត់​ពី​លំនៅដ្ឋាន​នៅ​ក្នុង​អ៊ុយក្រែន ហើយ​ជន​ភៀស​ខ្លួន ៣ លាន ២ សែន​នាក់​ដែល​បានរត់គេចខ្លួន​ចេញ​ពី​ប្រទេសនេះ។ មន្ត្រី​អ៊ុយក្រែននិយាយ​ថា មនុស្សរាប់ពាន់​នាក់ត្រូវ​បាន​សម្លាប់ នេះ​បើ​តាម​ទីភ្នាក់ងារព័ត៌មាន AP។

  • ទីភ្នាក់ងារព័ត៌មាន AP រាយការណ៍​ថា សង្គ្រាម​អ៊ុយក្រែន​ចូល​ក្នុង​សប្តាហ៍ទី​បួនហើយ។ កាលពីយប់មិញ ​ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានចោទប្រកាន់​វិមាន​ក្រឹមឡាំងថា បានបង្កើត​ឱ្យ​មាន​«មហន្តរាយ​មនុស្សធម៌​មួយ» ដោយ​ចេតនា តែលោកក៏​បានអំពាវនាវ​ដល់ប្រធានាធិបតីរុស្សី Vladimir Putin ឱ្យ​ជួប​លោក​ ដើម្បី​ចរចាគ្នា​ដោយ​ផ្ទាល់ដែរ។
  • ប្រធានាធិបតី​បារាំង​លោក Emmanuel Macron បានជំរុញឱ្យ​មាន​ការ​ឈប់បាញ់​មួយជាបន្ទាន់ នៅ​ក្នុង​ការ​ហៅ​ទូរសព្ទ​មួយ​កាល​ពី​ថ្ងៃ​សុក្រ​ជា​មួយ​លោក Putin។ ការិយាល័យ​លោក Macron បានថ្លែង​ថា លោក Putin បានបន្ទោស​អ៊ុយក្រែន។ លោក Olaf Scholz អធិការបតី​អាល្លឺម៉ង់ក៏​បាន​ជំរុញ​លោក Putin ឱ្យ​មាន​កិច្ច​ឈប់បាញ់មួយនៅក្នុង​ការ​និយាយ​គ្នាតាមទូរសព្ទមួយ​កាល​ពី​ថ្ងៃ​សុក្រដែរ។ នេះ​បើ​តាម​របាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP។

  • លោកប្រធានាធិបតី​ Joe Biden និង​ប្រធានាសធិបតី​ចិន Xi Jinping ​បាននិយាយគ្នាជិត​ពីរ​ម៉ោង​តាមវីដេអូ​ នៅ​ពេល​សហរដ្ឋ​អាមេរិក ​ចង់​រារាំងរដ្ឋាភិបាល​ក្រុង​ប៉េកាំង​មិន​ឱ្យ​ផ្តល់ជំនួយ​យោធា ឬ​ជំនួយ​សេដ្ឋកិច្ច​ដល់​ការ​លុក​លុយ​របស់​រុស្សី​នៅ​អ៊ុយក្រែន។ លោក Biden បានពណ៌នាផលវិបាក​ដែល​ចិននឹងប្រឈម​ពី​សហរដ្ឋ​អាមេរិក ​ប្រសិនបើ​ចិនផ្តល់​ជំនួយ​យោធា​ ឬ​ជំនួយសេដ្ឋកិច្ច​ដល់​ការលុកលុយ​របស់​រុស្សី​ក្នុង​អ៊ុយក្រែន។ លោក Xi បានសុំឱ្យ​សហរដ្ឋ​អាមេរិក និង​រុស្សី​ចរចាគ្នា ហើយ​លោក​បាន​បន្ទោស​សហរដ្ឋ​អាមេរិក​អំពី​វិបត្តិនេះ។ នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន AP។
១៩:១៧ ១៨.៣.២០២២

ថ្ងៃសុក្រ ១៨ មីនា ២០២២៖

  • ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin បាន​បង្ហាញ​ខ្លួន​នៅ​ឯ​ការ​ជួប​ជុំ​ក្រវី​ទង់​ជាតិ​ដ៏​ធំ​មួយ នៅ​ឯ​កីឡដ្ឋាន​ Luzhniki​ ក្នុងទីក្រុង​មូស្គូ ហើយ​បាន​សរសើរ​កងទ័ព​របស់​ប្រទេស​លោក​នៅ​ថ្ងៃសុក្រ។ លោក Putin បាន​និយាយ​នៅ​ក្នុង​ការ​បង្ហាញ​ខ្លួន​ជា​សាធារណៈ​ដ៏​កម្រ​នេះ ដោយលើក​ទឹកចិត្ត​អ្នកចូលរួម​ថា៖ «យើង​មិន​មាន​ការ​រួបរួម​ជាតិបែប​នេះ ជា​យូរ​មក​ហើយ»។​

  • ប្រព័ន្ធផ្សព្វផ្សាយសាធារណៈជប៉ុន NHK និយាយនៅថ្ងៃសុក្រថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy គ្រោងនឹងថ្លែងសុន្ទរកថាតាមអ៊ីនធឺណិតទៅកាន់សភារបស់ប្រទេសជប៉ុននៅថ្ងៃទី២៣ ខែមីនា។
  • ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy បាន​និយាយ​ថា លោក​បាន​និយាយ​ជាមួយ​ប្រធាន​គណៈកម្មការ​អឺរ៉ុប អ្នកស្រី Ursula von der Leyen នៅថ្ងៃសុក្រ ហើយ​អ៊ុយក្រែន​រំពឹង​ថា​នឹង​មាន​ដំណើរការទៅមុខលើ​ពាក្យ​សុំ​ចូលជា​សមាជិក​សហភាព​អឺរ៉ុប ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ​នេះ។
  • មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ធនាគារពិភពលោក និងស្ថាប័នផ្សេង​ទៀត​ បាន​ព្រមាន​នៅ​ថ្ងៃ​សុក្រ​ថា ជម្លោះ​ក្នុង​ប្រទេស​អ៊ុយក្រែន​នឹង​ជះឥទ្ធិពល​អាក្រក់​ដល់​សេដ្ឋកិច្ច​ពិភពលោក។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន AFP។
  • រដ្ឋមន្ត្រី​ការ​បរទេស​អ៊ុយក្រែន​បាន​និយាយ​នៅ​ក្នុង​សារ Twitter នៅ​ថ្ងៃ​សុក្រ​ថា មិនមែន​ត្រឹម​តែ​ប្រធានាធិបតី​រុស្ស៊ី​ទេ ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​សង្គ្រាម​នៅ​អ៊ុយក្រែន ប៉ុន្តែ​ក៏​មាន​ប្រជាជន​រុស្ស៊ី​មួយ​ចំនួន​ផងដែរ។
  • រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី លោក Sergey Lavrov បាន​និយាយថា ប្រទេស​រុស្ស៊ី​បាន​បាត់​បង់​គំនិត​ដែល​ថារុស្ស៊ី​ត្រូវ​ពឹង​ផ្អែក​លើ​លោក​ខាង​លិច ហើយ​ទីក្រុង​ម៉ូស្គូ​នឹង​មិន​ទទួល​យក​សណ្តាប់​ធ្នាប់​ពិភពលោក​ដែល​គ្រប់គ្រង​ដោយ​សហរដ្ឋ​អាមេរិក​ទៀត​នោះ​ទេ។
  • បណ្តា​ប្រទេស​បាល់ទិក​នៅ​ថ្ងៃសុក្រ បាន​បណ្តេញ​អ្នក​ការទូត​រុស្ស៊ី​ចំនួន ១០នាក់ចេញពីប្រទេស នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន AFP។
  • សារព័ត៌មាន The Washington Post រាយការណ៍​ថា ប្រជាជន​អ៊ុយក្រែន​ដែល​អស់​សង្ឃឹម​ក្នុង​ទីក្រុង Kharkiv មិន​ខ្លាច​រ៉ុក្កែត​របស់​រុស្ស៊ី ហើយ​កំពុង​ឈរ​ចាំ​ជា​ជួរ​រយៈពេល​ ៩ ឬ 10 ម៉ោង ​ ដោយ​សង្ឃឹមថា​នឹង​ទទួលបាន​អាហារ​ដោយ​ឥត​គិត​ថ្លៃ។ ទន្ទឹម​នឹង​នេះ មនុស្ស​រាប់ពាន់​នាក់​កំពុង​ស្វែងរក​សុវត្ថិភាព​នៅ​ក្រោមដី និង​ស្នាក់នៅ​ក្នុង​ស្ថានីយ៍​រថភ្លើងក្រោម​ដី​ក្នុង​ទីក្រុង។
  • សារព័ត៌មាន Reuters រាយការណ៍ថា ជនជាតិ​អ៊ុយក្រែន​នៅ​ប្រទេស​ប៉ូឡូញ នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ប្តូរក្រដាស​ប្រាក់​អ៊ុយក្រែន hryvnia របស់​ពួក​គេ​ទៅ​ជា​សាច់ប្រាក់​ zlotys របស់​ប៉ូឡូញ។ កម្មវិធី​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ជួយ​ជនភៀសខ្លួនអ៊ុយក្រែនដែល​មាន​បញ្ហា​ក្នុងការ​ផ្លាស់​ប្តូរ​ប្រាក់។
  • រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក លោក Antony Blinken បាន​និយាយ​កាល​នៅ​ថ្ងៃព្រហស្បតិ៍​ថា ក្រុម​មន្ត្រី​អាមេរិក​កំពុង​វាយ​តម្លៃ​ថា​ការ​ឈ្លានពាន​របស់​រុស្ស៊ី​អាច​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​ ហើយថា ប្រសិន​បើ​ការវាយប្រហារ​ដោយ​ចេតនា​លើ​ជនស៊ីវិល​ដោយ​រុស្ស៊ី​ត្រូវ​បាន​រក​ឃើញ នោះ​នឹង​មាន «ផលវិបាក​ដ៏​ធំ» សម្រាប់​រុស្ស៊ី។
  • សារព័ត៌មាន AP រាយការណ៍​ថា នៅ​ពេល​ដែល​កងកម្លាំងរុស្ស៊ី​វាយលុក​លើ​អ៊ុយក្រែន មេដឹកនាំ​ពិភពលោក​បាន​អំពាវនាវ​ជាថ្មី ឱ្យ​មាន​ការ​ស៊ើប​អង្កេត អំពី​ការវាយប្រហារ​ម្តង​ហើយ​ម្តង​ទៀត របស់​វិមាន​ក្រឹមឡាំង លើ​ជនស៊ីវិល រួមទាំង​ការវាយប្រហារ​តាម​អាកាស​លើ​សាលារៀន មន្ទីរពេទ្យ និង​តំបន់​លំនៅដ្ឋាន។
  • សារព័ត៌មាន Washington Post បាន​រាយការណ៍​ថា ប្រទេស​អ៊ីតាលី​នឹង​ជួយ​សាងសង់​រោង​មហោស្រព Mariupol ដែល​ត្រូវ​បាន​បំផ្លាញ​នៅ​ក្នុងការ​វាយប្រហារ​របស់​រុស្ស៊ី​កាល​ពី​ថ្ងៃ​ពុធ​ឡើង​វិញ។ មហោស្រព​នេះ​ ជា​ជម្រក​សម្រាប់​មនុស្ស​រាប់រយ​នាក់​នៅ​ពេល​វាត្រូវ​បាន​វាយប្រហារ។
  • សារព័ត៌មាន BBC រាយការណ៍​ថាទីក្រុង Sumy ប្រទេស​អ៊ុយក្រែន អាច​បើកបណ្តា​ច្រក​របៀង​មនុស្សធម៌​នៅ​ថ្ងៃ​សុក្រ​នេះ។ ទីក្រុង​នេះ​មាន​ចម្ងាយ​ប្រហែល ៤០ គីឡូម៉ែត្រ​ពី​ព្រំដែន​រុស្ស៊ី និង​មាន​ប្រជាជន​ចំនួន ២៦ម៉ឺន​នាក់។
  • មន្ត្រី​អ៊ុយក្រែន និងរុស្ស៊ី និយាយ​ថា ការចរចា​មាន​ការ​រីកចម្រើន​ឆ្ពោះ​ទៅ​រក​បទ​ឈប់​បាញ់​គ្នា​នៅ​ក្នុង​សង្គ្រាម​រយៈពេល ៣ សប្តាហ៍មកនេះ។ អ្នកជំនាញ​ឃើញ​ការ​ផ្លាស់ប្តូរ​នៃ​ការទាមទារ​របស់​រុស្ស៊ី ខណៈ​ដែល​សង្រ្គាម​បាន​បន្ត​យូរ​ជាង​ការ​គ្រោង​ទុក។ ប៉ុន្តែ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក Antony Blinken និយាយ​ថា លោក​មិន​ឃើញ​ភស្តុតាង​ណា​មួយ​ដែល​រុស្ស៊ី យកចិត្ត​ទុក​ដាក់​ពិត​ប្រាកដ​លើ​ដំណោះស្រាយ​ការ​ទូត​នោះ​ទេ។
  • សារព័ត៌មាន Al Jazeera រាយការណ៍​ថា អ្នកកាសែត​រុស្ស៊ី​ដ៏​ល្បីល្បាញ លោក Alexander Nevzorov បាន​ចាត់​ទុក​ការ​វាយប្រហារ​របស់​រុស្ស៊ី​លើ​ទីក្រុង Mariupol ជា «អំពើភេរវកម្ម»។ លោក​បាន​ធ្វើការ​អត្ថាធិប្បាយ​នៅ​លើ​បណ្តាញ Telegram របស់​លោក ហើយ​បាន​កត់​សម្គាល់​ថា​ពាក្យ​សម្តី​របស់​លោក​នឹង​ធ្វើ​ឲ្យ​លោក​ត្រូវ​ចាកចេញ​ពី​ប្រទេស​រុស្ស៊ី។ សារព័ត៌មាន The New York Times បាន​រាយការណ៍​ថា មន្ត្រី​នៅ​ទីក្រុង Mariupol និយាយ​ថា គ្រាប់បែក​ពី ៥០ ទៅ ១០០ គ្រាប់​កំពុង​ត្រូវ​បាន​ទម្លាក់​លើ​ទីក្រុង​ជា​រៀងរាល់​ថ្ងៃ។ អាជ្ញាធរ​ក្នុង​តំបន់​បាន​និយាយ​ថា ការ​វាយប្រហារ​នេះ​បាន​បំផ្លាញ​ផ្ទះ​សម្បែង​រហូត​ដល់ ៨០ ភាគរយ​ក្នុង​ទីក្រុង។
  • រដ្ឋាភិបាល​កាណាដា​កាលពី​ថ្ងៃព្រហស្បតិ៍​ម្សិលមិញ បាន​បង្កើត​កម្មវិធី​ជន​អន្តោប្រវេសន៍​ថ្មី​មួយ​ ដែល​នឹង​ផ្តល់​ការអនុញ្ញាតដល់​ពលរដ្ឋអ៊ុយក្រែន​ដែល​បាន​រត់គេច​ពី​ការវាយ​ប្រហាររបស់​កងទ័ព​រុស៊្សី​ អាច​ស្នាក់​នៅ​បណ្តោះ​អាសន្ន​ក្នុង​ប្រទេស​កាណាដា​រហូត​ដល់៣ឆ្នាំ។ ជន​ភៀស​ខ្លួន​អ៊ុយក្រែនទាំង​នេះ​ក៏​អាច​ដាក់​ពាក្យសុំ​ការងារ​ធ្វើ​និង​សិក្សា​នៅ​ក្នុង​ប្រទេស​កាណាដា​ផង​ដែរ។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • កង​ទ័ព​រុស្ស៊ី​បាន​បាញ់​កាជ្រួច​ផ្លោង​ទៅ​លើ​តំបន់​ក្បែរ​ព្រលាន​យន្តហោះ​ទីក្រុង Lviv នៅ​ភាគ​ខាង​លិច​ប្រទេស​អ៊ុយក្រែននៅ​ថ្ងៃសុក្រ​នេះ។ គេ​នៅ​ពុំ​ទាន់​ដឹង​ពី​មនុស្ស​រងរបួស​ឬ​ស្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​នេះនៅ​ឡើយ​ទេ។ ​យ៉ាង​ណា​ក្តី អភិបាល​ទីក្រុង Lviv លោក Andriy Sadovy បាន​និយាយ​ថា ព្រលាន​យន្តហោះ មិន​ទទួល​រង​ការវាយ​ប្រហារ​ទេ។ នេះ​បើតាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
២០:៥៧ ១៧.៣.២០២២

ថ្ងៃព្រហស្បតិ៍ ១៧ មីនា ២០២២៖

  • មេបញ្ជាការ​កំពូល​នៃ​កង​កម្លាំង​អាមេរិក​ប្រចាំ​ទ្វីប​អាហ្រ្វិក​បានប្រាប់ VOA ថា ក្រុមហ៊ុន​ទាហាន​ស៊ីឈ្នួល Wagner Group របស់​រុស្សី​បាន​ព្យាយាម​ដាក់​បញ្ចូល​សាខា​របស់​ខ្លួន​មួយ​ចំនួន​នៅ​ទ្វីប​អាហ្រ្វិក ដើម្បី​ជួយ​រុស្សី​ប្រយុទ្ធ​នៅ​អ៊ុយក្រែន។
  • អ្នកឆ្លើយឆ្លង​ព័ត៌មាន​សន្តិសុខ​ជាតិ​របស់ VOA លោក Jeff Seldin បាន​រាយការណ៍​នៅថ្ងៃព្រហស្បតិ៍​អំពី​យុទ្ធនាការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត​របស់​រុស្ស៊ី​ចំនួន​ពីរ៖ មួយ​អំពី​ការទម្លាក់​គ្រាប់បែក​នាពេល​ថ្មីៗ​នេះ​លើ​រោងមហោស្រព​ដែល​ផ្តល់​ជម្រក​ដល់​ជនស៊ីវិល​នៅក្នុង​ទីក្រុង Mariupol ភាគខាងត្បូង​ប្រទេស​អ៊ុយក្រែន​និង​មួយ​ទៀត​អំពី​ការចោទប្រកាន់​លើមន្ទីរ​ពិសោធន៍​អាវុធ​ជីវសាស្រ្ត​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក​នៅ​អ៊ុយក្រែន​ដែល​សហរដ្ឋ​អាមេរិក​បានហៅ​ការចោទប្រកាន់​ទាំងនេះ​ថា​ជា «ការកុហក»។
  • អង់គ្លេស​បាន​និយាយ​នៅ​ថ្ងៃព្រហស្បតិ៍​ថា​មាន «ភស្តុតាង​ដ៏​រឹងមាំ​បំផុត» នៃ​ឧក្រិដ្ឋកម្ម​សង្រ្គាម​ដែល​ត្រូវ​បាន​ប្រព្រឹត្ត​នៅក្នុង​ប្រទេស​អ៊ុយក្រែន​ហើយ​ថា​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir ​Putin ​ជា​អ្នកទទួល​ខុស​ត្រូវ​លើ​សកម្មភាព​ទាំងនោះ​ប៉ុន្តែ​អង់គ្លេស​មិនបាន​ហៅ​លោក Putin ថា​ជា​ឧក្រិដ្ឋជន​សង្គ្រាម​នោះ​ទេ។
  • ក្រុមវិស្វករ​បាន​ភ្ជាប់​អ៊ុយក្រែន​ទៅនឹង​បណ្តាញ​អគ្គិសនី​ដែល​លាតសន្ធឹង​ក្នុង​ភាគច្រើន​នៃ​ទ្វីបអឺរ៉ុប។ ការណ៍​នេះ​អនុញ្ញាត​ឱ្យ​ប្រទេស​អ៊ុយក្រែន​ដក​ប្រព័ន្ធ​ថាមពល​របស់​ខ្លួន​ចេញ​ពី​ប្រទេស​រុស្សី។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន AP។
  • ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden នឹង​ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី​ចិន​លោក Xi Jinping នៅថ្ងៃសុក្រ​នេះ។ នេះ​បើយោង​តាមសេចក្តី​ថ្លែងការណ៍​របស់​សេតវិមាន។ សេចក្តី​ថ្លែងការណ៍​ឲ្យ​ដឹង​ថា៖ «នេះ​គឺជា​ផ្នែក​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ដែល​កំពុង​បន្ត​របស់​អាមេរិក​ដើម្បី​រក្សា​ទំនាក់ទំនង​បើក​ចំហរ​រវាង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ចិន។ មេដឹកនាំ​ទាំងពីរ​នឹង​ពិភាក្សា​អំពី​ការគ្រប់គ្រង​ការប្រកួត​ប្រជែង​រវាង​ប្រទេស​ទាំងពីរ​និង​អំពី​សង្គ្រាម​របស់​រុស្ស៊ី​ប្រឆាំង​នឹង​អ៊ុយក្រែន​ក៏ដូចជា​បញ្ហា​ផ្សេងៗ​ដែលជា​ការព្រួយបារម្ភ​រួម​របស់​ភាគី​ទាំងពីរ»។
  • ក្រសួង​ការបរទេស​រុស្ស៊ី​បាននិយាយ​កាលពី​ថ្ងៃព្រហស្បតិ៍​ថា​ការផ្តល់​ប្រព័ន្ធ​ការពារ​ដែនអាកាស​ដល់​អ៊ុយក្រែន​នឹង​ក្លាយ​ជា​កត្តា​បង្ក​អស្ថិរភាព​ដែល​នឹង​មិននាំមក​នូវ​សន្តិភាព​ដល់​ប្រទេស​នេះ​ឡើយ។ នេះ​បើយោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​ Reuters។
  • ទីក្រុង​ម៉ូស្គូ​បាន​និយាយ​ថា​កិច្ចចរចា​សន្តិភាព​ថ្ងៃទី៤​តាម​វីដេអូ​បាន​ចាប់ផ្តើម​នៅ​ថ្ងៃព្រហស្បតិ៍​ដោយមាន​កិច្ចពិភាក្សា​អំពី​បញ្ហា​យោធា​នយោបាយ ​និង​មនុស្សធម៌។ រដ្ឋាភិបាល​រុស្ស៊ី​ថា​រុស្ស៊ី​កំពុង​ប្រឹងប្រែង​យ៉ាងខ្លាំង​ក្នុង​កិច្ចចរចា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​អ៊ុយក្រែន​ដែល​អាច​បញ្ឈប់​ប្រតិបត្តិការ​យោធា​របស់​រុស្ស៊ី​យ៉ាង​ឆាប់រហ័ស​នៅទីនោះ។ ទីភ្នាក់ងារ​សារព័ត៌មាន​ Reuters​ ដកស្រង់​សម្តី​អ្នកនាំពាក្យ​វិមានក្រឹមឡាំង​លោក Dmitry Peskov​ ថា៖​«គណៈប្រតិភូ​របស់​យើង​កំពុង​ខិតខំ​ប្រឹងប្រែង​យ៉ាង​សម្បើម​និង​បង្ហាញពី​ការត្រៀមខ្លួន​រួចរាល់​បន្ថែមទៀត​ជាង​ភាគី​ម្ខាង​ទៀត»។
  • ទីភ្នាក់ងារ​សារព័ត៌មាន​ AP ​រាយការណ៍​ថា​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy ​បានចោទ​ប្រកាន់​ប្រទេស​អាល្លឺម៉ង់​ថា​បាន​ដាក់​ផលប្រយោជន៍​សេដ្ឋកិច្ច​របស់ខ្លួន​សំខាន់ជាង​សន្តិសុខ​របស់​ប្រទេស​អ៊ុយក្រែន​នៅមុនពេល​រុស្ស៊ី​ជិត​បើក​ការឈ្លានពាន។
  • កាសែត Washington Post ​បាន​រាយការណ៍​ថា​អង្គការ​សុខភាព​ពិភពលោក​បាន​រាប់​និង​ផ្ទៀងផ្ទាត់​ការវាយប្រហារ​យ៉ាងហោចណាស់​ចំនួន ​៤៣ លើ​កន្លែង​ថែទាំ​សុខភាព​និង​អ្នកជំងឺ​កំពុង​ទទួល​ការព្យាបាល​នៅក្នុង​ប្រទេស​អ៊ុយក្រែន។
  • ទូរទស្សន៍​ CNN​ រាយការណ៍​ថា​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy ​បាន​លើកឡើង​ពី​ការសម្លាប់​រង្គាល​ Holocaust ​នៅពេល​ដែល​លោក​ថ្លែង​ទៅកាន់​សមាជិក​សភា​អាល្លឺម៉ង់​កាលពី​ថ្ងៃព្រហស្បតិ៍។ លោក Zelenskyy​ បាន​និយាយ​តាម​រយៈ​វីដេអូ​នៅ​សភា​សហព័ន្ធ​អាល្លឺម៉ង់​ Bundestag ​ថា៖ «រៀងរាល់ឆ្នាំ​អ្នកនយោបាយ​និយាយ​ថា​'កុំឲ្យ​មាន​ម្តង​ទៀត'។ ឥឡូវខ្ញុំ​ឃើញថា​ពាក្យ​ទាំងនេះ​គ្មាន​តម្លៃ។ នៅទ្វីប​អឺរ៉ុប​ប្រជាជន​មួយ​កំពុង​ត្រូវបាន​បំផ្លាញ»។ កាសែត New York Times​ រាយការណ៍​ថា​លោក Zelenskyy​ ក៏បានលើកឡើង​ពី​ជញ្ជាំង​ក្រុងប៊ែរឡាំង​ដោយ​និយាយ​ថា​រុស្ស៊ី​កំពុង​សាងសង់​ជញ្ជាំង​ថ្មី​មួយ​នៅ​អឺរ៉ុប។
  • កាសែត Washington Post ​បានរាយការណ៍​ថា​អ្នកកាសែត​រុស្ស៊ី​ដែល​បាន​រំខាន​ការផ្សាយព័ត៌មាន​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍​រដ្ឋ ដើម្បី​ប្រឆាំង​ការឈ្លានពាន​អ៊ុយក្រែន​និយាយ​ថា​នាង​ជា ​«សត្រូវទី១»​នៅក្នុង​ប្រទេស​រុស្ស៊ី។ យ៉ាងណាក្តី ​នាង​និយាយ​ថា​នាង​មិន​ចង់ចាក​ចេញ​ពី​ប្រទេស​នោះ​ទេ។ តុលាការ​ក្រុងម៉ូស្គូ​បានពិន័យ​អ្នកនាង ​Marina Ovsyannikova​ ៣ម៉ឺនរូប​(ជាង២៨០​ដុល្លារ)​ចំពោះ​ការតវ៉ា​ខុសច្បាប់​នេះ។
  • សារព័ត៌មាន​ Al-Jazeera ​បាន​រាយការណ៍​ថា​ ប្រទេស​រុស្ស៊ី​កំពុង​ប្រឈមមុខ​នឹង​ការវាយប្រហារ​តាម​អ៊ីនធឺណិត​ដែល​មិនធ្លាប់មាន​ពីមុន​មក ​ដោយ​គេហទំព័រ​របស់​វិមាន​ក្រឹមឡាំង​ ក្រុមហ៊ុន​អាកាសចរណ៍​ Aeroflot ​និង​ Sberbank ​ក្នុង​ចំណោម​គេហទំព័រ​ដែល​រង​ការវាយប្រហារ។
  • អនុរដ្ឋមន្ត្រី​ការបរទេស​ប៉ូឡូញ ​លោក Marcin Przydacz ​បានប្រាប់​សារព័ត៌មាន​ BBC​ ថា​ ប្រធានាធិបតី​រុស្ស៊ី​ លោក Vladimir Putin​ គឺជា​ឧក្រិដ្ឋជន​សង្គ្រាម​ ដោយ​គាំទ្រ​តាម​ប្រធានាធិបតី​អាមេរិក​ លោក Joe Biden។
  • សារព័ត៌មាន​ BBC ​បាន​រាយការណ៍​ថា ​ក្រសួង​ការពារ​ជាតិ​អង់គ្លេស​ថា​ ការឈ្លានពាន​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន​«ភាគច្រើន​ជាប់គាំង​គ្រប់ផ្នែក​ទាំងអស់»។ កងកម្លាំង​រុស្ស៊ី​«បាន​សម្រេច​បេសកកម្ម​ទៅមុខ​តិចតួច​បំផុត​នៅ​លើដី ​ក្នុង​សមុទ្រ ​ឬ​តាម​អាកាស​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃថ្មីៗ​នេះ​ ហើយ​ពួកគេ​នៅតែ​បន្ត​ទទួលរង​ការខាតបង់​យ៉ាង​ធ្ងន់ធ្ងរ»។
  • កាសែត New York​Times បាន​រាយការណ៍​ថា​ «អង្គការ​យូណេស្កូ (UNESCO) ថា​ខ្លួន​កំពុង​បញ្ជូន​អាវក្រោះ ​និង​មួកសុវត្ថិភាព​ដើម្បី​ជួយ​ការពារ​អ្នកកាសែត​អ៊ុយក្រែន។ ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​មួយ​នេះ​បាន​និយាយ​ថា ​អ្នកកាសែត​អ៊ុយក្រែន​រាប់ពាន់​នាក់​ បាន​ប្រែក្លាយ​ទៅជា​អ្នករាយការណ៍​ព័ត៌មាន​សង្រ្គាម​ដោយ​គ្មាន​ឧបករណ៍​ការពារ​ ឬ​ការបណ្តុះបណ្តាល។ ពួកគេ​នឹង​ផ្តល់មូលនិធិ​សម្រាប់​បង្កើត​បណ្តាញ​ទំនាក់ទំនង​បន្ទាន់​មួយ​សម្រាប់​អ្នកសារព័ត៌មាន​ដែល​ត្រូវការ​ការជម្លៀស​ចេញពី​តំបន់​គ្រោះថ្នាក់»។​
  • កាសែត Washington Post បាន​រាយការណ៍​ថា ​អាជ្ញាធរ​អេស្ប៉ាញ​បានរឹបអូស​កប៉ាល់​ទេសចរណ៍ទីបី​ ដែល​មាន​តម្លៃ​ប្រហែល ​៦០០​លាន​ដុល្លារ​ ដែល​ជាផ្នែក​មួយ​នៃ​ការបង្រ្កាប​ជា​សាកល​លើ​ក្រុមអភិជន​រុស្ស៊ី។ កប៉ាល់​ដែល​ជា​កម្មសិទ្ធិ​របស់ «មហាសេដ្ឋី​មិនស្គាល់ឈ្មោះ​ម្នាក់» មាន​កន្លែង​ចត​ឧទ្ធម្ភាគចក្រ​ និង​អាងហែល​ទឹក​បាត​កញ្ចក់។
  • ទីភ្នាក់ងារ​សង្គ្រោះ​បន្ទាន់​អ៊ុយក្រែន​បាន​និយាយ​ថា ​យ៉ាងហោចណាស់​មនុស្ស​ម្នាក់​បាន​ស្លាប់​ និង​បីនាក់​ទៀត​រងរបួស​ ដោយ​បំណែក​គ្រាប់មីស៊ីល​ដែល​ត្រូវបាន​បាញ់​កម្ទេច​ ធ្លាក់​មកលើ​អគារ​លំនៅដ្ឋាន​ ១៦​ជាន់​មួយ​ក្នុង​រដ្ឋធានីកៀវ ប្រទេស​អ៊ុយក្រែន ​នៅ​ម៉ោង​៥ព្រឹក។
  • នៅ​ប្រហែល​ម៉ោង​១ព្រឹក​ថ្ងៃព្រហស្បតិ៍​នេះ ​ទូរទស្សន៍ CNN បាន​រាយការណ៍​ថា​ នាវា​ចម្បាំង​រុស្ស៊ី​ចំនួន​៤​គ្រឿង​ទំនងជាដឹក​ទាហាន​និង​រថយន្ត​ចម្បាំង​ឆ្ពោះ​ទៅ​ប្រទេស​អ៊ុយក្រែន​ដោយ​បាន​ឆ្លងកាត់​ច្រកសមុទ្រ Tsugaru របស់​ប្រទេស​ជប៉ុន។
១៨:១៣ ១៦.៣.២០២២

ថ្ងៃពុធ ១៦ មីនា ២០២២៖

  • តុលាការយុត្តិធម៌អន្តរជាតិ កាលពីថ្ងៃពុធ បានចេញដីកាបឋមបញ្ជាឱ្យរុស្ស៊ីផ្អាកប្រតិបត្តិការយោធារបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែដីកានេះទំនងមិនអាចបង្ខំរុស្ស៊ីឱ្យអនុវត្តតាមនោះទេ ដោយសារតុលាការនេះមិនមានមធ្យោបាយអនុវត្តដីការបស់ខ្លួន ហើយរុស្ស៊ីអះអាងថា តុលាការដែលមានសមាជិក ១៥នាក់នេះ មិនមានដែនសមត្ថកិច្ចយុត្តាធិការលើវិវាទនេះទេ។ ដីកាបឋមនេះ ត្រូវបានសម្រេចចេញពីលទ្ធផលនៃការបោះឆ្នោត ១៣-២ នៅតុលាការយុត្តិធម៌អន្តរជាតិ ដោយចៅក្រមរុស្ស៊ី និងចិនបានជំទាស់។ នេះបើយោងតាមសារព័ត៌មាន Wall Street Journal។ (បន្ថែម)
  • ក្នុងសុន្ទរកថាទៅកាន់សភាសហរដ្ឋអាមេរិក ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានថ្លែងទៅកាន់ប្រធានាធិបតីអាមេរិកលោក Joe Biden ថា៖ «ខ្ញុំសូមឱ្យលោកធ្វើជាអ្នកដឹកនាំពិភពលោក។ អ្នកដឹកនាំពិភពលោកមានន័យថាជាអ្នកដឹកនាំសន្តិភាព»។ លោក Zelensky ក៏បន្តស្នើសុំឱ្យអាមេរិកគាំទ្រឱ្យមានការអនុវត្ត «តំបន់គ្មានការហោះហើរ ឬ no-fly zone» នៅលើដែនអាកាសអ៊ុយក្រែន ដាក់ទណ្ឌកម្មបន្ថែមលើរុស្សី និងឲ្យបណ្តាក្រុមហ៊ុនអាមេរិកដកខ្លួនចេញពីទីផ្សាររុស្ស៊ី។
  • ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ថ្លែង​សុន្ទរកថា​ទៅកាន់​សភា​សហរដ្ឋ​អាមេរិក ក្នុងវីដេអូ​ផ្សាយ​បន្តផ្ទាល់ពីរដ្ឋធានីកៀវ។

  • ទីភ្នាក់ងារសារព័ត៌មាន AFP រាយការណ៍នៅថ្ងៃពុធថា ប្រទេសអ៊ុយក្រែនបានច្រានចោលសំណើរបស់រុស្ស៊ី ឱ្យដាក់អ៊ុយក្រែនជា «រដ្ឋអព្យាក្រឹត» តាមគំរូប្រទេសស៊ុយអែត និងអូទ្រីស។ អ្នកចរចារបស់រដ្ឋាភិបាលក្រុងកៀវ លោក Mikhailo Podolyak និយាយថា៖ «អ៊ុយក្រែនឥឡូវនេះស្ថិតនៅក្នុងស្ថានភាពមានសង្រ្គាមដោយផ្ទាល់ជាមួយរុស្ស៊ី។ ដូច្នេះ គំរូដែលអាចយកមកប្រើបានមានតែគំរូ «អ៊ុយក្រែន» និងត្រូវផ្អែកលើការធានាសន្តិសុខដែលត្រូវបានផ្ទៀងផ្ទាត់ស្របច្បាប់ប៉ុណ្ណោះ»។ (បន្ថែម)
  • មាន​ការផ្ទុះ​ជា​ច្រើន​កន្លែង​នៅ​ក្នុង​រដ្ឋធានី​កៀវ​នៅ​ព្រឹកថ្ងៃ​ពុធ​នេះ ដោយផ្នែក​សេវា​សង្គ្រោះ​បន្ទាន់​របស់​អ៊ុយក្រែននិយាយ​ថា អគារ​លំនៅដ្ឋាន​ពីរកន្លែង​ទទួល​រង​ការខូចខាតហើយ​មនុស្ស​ពីរ​នាក់​រង​របួស។ នេះ​បើតាម​ការ​ឲ្យ​ដឹង​របស់​អ្នក​កាសែតនៃ​ទី​ភ្នាក់ងារ​ព័ត៌មាន AFP។ (បន្ថែម)
  • ​លោក Volodymyr Zelensky នឹងថ្លែង​សុន្ទរកថា​ទៅកាន់​សភា​សហរដ្ឋ​អាមេរិក។ លោក Joe Biden ត្រូវ​គេ​រំពឹង​ថា នឹង​ប្រកាស​ផ្តល់​ជំនួយ៨០០លាន​ដុល្លារ​នៅ​ក្នុង​ជំនួយ​សន្តិសុខ​ថ្មី​។ ហើយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​របស់​អង្គការ​អូតង់ កំពុង​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ទីក្រុង​ប៊្រុចសែល​ដើម្បី​ពិភាក្សា​ពី​ការពង្រឹង​សន្តិសុខ​របស់​សម្ពន្ធមិត្ត​។ (បន្ថែម)
  • ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Saudi (SPA) បានឱ្យដឹងថា នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បានទៅដល់ប្រទេសអារ៉ាប៊ីសាអូឌីត នៅថ្ងៃពុធនេះ។ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា លោក Johnson កំពុងបំពេញទស្សនកិច្ច ទៅកាន់ឈូងសមុទ្រពែក្សដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីធានាការផ្គត់ផ្គង់ប្រេងបន្ថែមទៀត និងបង្កើនសម្ពាធលើលោកប្រធានាធិបតី Vladimir Putin ជុំវិញការឈ្លានពានរបស់រុស្ស៊ីក្នុងអ៊ុយក្រែន។
  • រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក Antony Blinken សម្តែង​ការ​រំលែក​ទុក្ខកាល​ពី​ថ្ងៃ​អង្គារ​ទៅ​កាន់​អ្នកកាសែត​ដែល​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ប្រទេសអ៊ុយក្រែន កាលពីថ្ងៃចន្ទ។ លោក Blinken បានសរសេរក្នុងសារ Twitter ថា៖ ​ «ខ្ញុំ​ដឹង​គុណ​ដល់​អ្នក​ដែល​បានប្រថុយ​ជីវិត​ដើម្បី​បង្ហាញ​ពិភពលោក​អំពី​អ្វី​ដែល​កំពុង​កើត​ឡើង​ក្នុង​ប្រទេស​អ៊ុយក្រែន។ សហរដ្ឋ​អាមេរិក​ថ្កោលទោស​អំពើ​ហិង្សា​ដែល​កំពុង​កើត​ឡើង​របស់​រុស្ស៊ី និងដែល​កំពុង​ធ្វើ​ឲ្យប៉ះពាល់ដល់សុវត្ថិភាព​អ្នក​សារព័ត៌មាន និង​បុគ្គលិក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដទៃ​ទៀត​ក្នុង​ប្រទេស​អ៊ុយក្រែន​»។ (បន្ថែម)

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG