- ដោយ AFP
អង្គការឃ្លាំមើល៖ រុស្ស៊ីកំពុងជ្រើសរើសមនុស្សរាប់ពាន់នាក់នៅស៊ីរីដើម្បីជួយប្រយុទ្ធនៅអ៊ុយក្រែន
អង្គការឃ្លាំមើលមួយបានបញ្ជាក់កាលពីថ្ងៃអង្គារម្សិលមិញថា ប្រទេសរុស្ស៊ីបានរៀបចំបញ្ជីឈ្មោះយុទ្ធជនចំនួន ៤០.០០០ នាក់មកពីកងទ័ពស៊ីរីនិងកងជីវពលដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីដាក់ឲ្យប្រុងប្រៀបរៀបចំខ្លួនសម្រាប់ការដាក់ពង្រាយនៅក្នុងប្រទេសអ៊ុយក្រែន។នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
រដ្ឋាភិបាលរុស្ស៊ីបានបញ្ជាក់កាលពីសប្តាហ៍មុនថា ខ្លួនស្វាគមន៍ក្រុមអ្នកស្ម័គ្រចិត្ត ដែលរួមមានទាំងអ្នកស្ម័គ្រចិត្តមកពីប្រទេសស៊ីរីផងដែរ នៅក្នុងការកៀកស្មាជាមួយកងទ័ពរុស្ស៊ីដើម្បីប្រយុទ្ធនៅក្នុងប្រទេសអ៊ុយក្រែន។
អង្គការសិទ្ធិមនុស្ស Syrian Observatory for Human Rights និងសកម្មជននានាបានបញ្ជាក់ថា នៅក្នុងការសម្របសម្រួលជាមួយយោធាស៊ីរីនិងកងជីវពលដែលជាសម្ព័ន្ធមិត្ត ក្រុមមន្ត្រីរុស្ស៊ីបានបង្កើតការិយាល័យចុះឈ្មោះនៅក្នុងតំបន់នានាដែលរបបលោកប្រធានាធិបតី Bashar al-Assad នៃប្រទេសស៊ីរីកាន់កាប់។
អានព័ត៌មានលម្អិតតាមរយៈតំណភ្ជាប់ខាងក្រោមនេះ៖
- ដោយ AFP
ចិនរងសម្ពាធកាន់តែខ្លាំងឲ្យបោះបង់ចោលរុស្ស៊ីដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន
ប្រទេសចិនកំពុងរងសម្ពាធការទូតខ្លាំងក្លាពីសហរដ្ឋអាមេរិកនិងពីសម្ព័ន្ធមិត្តអឺរ៉ុបរបស់អាមេរិកឲ្យដកខ្លួនចេញពីប្រទេសរុស្ស៊ីដែលកំពុងឯកោ ក៏ប៉ុន្តែក្នុងរយៈពេលជាង ៣ សប្តាហ៍កន្លងមកនៃការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន រដ្ឋាភិបាលក្រុងប៉េកាំងបានបង្ហាញសញ្ញាតិចតួចប៉ុណ្ណោះនៃការបោះបង់ចោលរុស្ស៊ី។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានធ្វើឲ្យរុស្ស៊ីឈានដល់ចំណុចជិតបរាជ័យ ចាប់តាំងពីពេលដែលប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានឈ្លានពានលើប្រទេសអ៊ុយក្រែនមក ដោយបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចនិងដកប្រទេសរុស្ស៊ីចេញពីប្រព័ន្ធទូទាត់ហិរញ្ញវត្ថុសាកលលោក។
ភាពឯកោ កង្វះហិរញ្ញវត្ថុ និងការធ្លាក់ចុះនៃតម្លៃរូបិយប័ណ្ណរបស់ខ្លួន បានធ្វើឲ្យរុស្ស៊ីងាកទៅរកប្រទេសចិន ដែលជាសម្ព័ន្ធមិត្តដ៏ធំរបស់ខ្លួន។
អានព័ត៌មានលម្អិតតាមរយៈតំណភ្ជាប់ខាងក្រោមនេះ៖
រុស្ស៊ីផ្លោងដាក់រដ្ឋធានីកៀវ ស្របពេលមេដឹកនាំនៃប្រទេស ៣ នៅអឺរ៉ុប ធ្វើទស្សនកិច្ចទៅអ៊ុយក្រែន
មេដឹកនាំនៃប្រទេសចំនួន ៣ នៅទ្វីបអឺរ៉ុបបានធ្វើដំណើរទៅកាន់រដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែនកាលពីថ្ងៃអង្គារម្សិលមិញ ស្របពេលដែលប្រទេសរុស្ស៊ីបានបាញ់ផ្លោងដាក់រដ្ឋធានីនិងទីក្រុងផ្សេងៗទៀតរបស់អ៊ុយក្រែននៅក្នុងការឈ្លានពានរបស់ខ្លួនជិត ៣ សប្តាហ៍កន្លងមកនេះ។
រុស្ស៊ីបានបាញ់ផ្លោងចូលរដ្ឋធានីកៀវកាលពីព្រឹកថ្ងៃអង្គារ ដែលក្នុងនោះការបាញ់ផ្លោងមួយបានត្រូវចំអាគារស្នាក់នៅរបស់ពលរដ្ឋ ដោយបានសម្លាប់មនុស្សយ៉ាងតិច ២ នាក់។ អភិបាលរដ្ឋធានីកៀវលោក Vitaly Klitschko បានប្រកាសបម្រាមគោចររយៈពេល ៣៦ ម៉ោងសម្រាប់ទីក្រុងកៀវដែលបានចាប់ផ្តើមកាលពីយប់ថ្ងៃអង្គារ។
នាយករដ្ឋមន្ត្រីប្រទេសឆែកលោក Petr Fiala បាននិយាយថា លោកបានធ្វើដំណើរទៅកាន់រដ្ឋធានីកៀវកាលពីថ្ងៃអង្គារម្សិលមិញជាមួយនឹងនាយករដ្ឋមន្ត្រីប៉ូឡូញលោក Mateusz Morawieckiនិងនាយករដ្ឋមន្ត្រីស្លូវេនីលោក Janez Jansa ដើម្បីតំណាងឲ្យក្រុមប្រឹក្សាអឺរ៉ុបនៃសហភាពអឺរ៉ុបនៅក្នុងជំនួបជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy និងនាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal។
លោក Fiala បានថ្លែងថា៖ «គោលបំណងនៃដំណើរទស្សនកិច្ចនេះគឺដើម្បីបញ្ជាក់អំពីការគាំទ្រច្បាស់លាស់របស់សហភាពអឺរ៉ុបទាំងមូលចំពោះអធិបតេយ្យភាពនិងឯករាជ្យភាពរបស់ប្រទេសអ៊ុយក្រែន។ គោលបំណងនៃដំណើរទស្សនកិច្ចនេះក៏បង្ហាញឱ្យឃើញផងដែរអំពីការគាំទ្រយ៉ាងទូលំទូលាយចំពោះប្រទេសនិងប្រជាពលរដ្ឋអ៊ុយក្រែន»។
អានព័ត៌មានលម្អិតតាមរយៈតំណភ្ជាប់ខាងក្រោមនេះ៖
- ដោយ Reuters
មូលនិធិរូបិយវត្ថុអន្តរជាតិថា សេដ្ឋកិច្ចអ៊ុយក្រែននឹងធ្លាក់ចុះខ្លាំងក្នុងឆ្នាំ ២០២២ ដោយសារសង្គ្រាម
សេដ្ឋកិច្ចប្រទេសអ៊ុយក្រែនត្រូវគេរំពឹងថា នឹងធ្លាក់ចុះប្រមាណ១០%នៅក្នុងឆ្នាំ២០២២នេះ ដោយសារតែការឈ្លានពានរបស់រុស្ស៊ីលើប្រទេសនេះ ក៏ប៉ុន្តែ ការធ្លាក់ចុះនេះ អាចកាន់តែអាក្រក់ខ្លាំងថែមទៀត បើសង្គ្រាមនេះត្រូវអូសបន្លាយពេលវេលានោះ។ នេះបើតាមរបាយការណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ IMFដែលត្រូវបានចេញផ្សាយកាលពីថ្ងៃចន្ទម្សិលមិញ ហើយត្រូវបានរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន Reuters។
របាយការណ៍ដែលត្រូវបានរៀបចំឡើងមុនការអនុម័តហិរញ្ញវត្ថុក្នុងគ្រាអាសន្នចំនួន១.៤០០លានដុល្លារ បានបញ្ជាក់ថា ផលទុនសេដ្ឋកិច្ចរបស់អ៊ុយក្រែន អាចរួញតូចពី២៥%ទៅ៣៥%។ នេះបើយោងតាមទិន្នន័យនៃផលិតផលសរុបGDPនៃបណ្តាប្រទេសដែលបានឆ្លងកាត់សង្គ្រាមដូចជាអ៊ីរ៉ាក់ លីបង់និងប្រទេសមួយចំនួនផ្សេងទៀត។
មូលនិធិរូបិយវត្ថុអន្តរជាតិ IMF កំពុងធ្វើការដើម្បីបង្កើតកញ្ចប់ថវិកាពិសេសមួយដែលប្រទេសម្ចាស់ជំនួយទ្វេភាគី អាចផ្តល់ប្រភពធនធានទៅឲ្យអ៊ុយក្រែន។ នេះបើតាមការបញ្ជាក់របស់មន្ត្រីមួយរូបនៃមូលនិធិនេះ។
អានព័ត៌មានលម្អិតតាមរយៈតំណភ្ជាប់ខាងក្រោមនេះ៖