ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​រង​សម្ពាធ​កាន់តែ​ខ្លាំង​ឲ្យ​បោះបង់​ចោល​រុស្ស៊ី​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ខ្លួន


លោក Yang Jiechi (ឆ្វេង) សមាជិក​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន ជួប​ជាមួយនឹង​ទីប្រឹក្សា​សន្ដិសុខ​ជាតិ​សហរដ្ឋ​អាមេរិក លោក Jake Sullivan (ស្ដាំ) នៅ​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២។ (Jin Mamengni/Xinhua via AP)
លោក Yang Jiechi (ឆ្វេង) សមាជិក​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន ជួប​ជាមួយនឹង​ទីប្រឹក្សា​សន្ដិសុខ​ជាតិ​សហរដ្ឋ​អាមេរិក លោក Jake Sullivan (ស្ដាំ) នៅ​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២។ (Jin Mamengni/Xinhua via AP)

ប្រទេស​ចិន​កំពុង​រង​សម្ពាធ​ការទូត​ខ្លាំងក្លា​ពី​សហរដ្ឋ​អាមេរិក​និង​ពី​សម្ព័ន្ធមិត្ត​អឺរ៉ុប​របស់​អាមេរិក​ឲ្យ​ដក​ខ្លួន​ចេញ​ពី​ប្រទេស​រុស្ស៊ី​ដែល​កំពុង​ឯកោ ក៏ប៉ុន្តែ​ក្នុង​រយៈពេល​ជាង ៣ សប្តាហ៍​កន្លង​មក​នៃ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​បង្ហាញ​សញ្ញា​តិចតួច​ប៉ុណ្ណោះ​នៃ​ការ​បោះបង់​ចោល​រុស្ស៊ី។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​ធ្វើ​ឲ្យ​រុស្ស៊ី​ឈាន​ដល់​ចំណុច​ជិត​បរាជ័យ ចាប់​តាំងពី​ពេល​ដែល​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ឈ្លានពាន​លើ​ប្រទេស​អ៊ុយក្រែន​មក ដោយ​បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​និង​ដក​ប្រទេស​រុស្ស៊ី​ចេញ​ពី​ប្រព័ន្ធ​ទូទាត់​ហិរញ្ញវត្ថុ​សាកលលោក។

ភាព​ឯកោ កង្វះ​ហិរញ្ញវត្ថុ និង​ការ​ធ្លាក់ចុះ​នៃ​តម្លៃ​រូបិយប័ណ្ណ​របស់​ខ្លួន បាន​ធ្វើ​ឲ្យ​រុស្ស៊ី​ងាក​ទៅ​រក​ប្រទេស​ចិន ដែល​ជា​សម្ព័ន្ធមិត្ត​ដ៏​ធំ​របស់​ខ្លួន។

កាលពី​ថ្ងៃ​ចន្ទ មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​សម្តែង​នូវ «ក្តី​បារម្ភ​ជា​ខ្លាំង​អំពី​សម្ព័ន្ធភាព​របស់​ចិន​ជាមួយ​រុស្ស៊ី»។ ការ​លើកឡើង​របស់​មន្ត្រី​ជាន់ខ្ពស់​នេះ​បាន​ធ្វើ​ឡើង បន្ទាប់ពី​មាន​ការ​ជួប​ពិភាក្សា​នៅ​ក្នុង​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី រវាង​ទីប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក​លោក Jake Sullivan និង​ប្រមុខ​ការទូត​នៃ​គណបក្ស​កុម្មុយនីស្ត​ចិន​លោក Yang Jiechi។

ការ​ពិភាក្សា​នោះ​មាន​គោល​បំណង​សាកល្បង​ជម្រៅ​នៃ​ការ​តាំងចិត្ត​របស់​ចិន​ចំពោះ​រុស្ស៊ី នៅពេល​ដែល​រុស្ស៊ី​ប្រឹងប្រែង​តស៊ូ​ឲ្យ​ទទួល​បាន​ជ័យជម្នះ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។

ចាប់តាំងពី​ពេល​ដែល​រុស្ស៊ី​បាន​ឈ្លានពាន​អ៊ុយក្រែន​មក ចិន​បាន​បដិសេធ​ពុំព្រម​ថ្កោលទោស​ទង្វើ​របស់​លោក Putin ឬ​ក៏​ពណ៌នា​ការ​ឈ្លានពាន​នោះ​ថា​ជា «សង្គ្រាម»៕

XS
SM
MD
LG