ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។

LIVE BLOG: ព្រឹត្តិការណ៍ថ្មីៗអំពីការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ៣ វិច្ឆិកា ២០២២

រុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែន តាំងពីថ្ងៃទី២៤ ខែកម្ភៈ មក។ សូមតាមដានព្រឹត្តិការណ៍ថ្មីៗប្រចាំថ្ងៃទាក់ទងនឹងវិបត្តិអ៊ុយក្រែន នៅ​លើ​ទំព័រ Live Blog ដែលផ្សាយផ្ទាល់នេះ។

២៣:៤៧ ១៣.៣.២០២២

សហរដ្ឋ​អាមេរិក​ថា ចិន​នឹង​ប្រឈម​នឹង​ផលវិបាក​បើ​ហ៊ាន​ជួយ​រុស្ស៊ី​បញ្ចៀស​ពី​ទណ្ឌកម្ម

លោក Jake Sullivan ទីប្រឹក្សា​សន្ដិសុខ​ជាតិ​សហរដ្ឋ​អាមេរិក បាន​ព្រមាន​ដល់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ថា ចិន​នឹង​ប្រឈម​នឹង​ផលវិបាក «យ៉ាង​ពិត​ប្រាកដ» ប្រសិន​បើ​ហ៊ាន​ជួយ​រដ្ឋាភិបាល​ក្រុង​មូស្គូ​បញ្ចៀស​ពី​ទណ្ឌកម្ម​ទាក់ទិន​នឹង​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​សេចក្ដី រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

លោក Sullivan គ្រោង​នឹង​ជួប​ជាមួយ​នឹង​មន្ត្រី​ការទូត​កំពូល​របស់​ចិន​លោក Yang Jiechi នៅ​ក្នុង​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី នៅ​ថ្ងៃ​ចន្ទ​នេះ។

លោក Sullivan បាន​ថ្លែង​ប្រាប់​បណ្ដាញ​ព័ត៌មាន CNN ថា សហរដ្ឋ​អាមេរិក​ជឿ​ថា ចិន​បាន​ដឹង​ថា​រុស្ស៊ី​មាន​គម្រោង​ធ្វើ​សកម្មភាព​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន នៅ​មុន​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​កើតឡើង​ទៅទៀត បើ​ទោះបីជា​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ប្រហែល​ជា​មិន​បាន​ដឹង​លម្អិត​អំពី​សកម្មភាព​ដែល​គ្រោង​នឹង​ធ្វើ​នោះ​ក៏ដោយ។

លោក Sullivan បាន​បញ្ជាក់​ថា ឥឡូវ​នេះ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​កំពុង​តាមដាន​មើល​យ៉ាង​យក​ចិត្ត​ទុកដាក់​ថា​តើ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នឹង​ផ្ដល់​ការ​គាំទ្រ​ផ្នែក​សេដ្ឋកិច្ច​ឬ​ផ្នែក​យោធា​ដល់​រុស្ស៊ី​ក្នុង​កម្រិត​ណា ហើយ​បន្ទាប់មក សហរដ្ឋ​អាមេរិក​នឹង​ធ្វើ​ឲ្យ​ចិន​មាន​ផលវិបាក​ប្រសិនបើ​រឿង​នេះ​កើតឡើង​មែន​នោះ៕

២១:៣៦ ១៣.៣.២០២២

រុស្ស៊ី​ថា ទ្រព្យ​បម្រុង​ទុក​របស់​ខ្លួន​ជិត​ពាក់​កណ្ដាល​ត្រូវ​បាន​បង្កក ហើយ​ខ្លួន​ត្រូវ​ពឹង​លើ​ចិន

រដ្ឋាភិបាល​រុស្ស៊ី​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ខ្លួន​កំពុង​ពឹងផ្អែក​លើ​ចិន​ដើម្បី​ជួយ​ទប់ទល់​នឹង​វិបត្តិ​សេដ្ឋកិច្ច​ដែល​កើតឡើង​ដោយសារ​ការ​ដាក់​ទណ្ឌកម្ម​របស់​ក្រុម​បស្ចិម​ប្រទេស ដែល​បាន​បង្កក​មាស និង​រូបិយប័ណ្ណ​បរទេស​បម្រុង​ទុក​របស់​ខ្លួន​ជិត​ពាក់​កណ្ដាល។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

លោក Anton Siluanov រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​រុស្ស៊ី បាន​ថ្លែង​ថា៖ «យើង​មាន​មាស​និង​រូបិយប័ណ្ណ​បរទេសបម្រុង​ទុក​មួយ​ចំនួន​ជា​ប្រាក់​យ៉ន់​របស់​ចិន។ យើង​ឃើញ​ថា បណ្ដា​បស្ចិម​ប្រទេស​កំពុង​តែ​ដាក់​សម្ពាធ​លើ​ចិន​ឲ្យ​រឹតត្បិត​ពាណិជ្ជកម្ម​ទ្វេភាគី [របស់​យើង] ជាមួយ​នឹង​ចិន។ ពិតណាស់ ពិតជា​មាន​ការ​ដាក់​សម្ពាធ​ឲ្យ​រឹតត្បិត​លើ​ការ​ទទួល​បាន​ទ្រព្យសម្បត្តិ​បម្រុង​ទុក​ទាំង​នោះ​មែន»។

ការ​លើកឡើង​របស់​លោក Siluanov នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​តាម​ទូរទស្សន៍​នេះ គឺ​ជា​ការ​បញ្ជាក់​យ៉ាង​ច្បាស់​បំផុត​របស់​រដ្ឋាភិបាល​រុស្ស៊ី​ដែល​ថា ខ្លួន​នឹង​ស្វែងរក​ជំនួយ​ពី​ចិន​ដើម្បី​ទប់ទល់​នឹង​ផល​ប៉ះពាល់​ដែល​កើត​ចេញ​ពី​ទណ្ឌកម្ម​របស់​បស្ចិម​ប្រទេស។

បណ្ដា​បស្ចិម​ប្រទេស​បាន​ដាក់​ទណ្ឌកម្ម​មិន​ធ្លាប់​មាន​ពី​មុន​មក​លើ​សាជីវកម្ម​និង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​រុស្ស៊ី ចាប់​តាំងពី​ពេល​រុស្ស៊ី​បាន​ឈ្លានពាន​អ៊ុយក្រែន​កាល​ពី​ថ្ងៃ​ទី ២៤ ខែ​កុម្ភៈ​មក៕

ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin (ឆ្វេង) និង​ប្រធានាធិបតី​ចិន លោក Xi Jin Ping។​
ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin (ឆ្វេង) និង​ប្រធានាធិបតី​ចិន លោក Xi Jin Ping។​

១៩:៤៩ ១៣.៣.២០២២

សហរដ្ឋ​អាមេរិក​ផ្ដល់​ជំនួយ​សព្វាវុធ​បន្ថែម​ចំនួន ២០០ លាន​ដុល្លារ​ដល់​អ៊ុយក្រែន

សហរដ្ឋ​អាមេរិក​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​សៅរ៍​ថា ខ្លួន​នឹង​ផ្ដល់​ជំនួយ​សព្វាវុធ​បន្ថែម​ទៀត​ជា​បន្ទាន់​ចំនួន ២០០ លាន​ដុល្លារ​ដល់​ប្រទេស​អ៊ុយក្រែន។ ជំនួយ​បន្ថែម​ទាំង​នេះ​មាន​ដូចជា អាវុធ​ធុន​ស្រាល អាវុធ​បាញ់​រថក្រោះ និង​អាវុធ​បាញ់​យន្ដហោះ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ការ​ផ្ដល់​ជំនួយ​នេះ​គឺ​ជា​ការ​ឆ្លើយតប​ទៅនឹង​ការ​អំពាវនាវ​របស់​រដ្ឋាភិបាល​អ៊ុយក្រែន ដែល​ស្នើ​សុំ​សព្វាវុធ​បន្ថែម​ទៀត​ដើម្បី​ការពារ​ប្រទេស​ទប់ទល់​នឹង​ការ​បាញ់​ផ្លោង​ខ្លាំងក្លា​របស់​កងកម្លាំង​រុស្ស៊ី។

សេតវិមាន​បាន​ឲ្យ​ដឹង​ថា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​អនុញ្ញាត​ឲ្យ​ផ្ដល់​ជំនួយ​សន្ដិសុខ​បន្ថែម​នេះ​កាល​ពី​ថ្ងៃ​សៅរ៍ ដោយ​បើក​ផ្លូវ​ឲ្យ​មាន​ការ​បញ្ជូន​សព្វាវុធ​យោធា​ថ្មីៗ «ជាបន្ទាន់» ទៅកាន់​ប្រទេស​អ៊ុយក្រែន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ជាន់ខ្ពស់​ម្នាក់​នៃ​រដ្ឋបាល​របស់​លោក Biden។

ការ​សម្រេច​របស់​លោក Biden ក្នុង​ការ​ផ្ដល់​ជំនួយ​យោធា​បន្ថែម​ដល់​អ៊ុយក្រែន​នេះ​ធ្វើ​ឲ្យ​ជំនួយ​យោធា​សរុប​របស់​សហរដ្ឋ​អាមេរិក​ដែល​ផ្ដល់​ឲ្យ​អ៊ុយក្រែន​កើន​ដល់ ១.២០០ លាន​ដុល្លារ ចាប់​តាំងពី​ខែ​មករា ឆ្នាំ ២០២១ មក និង​កើន​ដល់ ៣.២០០ លាន​ដុល្លារ​ចាប់​តាំងពី​ឆ្នាំ ២០១៤ មក ដែល​ជា​ពេល​ដែល​រុស្ស៊ី​ភ្ជាប់​យក​តំបន់ Crimea របស់​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ក្រុម​មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋបាល​របស់​លោក Biden៕

១៨:០០ ១៣.៣.២០២២

រុស្ស៊ី​បាន​បាញ់​មីស៊ីល​លើ​មូលដ្ឋាន​យោធា​អ៊ុយក្រែន

ក្រុម​មន្ត្រី​អ៊ុយក្រែន​បាន​និយាយ​ថា រុស្ស៊ី​បាន​បាញ់​មីស៊ីល​កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​អាទិត្យ​ទៅ​លើ​មជ្ឈមណ្ឌល​អន្តរជាតិ​សម្រាប់​កិច្ចការ​រក្សា​សន្ដិភាព​និង​សន្ដិសុខ (International Center for Peacekeeping and Security) ដែល​ជា​មូលដ្ឋាន​យោធា​មួយ​នៅ​ប៉ែក​ខាង​លិច​ប្រទេស​អ៊ុយក្រែន​នៅ​ក្បែរ​ព្រំប្រទល់​រវាង​អ៊ុយក្រែន​និង​ប៉ូឡូញ។ កងកម្លាំង​អង្គការ​អូតង់ (NATO) នៅ​ក្នុង​ប្រទេស​ប៉ូឡូញ​ស្ថិត​នៅ​ចម្ងាយ​ត្រឹមតែ ២៥ គីឡូម៉ែត្រ​ពី​នេះ​ប៉ុណ្ណោះ។

សារព័ត៌មាន The New York Times បាន​រាយការណ៍​ថា មីស៊ីល​មួយ​ចំនួន​ត្រូវ​បាន​គេ​ស្ទាក់​បង្អាក់​បាន ប៉ុន្តែ​មីស៊ីល​មួយ​ចំនួន​ទៀត​បាន​បាញ់​ចំ​មូលដ្ឋាន​យោធា​នោះ ដែល​បាន​បណ្ដាល​ឲ្យ​មាន​មនុស្ស​រងគ្រោះ។ មនុស្ស​ចំនួន ៣៥ នាក់​បាន​ស្លាប់ ហើយ​មនុស្ស​ចំនួន ១៣៤ នាក់​ទៀត​បាន​រងរបួស។

ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​រាយការណ៍​ថា មូលដ្ឋាន​យោធា​នោះ​គឺ​ជា «មូលដ្ឋាន​យោធា​ធំ​បំផុត​មួយ​របស់​អ៊ុយក្រែន និង​ជា​មូលដ្ឋាន​យោធា​ធំ​បំផុត​នៅ​ប៉ែក​ខាង​លិច​ប្រទេស​អ៊ុយក្រែន» ហើយ​ក៏​ជា​ទីតាំង​ដែល «អ៊ុយក្រែន​ធ្វើ​សមយុទ្ធ​យោធា​ភាគ​ច្រើន​បំផុត​ជាមួយ​នឹង​បណ្ដា​ប្រទេស​ជា​សមាជិក​អង្គការ​អូតង់» ផងដែរ។

កាលពី​ថ្ងៃ​សៅរ៍ យោធា​រុស្ស៊ី​បាន​បន្ដ​វាយប្រហារ​លើ​ទីក្រុង​នានា​របស់​អ៊ុយក្រែន​ដោយ​ប្រើ​កាំភ្លើង​ធំ និង​ការ​វាយ​ប្រហារ​តាម​អាកាស៕

ក្រុម​គ្រូពេទ្យ​បញ្ជូន​ទាហាន​ម្នាក់​ទៅ​កាន់​មន្ទីរពេទ្យ​ ដែល​រងគ្រោះ​ដោយសារ​ការ​វាយប្រហារ​របស់​រុស្ស៊ី​លើ​មូលដ្ឋាន​យោធា​ Yavoriv ទីក្រុង Yavoriv ប្រទេស​អ៊ុយក្រែន ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២។ (REUTERS)
ក្រុម​គ្រូពេទ្យ​បញ្ជូន​ទាហាន​ម្នាក់​ទៅ​កាន់​មន្ទីរពេទ្យ​ ដែល​រងគ្រោះ​ដោយសារ​ការ​វាយប្រហារ​របស់​រុស្ស៊ី​លើ​មូលដ្ឋាន​យោធា​ Yavoriv ទីក្រុង Yavoriv ប្រទេស​អ៊ុយក្រែន ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២។ (REUTERS)

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG