ឧស្សាហកម្មវីដេអូហ្គេមចាប់ផ្តើមកាត់បន្ថយជំនួញនៅរុស្ស៊ី ចំពេលមានការប្រឆាំងនឹងសង្គ្រាមនៅអ៊ុយក្រែន
បណ្តាក្រុមហ៊ុន វីដេអូ ហ្គេមរួមទាំង EA និង CD Projekt កំពុងបោះជំហានទៅកាត់បន្ថយជំនួញរបស់ពួកគេក្នុងប្រទេសរុស្ស៊ី ឬបញ្ឈប់ប្រតិបត្តិការ ក្នុងប្រទេសនេះព្រមគ្នាតែម្តង។ នេះបើតាមការផ្សាព្វផ្សាយរបស់បណ្តាញព័ត៌មាន CNBC ។
ប្រទេសអ៊ុយក្រែនបានអំពាវនាវដល់ក្រុមហ៊ុន Microsoft និង Sony ឲ្យបិទគណនីនៅរុស្ស៊ី និង បេឡារុសទាំងអស់និងលុបចោលកម្មវិធីហ្គេមនានា ក្នុងប្រទេសទាំងពីរ។
រុស្ស៊ីគឺជាទីផ្សារហ្គេមដ៏សំខាន់ ដែលមានតម្លៃរហូតដល់ ២ពាន់៣រយលានដុល្លារកាលពីឆ្នាំ២០២១។ នេះបើយោងតាម ក្រុមហ៊ុនទិន្នន័យ Statista ។
ក្រុមហ៊ុន CD Projekt នៅប៉ូឡូញ ដែលជាអ្នកបង្កើតហ្គេមពីក្រោយក្រុមហ៊ុន sci-fi ដែលមានឈ្មោះថា Cyberpunk 2077 និងក្រុមហ៊ុនផ្តល់សិទ្ធិលក់ The Witcher បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងបញ្ឈប់ការលក់ហ្គេមរបស់ខ្លួនទាំងស្រុងក្នុងប្រទេសរុស្ស៊ី និង បេឡារុស។ ក្រុមហ៊ុននេះ បានផ្អាកការលក់តាមរយ:ហ្គេម GOG ដែលជាកន្លែងលក់ចែកចាយក្នុងប្រទេសជាច្រើនផងដែរ។ នេះបើយោងតាម បណ្តាញផ្សព្វផ្សាយ CNBC៕
- ដោយ New York Times
ក្រុមហ៊ុន Samsung ប្រកាសនៅថ្ងៃសៅរ៍ថានឹងឈប់នាំចេញផលិតផល និងគ្រឿងបន្លាស់ទៅរុស្ស៉ី
កាសែត New York Times បានផ្សាយថាក្រុមហ៊ុនធំបច្ចេកវិទ្យារបស់ប្រទេសកូរ៉េខាងត្បូង Samsung ដែលមានភាគហ៊ុនក្នុងប្រទេសជាច្រើន បានផ្អាកការនាំចេញផលិតផលរបស់ខ្លួនទាំងអស់ទៅកាន់ប្រទេសរុស្ស៉ី។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុននេះ ដែលបានចេញផ្សាយនៅថ្ងៃសៅរ៍នេះ។
ក្រុមហ៊ុន Samsung មានភាគហ៊ុនធំជាងគេបំផុតលើទីផ្សាររុស្ស៉ីផ្នែកទូរសព្ទទំនើប smartphone ក្នុងត្រីមាសទី៣ នៃឆ្នាំ២០២១។ នេះបើតាមការស្រាវជ្រាវទីផ្សារ ដែលបានធ្វើឡើងដោយសាជីវកម្មទិន្នន័យអន្តរជាតិ។
ក្រុមហ៊ុន Samsung និយាយក្នុងសេចក្តីថ្លែងការណ៍ទៀតថា ខ្លួនបានបញ្ជូនជំនួយមនុស្សធម៌ជាទឹកប្រាក់ចំនួន៦លានដុល្លារ សម្រាប់ពលរដ្ឋក្នុងតំបន់នេះ រួមទាំងជនភៀសខ្លួនដែរ។ ជំនួយនេះរួមទាំងផលិតផលអេឡិចត្រូនិក គិតជាថវិកា១លានដុល្លារផងដែរ៕
ទីក្រុងកំពង់ផែរបស់អ៊ុយក្រែនរងគ្រោះខ្លាំងដោយយោធារុស្ស៊ីរំលោភបទឈប់បាញ់
ទីក្រុង Mariupol ដែលជាទីក្រុងកំពង់ផែរបស់អ៊ុយក្រែនស្ថិតក្នុងស្ថានភាពសឹងតែមហន្តរាយសម្រាប់មនុស្សជាតិ បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ី។ នេះជាការបញ្ជាក់របស់អភិបាលក្រុងនេះ លោក Vadym Boychenko។
លោកអភិបាលក្រុង Boychenko បានថ្លែងតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមថា៖ «យើងសឹងតែត្រូវគេបំផ្លាញទាំងស្រុង»។
លោកបានថ្លែងទៀតថា ទីក្រុងនេះ ស្ថិតនៅក្រោមការបាញ់ប្រហារឥតត្រាប្រណីពីកងទ័ពរុស្ស៊ី ក្នុងរយ:ពេល៥ថ្ងៃចុងក្រោយនេះ។ ការវាយប្រហារនេះ កើតឡើងជាប់ ហើយគ្មានពេលវេលាគ្រប់គ្រាន់សម្រាប់បុគ្គលិកកំពង់ផែជួសជុលបណ្តាញទឹកនិងភ្លើងទេ។ ពលរដ្ឋពេលនេះកំពុងរងគ្រោះ។
បណ្តាញផ្សាយព័ត៌មាន CNBC បានរាយការណ៍ថា ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែននិយាយនៅរសៀលថ្ងៃសៅរ៍នេះថា រុស្ស៊ីបានរំលោភកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់ ហើយបានបន្តវាយប្រហារក្នុងទីក្រុង Mariupol and ទីក្រុង Volnovakha។
កាលពីព្រឹកថ្ងៃសៅរ៍ រុស្ស៊ីនិង អ៊ុយក្រែន បានព្រមព្រៀងថានឹងឈប់បាញ់គ្នាជាបណ្តោះអាសន្ន ក្នុងទីក្រុងចំនួនពីរ ដើម្បីឲ្យពលរដ្ឋបានចាកចេញនិងត្រូវជម្លៀសចេញដោយសុវត្ថិភាព។ តែការណ៍នេះត្រូវបានព្យួរសិនដោយសារតែរុស្ស៊ីនៅបន្តវាយប្រហាររំលោភលើបទឈប់បាញ់នេះ៕
ព័ត៌មាននេះត្រូវបានដកស្រង់ពីទីភ្នាក់ងារព័ត៌មាន AP និងសារព័ត៌មាន Washington Post។
- ដោយ New York Times
តាមរយៈទណ្ឌកម្ម អាមេរិកនិងអឺរ៉ុប ចង់ដាក់ពិន័យលោក ពូទីន និងបញ្ឆេះពលរដ្ឋរុស្ស៊ីឲ្យចលាចល
នៅពេលសហរដ្ឋអាមេរិកនិងអឺរ៉ុបដាក់ទណ្ឌកម្មជាប្រវត្តិសាស្ត្រលើប្រទេសរុស្ស៊ី រដ្ឋបាលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងរដ្ឋាភិបាលសហភាពអឺរ៉ុប បានបង្កើតគោលដៅថ្មីជាច្រើន គឺបំផ្លាញសេដ្ឋកិច្ចរុស្ស៊ី ទុកជាការដាក់ទោសអោយពិភពលោកបានឃើញ និងបង្កើតសម្ពាធក្នុងប្រទេសលើលោកប្រធានាធិបតី Vladimir V. Putin ឲ្យបញ្ឈប់ការធ្វើសង្គ្រាមរបស់លោក ក្នុងប្រទេសអ៊ុយក្រែន។ នេះបើតាមកាសែត New York Times ដែលបានស្រង់អត្ថាធិប្បាយពីមន្ត្រីក្នុងមុខតំណែងនិងអតីតមន្ត្រីអាមេរិកមកផ្សព្វផ្សាយនៅថ្ងៃនេះ៕