ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។

LIVE BLOG: ព្រឹត្តិការណ៍ថ្មីៗអំពីការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ៣ វិច្ឆិកា ២០២២

រុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែន តាំងពីថ្ងៃទី២៤ ខែកម្ភៈ មក។ សូមតាមដានព្រឹត្តិការណ៍ថ្មីៗប្រចាំថ្ងៃទាក់ទងនឹងវិបត្តិអ៊ុយក្រែន នៅ​លើ​ទំព័រ Live Blog ដែលផ្សាយផ្ទាល់នេះ។

២១:២២ ៥.៣.២០២២

លោក ពូទីន៖ ទណ្ឌកម្ម​ពី​ប្រទេស​លោក​ខាង​លិច​គឺ​ដូច​នឹង​ការ​ប្រកាស​សង្គ្រាម

ប្រធានាធីបតី​រុស្ស៊ី​លោក Vladimir Putin បាន​ថ្លែង​នៅ​ថ្ងៃ​សៅរ៍​ថា ទណ្ឌកម្ម​ពី​បណ្តា​ប្រទេស​លោក​ខាង​លិច​លើ​រុស្ស៊ី​ គឺដូច​នឹង​ការ​ប្រកាស​សង្គ្រាម​មួយ​ ហើយ​លោក​បាន​ការពារ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ដោយ​អះអាង​ថា រដ្ឋាភិបាល​រុស្ស៊ី​ចាំបាច់​ការពារ​ប្រជាពលរដ្ឋ​នៅ​តំបន់​ភាគ​ខាង​កើត​អ៊ុយក្រែន​ដែល​និយាយ​ភាសា​រុស្ស៊ី និង​ប្រយោជន៍​របស់​រដ្ឋាភិបាល​រុស្ស៊ី។ តាមរយៈ​អត្ថាធិប្បាយ​ទៅ​កាន់​បុគ្គលិក​អាកាសចរណ៍​ជា​ស្ត្រី​ដែល​ត្រូវបាន​ផ្សាយ​តាម​ទូរទស្សន៍ជាតិ​រុស្ស៊ី​នេះ លោក​ពូទីន​ថា រុស្ស៊ី​ចង់​ឃើញ​ប្រទេស​អ៊ុយក្រែន «លុបបំបាត់​យោធា» «លុប​បំបាត់​ចរិក​ណាហ្ស៊ី» ហើយ​ថា អ៊ុយក្រែន​គួរ​តែ​មាន​ស្ថានភាព​អព្យាក្រឹត្យ៕

ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin។
ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin។

២០:១៦ ៥.៣.២០២២

ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​លើ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន

ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ បាន​អនុម័ត​សេចក្ដី​សម្រេច​មួយ​ដោយ​មាន​ការ​បោះ​ឆ្នោត​គាំទ្រ​ចំនួន​ ៣២ សំឡេង បោះ​ឆ្នោត​អនុប្បវាទ ១៣ សំឡេង​ និង​បោះ​ឆ្នោត​ប្រឆាំង​ចំនួន​ ២ សំឡេង។ មាន​តែ​ប្រទេស​រុស្ស៊ី និង​ អេរីត្រេ ប៉ុណ្ណោះ​ដែល​បាន​បោះ​ឆ្នោត​បដិសេធ​មិន​ធ្វើ​ការ​ថ្កោល​ទោស​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។ វាជា​ការ​បញ្ជាក់​មួយ​ថា រុស្ស៊ី​កំពុង​ក្លាយ​ជា​ប្រទេស​ឯកោ ពីព្រោះ​សូម្បី​តែ​សម្ពន្ធមិត្ត​ដ៏​ជិត​ស្និទ្ធរបស់​ខ្លួន គឺ​ ចិន គុយបា និង វ៉េណេស៊ុយអេឡា ក៏​សម្រេច​ចិត្ត​បោះ​ឆ្នោត​អនុប្បវាទ ជា​ជាង​ឈរប្រកៀក​ស្មា​គ្នា​នៅ​ខាង​រុស្ស៊ី​ដើម្បី​បដិសេធ​សេចក្ដី​សម្រេច​នេះ។

បើ​ទោះបី​ជា​ប្រទេស​បេឡារុស មិន​មែន​ជា​សមាជិក​ក្រុមប្រឹក្សា​នេះ​ក៏​ដោយ ប៉ុន្តែ​ប្រទេស​នេះ​បាន​ឡើង​ទៅ​កាន់​វេទិកា​ ដើម្បី​ថ្លែង​ការពារ​រុស្ស៊ី ដែល​ជា​សម្ពន្ធ​មិត្ត​របស់​ខ្លួន។ លោក Andrei Taranda ដែល​ជា​ទីប្រឹក្សា​បេឡារុស ក៏​បាន​យក​ឱកាស​នោះ​វាយបក​ទៅ​លើ​ការ​រិះ​គន់​អំពី​សម្ភន្ធភាព​នៃ​ប្រទេស​របស់​លោក​ជាមួយ​ទីក្រុង​មូស្គូ។

លោក​ថ្លែង​តាម​រយៈ​អ្នក​បកប្រែ​ដែល​មាន​ខ្លឹមសារ​ដូច្នេះ​ថា៖

«ប្រទេស​លោក​ខាង​លិច​មួយ​ចំនួន បាន​ថ្កោល​ទោស​បេឡារុស​ ចំពោះ​ការ​គាំទ្រ​ទៅ​លើ​ការ​ឈ្លានពាន​លើ​អ៊ុយក្រែន។ ប៉ុន្តែ យើង​ត្រូវ​តែ​មានភាព​ស្មោះ​ត្រង់​ចំពោះ​ខ្លួន​យើង។ តើ​អ្នក​ណា​ជា​អ្នក​បញ្ឆេះ​ភ្លើង​នៃ​ជម្លោះនេះ​ឡើង​នៅ​អ៊ុយក្រែន? វា​មិន​ដូច​សហស្ថាបនិក​នៃ​សេចក្ដី​សម្រេច​នោះ​ បេឡារុសមិន​បញ្ជូន​សព្វាវុធ​ ឬ ទាហាន​ទៅ​កាន់​តំបន់​មាន​ជម្លោះ​ទេ។ លើស​ពី​នេះ​ទៀត ពុំ​មាន​ទាហាន​បេឡារុស​នៅ​លើ​ទឹក​ដី​អ៊ុយក្រែន​នោះដែរ»។

អាន​ព័ត៌មាន​លម្អិត​តាមរយៈ​តំណភ្ជាប់​ខាង​ក្រោម​នេះ៖

១៩:៣៦ ៥.៣.២០២២

ប្រទេស​បារាំង​រឹប​អូស​នាវា​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​សម្ពន្ធមិត្ត​លោក​ ពូទីន

រដ្ឋាភិបាល​បារាំង​ នៅ​ក្នុង​ស​ប្ដាហ៍​នេះ​ បាន​រឹប​អូស​នាវា​មួយ​គ្រឿង ដែល​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​អ្នក​ជំនួញ​ប្រេង​កាត​រុស្ស៊ី គឺ​លោក Igor Sechin ដែល​ជា​សម្ពន្ធមិត្ត​ដ៏​ជិត​ស្និទ្ធ​របស់​ប្រធានាធិបតី រុស្ស៊ី លោក Vladimir Putin។ ​ការ​រឹប​អូស​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ដាក់​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប​ទៅ​លើ​ការ​ឈ្លានពាន​របស់​រុស្ស៊ី លើ​ប្រទេស​អ៊ុយក្រែន។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ជា​លាយលក្ខណ៍​អក្សរ​មួយ​បង្ហោះ​លើ​បណ្ដាញ​Twitter ផ្លូវ​ការ ​លោក​ Olivier Dussopt រដ្ឋមន្ត្រី​វិធានការ​សាធារណៈ​ និង​គណនេយ្យ​ នៃ​ប្រទេស​បារាំង បាន​ថ្លែង​ថា នាវា​ដែល​មាន​ប្រវែង​ ៨៥.៦ ម៉ែត្រ​មួយ​គ្រឿង​ឈ្មោះ​ថា Amore Vero ត្រូវ​បាន​រឹបអូស​ដោយ​ភ្នាក់ងារ​គយ​បារាំង នៅ​ឯ​កន្លែង​ចត​នាវា​មួយ នៅ​ក្រុង​កំពង់ផែ​ La Ciotat ក្បែរ​ទីក្រុង Marseille ស្ថិត​នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​បារាំង។ សេចក្ដី​ថ្លែងការណ៍​សរសេរ​ថា នាវា​នេះ​គឺ​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​មួយ ដែល​មាន​លោក Sechin ជា​ម្ចាស់​ភាគហ៊ុន​ច្រើន​ជាង​គេ។

លោក Sechin បើក​ដំណើរ​ការ​ក្រុមហ៊ុន​ប្រេងកាត​រុស្ស៊ី Rosneft ហើយ​លោក​ក៏​ជា​អតីត​មន្ត្រី​រដ្ឋាភិបាល​រុស្ស៊ី​ផងដែរ។

អាន​ព័ត៌មាន​លម្អិត​តាម​រយៈ​តំណភ្ជាប់​ខាង​ក្រោម​នេះ៖

០៤:០៦ ៥.៣.២០២២

រុស្ស៊ី​បិទ​ខ្ទប់​ហ្វេសប៊ុក​ដោយ​ចោទ​ថា​បណ្តាញ​សង្គម​នេះ​រឹតត្បិត​លើ​ការ​ទទួល​បាន​ព័ត៌មាន​ពី​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ

កាលពី​ថ្ងៃ​សុក្រ រដ្ឋាភិបាល​រុស្ស៊ី​បាន​បិទ​ខ្ទប់​ក្រុមហ៊ុន Meta ដែល​គ្រប់គ្រង​បណ្តាញ​សង្គម​ហ្វេសប៊ុក។ នេះ​បើ​យោង​តាម​និយ័តករ​ទូរគមនាគមន៍​រុស្ស៊ី។ នេះ​ជា​ការ​ឆ្លើយ​តប​របស់​រដ្ឋាភិបាល​រុស្ស៊ី ដែល​ខ្លួន​បាន​ចាត់ទុក​បណ្តាញ​សង្គម​មួយ​នេះ​ថា បាន​រឹតត្បិត​ការ​ទទួលបាន​ព័ត៌មាន​ពី​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ ឋ​តាមរយៈ​បណ្តាញ​សង្គម​ហ្វេសប៊ុក។

និយ័តករ​Roskomnadzor អះអាង​ថា​ ករណីរឹតត្បិត​ចំនួន ២៦ ​ដោយ​បណ្តាញ​ហ្វេសប៊ុក ត្រូវបាន​កើត​ឡើង​លើ​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​រុស្ស៊ី ចាប់​តាំង​ពី​ខែ​តុលា ឆ្នាំ ២០២០ មក រួមទាំង​ករណី​រឹតត្បិត​ថ្មីៗ​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ​លើទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​រុស្ស៊ី​ដូចជា RT និង ​RIA។

ចំណាត់ការ​នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​តានតឹង​កាន់​តែ​ខ្លាំង​ឡើង​រវាង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​និង​រដ្ឋាភិបាល​រុស្ស៊ី ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដែល​រួមមាន​ការ​ផាក​ពិន័យ​ជា​ទឹកប្រាក់​លើ​ក្រុមហ៊ុន​ជា​ដើម។ ហើយ​ភាពតានតឹង​នេះ​ក៏​កាន់តែ​កើន​ឡើង​ទៀត ខណៈ​រុស្ស៊ី​បន្ត​ឈ្លានពាន​លើ​អ៊ុយក្រែន ដែល​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី Vladimir Putin ចាត់ទុក​ថា​ជា «ប្រតិបត្តិការ​យោធា​ពិសេស» មួយ។

ទីភ្នាក់​ងារ​សារព័ត៌មាន Tass កាលពី​ថ្ងៃ​សុក្រ​ក៏​បាន​រាយការណ៍​ថា រុស្ស៊ី​ក៏​បាន​រឹតត្បិត​ការ​ប្រើប្រាស់​បណ្តាញ​សង្គម Twitter។ ហើយ​ទីភ្នាក់ងារ​សារព័ត៌មាន Interfax បាន​លើក​ឡើង​ថា សេវា Twitter ត្រូវបាន​រាំង​ខ្ទប់៕

ផ្លាកសម្គាល់បណ្តាញសង្គមហ្វេសប៊ុកត្រូវបានបង្ហាញលើកញ្ចក់កុំព្យូទ័រមួយ នៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២១។
ផ្លាកសម្គាល់បណ្តាញសង្គមហ្វេសប៊ុកត្រូវបានបង្ហាញលើកញ្ចក់កុំព្យូទ័រមួយ នៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២១។

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG