- ដោយ AP
សហរដ្ឋអាមេរិករក្សាជំហរហាមឃាត់ការនាំចូលប្រេងពីរុស្ស៊ី
កាលពីថ្ងៃសុក្រ អ្នកនាំពាក្យសេតវិមានអ្នកស្រី Jen Psaki បានបញ្ជាក់សារជាថ្មីថា រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden នៅតែរក្សាជំហរលើការហាមឃាត់ការនាំចូលប្រេងពីរុស្ស៊ី។ ជំហរនេះបង្កជាក្តីព្រួយបារម្ភថា ការហាមឃាត់នេះនឹងជះផលប៉ះពាល់អវិជ្ជមានដល់សេដ្ឋកិច្ចអាមេរិកនិងសេដ្ឋកិច្ចអឺរ៉ុប។
ក៏ប៉ុន្តែអ្នកស្រីបានបន្ថែមថា រដ្ឋបាលលោក Biden «កំពុងស្វែងរកជម្រើសគ្រប់បែបយ៉ាងដែលយើងអាចធ្វើបាន ដើម្បីកាត់ផ្តាច់សហរដ្ឋអាមេរិកពីគារប្រើប្រាស់ថាមពលរុស្ស៊ី»។
ជាមួយគ្នានោះ អ្នកស្រី Psaki ក៏បានស្នើឲ្យកងកម្លាំងរុស្ស៊ីដកខ្លួនចេញពីតំបន់រោងចក្រផលិតថាមពលនុយក្លេអ៊ែរ Zaporizhzhia នៅភាគអាគ្នេយ៍ប្រទេសអ៊ុយក្រែន។ ទាហានរុស្ស៊ីបានត្រួតត្រារោងចក្រនេះ កាលពីព្រឹកថ្ងៃសុក្រ។
អ្នកស្រីJen Psaki បានថ្លែងថា៖ «ជំហានដ៏ប្រសើរបំផុតសម្រាប់សុវត្ថិភាពនុយក្លេអ៊ែរ គឺរុស្ស៊ីត្រូវដកវត្តមានរបស់ខ្លួនចេញពីតំបន់នោះឲ្យបានឆាប់បំផុត»៕
- ដោយ AP
រដ្ឋាភិបាលរុស្ស៊ីបង្កើតច្បាប់ថ្មីដោយដាក់ទោស ១៥ ឆ្នាំលើសេចក្តីរាយការណ៍ព័ត៌មានដែលខ្លួនចាត់ទុកថា«មិនពិត»
កាលពីថ្ងៃសុក្រ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់មួយ ដែលដាក់ទោសជាប់ពន្ធនាគាររយៈពេល ១៥ ឆ្នាំ លើការផ្សព្វផ្សាយព័ត៌មានដែលប្រឆាំងនឹងជំហររបស់រដ្ឋាភិបាលរុស្ស៊ីពាក់ព័ន្ធនឹងសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន AP។
ច្បាប់ថ្មីនេះដែលដាក់ទោសលើសកម្មភាពផ្សព្វផ្សាយព័ត៌មានដែលរដ្ឋាភិបាលរុស្ស៊ីចាត់ទុកថា «មិនពិត» ត្រូវបានសភារុស្ស៊ីបោះឆ្នោតអនុម័តភ្លាមៗ កាលពីថ្ងៃសុក្រ។
មន្ត្រីរដ្ឋាភិបាលរុស្ស៊ីបានជំទាស់ប្រឆាំងជាបន្តបន្ទាប់លើសេចក្តីរាយការណ៍នានាស្តីអំពីបញ្ហាប្រឈមរបស់ទាហានរុស្ស៊ី ឬករណីស្លាប់របស់ជនស៊ីវិលនៅអ៊ុយក្រែន ថាជាសេចក្តីរាយការណ៍ «មិនពិត»។ បណ្តាញសារព័ត៌មានរដ្ឋរុស្ស៊ីចាត់ទុកការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែនថាជា «ប្រតិបត្តិការយោធាពិសេស» ជាជាង «សង្គ្រាម» ឬ «ការឈ្លានពាន»៕
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ថ្លែងទៅកាន់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២២
ប្រធានាធិបតីអ៊ុយក្រែនបានផ្ញើសារឲ្យលោក Putin «អង្គុយជាមួួយខ្ញុំ» ដើម្បីចរចាគ្នា ខណៈលោកអំពាវនាវឲ្យបណ្តាប្រទេសលោកខាងលិចផ្តល់ជំនួយយោធាខ្លាំងជាងមុនដល់អ៊ុយក្រែន ខណៈរុស្ស៊ីកំពុងវាយប្រហារឈ្លានពានប្រទេសរបស់លោក។
លោក Volodymyr Zelenskyy ថា លទ្ធភាពចរចាគ្នាបន្ទាប់ទៀតជាមួយរុស្ស៊ីទំនងជាមិនកើតឡើងនោះទេ ប៉ុន្តែលោកថា ចាំបាច់ត្រូវមានការចរចាគ្នា ដោយសង្កត់ធ្ងន់ថា «ពាក្យសម្តីមានសារៈសំខាន់ជាងគ្រាប់កាំភ្លើង»។
លោក Zelenskyy ក៏អះអាងថា បណ្តាប្រទេសជុំវិញពិភពលោកផ្តល់ជំនួយដល់អ៊ុយក្រែនយឺតយ៉ាវណាស់ ហើយបានអំពាវនាវឲ្យមេដឹកនាំបណ្តាប្រទេសលោកខាងលិច ប្រកាសបិទតំបន់ហោះហើរតាមផ្លូវអាកាសលើប្រទេសអ៊ុយក្រែន ដើម្បីរារាំងយន្តហោះចម្បាំងរុស្ស៊ី។ សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តអង្គការអូតង់ បានសម្រេចមិនចាត់វិធានការបែបនេះ ដែលអាចធ្វើឲ្យបណ្តាប្រទេសផ្សេងៗទៀតធ្លាក់ក្នុងការធ្វើសង្គ្រាមផ្ទាល់ជាមួយទាហានរុស្ស៊ី។
កាលពីថ្ងៃព្រហស្បតិ៍ ទាហានរុស្ស៊ីបានចូលត្រួតត្រាទីក្រុងកំពង់ផែ Kherson របស់អ៊ុយក្រែន ហើយបន្តវាយប្រហារនៅតាមតំបន់ទីក្រុងជាច្រើនផ្សេងទៀត ខណៈមនុស្សជាង ១លាននាក់បានរត់ភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែន។
អង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) បានបញ្ជាក់នៅថ្ងៃសុក្រនេះថា ចំនួនជនភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែនបានកើនលើស ១.២៥លាននាក់ ហើយពាក់កណ្តាលនៃអ្នកភៀសខ្លួនទាំងអស់នេះបានទៅប្រទេសប៉ូឡូញ៕