បទឈប់បាញ់គ្នាមួយក្នុងតំបន់ខាងកើតនៃប្រទេសអ៊ុយក្រែនមានគោលបំណងបញ្ឈប់ការប្រយុទ្ធគ្នារវាងកងកម្លាំងរដ្ឋាភិបាលអ៊ុយក្រែននិងពួកទាមទារបំបែករដ្ឋដែលគាំទ្រដោយរដ្ឋាភិបាលក្រុងមូស្គូបានចូលជាធរមានកាលពីថ្ងៃចន្ទ។ ទោះជាយ៉ាងណាក៏ដោយ ពួកមន្រ្តីអ៊ុយក្រែនបានព្រមានថា បទឈប់បាញ់គ្នាស្ថិតក្នុងភាពគ្រោះថ្នាក់។
នៅក្រោមកិច្ចព្រមព្រៀងឈប់បាញ់គ្នាដែលបានប្រកាសនៅក្នុងទីក្រុងមុយនិច ដោយលោក Sergei Lavrov រដ្ឋមន្រ្តីការបរទេសរុស្ស៊ី ភាគីទាំង២ត្រូវតែគោរពកិច្ចព្រមព្រៀង ទីក្រុង Minsk ដែលមានចំណាស់២ឆ្នាំហើយនឹងដកកាំភ្លើងធន់ធ្ងន់ចេញពីសមរភូមិជួរមុខ។
ទើបតែប៉ុន្មានម៉ោងមុនពេលរដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន រុស្ស៊ី បារាំងនិងអាល្លឺម៉ង់បានប្រកាសពីបទឈប់បាញ់គ្នានៅពេលថ្មីៗនេះ មេដឹកនាំទាមទារបំបែករដ្ឋបានចេញការគំរាមកំហែងខាងយោធា។
លោក Alexander Hug ប្រធានបេសកម្មឃ្លាំមើលសម្រាប់អង្គការសន្តិសុខនិងកិច្ចសហប្រតិបត្តិការនៅអឺរ៉ុប និយាយថា ឧបទ្ទវហេតុការប្រយុទ្ធគ្នាត្រូវបានកាត់បន្ថយយ៉ាងច្រើន។ លោកបាននិយាយទៀតថា មានស្នូរគ្រាប់កាំភ្លើងតូចៗ ត្រូវបានឮនៅក្នុងតំបន់ Donetsk បន្ទាប់ពីការឈប់បាញ់គ្នាបានចូលជាធរមានកាលពីពាក់កណ្តាលយប់ម៉ោងនៅក្នុងស្រុក។
ក៏ប៉ុន្តែ លោក Hug បានព្រមានកាលពីថ្ងៃចន្ទថា ស្ថានភាពនៃការផ្ទុះឡើងនៃការប្រយុទ្ធគ្នាអាចកើតមានពីព្រោះតែអាវុធធុនធ្ងន់នៅតែស្ថិតនៅភាគីទាំង ២នៅក្នុងតំបន់ដែលមិនត្រូវមានអាវុធ៕