លោក Donald Trump ប្រធានាធិបតីស.រ.អា.គ្រោងនិយាយតាមទូរស័ព្ទជាមួយលោក Paolo Gentiloni នាយករដ្ឋមន្ត្រីអ៊ីតាលី និងលោក Petro Poroshenko ប្រធានាធិបតីប្រទេសអ៊ុយក្រែនកាលពីថ្ងៃសៅរ៍ម្សិលមិញនេះ។ នេះជាចុងសប្តាហ៍ទីពីរជាប់គ្នាដែលលោក Trump និយាយតាមទូរស័ព្ទជាមួយមេដឹកនាំក្នុងពិភពលោក។
កិច្ចសន្ទនាជាមួយនាយករដ្ឋមន្ត្រីអ៊ីតាលីធ្វើឡើងមួយថ្ងៃក្រោយពីកិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុបនៅប្រទេស Malta ដែលពិភាក្សាអំពីអនាគតរបស់សហអឺរ៉ុប។ លោក Gentiloni និងមេដឹកនាំសហភាពអឺរ៉ុបដទៃទៀតបានសន្យាថា នៅតែជម្នះប្រឆាំងនឹងលោក Trump ដែលការរិះគន់របស់លោកត្រូវអ្នកខ្លះគិតថា ជាការគំរាមកំហែងកម្លាំងរបស់សម្ព័ន្ធមិត្តឆ្លងមហាសមុទ្រអាត្លង់ទិក។
ពួកគេបានពិភាក្សាគំនិតដែលនឹងត្រូវបញ្ចូលក្នុងសេចក្តីប្រកាសអំពីអនាគតរបស់សហភាពអឺរ៉ុប នៅពេលប្រារព្ធខួប៦០ឆ្នាំ នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលីនៅខែមីនា។ លោក Gentiloni បាននិយាយកាលពីថ្ងៃសុក្រថា លោកសង្កេតឃើញថា សហភាពអឺរ៉ុបមានឱកាសធំធេង ប្រសិនបើរដ្ឋបាលរបស់លោក Trump ផ្តោតជាចម្បងលើបញ្ហាក្នុងស្រុក ហើយទុកឱកាសឲ្យសហភាពអឺរ៉ុបបង្កើតអ្វីដែលហៅថា មហាអំណាចពាណិជ្ជកម្មលេខមួយក្នុងពិភពលោក៕