ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ដូណាល់ ​ត្រាំ​ និង​ប្រធានាធិបតី​អ៊ុយក្រែន Poroshenko ​សន្ទនា​គ្នា​នៅ​ពេល​មាន​សេចក្តី​រាយការណ៍​ពី​ការ​ប្រយុទ្ធ​​ក្នុង​ប្រទេស​អ៊ុយក្រែន


សមាជិក​យោធា​អ៊ុយក្រែន​ជិះ​រថក្រោះ​នៅ​ក្បែរ​ក្រុង Avdiivka ប្រទេស​អ៊ុយក្រែន កាលពី​ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧។
សមាជិក​យោធា​អ៊ុយក្រែន​ជិះ​រថក្រោះ​នៅ​ក្បែរ​ក្រុង Avdiivka ប្រទេស​អ៊ុយក្រែន កាលពី​ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ដូណាល់ ​ត្រាំ ​បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ជាមួយ​លោក Petro Poroshenko ប្រធានាធិបតី​នៃ​ប្រទេស​អ៊ុយក្រែន​ ដែល​កំពុង​ស្វះស្វែង​ធ្វើ​ការ​បញ្ជាក់​ឡើង​វិញ​ប្រាប់​មេដឹកនាំ​នៃ​ប្រទេស​អ៊ុយក្រែន​ពី​ការ​បន្ត​ការ​គាំទ្រ​របស់​សហរដ្ឋ​អាមេរិក ​នៅ​ពេល​ដែល​កងកម្លាំង​រដ្ឋាភិបាល​ក្រុង​ Kyiv​ និង​ពួកឧទ្ទាម​ដែល​គាំទ្រ​ដោយ​ប្រទេស​រុស្ស៊ី​បាន​ប្រយុទ្ធ​គ្នា​ម្តង​ទៀត​នៅ​ជិត​ព្រំដែន​ប្រទេស​រុស្ស៊ី។

សេចក្តី​ថ្លែងការណ៍​របស់​សេតវិមាន ​បាន​ពណ៌នា​ការ​សន្ទនា​នោះ​ថា​ ជាការ​សន្ទនា​ដ៏​ល្អ​បំផុត​ដែល​ដោះ​ស្រាយ​ជម្លោះ​ដ៏​យូរអង្វែង។ ​សេចក្តី​ថ្លែងការណ៍​នោះ​ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ​មេដឹកនាំ​ទាំង​២​បាន​ពិភាក្សា​ពី​ជំនួប​ទល់​មុខ​គ្នា​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

ការិយាល័យ​របស់​ប្រធានាធិបតី Poroshenko នៃ​ប្រទេស​អ៊ុយក្រែន ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មេដឹកនាំ​ទាំង​២​បាន​យល់​ព្រម​គ្នា​ស្តីពី​ភាព​ចាំបាច់​នៃ​ការ​ធ្វើ​ឲ្យ​មាន​ការ​ឈប់​បាញ់​គ្នា។ សេចក្តី​ថ្លែងការណ៍​នោះ​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ​ពួក​អស់​លោក ​បាន​សម្តែង​នូវ​ការ​ព្រួយ​កង្វល់​យ៉ាង​ខ្លាំង​អំពី​ការ​តានតឹង​ខាង​យោធា​ ហើយ​និង​ភាព​កាន់​តែ​យ៉ាប់​យឺន​ឡើង​នៃ​ស្ថានភាព​មនុស្ស​ធម៌​នៅ​ជួរ​មុខ​នៃ​សមរភូមិ។

​លោក​ប្រធានាធិបតី​នៃ​ប្រទេស​អ៊ុយក្រែន​ក៏​បាន​ថ្លែងអំណរ​គុណ​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ​ត្រាំ​ចំពោះ​ការ​គាំទ្រ​យ៉ាង​ខ្លាំង​របស់​លោក​ដល់​បូរណភាព​ទឹក​ដី ​និង​អធិបតេយ្យ​ភាព​ប្រទេស​អ៊ុយក្រែន។

ប៉ុន្មាន​ម៉ោង​មុន ពួក​អ្នកឃ្លាំ​មើល​នៅ​ជិត​ព្រំ​ដែនរុស្ស៊ី​បាន​រាយការណ៍​ពី​ការ​បន្ត​ការ​បាញ់​ផ្តក់​នៅ​តំបន់​ភាគ​ខាង​កើត​ទីក្រុង Donetsk ដែល​ជាទី​តាំង​ដ៏​រឹងមាំ​របស់​ពួក​ឧទ្ទាមដែល​ពួក​អ្នក​ឃ្លាំមើល​និយាយ​ថា ​ការ​បាញ់​គ្រាប់​កាំភ្លើង​ត្បាល់​ និង​រ៉ុក្កែត​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​ក៏​៣៣​នាក់​ដែរ​ហើយ​និង​ធ្វើ​ឲ្យ​មនុស្ស​រាប់​សិប​នាក់​ទៀត​របួស​ក្នុង​ប៉ុន្មាន​សប្តាហ៍​កន្លង​មក​នេះ៕

XS
SM
MD
LG