ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានព្រមានថា ភាពជាប់គាំងនៅក្នុងសង្គ្រាមរបស់អ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ីនឹងបង្កើតឱ្យមាន «ភ្នំភ្លើងដែលសំងំ ប៉ុន្តែប្រាកដជានឹងងើបឡើងជាមិនខាន»។
លោក Zelenskyy បានប្រាប់អ្នកកាសែតអាហ្វ្រិកនៅក្នុងទីក្រុងកៀវកាលពីថ្ងៃពុធថា៖ «យើងមិនអាចបន្តឱ្យមានភាពជាប់គាំងណាមួយបានទេ។ ប្រសិនបើយើងចង់បញ្ចប់សង្គ្រាម យើងត្រូវតែបញ្ចប់វា ហើយបញ្ចប់វាដោយការគោរព ដូច្នេះពិភពលោកទាំងមូលដឹងថានរណាដែលចូលឈ្លានពាន ចាប់ខ្លួន និងសម្លាប់មនុស្សគឺជាអ្នកទទួលខុសត្រូវ»។
បើយោងតាមប្រធានាធិបតីអ៊ុយក្រែន ប្រសិនបើសង្គ្រាមជាប់គាំង ពលរដ្ឋអ៊ុយក្រែនជំនាន់ក្រោយនឹងត្រូវប្រយុទ្ធ ដោយសារតែរុស្ស៊ី «នឹងមកម្ដងទៀត ប្រសិនបើខ្លួនមិនទទួលបានជោគជ័យលើកនេះ»។
ការលើកឡើងរបស់លោក Zelenskyy នេះបានធ្វើឡើងក្នុងពេលពីរសប្ដាហ៍ក្រោយមកបន្ទាប់ពីលោកនាយឧត្តមសេនីយ៍ Valery Zaluzhny ដែលជាអគ្គមេបញ្ជាការយោធាអ៊ុយក្រែន បានប្រាប់ទស្សនាវដ្ដី The Economist ថា សង្គ្រាម «បានឈានដល់កម្រិតបច្ចេកវិទ្យាដែលធ្វើឱ្យយើងធ្លាក់ចូលក្នុងភាពជាប់គាំង»។
លោក Zelenskyy បានទទួលស្គាល់ថា ស្ថានការណ៍នៅសមរភូមិនៅតែលំបាកខ្លាំង ប៉ុន្តែបាននិយាយថាលោកមិនជឿថាសង្គ្រាមនេះបានឈានដល់ភាពជាប់គាំងនោះទេ។ លោកបានសង្កត់ធ្ងន់ថា អ៊ុយក្រែននឹងមិនចរចាជាមួយរុស្ស៊ីនោះឡើយរហូតទាល់តែរុស្ស៊ីដកចេញទាំងស្រុងពីដែនដីអ៊ុយក្រែន។
រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក David Cameron បានជួបជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ក្នុងដំណើរទៅក្រៅប្រទេសជាលើកដំបូងរបស់លោកក្នុងការងារថ្មី ហើយបានសន្យាថានឹងបន្តផ្តល់ការគាំទ្រផ្នែកយោធាសម្រាប់កិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់អ៊ុយក្រែន តាមត្រូវការទោះជាយូរដល់ពេលណាក៏ដោយ៕