សហភាពអឺរ៉ុបនឹងធ្វើមិនបានតាមគោលដៅដែលបានកំណត់ទុកកាលពីមុនរបស់ខ្លួននៅក្នុងការផ្គត់ផ្គង់ដល់ប្រទេសអ៊ុយក្រែននូវគ្រាប់ផ្លោងកាំភ្លើងធំនិងមីស៊ីលមួយលានគ្រាប់នៅត្រឹមខែក្រោយបានទេ។
រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់លោក Boris Pistorius បានទទួលស្គាល់ដូច្នេះកាលពីថ្ងៃអង្គារមុនកិច្ចប្រជុំរបស់បណ្ដារដ្ឋមន្ត្រីការពារជាតិនៃសហភាពអឺរ៉ុបចូលមកដល់នៅក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក។
ការលើកឡើងរបស់លោក Pistorius នេះគឺជាការទទួលស្គាល់ដំបូងបង្អស់របស់មន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុបមួយរូបដែលថាគោលដៅនេះនឹងមិនសម្រេចបានដូចការគ្រោងទុក បើទោះបីជាមនុស្សជាច្រើនបានបង្ហាញនូវមន្ទិលសង្ស័យដូច្នេះដោយស្ងាត់ស្ងៀមអស់រយៈពេលជាច្រើនខែមកហើយក៏ដោយ។
ការសន្យានេះបានធ្វើឡើងកាលពីខែមីនាដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ៊ុយក្រែនដែលចង់បានគ្រាប់ផ្លោងកាំភ្លើងធំ នៅពេលដែលសង្គ្រាមរវាងអ៊ុយក្រែននិងកងកម្លាំងឈ្លានពានរុស្ស៊ីបានជាប់គាំង។ ការសន្យានេះគឺជាផ្នែកមួយនៃកម្មវិធីមួយដែលមានបីផ្នែកដើម្បីបង្កើនការផ្គត់ផ្គង់គ្រាប់រំសេវដល់អ៊ុយក្រែន ដោយផ្នែកទីមួយអំពាវនាវឱ្យបណ្ដាសមាជិកសហភាពអឺរ៉ុបរួមចំណែកផ្គត់ផ្គង់ចេញពីឃ្លាំងសព្វាវុធរបស់ខ្លួន។
ផ្នែកទីពីរតម្រូវឱ្យបណ្ដាប្រទេសសហភាពអឺរ៉ុបបញ្ជាទិញគ្រាប់ផ្លោងថ្មីពីឧស្សាហកម្មដែលស្ថិតក្រោមគម្រោងផ្ដួចផ្ដើមលទ្ធកម្មរួមគ្នាមួយ។
លោក Pistorius បាននិយាយថា សហភាពអឺរ៉ុបកំពុងធ្វើការជាមួយនឹងរោងចក្រផលិតសព្វាវុធនានាដើម្បីបង្កើនការផលិតសព្វាវុធនិងគ្រាប់រំសេវសម្រាប់អ៊ុយក្រែន៕