សេដ្ឋកិច្ចប្រទេសអង់គ្លេសមានការធ្លាក់ចុះខ្លាំងជាងគេដោយសារបញ្ហាជំងឺកូវីដ១៩ ក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចឧស្សាហកម្មនាំមុខគេក្នុងពិភពលោក។ បើតាមតួលេខផ្លូវការចេញផ្សាយនៅថ្ងៃពុធឲ្យដឹងថា ការធ្លាក់ចុះសេដ្ឋកិច្ចរបស់ប្រទេសអង់គ្លេសនេះ មានចំនួន ១ភាគ៥ នៅក្នុងត្រីមាសទី២ ក្នុងឆ្នាំនេះ។
ការធ្លាក់ចុះជាង ២០,៤% ពីត្រីមាសមួយទៅត្រីមាសមួយទៀត ពីខែមេសាដល់ខែមិថុនា មានលក្ខណៈអាក្រក់បំផុតចាប់តាំង ពីឆ្នាំ១៩៥៥មក នេះបើយោងតាមការផ្សាយឲ្យដឹងរបស់ការិយាល័យស្ថិតិជាតិរបស់អង់គ្លេស។
បន្ទាប់ពីមានការថយចុះប្រមាណ ២,២% ក្នុងត្រីមាសទី១ ក្នុងឆ្នាំនេះ សេដ្ឋកិច្ចរបស់ប្រទេសអង់គ្លេសនៅពេលនេះ បានធ្លាក់ចូលក្នុងស្ថានភាពឱនភាពជាផ្លូវការ ដោយបានធ្លាក់ចុះក្នុង២ត្រីមាសជាប់ៗគ្នា។
ការធ្លាក់ចុះសេដ្ឋកិច្ចរបស់អង់គ្លេស មានទំហំជ្រៅជាងសេដ្ឋកិច្ចក្នុងបណ្តាប្រទេសមួយចំនួនក្នុងសហគមន៍អឺរ៉ុប ដែលក្នុងនោះមានប្រទេសអាល្លឺម៉ង់ បារាំង និងប្រទេសអ៊ីតាលី និងសហរដ្ឋអាមេរិកជាដើម។ ដោយឡែកក្រុមប្រទេសឧស្សាហកម្មទាំង៧ ដែលមានប្រទេសជប៉ុននិងកាណាដា ជាដើម មិនទាន់ចេញផ្សាយនូវរបាយការណ៍នៃតួលេខសេដ្ឋកិច្ចរបស់ខ្លូននៅឡើយទេ សម្រាប់ត្រីមាសទី២នេះ ប៉ុន្តែអ្នកសេដ្ឋកិច្ចគិតថា តួលេខសេដ្ឋកិច្ចរបស់ប្រទេសទាំងនោះ មិនមានលក្ខណៈអាក្រក់ខ្លាំងដូចប្រទេសអង់គ្លេសនោះឡើយ។
អ្នកសេដ្ឋកិច្ចជាន់ខ្ពស់នៃធានាគារ Berenberg ថា មូលហេតុចម្បងដែលធ្វើឲ្យសេដ្ឋកិច្ចប្រទេសអង់គ្លេសធ្លាក់ចុះខ្លាំង ដោយសារតែអង់គ្លេសបានបិទប្រទេសដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ យឺតយ៉ាវជាងប្រទេសដទៃទៀត ជាពិសេសប្រទេសក្នុងសហគមន៍អឺរ៉ុបមួយចំនួន៕