នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោកស្រី Theresa May គ្រោងនឹងលើកឡើងពីបញ្ហាព្រួយបារម្ភមួយចំនួនមកពិភាក្សាជាមួយនឹងប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump នៅថ្ងៃព្រហស្បតិ៍នេះ។ បញ្ហាព្រួយបារម្ភទាំងនោះ ពាក់ព័ន្ធនឹងការលេចចេញនូវព័ត៌មានរបស់សហរដ្ឋអាមេរិកអំពីសេចក្ដីលម្អិតនៃការស៊ើបអង្កេតទៅលើការបោកគ្រាប់បែកនៅក្នុងទីក្រុង Manchester ចក្រភពអង់គ្លេស ដល់ប្រព័ន្ធផ្សព្វផ្សាយ។
លោកស្រី Theresa May នឹងចូលរួមរយៈពេលខ្លីតែប៉ុណ្ណោះនៅក្នុងកិច្ចប្រជុំមេដឹកនាំអង្គការអូតង់ នៅក្នុងទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក ស្របពេលដែលមានការគំរាមកំហែងវាយប្រហារភេរវកម្មកម្រិតធ្ងន់ធ្ងរមួយទៀតនៅក្នុងប្រទេសរបស់លោកស្រី។
ប៉ូលិសដែលធ្វើការលើសំណុំរឿងផ្ទុះគ្រាប់បែកក្នុងទីក្រុង Manchester នេះ និងដែលមានការខឹងសម្បាយ៉ាងខ្លាំងចំពោះករណីដែលសហរដ្ឋអាមេរិកបានបង្ហាញនូវព័ត៌មានអំពីការផ្ទុះគ្រាប់បែកនេះ បានឈប់ចែករំលែកព័ត៌មានជាមួយនឹងសមភាគីអាមេរិកាំងរបស់ខ្លួន។ នេះបើយោងតាមការផ្សាយរបស់បណ្ដាញព័ត៌មាន BBC។
ការឈប់ចែកចាយព័ត៌មានរបស់ប៉ូលិសអំពីការវាយប្រហារនេះ ជាមួយនឹងសហរដ្ឋអាមេរិក នឹងនៅតែមានប្រសិទ្ធភាព រហូតទាល់តែមានការធានាពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនថា មិនមានការលេចចេញនូវព័ត៌មានណាមួយទៀតនោះទេ។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍នេះ។
ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកជាច្រើន បានរាយការណ៍អំពីឈ្មោះរបស់អ្នកបោកគ្រាប់បែកអត្តឃាត ដែលមន្ត្រីអង់គ្លេសបានផ្ដល់ជូនមន្ត្រីអាមេរិកាំង មុនពេលដែលឈ្មោះរបស់អ្នកបោកគ្រាប់បែកនេះ ត្រូវបានមន្ត្រីអង់គ្លេសបង្ហាញជាសាធារណៈ។
កន្លងមក បុរស ៨ នាក់ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងការផ្ទុះគ្រាប់បែកនៅឯការប្រគុំតន្ត្រីរបស់អ្នកចម្រៀង Ariana Grande កាលពីយប់ថ្ងៃច័ន្ទសប្ដាហ៍នេះ។ ការផ្ទុះនេះ បានធ្វើឲ្យមនុស្ស ២២ នាក់ ដែលក្នុងនោះមានទាំងកុមារផងដែរ ស្លាប់បាត់បង់ជីវិត និងមនុស្ស ៦៤ នាក់ ផ្សេងទៀតរងរបួស។
គ្រាប់បែកនេះ ត្រូវបានបំផ្ទុះដោយជនម្នាក់ឈ្មោះ Salman Abedi អាយុ ២២ ឆ្នាំ កើតនៅក្នុងទីក្រុង Manchesterចក្រភពអង់គ្លេស និងមានប្រវត្តិមកពីគ្រួសារដែលមានដើមកំណើតមកពីប្រទេសលីប៊ី៕