ពួកប៉ូលិសអង់គ្លេសបាននិយាយថាមានមនុស្សយ៉ាងតិចណាស់២២នាក់បានស្លាប់ ហើយ៥៩នាក់ទៀតបានត្រូវរបួសនៅក្នុងការផ្ទុះមួយកាលពីយប់ថ្ងៃចន្ទនៅខាងក្រៅកន្លែងប្រគុំតន្ត្រីមួយក្នុងក្រុង Manchester ប្រទេសអង់គ្លេស។
លោក Ian Hopkins ប្រធានប៉ូលិសនៃតំបន់ Greater Manchester បាននិយាយនៅថ្ងៃអង្គារនេះថា «យើងចាត់ទុកហេតុការណ៍នេះថាជាឧប្បត្តិហេតុភេរវកម្មមួយ ហើយនៅក្នុងដំណាក់កាលនេះយើងមានជំនឿថាការវាយប្រហារកាលពីយប់មិញបានត្រូវធ្វើឡើងដោយបុរសម្នាក់»។
លោក Hopkins បានថ្លែងថា ពួកអ្នកស៊ើបអង្កេតមានជំនឿថាអ្នកវាយប្រហារមានគ្រឿងផ្ទុះដែលគាត់បានបំផ្ទុះហើយថាគាត់បានងាប់នៅនឹងកន្លែង។
លោក Hopkins បាននិយាយថាពួកប៉ូលិសកំពុងធ្វើការជាមួយពួកមន្ត្រីខាងផ្នែកប្រឆាំងនឹងភេរវកម្មជាតិ និងពួកមន្ត្រីខាងការស៊ើបការណ៍សម្ងាត់ដើម្បីឱ្យបានដឹងសេចក្តីល្អិតល្អន់ថែមទៀតអំពីអ្នកធ្វើការវាយប្រហារនេះដោយមានអាទិភាពផ្តោតលើការរកឱ្យឃើញថាតើអ្នកវាយប្រហារនេះប្រព្រឹត្តសកម្មភាពនេះតែឯកឯង ឬជាផ្នែកនៃបណ្តាញមួយ។
ការផ្ទុះនេះបានកើតមានឡើងនៅកន្លែងទទួលភ្ញៀវនៃរង្គភូមិ Manchester ដែលភាសាអង់គ្លេសហៅថា Manchester Arena មាន២ម៉ឺន១ពាន់កៅអីនៅទីបញ្ចប់នៃការប្រគុំតន្ត្រីដោយអ្នកស្រី Ariana Grande ដែលជាតារាចម្រៀងប៉ុបអាមេរិកាំង។
អ្នកស្រី Grande បានសរសេរតាម Twitter នៅក្រោយការផ្ទុះគ្រាប់បែកនេះថា «ខ្ញុំមានការសោកសង្រេង។ ខ្ញុំមានការសោកសៅណាស់ពីបេះដូងខ្ញុំ។ ខ្ញុំគ្មានពាក្យអ្វីនឹងពណ៌នាទៀតទេ»។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអង់គ្លេស Amber Rudd បាននិយាយថា «នេះជាការវាយប្រហារព្រៃផ្សៃមួយដោយយកមនុស្សខ្លះដែលអាចរងគ្រោះដោយងាយនៅក្នុងសង្គមយើងធ្វើជាទីដៅនៃការវាយប្រហារដោយចេតនាគឺពួកយុវជន និងក្រុមកុមារដែលទៅមើលការប្រគុំតន្ត្រី»។
លោកស្រីនាយករដ្ឋមន្ត្រីអង់គ្លេស Theresa May បានមានប្រសាសន៍ថាលោកស្រីបានគិតដល់ពួកជនរងគ្រោះនៃអ្វីដែលលោកស្រីបានហៅថាជា «ការវាយប្រហារភេរវកម្មដ៏រន្ធត់»។ លោកស្រី May និងលោក Jeremy Corbyn មេដឹកនាំនៃគណបក្សការងារដែលជាគណបក្សប្រឆាំងនៅក្នុងប្រទេសអង់គ្លេសបានយល់ស្របគ្នាផ្អាកការឃោសនាបោះឆ្នោតនៅមុនការបោះឆ្នោតក្នុងប្រទេសអង់គ្លេសនៅថ្ងៃទី៨ ខែមិថុនា៕