ប៉ូលិសអង់គ្លេសកំពុងតែព្យាយាមកំណត់ភ្លាមៗអំពីអត្តសញ្ញាណរបស់អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតដែលបានបំផ្ទុះគ្រាប់បែកនៅកន្លែងប្រគុំតន្ត្រីមួយកាលពីថ្ងៃច័ន្ទ នៅក្នុងទីក្រុង Manchester ថាតើជនសង្ស័យប្រព្រឹត្តឡើងដោយម្នាក់ឯង ឬជាផ្នែកមួយនៃបណ្តាញភេរវកម្មដែលធំជាងនេះ។
បុរសដែលបានបំផ្ទុះគ្រាប់បែកអត្តឃាតក្រោយពីការប្រគុំតន្ត្រីរបស់នាង Ariana Grande នៅកន្លែងប្រគុំតន្ត្រី Manchester ត្រូវបានគេកំណត់អត្តសញ្ញាណថាឈ្មោះ Salman Abedi។ នេះបើយោងតាមសម្តីរបស់ប៉ូលិស។
លោកស្នងការប៉ូលិស Ian Hopkins បានកំណត់អត្តសញ្ញាណជនឈ្មោះ Abedi អាយុ២២ឆ្នាំ ថាជាអ្នកវាយប្រហារ ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានលម្អិតអ្វីផ្សេងទៀតនោះទេ។
ក្រុមភេរវកម្មរដ្ឋឥស្លាមបានអះអាងទទួលខុសត្រូវថាជាស្នាដៃរបស់ខ្លួននៅក្នុងការបំផ្ទុះគ្រាប់បែកកាលពីថ្ងៃច័ន្ទ ដែលបានសម្លាប់មនុស្សអស់យ៉ាងហោចណាស់ចំនួន២២នាក់ និងបានធ្វើឲ្យរបួស៥៩នាក់ផ្សេងទៀត ហើយភាគច្រើនគឺជាក្មេងស្រីៗ។
ក្រុមរដ្ឋឥស្លាមអះអាងថា ទាហានរបស់ caliphate គឺជាអ្នកធ្វើការវាយប្រហារនេះ ដែលពួកគេពណ៌នា ជនរងគ្រោះ ថាជាអ្នកធ្វើសង្គ្រាមសាសនា៕