ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចក្រភព​អង់គ្លេស​ទម្លាក់​ចោល​ការ​ប្រឆាំង​របស់​ខ្លួន​ចំពោះ​ដីកា​ចាប់ខ្លួន​របស់​តុលាការ ICC លើ​លោក Netanyahu


រូបឯកសារ៖ ទិដ្ឋភាពខាងក្រៅនៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ឬ ICC នៅទីក្រុងឡាអេ ប្រទេសហូឡង់ ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៤។
រូបឯកសារ៖ ទិដ្ឋភាពខាងក្រៅនៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ឬ ICC នៅទីក្រុងឡាអេ ប្រទេសហូឡង់ ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៤។

រដ្ឋាភិបាល​ថ្មី​របស់​ចក្រភព​អង់គ្លេស​នឹង​ទម្លាក់ចោល​ការ​ប្រឆាំង​របស់​ខ្លួន​ចំពោះ​ដីកា​ចាប់ខ្លួន​ដែល​រដ្ឋអាជ្ញា​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) បាន​ចេញ​ដើម្បី​ចាប់ខ្លួន​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ដែល​យោង​លើ​ការ​បញ្ជាក់​របស់​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស។

អតីត​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​របស់​លោក​នាយករដ្ឋមន្ត្រី Rishi Sunak បាន​ប្រាប់​តុលាការ ICC ថា​ខ្លួន​មាន​បំណង​ដាក់​ពាក្យ​ប្រឆាំង​នឹង​សំណើ​របស់​រដ្ឋអាជ្ញា​តុលាការ ICC លោក Karim Khan កាលពី​ខែ​ឧសភា​ដែល​មាន​បំណង​ចង់​ចេញ​ដីកា​ចាប់ខ្លួន​លោក Netanyahu និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ីស្រាអែល​លោក Yoav Gallant ទាក់ទិន​នឹង​ការ​ចោទ​ប្រកាន់​រឿង​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅក្នុង​តំបន់​ហ្កាហ្សា។

ចក្រភព​អង់គ្លេស​មាន​ពេល​រហូត​ដល់​ថ្ងៃ​សុក្រ​ម្សិលមិញ​ដើម្បី​ដាក់​ពាក្យ​នេះ​ទៅ​តុលាការ ICC ប៉ុន្តែ​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​បច្ចុប្បន្ន​ដែល​ដឹកនាំ​ដោយ​គណបក្ស​ការងារ​ដែល​ទើប​នឹង​ជាប់​ឆ្នោត​កាលពី​ពេល​ថ្មីៗ​នេះ​បាន​បញ្ជាក់​ថា ខ្លួន​នឹង​មិន​ធ្វើតាម​ផែនការ​របស់​លោក Sunak នោះទេ។

ក្រៅ​ពី​លោក Netanyahu និង​លោក Gallant លោក​រដ្ឋអាជ្ញា Khan ក៏​មាន​បំណង​ចេញ​ដីកា​ចាប់ខ្លួន​ផងដែរ​លើ​មេដឹកនាំ​កំពូល​ក្រុម​ហាម៉ាស់​លោក Yahya Sinwar លោក Ismail Haniyeh និង​លោក Mohammed Deif ក្រោម​បទ​សង្ស័យ​ថា​បាន​ប្រព្រឹត្តិ​ឧក្រិដ្ឋកម្ម​សង្គ្រាម​និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG