ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមមេធាវីអ៊ូហ្គង់ដា៖ មានវិធីប្រសើរសម្រាប់រដ្ឋាភិបាលដោះស្រាយបញ្ហាជាមួយលោក Besigye


ប៉ូលិស​អូហ្គង់ដាឈរយាម​បិទច្រក​ក្លោង​ទ្វារទីស្នាក់ការកណ្តាល​គណបក្សរបស់មេដឹកនាំ​ប្រឆាំលោក Kizza Besigye នៅទីក្រុងកំប៉ាឡាថ្ងៃទី​២២ កុម្ភៈ ២០១៦
ប៉ូលិស​អូហ្គង់ដាឈរយាម​បិទច្រក​ក្លោង​ទ្វារទីស្នាក់ការកណ្តាល​គណបក្សរបស់មេដឹកនាំ​ប្រឆាំលោក Kizza Besigye នៅទីក្រុងកំប៉ាឡាថ្ងៃទី​២២ កុម្ភៈ ២០១៦

ប៉ូលិស​នៃ​ប្រទេស​អ៊ូហ្គង់ដា​បាន​ចាប់​ខ្លួន​លោក​ Kizza Besigye ​ម្តង​ទៀត​កាល​ពី​ថ្ងៃ​ច័ន្ទ​ បន្ទាប់​ពី​មេដឹកនាំ​នៃ​គណបក្ស​ប្រឆាំង​រូប​នេះ​មាន​គម្រោង​ដឹកនាំ​​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​ ដើម្បី​ប្រមូល​ភស្តុតាង​អំពី​លទ្ធផល​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី។​

ប៉ូលិស​នៃ​ប្រទេស​អ៊ូហ្គង់ដា​បាន​ចាប់​ខ្លួន​លោក​ Kizza Besigye ​ម្តង​ទៀត​កាល​ពី​ថ្ងៃ​ច័ន្ទ​ បន្ទាប់​ពី​មេដឹកនាំ​នៃ​គណបក្ស​ប្រឆាំង​រូប​នេះ​មាន​គម្រោង​ដឹកនាំធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​ ដើម្បី​ប្រមូល​ភស្តុតាង​អំពី​លទ្ធផល​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី។​

នេះ​គឺ​ជា​ការ​ចាប់​ខ្លួន​លើក​ចុង​ក្រោយ​បង្អស់​ ក្រោយ​ពី​លោក​ Kizza Besigye ​បាន​ចាញ់ឆ្នោត​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទៅ​លោក​ប្រធានាធិបតី​Yoweri Museveni​ ដែល​កំពុង​កាន់​តំណែង។

លោក​ Besigye​ មាន​បំណងដឹក​នាំ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​ដោយ​ធ្វើ​ដំណើរ​ចេញ​ពី​ផ្ទះ​របស់​លោក​ ដែល​ជា​កន្លែង​ដែល​លោក​នឹង​ប្រមូល​ផ្តុំ​ភស្តុតាង​ដែល​លោក​ថា​អាច​នឹង​ជួយ​ដល់​លោក​ធ្វើការ​សម្រេច​ចិត្ត​ថា​នឹង​ត្រូវ​ប្តឹង​ជំទាស់​ទៅ​កាន់​តុលាការ​កំពូល​ជុំវិញ​ការ​ចាញ់​ឆ្នោត​របស់​លោក។​
ប៉ុន្តែ​មេធាវី​របស់​លោក​ Besigye​ បាន​ថ្លែង​ថា ​ប៉ូលិស​បាន​ចាប់​ខ្លួន​លោក​នៅ​ពេលដែល​លោក​ចាក​ចេញ​ពី​របង​ផ្ទះ​របស់​លោក។

លោក​មេធាវី​ Peter Magelah ​គឺ​ជា​ប្រធាន​គម្រោង​នៅ​អង្គការ​ Chapter Four ​ដែល​ជា​អង្គការ​សិទ្ធិ​ស៊ីវិល​ប្រចាំ​នៅ​រដ្ឋធានី​ កំប៉ាឡា។​ លោក​ថ្លែង​ថា​ បេក្ខជន​មាន​សិទ្ធិ​ក្នុង​ការ​ប្តឹង​ជំទាស់​ជុំវិញ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ទៅ​កាន់​តុលាការ​កំពូល​ក្នុង​រយៈ​ពេល​១០ថ្ងៃ​ក្រោយ​ពេល​ប្រកាស​លទ្ធផល​ឆ្នោត។​

លោក​មេធាវី​ Peter Magelah ​ថ្លែង​ថា៖ «ប្រសិន​បើ​រដ្ឋាភិបាល​កាន់​អំណាច​ជឿ​ថា​គណបក្ស​របស់​ខ្លួន​បាន​ឈ្នះ​សំឡេង​ឆ្នោត​ដោយ​ពិត​ប្រាកដ​មែន​នោះ​ ត្រូវ​អនុញ្ញាត​ឲ្យ​លោក​ Besigye ​ប្តឹង​ពីព្រោះ​ថា​ប្រសិន​បើ​ពុំ​មាន​ភស្តុតាង​ទេ​ លោក​នឹង​នៅ​តែ​ចាញ់​នៅ​ក្នុង​តុលាការ​ដដែល​ ដូច្នេះ​វា​ប្រឆាំង​នឹង​ភាព​យុត្តិធម៌​ ប្រឆាំង​នឹង​ហេតុផល​ ដោយ​ការ​ព្យាយាម​ហាម​ឃាត់​លោក​ក្នុង​ការ​នាំ​យក​ភស្តុតាង​ទៅ​កាន់​តុលាការ»។​

លោក​ Magelah ​ថ្លែង​ថា​ ផ្ទុយ​ទៅ​វិញ​កង​កម្លាំង​សន្តិសុខ​គួរ​តែ​ជួយ​សម្រួល​ដល់​គម្រោង​របស់​លោក​ Besigye។​
លោក​ Magelah ​ថ្លែង​ថា៖«សម្រាប់​ខ្ញុំ​ ដំបូន្មាន​របស់​ខ្ញុំ​គឺ​ ឲ្យ​ប៉ូលិស​និង​ភ្នាក់ងារ​សន្តិសុខ​បើក​ផ្លូវ​ឲ្យ​លោក​ស្វែង​រក​ភស្តុតាង​ គឺ​ភស្តុតាង​ដែល​លោក​កំពុង​តែ​ស្វែង​រក​ ហើយ​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា​លោក​មាន​សុវត្ថិភាព​ ហើយ​អ្នក​ដទៃ​ទៀត​ក៏​មាន​សុវត្ថិភាព​ផង​ដែរ»។​

លោក​មេធាវី​ Robert Kirunda ​នៅ​រដ្ឋ​ធានី​ កំប៉ាឡា​ បាន​ផ្តល់​ដំណោះស្រាយ​មួយ​ផ្សេង​ទៀត។​
លោក​មេធាវី​ Robert Kirunda ​ថ្លែង​ថា៖«វា​ជា​ការ​ត្រឹម​ត្រូវ​សម្រាប់​ប៉ូលិស​ក្នុង​ការ​និយាយ​ថា​ លោក​មិន​អាច​រំខាន​សន្តិភាព​ដោយ​ការ​ធ្វើ​ដូច្នេះ​បាន​ទេ។​ ដូច្នេះ​អ្វី​ដែល​ពួក​គេ​គួរ​ធ្វើ​គឺ​ផ្តល់​ភស្តុតាង​ដល់​លោក»។​

លោក​ Kirunda ​បាន​លើក​ឡើង​ថា​ ប៉ូលិស​បាន​ចាប់​ខ្លួន​របស់​លោក​ Besigye ​មុន​នឹង​លោក​បាន​ប្រព្រឹត្ត​បទ​ល្មើស​ ដែល​ត្រូវ​បាន​គេ​ហៅ​ថា​ «ការ​ចាប់​ខ្លួន​ដើម្បី​ការពារ​ទុក​ជា​មុន»។​

លោក​ Robert Kirunda ​ថ្លែង​ថា៖«ឥឡូវ​នេះ​ប្រសិន​បើ​អ្នក​និយាយ​ថា​ វា​ជា​ការ​ចាប់​ខ្លួន​ដើម្បី​ការពារ​ទុក​ជា​មុន​នោះ​ អីចឹង​អនុញ្ញាត​ឲ្យ​លោក​ជួប​នឹង​មេធាវី​ ប៉ុន្តែ​មាន​បញ្ហា​ច្បាស់​ណាស់​នៅ​ទី​នេះ​ ដែល​លោក​កំពុង​ព្យាយាម​ដោះស្រាយ​ ហើយ​បញ្ហា​សម្រាប់​អ្នក​ដើម្បី​ប្តឹង​ប្រធានាធិបតី​ អ្នក​ត្រូវ​ការ​ភស្តុតាង​ដែល​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​បាន។​ ភស្តុតាង​នោះ​អាច​យក​បាន​ពី​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​ ឬ​ពី​ទី​ភ្នាក់ងារ​របស់​លោក​ ពិសេស​នៅ​ទី​នេះ​ ប្រសិន​បញ្ហា​គឺ​ជា​ការ​បូក​សរុប​លទ្ធផល​ឆ្នោត។​ ប្រសិន​បើ​លោក​មិន​អាច​ធ្វើ​បាន​ដូច​ការ​លើក​ឡើង​នេះ​ទេ​ លោក​មិន​អាច​ជួប​ជា​មួយ​នឹង​ទី​ភ្នាក់ងារ​ លោក​មិន​អាច​ជួប​ជា​មួយ​នឹង​មេធាវី​ លោក​មិន​អាច​ទៅ​រក​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​ដើម្បី​ប្រមូល​ភស្តុតាង​ ហើយ​ពេល​នោះ​នឹង​មាន​បញ្ហា​ធំ​នៅ​ទី​នេះ»។​

យោង​ទៅ​តាម​អ្នក​នាំ​ពាក្យ​នៃ​ប៉ូលិស​ក្រុង​ កំប៉ាឡា​ លោក​ Patrick Onyango​បាន​ឲ្យ​ដឹង​ថា​ លោក​ Besigye ​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ប្រមែ​ប្រមូល​ក្រុម​យុវជន​ដើម្បី​ព័ទ្ធ​ចូល​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​ ដែល​លោក​ថ្លែង​ថា​ គឺ​ជា​ផែនការ​បង្ក​អំពើ​ហិង្សា​នៅ​ក្នុង​ទីក្រុង​ កំប៉ាឡា។​

រដ្ឋាភិបាល​នៃ​ប្រទេស​អ៊ូហ្គង់ដា​បាន​ឲ្យ​ដឹង​ថា​ លោក​ Museveni ​បាន​ឈ្នះ​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ដោយ​សារ​តែ​លទ្ធផល​ខុស​គ្នា​ឆ្ងាយ​គឺ​សំឡេង​ ៦០.៨ ភាគរយ​ ធៀប​ទៅ​នឹង​សំឡេង​ ៣៥.៤ ​ភាគរយ​របស់​លោក​ Besigye។​
គណបក្ស​ប្រឆាំង​បាន​ចោទ​ប្រកាន់​ ភ្នាក់ងារ​របស់​លោក​ Museveni ​ថា​បាន​បង្ក​ភាព​មិន​ប្រក្រតី​នៅ​ក្នុង​ការ​បោះឆ្នោត​ ខណៈ​ដែល​លោក​ Museveni ​បាន​ថ្លែង​ថា​ បេសកកម្ម​សង្កេតការណ៍​របស់​សហភាព​អឺរ៉ុប​គឺ​ខុស​ និង​មិន​មាន​ភាព​ជាក់លាក់​ បន្ទាប់​ពី​បាន​រាយការណ៍​ថា​ការ​បោះឆ្នោត​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​បរិយាកាស​បំភិត​បំភ័យ​ ដោយ​គ្មាន​តម្លាភាព​និង​ឯករាជ្យភាព​នៅ​ឯ​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត។​

លោក​ Museveni ​ឡើង​កាន់​អំណាច​ចាប់​តាំង​ពី​ឆ្នាំ​ ១៩៨៦​ នៅ​ពេល​ដែល​កងទ័ព​តស៊ូ​ដើម្បី​ជាតិ​របស់​លោក​ចូល​កាន់​កាប់​ប្រទេស​អ៊ូហ្គង់ដា​ដោយ​កម្លាំង​ ដោយ​ទាញ​ប្រទេស​អ៊ូហ្គង់ដា​ចេញ​ពី​ភាព​វឹកវរ​បន្ទាប់​ពី​សង្គ្រាម៕


ប្រែសម្រួល​ដោយ​ ស្រេង​ លក្ខិណា​

XS
SM
MD
LG