គេប្រហែលជាមិនអាចហៅថាក្រុមហ៊ុនផ្តល់សេវាតាក់ស៊ីដូចក្រុមហ៊ុន Uber ថាជាតាក់ស៊ីទៀតនោះទេ នៅពេលក្រុមហ៊ុននេះធ្វើការបង្ក្រាបបទល្មើស។ ប៉ុន្តែនេះជាបេសកកម្មសេវាសាធារណៈដ៏សំខាន់មួយ ដែលក្រុមហ៊ុន Grab Inc ដែលត្រូវបានគេចាត់ទុកថាជាក្រុមហ៊ុនផ្តល់សេវាតាក់ស៊ីដូចក្រុមហ៊ុន Uber នៅអាស៊ីអាគ្នេយ៍ បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់មួយដើម្បីសហការជាមួយនឹងប៉ូលិសវៀតណាម។
នៅក្នុងអនុស្សារណៈយោគយល់ដែលត្រូវបានគេប្រកាសកាលពីថ្ងៃទី៧ ខែតុលា ប៉ូលិសនៅក្នុងក្រុងហូជីមិញនឹងផ្តល់ការបណ្តុះបណ្តាលក្នុងការការពារខ្លួន និងច្បាប់ព្រហ្មទណ្ឌទៅកាន់អ្នកបើកបរ ខណៈដែលក្រុមហ៊ុន Grab Inc. ក៏នឹងផ្តល់ការអប់រំដល់អ្នកបើកបររបស់ខ្លួន ដើម្បីឲ្យពួកគេដឹងពីវិធីស្វែងរកសញ្ញាណបង្ហាញពីការប្រព្រឹត្តបទល្មើស និងរាយការណ៍ទៅប៉ូលិស។
ការសហការនេះធ្វើឲ្យមានសំណួរពីព្រំដែននៃឯកជនភាព និងសុវត្ថិភាពសាធារណៈ រួមទាំងតួនាទីរបស់ក្រុមហ៊ុនឯកជន ឬជនស៊ីវិលក្នុងការដើរតួជាប៉ូលិស។
លោក Jerry Lim ដែលជានាយកក្រុមហ៊ុន Grab ក្នុងប្រទេសវៀតណាមនិយាយថា៖ «យើងមានកិត្តិយសនឹងធ្វើការជាមួយនឹងនាយកដ្ឋានប៉ូលិស ដើម្បីរួមចំណែកយ៉ាងសកម្មក្នុងការបង្ក្រាបបទល្មើស និងធ្វើឲ្យពលរដ្ឋគ្រប់រូបមានសុវត្ថិភាពជាងមុន ពីមួយថ្ងៃទៅមួយថ្ងៃ។ ការសហការរវាងភាគីទាំងពីរមិនត្រឹមតែរួមចំណែកធានាឲ្យបាននូវសណ្តាប់ធ្នាប់ និងសន្តិសុខនៅក្នុងសង្គមតែប៉ុណ្ណោះនោះទេ ប៉ុន្តែវាក៏ជួយការពារសុវត្ថិភាពរបស់អ្នកបើកបរ និងអតិថិជនរបស់ក្រុមហ៊ុន Grab ផងដែរ»។
អនុស្សារណៈយោគយល់នេះក៏បង្កើតបណ្តាញទូរស័ព្ទ២៤ម៉ោងរវាងប៉ូលិស និងក្រុមហ៊ុនGrab Inc. ដែលជាក្រុមហ៊ុនដែលចាប់ផ្តើមជំនួញប្រកួតប្រជែងនឹងក្រុមហ៊ុន Uber នៅអាស៊ីអាគ្នេយ៍កាលពីឆ្នាំមុន។ ការចុះអនុស្សារណៈយោគយល់គ្នានេះកើតឡើងបន្ទាប់ពីមានការចោទប្រកាន់ថា បុរសវ័យក្មេងពីរនាក់បានធ្វើឃាតអ្នកបើកបររបស់ក្រុមហ៊ុន Grab នៅក្នុងរដ្ឋធានីហាណូយ។ ព័ត៌មាននៃបទល្មើសដែលត្រូវបានគេចោទប្រកាន់នេះ ធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងច្រើន និងមានការព្រួយបារម្ភពីសុវត្ថិភាពសាធារណៈ។
នៅក្នុងច្បាប់ថ្មីមួយក្នុងរដ្ឋ California ក្រុមហ៊ុន Uber Technologies Inc. ក្រុមហ៊ុន Lyft Inc. និងក្រុមហ៊ុនផ្សេងៗទៀតនៅក្នុងប្រព័ន្ធសេដ្ឋកិច្ចសេរីត្រូវតែទទួលស្គាល់ថា អ្នកបម្រើការងារឲ្យក្រុមហ៊ុនទាំងនោះជានិយោជិតដែលទទួលបានអត្ថប្រយោជន៍នានា មិនមែនជាអ្នកធ្វើការងារមិនចំណុះស្ថាប័នណាមួយនោះទេ។ ខណៈដែលក្រុមហ៊ុនGrab Inc. មិនស្ថិតក្រោមច្បាប់របស់រដ្ឋ California ក្រុមហ៊ុនផ្តល់សេវាតាក់ស៊ីមួយនេះក៏បានសង្កត់ធ្ងន់ថា អ្នកបើកបររបស់ខ្លួនមិនមែនជានិយោជិតពេញម៉ោងរបស់ខ្លួននោះទេ។ នេះមានន័យថា វាមានភាពមិនច្បាស់ថាតើនៅក្រោមច្បាប់វៀតណាម តើក្រុមហ៊ុនមួយនេះអាចតម្រូវឲ្យអ្នកបើកបររបស់ខ្លួននៅក្នុងក្រុងហូជីមិញចូលរួមក្នុងការបណ្តុះបណ្តាលផ្នែកសុវត្ថិភាពសាធារណៈបានដែរឬយ៉ាងណា។
ក្រុមហ៊ុន Grab ប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុន Go-Viet ក្រុមហ៊ុន Be និងក្រុមហ៊ុន FastGo នៅក្នុងវិស័យផ្តល់សេវាតាក់ស៊ីនៅក្នុងប្រទេសវៀតណាម។
ក្រៅពីការការពារខ្លួន ការបណ្តុះបណ្តាលនេះក៏មានបំណងបង្រៀនអ្នកបើកបរពីរបៀបកំណត់ពីស្ថានភាពដែលអាចបង្កឲ្យមានគ្រោះថ្នាក់ និងវិធីសាស្ត្រ ឬល្បិចសាមញ្ញៗដែលជនល្មើសប្រើប្រាស់។ អ្នករត់ម៉ូតូឌុប និងអ្នកបើកបររថយន្តក៏ត្រូវបានគេរំពឹងឲ្យរៀនសូត្រពីរបៀបក្នុងការរាយការណ៍ទៅប៉ូលិសឲ្យបានលឿន ប្រសិនបើពួកគេសង្ស័យថាមានការគំរាមកំហែងណាមួយចំពោះអាយុជីវិត សុខភាព សុវត្ថិភាព ឬទ្រព្យសម្បត្តិរបស់អ្នកណាម្នាក់។
ការណ៍នេះមិនដោះស្រាយបញ្ហាដែលពេលខ្លះអ្នកបើកបរខ្លួនឯងជាអ្នកប្រព្រឹត្តបទល្មើសទៅលើអតិថិជនរបស់ខ្លួននោះទេ។ វាក៏ធ្វើឲ្យមានចន្លោះប្រហោង ដោយសារតែមិនទាន់មានភាពប្រាកដប្រជា១០០%ក្នុងការកំណត់ថាទង្វើអ្វីខ្លះត្រូវចាត់ទុកជាបទល្មើសនោះទេ។ អតិថិជនអាចយល់ថាឥរិយាបថរបស់ពួកគេគ្រាន់តែជាឥរិយាបថធម្មតាក្នុងរថយន្តតែប៉ុណ្ណោះ ប៉ុន្តែអ្នកបើកបរអាចយល់ថា វាជាឥរិយាបថគួរឲ្យសង្ស័យ។
មិនដូចនៅក្នុងប្រទេសចិនដែលជាប្រទេសជិតខាងរបស់វៀតណាមនោះទេ ប្រទេសវៀតណាមមិនមានការតាមដានសកម្មភាពរបស់ជនស៊ីវិលខ្លាំងក្លានោះឡើយ។ អនុស្សារណៈយោគយល់នេះមិនមានន័យថា ការចូលរួមរបស់អ្នកបើកបរជាការពង្រីកវិសាលភាពនៃការអនុវត្តច្បាប់នោះទេ។ ក្រុមហ៊ុន Grab Inc. បានពណ៌នាការសហការជាមួយនឹងប៉ូលិសនេះថាជាឧទាហរណ៍មួយដែលមនុស្សចូលរួមក្នុងចលនាការពារសន្តិសុខមាតុភូមិ។ នៅក្រោមការសហការគ្នានេះ មានទំនួលខុសត្រូវកាន់តែច្រើនសម្រាប់អ្នកបើកបរ ដោយសារតែពួកគេអាចនឹងត្រូវការពារខ្លួនក្នុងស្ថានភាពគ្រោះថ្នាក់ ឬតាមដានទង្វើរបស់ជនល្មើស។
ដូច្នេះអ្នកបើកបរកាន់តែច្រើនអាចចេះច្បាប់ និងគោលការណ៍ការពារខ្លួន។ ការបណ្តុះបណ្តាលនេះអាចនឹងរីកលូតលាស់នៅទូទាំងប្រទេសវៀតណាមនៅក្នុងពេលអនាគត។
លោក Lim និយាយថា «ស្របជាមួយនឹងការអភិវឌ្ឍសេវាកម្ម យើងក៏មានបំណងធ្វើឲ្យការធ្វើដំណើររបស់អតិថិជនមានសុវត្ថិភាពជាងមុន ហើយអ្នកបើកបរនឹងបង្កើនស្តង់ដារសុវត្ថិភាពជាបន្តបន្ទាប់នៅក្នុងការធ្វើដំណើរជាទូទៅ។ យើងសង្ឃឹមថា ការសហការរវាងភាគីទាំងពីរនឹងបង្កើតជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយដែលអាចនឹងត្រូវបានប្រើប្រាស់នៅទូទាំងប្រទេសក្នុងពេលអនាគតដ៏ខ្លី»៕