សម្រាប់ប្រជាពលរដ្ឋវៀតណាមដែលរស់នៅឆ្ងាយពីសាខាធនាគារផ្ដល់សេវាសម្រាប់អ្នកប្រើប្រាស់ ធនាគារ Vietin Bank បានបញ្ជូនបុគ្គលិករបស់ខ្លួនដោយមានកាន់កុំព្យូទ័រ tablet នៅក្នុងដៃ ធ្វើដំណើរតាមម៉ូតូទៅជួបជាមួយអតិថិជនផ្ទាល់ដល់ទីកន្លែងរស់នៅរបស់ពួកគេ។
នេះក៏ជាយុទ្ធសាស្ត្ររបស់ធនាគារ DongA Bank ផងដែរ ដែលធនាគារនេះបានដាក់ទូដកប្រាក់ ATM របស់ខ្លួននៅលើរថយន្តវ៉ែនមួយគ្រឿង និងចតនៅជិតរោងចក្រនានា ដើម្បីឲ្យកម្មករមានលទ្ធភាពអាចប្រើប្រាស់សេវាធនាគារនេះបានងាយស្រួល។
នៅទូទាំងប្រទេសវៀតណាម ប្រជាពលរដ្ឋយកចិត្តទុកដាក់ជាមួយនឹងការអំពាវនាវរបស់រដ្ឋាភិបាលក្នុងការធ្វើយ៉ាងណាឲ្យមាន «ភាពងាយស្រួលក្នុងផ្នែកហិរញ្ញវត្ថុ» ដែលនេះជាពាក្យប្រើជាសាកលមួយសម្រាប់សំដៅលើការពាំនាំធនាគារទៅកាន់ប្រជាជនសាមញ្ញភាគច្រើន ហើយវានឹងកាន់តែប្រសើរជាងនេះទៅទៀត ប្រសិនបើវាអាចធ្វើឡើងតាមអ៊ីនធឺណិត។
រដ្ឋាភិបាលក្រុងហាណូយបានបង្ហាញអំពីគោលដៅជាតិមួយចំនួនសម្រាប់ឆ្នាំ ២០២០ ដែលក្នុងនោះមានទាំងការកាត់បន្ថយពោរពេញដោយមហិច្ឆតាចំពោះភាគហ៊ុននៃការទិញដូរផ្អែកលើក្រដាសប្រាក់ឲ្យនៅសល់ ១០ ភាគរយ ផងដែរ។
គោលដៅនេះគឺស្របគ្នាជាមួយនឹងគោលដៅដទៃទៀត ដូចជាការបង្កើនចំនួននៃឧបករណ៍ទូទាត់សាច់ប្រាក់រហូតដល់ ៣ សែន គ្រឿង និងធ្វើឲ្យការបង់ថ្លៃអគ្គិសនីចំនួន ៧០ ភាគរយ ធ្វើឡើងតាមអ៊ីនធឺណិត។
ប៉ុន្តែ មនុស្សភាគច្រើនទំនងជាគិតថា គោលដៅទាំងនោះគឺជាគោលបំណងដែលពិបាកសម្រេចមួយ ហើយលុយដុងរបស់វៀតណាមនឹងនៅតែជាអាទិភាពដដែល។
លោក Le Anh Dung ប្រធានផ្នែកបង់ប្រាក់នៃធនាគារ State Bank of Vietnam បានទទួលស្គាល់ថា៖ «ប្រជាពលរដ្ឋនឹងមិនឈប់ប្រើក្រដាសប្រាក់នៅក្នុងប្រទេសវៀតណាមក្នុងពេលដ៏ខ្លីខាងមុខនេះទេ» ទោះបីជាលោកកំពុងជំរុញឲ្យសង្គមវៀតណាមប្រើប្រាស់ប្រព័ន្ធធនាគារដើម្បីទិញដូររបស់របរផ្សេងៗក៏ដោយ។
ប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយ ក៏ប្រទេសកុម្មុយនិស្តមួយនេះកំពុងតែឃើញនូវការផ្លាស់ប្ដូរដ៏ច្បាស់ក្រឡែតមួយនៅក្នុងការធ្វើឲ្យសេដ្ឋកិច្ចទៅជាលក្ខណៈឌីជីថល។
ឧទាហរណ៍ដូចជាសេវាសាធារណៈនានា ដើម្បីបង់ថ្លៃទឹកភ្លើង ប្រជាពលរដ្ឋវៀតណាមធ្លាប់មានជម្រើសតែមួយគត់គឺការបង់ជាសាច់ប្រាក់ផ្ទាល់ ដោយពួកគេអាចទៅបង់ផ្ទាល់នៅប៉ុស្តិ៍ប្រៃសណីយ៍ ឬក៏រង់ចាំអ្នកប្រមូលលុយមកយកនៅតាមផ្ទះ។ ប៉ុន្តែនាពេលបច្ចុប្បន្ននេះ ហាងនានាតាំងពីហាង 7-Eleven រហូតដល់ហាង Circle K បានកកើតឡើងនៅពាសពេញទីក្រុងនានា ហើយហាងទាំងនោះបានប្រើឧបករណ៍គិតលុយដោយប្រើកាតធនាគារក្នុងការទូទាត់ការចំណាយលើសេវាសាធារណៈនានា។
គុណវិបត្តិនៃធនាគារដែលគ្មានសាខា
ប៉ុន្តែការជំរុញឲ្យមានការទូទាត់សាច់ប្រាក់បែបទំនើបនេះគឺមិនមែនដំណើរការដោយរលូនទាំងអស់នោះទេ។ អតិថិជននានាមានការព្រួយបារម្ភថា គណនីធនាគាររបស់ពួកគេអាចត្រូវគេលួចយក គឺដូចគ្នាទៅនឹងវិធីដែលចោរអាចលួចលុយដុងវៀតណាមដែលលាក់ទុកនៅក្រោមពូកដេកដូច្នេះដែរ។
កម្មវិធីដែលអនុញ្ញាតឲ្យកម្មករអាចខ្ចីលុយមុនទទួលបានប្រាក់បៀតវត្សរ៍ដើម្បីទិញទូរស័ព្ទដៃ ឬក៏ទូទឹកកកជាដើម គឺមានហានិភ័យក្នុងការបង្កើតឲ្យមាននូវវប្បធម៌បំណុល និងហានិភ័យក្នុងការការពារផលប្រយោជន៍អ្នកប្រើប្រាស់។ មួយវិញទៀត ប្រជាពលរដ្ឋនៅមិនទាន់ស៊ាំទៅនឹងការប្រើប្រាស់កម្មវិធីបង់ប្រាក់របស់ធនាគារដែលគ្មានសាខានានាដូចជា Moca, MoMo និង Payoo ជាដើម ដែលទាំងនេះជាជម្រើសរបស់ប្រទេសវៀតណាមជំនួសឲ្យប្រព័ន្ធបង់ប្រាក់ PayPal តាមអ៊ីនធឺណិត។
លោក Kalidas Ghose នាយកប្រតិបត្តិនៃក្រុមហ៊ុន FE Credit ដែលជាក្រុមហ៊ុនហិរញ្ញវត្ថុសម្រាប់អ្នកប្រើប្រាស់ បានថ្លែងកាលពីពេលថ្មីៗនេះនៅឯសន្និសីទស្ដីពីពាណិជ្ជកម្មតាមអ៊ីនធឺណិតរបស់ក្រុមហ៊ុន Seamless នៅក្នុងទីក្រុងហូជីមិញ ថានាពេលបច្ចុប្បន្ននេះ ធនាគារចល័តបានចាប់ផ្ដើមហើយ គឺក្នុងលក្ខណៈជាស្ថាប័នតែប៉ុណ្ណោះ ប៉ុន្តែមិនសូវមានអ្នកប្រើប្រាស់ទេ។
នៅឯសន្និសីទនោះ លោក Le Anh Dung បានលើកសរសើរពីគំនិតច្នៃប្រឌិតថ្មីរបស់ក្រុមហ៊ុនល្បីល្បាញនានានៅលើពិភពលោកដូចជាការប្រើប្រាស់លេខកូដ QR របស់ក្រុមហ៊ុន Alibaba ការប្រើប្រាស់ជម្រើសប្រើប៊ូតុងតែមួយក្នុងការបង់ប្រាក់ទិញទំនិញតាមអ៊ីនធឺណិតរបស់ក្រុមហ៊ុន Amazon និងការទូទាត់សាច់ប្រាក់ដែល «មើលមិនឃើញផ្ទាល់នឹងភ្នែក» របស់ក្រុមហ៊ុន Uber ជាដើម។ ការទូទាត់សាច់ប្រាក់របស់ក្រុមហ៊ុន Uber នេះ គឺមានន័យថាកម្មវិធី app របស់ក្រុមហ៊ុន Uber នេះ នឹងកាត់យកលុយពីអ្នកជិះរថយន្ត Uber ភ្លាមៗដោយខ្លួនឯងបន្ទាប់ពីអ្នកជិះបានប្រើប្រាស់សេវា Uber នេះរួចហើយ។
អ្វីដែលគំនិតច្នៃប្រឌិតរបស់ក្រុមហ៊ុនទាំង ៣ ខាងលើនេះ មានដូចគ្នា គឺការធ្វើឲ្យអតិថិជនមានភាពងាយស្រួលបំផុតក្នុងការបង់ប្រាក់របស់ពួកគេ។
ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Uber បានផ្ដល់ជាឧទាហរណ៍ផ្សេងមួយអំពីការណ៍ដែលអាជីវកម្មបរទេសសម្របទៅតាមស្ថានភាពដែលប្រជាពលរដ្ឋវៀតណាមពឹងផ្អែកការចាយវាយតែទៅលើក្រដាសប្រាក់។ ប្រទេសវៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនតូចតែប៉ុណ្ណោះ ដែលក្រុមហ៊ុន Uber ដែលមានមូលដ្ឋាននៅក្នុងទីក្រុង San Francisco សហរដ្ឋអាមេរិកនេះ អនុញ្ញាតឲ្យអ្នកជិះរថយន្ត Uber បង់លុយជាក្រដាសប្រាក់។
ស្រដៀងគ្នានេះដែរ ក្រុមហ៊ុន Google ក៏អនុញ្ញាតឲ្យប្រជាពលរដ្ឋនៅតាមប្រទេសជាច្រើនដូចជាវៀតណាមជាដើម ទិញរបស់របរនៅក្នុងកម្មវិធី Google Play តាមរយៈឥណទានទូរស័ព្ទរបស់ពួកគេផងដែរ។
ទាំងអស់នេះជាវិធីសាស្ត្រដោះស្រាយបញ្ហាមួយដើម្បីរក្សាអតិថិជនណាដែលមិនមានកាតឥណទានធនាគារ ហើយវិធីសាស្ត្រទាំងនេះបង្ហាញពីការផ្លាស់ប្ដូរដែលសង្គមឆ្លងកាត់ឆ្ពោះទៅកាន់សេដ្ឋកិច្ចគ្មានក្រដាសប្រាក់។
សម្រាប់ប្រទេសវៀតណាម ការផ្លាស់ប្ដូរនេះមានទិដ្ឋភាពផ្សេងៗគ្នា។
ការវិវត្តន៍ហិរញ្ញវត្ថុក្នុងប្រទេសវៀតណាម
ប្រហែលជាមួយទសវត្សរ៍មុន ក្រុមហ៊ុនអាជីវកម្មភាគច្រើនបានបើកប្រាក់ខែឲ្យបុគ្គលិករបស់ខ្លួនជាក្រដាសប្រាក់ដុង។ បន្ទាប់មក អ្នកធ្វើគោលនយោបាយ និងអ្នកធ្វើការធនាគារនានា បានធ្វើយុទ្ធនាការដើម្បីប្រែក្លាយដំណើរការនោះឲ្យទៅជាការបើកប្រាក់ខែដោយផ្ទេរទៅឲ្យគណនីរបស់បុគ្គលិកខ្លួនតាមរយៈធនាគារ។
លោក Nguyen An នាយកប្រតិបត្តិរងនៃធនាគារ DongA Bank បាននិយាយថា៖ «យើងបានជួបប្រទះការប្រឈមដ៏ខ្លាំងក្លានានា ដោយសារតែមនុស្សទូទៅចង់បានប្រាក់ខែរបស់ពួកគេជាក្រដាសប្រាក់ និងគិតថា ការប្រើប្រាស់កាតធនាគារមានការលំបាក»។ ប៉ុន្តែ ធនាគារ DongA Bank បានសហការជាមួយនឹងនិយោជក និងមេដឹកនាំសហជីពនានា ដើម្បីធ្វើការផ្លាស់ប្ដូរចិត្តគំនិតរបស់ប្រជាពលរដ្ឋ។
ដោយសារតែចំណុចនេះហើយបានជាមានការទិញលក់រាយតាមអ៊ីនធឺណិតកើតឡើង។ ទីផ្សារពាណិជ្ជកម្មតាមអ៊ីនធឺណិតរបស់ប្រទេសវៀតណាមមានទំហំ ៤ សែនដុល្លារអាមេរិកក្នុងឆ្នាំ ២០១៥ ប៉ុន្តែ នឹងកើនឡើងរហូតដល់ ៧ ពាន់ ៥ រយលានដុល្លារអាមេរិកនៅក្នុងឆ្នាំ ២០២៥។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន Google និងក្រុមហ៊ុន Temasek ដែលក្រុមហ៊ុន Temasek នេះ ជាក្រុមហ៊ុនមូលនិធិវិនិយោគរបស់រដ្ឋនៃប្រទេសសិង្ហបុរី។
មន្ត្រីរដ្ឋាភិបាលវៀតណាមមានការសប្បាយចិត្តក្នុងការឃើញមនុស្សកាន់តែច្រើនឡើងៗងាកមកទិញរបស់របរតាមអ៊ីនធឺណិត ប៉ុន្តែនៅតែមិនទាន់ដូចក្ដីរំពឹងទុក ដោយសារតែប្រជាពលរដ្ឋវៀតណាម ៨៩ ភាគរយដែលទិញទំនិញតាមអ៊ីនធឺណិត នៅតែប្រើលុយដដែល។ នេះបើតាមការបញ្ជាក់របស់លោក Le Anh Dung ដែលជាអ្នកចង់ឲ្យអ្នកទិញទំនិញភាគច្រើនបង់ប្រាក់ដោយប្រើកាតធនាគារ ឬតាមប្រព័ន្ធអ៊ីនធឺណិតជំនួសវិញ។
ជំហានបន្ទាប់នៅក្នុងការវិវត្តន៍ផ្នែកហិរញ្ញវត្ថុក្នុងប្រទេសវៀតណាម គឺគម្រោងក្នុងការធ្វើឲ្យសេវាសាធារណៈទាំងអស់ទៅជាលក្ខណៈឌីជីថល ដូច្នេះប្រជាពលរដ្ឋវៀតណាមអាចបង់ប្រាក់តាមអ៊ីនធឺណិតបាន សម្រាប់ការបង់លើថ្លៃមន្ទីរពេទ្យ ការផាកពិន័យចរាចរ ថ្លៃសាលារៀន និងថ្លៃផ្សេងៗទៀត។
បន្ទាប់ពីនោះមក ប្រជាពលរដ្ឋវៀតណាមរំពឹងថានឹងមានការប្រើ blockchain ដែលជាប្រព័ន្ធបញ្ជីនិមិត្តបង្កើតឡើងក្រោយប្រព័ន្ធ bitcoin។ អ្នកស្រី Nicole Nguyen ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន Infinity Blockchain Labs រំពឹងថា ប្រទេសវៀតណាមនឹងស្វែងរកកម្មវិធីនានាសម្រាប់ផ្នែកកសិកម្ម បណ្ដាញឧបករណ៍អ៊ីនធឺណិត និងបច្ចេកវិទ្យាហិរញ្ញវត្ថុ។
អ្នកស្រីបាននិយាយថា៖ «យើងគិតថា ទាំងនេះគឺជាផ្នែកដែល blockchain អាចជឿនលឿនទៅមុខនៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត»។
សម្រាប់ពេលបច្ចុប្បន្ននេះ ធនាគារចល័តនឹងបន្តធ្វើដំណើរត្រាច់ចរតាមទីក្រុងនានានៅក្នុងប្រទេសវៀតណាម ដើម្បីស្វែងរកអតិថិជន៕
ប្រែសម្រួលដោយ ភី សុភាដា