មន្ត្រីការទូតជាន់ខ្ពស់មួយរូបនៃប្រទេសអេមីរ៉ាតអារ៉ាប់រួមលោក Majid al-Suwaidi បាននិយាយថា ប្រទេសនៅតំបន់ឈូងសមុទ្រពែក្សមួយនេះចង់ឱ្យកិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិស្តីពីអាកាសធាតុ ដែលខ្លួននឹងធ្វើជាម្ចាស់ផ្ទះនៅចុងឆ្នាំនេះមាន«លទ្ធផលដែលមានការផ្លាស់ប្តូរ» សម្រាប់កិច្ចប្រឹងប្រែងរបស់អន្តរជាតិនៅក្នុងការទប់ស្កាត់ការឡើងកម្តៅផែនដី។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
ប៉ុន្តែ លោកបានថ្លែងថា ការធ្វើដូច្នេះនឹងទាមទារឱ្យឧស្សាហកម្មឥន្ធនៈផូស៊ីលចូលរួមក្នុងតុចរចា។
ក្រុមអ្នកធ្វើយុទ្ធនាការបរិស្ថានបានថ្កោលទោសចំពោះវត្តមានរបស់អ្នកបញ្ចុះបញ្ចូលគោលនយោបាយផ្នែកប្រេងឥន្ធនៈនិងឧស្ម័ននៅក្នុងកិច្ចពិភាក្សាមុនៗ ដោយបានបញ្ជាក់ថា ចំណាប់អារម្មណ៍របស់ពួកគេគឺផ្ទុយពីគោលដៅនៃការកាត់បន្ថយការបញ្ចេញឧស្ម័នស្រូបកម្ដៅទៅក្នុងបរិយាកាស។
កាលពីខែមុន សមាជិកសភាអាមេរិកនិងអឺរ៉ុបជាច្រើននាក់បានអំពាវនាវឱ្យមានអ្នកថ្មីជំនួសតំណែងប្រធានកិច្ចប្រជុំដែលត្រូវបានជ្រើសតាំង ដោយសារតែប្រធានកិច្ចប្រជុំនេះមានការពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុនប្រេងឥន្ធនៈជាតិ Abu Dhabi ដែលជាកម្មសិទ្ធិរបស់រដ្ឋនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។
បញ្ហានេះធ្វើឱ្យការចរចាដែលកំពុងតែមានភាពស្មុគស្មាញស្រាប់កាន់តែស្មុគស្មាញបន្ថែមទៀត នៅមុនកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុពីថ្ងៃទី ៣០ ខែវិច្ឆិកា ដល់ថ្ងៃទី ១២ ខែធ្នូនៅទីក្រុង Dubai ចូលមកដល់។
កិច្ចពិភាក្សាបឋមដែលនឹងចាប់ផ្តើមនៅសប្តាហ៍នេះនៅទីក្រុង Bonn ប្រទេសអាល្លឺម៉ង់នឹងបង្ហាញថាតើភាពជាប្រធានរបស់អេមីរ៉ាតអារ៉ាប់រួមនៅពេលខាងមុខអាចលុបបំបាត់មន្ទិលសង្ស័យក្នុងចំណោមភាគីនិងក្រុមសង្គមស៊ីវិលអំពីសមត្ថភាពរបស់ប្រទេសនេះក្នុងការដឹកនាំប្រទេសជិត ២០០ ដើម្បីសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងដ៏សំខាន់មួយដែរឬក៏យ៉ាងណានោះ៕