មេបញ្ជាការកងកម្លាំងយោធាសហរដ្ឋអាមេរិកនៅក្នុងប្រទេសជប៉ុនបានថ្លែងកាលពីថ្ងៃសុក្រថា ប្រទេសចិនកំពុងប្រើវិបត្តិជំងឺកូវីដ១៩ ដើម្បីលាក់បាំងនូវយុទ្ធនាការជំរុញការទាមទារអធិបតេយ្យភាពនៅក្នុងដែនទឹកសមុទ្រចិនភាគខាងត្បូង តាមរយៈការបង្កើនសកម្មភាពរបស់កងទ័ពជើងទឹកចិន ដែលមានបំណងសម្លុតគំរាមប្រទេសជិតខាងដែលទាមទារដែនទឹកនេះដែរ។
នាយឧត្តមសេនីយ៍ទោ លោក Kevin Schneider ថ្លែងក្នុងបទសម្ភាន៍មួយជាមួយទីភ្នាក់ងារព័ត៌មាន Reuters ថា ក្នុងអំឡុងនៃវិបត្តិកូវីដ១៩ រដ្ឋាភិបាលទីក្រុងប៉េកាំងបានបង្កើនសកម្មភាពកងទ័ពជើងទឹក កាប៉ាល់ល្បាតរបស់កងឆ្មាំសមុទ្រ និងកម្លាំងជីវពលជាទូកនេសាទក្នុងដែលទឹកដែលទាមទារដោយចិន ទាំងនៅក្នុងសមុទ្រចិនខាងត្បូងនិងសមុទ្រចិនខាងកើតដែលខ្លួនមានជម្លោះជាមួយជប៉ុន។
ប្រទេសចិនអះអាងថាសកម្មភាពទាំងនេះមានលក្ខណៈសន្តិវិធី ប៉ុន្តែស្ថានទូតចិននៅទីក្រុងតូក្យូមិនទាន់អាចទាក់ទងបានដើម្បីសុំប្រតិកម្មនៅត្រឹមថ្ងៃសុក្រ។
ប្រទេសជប៉ុនជាទីតាំងឈរជើងនៃកងកម្លាំងសហរដ្ឋអាមេរិកច្រើនជាងគេនៅទ្វីបអាស៊ី ដែលមានតួនាទីមិនត្រឹមការពារប្រទេសជប៉ុន ប៉ុន្តែក៏ដើម្បីទប់នឹងការវាតទីរបស់ចិននៅក្នុងតំបន់ផ្សេងទៀតដូចជាសមុទ្រចិនភាគខាងត្បូង ដែលទីនោះចិនមានជម្លោះទាមទារអធិបតេយ្យភាពជាមួយប្រទេសអាស៊ានមួយចំនួនដូចជាហ្វីលីពីន វៀតណាម និងម៉ាឡេស៊ី៕
ការរិះគន់ចុងក្រោយនេះកើតឡើងខណៈអាមេរិកបានចោទប្រកាន់ថា ចិនមិនបានព្រមានពិភពលោកអំពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ឲ្យបានលឿនជាងនេះនិងលាក់ព័ត៌មានពីដំបូង។ ប៉ុន្តែចិនបានចោទវិញថារដ្ឋបាលលោកដូណាល់ត្រាំគ្រាន់យករឿងនេះជាលេសបង្វែរពីភាពយឺតយ៉ាវរបស់ខ្លួននៅក្នុងការឆ្លើយតបនឹងវិបត្តិជំងឺនេះ៕